User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.510

អយោឃរជាតក ទី១៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 510 បាលី cs-km: sut.kn.jat.510 អដ្ឋកថា: sut.kn.jat.510_att PTS: ?

អយោឃរជាតក ទី១៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១០. អយោឃរជាតកំ (១៤))

[៣៩០] (អយោឃរកុមារពោធិសត្វ…) សត្វនៅក្នុងគភ៌ អស់រាត្រី​ណាមួយ​ជាដំបូង សត្វនោះ​ប្រព្រឹត្ត​ទៅ ដូចជា​ពពក​ដែលតាំង​ឡើង សត្វនោះ​កាល​ទៅ រមែង​មិនត្រឡប់​វិញទេ។

[៣៩១] មិនមែនពួកនរៈកាលច្បាំង មិនមែន​ពួកនរៈ​បរិបូរណ៍​ដោយ​កំលាំង មិនគ្រាំគ្រ មិនស្លាប់ទេ ព្រោះថា បាណមណ្ឌល​ទាំងអស់​នោះ គឺជាតិ និង​ជរា តែង​ចូលទៅ​ជិត​បៀតបៀន ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះ​បង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩២] ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវ​សេនា​ប្រកប​ដោយ​អង្គ ៤ ជា​សេនា​មានសភាព​គួរខ្លាច​ក្រៃពេក រមែងឈ្នះ​បាន ប៉ុន្តែ​មិនអាច​ឈ្នះនូវ​សេចក្តី​ស្លាប់បាន ព្រោះហេតុ​នោះ គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំកើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៣] ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមាន​ពលដំរី ពលសេះ ពលរថ ពល​ថ្មើរជើង​ចោមរោម​ហើយ រួច (អំពី​កណ្តាប់ដៃ​ពួកបច្ចាមិត្ត) បាន ប៉ុន្តែមិន​អាចរួច​ចាក​សេចក្តី​ស្លាប់បាន ព្រោះ​ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះ​បង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៤] ព្រះរាជាទាំងឡាយក្លៀវក្លា រមែង (ញ៉ាំងនគរ​ទាំងឡាយ​របស់ពួក​សេ្តច​ជា​បច្ចាមិត្ត) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពលសេះ ពលរថ ពលថ្មើរជើង​បាន ប៉ុន្តែ​មិនអាច​កំទេច​នូវមច្ចុ​បានទេ ព្រោះ​ហេតុនោះ បាន​​ជា​គំនិត​របស់ទូល​ព្រះបង្គំជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៥] ដំរីទាំងឡាយ ចុះប្រេង មានប្រេង​ធ្លាយហូរហៀរ តែង​ញ៉ាំញីនូវ​នគរ​ទាំងឡាយ សម្លាប់​នូវជនបាន ប៉ុន្តែ​មិនអាច​ញ៉ាំញីនូវ​សេចក្តី​ស្លាប់បាន​ទេ ព្រោះ​ហេតុនោះ បាន​​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩៦] ខ្មាន់ធ្នូទាំងឡាយ ទុកជាមាន​ដៃហាត់ហើយ ជាអ្នក​ក្លៀវក្លា អាច​ញ៉ាំង​ព្រួញ​ឲ្យធ្លាក់​ក្នុងទី​ឆ្ងាយបាន បាញ់មិនខុស ក៏មិនអាច​បាញ់នូវមច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩៧] ទឹកស្រះទាំងឡាយ រមែងអស់ទៅ ផែនដី ព្រមទាំងភ្នំ និងដងព្រៃ រមែង​អស់ទៅ វត្ថុដែល​ប្រព្រឹត្តទៅ​ក្នុងអំណាច​នៃសង្ខារ​ទាំងអស់នោះ ក៏​រមែង​អស់ទៅ ក្នុងចន្លោះ​នៃកាល​ដ៏វែង ដ្បិតថា វត្ថុទាំង​អស់នោះ គប្បី​បាក់បែក​ក្នុង​កំណត់​កាលជា​ទីវិនាស ព្រោះ​ហេតុនោះ បានជា​គំនិតរបស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៨] ជីវិតរបស់នារី និងនរៈក្នុងលោកនេះ​ទាំងអស់ តែង​ប្រែប្រួល​ដូចជា​សម្ពត់របស់អ្នកលេង1) ដូចឈើ​ដុះក្បែរ​ច្រាំង យ៉ាងនោះ​ដែរ ព្រោះហេតុ​នោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៩] ផ្លែឈើទាំងឡាយ (រមែងជ្រុះចុះ) យ៉ាងណា មាណព​ទាំងឡាយ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុស ទាំង​មជ្ឈិមបុរស (បណ្ឌក និង​ឧភតោព្យញ្ជនក) រមែង​មានសរីរៈ​បែកធ្លាយ​ជ្រុះចុះ (យ៉ាងនោះ) ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០០] វ័យនេះ មិនដូចស្តេចផ្កាយ (ព្រះចន្ទ្រ) ទេ វ័យណា​កន្លងទៅ​ហើយ ឥឡូវនេះ វ័យនោះ ទៀងតែទៅ​មែនពិត បុគ្គល​ចាស់ឥត​មានតម្រេក (ក្នុង​កាមគុណ2) ) សុខនឹង (មាន) មកពីណា ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០១] ពួកយក្ខ បិសាច ឬប្រេតទាំងនោះ​ខឹងហើយ រមែងផ្លុំ​សម្លាប់នូវ​ពួក​មនុស្ស ប៉ុន្តែ​មិនអាច​ផ្លុំសម្លាប់​នូវមច្ចុ​បានទេ ព្រោះហេតុ​នោះ បាន​ជាគំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០២] មនុស្សទាំងឡាយ រមែងធ្វើនូវការអង្វរករ​ចំពោះ​ពួកយក្ខ ពួកបិសាច ឬពួក​ប្រេត ដែលខឹង​ហើយ​នោះបាន ប៉ុន្តែ​មិនអាច​អង្វរករ​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញ​នឹង​ប្រព្រឹត្ត​​ធម៌។

[៤០៣] ព្រះរាជាទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវទោស ហើយ​ដាក់អាជ្ញា​ចំពោះ​ពួកជន​អ្នកមាន​កំហុស អ្នកប្រទូស្ត និងអ្នក​បៀតបៀន​បាន ប៉ុន្តែមិន​អាចដាក់​អាជ្ញា ដល់​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិតរបស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០៤] ពួកជនអ្នកមានកំហុស អ្នកប្រទូស្ត អ្នកបៀតបៀន តែង​អង្វរករ​ព្រះរាជា​ទាំងឡាយ​នោះបាន ប៉ុន្តែ ធ្វើនូវ​កិរិយា​អង្វរករ​មច្ចុ​ពុំបានទេ ព្រោះ​ហេតុ​នោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤០៥] មិនថាក្សត្រ មិនថាព្រាហ្មណ៍ មិនថាអ្នក​ស្តុកស្តម្ភ អ្នកមាន​កំឡាំង អ្នកមាន​តេជះទេ សេចក្តី​យល់មុខ​របស់មច្ចុរាជ មិនមាន​ឡើយ ព្រោះហេតុ​នោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤០៦] ខ្លាធំ ទាំងខ្លាដំបង តែងគំរាម​នូវជនដែល​កំពុង​ញាប់ញ័រ ហើយ​ទំពា​ស៊ីបាន ប៉ុន្តែ​មិនអាច​ទំពាស៊ី​នូវមច្ចុ​បានទេ ព្រោះហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​កើត​ឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៧] ពួកជនអ្នកធ្វើមាយា (អ្នកលេងកល) កាលធ្វើ (នូវមាយា) ក្នុង​ទីពាក់កណ្តាល​រង្គ រមែង​ធ្វើនូវ​ភ្នែកទាំង​ឡាយ​របស់ជន ឲ្យភាន់​ច្រឡំបាន​ដោយពិត ប៉ុន្តែ​មិនអាច​ញ៉ាំងមច្ចុ​ឲ្យភាន់​ច្រឡំ​បានឡើយ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៨] សត្វអាសីពិសទាំងឡាយ មានតេជះ​ដ៏ក្លាខ្លាំង ខឹងហើយ រមែងចឹក​សម្លាប់​នូវមនុស្ស​ទាំងឡាយ​នោះក៏បាន ប៉ុន្តែ​មិនអាច​ចឹកនូវ​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៩] សត្វអាសីពិសទាំងឡាយក្រោធហើយ ចឹក​នរណា ពួកពេទ្យ​អ្នក​រក្សា រមែង​កំចាត់​នូវពិស​នៃសត្វ​អាសីពិសទាំង​នោះបាន ប៉ុន្តែ​កំចាត់​នូវពិស​ដែល​មច្ចុ​ចឹក​ហើយ​​ពុំបានទេ ព្រោះ​ហេតុនោះ បាន​ជាគំនិត​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១០] ពេទ្យទាំងឡាយ ឈ្មោះធម្មន្តរី ១ វេត្តរុណ ១ ភោជៈ ១ សម្លាប់នូវ​ពិស​ទាំងឡាយ​នៃភុជង្គ (នាគ) បាន ពួកពេទ្យ​ទាំងនោះ គេឮថា ធ្វើមរណ​កាល​ទៅហើយ​ដូចគ្នា​ដែរ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១១] ពួកវិជ្ជាធរ រៀននូវឃោរវិជ្ជា រមែងដល់​នូវការ​បំបាំងខ្លួន​ដោយថ្នាំទាំង​ឡាយបាន ប៉ុន្តែ​មិនដល់​នូវការ​បំបាំង​មច្ចុរាជ​បានទេ ព្រោះ​ហេតុនោះ បាន​ជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១២] ធម៌រមែងរក្សានូវបុគ្គលអ្នកប្រព្រឹត្តធម៌​ដោយពិត ធម៌ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​ល្អហើយ រមែង​នាំមក​នូវសេចក្តី​សុខ នេះជាអានិសង្ស​ក្នុង​ធម៌ ដែលបុគ្គល​ប្រព្រឹត្ត​ដោយ​ល្អហើយ បុគ្គល​អ្នកប្រព្រឹត្ត​ធម៌ រមែង​មិនទៅ​កាន់ទុគ្គតិ។

[៤១៣] សភាវៈទាំងឡាយពីរ គឺធម៌ ១ អធម៌ ១ មិនមែន​មានផល​ស្មើគ្នាទេ អធម៌​នាំសត្វ​ទៅកាន់​នរក ធម៌ញ៉ាំង​សត្វ​ឲ្យដល់​នូវសុគតិ។

ចប់ អយោឃរជាតក ទី១៤។

ឧទ្ទាននៃវីសតិនិបាតនោះគឺ

មាតង្គជាតក ១ ចិត្តសម្ភូតជាតក ១ សីវិរាជជាតក ១ សិរិមន្តជាតក ១ រោហនមិគ​ជាតក ១ ហង្សជាតក ១ សត្តិគុម្ពជាតក ១ ភល្លាតិយជាតក ១ សោមនស្សជាតក ១ ចម្បេយ្យជាតក ១ មហាបលោភនជាតក ១ បញ្ចបណ្ឌិត​ជាតក ១ ហត្ថិបាលជាតក ១ អយោឃរជាតក ១។

ចប់ វីសតិនិបាត។

 

លេខយោង

1)
អ្នកលេងសុរា ឃើញ​សុរាហើយ អាចយក​សម្ពត់​ទៅដូរផឹក។
2)
ប្រព្រឹត្ត​មេថុន​មិនកើត។
km/tipitaka/sut/kn/jat/sut.kn.jat.510.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann