km:tipitaka:sut:kn:jat:sut.kn.jat.520

ភណ្ឌុតិណ្ឌុកជាតក ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 520 បាលី cs-km: sut.kn.jat.520 អដ្ឋកថា: sut.kn.jat.520_att PTS: ?

ភណ្ឌុតិណ្ឌុកជាតក ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥២០. គន្ធតិន្ទុកជាតកំ (១០))

[៥៤៨] (ភណ្ឌុតិណ្ឌុកទេវតាពោធិសត្វពោលថា) សេចក្តី​មិនប្រហែស​ជា​ឧបាយ​ឲ្យបាន​នូវព្រះនិព្វាន ឈ្មោះអមតៈ សេចក្តី​ប្រហែស ជាផ្លូវ​នៃសេចក្តី​ស្លាប់ ពួកជន​អ្នកមិន​ប្រហែស ឈ្មោះថា​មិនស្លាប់ ពួកជន​ណា ជាអ្នក​ប្រហែស ពួកជន​នោះដូច​ជាស្លាប់​ហើយ។ សេចក្តី​ប្រហែស រមែងកើត​ឡើង ព្រោះ​សេចក្តី​ស្រវឹង ការអស់​ទៅ (នៃញាតិ​ជាដើម) រមែង​កើតឡើង ព្រោះ​សេចក្តី​ប្រហែស សេចក្តី​ប្រទូស្ត​ទាំងឡាយ រមែង​កើត​ឡើង ព្រោះ​ការអស់​ទៅ (នៃញាតិ​ជាដើម) បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ មានភារៈ (ក្នុងដែន) ព្រះអង្គ​កុំប្រហែស​ឡើយ។ ពួកក្សត្រិយ៍​ច្រើនអង្គ មានសេចក្តី​ប្រហែស ញ៉ាំង​សេចក្តី​ចំរើន និង​ញ៉ាំងដែន​ឲ្យវិនាស ចំណែក​ពួកមេស្រុក អ្នកស្រុក អ្នកបួស គ្រហស្ថ ក៏វិនាស។ បពិត្រ​ព្រះរាជា ព្រះអង្គ​ញ៉ាំងដែន​ឲ្យចំរើន ភោគៈ​ទាំងអស់​ក្នុងដែន​របស់​ក្សត្រ​ជាអ្នក​ប្រហែស រមែងវិនាស សេចក្តី​វិនាស​នោះ ជាទុក្ខ​របស់​ព្រះរាជា។ បពិត្រ​មហារាជ សេចក្តី​ប្រហែស​នេះ មិនមែន​ជាធម៌ (របស់ពួក​ព្រះរាជា​បុរាណ​ទេ) ព្រះអង្គ​ប្រហែសហួស​ប្រមាណ ពួកចោរ​កំចាត់​នូវជនបទ​ដែល​សម្បូណ៌​ថ្កុំថ្កើងនោះ។ ពួកបុត្រ​របស់​ព្រះអង្គ​មិនមាន ទាំងប្រាក់​ក៏មិនមាន ទាំងទ្រព្យ​ក៏មិនមាន កាលបើ​ចោរប្លន់​រាស្រ្ត (យ៉ាងនេះ) ព្រះអង្គ​នឹងសាបសូន្យ​ចាកភោគៈ​គ្រប់យ៉ាង។ ពួកញាតិ​មិត្រ និង​សំឡាញ់ រមែង​មិនទទួល​ដឹង​នូវក្សត្រ​នោះ ដែលជា​ព្រះរាជា​សាបសូន្យ​ចាកភោគៈ​ទាំងពួង ជាបុគ្គល​ដែលគួរ​ទទួល​ដឹងទេ។ ពួក​ពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួក​កម្មករ ដែល​អាស្រ័យ​ចិញ្ចឹមជីវិត​នឹង​ព្រះរាជា​នោះឯង ក៏មិន​ទទួលដឹង​នូវព្រះរាជា​ដែល​គួរទទួល​ដឹងនោះ។ សិរី គឺយសសម្បត្តិ រមែងលះបង់​នូវបុគ្គល​ពាល អ្នក​មិនចាត់​ចែងនូវ​ការងារ មាន​គំនិត​អាក្រក់ អាប់ឥត​ប្រាជ្ញា ដូចជា​ពស់លះបង់នូវ​សំណក​ចាស់។ ភោគៈ​ទាំងអស់ រមែង​ចំរើន​ដល់បុគ្គល​អ្នកចាត់​ចែងការ​ងារដោយ​ល្អ ក្រោកឡើង​ទាន់កាល ជាអ្នក​មិនខ្ជិល​ច្រអូល ដូចជាគោ​ប្រព្រឹត្ត​ទៅ​មួយអន្លើ​ដោយ​គោឧសភ។ បពិត្រ​មហារាជ សូម​ព្រះអង្គ​យាងទៅ​កាន់ទី​ជាទី​ចាំស្តាប់ ក្នុងជនបទ ក្នុងដែន លុះទត​ឃើញ និងទ្រង់​ព្រះសណ្តាប់ ក្នុងដែន​នោះហើយ ក៏យក​ការណ៍ តាម​រាជកិច្ចនោះ តាម​ដំណើរ​នោះ។

[៥៤៩] (បុរសចាស់ម្នាក់ជេរថា) ខ្លួនអញត្រូវបន្លាមុតហើយ វេទនា​ក្នុងថ្ងៃ​នេះ​យ៉ាងណា សូម​ឲ្យព្រះបាទ​បញ្ចាល ត្រូវសរក្នុង​សង្គ្រាម ហើយវេទនា​យ៉ាងនោះដែរ។

[៥៥០] (បុរោហិតសួរថា) អ្នកជាមនុស្សចាស់ មានភ្នែកទុព៌ល មើល​រូបមិន​ឃើញដោយ​ស្រួលទេ បន្លាមុត​អ្នកឯង ដោយ​ហេតុណា (ទោស) របស់​ព្រះរាជា​ព្រហ្មទត្ត​ចំពោះ​ហេតុនោះ តើ​ដូចម្តេច។

[៥៥១] (បុរសចាស់…) ម្នាលព្រាហ្មណ៍ ក្នុងហេតុនេះ ទោសរបស់​ព្រះរាជា​ព្រហ្មទត្ត មានច្រើន (បានជា) ខ្ញុំនោះ (ធ្លាក់) ក្នុងផ្លូវ (មានបន្លា) ព្រោះពួក​អ្នកជនបទ ព្រះរាជា​មិនរក្សា ទ្រង់បៀតបៀន​ដោយ​ពលិកម្ម (សួយសារ​អាករ) មិនប្រកប​ដោយធម៌។ ក្នុង​វេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលា​ថ្ងៃ ពួកអ្នក​រាជការ​បៀតបៀន​ស៊ី ក្នុងដែន​របស់​ព្រះរាជា​ខូចកាច ជនមិន​ប្រកប​ដោយធម៌ មានច្រើន។ ម្នាលអ្នក កាលបើ​ភ័យបែបនេះ កើត​ហើយ មនុស្ស​ទាំងឡាយ​ដែលត្រូវ​ភ័យគ្របសង្កត់ តែងនាំ​យកនូវ​បន្លាក្នុងព្រៃ មកធ្វើ​ជាទី​សម្រាប់​ពឹងពួន។

[៥៥២] (ស្ត្រីទុគ៌តម្នាក់ ជេរថា) ពួកកុមារីជាស្ត្រីគ្មានប្តី​រហូតចាស់ ក្នុង​ដែន​នៃ​ព្រះរាជា​ព្រហ្មទត្តណា កាលណាហ្ន៎ ព្រះរាជា​ព្រហ្មទត្ត​នេះ នឹងស្លាប់ទៅ។

[៥៥៣] (បុរោហិតឃាត់ថា) នែនាងលាមក ជាស្ត្រី​មិនឈ្លាស​ក្នុងឧបាយ​នៃសេចក្តី​ចំរើន ពាក្យនាង ជាពាក្យ​អាក្រក់ ព្រះរាជា​នឹងស្វែង​រកប្តី​ឲ្យពួក​នាងកុមារី​ក្នុងទីណា។

[៥៥៤] (ស្រ្តីចាស់…) នែព្រាហ្មណ៍ ពាក្យរបស់ខ្ញុំមិនអាក្រក់ទេ ខ្ញុំជាស្រ្តី​ឈ្លាសវៃ​ក្នុងផ្លូវ​ចំរើន ព្រោះពួក​អ្នកជនបទ សេ្តច​មិនរក្សា ទ្រង់បៀតបៀន​ដោយ​សារសួយអាករ មិន​ប្រកប​ដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នក​រាជការ​បៀតបៀន​ស៊ី​ក្នុងដែន​ព្រះរាជា​ខូចកាច ជនមិន​ប្រកប​ដោយធម៌​មានច្រើន កាលបើ​រាស្ត្ររស់​នៅដោយ​លំបាក ចិញ្ចឹម​ប្រពន្ធ​បានដោយ​លំបាក តើពួក​នាងកុមារី​បានប្តី​អំពីណា។

[៥៥៥] (អ្នកភ្ជួរជេរថា) គោឈ្មោះសាលិយៈនេះ ត្រូវផាលមុត​ហើយ ដេក​ស្រតឹក​យ៉ាងណា សូម​ឲ្យព្រះរាជា​ក្រុងបញ្ចាល ត្រូវគេ​សម្លាប់​ដោយ​លំពែងក្នុង​សង្គ្រាម ដេក​យ៉ាងនោះ​ចុះ។

[៥៥៦] (បុរោហិត…) នែបុរសលាមក អ្នកណា​ខុសខ្លួនឯង ហើយ​ផ្តាសា​ព្រះរាជា អ្នក (នោះ) ឈ្មោះថា​ ខឹងចំពោះ​ព្រះរាជា​ព្រហ្មទត្ត​ដោយហេតុ​មិន​ត្រូវតាម​ធម៌ទេ។

[៥៥៧] (អ្នកភ្ជួរ…) ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះ​ព្រះរាជា​ព្រហ្មទត្ត ដោយ​ហេតុត្រឹម​ត្រូវ​តាមធម៌ (ព្រោះថា) ពួកអ្នក​ជនបទ ស្តេច​មិនរក្សា ទ្រង់​បៀតបៀន ដោយ​សួយ​សារអាករ មិនប្រកប​ដោយធម៌។ ក្នុង​វេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នក​រាជការ​បៀតបៀន​ស៊ី​ក្នុងដែន​ព្រះរាជា​ខូចកាច ជនមិន​ប្រកប​ដោយធម៌​មានច្រើន។ ​ស្រ្តីជា​អ្នកនាំ​បាយមក​នោះ ប្រាកដជា​ដាំម្តងទៀត បានជា​នាំបាយ​មកក្នុង​វេលារសៀល ខ្ញុំកំពុង​រកមើល​នូវស្ត្រី​អ្នកនាំ​បាយមក គោឈ្មោះ​សាលិយៈ ក៏ត្រូវ​ផាលមុត។

[៥៥៨] (អ្នករូតទឹកដោះជេរថា) ក្នុងថ្ងៃនេះ ខ្លួនអញ (ត្រូវមេគោ) ធាក់ ទាំង​ទឹកដោះ​របស់អញ​កំពប់​ទៅយ៉ាងណា សូម​ឲ្យព្រះរាជា​បញ្ចាលនគរ ត្រូវ​គេសម្លាប់​ដោយ​ដាវក្នុង​សង្គ្រាម វិនាស​យ៉ាងនោះចុះ។

[៥៥៩] (បុរោហិត…) សត្វចិញ្ចឹមនេះ ចាក់ចោល​នូវទឹកដោះ សត្វចិញ្ចឹម​បៀត​បៀន​នូវផាល អ្នកដ៏ចំរើន​តិះដៀល​យើង ដោយ​ហេតុណា កំហុស​ដូចម្តេច របស់​ព្រះរាជា​ព្រហ្មទត្ត​ក្នុងហេតុ​នោះ។

[៥៦០] (អ្នករូតទឹកដោះ…) ម្នាលព្រាហ្មណ៍ ព្រះរាជាបញ្ចាលនគរ​របស់រាជ​ត្រកូល​ព្រហ្មទត្ត គួរអ្នក​ផងតិះដៀល​ហើយ ព្រោះថា ពួកអ្នក​ជនបទ ព្រះ​រាជា​មិនរក្សា ទ្រង់​បៀត​បៀន ដោយសួយ​អាករ មិនប្រកប​ដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុង​វេលាថ្ងៃ ពួកអ្នក​រាជការ​បៀតបៀន​ស៊ី​ក្នុង​ដែន​ព្រះរាជា​ខូចកាច ជនមិន​ប្រកប​ដោយ​ធម៌មាន​ច្រើន។ មេគោ​កាច ផ្លាង យើងមិន​បានរូតនូវ​ទឹកដោះ​ណា ក្នុងកាលមុន ​ក្នុង​ថ្ងៃនេះ ឥឡូវនេះ ពួកយើង​ក៏ត្រូវ​ពួករាជបុរស​អ្នកប្រាថ្នា​នូវទឹកដោះ​មក​រឹបជាន់ ទើបរូត​នូវ​ទឹកដោះ​នោះ។

[៥៦១] (ពួកក្មេងអ្នកស្រុកជេរថា) មេគោកំព្រា ជាសត្វព្រាត់ប្រាសនេះ ស្ទុះ​ឆ្លេឆ្លា​យ៉ាងណា សូម​ឲ្យព្រះរាជា​បញ្ចាលនគរ ព្រាត់ប្រាសនិរាស រីងស្ងួត កន្ទក់កន្ទេញ យ៉ាង​នោះចុះ។

[៥៦២] បុរោហិត…) សត្វចិញ្ចឹមរបស់អ្នក​រក្សានូវ​សត្វចិញ្ចឹម ស្ទុះឆ្លេឆ្លាក្តី ស្រែកក្តី ដោយ​ហេតុណា កំហុស​ដូចម្តេច​របស់​ព្រះរាជា​ព្រហ្មទត្ត ក្នុង​ហេតុ​នេះ។

[៥៦៣] (ពួកក្មេងអ្នកស្រុក…) បពិត្រមហាព្រាហ្មណ៍ កំហុស​របស់​ព្រះរាជា​ព្រហ្មទត្ត (មានពិត) ព្រោះថា ពួកអ្នក​ជនបទ ព្រះរាជា​មិនរក្សា ទ្រង់​បៀត​បៀន ដោយសួយ​សារអាករ មិនប្រកប​ដោយធម៌។ ក្នុងវេលា​យប់ ពួកចោរ​ស៊ី ក្នុងវេលាថ្ងៃ ពួកអ្នក​រាជការ​បៀតបៀន​ស៊ី​ក្នុង​ដែន​ព្រះរាជា​ខូច​កាច ជន​មិនប្រកប​ដោយធម៌​មានច្រើន ហេតុដូច​ម្តេចហ្ន៎ កូនគោ​របស់​យើងកំពុង​បៅដោះ មានប្រយោជន៍​ដល់​ស្រោមដាវ ត្រូវ​រាជបុរស​សម្លាប់។

[៥៦៤] (កង្កែបជេរថា) អញជាសត្វកើតក្នុងព្រៃ ត្រូវពួកក្អែក​ក្នុង​ស្រុកចឹក​ស៊ីក្នុងថ្ងៃ​នេះ​យ៉ាងណា សូម​ឲ្យស្តេច​បញ្ចាលនគរ ព្រមទាំង​បុត្រ ត្រូវគេ​កាប់ក្នុង​ចម្បាំង​ដាច់ខ្ទេចខ្ទី យ៉ាងនោះ​ចុះ។

[៥៦៥] (បុរោហិត…) នែដង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក មិន​ចាត់ចែង​នូវការ​រក្សាក្នុង​ពួកសត្វ​ទាំងពួងទេ ពួកក្អែក​ស៊ីនូវ​សត្វទាំងរស់​ដូចជា​ឯង ដោយ​ហេតុណា ព្រះរាជា​មិនឈ្មោះ​ថាមិន​ប្រព្រឹត្តធម៌ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ។

[៥៦៦] (កង្កែប…) ឱអ្នកជាព្រហ្មចារី តែមានសភាព​មិនប្រកប​ដោយធម៌​សោះ ពោលនូវ​ពាក្យសរសើរ​ចំពោះ​ក្សត្រិយ៍ កាលបើ​ប្រជាជន​ជាច្រើន ដែល​ព្រះរាជា​រឹបជាន់ អ្នកនៅ​តែបូជា​ចំពោះ​ព្រះរាជា ជាអ្នក​មានវាទៈ​ដ៏ក្រៃ​លែង។ នែព្រហ្មណ៍ ប្រសិនបើ​ដែននេះ​មានអ្នក​រាជការ​ល្អ រមែង​ជាដែន​ស្តុកស្តម្ភ មានរាស្ត្រ​រីករាយ​ជ្រះថ្លា ទាំងពួង​ក្អែក ក៏ស៊ី​នូវដុំបាយ​ដ៏ប្រសើរ ជាគ្រឿង​បូជា (របស់​មនុស្ស) ពួកក្អែក​មិនគប្បី​ស៊ីសត្វ​ទាំងរស់​ប្រាកដ​ដូច​ជាខ្ញុំទេ។

ចប់ ភណ្ឌុតិណ្ឌុកជាតក ទី១០។

ឧទ្ទាននៃតឹសនិបាតនោះគឺ

និយាយអំពីកឹឆន្ទជាតក ១ កុម្ភជាតក ១ ជយទ្ទិសជាតក ១ ឆទ្ទន្តជាតក ១ សម្ភវជាតក ១ មហាកបិជាតក ១ ទករក្ខសជាតក ១ នាគដ៏ប្រសើរ​ឈ្មោះ​បណ្ឌរកៈ ១ សម្ពុលាជាតក ១ តិណ្ឌុកជាតក ១។

ចប់ តឹសនិបាត។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.520.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann