តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចត្តាលីសនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 522 បាលី cs-km: sut.kn.jat.522 អដ្ឋកថា: sut.kn.jat.522_att PTS: ?
សរភង្គជាតក ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥២២. សរភង្គជាតកំ (២))
[៥៧៥] (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយប្រសើរ លោកទាំងឡាយ មានខ្លួនប្រដាប់ហើយ មានកុណ្ឌល មានសំពត់ស្លៀកល្អ សៀតព្រះខ័នមានដងប្រដាប់ដោយកែវពៃទូរ្យ និងកែវមុក្តា ឈរនៅ (លើរថតែមួយ) លោកទាំងឡាយឈ្មោះអ្វី ពួកជនក្នុងមនុស្សលោក ស្គាល់លោកទាំងឡាយដូចម្តេច។
[៥៧៦] (ព្រះរាជាព្រះនាមអដ្ឋកៈត្រាស់ថា) ខ្ញុំជាព្រះរាជាឈ្មោះអដ្ឋកៈ នេះជាព្រះរាជាព្រះនាមភីមរថ នេះជាព្រះរាជាព្រះនាមកាលិង្គ ដែលមានតេជានុភាព មានកិត្តិស័ព្ទល្បីល្បាញ យើងទាំងឡាយមកក្នុងទីនេះ ដើម្បីឃើញនូវឥសីទាំងឡាយដែលសង្រួមល្អហើយ ដើម្បីសួរនូវប្រស្នាទាំងឡាយ។
[៥៧៧] (អនុសិស្សតាបស…) លោកឋិតនៅឰដ៏អាកាស ជាទីរីករាយនៃសត្វស្លាប ដូចព្រះចន្ទ្រក្នុងថ្ងៃ ១៥ កើត ដែលឋិតនៅនាគន្លងផ្លូវឆ្ងាយ (អាកាស) បពិត្រយក្ស អាត្មាសូមសួរលោកដែលមានអានុភាពធំ ពួកជនក្នុងមនុស្សលោក នឹងស្គាល់លោកដូចម្តេច។
[៥៧៨] (សក្កទេវរាជ…) ទេវតាទាំងឡាយក្នុងពួកទេវតា បានហៅខ្ញុំណាថា មឃវា ខ្ញុំនោះ ជាទេវរាជមកកាន់ទីនេះ ក្នុងថ្ងៃនេះ ដើម្បីឃើញឥសីទាំងឡាយ អ្នកសង្រួមល្អហើយ។
[៥៧៩] ឥសីទាំងឡាយរបស់យើងខ្ញុំ ដែលជួបជុំគ្នា មានឫទ្ធិធំ ប្រកបដោយគុណ គឺឫទ្ធិ ល្បីទៅក្នុងទីឆ្ងាយ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ទាំងឡាយ ដែលប្រសើរក្នុងពួកមនុស្សក្នុងជីវលោកនេះ។
[៥៨០] (អនុសិស្សតាបស…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ រមែងផ្សាយចេញចាកកាយទៅតាមខ្យល់ បពិត្រសហស្សនេត្ត សូមព្រះអង្គថយចេញចាកទីនេះ បពិត្រទេវរាជ ក្លិនរបស់ឥសីទាំងឡាយមិនស្អាតទេ។
[៥៨១] (សក្កទេវរាជ…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ ចូរផ្សាយចេញចាកកាយទៅតាមខ្យល់ចុះ បពិត្រលោកដ៏ចំរើន យើងខ្ញុំរមែងប្រាថ្នានូវក្លិននុ៎ះ ដូចបុគ្គលប្រាថ្នានូវកម្រងផ្កា មានផ្កាដ៏វិចិត្រ មានក្លិនក្រអូប ព្រោះទេវតាទាំងឡាយ ជាអ្នកមិនមានសេចក្តីសំគាល់ក្នុងក្លិននុ៎ះ ថាជាបដិកូលទេ។
[៥៨២] (អនុសិស្សតាបស…) ទេវរាជនោះឈ្មោះបុរិន្ទទៈ ឈ្មោះភូតបតី ជាអ្នកមានយស ឈ្មោះទេវានមិន្ទៈ ឈ្មោះមឃវា ឈ្មោះសុជម្បតិ ជាអ្នកញាំញី (នូវពួក) អសុរ ទ្រង់ប្រាថ្នានូវឱកាសដើម្បីសួរប្រស្នា។ ក្នុងទីនេះ បណ្តាឥសីជាបណ្ឌិតទាំងឡាយនេះ បណ្ឌិតណាហ្ន៎ ដែលព្រះរាជាទាំង ៣ ព្រះអង្គ ជាធំជាងមនុស្ស និងព្រះវាសវៈជាធំជាងពួកទេវតា ត្រាស់សួរប្រស្នាដ៏ល្អិតហើយ នឹងឆ្លើយបាន។
[៥៨៣] (ពួកឥសី…) ឥសីឈ្មោះសរភង្គៈនេះ មានតបៈ ជាអ្នកវៀរចាកមេថុនធម្ម តាំងអំពីកើតមក ជាបុត្រនៃបុរោហិតដែលជាអាចារ្យ (របស់ព្រះរាជាពារាណសី) មានសភាពរៀបរយល្អហើយ ឥសីឈ្មោះសរភង្គៈនោះ នឹងឆ្លើយនូវប្រស្នាទាំងឡាយរបស់ព្រះរាជាទាំងនោះបាន។
[៥៨៤] (អនុសិស្សតាបស…) បពិត្រកោណ្ឌញ្ញៈ សូមលោកឆ្លើយនូវប្រស្នាទាំងឡាយ ឥសីទាំងឡាយមានសភាពដ៏ល្អ អារាធនាលោក បពិត្រកោណ្ឌញ្ញៈ ការដោះប្រស្នានុ៎ះ ជាទំនៀមតែងមានក្នុងពួកមនុស្ស ប្រស្នាណា មកកាន់សេចក្តីចំរើន ប្រស្នានុ៎ះ ជាភារៈរបស់លោក។
[៥៨៥] (សរភង្គតាបស…) លោកដ៏ចំរើនទាំងឡាយ ខ្ញុំធ្វើឱកាសឲ្យហើយ ចូរសួរនូវប្រស្នាណានីមួយ ដែលលោកទាំងឡាយប្រាថ្នាហើយដោយចិត្តចុះ ព្រោះថា ខ្ញុំដឹងនូវលោកនេះ និងលោកខាងមុខដោយខ្លួនឯង នឹងឆ្លើយនូវប្រស្នានោះៗ ប្រាប់លោកទាំងឡាយបាន។
[៥៨៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ទេវរាជបុរិន្ទទៈ មឃវា សក្កៈ អ្នកឃើញនូវប្រយោជន៍ បានសួរប្រស្នាជាដំបូងដែលខ្លួនប៉ងទុកហើយថា បុគ្គលសម្លាប់អ្វីមិនក្រៀមក្រំ ក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ សរសើរនូវការលះបង់អ្វី បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលណាពោលហើយក្នុងលោកនេះ បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៥៨៧] (សរភង្គតាបស…) បុគ្គលសម្លាប់សេចក្តីក្រោធ រមែងមិនក្រៀមក្រំក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ រមែងសរសើរនូវការលះបង់នូវសេចក្តីលុបគុណគេ បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលទាំងពួងពោលហើយ ពួកសប្បុរសពោលនូវសេចក្តីអត់ធន់នុ៎ះ ថាជាគុណជាតិដ៏ឧត្តម។
[៥៨៨] (សក្កទេវរាជ…) បុគ្គលអាចអត់ធន់នូវពាក្យរបស់ជនទាំងពីរពួកបាន គឺបុគ្គលស្មើគ្នា និងបុគ្គលប្រសើរជាង ចុះបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលថោកទាប តើដូចម្តេច បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៥៨៩] (សរភង្គតាបស…) បុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលដ៏ប្រសើរ ព្រោះសេចក្តីខ្លាច ឯបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលស្មើៗ គ្នា ព្រោះហេតុនៃការប្រណាំងប្រជែង ចំណែកបុគ្គលណា ក្នុងលោកនេះ អត់ធន់នូវពាក្យរបស់បុគ្គលថោកទាបបាន សប្បុរសទាំងឡាយ ពោលនូវសេចក្តីអត់ធន់នុ៎ះ (របស់បុគ្គលនោះ) ថាជាគុណជាតិដ៏ខ្ពង់ខ្ពស់។
[៥៩០] ធ្វើដូចម្តេច បុគ្គលគប្បីដឹងច្បាស់នូវបុគ្គលប្រសើរជាង ឬបុគ្គលស្មើៗ គ្នា ឬក៏បុគ្គលថោកទាប ដែលមានសភាពបិទបាំងដោយឥរិយាបថ ៤ បាន សប្បុរសទាំងឡាយ តែងប្រព្រឹត្តតាមរូបនៃបុគ្គលផ្សេងៗ គ្នា ព្រោះហេតុនោះ បុគ្គលគួរអត់ធន់នូវពាក្យរបស់បុគ្គលទាំងពួង។
[៥៩១] សប្បុរសអ្នកមានខន្តី គប្បីបាននូវសេចក្តីចំរើនណា សេនាធំព្រមដោយព្រះរាជា កាលច្បាំងគ្នា មិនគប្បីបាននូវសេចក្តីចំរើននុ៎ះទេ ពៀរទាំងឡាយរបស់បុគ្គលអ្នកមានខន្តីជាកំឡាំង រមែងស្ងប់រម្ងាប់បាន។
[៥៩២] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកពោលប្រស្នានោះ ដូចយ៉ាងព្រះបាទទណ្ឌកី ព្រះបាទនាលិកីរៈ ព្រះបាទអជ្ជុនៈ និងព្រះបាទកលាពុ សូមលោកបា្រប់នូវគតិរបស់ស្តេចទាំងនោះ ដែលមានបាបកម្មដ៏ធ្ងន់ តើព្រះរាជាទាំងនោះ ជាអ្នកបៀតបៀននូវឥសីទាំងឡាយ ទៅកើតក្នុងទីណា។
[៥៩៣] (សរភង្គតាបស…) ព្រះបាទទណ្ឌកី ព្រមទាំងជន ទាំងអ្នកដែន បានស្តោះដាក់តាបសឈ្មោះកីសវច្ឆៈ ព្រះអង្គមានមូលដាច់ហើយ ឆេះក្នុងនរកឈ្មោះកុក្កូលៈ រងើកភ្លើងទាំងឡាយធ្លាក់មិនដាច់ លើកាយនៃព្រះអង្គ។ ព្រះបាទនាលិកីរៈណា បានបៀតបៀនបព្វជិតទាំងឡាយ ជាអ្នកសង្រួម ជាអ្នករម្ងាប់បាប មិនប្រទូស្ត កំពុងសំដែងធម៌ ឆ្កែទាំងឡាយចោមខាំស៊ីនូវព្រះបាទនាលិកីរៈនោះ ឲ្យអន្ទះអន្ទែងក្នុងបរលោក។ ឯព្រះបាទអជ្ជុនៈ មានព្រះសិរចុះក្រោម មានព្រះបាទឡើងលើ ធ្លាក់ក្នុងនរកឈ្មោះសត្តិសូលៈ ព្រោះតែបៀតបៀននូវឥសីឈ្មោះអង្គីរសៈ ជាគោតមគោត្រ ជាអ្នកអត់ធន់ មានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរអស់កាលយូរ។ ព្រះបាទកលាពុណា បានកាត់ឲ្យជាកំណាត់តូច និងកំណាត់ធំ នូវបព្វជិតដែលពោលនូវខន្តិ ជាអ្នករម្ងាប់បាប ជាអ្នកមិនប្រទូស្ត ព្រះបាទកលាពុ (នោះ) ក៏កើតឆេះនៅក្នុងនរកឈ្មោះអវីចិ មានកំដៅដ៏ខ្លាំង មានវេទនាដ៏ផ្សាក្តៅ ជាទីគួរខ្លាច។ បណ្ឌិតបានឮនូវនរកទាំងឡាយនេះផង នូវនរកទាំងឡាយដទៃ ដ៏លាមកលើសជាងនរកនេះផង គួរប្រព្រឹត្តធម៌ក្នុងសមណព្រាហ្មណ៍ទាំងឡាយ លុះធ្វើយ៉ាងនេះហើយ រមែងកើតក្នុងឋានសួគ៌។
[៥៩៤] (សក្កទេវរាជ…) ខ្ញុំត្រេកអរនឹងសុភាសិតរបស់លោកម្ចាស់ហើយ សូមសួរនូវប្រស្នាដទៃ ចំពោះលោកម្ចាស់ទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានសីល ពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានប្រាជ្ញា ពោលនូវបុគ្គលបែបដូចម្តេច ថាជាសប្បុរស សិរីមិនលះបង់នូវបុគ្គលបែបដូចម្តេច។
[៥៩៥] (សរភង្គតាបស…) បុគ្គលណាក្នុងលោកនេះ ជាអ្នកសង្រួមដោយកាយ ដោយវាចា ទាំងមិនធ្វើនូវបាបតិចតួចដោយចិត្ត មិនពោលពាក្យឡេះឡោះ ព្រោះហេតុនៃខ្លួន បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានសីល។ បុគ្គលណា កាលគិតនូវប្រស្នាដ៏ជ្រាលជ្រៅដោយចិត្ត ហើយមិនធ្វើនូវអំពើអាក្រក់ ដែលកន្លងនូវប្រយោជន៍ មិនលះបង់នូវចំណែកនៃប្រយោជន៍ ដែលមកក្នុងកាលគួរ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានបញ្ញា។ បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្រល្អ មានការសេពគប់មាំ ធ្វើនូវកិច្ចដោយគោរព ចំពោះបុគ្គលអ្នកដល់នូវសេចក្តីទុក្ខ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកសប្បុរស។ បុគ្គលណា ជាអ្នកប្រកបដោយគុណទាំងពួងនេះ ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែករំលែក ជាអ្នកដឹងនូវពាក្យ (របស់ស្មូម) សិរីមិនលះបង់នូវបុគ្គលជាអ្នកសង្រ្គោះ មានវាចាពីរោះ មានវាចា មដ្ឋចត់បែបនោះទេ។
[៥៩៦] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរនូវប្រស្នាដទៃនឹងលោកទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយ ពោលនូវសីលផង សិរីផង ធម៌របស់សប្បុរសផង ប្រាជ្ញាផង តើគុណជាតិណាប្រសើរបំផុត។
[៥៩៧] (សរភង្គតាបស…) អ្នកឈ្លាសវៃទាំងឡាយ ពោលថាប្រាជ្ញាជាគុណជាតិប្រសើរបំផុត ដូចស្តេចនៃផ្កាយ (ព្រះចន្រ្ទ) ដ៏ប្រសើរជាងផ្កាយទាំងឡាយ ទុកជាសីលក្តី សិរីក្តី ធម៌របស់សប្បុរសក្តី ក៏ប្រព្រឹត្តទៅតាមបុគ្គលអ្នកមានប្រាជ្ញា។
[៥៩៨] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកប្រាប់ប្រស្នានោះ បុគ្គលក្នុងលោកនេះ ធ្វើដូចម្តេច ធ្វើការងារអ្វី ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ទើបបាននូវប្រាជ្ញា សូមលោកម្ចាស់ ប្រាប់នូវបដិបទានៃប្រាជ្ញាក្នុងកាលឥឡូវនេះ បុគ្គលធ្វើដូចម្តេច ទើបជាអ្នកមានប្រាជ្ញា។
[៥៩៩] (សរភង្គតាបស…) បុគ្គលគប្បីសេពគប់នូវពួកអ្នកចំរើន (ដោយប្រាជ្ញា) អាចដឹងនូវហេតុដ៏ល្អិត ជាពហុស្សូត គប្បីជាអ្នករៀនផង ជាអ្នកសាកសួរផង គប្បីស្តាប់នូវសុភាសិតទាំងឡាយដោយគោរពផង បុគ្គលធ្វើយ៉ាងនេះ ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលជាអ្នកប្រាជ្ញនោះ ឃើញច្បាស់នូវកាមគុណទាំងឡាយ ថាមិនទៀង ថាជាទុក្ខ ថាជារោគ បុគ្គលឃើញច្បាស់យ៉ាងនេះ ទើបលះបង់នូវឆន្ទៈ ក្នុងកាមទាំងឡាយ ដែលជាទុក្ខ ជាភ័យធំបាន។ បុគ្គលនោះ ប្រាសចាករាគៈ កំចាត់បង់នូវទោសៈហើយ គប្បីចំរើននូវមេត្តចិត្ត រកប្រមាណមិនបាន ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងពួង ជាអ្នក គឺបុគ្គលណាមួយតិះដៀលមិនបាន រមែងទៅកើតក្នុងឋានព្រហ្ម។
[៦០០] បពិត្រព្រះបាទអដ្ឋកៈ ការយាងមកនៃព្រះអង្គផង នៃព្រះបាទភីមរថៈផង នៃព្រះបាទកាលិង្គៈ ដែលមានតេជានុភាពដ៏រុងរឿងផង ជាព្រះរាជដំណើរមានឫទ្ធិដ៏ច្រើន (ព្រោះ) កាមរាគនៃព្រះអង្គទាំងអស់ បានលះបង់ហើយ។
[៦០១] (ព្រះរាជាទាំង ៣ ព្រះអង្គ ទ្រង់សរសើរថា) លោកម្ចាស់បានដឹងច្បាស់នូវចិត្តរបស់បុគ្គលដទៃនុ៎ះយ៉ាងនេះឯង ឯកាមរាគ យើងខ្ញុំទាំងអស់គ្នាបានលះហើយ សូមលោកម្ចាស់ធ្វើឱកាស ដើម្បីអនុគ្រោះ (បព្វជ្ជា) ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
[៦០២] (សរភង្គតាបស…) អាត្មាភាពធ្វើឱកាសដើម្បីអនុគ្រោះ ព្រោះថា មហារាជទាំងឡាយបានលះបង់នូវកាមរាគ ដោយប្រការដូច្នោះមែន មហារាជទាំងឡាយ ចូរញ៉ាំងកាយ ឲ្យជ្រួតជ្រាបដោយបីតិដ៏កើត (អំពីឈាន) ដ៏ធំទូលាយ ឲ្យមហារាជទាំងឡាយបានដល់នូវគតិរបស់អាត្មាភាព។
[៦០៣] (ព្រះរាជាទាំង ៣ ព្រះអង្គ…) បពិត្រលោក អ្នកមានប្រាជ្ញាដូចផែនដី លោកម្ចាស់ពោលពាក្យណាៗ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោកទាំងអស់នោះៗ យើងខ្ញុំនឹងញ៉ាំងកាយឲ្យជ្រួតជ្រាបដោយបីតិដ៏ធំទូលាយ ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
[៦០៤] (សរភង្គតាបស…) ការបូជានេះ ពួកឥសីបានធ្វើហើយ ដល់ឥសីឈ្មោះកីសវច្ឆៈ ឥសីទាំងឡាយដ៏ចំរើន មានសភាពល្អ ចូរទៅចុះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តតាំងមាំសព្វៗកាលចុះ នេះជាសេចក្តីត្រេកអរដ៏ប្រសើររបស់បព្វជិត។
[៦០៥] (អភិសម្ពុទ្ធគាថា) ទេវតាទាំងឡាយនោះ មានយស បានស្តាប់នូវគាថាទាំងឡាយដ៏ប្រកបដោយប្រយោជន៍ដ៏ក្រៃលែង ដែលឥសីជាបណ្ឌិត ពោលល្អហើយ ជាអ្នកបានចេះដឹងហើយ អនុមោទនា ចៀសចេញទៅកាន់ទេវបុរី។ គាថាទាំងឡាយនេះ មានអត្ថ មានព្យញ្ជនៈដ៏បរិសុទ្ធ ដែលឥសីជាបណ្ឌិតពោលល្អហើយ បុគ្គលឯណានីមួយ ស្តាប់គាថាទាំងឡាយនេះ ធ្វើខ្លួនឲ្យមានប្រយោជន៍ រមែងបាននូវគុណវិសេសខាងដើម និងខាងចុង លុះបានគុណវិសេស ខាងដើម និងខាងចុងហើយ គប្បីដល់នូវព្រះនិព្វាន ជាគុណមិនឃើញនូវមច្ចុរាជ។
[៦០៦] (ទ្រង់ប្រជុំជាតកថា) សាលិស្សរតាបស គឺសារីបុត្រ មេណ្ឌិស្សរតាបស គឺកស្សប បព្វតតាបស គឺអនុរុទ្ធ ទេវិលតាបស គឺកច្ចាយនៈ អនុសិស្សតាបស គឺអានន្ទ កីសវច្ឆតាបស គឺកោលិតៈ នារទតាបស គឺឧទាយិត្ថេរ បរិស័ទ (របស់ពួកតាបស) គឺពុទ្ធបរិស័ទ សរភង្គតាបស ជាពោធិសត្វ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ សរភង្គជាតក ទី២។