km:tipitaka:sut:kn:jat:sut.kn.jat.524

សង្ខបាលជាតក ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 524 បាលី cs-km: sut.kn.jat.524 អដ្ឋកថា: sut.kn.jat.524_att PTS: ?

សង្ខបាលជាតក ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥២៤. សង្ខបាលជាតកំ (៤))

[៦២៤] (ព្រះបាទពារាណសីត្រាស់សួរថា) លោកជា​អ្នកមាន​ឱកាសនៃ​សរីរៈ​ដ៏ប្រសើរ មាន​ព្រះនេត្រថ្លា ខ្ញុំសំគាល់​ថា លោក​ដ៏ចំរើន ជាអ្នក​ចេញ​ចាកត្រកូល ហើយ​បួស ចុះលោក​អ្នកមាន​ប្រាជ្ញា លះបង់​នូវទ្រព្យ និង​ភោគៈ​ទាំងឡាយ ចេញចាក​ផ្ទះ​ហើយបួស តើដោយ​ហេតុ​ដូចម្តេច។

[៦២៥] (អាឡារតាបស ថ្វាយព្រះពរថា) បពិត្រ​ព្រះរាជា ជានរទេព អាត្មា​ភាពជា​អ្នកបួស​ដោយ​សទ្ធា ព្រោះបាន​ឃើញវិមាន​របស់​ពស់ធំ (នាគ) ដែល​មានអានុភាព​ច្រើន ដោយ​ខ្លួនឯង​ផង ព្រោះបាន​ឃើញផល​ដ៏ធំ នៃ​បុណ្យ​ទាំងឡាយ​ផង។

[៦២៦] (ព្រះរាជា…) បព្វជិតទាំងឡាយ មិនពោល​នូវវាចា​កុហក​ព្រោះ​ប្រាថ្នា​កាម ព្រោះខ្លាច ​ព្រោះទោសៈ​ទេ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​សេចក្តីនុ៎ះ សេចក្តី​ជ្រះថ្លា​នឹងកើត​ដល់ខ្ញុំ​ព្រោះស្តាប់។

[៦២៧] (អាឡារតាបស…) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាល​នៅ (ជាគ្រហស្ថ) កំពុង​ដើរទៅ​ដោយ​បំណងថា (អញនឹងធ្វើ) នូវជំនួញ ក៏​បានឃើញ​នូវពួក​ភោជបុត្រ1) ក្នុងផ្លូវ​ សែង​ពស់ដ៏ធំ មានកាយ​ធាត់ កំពុង​សប្បាយ​រីករាយ​ដើរ។ បពិត្រ​ព្រះអង្គ​ជាធំជាង​ជន លុះអាត្មាភាព​នោះ មកជួប​នឹងពួក​ភោជបុត្រ​ទាំងនោះ​ហើយ ក៏​ព្រឺរោម​ខ្លាច ហើយសួរថា ម្នាល​ពួកភោជបុត្រ នាគនេះ មានកាយ​គួរខ្លាច តើអ្នក​ទាំងឡាយ​នាំទៅ​ក្នុងទីណា អ្នក​ទាំងឡាយ នឹងយក​នាគនេះទៅ​ធ្វើអ្វី។

(ពួកភោជបុត្រប្រាប់ថា) នាគដ៏ធំ ជាសត្វទៅ​ដោយទ្រូង មានកាយ​ដ៏​ធាត់នេះ យើង​យកទៅ​បរិភោគ (ព្រោះ) សាច់វា មានរសឆ្ងាញ់​ផង ក្រាស់​ផង ទន់ផង នែកូន​អ្នកស្រុក​វិទេហៈ អ្នកមិន​ដឹងនូវ​រសទេ​ឬ។ ពួកយើង​ចេញអំពី​ទីនេះ ទៅកាន់​លំនៅ​របស់​ខ្លួន ហើយ​យកកាំបិត​ចិញ្ច្រាំ​សាច់​ទាំងឡាយ ហើយ​បរិភោគ​រីករាយ​សប្បាយ ព្រោះថា ពួក​យើងជា​សត្រូវ​ចំពោះ​នាគ​ទាំងឡាយ។

(អាត្មាភាព ពោលថា) ពស់ដ៏ធំនេះ ជាសត្វ​ទៅដោយ​ទ្រូង មានកាយ​ដ៏ធាត់ ប្រសិន​បើអ្នក​ទាំងឡាយ យកនាគ​នេះទៅ​បរិភោគ យើងនឹង​ឲ្យគោ​បម្រើ ១៦ ដល់​អ្នកទាំង​ឡាយ​ជំនួស​នាគ អ្នកទាំងឡាយ​ចូរស្រាយ​នាគនេះ​អំពី​ចំណងចុះ។

(ពួកភោជបុត្រពោលថា…) ពស់នេះជាអាហារ​ជាទីពេញ​ចិត្តរបស់​ពួក​យើង​ណាស់ តែពស់​ជាច្រើន ពួកយើង​ធ្លាប់​បរិភោគ​ហើយ បពិត្រ​អាឡារៈ ពួកយើង​នឹងធ្វើ​តាមពាក្យ​របស់​អ្នកនោះ នែកូនអ្នក​ស្រុកវិទេហៈ អ្នកចូរ​ជាមិត្រ​របស់យើង​ទាំងឡាយ។

ពួកភោជបុត្រទាំងនោះ ក៏ស្រាយនាគរាជ​នោះអំពី​ចំណង (ដែលគេ​ដោតចូល) ទៅតាម​ច្រមុះ ហើយ​បញ្ចូល​ទៅក្នុង​អន្ទាក់ ឯនាគរាជ​នោះ លុះរួច​អំពី​ចំណងហើយ ក៏មាន​មុខឆ្ពោះ​ទៅកាន់​បាចីនទិស ចៀសចេញ​ទៅមួយ​រំពេច។ នាគរាជ​នោះ មាន​មុខឆ្ពោះ​ទៅកាន់​បាចីនទិស លូន​ទៅមួយ​រំពេច មានភ្នែក​ពេញដោយ​ទឹកភ្នែក ហើយ​សំឡឹង​មើល​អាត្មាភាព កាលនោះ អាត្មាភាព បានដើរ​ទៅតាម​ក្រោយនៃ​នាគនោះ ហើយ​ផ្គង​ម្រាមទាំង ១០ (ពោលថា) អ្នកចូរ​ប្រញាប់​ទៅចុះ កុំ​ឲ្យពួក​សត្រូវ​ចាប់អ្នក​ទៀត ព្រោះថា ការជួប​ប្រទះ​ដោយព្រាន​ទាំងឡាយ​ម្តងទៀត រមែង​នាំមក​នូវសេចក្តី​ទុក្ខ អ្នកចូរ​ទៅកាន់​ទី​ដែលពួក​ភោជបុត្រ​មិនឃើញ។ នាគរាជ​នោះ បានទៅ​កាន់អន្លង់​ទឹកដ៏ថ្លា មាន​ពណ៌ខៀវ មាន​កំពង់ល្អ​គួររីករាយ ដ៏ទន់​ទោរដោយ​ជម្ពូព្រឹក្ស និង​វេទិសាព្រឹក្ស ជាសត្វ​មិនមាន​ភ័យ មានតែការ​រីករាយ ក៏ចូលទៅ (កាន់​នាគពិភព)។ បពិត្រ​ព្រះជនិន្ទ្រ នាគ​នោះ លុះចូល​ទៅកាន់​ភពនាគ​នោះហើយ មិន​យូរប៉ុន្មាន ក៏វិល​មកប្រាកដ (ខាងមុខ) នៃ​អាត្មាភាព ដោយ​បរិវារ​ជាទិព្វ ហើយបំរើ​អាត្មាភាព ហាក់ដូច​កូន​បំរើបិតា បាន​ពោល​នូវពាក្យ​ត្រូវចិត្ត ស្រួល​ត្រចៀកថា បពិត្រ​អាឡារៈ លោកទុក​ដូចមាតា និង​បិតា​របស់ខ្ញុំ លោក​ប្រាដក​ស្មើដោយ​សាច់ខាង​ក្នុង គឺដួងហឫទ័យ ជាអ្នក​ឲ្យនូវ​ជីវិត ជា​សំឡាញ់ ម្យ៉ាងទៀត ខ្ញុំត្រឡប់​បាន​នូវឫទ្ធិ​របស់ខ្លួន បពិត្រ​អាឡារៈ សូមលោក​មើល​និវេសនដ្ឋាន​របស់​ខ្ញុំ ភពនាគ​មានចំណី​ច្រើន មានបាយ​ទឹកដ៏ច្រើន ដូច​មសក្កសារ គឺ​ទេពនគរ របស់​វាសវ​ទេវរាជ​ដូច្នោះ។

[៦២៨] ពភនាគនោះ ប្រកបដោយ​ភូមិភាគ ជាភូមិ​មិនមានក្រួស ទន់ល្អ មាន​ស្មៅដ៏ទាប មិនមាន​ធូលី ជាទីនាំ​មកនូវ​សេចក្តី​ជ្រះថ្លា ជាទី​លះបង់​នូវ​សេចក្តី​សោកបាន។ (ក្នុង​ភពនាគ​នោះ មាន​ស្រះបោក្ខរណី) មិនក្រហេង​ក្រហូង មាន​កែវពៃទូរ្យ​ពណ៌ខៀវ មាន​សួនស្វាយ គួរជា​ទីរីករាយ​ដោយ​ប្រពៃ តាំងនៅ​ក្នុងទិស​ទាំង ៤ (នៃ​ស្រះបោក្ខរណី) ដើមស្វាយ​ទាំងឡាយ ក្នុង​អម្ពវ័ននោះ មានផ្លែ​ទុំក៏មាន ផ្លែស្រគាល​ក៏មាន ផ្លែខ្ចី​ក៏មាន ក្តឹប​ក៏មាន ជាឈើ​មានផ្លែ​សព្វៗ រដូវ។

[៦២៩] បពិត្រព្រះនរទេព លំនៅជាវិការៈ​នៃមាស មាន​សន្ទះទ្វារ​ជាវិការៈ​នៃ​ប្រាក់ មាន​រស្មីផ្លេកៗ រុងរឿង​ក្រៃលែង​ក្នុងកណ្តាល​នៃព្រៃឈើ​ទាំងឡាយ​នោះ ដូចជា​ផ្លេកបន្ទោរ​ឰដ៏អាកាស។ បពិត្រ​ព្រះរាជា (ក្នុងប្រាសាទ​នោះ មានផ្ទះ​កំពូល និងល្វែង) ជាវិការៈ​នៃ​កែវមណី ទាំងជា​វិការៈ​នៃមាស រុង​រឿង​ដ៏វិចិត្រ​ជាអនេក ដែល​និម្មិតល្អ​ហើយ​រឿយៗ ពេញដោយ​ពួកនាង​កញ្ញា ដ៏ទ្រទ្រង់​ដោយគ្រឿង​ប្រដាប់មាស។ សង្ខបាល​នាគរាជ​នោះ មាន​សម្បុរ​មិនថោកទាប (បានចាប់​ដៃអាត្មាភាព) មាន​សភាព​រួសរាន់ ឡើង​កាន់​ប្រាសាទ​ដែលមាន​សសរ​មួយពាន់ មាន​អានុភាព​ថ្លឹងមិនបាន ដែលជា​ទីនៅ​នៃ​ភរិយា ជា​មហេសី​របស់​សង្ខបាល​នាគរាជ​នោះ។ នាងនារីម្នាក់ មាន​សភាព​រួសរាន់ កាន់​យកនូវ​កែវមណី​ដ៏ស្អាត ប្រកប​ដោយ​កែវមណី​ដទៃ មាន​ជាតិសុទ្ធ ជាស្រ្តី​ដែល​នាគរាជ​នោះ​មិនបាច់​តឿន ក៏ក្រាល​នូវ​អាសនៈ ជាវិការៈ​នៃកែវពៃទូរ្យ​មានតម្លៃ​ច្រើន។ លំដាប់​នោះ នាគរាជ​ចាប់ដៃ​អាត្មាភាព ឲ្យអង្គុយ​លើអាសនៈ​ជាប្រមុខ (ពោលថា) នេះ​អាសនៈ សូម​លោកដ៏​ចំរើន​អង្គុយ​លើ​អាសនៈ​នេះ ព្រោះថា បណ្តា​បុគ្គល​ដែលគួរ​គោរព​ទាំងឡាយ លោក​ដ៏ចំរើន ទុកជា​បុគ្គល​គួរគោរព​មួយ​របស់ខ្ញុំ។ បពិត្រ​ព្រះជនិន្ទ្រ នាង​នារីដទៃ​មាន​សភាព​រហ័ស​រហួន នាំទឹក​ចូល​មកលាង​ជើង​អាត្មាភាព ដូចជា​ប្រពន្ធ​លាងជើង​ភស្តា​ជាទី​ស្រឡាញ់។ មាននាង​នារីម្នាក់ទៀត មានសភាព​រួសរាន់ បានលើក​នូវបាយ មាន​សម្លដ៏ច្រើន និង​ម្ហូបក្រៀម​ផ្សេងៗ ដោយ​ភាជន៍ ជាវិការៈ​នៃមាស ហើយ​បង្អោន​ចូលមក​ជិត។ បពិត្រ​ព្រះភារតៈ នាងនារី​ទាំងឡាយ បានដឹង​នូវចិត្តនៃ​ព្រះភស្តា (របស់​ខ្លួន) ហើយ​បំរើ​អាត្មាភាព ដែលជា​អ្នកបរិភោគ​រួចហើយ ដោយតូរ្យ​តន្ត្រី​ទាំងឡាយ នាគរាជ​នោះ ប្រណិប័តន៍​អាត្មាភាព ដោយ​កាមគុណ​ជា​ទិព្វដ៏​ឱឡារិក​មាន​ប្រមាណ​ច្រើន ដ៏ក្រៃលែង​ជាង​តូរ្យតន្ត្រី​នោះ។

[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយ​របស់​ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយា​ទាំង​អស់ មាន​ពាក់​កណ្តាលខ្លួន (រៀវល្អ) មានរស្មី​ដ៏ក្រៃលែង ហាក់​ដូចជា​ពណ៌​នៃផ្កាឈូក បពិត្រ​អាឡារៈ លោកចូរ​ធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ស្រ្តីទាំង​នុ៎ះ ខ្ញុំនឹង​ឲ្យដល់​លោក ៗ ចូរ​ឲ្យស្រ្តី​ទាំងនោះ​បំរើចុះ។

[៦៣១] អាត្មាភាពបានទទួលដឹងរសនៃកាមគុណ​ជាទិព្វ អស់​មួយឆ្នាំ កាល​នោះ អាត្មាភាព​សួរតទៅ​ទៀតថា ព្រះអង្គ​ជានាគ បាននូវ​សម្បត្តិ​នេះ ព្រោះ​ធ្វើនូវ​កម្មអ្វី ព្រះអង្គ​បានវិមាន​ដ៏ប្រសើរ ដោយ​ប្រការ​ដូចម្តេច។ ព្រះអង្គ​បានដោយ​មិនមាន​ហេតុ ឬកើត​អំពីបុគ្គល​ណាមួយ បង្អោន​មកថ្វាយ​ព្រះអង្គ ព្រះអង្គ​ធ្វើឯង ឬពួក​ទេវតា​ថ្វាយ បពិត្រ​នាគរាជ ខ្ញុំសួរ​សេចក្តីនេះ​នឹងព្រះអង្គៗ បានវិមាន​ដ៏ប្រសើរ ដោយ​ប្រការ​ដូចម្តេច។

[៦៣២] វិមាននេះ មិនមែនខ្ញុំបានដោយ​មិនមាន​ហេតុទេ មិនមែន​កើតអំពី​បុគ្គល​ណា​បង្អោន​មកថ្វាយ​ខ្ញុំទេ ខ្ញុំមិនមែន​ធ្វើដោយ​ខ្លួនឯង ទាំង​មិនមែន​ទេវតា​ឲ្យខ្ញុំទេ វិមាន​នេះ ខ្ញុំបាន​ដោយកម្ម​របស់ខ្លួន ជាអំពើ​ឥតបាប គឺជា​បុណ្យ។

[៦៣៣] វត្តរបស់ព្រះអង្គដូចម្តេច ព្រហ្មចារ្យ តើដូចម្តេច នេះជា​វិបាក​នៃកម្ម​ដែល​ប្រព្រឹត្ត​ល្អហើយ​ដូចម្តេច បពិត្រ​នាគរាជ សូមព្រះអង្គ​ប្រាប់​សេចក្តី​នុ៎ះដល់​ខ្ញុំ វិមាននេះ តើព្រះអង្គ​បានហើយ ដោយ​ប្រការ​ដូចម្តេច។

[៦៣៤] ខ្ញុំជាសេ្តចឈ្មោះទុយ្យោធនៈ ជាធំក្នុងដែន​មគធៈ មាន​អានុភាពធំ ខ្ញុំ​នោះបាន​ដឹងច្បាស់​នូវជីវិត ជារបស់​ថោកទាប​មិនទៀង មាន​សេចក្តីប្រែ​ប្រួល​ជាធម្មតា។ ខ្ញុំមាន​ចិត្តជ្រះថ្លា បាន​ឲ្យបាយ និងទឹក​ជាទាន​បរិបូណ៌​ដោយគោរព ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ ជាទីប្រជុំ​របស់​សមណៈ (ព្រាហ្មណ៍) ដូចជា​អណ្តូង ព្រោះថា សមណ​ព្រាហ្មណ៍​ទាំងឡាយ ខ្ញុំបាន​ឲ្យ​ឆ្អែតស្កប់​ស្កល់ហើយ។ ខ្ញុំបាន​ឲ្យផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប ប្រទីប យាន លំនៅ សំពត់​សម្រាប់​ស្លៀក​ដណ្តប់ ទីដេក និងបាយ​ទឹក ជា​ទាន​ដោយគោរព​ក្នុងទីនោះ។ អំពើនោះ ជាវត្ត​របស់ខ្ញុំ អំពើនោះ​ជាព្រហ្ម​ចារ្យ​របស់ខ្ញុំ នេះជា​វិបាក​នៃកម្ម​ដែលប្រព្រឹត្ត​ល្អហើយនោះ ព្រោះ​ហេតុនោះ​ឯង វិមាននេះ ទើបមាន​ចំណី​ដ៏ច្រើន មានបាយ និងទឹក​ដ៏ច្រើន ដែល​ខ្ញុំបាន​ហើយ។

[៦៣៥] វិមាននេះ សម្បូរដោយការរាំ ទាំងសម្បូរ​ដោយការ​ច្រៀង តាំងនៅ​អស់កាល​យូរ តែមិន​ទៀងទាត់​សោះទេ ពួកអ្នក​មាន​អានុភាពតិច មិនមាន​តេជះ រមែង​បៀតបៀន​ព្រះអង្គ ដែលមាន​អានុភាព​ច្រើន មានតេជះ បពិត្រ​ព្រះអង្គ​មាន​ចង្កូម​ជា​អាវុធ ព្រះអង្គ​មកលុះ​កណ្តាប់ដៃ​នៃពួក​ភោជបុត្រ តើព្រោះអាស្រ័យ​អ្វី ព្រោះហេតុអ្វី។ តេជះ​របស់​ព្រះអង្គ​ទៅតាម​ភ័យ​ដ៏ធំឬ ឬ​ពិសរបស់​ព្រះអង្គ​ទៅតាម​គល់ធ្មេញ បពិត្រ​ព្រះអង្គ មាន​ចង្កូមជា​អាវុធ ព្រះអង្គ​ដល់នូវ​សេចក្តី​លំបាក (ក្នុង​សំណាក់) នៃពួក​ភោជបុត្រ តើព្រោះ​អាស្រ័យ​អ្វី ព្រោះ​ហេតុអ្វី។

[៦៣៦] តេជះរបស់ខ្ញុំមិនមែនទៅតាមភ័យ​ដ៏ធំទេ តេជះ គឺពិស​របស់ខ្ញុំ ពួក​ភោជបុត្រ​ទាំងនោះ មិនអាច​នឹងបៀត​បៀនទេ ធម៌ទាំងឡាយ ពួក​សប្បុរស​សំដែង​ល្អហើយ ជាធម៌​លះបង់​បានដោយ​ក្រ ដូចច្រាំង​សមុទ្រ។ បពិត្រ​អាឡារៈ ខ្ញុំរក្សា​ឧបោសថ ក្នុងថ្ងៃទី ១៤ និងថ្ងៃទី ១៥ ជានិច្ច គ្រានោះ ពួក​ភោជបុត្រ ១៦ នាក់ កាន់ខ្សែ និង​អន្ទាក់​ដ៏មាំ​ដើរមក។ ព្រាន​ទាំងឡាយ​ទំលាយ (សរីរៈ) យកខ្សែ​ខ្លុសច្រមុះ ហើយ​សែង​នាំយក​ខ្ញុំទៅ ខ្ញុំញ៉ាំង​ឧបោសថ មិន​ឲ្យកម្រើក ខំអត់ទ្រាំ​នូវសេចក្តី​ទុក្ខទាំងនេះ។

[៦៣៧] (ពួកភោជបុត្រទាំងនោះ) បានឃើញព្រះអង្គ​ជាអ្នក​បរិបូណ៌​ដោយ​កំឡាំង និងសម្បុរ ក្នុងផ្លូវ​ជាទីដើរ​ទៅនៃ​បុគ្គល​តែម្នាក់ ព្រះអង្គ​ជាអ្នក​ចំរើន​ដោយសិរី និងបញ្ញា បពិត្រ​នាគរាជ ព្រះអង្គ​ខំប្រឹង​ធ្វើតបៈ តើដើម្បី​អ្វី។

[៦៣៨] បពិត្រអាឡារៈ (ខ្ញុំធ្វើតបៈ) មិនមែនព្រោះ​ហេតុកូន មិនមែន​ព្រោះ​ហេតុ​ទ្រព្យ មិនមែន​ព្រោះហេតុ​អាយុទេ ខ្ញុំប្រាថ្នា​ចំពោះ​កំណើត​នៃមនុស្ស ព្រោះ​ហេតុនោះ បានជា​ខ្ញុំប្រឹងប្រែង​ធ្វើតបៈ។

[៦៣៩] ព្រះអង្គមានចក្ខុក្រហម មានរស្មីព្រោងព្រាត មានខ្លួន​ប្រដាប់ហើយ មានសក់ និងពុកមាត់​កាត់កោរ​ហើយ លាបដោយ​ខ្លឹមចន្ទន៍​ក្រហម ហើយ​ញ៉ាំងទិស​ទាំង​ឡាយ ឲ្យភ្លឺច្បាស់​ដូចស្តេច​គន្ធព្វ។ ព្រះអង្គ​ដល់នូវ​ឫទ្ធិដូច​ជាឫទ្ធិនៃ​ទេវតា មាន​អានុភាព​ធំ ប្រកប​ដោយកាម​ទាំងពួង បពិត្រ​នាគរាជ ខ្ញុំសូម​សួរនូវ​សេចក្តីនុ៎ះ ចំពោះ​ព្រះអង្គថា មនុស្ស​លោក​ប្រសើរជាង​ភពនាគ​នេះ តើដោយ​ហេតុអ្វី។

[៦៤០] បពិត្រអាឡារៈ សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី វៀរចាក​មនុស្ស​លោក​ហើយ រមែង​មិនមាន​ឡើយ ខ្ញុំបើ​បានកំណើត​នៃមនុស្ស​ហើយ នឹងធ្វើ​នូវទីបំផុត​នៃជាតិ និង​មរណៈ។

[៦៤១] ខ្ញុំនៅក្នុងសំណាក់នៃព្រះអង្គអស់​មួយឆ្នាំ​ហើយ ព្រះអង្គ​ក៏បាន​ទំនុក​បំរុង​ដោយបាយ និងទឹក បពិត្រ​នាគរាជ ខ្ញុំសូម​លាត្រឡប់​ទៅវិញ បពិត្រ​ព្រះជនិន្ទ ខ្ញុំឃ្លាត (ពីមនុស្ស​លោក) យូរហើយ។

[៦៤២] កូនប្រពន្ធ និងពួកជនជាអ្នករស់នៅ​ដោយសារខ្ញុំៗ បាន​ប្រៀនប្រដៅ​ជានិច្ច ឲ្យបំរើលោក តើអ្នក​ណាមួយ មិនបាន​ថែទាំ​លោកខ្លះ​ឬទេ បពិត្រ​អាឡារៈ ព្រោះថា​ខ្ញុំមាន​ការស្រឡាញ់​ពេញចិត្ត​ចំពោះ​ការជួប​ប្រទះនូវ​លោក។

[៦៤៣] បពិត្រនាគរាជ ដូចយ៉ាងកូនជាទី​ស្រឡាញ់​របស់មាតា និងបិតា ដែល​មាតាបិតា​បាន​ថែរក្សា​ហើយ ឲ្យនៅ​ក្នុងផ្ទះ (ការនៅ) របស់​ខ្ញុំក្នុងទី​នេះ ប្រសើរ​ជាងការ​នៅ​របស់​កូននោះ​ទៅទៀត ព្រោះថា ចិត្តរបស់​អ្នក​ជ្រះថ្លា​ចំពោះខ្ញុំ។

[៦៤៤] កែវមណីរបស់ខ្ញុំមានពណ៌ក្រហម ជាគ្រឿងនាំ​មកនូវ​ទ្រព្យ លោក​ចូរយក​កែវមណី​ដ៏ថ្លៃថ្លា ទៅផ្ទះ​របស់ខ្លួន​ចុះ លុះបាន​ទ្រព្យហើយ ចូរទុក​កែវមណី​នោះ (ក្នុង​ពាងទឹក)។

[៦៤៥] បពិត្រព្រះរាជា កាមគុណទាំងឡាយ សូម្បីជា​របស់​មនុស្ស អាត្មា​ភាពបាន​ឃើញ​ហើយ ថាជារបស់​មិនទៀង មានសេចក្តី​ប្រែប្រួល​ជា​ធម្មតា លុះអាត្មាភាព​ឃើញ​ទោស​ក្នុងកាមគុណ​ទាំងឡាយ ទើបបួស​ដោយសទ្ធា។ បពិត្រ​ព្រះរាជា មនុស្ស​ទាំងឡាយ​ ក្មេងក្តី ចាស់ក្តី កាលមាន​សរីរៈ​បែកធ្លាយ​ហើយ រមែង​ធ្លាក់ចុះ ដូចជា​ផ្លែឈើ​ទាំងឡាយ​ដូច្នោះដែរ អាត្មាភាព​ឃើញហេតុ​នេះហើយ ទើប​ចេញបួស សាមញ្ញ​គុណ គឺបព្វជ្ជា ជាធម៌​ប្រតិបត្តិ​មិនខុស ជាធម៌​ដ៏ប្រសើរ។

[៦៤៦] (ព្រះរាជា…) ពួកជនណាមានប្រាជ្ញា ជាពហុស្សូត ជាអ្នក​គិតនូវ​ហេតុ​ដ៏ច្រើន ពួកជន​នោះ បុគ្គល​គប្បី​សេពគប់ បពិត្រ​អាឡារ​តាបស ខ្ញុំ​នឹងធ្វើ​នូវបុណ្យ​ដ៏ច្រើន ព្រោះ​បានស្តាប់ (នូវពាក្យ) របស់​នាគរាជ​ផង របស់​លោកផង។

[៦៤៧] (អាឡារតាបស…) ពួកជនណា មានប្រាជ្ញា ជាពហុស្សូត ជាអ្នក​គិត​នូវ​ហេតុ​ដ៏ច្រើន ពួកជននោះ បុគ្គល​គប្បី​សេពគប់ បពិត្រ​ព្រះរាជា ព្រះ​អង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​របស់អាត្មាភាព និង​នាគហើយ សូម​ព្រះអង្គ​ធ្វើបុណ្យ​ឲ្យច្រើន។

ចប់ សង្ខបាលជាតក ទី៤។

 

លេខយោង

1)
ពួកកូន​ព្រានព្រៃទេ តែហៅថា “ភោជបុត្រ” ប្រែថា កូនមេស្រុក គឺហៅ​ដោយ​សេចក្តី​ស្រឡាញ់​រាប់អាន។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.524.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann