km:tipitaka:sut:kn:jat:sut.kn.jat.541

នេមិរាជជាតក ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 541 បាលី cs-km: sut.kn.jat.541 អដ្ឋកថា: sut.kn.jat.541_att PTS: ?

នេមិរាជជាតក ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៤១. និមិជាតកំ (៤))

[១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិ​ជាបណ្ឌិត អ្នកត្រូវការ​ដោយ​កុសស ជាព្រះរាជា​អ្នកទូនា្មន​នូវសត្រូវ ទ្រង់តែង​ឲ្យទាន​ដល់ជន​អ្នកនៅ​ក្នុងដែន​វិទេហៈ​ទាំងឡាយ​គ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតា​ទាំងឡាយ តែង​សរសើរថា) ឱអស្ចារ្យ​ណាស់ អ្នកប្រាជ្ញ​ទាំងឡាយ មានប្រាជ្ញា​ជាគ្រឿង​ពិចារណា កើតឡើង​ក្នុង​លោក​ហើយ។ កាល​ព្រះរាជាអង្គ​នោះ ទ្រង់ឲ្យ​ទាននោះ សេចក្តី​ត្រិះរិះ​កើតឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសល​ណាហ្ន៎ មានផល​ច្រើនជាង។

[១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជា​សហស្សនេត្រ បានជ្រាប​ព្រះតម្រិះ​របស់​ព្រះរាជា​នោះ​ហើយ មក​ប្រាកដ (ក្នុងទីចំពោះ​ព្រះភក្រ្ត​ព្រះរាជា) កំចាត់បង់​នូវងងឹត​ដោយ​វណ្ណៈ។ ព្រះបាទ​នេមិរាជ​ជាធំ​ជាងមនុស្ស ទ្រង់ព្រឺ​ព្រះលោមា បានសួរ​ទេវរាជ​ឈ្មោះ​វាសវៈ​ថា អ្នកជា​ទេវាតា ឬ​ជាគន្ធព្វ ឬក៏ជាសក្កៈ​បុរិន្ទទៈ។ រស្មី​ប្រាកដ​ដូចោ្នះ ខ្ញុំពុំដែល​ឃើញ ទាំងមិនធ្លាប់​ឮឡើយ បពិត្រអ្នក​ដ៏ចំរើន អ្នកចូរប្រាប់ខ្ញុំ ធ្វើ​ម្តេច​យើង​ស្គាល់​​អ្នក​បាន។ ទេវរាជ​ឈ្មោះ​វាសវៈ​ជ្រាបថា ព្រះបាទ​នេមិ ព្រឺ​ព្រះលោមា​ហើយ ទើបឆ្លើយថា ខ្ញុំជា​ព្រះឥន្រ្ទ ជាធំជាង​ទេវតា មកកាន់​សំណាក់​ព្រះអង្គ​ បពិត្រ​ព្រះអង្គ​ជា​ធំ​ជាង​មនុស្ស ទ្រង់​កុំព្រឺព្រះ​លោមា​ឡើយ ព្រះអង្គ​មានសេចក្តី​ប្រាថា្ន ដើម្បីសួរ​នូវប្រស្នាណា សូមទ្រង់​សួរចុះ។ ចំណែក​ព្រះបាទ​នេមិរាជ​អង្គនោះ លុះ​ព្រះឥន្រ្ទាធិរាជ​ធ្វើឱកាស​ហើយ ក៏ទ្រង់​ត្រាស់សួរ​នូវទេវរាជ​ឈ្មោះ​វាសវៈ​ថា បពិត្រ​ទេវរាជ​ជាឥស្សរៈ​ជាងសព្វសត្វ​ទាំង​ឡាយ ខ្ញុំសូម​សួរព្រះអង្គ​ថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា​មានផល​ច្រើនជាង។ ព្រះវាសវៈ​នោះ ដែល​ព្រះបាទនេមិ ជា​នរទេព​សួរហើយ ក៏ឆ្លើយ​តបព្រះបាទ​នេមិ​វិញ ព្រះវាសវៈ​នោះ ប្រាប់នូវ​ផលនៃ​ព្រហ្មចិរយៈ បានទូល​ព្រះបាទ​នេមិ ដែល​មិនជ្រាប​ថា បុគ្គល​កើតក្នុង​ត្រកូល​ក្សត្រ​ដោយ​ព្រហ្មចរិយៈ​ថោកទាប1) ដល់នូវភាព​ជា​ទេវតា​ដោយ​ព្រហ្មចរិយៈ​ជា​កណ្តាល2) បរិសុទ្ធ​ស្អាតដោយ​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់3) ។ ពួក​អ្នកបួស ប្រព្រឹត្ត​តបៈ​ទាំងឡាយ ទៅកើត​ក្នុងពួក​ព្រហ្មណា ពួកព្រហ្ម​ទាំងនុ៎ះ បុគ្គល​អ្នកប្រកប​ក្នុង​ការសូម​ណាមួយ មិនងាយ​បានសោះទេ។

[១៣៤] ព្រះបាទទុទីបៈ ១ ព្រះបាទសាគរៈ ១ ព្រះបាទសេលៈ ១ ព្រះបាទ​មុចលិន្ទ ១ ព្រះបាទភតីរសៈ ១ ព្រះបាទ​ឧសិន្នរៈ ១ ព្រះបាទ​អត្ថកៈ ១ ព្រះបាទ​អស្សកៈ ១ ព្រះបាទ​បុថុទ្ធនៈ ១។ ព្រះរាជា​ទាំងឡាយ​អង្គនេះ​ក្តី ព្រះរាជា​ទាំងឡាយ​ដទៃក្តី ពួកក្សត្រ ពួកព្រាហ្មណ៍​ជាច្រើនក្តី ដែលបូជា​នូវគ្រឿង​យ័ញ្ញ​យ៉ាងច្រើន មិនប្រព្រឹត្ត​កន្លង​នូវ​បេតភាព (កាមាវចរភូមិ) ឡើយ។

[១៣៥] ជនទាំងឡាយណា មិនមានគូ ជាបុគ្គល​ម្នាក់ឯង រមែងមិន​ត្រេកអរ (ត្រេកអរ​តែក្នុងការ​នៅច្រឡូក​ច្រឡំ​ដោយពួក) ជនទាំង​ឡាយណា មិន​មានបីតិ ដែលកើត​អំពី​វិវេកទេ ជន​ទាំងឡាយ​នោះ ទុកជា​មានភោគៈ​ស្មើ​ដោយ​ព្រះឥន្រ្ទ ក៏ដោយ​ចុះ ជនទាំង​ឡាយនោះ ក៏ឈ្មោះថា​ជាបុគ្គល​កំសត់ មាន​សេចក្តីសុខ​ព្រោះកិរិយា​អាស្រ័យ​នូវបុគ្គល​ដទៃ​ដោយពិត។

[១៣៦] ឥសី ៧ អង្គនេះ គឺឥសីឈោ្មះ​យាមហនុ ១ សោមយាគៈ ១ មនោជវៈ ១ សមុទ្ទៈ ១ មាឃៈ ១ ភរតៈ ១ ឥសីឈ្មោះ​កាលបុរក្ខិតៈ ១ និងឥសី​ទាំងឡាយ ៤ អង្គ គឺ​ឥសី​ឈ្មោះ​អង្គិរសៈ ១ កស្សបៈ ១ កីសវច្ឆៈ ១ អកន្តិ ១ ជាអនាគារ​បុគ្គល មានតបៈធម៌ បាន​កន្លង (កាមាវចរភូមិ) ដោយពិត។

[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះ​សីទា មានជម្រៅ​ដ៏ជ្រៅ អ្នកផង​ឆ្លងបាន​ដោយកម្រ (ទាំងពីរ​ខាង​ឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូច​ភ្លើងខៀវ រុងរឿង​សព្វ ៗ កាល។ (ទៀបឆ្នេរ​នៃស្ទឹងនោះ) សឹង​មានដើម​ក្រឹស្នា​លូតលាស់​ទង្គំ​ទង្គោល មានទាំង​រុក្ខជាតិ​ផេ្សងៗ មានគុម្ព​លូតលាស់ (អំពីជើង​បព៌ត) ក្នុង​កាលមុន មាន​ពួកឥសី​ចាស់ៗ មួយម៉ឺនអង្គ នៅក្នុង​ទីនោះឯង។ ខ្ញុំជាបុគ្គល​ប្រសើរ​ដោយការ​ឲ្យ និងការ​ប្រព្រឹត្តិ​វត្ត ដោយការសង្រួម និងការ​ទូន្មាន (នូវឥន្រ្ទិយ) ហើយ​ប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជា​អ្នកមាន​ចិត្តតាំងមាំ។ ខ្ញុំមិនរិះគន់​នូវជន​អ្នកមាន​ជាតិទាប និងមាន​ជាតិខ្ពស់ នមស្ការ​ចំពោះ​ជន​អ្នកមាន​ចិត្តត្រង់ មិនមាន​កំណត់កាល​វេលាឡើយ ព្រោះថា សត្វទាំងឡាយ​មាន​កម្ម​ជា​ផៅពង្ស។ វណ្ណ4) ទាំងអស់ អ្នកមិនតាំង​នៅក្នុងធម៌ រមែង​ធ្លាក់ចុះ​ក្នុងនរក ជាខាង​ក្រោម វណ្ណៈទាំងអស់ បាន​ប្រព្រឹត្តធម៌​ដ៏ឧត្តមហើយ រមែង​បរិសុទ្ធ។

[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោល​ពាក្យនេះ ទ្រង់ប្រៀន​ប្រដៅ​ព្រះបាទ​នេមិ​ជាធំក្នុង​ដែន​វិទេហៈ រួចហើយ​ទ្រង់ចៀស​ចេញ​ទៅកាន់​ពួកទេវតា​ក្នុង​ឋានសួគ៌។

[១៣៩] (ព្រះឥន្រ្ទ…) ម្នាលអ្នកទាំងឡាយ​ដ៏ចំរើន អ្នកទាំងឡាយ​ទាំងប៉ុនា្មន​ដែល​បាន​មកប្រជុំគ្នា​ហើយក្នុង​ទីនេះ ចូរចាំ​ស្តាប់នូវ​គុណខ្ពស់ និងទាប5) មានប្រមាណ​ច្រើននេះ របស់​មនុស្ស​ទាំងឡាយ​អ្នកប្រកប​ដោយធម៌។ ដូចជា​ព្រះបាទនេមិ​អង្គនេះ ជាបណ្ឌិត ជា​អ្នក​ត្រូវការ​ដោយកុសល ជាព្រះរាជា​ទូន្មាននូវ​សត្រូវ បានឲ្យទានដល់​អ្នកដែន​វិទេហៈ​ទាំង​ឡាយគ្រប់ៗ គ្នា។ កាលដែល​ព្រះរាជា​អង្គនោះ កំពុងឲ្យនូវ​ទាននោះ សេចក្តី​ត្រិះរិះ​កើត​ឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា មានផល​ច្រើនជាង។

[១៤០] (មហាជន…) ឱហ្ន៎ សេចក្តីព្រឺរោម មិនធ្លាប់កើតមាន ក៏កើតឡើយ​ហើយ​ក្នុងលោក រថទិព្វ​កើតប្រាកដ​ហើយ ដល់​ព្រះបាទវិទេហៈ​មានយស។

[១៤១] (អភិសម្ពុទ្ធគាថា) មាតលិទេវបុត្រ អ្នកមានឫទ្ធិ​ច្រើន ជា​ទេវសារថី បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា​ថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់​នៃទិស សូមព្រះអង្គ​យាងមក ទ្រង់ស្តេច​ឡើងកាន់​រថនេះ ដ្បិតទេវតា​ទាំងឡាយ នៅឋាន​តាវត្តឹង្ស ព្រមទាំង​ព្រះឥន្រ្ទ ចង់ឃើញ​ព្រះអង្គ ព្រោះទេវតា​ទាំងឡាយ​នោះ តែងរលឹក (ព្រះអង្គ) កំពុងនៅ​ប្រជុំក្នុង​ធម្មសភា​ឈ្មោះសុធម្មា។

[១៤២] លំដាប់នោះ ព្រះបាទវិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា ទ្រង់ម្នីម្នា​ក្រោក​ចាកអាសនៈ បែរព្រះភក្រ្ត​ឡើងកាន់រថ។ មាតលិទេវបុត្រ ទូលសួរ​ព្រះបាទ​នេមិរាជនុ៎ះ ដែលសេ្តច​ឡើងកាន់​រថទិព្វហើយ ដូច្នេះថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់នៃ​ទិស ទូលបង្គំ​ជាខ្ញុំនាំ​ព្រះអង្គ​ទៅតាមផ្លូវណា តាមផ្លូវ​ដែលសត្វ​មាន​បាបកម្ម ឬតាមផ្លូវ​ដែលសត្វ​មានបុញ្ញកម្ម។

[១៤៣] (ព្រះបាទនេមិ…) ម្នាលមាតលិទេវសារថី អ្នកចូរនាំខ្ញុំ​ទៅតាម​ផ្លូវទាំងពីរ គឺផ្លូវដែល​សត្វមាន​បាបកម្មផង ផ្លូវដែល​សត្វមាន​បុញ្ញកម្មផង។

[១៤៤] (មាតលិ…) បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃ​ទិស ទូលបង្គំជាខ្ញុំ​នាំព្រះ​អង្គទៅ​តាមផ្លូវ​ណាមុន តាមផ្លូវ​ដែលសត្វ​មានបាបកម្ម​មុនឬ ឬតាម​ផ្លូវដែល​សត្វ​មាន​បុញ្ញកម្មមុន។

[១៤៥] (ព្រះបាទនេមិ…) ខ្ញុំចង់ឃើញនរកជាទីនៅ​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំង​ឡាយ ខ្ញុំចង់ឃើញ​ឋាននៃសត្វ​អ្នកមាន​កម្មលាមក និងគតិនៃ​សត្វទ្រុស្តសីល​ទាំង​ឡាយមុន។

[១៤៦] (អភិសម្ពុទ្ធគាថា) មាតលិទេវសារថី បង្ហាញព្រះរាជា​នូវស្ទឹងឈ្មោះ​វេតរណី ដែលសត្វឆ្លង​បានដោយ​កម្រ ប្រកបព្រម​ដោយទឹកផ្សា​ប្រៃ​កំពុងពុះ ក្តៅដូច​អណ្តាតភ្លើង។

[១៤៧] ព្រះបាទនេមិ ទ្រង់ឃើញសត្វកំពុងធ្លាក់ទៅ​ក្នុងស្ទឹង​វេតរណី ជាទី​ឆ្លងឡើង​បានដោយ​កម្រក្រៃលែង ហើយ​ត្រាស់សួរ មាតលិទេវសារថី​ថា ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ (សត្វកំពុង​ធ្លាក់ទៅក្នុង​ស្ទឹង​វេតរណី) ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​នេះធ្លាក់​ទៅកាន់ស្ទឹង​វេតរណី តើពួកសត្វ​នេះ បានធ្វើ​បាបកម្មអ្វី។

[១៤៨] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​ផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិនទ្រង់​ជ្រាបថា ពួកសត្វណា​មានកំឡាំង មាន​ធម៌ដ៏​លាមក បៀតបៀន​ប្រទេច​ផ្តាសា​នូវពួក​សត្វដែល​មានកំឡាំង​ខ្សោយ​ក្នុងជីវលោក ពួកសត្វ​មានកម្ម​លាមកនោះ រមែង​រងបាប ពួកសត្វ​ទាំងនោះឯង តែងធ្លាក់​ទៅកាន់​ស្ទឹងវេតរណី។

[១៤៩] (ព្រះបាទនេមិ…) ពួកឆ្កែព្រៃសម្បុរក្រហម និងពពាល ពួកត្មាត ពួកក្អែក ជា​សត្វគួរខ្លាច តែងទំពាស៊ី (សត្វនរក​ដែលវា​ប្រទះឃើញ) ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យ​មានដល់​ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ហ្វូងក្អែក​តែង​ជញ្ជែង​ស៊ីនូវសត្វ​ទាំងឡាយ​នេះ តើសត្វ​ទាំងឡាយនេះ បានធ្វើបាប​ដូចមេ្តច។

[១៥០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃកម្ម​ដែលខ្លួន​ដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា សត្វទាំង​ឡាយណា​នីមួយ មានសេចក្តី​កំណាញ់​ កំណាញ់ស្វិតស្វាញ មានធម៌​លាមកពេក ជាអ្នក​ជេរប្រទេច បៀតបៀន​ប្រទូស្ត​សមណ​ព្រាហ្មណ៍ សត្វអ្នកមាន​អំពើលាមក​ទាំងនោះ រមែង​រងបាប ទើបហ្វូងកែ្អក​ជញ្ជែងស៊ី​សត្វ​ទាំង​ឡាយនោះ។

[១៥១] (ព្រះរាជា…) សត្វនរកទាំងឡាយ មានសរីរៈ​ឆេះសន្ធោសនៅ្ធ ដើរលើ​ផែនដី​ដែក ថែមទាំង​នាយ​និរយបាល​សំពងដោយ​ដំបងដែក​ទាំងឡាយ ដែល​ភ្លើងឆេះ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល​វាយដោយ​ដំបង ដួលដេកនេះ តើពួក​សត្វទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៥២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​បាបកម្ម​ដែលខ្លួនដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា ជនទាំងឡាយ មាន​បាបធម៌​ពេញបន្ទុក បៀតបៀន​ប្រទេចផ្តាសា​នូវបុរស​ស្រ្តីដែលឥត​បាបធម៌​ក្នុងជីវលោក ឈ្មោះថា​ជាអ្នក​មាន​បាបធម៌​ពេញបន្ទុក ជនអ្នក​មាន​កម្មលាមក​ទាំងនោះ រមែង​រងបាប​ ជនទាំង​ឡាយនោះ​ឯងហើយ ដែលនាយ​និរយបាល​បៀតបៀន​ដោយដំបង ដួលដេកនៅ។

[១៥៣] (ព្រះរាជា…) ពួកសត្វនរកដទៃមានខ្លួនឆេះជុំវិញ កំពុងទួញយំ (ធ្លាក់ទៅ) កាន់​រណ្តៅរងើក​ភ្លើងហើយថ្ងូរ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​ដែលធ្លាក់ទៅ​កាន់រណៅ្ត​រងើកភ្លើង ហើយថ្ងូរ តើពួកសត្វ​ទាំងឡាយ​នេះ បានធ្វើបាប​ដូចមេ្តច។

[១៥៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាប​កម្មដែល​ខ្លួនដឹង​ហើយ ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាបថា ជនទាំងឡាយ​ណានីមួយ ពោល​អាងសាក្សី (កោង) ក្នុងហេតុនៃ​ទ្រព្យរបស់​ប្រជុំជន ហើយ​ញុំាងទ្រព្យ​ជាបំណុល​នោះឲ្យ​វិនាស បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយនោះ​ ញ៉ាំងពួក​ជនឲ្យ​វិនាសហើយ ជនទាំងឡាយ​អ្នកមាន​កម្មដ៏លាមក​នោះ រមែងរងបាប ទើបជន​ទាំងឡាយ​នោះឯង (ធ្លាក់ទៅ) កាន់រណ្តៅ​រងើកភ្លើង ហើយ​ថ្ងូរដូចេ្នះ។

[១៥៥] (ព្រះរាជា) ខ្ទះទង់ដែងធំ មានភ្លើងឆេះ​សនោ្ធសនៅ្ធ រន្ទាលច្រាលឆ្អៅ ប្រាកដ​ជាក់ស្តែង ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក ពួកសត្វទាំងនេះ (មានក្បាល​សំយុងចុះ) ធ្លាក់​ទៅកាន់​ខ្ទះពេញ​ដោយ​ទឹកទង់​ដែង តើពួកសត្វ​ទាំងនេះ​ធ្វើបាប​ដូចមេ្តច។

[១៥៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា មានធម៌​ដ៏លាមក​ពេក បៀតបៀន​ប្រទេច​ផ្តាសានូវ​សមណៈ ឬព្រាហ្មណ៍ អ្នកមានសីល ជនអ្នកមាន​កម្មដ៏លាមក​ទាំងឡាយ​នោះ តែងរងនូវបាប ជនទាំងនោះ (មានក្បាល​សំយុងចុះ) ធ្លាក់ទៅ​កាន់ខ្ទះ ពេញ​ដោយ​ទឹកទង់ដែង។

[១៥៧] (ព្រះរាជា…) ពួកនាយនិរយបាល ត្របែងកនៃសត្វនរក ហើយកាប់​ពន្លះ បោះទៅ​ក្នុងទឹកក្តៅ ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះពួក​សត្វដែលមាន​ក្បាលដាច់ ហើយដេក​នៅនេះ តើសត្វពួកនេះ បាន​ធ្វើបាប​ដូចមេ្តច។

[១៥៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា ក្នុង​ជីវលោក មានបាបធម៌​ពេញបន្ទុក តែងចាប់​បៀត​បៀននូវ​សត្វស្លាប​ទាំងឡាយ បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយ​នោះ បៀតបៀន​ហើយ​នូវ​សត្វស្លាប ពួកជន​អ្នកមានកម្មលាមក​នោះ រមែងរង​នូវបាប ជនទាំងឡាយ​នោះ មានក្បាល​ដាច់ហើយ ដេកនៅដូច្នេះ។

[១៥៩] (ព្រះរាជា…) ស្ទឹងនេះ មានទឹកច្រើន មានច្រាំងមិនជ្រៅ មានកំពង់ល្អ រាប​ទាប​ហូរទៅ សត្វដែល​មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ​តែងផឹក ស្រាប់តែ​ទឹកដែល​សត្វទាំងឡាយ​នោះផឹក​ហើយ ក្លាយទៅ​ជាអង្កាម ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះទឹកដែល​សត្វទាំងឡាយ​នោះ​ផឹកហើយ ក្លាយទៅ​ជាអង្កាម​វិញ តើពួក​សត្វទាំងនេះ បានធ្វើ​នូវបាបដូចម្តេច។

[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា។ ជន​ទាំងឡាយ​ណា អ្នកមាន​កិច្ចការ​មិនបរិសុទ្ធ លាយនូវ​ស្រូវសុទ្ធ​ដោយ​អង្កាម ឲ្យដល់​អ្នកទិញ បានជាទឹក​ដែលជន​ទាំងឡាយ​នោះ​កំពុងមាន​សេចក្តី​ក្តៅបៀតបៀន មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ផឹកទៅ​ក្លាយជា​អង្កាមវិញ។

[១៦១] (ព្រះរាជា…) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈ​ទាំងពីរ​ខាងនៃ​សត្វនរក ដែលកំពុង​កន្ទក់កន្ទេញ ដោយព្រួញ​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ស្នែងក្របី​ទាំងឡាយ​ក៏មាន ម្នាល​ទេពបម្រើ សេចក្តីភ័យ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល បៀតបៀន​ហើយ​ដោយ​លំពែង ដេកនៅដូច្នេះ តើពួក​សត្វទាំង​នេះ បានធ្វើ​នូវបាបដូច​មេ្តច។

[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួនដឹង ហើយទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាប​ថា។ ជនទាំង​ឡាយណា ក្នុងជីវលោក ជាអ្នក​មានកម្ម​មិនល្អ លួចយក​ស្រូវ ទ្រព្យ ប្រាក់ មាស ទាំង​សត្វចិញ្ចឹម ពពែ ចៀម និងក្របី ដែលគេ​មិនឲ្យ ហើយធ្វើ​នូវការ​ចិញ្ចឹមជីវិត ជនអ្នក​មានកម្ម​ដ៏លាមក​ទាំងនោះ រមែងរង​នូវបាប ទើបពួក​ជនទាំងនោះ ត្រូវនាយ​និរយបាល​បៀតបៀន​ហើយ ដោយ​លំពែង​ដេកនៅដូច្នេះ។

[១៦៣] (ព្រះរាជា…) ហេតុអ្វី សត្វនរកទាំងឡាយនេះ មួយពួកត្រូវ​នាយនិរយបាល​ចងកអូស ពួកដទៃ​ត្រូវនាយ​និរយបាល​ចិញ្រ្ចាំ ពួកដទៃ​ទៀត​ត្រូវនាយ​និរយបាល​ធ្វើឲ្យ​ខ្ទេចខ្ទី ដួលដេកនៅ ម្នាល​ទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវ​សារថី ខ្ញុំសួរអ្នក ជនទាំង​ឡាយដែល​នាយ​និរយបាល​ធ្វើឲ្យខ្ទេចខ្ទី ហើយ​ដួលដេក​នៅ តើពួកជន​ទាំងនោះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា ជាអ្នក​សម្លាប់​ទ្រាយ សម្លាប់ជ្រូក សម្លាប់ត្រី សម្លាប់​សត្វចិញ្ចឹម គឺក្របី ពពែ និងចៀម ហើយដាក់​លក់ឰដ៏រានផ្សា​លក់សាច់ ជនអ្នកមាន​កម្មអាក្រក់​ទាំងនោះ តែង​រងបាប បានជា​ជនទាំង​នោះ ត្រូវនាយ​និរយបាល​ធ្វើខ្ទេចខ្ទី ហើយ​ដេកនៅ។

[១៦៥] (ព្រះរាជា…) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកជន​អ្នកមាន​សេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ស៊ី (នូវ​មូត្រ និងករីស​នេះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​អ្នកបរិភោគ​នូវមូត្រ និង​ករីសនេះ តើពួកជន​ទាំងនេះ បានធ្វើ​នូវបាប​ដូចមេ្តច។

[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា​នីមួយ ជាអ្នក​បង្កសេចក្តី​ទុក្ខ អ្នកបៀតបៀន​មិត្រសំឡាញ់ អ្នក​តាំងនៅ​ក្នុងការ​បៀតបៀន​នូវជន​ដទៃ​សព្វៗកាល ពួកជន​ទាំងឡាយ មាន​អំពើ​លាមកនោះ រមែងរងបាប ជនពាល​ទាំងឡាយ​ជាអ្នក​ទ្រូស្តមិត្តនោះ តែងស៊ី​អាហារចាស់។

[១៦៧] (ព្រះរាជា…) អន្លង់នេះ ពេញពោរទៅដោយឈាម និងខ្ទុះ មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកសត្វ​ដែលត្រូវ​កំដៅ​បៀតបៀន​ហើយ ផឹក (ឈាម និងខ្ទុះនោះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជនដែល​មានឈាម និងខ្ទុះ​ជាអាហារនេះ តើពួក​សត្វទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៨] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរ​ហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​ដែលមិន​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ សម្លាប់​ព្រះអរហន្ត គឺ​មាតា ឬបិតា ឈ្មោះថា​បារាជិក (ក្នុងភាព​ជាគ្រហស្ថ) ពួកជន​អ្នកមាន​អំពើលាមក​នោះ តែង​រងបាប ជនទាំង​នោះ មានឈាម និងខ្ទុះ​ជាអាហារ។

[១៦៩] (ព្រះរាជា…) អ្នកចូរមើលនូវសត្វនរក មានអណា្តត​មុតដោយ​សន្ទូច បីដូច​ស្បែកដែល​គេខ្វារ​ដោយកង្វេរ ញាប់ញ័រ​ដូចត្រី ដែលជន​បោះទៅ​លើគោក ព្រោះ​ហេតុអ្វីហ្ន៎ បានជា​សត្វនរក​ទាំងនេះ យំបង្ហៀរ​ទឹកមាត់ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលស៊ី​សន្ទូច​ដេកនៅ តើពួកសត្វ​ទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ទ្រង់ជ្រាបថា មនុស្ស​ទាំងឡាយ​ណានីមួយ ឋិតនៅ​ក្នុងដំណែង​ជាអ្នក​កាត់ថ្លៃទំនិញ ញុំាង​ទំនិញ​ដែលមាន​ថ្លៃ ឲ្យសាបសូន្យ​ចាកថ្លៃ (បនោ្ថក​ទំនិញគេ) ប្រកប​ដោយ​អំពើកោង ធ្វើអំពើកោង ព្រោះហេតុ​ចង់បានទ្រព្យ បីដូចជា​សន្ទូចដែល​គេបិទបាំង (ដោយ​នុយ) ដើម្បី​សម្លាប់ត្រី។ ទីពឹង​របស់អ្នក​ធ្វើនូវអំពើ​កោង ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកជន​អ្នកមាន​អំពើ​លាមក​នោះ តែងរង​បាប បានជា​ពួកជន​ទាំងនោះ ជាអ្នក​ស៊ីសន្ទូច​ដេកនៅ។

[១៧១] (ព្រះរាជា…) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិ​អាក្រក់ មានខ្លួន​ប្រឡាក់​ពាសពេញ​ដោយឈាម និងខ្ទុះ មានខ្លួន​ដាច់​រយះរយាយ បីដូច​គោ​ទាំងឡាយ​ដែលគេ​ពន្លះក្នុង​ទីសម្លាប់ ផ្គងដើមដៃ​ទាំងឡាយ យំកន្ទក់​កន្ទេញ ​ពួកស្រ្តី​ទាំងនោះ (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះសន្ធោសន្ធៅ មាន​ភ្នំរមៀល​កិនសព្វៗកាល ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ជា​ទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រី​ដែល (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀល​កិនសព្វ ៗ កាល​ តើពួកស្រ្តី​ទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៧២] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ពួកស្រ្តី​មាន​ត្រកូលក្នុង​ជីវលោក​នេះ មានអំពើ​មិនបរិសុទ្ធ បានប្រព្រឹត្ត​នូវអំពើ​ជារបស់​អសប្បុរស ពួកស្រ្តី​ទាំងនោះ មាន​សភាពជា​អ្នកលេង លះបង់​ស្វាមី ហើយ​ត្រាច់ទៅរក​បុរសដទៃ ព្រោះ​ហេតុតែ​កាមគុណ និងលែ្បងពាល ពួកស្រ្តី​ទាំងនោះ ក្នុង​ជីវលោក លុះញ៉ាំង​បុរស​ដទៃឲ្យត្រេក​ត្រអាល ទើបមាន​ភ្លើងឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀលកិនដូច្នេះ។

[១៧៣] (ព្រះរាជា…) ព្រោះហេតុអ្វី បានជាសត្វនរកមួយ​ពួកទៀតនេះ ត្រូវនាយ​និរយបាល​ចាប់ជើង ឲ្យមាន​ក្បាលសំយុង​ចុះ ហើយទម្លាក់​ទៅក្នុងរណ្តៅ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំ​សួរអ្នក ពួកសត្វ​ទាំងនេះ ដែលមាន​ក្បាល​សំយុងចុះ នាយ​និរយបាល​ទម្លាក់ទៅ​ក្នុងរណ្តៅនរក តើពួក​សត្វទាំង​នេះ បានធ្វើ​បាបដូចមេ្តច។

[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ជ្រាបថា ជនទាំងឡាយ​ណា ក្នុង​ជីវលោកនេះ អ្នកមាន​អំពើជា​របស់​អសប្បុរស ប្រព្រឹត្ត​កន្លងនូវ​ប្រពន្ធ​ទាំងឡាយ​នៃ​ជនដទៃ សត្វទាំងឡាយ​ប្រាកដ​ដូច្នោះនោះ ឈោ្មះថា​ជាអ្នក​លួចនូវ​របស់ដ៏ថ្លៃថ្លា បានជា​សត្វទាំង​នោះ (មានក្បាល​សំយុងចុះ) ត្រូវ​នាយនិរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។ សត្វ​ទាំងឡាយ​នោះ តែងរងនូវ​ទុក្ខវេទនា​ក្នុងនរក​ទាំងឡាយ​នោះ អស់ប្រជុំ​នៃឆ្នាំដ៏​ច្រើន ព្រោះថា ទីពឹង​ទាំងឡាយ​របស់បុគ្គល​អ្នកធ្វើបាប ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកសត្វ​អ្នកមាន​អំពើលាមក​នោះ រមែង​រងនូវបាប ទើប​បានជា​ពួកជន​ទាំងនោះ (មានក្បាល​សំយុងចុះ) ត្រូវនាយ​និរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។

[១៧៥] (ព្រះរាជា…) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សង​ៗគ្នា ជាអ្នក​ត្រដាបត្រដួស មានរួប​គួរខ្លាច​ពន់ពេក ប្រាកដ​នៅក្នុង​នរកទាំង​ឡាយ ម្នាល​ទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវសារថី ខ្ញុំសួរ​អ្នក ពួក​ជន​ដែលមាន​សេចក្តី​ទុក្ខវេទនា​ក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយ​ក្រៃលែង​នេះ តើពួក​សត្វទាំងនេះ បានធ្វើបាប​ដូចមេ្តច។

[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ មានទិដ្ឋិ​លាមក​ក្រៃលែង តែងធ្វើ​អំពើដ៏សិ្នទ្ធ ព្រោះ​មោហៈ ទាំង​បបួល​អ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិ​ទាំងឡាយ​នោះផង ជនទាំង​ឡាយនោះ មាន​ទិដ្ឋិបាប រមែង​រងបាប ទើបបាន​ជាពួកជន​ទាំងនោះ​រងទុក្ខវេទនា​ដ៏ក្លៀវក្លា ខ្លោចផ្សា ក្តៅ​ក្រហាយ​ក្រៃលែង។

[១៧៧] បពិត្រព្រះរាជា ទីលំនៅរបស់សត្វអ្នកមាន​បាបកម្ម​ទាំងឡាយ ឋាន​របស់​សត្វអ្នក​មានអំពើ​អាក្រក់​ទាំងឡាយ និងគតិ​របស់សត្វ​អ្នកទ្រូស្តសីល​ទាំងឡាយ ព្រះអង្គ​ទ្រង់បាន​ជ្រាបហើយ បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏ធំ សូមទ្រង់​សេ្តចទៅ​ក្នុងសំណាក់​ទេវរាជ​ឥឡូវនេះ។

[១៧៨] (ព្រះបាទនេមិ…) វិមាននេះ មានកំពូលប្រាំ ដែលយើង​ឃើញប្រាកដ មាន​នាងនារី​មាន​អានុភាពធំ ប្រដាប់​ដោយ​កម្រងផ្កា សំដែង​នូវទេវឫទ្ធិ​មានប្រការ​ផេ្សង ៗ នៅ​កណ្តាល​ដំណេក ក្នុងវិមាន​នោះ ម្នាល​ទេពបម្រើ សេចក្តី​រីករាយ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក នារីដែល​បានដល់​ឋានសួគ៌ហើយ រីករាយ​ក្នុងវិមាន តើនារីនេះ បានធ្វើ​កុសលដូច​មេ្តច។

[១៧៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពិរណី​ដែលទ្រង់ធ្លាប់​ជ្រាបហើយ ជាទាសីកើត​ហើយក្នុងផ្ទៃ​នៃទាសី ក្នុង​ផ្ទះនៃព្រាហ្មណ៍ ក្នុង​ជីវលោក នាងពិរណី​នោះដឹងថា ភិក្ខុជាភ្ញៀវ មានកាល​ដល់ហើយ (ហើយ​ក៏អង្គាស​ចង្ហាន់​ប្រគេន​ភិក្ខុនោះ) ហាក់ដូច​ជាមាតា ដែលត្រេកអរ​ចំពោះ​បុត្តរបស់ខ្លួន នាងជា​អ្នកសង្រួម ជាអ្នក​ចែកទាន ទើបនាង​រីករាយ​ក្នុងវិមាន។

[១៨០] (ព្រះបាទនេមិ…) វិមានមាសទាំង ៧ ដែលបុញ្ញកម្ម​តាក់តែង​ហើយ មាន​ពន្លឺរុងរឿង​ផ្សព្វផ្សាយ​ទៅ មានទេវបុត្រ​មានឫទ្ធិច្រើន ប្រដាប់​ហើយដោយ​អាភរណៈ​គ្រប់បែប មានពួក​នាងទេពធីតា​ចោមរោម​ហើយ ដើរ​ប្រទក្សិណ​ដោយជុំវិញ ក្នុង​វិមាន​ទាំង ៧ នោះ។

ម្នាលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្តនេះ បានធ្វើ​នូវកុសល​ដូចមេ្តច ទើបដល់នូវ​ឋានសួគ៌ ហើយ​រីករាយ​ក្នុងវិមាន។

[១៨១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជានោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​នេះ ជាគហបតី ឈោ្មះ​សោណទិន្ន ជាម្ចាស់​នៃទាន (ក្នុងដែនកាសី) គាត់​បានសាង​កុដិសម្រាប់​នៅ ៧ ខ្នង ឧទិ្ទស​ចំពោះ​បព្វជិត។ គាត់បាន​បម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅ​ក្នុងកុដិនោះ​ដោយគោរព បានប្រគេន​ចីវរសម្រាប់​ស្លៀក​ដណ្តប់ផង ភត្តាហារ​ផង សេនាសនៈ​ផង គ្រឿងប្រទីប​ផង ចំពោះ​លោក​អ្នកមានចិត្ត​ត្រង់ទាំងឡាយ ដោយ​ចិត្តជ្រះថ្លា។ គាត់រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ​ប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខ​ផង គាត់ជា​អ្នកសង្រួម​ក្នុងសីល​ទាំងឡាយ​សព្វ ៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើបគាត់​រីករាយ​ក្នុងវិមាន។

[១៨២] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្ម​និម្មិតហើយ ដ៏រុងរឿង​ដោយជញ្ជាំង​ជាវិការៈ​នៃកែវផលិក ​ពាសពេញ​ដោយ​ពួកនារី​ដ៏ប្រសើរ រុងរឿង​ដោយផ្ទះ​កំពូល ប្រកប​ដោយ​ទឹក និងភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរ។ ម្នាល​ទេពបម្រើ ខ្ញុំមាន​សេចក្តី​ត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើនារី​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពួក​នារីណា​នីមួយ ក្នុងជីវលោក​នេះ មានសីល ជាឧបាសិកា ត្រេកអរក្នុង​ទាន មានចិត្ត​ជ្រះថ្លា​ជានិច្ច តាំងនៅ​ក្នុងសច្ចធម៌ មិនប្រហែស​ធ្វេសក្នុង​ឧបោសថ ជាអ្នក​សង្រួម ជាអ្នក​ចែកទាន ទើបនារី​ទាំងនោះ​រីករាយ​ក្នុងវិមាន។

[១៨៤] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជំាង ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិភាគ ចែកវាស់​ដោយ​ចំណែក។ (ក្នុងវិមាននេះ) មានសូរ​សម្លេងទិព្យ​លាន់ឮ គឺស្គរ សមោ្ភរ​ កិរិយារាំ ច្រៀង និងប្រគំ គួរ​ស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេង​ដែលប្រព្រឹត្ត​ទៅយ៉ាង​នេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮ​ឡើយ ទើបតែ​បានដឹង។ ម្នាលទេព​បម្រើ សេចក្តី​ត្រេកអរ​មានដល់ខ្ញុំ​ព្រោះបាន​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រ​ទាំងនេះ ធ្វើកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រជាក់ ដោយគោរព ព្រមទាំង​បាន​ថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ជនទាំងឡាយ​នោះ បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ​ប្រាំបី អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វ ៗ កាល ជាអ្នក​សង្រួមឥន្រ្ទិយ និងជា​អ្នកចែកទាន ទើបជនទាំង​ឡាយនោះ​រីករាយ​ក្នុងវិមាន។

[១៨៦] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អ​ហើយ រុងរឿង​ដោយជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាសដោយ​ពួកនាង​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និង​ភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរយ៉ាង មានស្ទឹង​ប្រកប​ដោយ​រុក្ខជាតិ មានផ្កា​ផេ្សងៗ ហូរព័ទ្ធ​ជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​ មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​នេះ បានធ្វើ​នូវកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៧] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នុ៎ះ ជាគហបតី ជាម្ចាស់​នៃទាន ក្នុងក្រុង​មិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក​ និងស្ពាន បានប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ​ និង (គិលានប្បច្ច័យ) ចំពោះ​ពួកព្រះអរហន្ត​អ្នកមាន​ចិត្តត្រង់ ដោយចិត្តជ្រះថា្ល។ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៨៨] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មត​ល្អហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាស​ដោយពួក​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និងភោជន ដោយការ​ច្រៀង និងការរាំ​ទាំងពីរ​យ៉ាង មានស្ទឹង​ប្រកប​ដោយឈើ មានផ្កាផ្សេងៗ ហូរព័ទ្ធជុំវិញ មានឈើ​ទាំងឡាយ​ជាច្រើនគឺ ដើមកេស ខ្វិត ស្វាយ សាលព្រឹក្ស ព្រីង ទន្លាប់ មៈប៉ែន សុទ្ធសឹង​មានផ្លែ​ជានិច្ច។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គ​នេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ រីករាយ​ក្នុងវិមាន។

[១៨៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំង​ឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុងមិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលជា​អ្នកមាន​ចិត្តត្រជាក់ បានថ្វាយ​នូវចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច័្ចយ) ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមានចិត្ត​ត្រង់ ដោយចិត្ត​ជ្រះថ្លា។ គហបតីនោះ បានទាំង​រក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩០] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង​ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិ​ភាគ ចែក​វាស់ដោយ​ចំណែក (ក្នុង​វិមាននោះ) មាន​សូរសព្ទ​ជាទិព្យ​លាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេងដែល​ប្រព្រឹត្ត​ទៅយ៉ាងនេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮឡើយ ទើបតែ​នឹងបានដឹង។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីក​រាយក្នុងវិមាន។

[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នេះ ជាគហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុង​ពារាណសី បានកសាង​សួនច្បារ ស្រះ អណ្តូង​ទឹក និងស្ពាន បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលមាន​ចិត្ត​ត្រជាក់ បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ទេវបុត្រនោះ បានរក្សាឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​ទេវបុត្រនោះ រីករាយ​ក្នុងវិមាន។

[១៩២] (ព្រះរាជា…) វិមាននេះ ជាវិការនៃមាស​ដែល​បុញ្ញកម្មនិមិ្មត​ហើយ ដូច​ព្រះអាទិត្យ​ទើបរះ​ឡើង មានពណ៌​ក្រហម មានមណ្ឌលធំ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​នូវ​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី​ជាម្ចាស់​នៃទាន​ក្នុងក្រុង​សាវត្ថី បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិ​​ព្រះអរហន្ត​ទាំងឡាយ ជាអ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយ​ចិត្តជ្រះថ្លា។​ គហបតីនោះ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩៤] (ព្រះរាជា…) វិមានទាំងឡាយនេះ ជាវិការនៃមាស មាន​ប្រមាណ​ច្រើន ដែល​បុញ្ញកម្ម​និម្មិត​ហើយ តាំងនៅ​ក្នុងអាកាស មានពន្លឺ​ដ៏រុងរឿង ដូចជា​ផ្លេកបន្ទោរ​ក្នុងចន្លោះ​នៃមេឃ ក្នុងវិមាន​ទាំងឡាយ​នោះ មានពួក​ទេវតា​មានឫទ្ធិ​ច្រើន សឹងប្រដាប់​ដោយ​គ្រឿង​អាភរណៈ​គ្រប់បែប មានពួក​នាងទេព​អប្សរ​ចោមរោម​ហើយ ប្រទក្សិណ​វិលវង់​ដោយជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកទេវបុត្រ​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៥] មាតលិទេវសារថីដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាប​ថា ពួកទេវបុត្រ​ទាំងនោះ ជាសាវ័ក​របស់​ព្រះសម្មា​សម្ពុទ្ធ​ តាំងនៅស៊ប់​ដោយសទ្ធា​ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះមានព្រះភាគ​ទ្រង់ប្រកាស​ទុកល្អ​ហើយ បានធ្វើ​តាមនូវ​ពុទ្ធវចនៈ​របស់​ព្រះសាស្តា បពិត្រ​ព្រះរាជា ឋានទាំងឡាយ​ដែលទ្រង់​ក្រឡេក​ឃើញហើយ គឺជា​ឋានរបស់​ទេវបុត្រ​ទាំង​ឡាយនោះ។

[១៩៦] បពិត្រមហារាជ ឋានរបស់សត្វ​អ្នកមាន​បាបកម្ម ទ្រង់បាន​ជ្រាបហើយ ព្រោះទ្រង់​ទតឃើញ​នូវលំនៅ (របស់សត្វ) ទាំងឋាន​របស់សត្វ​អ្នកមាន​កល្យាណកម្ម ក៏ទ្រង់​ជ្រាបហើយ បពិត្រ​ព្រះរាជា​ទ្រង់ស្វែង​រកកុសល​ធម៌ ឥឡូវនេះ សូមទ្រង់​យាង​ទៅក្នុង​សំណាក់នៃ​ទេវរាជ។

[១៩៧] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹម​ដោយ​សេះសិន្ធព ១ ពាន់ កាលសេ្តច​កំពុង​យាងទៅ ទ្រង់​ក្រឡេក​​ឃើញភ្នំ​ទាំងឡាយ​ក្នុងចន្លោះ​សីទន្តរសមុទ្ទ លុះទ្រង់​ទតឃើញ​ហើយ ទ្រង់ត្រាស់​ហៅ​ទេវសារថី​សួរថា ភ្នំទាំងនោះ តើឈ្មោះអ្វីខ្លះ។

[១៩៨] (មាតលិ…) ភ្នំធំៗទាំងឡាយនេះ ក្នុងសមុទ្ទសីទន្តរ គឺភ្នំសុទស្សនៈ ១ ករវិក ១ ឥសិន្ធរ ១ យុគន្ធរ ១ នេមិន្ធរ ១ វិនតក ១ អស្សកណ្ណ ១ ជាភ្នំ​មានកំពូល​ខ្ពស់ឡើង​តាម​លំដាប់​រៀងគ្នា បពិត្រ​មហារាជ​ ភ្នំដែល​ទ្រង់ក្រឡេក​ឃើញ សឹងជា​លំ​នៅនៃ​មហារាជ​ទាំងឡាយ។

[១៩៩] (ព្រះរាជា…) (ទា្វរ) មានរូបជាអនេក​ដ៏រុងរឿង​វិចិត្រដោយ​រតនវត្ថុ​ផេ្សង ៗ ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លាធំ​ចាំនៅ​ហើយ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក គេហៅថា​ទា្វរនេះ​ ឈោ្មះអ្វី ទើបជា​ទីរីករាយ​នៃចិត្ត​ប្រាកដ​អំពី​ចម្ងាយ។

[២០០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទ្វារនេះ​ឈោ្មះ​ចិត្តកូដ ជាទីចេញ​ចូលនៃ​ទេវរាជ (ជាទ្វារ​នៃ​ទេពនគរ ដែលតាំង​នៅត្រង់​ទីបំផុត​នៃភ្នំ​ព្រះសុមេរុ) ជាភ្នំគួរ​ឲ្យចង់មើល​ប្រាកដ (ទា្វរនេះ) មានរូប​ជាអនេក​ដ៏រុងរឿង វិចិត្រ​ដោយរតនៈ​វត្ថុផេ្សងៗ ប្រាកដ​ជាទ្វារ​ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូប​ព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លារក្សាហើយ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកគុណធម៌ សូមទ្រង់​ចូលទៅ​តាមទ្វារនុ៎ះ សូមទ្រង់​ជាន់នូវ​ផែនដី​ទិព្វដ៏រាបសើ្ម។

[២០១] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹមដោយ​សេះសិន្ធព ១ ពាន់ ទ្រង់យាងទៅ បានទត​ឃើញនូវ​ទេវសភា (ត្រាស់​សួរថា) វិមាននេះ ដែល​បុញ្ញកម្ម​និម្មិតហើយ ដោយ​ជញ្ជាំង​ជាវិការនៃ​កែវពៃទូរ្យ ឃើញច្បាស់​ដូចអាកាស​មានពន្លឺខៀវ​ក្នុង​សរទកាល។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក គេហៅ​វិមាននុ៎ះ​ឈ្មោះអ្វី។

[២០២] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាបថា ទេវសភា​ដែលព្រះអង្គ​ទតឃើញ​នុ៎ះឯង គេហៅថា សុធម្មា (ទេវសភានុ៎ះ) រុងរឿង​ដោយ​កែពៃទូរ្យ​ដ៏វិចិត្រ​ដែល​បុញ្ញានុភាពនិម្មិត​ដោយប្រពៃ​តាំងនៅ សសរ​មានជ្រុង​ប្រាំបី ដែល​បុញ្ញកម្ម​តាក់តែង​ល្អ សុទ្ធសឹង​ជាវិការនៃ​កែវពៃទូរ្យ​ទាំងអស់ ពួក​ទេវតានៅ​ជាន់​តាវត្តឹង្ស​គ្រប់អង្គ សឹងមាន​ព្រះឥន្រ្ទ​ជាប្រមុខ តែងប្រជុំ​គ្នាគិតគូរសេចក្តីចំរើន​របស់​ទេវតា និង​មនុស្ស​ទាំងឡាយ បពិត្រ​ព្រះរាជា​ទ្រង់សែ្វង​រកគុណធម៌ សូមទ្រង់​ចូលទៅកាន់​ទី​អនុមោទនា​របស់​ទេវតា​ទាំងឡាយ​តាមទ្វារនេះ។

[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះ​សេ្តចយាង​មក​ដល់ហើយ ត្រេកអរ​ទទួលថា បពិត្រ​មហារាជ ដំណើរ​ដែលព្រះអង្គ​យាងមក​នេះប្រពៃ​ហើយ មិនមែន​ទ្រង់យាងមក​អាក្រក់ទេ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកនូវគុណ​ធម៌ដ៏​ប្រសើរ ឥឡូវនេះ សូមព្រះអង្គ​គង់ក្នុងទី​ជិតនៃទេវរាជ​ចុះ។ សក្កទេវរាជ ទ្រង់​ត្រេកអរ​ទទួល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលានោះ ព្រះបាទ​វាសវៈ​អញ្ជើញ​ព្រះអង្គ​ដោយកាម​ទាំងឡាយផង ដោយ​អាសនៈ​ផងថា ព្រះអង្គ​សេ្តចមក​ដល់លំនៅ​នៃ​ទេវតាទាំង​ឡាយ ជាដំណើរ​ប្រពៃណាស់ ព្រះរាជា​ទ្រង់ស្វែងរក​នូវគុណ​ដ៏ប្រសើរ សូម​ព្រះអង្គ​គង់នៅ​ក្នុង​ទេវលោក​ទាំងឡាយ ជាទី​ញ៉ាំងសេចក្តី​ប្រាថ្នា​ទាំងពួង​ឲ្យសម្រេច សូមព្រះអង្គ​បរិភោគ​កាមទាំងឡាយ ដែលមិន​មែនជា​របស់​មនុស្ស​ក្នុង​តាវត្តឹង្ស​ទេវលោក​ចុះ។

[២០៤] (ព្រះបាទនេមិ…) វត្ថុណាដែលបានដោយអ្នកដទៃ​ឲ្យជាបច្ច័យ ដូចយាន​ជារបស់​សូមគេ ដូចទ្រព្យ​ជារបស់​សូមគេ វត្ថុនុ៎ះ ក៏មាន​ឧបមេយ្យ​យ៉ាងនេះ​ឯង។ ខ្ញុំឥត​ចង់បាន​វត្ថុ​ដែលបាន​មក​ដោយអ្នក​ដទៃឲ្យជា​បច្ច័យនោះទេ បុណ្យ​ទាំងឡាយ ដែលខ្ញុំ​បាន​ធ្វើហើយ​ដោយខ្លួនឯង នោះទើប​ជាទ្រព្យ​សម្រេច​ដល់ខ្ញុំ។ ខ្ញុំឯងនឹង​ត្រឡប់ទៅ​ធ្វើ​​កុសល​ដែលបុគ្គល​ធ្វើហើយ រមែង​ដល់សេចក្តី​សុខ មិនក្តៅ​ក្រហាយ​ខាងក្រោយ ឲ្យមាន​ប្រមាណ​ច្រើន ដោយការ​ឲ្យផង ដោយការ​ប្រព្រឹត្តិ​សើ្មផង ដោយការ​សង្រួម​ឥន្ទ្រិយផង ដោយការ​ទូន្មាន​នូវឥន្រ្ទិយ​ផង ក្នុងពួក​មនុស្ស។

[២០៥] មាតលិជាទេវសារថីដ៏ចំរើន ជាអ្នកមាន​ឧបការៈ​ច្រើន​ដល់យើង ព្រោះ​បាន​បង្ហាញ​នូវឋាន​នៃ​សត្វអ្នកមាន​បុញ្ញកម្ម និងឋាន​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំងឡាយ។

[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែន​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលា ទ្រង់​បានពោល​ដូច្នេះ​ហើយ (ទើបទ្រង់​លាសក្កទេវរាជ​ត្រឡប់​មកមនុស្ស​វិញ) ទ្រង់បាន​បូជាយញ្ញៈ​ដ៏ច្រើន ហើយទ្រង់​ចូលទៅ​រកការសង្រួម (បព្វជ្ជា)។

ចប់ នេមិរាជជាតក ទី៤។

 

លេខយោង

1)
១.២.៣. តាមសេចក្តី​យល់របស់​សក្កទេវរាជ​ពោលតាម​ពាហិរសាសនា​ថា សីលដែល​គ្រាន់តែវៀរចាក​មេថុន ហៅថា ព្រហ្មចរិយៈ​ថោកទាប អាច​ញុំាងបុគ្គល​ឲ្យទៅកើត​ក្នុងត្រកូល​ក្សត្រ។ ឧបចារជ្ឈាន ហៅថា ព្រហ្មចរិយៈ​ជាកណ្តាល អាចញុំាង​បុគ្គល​ឲ្យទៅកើត​ជាទេវតា។ សមាបត្តិ​ប្រាំបី ហៅថា ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់ អាចញុំាង​បុគ្គលឲ្យ​ទៅកើត​ក្នុងព្រហ្មលោក។ ពួកពាហិរសាសនា​សំដៅ​យក​ព្រហ្មលោក​នោះ ថាជានិព្វាន។ ពុទ្ធសាសនា​ថា ព្រហ្មចរិយៈ​របស់​ភិក្ខុ ដែលមាន​សីលបរិសុទ្ធ តែប្រាថ្នា​យក​ទេពនិកាយ​ណាមួយ ចាត់ជា​ព្រហ្មចរិយៈថោកទាប សមាបត្តិ​ប្រាំបី ចាត់ជា​ព្រហ្មចរិយៈកណ្តាល អរហត្តមគ្គ ចាត់ជា​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់។
2)
3)
4)
សំដៅយក ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ និង​សូទ្រៈ។
5)
សក្កទេវរាជ សំដៅ​យក​សីល​ថាជា​គុណខ្ពស់ ទានជា​គុណទាប។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.541.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann