តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » sut.kn.jat.v02 »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 បាលី cs-km: sut.kn.jat.v02 អដ្ឋកថា: sut.kn.jat.v02_att PTS: ?
ទុកនិបាតជាតក
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ទុកនិបាតោ)
(១. ទឡ្ហវគ្គោ)
(១៥១. រាជោវាទជាតកំ (២-១-១))
[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែងបោះនូវរបស់មាំដល់បុគ្គលអ្នកមាំ ឈ្នះនូវបុគ្គលទន់ដោយកិរិយាទន់ ឈ្នះនូវសប្បុរស ដោយសប្បុរស ឈ្នះនូវអសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ។
[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បីឈ្នះបុគ្គលអ្នកក្រោធ ដោយសេចក្ដីមិនក្រោធ គប្បីឈ្នះអសប្បុរស ដោយសប្បុរស គប្បីឈ្នះបុគ្គលកំណាញ់ ដោយការឲ្យ គប្បីឈ្នះបុគ្គលអ្នកពោលពាក្យកុហក ដោយការពោលពាក្យពិត ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ។
ចប់ រាជោវាទជាតក ទី១។
(១៥២. សិគាលជាតកំ)
[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញុំាងបុគ្គលអ្នកមានការងារមិនបានពិចារណាដោយត្រឹមត្រូវ ឲ្យសំរេចដោយរួសរាន់ឲ្យក្ដៅក្រហាយ ដូចជាវត្ថុក្ដៅដែលបុគ្គលពមចូលទៅក្នុងមាត់។
[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញុំាងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយសីហនាទ ចចកនៅក្នុងភ្នំប្រាក់ បានឮសំលេងគឹកកងនៃសត្វសីហៈហើយ ក៏ភ័យតក់ស្លុតបែកហ្ឫទ័យស្លាប់។
ចប់ សិគាលជាតក ទី២។
(១៥៣. សូករជាតកំ (២-១-៣))
[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាលសំឡាញ់ អ្នកឯងក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ចេញ។
[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយមិនស្អាត មានរោមប្រឡាក់ដោយវត្ថុស្អុយ មានក្លិនអាក្រក់បក់ទៅ បើអ្នកចង់ច្បាំងគ្នា ម្នាលសំឡាញ់ យើងឲ្យជ័យដល់អ្នកឯង។
ចប់ សូករជាតក ទី៣។
(១៥៤. ឧរគជាតក (២-១-៤))
[១៥៧] (គ្រុឌ ពោលថា) ស្ដេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មានភេទដូចជាកែវដែលកើតអំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅក្នុងសំពត់ស្លៀកនេះ ខ្ញុំកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរ ខ្ញុំប្រាថ្នានឹងបរិភោគ តែមិនអាចនឹងបរិភោគបាន។
[១៥៨] (តាបសពោធិសត្វ ពោលថា) អ្នកមានបុគ្គលដ៏ប្រសើរគ្រប់គ្រងហើយ ចូររស់នៅអស់កាលយូរ អាហារជាទិព្វទាំងឡាយ ចូរកើតប្រាកដដល់អ្នក (ព្រោះថា) អ្នកកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរ អ្នកប្រាថ្នានឹងបិភោគ តែមិនអាចបរិភោគបាន។
ចប់ ឧរគជាតក ទី៤។
(១៥៥. ភគ្គជាតកំ (២-១-៥))
[១៥៩] (មាណពពោធិសត្វ ពោលថា) បពិត្រភគ្គៈ សូមលោករស់នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយ ចូរកុំទំពាស៊ីនូវខ្ញុំឡើយ សូមលោករស់នៅអស់ ១២០ ឆ្នាំ។
[១៦០] (បិតារបស់ពោធិសត្វ ពោលថា) ចូរអ្នករស់នៅអស់ ១២០ ឆ្នាំដែរ បិសាចទាំងឡាយ ចូរទំពាស៊ីនូវថ្នាំពិស អ្នកចូររស់នៅអស់ ១២០ ឆ្នាំ។
ចប់ ភគ្គជាតក ទី៥។
(១៥៦. អលីនចិត្តជាតកំ (២-១-៦))
[១៦១] (ព្រះសាស្ដា ត្រាស់ថា) សេនាដ៏ច្រើន មានចិត្តរីករាយ ព្រោះអាស្រ័យនូវអលីនចិត្តរាជកុមារ បានញុំាងដំរីឲ្យចាប់យកព្រះបាទកោសលទាំងរស់ដែលមិនត្រេកអរហើយ ដោយរាជសម្បត្តិរបស់ខ្លួនយ៉ាងណាមិញ។
[១៦២] ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ មានសេចក្តីព្យាយាមប្រារព្ធហើយ កាលចំរើននូវកុសលធម៌ ដើម្បីសម្រេចនូវព្រះនិពា្វនជាទីក្សេមចាកយោគៈ គប្បីដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងដោយលំដាប់ ក៏យ៉ាងនោះដែរ។
ចប់ អលីនចិត្តជាតក ទី៦។
(១៥៧. គុណជាតកំ (២-១-៧))
[១៦៣] (ចចក ពោលថា) អ្នកមានកំឡាំង បណ្ដេញ (នូវបុគ្គលអ្នកសេពគប់នឹងខ្លួន) តាមសេចក្ដីប្រាថ្នាបាន បពិត្រស្ដេចម្រឹគ (នេះ) ជាធម្មតានៃអ្នកមានកំឡាំង បពិត្រស្ដេចម្រឹគ អ្នកមានចង្កូមស្រួច លោកចូរដឹងចុះ មរណភ័យកើតហើយអំពីទីជាទីពឹង (របស់យើង)។
[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមានកំឡាំងខ្សោយ តែតាំងនៅក្នុងមិត្រធម៌ទាំងឡាយ បុគ្គលនោះ ហៅថាជាញាតិផង ជាផៅពង្សផង បុគ្គលនោះហៅថា មិត្រផង បុគ្គលនោះហៅថា សំឡាញ់របស់យើងផង ម្នាលមេម្រឹគមានចង្កូម នាងកុំមើលងាយចចកឈ្មោល និងចចកញីជាសំឡាញ់យើងឡើយ ព្រោះចចក ជាអ្នកឲ្យជីវិតដល់យើង។
ចប់ គុណជាតក ទី៧។
(១៥៨. សុហនុជាតកំ (២-១-៨))
[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះសុហនុ ធ្វើនូវសេចក្ដីស្រឡាញ់នេះ ជាមួយនឹងសេះឈ្មោះសោណៈ មិនមែនដោយមារយាទមិនស្មើគ្នាទេ សេចក្ដីប្រព្រឹត្តរបស់សេះឈ្មោះសោណៈយ៉ាងណា សេះឈ្មោះសុហនុ ក៏ប្រាកដយ៉ាងនោះដែរ។
[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និងការឃ្នើសឃ្នង និងការខាំកាត់នូវខ្សែជានិច្ច អំពើអាក្រក់ស្មើគ្នា ដោយអំពើអាក្រក់ ការមិនរៀបរយស្មើគ្នា ដោយការមិនរៀបរយ។
ចប់ សុហនុជាតក ទី៨។
(១៥៩. មោរជាតកំ (២-១-៩))
[១៦៧] (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងរះឡើង ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់វេលាថ្ងៃក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះ ធ្វើបរិត្តនេះរួចហើយ ទើបត្រាច់ទៅស្វែងរកអាហារ។
[១៦៨] (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងអស្ដង្គតទៅ ខ្ញុំសូមនមស្ការ នូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់រាត្រីក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វ ធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ។
ចប់ មោរជាតក ទី៩។
(១៦០. វិនីលជាតកំ (២-១-១០))
[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះវិនីលកៈទៅបានយ៉ាងណាមិញ សេះអាជានេយ្យទាំងឡាយ នាំនូវព្រះបាទវិទេហៈអ្នកគ្រប់គ្រងក្រុងមិថិលា ក៏យ៉ាងនោះដែរ។
[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅវិនីលៈ អ្នកគប់រកនូវព្រៃភ្នំមានច្រកចង្អៀត ម្នាលកូន អ្នកសេពនូវកន្លែងមិនមែនជាទីរបស់អ្នក ៗ ចូរសេពនូវកន្លែងជាទីបំផុតនៃស្រុកចុះ ទីនោះជាលំនៅរបស់មាតាអ្នកហើយ។
ចប់ វិនីលកជាតក ទី១០។
ចប់ ទឡ្ហវគ្គ ទី១។
ឧទ្ទាននៃទឡ្ហវគ្គនោះគឺ
និយាយអំពីព្រះបាទពលិ្លកៈដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករៈ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្តៈ ១ ជាគំរប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះសុហនុដ៏ឧត្តម ១ ក្ងោក ១ វិនីលកៈ ១ ត្រូវជា ១០។
(២. សន្ថវវគ្គោ)
(១៦១. ឥន្ទសមានគោត្តជាតកំ (២-២-១))
[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បីធ្វើសេចក្តីស្និទ្ធស្នាលជាមួយនឹងបុរសលាមក អរិយបុគ្គល ដឹងច្បាស់នូវប្រយោជន៍ (ក៏មិនគប្បីធ្វើនូវសេចក្ដីស្និទ្ធស្នាល ជាមួយនឹងបុគ្គលមិនមែនជាអរិយៈ (បុគ្គលមិនមែនជាអរិយៈ) សូម្បីនៅជាមួយគ្នាអស់កាលយូរ រមែងធ្វើអំពើអាក្រក់ ដូចជាដំរីកាលព្រេចនូវតាបសឈ្មោះឥន្ទសមានគោត្រ។
[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវមេត្រីជាមួយនឹងជននោះចុះ (ព្រោះ) ការគប់រកដោយសប្បុរស តែងនាំមកនូវសេចក្ដីសុខដោយពិត។
ចប់ ឥន្ទសមានគោត្តជាតក ទី១។
(១៦២. សន្ថវជាតកំ (២-២-២))
[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយនឹងបុរសលាមក របស់ដទៃលាមកក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាភ្លើងដែលយើងឲ្យឆ្អែតដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹកដែលយើងធ្វើហើយដោយលំបាក។
[១៧៤] ការស្និទ្ធស្នាលណា ជាមួយនឹងសប្បុរស របស់ដទៃប្រសើរក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាមេម្រឹគឈ្មោះសាមា លិទ្ធមាត់នៃស្ដេចរាជសីហ៍ផង ខ្លាធំផង ខ្លាដម្បងផង ព្រោះការស្និទ្ធស្នាល។
ចប់ សន្ថវជាតក ទី២។
(១៦៣. សុសីមជាតកំ (២-២-៣))
[១៧៥] (ពោធិសត្វ ពោលថា) បពិត្រព្រះរាជា ទ្រង់ព្រះនាមសុសីមៈ ម្រឹគខ្មៅ មានភ្លុកស (ដំរី) នេះ របស់ព្រះអង្គច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ព្រះអង្គទ្រង់រឭកនូវព្រះបិតា និងធីតា (របស់ខ្ញុំព្រះអង្គ) ទើបត្រាស់ថា អញនឹងឲ្យដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែនឬ។
[១៧៦] (ព្រះរាជា ត្រាស់ថា) ម្នាលមាណព ម្រឹគខ្មៅមានភ្លុកសនេះ របស់ខ្ញុំច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ខ្ញុំកាលរឭកនូវបិតា និងធីតា ទើបពោលថា ខ្ញុំនឹងឲ្យនូវដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែន។
ចប់ សុសីមជាតក ទី៣។
(១៦៤. គិជ្ឈជាតកំ (២-២-៤))
[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើលឃើញសាកសពចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជាអ្នកហើរមកដល់បណ្ដាញ និងអន្ទាក់ហើយ ក៏នៅតែមិនភ្ញាក់ខ្លួន។
[១៧៨] (ត្មាតពោធិសត្វ ពោលថា) សេចក្ដីវិនាស មានក្នុងវេលាណា សត្វមកដល់បណ្ដាញ និងអន្ទាក់ រមែងមិនបានភ្ញាក់ខ្លួនក្នុងការអស់ទៅនៃជីវិត ក្នុងវេលានោះ។
ចប់ គិជ្ឈជាតក ទី៤។
(១៦៥. នកុលជាតកំ (២-២-៥))
[១៧៩] (តាបសពោធិសត្វ ពោលថា) ម្នាលស្កាជាជលាពុជៈ អ្នកធ្វើនូវមិត្តភាពដោយសត្រូវដែលជាអណ្ឌជៈកំណើតហើយ មកដេកបញ្ចេញចង្កូម តើសេចក្ដីភ័យ មានមកដល់អ្នកអំពីទីណា។
[១៨០] (ស្កា ពោលថា) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បីស្និទ្ធស្នាល សូម្បីក្នុងមិត្រ ភ័យដែលកើតឡើងអំពីជនដែលមិនគួរភ័យ រមែងកាត់នូវឫសគល់ទាំងឡាយបាន។
ចប់ នកុលជាតក ទី៥។
(១៦៦. ឧបសាឡកជាតកំ (២-២-៦))
[១៨១] (តាបសពោធិសត្វ ពោលថា) ពួកញាតិឈ្មោះឧបសាឡ្ហកៈ ចំនួន ១៤០០០ នាក់ គេដុតហើយ ក្នុងប្រទេសនេះ ក្នុងលោករកទីដែលមិនមានគេស្លាប់ មិនមានឡើយ។
[១៨២] សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាននៅក្នុងបគ្គលណា ព្រះអរិយៈទាំងឡាយ រមែងសេពគប់នូវបុគ្គលនុ៎ះ គុណជាតនុ៎ះឈ្មោះថា មិនចេះស្លាប់ ក្នុងលោក។
ចប់ ឧបសាឡ្ហកជាតក ទី៦។
(១៦៧. សមិទ្ធិជាតកំ (២-២-៧))
[១៨៣] (នាងទេពធីតា ពោលប្រលោមថា) បពិត្រភិក្ខុ លោកមិនទាន់បរិភោគកាមសិន ហើយត្រាច់ទៅ ដើម្បីភិក្ខុភាព បើលោកបរិភោគកាមរួចហើយ សឹមត្រាច់ទៅ ដើម្បីភិក្ខា មិនបានឬ បពិត្រភិក្ខុ សូមលោកបរិភោគកាមសិន ហើយសឹមត្រាច់ទៅ ដើម្បីភិក្ខាចុះ កុំឲ្យកាល (ជាទីបរិភោគកាម) កន្លងនូវលោកបានឡើយ។
[១៨៤] (តាបសពោធិសត្វ ពោលថា) យើងមិនបានដឹងនូវមរណកាលដោយពិត មរណកាលកំបាំងមិនប្រាកដ ព្រោះហេតុនោះ បានជាយើងមិនបរិភោគកាម ហើយត្រាច់ទៅដើម្បីភិក្ខា កុំឲ្យកាល (ធ្វើសមណធម៌) កន្លងនូវយើងបានឡើយ។
ចប់ សមិទ្ធិជាតក ទី៧។
(១៦៨. សកុណគ្ឃិជាតកំ (២-២-៨))
[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក ដោយកំឡាំងរហ័ស ឆាបនូវសត្វប្រចៀចដែលទំនៅលើ (អាចម៍បំណះ) ជាទីគោចរ (របស់ខ្លួន) ក៏ដល់នូវសេចក្ដីស្លាប់ ដោយហេតុនោះទៅ។
[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌ដោយឧបាយ ត្រេកអរក្នុងទីគោចរជារបស់បិតា ឃើញនូវប្រយោជន៍របស់ខ្លួន ហើយប្រាសចាកសត្រូវ នៅរីករាយ។
ចប់ សកុណគ្ឃិជាតក ទី៨។
(១៦៩. អរកជាតកំ (២-២-៩))
[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោកទាំងមូល ដោយមេត្តាចិត្តក្នុងទិសខាងលើផង ទិសខាងក្រោមផង ទិសទទឹងផង ដោយអាការទាំងពួង រកប្រមាណមិនបាន។
[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណមិនបាន ឈ្មោះថាបុគ្គលបានចំរើនបរិបូណ៌ហើយ អំពើណា ដែលបុគ្គលបានធ្វើល្មមប្រមាណ អំពើនោះ រមែងមិនសល់នៅក្នុងចិត្តរបស់បុគ្គលអ្នកបានចំរើននោះឡើយ។
ចប់ អរកជាតក ទី៩។
(១៧០. កកណ្ដកជាតកំ (២-២-១០))
[១៨៩] (ព្រះបាទវិទេហៈ ត្រាស់ថា) កាលពីដើម បង្កួយនេះនៅលើក្លោងទ្វារ មិនក្រអឺតក្រអោងទេ ម្នាលមហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជាបង្កួយត្រឡប់ទៅជារបឹងរឹងរូសវិញ។
[១៩០] (មហោសថពោធិសត្វ ពោលថា) បង្កួយបានរបស់ដែលមិនធ្លាប់បាន ចំនួនកន្លះមាសកៈ រមែងមើលងាយព្រះបាទវិទេហៈ ដែលសោយរាជ្យក្នុងនគរមិថិលា។
ចប់ កកណ្ឋកជាតក ទី១០។
ចប់ សន្ថវវគ្គ ទី២។
ឧទ្ទាននៃសន្ថវវគ្គនោះគឺ
និយាយអំពីឥន្ទសមានតាបស ១ ខ្ទមស្លឹក ១ ព្រះរាជាសុសីមៈ ១ ត្មាត ១ ស្កាជាជលាពុជ ១ ឧបសាឡ្ហកព្រាហ្មណ៍ ១ ភិក្ខុ ១ ប្រចៀចដ៏ប្រសើរ ១ មេត្តាដ៏ប្រសើរ ១ បង្កួយក្រអើតក្រអោង ១ ត្រូវជា ១០។
(៣. កល្យាណវគ្គោ)
(១៧១. កល្យាណធម្មជាតកំ (២-៣-១))
[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាលណា នរជនប្រកបដោយបញ្ញា ដល់នូវសមញ្ញា (ឈ្មោះ) ថាជាអ្នកមានកល្យាណធម៌ក្នុងលោក (កាលនោះ) មិនគប្បីឲ្យសាបសូន្យចាកសមញ្ញានោះ សប្បុរសទាំងឡាយ តែងកាន់យកនូវបព្វជ្ជាធុរៈដោយហិរិ និងឱត្តប្បៈ។
[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមានកល្យាណធម៌ក្នុងលោក មកដល់ខ្ញុំក្នុងថ្ងៃនេះ ហើយខ្ញុំព្រះអង្គពិចារណាឃើញនូវសមញ្ញានោះ នឹងបួសក្នុងថ្ងៃនេះ សេចក្ដីពេញចិត្តក្នុងការបរិភោគកាមក្នុងលោកនេះ មិនមានដល់ខ្ញុំទេ។
ចប់ កល្យាណធម្មជាតក ទី១។
(១៧២. ទទ្ទរជាតកំ (២-៣-២))
[១៩៣] (កូនសីហៈ សួរថា) បពិត្រសីហរាជ ជាធំជាងម្រឹគ នរណាហ្ន៎ មានសំឡេងខ្លាំង ញ៉ាំងភ្នំទទ្ទរៈឲ្យលាន់ឮ ពួកសីហៈ មិនបន្លឺតបទៅនឹងវាឡើយ សត្វដែលបន្លឺសំឡេងគឹកកងបាននុ៎ះ ជាសត្វឈ្មោះអ្វី។
[១៩៤] (សីហៈពោធិសត្វ ពោលថា) ម្នាលកូន ចចក ជាសត្វថោកទាបជាងម្រឹគទាំងឡាយ វាបន្លឺឡើង ពួកសីហៈ កាលខ្ពើមរអើមនូវជាតិរបស់វា រមែងនាំគ្នាអង្គុយនៅស្ងៀម។
ចប់ ទទ្ទរជាតក ទី២។
(១៧៣. មក្កដជាតកំ (២-៣-៣))
[១៩៥] (តាបសជាកូន ពោលថា) បពិត្របិតា មាណពនុ៎ះ បានឈរផ្អែកនឹងគល់ត្នោត រោងរបស់យើងនេះមាន បើដូច្នោះ យើងនឹងប្រគល់រោងឲ្យទៅមាណពនោះចុះ។
[១៩៦] (តាបសពោធិសត្វ ពោលថា) ម្នាលកូន អ្នកកុំហៅវាឡើយ វាគប្បីប្រទូស្តនូវរោងរបស់យើងមិនខាន មុខព្រាហ្មណ៍ដែលមានសីលធម៌ល្អ មិនមែនបែបយ៉ាងនេះទេ។
ចប់ មក្កដជាតក ទី៣។
(១៧៤. ទុព្ភិយមក្កដជាតកំ (២-៣-៤))
[១៩៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) យើងបានឲ្យទឹកច្រើនដល់ឯង ដែលត្រូវកំដៅថ្ងៃបៀតបៀនស្រេកហើយ ឥឡូវនេះ ឯងផឹកហើយ ធ្វើសំឡេងគំហកថា កិកិ ដូច្នេះ ការសេពគប់ដោយជនអាក្រក់ មិនប្រសើរឡើយ។
[១៩៨] (ស្វាទេវទត្ត ពោលថា) អ្នកឯងដែលបានឮ ឬបានឃើញថា ស្វាណាមានសីលធម៌ ឥឡូវនេះ យើងនឹងបន្ទោបង់វច្ចៈលើក្បាលរបស់អ្នកឯង នេះជាធម្មតារបស់ពួកយើង។
ចប់ ទុព្ភិយមក្កដជាតក ទី៤។
(១៧៥. អាទិច្ចុបដ្ឋានជាតកំ (២-៣-៥))
[១៩៩] (ពួកមនុស្ស ពោលថា) បានឮថា បណ្ដាពួកសត្វទាំងអស់ (មានពួកសត្វខ្លះ) ប្រកបដោយសីលធម៌ អ្នកចូរមើលស្វាដ៏លាមកដែលកំពុងឈរនមស្ការព្រះអាទិត្យ។
[២០០] (តាបសពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនបានដឹងច្បាស់នូវមារយាទរបស់ស្វានេះទេ អ្នកទំាងឡាយ ពោលសរសើរស្វា ព្រោះមិនដឹងស្វានោះ ដុតនូវរោងបូជាភ្លើងផង ទំលាយនូវក្អមទឹកពីរផង។
ចប់ អាទិច្ទុបដ្ឋានជាតក ទី៥។
(១៧៦. កឡាយមុដ្ឋិជាតកំ (២-៣-៦))
[២០១] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វាមិនមានទេ វាបានបាចសណ្ដែកមួយកំបង់ចោលអស់ ទើបទៅស្វែងរកសណ្ដែកមួយគ្រាប់ដែលជ្រុះទៅ។
[២០២] បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្ដី ជនទាំងឡាយដទៃដែលល្មោភក្រៃលែងក្ដី គប្បីលះបង់របស់ច្រើនព្រោះរបស់តិច ដូចជាស្វាកាលលះបង់សណ្ដែកច្រើន ព្រោះសណ្ដែកតិចដូច្នោះឯង។
ចប់ កឡាយមុដ្ឋិជាតក ទី៦។
(១៧៧. តិន្ទុកជាតកំ (២-៣-៧))
[២០៣] (ពួកស្វា ពោលថា) យើងត្រូវពួកមនុស្សមានធ្នូ និងបំពង់ព្រួញក្នុងដៃ កាន់ដាវដ៏មុត ព័ទ្ធជុំវិញហើយ ធ្វើម្ដេចនឹងរួចខ្លួនបាន។
[២០៤] (ស្វាពោធិសត្វ ពោលថា) សេចក្ដីត្រូវការនីមួយ គប្បីកើតឡើងដល់ពួកមនុស្សដែលមានកិច្ចច្រើនដោយពិត ផ្លែឈើច្រើន យើងរើសប្រមូលមកហើយ អ្នកទាំងឡាយ ចូរនាំគ្នាស៊ីនូវផ្លែទន្លាប់នោះចុះ។
ចប់ តិន្ទុកជាតក ទី៧។
(១៧៨. កច្ឆបជាតកំ (២-៣-៨))
[២០៥] (អណ្ដើក និយាយថា) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចំរើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះ ធ្វើឲ្យទុព្វលភាព បពិត្រភត្តវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ។
[២០៦] បុគ្គលបានសេចក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចំរើនរបស់បុរសជាអ្នកដឹង (នូវប្រយោជន៍ និងមិនមែនប្រយោជន៍ ) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ។
ចប់ កច្ឆបជាតក ទី៨។
(១៧៩. សតធម្មជាតកំ (២-៣-៩))
[២០៧] (មាណពឈ្មោះសតធម្ម ពោលថា) (អាហារណា ដែលបានបរិភោគហើយ) បាយនោះជារបស់តិចផង សល់ដែលផង បុរសចណ្ឌាល បានឲ្យបាយនោះដល់យើងដោយសេចក្ដីលំបាក យើងប្រកបដោយជាតិជាព្រាហ្មណ៍ អាហារណាដែលយើងបានបរិភោគហើយ អាហារនោះឯង ក៏ក្អួតចេញមក។
[២០៨] (ព្រះសាស្ដា ត្រាស់ថា) ភិក្ខុណាលះបង់នូវធម៌ គឺអាជីវបារិសុទ្ធិសីល ហើយចិញ្ចឹមជីវិតដោយខុសធម៌យ៉ាងនេះ ភិក្ខុនោះមិនត្រេកអរ ដោយលាភដែលខ្លួនបានហើយ ដូចជាសតធម្មមាណព។
ចប់ សតធម្មជាតក ទី៩។
(១៨០. ទុទ្ទទជាតកំ (២-៣-១០))
[២០៩] (តាបសពោធិសត្វ ពោលថា) ពួកសប្បុរស កាលឲ្យនូវទាន ដែលគេឲ្យបានដោយកម្រ ធ្វើនូវអំពើដែលគេធើ្វបានដោយកម្រ ពួកអសប្បុរសធ្វើតាម (នូវអំពើនោះ) មិនបានសភាពនៃសប្បុរសទាំងឡាយ គេដឹងបានដោយកម្រ។
[២១០] (ព្រោះហេតុនោះ ដំណើរអំពីលោកនេះរបស់សប្បុរស និងអសប្បុរស រមែងបែកផ្សេង ៗ គ្នា ពួកអសប្បុរស រមែងទៅកាន់នរក ពួកសប្បុរស រមែងទៅកាន់ឋានសួគ៌។
ចប់ ទុទ្ទទជាតក ទី១០។
ចប់ កល្យាណធម្មវគ្គ ទី៣។
ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ
និយាយអំពីសមញ្ញាល្អ ១ មិគាធិភូ ឬសីហៈជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្ដែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះសតធម្ម ១ ទានដែលឲ្យបានដោយក្រពេក ១ ត្រូវជា ១០។
(៤. អសទិសវគ្គោ)
(១៨១. អសទិសជាតកំ (២-៤-១))
[២១១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជបុត្រទ្រង់ព្រះនាមអសទិសៈ ជាខ្មាន់ធ្នូមានកំឡាំងច្រើន បាញ់ធ្នូទៅក្នុងទីឆ្ងាយ បាញ់ត្រង់ ទំលាយនូវកងទ័ពធំបាន។
[២១២] ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបានបៀតបៀននូវជនណាមួយឡើយ ធ្វើព្រះអនុជឲ្យសួស្ដី ហើយដល់នូវសេចក្ដីសង្រួម គឺចូលទៅកាន់ផ្នួស។
ចប់ អសទិសជាតក ទី១។
(១៨២. សង្គាមាវចរជាតកំ (២-៤-២))
[២១៣] (ទម័កដំរីពោធិសត្វ ពោលថា) ម្នាលដំរី អ្នកល្បីថាជាសត្វចូលសង្គ្រាម មានកំឡាំងក្លៀវក្លា ហេតុអ្វី មកដល់ក្លោងទ្វារហើយ ក៏ថយក្រោយទៅវិញ។
[២១៤] ម្នាលដំរី អ្នកចូរញាំញីទំលាយនូវសន្ទះទ្វារ ហើយដកភើចសសរខឿនចេញឲ្យឆាប់ ចូរញាំញីនូវក្លោងទារ ហើយចូលទៅយ៉ាងឆាប់។
ចប់ សង្គាមាវចរជាតក ទី២។
(១៨៣. វាលោទកជាតកំ (២-៤-៣))
[២១៥] (ព្រះរាជាពារាណសី ត្រាស់ថា) សេចក្ដីស្រវឹងកើតឡើងដល់ពួកលា ព្រោះផឹកទឹកដែលច្រស់ដោយសម្បកក្រចៅ មានរសតិច ជារបស់ថោកទាប សេចក្ដីស្រវឹងមិនកើតដល់ពួកសេះសិន្ធវៈ ព្រោះផឹកទឹកមានរសដ៏ឧត្តមនេះទេ។
[២១៦] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន សត្វដែលមានជាតិថោកទាប ផឹកទឹកមានរសតិចហើយ សត្វនោះ ត្រូវទឹកមានរសតិចពាល់ត្រូវហើយ រមែងស្រវឹង ចំណែកសត្វអ្នកនាំនូវធុរៈ និងមានមារយាទ កើតក្នុងត្រកូល (ដ៏ខ្ពស់) បានផឹកទឹកមានរសដ៏ប្រសើរ រមែងមិនស្រវឹងទេ។
ចប់ វាលោទកជាតក ទី៣។
(១៨៤. គិរិទត្តជាតកំ (២-៤-៤))
[២១៧] (អមាត្យពោធិសត្វ ក្រាបទូលថា) សេះឈ្មោះបណ្ឌវៈរបស់ព្រះរាជាទ្រង់ព្រះនាមសាមៈ ដែលគង្វាលឈ្មោះគិរិទត្តប្រទូស្តរ៉ាយហើយ បានលះប្រក្រតីរបស់ខ្លួនពីដើមចេញ ហើយប្រព្រឹត្តតាមនាយគង្វាលនោះ។
[២១៨] ថាបើបុរសមានជាតិដ៏សមគួរដល់សេះនោះ កាត់កោរសក់ និងពុកមាត់ដោយអាការដ៏ល្អ គប្បីកាន់សេះនោះត្រង់បង្ហៀរ ហើយដឹកក្រឡឹងក្នុងមណ្ឌលក្រោល សេះនោះ នឹងលះបង់នូវ (អាការខ្ចកចេញ) ហើយធ្វើតាមបុរសនោះវិញដោយឆាប់។
ចប់ គិរិទត្តជាតក ទី៤។
(១៨៥. អនភិរតិជាតកំ (២-៤-៥))
[២១៩] (អាចារ្យទិសាបាមោក្ខ ពោលថា) កាលបើទឹកល្អក់មិនថ្លា បុគ្គលរមែងមើលមិនឃើញនូវខ្ចងខ្ចៅ និងគ្រួស ដីខ្សាច់ ហ្វូងត្រី យ៉ាងណាមិញ កាលបើចិត្តល្អក់ហើយ បុគ្គលនោះ ក៏មើលមិនឃើញនូវប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ យ៉ាងនោះដែរ។
[២២០] កាលបើទឹកថ្លាស្អាត បុគ្គលរមែងមើលឃើញនូវខ្ចងខ្ចៅ និងក្រួស ខ្សាច់ ហ្វូងត្រីបាន យ៉ាងណាមិញ កាលបើចិត្តមិនល្អក់ហើយ បុគ្គលនោះ ក៏មើលឃើញនូវប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃបាន យ៉ាងនោះដែរ។
ចប់ អនភិរតិជាតក ទី៥។
(១៨៦. ទធិវាហនជាតកំ (២-៤-៦))
[២២១] (ព្រះបាទទធិវាហនៈ ត្រាស់សួរថា) ក្នុងកាលមុន ដើមស្វាយនេះ ប្រកបដោយពណ៌ ក្លិន និងរស បាននូវគ្រឿងសក្ការៈបូជានោះដដែល ហេតុអ្វីស្វាយ ក៏មានផ្លែល្វីងទៅវិញ។
[២២២] (អមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជាទ្រង់ព្រះនាមទធិវាហនៈ ស្វាយរបស់ព្រះអង្គ មានដើមស្ដៅដុះរួបរិតជុំវិញ ឫសច្រឡំគ្នាដោយឫស មែកពាក់ព័ន្ធគ្នានឹងមែក ដោយការនៅជាមួយនឹងដើមស្ដៅមិនមានរសផ្អែម ព្រោះហេតុនោះ បានជាស្វាយត្រឡប់ជាមានផ្លែល្វីងទៅវិញ។
ចប់ ទធិវាហនជាតក ទី៦។
(១៨៧. ចតុមដ្ឋជាតកំ (២-៤-៧))
[២២៣] (ចចក ពោលថា) អ្នកទាំងឡាយ ឡើងទៅលើប្រគាបឈើដ៏ខ្ពស់ ហើយនិយាយគ្នាក្នុងទីស្ងាត់ អ្នកទាំងឡាយ ចូរចុះមកខាងក្រោម និយាយគ្នាវិញ ស្ដេចម្រឹគនឹងស្ដាប់ផង។
[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេ ស្អាតចាកសម្បត្តិ ៤ 1) ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ។
ចប់ ចតុមដ្ឋជាតក ទី៧។
(១៨៨. សីហកោត្ថុជាតកំ (២-៤-៨))
[២២៥] (កូនសីហៈ ពោលថា) សីហៈ ១ នោះ មានម្រាមជើងជាសីហៈ មានក្រចកជាសីហៈ ឈរដោយជើងជាសីហៈ តែបន្លឺឡើងប្លែកម្នាក់ឯងក្នុងហ្វូងសីហៈ។
[២២៦] (សីហពោធិសត្វ ពោលថា) ម្នាលកូនស្ដេចសីហៈ អ្នកកុំបន្លឺឡើយ អ្នកចូរមានសម្លេងតិចនៅក្នុងព្រៃ ហ្វូងសត្វគប្បីស្គាល់អ្នកដោយសម្លេង ព្រោះសម្លេងអ្នកមិនមែនកាត់បានមកខាងឪពុកឡើយ។
ចប់ សីហកោត្ថុកជាតក ទី៨។
(១៨៩. សីហចម្មជាតកំ (២-៤-៩))
[២២៧] (អ្នកស្រែពោធិសត្វ ពោលថា) នុ៎ះមិនមែនសម្រែកសីហៈ មិនមែនសម្រែកខ្លាធំ មិនមែនសម្រែកខ្លាដម្បងទេ លាដ៏លាមក គេដណ្ដប់គ្របដោយស្បែកសីហៈ ស្រែកទេតើ។
[២២៨] (ពាណិជ ពោលថា) លាដណ្ដប់ដោយស្បែកសីហៈ ស៊ីស្រូវសំទូងនោះ អស់កាលជាយូរណាស់ហើយ ទាល់តែស្រែក (ឲ្យគេដឹង) បានជាប្រទូស្ដខ្លួន។
ចប់ សីហធម្មជាតក ទី៩។
(១៩០. សីលានិសំសជាតកំ (២-៤-១០))
[២២៩] (សមុទ្ទទេវតាពោធិសត្វ ពោលថា) អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំឧបាសកមានសទ្ធា។
[២៣០] បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្ដីស្និទ្ធស្នាលជាមួយនឹងពួកសប្បុរស ដូចជាងផ្ងូតទឹក ដល់នូវសួស្ដី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស។
ចប់ សីលានិសំសជាតក ទី១០។
ចប់ អសទិសវគ្គ ទី៤។
ឧទ្ទាននៃអសទិសវគ្គនោះគឺ
និយាយអំពីខ្មាន់ធ្នូ ១ កុញ្ជរ ១ មានរសតិច ១ គង្វាលសេះ ឈ្មោះគិរិទត្ត ១ ចិត្តថ្លាជាចិត្តប្រសើរ ១ ព្រះរាជាទធិវាហនៈ ១ ចចកជម្ពុកៈ ១ សត្វមានក្រចកជាសីហៈ ១ ស្រូវសំទូង ១ នាគដ៏ប្រសើរ ១ ត្រូវជា ១០។
(៥. រុហកវគ្គោ)
(១៩១. រុហកជាតកំ (២-៥-១))
[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍ដ៏ចំរើន ខ្សែបន្លោះធ្នូសូម្បីដាច់ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់ជាមួយនឹងនាងបូរាណីវិញចុះ កុំលុះក្នុងអំណាចនៃសេចក្ដីក្រោធឡើយ។
[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅដែល (ទន់) មាន ទាំងជនអ្នកធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវខ្សែបន្លោះធ្នូដទៃ មិនគួរឡើយនឹងតភ្ជាប់ជាមួយនឹងនាងបូរាណីទេ។
ចប់ រុហកជាតក ទី១។
(១៩២. សិរិកាឡកណ្ណិជាតកំ (២-៥-២))
[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមានរូបល្អ តែស្រ្តីនោះមានសីល បុរសមិនគប្បីប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ។
[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំជឿ បុរសដែលថោកទាប (មិនត្រូវការនឹងស្រ្តីនោះទេ) (ព្រោះ) សិរី និងកាឡកណ្ណី រមែងមិនចួបប្រសព្វគ្នាក្នុងកាលណាម្ដងឡើយ។
ចប់ សិរីកាឡកណ្ណិជាតក ទី២។
(១៩៣. ចូឡបទុមជាតកំ (២-៥-៣))
[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុត មិនមែនអ្នកដទៃឡើយ គឺអាកំបុតនេះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយ មិនមានពាក្យសច្ចៈ។
[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធនៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀក និងច្រមុះនៃស្រ្តីដែលរស់នៅ គោរពប្ដីអាក្រក់នេះផង។
ចប់ ចុល្លបទុមជាតក ទី៣។
(១៩៤. មណិចោរជាតកំ (២-៥-៤))
[២៣៧] (នាងសុជាតា ពោលថា) ពួកទេវតា (ជាអ្នករមិលមើលពួកជនអ្នកមានសីលក្នុងលោកនេះ) មិនមាន រមែងប្រាសខ្ចាត់ខ្ចាយដោយពិត (ពួកសមណព្រាហ្មណ៍) ដែលគេសន្មតថាជាលោកបាលក្នុងលោកនេះ ក៏មិនមានដោយពិត ទាំងពួកជនអ្នកហាមឃាត់នូវជនទាំងឡាយអ្នកមិនសង្រួម ធ្វើតែអំពើដ៏សហ័ស (អាក្រក់) ក៏មិនមានដោយពិត។
[២៣៨] (ព្រះឥន្រ្ទ ត្រាស់ថា) ក្នុងរាជ្យនៃស្ដេចមិនប្រកបដោយធម៌នោះ ភ្លៀងរមែងបង្អុរចុះក្នុងកាលមិនគួរ មិនបង្អុរចុះក្នុងកាលដែលគួរ ឯស្ដេចមិនប្រកបដោយធម៌នោះ រមែងច្យុតចាកឋានសួគ៌ ត្រូវគេសម្លាប់ចោលដោយហេតុត្រឹមប៉ុណ្ណេះដោយពិត។
ចប់ មណិចោរជាតក ទី៤។
(១៩៥. បព្វតូបត្ថរជាតកំ (២-៥-៥))
[២៣៩] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ស្រះបោក្ខរណីដ៏ត្រជាក់ កើតហើយក្បែរជើងភ្នំ ជាទីរីករាយ ចចកកាលដឹងថា ស្រះបោក្ខរណីនោះ សីហៈរក្សាហើយ ក៏នៅតែផឹក (ទឹកក្នុងស្រះនោះ)។
[២៤០] (អមាត្យពោធិសត្វ ពោលថា) បពិត្រមហារាជ (មិនត្រឹមតែចចកប៉ុណ្ណេះទេ) ពួកសត្វដែលមានជើង រមែងនាំគ្នាចុះផឹកទឹកស្ទឹងធំដែរ (តែស្ទឹងធំនោះ) នឹងក្លាយទៅជាមិនមែនស្ទឹងដោយហេតុនោះក៏ទេ បើ (ស្រ្ដីនោះ) ជាទីស្រឡាញ់របស់ព្រះអង្គហើយ សូមព្រះអង្គអត់ទោសចុះ។
ចប់ បព្វតូបត្ថរជាតក ទី៥។
(១៩៦. វលាហកស្សជាតកំ (២-៥-៦))
[២៤១] (ព្រះសាស្ដា ត្រាស់ថា) ពួកនរជនណា មិនធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវសេចក្ដីវិនាស ដូចពួកឈ្មួញដែលអារក្សទឹកទាំងឡាយ (លួងលោមហើយ)។
[២៤២] (ម្យ៉ាងទៀត ពួកនរជនណា ធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវត្រើយ គឺព្រះនិព្វានដោយសួស្ដី ដូចពួកឈ្មួញ (ធ្វើតាមពាក្យ) ដែលស្ដេចវលាហក (ពោលហើយ)។
ចប់ វលាហកជាតក ទី៦។
(១៩៧. មិត្តាមិត្តជាតកំ (២-៥-៧))
[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គលនោះហើយ មិនញញឹមផង មិនរីករាយតបនឹងបុគ្គលនោះផង មិនឲ្យភ្នែកចំពោះបុគ្គលនោះ គឺមិនសំឡឹងចំភ្នែកនឹងភ្នែកផង ប្រព្រឹត្តខ្មាំងសត្រូវ (ចំពោះបុគ្គលនោះផង)។
[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវបុគ្គលមិនមែនជាមិត្ត ដោយអាការៈទាំងឡាយណា អាការៈទាំងឡាយនុ៎ះ រមែងមានតាំងនៅក្នុងបុគ្គលមិនមែនជាមិត្ត។
ចប់ មិត្តាមិត្តជាតក ទី៧។
(១៩៨. រាធជាតកំ (២-៥-៨))
[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាសហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតារបស់អ្នក មិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ។
[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចៈនេះ តែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុត ក្នុងជើងក្រានដូច្នោះ។
ចប់ រាធជាតក ទី៨។
(១៩៩. គហបតិជាតកំ (២-៥-៩))
[២៤៧] (គហបតីពោធិសត្វ ពោលថា) ហេតុទាំងពីរយ៉ាង មិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិនសងដូច្នេះ។
[២៤៨] ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គម ហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកទឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ។
ចប់ គហបតិជាតក ទី៩។
(២០០. សាធុសីលជាតកំ (២-៥-១០))
[២៤៩] (ព្រាហ្មណ៍ សួរថា) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃបុគ្គលចាស់ ភាពនៃបុគ្គលមានជាតិល្អ ភាពនៃបុគ្គលមានសីលល្អ យើងសូមសួរអ្នកជាព្រាហ្មណ៍ថា បណ្ដាបុគ្គលទាំងបួននាក់នោះ តើយើងប្រាថ្នានូវបុគ្គលណា។
[២៥០] (អាចារ្យពោធិសត្វ ពោលថា) សេចក្ដីចំរើនរមែងមានក្នុងបុគ្គលមានសរីរៈល្អ យើងសូមធ្វើនមស្ការចំពោះបុគ្គលចាស់ សេចក្ដីចំរើន រមែងមានក្នុងបុគ្គលដែលមានជាតិល្អ តែសីលរមែងពេញចិត្តដល់យើងទាំងឡាយ។
ចប់ សាធុសីលជាតក ទី១០។
ប់ រុហកវគ្គ ទី៥។
ឧទ្ទាននៃរុហកវគ្គនោះគឺ
និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែលគេប្រហារដោយអង្រែ ១ ទេវតាព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគំរប់ ៥ តពីនោះមក ពួកឈ្មួញរួចពីអារក្សទឹក ១ ញញឹម ១ ការមកអស់កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក។
(៦. នតំទឡ្ហវគ្គោ)
(២០១. ពន្ធនាគារជាតកំ (២-៦-១))
[២៥១] (តាបសពោធិសត្វ ពោលថា) ចំណងណា កើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅដំណេកទន្សាយក្ដី ចំណងនោះ អ្នកប្រាជ្ញទាំងឡាយមិនហៅថាចំណងមាំឡើយ ជនទាំងឡាយមានសេចក្ដីត្រេកអរដ៏ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលទាំងឡាយផង សេចក្ដីអាឡោះអាល័យ ក្នុងកូន និងប្រពន្ធទាំងឡាយផង។
[២៥២] អ្នកប្រាជ្ញទាំងឡាយ ពោលថា ចំណងនុ៎ះមាំ អាចទាញសត្វទំលាក់ចុះក្នុងអបាយ ជាចំណងដ៏ធូរ តែបុគ្គលស្រាយបានដោយក្រ ចំណែកខាងអ្នកប្រាជ្ញទាំងឡាយ បានកាត់នូវចំណង គឺកិលេសនេះ ហើយមិនមានសេចក្ដីអាឡោះអាល័យ បានលះបង់នូវសេចក្ដីសុខក្នុងកាម ចៀសចេញទៅ។
ចប់ ពន្ធនាគារជាតក ទី១។
(២០២. កេឡិសីលជាតកំ (២-៦-២))
[២៥៣] (ព្រះសាស្ដា ត្រាស់ថា) ហង្សទាំងឡាយក្ដី ក្រៀលទាំងឡាយក្ដី ក្ងោកទាំងឡាយក្ដី ដំរីទាំងឡាយក្ដី ពួកម្រឹគពិសេសក្ដី សត្វទាំងអស់ រមែងខ្លាចសត្វសីហៈ (ព្រោះ) ការប្រៀបផ្ទឹមក្នុងកាយមិនមានឡើយ។
[២៥៤] បណ្ដាមនុស្សទាំងឡាយ (មនុស្សណា) បើទុកជាខ្លួននៅក្មេង តែមានប្រាជ្ញាវាងវៃ មនុស្សនោះ ទើបឈ្មោះថា ធំក្នុងពួកមនុស្សនោះ មនុស្សល្ងង់ខ្លៅ សូម្បីមានសរីរៈ (ធាត់ធំ) ក៏មិនឈ្មោះថាធំឡើយ។
ចប់ កេឡិសីលជាតក ទី២។
(២០៣. ខណ្ឌជាតកំ (២-៦-៣))
[២៥៥] (តាបសពោធិសត្វ ពោលថា) ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះវិរូបក្ខៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះឯរាបថៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះឆព្យាបុត្តៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះកណ្ហាគោតមកៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វឥតជើងទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងពីរទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង ៤ ទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងច្រើនទាំងឡាយផង សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ សត្វជើងពីរកុំបៀតបៀនអាត្មាអញឡើយ សត្វជើង ៤ កុំបៀតបៀនអាត្មាអញឡើយ សត្វជើងច្រើនកុំបៀតបៀនអាត្មាអញឡើយ សព្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា សូមសព្វសត្វ (ទាំងនោះ) ឃើញនូវសេចក្ដីចំរើនទាំងឡាយ សេចក្ដីលាមកអាក្រក់តិចតួច កុំមកដល់ឡើយ គឺថា កុំកើតមានដល់សត្វទាំងនោះឡើយ។
[២៥៦] ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្ដុរ សុទ្ធតែមានប្រមាណ (មិនច្រើនដូចគុណព្រះរតនត្រ័យ) កិរិយារក្សា អាត្មាអញបានធ្វើហើយ កិរិយាការពារ អាត្មាអញបានធ្វើហើយ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀសចេញទៅ អាត្មាអញ (ធ្វើ) នូវនមស្ការ ចំពោះព្រះមានព្រះភាគ នមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧ ព្រះអង្គ។
ចប់ ខន្ធបរិត្តជាតក ទី៣។
(២០៤. វីរកជាតកំ (២-៦-៤))
[២៥៧] (ប្រពន្ធរបស់ក្អែកគោក សួរថា) នែក្អែកទឹកឈ្មោះវីរកៈ អ្នកឃើញសត្វស្លាបដែលពោលពាក្យពីរោះ មានភ្នួតកដូចជាភ្នួតកនៃក្ងោក ជាក្អែកគោកឈ្មោះសវិដ្ឋកៈ ជាប្ដីរបស់ខ្ញុំដែរឬ។
[២៥៨] (ក្អែកទឹកពោធិសត្វ ពោលថា) ក្អែកសវិដ្ឋកៈ កាលធ្វើតាមសត្វស្លាប អ្នកត្រាច់ទៅក្នុងទឹក និងលើគោក បានបរិភោគត្រីស្រស់ជានិច្ចនោះ ត្រូវសារាយព័ន្ធព័ទ្ធស្លាប់ទៅហើយ។
ចប់ វីរកជាតក ទី៤។
(២០៥. គង្គេយ្យជាតកំ (២-៦-៥))
[២៥៩] (អណ្ដើក ពោលថា) ត្រីទាំងឡាយ នៅក្នុងទន្លេគង្គាក៏ល្អ ត្រីទាំងឡាយនៅក្នុងទន្លេយមុនាក៏ល្អ តែបុរសមានជើង ៤ នេះ 2) មានបរិមណ្ឌលដូចដើមជ្រៃផង មានកវែងដូចចន្ទោលនៃរថផង ល្អរុងរឿងលើសអ្នកទាំងឡាយរាល់គ្នាទៅទៀត។
[២៦០] (ត្រីទាំងឡាយ ពោលថា) យើងសួរហេតុណា មិនប្រាប់ហេតុនោះ យើងសួរហើយត្រឡប់ប្រាប់ហេតុដទៃវិញ សត្វសរសើរតែខ្លួនឯងនេះ មិនគាប់ចិត្តយើងទេ។
ចប់ គង្គេយ្យជាតក ទី៥។
(២០៦. កុរុង្គមិគជាតកំ (២-៦-៦))
[២៦១] (សត្វចចាត ពោលថា) ម្នាលអណ្ដើក សូមអ្នកកាត់នូវអន្ទាក់ព្រ័ត្រ ដោយធ្មេញចុះ យើងនឹងធ្វើព្រានមិនឲ្យមកបាន។
[២៦២] (ព្រះសាស្ដា ត្រាស់ថា) អណ្ដើកចូលទៅកាន់ទឹក សត្វប្រើសក៏ចូលទៅព្រៃ ឯសត្វចចាត បាននាំកូនទាំងឡាយអំពីចុងឈើ ទៅក្នុងទីឆ្ងាយ។
ចប់ កុរុង្គមិគជាតក ទី៦។
(២០៧. អស្សកជាតកំ (២-៦-៧))
[២៦៣] (សត្វកំពោងញី ពោលថា កាលពីដើម) ឧយ្យានប្រទេសនេះ ខ្ញុំបានត្រាច់ទៅជាមួយនឹងស្ដេចអស្សកៈ ជាប្ដី ជាទីស្រឡាញ់ដែលខ្ញុំប្រាថ្នាគេ ៗ ប្រាថ្នានូវខ្ញុំ។
[២៦៤] សេចក្ដីសុខ និងទុក្ខថ្មី តែងបិទបាំងនូវសុខ និងទុក្ខចាស់ ព្រោះហេតុនោះ សត្វកំពោងឈ្មោល ជាទីស្រឡាញ់របស់ខ្ញុំជាងស្ដេចអស្សកៈទៅទៀត។
ចប់ អស្សកជាតក ទី៧។
(២០៨. សុសុមារជាតកំ (២-៦-៨))
[២៦៥] (ស្វាពោធិសត្វ ពោលថា) ផ្លែឈើទាំងឡាយណា (ដែលអ្នកឃើញហើយ) នាត្រើយសមុទ្រខាងនាយ ផ្លែឈើទាំងនោះ គឺផ្លែស្វាយក្ដី ផ្លែព្រីងក្ដី ផ្លែខ្នុរក្ដី មិនគួរដល់យើងឡើយ ដើមល្វា (នេះឯង) ជាឈើដ៏ប្រសើររបស់យើង។
[២៦៦] សរីរៈរបស់អ្នក ធំមែន ប៉ុន្តែប្រាជ្ញាសមគួរនឹងសរីរៈនោះមិនមាន នែក្រពើ ឯងត្រូវអញបញ្ឆោតហើយ ឥឡូវ ចូរឯងទៅតាមស្រួលចុះ។
ចប់ សុំសុមារជាតក ទី៨។
(២០៩. កុក្កុដជាតកំ (២-៦-៩))
[២៦៧] (មាន់ព្រៃ ពោលថា) ដើមត្រចៀកប្រើស និងដើមស្រម៉ពិភេទទាំងឡាយដុះក្នុងព្រៃ យើងធ្លាប់ឃើញហើយ អ្នកអាចឈានដើរទៅកាន់ដើមឈើបានយ៉ាងណា ឯឈើទាំងនោះ មិនអាចឈានដើរទៅបានយ៉ាងនោះទេ។
[២៦៨] (ព្រាន ពោលថា) មាន់ព្រៃចាស់នេះ ទំលាយនូវទ្រុងចេញមកហើយ ជាសត្វឈ្លាសក្នុងអន្ទាក់ ដែលធ្វើដោយរោមកន្ទុយ ក៏បានចេញទៅផង និយាយផង។
ចប់ កក្ករជាតក ទី៩។
(២១០. កន្ទគលកជាតកំ (២-៦-១០))
[២៦៩] (សត្វសសេះឈ្មោះកន្ទគលកៈ ពោលថា) ម្នាលសសេះឈ្មោះខទិរវនិយៈដ៏ចំរើន អំបែងក្បាលបែកហើយ ដោយការប្រហារតែម្ដង ឰដ៏ដើមឈើណា ដើមឈើនេះ មានស្លឹកល្អិតប្រកបដោយបន្លា តើជាឈើឈ្មោះអ្វី។
[២៧០] (ខទិរនិវយបក្សី ពោលថា) ឱហ្ន៎ សសេះនេះ កាលចោះនូវឈើក្នុងព្រៃទាំងឡាយ បានហើរទៅក្នុងពួកឈើមិនមានខ្លឹម ជាចំណែកនៃឈើស្ងួត ក្នុងកាលជាខាងក្រោយមក សសេះ (នេះ) បានហើរមកទំលាយអំបែងក្បាល (របស់ខ្លួន) នឹងដើមសង្កែ ជាឈើន័យដោយច្រើន គេប្រែថា ដើមគគី។ មានខ្លឹមអំពីកំណើត។
ចប់ កន្ទគលកជាតក ទី១០។
ចប់ នតំទឡ្ហវគ្គ ទី៦។
ឧទ្ទាននៃនតំទឡ្ហវគ្គនោះគឺ
និយាយអំពីចំណងមាំ ១ ហង្សប្រសើរ ១ ស្ដេចនាគឈ្មោះវិរូបក្ខៈ ១ ក្អែកគោកឈ្មោះសវិដ្ឋកៈ ១ ត្រីដ៏ប្រសើរ ១ ប្រើស ១ ស្ដេចឈ្មោះអស្សកៈ ១ ផ្លែស្វាយដ៏ប្រសើរ ១ មាន់ ១ សសេះ ១ ត្រូវជា ១០។
(៧. ពីរណថម្ភវគ្គោ)
(២១១. សោមទត្តជាតកំ (២-៧-១))
[២៧១] (ពោធិសត្វ ពោលថា បពិត្រលោកអាពុក) លោកមិនមានសេចក្តីធ្វេសប្រហែសជានិច្ច បានធ្វើសេចក្ដីព្យាយាម ក្នុងព្រៃស្មសាន ដ៏ដេរដាសដោយគុម្ពនៃស្បូវអណ្ដាស អស់ ១ ឆ្នំា (កាលបើដូច្នេះ) លោកចូរទៅកាន់បរិសទ្យ ហើយធ្វើ (នូវហេតុនោះ) ឲ្យទៅជាហេតុដទៃវិញ សេចក្ដីព្យាយាម រមែងមិនរក្សានូវបុគ្គលដែលឥតប្រាជ្ញាឡើយ។
[២៧២] (ព្រាហ្មណ៍ ពោលថា) ម្នាលសោមទត្តជាកូន ធម្មតាជនអ្នកសូមគេ រមែងដល់នូវហេតុពីរយ៉ាង គឺមិនបាននូវទ្រព្យ ១ បាននូវទ្រព្យ ១ ព្រោះថា ការសូមគេ រមែងមានសភាពយ៉ាងនេះជាធម្មតា។
ចប់ សោមទត្តជាតក ទី១។
(២១២. ឧច្ឆិដ្ឋភត្តជាតកំ (២-៧-២))
[២៧៣] (ព្រាហ្មណ៍ ពោលថា) អាការខាងលើដទៃ អាការខាងក្រោមដទៃ ម្នាលនាងព្រាហ្មណី អញសួរចំពោះនាងថា បាយខាងក្រោម តើដូចម្ដេច បាយខាងលើ តើដូចម្ដេច។
[២៧៤] (កូនអ្នករបាំពោធិសត្វ ពោលថា) ម្នាលអ្នកដ៏ចំរើន ខ្ញុំអ្នករបាំ ជាអ្នកសូម មកដល់ក្នុងទីនេះ ឯសហាយរបស់នាងព្រាហ្មណីនេះ ចុះទៅហើយកាន់ជង្រុក អ្នកស្វែងរកនូវបុរសណា បុរសនោះ នេះឯង។
ចប់ ឧច្ឆិដ្ឋភត្តជាតក ទី២។
(២១៣. ភរុជាតកំ (២-៧-៣))
[២៧៥] (ព្រះសាស្ដា ត្រាស់ថា) តថាគតបានឮដូច្នេះថា ស្ដេចនៅក្នុងដែនភរុ បានធ្វើនូវទោសដល់ពួកឥសី ស្ដេចនោះ (ដល់នូវឆន្ទាគតិ) ក៏ដាច់សូន្យព្រមទាំងដែន ដល់នូវសេចក្ដីវិនាស។
[២៧៦] ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ តែងមិនសសើរនូវការលុះក្នុងឆន្ទាគតិ (បុគ្គល) មានចិត្ត គឺកិលេសមិនប្រទូស្តហើយ គប្បីពោលនូវវាចាដែលប្រកបដោយសច្ចៈ។
ចប់ ភរុរាជជាតក ទី៣។
(២១៤. បុណ្ណនទីជាតកំ (២-៧-៤))
[២៧៧] (ព្រះរាជាទ្រង់លិខិតក្នុងព្រះរាជសាសន៍ថា) ជនទាំងឡាយពោលនូវស្ទឹង ដែលល្មមសត្វណាផឹកបាន ថាជាស្ទឹងពេញហើយផង ជនទាំងឡាយពោលនូវសន្ទូង ដែលល្មមសត្វណាពួនបាន ថាជាសន្ទូងកើតហើយផង ជនទាំងឡាយហៅរកនូវបុគ្គលដែលទៅហើយកាន់ទីឆ្ងាយដោយសត្វណាផង សត្វនោះ យើងនាំមកហើយដើម្បីអ្នក ម្នាលព្រាហ្មណ៍ ចូរអ្នកបរិភោគ (នូវសាច់ក្អែកនេះ) ចុះ។
[២៧៨] (ពោធិសត្វ ពោលថា) កាលណាស្ដេចរឭកអញ សូម្បីតែសាច់ក្អែកក៏ផ្ញើមក (កាលស្ដេចបាន) ហង្សក្ដី ក្រៀលក្ដី ក្ងោកក្ដី (ហេតុអ្វីក៏មិនរឭក) ការមិនរឭកនេះឯង ជាសេចក្ដីលាមកបំផុត (ក្នុងលោក)។
ចប់ បុណ្ណនទីជាតក ទី៤។
(២១៥. កច្ឆបជាតកំ (២-៧-៥))
[២៧៩] (អាមាត្យពោធិសត្វ ពោលថា) អណ្ដើក កាលបើឈើ ខ្លួនពាំស៊ប់ហើយ ហានិយាយសម្លាប់នូវខ្លួនឯង ឈ្មោះថាសម្លាប់ដោយវាចារបស់ខ្លួន។
[២៨០] បពិត្រព្រះអង្គមានព្យាយាមប្រសើរជាងជន (ឯបណ្ឌិតបុរស) ឃើញនូវហេតុនេះហើយ មិនគប្បីបញ្ចេញវាចាជាកុសល ឲ្យហួសវេលា ព្រះអង្គគង់នឹងទតឃើញអណ្ដើក ដែលដល់នូវសេចក្ដីវិនាស ព្រោះតែនិយាយច្រើន។
ចប់ កច្ឆបជាតក ទី៥។
(២១៦. មច្ឆជាតកំ (២-៧-៦))
[២៨១] (ត្រីឈ្មោល ពោលថា) ភ្លើងនេះអញមិនក្ដៅ ឈើស្រួចដែលគេបិតសំរួចល្អហើយ ក៏អញមិនឈឺ អញឈឺតែត្រង់មេត្រីសំគាល់អញ ថាទៅត្រេកអរនឹងមេត្រីដទៃនោះ។
[២៨២] ភ្លើង គឺរាគៈនោះ រលាកនូវអញផង ចិត្ត (ដ៏សម្បយុត្តដោយរាគៈ) ក៏ញ៉ាំងអញឲ្យក្ដៅផង បពិត្រព្រានសំណាញ់ទាំងឡាយ សូមអ្នកទាំងឡាយលែងខ្ញុំទៅ (សត្វដែលឋិតនៅ) ក្នុងកាម អ្នកទាំងឡាយកុំបៀតបៀនក្នុងហេតុនីមួយ។
ចប់ មច្ឆជាតក ទី៦។
(២១៧. សេគ្គុជាតកំ (២-៧-៧))
[២៨៣] (បិតា ពោលថា) សត្វលោកទាំងអស់ ជាអ្នកមានចិត្តរីករាយ (ដោយការសេពកាម) នាងសេគ្គុ ជាស្រីមិនឈ្លាសក្នុងធម៌របស់អ្នកស្រុក នាងដែលយើងចាប់ហើយ យំក្នុងព្រៃ ដោយធម្មតាណា ធម្មតានោះរបស់នាង ឈ្មោះថា នៅក្មេងទេឬ។
[២៨៤] (នាងសេគ្គុកុមារិកា ពោលថា) ជនណាគប្បីជាទីពឹងរបស់ខ្ញុំ ដែលទុក្ខពាល់ត្រូវហើយ ជននោះជាបិតារបស់ខ្ញុំ បានប្រទូស្តក្នុងព្រៃ ខ្ញុំនោះកន្ទក់កន្ទេញចំពោះអ្នកណា ក្នុងកណ្ដាលព្រៃ បិតាណា ជាអ្នកការពារ បិតានោះធ្វើនូវកម្មដ៏សហ័ស។
ចប់ សេគ្គុជាតក ទី៧។
(២១៨. កូដវាណិជជាតកំ (២-៧-៨))
[២៨៥] (វិនិច្ឆយាមាត្យពោធិសត្វ ពោលថា) កលបញ្ឆោតតបចំពោះបុគ្គលអ្នកមានកលបញ្ឆោត អ្នកគិតល្អហើយ ការកោងតបចំពោះបុគ្គលអ្នកកោង អ្នកបានតទល់ (ល្អ) ហើយ ថាបើកណ្តុរទាំងឡាយ គប្បីស៊ីនូវផាលមែន ហេតុអ្វីក៏សត្វខ្លែងទាំងឡាយ នាំក្មេងទៅមិនបាន។
[២៨៦] ព្រោះថា បុគ្គលកោងតបទាំងឡាយ រមែងមានចំពោះបុគ្គលអ្នកកោង បុគ្គលអ្នកបោកប្រាស ដទៃអំពីបុគ្គលអ្នកបោកប្រាស រមែងមាន (ដល់) បុគ្គលអ្នកបោកប្រាស ម្នាលបុរសអ្នកបាត់កូន អ្នកចូរឲ្យនូវផាលដល់បុរសអ្នកបាត់ផាល កុំឲ្យអ្នកបាត់ផាលលួចកូនអ្នកទៅឡើយ។
ចប់ កូដវាណិជជាតក ទី៨។
(២១៩. គរហិតជាតកំ (២-៧-៩))
[២៨៧] (ពានរពោធិសត្វ ពោលថា) វាចាដែលពោលថា ប្រាក់របស់អញ មាសរបស់អញ អស់យប់ និងថ្ងៃនេះ ជាវាចារបស់មនុស្សទាំងឡាយអ្នកឥតប្រាជ្ញា មិនឃើញអរិយធម៌។
[២៨៨] កក្នុងផ្ទះមួយ មានម្ចាស់ផ្ទះពីរ ៗ នាក់ បណ្ដាម្ចាស់ផ្ទះពីរនាក់នោះ ម្ចាស់ផ្ទះម្នាក់ 3) មិនមានពុកមាត់ មានដោះយារចុះ មានផ្នួងសក់បួងហើយ មានត្រចៀកចោះប្រដាប់ហើយ ដែលគេទិញដោយទ្រព្យដ៏ច្រើន ម្ចាស់ផ្ទះនោះ តែងពោលចាក់ដោតនូវជននោះ។
ចប់ គរហិតជាតក ទី៩។
(២២០. ធម្មធជជាតកំ (២-៧-១០))
[២៨៩] (សក្កទេវរាជ ពោលថា) អ្នកមានសភាពរស់នៅជាសុខ ចេញចាកដែន ហើយមកកាន់ព្រៃដ៏ស្ងាត់ អ្នកនោះតែម្នាក់ឯង អង្គុយសញ្ជប់សញ្ជឹងនៅជិតគល់ឈើ (ក្នុងព្រៃ) ដូចជាមនុស្សកំព្រា។
[២៩០] (បុរោហិតពោធិសត្វ ពោលថា) ខ្ញុំមានសភាពរស់នៅជាសុខ ចេញចាកដែន ហើយមកកាន់ព្រៃស្ងាត់ ខ្ញុំនោះតែម្នាក់ឯង ការរឭកធម៌របស់សប្បុរស អង្គុយសញ្ជប់សញ្ជឹង ជិតគល់ឈើ (ក្នុងព្រៃ) ដូចជាមនុស្សកំព្រា។
ចប់ ធម្មទ្ធជជាតក ទី១០។
ចប់ ពីរណត្ថម្ភកវគ្គ ទី៧។
ឧទ្ទាននៃពីរណត្ថម្ភកវគ្គនោះគឺ
និយាយអំពីគុម្ពស្មៅរណ្ដាសដ៏ប្រសើរ ១ អ្នករបាំ ១ ស្ដេចភុរុដ៏ឧត្តមប្រសើរ ១ ស្ទឹងពេញដោយទឹក ១ បុគ្គលនិយាយច្រើន ១ ភ្លើង ១ ព្រៃធំ ១ សត្វកណ្ដុរ ១ មនុស្សដោះយារ ១ មនុស្សកំព្រា ១ ត្រូវជា ១០។
(៨. កាសាវវគ្គោ)
(២២១. កាសាវជាតកំ (២-៨-១))
[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេសមិនទាន់លះចេញហើយ ជាអ្នកប្រាសចាកទមៈ (ការទូន្មាននូវឥន្រ្ទិយ) និងសច្ចៈ និងស្លៀកដណ្ដប់នូវសំពត់ ដែលជ្រលក់ដោយទឹកចត់ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់ឡើយ។
[២៩២] ចំណែកខាងបុគ្គលណា មានទឹកចត់ គឺកិលេសខ្ជាក់ចោលហើយ មានចិត្តតាំងមាំល្អក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់បាន។
ចប់ កាសាវជាតក ទី១។
(២២២. ចូឡនន្ទិយជាតកំ (២-៨-២))
[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោលនូវពាក្យណាថា បាបកម្មណា ដែលធ្វើហើយ ញ៉ាំងអ្នកឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបកម្មនោះឡើយ នេះជាពាក្យរបស់អាចារ្យ។
[២៩៤] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវអំពើទាំងឡាយនោះ ចំពោះខ្លួន បុរសអ្នកធ្វើអំពើល្អ រមែងទទួលផលល្អ ចំណែកខាងបុរសអ្នកធ្វើអំពើអាក្រក់ រមែងទទួលផលអាក្រក់ បុគ្គលសាបព្រោះនូវពូជណា រមែងបាននូវផ្លែបែបនោះ។
ចប់ ចុល្លននិ្ទយជាតក ទី២។
(២២៣. បុដភត្តជាតកំ (២-៨-៣))
[២៩៥] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលគប្បីឱនលំទោនតបចំពោះបុគ្គលអ្នកឱនលំទោនខ្លួន គប្បីគប់រកនូវបុគ្គលអ្នកគប់រកខ្លួន គប្បីធ្វើកិច្ចតបចំពោះបុគ្គលអ្នកធ្វើនូវកិច្ចដល់ខ្លួន កុំគប្បីធ្វើប្រយោជន៍ដល់បុគ្គលអ្នកប្រាថ្នានូវសេចក្ដីវិនាសដល់ខ្លួន មិនគប្បីរាប់រកនូវបុគ្គលអ្នកមិនរាប់រកខ្លួន។
[២៩៦] បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បីធ្វើនូវឈើដែលតាំងនៅក្នុងព្រៃ គឺសេចក្ដីប៉ុនប៉ងក្នុងបុគ្គលនោះ មិនគប្បីសមាគមជាមួយនឹងបុគ្គលដែលមានចិត្តវិប្បលាស សត្វស្លាបដឹងនូវឈើដែលមានផ្លែអស់ហើយ រមែងសំឡឹងរកនូវដើមឈើឯទៀត ដែលមានផ្លែយ៉ាងណា (បុគ្គលគប្បីគប់រកបុគ្គលដទៃ យ៉ាងនោះដែរ) ព្រោះថា លោកសន្និវាសនៅធំទូលាយណាស់។
ចប់ បុដភត្តជាតក ទី៣។
(២២៤. កុម្ភិលជាតកំ (២-៨-៤))
[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណាមានធម៌ ៤ យ៉ាង គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងកន្លងនូវសត្រូវបាន។
[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងមិនកន្លងនូវសត្រូវបានទេ។
ចប់ កុម្ភីលជាតក ទី៤។
(២២៥. ខន្តិវណ្ណជាតកំ (២-៨-៥))
[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរសរបស់ទូលព្រះបង្គំម្នាក់ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សំគាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹងធ្វើដូចម្ដេច។
[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នកប្រទូស្ត) ក្នុងផ្ទះរបស់យើងមានដែរ ឯបុរសបែបនេះ (ឥឡូវនេះ) មានក្នុងទីនេះ តែបុរសអ្នកប្រកបដោយចំណែកនៃគុណ គេរកបានដោយកម្រ បានជាយើងចូលចិត្តអត់ធន់។
ចប់ ខន្តិវណ្ណនជាតក ទី៥។
(២២៦. កោសិយជាតកំ (២-៨-៦))
[៣០១] (អាមាត្យពោធិសត្វ ពោលថា) ការចេញទៅក្នុងកាលគួរ ជាការប្រពៃ ការចេញទៅក្នុងកាលមិនគួរ មិនជាការប្រពៃទេ ព្រោះថា (ជនណាមួយ) ចេញទៅក្នុងកាលមិនគួរ រមែងមិនញ៉ាំងប្រយោជ៍តិចតួចឲ្យកើតបាន ជនជាសត្រូវដ៏ច្រើន នឹងចោមចាប់នូវបុរសតែម្នាក់ឯង (ដែលចេញទៅក្នុងកាលមិនគួរ ហើយឲ្យដល់នូវសេចក្ដីវិនាសដ៏ធំ) ដូចសេនាក្អែក (ចោមចឹក) នូវសត្វមៀម (ដែលចេញទៅក្នុងកាលមិនគួរ)។
[៣០២] អ្នកប្រាជ្ញដឹងនូវរបៀប និងការចាត់ចែង ដឹងនូវទោសរបស់ជនទាំងឡាយដទៃ បានធ្វើនូវមិត្រទាំងអស់ឲ្យលុះក្នុងអំណាចរបស់ខ្លួន គប្បីបាននូវសេចក្ដីសុខដូចសត្វមៀម (មានប្រាជ្ញាចឹកក្បាលក្អែកឲ្យដាច់ស្លាប់) បានសេចក្ដីសុខដូច្នោះ។
ចប់ កោសិយជាតក ទី៦។
(២២៧. គូថបាណជាតកំ (២-៨-៧))
[៣០៣] (សត្វកំពោង ពោលថា) អ្នកជាសត្វក្លៀវក្លា មកចួបប្រទះនឹងយើងជាអ្នកក្លៀវក្លា មានសេចក្ដីប្រឹងប្រែង អាចប្រហារគ្នាបាន នែដំរី អ្នកចូរមក អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ទៅ អ្នកស្រុកអង្គៈ និងមគធៈទាំងឡាយ ចូរមើលសេចក្ដីព្យាយាម របស់យើង និងអ្នក។
[៣០៤] (ដំរី ពោលថា) យើងនឹងមិនសម្លាប់អ្នកដោយជើង មិនសម្លាប់ដោយភ្លុក មិនសម្លាប់ដោយប្រមោយទេ យើងនឹងសម្លាប់អ្នកដោយអាចម៍ សត្វស្អុយ ចូរវិនាសដោយរបស់ស្អុយ។
ចប់ គូថបាណកជាតក ទី៧។
(២២៨. កាមនីតជាតកំ (២-៨-៨))
[៣០៥] (ព្រះបាទពារាណសី ត្រាស់ថា) យើងប្រាថ្នានូវដែន ជាចន្លោះនៃក្រុងទាំង ៣ គឺដែនបញ្ចាលៈ ១ កុរុ ១ កេកកៈ ១ ម្នាលព្រាហ្មណ៍ យើងត្រូវការរាជសម្បត្តិ ក្នុងក្រុងទាំង ៣ នោះ ក្រៃលែងជាងរាជសម្បត្តិក្នុងក្រុងពាណសីនោះទៅទៀត ម្នាលព្រាហ្មណ៍ អ្នកចូររក្សានូវយើង ដែលកាមនាំទៅហើយ។
[៣០៦] (សក្កទេវរាជពោធិសត្វ ត្រាស់ថា) ពេទ្យពួកខ្លះ រមែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលពស់ចឹកហើយ បណ្ឌិតទាំងឡាយ តែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលខ្មោចចូលហើយ បុគ្គលនីមួយ (ក្រៅពីបណ្ឌិត) រមែងមិនធ្វើនូវការរក្សា ចំពោះបុគ្គលដែលកាមនាំទៅហើយ ព្រោះថា ការរក្សាដូចម្ដេច ចំពោះបុគ្គលដែលមានធម៌សដាក់ចុះហើយ។
ចប់ កាមនីតជាតក ទី៨។
(២២៩. បលាយិតជាតកំ (២-៨-៩))
[៣០៧] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) ក្រុងតក្កសិលា យើងឡោមព័ទ្ធជុំវិញហើយ ដោយពពក គឺពលដំរី ស្រែកសំទារដ៏ប្រសើរដោយកម្រងផ្កា គឺពលសេះដ៏ប្រសើរ ដោយរលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរ ដោយខ្មាន់ធ្នូជាអ្នកលបចាំប្រហារមាំ។
[៣០៨] អ្នកទាំងឡាយ ចូរស្ទុះទៅផង ចូរលោតផ្លោះទៅផង ចូរស្រែកដោយសម្លេងផ្សេងៗ (មួយអន្លើ) ដោយពលដំរីទាំងឡាយ សម្លេងគឺកកងដ៏ខ្លាំង (ប្រាកដស្មើដោយសម្លេងនៃរន្ទះ) ចូរប្រព្រឹត្តទៅក្នុងថ្ងៃនេះ ដូចជាផ្លេកបន្ទោរ ដែលចេញផុតចាកមេឃកាលគ្រហឹមដូច្នោះ។
ចប់ បលាយិជាតក ទី៩។
(២៣០. ទុតិយបលាយិតជាតកំ (២-៨-១០))
[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថប្រមាណមិនបាន ពលពាហនៈមានត្រើយមិនមានទីបំផុត (រាប់មិនបាន) ពួកសត្រូវគ្របសង្កត់បានដោយក្រ ដូចជាសមុទ្ទសាគរ ដែលហ្វូងក្អែក (គ្របសង្កត់បានដោយក្រ) (ពួកពលរបស់យើងនេះ) ពួកពលដទៃគ្របសង្កត់បានដោយក្រ ដូចជាភ្នំដែលខ្យល់គ្របសង្កត់បានដោយក្រ ក្នុងថ្ងៃនេះ អាត្មាអញប្រកបដោយពលប្រាកដដូច្នោះ កម្រអ្នកណានឹងគ្របសង្កត់បាន។
[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយនូវអំពើពាលឡើយ ព្រោះបុគ្គលប្រហែលដូចព្រះអង្គ មិន (អាចយករាជសម្បត្តិបានទេ) ព្រះអង្គក្ដៅអន្ទះអន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈតែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គរមែងមិនបាននូវបុគ្គលប្រាកដស្មើដោយខ្ញុំ ដែលជាអ្នកកំចាត់បង់ទេ ដំរីណា នឹងគក់បោកនូវព្រះអង្គ ដូចជាជាន់ឈ្លីនូវដើមបបោសដោយជើង ព្រះអង្គដូចជាដំរី (ចុះប្រេង) ចូលទៅរក ត្រាច់ទៅតែម្នាក់ឯងនោះ។
ចប់ ទុតិយបលាយិជាតក ទី១០។
ចប់ កាសាវវគ្គ ទី៨។
ឧទ្ទាននៃកាសាវវគ្គនោះគឺ
និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែឈើអស់ហើយ ១ ធម៌ដ៏ប្រសើរ ៤ យ៉ាង ១ បុរសដ៏ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជនក្នុងដែនមគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏ប្រសើរស្រែកសំទារ ១ ទង់ដ៏ប្រសើរ ១ ត្រូវជា ១០។
(៩. ឧបាហនវគ្គោ)
(២៣១. ឧបាហនជាតកំ (២-៩-១))
[៣១១] (ទ្រម័កដំរីពោធិសត្វ ពោលថា) ស្បែកជើងដែលបុរសទិញហើយ ដើម្បីប្រយោជន៍ដោយសេចក្ដីសុខ ជាស្បែកជើងក្ដៅហើយដោយកំដៅថ្ងៃ បៀតបៀនផ្ទៃជើង គប្បីនាំមកនូវសេចក្ដីទុក្ខ គប្បីស៊ីនូវជើងនៃបុរសនោះឯង មានឧបមាយ៉ាងណា។
[៣១២] បុគ្គលណា កើតក្នុងត្រកូលអាក្រក់ ជាអ្នកមិនប្រសើរ បានរៀនវិជ្ជា និងសូត្រ (អំពីសំណាក់) នៃអ្នកទាំងឡាយ (អាចារ្យ) ហើយ រមែងស៊ីនូវខ្លួននោះឯង ព្រោះវិជ្ជា និងសូត្រដែលខ្លួនរៀនហើយ ក្នុងសំណាក់នៃអាចារ្យនោះ បុគ្គលនោះ (បណ្ឌិតពោលថា) ជាមនុស្សមិនប្រសើរ មានឧបមាដោយស្បែកជើង ដែលធ្វើមិនល្អហើយ យ៉ាងនោះដែរ។
ចប់ ឧបាហនជាតក ទី១។
(២៣២. វីណាគុណជាតកំ (២-៩-២))
[៣១៣] (សេដ្ឋីពោធិសត្វ ពោលថា) ប្រយោជន៍នេះ នាងគិតតែម្នាក់ឯង បុរសពាល នាំនាងទៅមិនបាន ម្នាលនាងដ៏ចំរើន ព្រោះថា នាងមិនគួរដើម្បីទៅជាមួយនឹងបុរសគមតឿឡើយ។
[៣១៤] (សេដ្ឋីធីតា ពោលថា) ខ្ញុំសំគាល់បុរសគម ថាជាបុរសឧសភៈ បានប្រាថ្នាហើយ បុរសគមនេះ ដេករួញអង្កុញ ដូចជាពិណដែលមានខ្សែដាច់។
ចប់ វីណាថូណជាតក ទី២។
(២៣៣. វិកណ្ណជាតកំ (២-៩-៣))
[៣១៥] (បុរសអ្នកឲ្យបាយត្រី ពោលថា) ឯងប្រាថ្នាក្នុងទីណាប្រាកដ ចូរទៅក្នុងទីនោះចុះ ឯងត្រូវច្បូកមុតហើយ ត្រង់ទីជាទីស្លាប់ ឯងជាសត្វរលោរលាំ ដេញតាមចាប់នូវត្រីទាំងឡាយ ត្រូវគេសម្លាប់ហើយដោយបាយ ព្រមទាំងគ្រឿងប្រគំ។
[៣១៦] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលកាលប្រព្រឹត្តទៅតាមលោកាមិសៈ ជាអ្នកលុះក្នុងអំណាចនៃចិត្ត រមែងក្ដៅក្រហាយ បុគ្គលនោះ រមែងក្ដៅក្រហាយក្នុងកណ្តាលពួកញាតិ និងសំឡាញ់ បុគ្គលនោះ ដូចក្រពើដេញតាមនូវត្រីដូច្នោះ។
ចប់ វិកណ្ណកជាតក ទី៣។
(២៣៤. អសិតាភូជាតកំ (២-៩-៤))
[៣១៧] (នាងអសិតាភូ ពោលថា) (ខ្ញុំ) អស់សេចក្ដីស្រឡាញ់ចំពោះអ្នកព្រោះអំពើណា អ្នកបានធ្វើអំពើនេះ ក្នុងកាលឥឡូវនេះ សេចក្ដីស្រឡាញ់នោះ មិនតជាប់វិញទេ ដូចជាភ្លុកដំរីដែលគេកាត់ដោយរណាដូច្នោះ។
[៣១៨] (ព្រហ្មទត្តរាជកុមារ មានបន្ទូលថា) បុគ្គលមានសេចក្ដីប្រាថ្នាលើសលុប រមែងសាបសូន្យចាកប្រយោជន៍ ព្រោះលោភហួសហេតុផង ព្រោះសេចក្ដីស្រវឹងក្នុងការចង់បានហួសហេតុផង ដូចយើងសាបសូន្យចាករាជធីតាឈ្មោះអសិតាភូ។
ចប់ អសិតាភុជាតក ទី៤។
(២៣៥. វច្ឆនខជាតកំ (២-៩-៥))
[៣១៩] (ពារាណសីសេដ្ឋី ពោលថា) បពិត្រវច្ឆនខតាបស លោកជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ គប្បីបរិភោគផង ផឹកផង ហើយដេកក្នុងផ្ទះទាំងឡាយណា ផ្ទះទាំងឡាយនោះ ប្រកបដោយប្រាក់ និងមាស ប្រកបដោយភោជន ជាសុខ (យ៉ាងក្រៃលែង)។
[៣២០] (វច្ឆនខតាបស ពោលថា) ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលឥតព្យាយាម ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិននិយាយពាក្យកុហក ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិនកាន់យកនូវអាជ្ញា មិនធ្វើទោសដល់ជនទាំងឡាយដទៃ បុគ្គលណានឹងគ្រប់គ្រងផ្ទះដែលធ្លុះ បំពេញបានដោយកម្រយ៉ាងនេះ។
ចប់ វច្ឆនខជាតក ទី៥។
(២៣៦. ពកជាតកំ (២-៩-៦))
[៣២១] (ពួកត្រី ពោលថា) សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាបទាំងពីរសម្លបហើយ ឈរសំកុកហាក់ដូចជាមានកំឡាំងខ្សោយ។
[៣២២] (ត្រីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនដឹងច្បាស់នូវសីលរបស់កុកនោះទេ អ្នកទាំងឡាយ មិនដឹងហើយ នាំគ្នាសរសើរសត្វស្លាបមិនមែនរក្សានូវយើងឡើយ ព្រោះហេតុនោះ ទើបសត្វស្លាប (នេះ) មិនកម្រើកខ្លួន។
ចប់ ពកជាតក ទី៦។
(២៣៧. សាកេតជាតកំ (២-៩-៧))
[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះ ក្នុងលោកនេះ។
[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់នោះ រមែងកើតដោយហេតុពីរយ៉ាង គឺដោយធ្លាប់នៅរួមគ្នា ក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នាក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹក ដោយហេតុពីរយ៉ាង គឺទឹក ១ ភក់ ១។
ចប់ សាកេតជាតក ទី៧។
(២៣៨. ឯកបទជាតកំ (២-៩-៨))
[៣២៥] (កុមារជាកូននៃព្រះពោធិសត្វ ពោលថា) បពិត្របិតា យើងញ៉ាំងប្រយោជន៍ឲ្យសម្រេច ដោយបទណា សូមអញ្ជើញលោកបា្រប់នូវបទនោះតែមួយ ដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន ដែលសង្គ្រោះ (រួមចូល) តែមួយ។
[៣២៦] (បិតា ប្រាប់ថា) នែកូន សេចក្ដីឧស្សាហ៍ (ប្រកបដោយញាណ) ជាបទតែមួយដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន តែសេចក្ដីឧស្សាហ៍នោះ ប្រកបដោយសីល ប្រកបដោយខន្តិធម៌ អាចញ៉ាំងពួកមិត្រឲ្យសុខ ឬដើម្បីសេចក្ដីទុក្ខដល់ពួកបុគ្គលមិនមែនជាមិត្រ។
ចប់ ឯកបទជាតក ទី៨។
(២៣៩. ហរិតមណ្ឌូកជាតកំ (២-៩-៩))
[៣២៧] (សត្វពស់ សួរថា) ម្នាលអ្នកជាកូននៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវយើង ដែលជាសត្វមានពិស ដែលចូលទៅកាន់មាត់លប ដោយហេតុណា ហេតុនេះ ពេញចិត្ត (ដល់អ្នកដែរឬ)។
[៣២៨] (នីលមណ្ឌុកពោធិសត្វ ពោលថា) (ឥស្សរភាព) របស់បុរសនោះ បានប្រព្រឹត្តទៅ ដរាបណា បុរស (នោះ) រមែងរឹបជាន់ (ជនដទៃដរាបនោះ) លុះពួកជនដទៃ (បានឥស្សរភាព) រមែងរឹបជាន់វិញ ក្នុងកាលណា បុរសអ្នករឹបជាន់នោះ ត្រូវពួកជនដទៃរឹបជាន់វិញ ក្នុងកាលនោះ។
ចប់ ហរិតមាតជាតក ទី៩។
(២៤០. មហាបិង្គលជាតកំ (២-៩-១០))
[៣២៩] (ព្រះពោធិសត្វ ពោលថា) ជនទាំងអស់ ត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ កាលស្ដេចនោះសោយទិវង្គតហើយ ជនទាំងឡាយ រមែងបាននូវសេចក្ដីត្រេកអរ ម្នាលទ្វារបាល សេ្ដចអកណ្ហនេត្រ ជាទីស្រឡាញ់របស់អ្នកឬ ព្រោះហេតុអ្វីបានជាអ្នកយំ។
[៣៣០] (ទ្វារបាលបុរស ពោលថា) ស្ដេចអកណ្ហនេត្រ មិនមែនជាទីស្រឡាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចស្ដេចនោះត្រឡប់មកវិញ (ព្រោះសេ្ដចនោះ) ទៅអំពីមនុស្សលោកនេះ គប្បីបៀតបៀននូវមច្ចុរាជ មច្ចុរាជនោះ ក្រែងត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ គប្បីនាំមកទុកក្នុងមនុស្សលោកនេះវិញ។
[៣៣១] (ព្រះពោធិសត្វ ពោលថា) ព្រះបាទបិង្គលៈនោះ គេដុតដោយឧស ១ ពាន់ដឹក គេស្រោចដោយទឹកមួយរយក្អម ឯទីសម្រាប់ដុត គេបិទបាំងជុំវិញហើយ អ្នកកុំភ័យឡើយ ស្ដេចបិង្គលៈនោះ នឹងមិនមកវិញបានទេ។
ចប់ មហាបិង្គលជាតក ទី១០។
ចប់ ឧបាហនវគ្គ ទី៩។
ឧទ្ទាននៃឧបាហនវគ្គនោះគឺ
និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវច្បូកមុត ១ ព្រះរាជធីតាឈ្មោះអសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ សេចក្ដីស្រឡាញ់ដ៏ប្រសើរឧត្ដម ១ បទតែមួយ ១ មាត់លប ១ សេ្ដចឈ្មោះបិង្គលៈ ១ ត្រូវជា ១០។
(១០. សិង្គាលវគ្គោ)
(២៤១. សព្វទាឋិជាតកំ (២-១០-១))
[៣៣២] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចចក រឹងត្អឹងដោយមានះ ត្រូវការដោយបរិវារ (ច្រើន) ក៏ដល់ភូមិសម្បត្តិដ៏ធំ បានជាសេ្ដចនៃពួកសត្វមានចង្កូមទាំងពួង។
[៣៣៣] បណ្ដាមនុស្សទាំងឡាយ មនុស្សណា ជាអ្នកមានបរិវារ មនុស្សនោះ ឈ្មោះថាជាធំក្នុងពួកបរិវារនោះ ដូចជាចចក (បានជាធំ) ជាងសត្វមានចង្កូមទាំងឡាយ ដូច្នោះឯង។
ចប់ សព្វទាឋិជាតក ទី១។
(២៤២. សុនខជាតកំ (២-១០-២))
[៣៣៤] (ព្រះពោធិសត្វ ពោលថា) ឆ្កែណា មិនស៊ីព្រ័ត្រ ឆ្កែនុ៎ះពេញជាល្ងង់ ម្យ៉ាងទៀត ឆ្កែគួរដោះខ្លួនអំពីចំណង ស៊ីព្រ័ត្រឆ្អែតហើយ គប្បីទៅកាន់ផ្ទះ (របស់ខ្លួន)។
[៣៣៥] (ឆ្កែពោលថា ពាក្យរបស់អ្នក) ខ្ញុំបានតាំងទុកក្នុងចិត្តខ្ញុំហើយ ម្យ៉ាងទៀត ខ្ញុំបានធ្វើទុកក្នុងហឫទ័យខ្ញុំហើយ ជនដេកលក់ស៊ប់ដរាបណា ខ្ញុំរង់ចាំនូវកាល ដរាបនោះ។
ចប់ សុនខជាតក ទី២។
(២៤៣. គុត្តិលជាតកំ (២-១០-៣))
[៣៣៦] (ព្រះពោធិសត្វ ពោលថា) បពិត្រព្រះឥន្រ្ទកោសិយ ខ្ញុំបាន (ញុំាំងសិស្សឈ្មោះមុសិលៈ) ឲ្យរៀននូវពិណមានខ្សែ ៧ មានសម្លេងពីរោះ ជាទីរីករាយនៃចិត្ត (ឥឡូវនេះ) សិស្សឈ្មោះមុសិលៈនោះ ហៅខ្ញុំក្នុងកណ្ដាលរង្គមណ្ឌល (កន្លែងរាំ) សូមព្រះអង្គជាទីពឹងនៃខ្ញុំ។
[៣៣៧] (សក្កទេវរាជ ទ្រង់មានព្រះបន្ទូលថា) ម្នាលសំឡាញ់ ខ្ញុំនឹងជាទីពឹងរបស់អ្នក ខ្ញុំជាអ្នកបូជានូវអាចារ្យ សិស្សនឹងមិនឈ្នះអ្នក បពិត្រអាចារ្យ អ្នកនឹងឈ្នះនូវសិស្សវិញ។
ចប់ គុត្តិលជាតក ទី៣។
(២៤៤. វិគតិច្ឆជាតកំ (២-១០-៤))
[៣៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលឃើញនូវរបស់ណា មិនប្រាថ្នានូវរបស់នោះ មួយទៀត មិនឃើញនូវរបស់ណា ចង់បានរបស់នោះ យើងសំគាល់ថា បុគ្គលនោះ នឹងត្រាច់ទៅ (ក្នុងសង្សារ) អស់កាលយូរ ព្រោះថា បុគ្គលនោះប្រាថ្នារបស់ណា មិនបាននូវរបស់នោះ។
[៣៣៩] (បុគ្គលបាននូវរបស់ណា) មិនត្រេកអរនឹងរបស់នោះ ប្រាថ្នាសម្បត្តិណា មើលងាយនូវសម្បត្តិ ដែលបានហើយនោះ ព្រោះថាសេចក្ដីប្រាថ្នា ជាដំណើររកទីបំផុតគ្មាន យើងសូមធ្វើនមស្ការចំពោះពួកបណ្ឌិត ដែលមានសេចក្ដីប្រាថ្នាទៅប្រាសហើយ។
ចប់ វិគតិច្ឆជាតក ទី៤។
(២៤៥. មូលបរិយាយជាតកំ (២-១០-៥))
[៣៤០] (អាចារ្យទិសាបាមោក្ខពោធិសត្វ សួរថា) កាល រមែងស៊ីនូវពួកសត្វទាំងអស់ ព្រមទាំងខ្លួនឯង ចំណែកសត្វណា ជាអ្នកស៊ីនូវកាល សត្វនោះ ឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតសត្វ។
[៣៤១] (ព្រះពោធិសត្វ តិះដៀលថា) ក្បាលនរជនទាំងឡាយដ៏ច្រើន ក្បាលទាំងនោះ មានរោមផង ធំផង គ្របនៅលើ ក បណ្តាមនុស្សទាំងអម្បាលនេះ គង់មានមនុស្សណាមួយ ដែលមានប្រាជ្ញាមិនខាន។
ចប់ មូលបរិយាយជាតក ទី៥។
(២៤៦. ពាលោវាទជាតកំ (២-១០-៦))
[៣៤២] (កុដុម្ពិក៍ម្នាក់ ពោលថា) បុគ្គលអ្នកមិនត្រូវសង្រួមប្រហារសត្វផង ធ្វើសត្វឲ្យលំបាកផង ធ្វើសត្វឲ្យស្លាប់ផង ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ កាលបរិភោគនូវភត្តបែបនេះ ឈ្មោះថា ប្រឡាក់ដោយបាបដែរ។
[៣៤៣] (ព្រះពោធិសត្វ តបថា) ប្រសិនបើបុគ្គលអ្នកមិនសង្រួម សូម្បីសម្លាប់នូវកូន និងប្រពន្ធ ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ ជាអ្នកប្រកបដោយប្រាជ្ញា ទុកជាកាលបរិភោគ ក៏មិនប្រឡាក់ដោយបាបឡើយ។
ចប់ ពាលោវាទជាតក ទី៦។
(២៤៧. បាទញ្ជលីជាតកំ (២-១០-៧))
[៣៤៤] (អាមាត្យពោធិសត្វ សរសើរថា) ព្រះរាជកុមារព្រះនាមបាទញ្ជលី រុងរឿងកន្លងនូវពួកយើងទាំងអស់គ្នា ដោយប្រាជ្ញាពិតមែន ដូច្នោះ បានជាទ្រង់ពេបព្រះឱស្ឋ ទ្រង់ទតឃើញនូវហេតុដ៏ក្រៃលែងដោយពិត។
[៣៤៥] (ព្រះពោធិសត្វ ដៀលថា) ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ មិនទ្រង់ជា្របនូវសភាពជាធម៌ និងសភាពមិនមែនជាធម៌ផង នូវប្រយោជន៍ និងមិនមែនជាប្រយោជន៍ផង ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ វៀរលែងតែការពេប នូវព្រះឱស្ឋចេញហើយ ទ្រង់មិនជ្រាបនូវហេតុតិចតួចឡើយ។
ចប់ បាទញ្ជលិជាតក ទី៧។
(២៤៨. កិំសុកោបមជាតកំ (២-១០-៨))
[៣៤៦] (ព្រះរាជា ពោលថា) ដើមចា អ្នករាល់គ្នាបានឃើញហើយ អ្នកទាំងឡាយនៅសង្ស័យក្នុងដើមចានោះ ថាដូចម្ដេចហ្ន៎ ដ្បិតអ្នកទាំងឡាយ មិនបានសាកសួរនាយសារថី ក្នុងទីទាំងពួងសោះ។
[៣៤៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ ដែលពួកជនណា មិនបានដឹងហើយ ដោយញាណទាំងឡាយទាំងពួង យ៉ាងនេះ ពួកជននោះឯង រមែងសង្ស័យក្នុងធម៌ទាំងឡាយ ដូចជា (ព្រះរាជបុត្រទាំង ៤ ព្រះអង្គ) ជាបងប្អូននឹងគ្នា សង្ស័យក្នុងដើមចាដូច្នោះ។
ចប់ កឹសុកោបមជាតក ទី៨។
(២៤៩. សាលកជាតកំ (២-១០-៩))
[៣៤៨] (ហ្មពស់ ពោលថា) នែសាលកវានរៈ អ្នកជាក់ជាកូនប្រុសតែមួយ (នៃយើង) មួយទៀត អ្នកនឹងបានជាធំក្នុងត្រកូលរបស់យើង ចូរអ្នកចុះអំពីដើមឈើមក យើងនឹងទៅផ្ទះ ក្នុងកាលឥឡូវនេះ។
[៣៤៩] (ស្វាពោលតបថា) ក្រែងអ្នកសម្គាល់ខ្ញុំថាជាសត្វមានហឫទ័យល្អ តែអ្នកបៀតបៀនខ្ញុំដោយបន្ទះឫស្សី ខ្ញុំត្រេកអរក្នុងព្រៃស្វាយ ដែលមានផ្លែទុំ អ្នកចូរទៅផ្ទះតាមសប្បាយចុះ។
ចប់ សាលកជាតក ទី៩។
(២៥០. កបិជាតកំ (២-១០-១០))
[៣៥០] (តាបសកុមារ ពោលថា) ឥសីអង្គនេះ ត្រេកអរក្នុងការស្ងប់ និងការសង្រួម លោកត្រូវភ័យអំពីរងាបៀតបៀនហើយ សូមឲ្យតាបសនេះ ចូលមកកាន់ផ្ទះនេះ ដើម្បីបន្ទោបង់នូវត្រជាក់ និងសេចក្ដីក្រវល់ក្រវាយចេញ កុំឲ្យមានសេសសល់ឡើយ។
[៣៥១] (ពោធិសត្វ ពោលថា) អ្នកនេះមិនមែនជាឥសីអ្នកត្រេកអរក្នុងការស្ងប់ និងការសង្រួមទេ អ្នកនេះជាសត្វស្វា ជាសត្វគោចរនៅលើមែកល្វា ស្វានោះជាសត្វខឹងប្រទូស្ត មានសន្ដានចិត្តដ៏លាមក បើវាចូលមក មុខតែប្រទូស្តផ្ទះនេះមិនខាន។
ចប់ កបិជាតក ទី១០។
ចប់ សិគាលវគ្គ ទី១០។
ឧទ្ទាននៃសិគាលវគ្គនោះគឺ
និយាយអំពីសេ្ដចចចក ១ សុនខ ១ ព្រះឥន្រ្ទកោសិយ ១ បុគ្គលប្រាថ្នា ១ បុគ្គលអ្នកស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០។
ឧទ្ទាននៃវគ្គគឺ
និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡ្ហវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០។
ចប់ ទុកនិបាត។