តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 02 បាលី cs-km: sut.kn.jat.v02.02 អដ្ឋកថា: sut.kn.jat.v02.02_att PTS: ?
សន្ថវវគ្គ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. សន្ថវវគ្គោ)
(១៦១. ឥន្ទសមានគោត្តជាតកំ (២-២-១))
[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បីធ្វើសេចក្តីស្និទ្ធស្នាលជាមួយនឹងបុរសលាមក អរិយបុគ្គល ដឹងច្បាស់នូវប្រយោជន៍ (ក៏មិនគប្បីធ្វើនូវសេចក្ដីស្និទ្ធស្នាល ជាមួយនឹងបុគ្គលមិនមែនជាអរិយៈ (បុគ្គលមិនមែនជាអរិយៈ) សូម្បីនៅជាមួយគ្នាអស់កាលយូរ រមែងធ្វើអំពើអាក្រក់ ដូចជាដំរីកាលព្រេចនូវតាបសឈ្មោះឥន្ទសមានគោត្រ។
[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវមេត្រីជាមួយនឹងជននោះចុះ (ព្រោះ) ការគប់រកដោយសប្បុរស តែងនាំមកនូវសេចក្ដីសុខដោយពិត។
ចប់ ឥន្ទសមានគោត្តជាតក ទី១។
(១៦២. សន្ថវជាតកំ (២-២-២))
[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយនឹងបុរសលាមក របស់ដទៃលាមកក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាភ្លើងដែលយើងឲ្យឆ្អែតដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹកដែលយើងធ្វើហើយដោយលំបាក។
[១៧៤] ការស្និទ្ធស្នាលណា ជាមួយនឹងសប្បុរស របស់ដទៃប្រសើរក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាមេម្រឹគឈ្មោះសាមា លិទ្ធមាត់នៃស្ដេចរាជសីហ៍ផង ខ្លាធំផង ខ្លាដម្បងផង ព្រោះការស្និទ្ធស្នាល។
ចប់ សន្ថវជាតក ទី២។
(១៦៣. សុសីមជាតកំ (២-២-៣))
[១៧៥] (ពោធិសត្វ ពោលថា) បពិត្រព្រះរាជា ទ្រង់ព្រះនាមសុសីមៈ ម្រឹគខ្មៅ មានភ្លុកស (ដំរី) នេះ របស់ព្រះអង្គច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ព្រះអង្គទ្រង់រឭកនូវព្រះបិតា និងធីតា (របស់ខ្ញុំព្រះអង្គ) ទើបត្រាស់ថា អញនឹងឲ្យដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែនឬ។
[១៧៦] (ព្រះរាជា ត្រាស់ថា) ម្នាលមាណព ម្រឹគខ្មៅមានភ្លុកសនេះ របស់ខ្ញុំច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ខ្ញុំកាលរឭកនូវបិតា និងធីតា ទើបពោលថា ខ្ញុំនឹងឲ្យនូវដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែន។
ចប់ សុសីមជាតក ទី៣។
(១៦៤. គិជ្ឈជាតកំ (២-២-៤))
[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើលឃើញសាកសពចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជាអ្នកហើរមកដល់បណ្ដាញ និងអន្ទាក់ហើយ ក៏នៅតែមិនភ្ញាក់ខ្លួន។
[១៧៨] (ត្មាតពោធិសត្វ ពោលថា) សេចក្ដីវិនាស មានក្នុងវេលាណា សត្វមកដល់បណ្ដាញ និងអន្ទាក់ រមែងមិនបានភ្ញាក់ខ្លួនក្នុងការអស់ទៅនៃជីវិត ក្នុងវេលានោះ។
ចប់ គិជ្ឈជាតក ទី៤។
(១៦៥. នកុលជាតកំ (២-២-៥))
[១៧៩] (តាបសពោធិសត្វ ពោលថា) ម្នាលស្កាជាជលាពុជៈ អ្នកធ្វើនូវមិត្តភាពដោយសត្រូវដែលជាអណ្ឌជៈកំណើតហើយ មកដេកបញ្ចេញចង្កូម តើសេចក្ដីភ័យ មានមកដល់អ្នកអំពីទីណា។
[១៨០] (ស្កា ពោលថា) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បីស្និទ្ធស្នាល សូម្បីក្នុងមិត្រ ភ័យដែលកើតឡើងអំពីជនដែលមិនគួរភ័យ រមែងកាត់នូវឫសគល់ទាំងឡាយបាន។
ចប់ នកុលជាតក ទី៥។
(១៦៦. ឧបសាឡកជាតកំ (២-២-៦))
[១៨១] (តាបសពោធិសត្វ ពោលថា) ពួកញាតិឈ្មោះឧបសាឡ្ហកៈ ចំនួន ១៤០០០ នាក់ គេដុតហើយ ក្នុងប្រទេសនេះ ក្នុងលោករកទីដែលមិនមានគេស្លាប់ មិនមានឡើយ។
[១៨២] សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាននៅក្នុងបគ្គលណា ព្រះអរិយៈទាំងឡាយ រមែងសេពគប់នូវបុគ្គលនុ៎ះ គុណជាតនុ៎ះឈ្មោះថា មិនចេះស្លាប់ ក្នុងលោក។
ចប់ ឧបសាឡ្ហកជាតក ទី៦។
(១៦៧. សមិទ្ធិជាតកំ (២-២-៧))
[១៨៣] (នាងទេពធីតា ពោលប្រលោមថា) បពិត្រភិក្ខុ លោកមិនទាន់បរិភោគកាមសិន ហើយត្រាច់ទៅ ដើម្បីភិក្ខុភាព បើលោកបរិភោគកាមរួចហើយ សឹមត្រាច់ទៅ ដើម្បីភិក្ខា មិនបានឬ បពិត្រភិក្ខុ សូមលោកបរិភោគកាមសិន ហើយសឹមត្រាច់ទៅ ដើម្បីភិក្ខាចុះ កុំឲ្យកាល (ជាទីបរិភោគកាម) កន្លងនូវលោកបានឡើយ។
[១៨៤] (តាបសពោធិសត្វ ពោលថា) យើងមិនបានដឹងនូវមរណកាលដោយពិត មរណកាលកំបាំងមិនប្រាកដ ព្រោះហេតុនោះ បានជាយើងមិនបរិភោគកាម ហើយត្រាច់ទៅដើម្បីភិក្ខា កុំឲ្យកាល (ធ្វើសមណធម៌) កន្លងនូវយើងបានឡើយ។
ចប់ សមិទ្ធិជាតក ទី៧។
(១៦៨. សកុណគ្ឃិជាតកំ (២-២-៨))
[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក ដោយកំឡាំងរហ័ស ឆាបនូវសត្វប្រចៀចដែលទំនៅលើ (អាចម៍បំណះ) ជាទីគោចរ (របស់ខ្លួន) ក៏ដល់នូវសេចក្ដីស្លាប់ ដោយហេតុនោះទៅ។
[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌ដោយឧបាយ ត្រេកអរក្នុងទីគោចរជារបស់បិតា ឃើញនូវប្រយោជន៍របស់ខ្លួន ហើយប្រាសចាកសត្រូវ នៅរីករាយ។
ចប់ សកុណគ្ឃិជាតក ទី៨។
(១៦៩. អរកជាតកំ (២-២-៩))
[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោកទាំងមូល ដោយមេត្តាចិត្តក្នុងទិសខាងលើផង ទិសខាងក្រោមផង ទិសទទឹងផង ដោយអាការទាំងពួង រកប្រមាណមិនបាន។
[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណមិនបាន ឈ្មោះថាបុគ្គលបានចំរើនបរិបូណ៌ហើយ អំពើណា ដែលបុគ្គលបានធ្វើល្មមប្រមាណ អំពើនោះ រមែងមិនសល់នៅក្នុងចិត្តរបស់បុគ្គលអ្នកបានចំរើននោះឡើយ។
ចប់ អរកជាតក ទី៩។
(១៧០. កកណ្ដកជាតកំ (២-២-១០))
[១៨៩] (ព្រះបាទវិទេហៈ ត្រាស់ថា) កាលពីដើម បង្កួយនេះនៅលើក្លោងទ្វារ មិនក្រអឺតក្រអោងទេ ម្នាលមហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជាបង្កួយត្រឡប់ទៅជារបឹងរឹងរូសវិញ។
[១៩០] (មហោសថពោធិសត្វ ពោលថា) បង្កួយបានរបស់ដែលមិនធ្លាប់បាន ចំនួនកន្លះមាសកៈ រមែងមើលងាយព្រះបាទវិទេហៈ ដែលសោយរាជ្យក្នុងនគរមិថិលា។
ចប់ កកណ្ឋកជាតក ទី១០។
ចប់ សន្ថវវគ្គ ទី២។
ឧទ្ទាននៃសន្ថវវគ្គនោះគឺ
និយាយអំពីឥន្ទសមានតាបស ១ ខ្ទមស្លឹក ១ ព្រះរាជាសុសីមៈ ១ ត្មាត ១ ស្កាជាជលាពុជ ១ ឧបសាឡ្ហកព្រាហ្មណ៍ ១ ភិក្ខុ ១ ប្រចៀចដ៏ប្រសើរ ១ មេត្តាដ៏ប្រសើរ ១ បង្កួយក្រអើតក្រអោង ១ ត្រូវជា ១០។