តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 10 បាលី cs-km: sut.kn.jat.v02.10 អដ្ឋកថា: sut.kn.jat.v02.10_att PTS: ?
សិគាលវគ្គ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. សិង្គាលវគ្គោ)
(២៤១. សព្វទាឋិជាតកំ (២-១០-១))
[៣៣២] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចចក រឹងត្អឹងដោយមានះ ត្រូវការដោយបរិវារ (ច្រើន) ក៏ដល់ភូមិសម្បត្តិដ៏ធំ បានជាសេ្ដចនៃពួកសត្វមានចង្កូមទាំងពួង។
[៣៣៣] បណ្ដាមនុស្សទាំងឡាយ មនុស្សណា ជាអ្នកមានបរិវារ មនុស្សនោះ ឈ្មោះថាជាធំក្នុងពួកបរិវារនោះ ដូចជាចចក (បានជាធំ) ជាងសត្វមានចង្កូមទាំងឡាយ ដូច្នោះឯង។
ចប់ សព្វទាឋិជាតក ទី១។
(២៤២. សុនខជាតកំ (២-១០-២))
[៣៣៤] (ព្រះពោធិសត្វ ពោលថា) ឆ្កែណា មិនស៊ីព្រ័ត្រ ឆ្កែនុ៎ះពេញជាល្ងង់ ម្យ៉ាងទៀត ឆ្កែគួរដោះខ្លួនអំពីចំណង ស៊ីព្រ័ត្រឆ្អែតហើយ គប្បីទៅកាន់ផ្ទះ (របស់ខ្លួន)។
[៣៣៥] (ឆ្កែពោលថា ពាក្យរបស់អ្នក) ខ្ញុំបានតាំងទុកក្នុងចិត្តខ្ញុំហើយ ម្យ៉ាងទៀត ខ្ញុំបានធ្វើទុកក្នុងហឫទ័យខ្ញុំហើយ ជនដេកលក់ស៊ប់ដរាបណា ខ្ញុំរង់ចាំនូវកាល ដរាបនោះ។
ចប់ សុនខជាតក ទី២។
(២៤៣. គុត្តិលជាតកំ (២-១០-៣))
[៣៣៦] (ព្រះពោធិសត្វ ពោលថា) បពិត្រព្រះឥន្រ្ទកោសិយ ខ្ញុំបាន (ញុំាំងសិស្សឈ្មោះមុសិលៈ) ឲ្យរៀននូវពិណមានខ្សែ ៧ មានសម្លេងពីរោះ ជាទីរីករាយនៃចិត្ត (ឥឡូវនេះ) សិស្សឈ្មោះមុសិលៈនោះ ហៅខ្ញុំក្នុងកណ្ដាលរង្គមណ្ឌល (កន្លែងរាំ) សូមព្រះអង្គជាទីពឹងនៃខ្ញុំ។
[៣៣៧] (សក្កទេវរាជ ទ្រង់មានព្រះបន្ទូលថា) ម្នាលសំឡាញ់ ខ្ញុំនឹងជាទីពឹងរបស់អ្នក ខ្ញុំជាអ្នកបូជានូវអាចារ្យ សិស្សនឹងមិនឈ្នះអ្នក បពិត្រអាចារ្យ អ្នកនឹងឈ្នះនូវសិស្សវិញ។
ចប់ គុត្តិលជាតក ទី៣។
(២៤៤. វិគតិច្ឆជាតកំ (២-១០-៤))
[៣៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលឃើញនូវរបស់ណា មិនប្រាថ្នានូវរបស់នោះ មួយទៀត មិនឃើញនូវរបស់ណា ចង់បានរបស់នោះ យើងសំគាល់ថា បុគ្គលនោះ នឹងត្រាច់ទៅ (ក្នុងសង្សារ) អស់កាលយូរ ព្រោះថា បុគ្គលនោះប្រាថ្នារបស់ណា មិនបាននូវរបស់នោះ។
[៣៣៩] (បុគ្គលបាននូវរបស់ណា) មិនត្រេកអរនឹងរបស់នោះ ប្រាថ្នាសម្បត្តិណា មើលងាយនូវសម្បត្តិ ដែលបានហើយនោះ ព្រោះថាសេចក្ដីប្រាថ្នា ជាដំណើររកទីបំផុតគ្មាន យើងសូមធ្វើនមស្ការចំពោះពួកបណ្ឌិត ដែលមានសេចក្ដីប្រាថ្នាទៅប្រាសហើយ។
ចប់ វិគតិច្ឆជាតក ទី៤។
(២៤៥. មូលបរិយាយជាតកំ (២-១០-៥))
[៣៤០] (អាចារ្យទិសាបាមោក្ខពោធិសត្វ សួរថា) កាល រមែងស៊ីនូវពួកសត្វទាំងអស់ ព្រមទាំងខ្លួនឯង ចំណែកសត្វណា ជាអ្នកស៊ីនូវកាល សត្វនោះ ឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតសត្វ។
[៣៤១] (ព្រះពោធិសត្វ តិះដៀលថា) ក្បាលនរជនទាំងឡាយដ៏ច្រើន ក្បាលទាំងនោះ មានរោមផង ធំផង គ្របនៅលើ ក បណ្តាមនុស្សទាំងអម្បាលនេះ គង់មានមនុស្សណាមួយ ដែលមានប្រាជ្ញាមិនខាន។
ចប់ មូលបរិយាយជាតក ទី៥។
(២៤៦. ពាលោវាទជាតកំ (២-១០-៦))
[៣៤២] (កុដុម្ពិក៍ម្នាក់ ពោលថា) បុគ្គលអ្នកមិនត្រូវសង្រួមប្រហារសត្វផង ធ្វើសត្វឲ្យលំបាកផង ធ្វើសត្វឲ្យស្លាប់ផង ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ កាលបរិភោគនូវភត្តបែបនេះ ឈ្មោះថា ប្រឡាក់ដោយបាបដែរ។
[៣៤៣] (ព្រះពោធិសត្វ តបថា) ប្រសិនបើបុគ្គលអ្នកមិនសង្រួម សូម្បីសម្លាប់នូវកូន និងប្រពន្ធ ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ ជាអ្នកប្រកបដោយប្រាជ្ញា ទុកជាកាលបរិភោគ ក៏មិនប្រឡាក់ដោយបាបឡើយ។
ចប់ ពាលោវាទជាតក ទី៦។
(២៤៧. បាទញ្ជលីជាតកំ (២-១០-៧))
[៣៤៤] (អាមាត្យពោធិសត្វ សរសើរថា) ព្រះរាជកុមារព្រះនាមបាទញ្ជលី រុងរឿងកន្លងនូវពួកយើងទាំងអស់គ្នា ដោយប្រាជ្ញាពិតមែន ដូច្នោះ បានជាទ្រង់ពេបព្រះឱស្ឋ ទ្រង់ទតឃើញនូវហេតុដ៏ក្រៃលែងដោយពិត។
[៣៤៥] (ព្រះពោធិសត្វ ដៀលថា) ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ មិនទ្រង់ជា្របនូវសភាពជាធម៌ និងសភាពមិនមែនជាធម៌ផង នូវប្រយោជន៍ និងមិនមែនជាប្រយោជន៍ផង ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ វៀរលែងតែការពេប នូវព្រះឱស្ឋចេញហើយ ទ្រង់មិនជ្រាបនូវហេតុតិចតួចឡើយ។
ចប់ បាទញ្ជលិជាតក ទី៧។
(២៤៨. កិំសុកោបមជាតកំ (២-១០-៨))
[៣៤៦] (ព្រះរាជា ពោលថា) ដើមចា អ្នករាល់គ្នាបានឃើញហើយ អ្នកទាំងឡាយនៅសង្ស័យក្នុងដើមចានោះ ថាដូចម្ដេចហ្ន៎ ដ្បិតអ្នកទាំងឡាយ មិនបានសាកសួរនាយសារថី ក្នុងទីទាំងពួងសោះ។
[៣៤៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ ដែលពួកជនណា មិនបានដឹងហើយ ដោយញាណទាំងឡាយទាំងពួង យ៉ាងនេះ ពួកជននោះឯង រមែងសង្ស័យក្នុងធម៌ទាំងឡាយ ដូចជា (ព្រះរាជបុត្រទាំង ៤ ព្រះអង្គ) ជាបងប្អូននឹងគ្នា សង្ស័យក្នុងដើមចាដូច្នោះ។
ចប់ កឹសុកោបមជាតក ទី៨។
(២៤៩. សាលកជាតកំ (២-១០-៩))
[៣៤៨] (ហ្មពស់ ពោលថា) នែសាលកវានរៈ អ្នកជាក់ជាកូនប្រុសតែមួយ (នៃយើង) មួយទៀត អ្នកនឹងបានជាធំក្នុងត្រកូលរបស់យើង ចូរអ្នកចុះអំពីដើមឈើមក យើងនឹងទៅផ្ទះ ក្នុងកាលឥឡូវនេះ។
[៣៤៩] (ស្វាពោលតបថា) ក្រែងអ្នកសម្គាល់ខ្ញុំថាជាសត្វមានហឫទ័យល្អ តែអ្នកបៀតបៀនខ្ញុំដោយបន្ទះឫស្សី ខ្ញុំត្រេកអរក្នុងព្រៃស្វាយ ដែលមានផ្លែទុំ អ្នកចូរទៅផ្ទះតាមសប្បាយចុះ។
ចប់ សាលកជាតក ទី៩។
(២៥០. កបិជាតកំ (២-១០-១០))
[៣៥០] (តាបសកុមារ ពោលថា) ឥសីអង្គនេះ ត្រេកអរក្នុងការស្ងប់ និងការសង្រួម លោកត្រូវភ័យអំពីរងាបៀតបៀនហើយ សូមឲ្យតាបសនេះ ចូលមកកាន់ផ្ទះនេះ ដើម្បីបន្ទោបង់នូវត្រជាក់ និងសេចក្ដីក្រវល់ក្រវាយចេញ កុំឲ្យមានសេសសល់ឡើយ។
[៣៥១] (ពោធិសត្វ ពោលថា) អ្នកនេះមិនមែនជាឥសីអ្នកត្រេកអរក្នុងការស្ងប់ និងការសង្រួមទេ អ្នកនេះជាសត្វស្វា ជាសត្វគោចរនៅលើមែកល្វា ស្វានោះជាសត្វខឹងប្រទូស្ត មានសន្ដានចិត្តដ៏លាមក បើវាចូលមក មុខតែប្រទូស្តផ្ទះនេះមិនខាន។
ចប់ កបិជាតក ទី១០។
ចប់ សិគាលវគ្គ ទី១០។
ឧទ្ទាននៃសិគាលវគ្គនោះគឺ
និយាយអំពីសេ្ដចចចក ១ សុនខ ១ ព្រះឥន្រ្ទកោសិយ ១ បុគ្គលប្រាថ្នា ១ បុគ្គលអ្នកស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០។
ឧទ្ទាននៃវគ្គគឺ
និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡ្ហវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០។
ចប់ ទុកនិបាត។