តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v03 02 បាលី cs-km: sut.kn.jat.v03.02 អដ្ឋកថា: sut.kn.jat.v03.02_att PTS: ?
បទុមវគ្គ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. បទុមវគ្គោ)
(២៦១. បទុមជាតកំ (៣-២-១))
[៣៨២] (សេដ្ឋីបុត្រទី ១ ពោលថា) សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរកាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ។
[៣៨៣] (សេដ្ឋីបុត្រទី ២ ពោលថា) ពូជក្នុងសរទកាល (រដូវរំហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ។
[៣៨៤] (សេដ្ឋីបុត្រពោធិសត្វ ទី៣ ពោលថា) ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសំឡាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ។
ចប់ បទុមជាតក ទី១។
(២៦២. មុទុបាណិជាតកំ (៣-២-២))
[៣៨៥] (ព្រះរាជធីតា ពោលថា) បើចូឡុបដ្ឋាក មានដៃដ៏ទន់ ១ ដំរីដែលព្រះអង្គបង្ហាត់រាបសារហើយ ១ ពេលងងឹតសូន្យឈឹង ១ ភ្លៀងបង្អុរចុះ ១ គប្បីមានក្នុងកាលណា សេចក្ដីប៉ងក្នុងព្រះរាជហឫទ័យរបស់ព្រះអង្គ គង់នឹងសម្រេច ក្នុងកាលនោះមិនខាន។
[៣៨៦] (ព្រះរាជាពោធិសត្វជាបិតា ពោលថា) ស្រីទាំងឡាយនោះ បុគ្គលមិនគួរនិយាយដោយពាក្យទន់ភ្លន់ឡើយ ជាស្រីដែលបំពេញបានដោយកម្រ ប្រាកដស្មើដោយស្ទឹង រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរសដឹងច្បាស់ហើយ គួរគេចចេញអំពីចម្ងាយ។
[៣៨៧] ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដីពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវទីនៅរបស់ខ្លួន។
ចប់ មុទុបាណិជាតក ទី២។
(២៦៣. ចូឡបលោភនជាតកំ (៣-២-៣))
[៣៨៨] (ព្រះរាជបុត្រពោធិសត្វ ពោលថា) លោកមក (តាមអាកាស) ដោយខ្លួនឯង លើទឹកមិនបែករលក ដោយអំណាចនៃឫទ្ធិ លុះទៅច្រឡូកច្រឡំដោយស្រី ក៏លិចចុះក្នុងសមុទ្រធំ។
[៣៨៩] ធម្មតាស្រីទាំងឡាយ រមែងញ៉ាំងបុរសឲ្យវិលវល់ មានមាយាច្រើន ញ៉ាំងព្រហ្មចរិយធម៌ឲ្យកំរើក រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់ហើយ គប្បីចៀសវាងអំពីចម្ងាយ។
[៣៩០] ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដីពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅរបស់ខ្លួន។
ចប់ ចុល្លបលោភនជាតក ទី៣។
(២៦៤. មហាបនាទជាតកំ (៣-២-៤))
[៣៩១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាអង្គនោះ ទ្រង់ព្រះនាមបនាទៈ មានប្រាសាទមាស មានទទឹងប្រវែងកិរិយាធ្លាក់ចុះនៃកូនសរ ១៦ (កន្លះយោជន៍) (អ្នកប្រាជ្ញទាំងឡាយ) ពោលថា ប្រាសាទនោះកំពស់ ១ ពាន់តំណនៃកូនសរ (២៥ យោជន៍)។
[៣៩២] ប្រាសាទនោះ កំពស់ ១ ពាន់តំណនៃកូនសរ មានជាន់ប្រាំពីរ បរិបូណ៌ដោយទង់ ព័ន្ធព័ទ្ធហើយដោយកែវមណីមានពណ៌ខៀវ ពួករបាំ ៦០០០ ចែកជាប្រាំពីរចំណែក បានរាំលើប្រាសាទនោះ (គ្រប់ ៗ ថ្នាក់)។
[៣៩៣] ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះមានហើយ ក្នុងកាលនោះ យ៉ាងនោះ តថាគតកើតជាព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក។
ចប់ មហាបនាទជាតក ទី៤។
(២៦៥. ខុរប្បជាតកំ (៣-២-៥))
[៣៩៤] (កូនរបស់ឈ្មួញរទេះ ពោលថា) អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកំឡាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វីក៏អ្នកមិនមានសេចក្ដីតក់ស្លុតសោះ។
[៣៩៥] (ពោធិសត្វ ជាមេអ្នករក្សាដងព្រៃ ពោលថា) ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយដោយកំឡាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើនដ៏លើសលុប។
[៣៩៦] ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លាក្នុងកាលណា ៗ មិនបានទេ។
ចប់ ខុរប្បជាតក ទី៥។
(២៦៦. វាតគ្គសិន្ធវជាតកំ (៣-២-៦))
[៣៩៧] (កូនលា ពោលថា) អ្នកម្ដាយកើតរោគស្គមលឿង ព្រោះតែប្ដីណា មិនពេញចិត្តនឹងភត្ត ព្រោះតែប្ដីណា ប្ដីនោះមកដល់ហើយ ឥឡូវនេះ ហេតុអ្វីបានជាអ្នកម្ដាយរត់ចេញទៅ។
[៣៩៨] (មេលា ពោលថា) ម្នាលកូន ម្ដាយយល់ថា ធម្មតា សន្ថវៈ (របស់ស្រ្តី) កើតដោយហេតុពីដម្បូង (ភ្លាម) យសរបស់ស្រ្តីទាំងឡាយ ក៏សាបសូន្យ ហេតុនោះបានជាអញរត់ចេញ។
[៣៩៩] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ស្រ្តីណាមិនប្រាថ្នានូវបុរសមានយសកើតក្នុងត្រកូល ដែលគេនាំមកឲ្យ ស្រ្តីនោះ រមែងសោកសៅអស់កាលយូរអង្វែង ដូចជាមេលា (ដែលយំសោកស្ដាយ) សេះសន្ធព ឈ្មោះវាតគ្គៈ។
ចប់ វាតគ្គសិន្ធវជាតក ទី៦។
(២៦៧. កក្កដកជាតកំ (៣-២-៧))
[៤០០] (ដំរីពោធិសត្វ ពោលថា) ម្រឹគមានសម្បុរដូចមាស (ក្ដាម) ជាសត្វមានភ្នែកលៀនវែង មានឆ្អឹងជាស្បែក ជាសត្វនៅក្នុងទឹក មិនមានរោម យើងត្រូវក្ដាមនោះថ្កៀបហើយ ទើបកំសត់ទួញយំ សូមភរិយាកុំលះបង់នូវខ្ញុំដែលស្មើដោយជីវិតឡើយ។
[៤០១] (មេដំរី ពោលថា) បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនលះបង់អ្នកដែលជាដំរីថមថយកំឡាំងក្នុងកាលនៃខ្លួនមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំស្រឡាញ់អ្នកក្រៃលែងជាងប្រថពីដែលទល់នឹងសមុទ្រទាំង ៤ ទៅទៀត។
[៤០២] (មេដំរី ពោលថា) ពួកក្ដាមណា ដែលនៅក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គាក្ដី យមុនាក្ដី អ្នកជាសត្វទឹកប្រសើរជាងក្ដាមទាំងនោះ សូមអ្នកមេត្តាលែងប្ដី កាលដែលខ្ញុំកំពុងទួញយំរកប្ដី សូមអ្នកមេត្តាលែងប្ដី (របស់ខ្ញុំ) មកវិញ ក្នុងកាលឥឡូវនេះ។
ចប់ សុវណ្ណកក្កដកជាតក ទី៧។
(២៦៨. អារាមទូសកជាតកំ (៣-២-៨))
[៤០៣] (បុរសពោធិសត្វ ពោលថា) ស្វាណា ដែលគេសន្មតថា ជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញាដូចម្ដេចទៅ។
[៤០៤] (ហ្វូងស្វា ពោលថា) បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត។
[៤០៥] (ពោធិសត្វ ពោលថា) យើងមិនតិះដៀលពួកអ្នកដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើដើម្បីប្រយោជន៍ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេតិះដៀលបាន។
ចប់ អារាមទូសកជាតក ទី៨។
(២៦៩. សុជាតជាតកំ (៣-២-៩))
[៤០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ពួកជនប្រកបដោយសម្បុរ មានសំឡេងពីរោះ មានរូបជាទីស្រឡាញ់ គួររមិលមើល តែជាអ្នកមានវាចារឹងរូស មិនជាទីស្រឡាញ់របស់អ្នកផងក្នុងលោកនេះ និងលោកខាងមុខទេ។
[៤០៧] ព្រះមាតាឃើញមេតាវ៉ៅខ្មៅនេះ ដែលមានសម្បុរអាក្រក់ ដេរដាសដោយពណ៌ពព្រុះអុច ៗ តែថាជាទីស្រឡាញ់ របស់សត្វច្រើន ដោយសារវាចាពីរោះឬទេ។
[៤០៨] ព្រោះហេតុនោះ បុគ្គលគប្បីជាអ្នកមានវាចាល្អិតល្អ ជាអ្នកពោលពាក្យលៃតាមប្រាជ្ញា មិនមានចិត្តរាយមាយ រមែងសំដែងនូវអត្ថ និងធម៌ ភាសិតរបស់បុគ្គលនោះ ទើបឈ្មោះថាពីរោះ។
ចប់ សុជាតាជាតក ទី៩។
(២៧០. ឧលូកជាតកំ (៣-២-១០))
[៤០៩] (ក្អែកពោលថា) ឮថាពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាត ខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់។
[៤១០] (ហ្វូងសត្វស្លាប ពោលថា) ម្នាលសំឡាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និងពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេង ៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿង នៅមាន។
[៤១១] (ក្អែក ពោលថា) សូមឲ្យអ្នកទាំងឡាយ មានសេចក្ដីចំរើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយ ចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខដូចម្ដេចទៅ។
ចប់ ឧលូកជាតក ទី១០។
ចប់ បទុមវគ្គ ទី២។
ឧទ្ទាននៃបទុមវគ្គនោះគឺ
និយាយអំពីផ្កាឈូកដ៏ឧត្តម ១ ដំរីមានសិរី ១ សមុទ្រធំ ១ ប្រាសាទ ១ ព្រួញដ៏ប្រសើរ ១ លាញីឈ្មោះភទ្ទលី ១ ដំរី ១ ដើមឈើ ១ វាចារឹងរូស ១ ស្ដេចមៀម ១ ត្រូវជា ១០។