តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v22 បាលី cs-km: sut.kn.jat.v22 អដ្ឋកថា: sut.kn.jat.v22_att PTS: ?
មហានិបាតជាតក
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២២. មហានិបាតោ)
(៥៣៨. មូគបក្ខជាតកំ (១))
[១] (ទេវតាពោលថា) អ្នកកុំប្រកាសនូវភាពជាអ្នកប្រាជ្ញ ចូរឲ្យជនទាំងពួងដឹងថាជាមនុស្សល្ងង់ ជនទាំងអស់ចូរមើលងាយអ្នកចុះ សេចក្តីចំរើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះ។
[២] (ព្រះមហាសត្វត្រាស់ថា) បពិត្រទេវតា អ្នកនិយាយពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកនោះ បពិត្រទេវតា អ្នកឈ្មោះថា បា្រថា្ននូវសេចក្តីចំរើនដល់ខ្ញុំ បពិត្រទេវតា អ្នកឈោ្មះថា ប្រាថ្នានូវប្រយោជន៍ (ដល់ខ្ញុំ)។
[៣] (ព្រះមហាសត្វ) នែនាយសារថី អ្នកប្រញាប់ប្រញាល់ជីករណ្តៅ តើព្រោះហេតុអ្វី ម្នាលសំឡាញ់ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់មកចុះ អ្នកនឹងធ្វើនូវអ្វីដោយរណ្តៅ។
[៤] (នាយសារថី) ព្រះរាជបុត្តកើតមកហើយ គផង ខ្វិនផង ដូចជាឥតចិត្ត ឯខ្ញុំនោះ ព្រះរាជាទ្រង់ត្រាស់ប្រើមកហើយថា អ្នកត្រូវជីកកប់កូនអញក្នុងព្រៃចុះ។
[៥] (ព្រះមហាសត្វ) ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែនវិកលវិការទេ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈោ្មះថា ធ្វើខុសធម៌ អ្នកចូរមើលភ្លៅ និងដើមដៃខ្ញុំ ទាំងចូរស្តាប់សំដីខ្ញុំ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈោ្មះថា ធ្វើខុសធម៌។
[៦] (នាយសារថី) អ្នកជាទេវតា ឬជាគន្ធព្វ ឬក៏ជាបុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ទាំងជាកូនអ្នកណា យើងនឹងស្គាល់អ្នកបានដោយប្រការដូចម្តេច។
[៧] (ព្រះមហាសត្វ) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាបុរិន្ទទសក្កទេវរាជទេ អ្នកកប់បុគ្គលណាក្នុងរណ្តៅ បុគ្គលនោះ គឺខ្ញុំ ជាកូនរបស់ព្រះបាទកាសិកៈ អ្នករស់នៅដោយស្រួល (ព្រោះអាស្រ័យ) នូវព្រះរាជាណា ខ្ញុំជាកូនរបស់ព្រះរាជានោះ នែនាយសារថី បើអ្នកនឹងកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថា ធ្វើខុសធម៌ បុគ្គលគប្បីអង្គុយ ឬដេកក្រោមម្លប់ឈើណា មិនគប្បីកាច់បំបាក់មែកឈើនោះទេ ព្រោះថាអ្នកទ្រុស្តមិត្រ ជាមនុស្សលាមក នែនាយសារថី ព្រះរាជាទុកដូចជាដើមឈើ ខ្លួនខ្ញុំទុកដូចជាមែកឈើដែរ អ្នកឯងទុកដូចបុរស ដែលចូលទៅជ្រកក្រោមម្លប់ឈើដូច្នោះ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈោ្មះថា ធ្វើខុសធម៌។
[៨] បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះបើចេញផុតអំពីផ្ទះរបស់ខ្លួនហើយ ជាអ្នកមានភក្ខាហារច្រើន ជនច្រើននាក់តែងចិញ្ចឹមជីវិត (អាស្រ័យ) បុគ្គលនោះ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះ ទៅកាន់ជនបទ និគម រាជធានីណា ៗ គេតែងបូជាក្នុងទីទាំងអស់នោះ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ ពួកចោរមិនកំហែងបុគ្គលនោះ ក្សត្រ ក៏មិនមើលងាយបុគ្គលនោះ បុគ្គលនោះ រមែងកន្លងនូវសត្រូវទាំងអស់។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះមិនខឹង មកកាន់ផ្ទះរបស់ខ្លួន ជាអ្នកគេទទួលរីករាយក្នុងរោងសម្រាប់ប្រជុំ ជាបុគ្គលឧត្តមរបស់ពួកញាតិ។ បុគ្គលធ្វើសក្ការៈចំពោះ (មិត្រ) រមែងត្រូវមិត្រធ្វើសក្ការៈវិញ ជាអ្នកគោរព (មិត្រ) រមែងបានសេចក្តីគោរពវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងពេញដោយគុណ និងកិត្តិសព្ទ។ បុគ្គលអ្នកបូជាមិត្រ រមែងបានការបូជាវិញ ជាអ្នកសំពះមិត្រ រមែងបានការសំពះតបវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងដល់នូវយសបរិវារ និងកិត្តិសព្ទ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ រមែងរុងរឿងដូចភ្លើង រុងរឿងដូចទេវតា ជាអ្នកមិនលះបង់ចាកសិរីឡើយ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ គោទាំងឡាយរបស់បុគ្គលនោះ សម្រាលកូនដោយស្រួល ពូជដែលបុគ្គលនោះសាបព្រោះក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែងបរិភោគផ្លែនៃពូជទាំងឡាយ ដែលខ្លួនសាបព្រោះហើយ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ សូម្បីធា្លក់ទៅក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី ធា្លក់ហើយ រមែងបានទីពឹង។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ សត្រូវទាំងឡាយគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫស និងពួរដុះហើយ។
[៩] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចមក ទូលព្រះបង្គំជាខ្ញុំ នឹងនាំទ្រង់ទៅកាន់ដំណាក់របស់ព្រះអង្គ សូមទ្រង់សោយរាជ្យចុះ សេចក្តីចំរើននឹងមានដល់ទ្រង់ ទ្រង់នឹងធើ្វអ្វីក្នុងព្រៃ។
[១០] (ព្រះមហាសត្វ) នែនាយសារថី រាជសម្បត្តិណា ដែលខ្ញុំគប្បីបានដោយអធម្មចរិយៈ ខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះ ឬដោយជនជាញាតិ ឬក៏ដោយទ្រព្យទេ។
[១១] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចទៅអំពីទីនេះ ហើយញ៉ាំងទូលព្រះបង្គំជាខ្ញុំ ឲ្យបាននូវរង្វាន់ជាទីត្រេកអរ បពិត្រព្រះរាជបុត្រ កាលបើព្រះអង្គសេ្តចទៅហើយ ព្រះរាជបិតា និងព្រះមាតា គប្បីប្រទាន (រង្វាន់) ដល់ទូលព្រះបង្គំជាខ្ញុំ។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួកព្រាហ្មណ៍ ជនទាំងអម្បាលនោះមានចិត្តត្រេកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ)។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកហ្មដំរី ពួកពលរក្សាព្រះអង្គ ពួកពលរថ ពួកថ្មើរជើង ជនទាំងអម្បាលនោះ មានចិត្តតេ្រកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ)។ បពិត្រព្រះរាជបុត្រ កាលទ្រង់សេ្តចទៅ ពួកអ្នកជនបទ និងពួកអ្នកនិគម មានធញ្ញាហារច្រើន មកប្រជុំគ្នា គប្បីឲ្យគ្រឿងបណ្ណាការទាំងឡាយដល់ទូលព្រះបង្គំជាខ្ញុំ។
[១២] (ព្រះមហាសត្វ…) ខ្ញុំដែលព្រះបិតាមាតា អ្នកដែន អ្នកនិគម និងពួករាជកុមារទាំងពួង បានលះចោលហើយ ផ្ទះរបស់ខ្លួន ខ្ញុំមិនមានទេ។ ខ្ញុំដែលព្រះមាតាបានអនុញ្ញាតឲ្យទទួលរាជ្យ ៧ ថ្ងៃហើយ ខ្ញុំដែលព្រះបិតាលះចោលស្រឡះហើយ ខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯង មិនប្រាថា្ននូវកាមទាំងឡាយឡើយ។
[១៣] សេចក្តីប្រាថ្នាជាផល តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ (អស់ ១៦ ឆ្នាំ) ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ នែនាយសារថី អ្នកចូរដឹងយ៉ាងនេះចុះ។ ប្រយោជន៍ដ៏ប្រពៃ តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ខ្ញុំចេញផុតហើយ នឹងមានភ័យអំពីណា។
[១៤] (នាយសារថី…) ទ្រង់នោះមានព្រះបន្ទូលពីរោះ មានព្រះបន្ទូលក្បោះក្បាយយ៉ាងនេះ ហេតុអ្វីបានជាទ្រង់មិនមានព្រះបន្ទូលក្នុងសំណាក់នៃព្រះបិតា ព្រះមាតាក្នុងពេលនោះ។
[១៥] (ព្រះមហាសត្វ…) ខ្ញុំមិនមែនខ្វិនព្រោះមិនមានសន្លាក់ទេ ខ្ញុំមិនមែនថ្លង់ព្រោះមិនមានសោតប្រសាទទេ ខ្ញុំមិនមែនគព្រោះមិនមានជិវា្ហប្រសាទទេ អ្នកកុំសំគាល់ខ្ញុំថា ជាមនុស្សគឡើយ។ ខ្ញុំរលឹកឃើញនូវជាតិមុន ជាជាតិដែលខ្ញុំបានសោយរាជ្យ លុះខ្ញុំបានសោយរាជ្យក្នុងជាតិនោះហើយ ក៏ធា្លក់នរកគួរស្ញើប។ ខ្ញុំសោយរាជ្យក្នុងជាតិនោះអស់ ២០ ឆ្នាំ បានឆេះក្នុងនរកអស់ ៨ ម៉ឺនឆ្នាំ។ ខ្ញុំខ្លាចរាជ្យនោះ កុំឲ្យព្រះមាតា បិតាអភិសេកខ្ញុំក្នុងរាជ្យ ព្រោះហេតុនោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃព្រះបិតាមាតាក្នុងកាលនោះ។ ព្រះរាជបិតាបានឲ្យខ្ញុំអង្គុយលើព្រះឧរុ ហើយទ្រង់វិនិច្ឆ័យក្តីថា អ្នកទាំងឡាយ ចូរសំឡាប់ចោរ ១ នាក់ ចូរចងចោរ ១ នាក់ (ធ្វើចោរ ១ នាក់) ឲ្យប្រឡាក់ដោយទឹកក្បុង។ ចូរដោតចោរ ១ នាក់លើឈើស្រួច ព្រះរាជបិតាត្រាស់បង្គាប់មហាជន ដោយប្រការដូចេ្នះ លុះខ្ញុំស្តាប់នូវវាចាដ៏អាក្រក់នោះ ដែលព្រះរាជបិតា ទ្រង់ត្រាស់ហើយ។ ខ្ញុំមិនគទេ តែមានភេទដូចបុគ្គលគ ខ្ញុំមិនខ្វិនទេ តែសន្មតថាដូចជាខ្វិន ខ្ញុំបាននៅជ្រមុជជ្រមុលក្នុងមូត្រ និងករីសរបស់ខ្លួន។ ជីវិត (របស់សត្វ) លំបាកផង តិចផង ជីវិតនោះ ប្រកបដោយទុក្ខ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ។ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ ព្រោះមិនបានបញ្ញាផង ព្រោះមិនឃើញធម៌ផង។ សេចក្តីប្រាថា្នជាផល តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ នែនាយសារថី អ្នកចូរដឹងយ៉ាងនេះចុះ។ ប្រយោជន៍ដ៏ប្រពៃ តែងសម្រេចដល់ខ្ញុំ កាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ខ្ញុំចេញផុតហើយ នឹងមានភ័យអំពីណា។
[១៦] (នាយសារថី) បពិត្រព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជបុត្រដ៏ចំរើន សូមទ្រង់ត្រាស់ហៅទូលព្រះបង្គំជាខ្ញុំ (ឲ្យបួសផង) ទូលព្រះបង្គំជាខ្ញុំ ពេញចិត្តនឹងបព្វជា្ជដែរ។
[១៧] (ព្រះមហាសត្វ) នែនាយសារថី អ្នកចូរប្រគល់នូវរថ ហើយជាអ្នកមិនមានបំណុល សឹមមកចុះ ព្រោះថា បព្វជ្ជា (រមែងសម្រេច) ដល់បុគ្គលមិនមានបំណុល បព្វជា្ជកម្មនេះ ពួកឥសីសរសើរហើយ។
[១៨] (នាយសារថី) សេចក្តីចំរើន ចូរមានដល់ទ្រង់ ពាក្យណាដែលទ្រង់បានថ្លែងហើយ ទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមពាក្យនោះ ទ្រង់ដែលទូលព្រះបង្គំជាខ្ញុំអង្វរហើយ គួរធ្វើតាមពាក្យរបស់ទូលព្រះបង្គំជាខ្ញុំនោះផង។ សូមទ្រង់ស្តេចគង់នៅក្នុងទីនេះ ដរាបដល់ទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ ព្រះបិតារបស់ទ្រង់ទតឃើញហើយ សមជាមានព្រះហឫទ័យត្រេកអររីករាយ។
[១៩] (ព្រះមហាសត្វ) នែនាយសារថី អ្នកនិយាយពាក្យណានឹងខ្ញុំ ៗ នឹងធ្វើតាមពាក្យរបស់អ្នកនោះ ឯខ្ញុំមានបំណងដើម្បីជួបព្រះបិតារបស់ខ្ញុំ ដែលទ្រង់សេ្តចយាងមកក្នុងទីនេះដែរ។ ម្នាលសំឡាញ់ អ្នកទៅហើយចូរមកវិញ ចូរត្រឡប់ទៅសិនចុះ អ្នកប្រាប់នូវសេចក្តីសុខដល់ញាតិទាំងឡាយ អ្នកដែលខ្ញុំបា្រប់ហើយ គប្បីក្រាបទូលនូវការថា្វយបង្គំចំពោះព្រះមាតាបិតា។
[២០] (អភិសម្ពុទ្ធគាថា) នាយសារថី ចាប់ព្រះបាទានៃព្រះមហាសត្វនោះ ហើយក៏ធ្វើប្រទក្សិណព្រះមហាសត្វនោះ រួចឡើងជិះរថ បរចូលទៅកាន់រាជទា្វរ។
[២១] ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រដ៏ពេញពោរដោយព្រះអស្សុ ទ្រង់ព្រះកន្សែង មៀងមើលទៅនាយសារថីនោះ ដែលមកវិញតែឯង ដោយគិតថា នាយសារថីនេះ សម្លាប់កូនបង្កើតរបស់អញ ហើយមកវិញ។ កូនរបស់អញ ចំរើនផែនដី នាយសារថីកប់ក្នុងផែនដីដោយពិត ពួកសត្រូវរមែងត្រេកអរដោយពិត ពួកជនមានពៀរ ត្រេកអរហើយដោយពិត ព្រោះឃើញនាយសារថីសម្លាប់កូនបង្កើតរបស់អញ ហើយមកវិញ។ ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រដ៏ពេញពោរដោយព្រះអស្សុ ទ្រង់ព្រះកន្សែង សួរទៅនាយសារថីនោះ ដែលមកវិញតែម្នាក់ឯងថា កូនរបស់ខ្ញុំនោះ ជាមនុស្សគឬអ្វី ជាមនុស្សខ្វិនឬអ្វី កាលអ្នកកប់ក្នុងផែនដី ក្នុងកាលនោះ កូនរបស់ខ្ញុំពិលាបដែរឬ ម្នាលនាយសារថី អ្នកចូរប្រាប់នូវរឿងនោះដល់ខ្ញុំ។ (កូនរបស់ខ្ញុំនោះ) ជាមនុស្សគ ជាមនុស្សខ្វិន កាលអ្នកកប់ក្នុងផែនដី បានកម្រើកដៃ និងជើងដូចមេ្តចដែរ (ម្នាលនាយសារថី) អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់រឿងនោះ។
[២២] (នាយសារថី) បពិត្រព្រះនាងជាម្ចាស់ (បើ) ព្រះនាងឲ្យអភ័យដល់ទូលព្រះបង្គំជាខ្ញុំ ហេតុណាដែលខ្ញុំបានឮហើយ ឬបានឃើញហើយ ក្នុងសំណាក់នៃព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលនូវហេតុនោះដល់ព្រះនាង។
[២៣] (ព្រះរាជទេវី) ម្នាលសារថីសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក ហេតុណាដែលអ្នកបានឮហើយ ឬបានឃើញហើយក្នុងសំណាក់នៃព្រះរាជាបុត្រ អ្នកកុំភិតភ័យ ចូរប្រាប់នូវហេតុនោះចុះ។
[២៤] (នាយសារថី) ព្រះរាជបុត្រនោះ មិនមែនគទេ ព្រះរាជបុត្រនោះ មិនមែនខ្វិនទេ ឯព្រះរាជបុត្រនោះ មានព្រះបន្ទូលក្បោះក្បាយ បានឮថា ព្រះរាជបុត្រនោះ ទ្រង់ខ្លាចរាជ្យ ទើបបានជាធ្វើនូវពុតត្បុតច្រើនយ៉ាង។ ព្រះរាជបុត្រនោះ ទ្រង់រឭកឃើញនូវជាតិមុន ជាជាតិដែលបានទ្រង់សោយរាជ្យ លុះសោយរាជ្យក្នុងទីនោះហើយ ធ្លាក់នរកគួរស្ញែង។ ព្រះរាជបុត្រនោះ បានសោយរាជ្យក្នុងទីនោះអស់ ២០ ឆ្នាំគត់ បានឆេះក្នុងនរកអស់ ៨ ម៉ឺនឆ្នាំ។ ព្រះរាជបុត្រនោះ ទ្រង់ខ្លាចរាជ្យនោះហើយ (ក៏តាំងព្រះរាជហ្ឫទ័យថា) ព្រះរាជមាតាបិតា កុំអភិសេកអញក្នុងរាជ្យ ព្រោះហេតុនោះ ទើបព្រះរាជបុត្រមិនមានបន្ទូលក្នុងសំណាក់នៃព្រះបិតា និងព្រះមាតាក្នុងកាលនោះ។ ព្រះរាជបុត្រនោះ បរិបូណ៌ដោយអវយវៈតូចធំ មានកំពស់ និងទំហំ (ដ៏ស៊ប់សួន) មានព្រះបន្ទូលដ៏ក្បោះក្បាយ មានបញ្ញា ទ្រង់ឋិតនៅក្នុងផ្លូវសួគ៌។ បើព្រះនាងមានប្រាថា្នដើម្បីឃើញព្រះរាជបុត្រ ជាកូនបង្កើតរបស់ព្រះនាង សូមព្រះនាងយាងទៅចុះ តេមិយកុមារគង់នៅក្នុងទីណា ទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះនាងឲ្យដល់ទីនោះ។
[២៥] (ព្រះបាទកាសិកៈ) នាយសារថីទាំងឡាយ ចូរទឹមសេះក្នុងរថ អ្នកទាំងឡាយ ចូរចងដង្គន់នាដំរី ស័ង្ខ និងស្គរ ចូរលាន់សំឡេងឡើង ស្គរមានមុខតែម្ខាង ចូរលាន់សំឡេងឡើង។ ស្គរដែលគេពាសល្អហើយ ចូរបន្លឺសំឡេង ស្គរមានសំឡេងពីរោះ ចូរលាន់សំឡេងឡើង ទាំងពួកអ្នកនិគម ចូរទៅតាមយើងចុះ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង។ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួកព្រាហ្មណ៍ ចូរនាំគ្នាទឹមយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង។ ពួកហ្មដំរី ពួកពលសេះ ពួកពលរថ ពួកពលថ្មើរជើង ចូរនាំគ្នាទឹមយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង។ អ្នកជនបទមកប្រជុំគ្នា ទាំងអ្នកនិគម ក៏មកប្រជុំគ្នា ហើយចូរទឹមនូវយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង។
[២៦] (អភិសម្ពុទ្ធគាថា) ឯពួកនាយសារថី (បាននាំយក) នូវសេះសិន្ធពទាំងឡាយ ជាពាហនៈមានសន្ទុះដ៏លឿន ដែលទឹមហើយ ចូលមកកាន់រាជទ្វារ (ក្រាបបង្គំទូលថា) បពិត្រព្រះសម្មតិទេព សេះទាំងឡាយនេះ ទូលព្រះបង្គំជាខ្ញុំបានទឹមរួចហើយ។
[២៧] (ព្រះរាជា) ពួកសេះធាត់ៗ រមែងសាបសូន្យចាកសន្ទុះ ពួកសេះស្គមៗ រមែងសាបសូន្យចាកកំឡាំង អ្នកទាំងឡាយ ត្រូវវៀរបង់នូវពួកសេះស្គម និងសេះធាត់ចេញ ហើយទឹមតែពួកសេះដែលប្រកប (ដោយវ័យ សម្បុរ សន្ទុះ កំឡាំង) វិញ។
[២៨] លំដាប់នោះ ព្រះរាជាទ្រង់ប្រញាប់ប្រញាល់ឡើងគង់រថ ដែលនាយសារថីទឹមហើយ ទ្រង់តា្រស់ទៅនឹងស្រ្តីស្នំថា នាងទាំងអស់គ្នា ចូរទៅតាមយើងចុះ។ នាងទាំងឡាយចូរប្រដាប់ដោយមាសទាំងឡាយ ហើយកាន់មកនូវផ្លិត មកុដ ព្រះខាន់ សេ្វតច្ឆត្រ និងសែ្បកជើង រួចឡើងជិះរថមក។ បន្ទាប់ពីនោះមក ព្រះរាជាបានឲ្យនាយសារថីដើរមុខ ហើយទ្រង់ស្តេចយាងទៅ តេមិយកុមារនៅក្នុងទីណា ក៏យាងទៅក្នុងទីនោះយ៉ាងឆាប់។
[២៩] តេមិយៈទតឃើញព្រះបិតានោះ កំពុងសេ្តចយាងមក ហាក់ដូចជារុងរឿងដោយតេជះ ដែលពួកអាមាត្យអ្នកកាន់ព្រះខាន់ហែហមហើយ ទើបត្រាស់សួរព្រះបិតានោះថា បពិត្រព្រះបិតា ព្រះអង្គមានសេចក្តីសុខសប្បាយទេឬ បពិត្រព្រះបិតា ព្រះអង្គមិនមានព្រះអាពាធទេឬ រាជកញ្ញាទាំងអស់ ជាព្រះមាតារបស់ខ្ញុំមិនមានរោគទេឬ។
[៣០] (ព្រះវរបិតា) នែកូន ខ្ញុំសុខសប្បាយទេ នែកូន ខ្ញុំមិនមានជំងឺដម្កាត់ទេ រាជកញ្ញាទាំងអស់ជាមាតារបស់អ្នក មិនមានរោគទេ។
[៣១] (មហាសត្វ) បពិត្រព្រះបិតា ព្រះអង្គមិនសោយទឹកស្រវឹងទេឬ សុរាមិនពេញព្រះទ័យរបស់ព្រះអង្គទេឬ ព្រះទ័យរបស់ព្រះអង្គ ត្រេកអរក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទានដែរឬ។
[៣២] (ព្រះវរបិតា) នែកូន ខ្ញុំមិនផឹកទឹកស្រវឹងទេ មួយទៀត សុរាមិនពេញចិត្តខ្ញុំទេ ឯចិត្តរបស់ខ្ញុំ តែងត្រេកអរក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទាន។
[៣៣] (មហាសត្វ) យានរបស់ព្រះអង្គមិនខូចទេឬ វាហនៈរបស់ព្រះអង្គតែងប្រព្រឹត្តទៅបានដែរឬ ព្យាធិទាំងឡាយជាគ្រឿងដុតកំដៅសរីរៈ មិនមានដល់ព្រះអង្គទេឬ។
[៣៤] (ព្រះវរបិតា) ឯយានរបស់ខ្ញុំឥតមានខូចទេ វាហនៈរបស់ខ្ញុំក៏ប្រព្រឹត្តទៅបានដោយស្រួល ព្យាធិទាំងឡាយជាគ្រឿងដុតកំដៅសរីរៈ មិនមានដល់ខ្ញុំទេ។
[៣៥] (មហាសត្វ) ជនបទនៅទីប្រទល់ដែនរបស់ព្រះអង្គ (ស្រុក និងនិគម) របស់ព្រះអង្គទាំងមូល ដែលតាំងនៅកណ្តាលផែនដី ជាស្រុកសម្បូណ៌ដែរឬ ឃ្លាំង និងជង្រុក ព្រះអង្គបានតម្កល់ទុកស្រួលបួលទេឬ។
[៣៦] (ព្រះវរបិតា) ជនបទនៅទីប្រទល់ដែនរបស់ខ្ញុំ (ស្រុក និងនិគម) ទាំងមូលរបស់ខ្ញុំ ដែលតាំងនៅកណ្តាលដែន ជាស្រុកសម្បូណ៌ ឃ្លាំង និងជង្រុកទាំងអស់ ខ្ញុំបានតម្កល់ទុកស្រួលបួលហើយ។
[៣៧] (មហាសត្វ) បពិត្រមហារាជ ព្រះអង្គសេ្តចយាងមកល្អហើយ មួយទៀត ព្រះអង្គស្តេចមក មិនមែនអាក្រក់ទេ រាជបុរសចូររៀបចំបល្ល័ង្កជាទីគង់របស់ព្រះរាជា។
[៣៨] ព្រះអង្គគង់លើកម្រាលស្លឹកឈើ ដែលគេតែងតាំងហើយ សូមព្រះអង្គ យកទឹកអំពីទីនេះ លាងព្រះបាទារបស់ព្រះអង្គចុះ។
[៣៩] បពិត្រព្រះរាជា ស្លឹកនេះដែលអាត្មាភាពចម្អិនហើយ ជារបស់មិនមានរសប្រៃ បពិត្រមហារាជ្យ សូមព្រះអង្គសេ្តចសោយចុះ ព្រះអង្គទើបស្តេចយាងមកដល់ ទុកជាភ្ញៀវរបស់អាត្មាភាព។
[៤០] (ព្រះវរបិតា) ខ្ញុំមិនបរិភោគស្លឹកនេះទេ ព្រោះស្លឹកឈើនេះ មិនមែនជាភោជនរបស់ខ្ញុំ ខ្ញុំបរិភោគតែបាយនៃស្រូវសាលី ដែលលាយដោយសាច់ដ៏ស្អាត។
[៤១] សេចក្តីអស្ចារ្យកើតប្រាកដដល់ខ្ញុំ ព្រោះឃើញ (លោក) នៅស្ងាត់តែមា្នក់ឯង កាលលោកបរិភោគភោជនបែបនេះ សម្បុរនៅតែស្រស់ថ្លាដោយហេតុដូចមេ្តច។
[៤២] (មហាសត្វ) បពិត្រព្រះរាជា អាត្មាភាពម្នាក់ឯង សិងលើកម្រាលស្លឹក ដែលតាំងទុកហើយ បពិត្រព្រះរាជា វណ្ណៈរបស់អាត្មាភាពស្រស់ថ្លាដោយដំណេកម្នាក់ឯងនោះ ។ ពួកអ្នករក្សាព្រះរាជា ដែលសៀតព្រះខាន់ មិនប្រាកដដល់អាត្មាភាពទេ បពិត្រព្រះរាជា វណ្ណៈរបស់អាត្មាភាព ថ្លាស្រស់ដោយដំណេកម្នាក់ឯងនោះ។ អាត្មាភាព មិនតាមសោក និងអារម្មណ៍ដែលកន្លងហើយ មិនប្រាថា្ននូវអារម្មណ៍ដែលមិនទាន់មកដល់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុដែលលើកឡើងចំពោះមុខ ហេតុនោះ បានជាវណ្ណៈរបស់អាត្មាភាព រមែងថ្លាស្រស់។ ជនពាលទាំងឡាយ តែងរីងស្ងួត ព្រោះសេចក្តីប្រាថា្នអារម្មណ៍ដែលមិនទាន់មកដល់ ព្រោះសេចក្តីតាមសោកស្តាយអារម្មណ៍ដែលកន្លងទៅហើយនេះ ដូចជាដើមបបុសមានសម្បុរខៀវ ដែលគេដកហាលថ្ងៃដូចោ្នះ។
[៤៣] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យនូវពលដំរី ពលរថ ពលសេះ ពលថើ្មរជើង ពួកជនពាក់គ្រឿងក្រោះ និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក។ មួយទៀត ខ្ញុំឲ្យនូវស្រីស្នំដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួងដល់អ្នក នែកូន ចូរអ្នកគ្រប់គ្រងនូវស្រ្តីទាំងនោះចុះ អ្នកជាព្រះរាជារបស់យើង។ ស្រ្តីរបាំ ជាអ្នកឈ្លាសក្នុងការរាំ និងច្រៀង បានសិក្សា (ក្នុងកិច្ចស្រ្តី) ញ៉ាំងអ្នកឲ្យត្រេកអរក្នុងកាម អ្នកនឹងធ្វើអ្វីក្នុងព្រៃ។ ខ្ញុំនឹងនាំយករាជកញ្ញាដែលមានខ្លួនប្រដាប់ហើយអំពីពួកព្រះរាជាដទៃដល់អ្នក អ្នកចូរញ៉ាំងកូនទាំងឡាយ ឲ្យកើតក្នុងស្រ្តីទាំងនោះ ហើយសិមបួសក្នុងកាលជាខាងក្រោយ។ អ្នកនៅកេ្មងកម្លោះ ប្រកបដោយបឋមវ័យ មានសក់ខ្មៅស្រិល ចូរសោយរាជ្យ សេចក្តីចំរើននឹងមានដល់អ្នក អ្នកនឹងធ្វើអ្វីក្នុងព្រៃ។
[៤៤] (មហាសត្វ) បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីជាកម្លោះ ព្រោះថា បព្វជ្ជារបស់បុគ្គលនៅកម្លោះនេះ ពួកឥសីទាំងឡាយសរសើរហើយ។ បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីនៅកម្លោះ អាត្មាភាព នឹងប្រព្រឹត្តព្រហ្មចរិយធម៌ អាត្មាភាព មិនត្រូវការដោយរាជ្យទេ។ បពិត្រព្រះមាតា និងបិតា អាត្មាភាពឃើញនរជននៅក្មេង ទើបនឹងចេះនិយាយ ជាកូនជាទីស្រឡាញ់ដែលមាតាបិតាបានដោយលំបាក មិនទាន់ចាស់គ្រាំគ្រា ហើយស្លាប់។ អាត្មាភាព ឃើញនាងកុមារីមានសម្បុរដូចមាស ដែលមច្ចុរាជចាប់ដកក្ស័យជីវិតហើយ ដូចជាដកនូវទំពាំងឫស្សីដ៏ខ្ចី។ នរជនទាំងឡាយ ឬនាងនារីទាំងឡាយ សូម្បីនៅក្មេង ក៏តែងស្លាប់ តើសត្វណា គប្បីទុកចិត្តក្នុងជីវិតនោះថា អាត្មាអញនៅក្មេងដូច្នេះ។ អាយុនៃកុមារណា មានប្រមាណតិច ដោយការកន្លងទៅនៃយប់ និងថ្ងៃ ភាពនៃខ្លួនជាកុមារក្នុងវ័យនោះ នឹងធ្វើដូចម្តេចកើត ដូចទីមានទឹកតិចរបស់ត្រីទាំងឡាយ។ សត្វលោក ត្រូវសត្រូវបៀតបៀនជានិច្ចផង ត្រូវសត្រូវរួបរិតជានិច្ចផង កាលយប់ និងថ្ងៃទាំងឡាយមិនកន្លងទៅទទេទេ តើព្រះអង្គនឹងអភិសេកអាត្មាភាពក្នុងរាជ្យដូចមេ្តច។
[៤៥] (ព្រះរាជា) សត្វលោកនេះ ត្រូវសត្រូវអ្វីបៀតបៀនផង ត្រូវសត្រូវអ្វីរួបរឹតផង ធម្មជាតិដូចមេ្តច មិនកន្លងទៅទទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់នូវដំណើរនោះ។
[៤៦] (ព្រះមហាសត្វ) សត្វលោកត្រូវមច្ចុបៀតបៀនផង ត្រូវជរារួបរឹតផង
រាត្រីទាំងឡាយ រមែងកន្លងទៅមិនទទេ បពិត្រក្សត្រិយ៍ សូមព្រះអង្គជ្រាបយ៉ាងនេះចុះ។ កាលតម្បាញដែលបុគ្គលត្បាញរបស់ណា ៗ ដែលបុគ្គលនឹងត្បាញរបស់ដែលត្រូវត្បាញ (នោះៗ) ជារបស់នៅសល់តិច យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ផ្លូវទឹកដ៏ពេញ កាលហូរទៅ មិនត្រឡប់ថយក្រោយវិញ យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ កាលកន្លងទៅ មិនត្រឡប់វិញ យ៉ាងនោះដែរ។ ផ្លូវទឹកដ៏ពេញ គប្បីបន្សាត់ទៅនូវដើមឈើទាំងឡាយ ដែលដុះក្បែរច្រាំង យ៉ាងណាមិញ សត្វទាំងអស់ ត្រូវជរា និងមរណៈបន្សាត់ទៅក៏យ៉ាងនោះដែរ។
[៤៧] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យពលដំរី ពលរថ ពលសេះ ពលថ្មើរជើង ពួកពលពាក់គ្រឿងក្រោះ និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក។ មួយទៀត យើងនឹងឲ្យស្រ្តីស្នំដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួងដល់អ្នក នែកូន អ្នកចូរគ្រប់គ្រងពួកស្រ្តីទាំងនោះចុះ អ្នកនឹងជារាជារបស់យើង ស្រ្តីរបាំជាអ្នកឈ្លាសក្នុងការរាំ និងច្រៀង សិក្សា (ក្នុងកិច្ចរបស់ស្រ្តី) នឹងញ៉ាំងអ្នកឲ្យត្រេកអរក្នុងកាម អ្នកនឹងធ្វើអ្វីក្នុងព្រៃ។ យើងនឹងនាំយកពួករាជកញ្ញាដែលមានខ្លួនប្រដាប់ហើយ អំពីពួកព្រះរាជាដទៃដល់អ្នក អ្នកញ៉ាំងកូនទាំងឡាយឲ្យកើតក្នុងពួកនាងកញ្ញាទាំងនោះ ហើយសិមបួសក្នុងកាលជាខាងក្រោយចុះ។ អ្នកនៅកេ្មងកម្លោះ ប្រកបដោយបឋមវ័យ មានសក់ខ្មៅស្រិល ចូរសោយរាជ្យចុះ សេចក្តីចំរើននឹងមានដល់អ្នក អ្នកនឹងធ្វើអ្វីក្នុងព្រៃ។ នែកូន ខ្ញុំនឹងឲ្យឃ្លាំង ជជ្រុក វាហនៈ ពល និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក។ អ្នកដែលក្រុមនៃរាជកញ្ញាមានចំណែកដ៏ល្អចោមរោមហើយ មានពួកនៃខ្ញុំស្រ្តីហែហមហើយ ចូរសោយរាជ្យចុះ សេចក្តីចំរើននឹងមានដល់អ្នក អ្នកនឹងធើ្វអ្វីក្នុងព្រៃ។
[៤៨] (ព្រះមហាសត្វ) ប្រយោជន៍អ្វីដោយទ្រព្យដល់អាត្មាភាព ព្រោះទ្រព្យតែងអស់ទៅ ប្រយោជន៍អ្វីដោយភរិយា ព្រោះភរិយាក៏គង់ស្លាប់ ប្រយោជន៍អ្វីដោយវ័យដែលគ្រាំគ្រា ជាវ័យត្រូវជរាគ្របសង្កត់ហើយ។ ក្នុងលោកសន្និវាសនេះ នៅមានសេចក្តីត្រេកអរអ្វី ការលេងសើចអ្វី ការរីករាយអ្វី ការស្វែងរកទ្រព្យអ្វី អាត្មាភាពត្រូវការអ្វីដោយកូន និងប្រពន្ធ បពិត្រព្រះរាជា អាត្មាភាពផុតស្រឡះចាកបំណងហើយ។ អាត្មាភាពដឹងច្បាស់យ៉ាងនេះថា មច្ចុមិនធ្វេសប្រហែសចំពោះអញឡើយ អាត្មាភាពនោះ ត្រូវសេចក្តីស្លាប់គ្របសង្កត់ហើយ នៅមានសេចក្តីត្រេកអរដូចមេ្តច ការស្វែងរកទ្រព្យដូចមេ្តចទៀត។ ផ្លែឈើទុំទាំងឡាយ តែងមានភ័យអំពីការជ្រុះជានិច្ច យ៉ាងណាមិញ សត្វទាំងឡាយ កើតមកហើយ តែងមានភ័យអំពីសេចក្តីស្លាប់ជានិច្ចយ៉ាងនោះដែរ។ ជនជាច្រើន ពួកខ្លះដែលគេឃើញក្នុងវេលាព្រឹក តែគេមិនឃើញក្នុងវេលាលា្ងច ជនជាច្រើនពួកខ្លះ ដែលគេឃើញក្នុងវេលាល្ងាច តែគេមិនឃើញក្នុងវេលាព្រឹក។ សេចក្តីព្យាយាមក្នុងកុសល គេគួរធើ្វក្នុងថ្ងៃនេះឯង បុគ្គលណា គប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក ដ្បិតការបណ្តោះបណ្តៃអំពីសេចក្តីស្លាប់ ដែលមានសេនាច្រើននោះ មិនមានដល់យើងទេ។ ពួកចោរទាំងឡាយ តែងប្រាថា្នទ្រព្យ បពិត្រព្រះរាជា អាត្មាភាពផុតស្រឡះហើយអំពីបំណង បពិត្រព្រះរាជា សូមព្រះអង្គមក សូមព្រះអង្គត្រឡប់ព្រះហឫទ័យទៅវិញចុះ អាត្មាភាពមិនត្រូវការដោយរាជ្យទេ។
ចប់ តេមិយជាតក ទី ១។
(៥៣៩. មហាជនកជាតកំ (២))
[៤៩] (នាងទេវធីតាឈោ្មះមណីមេខលាសួរថា) បុគ្គលណានេះ កាលមិនឃើញត្រើយ ក៏ព្យាយាម (ហែល) ក្នុងកណ្តាលសមុទ្រ អ្នកដឹងនូវអំណាចនៃប្រយោជន៍ដូចមេ្តច ក៏ព្យាយាមក្រៃពេកម្ល៉េះ។
[៥០] (ព្រះមហាសត្វត្រាស់តបថា) ម្នាលទេវតា ខ្ញុំពិចារណានូវវត្តនៃសត្វលោក និងអានិសង្សនៃសេចក្តីព្យាយាម ព្រោះហេតុដូចច្នោះ ខ្ញុំសូម្បីមិនឃើញត្រើយ ក៏នៅតែព្យាយាមក្នុងកណ្តាលសមុទ្រ។
[៥១] (នាងមណីមេខលា) អ្នកមិនឃើញត្រើយនៃសមុទ្រដ៏ជ្រៅប្រមាណមិនបាន ការព្យាយាមតាមកម្លាំងបុរសរបស់អ្នក ជាព្យាយាមសោះសូន្យទទេ អ្នកមិនដល់នូវត្រើយទេ មុខជានឹងស្លាប់។
[៥២] (ព្រះមហាសត្វ) បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជាអ្នកមិនមានបំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិនក្តៅក្រហាយក្នុងកាលជាខាងក្រោយ។
[៥៣] (នាងមណីមេខលា) ការងារណា មិនគប្បីសម្រេច (ដោយសេចក្តីព្យាយាមទេ) ការងារនោះ ជារបស់ឥតផល មានសេចក្តីលំបាកជាកម្រៃ សេចក្តីស្លាប់ រមែងសម្រេចដល់បុគ្គលណា បុគ្គលនោះ មានប្រយោជន៍ដូចមេ្តចដោយសេចក្តីព្យាយាមក្នុងការងារនោះ។
[៥៤] (ព្រះមហាសត្វ) ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា ការងារមិនគប្បីសម្រេចដោយពិត ហើយមិនរក្សាជីវិតរបស់ខ្លួន បុគ្គលនោះ បើបន្ថយសេចក្តីព្យាយាម គង់ដឹង (នូវផលនៃសេចក្តីខ្ជិលនោះមិនខាន)។ ម្នាលទេវតា បុគ្គលពួកខ្លះក្នុងលោកនេះ (កាលឃើញ) នូវផលនៃសេចក្តីប្រាថា្នហើយ រមែងប្រកបនូវការងារទាំងឡាយ ការងារទាំងនោះ សម្រេចខ្លះ មិនសម្រេចខ្លះ។ ម្នាលទេវតា ក្រែងអ្នកបានឃើញផលនៃកម្មដ៏ជាក់ច្បាស់ដោយខ្លួនឯងដែរឬ ជនទាំងឡាយដទៃលិចលង់ហើយ ខ្ញុំនៅឆ្លង ទាំងបានឃើញនាង ដែលឋិតនៅក្នុងទីជិតនៃខ្ញុំ។ ខ្ញុំនោះ នឹងព្យាយាមតាមសមគួរដល់សេចក្តីអស់អាច និងសមគួរដល់កម្លាំង ខ្ញុំកាលទៅដល់ត្រើយនៃសមុទ្រ នឹងធ្វើនូវសេចក្តីព្យាយាមដែលបុរសគប្បីធ្វើ។
[៥៥] (នាងមណីមេខលា) កាលមហាសមុទ្រមានអន្លង់ទឹកដ៏ជ្រៅប្រមាណមិនបាន ប្រព្រឹត្តទៅយ៉ាងនេះ អ្នកណាប្រកបដោយសេចក្តីព្យាយាមដោយធម៌ រមែងមិនលិចចុះដោយកម្ម គឺសេចក្តីព្យាយាម ចិត្តរបស់អ្នក ត្រេកអរក្នុងទីណា អ្នកនោះ ចូរទៅក្នុងទីនោះចុះ។
[៥៦] (ព្រះបាទបោលជនក) កំណប់ធំ ១៦ នេះ គឺកំណប់ត្រង់ទីព្រះអាទិត្យរះ កំណប់ត្រង់ទីព្រះអាទិត្យលិច កំណប់ខាងក្នុង កំណប់ខាងក្រៅ កំណប់មិនមែនខាងក្នុង មិនមែនខាងក្រៅ កំណប់ធំត្រង់ទីសម្រាប់ឡើង កំណប់ត្រង់ទីសម្រាប់ចុះ កំណប់ត្រង់សាលព្រឹក្សធំទាំងបួន កំណប់ត្រង់ទីមួយយោជន៍ជុំវិញ កំណប់ធំត្រង់ចុងភ្លុកដំរីទាំងពីរ កំណប់ត្រង់ចុងកន្ទុយ កំណប់ក្នុងទឹក កំណប់ធំត្រង់ចុងឈើសហស្សថាមធ្នូ បល្ល័ង ៤ ជ្រុង នឹងញុំាងនាងសីវលីរាជទេវីឲ្យត្រេកអរ។
[៥៧] (ព្រះបាទមហាជនក) បុរសជាបណ្ឌិត ត្រូវតែប្រាថា្ន មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួនឯង យើងប្រាថា្នយ៉ាងណា ក៏បានយ៉ាងនោះ។ បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក។ បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន យើងប្រាថ្នាយ៉ាងណា ក៏បានយ៉ាងនោះ។ បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក។ នរជន មានប្រាជ្ញា សូម្បីសេចក្តីទុក្ខប៉ះពាល់ហើយ មិនគប្បីកាត់សេចក្តីប្រាថា្ន ដើម្បីដល់នូវសេចក្តីសុខទេ ព្រោះថាការប៉ះពាល់ដ៏ច្រើន ឥតប្រយោជន៍ក៏មាន មានប្រយោជន៍ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងដល់នូវសេចក្តីស្លាប់។ ហេតុដែលបុគ្គលមិនបានគិត សម្រេចក៏មាន ហេតុដែលបុគ្គលគិតហើយ វិនាសទៅក៏មាន ព្រោះភោគៈទាំងឡាយរបស់ស្រី្ត ឬបុររស មិនមែនសម្រេចដោយការគិតទេ។
[៥៨] (មហាជន) ម្នាលគ្នាយើងដ៏ចំរើន ព្រះរាជាត្រួតនូវផែនដីទាំងមូល ជាម្ចាស់ក្នុងទិស មិនដូចអំពីដើមសោះ ថ្ងៃនេះមិនទ្រង់ក្រសាលរបាំ មិនទ្រង់ធ្វើទុកក្នុងព្រះហ្ឫទ័យចំពោះចំរៀង មិនទតម្រឹគ មិនទតឧទ្យាន មិនទតហង្ស ទ្រង់គង់នៅស្ងៀម ហាក់ដូចជាមនុស្សគ មិនទ្រង់កាត់សេចក្តី។
[៥៩] (ព្រះបាទមហាជនក) ព្រះបចេ្ចកពុទ្ធទាំងឡាយ ទាំងកេ្មង ទាំងចាស់ អ្នកប្រាថ្នាសេចក្តីសុខ មានសេចក្តីស្ងប់ស្ងាត់ជាប្រក្រតី ប្រាសចាកចំណងជាកិលេស គង់នៅក្នុងអារាមនៃបុគ្គលណាហ៎្ន ក្នុងថ្ងៃនេះ។ អ្នកប្រាជ្ញទាំងឡាយណា បានកន្លងនូវតណ្ហា ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ នៅក្នុងលោកដែលកំពុងខ្វល់ខ្វាយ ខ្ញុំសូមថ្វាយបង្គំអ្នកប្រាជ្ញទាំងនោះ ជាអ្នកសែ្វងរកនូវគុណដ៏ធំ។ អ្នកប្រាជ្ញទាំងឡាយនោះ កាត់ទំលាយនូវតម្បាញជាបណ្តាញដ៏មាំរបស់មច្ចុដែលមានមាយាចេញទៅរួច បុគ្គលណាគប្បីញុំាងយើងឲ្យដល់នូវគតិ (លំអាន) នៃអ្នកប្រាជ្ញទាំងនោះបាន។
[៦០] កាលណាអញនឹងលះនគរមិថិលា ជាក្រុងសម្បូណ៌ ដែលជាងចែកហើយ (ដោយឋាន មានរាជនិវេសន៍ជាដើម) វាស់ហើយដោយចំណែក (នៃទា្វរ និងថ្នល់) ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ទូលាយ មានពន្លឺដោយជុំវិញ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែង និងក្លោងទ្វារដ៏ច្រើន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានប៉ម និងស៊ុមទ្វារដ៏មាំមួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដែលគេចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរានផ្សារ ដែលគេចែកដោយល្អ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដ៏កុះករដោយគោ សេះ និងរថ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃសួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃឧទ្យាន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃប្រាសាទដ៏ប្រសើរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែង ៣ ជាន់ ពេញដោយរាជវង្សានុវង្ស ដែលព្រះបាទវិទេហៈ ព្រះនាមសោមនស្សមានយស ទ្រង់សាងទុក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់ដែនវិទេហៈ ជាដែនសម្បូណ៌ បរិបូណ៌ដោយការសន្សំ (នូវធញ្ញាហារជាដើម) ដែលរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវដែនវិទេហៈ ជាដែនសម្បូណ៌ ដែលបច្ចាមិត្រផ្ចាញ់មិនបាន ជាដែនរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ដែលជាទីរីករាយ ដែលជាងចែកវាស់ដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ជាទីរីករាយ ដែលបូកដោយកំបោ និងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ជាទីរីករាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលជាងចែកហើយ វាស់ហើយដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលបូកដោយកំបោ និងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះនូវដំណាក់កំពូលទាំងឡាយ ដែលមានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលលាបល្អហើយ ប្រោះព្រំដោយខ្លឹមចន្ទន៍ក្រហម ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវគ្រែមាសទាំឡាយ មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវបល្ល័ង្កកែវមណី មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវសំពត់អំបោះ និងសំពត់សូត្រ សំពត់ទាំងឡាយដែលកើតអំពីដែនខោមៈ និងកើតអំពីដែនកោទុម្ពរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាកយំទ្រហឹង ដេរដាសដោយចង្កុលណីទាំងឡាយផង ដោយឈូក និងព្រលិតទាំងឡាយផង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវហ្វូងដំរីមាតង្គៈ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្តាញមាស ដែលហ្មដំរីមានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវហ្វូវសេះអាជានេយ្យអំពីជាតិ ជាសេះសិន្ធព ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ ជាវាហនៈលឿន ដែលអ្នកបង្ហាត់សេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួករថ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួករថមាសប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថប្រាក់ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមសេះ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមឱដ្ឋ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមគោ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមកែស ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមពពែ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវរថទឹមម្រឹគ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះដំរី ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះសេះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែ និងធ្នូ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះរថ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងព្រួញក្នុងដៃ ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកខ្មាន់ធ្នូ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកព្រះរាជបុត្ត ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាស និងកែវពិទូរ្យ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកអរិយជន គឺព្រាហ្មណ៍ដែលមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ស្លៀកដណ្តប់ដោយសំពត់ដែលបានមកអំពីដែនកាសីដ៏ឧត្តម ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកអាមាត្យ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ជាអ្នកសង្រួមល្អ មានចង្កេះរៀវ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវស្រីស្នំ ៧០០ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវភាជន៍មាស មានទម្ងន់ ១០០ បល្លៈ ប្រកបដោយស្នាមចំឡាក់ ១០០ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាហ្វូងដំរីមាតង្គៈរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្តាញមាស ដែលហ្មដំរីមានលំពែងសែ្នងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាហ្វូងសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាសេះអាជានេយ្យដោយជាតិ ជាសេះសិន្ធព ជាវាហនៈដ៏លឿន ដែលពួកអ្នករក្សាសេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះនឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួករថរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួករថមាសរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួករថប្រាក់របស់អញ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមសេះរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមឱដ្ឋរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមគោរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមកែសរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមពពែរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណារថទឹមម្រឹគរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអ្នកជិះដំរីរបស់អញ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអ្នកជិះសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែ និងធ្នូ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអ្នកជិះរថរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកខ្មាន់ធ្នូរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួករាជបុត្ររបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាស និងកែវពិទូរ្យ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអរិយជន គឺព្រាហ្មណ៍ អ្នកមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវសំពត់ដ៏ឧត្តមដែលបានមកអំពីដែនកាសី នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអាមាត្យរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីសង្រួមល្អ មានចង្កេះរាវ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងបានទៅជាអ្នកកោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅបិណ្ឌបាត ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងទ្រទ្រង់នូវសង្ឃាដិនៃសំពត់បង្សុកូលទាំងឡាយ ដែលគេចោលក្នុងផ្លូវធំ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ កាលដែលមេឃបង្អុរភ្លៀងចុះអស់ ៧ ថ្ងៃហើយ នឹងត្រាច់ទៅបិណ្ឌបាតទាំងចីវរទទឹក ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញនឹងចេញទៅអំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ អំពីព្រៃមួយ ទៅកាន់ព្រៃមួយ រហូតថ្ងៃ និងយប់ទាំងអស់ ត្រាច់ទៅឥតអាឡោះអាល័យ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងលះបង់នូវភ័យគួរខ្លាច ហើយមិនមានគ្នាជាគំរប់ពីរនាក់ ដើរទៅលើជ្រោះភ្នំទាំងឡាយ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គលដេញពិណ អាចដេញខ្សែទាំង ៧ ឲ្យជាទីរីករាយចិត្តបាន ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងកាត់នូវកាមសំយោជន៍ជាទិព្វ ទាំងជារបស់មនុស្សបាន ដូចជាជាងរថ កាលកាត់នូវសែ្បកជើងដូច្នោះ។
[៦១] (អភិសម្ពុទ្ធគាថា) ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី។ ពួកស្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីសង្រួមល្អ មានចង្កេះរៀវ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី។ ពួកស្រីស្នំទាំង ៧០០ នាក់នោះ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី។ ព្រះរាជាទ្រង់លះនូវសម្ប័ទ បានលះបង់ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ព្រះអង្គត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។ ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះបង់ពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីសង្រួមល្អ មានចង្កេះរៀវ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។ ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះនូវពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។ ព្រះរាជាទ្រង់លះបង់នូវភាជន៍មាសមានទម្ងន់មួយរយបល្លៈ ប្រកបដោយស្នាមចម្លាក់មួយរយ បានកាន់យកនូវបាត្រដី ការកាន់នូវបាត្រដីនោះ ទុកជាអភិសេកទី ២។
[៦២] (ព្រះនាងសីវលីទេវី) ឃ្លាំងទាំងឡាយ គឺឃ្លាំងប្រាក់ ឃ្លាំងមាស ឃ្លាំងកែវមុក្តា ឃ្លាំងកែវពិទូរ្យ ឃ្លាំងកែវមណី ឃ្លាំងស័ង្ខ ឃ្លាំងកែវមុក្តាដ៏ច្រើន ឃ្លាំងសំពត់ ឃ្លាំងខ្លឹមចន្ទន៍ក្រហម ឃ្លាំងស្បែកខ្លាឃ្មុំ ឃ្លាំងរបស់ធ្វើពីភ្លុក ឃ្លាំងទង់ដែង និងឃ្លាំងដែកខ្មៅដ៏ច្រើន ជាឃ្លាំងដែលរាជបុរសរៀបចំដោយចំណែក ត្រូវភ្លើងឆេះ មានអណ្តាតភ្លើងស្មើគ្នា គួរខ្លាច បពិត្រព្រះរាជា សូមព្រះអង្គសេ្តចមក សូមស្តេចត្រឡប់វិលវិញ កុំឲ្យទ្រព្យរបស់ព្រះអង្គនោះវិនាស។
[៦៣] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ កាលបើក្រុងមិថិលាត្រូវភ្លើងឆេះ ភ្លើងមិនមែនឆេះនូវទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ។
[៦៤] (ព្រះនាងសីវលីទេវី) ចោរក្នុងដងព្រៃកើតឡើងហើយ បំផ្លាញដែនរបស់ព្រះអង្គ បពិត្រព្រះរាជា សូមព្រះអង្គសេ្តចមក សូមសេ្តចត្រឡប់វិលវិញ កុំឲ្យដែននេះវិនាស។
[៦៥] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ កាលបើដែនត្រូវពួកចោរប្លន់ ចោរមិនបានយកទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ យើងជាអ្នកមានបីតិជាអាហារ ដូចពួកអាភស្សរទេវតា។
[៦៦] (នារទតាបស) សំឡេងគឹកកងនៃជនច្រើននេះ តើព្រោះហេតុអ្វី ស្រ្តីនោះជាអ្វី លេងជាមួយក្នុងព្រៃ ដូចក្នុងស្រុក បពិត្រសមណៈ ខ្ញុំសួរលោកថា មហាជននុ៎ះ ប្រជុំគ្នាដើម្បីអ្វី។
[៦៧] (ព្រះរាជា) ខ្ញុំកាលលះបង់នូវមហាជន ហើយចេញទៅ បានជាមហាជនប្រជុំគ្នាក្នុងទីនេះ ខ្ញុំកន្លងនូវដែន គឺកិលេស ហើយទៅបួសដើម្បីបាននូវមោនធម៌ (ពោលគឺ ញាណរបស់អនាគារិយៈ) មុនី ខ្ញុំកាលទៅកាន់ទីច្រឡូកច្រឡំដោយសេចក្តីរីករាយទាំងឡាយ អ្នកដឹងទើបសួរឬ (ឬមិនដឹង)។
[៦៨] (នារទតាបស) ព្រះអង្គកាលទ្រទ្រង់នូវសរីរៈនេះ កុំសំគាល់ថា អញឆ្លងកិលេសហើយដូច្នេះ កម្ម (គឺកិលេស) នេះ បុគ្គលមិនគប្បីឆ្លងបានទេ ព្រោះថា សេចក្តីអន្តរាយមានច្រើន។
[៦៩] (ព្រះរាជា) ខ្ញុំណាមិនប្រាថ្នានូវកាមទាំងឡាយក្នុងមនុស្សលោក ដែលបុគ្គលឃើញហើយ មិនប្រាថ្នានូវកាមទាំងឡាយក្នុងទេវលោក ដែលបុគ្គលមិនឃើញហើយ សេចក្តីអន្តរាយដូចមេ្តចហ្ន៎ នឹងមានដល់ខ្ញុំនោះ មានកិរិយាទៅយ៉ាងនេះ។
[៧០] (នារទតាបស) ដ្បិតថា សេចក្តីអន្តរាយ តាំងឡើងច្រើន គឺការដេកលក់ សេចក្តីខ្ជិល ការមិតពត់ សេចក្តីអផ្សុក ការពុលបាយ តំាងនៅក្នុងសរីរៈ រមែងកើត (ក្នុងសរីរៈវិញ)។
[៧១] (ព្រះរាជា) បពិត្រព្រាហ្មណ៍ លោកដ៏ចំរើនប្រៀនប្រដៅខ្ញុំល្អណាស់ បពិត្រព្រាហ្មណ៍ ខ្ញុំសួរលោក បពិត្រលោកនិរទុក្ខ លោកជាអ្វី។
[៧២] (នារទតាបស) ជនទាំងឡាយ ស្គាល់អាត្មាភាពដោយនាមថា នារទៈ ដោយគោត្រថា កស្សបៈ ដូច្នេះ អាតា្មភាពមកក្នុងសំណាក់ព្រះអង្គដ៏ចំរើន ដោយដឹងច្បាស់ថា សមាគមដោយសប្បុរសទាំងឡាយ ជាកិច្ចញុំាងប្រយោជន៍ឲ្យសម្រេច។ សេចក្តីត្រេកអរ (ក្នុងបព្វជា្ជ) ទាំងអស់ និងព្រហ្មវិហារ ចូរកើតដល់ព្រះអង្គនោះចុះ បរិកម្ម និងឈានណា ការខ្វះខាត (ដោយសីល និងឈាន) ណា ព្រះអង្គចូរបំពេញនូវការខ្វះខាតនោះចុះ ព្រះអង្គ (ចូរប្រកប) ដោយអធិវាសនក្ខន្តី និងឧបសមៈ។ ព្រះអង្គចូររំសាយចោលនូវសេចក្តីមើលងាយ និងសេចក្តីក្រអឺតក្រឱង ចូរធ្វើគោរពនូវកុសលកម្ម នូវវិជ្ជា និងធម៌។
[៧៣] (មិគាជិនតាបស) បពិត្រព្រះជនក ព្រះអង្គលះបង់ដំរីសេះ ពួកអ្នកនគរ និងជនបទជាច្រើន ហើយទ្រង់ព្រះផ្នួស ដល់នូវសេចក្តីត្រេកអរនឹងអម្បែង បពិត្រព្រះជនក ពួកអ្នកជនបទ មិត្រអាមាត្យ និងព្រះញាតិ បានធ្វើនូវការទ្រុស្តចំពោះព្រះអង្គខ្លះដែរឬ ព្រោះហេតុអ្វី ក៏ព្រះអង្គពេញព្រះហ្ឫទ័យនឹងអម្បែងរបស់ព្រះអង្គនោះ។
[៧៤] (ព្រះមហាជនក) បពិត្រមិគាជិនៈ ក្នុងកាលណាមក ខ្ញុំមិនដែលផ្ចាញ់នូវញាតិណាមួយដោយអធម៌ជាដាច់ខាត ទាំងពួកញាតិ ក៏មិនដែលផ្ចាញ់ខ្ញុំដោយអធម៌ដែរ។
[៧៥] បពិត្រមិគាជិនៈ ខ្ញុំបានឃើញនូវប្រវេណីនៃសត្វលោក ដែលកិលេសកំពុងទំពាស៊ី ធ្វើឲ្យដូចជាភក់ បុថុជ្ជនលិចចុះហើយក្នុងកិលេសវត្ថុណា សត្វទាំងឡាយ តែងបៀតបៀនគ្នាផង តែងជាប់ក្នុងកិលេសវត្ថុនោះផង ហើយក៏ធ្វើនូវពួកបុថុជ្ជនទាំងនេះ ឲ្យជាគ្រឿងប្រៀបធៀប ទើបបួសជាភិក្ខុ។
[៧៦] (មិគាជិនតាបស) បពិត្រព្រះអង្គប្រសើរក្នុងរថ បុគ្គលមានជោគណា ជាសាស្តារបស់ព្រះអង្គ ពាក្យដ៏ពីរោះនេះ ជាពាក្យរបស់បុគ្គលណា ព្រោះថា អ្នកប្រាជ្ញទាំងឡាយ មិនវៀរនូវតាបសអ្នកសម្រេចអភិញ្ញា ឬនូវព្រះបច្ចេកពុទ្ធដែលប្រកបដោយវិជ្ជា ហើយពោលនូវសមណៈថា អ្នកមានវត្តជាគ្រឿងកន្លងនូវទុក្ខទេ។
[៧៧] (ព្រះមហាជនក) បពិត្រមិគាជិនៈ ខ្ញុំមិនដែលចូលទៅគោរពសមណៈ និងព្រាហ្មណ៍ណាមួយដោយដាច់ខាត ក្នុងកាលណាម្តងឡើយ។ បពិត្រមិគាជិនៈ ខ្ញុំកាលទៅដោយអានុភាពដ៏ធំ រុងរឿងដោយសិរី កាលចម្រៀងដែលបុគ្គលកំពុងច្រៀង កាលតន្រ្តីមានសំឡេងដ៏ពីរោះ ដែលបុគ្គលកំពុងប្រគំ បានឃើញស្វាយមានផ្លែខាងក្រៅកំពែង ដែលពួកមនុស្សអ្នកត្រូវការផ្លែ បេះជិតឧទ្យានដែលគឹកកងដោយការប្រគំតន្រ្តី ជាឧទ្យានប្រកបដោយសូរប្រគំដ៏ពីរោះ បពិត្រមិគាជិនៈ ខ្ញុំនោះ បានលះបង់សិរីនោះ ហើយចុះ (អំពីដំរី) ចូលទៅកាន់គល់ស្វាយដែលមានផ្លែ និងមិនមានផ្លែ បានឃើញស្វាយមានផ្លែ ដែលបុគ្គលបៀតបៀនហើយ កំចាត់ហើយ ធ្វើមិនឲ្យមានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺខៀវ ជាទីរីករាយនៃចិត្ត សត្រូវទាំងឡាយ អាចសម្លាប់យើងដែលជាឥស្សរៈ មានបន្លាច្រើនដោយពិត ដូចដើមស្វាយដែលមានផ្លែ ដែលបុគ្គលសម្លាប់ហើយ ខ្លាដំបង ត្រូវគេសម្លាប់ព្រោះសែ្បក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក បុគ្គលអ្នកមានទ្រព្យ ត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណា នឹងសម្លាប់បុគ្គលអ្នកមិនមានផ្ទះ មិនមានសន្ថវៈ ដើមស្វាយមានផ្លែ និងមិនមានផ្លែ ទាំងពីរនោះ ជាសាស្តារបស់ខ្ញុំ។
[៧៨] (នាងសីវលី) ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើង បានឮថា ព្រះរាជាទ្រង់ផ្នួសហើយ ក៏តក់ស្លុត សូមព្រះអង្គលួងលោមនូវប្រជុំជន ហើយតាំងទុកនូវការរក្សា រួចតាំងព្រះរាជឱរសក្នុងរាជសម្បត្តិ ហើយសឹមទ្រង់ព្រះផ្នួស ក្នុងកាលជាខាងក្រោយចុះ។
[៧៩] (ព្រះមហាជនក) ពួកអ្នកជនបទ មិត្រ អាមាត្យ និងញាតិទាំងឡាយ ដែលយើងលះបង់ហើយ កូនរបស់អ្នកដែនវិទេហៈ ឈ្មោះទីឃាវុកុមារ អ្នកញ៉ាំងដែនឲ្យចំរើន ម្នាលបជាបតិ កូននោះ នឹងសោយរាជ្យក្នុងក្រុងមិថិលាចុះ។
[៨០] នាងចូរមកនេះ ពាក្យណាដែលអាត្មាពេញចិត្ត អាត្មានឹងប្រាប់នូវពាក្យនោះ នាងនឹងទៅកាន់ទុគ្គតិ ដោយកាយ វាចា ចិត្តណា នាងឯងកាលសោយរាជ្យ (ឈ្មោះថាធ្វើ) នូវបាបទុច្ចរិតដ៏ច្រើន ដោយកាយ វាចា ចិត្តនោះ អាត្មានឹងញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅដោយដុំបាយ ដែលបុគ្គលដទៃឲ្យហើយ ដែលបុគ្គលដទៃសម្រេចហើយ (នេះ) ជាបវេណីរបស់អ្នកប្រាជ្ញ។
[៨១] (នាងសីវលី) បុគ្គលណា មិនបរិភោគអាហារក្នុងកាលនៃភត្តជាគំរប់ ៤ បុគ្គនោះគប្បីស្លាប់ដោយសេចក្តីសេ្រកឃ្លាន ដូចបុគ្គលដល់នូវសេចក្តីស្លាប់ដ៏ពិត មានសភាពជាកុលបុត្រ មិនគប្បីបរិភោគដុំបាយ ដែលប្រឡាក់ដោយធូលីមិនស្អាតទេ ឬការបរិភោគនោះ មិនល្អទេ មិនប្រសើរទេ បពិត្រមហាជនក ព្រះអង្គសោយនូវដុំបាយដែលសល់អំពីឆ្កែ។
[៨២] (ព្រះរាជា) ម្នាលសីវលី វត្ថុណាដែលគ្រហស្ថ ឬសុនខលះបង់ហើយ វត្ថុនោះ មិនមែនជាអាត្មាមិនគួរឆាន់ទេ ភោគៈទាំងឡាយណានីមួយក្នុងលោកនេះ ដែលបានដោយធម៌ ភោគៈទាំងអស់នោះ លោកពោលថា ជាអាហារមិនមានទោស។
[៨៣] (ព្រះរាជា) ម្នាលនាងកុមារិកា ជាក្មេងដេកជិតមាតានៅឡើយ មានគ្រឿងប្រដាប់មិនឃ្លាតអំពីខ្លួនជានិច្ច ដៃម្ខាងរបស់នាងលាន់ឮសំឡេង ដៃម្ខាងមិនលាន់ឮសំឡេង តើព្រោះហេតុអ្វី។
[៨៤] (នាងកុមារិកា) បពិត្រសមណៈ កងពីរដែលពាក់នឹងដៃរបស់ខ្ញុំនេះ ខ្ទប់គ្នាហើយ សំឡេងក៏កើតឡើង នោះជាគតិនៃកងទាំងពីរ បពិត្រសមណៈ កង ១ ដែលពាក់នឹងដៃរបស់ខ្ញុំនេះ កងនោះ មិនមានកងឯទៀតជាគំរប់ពីរ ទើបមិនលាន់ឮសំឡេង ដូចអរិយបុគ្គល ជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នាជាគំរប់ពីរនាក់ រមែងដល់នូវការជជែកគ្នា បុគ្គល ១ នាក់ នឹងជជែកជាមួយនឹងបុគ្គលណាកើត ព្រះអង្គនោះ ជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញចិត្តនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
[៨៥] (ព្រះរាជា) ម្នាលនាងសីវលី នាងឮគាថាដែលនាងកុមារិកាពោលហើយឬទេ នាងកុមារិកាតិះដៀលនូវអាត្មា ដូចជាអ្នកបំរើ នោះឯងជាគតិនៃបុគ្គលពីរនាក់ ម្នាលនាងដ៏ចំរើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវតែងដើរទៅ បណ្តាផ្លូវទាំងពីរនោះ នាងចូរកាន់ផ្លូវ ១ អាត្មានឹងកាន់ផ្លូវ ១ ដទៃទៀត នាងកុំហៅអាត្មាថាជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថាជាប្រពន្ធទៀតដែរ។
(អភិសម្ពុទ្ធគាថា) ព្រះរាជា និងនាងសីវលី កាលពោលនូវពាក្យនេះហើយ ក៏ចូលទៅកាន់ថូណនគរ។ កាលជិតវេលាភត្ត ព្រះរាជា (ក៏ឈរ) ជិតទ្វារនៃជាងព្រួញ ជាងព្រួញនោះធ្មេចភែ្នកម្ខាង សំឡឹងមើលដងព្រួញវៀចមួយ ដែលធ្វើឲ្យត្រង់ដោយភ្នែកម្ខាង ជិតក្លោងទ្វារនោះ។
[៨៦] (ព្រះរាជា) ម្នាលជាងព្រួញ អ្នកចូរស្តាប់ពាក្យអាត្មា អ្នកធ្មេចភែ្នកម្ខាង សំឡឹងមើលដងព្រួញវៀច អ្នកមើលយ៉ាងនេះស្រួលឬ។
[៨៧] (ជាងព្រួញ) បពិត្រសមណៈ ទីប្រាកដដូចជាទូលាយដោយភ្នែកពីរ កិច្ចដោយភាវៈនៃព្រួញត្រង់ រមែងមិនសម្រេច ព្រោះមិនឃើញនូវទីវៀចខាងមុខ។ កាលបុគ្គលធ្មេចភ្នែកម្ខាង សំឡឹងមើលទីវៀចដោយភ្នែកម្ខាង កិច្ចដោយភាពនៃព្រួញត្រង់ រមែងសម្រេច ព្រោះឃើញទីវៀចខាងមុខ។ បុគ្គលជាគំរប់ពីរ រមែងដល់នូវការជជែកគ្នា បុគ្គលម្នាក់ឯង នឹងជជែកគ្នាជាមួយនឹងអ្នកណាកើត កាលព្រះអង្គនោះ ប្រាថ្នានូវឋានសួគ៌ សូមពេញព្រះទ័យនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
[៨៨] (ព្រះរាជា…) នែនាងសីវលី នាងឮគាថាដែលជាងព្រួញពោលហើយឬទេ ជាងព្រួញតិះដៀលអាត្មា ដូចជាអ្នកបំរើ នោះជាគតិនៃបុគ្គលពីរនាក់ ម្នាលនាងដ៏ចំរើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវតែងដើរទៅ បណ្តាផ្លូវទាំងពីរនោះ នាងចូរកាន់យកផ្លូវ ១ អាត្មានឹងកាន់យកផ្លូវ ១ ដទៃទៀត នាងកុំហៅអាត្មាថាជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថាជាភរិយារបស់អាត្មាដែរ ម្នាលនាងសីវលី នាងចូរនៅម្នាក់ឯងចុះ ដូចស្មៅយាប្លងដែលអាត្មាដកហើយ។
ចប់ មហាជនកជាតក ទី២។
(៥៤០. សុវណ្ណសាមជាតកំ (៣))
[៨៩] (សុវណ្ណសាមបណ្ឌិតសួរថា) នរណាហ្ន៎ បាញ់ខ្ញុំជាអ្នកដងទឹក ភ្លេចស្មារតី1) ដោយព្រួញ ជនណាជាក្សត្រ ឬជាព្រាហ្មណ៍ ឬជាវេស្សៈ បាញ់ខ្ញុំហើយពួន។ សាច់ទាំងឡាយរបស់ខ្ញុំ មិនមែនជារបស់គួរទំពាស៊ីទេ សេចក្តីត្រូវការដោយស្បែក មិនមានទេ កាលបើដូច្នេះ តើអ្នកសំគាល់នូវខ្ញុំថាគួរបាញ់ ដោយហេតុដូចមេ្តច។ អ្នកជាអ្វី ជាបុត្ររបស់អ្នកណា យើងស្គាល់អ្នកដូចមេ្តចបាន ម្នាលសំឡាញ់ អ្នក ខ្ញុំសួរហើយ ចូរប្រាប់ ម្តេចក៏បានជាអ្នកបាញ់ខ្ញុំហើយពួន។
[៩០] (ព្រះបាទបិលយក្ខត្រាស់ថា) ខ្ញុំជាព្រះរាជារបស់ពួកអ្នកកាសី គេស្គាល់ខ្ញុំថា ឈ្មោះបិលយក្ខ ខ្ញុំលះបង់នូវដែនមកត្រាច់ស្វែងរកម្រឹគ ព្រោះលោ្មភ (ក្នុងសាច់)។ មួយវិញទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូ ជាអ្នកមានឈ្មោះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំបាន2) សូម្បីដំរី តែមកត្រង់មុខព្រួញរបស់ខ្ញុំហើយ មិនគប្បីរួចទេ។ ចុះអ្នកជាអ្វី ជាបុត្តរបស់អ្នកណា ដូចមេ្តចទើបយើងស្គាល់អ្នកបាន សូមអ្នកប្រាប់នូវនាម និងគោត្តរបស់បិតាផង របស់ខ្លួនផង។
[៩១] (ព្រះមហាសត្វ…) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ (ជាកូនរបស់ឥសី) ជាបុត្តរបស់នាយនេសាទ ពួកញាតិហៅទូលបង្គំជាខ្ញុំកំពុងរស់នៅថាសាមៈ ថ្ងៃនេះ ទូលបង្គំជាខ្ញុំនោះ ដល់ (មាត់មច្ចុរាជ) ហើយដេកនៅយ៉ាងនេះ។ ខ្ញុំដែលព្រះអង្គបាញ់ហើយ ហាក់ដូចម្រឹគដែលព្រានព្រៃបាញ់ហើយ ដោយព្រួញធំប្រកបដោយថ្នាំពិសដូច្នោះ បពិត្រព្រះរាជា សូមទ្រង់ទតចុះ ទូលបង្គំជាខ្ញុំដេកត្រាំនៅក្នុងឈាមរបស់ខ្លួន។ សូមទ្រង់ទតព្រួញដែលមុតធ្លាយទៅខាងឆ្វេង ទូលបង្គំជាខ្ញុំខ្ពុលឈាម ទូលបង្គំជាខ្ញុំចាប់ពើតណាស់ បានជាសួរព្រះអង្គរឿយៗ មេ្តចក៏ទ្រង់បាញ់ទូលបង្គំជាខ្ញុំហើយពួន។ ខ្លាដំបង គេសម្លាប់ព្រោះតែស្បែក ដំរីគេសម្លាប់ព្រោះភ្លុកទាំងឡាយ កាលបើដូច្នោះ តើព្រះអង្គសំគាល់នូវទូលបង្គំជាខ្ញុំថាគួរបាញ់ ដោយហេតុដូចមេ្តច។
[៩២] (ព្រះបាទបិលយក្ខនិយាយកុហកថា) ម្រឹគមកប្រាកដចំមុខព្រួញរបស់ខ្ញុំហើយ ឃើញអ្នកហើយក៏ផ្អើលទៅ ម្នាលសាមៈ ព្រោះហេតុនោះ បានជាខ្ញុំមានសេចក្តីក្រោធគ្របសង្កត់។
[៩៣] (ព្រះមហាសត្វ…) តាំងពីកាលដែលខ្ញុំរឭកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ម្រឹគទាំងឡាយសូម្បីជាសត្វសាហាវក្នុងព្រៃ មិនដែល (ឃើញ) ទូលបង្គំជាខ្ញុំ ហើយតក់ស្លុតទេ។ តាំងពីកាលដែលខ្ញុំស្លៀកដណ្តប់សំពត់សំបកឈើ តាំងពីកាលដែលខ្ញុំដល់នូវវ័យដ៏ចំរើន ម្រឹគទាំងឡាយ សូម្បីជាសត្វសាហាវក្នុងព្រៃ មិនដែល (ឃើញ) នូវខ្ញុំ ហើយតក់ស្លុតទេ។ បពិត្រព្រះរាជា កិន្នរទាំងឡាយ ដែលជាសត្វខ្លាច (នៅ) នាភ្នំគន្ធមាទន៍ (មិនដែលឃើញខ្ញុំ ហើយតក់ស្លុតទេ) យើងទាំងឡាយ តែងរីករាយជាមួយគ្នា ទៅកាន់ភ្នំ និងព្រៃ កាលបើដូច្នោះ ម្រឹគទាំងឡាយ (ឃើញ) នូវទូលបង្គំជាខ្ញុំ ហើយតក់ស្លុត ដោយហេតុដូចមេ្តច។
[៩៤] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ម្រឹគមិនមែនផ្អើលនឹងអ្នកទេ ខ្ញុំនឹងនិយាយកុហកធ្វើអ្វី ខ្ញុំមានសេចក្តីក្រោធ និងសេចក្តីលោភគ្របសង្កត់ហើយ ទើបបាញ់អ្នកនឹងព្រួញនោះ។ ម្នាលសាមៈ អ្នកមកអំពីប្រទេសណា ឬនរណាប្រើមកថា អ្នកដងទឹក ចូរទៅកាន់ស្ទឹងដូច្នេះ បានជាអ្នកមកកាន់ស្ទឹង មិគសម្មតៈ (នេះ)។
[៩៥] (ព្រះមហាសត្វ) មាតាបិតារបស់ទូលបង្គំជាខ្ញុំខ្វាក់ ទូលបង្គំជាខ្ញុំតែងចិញ្ចឹមគាត់ក្នុងព្រៃធំ ទូលបង្គំជាខ្ញុំជាអ្នកដងទឹកដើម្បីអ្នកមានគុណទាំងឡាយ បានជាមកកាន់ស្ទឹងមិគសម្មតៈ (នេះ)។
[៩៦] (ព្រះមហាសត្វពិលាប) មាតាបិតាទាំងឡាយនោះ មានត្រឹមតែភោជន កាលបើយ៉ាងនេះ (ជីវិតនឹងប្រព្រឹត្តទៅ) ត្រឹម ៦ ថ្ងៃ ព្រោះគាត់ខ្វាក់ មុខជានឹងស្លាប់ដោយឥតទឹកពុំខាន។ ទុក្ខនេះមិនមែនជាទុក្ខរបស់ទូលបង្គំជាខ្ញុំប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះ បុរសត្រូវតែបាន ត្រង់ដែលទូលបង្គំជាខ្ញុំ ខានឃើញមាតាដោយហេតុណា ហេតុនោះ ជាទុក្ខដ៏ក្រៃលែងរបស់ទូលបង្គំជាខ្ញុំ ជាងទុក្ខនេះ (ទៅទៀត)។ ទុក្ខនេះ មិនមែនជាទុក្ខរបស់ទូលបង្គំជាខ្ញុំប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះបុរសត្រូវតែបាន ត្រង់ដែលទូលបង្គំជាខ្ញុំ ខានឃើញបិតាដោយហេតុណា ហេតុនោះ ជាទុក្ខដ៏ក្រៃលែងរបស់ទូលបង្គំជាខ្ញុំ ជាងទុក្ខនេះ (ទៅទៀត)។ ឱម៉្លេះ សមមាតានៅកំព្រាទួញយំ ទាំងអធ្រាត្រ និងទីបំផុតនៃរាត្រីអស់កាលជាយូរអង្វែង មុខជានឹងរីងស្ងួតទៅ ដូចជាស្ទឹង (ក្នុងគិម្ហរដូវ) ពុំខាន។ ឱម៉្លេះ សមបិតានៅកំព្រា ទួញយំទាំងអធ្រាត្រ និងទីបំផុតនៃរាត្រី អស់កាលជាយូរអង្វែង មុខជានឹងរីងស្ងួត ដូចជាស្ទឹងពុំខាន។ បពិត្រព្រះរាជា មួយវិញទៀត (ខ្ញុំតែងភ្ញាក់ក្នុងមួយយប់ពីរបីដង) ដើម្បីបំរើបាទាដោយព្យាយាម និងដើម្បីគក់ច្របាច់ ម្ល៉េះសមគាត់នឹងដើរចច្រប់ក្នុងព្រៃធំ ដងោ្ហយហៅថា អឺបាសាមៈ ដូច្នេះពុំខានឡើយ។ បើទូលបង្គំជាខ្ញុំ ខានឃើញជនខ្វាក់ទាំងពីរនាក់ដោយហេតុណា ហេតុនោះឯង ទុក្ខជាសរទីពីរ ដែលញ៉ាំងហ្ឫទ័យរបស់ទូលបង្គំជាខ្ញុំឲ្យញាប់ញ័រ មុខជាជីវិតទូលបង្គំជាខ្ញុំនឹងវិនាសពុំខាន។
[៩៧] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ជាអ្នកមានរូបល្អគួរឲ្យគយគន់ អ្នកកុំទួញយំខ្លាំងឡើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ មួយវិញទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូស្រាប់ មានឈោ្មះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំជាអ្នកធើ្វការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ ខ្ញុំនឹងជាអ្នកធ្វើការងារ ស្វែងរកអំពារនៃម្រឹគ និងមើមឈើ ផ្លែឈើទាំងឡាយក្នុងព្រៃ ហើយនឹងចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ ម្នាលសាមៈ មាតាបិតារបស់អ្នក នៅក្នុងព្រៃណា ព្រៃនោះដូចម្តេច អ្នកបានចិញ្ចឹមនូវមាតាបិតាយ៉ាងណា ខ្ញុំក៏នឹងចិញ្ចឹមនូវគាត់យ៉ាងនោះដែរ។
[៩៨] (ព្រះមហាសត្ត) បពិត្រព្រះរាជា ផ្លូវចុះតែជើងម្នាក់នេះ នៅខាងក្បាលដំណេកទូលបង្គំជាខ្ញុំ ព្រះអង្គយាងទៅអំពីទីនេះ តែកន្លះឃោសៈ (នឹងឃើញ) ខ្ទមជាទីនៅរបស់មាតាបិតាទូលបង្គំជាខ្ញុំនោះ ព្រះអង្គយាងទៅអំពីទីនេះ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងទីនោះផង។
[៩៩] បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះរាជា ទ្រង់មានសេចក្តីចំរើនក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ មាតាបិតាទាំងឡាយរបស់ទូលបង្គំជាខ្ញុំ ជាមនុស្សខ្វាក់ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងព្រៃធំឲ្យទាន។ ទូលបង្គំជាខ្ញុំ សូមផ្គងអញ្ជលីចំពោះព្រះអង្គ បពិត្រព្រះរាជាជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំ សូមថ្វាយបង្គំព្រះអង្គ ទូលបង្គំជាខ្ញុំ សូមផ្តាំទុក សូមទ្រង់ជំរាបនូវការថ្វាយបង្គំចំពោះមាតាបិតារបស់ទូលបង្គំជាខ្ញុំផង។
[១០០] (អភិសម្ពុទ្ធគាថា) សាមៈ កម្លោះអ្នកមានរូបល្អ គួរពិតពិលរមិលមើលនោះ លុះពោលនូវពាក្យនេះរួចហើយ ក៏ជ្រប់សន្លប់ដោយកម្លាំងពិស។
[១០១] ព្រះរាជាអង្គនោះ ទ្រង់ព្រះកន្សែងរៀបរាប់នូវពាក្យដែលប្រកបដោយសេចក្តីករុណាមានប្រមាណច្រើនថា អាត្មាអញបានយល់ថា អញមិនចាស់ មិនស្លាប់ ថ្ងៃនេះ អញឃើញនូវសុវណ្ណសាមនេះ ធ្វើកាលកិរិយាហើយទើបដឹងនូវហេតុនោះ ពីដើមមិនដឹងជាការមកនៃសេចក្តីស្លាប់ មិនមែនមិនមានដូច្នេះ។ សាមៈដែលជោកដោយថ្នាំពិស កំពុងចរចាជាមួយនឹងអញ (ក្នុងកាលអម្បាញ់មិញនេះ) ឥឡូវនេះ គាត់លែងនិយាយ ពាក្យតិចតួចក្នុងកាលប្រព្រឹត្តទៅយ៉ាងនេះ ក្នុងថ្ងៃនេះ អាត្មាអញ មុខជានឹងទៅកាន់នរកពុំខាន អាត្មាអញឥតមានសេចក្តីសង្ស័យក្នុងដំណើរនេះទេ។ ព្រោះថា អំពើបាបដែលអាត្មាអញធ្វើទុកហើយក្នុងគ្រានោះ នឹងជាទោសឲ្យផលលាមកអស់កាលជាអង្វែង (បើ) ក្នុងស្រុក គង់មានពួកអ្នកតិះដៀលអញនោះថា ព្រះអង្គជាអ្នកធ្វើនូវអំពើអាក្រក់ដូច្នេះ តែក្នុងអរញ្ញប្រទេសដែលឥតមនុស្ស តើនរណាតិះដៀលអញបាន។ បើក្នុងស្រុក ពួកមាណពប្រជុំគ្នា ហើយចោទប្រកាន់នូវអំពើទាំងឡាយ (របស់អញ) តែក្នុងអរញ្ញប្រទេសដែលឥតមនុស្ស តើនរណានឹងចោទប្រកាន់អញ។
[១០២] ទេវតានោះ3) បាត់អំពីភ្នំគន្ធមាទន៍ ហើយពោលនូវគាថាទាំងឡាយនេះ ដោយអនុគ្រោះព្រះរាជាថា បពិត្រមហារាជ បានឮថា ព្រះអង្គទ្រង់បានធ្វើនូវបាបជាទម្ងន់ ដែលជាអំពើអាក្រក់ ជនទាំងបីនាក់ គឺមាតាបិតា និងបុត្ត ជាអ្នកមិនប្រទូស្ត ទ្រង់បានសមា្លប់ហើយដោយព្រួញតែមួយ។ សូមទ្រង់មក សុគតិភពនឹងគប្បីមានដល់ព្រះអង្គ យ៉ាងណា ខ្ញុំនឹងពន្យល់ព្រះអង្គយ៉ាងនោះ សូមទ្រង់ចិញ្ចឹមនូវជនខ្វាក់ទាំងពីរនាក់នោះឯង ដោយធម៌ ខ្ញុំយល់ថា សុគតិគប្បីមាន។
[១០៣] ព្រះរាជាអង្គនោះ ទ្រង់ពិលាបរៀបរាប់ ប្រកបដោយសេចក្តីករុណាមានប្រមាណច្រើន ហើយកណ្ឌៀតក្អមទឹកយាងឆ្ពោះទៅទិសទក្សិណ។
[១០៤] (ទុកូលបណ្ឌិតសួរ…) សូរជើងនរណានុ៎ះហ្ន៎ ដែលដើរមកនេះ ពិតជាសូរជើងមនុស្ស តែសូរជើងនុ៎ះ មិនមែនជាសូរជើងសាមៈទេ ម្នាលអ្នកនិរទុក្ខ អ្នកជាអ្វីហ្នឹង។ ដ្បិតសាមៈ តែងដើរថ្មមៗ លើកដាក់ជើងស្រាលៗ សូរជើងនុ៎ះ មិនមែនជាសូរជើងសាមៈទេ ម្នាលអ្នកនិរទុក្ខ អ្នកជាអ្វីហ្នឹង។
[១០៥] (ព្រះបាទបិលយក្ខ…) ខ្ញុំជាព្រះរាជារបស់ពួកអ្នកដែនកាសី គេស្គាល់ខ្ញុំថា បិលយក្ខ ខ្ញុំលះបង់នូវដែន ត្រាច់ស្វែងរកម្រឹគ ព្រោះលោ្មភ (សាច់)។ មួយទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូ មានឈ្មោះល្បីល្បាញថាជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំបាន សូម្បីដំរីមកចំមុខព្រួញរបស់ខ្ញុំហើយ មិនគប្បីរួចទេ។
[១០៦] (ទុកូលបណ្ឌិត…) បពិត្រមហារាជ ព្រះរាជដំណើរមករបស់ព្រះអង្គល្អហើយ ព្រះដំណើរមករបស់ព្រះអង្គមិនអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់យាងមកដល់ហើយ វត្ថុណាមានក្នុងទីនេះ សូមទ្រង់មានព្រះបន្ទូលចុះ។ បពិត្រព្រះរាជា ផលាផល គឺផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូចទឹកឃ្មុំ អាត្មាភាព ប្រមូលមកទុកក្នុងទីជាមួយគ្នា សូមទ្រង់សោយនូវផលាផលមានរសឆ្ងាញ់ៗ។ នេះ ទឹកត្រជាក់សម្រាប់សោយ ដែលដងមកអំពីជ្រោះភ្នំ បពិត្រមហារាជ បើទ្រង់សព្វព្រះទ័យ ទ្រង់ (ដង) អំពីទីនេះសោយចុះ។
[១០៧] (ព្រះរាជា…) អ្នកទាំងពីរជាមនុស្សខ្វាក់ មិនអាចឃើញ (អ្វី) ក្នុងព្រៃទេ ចុះនរណាប្រមូលនូវផលាផលមកជូនអ្នក អាហារដែល (បាន) ដោយប្រពៃនេះ ប្រាកដដល់ខ្ញុំ ដូចជាអាហាររបស់មនុស្សមិនខ្វាក់។
[១០៨] (ទុកូលបណ្ឌិត…) សាមៈកំឡោះនៅក្មេង មិនខ្ពស់ មិនទាបពេក ជាមនុស្សមានរូបល្អគួរគយគន់ មានសក់វែងខ្មៅ ទាំងមានចុងទន់ល្វន់។ សាមៈនោះឯង តែងស្វែងរកផលាផល ជាអ្នកដងទឹក បានកាន់យកក្អមទឹកអំពីទីនេះទៅកាន់ស្ទឹង ប្រហែលជិតមកដល់ហើយ។
[១០៩] (ព្រះបាទបិលយក្ខ…) សាមៈជាអ្នកបំរើអ្នក អ្នកនិយាយសំដៅកុមារឈោ្មះសាមៈណា ដែលមានរូបគួរគយគន់ សាមៈនោះ ខ្ញុំសម្លាប់ហើយ។ សាមៈដែលមានសក់វែងពណ៌ខ្មៅ ចុងទន់ល្វន់ (ឥឡូវនេះ) ខ្ញុំសម្លាប់ដួលដេកលើសក់ទាំងនោះ ប្រឡាក់ហើយដោយឈាម។
[១១០] (នាងបារិកា) បពិត្រទុកូល អ្នកប្រឹក្សាជាមួយនរណា ដែលបាននិយាយថា ខ្ញុំសម្លាប់សាមៈហើយ បេះដូងខ្ញុំញ័រចំប្រប់ ព្រោះឮថា សាមៈស្លាប់ហើយ។ ហ្ឫទ័យខ្ញុំញាប់ញ័រ ហាក់ដូចត្រួយពោធិបាយខ្ចី ដែលមានខ្យល់ប៉ះទង្គិច ព្រោះឮថា សាមៈស្លាប់ហើយ។
[១១១] (ទុកូលបណ្ឌិត…) ម្នាលនាងបារិកា នេះជាព្រះរាជា ជាធំក្នុងដែនកាសី ព្រះអង្គបាញ់សាមៈដោយព្រួញ ក្បែរស្ទឹងមិគសម្មតៈ ដោយសេចក្តីក្រោធ យើងកុំចង់ឲ្យមានបាបដល់ព្រះអង្គឡើយ។
[១១២] (នាងបារិកា..) បុត្រដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ ចិត្តមិនគប្បីរំជួលក្នុងបុរសអ្នកសម្លាប់កូនប្រុសតែមួយនោះ ដូចម្តេចបាន។
[១១៣] (ទុកូលបណ្ឌិត…) បុត្តដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ បណ្ឌិតទាំងឡាយ សរសើរសេចក្តីមិនក្រោធ ចំពោះបុរសអ្នកសម្លាប់នូវបុត្តតែមួយនោះ។
[១១៤] (ព្រះបាទបិលយក្ខ…) អ្នកទាំងពីរ កុំគប្បីខ្សឹកខ្សួលខ្លាំងចំពោះខ្ញុំ អ្នកពោលថា សាមៈ ខ្ញុំសម្លាប់ហើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹម (អ្នកទាំងពីរ) ក្នុងព្រៃធំ។ ព្រោះខ្ញុំជាអ្នកឈ្លាវៃក្នុងសិល្បធ្នូ មានឈោ្មះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំនឹងធ្វើការងារចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។ ខ្ញុំនឹងធ្វើការងារស្វែងរកអំពារម្រឹគទាំងឡាយ ទាំងមើមឈើ ផ្លែឈើ ហើយចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។
[១១៥] (ជនទាំងពីរ…) បពិត្រមហារាជ នេះមិនមែនជាទំនៀមទេ កិរិយាធ្វើនូវអំពើ (របស់ព្រះអង្គ) នេះ មិនសមគួរដល់យើងឡើយ ព្រះអង្គជាព្រះរាជារបស់យើង ៗ សូមថ្វាយបង្គំព្រះបាទរបស់ព្រះអង្គ។
[១១៦] (ព្រះរាជា…) បពិត្រអ្នកនេសាទ អ្នកពោលនូវធម៌ អ្នកធ្វើនូវសេចក្តីគោរព (ចំពោះខ្ញុំ) អ្នកទុកជាបិតារបស់ខ្ញុំ បពិត្រនាងបារិកា នាងទុកជាមាតារបស់ខ្ញុំ។
[១១៧] (ជនទាំងពីរ…) បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ចំរើនក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ទូលបង្គំទាំងឡាយ សូមប្រណម្យអញ្ជលីចំពោះព្រះអង្គ សូមព្រះអង្គនាំទូលបង្គំទៅដល់សាមៈ។ ទូលបង្គំទាំងឡាយ នឹងច្របាច់ជើង ស្ទាបមុខល្អគួរមើលរបស់សាមៈនោះ ត្រៀមរង់ចាំនូវសេចក្តីស្លាប់ប៉ុណោ្ណះ។
[១១៨] (ព្រះបាទបិលយក្ខ…) សាមៈ ដែលស្លាប់ហើយ ដួលដេកដូចជាព្រះចន្ទធ្លាក់មកលើប្រថពីក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស។ សាមៈ ដែលស្លាប់ហើយ ដួលដេកដូចជាព្រះអាទិត្យធ្លាក់មកលើប្រថពីក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស។ សាមៈដែលស្លាប់ហើយ ដួលដេកប្រឡាក់ប្រឡូសដោយអាចម៍ដីនៅក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស។ សាមៈ ដែលស្លាប់ហើយ ដួលដេកនៅក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស (ព្រោះហេតុនោះ) អ្នកទាំងឡាយ ចូរនៅតែក្នុងអាស្រមនេះហើយ។
[១១៩] (ជនទាំងពីរ…) បើទុកណាជាទីនោះ (មានម្រឹគសាហាវ) រយពាន់ ម៉ឺនក្តី ទូលបង្គំទាំងពីរនាក់ ឥតមានសេចក្តីភិតភ័យតិចតួច ព្រោះសត្វសាហាវទាំងឡាយក្នុងព្រៃទេ។
[១២០] (អភិសម្ពុទ្ធគាថា…) គ្រានោះ ព្រះរាជា ជាធំក្នុងដែនកាសី នាំជនខ្វាក់ (ទាំងពីរ) ដឹកដៃទៅក្នុងព្រៃធំ ត្រង់កន្លែងដែលសាមៈស្លាប់។
[១២១] មាតាបិតាឃើញនូវសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ហាក់ដូចព្រះចន្ទដែលធ្លាក់មកលើប្រថពី។ ឃើញនូវសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ដូចព្រះអាទិត្យដែលធ្លាក់មកលើប្រថពី ឃើញនូវសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ក៏យំរៀបរាប់គួរឲ្យអាណិត។ ឃើញសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ហើយផ្គងដើមដៃ យំទង្គឹះខ្សឹកខ្សួលថា ហៃបាដ៏ចំរើន (ការសា្លប់នេះ) មានសភាពមិនគួរទេ។ ឱបាសាមៈ មានរូបល្អ គួឲ្យក្រឡេកមើល បាឯងជាមនុស្សស្រវឹងខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាជាមនុស្សភ្លើតភ្លើនខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ អ្នកមានរូបល្អ គួរឲ្យក្រឡេកមើល បាឯងខឹងខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាឯងដេកលក់ស៊ប់ បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាជាបុគ្គលតូចចិត្តខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឥឡូវនេះ នរណា នឹងរៀបចំជដា ដ៏សៅហ្មងប្រឡាក់ប្រឡូសដោយអាចម៍ដី ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ នរណា នឹងកាន់អំបោសបោសអាស្រម ដើម្បីយើង ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ ឥឡូវនេះ នរណានឹងផ្ងូត (យើង) ដោយទឹកត្រជាក់ ទឹកក្តៅ ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ ឥឡូវនេះ នរណានឹងឲ្យយើងបរិភោគមើមឈើ ផ្លែឈើ ព្រោះសាមៈ ជាអ្នកបំរើ យើងងងឹតងងុលនេះ ធ្វើមរណកាលហើយ។
[១២២] មាតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូន បៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកពោលនូវពាក្យសត្យដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកបំរើមាតា និងបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកប្រព្រឹត្តកោតក្រែងនូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងជីវិត ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ បុណ្យណានីមួយ ដែលខ្ញុំផង ដែលបិតារបស់អ្នកផង បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ។
[១២៣] បិតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូនបៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកពោលនូវពាក្យសត្យ ដោយពាក្យសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកចិញ្ចឹមមាតា និងបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកប្រព្រឹត្តកោតក្រែងនូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាបុគ្គលជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងជីវិត ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ បុណ្យណានីមួយ ដែលខ្ញុំផង ដែលមាតារបស់អ្នកផង បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ។
[១២៤] ទេវតានោះ បាត់អំពីភ្នំគន្ធមាទន៍ បានពោលនូវពាក្យសច្ចៈនេះ ដោយសេចក្តីអនុគ្រោះសាមៈថា ខ្ញុំនៅអាស្រ័យលើភ្នំគន្ធមាទន៍ អស់កាលជាយូរអង្វែងហើយ ឥតមាននរណាដទៃ ដែលជាទីស្រលាញ់ ដោយវិសេសរបស់ខ្ញុំជាងសាមៈទេ ដោយការពោលសច្ចនុ៎ះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ។ នៅភ្នំគន្ធមាទន៍ សព្វព្រៃព្រឹក្សាទាំងឡាយ សុទ្ធសឹងមានក្លិនក្រអូប ដោយការពោលសច្ចៈនេះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ។ កាលបើជនទាំងនោះ កំពុងចរចារៀបរាប់នូវពាក្យប្រកបដោយសេចក្តីករុណា មានប្រមាណច្រើន សាមៈ ជាមនុស្សកំឡោះ មានរូបល្អគួរឲ្យរមិលមើល ក៏ក្រោកឡើងភ្លាម។
[១២៥] (មហាសត្វ…) ខ្ញុំឈោ្មះសាមៈ សេចក្តីបំរើន ចូរមានដល់លោកទាំងឡាយ ខ្ញុំក្រោកឡើងដោយសួស្តីហើយ សូមលោកទាំងឡាយកុំខ្សឹកខ្សួលខ្លាំងឡើយ សូមលោកទាំងឡាយចរចាចំពោះខ្ញុំដោយពាក្យពីរោះ។
[១២៦] បពិត្រមហារាជ ព្រះរាជដំណើររបស់ព្រះអង្គមកល្អហើយ ទ្រង់យាងមកមិនអាក្រក់ទេ ព្រះអង្គជាធំទ្រង់យាងមកដល់ហើយ វត្ថុណាមានក្នុងទីនេះ សូមទ្រង់មានព្រះបន្ទូល។ បពិត្រមហារាជ ផលាផល មានផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូចទឹកឃ្មុំ ទូលបង្គំជាខ្ញុំប្រមូលមកទុកក្នុងទីជាមួយគ្នា សូមទ្រង់សោយនូវផលាផលដែលមានរសឆ្ងាញ់ៗ។ បពិត្រមហារាជ ទឹកសម្រាប់សោយដ៏ត្រជាក់ ទូលបង្គំជាខ្ញុំបាននាំមកអំពីជ្រោះភ្នំ បើព្រះអង្គមានសេចក្តីត្រូវការ សូមទ្រង់ដងអំពីទីនោះសោយចុះ។
[១២៧] (ព្រះបាទបិលយក្ខ…) ខ្ញុំវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់សព្វទិសានុទិស ព្រោះបានឃើញសាមៈនោះធ្វើមរណកាលហើយ ម្នាលសាមៈ អ្នកដូចម្តេច ក៏រស់ឡើងវិញ។
[១២៨] (មហាសត្ត…) បពិត្រមហារាជ (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬមានសេចក្តីត្រិះរិះក្នុងចិត្ត ធ្លាក់ចុះក្នុងភវង្គ ដែលនៅរស់ថា ស្លាប់។ បពិត្រមហារាជ ម្យ៉ាងទៀត (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬចូលនិរោធនៅរស់នោះ ថាស្លាប់ហើយ។
[១២៩] សត្វណា តែងចិញ្ចឹមនូវមាតា និងបិតាដោយធម៌ ទេវតាទាំងឡាយ តែងរក្សានូវសត្វ អ្នកចិញ្ចឹមមាតាបិតានោះ។ សត្វណា តែងចិញ្ចឹមមាតា និងបិតាដោយធម៌ បណ្ឌិតទាំងឡាយក្នុងលោកនេះឯង តែងសរសើរនូវសត្វនោះ សត្វនោះ លុះលះបង់លោកនេះទៅ រមែងរីករាយក្នុងស្ថានសួគ៌។
[១៣០] (ព្រះបាទបិលយក្ខ…) ខ្ញុំរឹងរឹតតែវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់សព្វទិសានុទិស ម្នាលសាមៈ ខ្ញុំសូមយកអ្នកជាទីពឹង អ្នកចូរជាទីពឹងរបស់ខ្ញុំ។
[១៣១] (មហាសត្ត…) បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះមាតា និងបិតា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះបុត្ត និងភរិយា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះមិត្ត និងអាមាត្យទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះសត្វពាហនៈ និងពល បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ចំពោះស្រុក និងនិគមទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះអ្នកដែន និងអ្នកជនបទទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះសមណៈ និងព្រាហ្មណ៍ទាំងឡាយ បពិត្រព្រះរាជា លុះទ្រង់បានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះម្រឹគ និងបក្សី បពិត្រព្រះរាជា លុះទ្រង់ប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ធម៌ដែលប្រព្រឹត្តល្អហើយ តែងនាំមកនូវសុខ បពិត្រព្រះរាជា លុះទ្រង់ប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ (ព្រោះ) ទេវតា ឥន្ទ ព្រហ្ម ដែលបានដល់នូវឋានសួគ៌ ក៏ព្រោះធម៌ដែលខ្លួនប្រព្រឹត្តល្អហើយ បពិត្រព្រះរាជា ព្រះអង្គកុំប្រហែសធ្វេសនឹងធម៌ឡើយ។
ចប់ សុវណ្ណសាមជាតក ទី៣។
(៥៤១. និមិជាតកំ (៤))
[១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិជាបណ្ឌិត អ្នកត្រូវការដោយកុសស ជាព្រះរាជាអ្នកទូនា្មននូវសត្រូវ ទ្រង់តែងឲ្យទានដល់ជនអ្នកនៅក្នុងដែនវិទេហៈទាំងឡាយគ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតាទាំងឡាយ តែងសរសើរថា) ឱអស្ចារ្យណាស់ អ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាជាគ្រឿងពិចារណា កើតឡើងក្នុងលោកហើយ។ កាលព្រះរាជាអង្គនោះ ទ្រង់ឲ្យទាននោះ សេចក្តីត្រិះរិះកើតឡើងថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាហ្ន៎ មានផលច្រើនជាង។
[១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជាសហស្សនេត្រ បានជ្រាបព្រះតម្រិះរបស់ព្រះរាជានោះហើយ មកប្រាកដ (ក្នុងទីចំពោះព្រះភក្រ្តព្រះរាជា) កំចាត់បង់នូវងងឹតដោយវណ្ណៈ។ ព្រះបាទនេមិរាជជាធំជាងមនុស្ស ទ្រង់ព្រឺព្រះលោមា បានសួរទេវរាជឈ្មោះវាសវៈថា អ្នកជាទេវាតា ឬជាគន្ធព្វ ឬក៏ជាសក្កៈបុរិន្ទទៈ។ រស្មីប្រាកដដូចោ្នះ ខ្ញុំពុំដែលឃើញ ទាំងមិនធ្លាប់ឮឡើយ បពិត្រអ្នកដ៏ចំរើន អ្នកចូរប្រាប់ខ្ញុំ ធ្វើម្តេចយើងស្គាល់អ្នកបាន។ ទេវរាជឈ្មោះវាសវៈជ្រាបថា ព្រះបាទនេមិ ព្រឺព្រះលោមាហើយ ទើបឆ្លើយថា ខ្ញុំជាព្រះឥន្រ្ទ ជាធំជាងទេវតា មកកាន់សំណាក់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងមនុស្ស ទ្រង់កុំព្រឺព្រះលោមាឡើយ ព្រះអង្គមានសេចក្តីប្រាថា្ន ដើម្បីសួរនូវប្រស្នាណា សូមទ្រង់សួរចុះ។ ចំណែកព្រះបាទនេមិរាជអង្គនោះ លុះព្រះឥន្រ្ទាធិរាជធ្វើឱកាសហើយ ក៏ទ្រង់ត្រាស់សួរនូវទេវរាជឈ្មោះវាសវៈថា បពិត្រទេវរាជជាឥស្សរៈជាងសព្វសត្វទាំងឡាយ ខ្ញុំសូមសួរព្រះអង្គថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាមានផលច្រើនជាង។ ព្រះវាសវៈនោះ ដែលព្រះបាទនេមិ ជានរទេពសួរហើយ ក៏ឆ្លើយតបព្រះបាទនេមិវិញ ព្រះវាសវៈនោះ ប្រាប់នូវផលនៃព្រហ្មចិរយៈ បានទូលព្រះបាទនេមិ ដែលមិនជ្រាបថា បុគ្គលកើតក្នុងត្រកូលក្សត្រដោយព្រហ្មចរិយៈថោកទាប4) ដល់នូវភាពជាទេវតាដោយព្រហ្មចរិយៈជាកណ្តាល5) បរិសុទ្ធស្អាតដោយព្រហ្មចរិយៈខ្ពង់ខ្ពស់6) ។ ពួកអ្នកបួស ប្រព្រឹត្តតបៈទាំងឡាយ ទៅកើតក្នុងពួកព្រហ្មណា ពួកព្រហ្មទាំងនុ៎ះ បុគ្គលអ្នកប្រកបក្នុងការសូមណាមួយ មិនងាយបានសោះទេ។
[១៣៤] ព្រះបាទទុទីបៈ ១ ព្រះបាទសាគរៈ ១ ព្រះបាទសេលៈ ១ ព្រះបាទមុចលិន្ទ ១ ព្រះបាទភតីរសៈ ១ ព្រះបាទឧសិន្នរៈ ១ ព្រះបាទអត្ថកៈ ១ ព្រះបាទអស្សកៈ ១ ព្រះបាទបុថុទ្ធនៈ ១។ ព្រះរាជាទាំងឡាយអង្គនេះក្តី ព្រះរាជាទាំងឡាយដទៃក្តី ពួកក្សត្រ ពួកព្រាហ្មណ៍ជាច្រើនក្តី ដែលបូជានូវគ្រឿងយ័ញ្ញយ៉ាងច្រើន មិនប្រព្រឹត្តកន្លងនូវបេតភាព (កាមាវចរភូមិ) ឡើយ។
[១៣៥] ជនទាំងឡាយណា មិនមានគូ ជាបុគ្គលម្នាក់ឯង រមែងមិនត្រេកអរ (ត្រេកអរតែក្នុងការនៅច្រឡូកច្រឡំដោយពួក) ជនទាំងឡាយណា មិនមានបីតិ ដែលកើតអំពីវិវេកទេ ជនទាំងឡាយនោះ ទុកជាមានភោគៈស្មើដោយព្រះឥន្រ្ទ ក៏ដោយចុះ ជនទាំងឡាយនោះ ក៏ឈ្មោះថាជាបុគ្គលកំសត់ មានសេចក្តីសុខព្រោះកិរិយាអាស្រ័យនូវបុគ្គលដទៃដោយពិត។
[១៣៦] ឥសី ៧ អង្គនេះ គឺឥសីឈោ្មះយាមហនុ ១ សោមយាគៈ ១ មនោជវៈ ១ សមុទ្ទៈ ១ មាឃៈ ១ ភរតៈ ១ ឥសីឈ្មោះកាលបុរក្ខិតៈ ១ និងឥសីទាំងឡាយ ៤ អង្គ គឺឥសីឈ្មោះអង្គិរសៈ ១ កស្សបៈ ១ កីសវច្ឆៈ ១ អកន្តិ ១ ជាអនាគារបុគ្គល មានតបៈធម៌ បានកន្លង (កាមាវចរភូមិ) ដោយពិត។
[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះសីទា មានជម្រៅដ៏ជ្រៅ អ្នកផងឆ្លងបានដោយកម្រ (ទាំងពីរខាងឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូចភ្លើងខៀវ រុងរឿងសព្វ ៗ កាល។ (ទៀបឆ្នេរនៃស្ទឹងនោះ) សឹងមានដើមក្រឹស្នាលូតលាស់ទង្គំទង្គោល មានទាំងរុក្ខជាតិផេ្សងៗ មានគុម្ពលូតលាស់ (អំពីជើងបព៌ត) ក្នុងកាលមុន មានពួកឥសីចាស់ៗ មួយម៉ឺនអង្គ នៅក្នុងទីនោះឯង។ ខ្ញុំជាបុគ្គលប្រសើរដោយការឲ្យ និងការប្រព្រឹត្តិវត្ត ដោយការសង្រួម និងការទូន្មាន (នូវឥន្រ្ទិយ) ហើយប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជាអ្នកមានចិត្តតាំងមាំ។ ខ្ញុំមិនរិះគន់នូវជនអ្នកមានជាតិទាប និងមានជាតិខ្ពស់ នមស្ការចំពោះជនអ្នកមានចិត្តត្រង់ មិនមានកំណត់កាលវេលាឡើយ ព្រោះថា សត្វទាំងឡាយមានកម្មជាផៅពង្ស។ វណ្ណ7) ទាំងអស់ អ្នកមិនតាំងនៅក្នុងធម៌ រមែងធ្លាក់ចុះក្នុងនរក ជាខាងក្រោម វណ្ណៈទាំងអស់ បានប្រព្រឹត្តធម៌ដ៏ឧត្តមហើយ រមែងបរិសុទ្ធ។
[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោលពាក្យនេះ ទ្រង់ប្រៀនប្រដៅព្រះបាទនេមិជាធំក្នុងដែនវិទេហៈ រួចហើយទ្រង់ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌។
[១៣៩] (ព្រះឥន្រ្ទ…) ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយទាំងប៉ុនា្មនដែលបានមកប្រជុំគ្នាហើយក្នុងទីនេះ ចូរចាំស្តាប់នូវគុណខ្ពស់ និងទាប8) មានប្រមាណច្រើននេះ របស់មនុស្សទាំងឡាយអ្នកប្រកបដោយធម៌។ ដូចជាព្រះបាទនេមិអង្គនេះ ជាបណ្ឌិត ជាអ្នកត្រូវការដោយកុសល ជាព្រះរាជាទូន្មាននូវសត្រូវ បានឲ្យទានដល់អ្នកដែនវិទេហៈទាំងឡាយគ្រប់ៗ គ្នា។ កាលដែលព្រះរាជាអង្គនោះ កំពុងឲ្យនូវទាននោះ សេចក្តីត្រិះរិះកើតឡើងថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណា មានផលច្រើនជាង។
[១៤០] (មហាជន…) ឱហ្ន៎ សេចក្តីព្រឺរោម មិនធ្លាប់កើតមាន ក៏កើតឡើយហើយក្នុងលោក រថទិព្វកើតប្រាកដហើយ ដល់ព្រះបាទវិទេហៈមានយស។
[១៤១] (អភិសម្ពុទ្ធគាថា) មាតលិទេវបុត្រ អ្នកមានឫទ្ធិច្រើន ជាទេវសារថី បានអញ្ជើញព្រះបាទវិទេហៈ អ្នកគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិស សូមព្រះអង្គយាងមក ទ្រង់ស្តេចឡើងកាន់រថនេះ ដ្បិតទេវតាទាំងឡាយ នៅឋានតាវត្តឹង្ស ព្រមទាំងព្រះឥន្រ្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយនោះ តែងរលឹក (ព្រះអង្គ) កំពុងនៅប្រជុំក្នុងធម្មសភាឈ្មោះសុធម្មា។
[១៤២] លំដាប់នោះ ព្រះបាទវិទេហៈ អ្នកគ្រប់គ្រងក្រុងមិថិលា ទ្រង់ម្នីម្នាក្រោកចាកអាសនៈ បែរព្រះភក្រ្តឡើងកាន់រថ។ មាតលិទេវបុត្រ ទូលសួរព្រះបាទនេមិរាជនុ៎ះ ដែលសេ្តចឡើងកាន់រថទិព្វហើយ ដូច្នេះថា បពិត្រព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិស ទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណា តាមផ្លូវដែលសត្វមានបាបកម្ម ឬតាមផ្លូវដែលសត្វមានបុញ្ញកម្ម។
[១៤៣] (ព្រះបាទនេមិ…) ម្នាលមាតលិទេវសារថី អ្នកចូរនាំខ្ញុំទៅតាមផ្លូវទាំងពីរ គឺផ្លូវដែលសត្វមានបាបកម្មផង ផ្លូវដែលសត្វមានបុញ្ញកម្មផង។
[១៤៤] (មាតលិ…) បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស ទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាមុន តាមផ្លូវដែលសត្វមានបាបកម្មមុនឬ ឬតាមផ្លូវដែលសត្វមានបុញ្ញកម្មមុន។
[១៤៥] (ព្រះបាទនេមិ…) ខ្ញុំចង់ឃើញនរកជាទីនៅនៃសត្វអ្នកមានបាបកម្មទាំងឡាយ ខ្ញុំចង់ឃើញឋាននៃសត្វអ្នកមានកម្មលាមក និងគតិនៃសត្វទ្រុស្តសីលទាំងឡាយមុន។
[១៤៦] (អភិសម្ពុទ្ធគាថា) មាតលិទេវសារថី បង្ហាញព្រះរាជានូវស្ទឹងឈ្មោះវេតរណី ដែលសត្វឆ្លងបានដោយកម្រ ប្រកបព្រមដោយទឹកផ្សាប្រៃកំពុងពុះ ក្តៅដូចអណ្តាតភ្លើង។
[១៤៧] ព្រះបាទនេមិ ទ្រង់ឃើញសត្វកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណី ជាទីឆ្លងឡើងបានដោយកម្រក្រៃលែង ហើយត្រាស់សួរ មាតលិទេវសារថីថា ម្នាលទេវបុត្រអ្នកបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ (សត្វកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណី) ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយនេះធ្លាក់ទៅកាន់ស្ទឹងវេតរណី តើពួកសត្វនេះ បានធ្វើបាបកម្មអ្វី។
[១៤៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករផលនៃបាបកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកសត្វណាមានកំឡាំង មានធម៌ដ៏លាមក បៀតបៀនប្រទេចផ្តាសានូវពួកសត្វដែលមានកំឡាំងខ្សោយក្នុងជីវលោក ពួកសត្វមានកម្មលាមកនោះ រមែងរងបាប ពួកសត្វទាំងនោះឯង តែងធ្លាក់ទៅកាន់ស្ទឹងវេតរណី។
[១៤៩] (ព្រះបាទនេមិ…) ពួកឆ្កែព្រៃសម្បុរក្រហម និងពពាល ពួកត្មាត ពួកក្អែក ជាសត្វគួរខ្លាច តែងទំពាស៊ី (សត្វនរកដែលវាប្រទះឃើញ) ម្នាលទេវបុត្រអ្នកបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ហ្វូងក្អែកតែងជញ្ជែងស៊ីនូវសត្វទាំងឡាយនេះ តើសត្វទាំងឡាយនេះ បានធ្វើបាបដូចមេ្តច។
[១៥០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃកម្មដែលខ្លួនដឹង ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា សត្វទាំងឡាយណានីមួយ មានសេចក្តីកំណាញ់ កំណាញ់ស្វិតស្វាញ មានធម៌លាមកពេក ជាអ្នកជេរប្រទេច បៀតបៀនប្រទូស្តសមណព្រាហ្មណ៍ សត្វអ្នកមានអំពើលាមកទាំងនោះ រមែងរងបាប ទើបហ្វូងកែ្អកជញ្ជែងស៊ីសត្វទាំងឡាយនោះ។
[១៥១] (ព្រះរាជា…) សត្វនរកទាំងឡាយ មានសរីរៈឆេះសន្ធោសនៅ្ធ ដើរលើផែនដីដែក ថែមទាំងនាយនិរយបាលសំពងដោយដំបងដែកទាំងឡាយ ដែលភ្លើងឆេះ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលនាយនិរយបាលវាយដោយដំបង ដួលដេកនេះ តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៥២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលបាបកម្មដែលខ្លួនដឹង ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយ មានបាបធម៌ពេញបន្ទុក បៀតបៀនប្រទេចផ្តាសានូវបុរសស្រ្តីដែលឥតបាបធម៌ក្នុងជីវលោក ឈ្មោះថាជាអ្នកមានបាបធម៌ពេញបន្ទុក ជនអ្នកមានកម្មលាមកទាំងនោះ រមែងរងបាប ជនទាំងឡាយនោះឯងហើយ ដែលនាយនិរយបាលបៀតបៀនដោយដំបង ដួលដេកនៅ។
[១៥៣] (ព្រះរាជា…) ពួកសត្វនរកដទៃមានខ្លួនឆេះជុំវិញ កំពុងទួញយំ (ធ្លាក់ទៅ) កាន់រណ្តៅរងើកភ្លើងហើយថ្ងូរ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយដែលធ្លាក់ទៅកាន់រណៅ្តរងើកភ្លើង ហើយថ្ងូរ តើពួកសត្វទាំងឡាយនេះ បានធ្វើបាបដូចមេ្តច។
[១៥៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណានីមួយ ពោលអាងសាក្សី (កោង) ក្នុងហេតុនៃទ្រព្យរបស់ប្រជុំជន ហើយញុំាងទ្រព្យជាបំណុលនោះឲ្យវិនាស បពិត្រព្រះអង្គជាធំជាងជន ជនទាំងឡាយនោះ ញ៉ាំងពួកជនឲ្យវិនាសហើយ ជនទាំងឡាយអ្នកមានកម្មដ៏លាមកនោះ រមែងរងបាប ទើបជនទាំងឡាយនោះឯង (ធ្លាក់ទៅ) កាន់រណ្តៅរងើកភ្លើង ហើយថ្ងូរដូចេ្នះ។
[១៥៥] (ព្រះរាជា) ខ្ទះទង់ដែងធំ មានភ្លើងឆេះសនោ្ធសនៅ្ធ រន្ទាលច្រាលឆ្អៅ ប្រាកដជាក់ស្តែង ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកសត្វទាំងនេះ (មានក្បាលសំយុងចុះ) ធ្លាក់ទៅកាន់ខ្ទះពេញដោយទឹកទង់ដែង តើពួកសត្វទាំងនេះធ្វើបាបដូចមេ្តច។
[១៥៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា មានធម៌ដ៏លាមកពេក បៀតបៀនប្រទេចផ្តាសានូវសមណៈ ឬព្រាហ្មណ៍ អ្នកមានសីល ជនអ្នកមានកម្មដ៏លាមកទាំងឡាយនោះ តែងរងនូវបាប ជនទាំងនោះ (មានក្បាលសំយុងចុះ) ធ្លាក់ទៅកាន់ខ្ទះ ពេញដោយទឹកទង់ដែង។
[១៥៧] (ព្រះរាជា…) ពួកនាយនិរយបាល ត្របែងកនៃសត្វនរក ហើយកាប់ពន្លះ បោះទៅក្នុងទឹកក្តៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ចុះពួកសត្វដែលមានក្បាលដាច់ ហើយដេកនៅនេះ តើសត្វពួកនេះ បានធ្វើបាបដូចមេ្តច។
[១៥៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា ក្នុងជីវលោក មានបាបធម៌ពេញបន្ទុក តែងចាប់បៀតបៀននូវសត្វស្លាបទាំងឡាយ បពិត្រព្រះអង្គជាធំជាងជន ជនទាំងឡាយនោះ បៀតបៀនហើយនូវសត្វស្លាប ពួកជនអ្នកមានកម្មលាមកនោះ រមែងរងនូវបាប ជនទាំងឡាយនោះ មានក្បាលដាច់ហើយ ដេកនៅដូច្នេះ។
[១៥៩] (ព្រះរាជា…) ស្ទឹងនេះ មានទឹកច្រើន មានច្រាំងមិនជ្រៅ មានកំពង់ល្អ រាបទាបហូរទៅ សត្វដែលមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយតែងផឹក ស្រាប់តែទឹកដែលសត្វទាំងឡាយនោះផឹកហើយ ក្លាយទៅជាអង្កាម ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ចុះទឹកដែលសត្វទាំងឡាយនោះផឹកហើយ ក្លាយទៅជាអង្កាមវិញ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចម្តេច។
[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា។ ជនទាំងឡាយណា អ្នកមានកិច្ចការមិនបរិសុទ្ធ លាយនូវស្រូវសុទ្ធដោយអង្កាម ឲ្យដល់អ្នកទិញ បានជាទឹកដែលជនទាំងឡាយនោះកំពុងមានសេចក្តីក្តៅបៀតបៀន មានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ផឹកទៅក្លាយជាអង្កាមវិញ។
[១៦១] (ព្រះរាជា…) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈទាំងពីរខាងនៃសត្វនរក ដែលកំពុងកន្ទក់កន្ទេញ ដោយព្រួញទាំងឡាយក៏មាន ដោយលំពែងទាំងឡាយក៏មាន ដោយលំពែងស្នែងក្របីទាំងឡាយក៏មាន ម្នាលទេពបម្រើ សេចក្តីភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលនាយនិរយបាល បៀតបៀនហើយដោយលំពែង ដេកនៅដូច្នេះ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹង ហើយទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា។ ជនទាំងឡាយណា ក្នុងជីវលោក ជាអ្នកមានកម្មមិនល្អ លួចយកស្រូវ ទ្រព្យ ប្រាក់ មាស ទាំងសត្វចិញ្ចឹម ពពែ ចៀម និងក្របី ដែលគេមិនឲ្យ ហើយធ្វើនូវការចិញ្ចឹមជីវិត ជនអ្នកមានកម្មដ៏លាមកទាំងនោះ រមែងរងនូវបាប ទើបពួកជនទាំងនោះ ត្រូវនាយនិរយបាលបៀតបៀនហើយ ដោយលំពែងដេកនៅដូច្នេះ។
[១៦៣] (ព្រះរាជា…) ហេតុអ្វី សត្វនរកទាំងឡាយនេះ មួយពួកត្រូវនាយនិរយបាលចងកអូស ពួកដទៃត្រូវនាយនិរយបាលចិញ្រ្ចាំ ពួកដទៃទៀតត្រូវនាយនិរយបាលធ្វើឲ្យខ្ទេចខ្ទី ដួលដេកនៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ជនទាំងឡាយដែលនាយនិរយបាលធ្វើឲ្យខ្ទេចខ្ទី ហើយដួលដេកនៅ តើពួកជនទាំងនោះ បានធ្វើនូវបាបដូចមេ្តច។
[១៦៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា ជាអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក សម្លាប់ត្រី សម្លាប់សត្វចិញ្ចឹម គឺក្របី ពពែ និងចៀម ហើយដាក់លក់ឰដ៏រានផ្សាលក់សាច់ ជនអ្នកមានកម្មអាក្រក់ទាំងនោះ តែងរងបាប បានជាជនទាំងនោះ ត្រូវនាយនិរយបាលធ្វើខ្ទេចខ្ទី ហើយដេកនៅ។
[១៦៥] (ព្រះរាជា…) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិនអាក្រក់មិនស្អាត ស្អុយផ្សាយទៅ ពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ស៊ី (នូវមូត្រ និងករីសនេះ) ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនអ្នកបរិភោគនូវមូត្រ និងករីសនេះ តើពួកជនទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណានីមួយ ជាអ្នកបង្កសេចក្តីទុក្ខ អ្នកបៀតបៀនមិត្រសំឡាញ់ អ្នកតាំងនៅក្នុងការបៀតបៀននូវជនដទៃសព្វៗកាល ពួកជនទាំងឡាយ មានអំពើលាមកនោះ រមែងរងបាប ជនពាលទាំងឡាយជាអ្នកទ្រូស្តមិត្តនោះ តែងស៊ីអាហារចាស់។
[១៦៧] (ព្រះរាជា…) អន្លង់នេះ ពេញពោរទៅដោយឈាម និងខ្ទុះ មានក្លិនអាក្រក់មិនស្អាត ស្អុយផ្សាយទៅ ពួកសត្វដែលត្រូវកំដៅបៀតបៀនហើយ ផឹក (ឈាម និងខ្ទុះនោះ) ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលមានឈាម និងខ្ទុះជាអាហារនេះ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៦៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជាដែលមិនជ្រាបថា ជនទាំងឡាយណាក្នុងជីវលោកនេះ សម្លាប់ព្រះអរហន្ត គឺមាតា ឬបិតា ឈ្មោះថាបារាជិក (ក្នុងភាពជាគ្រហស្ថ) ពួកជនអ្នកមានអំពើលាមកនោះ តែងរងបាប ជនទាំងនោះ មានឈាម និងខ្ទុះជាអាហារ។
[១៦៩] (ព្រះរាជា…) អ្នកចូរមើលនូវសត្វនរក មានអណា្តតមុតដោយសន្ទូច បីដូចស្បែកដែលគេខ្វារដោយកង្វេរ ញាប់ញ័រដូចត្រី ដែលជនបោះទៅលើគោក ព្រោះហេតុអ្វីហ្ន៎ បានជាសត្វនរកទាំងនេះ យំបង្ហៀរទឹកមាត់ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលស៊ីសន្ទូចដេកនៅ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច។
[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា មនុស្សទាំងឡាយណានីមួយ ឋិតនៅក្នុងដំណែងជាអ្នកកាត់ថ្លៃទំនិញ ញុំាងទំនិញដែលមានថ្លៃ ឲ្យសាបសូន្យចាកថ្លៃ (បនោ្ថកទំនិញគេ) ប្រកបដោយអំពើកោង ធ្វើអំពើកោង ព្រោះហេតុចង់បានទ្រព្យ បីដូចជាសន្ទូចដែលគេបិទបាំង (ដោយនុយ) ដើម្បីសម្លាប់ត្រី។ ទីពឹងរបស់អ្នកធ្វើនូវអំពើកោង ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកជនអ្នកមានអំពើលាមកនោះ តែងរងបាប បានជាពួកជនទាំងនោះ ជាអ្នកស៊ីសន្ទូចដេកនៅ។
[១៧១] (ព្រះរាជា…) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិអាក្រក់ មានខ្លួនប្រឡាក់ពាសពេញដោយឈាម និងខ្ទុះ មានខ្លួនដាច់រយះរយាយ បីដូចគោទាំងឡាយដែលគេពន្លះក្នុងទីសម្លាប់ ផ្គងដើមដៃទាំងឡាយ យំកន្ទក់កន្ទេញ ពួកស្រ្តីទាំងនោះ (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វៗកាល ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិជាទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រីដែល (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វ ៗ កាល តើពួកស្រ្តីទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកស្រ្តីមានត្រកូលក្នុងជីវលោកនេះ មានអំពើមិនបរិសុទ្ធ បានប្រព្រឹត្តនូវអំពើជារបស់អសប្បុរស ពួកស្រ្តីទាំងនោះ មានសភាពជាអ្នកលេង លះបង់ស្វាមី ហើយត្រាច់ទៅរកបុរសដទៃ ព្រោះហេតុតែកាមគុណ និងលែ្បងពាល ពួកស្រ្តីទាំងនោះ ក្នុងជីវលោក លុះញ៉ាំងបុរសដទៃឲ្យត្រេកត្រអាល ទើបមានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនដូច្នេះ។
[១៧៣] (ព្រះរាជា…) ព្រោះហេតុអ្វី បានជាសត្វនរកមួយពួកទៀតនេះ ត្រូវនាយនិរយបាលចាប់ជើង ឲ្យមានក្បាលសំយុងចុះ ហើយទម្លាក់ទៅក្នុងរណ្តៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកសត្វទាំងនេះ ដែលមានក្បាលសំយុងចុះ នាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅនរក តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនជ្រាបថា ជនទាំងឡាយណា ក្នុងជីវលោកនេះ អ្នកមានអំពើជារបស់អសប្បុរស ប្រព្រឹត្តកន្លងនូវប្រពន្ធទាំងឡាយនៃជនដទៃ សត្វទាំងឡាយប្រាកដដូច្នោះនោះ ឈោ្មះថាជាអ្នកលួចនូវរបស់ដ៏ថ្លៃថ្លា បានជាសត្វទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ។ សត្វទាំងឡាយនោះ តែងរងនូវទុក្ខវេទនាក្នុងនរកទាំងឡាយនោះ អស់ប្រជុំនៃឆ្នាំដ៏ច្រើន ព្រោះថា ទីពឹងទាំងឡាយរបស់បុគ្គលអ្នកធ្វើបាប ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកសត្វអ្នកមានអំពើលាមកនោះ រមែងរងនូវបាប ទើបបានជាពួកជនទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ។
[១៧៥] (ព្រះរាជា…) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សងៗគ្នា ជាអ្នកត្រដាបត្រដួស មានរួបគួរខ្លាចពន់ពេក ប្រាកដនៅក្នុងនរកទាំងឡាយ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលមានសេចក្តីទុក្ខវេទនាក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយក្រៃលែងនេះ តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណាក្នុងជីវលោកនេះ មានទិដ្ឋិលាមកក្រៃលែង តែងធ្វើអំពើដ៏សិ្នទ្ធ ព្រោះមោហៈ ទាំងបបួលអ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិទាំងឡាយនោះផង ជនទាំងឡាយនោះ មានទិដ្ឋិបាប រមែងរងបាប ទើបបានជាពួកជនទាំងនោះរងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយក្រៃលែង។
[១៧៧] បពិត្រព្រះរាជា ទីលំនៅរបស់សត្វអ្នកមានបាបកម្មទាំងឡាយ ឋានរបស់សត្វអ្នកមានអំពើអាក្រក់ទាំងឡាយ និងគតិរបស់សត្វអ្នកទ្រូស្តសីលទាំងឡាយ ព្រះអង្គទ្រង់បានជ្រាបហើយ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ធំ សូមទ្រង់សេ្តចទៅក្នុងសំណាក់ទេវរាជឥឡូវនេះ។
[១៧៨] (ព្រះបាទនេមិ…) វិមាននេះ មានកំពូលប្រាំ ដែលយើងឃើញប្រាកដ មាននាងនារីមានអានុភាពធំ ប្រដាប់ដោយកម្រងផ្កា សំដែងនូវទេវឫទ្ធិមានប្រការផេ្សង ៗ នៅកណ្តាលដំណេក ក្នុងវិមាននោះ ម្នាលទេពបម្រើ សេចក្តីរីករាយមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក នារីដែលបានដល់ឋានសួគ៌ហើយ រីករាយក្នុងវិមាន តើនារីនេះ បានធ្វើកុសលដូចមេ្តច។
[១៧៩] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ពិរណីដែលទ្រង់ធ្លាប់ជ្រាបហើយ ជាទាសីកើតហើយក្នុងផ្ទៃនៃទាសី ក្នុងផ្ទះនៃព្រាហ្មណ៍ ក្នុងជីវលោក នាងពិរណីនោះដឹងថា ភិក្ខុជាភ្ញៀវ មានកាលដល់ហើយ (ហើយក៏អង្គាសចង្ហាន់ប្រគេនភិក្ខុនោះ) ហាក់ដូចជាមាតា ដែលត្រេកអរចំពោះបុត្តរបស់ខ្លួន នាងជាអ្នកសង្រួម ជាអ្នកចែកទាន ទើបនាងរីករាយក្នុងវិមាន។
[១៨០] (ព្រះបាទនេមិ…) វិមានមាសទាំង ៧ ដែលបុញ្ញកម្មតាក់តែងហើយ មានពន្លឺរុងរឿងផ្សព្វផ្សាយទៅ មានទេវបុត្រមានឫទ្ធិច្រើន ប្រដាប់ហើយដោយអាភរណៈគ្រប់បែប មានពួកនាងទេពធីតាចោមរោមហើយ ដើរប្រទក្សិណដោយជុំវិញ ក្នុងវិមានទាំង ៧ នោះ។
ម្នាលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្តនេះ បានធ្វើនូវកុសលដូចមេ្តច ទើបដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៨១] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រនេះ ជាគហបតី ឈោ្មះសោណទិន្ន ជាម្ចាស់នៃទាន (ក្នុងដែនកាសី) គាត់បានសាងកុដិសម្រាប់នៅ ៧ ខ្នង ឧទិ្ទសចំពោះបព្វជិត។ គាត់បានបម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅក្នុងកុដិនោះដោយគោរព បានប្រគេនចីវរសម្រាប់ស្លៀកដណ្តប់ផង ភត្តាហារផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះលោកអ្នកមានចិត្តត្រង់ទាំងឡាយ ដោយចិត្តជ្រះថ្លា។ គាត់រក្សាឧបោសថប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខផង គាត់ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វ ៗ កាល ជាអ្នកសង្រួមនូវឥន្រ្ទិយ ជាអ្នកចែកទាន ទើបគាត់រីករាយក្នុងវិមាន។
[១៨២] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវផលិក ពាសពេញដោយពួកនារីដ៏ប្រសើរ រុងរឿងដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរ។ ម្នាលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើនារីទាំងនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ពួកនារីណានីមួយ ក្នុងជីវលោកនេះ មានសីល ជាឧបាសិកា ត្រេកអរក្នុងទាន មានចិត្តជ្រះថ្លាជានិច្ច តាំងនៅក្នុងសច្ចធម៌ មិនប្រហែសធ្វេសក្នុងឧបោសថ ជាអ្នកសង្រួម ជាអ្នកចែកទាន ទើបនារីទាំងនោះរីករាយក្នុងវិមាន។
[១៨៤] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជំាង ជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក។ (ក្នុងវិមាននេះ) មានសូរសម្លេងទិព្យលាន់ឮ គឺស្គរ សមោ្ភរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែបានដឹង។ ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះបានឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រទាំងនេះ ធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រជាក់ ដោយគោរព ព្រមទាំងបានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោព្រះអរហន្តទាំងឡាយអ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា។ ជនទាំងឡាយនោះ បានរក្សាឧបោសថ ប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វ ៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ និងជាអ្នកចែកទាន ទើបជនទាំងឡាយនោះរីករាយក្នុងវិមាន។
[១៨៦] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អហើយ រុងរឿងដោយជញ្ជាំង ជាវិការៈនៃកែវផលិក ដេរដាសដោយពួកនាងនារីដ៏ប្រសើរ ចំរើនដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរយ៉ាង មានស្ទឹងប្រកបដោយរុក្ខជាតិ មានផ្កាផេ្សងៗ ហូរព័ទ្ធជុំវិញ។
ម្នាលទេពបម្រើ សេចក្តីត្រេកអរ មានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រនេះ បានធ្វើនូវកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៨៧] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនុ៎ះ ជាគហបតី ជាម្ចាស់នៃទាន ក្នុងក្រុងមិថិលា បានសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិព្រះអរហន្តទាំងឡាយអ្នកមានចិត្តត្រជាក់ ដោយគោរព បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះពួកព្រះអរហន្តអ្នកមានចិត្តត្រង់ ដោយចិត្តជ្រះថា្ល។ បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមនូវឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន។
[១៨៨] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អហើយ ដ៏រុងរឿងដោយជញ្ជាំង ជាវិការៈនៃកែវផលិក ដេរដាសដោយពួកនារីដ៏ប្រសើរ ចំរើនដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយការច្រៀង និងការរាំទាំងពីរយ៉ាង មានស្ទឹងប្រកបដោយឈើ មានផ្កាផ្សេងៗ ហូរព័ទ្ធជុំវិញ មានឈើទាំងឡាយជាច្រើនគឺ ដើមកេស ខ្វិត ស្វាយ សាលព្រឹក្ស ព្រីង ទន្លាប់ មៈប៉ែន សុទ្ធសឹងមានផ្លែជានិច្ច។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ រីករាយក្នុងវិមាន។
[១៨៩] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតី ជាម្ចាស់នៃទានក្នុងក្រុងមិថិលា បានសាងសួនច្បារ ស្រះ អណ្តូងទឹក បានប្រតិបត្តិចំពោះព្រះអរហន្តទាំងឡាយ ដែលជាអ្នកមានចិត្តត្រជាក់ បានថ្វាយនូវចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច័្ចយ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ ដោយចិត្តជ្រះថ្លា។ គហបតីនោះ បានទាំងរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន។
[១៩០] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក (ក្នុងវិមាននោះ) មានសូរសព្ទជាទិព្យលាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែនឹងបានដឹង។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតី ជាម្ចាស់នៃទានក្នុងក្រុងពារាណសី បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិចំពោះព្រះអរហន្តទាំងឡាយ ដែលមានចិត្តត្រជាក់ បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា។ ទេវបុត្រនោះ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបទេវបុត្រនោះ រីករាយក្នុងវិមាន។
[១៩២] (ព្រះរាជា…) វិមាននេះ ជាវិការនៃមាសដែលបុញ្ញកម្មនិមិ្មតហើយ ដូចព្រះអាទិត្យទើបរះឡើង មានពណ៌ក្រហម មានមណ្ឌលធំ។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៩៣] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតីជាម្ចាស់នៃទានក្នុងក្រុងសាវត្ថី បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិព្រះអរហន្តទាំងឡាយ ជាអ្នកមានចិត្តត្រជាក់ ដោយគោរព បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា។ គហបតីនោះ បានរក្សាឧបោសថប្រកបដោយអង្គ ៨ ប្រការ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន។
[១៩៤] (ព្រះរាជា…) វិមានទាំងឡាយនេះ ជាវិការនៃមាស មានប្រមាណច្រើន ដែលបុញ្ញកម្មនិម្មិតហើយ តាំងនៅក្នុងអាកាស មានពន្លឺដ៏រុងរឿង ដូចជាផ្លេកបន្ទោរក្នុងចន្លោះនៃមេឃ ក្នុងវិមានទាំងឡាយនោះ មានពួកទេវតាមានឫទ្ធិច្រើន សឹងប្រដាប់ដោយគ្រឿងអាភរណៈគ្រប់បែប មានពួកនាងទេពអប្សរចោមរោមហើយ ប្រទក្សិណវិលវង់ដោយជុំវិញ។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកទេវបុត្រទាំងនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
[១៩៥] មាតលិទេវសារថីដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកទេវបុត្រទាំងនោះ ជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ តាំងនៅស៊ប់ដោយសទ្ធាក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់ប្រកាសទុកល្អហើយ បានធ្វើតាមនូវពុទ្ធវចនៈរបស់ព្រះសាស្តា បពិត្រព្រះរាជា ឋានទាំងឡាយដែលទ្រង់ក្រឡេកឃើញហើយ គឺជាឋានរបស់ទេវបុត្រទាំងឡាយនោះ។
[១៩៦] បពិត្រមហារាជ ឋានរបស់សត្វអ្នកមានបាបកម្ម ទ្រង់បានជ្រាបហើយ ព្រោះទ្រង់ទតឃើញនូវលំនៅ (របស់សត្វ) ទាំងឋានរបស់សត្វអ្នកមានកល្យាណកម្ម ក៏ទ្រង់ជ្រាបហើយ បពិត្រព្រះរាជាទ្រង់ស្វែងរកកុសលធម៌ ឥឡូវនេះ សូមទ្រង់យាងទៅក្នុងសំណាក់នៃទេវរាជ។
[១៩៧] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅលើទិព្វយាន មានសេះជាវាហនៈដែលទឹមដោយសេះសិន្ធព ១ ពាន់ កាលសេ្តចកំពុងយាងទៅ ទ្រង់ក្រឡេកឃើញភ្នំទាំងឡាយក្នុងចន្លោះសីទន្តរសមុទ្ទ លុះទ្រង់ទតឃើញហើយ ទ្រង់ត្រាស់ហៅទេវសារថីសួរថា ភ្នំទាំងនោះ តើឈ្មោះអ្វីខ្លះ។
[១៩៨] (មាតលិ…) ភ្នំធំៗទាំងឡាយនេះ ក្នុងសមុទ្ទសីទន្តរ គឺភ្នំសុទស្សនៈ ១ ករវិក ១ ឥសិន្ធរ ១ យុគន្ធរ ១ នេមិន្ធរ ១ វិនតក ១ អស្សកណ្ណ ១ ជាភ្នំមានកំពូលខ្ពស់ឡើងតាមលំដាប់រៀងគ្នា បពិត្រមហារាជ ភ្នំដែលទ្រង់ក្រឡេកឃើញ សឹងជាលំនៅនៃមហារាជទាំងឡាយ។
[១៩៩] (ព្រះរាជា…) (ទា្វរ) មានរូបជាអនេកដ៏រុងរឿងវិចិត្រដោយរតនវត្ថុផេ្សង ៗ ដ៏ដេរដាសដោយរូបទាំងឡាយ ប្រហែលរូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួកខ្លាធំចាំនៅហើយ។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក គេហៅថាទា្វរនេះ ឈោ្មះអ្វី ទើបជាទីរីករាយនៃចិត្តប្រាកដអំពីចម្ងាយ។
[២០០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទ្វារនេះឈោ្មះចិត្តកូដ ជាទីចេញចូលនៃទេវរាជ (ជាទ្វារនៃទេពនគរ ដែលតាំងនៅត្រង់ទីបំផុតនៃភ្នំព្រះសុមេរុ) ជាភ្នំគួរឲ្យចង់មើលប្រាកដ (ទា្វរនេះ) មានរូបជាអនេកដ៏រុងរឿង វិចិត្រដោយរតនៈវត្ថុផេ្សងៗ ប្រាកដជាទ្វារដ៏ដេរដាសដោយរូបទាំងឡាយ ប្រហែលរូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួកខ្លារក្សាហើយ បពិត្រព្រះរាជា ទ្រង់ស្វែងរកគុណធម៌ សូមទ្រង់ចូលទៅតាមទ្វារនុ៎ះ សូមទ្រង់ជាន់នូវផែនដីទិព្វដ៏រាបសើ្ម។
[២០១] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅលើទិព្វយាន មានសេះជាវាហនៈដែលទឹមដោយសេះសិន្ធព ១ ពាន់ ទ្រង់យាងទៅ បានទតឃើញនូវទេវសភា (ត្រាស់សួរថា) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដោយជញ្ជាំងជាវិការនៃកែវពៃទូរ្យ ឃើញច្បាស់ដូចអាកាសមានពន្លឺខៀវក្នុងសរទកាល។
ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក គេហៅវិមាននុ៎ះឈ្មោះអ្វី។
[២០២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ទេវសភាដែលព្រះអង្គទតឃើញនុ៎ះឯង គេហៅថា សុធម្មា (ទេវសភានុ៎ះ) រុងរឿងដោយកែពៃទូរ្យដ៏វិចិត្រដែលបុញ្ញានុភាពនិម្មិតដោយប្រពៃតាំងនៅ សសរមានជ្រុងប្រាំបី ដែលបុញ្ញកម្មតាក់តែងល្អ សុទ្ធសឹងជាវិការនៃកែវពៃទូរ្យទាំងអស់ ពួកទេវតានៅជាន់តាវត្តឹង្សគ្រប់អង្គ សឹងមានព្រះឥន្រ្ទជាប្រមុខ តែងប្រជុំគ្នាគិតគូរសេចក្តីចំរើនរបស់ទេវតា និងមនុស្សទាំងឡាយ បពិត្រព្រះរាជាទ្រង់សែ្វងរកគុណធម៌ សូមទ្រង់ចូលទៅកាន់ទីអនុមោទនារបស់ទេវតាទាំងឡាយតាមទ្វារនេះ។
[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះសេ្តចយាងមកដល់ហើយ ត្រេកអរទទួលថា បពិត្រមហារាជ ដំណើរដែលព្រះអង្គយាងមកនេះប្រពៃហើយ មិនមែនទ្រង់យាងមកអាក្រក់ទេ បពិត្រព្រះរាជា ទ្រង់ស្វែងរកនូវគុណធម៌ដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គគង់ក្នុងទីជិតនៃទេវរាជចុះ។ សក្កទេវរាជ ទ្រង់ត្រេកអរទទួលព្រះបាទវិទេហៈ គ្រប់គ្រងក្រុងមិថិលានោះ ព្រះបាទវាសវៈអញ្ជើញព្រះអង្គដោយកាមទាំងឡាយផង ដោយអាសនៈផងថា ព្រះអង្គសេ្តចមកដល់លំនៅនៃទេវតាទាំងឡាយ ជាដំណើរប្រពៃណាស់ ព្រះរាជាទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងទេវលោកទាំងឡាយ ជាទីញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេច សូមព្រះអង្គបរិភោគកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្សក្នុងតាវត្តឹង្សទេវលោកចុះ។
[២០៤] (ព្រះបាទនេមិ…) វត្ថុណាដែលបានដោយអ្នកដទៃឲ្យជាបច្ច័យ ដូចយានជារបស់សូមគេ ដូចទ្រព្យជារបស់សូមគេ វត្ថុនុ៎ះ ក៏មានឧបមេយ្យយ៉ាងនេះឯង។ ខ្ញុំឥតចង់បានវត្ថុដែលបានមកដោយអ្នកដទៃឲ្យជាបច្ច័យនោះទេ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង នោះទើបជាទ្រព្យសម្រេចដល់ខ្ញុំ។ ខ្ញុំឯងនឹងត្រឡប់ទៅធ្វើកុសលដែលបុគ្គលធ្វើហើយ រមែងដល់សេចក្តីសុខ មិនក្តៅក្រហាយខាងក្រោយ ឲ្យមានប្រមាណច្រើន ដោយការឲ្យផង ដោយការប្រព្រឹត្តិសើ្មផង ដោយការសង្រួមឥន្ទ្រិយផង ដោយការទូន្មាននូវឥន្រ្ទិយផង ក្នុងពួកមនុស្ស។
[២០៥] មាតលិជាទេវសារថីដ៏ចំរើន ជាអ្នកមានឧបការៈច្រើនដល់យើង ព្រោះបានបង្ហាញនូវឋាននៃសត្វអ្នកមានបុញ្ញកម្ម និងឋាននៃសត្វអ្នកមានបាបកម្មទាំងឡាយ។
[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែនវិទេហៈ គ្រប់គ្រងក្រុងមិថិលា ទ្រង់បានពោលដូច្នេះហើយ (ទើបទ្រង់លាសក្កទេវរាជត្រឡប់មកមនុស្សវិញ) ទ្រង់បានបូជាយញ្ញៈដ៏ច្រើន ហើយទ្រង់ចូលទៅរកការសង្រួម (បព្វជ្ជា)។
ចប់ នេមិរាជជាតក ទី៤។
(៥៤២. ឧមង្គជាតកំ (៥))
[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជាចូឡនីព្រហ្មទត្ត ជាម្ចាស់ក្រុងបញ្ចាល យាងមកជាមួយនឹងសេនាទាំងពួង សេនារបស់ព្រះរាជាក្រុងបញ្ចាលនោះ បុគ្គលប្រមាណមិនបាន។ (សេនាទាំងនោះ) មានពលជាងឈើ និងពលថ្មើរជើង អ្នកឈ្លាសក្នុងសង្គ្រាមទាំងពួង អាចនឹងលុកចូលទៅក្នុងពួក ជាសេនាមានសំឡេង (មិនស្ងាត់ចាកសំឡេងទាំង ១០ យ៉ាង) ញ៉ាំងគ្នានឹងគ្នាឲ្យដឹងដោយសំឡេងស្គរ និងស័ង្ខ។ (ពួកសេនាទាំងនោះ) មានវិទ្យាក្នុងផ្លូវលោហធាតុ និងមានគ្រឿងប្រដាប់ មានទង់ជ័យ មានមនុស្សអ្នកឡើងកាន់ពាហនៈខាងឆ្វេង ទាំងបរិបូណ៌ល្អដោយពួកមនុស្សអ្នកមានសិល្ប ដែលពួកយោធាដ៏ក្លៀវក្លា (មានព្យាយាមស្មើដោយសត្វសីហៈ) តាំងទុកដោយល្អហើយ។ ក្នុងចំណោមសេនាទាំងនុ៎ះ មាននាយពល ១០ នាក់ ជាអ្នកឈ្លាស មានប្រាជ្ញាដូចផែនដី ច្រើនទៅប្រជុំប្រឹក្សាក្នុងទីស្ងាត់ នឹងមាតារបស់ព្រះរាជា ជាគំរប់ ១១ រមែងទ្រង់ប្រៀនប្រដៅសេនាក្នុងក្រុងបញ្ចាល។ បណ្តាជនទាំងនុ៎ះ មានក្សត្រិយ៍ ១០១ សុទ្ធតែមានយស ជាចំណុះ ដែលត្រូវព្រះបាទចូឡនីព្រហ្មទត្តដណ្តើមយកដែនហើយ មានសេចក្តីភ័យអំពីមរណៈ ក៏លុះក្នុងអំណាចនៃព្រះបាទបញ្ចាល។ (ស្តេចទាំង ១០១ នោះ) ជាអ្នកធ្វើតាមព្រះរាជតម្រាស់ មិនមានប្រាថ្នា ក៏ពោលពាក្យជាទីស្រឡាញ់ មិនមានប្រាថ្នា ក៏លុះអំណាចចុះចូលព្រះបាទបញ្ចាល។ មិថិលារាជធានីរបស់ពួកអ្នកវិទេហៈ ត្រូវពួកសេនានោះចោមព័ទ្ធជា ៣ ជាន់9) (ដូចជា) ជីកគាស់ដោយជុំវិញ។ (ក្រុងមិថិលា) ត្រូវសេនាចោមព័ទ្ធជុំវិញ (ប្រាកដដោយសស្រា្តវុធ) ដូចជាផ្កាយដែលប្រាកដក្នុងខាងលើ ម្នាលមហោសធ អ្នកឯងចូរដឹងថា សេចក្តីរួច (ចាកទុក្ខនេះ) នឹងមានដល់ពួកយើងដោយប្រការដូចមេ្តច។
[២០៨] (ព្រះមហាសត្វក្រាបបង្គំទូលថា) បពិត្រព្រះទេវៈ សូមព្រះអង្គទ្រង់សណ្តូកព្រះបាទ (ឲ្យស្រួលចុះ) សូមព្រះអង្គទ្រង់ក្រសាលរីករាយក្នុងកាមចុះ ព្រះបាទចូឡនីព្រហ្មទត្ត មុខជានឹងលះបង់សេនាក្នុងក្រុងបញ្ចាល ហើយរត់ទៅ។
[២០៩] (អាចារ្យកេវដ្ដព្រាហ្មណ៍…) ព្រះរាជាចូឡនីប្រាថ្នាដើម្បីធ្វើសម្ពន្ធមិត្រ (នឹងព្រះអង្គ) ទាំងទ្រង់ថ្វាយកែវទាំងឡាយ មានស្រីកែវជាដើម ដល់ព្រះអង្គ (ចាប់ដើម) ពីថ្ងៃនេះទៅ សូមឲ្យពួករាជទូតមានវាចាពីរោះ ពោលពាក្យជាទីស្រលាញ់មក (ក្រុងមិថិលានេះបាន)។ សូមឲ្យពួករាជទូតទាំងនោះពោលវាចាដ៏ទន់ភ្លន់ ជាវាចាគួរត្រេកអរ សូមព្រះបាទបញ្ចាល និងព្រះបាទវិទេហៈទាំងពីរអង្គនោះ រួបរួមគ្នាតែមួយ។
[២១០] (ព្រះបាទវិទេហៈ…) នែកេវដ្ដៈ អ្នកបានជួបនឹងមហោសធដែរឬ អ្នកចូរពោលសេចក្តីនោះ អ្នកបានឲ្យមហោសធអត់ទោសហើយឬ មហោសធត្រេកអរហើយឬ។
[២១១] (អាចារ្យកេវដ្តៈ…) បពិត្រព្រះអង្គជាធំជាងជន មហោសធហៅពេញជាបុរសថោកទាប ពុំមានសេចក្តីសោ្មះស្មើ ជាមនុស្សរឹងរូស ជាអសប្បុរស ពុំបានពោលសេចក្តីអ្វីតិចតួចសោះ ដូចជាមនុស្សគ ឬដូចជាមនុស្សថ្លង់។
[២១២] (ព្រះបាទវិទេហៈ…) ចំណែកការដែលគិតនេះ បុរសផេ្តសផ្តាសឃើញបានក្រណាស់ដោយពិត សេចក្តីបរិសុទ្ធិ នរជនអ្នកមានព្យាយាម មុខជានឹងឃើញហេតុនោះ កាយរបស់អញញប់ញ័រ អ្នកណានឹងលះបង់នូវដែនរបស់ខ្លួន ហើយលុះក្នុងកណ្តាប់ដៃជនដទៃវិញកើត។
[២១៣] គំនិតរបស់យើងទាំង ៦ នាក់ ដែលជាអ្នកឈ្លាស មានប្រាជ្ញាដ៏ខ្ពង់ខ្ពស់ផុតដូចផែនដី ស្មើគ្នាជាឯកច្ឆន្ទ ម្នាលមហោសធ អ្នកចូរគិតមើល ទៅ ឬកុំទៅ ឬក៏ឈប់។
[២១៤] (ព្រះមហាសត្វ…) បពិត្រព្រះរាជា សូមព្រះអង្គទ្រង់ជ្រាបថា ព្រះបាទចូឡនីព្រហ្មទត្ត ជាអ្នកមានអានុភាពធំ មានពលច្រើន ឥឡូវប្រាថ្នាដើម្បីនឹងសំឡាប់ព្រះអង្គ ដូចនាយព្រានដែលសំឡាប់ម្រឹគដោយធ្នាក់។
ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូចដែលគេបិទបាំងដោយសាច់ មិនដឹងសេចក្តីស្លាប់ខ្លួនយ៉ាងណា។ បពិត្រព្រះរាជា ព្រះអង្គជាអ្នកជាប់ក្នុងកាម ចង់បានធីតារបស់ព្រះបាទចូឡនី មិនទ្រង់ជ្រាបមរណៈរបស់ព្រះអង្គដូចត្រីនោះឯង។ បើព្រះអង្គសេ្តចយាងទៅកាន់ក្រុងបញ្ចាល ព្រះអង្គមុខជានឹងលះចោលព្រះអង្គយ៉ាងឆាប់ ភ័យធំនឹងមកដល់ព្រះអង្គ ដូចភ័យធំមកដល់ម្រឹគដែលដើរទៅតាមផ្លូវ (ទៀបទ្វារនៃស្រុកដែរ)។
[២១៥] (ព្រះបាទវិទេហៈ…) យើងដែលបានពោលនូវប្រយោជន៍ដ៏ឧត្តម ក្នុងសំណាក់នៃអ្នក ត្រឡប់ទៅជាមនុស្សល្ងង់លីលាវិញ អ្នកឯងជាអ្នកចំរើនដោយចុងនង្គ័ល មេ្តចនឹងដឹងសេចក្តីចំរើនដូចអ្នកដទៃកើត។
[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យវិនាសចាកដែនរបស់អញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ។
[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធពោធិសត្វក៏ចៀសចេញអំពីសំណាក់នៃព្រះបាទវិទេហៈហើយ ទើបហៅសុវបណ្ឌិតឈ្មោះមាធុរៈ ជាទូតមកប្រាប់ថា ម្នាលសំឡាញ់មានស្លាបខៀវ អ្នកចូរមកធ្វើការបំរើអញ ដ្បិតមានសាលិកាញីមួយដែលគេចិញ្ចឹមទុកជិតទីក្រឡាបន្ទំនៃព្រះបាទបញ្ចាល។ ឯងចូរទៅសួរសាលិកានោះ ដោយសន្ថវកិច្ច ព្រោះវាជាសត្វឈ្លាសក្នុងកិច្ចទាំងពួង វាដឹងការអាថ៌កំបាំងទាំងពួងរបស់ជនទាំងពីរ គឺព្រះរាជា និងកោសិយព្រាហ្មណ៍។ មាធុរៈសុវបណ្ឌិតមានស្លាបខៀវនោះ បានទទួលស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរទៅកាន់សំណាក់នៃនាងសាលិកា។ មាធុរៈសុវបណ្ឌិត លុះហើរទៅដល់ហើយ ទើបហៅនាងសាលិកាមានទ្រុងល្អ ពោលពាក្យពីរោះថា នែនាងមានទ្រុងល្អ នាងល្មមអត់ទ្រាំបានដែរឬ នែនាងជាវេសជាតិ នាងមិនមានជំងឺតម្កាត់ទេឬ នែនាងមានទ្រុងល្អ នាងបានលាជលាយដោយទឹកឃ្មុំដែរឬ។
(សាលិកាញី…) ម្នាលសំឡាញ់ សេចក្តីសុខស្រួលមានដល់ខ្ញុំ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមានជម្ងឺតម្កាត់ទេ ម្នាលសុវបណ្ឌិត ទាំងលាជលាយដោយទឹកឃ្មុំ ខ្ញុំក៏បានដែរ។ នែសំឡាញ់ អ្នកមកអំពីណាហ្ន៎ ឬអ្នកណាប្រើមក មួយវិញទៀត អ្នកជាសត្វដែលខ្ញុំមិនធ្លាប់ឃើញ មិនធ្លាប់ឮក្នុងកាលមុនអំពីកាលនេះទេ។
[២១៨] (សុវបណ្ឌិត…) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំក្នុងប្រាសាទនៃព្រះបាទសិវិ ព្រះរាជានោះ ទ្រង់ឋិតនៅក្នុងធម៌ តែងទ្រង់ដោះលែងនូវសត្វទាំងឡាយដែលជាប់ចំណង ចាកចំណងអំពីទីនោះៗ។ មាននាងសាលិកាមួយ ពោលពាក្យពីរោះ ជាភរិយារបស់ខ្ញុំ ម្នាលនាងមានទ្រុងល្អ កាលខ្ញុំកំពុងតែសំឡឹងជាប់ចិត្ត ស្រាប់តែខ្លែងសំឡាប់នាងសាលិកានោះទៅ។ ខ្ញុំបរិបូណ៌ដោយសេចក្តីប្រាថ្នាចំពោះភរិយានោះ បានជាមកក្នុងសំណាក់នៃនាង ប្រសិនបើនាងបើកឱកាស យើងទាំងពីរនាក់ នឹងនៅក្នុងទីជាមួយគ្នា។
[២១៩] (សាលិកា…) ធម្មតាសេកឈ្មោល គួរតែប្រាថ្នារកសេកញី សាលិកាឈ្មោល គួរតែប្រាថ្នារកសាលិកាញី ចុះការនៅរួមដោយសេកឈ្មោល និងសាលិកាញី ដូចម្តេចកើត។
[២២០] (សុវបណ្ឌិត…) បគ្គលណា ប្រាថ្នាស្រ្តីណាក្នុងកាម សូម្បីស្រ្តីនោះជាចណ្ឌាលក៏ដោយ ព្រោះថា ការនៅរួមទាំងអស់ដូចៗគ្នា ដែលមិនដូចគ្នាក្នុងកាម មិនមានទេ។ ព្រះមាតានៃព្រះបាទសិវិ ព្រះនាមជម្ពាវតី (ជាចណ្ឌាលសោះ) តែបានជាអគ្គមហេសី ជាទីស្រឡាញ់របស់ព្រះបាទវាសុទេវកណ្ហាយនគោត្រ។ សូម្បីនាងកិន្នរីឈ្មោះរតនវតី ញ៉ាំងតាបសឈោ្មះវច្ឆៈ ឲ្យប្រាថ្នាដែរ។ មនុស្សរួមសំវាសជាមួយនឹងមេម្រឹគក៏មាន ការនៅរួមក្នុងកាមមិនដូចគ្នា មិនមានទេ។ នែនាងសាលិកា ពោលពាក្យពីរោះ បើដូច្នោះ យើងនឹងទៅវិញ ព្រោះពាក្យនាងនុ៎ះ ទុកជាពាក្យប្រកែក នាងមើលងាយខ្ញុំពិត។
[២២១] (សាលិកា…) នែមាធុរៈសុវបណ្ឌិត សិរីរមែងមិនមានដល់អ្នកប្រញាប់ទេ អ្នកចូរឈប់នៅទីនេះ ដរាបបានឃើញព្រះរាជាសិន អ្នកនឹងបានស្តាប់សំឡេងសំភោរ បានឃើញអានុភាពព្រះរាជា។
[២២២] (សុវបណ្ឌិត…) សំឡេងអឺងកងនេះ ឮល្បីប្រាកដទៅជនបទខាងក្រៅថា ព្រះរាជធីតាព្រះបាទបញ្ចាល មានវណ្ណៈដូចជាផ្កាយព្រឹក ព្រះអង្គនឹងប្រទានព្រះរាជធីតានោះ ដល់ព្រះបាទវិទេហៈ ឯវិវាហមង្គលនោះ ក៏នឹងមានដែរ (តើពិតឬទេ)។
[២២៣] (សាលិកា…) នែមាធុរៈ ការរៀបចំវិវាហមង្គលប្រាកដដូចនេះរបស់ពួកសត្រូវ ដូចជាវិវាហមង្គលរបស់ព្រះបាទបញ្ចាលជាមួយនឹងព្រះបាទវិទេហៈរបស់អ្នក ចូរលើកទុកចុះ។ ព្រះរាជាដ៏ប្រសើរលើរថរបស់អ្នកក្រុងបញ្ចាល នឹងនាំព្រះបាទវិទេហៈមកហើយ នឹងសំឡាប់ព្រះបាទវិទេហៈនោះ ក្នុងវេលានោះ (ព្រះបាទចូឡនី) មិនមែនជាសំឡាញ់របស់ព្រះបាទវិទេហៈនោះទេ។
[២២៤] (សុវបណ្ឌិត…) សូមនាងអនុញ្ញាតឲ្យបងទៅត្រឹម ៧ រាត្រី ទំរាំបងទូលព្រះបាទសិវិ និងព្រះមហេសីថា ខ្ញុំបាននៅរួមក្នុងសំណាក់នាងសាលិកាហើយ។
[២២៥] (សាលិកា…) អើ ! ខ្ញុំអនុញ្ញាតឲ្យអ្នកទៅត្រឹម ៧ រាត្រី បើអ្នកមិនត្រឡប់មកកាន់សំណាក់ខ្ញុំក្នុងរវាង ៧ រាត្រីវិញទេ ខ្ញុំសំគាល់ខ្លួនខ្ញុំថាអស់ជីវិត កាលបើខ្ញុំស្លាប់ហួសទៅហើយ ទើបអ្នកនឹងមកដល់។
[២២៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មាធុរៈសុវបណ្ឌិតនោះ ក៏ហើរទៅប្រាប់មហោសធថា ពាក្យនេះ ជាពាក្យរបស់នាងសាលិកា។
[២២៧] (មហោសធ…) បុរសគប្បីបរិភោគនូវភោគសម្បត្តិក្នុងផ្ទះរបស់បុគ្គលណា គប្បីធ្វើប្រយោជន៍ដល់បុគ្គលនោះឯង។
[២២៨] បពិត្រព្រះជនិន្ទ ខ្ញុំព្រះអង្គនឹងសូមទៅកាន់បុរី គួរជាទីរីករាយរបស់ព្រះបាទបញ្ចាលជាមុន ដើម្បីសាងនិវេសន៍បំរុងព្រះអង្គមានយសធំក្នុងដែនវិទេហៈ។ បពិត្រក្សត្រិយ៍ លុះខ្ញុំព្រះអង្គសាងនិវេសន៍ដើម្បីព្រះអង្គមានយសធំ ក្នុងដែនវិទេហៈស្រេចហើយ នឹងបញ្ជូនទូតមកទូលព្រះអង្គក្នុងវេលាណា ព្រះអង្គគប្បីយាងទៅក្នុងវេលានោះ។
[២២៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះមហោសធ ក៏បានទៅកាន់បុរីគួរជាទីរីករាយរបស់ព្រះបាទបញ្ចាលជាមុន ដើម្បីសាងនិវេសន៍បំរុងព្រះបាទវិទេហៈមានយស។ ព្រះមហោសធលុះសាងនិវេសន៍ ដើម្បីព្រះបាទវិទេហៈមានយសស្រេចហើយ ទើបបញ្ជូនទូតមកទូលព្រះបាទវិទេហៈ គ្រប់គ្រងមិថិលាថា បពិត្រមហារាជ និវេសន៍ ខ្ញុំព្រះអង្គសាងដើម្បីព្រះអង្គហើយ សូមព្រះអង្គសេ្តចមកក្នុងកាលឥឡូវនេះ។
[២៣០] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជាព្រមដោយសេនាមានអង្គ ៤ យាងទៅដើម្បីទតបុរីដ៏ធំទូលាយ ដែលមហោសធបណ្ឌិតសាងទុកក្នុងដែនកប្បិលៈ មានពាហនៈមិនមានទីបំផុត។
[២៣១] លំដាបនោះឯង ព្រះបាទវិទេហៈនោះ លុះសេ្តចយាងទៅដល់ (ដែនកប្បិលៈ) ហើយ ទើបបញ្ជូនរាជសាសន៍ទៅថ្វាយព្រះបាទចូឡនីព្រហ្មទត្តថា បពិត្រមហារាជ ខ្ញុំមកដើម្បីថ្វាយបង្គំព្រះបាទទាំងឡាយរបស់ព្រះអង្គ។ សូមព្រះអង្គទ្រង់ប្រទាននាងនារីដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការ ជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយា (របស់ខ្ញុំ) ក្នុងកាលឥឡូវនេះ។
[២៣២] (ព្រះបាទចូឡនី…) បពិត្រព្រះបាទវិទេហៈ ព្រះអង្គសេ្តចមកល្អហើយ មួយទៀត ព្រះអង្គសេ្តចមកមិនអាក្រក់ទេ សូមព្រះអង្គសាកសួររកនក្ខត្តឫក្សចុះ ខ្ញុំនឹងថ្វាយនាងកញ្ញា ដ៏ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសី ជាបរិវារព្រះអង្គ។
[២៣៣] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះបាទវិទេហៈសួររកនក្ខត្តឫក្សលុះសួររកនក្ខត្តឫក្សរួចហើយ ទើបបញ្ជូនរាជសាសន៍ទៅថ្វាយព្រះបាទព្រហ្មទត្តថា សូមព្រះអង្គទ្រង់ប្រទាននារីដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយារបស់ខ្ញុំក្នុងកាលឥឡូវនេះ។
[២៣៤] (ព្រះបាទចូឡនី…) ខ្ញុំថ្វាយនាងនារី ដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយារបស់ព្រះអង្គ ក្នុងកាលឥឡូវនេះ។
[២៣៥] (ព្រះបាទវិទេហៈ…) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និងសេនាកាន់ខែលឈរនៅ (ត្រៀបត្រា) គប់ភ្លើងឆេះសន្ធោសន្ធៅ តើពួកបណ្ឌិតសំគាល់ដូចម្តេច។
[២៣៦] (អភិសម្ពុទ្ធគាថា) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និងសេនាកាន់ខែលឈរនៅ (ត្រៀបត្រា) គប់ភ្លើងឆេះសន្ធោសន្ធៅ នែបណ្ឌិត ពួកសេនាទាំងនោះ នឹងធ្វើអ្វីហ៎្ន។
[២៣៧] (មហោសធ…) បពិត្រមហារាជ ព្រះបាទចូឡនីព្រហ្មទត្ត មានពលច្រើន ប្រទូសរ៉ាយដល់ព្រះអង្គ រក្សាព្រះអង្គទុក នឹងសំឡាប់ព្រះអង្គអំពីព្រឹក។
[២៣៨] (ព្រះបាទវិទេហៈ…) ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទាំងមាត់របស់យើងក៏សោះស្ងួត យើងមិនបានសេចក្តីរលត់ ដូចជាឈើត្រូវភ្លើងឆេះក្នុងកណ្តាលកំដៅថ្ងៃ។ ចង្ក្រានរបស់ជាងមាស ឆេះតែខាងក្នុង មិនឆេះខាងក្រៅ យ៉ាងណាមិញ ហ្ឫទ័យរបស់យើង ក៏ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ក៏យ៉ាងនោះដែរ។
[២៣៩] (មហោសធ…) បពិត្រក្សត្រ ព្រះអង្គស្រវឹង (ដោយកាម) ទើបប្រព្រឹត្តកន្លងការប្រឹក្សា ទំលាយការប្រឹក្សាចោល ឥឡូវនេះ សូមឲ្យបណ្ឌិត (ទាំង ៤ នាក់) ដែលជាអ្នកមានប្រាជ្ញា រក្សាព្រះអង្គចុះ។ បពិត្រព្រះរាជា ព្រះអង្គមិនធ្វើតាមពាក្យរបស់ទូលបង្គំជាអាមាត្យ ជាអ្នកប្រាថ្នាសេចក្តីចំរើន និងសែ្វងរកប្រយោជន៍ ទ្រង់ត្រេកអរដោយបីតិដ៏សៅហ្មងរបស់ព្រះអង្គ ដូចម្រឹគជាប់អន្ទាក់។ (ទូលបង្គំបានក្រាបទូលហើយថា) ត្រីជាសត្វលោ្មភក្នុងនុយស្រស់ លេបនូវផ្លែសន្ទូចដ៏វៀចដែលគេបិទដោយសាច់ ត្រីមិនដឹងសេចក្តីស្លាប់របស់ខ្លួន យ៉ាងណា។ បពិត្រព្រះរាជា ព្រះអង្គជាអ្នកលោ្មភក្នុងកាម ចង់បានធីតារបស់ព្រះបាទចូឡនី មិនទ្រង់ជ្រាបមរណៈរបស់ព្រះអង្គ ដូចត្រីយ៉ាងនោះឯង។ បើទ្រង់សេ្តចទៅកាន់ក្រុងបញ្ចាល ទ្រង់មុខជានឹងលះចោលព្រះអង្គយ៉ាងឆាប់ ភ័យធំនឹងមកដល់ព្រះអង្គ ដូចភ័យធំមកដល់ម្រឹគ ដែលដើរទៅតាមផ្លូវ (ទៀបទ្វារនៃស្រុក)។ បពិត្រព្រះជនិន្ទ បុរសមានសភាពមិនថ្លៃថ្នូរ ដូចពស់នៅក្នុងថ្នក់ គប្បីចឹក បុរសមានប្រាជ្ញា មិនគប្បីធ្វើនូវមេត្រីភាពដោយបុរសនោះទេ ព្រោះថា ការគប់រកដោយបុរសអាក្រក់ រមែងនាំមកនូវសេចក្តីទុក្ខដោយពិត។ បពិត្រព្រះជនិន្ទ បណ្ឌិតបុរស ស្គាល់នូវបុគ្គលណាថា អ្នកនេះមានសីល មានការចេះដឹងច្រើនដូចេ្នះ បណ្ឌិតបុរសនោះ គួរធ្វើមេត្រីភាពជាមួយនឹងបុគ្គលនោះ ព្រោះថាការសេពគប់ដោយសប្បុរសទាំងឡាយ រមែងនាំមកនូវសេចក្តីសុខពិត។
[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តីចំរើនដ៏ឧត្តមក្នុងសំណាក់នៃខ្ញុំព្រះអង្គថា ខ្ញុំព្រះអង្គជាអ្នកចំរើនដោយចុងនង្គ័ល ធ្វើមេ្តចនឹងដឹងសេចក្តីចំរើនដូចអ្នកដទៃ។ អ្នកទាំងឡាយ ចូរចាប់មហោសធនេះត្រង់ ក ហើយឲ្យវិនាសចាកដែនរបស់អញចេញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ។
[២៤១] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់ដោតដោយទោសដែលកន្លងទៅហើយទេ អ្នកចាក់ដោតយើង ដូចគេយកជន្លួញចាក់សេះដែលចងទុកហើយធ្វើអ្វី។ ប្រសិនបើអ្នកឃើញសេចក្តីរួចរបស់យើង ឬឃើញសេចក្តីកេ្សមរបស់យើង ចូរអ្នកពន្យល់យើងដោយសោត្ថិភាពនោះចុះ អ្នកចំាបាច់ចាក់ដោតយើងដោយទោសដែលកន្លងទៅហើយធ្វើអ្វី។
[២៤២] (មហោសធ…) អំពើជារបស់នៃមនុស្សដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ ខ្ញុំព្រះអង្គមិនអាចនឹងដោះព្រះអង្គបានទេ បពិត្រក្សត្រិយ៍ សូមព្រះអង្គទ្រង់ជ្រាបចុះ។ ដំរីទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន ដំរីបែបនោះរបស់ព្រះរាជាណា សូមឲ្យដំរីទាំងនោះ នាំព្រះរាជានោះទៅចុះ។ សេះទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន សេះបែបនោះរបស់ព្រះរាជាណា សូមឲ្យសេះទាំងនោះ នាំព្រះរាជានោះទៅចុះ។ បក្សីទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន បក្សីបែបនោះរបស់ព្រះរាជាណា សូមឲ្យបក្សីទាំងនោះ នាំព្រះរាជានោះទៅចុះ។ យក្សទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន យក្សបែបនោះរបស់ព្រះរាជាណា សូមឲ្យយក្សទាំងនោះ នាំព្រះរាជានោះទៅចុះ។ អំពើជារបស់នៃមនុស្ស ដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ បពិត្រក្សត្រិយ៍ ខ្ញុំព្រះអង្គមិនអាចដោះព្រះអង្គទៅតាមអាកាសបានទេ។
[២៤៣] (អាចារ្យសេនកៈ…) បុរសជាអ្នកមិនឃើញត្រើយក្នុងមហាសមុទ្រ បុរសនោះបានទីពំនាក់ក្នុងប្រទេសណា គេក៏បានសេចក្តីសុខក្នុងប្រទេសនោះ (យ៉ាងណាមិញ)។ បពិត្រមហោសធ អ្នកជាទីពឹងរបស់ពួកយើង និងព្រះរាជា ក៏យ៉ាងនោះដែរ ព្រោះអ្នកជាបុគ្គលប្រសើរជាងពួកយើង និងពួកមន្រ្តី សូមអ្នកដោះពួកយើងអំពីទុក្ខ។
[២៤៤] (មហោសធ…) អំពើជារបស់នៃមនុស្ស ដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ ខ្ញុំមិនអាចនឹងដោះអ្នកបានទេ នែសេនកៈ អ្នកចូរដឹងចុះ។
[២៤៥] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យសេនកៈ ឥឡូវនេះ អញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ។
[២៤៦] (អាចារ្យសេនកៈ…) ពួកយើងគួរដុតភ្លើងត្រង់ទ្វារ ឬកាន់កាំបិតសម្លាប់គ្នានឹងគ្នា យើងនឹងលះបង់ជីវិតយ៉ាងឆាប់ កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើងឲ្យលំបាកអស់កាលយូរឡើយ។
[២៤៧] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យបុក្កុសៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ។
[២៤៨] (អាចារ្យបុក្កុសៈ…) ពួកយើងគួរស៊ីថ្នាំពិសឲ្យស្លាប់ នឹងលះបង់ជីវិតយ៉ាងឆាប់ កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើង ឲ្យលំបាកអស់កាលយូរឡើយ។
[២៤៩] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យកាមិន្ទៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ។
[២៥០] (អាចារ្យកាមិន្ទៈ…) ពួកយើងគប្បីយកខ្សែចងឲ្យស្លាប់ ឬលោតចុះទៅក្នុងអណ្តូង (ឲ្យស្លាប់) កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើងឲ្យលំបាកអស់កាលយូរឡើយ។
[២៥១] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យទេវិន្ទៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តច ក្នុងរឿងនេះ។
[២៥២] (អាចារ្យទេវិន្ទៈ…) ពួកយើង (បិទទា្វរ) ដុតភ្លើង ហើយកាន់កាំបិតសម្លាប់គ្នាងនឹងគ្នា យើងនឹងលះបង់ជីវិតយ៉ាងឆាប់ (បើ) មហោសធមិនអាចនឹងដោះពួកយើងឲ្យរួចដោយងាយទេ។
[២៥៣] (ព្រះបាទវិទេហៈ…) បុគ្គលស្វែងរកខ្លឹមនៃដើមចេក រមែងមិនបានយ៉ាងណាមិញ យើងសែ្វងរក (ឧបាយជាគ្រឿងរួចចាកទុក្ខ) ក៏មិនបានប្រស្នានោះ ក៏យ៉ាងនោះដែរ។ បុគ្គលស្វែងរកខ្លឹមនៃដើមរកា រមែងមិនបាន យ៉ាងណាមិញ យើងស្វែងរក ក៏មិនបានប្រស្នានោះ ក៏យ៉ាងនោះដែរ។ ការនៅនៃដំរីទាំងឡាយ ក្នុងទីមិនមានទឹក ឈោ្មះថានៅក្នុងទីមិនមែនប្រទេស (យ៉ាងណាមិញ) កាលបើយើងនៅក្នុងទីជិតនៃពួកមនុស្សអាក្រក់ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅក្នុងទីមិនមែនជាប្រទេស ក៏ដូច្នោះឯង)។ ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទាំងមាត់របស់យើងក៏សោះស្ងួត យើងមិនបានសេចក្តីរលត់ ដូចឈើត្រូវភ្លើងឆេះក្នុងកណ្តាលកំដៅថ្ងៃ។ ចង្រ្កានរបស់ជាងមាសឆេះតែខាងក្នុង មិនឆេះខាងក្រៅ យ៉ាងណាមិញ ហ្ឫទ័យរបស់យើង ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ក៏យ៉ាងនោះដែរ។
[២៥៤] (អភិសម្ពុទ្ធគាថា…) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញប្រយោជន៍ជាប្រក្រតីនោះ បានឃើញព្រះបាទវិទេហៈ ទ្រង់មានសេចក្តីទុក្ខ ទើបក្រាបបង្គំទូលថា បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះចន្រ្ទដែលរាហូចាប់ហើយ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះអាទិត្យដែលរាហូចាប់ហើយ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះដំរីផុងក្នុងភក់។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះពស់ដែលជាប់នៅក្នុងកំប្រោង។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះបក្សីដែលជាប់នៅក្នុងទ្រុង។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះត្រីទាំងឡាយដែលជាប់នៅក្នុងសំណាញ់។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គចេញ ព្រមទាំងយានរេហ៍ពល និងពាហនៈ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដេញព្រះបាទបញ្ចាលឲ្យរត់ទៅ ដូចជាគេដេញក្អែក និងខ្លែងដោយដុំដី។ បុគ្គលណា មិនជួយព្រះអង្គដែលមានសេចក្តីចង្អៀត (ព្រោះមរណៈ) ឲ្យរួចចាកទុក្ខបានទេ ប្រាជ្ញា (របស់បុគ្គលនោះ) មានប្រយោជន៍អ្វី ឬអាមាត្យបែបនោះ (មានប្រយោជន៍អ្វី)។
[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំងឡាយ ចូរបើកមាត់នៃគន្លឹះយន្ត ព្រះបាទវិទេហៈ មួយអន្លើដោយពួកអាមាត្យ នឹងសេ្តចទៅតាមឧម្មង្គ។
[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យរបស់លោកហើយ ទើបបើកទ្វារនៃឧម្មង្គ និងគន្លឹះទ្វារដែលប្រកបដោយគ្រឿងយន្ត។
[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទវិទេហៈ មានអាមាត្យហែហម សេ្តចយាងត្រង់កណ្តាល។
[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើងគង់លើព្រះទីនាំងនាវា មហោសធដឹងថា ព្រះរាជាឡើងគង់ហើយ ក៏ប្រៀនប្រដៅថា បពិត្រព្រះសម្មតិទេព ព្រះបាទចូឡនីព្រហ្មទត្តនេះ ជាព្រះបិតាកេ្មករបស់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងជន ព្រះនាងនន្ទាទេវីនេះ ជាព្រះមាតាកេ្មករបស់ព្រះអង្គ ការប្រតិបតិ្តព្រះវររាជមាតា (របស់ព្រះអង្គ) យ៉ាងណា ការប្រតិបតិ្តព្រះមាតាកេ្មក ចូរមានដល់ព្រះអង្គ ក៏យ៉ាងនោះដែរ។ ព្រះរាជបុត្តច្បងរួមឧទរ មានព្រះមាតាជាមួយគ្នា យ៉ាងណា បពិត្រព្រះអង្គប្រសើរលើរថ បញ្ចាលចន្ទរាជកុមារ ព្រះអង្គគប្បីស្រឡាញ់យ៉ាងនោះដែរ។ បពិត្រព្រះអង្គប្រសើរលើរថ ព្រះនាងបញ្ចាលចន្ទីទេវីនេះ ជាព្រះរាជបុត្រី (របស់ព្រះបាទចូឡនីព្រហ្មទត្ត) ដែលព្រះអង្គទ្រង់ប្រាថ្នា សូមព្រះអង្គធ្វើសេចក្តីប្រាថ្នារបស់ព្រះអង្គចំពោះព្រះនាងនោះ ព្រះនាងជាភរិយារបស់ព្រះអង្គហើយ។
[២៥៩] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ អ្នកចូរប្រញាប់ប្រញាល់ឡើងជិះទូកមក នៅឈរលើច្រាំងធ្វើអ្វី យើងទាំងឡាយរួចចាកទុក្ខដោយលំបាក យើងនឹងទៅឥឡូវនេះ។
[២៦០] (មហោសធ…) បពិត្រមហារាជ ខ្ញុំព្រះអង្គដែលជានាយកនៃសេនា លះបង់ចោលនូវអង្គនៃសេនា ហើយដោះយកតែខ្លួន នេះមិនមែនជាទំនៀមទេ។ បពិត្រព្រះសម្មតិទេពប្រសើរលើរថ ខ្ញុំព្រះអង្គនឹងដឹកនាំនូវអង្គនៃសេនាដែលព្រះអង្គបោះបង់ចោលក្នុងរាជនិវេសន៍ និងរបស់ដែលព្រះបាទព្រហ្មទត្តថ្វាយហើយ។
[២៦១] (ព្រះបាទវិទេហៈ…) ម្នាលបណ្ឌិត អ្នកឯងជាអ្នកមានសេនាតិច នឹងសង្កត់សង្កិនទប់ទល់ព្រះបាទចូឡនីព្រហ្មទត្ត ដែលមានសេនាច្រើនដូចមេ្តចបាន អ្នកឯងជាអ្នកមានកម្លាំងខ្សោយ មុខជាលំបាកដោយព្រះបាទចូឡនីព្រហ្មទត្តដែលមានកម្លាំង។
[២៦២] (ពោធិសត្វ…) បុគ្គលមានប្រាជ្ញា សូម្បីមានសេនាតិច រមែងឈ្នះបុគ្គលមិនមានប្រាជ្ញា ដែលមានសេនាច្រើន ព្រះរាជាតែមួយព្រះអង្គ (ជាអ្នកឈ្លាសក្នុងឧបាយ) រមែងឈ្នះព្រះរាជាទាំងឡាយ (ជាអ្នកល្ងង់ក្នុងឧបាយ) ដូចព្រះអាទិត្យ ដែលរះឡើង (រមែងឈ្នះ) ងងឹតដូច្នោះឯង។
[២៦៣] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងពួកបណ្ឌិត នាំមកនូវសេចក្តីសុខស្រួលណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះពួកយើង ដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ។
[២៦៤] (អាចារ្យសេនកៈ…) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិតទាំងឡាយ នាំមកនូវសេចក្តីសុខយ៉ាងនោះឯង មហោសធបានដោះពួកយើងដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ។
[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំងច្រើន ទ្រង់រក្សាអស់រាត្រីទាំងមូល កាលអរុណរះឡើង ក៏សេ្តចចូលទៅដល់ក្រុងឧបការៈ។ ព្រះបាទចូឡនីគ្រប់គ្រងក្រុងបញ្ចាល មានកំឡាំងច្រើន ស្តេចឡើងគង់លើដំរីប្រសើរដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនារបស់ព្រះអង្គ)។ ព្រះបាទចូឡនីព្រហ្មទត្ត ទ្រង់សៀតគ្រឿងក្រោះ ជាវិការៈនៃកែវមណី ព្រះហស្តចាប់សរ បានត្រាស់ទៅនឹងរេហ៍ពលអ្នកទទួលបំរើ (របស់ព្រះអង្គ) ជាអ្នកមានសិល្បច្រើនដែលមកចួបជុំគ្នា។ (ព្រះបាទចូឡនីត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមានដៃដ៏ស្ទាត់ក្នុងសិល្បធ្នូ អាចបាញ់រោមត្រូវ ដែលមកចួបជុំគ្នា។
[២៦៦] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ ចូរឲ្យដំរីទាំងឡាយញាំញីទីក្រុងដែលព្រះបាទវិទេហៈ សាងទុកហើយ។ (ពួកព្រួញ) មានសម្បុរ ស មានមុខដូចពន្លាក មានចុងដ៏មុត អាចចាក់ទំលាយនូវឆ្អឹង ដែលបាញ់ដោយកំឡាំងធ្នូ ឲ្យធ្លាក់ចុះព្រមគ្នា អំពីខាងនេះខាងនោះ។ ពួកសេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿងក្រោះ មានអាវុធប្រកបដោយដងដ៏វិចិត្រ កាលបើពួកដំរីធំស្ទុះចូលមក ចូរអ្នកនាំគ្នា (តស៊ូ) ចំពោះមុខដំរីទាំងឡាយ។ លំពែងទាំងឡាយ ដែលគេលាងជម្រះដោយប្រេង មានរស្មីភ្លឺផ្លេក រុងរឿងដូចជាផ្កាយព្រឹក មានរស្មីច្រើន។ កាលបើពួកយោធា (របស់យើង) មានគ្រឿងអាវុធជាកំឡាំង ទ្រទ្រង់សង្វារ គឺគ្រឿងក្រោះប្រាកដដូច្នេះ មិនបានរត់ក្នុងសង្រ្គាមទេ ព្រះបាទវិទេហៈនឹងរួចពីដៃយើងអំពីណា បើក្រែងតែព្រះបាទវិទេហៈនឹងធ្វើដូចបក្សី (ទើបរួច)។ ពួកយោធារបស់យើងទាំងអស់ មានចំនួន ៣៩.០០០ នាក់ អាចកាត់ក្បាលសត្រូវ ហើយរើសយកក្បាលមួយ ៗ មក យើងបានដើរសព្វលើផែនដី មិនឃើញពួកយោធាណាសើ្មឡើយ។ ដំរីទាំងឡាយ មានភ្លុក ប្រដាប់ហើយ មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ ពួកយោធានៅក្មេងៗ មានសម្បុរដូចមាស រមែងល្អលើ កនៃដំរីទាំងឡាយ។ យោធាទាំងឡាយ មានគ្រឿងអលង្ការមានពណ៌លឿង ស្លៀកសំពត់មានពណ៌លឿង ដណ្តប់សំពត់មានពណ៌លឿង រមែងល្អលើ-កនៃដំរីទាំងឡាយ ដូចទេវបុត្តទាំងឡាយក្នុងនន្ទវ័ន។ ព្រះខាន់ទាំងឡាយ មានសម្បុរដូចត្រីស្លាត ដែលលាងជំរះដោយប្រេង មានរស្មីភ្លឺផ្លេកដែលបុរសអ្នកមានព្យាយាមធ្វើសម្រេចហើយ មានមុខស្មើ ដែលគេសម្លៀងល្អហើយ។ ព្រះខាន់ទាំងឡាយមិនមានស្នឹម រុងរឿងដូចជាព្រះអាទិត្យ ឋិតនៅក្នុងទីពាក់កណ្តាល ដែលគេធ្វើដោយដែកថែបដ៏មាំ ដែលពួកយោធាអ្នកមានកំឡាំងជំនាញក្នុងវិធីប្រហារមាំ កាន់យកហើយ។ ព្រះខាន់ទាំងឡាយ បរិបូណ៌ដោយដងជាវិការៈនៃមាស ទ្រទ្រង់ដោយស្រោមមានពណ៌ក្រហម កាលបើគេគ្រវីឡើង រមែងល្អដូចជាផ្លេកបន្ទោរភ្លឺផ្លេកក្នុងចន្លោះនៃពពក។ ពួកខ្មាន់ធ្នូអ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅក្នុងអាកាសបាន អ្នកឈ្លាសក្នុងការកាន់ដាវ និងខែល ជាអ្នកហាត់ក្នុងការកាន់ធ្នូដ៏ក្រៃលែង អាចកាត់នូវកនៃដំរីឲ្យធា្លក់ចុះបាន។ អ្នកឯងត្រូវពួកយោធាប្រាកដដូច្នេះ ព័ទ្ធហើយ អ្នកឯងមិនរួចអំពីទីនេះទេ អ្នកនឹងទៅកាន់ក្រុងមិថិលា ដោយរាជានុភាពណា យើងមិនបានឃើញរាជានុភាពនោះរបស់អ្នកទេ។
[២៦៧] (ព្រះពោធិសត្វ…) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរីដ៏ប្រសើរមក ព្រះអង្គមានព្រះហ្ឫទ័យរីករាយយាងមក ហើយទ្រង់សំគាល់ថា អាត្មាអញ នឹងបានសម្រេចប្រយោជន៍ដូច្នេះឬហ្ន៎។ សូមព្រះអង្គដាក់ធ្នូ និងបំពង់ព្រួញនុ៎ះចេញ សូមព្រះអង្គដាក់កូនសរនុ៎ះចេញ សូមព្រះអង្គដាក់គ្រឿងក្រោះដ៏ល្អប្រហែលដោយកែវពៃទូរ្យ និងកែវមណីនុ៎ះចេញ។
[២៦៨] (ព្រះបាទចូឡនី…) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹមញញែមជាប់ ឯការបរិបូណ៌ដោយសម្បុរបែបនេះ រមែងមានប្រាកដក្នុងមរណកាល។
[២៦៩] (មហោសធ…) បពិត្រក្សត្រជាព្រះរាជា ពាក្យដែលព្រះអង្គគម្រាមហើយ ជាពាក្យសោះសូន្យទទេ ព្រះអង្គមានការប្រឹក្សាធ្លាយហើយ ឯព្រះរាជា (របស់យើង) ព្រះអង្គមិនងាយនឹងចាប់យកបានទេ ដូចសេះសិន្ធព និងសេះខ្ចក។ ព្រះរាជា (ក្រុងមិថិលា) ព្រមដោយអាមាត្យ និងរាជបរិស័ទ ឆ្លងស្ទឹងគង្គាតាំងពីថ្ងៃម្សិលទៅហើយម្ល៉េះ ក្អែកស្ទុះតាមរាជហង្ស នឹងធ្លាក់ចុះក្នុងពាក់កណ្តាលផ្លូវ យ៉ាងណាមិញ (បើព្រះអង្គនឹងតាមព្រះរាជានោះ នឹងដល់សេចក្តីវិនាសក្នុងពាក់កណ្តាលផ្លូវ ក៏យ៉ាងនោះដែរ)។
[២៧០] ឆ្កែចចកទាំងឡាយជាម្រឹគថោកទាប ឃើញផ្កាចាដែលរីកក្នុងចំណែកនៃរាត្រី ក៏សំគាល់ថា ដុំសាច់ ហើយនាំគ្នាចោមរោម។ (ឆ្កែចចកទាំងនោះ) ជាម្រឹគថោកទាប កាលបើរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង ទើបឃើញច្បាស់ថា ជាផ្កាចារីក ក៏ដាច់សេចក្តីប្រាថ្នា (រត់ទៅ) យ៉ាងណា។ បពិត្រព្រះរាជា ព្រះអង្គចោមព័ទ្ធព្រះបាទវិទេហៈ នឹងដាច់សេចក្តីប្រាថ្នា ហើយទៅ ដូចពួកឆ្កែចចក (ចោមរោម) នូវផ្កាចាដូច្នោះដែរ។
[២៧១] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរកាត់ដៃ និងជើង ត្រចៀក និងច្រមុះនៃមហោសធនេះ ព្រោះវាធ្វើព្រះបាទវិទេហៈជាសត្រូវដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ។ សេនាទាំងឡាយ ចូរដោតគហបតីបុត្រនេះដោយឈើស្រួច ហើយចំអិនវា ដូចគេចំអិនសាច់ដែលគួរចំអិន ព្រោះវាធ្វើសេ្តចវិទេហៈជាសត្រូវ ដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ។ បុគ្គលដោតសន្ធឹងស្បែកគោលើផែនដី ពុំនោះសោត ថ្ពក់ស្បែកសីហៈ ឬខ្លាធំដោយកង្វេរ យ៉ាងណា។ យើងនឹងចាក់ដោតវាដោយលំពែង យ៉ាងនោះ ព្រោះវាធ្វើព្រះបាទវិទេហៈជាសត្រូវ ដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ។
[២៧២] (មហោសធ…) បើព្រះអង្គកាត់នូវដៃ ជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (ដៃ ជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជបុត្រឈោ្មះបញ្ចាលចន្ទៈ យ៉ាងហ្នឹងដែរ។ បើព្រះអង្គកាត់ដៃ ជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃ ជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជធីតាឈោ្មះបញ្ចាលចន្ទី យ៉ាងហ្នឹងដែរ។ បើព្រះអង្គកាត់ដៃ និងជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃជើង ត្រចៀក និងច្រមុះ) របស់អគ្គមេហសី ឈោ្មះនន្ទាទេវី យ៉ាងហ្នឹងដែរ។ បើព្រះអង្គកាត់ដៃ និងជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃ និងជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គយ៉ាងហ្នឹងដែរ។ បើព្រះអង្គដោតខ្ញុំដោយឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជបុត្រឈ្មោះបញ្ចាលចន្ទៈ (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ។ បើព្រះអង្គដោតខ្ញុំដោយឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជធីតា ឈ្មោះបញ្ចាលចន្ទី (ដោយឈើអណ្តាត) ហើយចំអិនយ៉ាងហ្នឹងដែរ។ បើព្រះអង្គដោតខ្ញុំនឹងឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតអគ្គមហេសីឈ្មោះនន្ទាទេវី (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ។ បើព្រះអង្គដោតខ្ញុំនឹងឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គ (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ។ បើព្រះអង្គចាក់ដោតខ្ញុំ ដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងដោតព្រះរាជបុត្រ ឈ្មោះបញ្ចាលចន្ទៈ (ដោយលំពែង) យ៉ាងហ្នឹងដែរ។ បើព្រះអង្គចាក់ដោតខ្ញុំដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតព្រះរាជធីតា ឈ្មោះបញ្ចាលចន្ទី (ដោយលំពែង) យ៉ាងនោះដែរ។ បើព្រះអង្គចាក់ដោតខ្ញុំ ដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតអគ្គមហេសី ឈ្មោះនន្ទាទេវី (ដោយលំពែង) យ៉ាងនោះដែរ។ បើព្រះអង្គចាក់ដោតខ្ញុំដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គ (ដោយលំពែង) យ៉ាងនោះដែរ។ យើងទាំងពីរនាក់ គឺស្តេចវិទេហៈ និងទូលព្រះបង្គំជាខ្ញុំ ប្រឹក្សាគ្នារួចស្រេចក្នុងទីស្ងាត់យ៉ាងនេះហើយ ខែលស្បែកមានទម្ងន់ ១០០ បលៈ ដែលជាងស្បែកឲ្យសម្រេចហើយដោយសស្រ្តារបស់ជាងស្បែក រមែងជួយការពារខ្លួន ដើម្បីទប់រងនូវកូនសរទាំងឡាយយ៉ាងណា។ ទូលព្រះបង្គំជាខ្ញុំ ជាអ្នកនាំសេចក្តីសុខមក ជួយបន្ទោបង់សេចក្តីទុក្ខនៃព្រះបាទវិទេហៈដ៏មានយស តែងទប់រងនូវកូនសរ គឺព្រះតម្រិះរបស់ព្រះអង្គដោយខែលស្បែកមានទម្ងន់ ១០០ បលៈ (សេចក្តីគិតរបស់ទូលព្រះបង្គំជាខ្ញុំ ក៏ដូច្នោះឯង)។
[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គទតព្រះនេត្រមើលព្រះរាជវាំងរបស់ព្រះអង្គដែលសូន្យឈឹងចុះ បពិត្រព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារទាំងឡាយ និងព្រះវររាជមាតារបស់ព្រះអង្គ ខ្ញុំឲ្យនាំចេញចាកឧម្មង្គ នាំទៅថ្វាយព្រះបាទវិទេហៈហើយ។
[២៧៤] (ព្រះបាទចូឡនី…) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅឯព្រះរាជវាំងរបស់អញ ហើយពិចារណាមើលហេតុនោះ តើសមដូចពាក្យរបស់មហោសធនេះពិត ឬកុហកទេ។
[២៧៥] (ពួកអាមាត្យ…) បពិត្រមហារាជ មហោសធទូលយ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាងនោះឯង ព្រះរាជវាំងទាំងមូលសូន្យឈឹង ដូចឋានជាទីប្រជុំចុះនៃពួកក្អែក។
[២៧៦] (មហោសធ…) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយដ៏ល្អ មានព្រះសោណីដ៏ល្អ ដូចដម្បារមាស មានប្រក្រតីពោលពាក្យពីរោះ ដូចជាសំឡេងនៃហង្ស បានចេញទៅអំពីឧម្មង្គនេះហើយ។ បពិត្រមហារាជ ព្រះនាងនារី មានសព៌ាង្គកាយដ៏ល្អ ទ្រទ្រង់កោសេយ្យពស្រ្ត មានសរីរៈដូចមាស មានខ្សែរឹតព្រះអង្គនោះក៏ល្អវិចិត្រដោយមាស។ ព្រះនាងនារី មានព្រះបាទដ៏ក្រហមល្អ ប្រកបដោយលំអ (៥យ៉ាង) មានខែ្សរឹតជាវិការៈនៃមាស និងកែវមណី មានដួងព្រះនេត្រប្រាកដសើ្មដោយភ្នែកសត្វព្រាប មានសរីរៈដ៏ល្អ មានរឹមព្រះឱស្ឋរលីង ល្អដូចជាផ្លែទន្លាប់ មានចង្កេះរៀវ។ ព្រះនាងនារីមានចង្កេះរៀវដូចវល្លិនាគលតា ដែលលូតលាស់ល្អ ឬដូចក្តារហ៊ឹង (ជាវិការៈនៃមាស) ព្រះកេសរបស់ព្រះនាងនារីនោះ វែង មានចុងខ្មៅងបន្តិច ដូចចុងកំបិត។ ព្រះនាងនន្ទាទេវី មានដួងព្រះនេត្រថ្លាយង់ ដូចជាភ្នែកនៃកូនម្រឹគកើត (បានមួយខួប) ឬដូចជាអណ្តាតភ្លើងក្នុងហេមន្តរដូវ ពុំនោះសោត ដូចជាស្ទឹងដ៏ដេរដាសដោយដើមឫស្សីតូច ៗ ទាំងឡាយ ទៀបជ្រោះភ្នំ។ ព្រះនាងនន្ទាទេវី មានព្រះឧរូល្អ ដូចប្រមោយដំរី មានស្តនទាំងគូល្អដូចផ្លែទន្លាប់ដ៏ប្រសើរ មិនខ្ពស់ពេក មិនទាបពេក មិនមែនឥតព្រះលោមា មិនមែនមានព្រះលោមាច្រើនពេក។ បពិត្រព្រះអង្គមានពាហនៈបរិបូណ៌ដោយសិរី ព្រះអង្គត្រេកអរដោយមរណៈនៃព្រះនាងនន្ទាទេវីដោយពិត ឯខ្ញុំព្រះអង្គ និងព្រះនាងនន្ទា នឹងទៅកាន់សំណាក់យមរាជដោយពិត។
[២៧៧] (ព្រះបាទចូឡនី…) អ្នកបានរៀនកលមាយាជាទិព្វ ហើយបានធ្វើឧបាយបំបាំងភ្នែកឬ បានជាអ្នកដោះលែងព្រះបាទវិទេហៈជាសត្រូវនៅក្នុងកណ្តាប់ដៃនៃយើងបាន។
[២៧៨] (មហោសធ…) បពិត្រមហារាជ បណ្ឌិតទាំងឡាយក្នុងលោកនេះ រមែងរៀននូវកលមាយាជាទិព្វដោយពិត ពួកបណ្ឌិតជនអ្នកមានសេចក្តីដឹងនោះ ទើបដោះខ្លួន (ចាកទុក្ខបាន) ពួកយោធាកេ្មង ៗ អ្នកបំរើរបស់ទូលព្រះបង្គំជាអ្នកឈ្លាស ជាអ្នកកាត់ផ្តាច់នូវទីត ព្រះបាទវិទេហៈយាងទៅកាន់ក្រុងមិថិលាតាមផ្លូវដែលពួកជនទាំងនេះធ្វើទុកហើយ។
[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួកជាងសាងទុកល្អហើយ សូមព្រះអង្គទតឧម្មង្គដ៏ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពលថ្មើរជើង ដែលគេធ្វើឲ្យសម្រេចហើយដោយល្អ។
[២៨០] (ព្រះបាទចូឡនី…) ម្នាលមហោសធ ជាលាភរបស់អ្នកដែនវិទេហៈដោយពិត បណ្ឌិតទាំងឡាយបែបដូចជាអ្នកនេះ នៅក្នុងដំណាក់ ក្នុងដែនរបស់ព្រះរាជាណា (ជាលាភរបស់ព្រះរាជានោះពិត)។
[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំងបាយ និងថ្លៃឈ្នួលជាទេ្វគុណដល់អ្នក ទាំងឲ្យភោគសម្ប័ទដ៏ធំទូលាយទៀត អ្នកចូរបរិភោគ ចូររីករាយតាមប្រាថ្នាចុះ អ្នកកុំទៅរកព្រះបាទវិទេហៈឡើយ ព្រះបាទវិទេហៈ នឹងធ្វើអ្វីដល់អ្នក។
[២៨២] (មហោសធ…) បពិត្រមហារាជ បុគ្គលណា លះបង់នូវបុគ្គលអ្នកចិញ្ចឹម ព្រោះហេតុនៃទ្រព្យ បុគ្គលនោះ ត្រូវជនទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃតិះដៀល ព្រះបាទវិទេហៈ ទ្រង់គង់ព្រះជន្មាយុដរាបណា ខ្ញុំក៏មិនគប្បីនៅក្នុងដែននៃព្រះរាជាដទៃ (ដរាបនោះ)។ បពិត្រមហារាជ បុគ្គលណា លះបង់នូវបុគ្គលអ្នកចិញ្ចឹម ព្រោះហេតុនៃទ្រព្យ បុគ្គលនោះត្រូវជនទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃតិះដៀល ព្រះបាទវិទេហៈ ទ្រង់ឋិតនៅដរាបណា ខ្ញុំមិនត្រូវជាបុរសរបស់បុគ្គលដទៃ (ដរាបនោះ)។
[២៨៣] (ព្រះបាទចូឡនី…) ម្នាលមហោសធ យើងឲ្យមាសឆ្តោរ ១០០០ និងស្រុក ចំនួន ៨០ ក្នុងដែនកាសីដល់អ្នក យើងឲ្យទាសី ៤០០ និងភរិយា ១០០ ដល់អ្នក អ្នកចូរនាំអង្គនៃសេនាទាំងពួងទៅដោយសួស្តីចុះ។
[២៨៤] ជនទាំងឡាយ ចូរឲ្យវត្ថុផេ្សងៗ ជាទេ្វគុណ ដល់ពួកដំរី ពួកសេះជាកំណត់ ចូរញ៉ាំងពលរថ និងពលថ្មើរជើងឲ្យឆែ្អតស្កប់ស្កល់ដោយបាយ និងទឹកចុះ។
[២៨៥] ម្នាលបណ្ឌិត អ្នកចូរនាំយកពួកដំរី ពួកសេះ ពួករថ និងពួកពលថ្មើរជើងទៅ ព្រះបាទវិទេហៈមហារាជ ចូរទតឃើញអ្នក ដែលទៅដល់ក្រុងមិថិលាចុះ។
[២៨៦] (ព្រះបាទវិទេហៈ…) សេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ និងសេនាថ្មើរជើងនោះ ប្រាកដជាមានច្រើន មានសភាពគួរខ្លាច តើបណ្ឌិតទាំងឡាយសំគាល់ដូចមេ្តចហ្ន៎។
[២៨៧] (អាចារ្យសេនកៈ…) បពិត្រមហារាជ សេចក្តីត្រេកអរយ៉ាងខ្ពង់ខ្ពស់ រមែងប្រាកដដល់ព្រះអង្គ មហោសធនាំយកអង្គនៃសេនាទាំងពួងមកដល់ហើយដោយសួស្តី។
[២៨៨] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ ជនទាំង ៤ នាក់ នាំមនុស្សស្លាប់ទៅចោលក្នុងព្រៃស្មសាន (ហើយត្រឡប់មក) យ៉ាងណា ពួកយើងបោះបង់អ្នកចោល ក្នុងដែនគប្បីលះហើយ ត្រឡប់មកក្នុងទីនេះក៏ដូច្នោះ។ កាលបើដូច្នេះ អ្នកចេះដោះខ្លួនឲ្យរួចមក ដោយហេតុដូចមេ្តច ដោយបច្ច័យដូចមេ្តច ដោយដំណើរដូចមេ្តច។
[២៨៩] (មហោសធ…) បពិត្រក្សត្រិយ៍ព្រះនាមវិទេហៈ ទូលព្រះបង្គំបានការពារនូវសេចក្តីដោយសេចក្តី នូវការប្រឹក្សាដោយប្រឹក្សា ទូលព្រះបង្គំបានការពារសេ្តច ដូចជាសាគរការពារជម្ពូទ្វីបដូច្នោះ។ ព្រះបាទចូឡនី បានប្រទានមាសឆ្តោរ ១០០០ និងស្រុកចំនួន ៨០ ក្នុងដែនកាសីដល់ទូលព្រះបង្គំ ប្រទានទាសី ៤០០ និងភរិយា ១០០ ដល់ទូលព្រះបង្គំ ទូលព្រះបង្គំជាអ្នកនាំអង្គនៃសេនាទាំងពួង មកក្នុងទីនេះដោយសួស្តី។
[២៩០] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងអ្នកប្រាជ្ញ នាំមកនូវសេក្តីសុខស្រួលណាស់ហ្ន៎ មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់នៅក្នុងសំណាញ់។
[២៩១] (អាចារ្យសេនកៈ…) បពិត្រមហារាជ មែនពិត ពួកបណ្ឌិតរមែងនាំមកនូវសេចក្តីសុខយ៉ាងនេះឯង មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់ក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់ក្នុងសំណាញ់។
[២៩២] (អភិសម្ពុទ្ធគាថា…) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំស័ង្ខដែលកើតក្នុងដែនមគធៈ និងទូងស្គរធំមានសំឡេងពីរោះ។
[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹកជាច្រើន មកជូន (មហោសធបណ្ឌិត)។ ពលដំរី ពលសេះ ពលរថ និងពលថ្មើរជើង នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត។ ពួកអ្នកជនបទ ប្រជុំគ្នា ទាំងពួកអ្នកនិគម ក៏មកប្រជុំគ្នា នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត។ ជនជាច្រើន កាលបើបានឃើញបណ្ឌិតមកដល់ហើយ ក៏មានសេចក្តីជ្រះថ្លា កាលបើបណ្ឌិតមកដល់ហើយ ការលើកឡើងនូវទង់ ក៏ប្រព្រឹត្តទៅ។
ចប់ មហោសធជាតក ទី៥។
(៥៤៣. ភូរិទត្តជាតកំ (៦))
[២៩៤] (នាគទាំង ៤ ក្រាបបង្គំទូលថា) រតនៈណាមួយ មានក្នុងនិវេសន៍របស់នាគរាជព្រះនាមធតរដ្ឋ រតនៈទាំងអស់នោះ ចូរមកដល់ព្រះអង្គ សូមព្រះអង្គទ្រង់ប្រទានធីតាដល់ព្រះរាជាយើង។
[២៩៥] (ព្រះបាទព្រហ្មទត្តត្រាស់ថា) វិវាហៈជាមួយនឹងពួកនាគ យើងមិនធ្លាប់ធ្វើក្នុងកាលណាម្តងទេ យើងនឹងធ្វើវិវាហៈមិនសមគួរនោះ ដូចមេ្តចកើត។
[២៩៦] (នាគទាំង ៤…) បពិត្រព្រះអង្គជាធំជាងមនុស្ស ជីវិតក្តី ដែនក្តី ព្រះអង្គនឹងលះបង់ដោយពិត កាលបើនាគខឹងហើយ ព្រះរាជាទាំងឡាយប្រហែលនឹងព្រះអង្គ មិនគង់ព្រះជន្មនៅយូរទេ។ បពិត្រព្រះសម្មតិទេព ព្រះអង្គណាជាមនុស្ស ព្រះអង្គនោះ មិនមានឫទ្ធិ មើលងាយព្រះរាជាដែលមានឫទ្ធិ ជាកូនបង្កើតនៃព្រះបាទវរុណៈ ដែលកើតក្នុងទន្លេយមុនា។
[២៩៧] (ព្រះរាជា…) យើងមិនមើលងាយព្រះបាទធតរដ្ឋដ៏មានយសទេ ព្រោះថា ព្រះបាទធតរដ្ឋ ជាធំជាងនាគទាំងឡាយដ៏ច្រើន។ ពស់ទុកជាមានអានុភាពច្រើន ក៏មិនសមគួរនឹងធីតារបស់យើងទេ ចំណែកខាងយើង ជាក្សត្រិយ៍របស់អ្នកដែនវិទេហៈ ធីតា (របស់យើង) ឈ្មោះសមុទ្ទជា មានជាតិដ៏ប្រសើរ។
[២៩៨] (ព្រះបាទធតរដ្ឋ…) ពួកនាគឈ្មោះកម្ពលស្សតរា10) ចូរក្រោកឡើង អ្នកចូរប្រាប់នាគទាំងអស់ថា នាគទាំងឡាយ ចូរទៅកាន់ក្រុងពារាណសី តែកុំបៀតបៀនបុគ្គលណាមួយឡើយ។
[២៩៩] នាគទាំងឡាយដែលមានសរីរៈធំ ចូរសំយុងខ្លួនក្នុងនិវេសនដ្ឋានទាំងឡាយ ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើកោ្លងទ្វារ។ ចំណែកខាងខ្ញុំ មានកាយធំសសុទ្ធ នឹងព័ទ្ធបុរីដែលធំទូលាយ ដោយភ្នេនទាំងឡាយ នឹងញ៉ាំងភ័យឲ្យកើតឡើងដល់ពួកអ្នកដែនកាសី។
[៣០០] នាគទាំងឡាយ មានសម្បូរដ៏ច្រើន បានស្តាប់ពាក្យព្រះបាទធតរដ្ឋនោះហើយ ក៏ចូលទៅកាន់ក្រុងពារាណសី តែមិនបៀតបៀនបុគ្គលណាមួយឡើយ។ នាគទាំងឡាយដែលមានសរីរៈធំ ក៏សំយុងខ្លួនក្នុងនិវេសនដ្ឋាន ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើក្លោងទ្វារ។ នារីទាំងឡាយជាច្រើន បានឃើញនាគទាំងនុ៎ះ កំពុងសំយុងខ្លួន លុះឃើញពួកនាគបើកពពារ កំពុងឲ្យសម្លេងរឿយ ៗ ក៏កន្ទក់កន្ទេញ។ ពួកជនក្នុងពារាណសី តក់ស្លុត ក្តៅក្រហាយ ក៏លើកដៃកន្ទក់កន្ទេញថា សូមព្រះអង្គប្រទានធីតា ដល់នាគរាជ។
[៣០១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី មានភ្នែកក្រហម មានចនោ្លះស្មាទូលាយ (អង្គុយ) ក្នុងកណ្តាលនៃព្រៃ ជាទីនាំមកបូជាដោយផ្កាឈើ ស្រីទាំង ១០ នាក់ ជាអ្វី ដែលទ្រទ្រង់នូវសង្វារជាវិការៈនៃមាស មានសំពត់ដ៏ល្អ កំពុងឈរសំពះ។ អ្នកជាអ្វី មានដៃធំរុងរឿងក្នុងកណ្តាលព្រៃ ដូចភ្លើងឆេះនូវឆ្នាំងខ្លាញ់ អ្នកជាយក្សណាមួយ ដែលមានសក្តិធំឬ ឬជានាគមានអានុភាពធំ។
[៣០២] (ភូរិទត្តនាគរាជ…) ខ្ញុំជានាគមានឫទិ្ធ មានតេជះ ដែលគេកន្លងមិនបាន ប្រសិនជាខ្ញុំក្រោធ អាចចឹកសូម្បីនូវអ្នកជនបទ ដែលបរិបូណ៌ (ដោយភោគៈ) ដោយតេជះបាន។ ឯមាតារបស់ខ្ញុំ ឈ្មោះសមុទ្ទជា បិតារបស់ខ្ញុំឈ្មោះធតរដ្ឋ ខ្ញុំជាប្អូននៃនាគរាជឈ្មោះសុទស្សនៈ ជនទាំងឡាយស្គាល់ខ្ញុំថា ភូរិទត្ត។
[៣០៣] លោករមែងឃើញអន្លង់ទឹកណាដ៏ជ្រៅ ដែលហូរគួចសព្វកាល ជាអន្លង់ទឹកគួរខ្លាច អន្លង់ទឹកនោះជាទិព្វ ជាលំនៅរបស់ខ្ញុំ មានជម្រៅច្រើនរយនៃជួរបុរស។ អ្នកកុំខ្លាច ចូរចូលទៅកាន់ស្ទឹងយមុនា មានទឹកខៀវ (ដែលហូរមក) អំពីកណ្តាលព្រៃ ជាកន្លែងដែលក្ងោក និងក្រៀលយំ ជាស្ទឹងត្រជាក់ក្សេមក្សាន្ត ជាលំនៅរបស់ពួកអ្នកមានវត្ត។
[៣០៤] ម្នាលព្រាហ្មណ៍ អ្នកព្រមទាំងកូនមកដល់ភពនាគនោះហើយ នឹងបានប្រពន្ធ ម្នាលព្រាហ្មណ៍ យើងនឹងបូជាអ្នកដោយកាមទាំងឡាយរបស់យើង អ្នកចូរនៅឲ្យសុខចុះ។
[៣០៥] (ព្រាហ្មណ៍នេសាទ…) ផែនដីមានផ្ទៃរាបស្មើដោយជុំវិញ មានដើមក្រឹស្នាច្រើន ដេរដាសដោយមេភ្លៀង មានស្មៅខៀវដ៏ឧត្តមល្អ។ ព្រៃជ្រំគួររីករាយ ស្រះបោក្ខរណីទាំងឡាយដែលបុញ្ញកម្មរបស់ព្រះអង្គនិម្មិតល្អហើយ ជាទីរីករាយ ដែលហង្សយំហើយ មានផ្កាឈូកធ្លាក់ចុះ។ សសរមានជ្រុង ៨ ដែលគេធ្វើល្អហើយ ជាវិការៈនៃកែវពៃទូរ្យទាំងអស់ ប្រាសាទទាំងឡាយ មានសសរ ១ ពាន់ ដ៏ពេញដោយនាងកញ្ញាភ្លឺរុងរឿង។ ព្រះអង្គបានដល់នូវវិមានជាទិព្វ ដោយបុណ្យរបស់ព្រះអង្គ ជាវិមានមិនចង្អៀត ជាទីក្សេមគួររីករាយ ប្រកបដោយសេចក្តីសុខយ៉ាងក្រៃលែង។ ខ្ញុំសំគាល់ថាព្រះអង្គ មិនប្រាថា្នវិមានរបស់ព្រះឥន្រ្ទ ជាសហស្សនេត្តទេ ព្រោះថាឫទ្ធិរបស់ព្រះអង្គនេះ ដ៏ធំដូចជាឫទ្ធិនៃព្រះឥន្រ្ទដ៏រុងរឿងដែរ។
[៣០៦] (ភូរិទត្តនាគរាជ…) អានុភាពរបស់ព្រះឥន្រ្ទ អានុភាពរបស់លោកបាលទាំង ៤ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ជាអ្នកបម្រើព្រះឥន្រ្ទក្តី អ្នកមិនគប្បីដឹងដោយចិត្តបានទេ។
[៣០៧] ខ្ញុំប្រាថ្នាវិមាននោះរបស់ទេវតាទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ បានជារក្សាឧបោសថ ហើយដេកលើក្បាលដំបូក។
[៣០៨] (ព្រាហ្មណ៍នេសាទ…) ឯខ្ញុំ ព្រមទាំងកូន ស្វែងរកម្រឹគ បានចូលទៅកាន់ព្រៃ ញាតិទាំងនោះ មិនដឹងខ្ញុំថាស្លាប់ ឬរស់ទេ។ ខ្ញុំសូមលាព្រះភូរិទត្ត ជាបុត្តព្រះរាជធីតាក្នុងដែនកាសី ព្រះអង្គមានយស យើងខ្ញុំ បើព្រះអង្គព្រមអនុញ្ញាតហើយ គប្បីឃើញពួកញាតិ។
[៣០៩] (ភូរិទត្តនាគរាជ…) ឱ នុ៎ះពិតជាសេចក្តីពេញចិត្តរបស់ខ្ញុំហើយ ត្រង់ដែលអ្នកនៅក្នុងសំណាក់នៃខ្ញុំ ព្រោះថាកាមទាំងឡាយប្រាកដដូច្នេះ អ្នកមិនងាយបានក្នុងពួកមនុស្សទេ។ អ្នកដែលខ្ញុំបូជាដោយកាមទាំងឡាយរបស់ខ្ញុំ បើមិនចង់នៅទេ ខ្ញុំនឹងអនុញ្ញាតអ្នក សូមអ្នកទៅជួបពួកញាតិដោយសួស្តីចុះ។
[៣១០] អ្នកកាលទ្រទ្រង់កែវមណីជាទិព្វនេះ រមែងបានសត្វចិញ្ចឹម និងបុត្រ អ្នកចូរមិនមានរោគ បានសេចក្តីសុខ ម្នាលព្រាហ្មណ៍ អ្នកចូរយក (នូវកែវមណីនេះ) ហើយទៅចុះ។
[៣១១] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរនឹងព្រះបន្ទូលរបស់ព្រះអង្គ ខ្ញុំនឹងបួស ព្រោះខ្ញុំចាស់ ហើយខ្ញុំមិនប្រាថ្នាកាមទេ។
[៣១២] (ភូរិទត្តនាគរាជ…) បើមានការបែកធ្លាយព្រហ្មចរិយៈ កិច្ចការដែលត្រូវធ្វើដោយភោគៈទាំងឡាយ (រមែងមាន) អ្នកកុំមានសេចក្តីរង្កៀសឡើយ គប្បីមក យើងនឹងឲ្យទ្រព្យដ៏ច្រើនដល់អ្នក។
[៣១៣] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រសិនបើមានសេចក្តីត្រូវការ ខ្ញុំនឹងមកម្តងទៀត។
[៣១៤] (អភិសម្ពុទ្ធគាថា) ព្រះភូរិទត្ត លុះពោលពាក្យនេះហើយ ក៏បញ្ជូននូវនាគទាំង ៤ ថា អ្នកទាំងឡាយមកនេះ ចូរទៅ ចូរក្រោកឡើង ចូរញ៉ាំងព្រាហ្មណ៍ឲ្យដល់ (នូវផ្លូវជាទីទៅកាន់ក្រុងពារាណសី) ជាឆាប់។ នាគទាំង ៤ ត្រូវភូរិទត្តប្រើទៅហើយ បានស្តាប់ពាក្យនោះរបស់ភូរិទត្តនោះ ក៏ក្រោកឡើង ហើយបានញ៉ាំងព្រាហ្មណ៍ឲ្យដល់ឆាប់។
[៣១៥] (ព្រាហ្មណ៍នេសាទ…) អ្នកកាន់យកនូវកែវមណី ជាមង្គល ជាទ្រព្យដ៏ប្រសើរ ជាទីរីករាយនៃចិត្ត ជាថ្មបរិបូណ៌ដោយទ្រង់ទ្រាយ អ្នកបានកែវមណីនេះ អំពីទីណា។
[៣១៦] (អាលម្ពាយនព្រាហ្មណ៍…) ថ្ងៃនេះខ្ញុំទៅកាន់ផ្លូវពីព្រឹក បានកែវមណីនេះ ដែលពួកនាងនាគភ្នែកក្រហមមួយពាន់ថែរក្សាហើយ។
[៣១៧] (ព្រាហ្មណ៍នេសាទ…) កែវមណីនេះ បើបុគ្គលសន្សំទុកល្អ ថែទាំ បូជាគ្រប់គ្រងល្អ ទុកដាក់ល្អហើយសព្វកាល គប្បីញ៉ាំងប្រយោជន៍ទាំងពួងឲ្យសម្រេចបាន។ តែកាលបើបុគ្គលជាអ្នកប្រាសចាកការថែទាំក្នុងការទុកដាក់ ឬក្នុងការប្រើប្រាស់វិញ កែវមណីនេះ ដែលគេសន្សំទុកដោយមិនត្រូវទំនង នឹងដល់សេចក្តីវិនាស។ អ្នកជាបុគ្គលមិនឈ្លាស មិនគួរគ្រប់គ្រងកែវមណីជាទិព្វនេះទេ អ្នកចូរគ្រប់គ្រងមាសឆោ្តរមួយរយចុះ ចូរឲ្យកែវមណីនេះដល់ខ្ញុំ។
[៣១៨] (អាលម្ពាយនព្រាហ្មណ៍…) កែវមណីនេះ ខ្ញុំមិនគប្បីលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ កែវមណីរបស់ខ្ញុំ ដែលកើតអំពីថ្ម បរិបូណ៌ដោយទ្រង់ទ្រាយ ខ្ញុំមិនគប្បីលក់ទេ។
[៣១៩] (ព្រាហ្មណ៍នេសាទ…) បើកែវមណី អ្នកមិនលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ ចុះកែវមណី អ្នកនឹងលក់ដោយវត្ថុអ្វី ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ។
[៣២០] (អាលម្ពាយនព្រាហ្មណ៍) បុគ្គលណា គប្បីបង្ហាញនាគដ៏ធំ មានតេជះដែលគេកន្លងបានដោយក្រ ដល់ខ្ញុំ ខ្ញុំនឹងឲ្យកែវមណីដ៏រុងរឿងដោយតេជះដល់បុគ្គលនោះ។
[៣២១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី ជាគ្រុឌដ៏ប្រសើរជាងសត្វស្លាបទាំងឡាយ កាលស្វែងរកចំណីដើម្បីខ្លួន ទើបចាប់យកនាគ ដោយភេទជាព្រាហ្មណ៍ទេឬ។
[៣២២] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំមិនមែនជាស្តេចសត្វសា្លបទេ គ្រុឌ ខ្ញុំមិនដែលឃើញទេ ខ្ញុំជាអ្នកត្រេកអរដោយអាសិរពិស ម្នាលព្រាហ្មណ៍ ជនទាំងឡាយដឹងថា ខ្ញុំជាហ្មពស់។
[៣២៣] (ព្រាហ្មណ៍នេសាទ…) កម្លាំងរបស់អ្នកដូចមេ្តច សិល្បៈរបស់អ្នកដូចមេ្តច ទាំងអ្នករឹងប៉ឹងព្រោះហេតុអ្វី បានជាមិនកោតខ្លាចនាគ។
[៣២៤] (អាលម្ពាយនព្រាហ្មណ៍…) គ្រុឌបានប្រាប់វិជ្ជាពិសដ៏ប្រសើរដល់ឥសីមួយ អង្គ ជាកោសិយគោត្រនៅក្នុងព្រៃ ប្រព្រឹត្តតបធម៌អស់រាត្រីយូរ។ ខ្ញុំជាអ្នកមិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ បានបម្រើឥសីមួយអង្គនោះ ដែលមានខ្លួនចំរើនហើយ កាលគង់នៅក្នុងចន្លោះភ្នំដោយសេចក្តីគោរព។ ឥសីនោះ ដែលខ្ញុំបានបម្រើហើយក្នុងកាលនោះ វត្តក្តី ព្រហ្មចរិយៈក្តី ឥសីនោះបានប្រព្រឹត្តហើយ ឥសីមានជោគនោះ ក៏បង្រៀនមន្តទិព្វ ដល់ខ្ញុំតាមសេចក្តីប្រាថ្នា។ ខ្ញុំជាអ្នករឹងប៉ឹង ព្រោះមន្តនោះ បានជាមិនខ្លាចនាគទាំងឡាយ ខ្ញុំជាអាចារ្យរបស់ពួកអ្នកសម្លាប់សត្វមានពិសទាំងឡាយ ជនទាំងឡាយស្គាល់ខ្ញុំថា អាលម្ពាយន៍។
[៣២៥] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត កូន យើងនឹងកាន់យកកែវមណី ចូរអ្នកដឹងចុះ យើងកុំយកដំបងទាត់ចោលសិរីដែលមកដល់ហើយ តាមសេចក្តីប្រាថ្នាឡើយ។
[៣២៦] (សោមទត្តកុមារ…) បពិត្រព្រាហ្មណ៍ ភូរិទត្តណា បានបូជាលោកដែលដល់នូវនិវេសន៍របស់ខ្លួន លោកប្រាថ្នានឹងប្រទូស្តចំពោះព្រះភូរិទត្តនោះ ដែលធ្វើអំពើល្អយ៉ាងនេះ ព្រោះសេចក្តីវង្វេងធ្វើអ្វី។ បើលោកឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទាន ចូរលោកឪពុកទៅសុំលោកចុះ លោកនឹងប្រទានទ្រព្យច្រើនដល់លោកឪពុក។
[៣២៧] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត យើងគួរស៊ីរបស់ឆ្អិន ដែលមកដល់ដៃ ឬដល់ភាជន៍ ប្រសើរជាង កុំឲ្យប្រយោជន៍ដែលឃើញច្បាស់នឹងភ្នែក កន្លងផុតពីយើងទៅបាន។
[៣២៨] (សោមទត្តកុមារ…) បុគ្គលជាអ្នកទ្រុស្តមិត្ត ជាអ្នកលះបង់ប្រយោជន៍ រមែងឆេះក្នុងនរកដ៏គួរខ្លាច ផែនដីក៏ស្រូបបុគ្គលទ្រុស្តមិត្តនោះ បុគ្គលទ្រុស្តមិត្ត សូម្បីរស់នៅក៏រីងស្ងួត (ដូចជាប្រេត) បើឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទានមិនខាន ខ្ញុំសំគាល់ថា មិនយូរប៉ុន្មាន ឪពុកនឹងដឹងច្បាស់នូវពៀរដែលខ្លួនធ្វើហើយ។
[៣២៩] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ទាំងឡាយ បូជាមហាយញ្ញហើយ រមែងបរិសុទ្ធយ៉ាងនេះ យើងនឹងបូជាមហាយញ្ញ គង់នឹងរួចចាកបាបដោយអាការយ៉ាងនេះ។
[៣៣០] (សោមទត្ត…) ណ្ហើយចុះ ឥឡូវនេះ ខ្ញុំនឹងគេចចេញថ្ងៃនេះ ខ្ញុំមិននៅជាមួយនឹងឪពុកទេ ខ្ញុំមិនដើរជាមួយនឹងឪពុក ដែលធ្វើអំពើអាក្រក់យ៉ាងនេះ អស់មួយជំហ៊ានទេ។
[៣៣១] (អភិសម្ពុទ្ធគាថា) សោមទត្តកុមារ ជាពហុស្សូត បានពោលពាក្យនេះនឹងបិតាហើយ ក៏ប្រកាសទេវតាទាំងឡាយ ហើយគេចចេញចាកទីនោះ។
[៣៣២] (ព្រាហ្មណ៍នេសាទ…) នាគណាមានពន្លឺដូចជាសម្បុរនៃសត្វមេភ្លៀង មានក្បាលក្រហម អ្នកចូរចាប់នាគធំនុ៎ះចុះ ហើយចូរនាំកែវមណីនុ៎ះដល់ខ្ញុំ។ កាយរបស់នាគនុ៎ះ រមែងប្រាកដដូចជាគំនរប៉ុយកប្បាស នាគនេះដេកលើដំបូក ម្នាលព្រាហ្មណ៍ អ្នកចូរចាប់យកនាគនោះចុះ។
[៣៣៣] (អភិសម្ពុទ្ធគាថា) គ្រានោះ អាលម្ពាយនព្រាហ្មណ៍ កាលជប់បទនៃមន្តទាំងឡាយ ធ្វើជាគ្រឿងការពារខ្លួន ដោយឱសធទិព្វទាំងឡាយហើយ ទើបអាចចាប់នាគនោះ ដោយវិធីយ៉ាងនេះ។
[៣៣៤] (សុទស្សននាគរាជ…) ឥន្រ្ទិយរបស់លោកមិនស្រស់បស់ ព្រះភក្រ្តរបស់លោកក៏ខ្មៅ ព្រោះឃើញខ្ញុំ ដែលសម្រេចសេចក្តីប្រាថ្នាទាំងពួង កំពុងមកគាល់ឬ។ ព្រះភក្រ្តរបស់លោកខ្មៅ ដូចជាផ្កាឈូកដែលឋិតនៅក្នុងដៃ ដែលគេច្របាច់ដោយដៃ ព្រោះតែឃើញខ្ញុំប្រាកដដូច្នេះឬ។
[៣៣៥] ក្រែងបុគ្គលណាមួយ មិនរាប់អានលោកខ្លះឬ វេទនារបស់លោកមានខ្លះឬ ព្រះភក្រ្តរបស់លោកខ្មៅ ព្រោះឃើញខ្ញុំមក ដោយហេតុណា (សូមលោកប្រាប់នូវហេតុនោះដល់ខ្ញុំចុះ)។
[៣៣៦] (នាងសមុទ្ទជា…) ម្នាលកូន ក្រោយមួយខែមកហើយ អំពីថ្ងៃនេះ យើងបានឃើញសុបិនថា ហាក់ដូចជាបុរសកាត់ដៃខាងស្តាំរបស់យើង ហើយនាំយកដៃដែលប្រឡាក់ដោយឈាម ដើរចេញទៅក្នុងកាលដែលយើងកំពុងយំ។ ម្នាលសុទស្សនៈ កាលណាយើងបានឃើញសុបិន អ្នកចូរដឹងចុះថា កាលណោះ យើងមិនបានសេចក្តីសុខទាំងថ្ងៃទាំងយប់។
[៣៣៧] នាងកញ្ញាទាំងឡាយ មានរាងកាយដ៏រុងរឿង ពាក់បណ្តាញមាស បានចោមរោមភូរិទត្តណា ពីក្នុងកាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិនឃើញទេ។ នាគទាំងឡាយដែលកាន់ព្រះខ័នដ៏ប្រសើរ ដូចជាផ្កាកណ្ណិការីក ចោមរោមភូរិទត្តណា ពីក្នុងកាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិនឃើញទេ។ ណ្ហើយចុះ ឥឡូវនេះ យើងនឹងទៅកាន់លំនៅរបស់ភូរិទត្ត យើងគង់នឹងឃើញប្អូនរបស់អ្នក ដែលតាំងនៅក្នុងធម៌ បរិបូណ៌ដោយសីល។
[៣៣៨] (អភិសម្ពុទ្ធគាថា) ឯភរិយាទាំងឡាយរបស់ភូរិទត្ត បានឃើញព្រះមាតានៃភូរិទត្តនោះ កំពុងដើរមក ក៏ផ្គងដៃឡើងកន្ទក់កន្ទេញថា បពិត្រលោកម្តាយជាម្ចាស់ ក្រោយមួយខែមកហើយ អំពីថ្ងៃនេះ យើងមិនដឹងភូរិទត្តដ៏មានយស ជាបុត្តរបស់លោក ជាស្លាប់ ឬរស់នៅទេ។
[៣៣៩] (នាងសមុទ្ទជា…) យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះដោយសេចក្តីទុក្ខ អស់កាលយូរ ដូចជាមេសត្វស្លាបបាត់កូន ឃើញតែសំបុកទទេដូច្នោះ។ យើងកាលមិនឃើញភូរិទត្ត នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចជាមេអកបាត់កូន ឃើញតែសំបុកទទេដូច្នោះ។ យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះដោយសេចក្តីទុក្ខ អស់កាលយូរ ដូចជាមេសត្វចាក្រពាកនោះ នៅលើភក់ ដែលមិនមានទឹកដោយពិត។ ជើងក្រាននៃពួកជាងមាស ឆេះតែខាងក្នុង មិនឆេះខាងក្រៅយ៉ាងណា យើងកាលមិនឃើញភូរិទត្ត នឹងឆេះដោយសេចក្តីសោកយ៉ាងនោះ។
[៣៤០] (អភិសម្ពុទ្ធគាថា) កូន និងប្រពន្ធទាំងឡាយ ដួលដេកក្នុងនិវេសន៍របស់ព្រះភូរិទត្ត ដូចជាដើមឈើដែលត្រូវខ្យល់ញាំញីបំបាក់ដូច្នោះ។
[៣៤១] អរិដ្ឋៈ និងសុភោគនាគរាជ បានឮសម្លេងគឹកកងនៃនាគទាំងនោះ ក្នុងនិវេសន៍របស់ព្រះភូរិទត្ត ក៏ស្ទុះទៅតាមលំដាប់ ហើយពោលថា បពិត្រលោកម្តាយ សូមលោកដកដង្ហើមស្រួលចុះ កុំសោយសោកឡើយ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះជាធម្មតា តែងច្យុត តែងកើតឡើងវិញ នេះជាការប្រែប្រួលនៃលោក។
[៣៤២] (នាងសមុទ្ទជា…) ម្នាលកូន យើងក៏ដឹងថា សត្វទាំងឡាយមានសភាពយ៉ាងនេះជាធម្មតាដែរ តែថាយើងកាលមិនឃើញភូរិទត្តទេ ត្រូវសេចក្តីសោកគ្របសង្កត់ហើយ ប្រសិនបើ (ភូរិទត្ត) មិនបាន (មកចួប) នឹងយើង ក្នុងថ្ងៃនេះ យប់នេះទេ ម្នាលសុទស្សនៈ អ្នកចូរដឹងចុះ យើងកាលមិនឃើញភូរិទត្តទេ យើងមុខជានឹងលះបង់នូវជីវិតពុំខាន។
[៣៤៣] (កូនទាំងឡាយ…) បពិត្រព្រះមាតា សូមលោកដកដង្ហើមស្រួលចុះ កុំសោយសោកឡើយ យើងទាំងឡាយ នឹងនាំបងមក យើងទាំងឡាយ ត្រាច់ទៅកាន់ទីស្វែងរកបង នឹងទៅកាន់ទិសតូចធំលើភ្នំ ជ្រោះភ្នំ ក្នុងស្រុក និងនិគមទាំងឡាយ លោកចូរឃើញបង ដែលមកក្នុងរវាងខាងក្នុង ៧ រាត្រី។
[៣៤៤] (អាលម្ពាយនព្រាហ្មណ៍…) នាគដែលរួចអំពីដៃ (របស់យើង) ក្រាបចុះលើជើងលោកយ៉ាងខ្លាំង លោកត្រូវពស់ចឹកឬ លោកកុំខ្លាចឡើយ ចូរដល់សេចក្តីសុខចុះ។
[៣៤៥] (សុទស្សននាគរាជ…) នាគនេះ មិនអាចឲ្យទុក្ខណាមួយដល់អាត្មាទេ អ្នកចាប់ពស់មានទាំងប៉ុន្មាន មិនមែនមានច្រើនជាងអាត្មាទេ។
[៣៤៦] (អាលម្ពាយនព្រាហ្មណ៍…) អ្នកណាហ្ន៎ ភ្លីភើ្ល មានភេទដូចជាភេទនៃព្រាហ្មណ៍ មកកាន់បរិស័ទ ហើយហៅ (អញ) ច្បាំង បរិស័ទចូរស្តាប់ពាក្យរបស់យើងចុះ។
[៣៤៧] (សុទស្សននាគរាជ…) ម្នាលអាលម្ពាយន៍ អ្នកច្បាំងនឹងយើងដោយនាគ យើងក៏ច្បាំងនឹងអ្នកដោយកូនកង្កែបដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់។
[៣៤៨] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព យើងជាអ្នកមានទ្រព្យស្តុកស្តម្ភ អ្នកឯងជាអ្នកទាល់ក្រ តើបុគ្គលណា ជាអ្នកធានាអ្នក ម្យ៉ាងទៀត ទ្រព្យដំកល់ទុកក្នុងការភ្នាល់ មានដែរឬ។ ទ្រព្យដំកល់ទុកក្នុងការភ្នាល់របស់យើង មាន ទាំងបុគ្គលជាអ្នកធានាប្រាកដដូច្នោះក៏មានដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់។
[៣៤៩] (សុទស្សននាគរាជ…) បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអាត្មាភាព សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ព្រះអង្គមានកិត្តិគុណ សូមព្រះអង្គធានាដោយកហាបណៈ ៥.០០០ របស់អាត្មាភាព។
[៣៥០] (ព្រះរាជា…) នែព្រាហ្មណ៍ បំណុលជារបស់នៃបិតា ឬថាខ្ញុំជំពាក់ដោយខ្លួនឯង បានជាអ្នកទារយកទ្រព្យរបស់យើងច្រើន តើព្រោះហេតុអ្វី។
[៣៥១] (សុទស្សននាគរាជ…) ដ្បិតអាលម្ពាយនព្រាហ្មណ៍ ផ្ចាញ់អាតា្មភាពដោយ នាគ អាត្មាភាពនឹងញ៉ាំងកូនកង្កែបឲ្យខាំព្រាហ្មណ៍។ បពិត្រមហារាជញ៉ាំងដែនឲ្យចំរើន ព្រោះហេតុនោះ សូមព្រះអង្គមានពួកអ្នកកាន់ព្រះខ័នហែហម យាងទៅដើម្បីទតពស់ដែលគួរទត។
[៣៥២] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព ខ្ញុំមិនមើលងាយអ្នកដោយសិប្បវាទទេ ចំណែកអ្នកមើលងាយដោយសិប្បៈ បានជាមិនកោតក្រែងនាគ។
[៣៥៣] (សុទស្សននាគរាជ…) នែព្រាហ្មណ៍ អាត្មាក៏មិនមើលងាយអ្នកដោយសិប្បវាទទេ តែអ្នកបញ្ឆោតជនច្រើនដោយនាគដែលមិនមានពិស។ អាត្មាដឹងអ្នកយ៉ាងណា ជនក៏ត្រូវដឹងអ្នកយ៉ាងនោះដែរ ម្នាលអាលម្ពាយន៍ អ្នកមិនបានអង្កាម ១ ក្តាប់ នឹងបានទ្រព្យអំពីណា។
[៣៥៤] (អាលម្ពាយនព្រាហ្មណ៍…) អ្នកស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក មានផ្នួងសក់ ជាមនុស្សកខ្វក់ភ្លីភ្លើ មកកាន់បរិស័ទ ហើយមើលងាយនាគបែបនេះថា មិនមានពិស អ្នកចូរមក ហើយគង់នឹងដឹងនាគនោះ ដែលពេញដោយតេជះរបស់នាគដ៏ខ្ពង់ខ្ពស់ ខ្ញុំសំគាល់ថា នាគនុ៎ះ នឹងធ្វើអ្នកឲ្យដូចជាគំនរផេះយ៉ាងឆាប់។
[៣៥៥] (សុទស្សននាគរាជ…) ពិសនៃពស់ផ្ទះ ពស់ទឹក ពស់ខៀវ គ្រាន់មានខ្លះ ឯពិសនៃនាគមានក្បាលក្រហម មិនមានសោះឡើយ។
[៣៥៦] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំបានស្តាប់ពាក្យនេះរបស់ពួកព្រះអរហន្ត ដែលសង្រួមហើយ មានតបៈថា ទាយកទាំងឡាយក្នុងលោកនេះ ឲ្យទានទាំងឡាយ រមែងទៅកាន់ឋានសួគ៌ ថាបើអ្នកមានវត្ថុតិចតួចដែលគួរឲ្យ អ្នកទាន់នៅរស់ ចូរឲ្យទានទាំងឡាយចុះ។ នាគនេះ មានឫទ្ធិច្រើន មានតេជះដែលគេកន្លងបានដោយក្រ ខ្ញុំនឹងប្រើនាគនេះឲ្យចឹកអ្នក នាគនោះនឹងធ្វើអ្នកឲ្យទៅជាផេះ។
[៣៥៧] (សុទស្សននាគរាជ…) ម្នាលសម្លាញ់ ខ្ញុំក៏បានស្តាប់ពាក្យនេះរបស់ពួកព្រះអរហន្ត ដែលសង្រួមហើយមានតបៈថា ទាយកទាំងឡាយក្នុងលោកនេះ ឲ្យទានទាំងឡាយ រមែងទៅកាន់ឋានសួគ៌ ថាបើអ្នកមានវត្ថុតិចតួច ដែលគួរឲ្យ អ្នកទាន់នៅរស់ ចូរឲ្យទានទាំងឡាយចុះ។ កូនកង្កែបនេះ ឈ្មោះអច្ចិមុខី ពេញដោយតេជះរបស់ពស់ដ៏ខ្ពង់ខ្ពស់ អាត្មានឹងប្រើនាងអច្ចិមុខីនោះ ឲ្យខាំអ្នក នាងអច្ចិមុខីនោះ នឹងធ្វើអ្នកឲ្យទៅជាផេះ។ នាងអច្ចិមុខីនោះ ជាធីតារបស់ព្រះបាទធតរដ្ឋ មានមាតាផេ្សងគ្នា ជាប្អូនស្រីរបស់អាត្មាដ៏ពេញដោយតេជះរបស់ពស់ដ៏ខ្ពង់ខ្ពស់ ចូរខាំចុះ។
[៣៥៨] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅលើផែនដី ស្មៅ វល្លិ៍ ពួកឈើ ជាឱសធ នឹងស្វិតស្រពោនគ្មានសល់។
[៣៥៩] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅខាងលើ ភ្លៀងនឹងមិនបង្អុរចុះ ទឹកសន្សើមនឹងមិនធ្លាក់ចុះអស់ ៧ ឆ្នាំ។
[៣៦០] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅក្នុងទឹក ត្រី និងអណ្តើក ដែលជាសត្វកើតក្នុងទឹកទាំងប៉ុន្មាន នឹងស្លាប់ទាំងអស់។
[៣៦១] (ព្រាហ្មណ៍នេសាទ …) ទឹកដែលតាំងនៅក្នុងកំពង់បយាគៈ ដែលអញកំពុងស្រោច ជាទឹកដែលលោកសន្មតថា សម្រាប់លាងបាប ចុះខ្មោចអ្វី ជ្រមុជអញចុះទៅក្នុងស្ទឹងយមុនាដ៏ជ្រៅ។
[៣៦២] (សុភោគនាគរាជ…) នាគណា ជាធំក្នុងលោក មានយស បានមកព័ទ្ធក្រុងពារាណសីដោយជុំវិញ អញជាកូននាគដ៏ប្រសើរនោះ ម្នាលព្រាហ្មណ៍ នាគទាំងឡាយ ហៅអញថា សុភោគដូច្នេះ។
[៣៦៣] (ព្រាហ្មណ៍នេសាទ…) បើអ្នកជាកូននៃនាគដ៏ប្រសើរ ជាព្រះរាជាក្នុងដែនកាសី ជាធំជាងនាគដែលមានអាយុវែង បិតារបស់អ្នក ជានាគមានស័ក្កិធំមួយដែរ បណ្តាសត្វទាំងឡាយ មាតារបស់អ្នក ក៏មិនមានស្រ្តីណាផ្ទឹមបានឡើយ បុគ្គលមានអានុភាពច្រើនដូចអ្នក មិនគួរចាប់ជ្រមុជបុគ្គល សូម្បីជាទាសៈនៃព្រាហ្មណ៍ទេ។
[៣៦៤] (សុភោគនាគរាជ…) ឯងអែបដើមឈើ ហើយបាញ់ទ្រាយដែលមកផឹក (ទឹក) ទ្រាយនោះ ដែលឯងបាញ់ហើយ ក៏ងាកមើលដោយកំឡាំងនៃសរ ក៏ស្ទុះទៅកាន់ទីឆ្ងាយ។ ឯងបានឃើញទ្រាយនោះ ដួលក្នុងព្រៃធំហើយ ក៏នាំសាច់មួយអម្រែកចូលទៅកាន់ដើមជ្រៃ ក្នុងវេលាល្ងាច ជាឈើដែលគឹកកងដោយសត្វសេក និងសាលិកា មានស្លឹកលឿង ដេរដាសដោយពួរ ដែលសត្វតាវៅទំយំ ជាទីគួររីករាយ មានផែនដីដុះស្មៅខៀវជានិច្ច បងរបស់អញដែលមានអានុភាពច្រើន រុងរឿងដោយឫទ្ធិ និងយស ដែលពួកនាគកញ្ញាចោមរោមហើយ ក៏ប្រាកដដល់ឯងក្នុងទីនោះ។ ឯងនោះ ដែលបងរបស់អញនោះផ្គាប់ហើយ ឲ្យស្កប់ស្កល់ដោយកាមទាំងពួង ឯងបានប្រទូស្តចំពោះបងដែលមិនប្រទូស្ត ពៀរនោះមកដល់ឯងក្នុងទីនេះហើយ។ ឯងចូរដក ក យ៉ាងឆាប់ អញនឹងមិនឲ្យជីវិតដល់ឯងទេ អញរឭកឃើញនូវពៀរ (ដែលឯងធ្វើ) ចំពោះបង អញនឹងកាត់ក្បាលឯងឥឡូវនេះ។
[៣៦៥] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ជាអ្នករៀនមន្ត ១ ជាអ្នកប្រកបដោយការសូម ១ ជាអ្នកបូជាភ្លើង ១ ព្រាហ្មណ៍ប្រកបដោយហេតុទាំង ៣ នេះ អ្នកមិនគួរសម្លាប់ទេ។
[៣៦៦] (សុភោគនាគរាជ…) បុរីណា របស់ព្រះបាទធតរដ្ឋ ជាវិការៈនៃមាសទាំងអស់ ដែលចូលទៅកាន់ស្ទឹងយមុនា ទល់នឹងភ្នំហិមពាន្ត ដែលនៅជិតស្ទឹងយមុនា រមែងរុងរឿង។ បងប្អូនរបស់អញទាំងនោះ ជាបុរសក្លៀវក្លា ជាអ្នករួមផ្ទៃ នៅក្នុងបុរីនោះ បងប្អូនទាំងនោះ ក្នុងបុរីនោះ និយាយយ៉ាងណា ឯងនឹងទៅជាយ៉ាងនោះ។
[៣៦៧] (កាណារិដ្ឋនាគរាជ…) បពិត្រសុភោគ យ័ញ្ញ និងវេទទាំងឡាយក្នុងលោកនេះ ដែលព្រាហ្មណ៍ឯទៀតប្រកបហើយ មិនមែនជារបស់ផ្តេសផ្តាសទេ ព្រោះហេតុនោះ បុគ្គលកាលតិះដៀលព្រាហ្មណ៍ដែលមិនគួរតិះដៀល ឈ្មោះថាលះបង់ទ្រព្យ និងធម៌របស់ពួកសប្បុរស។
[៣៦៨] ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ខាងការរៀនមន្ត ពួកជាធំជាងជន (ក្សត្រិយ៍) ប្រកាន់ខាងការផែនដី ពួកវេស្សៈ ប្រកាន់ខាងការភ្ជួររាស់ ពួកសូទ្រៈប្រកាន់ខាងការបម្រើផេ្សងៗគ្នា តាមសមគួរដល់ប្រទេស ជនទាំងឡាយបានពោលថា ត្រកូលទាំង ៤ នេះ ព្រហ្មបានតាក់តែងហើយ។
[៣៦៩] ទេវរាជព្រះនាមធាតុ វិធាតុ វរុណៈ កុវេរៈ សោមៈ យមៈ ចន្ទិមៈ វាយុ សុរិយៈ សេ្តចទាំងនេះ បានបូជាយ័ញ្ញដ៏ច្រើន ទាំង (បានឲ្យ) វត្ថុជាទីប្រាថ្នាគ្រប់យ៉ាង ដល់ពួកព្រាហ្មណ៍អ្នករៀនមន្ត។ ព្រះបាទអជ្ជុនណា មានកម្លំាង មានសេនាគួរខ្លាច មានដៃមួយពាន់11) មិនមានបុគ្គលណាស្មើ លើផែនដី ជាអ្នកយិតធ្នូ ៥០០ បាន ព្រះបាទអជ្ជុននោះឯង ក៏បូជាភ្លើងក្នុងកាលនោះដែរ។
[៣៧០] បុគ្គលណា មានចិត្តជ្រះថ្លា រីករាយ បានញ៉ាំងព្រាហ្មណ៍ឲ្យបរិភោគបាយ និងទឹក អស់កាលយូរ ដ៏សមគួរតាមអានុភាព បពិត្រសុភោគ បុគ្គលនោះ នឹងបានជាទេវតាមួយអង្គ។
[៣៧១] ព្រះបាទមុជលិន្ទ អាចញ៉ាំងទេវតាភ្លើង ជាអ្នកស៊ីច្រើន មានពន្លឺមិនថោកទាប ឲ្យស្កប់ស្កល់ដោយសប្បិ បានបូជាវិធីយ័ញ្ញចំពោះទេវតាភ្លើងដ៏ប្រសើរ ទ្រង់បានទៅកាន់គតិជាទិព្យ។
[៣៧២] ព្រះរាជា ព្រះនាមទុទីបៈ មានអានុភាពច្រើន មានព្រះជន្ម ១.០០០ ឆ្នាំ បានលះបង់ដែន ព្រមទាំងសេនា មិនមានទីបំផុត ហើយបួស បានជាទក្ខិណេយ្យបុគ្គល គួររមិលមើលដ៏លើសលុប ទ្រង់បានទៅកាន់ឋានសួគ៌។
[៣៧៣] បពិត្រសុភោគ ព្រះបាទសាគរឈ្នះផែនដី មានសាគរជាទីបំផុត បានលើកសសរយ័ញ្ញដ៏ល្អ ជាវិការៈនៃមាសដ៏លើសលុប បូជាភ្លើង ទ្រង់បានជាទេវតាមួយអង្គ។ បពិត្រសុភោគ ទន្លេគង្គា ប្រព្រឹត្តទៅដោយអានុភាពនៃព្រះរាជាណា ទឹកដោះជូរដែលស្ងប់ស្ងៀម ទៅជាសមុទ្រដោយអានុភាពនៃព្រះរាជាណា ព្រះរាជានោះ គឺព្រះបាទអង្គៈ មានរោមត្រង់ព្រះបាទ បម្រើភ្លើង ក៏ទ្រង់បានទៅកាន់បុរីនៃព្រះឥន្រ្ទ។
[៣៧៤] បពិត្រសុភោគ ទេវតាដ៏ប្រសើរ មានឫទ្ធិច្រើន មានយស ជាសេនាបតីនៃព្រះបាទវាសវៈ ក្នុងឋានត្រៃត្រឹង្ស ព្រោះតែបានកំចាត់បង់នូវមន្ទិល ដោយសោមយាគវិធី ក៏បានជាទេវតាមួយអង្គ។
[៣៧៥] ទេវតាដ៏ប្រសើរ ព្រហ្មមានឫទ្ធិច្រើន មានយស បានសាងលោកនេះ និងលោកដទៃ និងស្ទឹងភាគីរថីផង ភ្នំហិមពាន្តផង ភ្នំវិជ្ឈៈផង ព្រហ្មនោះឯង ក៏បានបូជាភ្លើងក្នុងកាលនោះដែរ។ ម្យ៉ាងទៀត ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ពួកព្រាហ្មណ៍ពោលថា ភ្នំទាំងនេះក្តី ភ្នំដទៃធំៗក្តី ពួកព្រាហ្មណ៍អ្នកបូជាយ័ញ្ញ បានធ្វើឲ្យវិចិត្រហើយ។
[៣៧៦] ជនទាំងឡាយ បានពោលចំពោះព្រាហ្មណ៍អ្នករៀនមន្ត បរិបូណ៌ដោយគុណនៃមន្ត មានតបៈក្នុងលោកនេះ ថាជាអ្នកប្រកបដោយការសូម សាគរបានពន្លិចព្រាហ្មណ៍នោះ ដែលឋិតនៅលើត្រើយ កំពុងសាចទឹកសមុទ្រ ហេតុនោះ បានជាសមុទ្រមានទឹកប្រៃ ផឹកមិនបាន។
[៣៧៧] ព្រាហ្មណ៍ទាំងឡាយ ជាវត្ថុសម្រាប់បូជា មានច្រើនលើផែនដី មានក្នុងទិសខាងកើត ទិសខាងលិច ទិសខាងត្បូង និងទិសខាងជើង តែងញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់វាសវៈ។
[៣៧៨] (ភូរិទត្តនាគរាជ…) ម្នាលអរិដ្ឋ ការៀនយកនូវវេទទាំងឡាយ ជាទោសរបស់អ្នកប្រាជ្ញទាំងឡាយ តែជាអំពើរបស់បុគ្គលពាលទាំងឡាយ (ត្រៃវេទ) ជាធម៌ ដូចថ្ងៃបណ្តើរកូន ព្រោះសំឡឹងមើលទៅ មិនសើ្មវេទទាំងឡាយ ជាចំណែកនៃកលឧបាយ ទង់ទាញអ្នកមានបញ្ញាមិនបានទេ ការពារជនអ្នកទ្រូស្តមិត្រ បំផ្លាញសេចក្តីចំរើននោះ ក៏មិនបានទេ ភ្លើងដែលបុគ្គលបម្រើហើយ រមែងមិនការពារនូវសត្វមានកម្មបានទេ ជារបស់មិនប្រសើរ ប្រកបដោយទោស។ មួយទៀត សត្វទាំងឡាយ មានទ្រព្យ មានភោគៈ យកទ្រព្យទាំងអស់លាយដោយឧស និងស្មៅហើយដុតភ្លើង មានតេជះ មិនមានអ្វីស្មើ កាលឆេះវត្ថុដែលគេដុតហើយ ក៏មិនគប្បីឆ្អែត ម្នាលអ្នកដឹងរសដោយអណ្តាតទាំងពីរ ចុះបុគ្គលណា គប្បីធ្វើភ្លើងនោះឲ្យឆ្អែតបាន។ ខីរៈ មានការប្រែប្រួលជាធម្មតា ក្លាយទៅជាទធិ ហើយទៅជានវនីតយ៉ាងណា ភ្លើងជាតេជោធាតុ មានការប្រែប្រួលជាធម្មតា យ៉ាងនោះដែរ លុះតែប្រកបដោយគ្រឿងពួត ទើបឆេះ។ ភ្លើងដែលចូលទៅក្នុងឈើស្ងួត ឬឈើស្រស់ក៏មិនប្រាកដ ភ្លើងដែលនរជនមានឈើពំនួតក្នុងដៃ មិនបានពួត ក៏មិនឆេះ ភ្លើងមិនមែនឆេះដោយការមិនធើ្វទេ។ ប្រសិនបើភ្លើងនៅក្នុងឈើស្ងួត ឬឈើស្រស់ នៅខាងក្នុង នៅក្នុងព្រៃទាំងអស់ក្នុងលោក គប្បីស្ងួតក្រៀម ឯឈើស្ងួតទាំងឡាយគប្បីឆេះ។ ថាបើ នរជនញ៉ាំងភ្លើងដ៏ក្តៅ ប្រកបដោយផែ្សង និងអណ្តាត ឲ្យស៊ីដោយឧស និងស្មៅ ឈ្មោះថា ធ្វើបុណ្យឬ ជនអ្នកធ្វើធ្យូង អ្នកធ្វើអំបិល អ្នកធ្វើអាហារ និងអ្នកដុតសរីរៈនៃបុគ្គលស្លាប់ ឈោ្មះថា ធ្វើបុណ្យដែរឬ។ ប្រសិនបើព្រាហ្មណ៍ទាំងនុ៎ះ ញ៉ាំងការរៀនមន្ត និងភ្លើងឲ្យឆ្អែតក្នុងលោកនេះ ទើបឈ្មោះថាធ្វើបុណ្យ នរជនណាមួយក្នុងលោក កាលញ៉ាំងភ្លើងមានកំដៅប្រកបដោយផ្សែង និងអណា្តតឲ្យស៊ី មិនឈ្មោះថាធ្វើបុណ្យទេ។ ម្នាលអ្នកដឹងរសដោយអណ្តាតពីរ (អគ្គិទេពរបស់អ្នក) ដែលលោកគោរពហើយ ម្តេចក៏ស៊ីវត្ថុមានក្លិនមិនជាទីគាប់ចិត្ត មិនជាទីត្រេកអរនៃជនដ៏ច្រើន ដែលពួកមនុស្សតែងវៀរ ជាវត្ថុមិនប្រសើរនោះ។ មនុស្សពួកខ្លះ ពោលថាភ្លើង (ជាទេវតាមួយអង្គ) ក្នុងពួកទេវតា ឯពួកមិលក្ខុជនពោលថា ទឹកជាទេវតា ជនទាំងអស់នុ៎ះពោលខុស ភ្លើងមិនមែនជាទេវតាណាមួយទេ ទឹកក៏មិនមែនដែរ។ ភ្លើងមិនមានឥន្រ្ទិយ ជាពួកមិនមានចេតនា សម្រាប់ធ្វើការងាររបស់ពួកមនុស្ស អ្នកធ្វើបាបកម្មទាំងឡាយ កាលបម្រើភ្លើង គប្បីទៅកាន់សុគតិដូចមេ្តចកើត។ ពួកព្រាហ្មណ៍ជាអ្នកត្រូវការដោយជីវិតក្នុងលោកនេះ ពោលថា (មហាព្រហ្ម) ជាអ្នកគ្របសង្កត់លោកទាំងអស់ ហើយពោលថា ព្រហ្មជាអ្នកបម្រើភ្លើងដូច្នេះ បើ (មហាព្រហ្ម) មានអានុភាពជាងលោកទាំងអស់ មានអំណាច មិនមានអ្នកណាសាង ហេតុអ្វីក៏សំពះភ្លើងដែលខ្លួននិម្មិតវិញ។ ពាក្យព្រាហ្មណ៍ ជាពាក្យគួរសើច មិនគួរដល់ការពិនិត្យ ជាពាក្យមិនពិត ពួកព្រាហ្មណ៍ ក្នុងកាលមុន តាក់តែង (ពាក្យមិនពិត) ព្រោះហេតុនៃសក្ការៈ ព្រាហ្មណ៍ទាំងនោះ កាលបើលាភសក្ការៈមិនកើតឡើងទេ ក៏តនូវសន្តិធម៌ ពោលគឺ លទ្ធិរបស់ខ្លួនជាមួយនឹងពួកសត្វ។ ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ការរៀនមន្ត ពួកជាធំជាងដែន (ក្សត្រិយ៍) ប្រកាន់ផែនដី ពួកវេស្សៈប្រកាន់ការភ្ជួរាស់ ពួកសូទ្រៈប្រកាន់ការបម្រើ ផ្សេងៗគ្នា សមគួរតាមប្រទេស ជនទាំងឡាយបានពោលថា ត្រកូលទាំង ៤ នេះ ព្រហ្មបានតាក់តែងហើយ។ ប្រសិនបើពាក្យនុ៎ះ ជាពាក្យពិត ដូចយ៉ាងពាក្យដែលព្រាហ្មណ៍ទាំងឡាយ ពោលហើយនេះ បុគ្គលមិនមែនជាក្សត្រិយ៍ មិនត្រូវបានរាជ្យដោយដាច់ខាត បុគ្គលមិនមែនជាព្រាហ្មណ៍ មិនគប្បីសិក្សានូវបទនៃមន្ត បុគ្គលវៀរចាកពួកវេស្សៈ មិនគប្បីធ្វើការភ្ជួររាស់ ពួកសូទ្រៈមិនគប្បីរួចអំពីការប្រើនៃជនដទៃ។ ពាក្យនេះ ជាពាក្យមិនពិត ព្រោះហេតុណា (ហេតុនោះ) ព្រាហ្មណ៍ទាំងនេះ ពោលពាក្យកុហកដើម្បីការបំពេញផ្ទៃ បុគ្គលអ្នកមិនមានប្រាជ្ញាទាំងឡាយ រមែងជឿងស៊ប់នូវពាក្យនោះ ចំណែកខាងពួកបណ្ឌិត រមែងឃើញហេតុនោះ ដោយខ្លួនឯង។ ពួកក្សត្រិយ៍នាំយកពលី (ហូតពន្ធ) របស់ពួកវេស្សៈ ពួកព្រាហ្មណ៍ កាន់យកគ្រឿងសស្រ្តាទាំងឡាយ ហើយដើរទៅ (សម្លាប់សត្វ) ហេតុអ្វី ព្រហ្មមិនធ្វើលោកដែលជ្រួលជ្រើម បែកខ្ញែកបែបនោះៗ ឲ្យត្រង់។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ហេតុអ្វី ក៏ចាត់ចែងលោកទាំងអស់ឲ្យមានទុក្ខ ហេតុអ្វីមិនធ្វើលោកទាំងអស់ឲ្យបានសេចក្តីសុខ។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ហេតុអ្វី ក៏ធ្វើលោកឲ្យវិនាស ដោយកលឧបាយ និងការញាំញី ដោយការពោលពាក្យកុហក ដែលមិនមែនជាធម៌។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ម្នាលអរិដ្ឋ ព្រហ្មជាម្ចាស់លើភូត មិនប្រកបដោយធម៌ទេ ព្រោះកាលបើធម៌មាន បែរជាចាត់ចែងអធម៌វិញ។ បុគ្គលសម្លាប់កណ្តូប កន្ទំរុយ ពស់ កង្កែប ដង្កូវ រុយ ទើបឈ្មោះថា បរិសុទ្ធ ឯធម៌ទាំងនេះ ជាធម៌របស់ពួកជនអ្នកនៅក្នុងដែនកម្ពុជៈដ៏ច្រើន ជាធម៌មានសភាពមិនប្រសើរ ជាធម៌មិនពិត។
[៣៧៩] ប្រសិនបើអ្នកសម្លាប់នោះ បរិសុទ្ធ ឬអ្នកដែលត្រូវសម្លាប់នោះ ទៅកាន់ឋានសួគ៌បាន ពួកព្រាហ្មណ៍ គប្បីសម្លាប់ពួកព្រាហ្មណ៍ ឬសម្លាប់ពួកជនអ្នកជឿពាក្យព្រាហ្មណ៍នោះ (មុន)។ មិនមានពួកម្រឹគ មិនមានពួកសត្វចិញ្ចឹម ពួកគោណាមួយអង្វរឲ្យសម្លាប់ខ្លួនទេ សត្វទាំងឡាយក្នុងលោកនេះ សុទ្ធតែញាប់ញ័រ ត្រូវការដោយជីវិត (ព្រោះថា) ជនទាំងឡាយ ប្រារព្ធនឹងសម្លាប់សត្វទាំងឡាយ និងសត្វចិញ្ចឹម ក្នុងយ័ញ្ញទាំងឡាយ។ ពួកបុគ្គលពាល រមែងបើកមាត់និយាយ ដោយហេតុទាំងឡាយដ៏វិចិត្រ ក្នុងការលើកឡើងនូវសសរយ័ញ្ញៈ និងទីចងនៃសត្វចិញ្ចឹមថា សសរយ័ញ្ញនេះ បង្ហូរសេចក្តីប្រាថ្នាដល់អ្នក ក្នុងបរលោក នឹងឲ្យសេចក្តីទៀងទាត់ក្នុងបរលោក។ ប្រសិនបើបុគ្គលគប្បីបានកែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ និងមាស ក្នុងសសរយ័ញ្ញ ក្នុងឈើស្ងួត និងឈើស្រស់ ម្យ៉ាងទៀត ប្រសិនបើសសរយ័ញ្ញ គប្បីបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាង ក្នុងឋានសួគ៌ ពួកជនអ្នកចេះត្រៃវេទដ៏ច្រើន គប្បីបូជា បុគ្គលមិនមែនជាព្រាហ្មណ៍ មិនគប្បីបូជាតិចតួចទេ។ កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ មាស ក្នុងសសរយ័ញ្ញ ក្នុងឈើស្ងួត និងឈើស្រស់ នឹងមានពីណា សសរយ័ញ្ញនឹងបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាង ក្នុងឋានសួគ៌ដូចមេ្តចកើត។ ពួកព្រាហ្មណ៍ ជាអ្នកបោកប្រាស ចិត្តអាក្រក់ ជាពួកពាល ប្រលោមលោក តែងបើកមាត់និយាយដោយហេតុដ៏វិចិត្រថា អ្នកឯងចូរយកភ្លើងចុះ ហើយឲ្យទ្រព្យដល់យើង លំដាប់នោះ អ្នកឯងនឹងបាននូវសេចក្តីប្រាថ្នាគ្រប់យ៉ាងហើយ នឹងដល់នូវសេចក្តីសុខ។ ពួកព្រាហ្មណ៍នាំបុគ្គលជាសរណៈ (ព្រះរាជា និងមហាមាត្យ) ចូរទៅកាន់រោងសម្រាប់បូជាភ្លើងនោះ ក៏បើកមាត់និយាយដោយហេតុដ៏វិចិត្រ ឲ្យកោរសក់ ពុកមាត់ កាត់ក្រចក ហើយគាបយកទ្រព្យដោយវេទទាំងឡាយ។ ពួកព្រាហ្មណ៍ ជាអ្នកកុហកដ៏ច្រើន បានទាយកម្នាក់ ហើយក៏ចោមស៊ីបាយ ដូចជាក្អែកទាំងឡាយ ចោមចាប់មៀមក្នុងទីស្ងាត់ កុហកធ្វើឲ្យរលីង ហើយដាក់ចុះទៅក្នុងផ្លូវនៃយ័ញ្ញ។ ទាយកតែម្នាក់នោះ ត្រូវពួកព្រាហ្មណ៍បញ្ឆោតហើយដោយអាការយ៉ាងនេះឯង ព្រាហ្មណ៍ទាំងនោះជាច្រើន ចោមប្លន់ដោយការប្រកបដោយឧបាយ ក៏នាំយកទ្រព្យដែលឃើញដោយទេវលោក ដែលមិនឃើញសោះ។ ដូចយ៉ាងពួករាជបុរស ដែលព្រះរាជាប្រើទៅហើយ ក៏នាំយកទ្រព្យនោះរបស់គេ ម្នាលអរិដ្ឋ ពួកព្រាហ្មណ៍ប្រាកដដូច្នោះ ប្រហែលគ្នានឹងពួកចោរ ជាអសប្បុរស ជាបុគ្គលគួរសម្លាប់ តែគេមិនសម្លាប់ក្នុងលោក។ ពួកព្រាហ្មណ៍ បានកាត់ដើមចា មកប្រើក្នុងវិធីយ័ញ្ញ (ប្រាប់ថា នេះ) ជាដៃស្តាំរបស់ព្រះឥន្រ្ទ បើពាក្យនោះពិត ព្រះឥន្រ្ទទៅជាដាច់ដៃ ចុះព្រះឥន្រ្ទឈ្នះពួកអសុរ ដោយកម្លំាងដៃដូចម្តេច។ ពាក្យនោះទទេសោះ ព្រះឥន្រ្ទនៅមានដើមដៃគ្រប់គ្រាន់ ជាទេវតាដ៏ប្រសើរ មិនមានអ្នកណាសម្លាប់បាន បានកំចាត់ពួកអសុរ មន្តទាំងឡាយនេះ របស់ពួកព្រាហ្មណ៍ មានសភាពជារបស់ទទេ នេះជាការបញ្ឆោត ដែលគេឃើញច្បាស់ក្នុងលោក។ ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ភ្នំទាំងនុ៎ះក្តី ភ្នំធំ ៗ ឯទៀតក្តី ព្រាហ្មណ៍ទាំងឡាយពោលថា ពួកព្រាហ្មណ៍អ្នកបូជាយ័ញ្ញកសាងហើយ ដ៏វិចិត្រដូច្នោះ។ ព្រាហ្មណ៍ទាំងឡាយពោលថា ភ្នំទាំងឡាយ ដែលពួកព្រាហ្មណ៍អ្នកបូជាយ័ញ្ញ កាន់យកឥដ្ឋទាំងឡាយ មានបការៈយ៉ាងណា ធ្វើវិចិត្រហើយ ភ្នំទាំងឡាយ មិនមែនមានបការៈដូច្នោះទេ ឯភ្នំទាំងឡាយ មិនដូចរបស់ដទៃទេ ជារបស់មិនកម្រើក ជាថ្មសុទ្ធដែលគេឃើញច្បាស់។ ភ្នំទាំងឡាយមិនមែនជាឥដ្ឋទេ ជាថ្មយូរយារហើយ ដែក មិនមែនកើតក្នុងឥដ្ឋនោះទេ លោហៈ ក៏មិនមែនកើតក្នុងឥដ្ឋនោះដែរ ពួកព្រាហ្មណ៍កាលសសើរនូវយ័ញ្ញនេះ បានពោលថា ភ្នំទាំងឡាយ ដែលពួកព្រាហ្មណ៍អ្នកបូជាយ័ញ្ញ ធ្វើវិចិត្រហើយ។ ព្រាហ្មណ៍ទាំងឡាយក្នុងលោកនេះ បានពោលនូវព្រាហ្មណ៍អ្នករៀនមន្ត បរិបូណ៌ដោយគុណនៃមន្ត មានតបៈ ថាជាអ្នកប្រកបដោយការសូម សាគរពន្លិចព្រាហ្មណ៍នោះ ដែលកំពុងសាចទឹកនៃសមុទ្រលើច្រាំង ព្រោះហេតុនោះ បានជាទឹកសមុទ្រនោះប្រៃ ផឹកមិនបាន។ ស្ទឹងទាំងឡាយកួចយកពួកព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវេទ បរិបូណ៌ដោយមន្ត ច្រើនជាងពាន់នាក់ ទឹកទាំងឡាយមិនខូចរស ព្រោះហេតុនោះទេ សមុទ្រមិនមានអ្វីស្មើ មានរសប្រៃ ផឹកមិនបាន តើព្រោះហេតុអ្វី។ អណ្តូងខ្លះ ក្នុងជីវលោកនេះ មានទឹកប្រៃ ដែលពួកជនអ្នកផឹកអណ្តូងបានផឹកហើយ ម្នាលអ្នកដឹងរសដោយអណ្តាតទាំងពីរ ជនទាំងឡាយមិនពោលថា ទឹកក្នុងអណ្តូងទាំងនោះ មានរសប្រៃ ផឹកមិនបាន ព្រោះតែកួចយកព្រាហ្មណ៍ទេ។ តាំងពីមុនដម្បូងមក ស្រ្តីណា ជាភរិយារបស់បុរសណា មនោបានញ៉ាំងមនុស្សឲ្យកើតឡើងក្នុងកាលមុន មិនមានអ្នកណាមួយ ថោកទាបជាងគ្នា ដោយធម៌នោះ ព្រាហ្មណ៍ទាំងឡាយបានពោលនូវការចែក (វណ្ណៈ) ដោយការលះបង់ (ធម៌នោះ) យ៉ាងនេះឯង។ សូម្បីកូនចណ្ឌាល ជាអ្នកឈ្លាសវៃ មានប្រាជ្ញា បានរៀនវេទទាំងឡាយ ពោលមន្តទាំងឡាយ ក្បាលនៃកូនជនចណ្ឌាលនោះ មិនបែកជា ៧ ភាគទេ មន្តទាំងនេះ ពួកព្រាហ្មណ៍ធ្វើហើយ ដើម្បីសម្លាប់ខ្លួន។ វាចាកុហក ពួកព្រាហ្មណ៍ បានតាក់តែងហើយ ការចង់បាន ពួកព្រាហ្មណ៍បានតាក់តែង កាន់យកហើយ កើតឡើងតាមគន្លងនៃកាព្យឃ្លោង ដែលគេស្រាយបានដោយក្រ ចិត្តរបស់បុគ្គលពាលទាំងឡាយ ជឿស៊ប់ក្នុងអំពើមិនស្មើ បុគ្គលឥតប្រាជ្ញា រមែងជឿពាក្យនោះ។ ព្រាហ្មណ៍មិន (ប្រកប) ដោយកម្លាំងដ៏មាំ ដូចកម្លាំងនៃរាជសីហ៍ ខា្លធំ និងខ្លាដំបង មនុស្សភាព (របស់ព្រាហ្មណ៍ទាំងនោះ) ត្រូវយល់ថា ដូចគោដែរ ព្រោះជាតិរបស់ព្រាហ្មណ៍ទាំងនោះ សើ្ម (ដោយគោ) ស្មើដោយសីហៈជាដើម។ ប្រសិនបើព្រះរាជាឈ្នះផែនដី ប្រកបដោយអាមាត្យ មានអ្នកស្តាប់បង្គាប់ មានបរិស័ទ ព្រះរាជានោះ គប្បីឈ្នះពួកសត្រូវដោយព្រះអង្គឯង ប្រជាជនរបស់ព្រះរាជានោះ គប្បីបានសេចក្តីសុខជានិច្ច។ មន្តរបស់ក្សត្រិយ៍ និងវេទទាំង ៣ នេះ ស្មើគ្នាដោយអត្ថ (តែក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី) មិនបានវិនិច្ឆ័យនូវអត្ថនៃមន្ត និងវេទទាំងនោះទេ ទាំងមិនដឹង ដូចបុគ្គលកាលមិនដឹងផ្លូវ ដែលកំបាំងដោយទឹក។ មន្តរបស់ក្សត្រិយ៍ និងវេទទាំង ៣ នេះ ស្មើគ្នាដោយអត្ថ លាភ ឥតលាភ យស និងឥតយស ទាំងអស់នេះ ជាធម៌របស់វណ្ណៈទាំង ៤ នោះ។ ពួកគហបតីជាច្រើនលើផែនដី ញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ព្រោះហេតុតែទ្រព្យ និងស្រូវ យ៉ាងណា សូម្បីពួកអ្នកមានត្រៃវេទ ជាច្រើនលើផែនដី ក៏ញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ក្នុងថ្ងៃនេះ យ៉ាងនោះដែរ។ ព្រាហ្មណ៍ទាំងនោះ ស្មើគ្នានឹងគហបតី ព្រាហ្មណ៍ទាំងឡាយជាច្រើនលើផែនដី ជាអ្នកខ្វល់ខ្វាយជានិច្ច ប្រកបក្នុងកាមគុណទាំងឡាយ តែងញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ម្នាលអរិដ្ឋ អ្នកដឹងរសដោយអណា្តតទាំងពីរ ព្រោះហេតុនោះ ព្រាហ្មណ៍ទាំងនោះ ជាអ្នកឥតបញ្ញា។
[៣៨០] (ព្រះបាទសាគរព្រហ្មទត្ត…) ស្គរធំ សមោ្ភរ ស័ង្ខ ស្គរជ័យ និងស្គរទ័ពរបស់អ្នកណា ដែលដើរខាងមុខ ហើយញ៉ាំងព្រះរាជាដ៏ប្រសើរក្នុងរថឲ្យរីករាយ។ (សម្បុរមុខ) របស់អ្នកណា (ដ៏រុងរឿង) ដោយដម្បារមាសដ៏ក្រាស់ មានពន្លឺដូចផ្លេកបន្ទោរ អ្នកណានៅកម្លោះ ប្រដាប់ដោយបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក។ មុខអ្នកណាស្រស់បស់ដូចមាសឆ្អិនលើមាត់ជើងក្រាន ឬប្រាកដសើ្មដោយរងើកនៃឧសគគីរ អ្នកណារុងរឿងដោយសិរីហើយដើរមក។ ឆត្ររបស់បុគ្គលណា ជាវិការៈនៃមាសជម្ពូនទ ប្រកបដោយឆ្អឹង ជាទីរីករាយនៃចិត្ត ជាគ្រឿងបិទបាំងរស្មីនៃព្រះអាទិត្យ អ្នកណារុងរឿងដោយសិរីហើយដើរមក។ អង្គ (អ្នកកាន់ផ្លិត) បានកាន់យកវាលវិជនីដ៏ឧត្តម ខាងលើក្បាលទាំងពីរខាងនៃបុគ្គលមានបញ្ញាដ៏ប្រសើរណា។ បាច់នៃកន្ទុយក្ងោកដ៏វិចិត្រផង ទន់ផង មានដងជាវិការៈនៃមាស និងកែវមណី ប្រព្រឹត្តទៅទាំងពីរខាងមុខរបស់បុគ្គលណា។ កុណ្ឌលទាំងឡាយនេះ ដ៏ល្អមានពន្លឺដូចជាពណ៌រងើកភ្លើងនៃឧសគគីរ ដ៏ភ្លឺលើមាត់ជើងក្រាន រមែងរុងរឿងទាំងពីរខាងមុខរបស់បុគ្គលណា។ សក់របស់បុគ្គលណា មានចុងដ៏សិ្នទ្ធ ទន់ខ្មៅ ត្រូវខ្យល់បក់ហើយ ក៏ញ៉ាំងទីបំផុតនៃថ្ងាសឲ្យល្អ ដូចជាផ្លេកបន្ទោរដែលចេញអំពីមេឃ។ ភ្នែកទាំងនេះ វែងធំរបស់អ្នកណា អ្នកណាមានភ្នែកទូលាយសម មុខនេះរបស់អ្នកណា ភ្លឺឆ្លុះដូចកញ្ចក់មាស មាត់នេះរបស់អ្នកណាដ៏ស្អាត ដូចជាស័ង្ខដ៏ប្រសើរ ធេ្មញរបស់បុគ្គលណា កាលនិយាយឡើង ដូចជាផ្កាមណ្ឌាក្រពុំ។ ដៃ និងជើងទាំងឡាយរបស់អ្នកណា ដូចជាទឹកល័ក្ត តាំងនៅក្នុងសេចក្តីសុខ អ្នកណាមានរិមបបូរមាត់ដូចផ្លែបាសដ៏ល្អ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃ។ អ្នកណាមានសំពត់បាវារៈដ៏ស ដូចដើមរាំងដ៏ធំ មានផ្ការីកហើយ ក្នុងព្រៃហិមពាន្តក្នុងកាលដែលកន្លងទៅនៃទឹកសន្សើម ល្អដូចព្រះឥន្រ្ទ ដែលមានជ័យជំនះ។ អ្នកណានៅក្នុងបរិស័ទ ដោះដាវនៅលើស្មា ដែលមានដងដ៏វិចិត្រដោយកែវមណី ដ៏ដេរដាសដោយពកជាវិការៈនៃមាស។ អ្នកណាដោះស្បែកជើង ដែលប៉ាក់ដោយមាស វិចិត្រដោយកែវ ៧ ប្រការ ដេរដោយសូត្រដ៏វិចិត្រ រចនាល្អហើយ ក៏ថ្វាយបង្គំតាបស អ្នកស្វែងរកគុណដ៏ធំ។
[៣៨១] (តាបស ជាបិតា…) នាគទាំងនោះ ជានាគមានឫទ្ធិ មានយស ជាកូននៃព្រះបាទធតរដ្ឋ កើតអំពីនាងសមុទ្ទជា នាគទាំងនេះ សុទ្ធតែជានាគមានឫទ្ធិច្រើន។
ចប់ ភូរិទត្តជាតក ទី៦។
(៥៤៤. ចន្ទកុមារជាតកំ (៧))
[៣៨២] (អភិសម្ពុទ្ធគាថា) ព្រះបាទឯករាជ អ្នកមានអំពើអាក្រក់ នៅក្នុងក្រុងបុប្ផវតីនោះ សួររកផ្លូវទៅព្រហ្មលោក និងបុរោហិត ឈោ្មះខណ្ឌហាល ជាពូជពង្សព្រហ្ម ជាមនុស្សល្ងង់វង្វេងថា ម្នាលព្រាហ្មណ៍ អ្នកជាមនុស្សឈ្លាសក្នុងធម៌វិន័យ សូមអ្នកប្រាប់ផ្លូវឋានសួគ៌ តាមទំនងដែលពួកជនធ្វើបុណ្យទាំងឡាយ ហើយចេញចាកលោកនេះ ទៅកាន់សុគតិដូច្នោះ។
[៣៨៣] (ខណ្ឌហាលព្រាហ្មណ៍បុរោហិតទូលថា) បពិត្រព្រះទេវៈ ពួកជនធ្វើបុណ្យទាំងឡាយ ឲ្យទានដ៏ក្រៃលែង សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទាំងឡាយ ហើយទៅកាន់សុគតិយ៉ាងនេះ។
[៣៨៤] (ព្រះបាទឯករាជ…) ទានដ៏ក្រៃលែងនុ៎ះដូចមេ្តច ក្នុងលោកនេះ បុគ្គលទាំងឡាយដូចមេ្តច ដែលមិនគួរសម្លាប់ ចូរអ្នកប្រាប់សេចក្តីនុ៎ះដល់យើង យើងនឹងបូជា នឹងឲ្យទានទាំងឡាយ។
[៣៨៥] (ខណ្ឌហាលព្រាហ្មណ៍…) ហពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយព្រះរាជបុត្រទាំងឡាយផង ដោយព្រះអគ្គមហេសីទាំងឡាយផង ដោយអ្នកនិគម (សេដ្ឋី) ទាំងឡាយផង បពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយគោឧសភ សេះអាជានេយ្យបួន ៗ ដោយពួកសត្វបួន ៗ ទាំងអស់។
[៣៨៦] សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮឡើងក្នុងវាំង ព្រោះឮព្រះរាជឱង្ការនោះថា ព្រះកុមារទាំងឡាយ និងព្រះអគ្គមហេសីទាំងឡាយ ត្រូវសម្លាប់។
[៣៨៧] (ព្រះរាជា…) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារទាំងឡាយ គឺចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នកទាំងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៨៨] អ្នកទាំងឡាយ ចូរប្រាប់កុមារីទាំងឡាយ គឺកុមារីឈោ្មះឧបសេនា ១ កោកិលា ១ មុទិតា ១ នន្ទា ១ ថា នាងទាំងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៨៩] អ្នកទាំងឡាយ ចូរប្រាប់មហេសីអញ គឺនាងវិជយា ១ នាងឯរាវតី ១ នាងកេសិនី ១ នាងសុនន្ទា ១ ដែលជាស្ត្រីបរិបូណ៌ដោយលក្ខណៈដ៏ប្រសើរថា នាងទាំងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៩០] អ្នកទាំងឡាយ ចូរប្រាប់គហបតីទាំងឡាយ គឺគហបតីឈោ្មះបុណ្ណមុខៈ ១ ភទ្ទិយៈ ១ សិង្គាលៈ ១ វឌ្ឍៈ ១ ថា ចូរអ្នកទាំងឡាយ មកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៩១] (អភិសម្ពុទ្ធគាថា) ពួកគហបតីទាំងនោះ មកជួបជុំគ្នា ដេរដាសដោយកូន និងប្រពន្ធក្នុងទីនោះ ក្រាបបង្គំទូលថា បពិត្រព្រះទេវៈ សូមព្រះអង្គធ្វើយើងខ្ញុំទាំងអស់ ឲ្យមានជុកលើក្បាលវិញ ពុំនោះសោត សូមព្រះអង្គប្រកាសនូវយើងខ្ញុំថាជាទាសៈ។
[៣៩២] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំមកនូវដំរីរបស់អញឈោ្មះអភយង្ករៈ ១ នាឡាគិរី ១ អច្ចុគ្គតៈ ១ (ឈោ្មះវរុណទន្តៈ) ១ ដំរីទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញយ៉ាងឆាប់។ អ្នកទាំងឡាយ ចូរនាំមកនូវសេះកែវរបស់អញ គឺសេះឈ្មោះកេសី ១ សុរាមុខៈ ១ បុណ្ណកៈ ១ វិនតកៈ ១ សេះទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញយ៉ាងឆាប់។ អ្នកទាំងឡាយ ចូរនាំយកគោឧសភទាំងនោះរបស់អញ គឺគោឧសភឈ្មោះយូថបតិ ១ អនោជៈ ១ និសភៈ ១ គវម្បតិ ១ មកដល់អញ ជនទាំងឡាយ ចូរធ្វើកិច្ចការទាំងពួងក្នុងទីចំពោះមុខអញ និងបូជា និងឲ្យទានទាំងឡាយ។ អ្នកទាំងឡាយ ចូរតាក់តែងគ្រឿងបូជាគ្រប់មុខ កាលបើព្រះអាទិត្យរះឡើងហើយ អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់ពួកកុមារ មានចន្ទកុមារជាដើមថា កុមារទាំងឡាយ ចូររីករាយអស់ ១ យប់នេះចុះ។ អ្នកទាំងឡាយ ចូរដំកល់ទុកនូវគ្រឿងយ័ញ្ញគ្រប់មុខ កាលបើព្រះអាទិត្យរះឡើង អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់កុមារទាំងឡាយក្នុងកាលឥឡូវនេះថា រាត្រីថ្ងៃនេះឯង ជារាត្រីបំផុត។
[៣៩៣] (អភិសម្ពុទ្ធគាថា) ព្រះរាជមាតា (ព្រះបាទឯករាជ) ទ្រង់ព្រះកន្សែង ទ្រង់សេ្តចមកអំពីវិមាន ទ្រង់មានព្រះរាជសវនីយ៍ សួរនូវសេចក្តីនោះនឹងព្រះរាជានោះថា នែកូន ឮថា កូនឯងនឹងបូជាយ័ញ្ញ ដោយព្រះរាជបុត្រទាំង ៤ នាក់មែនឬ។
[៣៩៤] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារហើយ បុត្ររបស់ខ្ញុំទាំងអស់ ក៏ខ្ញុំលះបង់ដើម្បីបូជាយ័ញ្ញដែរ លុះខ្ញុំបូជាដោយបុត្រទាំងឡាយហើយ ខ្ញុំនឹងទៅកាន់សុគតិសួគ៌។
[៣៩៥] (ព្រះរាជមាតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍នោះថា សុគតិបានដោយការបូជាបុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅកាន់នរក មិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេ។ ម្នាលកូនកោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វដែលកើតហើយ នឹងត្រូវកើតឡើយ នេះជាផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែនបានដោយការបូជាបុត្រទេ។
[៣៩៦] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារផង តាមពាក្យខណ្ឌហាលអាចារ្យ បូជាបុត្រទាំងឡាយ ដែលគេលះបង់បានដោយកម្រហើយ នឹងទៅកាន់សុគតិសួគ៌។
[៣៩៧] (អភិសម្ពុទ្ធគាថា) ចំណែកខាងព្រះវសវត្តី ជាព្រះរាជបិតា ត្រាស់សួរហេតុនោះ ចំពោះព្រះបាទឯករាជ ជារាជបុត្រកើតអំពីព្រះឱរានោះថា ម្នាលកូន ឮថា អ្នកនឹងបូជាយ័ញ្ញដោយបុត្រទាំង ៤ មែនឬ។
[៣៩៨] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ (បូជា) ហើយ បុត្រទាំងឡាយទាំងអស់ ក៏ខ្ញុំលះបង់ដែរ ខ្ញុំបូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ នឹងទៅកាន់សុគតិសួគ៌។
[៣៩៩] (ព្រះរាជបិតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្ម៍ថា សុគតិ មានដោយការបូជាបុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅកាន់នរកទេ មិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេ។ ម្នាលកូនកោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វទាំងឡាយដែលកើតហើយ និងត្រូវកើត នេះជាផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែនបានដោយការបូជាបុត្រទេ។
[៤០០] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារផង តាមពាក្យនៃខណ្ឌហាលអាចារ្យ ខ្ញុំបូជាបុត្រទាំងឡាយ ដែលគេលះបង់បានដោយកម្រ ហើយនឹងទៅកើតក្នុងសុគតិសួគ៌។
[៤០១] (ព្រះរាជបិតា…) ម្នាលកូន កោណ្ឌញ្ញគោត្រ អ្នកចូរឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វដែលកើតហើយ និងត្រូវកើតទាំងឡាយឡើយ អ្នកចូរជាមនុស្សដែលកូនទាំងឡាយចោមរោមហើយ រក្សាដែន និងជនបទចុះ។
[៤០២] (ចន្ទកុមារ…) បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំទាំងឡាយ សូមជាអ្នកជាប់ចំណង ហើយឃ្វាលដំរី និងសេះ។ បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំជាខ្ញុំទាំងឡាយ សូមជាអ្នកជាប់ចំណងហើយ នឹងចោលអាចម៍ដំរី។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំជាខ្ញុំទាំងឡាយ សូមជាអ្នកជាប់ចំណងហើយ នឹងចោលអាចម៍សេះ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ព្រះអង្គមានប្រាថ្នា (ដើម្បីព្រះរាជទាន) ដល់ខណ្ឌហាលព្រាហ្មណ៍ណា សូមទ្រង់ព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះចុះ ពុំនោះសោត នឹងសូមព្រះអង្គបំបរបង់ទូលបង្គំជាខ្ញុំទាំងឡាយ ចេញចាកដែន ក៏ទូលបង្គំជាខ្ញុំទាំងឡាយ នឹងត្រាច់ទៅកាន់ភិក្ខាចារ។
[៤០៣] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយ យំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយ លែងកុមារទាំងឡាយទៅ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
[៤០៤] (ខណ្ឌហាលព្រាហ្មណ៍) ទូលព្រះបង្គំជាខ្ញុំក្រាបទូលព្រះអង្គតាំងពីដើមមកថា ការបូជាយ័ញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងធ្វើឲ្យកើតឡើងបានផង កាលបើគ្រឿងយ័ញ្ញដែលទូលព្រះបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីព្រះអង្គធ្វើឲ្យខានទៅវិញ។ ជនទាំងឡាយណា បូជាយ័ញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទាំងឡាយ ទាំងអស់នោះ រមែងទៅកាន់សុគតិ។
[៤០៥] (ចន្ទកុមារ…) ចុះព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយសួស្តីរបស់ទូលព្រះបង្គំជាខ្ញុំ ពីមុនមកដើម្បីអ្វី បពិត្រព្រះទេវៈ កាលបើដូច្នេះ ព្រះអង្គឲ្យគេសម្លាប់ពួកទូលបង្គំជាខ្ញុំ ដើម្បីប្រយោជន៍ដល់យ័ញ្ញដោយឥតហេតុ។ ពីដើម កាលដែលទូលព្រះបង្គំជាខ្ញុំទាំងឡាយនៅក្មេងនៅឡើយ (មេ្តចក៏) ព្រះអង្គមិនសម្លាប់ មិនឲ្យគេសម្លាប់ទៅ បពិត្រព្រះបិតា ឥឡូវនេះ ទូលបង្គំជាខ្ញុំទាំងឡាយ ជាកេ្មងពេញកម្លោះ ជាអ្នកឥតប្រទូស្ត ក៏ស្រាប់តែព្រះអង្គឲ្យគេសម្លាប់។ បពិត្រមហារាជ សូមព្រះអង្គទតមើល ទូលបង្គំជាខ្ញុំទាំងឡាយ ដែលពាក់គ្រឿងក្រោះជិះដំរី ជិះសេះច្បាំងហើយ និងកំពុងច្បាំង មនុស្សទាំងឡាយបែបខ្ញុំនេះ មិនមែនជាមនុស្សសម្រាប់បូជាយ័ញ្ញទេ។ ជនទាំងឡាយ តែងបញ្ជូនពួកមនុស្សដូចទូលបង្គំជាខ្ញុំ ទៅក្នុងបច្ចន្តគ្រាម ដែលបះបោរឡើងហើយ ឬក្នុងដងព្រៃ បពិត្រព្រះបិតា កាលបើដូច្នោះ ទូលបង្គំជាខ្ញុំទាំងឡាយ មិនត្រូវព្រះអង្គឲ្យគេសម្លាប់ ក្នុងទីមិនជាឱកាស ដោយឥតហេតុទេ។ មេសត្វស្លាបទាំងឡាយណានីមួយ ធ្វើសម្បុកដោយស្មៅទាំងឡាយហើយនៅ កូនទាំងឡាយជាទីស្រឡាញ់របស់មេសត្វស្លាបទាំងនោះ បពិត្រព្រះទេវៈ កាលបើដូច្នេះ ព្រះអង្គនៅតែឲ្យគេសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយ។ ព្រះអង្គកុំជឿពាក្យខណ្ឌហាលព្រាហ្មណ៍នោះថា ខណ្ឌហាលព្រាហ្មណ៍ មិនគប្បីសម្លាប់អញខ្ញុំដូចនេះឡើយ បពិត្រព្រះទេវៈ ព្រោះខណ្ឌហាលព្រាហ្មណ៍នោះ សម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយហើយ គប្បីសម្លាប់ព្រះអង្គក្នុងកាលជាលំដាប់។ បពិត្រមហារាជ ព្រះរាជាទាំងឡាយ តែងព្រះរាជទានស្រុកដ៏ប្រសើរផង និគមដ៏ប្រសើរផង ភោគៈផង ដល់ព្រាហ្មណ៍នោះ កាលបើដូច្នោះ ពួកព្រាហ្មណ៍ទាំងនោះ ជាអ្នកបរិភោគរាល់ ៗ ដុំបាយដ៏ថ្មោង តែងបានបរិភោគរាល់ៗ ត្រកូល។ បពិត្រមហារាជ ព្រាហ្មណ៍នោះ ប្រាថ្នាដើម្បីប្រទូស្តចំពោះជនអ្នកឲ្យទាំងនោះ ដូចជាព្រះអង្គ បពិត្រព្រះទេវៈ ពួកព្រាហ្មណ៍ទាំងនុ៎ះ ជាមនុស្សអកតញ្ញូដោយច្រើន។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ទូលបង្គំជាខ្ញុំទាំងឡាយ សូមជាប់ចំណងហើយ នឹងឃ្វាលដំរី និងសេះ។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទាននូវទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ទូលបង្គំជាខ្ញុំទាំងឡាយ ជាប់ចំណងហើយ នឹងចាក់អាចម៌ដំរី។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ទូលបង្គំជាខ្ញុំទាំងឡាយ សូមជាប់ចំណងនឹងចាក់អាចម៌សេះ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់នូវទូលបង្គំជាខ្ញុំទាំងឡាយឡើយ ព្រះអង្គសព្វព្រះរាជហ្ឫទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណា សូមព្រះរាជទាននូវទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះវិញចុះ ពុំនោះសោត ទូលបង្គំជាខ្ញុំទាំងឡាយ បើព្រះអង្គបំបរបង់ចេញចាកដែន នឹងត្រាច់ទៅកាន់ភិក្ខាចារ។
[៤០៦] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយយំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយលែងកុមារទាំងឡាយទៅ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
[៤០៧] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំជាខ្ញុំ បានក្រាបទូលតាំងពីដើមមកថា ការបូជាយ័ញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងឲ្យកើតឡើងបានផង កាលបើគ្រឿងយ័ញ្ញដែលទូលបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ។ ជនទាំងឡាយណា បូជាយ័ញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទាំងអស់ (នោះ) រមែងទៅកាន់សុគតិ។
[៤០៨] (ចន្ទកុមារ…) បើប្រាកដជាបុគ្គលទាំងឡាយបូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ ច្យុតចាកមនុស្សលោកនេះ រមែងទៅកាន់ទេវលោក បពិត្រមហារាជ ចូរព្រាហ្មណ៍បូជាមុនចុះ សឹមព្រះអង្គបូជាជាខាងក្រោយ។ ឮថា បើប្រាកដជាបុគ្គលទាំងឡាយ បូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ ច្យុតអំពីមនុស្សលោកនេះ រមែងទៅកាន់ទេវលោក ចូរខណ្ឌហាលព្រាហ្មណ៍ហ្នឹងឯង បូជាដោយកូនទាំងឡាយរបស់ខ្លួនចុះ។ បើខណ្ឌហាលព្រាហ្មណ៍ដឹងយ៉ាងនេះហើយ ហេតុអ្វីក៏មិនសម្លាប់កូនតូច ៗ ទាំងឡាយផង មិនសម្លាប់ជនជាញាតិទាំងអស់ផង មិនសម្លាប់ខ្លួនឯងផង។ ជនទាំងឡាយណា បូជាយ័ញ្ញដោយខ្លួនក្តី ជនទាំងឡាយណាឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញប្រាកដដូច្នេះក្តី ជនទាំងអស់ (នោះ) រមែងទៅកាន់នរក។
[៤០៩] មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជាអ្នកចង់បានកូនក្នុងក្រុង មិនទូលទាស់ព្រះរាជាថា កុំទ្រង់សម្លាប់បុត្រ ដែលកើតអំពីទ្រូងឡើយ។ មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជាអ្នកចង់បានកូនក្នុងក្រុង មិនទូលទាស់ព្រះរាជាថា កុំទ្រង់សម្លាប់បុត្រ ដែលកើតអំពីខ្លួនឡើយ។ ខ្ញុំជាអ្នកប្រាថ្នាប្រយោជន៍ចំពោះព្រះរាជា ប្រយោជន៍ចំពោះអ្នកជនបទទាំងអស់ ឥតមាននរណាមួយថ្នាំងថ្នាក់ចិត្តនឹងខ្ញុំឡើយ (ហេតុអ្វីក៏) អ្នកជនបទមិនក្រាបទូលឲ្យទ្រង់ជ្រាប។
[៤១០] ម្នាលនាងឃរណីទាំងឡាយ (ស្រីមេផ្ទះ) ចូរនាងទាំងឡាយ ទៅអង្វរព្រះរាជបិតាផង ខណ្ឌហាលព្រាហ្មណ៍ផងថា សូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយ ដូចជាសីហៈ ជាអ្នកមិនប្រទូស្ត ម្នាលនាងឃរណីទាំងឡាយ ចូរនាងទាំងឡាយទៅនិយាយអង្វរព្រះបិតាផង ខណ្ឌហាលព្រាហ្មណ៍ផងថា សូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយ ជាទីអាល័យរបស់សត្វលោកទាំងអស់។
[៤១១] បើដូច្នោះ គួរតែអញកើតក្នុងត្រកូលអ្នកធ្វើរថ ឬអ្នកចោលសម្រាម ឬកើតក្នុងត្រកូលវេស្សៈ ទើបព្រះរាជានឹងមិនសម្លាប់អញ ដើម្បីយ័ញ្ញក្នុងថ្ងៃនេះ។
[៤១២] ម្នាលពួកស្រីអ្នកមានគំនិតទាំងឡាយ ចូរនាងទាំងអស់ទៅក្រាបទៀបបាទានៃខណ្ឌហាលព្រាហ្មណ៍ជាម្ចាស់ហើយ (ប្រាប់ថា) ខ្ញុំមិនឃើញកំហុសសោះ។ ម្នាលពួកស្រីជាមេផ្ទះទាំងអស់គ្នា ចូរនាងទាំងឡាយទៅក្រាបទៀបបាទានៃខណ្ឌហាលព្រាហ្មណ៍ជាម្ចាស់ហើយ (និយាយថា) បពិត្រលោកខណ្ឌហាលដ៏ចំរើន យើងទាំងឡាយបានប្រទូស្តអ្វីដល់លោក។
[៤១៣] លំដាប់នោះ ព្រះនាងសេលា ជាព្រះរាជធីតាគួរអាណិត បានឃើញព្រះភាតាទាំងឡាយ ដែលគេនាំខ្លួនទៅហើយ ទ្រង់ព្រះកន្សែងថា ឮថាយ័ញ្ញ ព្រះរាជបិតាអញ ទ្រង់ប្រាថ្នាឋានសួគ៌ឲ្យប្រព្រឹត្តទៅហើយ។
[៤១៤] (លំដាប់នោះ) វសុលរាជកុមារបម្រះននៀលក្នុងទីចំពោះព្រះភក្រ្តព្រះរាជា ទ្រង់ព្រះកនែ្សងអង្វរថា បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់បិតារបស់ទូលបង្គំជាខ្ញុំឡើយ ព្រោះទូលបង្គំជាខ្ញុំនៅកេ្មង ពុំទាន់ធំនៅឡើយ។
[៤១៥] (ព្រះរាជា…) ម្នាលវសុលកុមារ នុ៎ះបិតារបស់ឯង ចូរឯងស្ងប់រម្ងាប់ជាមួយនឹងបិតារបស់ឯងចុះ ឯងយំស្រែកក្នុងព្រះរាជវាំង ឈ្មោះថាញ៉ាំងទុក្ខយ៉ាងខ្លាំង ឲ្យកើតឡើងដល់អញ អ្នកទាំងឡាយ ចូរលែងពួកកុមារក្នុងកាលឥឡូវនេះចុះ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
[៤១៦] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំក្រាបទូលព្រះអង្គតាំងពីដើមមកថា ការបូជាយ័ញ្ញនេះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងឲ្យកើតឡើងបានផង កាលបើគ្រឿងយ័ញ្ញដែលទូលបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ។ ជនទាំងឡាយណា បូជាយ័ញ្ញដោយខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញ ដែលអ្នកផងកំពុងបូជា ប្រាកដដូច្នេះក្តី ជនទាំងអស់នោះ រមែងទៅកើតក្នុងសុគតិ។
[៤១៧] បពិត្រព្រះឯករាជ យ័ញ្ញ ទូលបង្គំជាខ្ញុំចាត់ចែងរៀបចំដើម្បីព្រះអង្គ ដោយរតនៈទាំងពួងហើយ បពិត្រព្រះទេវៈ សូមព្រះអង្គយាងចេញទៅ ព្រះអង្គនឹងទៅរីករាយក្នុងឋានសួគ៌។
[៤១៨] (អភិសម្ពុទ្ធគាថា) ពួកស្រ្តីទាំង ៧០០ នុ៎ះ នៅក្មេង ៗ ដែលជាភរិយាចន្ទកុមារ រំសាយកេសា ទួញយំដើរតាមផ្លូវទៅ។ ចំណែកពួកស្រ្តីឯទៀត ក៏ចេញទៅដោយសេចក្តីសោកស្តាយ រំសាយកេសា ទួញយំដើរតាមផ្លូវទៅ ដូចជាទេវតា (ចោមរោមទេវបុត្រដែលរៀបច្យុត) ក្នុងនន្ទនវនឱទ្យាន។
[៤១៩] ចន្ទកុមារ និងសុរិយកុមារ ទ្រទ្រង់សំពត់ដ៏ស្អាតដែលកើតក្នុងដែនកាសី ជាអ្នកទ្រទ្រង់កុណ្ឌល លាបស្រឡាយដោយកំញាន និងខ្លឹមចន្ទន៍ ត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យ័ញ្ញនៃព្រះបាទឯករាជ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកទ្រទ្រង់សំពត់ដ៏ស្អាត ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ត្រូវគេនាំយកទៅ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកទ្រទ្រង់សំពត់ដ៏ស្អាត ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ត្រូវគេនាំយកទៅ។ ចន្ទកុមារ និងសុរិយកុមារ ដែលជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យ័ញ្ញនៃព្រះបាទឯករាជ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគនូវសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ត្រូវគេនាំយកទៅ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ត្រូវគេនាំយកទៅ។ កាលពីមុន ពួកពលដំរី តែងតាមហែហមនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់លើខ្នងដំរីដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ។ កាលពីមុន ពួកពលសេះ តែងតាមហែនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់លើខ្នងសេះដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ។ កាលពីមុន ពួករថ តែងតាមហែនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់ក្នុងកណ្តាលរថដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ។ កាលពីមុន ចន្ទកុមារ និងសុរិយកុមារណា សេ្តចទៅដោយព្រះទីនាំងអស្សតរ ដែលតាក់តែងដោយគ្រឿងមាស ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ។
[៤២០] (មហាជន…) ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះរាជបុត្រ ៤ ព្រះអង្គ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះរាជកញ្ញាទាំង ៤ ព្រះអង្គ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះមហេសីទាំង ៤ ព្រះអង្គ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកគហបតីទាំង ៤ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកដំរីទាំង ៤ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកសេះទាំង ៤ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកគោឧសភ ៤ បូជាយ័ញ្ញក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកសត្វបួនៗ គ្រប់មុខ បូជាយ័ញ្ញក្នុងទីនុ៎ះ។
[៤២១] ប្រាសាទនេះ ជាវិការៈនៃមាស ដេរដាសដោយផ្កាកម្រង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ផ្ទះកំពូលនេះ ជាវិការៈនៃមាស ដេរដាសដោយផ្កាកម្រង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ឱទ្យាននេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ព្រៃអសោកនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ព្រៃកណ្ណិការនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ព្រៃច្រនៀងនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ព្រៃស្វាយនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ស្រះបោក្ខរណីនេះ ដេរដាស ពាសពេញដោយផ្កាឈូកស ឈូក្រហម ទាំងទូកដែលរចនាដោយមាស វិចិត្រដោយភ្ញីវល្លិ៍ ជាទីរីករាយចិត្តដោយក្រៃលែង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។
[៤២២] ដំរីរ័តន៍នេះ ជាដំរីឈ្មោះឯរាវ័ណ មានកំឡាំង មានភ្លុក ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ សេះរ័តន៍នេះ ជាសេះមានក្រចកមួយ មានសន្ទុះរហ័ស ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ រថសេះនេះ មានសូរសព្ទ័ដូចសំឡេងនៃស្រូវសាលី ជារថដ៏ស្អាត វិចិត្រដោយរតនវត្ថុ ជាលំអរបស់ពួកព្រះអយ្យបុត្រ ដូចជាពួកទេវតាក្នុងនន្ទនវ័ន ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយ័ញ្ញដោយព្រះរាជបុត្រទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត (ឥតទោស) ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយ័ញ្ញដោយព្រះរាជកញ្ញាទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយ័ញ្ញដោយព្រះមហេសីទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយ័ញ្ញដោយគហបតីទាំង ៤ នាក់ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបដោយខ្លឹមចន្ទន៍។ ស្រុក និងនិគមទាំងឡាយ សូន្យ ឥតមនុស្ស ក្លាយទៅជាព្រៃធំ យ៉ាងណាមិញ កាលបើចន្ទកុមារ និងសុរិយកុមារ ត្រូវព្រះរាជាយកទៅបូជាយ័ញ្ញហើយ ក្រុងបុប្ផវតី ក៏នឹង (ស្ងាត់សូន្យឈឹង) យ៉ាងនោះដែរ។
[២២៣] (ព្រះនាងគោតមីទេវី…) ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យចាកសេចក្តីចំរើន ប្រឡាក់ប្រឡូសដោយអាចម៍ដីពុំខាន បើជនសម្លាប់ចន្ទកុមារ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងបែកធ្លាយ។ ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យចាកសេចក្តីចំរើន ប្រឡាក់ប្រឡូស ដោយអាចម៍ដីពុំខាន បើជនសម្លាប់សុរិយកុមារ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងបែកធ្លាយ។
[៤២៤] ស្រ្តីទាំងឡាយនេះ គឺនាងឃដ្តិកា នាងឧបរិក្ខី នាងបោក្ខរណី និងនាងគាយិកា ជាអ្នកពោលពាក្យជាទីស្រឡាញ់ទៅរកគ្នានឹងគ្នា ម្តេចក៏មិនរាំឲ្យចន្ទកុមារ និងសុរិយកុមារសប្បាយរីករាយ (ព្រោះស្រ្តីដទៃ) ស្មើដោយស្រ្តីទាំងនោះ មិនមានទេ។
[២២៥] សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារ ដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារ ដែលគេនាំយកទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធរបស់អ្នក ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ។ អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់ អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯងកុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។
[៤២៦] (ចន្ទកុមារ…) បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទាំងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយឃ្វាលដំរី និងសេះ។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទាំងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយចោលអាចម៍ដំរី។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទាំងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយចោលអាចម៍សេះ។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំឡើយ បើព្រះអង្គសព្វព្រះទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណា សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះចុះ ពុំនោះសោត សូមព្រះអង្គបំបរបង់ឲ្យចេញចាកដែន ខ្ញុំព្រះអង្គនឹងត្រាច់ទៅកាន់ភិក្ខាចារ។ បពិត្រព្រះសម្មតិទេព នារីពួកខ្លះ សូម្បីជាស្រ្តីកំសត់ នៅតែចង់បានកូន ហើយបន់ស្រន់ទេព្តា ស៊ូលះបង់ចំណង់ប្លែក នៅតែមិនបានកូនទាំងឡាយ ក៏មាន។ នារីពួកខ្លះ ធ្វើពាក្យប្រកបដោយសេចក្តីប៉ុនប៉ងថា កូនទាំងឡាយរបស់យើង ចូរកើតបន្ទាប់ពីនោះ ចៅទាំងឡាយចូរកើតទៀត បពិត្រព្រះសម្មតិទេព កាលបើដូច្នេះ (ហេតុអ្វីក៏) ព្រះអង្គសម្លាប់ទូលព្រះបង្គំទាំងឡាយ ដើម្បីបូជាយ័ញ្ញ ដោយមិនសមហេតុ។ ពួកស្រ្តីតែងបានកូនដោយការបន់ស្រន់ បពិត្រព្រះរាជបិតា ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ ព្រះអង្គកុំបូជាយ័ញ្ញនេះ ដោយបុត្រទាំងឡាយ ដែលបានដោយលំបាកឡើយ។ ពួកស្ត្រីតែងបានកូនដោយការបន់ស្រន់ បពិត្រព្រះរាជបិតា ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមព្រះអង្គកុំញ៉ាំងទូលព្រះបង្គំទាំងឡាយ ឲ្យព្រាត់ប្រាសចាកមាតា និងបុត្រទាំងឡាយ ដែលបានដោយលំបាក។
[៤២៧] បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ គឺចន្ទកុមារមក មានទុក្ខព្រួយច្រើនណាស់ ព្រោះតែការចិញ្ចឹម ខ្ញុំជាកូនសូមក្រាបថ្វាយបង្គំព្រះបាទានៃព្រះមាតា សូមឲ្យព្រះរាជបិតា បានទៅបរលោក (ដែលបរិបូណ៌ដោយសម្បត្តិ) ចុះ។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងទៅកាន់ទីព្រាត់ប្រាសដើម្បីប្រយោជន៍ដល់យ័ញ្ញរបស់ព្រះបាទឯករាជ។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃព្រះមាតា ហើយទៅកាន់ទីព្រាត់ប្រាស។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ហើយទៅកាន់ទីព្រាត់ប្រាស។
[៤២៨] (ព្រះមាតា…) ម្នាលគោតមីបុត្រ ណ្ហើយចុះ បាឯងចូរបួងមោលីដោយស្លឹកឈូក បាឯងចូរប្រដាប់ផ្កាកម្រង ដែលលាយដោយត្របកផ្កាចម្បានេះជាប្រក្រតី ពីដើមរបស់បា។ ហក បាឯងធ្លាប់លាបស្រឡាបដោយខ្លឹមចន្ទន៍ទាំងឡាយណា ហើយល្អរុងរឿងក្នុងរាជបរិស័ទ (នេះ) ជាគ្រឿងលាបរបស់បា បាចូរលាបខ្លឹមចន្ទន៍ ជាទីបំផុតចុះ។ ហក បាឯងស្លៀកដណ្តប់សំពត់ទាំងឡាយណា មានសាច់ទន់ ៗ រមែងល្អរុងរឿង ក្នុងរាជបរិស័ទ (នេះ) ជាសំពត់មានសាច់ទន់ បាចូរស្លៀកសំពត់ដែលកើតក្នុងដែនកាសី មានក្នុងទីបំផុតចុះ។ បាឯងល្អរុងរឿងដោយហត្ថាភរណៈណា ក្នុងរាជបរិស័ទ បាចូរពាក់នូវហត្ថាភរណៈ ដ៏ហើយដោយកែវមុក្តា កែវមណី និងមាស (នោះចុះ)។
[៤២៩] (នាងចន្ទាទេវី…) ព្រះបាទឯករាជនេះ ជាអ្នករក្សាដែន ជាម្ចាស់ផែនដី ជាអ្នកទទួលមត៌ករបស់អ្នកជនបទ ជាឥស្សរៈលើលោក ទ្រង់ជាធំ តែមិនញ៉ាំងសេចក្តីសេ្នហាឲ្យកើតក្នុងព្រះរាជបុត្រដោយពិត។
[៤៣០] (ព្រះបាទឯករាជ…) បុត្រប្រុសទាំងឡាយ ជាទីស្រឡាញ់របស់អញ ម្យ៉ាងទៀត នាងឯងក្តី ភរិយាទាំងឡាយ (ឯទៀត) ក្តី ក៏ជាទីស្រឡាញ់របស់អញ ប៉ុន្តែអញចង់បានឋានសួគ៌ទេតើ បានជាអញឲ្យគេសម្លាប់ដោយហេតុនោះ។
[៤៣១] (នាងចន្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់មុន កុំឲ្យសេចក្តីទុក្ខបំបែកហ្ឫទ័យខ្ញុំម្ចាស់ឡើយ បពិត្រព្រះសម្មតិទេព បុត្ររបស់ព្រះអង្គ ជាអ្នកមានគ្រឿងអលង្ការប្រដាប់ហើយ ជាបុត្រល្អល្អះ ជាសុខុមាលជាតិ។ បពិត្រព្រះអង្គជាម្ចាស់គេ ណ្ហើយចុះ សូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់ជាស្រ្តីមានសេចក្តីសោកជាមួយគ្នានឹងចន្ទកុមារ សូមព្រះអង្គធ្វើបុណ្យឲ្យបរិបូណ៌ចុះ យើងខ្ញុំទាំងពីរនាក់ នឹងត្រាច់ទៅក្នុងបរលោក។
[៤៣២] (ព្រះបាទឯករាជ…) ម្នាលនាងចន្ទាមានភ្នែកវិសេសវិសាល នាងកុំយំឡើយ ជនទាំងឡាយជាបងប្អូនខាងប្តីរបស់នាងជាច្រើន ជនទាំងនោះ នឹងញ៉ាំងនាងឲ្យត្រេកអរ ព្រោះគោតមីបុត្រ ត្រូវគេបូជាយ័ញ្ញហើយ។
[៤៣៣] (អភិសម្ពុទ្ធគាថា) កាលបើព្រះបាទឯករាជ ទ្រង់ត្រាស់យ៉ាងនេះហើយ នាងចន្ទាទេវីប្រហារខ្លួនឯងដោយបាតដៃទាំងឡាយ (ទ្រង់ពិលាបថា) ការរស់នៅក្នុងលោកនេះ ល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់។ ព្រោះថា ជនទាំងឡាយ ជាញាតិមិត្រ ជាសំឡាញ់របស់ព្រះរាជានេះ មិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះរាជាថា សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រទាំងឡាយ ដែលកើតអំពីព្រះឱរាដូច្នេះឡើយ។ ជនទាំងឡាយ ជាញាតិមិត្រ ជាសំឡាញ់របស់ព្រះរាជានេះ មិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះរាជាថា សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រ ដែលកើតអំពីព្រះអង្គដូច្នេះឡើយ។ បុត្ររបស់ខ្ញុំម្ចាស់ទាំងឡាយនេះ ពាក់កម្រងផ្កា ទ្រទ្រង់គ្រឿងប្រដាប់ជាវិការៈនៃមាស សូមព្រះរាជាបូជាយ័ញ្ញដោយរាជបុត្រទាំងឡាយចុះ ប៉ុនែ្តសូមព្រះអង្គលែងគោតមីបុត្រ។ បពិត្រមហារាជ សូមព្រះអង្គកាប់ខ្ញុំម្ចាស់ ១០០ កំណាត់ ហើយបូជាយ័ញ្ញគ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត។ បពិត្រមហារាជ សូមព្រះអង្គចិញ្រ្ចាំខ្ញុំម្ចាស់ ១០០ កំណាត់ ហើយបូជាយ័ញ្ញគ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំសម្លាប់បុត្រច្បងដែលសត្វលោកទាំងអស់អាឡោះអាល័យឡើយ។
[៤៣៤] (ចន្ទកុមារ…) គ្រឿងអាភរណៈច្រើនយ៉ាង គឺកែវមុក្តា កែវមណី កែវពៃទូរ្យដែលប្រសើរ និងមិនប្រសើរ យើងឲ្យហើយដល់នាង ក្នុងរឿងដែលនាងនិយាយល្អហើយ នេះជាអំណោយ ទីបំផុត ចូរមានដល់នាងចុះ។
[៤៣៥] (នាងចន្ទាទេវី…) កាលពីដើម ព្រះរាជបុត្រទាំងឡាយណា ដែលមានកម្រងផ្ការីកសំពោង ពាក់ហើយលើ ក ទាំងឡាយ ថ្ងៃនេះព្រះរាជបុត្រទាំងនោះ ត្រឡប់ទៅជាមានដាវ ដែលគេសំលៀងមុត នឹងធ្លាក់លើ ក ទាំងឡាយវិញ។ ពីដើម ព្រះរាជបុត្រទាំងឡាយណា ដែលមានកម្រងផ្កាដ៏វិចិត្រហើយ ពាក់លើ ក ទាំងឡាយ ថ្ងៃនេះ ព្រះរាជបុត្រទាំងនោះ ត្រឡប់ទៅជាមានដាវ ដែលគេសំលៀងមុត នឹងធ្លាក់លើ ក ទាំងឡាយវិញ។ មិនយូរប៉ុន្មានទេ មុខតែដាវនឹងធ្លាក់លើ ក នៃរាជបុត្រទាំងឡាយពុំខាន ហ្ឫទ័យរបស់ខ្ញុំម្ចាស់ ខានបែកធ្លាយឯណាបាន ព្រោះចំណងយ៉ាងមាំ មានដល់ខ្ញុំម្ចាស់ហើយ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់សាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ចូរចេញទៅ ដើម្បីយ័ញ្ញនៃព្រះបាទឯករាជចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់មានសាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ចូរចេញទៅចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់មានសាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ចូរចេញទៅចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូតៗល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ចូរចេញទៅដើម្បីយ័ញ្ញរបស់ព្រះបាទឯករាជចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូត ៗ ល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ចូរសេ្តចចេញទៅចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូត ៗ ល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ចូរចេញទៅចុះ។
[៤៣៦] (អភិសម្ពុទ្ធគាថា) កាលបើគ្រឿងប្រដាប់បូជាយ័ញ្ញគ្រប់យ៉ាង ដែលគេចាត់ចែងហើយ កាលបើចន្ទកុមារ និងសុរិយកុមារអង្គុយដើម្បីប្រយោជន៍ដល់យ័ញ្ញ ហើយនាងបញ្ចាលរាជធីតា លើកកំបង់អញ្ជលី ដើរចូលទៅត្រង់ចនោ្លះពួកបរិស័ទទាំងពួង (ប្រកាសថា) ខណ្ឌហាលព្រាហ្មណ៍ ជាមនុស្សយល់ខុស ធ្វើបាបកម្ម ដោយពាក្យសច្ចៈណា ខ្ញុំម្ចាស់ព្រមព្រៀងជាមួយនឹងព្រះស្វាមី តាមពាក្យសច្ចៈនុ៎ះ។ ពួកអមនុស្ស ពួកទេវតា និងពួកសត្វកើតហើយ និងសត្វដែលត្រូវកើត មានក្នុងទីនេះ ចូរធ្វើនូវសេចក្តីខ្វល់ខ្វាយចំពោះខ្ញុំ ខ្ញុំសូមព្រមព្រៀង (ជាមួយ) នឹងព្រះស្វាមីហើយ។ ពួកទេវតា ពួកសត្វកើតហើយ និងសត្វដែលត្រូវកើតទាំងអស់ ដែលមកក្នុងទីនេះ សូមអ្នកទាំងឡាយ រក្សាខ្ញុំជាមនុស្សអនាថា ដែលស្វែងរកទីពឹង ខ្ញុំសូមអង្វរព្រះស្វាមី ដែលពួកបច្ចាមិត្រផ្ចាញ់មិនបាន ចំពោះលោកទាំងឡាយ។
[៤៣៧] អមនុស្ស (សក្កទេវរាជ) ឮពាក្យនោះហើយ ក៏គ្រវីដម្បងដែក បំភ័យព្រះរាជានោះ ហើយនិយាយនឹងព្រះរាជាដូច្នេះថា ម្នាលសេ្តចកាឡកណ្ណី ព្រះអង្គចូរដឹងចុះ កុំឲ្យខ្ញុំសំពងក្បាលព្រះអង្គឡើយ ព្រះអង្គកុំសម្លាប់បុត្រច្បង ជាអ្នកអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត។ ម្នាលសេ្តចកាឡកណ្ណី ព្រះអង្គធា្លប់ឃើញអ្នកណា ដែលសម្លាប់បុត្រភរិយា និងសេដ្ឋី គហបតី ជាអ្នកមិនប្រទូស្ត ព្រោះប្រាថ្នាឋានសួគ៌។
[៤៣៨] ខណ្ឌហាលព្រាហ្មណ៍ បានឮពាក្យនោះ ទាំងព្រះរាជាក៏ឃើញសក្កទេវរាជដែលព្រះអង្គមិនធ្លាប់ឃើញនេះ ទើបឲ្យស្រាយចំណងពីជនទាំងពួង ឲ្យដូចជាមិនមានសេចក្តីបៀតបៀន។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកជនដែលមកប្រជុំក្នុងកន្លែងនោះ ក៏នាំគ្នាគប់មួយដុំដី ៗ ម្នាក់ នេះជាការសម្លាប់ខណ្ឌហាលព្រាហ្មណ៍។
[៤៣៩] ពួកជនទាំងពួង ធ្វើបាបកម្មហើយ ទៅកាន់នរកយ៉ាងណា ពួកជនមិនធ្វើបាបកម្ម ហើយទៅអំពីលោកនេះទៅ គប្បីបាននូវសុគតិ យ៉ាងនោះឯង។
[៤៤០] កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជបុរសមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នា អភិសេកចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវបុរសដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកនូវចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជបរិស័ទដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជកញ្ញាដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវបុរសដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវកញ្ញាដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ពួកជនជាច្រើនត្រេកអររីករាយ ប៉ាវគង ទូងអានន្ទភេរី ក្នុងកាលដែលចន្ទកុមារចូលទៅក្នុងនគរ ពួកជនបានប្រកាសការរួចចាកចំណង (របស់ពួកសត្វ )។
ចប់ ចន្ទកុមារជាតក ទី៧។
ចប់ ភាគ៦២ ។
(២២. មហានិបាតោ)
(៥៤៥. មហានារទកស្សបជាតកំ (៨))
[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែនវិទេហៈជាក្សត្រ ទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មានពួកពលមិនមានទីបំផុត។ នៅពេលបឋមយាមដែលមិនទាន់កន្លងនៃរាត្រីជាគំរប់ ១៥ ជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គទ្រង់ប្រជុំអាមាត្យទាំងឡាយជាបណ្ឌិត បរិបូណ៌ដោយការស្តាប់ ជាអ្នកញញឹមមុននិយាយ ជាអ្នកមានប្រាជ្ញា ឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ និងសេនាបតីឈ្មោះអលាតៈ ១។ ព្រះបាទវិទេហៈ ទ្រង់សួរអាមាត្យនោះជាលំដាប់ថា អ្នកទាំងឡាយចូរពោលតាមសេចក្តីពេញចិត្តផេ្សងៗគ្នា ថៃ្ងនេះជារាត្រីជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ មណ្ឌលព្រះចន្ទដ៏ស កំចាត់បង់ងងឹត ថ្ងៃនេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចមេ្តច ក្នុងរាត្រីរដូវនេះ។
[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជាឈ្មោះអលាតៈ បានក្រាបទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពល និងសេនាទាំងអស់ដែលមានចិត្តរីករាយហើយ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹងនាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួនរបស់ទូលព្រះបង្គំជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំ នឹងផ្ចាញ់សត្រូវ ដែលមិនទាន់ផ្ចាញ់។ (បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចម្បាំង នេះជាសេចក្តីចូលចិត្តរបស់ទូលព្រះបង្គំជាខ្ញុំ)។
[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតីហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់ មកចុះអំណាចព្រះអង្គស្រាប់ហើយតើ។ ពួកសត្រូវមានគ្រឿងសស្រ្តាដាក់ចុះហើយ តែងប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងមានក្នុងថ្ងៃនេះ ការច្បាំង ទូលព្រះបង្គំជាខ្ញុំមិនពេញចិត្តទេ។ ជនទាំងឡាយ ចូរនាំយកបាយ ទឹក និងបង្អែមយ៉ាងឆាប់ មកថ្វាយព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងការរាំច្រៀង និងគ្រឿងប្រគុំដោយកាមទាំងឡាយចុះ។
[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ កាមទាំងអស់ ប្រាកដដល់ព្រះអង្គជានិច្ចហើយតើ។ បពិត្រព្រះសម្មតិទេព កាមទាំងនេះ ព្រះអង្គមិនមែនបានដោយក្រទេ កាលបើព្រះអង្គ (ប្រាថ្នា) រីករាយដោយកាមទាំងឡាយ កាមទាំងឡាយ ព្រះអង្គបានសព្វៗកាល នេះមិនមែនជាសេចក្តីពេញចិត្តរបស់ទូលព្រះបង្គំជាខ្ញុំទេ។ សមណព្រាហ្មណ៍ណា អ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយក្នុងថ្ងៃនេះបាន យើងទាំងឡាយ នឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ។
[៥] ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនៃវិជយាមាត្យហើយ ទ្រង់ត្រាស់ថា ការណ៍នេះ ពេញចិត្តដល់យើងដូចវិជយាមាត្យពោល។ សមណព្រាហ្មណ៍ណា ជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយបានក្នុងថ្ងៃនេះ យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ។ អ្នកទាំងអស់គ្នា ចូរធ្វើសេចក្តីយល់ចុះ យើងគួរចូលទៅរកបណ្ឌិតណាដែលជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ បន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបានក្នុងថ្ងៃនេះ។
[៦] អលាតសេនាបតី បានស្តាប់ព្រះបន្ទូលនៃព្រះបាទវិទេហៈហើយ ក៏ក្រាបទូលដូច្នេះថា មានអចេលកៈ ១ អង្គនេះ ដែលគេសន្មតថា ជាអ្នកប្រាជ្ញ គង់ក្នុងមិគទាយវ័ន។ អចេលកៈនេះ ឈ្មោះគុណៈ ជាកស្សបគោត្រ ជាអ្នកចេះដឹង ជាអ្នកពោលពាក្យដ៏វិចិត្រ ជាគណាចារ្យ បពិត្រព្រះសម្មតិទេព យើងគួរចូលទៅរកអចេលកៈនោះ លោកនឹងបន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបាន។
[៧] ព្រះរាជា ទ្រង់ព្រះសណ្តាប់ពាក្យនៃអលាតសេនាបតីហើយ ទ្រង់បង្គាប់នាយសារថីថា យើងនឹងទៅកាន់មិគទាយវ័ន អ្នកចូរនាំយកនូវយានដែលទឹមហើយ មកក្នុងទីនេះ។
[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយានជាវិការៈនៃភ្លុក មានទ្រពងជាវិការៈនៃប្រាក់ មានប្រដាប់ជាបរិវារដ៏សរលង់ ហាក់ដូចមុខនៃរាត្រី ដែលប្រាសចាកទោស ឬដូចព្រះចន្រ្ទ (ពេញវង់) ក្នុងរថនោះ នាយសារថីបានទឹមសេះសិន្ធព ៤ មានសម្បុរដូចផ្កាកុមុទ មានសន្ទុះលឿនប្រហែលនឹងសន្ទុះខ្យល់ ដែលបង្ហាត់ល្អហើយ ប្រដាប់ដោយកម្រងផ្កា ជាវិការៈនៃមាស។ មានព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទវិទេហៈយាងទៅ (ដោយរថនោះ) ជាមួយនឹងពួកអាមាត្យ ក៏ល្អដូចជាព្រះចន្រ្ទ។ ពលដ៏ច្រើន ជាអ្នកទ្រទ្រង់លំពែង និងដាវ ទាំងពួកជនអ្នកក្លាហាន ក៏ជិះលើខ្នងសេះ ហើយតាមដង្ហែព្រះរាជានោះ ដែលជាធំដ៏ប្រសើរជាងនរៈ។ ព្រះបាទវិទេហៈជាក្សត្រនោះ ក៏យាងទៅកាន់ឧទ្យានដោយមួយរំពេច ទ្រង់ចុះពីយាន យាងផ្ទាល់ព្រះបាទជាមួយនឹងអាមាត្យ ក៏យាងទៅរកអាជីវក ឈ្មោះគុណៈ។ គ្រានោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយណា ដែលមកប្រជុំគ្នាក្នុងឧទ្យាននោះ ព្រះរាជាក៏មិនបណ្តេញព្រាហ្មណ៍ និងគហបតីទាំងនោះ ដែលមកកាន់ទីដែលមិនបានធ្វើឱកាស។
[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រថាប់) លើពូកមានសម្ផ័ស្សទន់ លើកម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់ លើទីដែលគេក្រាលដោយកម្រាលដ៏ទន់។ ព្រះរាជាលុះគង់ហើយ ក៏រីករាយ (ជាមួយ) អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់នូវពាក្យគួររលឹកថា បពិត្រលោកដ៏ចំរើន សរីរៈរបស់លោក អាចប្រព្រឹត្តទៅបានទេឬ ធាតុខ្យល់មិនប្រព្រឹត្តទៅ (ស្រួលក្នុងសរីរៈ) ទេឬ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់លោក មិនលំបាកទេឬ លោកបានដុំបាយខ្លះដែរឬ លោកមិនមានអាពាធទេឬ ចក្ខុរបស់លោកមិនសាបសូន្យទេឬ។
[១០] អចេលកៈឈ្មោះគុណៈ បានរីករាយតបនឹងព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យដោយពាក្យថា បពិត្រមហារាជ អាត្មាភាពល្មមញុំាងសរីរៈឲ្យប្រព្រឹត្តទៅបាន ខាងដើមដំណើរទាំងអស់នុ៎ះ ដំណើរទាំងពីរដែលព្រះអង្គត្រាស់សួរហើយនោះ (ក៏ស្រួលដែរ)។ បពិត្រព្រះបាទវិទេហៈ បច្ចន្តគ្រាមទាំងឡាយរបស់ព្រះអង្គ មិនបះបោរទេឬ យានរបស់ព្រះអង្គ មិនខូចខាតទេឬ វាហនៈនៅប្រព្រឹត្តទៅបានទេឬ ព្យាធិទាំងឡាយដែលដុតកំដៅសរីរៈរបស់ព្រះអង្គមិនមានទេឬ។
[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់បា្រថ្នាធម៌ ក៏រីករាយតប ទើបសួរអត្ថផង ធម៌ផង ហេតុដែលគួរដឹងផងថា បពិត្រកស្សបគោត្រ សត្វគប្បីប្រព្រឹត្តធម៌ក្នុងមាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្តក្នុងអាចារ្យ តើដូចម្តេច គប្បីប្រព្រឹត្តក្នុងកូន និងប្រពន្ធ តើដូចម្តេច។ គប្បីប្រព្រឹត្តក្នុងពួកមនុស្សចាស់ តើដូចម្តេច ក្នុងសមណព្រាហ្មណ៍ តើដូចម្តេច ក្នុងពួកពល តើដូចម្តេច គប្បីប្រព្រឹត្តក្នុងជនបទ តើដូចម្តេច។ សត្វទាំងឡាយប្រព្រឹត្តធម៌ដូចម្តេច លះលោកនេះហើយ ទៅកាន់សុគតិ សត្វពួកខ្លះឋិតនៅក្នុងអធម៌ មានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក តើដូចម្តេច។
[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក៏ទូលដូច្នេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវបទដែលពិត មិនឃ្លៀងឃ្លាតរបស់អាត្មាភាពចុះ។ ផលល្អ និងអាក្រក់របស់បុគ្គលអ្នកប្រព្រឹត្តធម៌ មិនមានទេ បពិត្រព្រះសម្មតិទេព បរលោកក៏មិនមានដែរ ព្រោះថា ក្នុងលោកនេះ មាននរណាមកពីបរលោក។ បពិត្រព្រះសម្មតិទេព មួយទៀត មាតាបិតា មិនមានទេ មាតា នឹងមានពីណា បិតា នឹងមានពីណា បុគ្គលដែលឈ្មោះថាអាចារ្យ មិនមានទេ បុគ្គលណា នឹងទូន្មានបុគ្គលដែលទូន្មានមិនបាន។ សត្វទាំងឡាយ មានតុល្យភាពស្មើៗគ្នា សត្វទាំងឡាយជាអ្នកគោរពចំពោះបុគ្គលចាស់ មិនមានទេ កំឡាំងក្តី ព្យាយាមក្តី ក៏មិនមានដែរ បុរសអ្នកព្យាយាម នឹងមានពីណា។ ព្រោះថា សត្វទាំងឡាយទៀង ដូចទូកតូចចងភ្ជាប់នឹងទូកធំ សត្វរមែងបានរបស់ដែលត្រូវបាន ផលទានក្នុងបរលោកនោះ នឹងមានពីណា។ បពិត្រព្រះសម្មតិទេព ផលទានមិនមានទេ បពិត្រព្រះសម្មតិទេព សេចក្តីព្យាយាមមិនមានអំណាចទេ ទាន គឺពួកជនពាលទេតើបញ្ញត្តមក ពួកបណ្ឌិតចាំតែទទួលយកនូវទាននោះ ពួកជនពាលជាអ្នកមិនមានអំណាច សំគាល់ខ្លួនថាជាបណ្ឌិត រមែងឲ្យទានដល់បណ្ឌិតទាំងឡាយ។
[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ និងជីវិតទាំង ៧ នេះ ឈ្មោះថា ពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន។ ពួកទៀងទាំង ៧ នេះ គប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយ មិនឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថាសម្លាប់អ្នកណាបាន។ គ្រឿងសស្រ្តាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះ បុគ្គលសូម្បីសង្រួម ក៏មិនបរិសុទ្ធ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើន ក៏មិនកន្លងហួសនូវខណៈនោះដែរ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយ តាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង។
[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈ ជាកស្សបគោត្រហើយ ក៏ពោលដូច្នេះថា លោកដ៏ចំរើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ។ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា ក្នុងកាលមុន ខ្ញុំកើតជាមនុស្ស ប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតីដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបាបរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅនរក។
[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកំសត់ម្នាក់ ជាទាសៈឈ្មោះវីជកៈ រក្សាឧបោសថហើយ ចូលទៅកាន់សំណាក់នៃអចេលកៈឈ្មោះគុណៈ។ វីជកៈ លុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំបង្ហូរទឹកភ្នែក។
[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវីជកៈនោះថា ម្នាលសំឡាញ់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ ឬបានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្តេច ចូរបា្រប់ឲ្យយើងដឹងផង។
[១៧] វីជកៈបានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំមិនមានទេ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ចុះ។ ទូលព្រះបង្គំជាខ្ញុំរលឹកឃើញនូវសេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ក្នុងបូរីឈ្មោះសាកេត។ ទូលព្រះបង្គំជាខ្ញុំត្រូវពួកព្រាហ្មណ៍ និងគហបតីសរសើរហើយថា ជាអ្នកត្រេកអរក្នុងការចែករំលែកទាន ជាអ្នកមានការងារដ៏ស្អាត តែទូលព្រះបង្គំជាខ្ញុំមិនហ៊ាននឹកនានូវអំពើអាក្រក់របស់ខ្លួនដែលធ្វើហើយទេ។ បពិត្រព្រះបាទវិទេហៈ ទូលព្រះបង្គំជាខ្ញុំលុះច្យុតចាកអត្តភាពនោះ ក៏មកកើតក្នុងគភ៌នៃកុម្ភទាសី ជាស្រីទុគ៌តក្នុងក្រុងមិថិលានេះ តាំងពីកើតមក ទូលព្រះបង្គំជាខ្ញុំទុគ៌តក្រៃពេក។ សូម្បីទូលព្រះបង្គំជាខ្ញុំទុគ៌តយ៉ាងនេះ ក៏តាំងនៅក្នុងការប្រព្រឹត្តិស្មើ តែងឲ្យភត្តពាក់កណ្តាល ដល់បុគ្គលអ្នកត្រូវការ។ តែងរក្សា (ឧបោសថ) អស់ថ្ងៃទី ១៤ និងថ្ងៃទី ១៥ សព្វៗ កាល ទាំងមិនបៀតបៀនសត្វផង បានវៀរបង់ការលួចលាក់ផង។ អំពើដែលសន្សំល្អហើយទាំងអស់នេះ ជារបស់ឥតផល ដោយពិត ទូលព្រះបង្គំជាខ្ញុំសំគាល់ថា សីលនេះមិនមានប្រយោជន៍ទេ ដូចជាអលាតសេនាបតីពោលដែរ។ ដែលទូលព្រះបង្គំជាខ្ញុំទទួលទុក្ខទោសដោយជាក់ស្តែងនេះ ដូចជាអ្នកលេងដែលមិនមានសិល្បៈ ឬដូចជាអលាតសេនាបតី ជាអ្នកលេងស្កាបានរៀនហើយ ក៏បានទទួលការឈ្នះ។ ទូលព្រះបង្គំមិនឃើញទ្វារ សម្រាប់ទៅសុគតិសោះ បពិត្រព្រះរាជា ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំយំទួញ ព្រោះបានស្តាប់ភាសិតនៃអចេលកៈ ជាកស្សបគោត្រ។
[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យវីជកៈហើយ ទ្រង់ត្រាស់ថា ម្នាលវីជកៈ ទ្វារនៃសុគតិមិនមានទេ អ្នកចូរសង្ឃឹមការដ៏ទៀងចុះ។ បានឮថា សុខ ឬទុក្ខជារបស់ទៀង ដែលពួកសត្វរមែងតែបានសេចក្តីបរិសុទ្ធិ ព្រោះសង្សាររបស់សត្វទាំងអស់ (រមែងមាន) អ្នកកុំប្រញាប់ចង់ឃើញក្នុងកាលដែលមិនទាន់ដល់ (កំណត់នោះ) ឡើយ។ ក្នុងកាលមុន យើងជាបុគ្គលល្អ បានខ្វល់ខ្វាយ (បម្រើ) នូវពួកព្រាហ្មណ៍ និងគហបតី កាលប្រៀនប្រដៅនូវវោហារ (រាជកិច្ច) ក៏សាបសូន្យចាកសេចក្តីត្រេកអរ (ក្នុងកាមគុណ) ជាលំដាប់។
[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សបគោត្រថា បពិត្រលោកដ៏ចំរើន ប្រសិនបើមានការប្រជុំ យើងនឹងជួបគ្នាម្តងទៀត។ ព្រះបាទវិទេហៈ ទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ទ្រង់ត្រឡប់ទៅកាន់ព្រះនិវេសន៍របស់ព្រះអង្គវិញ។
[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទអង្គតិ ទ្រង់ប្រជុំពួកអាមាត្យក្នុងទីជាទីបម្រើ ហើយត្រាស់ព្រះតម្រាស់ដូច្នេះថា អាមាត្យទាំងឡាយ ចូរចាត់ចែងកម្មទាំងឡាយក្នុងវិមានចន្ទក៍របស់យើងសព្វៗកាល នាកាលសេចក្តីកំបាំង និងសេចក្តីជាក់ស្តែងកើតឡើងហើយ អាមាត្យឯណានីមួយ កុំមករកយើងឡើយ។ អាមាត្យឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ អលាតសេនាបតី ១ ទាំង ៣ នេះ ជាអ្នកឈ្លាសវៃក្នុងវោហារ (រាជកិច្ច) ចូរអង្គុយក្នុងទីជាទីវិនិច្ឆ័យសេចក្តីនេះចុះ។ ព្រះបាទវិទេហៈ លុះទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ក៏សំគាល់កាមទាំងឡាយដ៏ច្រើន ឈប់ខ្វល់ខ្វាយចំពោះព្រាហ្មណ៍គហបតី និងសេចក្តីណានីមួយ។
[២១] តាំងពីកាលនោះមក រហូតដល់រាត្រី ១៤ នាងរាជកញ្ញារបស់ព្រះបាទវិទេហៈព្រះនាមរុចា ជាធីតាបង្កើត ជាទីស្រឡាញ់ បានពោលចំពោះមេនំថា នែម៉ែ សូមម៉ែប្រដាប់ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រីជាសំឡាញ់របស់ខ្ញុំ ក៏ចូរប្រដាប់ស្អិតស្អាងដែរ ស្អែកជាថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅកាន់សំណាក់បិតា។ ស្ត្រីទាំងឡាយ បាននាំមកនូវផ្កាកម្រង ខ្លឹមចន្ទន៍ កែវមុណី ស័ង្ខ កែវមុក្តា មានដំឡៃដ៏ច្រើន និងសំពត់អម្ពរណ៍មានពណ៌ក្រហមផ្សេងៗ ថ្វាយព្រះរាជកញ្ញានោះ។ ពួកស្ត្រីដ៏ច្រើន បានចោមរោមព្រះរាជកញ្ញាព្រះនាមរុចានោះ ដែលមានសម្បុរដ៏រុងរឿង កំពុងគង់លើតាំងជាវិការៈនៃមាស។
[២២] ឯនាងរុចានោះ ស្អិតស្អាងដោយគ្រឿងអាភរណៈទាំងពួង ឋិតនៅក្នុងកណ្តាលនៃពួកស្ត្រីជាសំឡាញ់ បានចូលទៅកាន់វិមានចន្ទក៍ ដូចជាផ្លេកបន្ទោរអាស្រ័យមេឃ។ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យ ហើយយាងចូលទៅគង់លើតាំង ដែលវិចិត្រដោយមាសក្នុងទីសមគួរ។
[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការប្រជុំនោះ ដូចជាទីប្រជុំពួកស្រ្តីទេពអប្សរ ទើបត្រាស់ព្រះតម្រាស់នេះនឹងនាងរុចា ដែលឋិតនៅត្រង់កណ្តាលនៃពួកស្រ្តីជាសំឡាញ់ថា នាងត្រេកអរក្នុងប្រាសាទ ស្រះបោក្ខរណីខាងក្នុងដែរឬ ពួកជនបាននាំមកនូវបង្អែមមានប្រការដ៏ច្រើន ដល់នាងសព្វកាលដែរឬ។ នាងទាំងឡាយជាកុមារី បានក្រងកម្រងផ្កាដ៏ច្រើន ជាស្ត្រីនៅលេងល្បែង ត្រេកអរដោយសេចក្តីសប្បាយ បានធ្វើផ្ទះតូចៗទាំងឡាយផ្សេងៗគ្នាខ្លះដែរឬ។ មួយទៀត នាងខ្វះខាតដោយវត្ថុអ្វី ជនទាំងឡាយបាននាំមកយ៉ាងឆាប់ ដល់នាងដែរឬ ម្នាលនាងមានភក្រ្តផាត់លាបល្អ នាងចូរធ្វើតាមចិត្តចុះ សូម្បីរបស់ស្មើដោយព្រះចន្ទ ក៏ឪពុកផ្តល់ឲ្យនាងដែរ។
[២៤] នាងរុចា បានស្តាប់ព្រះរាជឱង្ការព្រះបាទវិទេហៈហើយ ទូលតបព្រះបិតាថា បពិត្រមហារាជ របស់ទាំងអស់នុ៎ះ ខ្ញុំម្ចាស់តែងបានក្នុងសំណាក់របស់ព្រះអង្គ ជាឥស្សរៈ។ ស្អែកជាថ្ងៃទី ១៥ ជាទិព្យ សូមឲ្យពួកជននាំកហាបណៈមួយពាន់ដល់ខ្ញុំម្ចាស់ៗ នឹងឲ្យទានចំពោះវណិព្វកៈទាំងអស់ តាមទំនងដែលខ្ញុំម្ចាស់ធ្លាប់ឲ្យហើយ។
[២៥] ព្រះរាជាអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនាងរុចាហើយ ទ្រង់ត្រាស់ថា ទ្រព្យដ៏ច្រើន ឈ្មោះថានាងធ្វើឲ្យវិនាស ធ្វើឲ្យឥតប្រយោជន៍ ធ្វើឲ្យឥតផលហើយ។ នាងរក្សាឧបោសថ មិនបរិភោគបាយទឹកជានិច្ច ឯបាយ និងទឹកដែលនាងមិនបរិភោគនេះ ជារបស់ទៀង បុណ្យមិនមានដល់បុគ្គលដែលមិនបរិភោគទេ ដូចយ៉ាងទាសៈឈ្មោះវីជកៈ បានស្តាប់ភាសិតអចេលកៈ ជាកស្សបគោត្រ ក្នុងកាលនោះ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំសម្រក់ទឹកភ្នែក។ ម្នាលនាងរុចា នាងកាលរស់នៅដរាបណា កុំអត់បាយឡើយ ម្នាលនាងដ៏ចំរើន បរលោកមិនមានទេ ព្រោះហេតុអ្វី នាងប្រឹងឲ្យលំបាកឥតប្រយោជន៍។
[២៦] នាងរុចាមានសម្បុរដ៏រុងរឿង បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈ កាលដឹងធម៌ខាងដើម និងខាងចុង ទើបពោលពាក្យនេះនឹងបិតាថា ពីដើម ខ្ញុំម្ចាស់គ្រាន់តែឮ (ថ្ងៃនេះ) រឿងនេះ ខ្ញុំម្ចាស់ឃើញជាក់ច្បាស់ហើយថា បុគ្គលណាសេពគប់នឹងជនពាល បុគ្គលនោះ ទៅជាបុគ្គលពាលដែរ។ ដ្បិតថា បុគ្គលវង្វេងអាស្រ័យនឹងបុគ្គលវង្វេង រមែងដល់សេចក្តីវង្វេងដ៏លើសលុប អលាតសេនាបតី និងទាសៈឈ្មោះវីជកៈគួរវង្វេងទៅចុះ (តែព្រះអង្គកុំវង្វេងឡើយ)។
[២៧] បពិត្រព្រះសម្មតិទេព ព្រះអង្គប្រកបដោយបញ្ញា ជាអ្នកប្រាជ្ញ ឈ្លាសក្នុងសេចក្តីចំរើន ហេតុអ្វីព្រះអង្គប្រហែលនឹងពួកជនពាល ហើយលុះទិដ្ឋិថោកទាប។
ប្រសិនបើសត្វបរិសុទ្ធដោយគន្លងនៃសំសារ បព្វជ្ជានៃអចេលកៈឈ្មោះគុណៈ ក៏មិនមានប្រយោជន៍ដែរ អចេលកៈឈ្មោះគុណៈ ជាអ្នកវង្វេងដោយមោហៈ ដល់នូវភាពជាអ្នកអាក្រាត ដូចជាសត្វកណ្តូបទម្លាក់ខ្លួនក្នុងភ្លើងកំពុងឆេះ។ ជនទាំងឡាយច្រើននាក់ កាលមិនដឹង ត្រូវអចេលកៈឈ្មោះគុណៈទូន្មានហើយក្នុងកាលមុនថា សេចក្តីបរិសុទ្ធិ ព្រោះសំសារដូច្នេះ ក៏បដិសេធនូវកម្មចេញ ប្រយោជន៍ដែលជនកាន់មិនល្អហើយ ក្នុងកាលមុន ក៏ទៅជាទោស ដូចត្រីដែលរួចអំពីសន្ទូចបានដោយក្រ។
[២៨] បពិត្រមហារាជ ខ្ញុំម្ចាស់នឹងធ្វើឧបមាថ្វាយព្រះអង្គ ដើម្បីប្រយោជន៍ដល់ព្រះអង្គ ព្រោះថា បណ្ឌិតពួកខ្លះក្នុងលោកនេះ រមែងដឹងសេចក្តីដោយពាក្យឧបមា។ ទូករបស់ពួកឈ្មួញផ្ទុកភារៈធ្ងន់ហួសប្រមាណ នាំទៅនូវភារៈធ្ងន់លើសលុប រមែងលិចក្នុងសមុទ្រយ៉ាងណា នរជនកាលសន្សំបាបបន្តិចម្តងៗ ឈ្មោះថាជាអ្នកកាន់យកនូវភារៈដ៏លើសលុប រមែងលិចក្នុងនរកយ៉ាងនោះដែរ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី ភារៈដ៏ធ្ងន់របស់អលាតសេនាបតី មិនទាន់ពេញប្រៀបនៅឡើយ អលាតសេនាបតីទៅកាន់ទុគ្គតិ ព្រោះបាបណា គាត់នៅតែសន្សំបាបនោះ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី អលាតសេនាបតីបានធ្វើបុណ្យហើយក្នុងកាលមុន បពិត្រព្រះសម្មតិទេព ឯអលាតសេនាបតីនុ៎ះបានសុខ ព្រោះអានិសង្សបុណ្យដែលគាត់ធ្វើហើយ ក្នុងកាលមុននោះឯង។ បុណ្យនោះរបស់គាត់អស់ហើយ បានជាគាត់ត្រេកអរក្នុងអកុសលកម្ម លះបង់នូវផ្លូវត្រង់ ហើយដើរទៅតាមផ្លូវវៀចវិញ។ កាលវត្ថុធ្ងន់ដែលគេដាក់ក្នុងមណ្ឌលនៃជញ្ជីង ជញ្ជីងក៏បះ កាលបើភារៈគេដាក់ចេញហើយ ក្បាលជញ្ជីងក៏ងើបឡើង យ៉ាងណាមិញ។ នរជនកាលសន្សំបុណ្យសូម្បីបន្តិចម្តងៗ ដូចជាទាសៈឈ្មោះវីជកៈ កាលប្រាថ្នាឋានសួគ៌ ត្រេកអរក្នុងកុសលកម្ម មានផលល្អ ក៏យ៉ាងនោះដែរ។ បាបណាដែលវីជកៈនោះបានធ្វើទុកក្នុងកាលមុន ទាសៈឈ្មោះវីជកៈឃើញទុក្ខណា ចំពោះខ្លួនក្នុងថ្ងៃនេះ ព្រោះគាត់បានធ្វើបាបក្នុងជាតិមុន បានជាគាត់ទទួលទុក្ខនោះ។ បាបរបស់គាត់នោះអស់ បានជាគាត់ត្រេកអរក្នុងវិន័យ សូមព្រះអង្គកុំគប់រកអចេលកៈ ឈ្មោះគុណៈជាកស្សបគោត្រ ហើយមកកាន់ផ្លូវខុសឡើយ។
[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីល ឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗឯង។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្រផង សេពបុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថា ការនៅរួមគ្នា រមែងប្រាកដដូច្នោះ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្ស ដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នោះ អ្នកប្រាជ្ញមិនត្រូវមានសំឡាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់។ ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ។ ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួន ដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពអសប្បុរសទេ ត្រូវសេពតែពួកសប្បុរស ព្រោះថា ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរស តែងឲ្យដល់សុគតិ។
[៣០] ខ្ញុំម្ចាស់បានរឭកឃើញនូវភាពនៃខ្លួន ដែលអន្ទោលទៅមកអស់ ៧ ជាតិមក ហើយ និង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់នឹងច្យុតចាកអត្តភាពនេះ ទៅក្នុងអនាគត។ បពិត្រព្រះអង្គជាធំជាងជន ក្នុងកាលមុន ជាតិណារបស់ខ្ញុំម្ចាស់ជាគំរប់ ៧ (ក្នុងជាតិនោះ) ខ្ញុំម្ចាស់បានកើតជាកូនជាងមាសក្នុងរាជគហបូរី ក្នុងដែនមគធៈ។ បាបដ៏ច្រើន ខ្ញុំម្ចាស់បានធ្វើហើយ ព្រោះអាស្រ័យសំឡាញ់ដ៏លាមក ខ្ញុំម្ចាស់ទាំងពីរនាក់ កាលបៀតបៀនប្រពន្ធនៃបុគ្គលដទៃ ប្រព្រឹត្ត (ខ្លួន) ដូចមិនស្លាប់។ អំពើនោះ កប់នៅដូចភ្លើងដែលកប់ក្នុងផេះ បពិត្រមហារាជ តទៅ ខ្ញុំម្ចាស់បានកើតក្នុងវំសភូមិ ក្រុងកោសម្ពី ជាកូនប្រុសតែមួយ មានគេធ្វើសក្ការបូជាជានិច្ចក្នុងត្រកូលសេដ្ឋី ជាត្រកូលស្តុកស្តម្ភ សម្បូរ មានទ្រព្យច្រើន ដោយកម្មដទៃ។ ក្នុងកាលនោះ ខ្ញុំម្ចាស់បានសេពគប់មិត្រសំឡាញ់ អ្នកត្រេកអរក្នុងកុសល ជាបណ្ឌិតអ្នកបរិបូណ៌ដោយការចេះដឹង មិត្រនោះ បានតម្កល់ខ្ញុំម្ចាស់ក្នុងអំពើជាប្រយោជន៍។ ខ្ញុំម្ចាស់បានរក្សាឧបោសថអស់រាត្រីទី ១៤ និងទី ១៥ ដ៏ច្រើន កម្មនោះនៅកប់ដូចកំណប់ក្នុងទឹក។ ក៏បណ្តាបាបកម្មទាំងឡាយ បរទារកកម្មណា ដែលខ្ញុំម្ចាស់បានធ្វើហើយ ក្នុងដែនមគធៈ ផល (នៃបរទារកកម្ម) នោះ ផ្តល់ក្នុងកាលជាខាងក្រោយ ដូចបុគ្គលអ្នកបរិភោគភោជន ដែលលាយដោយពិសដ៏កាចដូច្នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកត្រកូលសេដ្ឋីនោះមក ក៏ឆេះក្នុងរោរុពនរកអស់កាលដ៏យូរ ដោយកម្មរបស់ខ្លួន ខ្ញុំម្ចាស់កាលរឭកឃើញទុក្ខក្នុងនរកនោះ រមែងមិនបានសេចក្តីសុខ។ ខ្ញុំម្ចាស់ញ៉ាំងសេចក្តីទុក្ខដ៏ច្រើនឲ្យអស់ទៅក្នុងរោរុពនរកនោះ អស់ពួកនៃឆ្នាំដ៏ច្រើន បានមកកើតជាពពែ គេក្រៀវអណ្ឌៈ ក្នុងក្រុងភិន្នាគតៈ។
[៣១] ខ្ញុំម្ចាស់បាននាំពួកកូនអាមាត្យដោយខ្នងផង ដោយរថផង (ការឆេះក្នុងរោរុពនរកជាដើមនោះ) ជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ ក៏កើតជាស្វាក្នុងព្រៃធំ ត្រូវស្វាជាម្ចាស់ហ្វូង ជាសត្វឃ្នើសឃ្នង ខាំកាត់ពូជចេញ នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាគោក្នុងដែនទសន្នៈ ជាគោដ៏ចំរើន មានសន្ទុះលឿន ត្រូវគេក្រៀវ ខ្ញុំម្ចាស់បានអូសរទេះអស់កាលដ៏យូរ នេះជាផលកម្ម គឺការគប់រកប្រពន្ធអ្នកដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានមក (កើត) ក្នុងត្រកូលក្នុងដែនវជ្ជី ក្នុងភាពជាមនុស្ស ដែលគេបានដោយក្រ តែមិនមែនស្រីមិនមែនប្រុស (ខ្ទើយ) នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាស្រីអប្សរ មានវណ្ណៈគួរប្រាថ្នា ក្នុងនន្ទវនឧទ្យាន ក្នុងឋានតាវត្តិង្ស។ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមុណី ជាស្រីឈ្លាសក្នុងការរាំ និងច្រៀង ជាស្រីបម្រើទេវរាជឈ្មោះសក្កៈ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ឋិតនៅក្នុងឋានតាវត្តិង្សនោះ រលឹកឃើញជាតិ ៧ ដែលខ្ញុំម្ចាស់នឹងទៅក្នុងអនាគត។ កុសលណា ដែលខ្ញុំម្ចាស់បានធ្វើហើយក្នុងក្រុងកោសម្ពី កុសលនោះ តាមមកឲ្យផល ខ្ញុំម្ចាស់ច្យុតចាកអត្តភាពជាទេពធីតានុ៎ះ នឹងអន្ទោលទៅហើយក្នុងទេវលោក និងមនុស្សលោក។ បពិត្រមហារាជ ខ្ញុំម្ចាស់ដែលគេធ្វើសក្ការបូជាជានិច្ចអស់ជាតិទាំងឡាយ ៧ តែខ្ញុំម្ចាស់នឹងមិនរួចហើយចាកភាពជាស្រីអស់គតិ ៦ នេះ។ បពិត្រព្រះសម្មតិទេព ក្នុងគតិជាគំរប់ ៧ ខ្ញុំម្ចាស់នឹងកើតជាទេវតាប្រុស ជាទេវបុត្រមានឫទិ្ធច្រើនដ៏ឧត្តមក្នុងពួកទេវតា។ ក៏ក្នុងថ្ងៃនេះ នាងទេពកញ្ញាទាំងឡាយ នៅកំពុងតែក្រងផ្កាជាផ្ទាំង ក្នុងនន្ទនវ័ន ទេវបុត្រឈ្មោះជវៈ (ជាស្វាមីខ្ញុំម្ចាស់នោះ) កំពុងទទួលកម្រងផ្កាដើម្បីខ្ញុំម្ចាស់។ ១៦ ឆ្នាំ ក្នុងជាតិរបស់ខ្ញុំម្ចាស់នេះ ហាក់ដូចជាកាលទិព្វនោះមួយរំពេច មួយយប់ មួយថ្ងៃទិព្វនោះ ជា ១០០ ឆ្នាំរបស់មនុស្ស។ កម្មទាំងឡាយ រមែងអន្ទោលតាម អស់ជាតិជាអសង្ខេយ្យដូច្នេះឯង ដ្បិតថា កម្មល្អក្តី លាមកក្តី មិនវិនាសទេ។
[៣២] ប្រុសណាប្រាថ្នាឲ្យបានជាភេទប្រុសរាល់ៗជាតិ ត្រូវវៀរប្រពន្ធបុគ្គលដទៃ ដូចជាបុគ្គលអ្នកមានជើងលាងហើយ វៀរបង់នូវភក់ដូច្នោះ។ ស្រ្តីណាប្រាថ្នាឲ្យបានជាប្រុសរាល់ៗជាតិ ត្រូវគោរពប្តី ដូចជាពួកស្រីអប្សរ ជាអ្នកបំរើ គោរពព្រះឥន្ទដូច្នោះ។ បុគ្គលណាចង់បានភោគៈជាទិព្វ អាយុ យស និងសុខជាទិព្វ ត្រូវវៀរបង់អំពើបាបទាំងឡាយ ប្រព្រឹត្តសុច្ចរិតធម៌ ៣ យ៉ាង។ ស្រ្តីក្តី បុរសក្តី ជាអ្នកមិនធ្វេសប្រហែសដោយកាយ វាចា ចិត្ត មានប្រាជ្ញាជាគ្រឿងពិចារណា ឈ្មោះថា កើតមកដើម្បីប្រយោជន៍របស់ខ្លួន។
ពួកមនុស្សណានីមួយ ក្នុងជីវលោក ជាអ្នកមានយស មានភោគៈបរិបូណ៌ទាំងអស់ ពួកមនុស្សទាំងនោះ បានសន្សំកម្មល្អហើយក្នុងកាលមុន ដោយឥតសង្ស័យ សត្វទាំងអស់ជាច្រើន សុទ្ធតែមានកម្មជារបស់ខ្លួន។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ត្រិះរិះរឿយៗ ដោយព្រះអង្គឯងចុះ បពិត្រព្រះអង្គ ជាធំជាងជន ស្រ្តីទាំងឡាយណា របស់ព្រះអង្គ ប្រាកដស្មើដោយស្រីអប្សរ មានខ្លួនប្រដាប់ហើយ បិទបាំងដោយបណ្តាញមាស តើស្រ្តីទាំងនេះរបស់ព្រះអង្គ មានអ្វីជាហេតុ។
ព្រះរាជកញ្ញាព្រះនាមរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតាឲ្យត្រេកអរយ៉ាងនេះ ដូច្នេះឯង នាងជាអ្នកមានវត្តល្អ បានប្រាប់ផ្លូវ (សុគតិ) ដល់ព្រះបិតា (ដូចបុគ្គលប្រាប់ផ្លូវ) ដល់មនុស្សវង្វេង នាងបានសំដែងសុចរិតធម៌។
[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់គន្លងជារបស់មនុស្ស ប្រមើលមើលជម្ពូទ្វីប ក៏បានឃើញព្រះបាទអង្គតិ។ លំដាប់នោះ នារទព្រហ្មឋិតនៅឰដ៏អាកាសក្នុងប្រាសាទ ខាងមុខនៃព្រះបាទវិទេហៈ នាងរុចាបានឃើញនារទព្រហ្មនោះ ដែលមកដល់ហើយ ក៏ថ្វាយបង្គំនារទព្រហ្មដែលតំណែងខ្លួនជាឥសី។
[៣៤] គ្រានោះ ព្រះរាជាមានព្រះហ្ឫទ័យតក់ស្លុត ក៏ចុះអំពីអាសនៈ ហើយសាកសួរនារទព្រហ្ម ទើបត្រាស់ព្រះបន្ទូលដូច្នេះថា លោកមានវណ្ណៈដូចទេវតា ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ តើទើបនឹងមកអំពីទីណា យើងសួរហើយ លោកចូរប្រាប់នាម និងគោត្រ មនុស្សទាំងឡាយក្នុងមនុស្សលោក តើគេស្គាល់ដូចម្តេចបាន។
[៣៥] (នារទព្រហ្ម…) អាត្មាភាពទើបនឹងមកអំពីទេវលោក ក្នុងកាលឥឡូវនេះ ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ អាត្មាភាពដែលព្រះអង្គសួរហើយ នឹងទូលនាម និងគោត្រថា មនុស្សទាំងឡាយស្គាល់អាត្មាភាពថា ឈ្មោះនារទៈ ជាកស្សបគោត្រ។
[៣៦] (ព្រះរាជា…) សណ្ឋានរបស់លោកប្រាកដយ៉ាងណាផង លោកកំពុងដើរក្តី កំពុងឈរក្តី ឰដ៏អាកាសផង (នេះ) មានសភាពជាអស្ចារ្យ បពិត្រនារទៈ ខ្ញុំសួរសេចក្តីនេះនឹងលោក តើឫទ្ធិរបស់លោកនេះ មានដោយហេតុអ្វី។
[៣៧] (នារទព្រហ្ម…) សច្ចៈ ១ ធម៌ ១ ទមៈ ១ ចាគៈ ១ គុណធម៌នេះ អាត្មាភាព បានសាងមកហើយ អំពីជាតិមុន អាត្មាភាពមានសន្ទុះចិត្តទៅតាមប្រាថ្នាបាន ព្រោះធម៌ដែលអាត្មាភាពសេពល្អហើយទាំងនោះឯង។
[៣៨] (ព្រះរាជា…) ឥឡូវនេះ លោកប្រាប់ការសម្រេចនៃបុណ្យជារបស់អស្ចារ្យហើយ បពិត្រនារទៈ ប្រសិនបើដូចជាលោកពោលយ៉ាងនេះមែន ខ្ញុំសូមសួរសេចក្តីនេះនឹងលោកទៀត បើខ្ញុំសួរហើយ សូមលោកឆ្លើយឲ្យប្រពៃចុះ។
[៣៩] (នារទព្រហ្ម…) បពិត្រព្រះរាជាជាភូមិបាល ព្រះអង្គធ្វើសេចក្តីសង្ស័យណាសូមទ្រង់សួរអាត្មាភាពចុះ អាត្មាភាពជាប្រយោជន៍របស់ព្រះអង្គហើយ អាត្មាភាពនឹងញ៉ាំងព្រះអង្គឲ្យដល់នូវភាពជាអ្នកមិនមានសេចក្តីសង្ស័យ ដោយន័យ ដោយញាណ និងដោយហេតុទាំងឡាយ។
[៤០] (ព្រះរាជា…) បពិត្រនារទៈ ខ្ញុំសូមសួរសេចក្តីនេះនឹងលោក បពិត្រនារទៈ ខ្ញុំសួរហើយ លោកកុំពោលមុសាវាទឡើយ នរជនបានសួរថា ទេវតាមានឬ មាតាបិតាមានឬ បរលោកមានឬ។
[៤១] (នារទព្រហ្ម…) នរជនបានពោលថា ទេវតាមាន មាតាបិតាមាន បរលោកមាន ពួកជនជាអ្នកជាប់ក្នុងកាម ជាអ្នកវងេ្វងប្រកបដោយមោហៈ រមែងមិនបានដឹងនូវបរលោកឡើយ។
[៤២] (ព្រះរាជា…) បពិត្រនារទៈ ប្រសិនបើលោកជឿថា លំនៅនៃជនទាំងឡាយដែលស្លាប់ទៅហើយ មានក្នុងបរលោកមែន លោកចូរឲ្យកហាបណៈ ៥០០ ដល់ខ្ញុំក្នុងលោកនេះចុះ ខ្ញុំនឹងសងកហាបណៈជា ១ ពាន់ ដល់លោកក្នុងបរលោកវិញ។
[៤៣] (នារទព្រហ្ម…) ប្រសិនបើយើងដឹង (នូវអ្នកដ៏ចំរើន) ថា មានសីល ជាអ្នកដឹងនូវពាក្យស្មូម យើងនឹងឲ្យកហាបណៈ ៥០០ ដល់អ្នកដ៏ចំរើន ប៉ុនែ្តបើអ្នកដ៏ចំរើននោះ ជាមនុស្សអាក្រក់ នៅក្នុងនរក តើបុគ្គលណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។ សូម្បីក្នុងលោកនេះ បុគ្គលណាមិនមានធម៌ជាប្រក្រតី មានមារយាទដ៏លាមក ជាអ្នកខ្ជិលច្រអូស មានការងារអាក្រក់ ពួកបណ្ឌិតក៏មិនឲ្យបុគ្គលនោះបុលទ្រព្យទេ ព្រោះថា ការបាន (ទ្រព្យ) អំពីបុគ្គលមានប្រការដូច្នោះ មិនមានឡើយ។ ពួកមនុស្សដឹងនូវបុរសថា ជាអ្នកប៉ិនប្រសប់ មានព្យាយាម មានសីល ជាអ្នកដឹងពាក្យស្មូម រមែងអញ្ជើញខ្លួនឯងដោយភោគៈទាំងឡាយថា អ្នកធ្វើការងារហើយ គប្បីសងយើងវិញ។
[៤៤] បពិត្រព្រះរាជា បើព្រះអង្គច្យុតចាកអត្តភាពនេះទៅ នឹងទតឃើញខ្លួនព្រះអង្គដែលហ្វូងក្អែកកំពុងចឹកជញ្ជែងក្នុងនរកនោះ ព្រះអង្គគង់ក្នុងនរក ដែលហ្វូងក្អែក ត្មាត និងឆ្កែកំពុងទំពាស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើបុគ្គលណានឹងទៅទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។
[៤៥] សេចក្តីងងឹតខ្លាំង រមែងមានក្នុងនរកនោះ ព្រះចន្ទ និងព្រះអាទិត្យក៏មិនមាន នរកនោះ មានងងឹតដ៏ក្រាស់សព្វកាល មានសភាពគួរខ្លាច យប់ក៏មិនប្រាកដ ថ្ងៃក៏មិនប្រាកដ នរណាជាអ្នកត្រូវការដោយទ្រព្យ គប្បីត្រាច់ទៅក្នុងនរកដូច្នោះបាន។
[៤៦] ឆ្កែពពាល និងឆ្កែលឿងទាំងពីរពួក មានកាយធាត់ធំ មានកំឡាំង តែងខាំស៊ីនូវសត្វដែលច្យុតអំពីលោកនេះ ធ្លាក់ទៅក្នុងបរលោកដោយធ្មេញជាវិការៈនៃដែក។ ព្រះអង្គកាលនៅក្នុងនរក ត្រូវពួកឆ្កែដ៏កាចអាក្រក់ នាំមកនូវសេចក្តីទុក្ខ ខាំស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។
[៤៧] ពួកនាយនិរយបាល ឈ្មោះកាលូបកាលៈ ក្នុងនរកគួរខ្លាចដ៏ពន្លឹក ជាបច្ចាមិត្រ តែងសម្លាប់ ឬចាក់នរជន ដែលធ្វើអំពើអាក្រក់ក្នុងកាលមុន ដោយព្រួញ និងលំពែងដែលសំលៀងមុតហើយ។ ព្រះអង្គកាលទៅក្នុងនរក ត្រូវនាយនិរយបាល ចាក់ត្រង់ក្លៀក ត្រង់ឆ្អឹងជំនីរ វះពោះ មានខ្លួនធ្លុះធ្លាយ មានឈាមហូរចេញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។
[៤៨] ក្នុងនរកនោះ មានភ្លៀងបង្អុរចុះជាអាវុធផេ្សងៗ គឺលំពែងព្រួញ លំពែងស្នែងក្របី និងច្បូក ភ្លៀងអាវុធ មានអណ្តាតដូចជារងើកភ្លើង រមែងធ្លាក់លើក្បាល រន្ទះថ្ម រមែងបង្អុរចុះលើបុគ្គលអ្នកមានអំពើអាក្រក់។ ក្នុងនរកនោះ មានខ្យល់ដ៏ក្តៅ ដែលអត់ធន់បានដោយក្រ ព្រះអង្គដែលមានកម្មអាក្រក់ រមែងមិនបានសេចក្តីសុខតិចតួចក្នុងនរកនោះឡើយ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកនឹងព្រះអង្គនោះ ដែលក្តៅក្រហាយជានិច្ច ស្ទុះទៅមក មិនមានទីពួន។
[៤៩] ព្រះអង្គស្ទុះទៅស្ទុះមក ដែលនាយនិរយបាលទឹមក្នុងរថ ព្រះអង្គជាន់ផែនដីមានអណ្តាតភ្លើងសន្ធោសន្ធៅ ដែលនាយនិរយបាលកំពុងចាក់ដោយជន្លួញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។
[៥០] ព្រះអង្គឡើងកាន់ភ្នំ ដ៏ដេរដាសដោយកាំបិត ជាភ្នំគួរស្ញើប មានអណ្តាតភ្លើងច្រាលរន្ទាលឆ្អិនឆ្អៅគួរខ្លាច ព្រះអង្គមានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។
[៥១] ព្រះអង្គឡើងកាន់គំនររងើកភ្លើង ប្រាកដស្មើដោយភ្នំដ៏ច្រាលឆ្អៅ គួរខ្លាច មានខ្លួនឆេះសព្វ ជាសត្វកំព្រា ទួញយំ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។
[៥២] ដើមឈើដ៏ខ្ពស់ស្មើនឹងពពក វិចិត្រដោយបន្លាដ៏មុត ជាវិការៈនៃដែក ជាបន្លាផឹកឈាមរបស់នរជន។ ពួកស្រ្តី និងបុរស ដែលក្បត់ប្រពន្ធនៃបុគ្គលដទៃ ត្រូវពួកនាយនិរយបាលមានដាវក្នុងដៃ ជាអ្នកធ្វើតាមពាក្យរបស់យមរាជចាក់ហើយ រមែងឡើងដើមឈើនោះ។ ព្រះអង្គនឹងឡើងដើមរកាក្នុងនរក មានកាយរាត់រាយ ប្រឡាក់ដោយឈាម មានស្បែករបក ក្តៅក្រហាយជានិច្ច មានវេទនាដ៏ខ្លាំង។ ដកដង្ហើមដ៏ក្តៅរឿយៗ មានកំហុសព្រោះបុព្វកម្ម មានខ្លួនរបកស្បែក នៅលើចុងរកា តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។
[៥៣] ដើមឈើខ្ពស់ស្មើនឹងពពក វិចិត្រដោយស្លឹកជាដាវ ជាវិការៈនៃដែកដ៏មុត ជាស្លឹកផឹកឈាមនៃនរជន។ ព្រះអង្គនឹងឡើងដើមរកា មានស្លឹកជាដាវ ត្រូវនាយនិរយបាល កាប់ដោយដាវដ៏មុត មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។
[៥៤] ព្រះអង្គនឹងដើរចេញអំពីនរកមានដើមរកា មានស្លឹកជាដាវនោះហើយ ក៏ធ្លាក់ទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណី តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។
[៥៥] ស្ទឹងនរកឈ្មោះវេត្តរណីដ៏កាច មានទឹកផ្សាក្តៅ ឆ្លងបានដោយកម្រ ដ៏ដេរដាសដោយស្លឹកឈូកជាវិការៈនៃដែក រមែងហូរទៅតាមស្លឹកដ៏មុត។ ព្រះអង្គមានខ្លួនធ្លុះធ្លាយ ប្រឡាក់ដោយឈាម ដែលខ្សែទឹកហូរកួចទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណីនោះ ជាស្ទឹងមិនមានអ្វីតោងទេ តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។
[៥៦] (ព្រះរាជា…) ខ្ញុំញាប់ញ័រ ដូចជាដើមឈើបម្រុងបាក់ ខ្ញុំវង្វេងសញ្ញា មិនដឹងទិស ក្តៅក្រហាយរឿយៗ ព្រោះភ័យ (នឹងបាបដែលខ្លួនធ្វើហើយ) បពិត្រឥសី ភ័យដ៏ធំកើតឡើងដល់ខ្ញុំ ព្រោះបានស្ដាប់គាថាដែលលោកសំដែងហើយ។
បពិត្រឥសី សូមលោកជាទីពឹងរបស់ខ្ញុំ ដូចជាបុគ្គលកាលចុះទៅកាន់ទីពាក់កណ្តាលទឹក ព្រោះកាយត្រូវភ្លើងកំពុងឆេះ ឬដូចជាកោះរបស់ពួកជន ដែលធ្លាយសំពៅ ក្នុងអន្លង់ធំ ក្នុងមហាសមុទ្រ ឬក៏ដូចជាប្រទីបរបស់ពួកជនអ្នកទៅក្នុងទីងងឹត។
បពិត្រឥសី សូមលោកប្រៀនប្រដៅអត្ថ និងធម៌ខ្ញុំផង កំហុសខ្ញុំបានប្រព្រឹត្ត កន្លងហើយអស់កាលយូរ បពិត្រនារទៈ សូមលោកប្រាប់ផ្លូវសេចក្តីបរិសុទ្ធិដល់ខ្ញុំ កុំឲ្យខ្ញុំធ្លាក់ទៅនរកឡើយ។
[៥៧] (នារទព្រហ្ម…) ព្រះបាទធតរដ្ឋ ១ វេស្សាមិត្ត ១ អដ្ឋកៈ ១ យមទគ្គិ ១ ឧសិន្នរៈ ១ (សិវិ ១) ព្រះរាជាទាំង ៦ អង្គនេះ នឹងពួកព្រះរាជាដទៃ ជាអ្នកបំរើសមណព្រាហ្មណ៍ ទៅកាន់វិស័យឋានសួគ៌យ៉ាងណា។ បពិត្រព្រះអង្គជាធំលើផែនដី ព្រះអង្គចូរវៀរអធម៌ ហើយប្រព្រឹត្តធម៌យ៉ាងនោះចុះ ម្យ៉ាងទៀត ពួករាជបុរសអ្នកកាន់យកបាយ ក្នុងប្រាសាទរបស់ព្រះអង្គក្តី ក្នុងបូរីរបស់ព្រះអង្គក្តី ចូរឃោសនាថា នរណាឃ្លាន នរណាស្រេក នរណាចង់បានកម្រងផ្កា នរណាចង់បានគ្រឿងលាប នរណាអាក្រាត ចង់ស្លៀកដណ្តប់សំពត់ជ្រលក់ពណ៌ផេ្សងៗ។ នរណាចង់បាំងឆត្រដើរក្នុងផ្លូវ នរណាចង់បានស្បែកជើងដ៏ទន់ល្អ ពួករាជបុរស ចូរឃោសនាក្នុងបូរីរបស់ព្រះអង្គ រាល់ព្រឹករាល់ល្ងាចដូច្នេះឯង។ សូមព្រះអង្គកុំទឹមគោ និងសេះជាសត្វចិញ្ចឹមចាស់ៗ ដូចក្នុងកាលមុនឡើយ (សត្វណា) មានកំឡាំងធ្វើឧបការៈច្រើនដល់ព្រះអង្គៗ ចូរប្រទានការរក្សា (ដល់សត្វនោះ) ផង។
[៥៨] កាយរបស់ព្រះអង្គ ចូរសំគាល់ថា ដូចរថ មានចិត្តជានាយសារថី ជាកាយរហ័សរហួន មានការមិនបៀតបៀនជាភ្លៅ ដែលគេសម្រេចល្អហើយ មានការចែករំលែកទានជាផ្ទុរ មានការសង្រួមជើងជាខ្នងកង់ មានការសម្រួមដៃជាទ្រពង មានការសង្រួមផ្ទៃជាប្រេងលាប មានការសង្រួមវាចាជាសូរមិនលាន់ឮ។ មានពាក្យពិត ជាអង្គនៃរថដ៏បរិបូណ៌ មានការមិនញុះញុងជាត្រណាប់ជិតល្អ មានវាចាពីរោះ ជាអង្គនៃរថមិនមានទោស គឺថារលីង មានការពោលល្មមប្រមាណជាគ្រឿងចង។ មានសទ្ធា និងអលោភៈ ជាគ្រឿងប្រដាប់រថ មានការបន្ទន់បន្ទាប និងអញ្ជលីកម្ម ជាទូកមានការមិនរឹងត្អឹងជាចន្ទោលរថ មានការសង្រួមសីល ជាព្រ័ត្រជ្រាម។ មានការមិនក្រោធជាការមិនសណ្តក មានសុចរិតធម៌ ជាឆ័ត្រស មានពាហុសច្ចៈ ជាខ្សែចន្ទោល មានចិត្តតាំងនៅនឹង ជាអាសនៈ មានការដឹងកាល ជាឈើខ្លឹមដ៏វិចិត្រ មានសេចក្តីក្លៀវក្លា ជាចន្ទល់ មានការប្រព្រឹត្តិបន្ទន់ខ្លួនជាខ្សែ មានការមិនមើលងាយជានឹមដ៏ស្រាល។ មានចិត្តមិនរួញរា ជាកម្រាល មានការសេពសេចក្តីចំរើន (ដោយបញ្ញា) ជាអំបោស សតិរបស់ព្រះអង្គជាអ្នកប្រាជ្ញ ទុកជាជន្លួញ មានព្យាយាមដ៏មាំ និងការប្រកបជាខ្សែបរ។ ចិត្តដែលទូន្មានល្អហើយ រមែងទៅកាន់ផ្លូវ (ដូចរថដែលទៅកាន់ផ្លូវត្រង់) ដោយសារសេះទាំងឡាយដែលនាយសារថីហ្វឹកហ្វឺនល្អហើយ ព្រោះសេចក្តីប្រាថ្នា និងសេចក្តីលោភជាផ្លូវខុស ការសង្រួមជាផ្លូវត្រង់។ បពិត្រព្រះរាជា កាលបើរថ គឺកាយ (របស់ព្រះអង្គ) ស្ទុះទៅក្នុងរូប សម្លេង រស ក្លិន តួបញ្ញាជាជន្លួញសម្រាប់គោះ ឯខ្លួនព្រះអង្គជានាយសារថីក្នុងរថនោះ។ បពិត្រព្រះរាជា ប្រសិនបើការប្រព្រឹត្តិស្មើនឹងសេចក្តីព្យាយាមដ៏មាំ ដោយយាន គឺកាយនោះ ការបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាងក៏កើតមាន សត្វមិនទៅកាន់នរកដោយដាច់ខាត។
[៥៩] អលាតសេនាបតី គឺទេវទត្ត សុនាមអាមាត្យ គឺភទ្ទជិ វិជយអាមាត្យ គឺសារីបុត្ត វីជកទាសៈ គឺមោគ្គល្លាន។ អចេលកៈឈ្មោះគុណៈ គឺសុនក្ខត្តលិច្ឆវីបុត្ត នាងរុចាណា បានញ៉ាំងព្រះរាជាឲ្យជ្រះថ្លា នាងរុចានោះ គឺអានន្ទ។ ព្រះរាជា (អង្គតិ) ដែលមានទិដ្ឋិអាក្រក់ក្នុងកាលនោះ គឺឧរុវេលកស្សប មហាព្រហ្ម គឺពោធិសត្វ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក ដូចសំដែងមកនេះ។
ចប់ មហានារទកស្សបជាតក ទី៨។
(៥៤៦. វិធុរជាតកំ (៩))
(ទោហឡកណ្ឌំ)
[៦០] (វរុណនាគរាជសួរថា) នាងមានសម្បុរលឿង ស្គាំងស្គម មានកំឡាំងតិច ពីដើមរូបសម្បុររបស់នាង មិនមែនបែបនេះទេ ម្នាលនាងវិមលា ខ្ញុំសួរហើយ នាងចូរប្រាប់ តើវេទនាក្នុងសរីរៈរបស់នាងដូចម្តេច។
[៦១] (នាងវិមលាទូលថា) បពិត្រព្រះអង្គជាធំជាងនាគជន ទំនៀមរបស់ស្រ្តីទាំងឡាយក្នុងពួកមនុស្ស (ដែលមានគភ៌) គេហៅថា ចំណង់ប្លែក បពិត្រព្រះអង្គជាកុញ្ជររបស់នាគ ខ្ញុំម្ចាស់ចង់បានដួងហ្ឫទ័យរបស់វិធុរបណ្ឌិត ដែលត្រូវនាំយកមកដោយធម៌។
[៦២] (វរុណនាគរាជ…) ម្នាលនាងវិមលា នាងចង់បាន (ដួងហ្ឫទ័យរបស់វិធុរបណ្ឌិតនោះ ដូចបុគ្គលប្រាថ្នា) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះពាយ ព្រោះថា ការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន។
[៦៣] (នាងឥរន្ទតី…) បពិត្របិតា ហេតុអ្វីហ្ន៎ ព្រះអង្គសញ្ជប់សញ្ជឹង ព្រះភក្រ្តរបស់ព្រះអង្គដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ បពិត្រព្រះអង្គជាឥស្សរៈ ព្រះអង្គតូចព្រះហ្ឫទ័យដូចម្តេច បពិត្រព្រះអង្គអ្នកញ៉ាំងសត្រូវឲ្យក្តៅ សូមព្រះអង្គកុំទ្រង់សោយសោកឡើយ។
[៦៤] (វរុណនាគរាជ…) ម្នាលនាងឥរន្ទតី មាតារបស់នាងចង់បានហ្ឫទ័យរបស់វិធុរបណ្ឌិត តែការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន។
[៦៥] ភស្តាណា នាំវិធុរបណ្ឌិតមកក្នុងទីនេះបាន នាងចូរត្រាច់ទៅស្វែងរកភស្តានោះចុះ។ នាងឥរន្ទតីនោះ លុះបានស្តាប់បន្ទូលព្រះបិតាហើយ ក៏ចេញទៅក្នុងវេលារាត្រី ជាស្រីជោកជាំ (ដោយរាគៈ) បានត្រាច់ទៅ (ស្វែងរកព្រះភស្តា)។
[៦៦] (នាងឥរន្ទតី…) នរណាទោះជាគន្ធព្វក្តី នរណាទោះជាអារក្សទឹក ឬជានាគក្តី នរណាទោះជាកិន្នរ ឬជាមនុស្សក្តី នរណាទោះជាបណ្ឌិត ដែលឲ្យសេចក្តីប្រាថ្នាទាំងពួងក្តី អ្នកនោះនឹងជាភស្តារបស់ខ្ញុំ អស់កាលមានរាត្រីដ៏វែង។
[៦៧] (បុណ្ណកយក្ស…) ម្នាលនាង មានភ្នែកគេតិះដៀលមិនបាន នាងចូរដកដង្ហើមស្រួល (ត្រេកអរ) ចុះ ខ្ញុំនឹងជាប្តីរបស់នាង នឹងជាភស្តារបស់នាង ដោយសារបញ្ញារបស់ខ្ញុំមានសភាពដូច្នោះ នាងចូរដកដង្ហើមស្រួលចុះ នាងនឹងជាភរិយារបស់ខ្ញុំ។
[៦៨] នាងឥរន្ទតី ក៏មានចិត្តកួចកាន់តាមគន្លងដែលធ្លាប់ជាប្តីក្នុងជាតិមុន បាននិយាយនឹងបុណ្ណកយក្សថា អ្នកចូរមក យើងនឹងនាំគ្នាទៅឯសំណាក់បិតាខ្ញុំ បិតានោះនឹងប្រាប់សេចក្តីនុ៎ះដល់អ្នក។
[៦៩] (អភិសម្ពុទ្ធគាថា) នាងឥរន្ទតី តាក់តែងខ្លួន ស្លៀកដណ្តប់ល្អ ទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចាប់ដៃបុណ្ណកយក្ស នាំចូលទៅកាន់សំណាក់បិតា។
[៧០] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងពួកនាគ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ សូមព្រះអង្គទ្រង់ទទួលសួយដ៏សមគួរ (ដល់ត្រកូល និងប្រទេសរបស់ព្រះអង្គ) ខ្ញុំព្រះអង្គចង់បាននាងឥរន្ទតី សូមព្រះអង្គធ្វើខ្ញុំព្រះអង្គឲ្យមូលមិត្តជាមួយនឹងនាងឥរន្ទតីនោះ។ បពិត្រព្រះអង្គដ៏ប្រសើរ សូមព្រះអង្គទ្រង់ទទួលនូវសួយទាំងនោះ គឺដំរី ១០០ សេះ ១០០ រថទឹមដោយសេះអស្សតរ ១០០ និងរទេះដែលផ្ទុកពេញដោយរតនវត្ថុផ្សេងៗ ទាំងអស់ ១០០ សូមព្រះអង្គទ្រង់ព្រះរាជទានធីតាឈ្មោះនាងឥរន្ទតីឲ្យទាន។
[៧១] (ព្រះបាទវរុណ…) អ្នកចូររង់ចាំយើងប្រឹក្សានឹងពួកញាតិមិត្រ ឬសំឡាញ់ដ៏ស្និទ្ធស្នាលសិន អំពើដែលយើងធ្វើដោយមិនបានប្រឹក្សាណា អំពើនោះរមែងក្តៅក្រហាយក្នុងកាលខាងក្រោយ។
[៧២] លំដាប់នោះ វរុណនាគនោះ ចូលទៅកាន់លំនៅ ហើយប្រឹក្សានឹងភរិយា ហើយពោលពាក្យនេះថា បុណ្ណកយក្សនេះសូមនាងឥរន្ទតីនឹងយើង យើងនឹងឲ្យនាងឥរន្ទតីជាទីស្រឡាញ់របស់យើងដល់បុណ្ណកយក្សនោះ ដោយការបានវត្ថុជាទីត្រេកអរច្រើនជាថ្នូរ។
[៧៣] (នាងវិមលា…) បុណ្ណកយក្សមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរទេ តែបើបុណ្ណកយក្សបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ។
[៧៤] លំដាប់នោះ វរុណនាគនោះ ចេញអំពីលំនៅ ហៅបុណ្ណកយក្សមកនិយាយពាក្យនេះថា អ្នកមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរ ជាថ្នូរទេ បើអ្នកបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបអ្នកត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ។
[៧៥] (បុណ្ណកយក្ស…) បពិត្រព្រះអង្គដ៏ប្រសើរ បុគ្គលពួកខ្លះក្នុងលោកនេះ ហៅមនុស្សណាថា ជាបណ្ឌិត បុគ្គលឯទៀតបែរជាហៅបុគ្គលនោះថា ជាពាលវិញ ពួកជនតែងជជែកគ្នាក្នុងរឿងនេះ សូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គឲ្យទាន បពិត្រនាគ ព្រះអង្គត្រាស់ហៅអ្នកណា ថាជាបណ្ឌិត។
[៧៦] (ព្រះបាទវរុណ…) អាមាត្រឈ្មោះវិធុរៈរបស់ធនញ្ជយកោរព្យរាជ អ្នកក៏ធ្លាប់បានឮហើយ បើអ្នកបានបណ្ឌិតនោះដោយធម៌ ហើយនាំមក នាងឥរន្ទតីចូរបានជាអ្នកបំរើជើងរបស់អ្នកចុះ។
[៧៧] ចំណែកបុណ្ណកយក្ស លុះបានស្តាប់ព្រះបន្ទូលរបស់វរុណនាគនេះហើយ ក៏ក្រោកឡើង ត្រេកអរក្រៃលែង ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើរបស់ខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានសំរិតសំរាំង យកមកក្នុងទីនេះ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកប្រដាប់ដោយកែវមណីមានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះជម្ពោនទ។
[៧៨] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សតាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា។ បុណ្ណកយក្សនោះ ជាប់ចំពាក់ដោយកាមរាគ ប្រាថ្នានាងឥរន្ទតី ជាកញ្ញានៃនាគ បានទៅក្រាបទូលព្រះបាទវេស្សវណកុវេរៈ ដ៏ទ្រង់យស ជាម្ចាស់ពួកយក្សនោះ ដូច្នេះថា មន្ទីរឈ្មោះភោគវតី គេហៅថា វាសៈ (ព្រោះជាលំនៅនៃស្តេចនាគ) គេហៅថា ហិរញ្ញវតី (ព្រោះជាទីដែលបិទបាំងដោយកំពែងប្រាក់) ជានគរសម្រេចអំពីមាស ដែលសាងសម្រេចដល់នាគ មានមណ្ឌលនៃភ្នេន។ ប៉មមានសណ្ឋានដូចកឱដ្ឋ ធ្វើអំពីកែវមណីក្រហម និងកែវមរកត ប្រាសាទក្នុងពិភពនាគធ្វើអំពីកែវមណី ប្រក់ដោយរតនៈ គឺមាស។ ដើមឈើទាំងឡាយ គឺដើមស្វាយ ដើមទ្រមួច ដើមព្រីង ដើមសត្តប័ណ្ណ (ឈើមានសន្លឹក ៧ ) ដើមរាំងអន្លក់ ដើមកេតក៍ ដើមបិយង្គុ ដើមរាជព្រឹក្ស ព្រមទាំងដើមបារិច្ឆត្តព្រឹក្ស ដើមឈើទាលខ្សាច់ (មានក្នុងពិភពនាគនោះ)។ ដើមចម្បា ដើមខ្ទឹង ម្លិះ នួនស្រី និងដើមក្របៅ មានក្នុងក្រុងពិភពនាគនោះ ដើមឈើទាំងនោះ ទន់ទោរ ល្អរុងរឿងក្នុងមន្ទីរនៃនាគ។ ព្រះបាទវរុណៈ ជាឱបបាតិកៈកំណើត មានឫទ្ធិច្រើន នៅក្នុងពិភពនាគណា ពួកដើមផ្អាវជាច្រើន ដ៏ហើយដោយកែវឥន្ទនីល មានផ្កាជានិច្ច ជាវិការៈនៃមាស ក្នុងពិភពនាគនោះ។ នាងវិមលាជាភរិយារបស់ព្រះបាទវរុណនាគនោះ ជាស្រីនៅក្មេង មានរាងកាយភ្លឺផ្លេកដូចមាស មានព្រះថនាដូចផ្លែស្តៅ គួរជាទីមើលដោយសេចក្តីពេញចិត្ត ឬដូចត្រួយវល្លិ៍ប្រេងខ្ចី។ នាងវិមលាមានសម្បុរថ្ងៃក្រហមដូចពណ៌ល័ខ ដូចផ្កាកណ្ណិការរីកក្នុងទីមិនមានខ្យល់ ឬដូចស្រីអប្សរ នៅក្នុងឋានត្រៃត្រិង្ស ឬក៏ដូចផ្លេកបន្ទោរដាលច្រវាត់ ចេញអំពីស្រទាប់ពពក។ នាងវិមលានោះ ជាស្រីមានចំណង់ប្លែកអស្ចារ្យក្រៃលែង ចង់បានហ្ឫទ័យនៃវិធុរបណ្ឌិត បពិត្រព្រះអង្គជាឥស្សរៈ ខ្ញុំនឹងឲ្យហ្ឫទ័យវិធុរបណ្ឌិតនោះ ដល់នាគទាំងឡាយនោះ នាគទាំងនោះ នឹងឲ្យនាងឥរន្ទតីដល់ខ្ញុំ ដោយហេតុនោះ។
[៧៩] បុណ្ណកយក្សនោះ ទូលលាព្រះបាទវេស្សវណកុវេរៈ ជាម្ចាស់នៃភូត ជាព្រះរាជាមានយស ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានស្អិតស្អាង យកមកក្នុងទីនេះ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកសេះប្រដាប់ដោយកែវមណី មានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះថាជម្ពោនទ បុណ្ណកយក្ស តាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះ ដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា។
[៨០] បុណ្ណកយក្សនោះ បានទៅកាន់នគររាជគ្រឹះ ជាទីរីករាយដ៏ក្រៃលែង ជាក្រុងរបស់ព្រះបាទអង្គរាជ ដែលសត្រូវចូលមកបានដោយក្រ ជាក្រុងមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជាភពឈ្មោះមសក្កសារៈរបស់វាសវៈ។ នគរនោះ គឹកកង ដោយហ្វូងនៃក្ងោក និងក្រៀល គឹកកងដោយសត្វស្លាប ដែលពួកសត្វស្លាបអាស្រ័យនៅ មានសូរសំឡេងនៃពួកបក្សីផ្សេងៗ មានព្រះលានដ៏ល្អ ដេរដាសដោយផ្កា ដូចជាភ្នំហិមវន្ត។ បុណ្ណកយក្សនោះ ឡើងទៅកាន់ភ្នំឈ្មោះវេបុលៈ ជាទីអាស្រ័យនៅនៃពួកកិន្នរ ហើយស្វែងរកកែវមណីដ៏ប្រសើរ បានឃើញកែវមណីនោះ ត្រង់កណ្តាលកំពូលភ្នំ។
[៨១] បុណ្ណកយក្សឃើញកែវមណី មានជាតិ (ផ្សេងៗ) ជាទីផ្សាយចេញនៃរស្មីរុងរឿង ជាកែវមណីដ៏ប្រសើរ អាចនាំមកនូវទ្រព្យ ជាកែវរុងរឿង ជាកែវមានយសជាងយស ភ្លឺរុងរឿងដូចផ្លេកបន្ទោរឰដ៏អាកាស ក៏បានកាន់យកកែវមណីឈ្មោះមនោហរៈនោះ ជាកែវពៃទូរ្យ មានដំឡៃច្រើន មានអានុភាពច្រើន ជាអ្នកមានភេទមិនថោកទាប ឡើងជិះសេះអាជានេយ្យ ហោះទៅឰដ៏អាកាសវេហា។
[៨២] បុណ្ណកយក្សនោះ បានទៅកាន់ក្រុងឥន្ទបត្ត ចុះ (អំពីសេះ) ហើយចូលទៅកាន់ទីប្រជុំនៃអ្នកដែនកុរុ មិនកោតញញើតព្រះរាជា ១០១ អង្គ ដែលព្រមព្រៀងគ្នាមកប្រជុំ (នៅទីនោះ) បបួលថា បណ្តាពួកព្រះរាជាក្នុងរាជសមាគមនេះ ព្រះរាជាអង្គណាឈ្នះយើង (ត្រូវយក) កែវដ៏ប្រសើរ (របស់យើង) បើយើងឈ្នះព្រះរាជាអង្គណាវិញ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ឬយើងឈ្នះព្រះរាជាអង្គណា (នឹងយក) កែវដ៏ប្រសើរថ្លៃថ្លាក៏បាន ចំណែកព្រះរាជាអង្គណាឈ្នះយើងវិញ (នឹងយក) ទ្រព្យដ៏ប្រសើរក៏បាន។
[៨៣] (ព្រះបាទកោរព្យៈ…) ជាតិភូមិរបស់អ្នក នៅក្នុងដែនណា ពាក្យរបស់អ្នកនេះ មិនមែនជាពាក្យរបស់អ្នកដែនកុរុទេ អ្នកមានវាចាអង់អាច មិនកោតខ្លាចយើងទាំងអស់គ្នា អ្នកចូរប្រាប់ឈ្មោះ និងផៅពង្សដល់យើង។
[៨៤] (បុណ្ណកយក្ស…) បពិត្រព្រះរាជា ខ្ញុំជាមាណពកច្ចាយនគោត្រ ពួកញាតិ និងផៅពង្សរបស់ខ្ញុំក្នុង (កាលចម្បាកនគរ) ដែនអង្គៈ តែងហៅខ្ញុំថា មាណពមានឈ្មោះមិនថោកទាប បពិត្រព្រះសម្មតិទេព ខ្ញុំមកក្នុងទីនេះ ដើម្បីលេងល្បែងភ្នាល់។
[៨៥] (ព្រះបាទកោរព្យៈ…) អ្នកលេងល្បែងភ្នាល់ កាលបើឈ្នះ អ្នកគប្បីយកកែវទាំងឡាយណា កែវទាំងនោះ របស់មាណពឯង មានដែរឬ ឯកែវរបស់ព្រះរាជា មានចំនួនច្រើន អ្នកជាមនុស្សទាល់ក្រ នឹងបបួលព្រះរាជាទាំងនោះ ដូចម្តេចបាន។
[៨៦] (បុណ្ណកយក្ស…) ឯកែវមណីរបស់ខ្ញុំនេះ អាចនាំមកនូវទ្រព្យបាន អ្នកលេងល្បែងភ្នាល់ បើលេងឈ្នះខ្ញុំហើយ គប្បីយកកែវមណីដ៏ប្រសើរ ជាកែវអាចនាំមកនូវទ្រព្យនេះ ១ និងសេះអាជានេយ្យ អាចបង្រ្កាបសត្រូវនេះ ១ របស់ខ្ញុំចុះ។
[៨៧] (ព្រះបាទកោរព្យៈ…) ម្នាលមាណព កែវមណីមួយ នឹងធ្វើអ្វីបាន ទាំងសេះអាជានេយ្យ ១ នឹងធ្វើអ្វីបាន (ព្រោះ) កែវទាំងឡាយរបស់ព្រះរាជា មានចំនួនច្រើន សេះអាជានេយ្យរបស់ព្រះរាជា មានសន្ទុះដូចខ្យល់ ក៏មានចំនួនមិនតិចទេ។
ចប់ ទោហឡកណ្ឌ។
(មណិកណ្ឌំ)
[៨៨] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទតកែវមណីរបស់ខ្ញុំនេះចុះ ក្នុងកែវមណីនេះ មានរាងកាយរបស់ស្រ្តី មានរាងកាយរបស់បុរស។ មានរាងកាយរបស់ម្រឹគ មានរាងកាយរបស់បក្សី ប្រាកដក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតនាគរាជ និងគ្រុឌ ជារូបនិម្មិតក្នុងកែវមណី។
[៨៩] សូមព្រះអង្គទ្រង់ទត សេនាមានអង្គ ៤ គឺពលដំរី ១ ពលរថ ១ ពលសេះ ១ ពលថ្មើរជើងមានគ្រឿងគ្រោះ ១ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពលដំរី និងពួកសេនា ពលរថ និងពលថ្មើរជើង គឺពួកពលដែលរៀបជាព្យុហៈ ជារូបនិម្មិតក្នុងកែវមណី។
[៩០] សូមព្រះអង្គទ្រង់ទត នគរដ៏បរិបូណ៌ដោយប៉ម មានកំពែង និងក្លោងទ្វារដ៏ច្រើនជាន់ មានផ្លូវបែកជា ៤ និងផែនដីដ៏ល្អ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសសរខឿន គូ រនុកទ្វារ គន្លឹះទ្វារ ប៉ម និងទ្វារប៉ម ជារូបនិម្មិតក្នុងកែវមណី។
[៩១] សូមព្រះអង្គទ្រង់ទតពួកបក្សីផ្សេងៗជាច្រើន ទៀបក្លោងទ្វារ និងផ្លូវ គឺហ្វូងហង្ស ក្រៀល ក្ងោក ចាក្រពាក អក សូមព្រះអង្គទ្រង់ទតទីក្រុងដ៏ដេរដាសដោយបក្សីផ្សេងៗ គឺតាវ៉ៅខ្មៅ តាវ៉ៅពព្រុស ក្ងោក និងប៉ោលតោកជាច្រើន ជារូបនិម្មិត ក្នុងកែវមណី។
[៩២] សូមព្រះអង្គទ្រង់ទតទីក្រុងមានកំពែងល្អអស្ចារ្យចំឡែកគួរព្រឺរោម មានទង់ជ័យលើកឡើង ក្រាលដោយដីខ្សាច់ដែលមានសម្បុរដូចមាស គួរជាទីរីករាយ។ សូមព្រះអង្គទ្រង់ទតរានផ្សាដ៏បរិបូណ៌ដោយទំនិញ ដែលគេចែកជាជួរ ជាសង្កាត់តាមចំណែក មានផ្ទះ និងទីផ្ទះ តំណនៃផ្ទះ ច្រកទាល់ និងផ្លូវទាំងឡាយ។
[៩៣] សូមព្រះអង្គទ្រង់ទតរោងសុរា អ្នកលេងសុរា អ្នកគ្រួ ផ្ទះបាយ ពួកឈ្មួញ និងពួកស្រីពេស្យា ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើផ្កាកម្រង ជាងជ្រលក់ អ្នកធ្វើគ្រឿងក្រអូប អ្នកត្បាញសំពត់ ជាងមាស និងជាងកែវមណី ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើសំឡ ជនធ្វើបាយ អ្នករបាំ នាយរបាំ អ្នកច្រៀង អ្នកច្រៀងទះដៃ និងអ្នកវាយស្គរ ជារូបនិម្មិតក្នុងកែវមណី។
[៩៤] សូមព្រះអង្គទ្រង់ទតស្គរ សំម្ភោរ ស័ង្ខ ខ្លុយ ស្គរជ័យ និងគ្រឿងភ្លេងទាំងអស់ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទត ក្រាប់ ឈឹង ពិណ របាំ ចម្រៀង ប្រគំ ដែលគឹកកងដោយតូរ្យតន្រ្តីដ៏រងំ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកលោត អ្នកប្រដាល់ អ្នកធ្វើខាងកលមាយា និងស្រី ប្រុសដ៏ល្អ ក្នុងកែវមណីនេះ ទាំងពួកអ្នកដាស់តឿនគេ និងអ្នកកាត់កោរសក់ ជារូបនិម្មិតក្នុងកែវមណី។
[៩៥] ម្ហោស្រពទាំងឡាយ ដ៏មីរដេរដាស ដោយបុរស និងស្រ្តី ក៏មានក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតគ្រែតូច និងគ្រែធំ និងទី (នៃម្ហោស្រព) ជារូបនិម្មិត ក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទត ពួកអ្នកចំបាប់ ដែលច្របាប់គ្នាដោយដៃទាំងពីរ ក្នុងទីម្ហោស្រព សូមព្រះអង្គទ្រង់ទតពួកអ្នកឈ្នះ និងអ្នកចាញ់ ជារូបនិម្មិតក្នុងកែវមណី។
[៩៦] សូមព្រះអង្គទ្រង់ទតពួកម្រឹគផ្សេងៗ ជាច្រើនទៀបជើងភ្នំ គឺរាជសីហ៍ ខ្លាធំ ជ្រូកព្រៃ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន។ សត្វរមាស គោ ក្របី រមាំង ប្រើស ទ្រាយ សរភម្រឹគ ក្តាន់ ជ្រូកស្រុក។ ឈ្លូស ពួកមិត្រម្រឹគជាច្រើន ខ្លាត្រី ទន្សាយ និងកង្ហែន សូមព្រះអង្គទ្រង់ទតជើងភ្នំដ៏ដេរដាសដោយពួកម្រឹគផេ្សងៗ ជារូបនិម្មិតក្នុងកែវមណី។
[៩៧] ស្ទឹងទាំងឡាយ មានកំពង់រាបទាបល្អ ដែលក្រាលដោយខ្សាច់មាស មានទឹកថ្លា មានពួកត្រីអាស្រ័យតែងហូរទៅ។ ពួកឆ្លាម មករ ក្រពើ អណ្តើក ត្រីស្លាត ត្រីសណ្តាយ ត្រីឆ្តោ ត្រីឆ្ពិន មានក្នុងកែវមណីនេះ។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីដែលធ្វើដោយផែនថ្ម ជាវិការៈនៃកែវពៃទូរ្យ ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ មានពួកឈើផ្សេងៗជាជួរ ជារូបនិម្មិតក្នុងកែវមណី។
[៩៨] សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីក្នុងកែវមណីនេះ ដែលចាត់ចែងដោយល្អទាំង ៤ ទិស ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ ដែលត្រីធំអាស្រ័យនៅ សូមព្រះអង្គទ្រង់ទតផែនដីដ៏បរិបូណ៌ដោយទឹកព័ទ្ធជុំវិញ ជាកុណ្ឌលនៃសាគរ ប្រកបដោយជួរដងព្រៃទាំងឡាយ ជារូបនិម្មិតក្នុងកែវមណី។
[៩៩] សូមព្រះអង្គទ្រង់ទតមើលទ្វីបទាំង ៤ គឺបុព្វវិទេហទ្វីប ខាងកើត អបរគោយានទ្វីប ខាងលិច ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតព្រះចន្ទ និងព្រះអាទិត្យ កំពុងបំភ្លឺទិសទាំង ៤ សូមព្រះអង្គទ្រង់ទត (ព្រះចន្ទ និងព្រះអាទិត្យនោះ) កំពុងដើរក្រឡឹងភ្នំសិនេរុ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតភ្នំសិនេរុ ភ្នំហិមពាន្ត សមុទ្ទសាគរ ដែលមានឫទ្ធិច្រើន និងមហារាជទាំង ៤ អង្គ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសួនច្បារ ព្រៃ គុម្ពឈើ ខ្នងថ្មភ្នំ ហាក់ដូចជាគេក្រាលដំកល់ទុកដ៏ដេរដាសដោយពួកកិន្នរ គួរជាទីរីករាយ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតបារុសកវ័ន ចិត្តលតាវ័ន មិស្សកវ័ន នន្ទនវ័ន និងវេជយន្តប្រាសាទ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសុធម្មសភា ឋានតាវត្តិង្ស ដើមបារិច្ឆត្តព្រឹក្ស មានផ្ការីក ស្តេចដំរីឈ្មោះឯរាវ័ណ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកស្រីទេពកញ្ញា ដែលភ្លឺផ្លេក ដូចជាផ្លេកបន្ទោរចេញចាកពពក កំពុងត្រាច់ទៅក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកទេពកញ្ញាប្រលោមទេវបុត្រ និងពួកទេវបុត្រកំពុងរីករាយក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី។
[១០០] សូមព្រះអង្គទ្រង់ទតប្រាសាទច្រើនជាងពាន់ ដែលក្រាលដោយផែនក្តារកែវពៃទូរ្យ មានសម្បុររុងរឿង ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតឋានតាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណី ក្នុងជាន់នោះៗ មានទឹកថ្លាស្អាត ដ៏ដេរដាសដោយផ្កាចង្កុលណី ផ្កាឈូក និងផ្កាឧប្បលក្នុងឋានសួគ៌នុ៎ះ។
[១០១] ក្នុងកែវមណីនេះ មានឆ្នូតស ១០ ឆ្នូតក្រហម ៦ និង ១៥ (ជា៣១) ឆ្នូតលឿង ១៤ គួរជាទីរមិលមើល ជាទីរីករាយនៃចិត្ត។ ឆ្នូតមាស ២០ ឆ្នូតប្រាក់ ២០ ឆ្នូតមានពន្លឺ ដូចជាពណ៌នៃអណ្តើកមាស ៣០ ប្រាកដនៅក្នុងកែវមណីនេះ។ ឆ្នូតខ្មៅ ១៦ ឆ្នូតហង្សបាទ ២៥ ឆ្នូតលាយដោយផ្កាច្បា វិចិត្រដោយផ្កាឧប្បលខៀវ មានក្នុងកែវមណីនេះ។ បពិត្រមហារាជប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទត (កែវមណី) មានរស្មីជាទីផ្សាយចេញនៃពន្លឺ ដ៏ប្រកបដោយអង្គទាំងពួងយ៉ាងនេះ (អ្នកណាលេងឈ្នះខ្ញុំ) ចំណែកនៃសួយ (ចូរបានទៅអ្នកនោះចុះ)។
ចប់ មណិកណ្ឌ។
(អក្ខកណ្ឌំ)
[១០២] (បុណ្ណកយក្ស…) បពិត្រព្រះរាជា (ការរៀបចំរោងល្បែង) សម្រេចហើយ សូមព្រះអង្គ ស្តេចចូលមកកាន់ទីជាទីក្រសាលល្បែង កែវមណីប្រាកដដូច្នេះ របស់ព្រះអង្គ មិនមានទេ យើងគប្បីឈ្នះគ្នាដោយធម៌ មិនបាច់កំហែងទេ មួយទៀត ព្រះអង្គបើខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់។
[១០៣] បពិត្រព្រះបាទបញ្ចាលដ៏ល្បីល្បាញ សូមព្រះបាទសុរសេន ព្រះបាទមច្ឆៈ ព្រះបាទមទ្ទៈ ព្រមទាំងព្រះបាទកេកកៈទាំងនោះ ទ្រង់ទតចម្បាំងល្បែង ដោយការមិនអួតអាងរបស់យើងចុះ ក្សត្រទាំងឡាយសុទ្ធតែធ្វើ (ជាសាក្សី) របស់យើងក្នុងរោង។
[១០៤] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់អ្នកដែនកុរុ និងបុណ្ណកយក្សនោះ ជាអ្នកស្រវឹងជ្រុលជ្រប់ក្នុងល្បែងភ្នាល់ ចូលមក (កាន់រោងល្បែង) ព្រះរាជាជ្រើសយកកូនបាសកា ជាទោស (ខាងចាញ់) បុណ្ណកយក្ស ចាប់យកកូនបាសកាខាងឈ្នះ ជនទាំងពីរនោះ បានលេងបាសការួមគ្នា ក្នុងរោងបាសកានោះហើយ បុណ្ណកយក្សឈ្នះព្រះរាជា មានព្យាយាមប្រសើរជាងនរៈ ក្នុងសំណាក់នៃពួកព្រះរាជា ក្នុងកណ្តាលនៃពួកសាក្សី សំឡេងគឺកកង សំឡេងហ៊ោកញ្រ្ជៀវ ក៏កើតមានក្នុងទីនោះ។
[១០៥] (បុណ្ណកយក្ស…) បពិត្រមហារាជ បណ្តាពួកយើង ដែលខំប្រឹងព្យាយាម ការឈ្នះ និងការចាញ់ គង់មានដល់អ្នកណាមួយ បពិត្រព្រះអង្គជាធំជាងជន ឥឡូវនេះ ខ្ញុំព្រះអង្គឈ្នះហើយ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់។
[១០៦] (ព្រះបាទកោរព្យៈ…) ម្នាលមាណពកច្ចាយនគោត្រ ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ខ្ញុំលើផែនដី បណ្តាទ្រព្យទាំង (នោះ) អ្នកចូរយកទ្រព្យណាដែលប្រសើរនោះចុះ អ្នកចូរកាន់យកទៅតាមសេចក្តីពេញចិត្តចុះ។
[១០៧] (បុណ្ណកយក្ស…) ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ព្រះអង្គលើផែនដី វិធុរបណ្ឌិតអាមាត្យ ទុកជាទ្រព្យប្រសើរជាងទ្រព្យទាំងនោះ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមព្រះរាជទានវិធុរបណ្ឌិតនោះមកខ្ញុំ។
[១០៨] (ព្រះបាទកោរព្យៈ…) វិធុរបណ្ឌិតនោះ ទុកដូចជាខ្លួនខ្ញុំ ទាំងជាទីពឹង ជាគតិ ជាប្រទីប ជាទីពំនាក់ ជាទីបង្អែករបស់ខ្ញុំ វិធុរបណ្ឌិតនោះ គេមិនគប្បីប្រៀបផ្ទឹមដោយទ្រព្យរបស់ខ្ញុំបានទេ វិធុរបណ្ឌិតនោះ ជាអាមាត្យ ប្រាកដស្មើដោយជីវិតរបស់ខ្ញុំ។
[១០៩] (បុណ្ណកយក្ស…) ការវិវាទរបស់ខ្ញុំនឹងព្រះអង្គ នាំឲ្យយូរទេ យើងត្រូវទៅសួរសេចក្តីពិតនឹងវិធុរបណ្ឌិតនោះវិញ សូមឲ្យវិធុរបណ្ឌិតនោះ ញែកសេចក្តីនុ៎ះដល់យើង បើវិធុរបណ្ឌិតពោលពាក្យណា ពាក្យ (នោះ) ចូរសម្រេចដល់យើងទាំងពីរនាក់ចុះ។
[១១០] (ព្រះបាទកោរព្យៈ…) ម្នាលមាណព អ្នកនិយាយនេះ ទៀងទាត់ពិតហើយ មិនមែននិយាយទាំងគម្រាមទេ យើងនឹងទៅសួរវិធុរបណ្ឌិតនោះចុះ យើងទាំង ២ នាក់នឹងត្រេកអរតាមវិធុរបណ្ឌិតនោះ។
[១១១] (បុណ្ណកយក្ស…) ពួកទេព្តាសរសើរអ្នកឈ្មោះវិធុរៈ ថាជាអាមាត្យ ឋិតនៅក្នុងធម៌របស់អ្នកដែនកុរុ ពិតមែនឬ អ្នកជាទាសៈ ឬជាញាតិរបស់ព្រះរាជា ការរាប់ (អ្នក) ថាវិធុរៈ តើអ្នកជាអ្វីក្នុងលោក។
[១១២] (វិធុរបណ្ឌិត…) បុគ្គលពួកខ្លះជាទាសៈ កើតក្នុងផ្ទៃខ្ញុំស្រី ពួកខ្លះជាទាសៈគេលោះដោយទ្រព្យ ពួកខ្លះជាទាសៈចូលទៅនៅខ្លួនឯង ពួកខ្លះបោះបង់ (ទីលំនៅ) ព្រោះភ័យ ទៅនៅជាទាសៈគេ ទាសៈរបស់ជនទាំងឡាយ មាន ៤ ពួកនេះឯង។ ឯយើងពិតជាទាសៈកើតអំពីកំណើត ព្រះរាជាមានសេចក្តីចំរើនក្តី ព្រះរាជាមានសេចក្តីមិនចំរើនក្តី (យើងមិនអាចនឹងពោលកុហកបានទេ) យើងបើទុកជាទៅកាន់ទីដទៃ ក៏គង់នៅជាទាសៈរបស់ព្រះសម្មតិទេព ម្នាលមាណព ព្រះរាជាគួរប្រទានយើងដល់អ្នកដោយធម៌។
[១១៣] (បុណ្ណកយក្ស…) នេះឯងជាជ័យជំនះទី ២ របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះថា (វិធុរៈ) អាមាត្យ ដែលខ្ញុំសួរហើយ ក៏ញែកប្រស្នាហើយ ឱហ្ន៎! ព្រះរាជាដ៏ប្រសើរ មិនតាំងនៅក្នុងធម៌ ទ្រង់មិនអនុញ្ញាតឲ្យនូវវិធុរបណ្ឌិត ជាអ្នកពោលពាក្យពីរោះដល់ខ្ញុំ។
[១១៤] (ព្រះបាទកោរព្យៈ…) បើវិធុរបណ្ឌិតនោះ ញែកប្រស្នាដល់យើងយ៉ាងនេះថា ខ្ញុំជាទាសៈ មិនមែនជាញាតិទេ ម្នាលកច្ចានៈ អ្នកចូរយកវិធុរបណ្ឌិតជាទ្រព្យដ៏ប្រសើរជាងទ្រព្យទាំងឡាយចុះ អ្នកចូរយកទៅតាមពេញចិត្តចុះ។
ចប់ អក្ខកណ្ឌ។
(ឃរាវាសបញ្ហា)
[១១៥] (ព្រះបាទកោរព្យ…) ម្នាលវិធុរៈ កាលបុគ្គលជាគ្រហស្ថ នៅគ្រប់គ្រងផ្ទះរបស់ខ្លួន តើគួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្ត ដោយប្រការដូចម្តេច គួរមានការសង្រ្គោះ ដោយប្រការដូចម្តេចហ្ន៎។ គួរមានការមិនមានទុក្ខ ដោយប្រការដូចម្តេច មាណពឈ្មោះថា ពោលពាក្យពិត តើដោយប្រការដូចម្តេច បុគ្គលជាគ្រហស្ថ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយ តើដោយប្រការដូចម្តេច។
[១១៦] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតអ្នកមានញាណគតិ មានព្យាយាម មានប្រាជ្ញាយល់អត្ថ យល់ធម៌ទាំងពួង បានឆ្លើយប្រស្នានុ៎ះ នឹងព្រះរាជានោះ ក្នុងរោងធម្មសភានោះថា គ្រហស្ថមិនគប្បីជាអ្នកមានប្រពន្ធសាធារណៈ មិនគួរបរិភោគអាហារមានរសឆ្ងាញ់តែម្នាក់ឯង មិនគួរគប់រករឿងផ្តេសផ្តាស ដែលទាក់ទងនឹងលោក (ព្រោះ) រឿងបែបនុ៎ះ មិនមែនជាគ្រឿងចំរើនប្រាជ្ញាទេ។ គ្រហស្ថ គួរជាអ្នកមានសីល បរិបូណ៌ដោយវត្ត មិនប្រហែស មានប្រាជ្ញាវាងវៃ ជាអ្នកប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ជាអ្នកស្លូតបូត មានពាក្យទន់ពីរោះ មានអាការដ៏ទន់ភ្លន់។ ជាអ្នកសង្រ្គោះមិត្រទាំងឡាយ ជាអ្នកចែករលែកទាន មានការចាត់ចែងដ៏ល្អ ញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងកាលទាំងពួង។ ជាអ្នកប្រាថ្នាសុចរិតធម៌ ទ្រទ្រង់ការចេះដឹង ជាអ្នកសាកសួរ ឧស្សាហ៍ចូលទៅរកអ្នកមានសីល ជាពហុស្សូត ដោយគោរព។ កាលបុគ្គលជាគ្រហស្ថនៅគ្រប់គ្រងផ្ទះរបស់ខ្លួន គួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្តយ៉ាងនេះ គួរមានការសង្រ្គោះយ៉ាងនេះ។ គ្រហស្ថគួរជាអ្នកមិនមានទុក្ខយ៉ាងនេះ មាណពឈ្មោះថា ពោលពាក្យពិតយ៉ាងនេះ គ្រហស្ថចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយយ៉ាងនេះ។
ចប់ ឃរាវាសប្បញ្ហា។
(លក្ខណកណ្ឌំ)
[១១៧] (បុណ្ណកយក្ស…) លោកចូរមក យើងនឹងទៅឥឡូវនេះ លោក (ដែលព្រះបាទធនញ្ជ័យ) ជាឥស្សរៈ បានព្រះរាជទានដល់ខ្ញុំហើយ ចូរប្រតិបត្តិឲ្យជាប្រយោជន៍ដល់ខ្ញុំ នេះជាទំនៀមរបស់អ្នកប្រាជ្ញក្នុងកាលមុន។
[១១៨] (វិធុរបណ្ឌិត…) ម្នាលមាណព ខ្ញុំដឹងថា ខ្លួនខ្ញុំនៅក្នុងកណ្តាប់ដៃអ្នកហើយ (ព្រោះ) ខ្ញុំត្រូវព្រះបាទធនញ្ជ័យជាឥស្សរៈ ព្រះរាជទានដល់អ្នកហើយ តែយើងសូមឲ្យអ្នកនៅក្នុងផ្ទះយើងអស់ ៣ ថ្ងៃ ទំរាំយើងប្រៀនប្រដៅកូន និងប្រពន្ធសិន។
[១១៩] (បុណ្ណកយក្ស…) លោកពោលពាក្យណា ពាក្យនោះចូរមានដល់ខ្ញុំ ដោយប្រការដូច្នោះ យើងគប្បីនៅអស់ ៣ ថ្ងៃ លោកដ៏ចំរើន ចូរធ្វើកិច្ចក្នុងផ្ទះ (របស់លោក) ក្នុងថ្ងៃនេះចុះ លោកដ៏ចំរើន ចូរប្រៀនប្រដៅបុត្រ និងភរិយា ក្នុងថ្ងៃនេះចុះ កាលបើលោកចេញទៅ (បុត្រ និងភរិយារបស់លោក) បានសេចក្តីសុខយ៉ាងណា (សូមប្រៀនប្រដៅយ៉ាងនោះ)។
[១២០] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្ស មានភោគៈជាគ្រឿងប្រាថ្នាច្រើន បានពោលថា សាធុ ដូច្នេះ ក៏ចៀសចេញទៅជាមួយនឹងវិធុរបណ្ឌិត ឯវិធុរបណ្ឌិត ជាបុគ្គលប្រសើរថ្លៃថ្លា ចូលទៅកាន់ខាងក្នុងបុរីនោះ ដែលបរិបូណ៌ដោយដំរី និងសេះអាជានេយ្យ។
[១២១] បណ្តាប្រាសាទទាំងនោះ គឺកោញ្ចប្រាសាទ មយូរប្រាសាទ បិយកេតប្រាសាទ ព្រះមហាសត្វ (នាំបុណ្ណកយក្ស) ចូលទៅកាន់ប្រាសាទជាទីរីករាយក្រៃលែង ជាប្រាសាទមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជា (ភព) មសក្កសារៈនៃព្រះវាសវៈ។
[១២២] នាងនារីទាំងឡាយ តាក់តែងខ្លួនដ៏សមរម្យល្អ រាំច្រៀង ហៅរកដ៏ប្រសើរក្រៃលែង ក្នុងប្រាសាទនោះ ដូចស្រីអប្សរក្នុងទេវលោក។ ព្រះមហាសត្វ អ្នករក្សាធម៌ ធ្វើបុណ្ណកយក្សឲ្យបរិបូណ៌ដោយពួកនារីជាទីរីករាយផង ដោយបាយ និងទឹកផង ហើយជ្រើសរើសតែសេចក្តីយ៉ាងសំខាន់ ទើបចូលទៅក្នុងសំណាក់ភរិយាក្នុងកាលនោះ។ មហាសត្វនិយាយនឹងភរិយា ដែលមានខ្លួនប្រោះព្រំដោយទឹកក្រអូបនៃខ្លឹមចន្ទន៍ មានសម្បុរប្រាកដស្មើដោយឆ្តោរនៃមាសជម្ពូនទថា ម្នាលនាងដ៏ចំរើនមានភ្នែកក្រហម នាងចូរមក ចូរស្តាប់ខ្ញុំ ចូរហៅបុត្រ និងធីតាមក។ នាងអនោជាបានស្តាប់ពាក្យរបស់ប្តីហើយ ក៏និយាយនឹងកូនប្រសាស្រី មានក្រចកក្រហម មានភ្នែកល្អថា ម្នាលនាងមានសម្បុរដូចផ្ការាជព្រឹក្ស នាងចូរហៅបុត្រ និងធីតា ដែលទ្រទ្រង់ប្រដាប់ទាំងនោះមក។
[១២៣] ព្រះមហាសត្វ ជាអ្នករក្សាធម៌ ឥតមានញាប់ញ័រនឹងកូនទាំងឡាយ ថើបក្បាលកូនទាំងឡាយនោះ ដែលមកដល់ហើយ ហៅមកនិយាយពាក្យថា អញត្រូវព្រះរាជា ក្នុងក្រុងឥន្ទបត្តនេះ ប្រទានដល់មាណពហើយ។ ថ្ងៃនេះអញមានសេចក្តីសុខក្នុងខ្លួនទេ (តអំពី ៣ ថ្ងៃទៅ) អញនឹងជាអ្នកបំរើមាណពនោះ មាណពនោះ នាំអញទៅតាមសេចក្តីត្រូវការ ចំណែកខាងអញដែលមកនេះ ដើម្បីប្រៀនប្រដៅអ្នកទាំងឡាយ (ព្រោះថា) អញនឹងទៅដោយមិនបានការពារ (មុន) ដូចម្តេចបាន។ បើព្រះរាជានៅក្នុងដែនកុរុ ជាអ្នកភ្ជាប់មិត្តជន មានភោគៈជាទីប្រាថ្នាច្រើន សួរកូនឯងទាំងឡាយថា អ្នកទាំងឡាយ ដឹងច្បាស់នូវដំណើរបូរាណក្នុងកាលមុនដែរឬ បិតារបស់អ្នកទាំងឡាយបានប្រៀនប្រដៅក្នុងកាលមុនដូចម្តេចខ្លះ មួយទៀត ពួកអ្នកទាំងអស់គ្នា ចូរមានអាសនៈស្មើនឹងយើងចុះ (ព្រោះ) ក្នុងរាជត្រកូលនេះ រកមនុស្សណារបស់ព្រះរាជា ជាអ្នកខ្ពង់ខ្ពស់ (ឲ្យស្មើនឹងពួកអ្នក) មិនមានទេ ពួកកូនឯងគប្បីធ្វើអញ្ជលី ទូលព្រះរាជាយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំត្រាស់យ៉ាងនេះ ព្រោះថា នេះមិនមែនជាបវេណីធម៌ទេ បពិត្រព្រះសម្មតិទេព សត្វចចកមានជាតិថោកទាប គប្បីមានអាសនៈស្មើនឹងកេសរសីហៈ ដូចម្តេចបាន។
ចប់ លក្ខកណ្ឌ។
(រាជវសតិ)
[១២៤] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតនោះ មានសេចក្តីត្រិះរិះដោយចិត្តមិនរួញរា បានពោលពាក្យនេះនឹងបុត្រ អាមាត្យ ញាតិ សំឡាញ់ថា ម្នាលកូនសំឡាញ់ទាំងឡាយ ចូរអ្នកទាំងឡាយមកអង្គុយស្តាប់រាជវសតិធម៌ (ច្បាប់សម្រាប់នៅក្នុងរាជត្រកូល) របស់អញ ដែលជាច្បាប់សម្រាប់បុរសចូលទៅកាន់រាជត្រកូល រមែងបាននូវយស។
[១២៥] រាជសេវកៈ ដែលចូលទាំកាន់រាជត្រកូល (មានគុណសម្បត្តិ) មិនប្រាកដ រមែងមិនបានយសទេ រាជសេវកៈមិនត្រូវជាអ្នកក្លៀវក្លាពេក មិនត្រូវជាអ្នកខ្លាចពេក មិនត្រូវធ្វេសប្រហែសក្នុងកាលណាឡើយ។ ព្រះរាជាជ្រាបច្បាស់នូវអាចារសម្បត្តិ និងសេចក្តីចេះដឹង ព្រមទាំងសេចក្តីស្អាតរបស់រាជសេវកៈនោះក្នុងកាលណា ព្រះរាជាក៏រមែងស្និទ្ធស្នាលចំពោះរាជសេវកៈនោះ ក្នុងកាលណោះ ទាំងមិនលាក់នូវអាថ៌កំបាំង (របស់ព្រះអង្គ) នឹងរាជសេវកៈនោះទេ។
[១២៦] រាជសេវកៈ ដែលព្រះរាជាត្រាស់ប្រើ (ក្នុងរាជកិច្ចណាមួយ) មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក (ល្អៀង) ទេ ត្រូវធ្វើឲ្យដូចជាជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើទៀងល្អ។ រាជសេវកៈធ្វើរាជកិច្ចទាំងពួងដូចជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើ ទៀងល្អ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៧] រាជសេវកៈ ជាអ្នកឈ្លាសេវៃក្នុងរាជកិច្ចទាំងឡាយ ដែលព្រះរាជាត្រូវប្រើក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកឈ្លាសវៃក្នុងរាជកិច្ចទាំងឡាយ ធ្វើរាជកិច្ចគ្រប់យ៉ាង ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ (ឲ្យសម្រេចដោយរៀបរយ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ ផ្លូវណាដែលគេធ្វើល្អ ចាត់ចែងល្អសម្រាប់ព្រះរាជា រាជសេវកៈ ដែលព្រះរាជាត្រាស់ហើយ មិនត្រូវដើរទៅតាមផ្លូវនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៨] រាជសេវកៈមិនគួរប្រើប្រាស់កាមភោគៈ ស្មើនឹងព្រះរាជាក្នុងកាលណាឡើយ ត្រូវដើរខាងក្រោយក្នុងកាមគុណគ្រប់យ៉ាង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវប្រើប្រាស់សំពត់ មិនត្រូវប្រើប្រាស់ផ្កាកម្រង មិនត្រូវប្រើប្រាស់គ្រឿងលាប ឲ្យដូចរបស់ព្រះរាជា មិនត្រូវប្រព្រឹត្តកិរិយា ឬការនិយាយស្តី ឲ្យដូចព្រះរាជា ត្រូវធ្វើអាកប្បកិរិយាដទៃវិញ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៩] ព្រះរាជា ទ្រង់ក្រសាលនឹងរាជសេវកៈ មានស្រីស្នំគាល់បំរើ អាមាត្យជាបណ្ឌិត មិនត្រូវធ្វើសេចក្តីស្និទ្ធស្នាល ចំពោះពួកស្រីស្នំរបស់ព្រះរាជាទេ។ រាជសេវកៈ ជាអ្នកមិនឆ្មើងឆ្មៃ មិនឃ្នើសឃ្នង ជាអ្នកមានប្រាជ្ញាខ្ជាប់ខ្ជួន សង្រួមឥន្រ្ទិយដ៏ល្អ បរិបូណ៌ដោយការតំកល់ចិត្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣០] រាជសេវកៈ មិនត្រូវប្រឡែង មិនត្រូវនៅក្នុងទីស្ងាត់ ប្រឹក្សាជាមួយនឹងពួកស្រីស្នំរបស់ព្រះរាជា មិនត្រូវលួចយកព្រះរាជទ្រព្យអំពីឃ្លាំងរបស់ព្រះរាជានោះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ មិនគប្បីសំគាល់ការដេកច្រើន មិនត្រូវផឹកសុរាឲ្យស្រវឹង មិនត្រូវបៀតបៀនពួកម្រឹគដែលទ្រង់ឲ្យអភ័យ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវឡើងកាន់តាំង មិនត្រូវឡើងកាន់បល្ល័ង្ក មិនត្រូវឡើងកាន់កៅអី មិនត្រូវឡើងកាន់នាវា ឬកាន់រថរបស់ព្រះរាជា ដោយគិតថា ខ្លួនអញ ព្រះរាជាប្រោសប្រាណហើយ ដូច្នេះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកវាងវៃ ត្រូវគាល់ព្រះរាជា ក្នុងទីមិនឆ្ងាយពេក មិនជិតពេក គប្បីឋិតនៅល្មមតែព្រះរាជាទតឃើញ ទាំងខ្លួនឯងក៏មើលឃើញព្រះរាជាជាម្ចាស់។ រាជសេវកៈ (គួរគិតថា) ព្រះរាជាមិនមែនជាសំឡាញ់របស់អញទេ។ ព្រះរាជាមិនមែនជាគូកន (របស់អញទេ) ធម្មតា ព្រះរាជាទាំងឡាយ រមែងខ្ញាល់ឆាប់ ដូចភ្នែកដែលត្រូវលំអង មានកន្ទុយស្រូវ (ជាដើម) ប៉ះពាល់។ ជនជាបណ្ឌិត អ្នកមានប្រាជ្ញា មិនត្រូវសំគាល់ថា ព្រះរាជាបូជាអញហើយ ក៏ពិតទូលហេតុអាក្រក់ ចំពោះព្រះរាជា ដែលយាងមកកាន់បរិស័ទ។
[១៣១] រាជសេវកៈ ទុកជាបានអនុញ្ញាតទ្វារហើយ ត្រូវបានអនុញ្ញាតទ្វារ (ទៀត សឹមចូល) មិនត្រូវទុកចិត្តចំពោះព្រះរាជាទាំងឡាយ គប្បីប្រយ័ត្នដូចភ្លើង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ ព្រះរាជាជាក្សត្រិយ៍ ទ្រង់លើកតំកើងព្រះរាជបុត្រ ឬក្សត្រិយ៍ជាបងប្អូនរបស់ព្រះអង្គ ដោយស្រុក ឬនិគម ដោយដែន ឬជនបទ រាជសេវកៈត្រូវនៅស្ងៀម រំពឹងមើល មិនត្រូវនិយាយពីគុណ ឬទោសឡើយ។
[១៣២] ព្រះរាជា ទ្រង់បន្ថែមបៀវត្សរ៍ដល់ពលដំរី ពលរថ ពលថ្មើរជើងទាំងនោះ ដោយការប្រគល់ឲ្យចំពោះការងារ រាជសេវកៈមិនត្រូវធ្វើឲ្យអន្តរាយ (លាភ) របស់ពលទាំងនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកប្រាជ្ញ ត្រូវឱនលំទោនដូចជាដងធ្នូ ត្រូវញាប់ញ័រដូចជាឫស្សី មិនត្រូវប្រព្រឹត្តទទឹងទាស់ទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ត្រូវមានពោះធូរដូចបន្លោះធ្នូ មិនត្រូវមានអណ្តាតដូចត្រី ត្រូវស៊ីតិច មានប្រាជ្ញារក្សាខ្លួន ក្លៀវក្លា រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣៣] រាជសេវកៈ មិនត្រូវប៉ះពាល់គប់ស្រី ជាហេតុឲ្យអស់តេជះខ្លាំងពេកទេ សេវកៈដែលអស់ប្រាជ្ញា រមែងដល់នូវរោគក្អក ហឺត ទុរន់ទុរា មានកំឡាំងថយ។ រាជសេវកៈមិនត្រូវនិយាយហួសកម្រិត មិនត្រូវស្ងៀមគ្រប់កាលទាំងពួងទេ ត្រូវពោលពាក្យមិនរោយរាយ ល្មមប្រមាណក្នុងកាលដែលត្រូវការ។ រាជសេវកៈ គប្បីជាអ្នកមិនក្រោធ មិនបៀតបៀនគេ មានពាក្យសច្ចៈ ផ្អែមល្ហែម មិនញុះញង់ មិននិយាយពាក្យឥតប្រយោជន៍ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣៤] រាជសេវកៈត្រូវចិញ្ចឹមមាតា និងបិតា ត្រូវមានសេចក្តីគោរពចំពោះបុគ្គលជាធំក្នុងត្រកូល មានវាចាផ្អែមល្ហែម ពោលពាក្យម៉ត់ហ្មង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ សេវកៈត្រូវមានសណ្តាប់ធ្នាប់ មានសិល្បសាស្ត្រ មានឥន្ទ្រិយទូន្មានហើយ មានខ្លួនធ្វើហើយ (ចេះស្ទាត់) ជាអ្នកនឹងនួន មានអធ្យាស្រ័យទន់ភ្លន់ មិនធ្វេសប្រហែស ជាអ្នកស្អាត ទាំងឈ្លាសវៃ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈត្រូវមានសេចក្តីប្រព្រឹត្តិឱនលំទោន កោតក្រែងគោរពចំពោះបុគ្គលចំរើន (ដោយវយ័ជាដើម) ជាអ្នកស្លូតត្រង់ នៅរួមជាសុខ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គប្បីវៀរឲ្យឆ្ងាយចេញនូវជន ដែលព្រះរាជាដទៃបញ្ជូនមក ដើម្បីការស្ងាត់កំបាំង គប្បីរំពៃមើលចំពោះព្រះរាជាជាម្ចាស់ (របស់ខ្លួន) មិនត្រូវនិយាយចំពោះព្រះរាជាដទៃទេ។
[១៣៥] រាជសេវកៈ គប្បីគប់រកចំពោះសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គួរប្រព្រឹត្តតាមពួកសមណៈ និងព្រាហ្មណ៍អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈគួរញ៉ាំងសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ កាលបើប្រាថ្នាសេចក្តីចំរើនដល់ខ្លួន គប្បីចូលទៅគប់រកសមណៈ និងព្រាហ្មណ៍អ្នកមានសីលជាពហុស្សូត ជាបណ្ឌិត។
[១៣៦] រាជសេវកៈ មិនត្រូវញ៉ាំងទានដែលព្រះរាជាធ្លាប់ព្រះរាជទានដល់សមណៈ និងព្រាហ្មណ៍ ឲ្យសាបសូន្យ ទាំងមិនគួរឃាត់វត្ថុណាមួយចំពោះពួកស្មូមក្នុងកាលជាទីព្រះរាជទាន។ រាជសេវកៈ ជាអ្នកមានប្រាជ្ញា បរិបូណ៌ដោយឧបាយ ជាអ្នកឆ្លៀវឆ្លាសក្នុងវិធីចាត់ចែង ជាអ្នកដឹងកាល (ជាទីធ្វើបុណ្យ) ដឹងសម័យ (ប្រកបការងារ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកខ្នះខ្នែង មិនប្រមាទ ឈ្លាសវៃ ចាត់ចែងការងារដ៏ល្អ ក្នុងក្រសួងការងារទាំងឡាយ ត្រូវមានសេចក្តីព្យាយាមចាត់ចែងរាជកិច្ចឲ្យប្រព្រឹត្តទៅដោយស្រួល រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣៧] រាជសេវកៈគួរទៅ (ត្រួតត្រាមើល) លានស្រូវ រោងចិញ្ចឹមសត្វ និងស្រែចំការ (របស់ព្រះរាជា) ឲ្យរឿយៗ គប្បីទុកដាក់ស្រូវដែលវាល់ហើយផង ឲ្យគេចំអិនអង្ករ ដែលវាល់ហើយក្នុងផ្ទះផង។ មិនត្រូវលើកតំកើងកូន ឬបងប្អូនរបស់ខ្លួន ដែលមិនតាំងនៅក្នុងសីលាចារវត្ត ព្រោះថាជនទាំងនោះ ជាមនុស្សពាល មិនឈ្មោះថាជាអវយវៈ (របស់ខ្លួន) ជនទាំងនោះ ទុកដូចជាមនុស្សស្លាប់ហើយ តែថាត្រូវឲ្យសំពត់ និងដុំបាយដល់ជនទាំងនោះ ដែលមកអង្គុយជិតហើយ គប្បីតំកល់ពួកបុរសជាទាសកម្មករ ដែលជាអ្នកខ្ជាប់ខ្ជួនល្អ ក្នុងសីលាចារវត្ត ជាអ្នកឈ្លាសវៃ បរិបូណ៌ដោយសេចក្តីឃ្មាតខ្មីក្នុងទីជាអធិបតី (ក្នុងការងារ)។
[១៣៨] រាជសេវកៈ ត្រូវមានសីល មិនលោភ ជាអ្នកប្រព្រឹត្តតាមព្រះរាជា ជាគុណដល់ព្រះរាជា ទាំងក្នុងទីចំពោះព្រះភក្រ្ត និងទីកំបាំងព្រះភក្រ្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកស្គាល់បំណងរបស់ព្រះរាជានោះផង តាំងនៅដូចព្រះហ្ឫទ័យរបស់ព្រះរាជានោះផង ជាអ្នកមិនប្រព្រឹត្តទទឹងទាស់នឹងព្រះរាជានោះផង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈគប្បីឱនក្បាលលាងព្រះបាទ (របស់ព្រះរាជា) ក្នុងកាលជាទីទ្រង់ព្រះពស្ត្រ ឬក្នុងកាលជាទីស្រង់ព្រះគង្គា សូម្បីព្រះរាជាទ្រង់ខ្ញាល់ ក៏មិនគប្បីខឹងតបវិញទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣៩] ប៉ុនអម្បាលបុរសប្រាថ្នាសេចក្តីចំរើន គង់ធ្វើអញ្ជលីចំពោះក្អមទឹក ឬធ្វើបទក្សិណចំពោះបក្សីក្អែក បុគ្គលមិននមស្ការចំពោះព្រះរាជាជាបណ្ឌិតខ្ពង់ខ្ពស់ ព្រះអង្គប្រទានសេចក្តីប្រាថ្នាគ្រប់យ៉ាង ដូចម្តេចបាន ព្រោះព្រះអង្គប្រទានទីដេក សំពត់ យាន និងផ្ទះសំរាប់សំណាក់អាស្រ័យ ទ្រង់បង្អុរភោគសម្ប័ទ ដូចមេឃបង្អុរភ្លៀងដល់ពួកសត្ត។ ម្នាលកូនសំឡាញ់ទាំងឡាយ នេះជារាជវសតិធម៌ ដែលនរជនប្រព្រឹត្តតាម រមែងញ៉ាំងព្រះរាជាឲ្យប្រោសប្រាណ រមែងបានការបូជាអំពីចៅហ្វាយនាយទាំងឡាយ។
ចប់ រាជវសតីកណ្ឌ។
(អន្តរបេយ្យាលំ)
[១៤០] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតមានប្រាជ្ញាវាងវៃ ប្រៀនប្រដៅពួកញាតិយ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះរាជា ដោយមានពួកញាតិចោមរោម វិធុរបណ្ឌិតថ្វាយបង្គំព្រះបាទាដោយត្បូង ធ្វើប្រទក្សិណព្រះអង្គ ផ្គងអញ្ជលី ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះអង្គជាអ្នកបង្រ្កាបសត្រូវ មាណពនេះ មានប្រាថ្នានឹងធ្វើតាមអធ្យាស្រ័យ នឹងនាំខ្ញុំព្រះអង្គទៅ ខ្ញុំព្រះអង្គនឹងនិយាយពាក្យជាប្រយោជន៍ដល់ពួកញាតិ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនោះ។ សូមព្រះអង្គទ្រង់ទតមើលកូនទាំងឡាយរបស់ខ្ញុំព្រះអង្គផង និងទ្រព្យដទៃក្នុងផ្ទះរបស់ខ្ញុំព្រះអង្គផង កាលបើខ្ញុំព្រះអង្គទៅហើយ សូមកុំឲ្យពួកញាតិវិនាស ក្នុងកាលខាងក្រោយឡើយ ប្រសិនបើទូលព្រះបង្គំមានសេចក្តីភ្លាំងភ្លាត់ ទូលព្រះបង្គំនឹងឃើញកំហុសនោះវិញ ដូចជាបុរសភ្លាត់ដួលលើផែនដីហើយឈរស៊ប់លើផែនដីវិញ។
[១៤១] (ព្រះរាជា…) សេចក្តីគាប់ចិត្តខ្ញុំថា អ្នកមិនគួរទៅទេ ខ្ញុំគាប់ចិត្តថា ឲ្យអ្នកកាប់សំឡាប់មាណពកច្ចាយនៈក្នុងទីនេះ ហើយនៅក្នុងទីនេះចុះ ម្នាលបណ្ឌិតមានប្រាជ្ញាឧត្តមដូចផែនដី អ្នកកុំទៅ។
[១៤២] (មហាសត្វ…) សូមព្រះអង្គកុំតំកល់ព្រះហ្ឫទ័យក្នុងភាពមិនមែនជាធម៌ សូមប្រកបក្នុងប្រយោជន៍ផង ក្នុងធម៌ផង ថ្វឺយ បុគ្គលធ្វើកម្មណា ហើយទៅកាន់នរកក្នុងកាលខាងក្រោយ កម្មនោះ ជាអំពើអកុសលមិនប្រសើរ។ បពិត្រព្រះអង្គជាធំជាងជន ព្រោះថា ធម្មតា ម្ចាស់ជាធំរបស់ទាសៈ ចង់សំឡាប់ ចង់ដុតរោលបៀតបៀនក៏បាន តែនេះមិនមែនជាធម៌ (របស់បុរាណបណ្ឌិតទេ) ទាំងមិនមែនជាកិច្ចគួរប្រព្រឹត្តឡើយ សេចក្តីក្រោធនៃខ្ញុំព្រះអង្គមិនមានទេ ខ្ញុំព្រះអង្គសូមលាទៅ។
[១៤៣] (អភិសម្ពុទ្ធគាថា) ព្រះមហាសត្វនោះ មានព្រះនេត្រពេញដោយទឹកភ្នែក ចូលទៅឱបរឹត (ធម្មបាលកុមារ) ជាបុត្តច្បង លុះបន្ទោបង់សេចក្តីក្រវល់ក្រវាយក្នុងហ្ឫទ័យហើយ ក៏ចូលទៅកាន់ផ្ទះធំ។
[១៤៤] ពួកបុត្រ និងភរិយារបស់វិធុរបណ្ឌិត ដេក (បម្រាស់ននៀលក្នុងលំនៅដូចជាដើមរាំងដែលត្រូវខ្យល់បក់បោកញាំញី។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និង ទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។
[១៤៥] ព្រះមហាសត្វ បានធ្វើកិច្ចទាំងឡាយក្នុងផ្ទះ ប្រៀនប្រដៅជនរបស់ខ្លួន គឺពួកមិត្រ អាមាត្យ ជនអ្នកនៅអាស្រ័យ បុត្រ ភរិយា និងផៅពង្ស។ ព្រះមហាសត្វ ចាត់ចែងការងារប្រាប់នូវទ្រព្យក្នុងផ្ទះ និងកំណប់ និងការឲ្យបុល ហើយពោលពាក្យនេះនឹងបុណ្ណកយក្សថា អ្នកបានស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំអស់ ៣ ថ្ងៃហើយ កិច្ចក្នុងផ្ទះខ្ញុំធ្វើហើយ ទាំងបុត្រ និងភរិយា ខ្ញុំក៏បានប្រៀនប្រដៅហើយ អ្នកចូរធ្វើកិច្ចទាំងឡាយ តាមអធ្យាស្រ័យរបស់អ្នកចុះ។
[១៤៦] (បុណ្ណកយក្ស…) បពិត្រអ្នកជាអាមាត្យ បើអ្នកបានប្រៀនប្រដៅបុត្រ ភរិយា និងពួកជនអ្នកចិញ្ចឹមជីវិតដោយសារហើយ អើ អ្នកចូរប្រញាប់ប្រញាល់មកក្នុងកាលឥឡូវនេះចុះ ព្រោះថាផ្លូវខាងមុខនេះ ជាផ្លូវដាច់ស្រយាលវែងឆ្ងាយ។ អ្នកកុំភ័យ ចូរចាប់តោងកន្ទុយសេះអាជានេយ្យចុះ នេះជាការឃើញនូវជីវលោកជាទីបំផុតរបស់អ្នក។
[១៤៧] (ព្រះមហាសត្វ…) បុគ្គលទៅកាន់ទុគ្គតិដោយអំពើណាដែលកើតអំពីកាយ វាចា ចិត្ត អំពើអាក្រក់ (នោះ) របស់ខ្ញុំមិនមានទេ ខ្ញុំនឹងខ្លាចចំពោះអំពើអ្វី។
[១៤៨] (អភិសម្ពុទ្ធគាថា) ស្តេចសេះនោះ នាំវិធុរបណ្ឌិតហោះទៅឰដ៏អាកាសវេហាស៍ ឥតប៉ះទង្គិចនឹងមែកឈើ ឬភ្នំ ក៏ចូលទៅកាន់កាឡាគិរីបព៌តដោយឆាប់រហ័ស។
[១៤៩] ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎។ ពួកពលដំរី (ពលសេះ) ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។
[១៥០] (មហាជន…) បើបណ្ឌិតនោះ នឹងមិនត្រឡប់មកក្នុងរវាង ៧ រាត្រីវិញទេ ពួកទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា នឹងចូលភ្លើង ពួកទូលព្រះបង្គំជាខ្ញុំ មិនមានសេចក្ដីត្រូវការដោយជីវិតឡើយ។
[១៥១] (ព្រះរាជា…) បណ្ឌិតជាបុគ្គលឈ្លាសវៃ អាចសំដែង (ប្រយោជន៍) និងមិនមែនប្រយោជន៍ មានប្រាជ្ញាឈ្វេងយល់ រមែងដោះខ្លួនបានដោយឆាប់ អ្នកទាំងឡាយកុំខ្លាចឡើយ បណ្ឌិតនោះ គង់តែនឹងត្រឡប់មកវិញ។
ចប់ អន្តរបេយ្យាលៈ។
(សាធុនរធម្មកណ្ឌំ)
[១៥២] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ កាលទៅលើកំពូលភ្នំកាឡាគិរីនោះ ក៏គិតថា គំនិតទាំងឡាយ រមែងជាធម្មជាតិខ្ពស់ និងទាប អញមិនមែនមានកិច្ចតិចតួច ដោយជីវិតរបស់វិធុរបណ្ឌិតនេះ (ក្នុងភពនាគនោះទេ) អញនឹងសំឡាប់វិធុរបណ្ឌិតនេះ ហើយនាំយកតែដួងហ្ឫទ័យទៅ។
[១៥៣] មាណពកច្ចាយនគោត្រនោះ មានចិត្តប្រទូស្ត បានទៅក្នុងចន្លោះភ្នំនោះ ហើយចូលទៅខាងក្នុងភ្នំ ចាប់ព្រះមហាសត្វ យកក្បាលចុះក្រោម (គ្រវែងទៅ) ក្នុងប្រទេសនៃផែនដីដែលមិនមានអ្វីប៉ះពាល់ឡើយ។
[១៥៤] វិធុរបណ្ឌិតនោះ ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុ កាលសំយុងចុះ ទៅក្នុងរណ្តៅជ្រោះ ជាទីមានភ័យដ៏ធំ គួរព្រួចព្រឺរោម ដែលលំបាកនឹងទៅក្រៃលែង តែមិនតក់ស្លុត ហើយពោលនឹងបុណ្ណកយក្សយ៉ាងនេះថា អ្នកជាមនុស្សមិនប្រសើរ តែធ្វើដូចជាប្រសើរ ជាអ្នកមិនសង្រួម តែមានអាការហាក់ដូចជាអ្នកសង្រួម អ្នកធ្វើអំពើអាក្រក់ឥតប្រយោជន៍ ចំណែកកុសលតិចតួច ឥតមានក្នុងចិត្តនៃអ្នកទេ។ អ្នកចង់ទំលាក់ខ្ញុំទៅក្នុងរណ្តៅជ្រោះ ដោយហេតុណា ប្រយោជន៍ដូចម្តេចដោយការសំឡាប់ខ្ញុំនឹងមានដល់អ្នក ដោយហេតុនោះ ក្នុងថ្ងៃនេះ អ្នកមានភេទដូចជាមិនមែនភេទនៃមនុស្សទេ ចូរអ្នកប្រាប់ខ្ញុំ អ្នកជាទេវតា ឬជាអ្វី។
[១៥៥] (បុណ្ណកយក្ស…) ខ្ញុំនោះឈ្មោះបុណ្ណកយក្ស ជាអាមាត្យព្រះបាទកុវេរៈដែលអ្នកធ្លាប់បានឮហើយ នាគរាជព្រះនាមវរុណៈ ជាអ្នកទ្រទ្រង់ផែនដីមានទំហំនិងកំពស់ មានទ្រង់ទ្រាយដ៏ស្អាត បរិបូណ៌ដោយពណ៌ និងកំឡាំង។ ម្នាលអ្នកប្រាជ្ញ ខ្ញុំចង់បានធីតា ជាអនុជាតិនៃព្រះបាទវរុណនាគនោះ នាគកញ្ញានោះ ឈ្មោះឥរន្ទតី ខ្ញុំព្យាយាមសំឡាប់អ្នក ព្រោះហេតុនាងឥរន្ទតីមានចង្កេះល្អ ជាទីស្រឡាញ់នោះ។
[១៥៦] (ព្រះមហាសត្វ…) ម្នាលយក្ស សេចក្តីវង្វេង កុំមានដល់អ្នកឡើយ ពួកសត្វលោកជាច្រើនវិនាសហើយ ព្រោះអំពើដែលខ្លួនប្រកាន់ខុស ចុះអ្នកមានកិច្ចអ្វី ដោយការសំឡាប់ខ្ញុំ (ព្រោះនាគកញ្ញា) មានចង្កេះល្អ ជាទីស្រឡាញ់ សូមអញ្ជើញប្រាប់ ខ្ញុំនឹងស្តាប់ការទាំងអស់មើល។
[១៥៧] (បុណ្ណកយក្ស…) ខ្ញុំចង់បានធីតារបស់ព្រះបាទវរុណនាគជាធំមានអានុភាពច្រើន ខ្ញុំជាអ្នកស៊ីឈ្នួលរបស់ពួកញាតិ ព្រោះហេតុពួកញាតិដឹងនូវខ្ញុំថា ជាអ្នកត្រូវកាមទង់ទាញដោយពិត (បានជា) ឪពុកក្មេកខ្ញុំពោលនឹងខ្ញុំ ដែលសូមនាងឥរន្ទតីនោះថា យើងនឹងឲ្យកូនក្រមុំមានរាងកាយល្អ មានភ្នែកល្អ មានទ្រង់ទ្រាយឆើតឆាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ដល់អ្នក បើអ្នកបានដួងហ្ឫទ័យរបស់វិធុរបណ្ឌិតមកដោយធម៌ ហើយនាំមកក្នុងភពនាគនេះ។ អ្នកត្រូវបាននាងកុមារី ដោយទ្រព្យជាទីត្រេកអរនោះ យើងមិនប្រាថ្នាទ្រព្យដទៃក្រៃលែងទេ ម្នាលបណ្ឌិត ជាអាមាត្យ ខ្ញុំមិនវង្វេងដូចអ្នកថាទេ អ្នកចូរស្តាប់ចុះ។ មួយទៀត អំពើតិចតួចដែលខ្ញុំប្រកាន់ខុស មិនមានទេ កាលខ្ញុំបានហ្ឫទ័យរបស់អ្នកដោយធម៌ ពួកនាគនឹងឲ្យនាគកញ្ញាឈ្មោះឥរន្ទតី។ ព្រោះហេតុនោះ ទើបខ្ញុំលៃលកសំឡាប់អ្នក ខ្ញុំមានសេចក្តីត្រូវការដោយការសំឡាប់អ្នកយ៉ាងនេះឯង ខ្ញុំនឹងទំលាក់អ្នកក្នុងរណ្តៅនេះ សម្លាប់អ្នកហើយ នឹងនាំយកតែហ្ឫទ័យទៅ។
[១៥៨] (មហាសត្វ…) ម្នាលកច្ចាយនៈ បើអ្នកមានកិច្ចត្រូវការ ដោយហ្ឫទ័យរបស់ខ្ញុំ ចូរអ្នកលើកខ្ញុំដោយឆាប់រហ័ស ដ្បិតសាធុនរធម៌ (ធម៌ល្អរបស់នរៈ) របស់ខ្ញុំណាមួយ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះ ដល់អ្នកក្នុងថ្ងៃនេះ។
[១៥៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ដាក់វិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុលើកំពូលភ្នំឆាប់រហ័ស ឃើញវិធុរបណ្ឌិតជាអាមាត្យមានប្រាជ្ញាមិនថោកទាប អង្គុយដកដង្ហើមស្រួល ហើយក៏សាកសួរថា អ្នកគឺខ្ញុំលើកឡើងចាករណ្តៅហើយ ក្នុងថ្ងៃនេះ ខ្ញុំត្រូវការដោយហ្ឫទ័យរបស់អ្នក អ្នកចូរសំដែងសាធុនរធម៌ទាំងអស់នោះដល់ខ្ញុំក្នុងថ្ងៃនេះ។
[១៦០] (មហាសត្វ…) ខ្ញុំ គឺអ្នកលើកឡើងចាករណ្តៅហើយ បើអ្នកត្រូវការដោយហ្ឫទ័យរបស់ខ្ញុំ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះដល់អ្នកក្នុងថ្ងៃនេះ។
[១៦១] ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្រក្នុងកាលណាមួយ អ្នកកុំលុះអំណាចនៃស្រីដែលប្រកបដោយអសទ្ធម្ម។
[១៦២] (បុណ្ណកយក្ស…) បុគ្គលដែលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយ តើដូចម្តេច គេដុតបាតដៃទាំងទទឹក តើដូចម្តេច ស្រីដូចម្តេចឈ្មោះថា ស្រីប្រកបដោយអសទ្ធម្ម នរណាឈ្មោះថាជាអ្នកប្រទូស្តមិត្រ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ។
[១៦៣] (វិធុរបណ្ឌិត…) បុគ្គលណា អញ្ជើញមនុស្សដែលមិនធ្លាប់នៅជាមួយគ្នា ឬមិនធ្លាប់ឃើញគ្នា សូម្បីដោយអាសនៈ បុរសត្រូវធ្វើប្រយោជន៍តបស្នង ដល់បុគ្គលនោះឯង បណ្ឌិតទាំងឡាយពោលថា អ្នកនោះឯងជាអ្នកដើរតាមផ្លូវដែលគេដើរហើយ។ បុរសស្នាក់នៅក្នុងផ្ទះរបស់បុគ្គលណា សូម្បីមួយយប់ បានបាយ និងទឹកក្នុងសំណាក់បុគ្គលណា មិនត្រូវគិតអំពើអាក្រក់ដល់បុគ្គលនោះសូម្បីដោយចិត្ត បុគ្គលអ្នកប្រទូស្តមិត្រ ឈ្មោះថាដុតបាតដៃទាំងទទឹក។ បុគ្គលអង្គុយ ឬដេកក្នុងម្លប់ឈើណា មិនត្រូវកាច់មែកឈើនោះ ព្រោះថា បុគ្គលប្រទូស្តមិត្រ ជាបុគ្គលអាក្រក់។ បុរសណាឲ្យផែនដីនេះ ដែលពេញដោយទ្រព្យដល់ស្រីដែលខ្លួនសន្មតថា (ល្អ) ស្រីនោះបានឱកាស (ក្បត់ចិត្ត) គប្បីមើលងាយបុរសនោះវិញ បុគ្គលមិនត្រូវលុះអំណាចស្រី ដែលប្រកបដោយអសទ្ធម្មនោះទេ។ បុគ្គលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយយ៉ាងនេះ ឈ្មោះថា ដុតបាតដៃទាំងទទឹកយ៉ាងនេះ ស្រីនោះឈ្មោះថា ប្រកបដោយអសទ្ធម្ម បុរសនោះ ឈ្មោះថា ជាអ្នកប្រទូស្តមិត្រ អ្នកចូរជាអ្នកប្រកបដោយធម៌ ចូរលះបង់អំពើមិនមែនធម៌ចេញ។
ចប់ សាធុនរធម្មកណ្ឌ។
(កាលាគិរិកណ្ឌំ)
[១៦៤] (បុណ្ណកយក្ស…) ខ្ញុំបាននៅអាស្រ័យក្នុងផ្ទះរបស់អ្នកអស់ ៣ ថ្ងៃ ដែលអ្នកបានទំនុកបំរុងខ្ញុំ ដោយបាយ និងទឹក អ្នកសូមជាមិត្ររបស់ខ្ញុំ ទាំងខ្ញុំក៏លែងអ្នកដែរ ម្នាលបណ្ឌិតមានប្រាជ្ញាខ្ពង់ខ្ពស់ ចូរអ្នកអញ្ជើញទៅកាន់ផ្ទះរបស់អ្នកតាមប្រាថ្នាចុះ។ ទាំងសេចក្តីត្រូវការរបស់ត្រកូលនាគ ក៏សាបសូន្យទៅចុះ អំពើព្រោះហេតុនៃនាងនាគកញ្ញា ក៏ល្មមដល់ខ្ញុំហើយ ម្នាលអ្នកមានប្រាជ្ញា អ្នកបានរួចចាកការសំឡាប់របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះសុភាសិតជារបស់ខ្លួន។
[១៦៥] (ព្រះមហាសត្វ…) ម្នាលយក្ស ណ្ហើយ អ្នកចូរនាំខ្ញុំទៅកាន់សំណាក់ឪពុកក្មេករបស់អ្នកចុះ អ្នកចូរប្រព្រឹត្តឲ្យជាប្រយោជន៍ចំពោះខ្ញុំ ដ្បិតខ្ញុំចង់ឃើញនាគរាជជាអធិបតី និងវិមានរបស់នាគរាជដែលខ្ញុំមិនធ្លាប់ឃើញ។
[១៦៦] (បុណ្ណកយក្ស…) របស់ណា ដែលប្រព្រឹត្តទៅមិនជាប្រយោជន៍ដល់នរជន ជនមានប្រាជ្ញាមិនគួរឃើញរបស់នោះទេ ម្នាលបណ្ឌិត មានប្រាជ្ញាខ្ពង់ខ្ពស់ កាលបើដូច្នោះ អ្នកប្រាថ្នាទៅកាន់ស្រុករបស់សត្រូវដោយហេតុដូចម្តេច។
[១៦៧] (ព្រះមហាសត្វ…) ខ្ញុំប្រាកដជាដឹងហេតុនោះ ជនមានប្រាជ្ញាមិនគួរឃើញសត្រូវនោះទេ តែអំពើអាក្រក់ ខ្ញុំមិនបានធ្វើទុកក្នុងទីណាមួយ ព្រោះហេតុនោះខ្ញុំមិនរង្កៀសចំពោះសេចក្តីស្លាប់ដែលនឹងមកដល់ឡើយ។
[១៦៨] (បុណ្ណកយក្ស…) ម្នាលអ្នកជាអាមាត្យ បើដូច្នោះ អ្នកនឹងឃើញឋានដែលមានអានុភាពប្រៀបមិនបាន ជាមួយនឹងខ្ញុំ អ្នកចូរមកចុះ នាគរមែងនៅដោយការរាំ និងច្រៀងក្នុងទីណា ដូចជាព្រះបាទវេស្សវ័ណនៅក្នុងរាជធានី ឈ្មោះនិឡិញ្ញៈ។ ទីនោះមានពួកនៃនាងនាគកញ្ញា ត្រាច់ទៅដោយពួកៗលេងអស់ថ្ងៃ និងយប់ជានិច្ច ជាទីមានផ្កាកម្រងច្រើន ដេរដាសដោយផ្កាឈើច្រើនបែប ភ្លឺផ្លេកដូចផ្លេកបន្ទោរឰដ៏អាកាស។ ភពនៃនាគនោះ មានភាពសម្បូណ៌ដោយបាយ និងទឹក និងការរាំច្រៀងប្រគំ បរិបូណ៌ដោយពួកនាងនាគកញ្ញាដែលតាក់តែងខ្លួនដោយសំពត់ និងគ្រឿងប្រដាប់ល្អឆើតឆាយ។
[១៦៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ បានអញ្ជើញវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុឲ្យអង្គុយលើអាសនៈ អំពីខាងក្រោយ នាំវិធុរបណ្ឌិត ជាអាមាត្យមានប្រាជ្ញាមិនថោកទាប ចូលទៅកាន់ភពនៃនាគរាជ។ វិធុរបណ្ឌិតជាអាមាត្យលុះដល់ទីដែលមានអានុភាពប្រៀបមិនបាន ក៏ឈរខាងក្រោយបុណ្ណកយក្ស ចំណែកនាគរាជក្រឡេកមើលឃើញបុណ្ណកយក្ស មានសេចក្តីស្មោះសរ បានត្រាស់នឹងកូនប្រសាមុនថា
[១៧០] (នាគរាជ…) អ្នកកាលស្វែងរកហ្ឫទ័យរបស់បណ្ឌិត បានទៅកាន់មនុស្សលោក ហើយនាំអាមាត្យ មានប្រាជ្ញាមិនថោកទាបមកដល់ក្នុងទីនេះដោយសួស្តីហើយឬ។
[១៧១] (បុណ្ណកយក្ស…) ព្រះអង្គប្រាថ្នាបណ្ឌិតណា បណ្ឌិតនោះមកដល់ហើយ បណ្ឌិតអ្នករក្សាធម៌ គឺខ្ញុំព្រះអង្គរកបានមកដោយធម៌ហើយ សូមព្រះអង្គទ្រង់ទតបណ្ឌិតនោះ ដែលកំពុងនិយាយក្នុងទីចំពោះព្រះភក្រ្តនៃព្រះអង្គ ការជួបជុំដោយសប្បុរសទាំងឡាយ ជាហេតុនាំមកនូវសេចក្តីសុខដោយពិត។
ចប់ កាលាគិរីកណ្ឌ។
[១៧២] (នាគរាជ…) អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុតព្រោះឃើញភពនាគដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថ្វាយបង្គំ (ខ្ញុំ) ដំណើរនេះ មិនមែនជាបុគ្គលមានប្រាជ្ញាទេ។
[១៧៣] (មហាសត្វ…) បពិត្រនាគ ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ ព្រោះអ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំ (នូវពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនសម្រេចទៅជាអ្វីទេ។
[១៧៤] (នាគរាជ…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ នរជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនកើតទៅជាអ្វីទេ។
[១៧៥] (មហាសត្វ…) វិមាននេះ ទាំងឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) របស់ព្រះអង្គមិនទៀង តែដូចជារបស់ទៀង បពិត្រនាគរាជ ខ្ញុំព្រះអង្គសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គថា វិមាននេះ ព្រះអង្គបានហើយដោយប្រការដូចម្តេច។ វិមាននេះ ព្រះអង្គបានព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះអង្គកសាងដោយព្រះអង្គឯង ឬមួយទេវតាថ្វាយ បពិត្រនាគរាជ វិមាននេះ ព្រះអង្គបានហើយដោយប្រការណា សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គដោយប្រការដូច្នោះ។
[១៧៦] (នាគរាជ…) វិមាន (នេះ) មិនមែនខ្ញុំបានព្រោះអាស្រ័យ (ភពនាគ) មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនខ្ញុំធ្វើខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់របស់ខ្លួន។
[១៧៧] (មហាសត្វ…) អ្វីជាវត្តរបស់ព្រះអង្គ អ្វីជាព្រហ្មចរិយៈរបស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះអង្គនេះ នេះជាផលនៃកម្មដែលព្រះអង្គសន្សំល្អហើយដូចម្តេច។
[១៧៨] (នាគរាជ…) ខ្ញុំ និងភរិយាទាំងពីរនាក់ (កាលនៅ) ក្នុងមនុស្សលោក ជាអ្នកមានសទ្ធា ជាម្ចាស់នៃទាន ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំដូចជាអណ្តូង (នៃមហាជន) ទាំងពួកសមណៈ និងព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ ទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទិ្ធ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។
[១៧៩] (មហាសត្វ…) បើវិមាននេះ ព្រះអង្គបានហើយយ៉ាងនេះ ឈ្មោះថា ព្រះអង្គ ជ្រាបកំណើតនៃផលរបស់បុណ្យ ព្រោះហេតុនោះ ព្រះអង្គកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅទៀត។
[១៨០] (នាគរាជ…) នែបណ្ឌិតជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹកដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍នោះ មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ។
[១៨១] (មហាសត្វ…) ពួកនាគ គឺបុត្រ ភរិយា និងអ្នករស់នៅដោយសារ ដែលចូលមកកើតក្នុងភពនាគនេះ សូមព្រះអង្គជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច។ បពិត្រនាគ សូមព្រះអង្គរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះអង្គនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ព្រះជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើ អំពីភពនាគនេះ។
[១៨២] (នាគរាជ…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ។
[១៨៣] (មហាសត្វ…) បពិត្រនាគ ព្រះអង្គពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ។
[១៨៤] (នាគរាជ…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះ បាននិយាយថា បណ្ឌិត ខ្ញុំបាននាំមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃនៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច។
[១៨៥] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គ ដល់បុណ្ណកយក្សនេះ បុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គមកដោយធម៌ មិនមែនដោយការកំហែងទេ។
[១៨៦] (អភិសម្ពុទ្ធគាថា) នាគរាជដ៏ប្រសើរ មានចិត្តត្រេកអររីករាយហើយ ព្រោះបានស្តាប់សុភាសិតនៃវិធុរបណ្ឌិតជាអ្នកប្រាជ្ញ ក៏ចាប់ដៃវិធុរបណិ្ឌត មានប្រាជ្ញាមិនថោកទាប នាំចូលទៅក្នុងសំណាក់នៃនាងវិមលាជាភរិយា ក្នុងកាលនោះ (ត្រាស់ថា) ម្នាលនាងវិមលា នាងមានសម្បុរលឿង ដោយហេតុណា ឬនាងមិនឆ្ងាញ់បាយដោយហេតុណា គុណ (នៃវិធុរបណ្ឌិត) បែបនេះ មិនមាន (ដល់នាង) ដោយហេតុនោះទេ វិធុរបណ្ឌិតនេះឯង ជាអ្នកបន្ទោបង់នូវងងឹត។ នាងមានសេចក្តីត្រូវការដោយហ្ឫទ័យរបស់វិធុរបណ្ឌិតណា វិធុរបណ្ឌិតនេះ ជាអ្នកធើ្វពន្លឺ មកដល់ហើយ នាងចូរផ្ទៀងសា្តប់ពាក្យរបស់វិធុរបណ្ឌិតនោះចុះ (ព្រោះ) ការជួបប្រទះ (នូវវិធុរបណ្ឌិត) ទៀត ជាកិច្ចបានដោយកម្រ។
[១៨៧] ព្រះនាងវិមលា ទ្រង់ទតឃើញវិធុរបណិ្ឌត ដែលជាអ្នកមានប្រាជា្ញក្រាស់ដូចផែនដីនោះ ក៏មានព្រះទ័យត្រេកអរសោមនស្ស ទ្រង់លើកម្រាមដៃទាំង ១០ផ្គងអញ្ជលី ហើយត្រាស់នឹងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុយ៉ាងនេះថា អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុត ព្រោះឃើញភពនៃនាគ ដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថា្វយបង្គំ (ខ្ញុំ) ដំណើរនេះ ដូចមិនមែនជាអាការរបស់បុគ្គលមានប្រាជា្ញទេ។
[១៨៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំ (ពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតជាអី្វទេ។
[១៨៩] (ព្រះនាងវិមលា…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតទេ។
[១៩០] (មហាសត្វ…) វិមាននេះ ទាំងឫទិ្ធ សេចក្តីរុងរឿង សេចក្តីព្យាយាម និងការកើតក្នុងភពនាគរបស់ព្រះនាង មិនទៀង តែដូចជារបស់ទៀង បពិត្រនាគកញ្ញា ខ្ញុំព្រះអង្គសួរសេចក្តីនុ៎ះនឹងព្រះនាងថា វិមាននេះ ព្រះនាងបានហើយដោយប្រការដូចមេ្តច។ វិមានដែលព្រះនាងបាន ព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះនាងធើ្វខ្លួនឯង ឬមួយទេវតាថា្វយ បពិត្រនាគកញ្ញា វិមាននេះ ព្រះនាងបានហើយដោយប្រការណា សូមព្រះនាងប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ដោយប្រការនោះ។
[១៩១] (ព្រះនាងវិមលា…) វិមាននេះ មិនមែនខ្ញុំបាន ព្រោះអាស្រ័យភពនាគ មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនធើ្វខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់ ជារបស់ខ្លួន។
[១៩២] (មហាសត្វ…) អ្វីជាវត្ត អ្វីជាព្រហ្មចរិយៈរបស់ព្រះនាង បពិត្រព្រះនាងនាគី ឫទ្ធិអំណាច សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះនាងនេះ នេះជាផលនៃកម្មដែលព្រះនាងសន្សំល្អហើយដូចមេ្តច។
[១៩៣] (ព្រះនាងវិមលា…) ខ្ញុំ និងស្វាមីទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាម្ចាស់ទាន ផ្ទះរបស់ខ្ញុំដូចអណ្តូងជាទីចុះផឹកនៃ (មហាជន) ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់។ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ និងទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។
[១៩៤] (មហាសត្វ…) បើវិមាននេះ គឺព្រះនាងបានហើយយ៉ាងនេះ ឈ្មោះថា ព្រះនាងជ្រាបកំណើតនៃផលរបស់បុណ្យទាំងឡាយ ព្រោះហេតុនោះ ព្រះនាងកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅ។
[១៩៥] (ព្រះនាងវិមលា…) នែបណ្ឌិត ជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹក ដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍ (ទាំងនោះ) មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ។
[១៩៦] (មហាសត្វ…) ពួកនាគគឺ បុត្រ ស្វាមី និងអ្នករស់នៅដោយសារ ដែលកើតមានក្នុងភពនាគនេះ សូមព្រះនាងជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច។ បពិត្រព្រះនាងនាគី សូមព្រះនាងរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះនាងនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើអំពីភពនាគនេះ។
[១៩៧] (ព្រះនាងវិមលា…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ។
[១៩៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ព្រះនាងពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ។
[១៩៩] (ព្រះនាងវិមលា…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះបាននិយាយថា បណ្ឌិត ខ្ញុំបានមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច។
[២០០] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះ ដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គដល់បុណ្ណកយក្សនេះ ឯបុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គដោយធម៌ មិនមែនដោយកំហែងទេ។
[២០១] (អភិសម្ពុទ្ធគាថា) វរុណនាគបានសួរប្រសា្ននឹងវិធុរបណ្ឌិតយ៉ាងណា ព្រះនាងនាគកញ្ញា ក៏បានសួរប្រស្នានឹងវិធុរបណ្ឌិតយ៉ាងនោះដែរ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលវរុណនាគត្រាស់សួរហើយ ក៏បានញុំាងវរុណនាគឲ្យត្រេកអរយ៉ាងណា វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលព្រះនាងនាគកញ្ញាសួរហើយ ក៏បានញុំាងព្រះនាងនាគកញ្ញាឲ្យត្រេកអរយ៉ាងនោះដែរ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ លុះដឹងច្បាស់ថា នាគរាជដ៏ប្រសើរ និងនាងនាគកញ្ញាទាំងពីរព្រះអង្គនោះ មានព្រះទ័យរីករាយហើយ ក៏មិនតក់ស្លុត មិនខា្លច មិនព្រឺរោម បានទូលវរុណនាគរាជដូច្នេះថា បពិត្រនាគ ព្រះអង្គកុំខ្ញាល់ទ្បើយ ខ្ញុំនេះហើយ ជាសេចក្តីត្រូវការរបស់ព្រះអង្គ នេះសរីរៈ សូមព្រះអង្គធើ្វកិច្ចដោយសាច់ហ្ឫទ័យចុះ ខ្ញុំនឹងធ្វើតាមអធ្យាស្រ័យរបស់ព្រះអង្គដោយខ្លួនឯង។
[២០២] (នាគរាជ…) បញ្ញាហ្នឹងឯង ជាដួងហ្ឫទ័យរបស់បណ្ឌិតទាំងឡាយ យើងទាំងនោះត្រេកអរក្រៃលែង ដោយប្រាជ្ញរបស់អ្នក យក្សមានឈ្មោះមិនខ្វះខាត គឺបុណ្ណកៈ ចូរបានភរិយាក្នុងថៃ្ងនេះចុះ ចូរញុំាងអ្នកឲ្យទៅដល់ដែនកុរុ ក្នុងថៃ្ងនេះចុះ។
[២០៣] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ មានចិត្តត្រេកអររីករាយ ព្រោះបាននាងនាគកញ្ញា ឈ្មោះឥរន្ទតី មានចិត្តត្រេកអរសប្បាយហើយ បានពោលនឹងវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ដូច្នេះថា
អ្នកធើ្វខ្ញុំឲ្យបានព្រមព្រៀងដោយភរិយា បពិត្រវិធុរបណ្ឌិត ខ្ញុំសូមធើ្វកិច្ច (តបគុណ) ដល់អ្នក ខ្ញុំនឹងឲ្យកែវមណីនេះដល់អ្នក ទាំងញុំាងអ្នកឲ្យដល់ដែនកុរុ ក្នុងថៃ្ងនេះឯង។
[២០៤] (មហាសត្វ…) ម្នាលកច្ចានៈ មេត្រីជាគុណជាតិ គឺបុគ្គលផ្ចាញ់មិនបាននេះ ចូរមានដល់អ្នក ព្រមទាំងភរិយាជាទីស្រឡាញ់ អ្នកមានចិត្តត្រេកអរទួទៅ មានចិត្តល្អ មានចិត្តរីករាយឲ្យកែវមណីដល់ខ្ញុំហើយ ចូរនាំខ្ញុំទៅកាន់ឥន្ទបត្តនគរចុះ។
[២០៥] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ឡើងជិះសេះអាជានេយ្យ មានវណ្ណៈមិនថោកទាប ហើយអញ្ជើញវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យអង្គុយលើអាសនៈអំពីខាងមុខ ហោះទៅឰដ៏អាកាសវេហា។ ចិត្តរបស់មនុស្ស រមែងស្ទុះទៅ (កាន់អារម្មណ៍ក្នុងទីឆ្ងាយ) យ៉ាងណា ដំណើរសន្ទុះរបស់សេះអាជានេយ្យនោះ ក៏ឆាប់រហ័សក្រៃលែងជាងចិត្តនោះ ក៏យ៉ាងនោះដែរ បុណ្ណកយក្សនោះ នាំវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ទៅកាន់ឥន្ទបត្តនគរ។
[២០៦] (បុណ្ណកយក្ស…) នុ៎ះ ក្រុងឥន្ទបត្ត ដែលឃើញច្បាស់ នុ៎ះព្រៃសា្វយគួរជាទីរីករាយ ដោយចំណែកៗ ខ្ញុំក៏បានព្រមព្រៀងដោយភរិយា ទាំងអ្នកក៏បានមកដល់ទីលំនៅរបស់ខ្លួន។
[២០៧] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ញុំាងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យចុះក្នុងកណា្តលធម្មសភា ហើយឡើងជិះសេះអាជានេយ្យ ជាអ្នកមានវណ្ណៈមិនថោកទាប ហោះទៅឰដ៏អាកាសវេហា។ព្រះរាជាទតឃើញមហាសត្វនោះហើយ ព្រះអង្គមានព្រះហ្ឫទ័យសោមនស្សដ៏ក្រៃលែង ទ្រង់ក្រោកឡើង យកព្រះហស្តស្រវាឱប ទ្រង់មិនបានឲ្យកំរើក ហើយអញ្ជើញព្រះមហាសត្វឲ្យអង្គុយលើអាសនៈក្នុងកណ្តាលធម្មសភា ចំពោះព្រះភក្ត្រ។
[២០៨] (ព្រះរាជា…) អ្នក ជាអ្នកណែនំាយើង ដូចនាយសារថីនំាយករថដែលបាត់ទៅ (មកឲ្យ) អ្នកដែនកុរុទាំងឡាយត្រេកអរ ព្រោះបានឃើញអ្នក ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អ្នករួចអំពីមាណព ដោយប្រការដូចម្តេច។
[២០៩] (មហាសត្វ…) បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ព្រះអង្គត្រាស់ហៅបុរសណាថាមាណព បុរសនោះមិនមែនជាមនុស្សទេ គឺជាយក្ស ឈោ្មះបុណ្ណកៈ ព្រះអង្គក៏ធា្លប់បានឮមកហើយ បុណ្ណកយក្សនោះ ជាអាមាត្យនៃព្រះបាទកុវេរៈ មានស្តេចនាគមួយឈោ្មះវរុណៈ គ្រប់គ្រងផែនដី មានទំហំ និងកំពស់សា្អត បរិបូណ៌ដោយពណ៌សម្បុរ និងកំឡាំង ឯបុណ្ណកយក្សនោះ ចង់បានធីតាជាអនុជាតនៃវរុណនាគនោះ (ធើ្វជាប្រពន្ធ) នាងនាគកញ្ញានោះឈោ្មះឥរន្ទតី។ បុណ្ណកយក្ស ព្យាយាមដើម្បីសំឡាប់ខ្ញុំព្រះអង្គ ព្រោះហេតុនៃនាងឥរន្ទតីនោះ មានចង្កេះល្អគួរជាទីស្រឡាញ់ ឥឡូវនេះ បុណ្ណកយក្សនោះ បានព្រមព្រៀងដោយភរិយា ចំណែកខ្ញុំព្រះអង្គ ក៏បុណ្ណកយក្សអនុញ្ញាតហើយ ទាំងកែវមណី ខ្ញុំព្រះអង្គក៏បានហើយ។
[២១០] (ព្រះរាជា…) ដើមឈើដុះទៀបទ្វារដំណាក់របស់យើង មានដើមសម្រេចដោយប្រាជា្ញ មែករបស់ឈើនោះសម្រេចដោយសីល ដើមឈើ (នោះ) សម្រេចដោយប្រាជា្ញខ្ជាប់ខ្ជួន តាំងនៅក្នុងអត្ថ និងធម៌ មានផែ្លជាបញ្ចគោរស ដេរដាសដោយដំរី គោ និងសេះ។ កាលដើមឈើនោះ គឹកកងដោយការរាំ ការច្រៀង និងតន្រ្តី បុរស (ខៅ្មមា្នក់) កាត់ដើមឈើនោះ ហើយញុំាងសេនា (ឲ្យរត់ទៅ) បណ្ឌិតនេះ ទុកដូចជាដើមឈើរបស់យើងនោះ មកកាន់លំនៅរបស់ខ្លួនវិញហើយ អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងដើមឈើនេះ។ ជនទាំងឡាយណានីមួយ មានចិត្តត្រេកអរ (ដោយយស) ព្រោះបច្ច័យនៃយើង ពួកជនទាំងអស់នោះ ចូរធើ្វ (ចិត្តរបស់ខ្លួន) ឲ្យប្រាកដក្នុងថៃ្ងនេះចុះ អ្នកទាំងឡាយធ្វើបណ្ណាការឲ្យច្រើន ចូរធ្វើសេចក្ដីកោតក្រែងដល់ដើមឈើនេះចុះ។ ពួកសត្វណានីមួយ ដែលគេចងទុកក្នុងដែនរបស់យើង ពួកសត្វទាំងអស់នោះ ចូរឲ្យរួចចាកចំណង វិធុរបណ្ឌិតនេះ រួចចាកចំណងយ៉ាងណា ពួកសត្វទាំងនុ៎ះ គប្បីរួចចាកចំណងយ៉ាងនោះ។ ចូរពួកប្រជាជនទុកដាក់នង្គ័ល ធើ្វ (មហោស្រព) អស់មួយខែនេះចុះ ពួកព្រាហ្មណ៍ ចូរបរិភោគបាយលាយដោយសាច់ ពួកអ្នកមិនផឹកទឹកស្រឹង គួរផឹកទឹកស្រវឹង ចូរផឹកដោយភាជនៈដ៏ពេញហូរហៀរ។ ស្រីពេស្យាទាំងឡាយ (អាស្រ័យ) ផ្លូវធំ ចូរហៅរកបុរសអ្នកត្រូវការ អស់កាលជានិច្ចចុះ មួយទៀត រាជបុរសទាំងឡាយ ចូរចាត់ចែងការរក្សាឲ្យមាំមួនក្នុងដែន កុំឲ្យពួកមនុស្សបៀតបៀនគា្ននឹងគា្ន អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងចំពោះដើមឈើនេះ។
[២១១] ពួកស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ពលដំរី (ពលសេះ) ពលរថ ពលថើ្មរជើង នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ពួកអ្នកជនបទមកជួបជុំគ្នា ពួកអ្នកនិគម មកជួបជុំគ្នា នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ប្រជាជនជាច្រើន ជាអ្នកមានចិត្តជ្រះថា្ល ព្រោះឃើញបណ្ឌិតមកដល់ហើយ កាលបណ្ឌិតមកដល់ ការលើកទង់ក៏ប្រព្រឹត្តទៅ។
ចប់ វិធុរជាតក ទី៩។
(៥៤៧. វេស្សន្តរជាតកំ (១០))
(ទសវរកថា)
[២១២] (ព្រះឥន្រ្ទាធិរាជ ទ្រង់ត្រាស់ថា) ម្នាលនាងផុស្សតីដ៏មានពន្លឺនៃសម្បុរដ៏ប្រសើរ មានអវយវៈខាងដើមដ៏ល្អ នាងចូរទទួលពរ ១០ ប្រការលើផែនដី ដែលជាពរពេញចិត្តរបស់នាង។
[២១៣] (នាងផុស្សតីទេវធីតា ក្រាបបង្គំទូលថា) បពិត្រទេវរាជ ខ្ញុំមា្ចស់សូមថ្វាយបង្គំព្រះអង្គ ចុះខ្ញុំមា្ចស់បានធើ្វអំពើអាក្រក់ដូចមេ្តច បានជាព្រះអង្គមកញុំាងខ្ញុំមា្ចស់ឲ្យឃា្លតចាករមណីយដ្ឋាន ដូចជាខ្យល់ដែលបក់រំលើងដើមឈើដូច្នោះ។
[២១៤] (ព្រះឥន្រ្ទា…) នាងឥតបានធើ្វអំពើអាក្រក់ទេ មួយទៀត នាងមិនមែនជាទីស្អប់នៃខ្ញុំទេ តែថានាងអស់បុណ្យហើយ បានជាខ្ញុំនិយាយនឹងនាងយ៉ាងនេះ។ នាងមានសេចក្តីសា្លប់កៀកជិតណាស់ហើយ មុខជានឹងមានសេចក្តីព្រាត់ប្រាស កាលបើខ្ញុំឲ្យនូវពរ ១០ ប្រការនេះ នាងចូរទទួលយកចុះ។
[២១៥] (នាងផុស្សតី…) បពិត្រសក្កទេវរាជដ៏ចំរើន ជាឥស្សរៈលើពួកទេវតាទាំងអស់ បើព្រះអង្គទ្រង់ប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមឲ្យបានទៅក្នុងព្រះរាជនិវេសន៍នៃព្រះបាទសិវិរាជនោះ ១ សូមឲ្យមាននេត្រាដ៏ខ្មៅដូចជាកូនម្រឹគញីមានភែ្នកខ្មៅ ១ សូមឲ្យមានចិញ្ចើមខ្មៅ ១ បពិត្រព្រះអង្គ ទ្រង់បានបំពេញទានក្នុងកាលមុន ខ្ញុំម្ចាស់ទៅកើតក្នុងព្រះរាជនិវេសន៍នោះ សូមឲ្យមានឈ្មោះថា ផុស្សតី (ដូចដើម) សូមឲ្យបានបុត្រដ៏ប្រសើរ ដែលចូលចិត្តឲ្យទាន ជាអ្នកគួរដល់ស្មូម មិនមានសេចក្តីកំណាញ់ ជាបុគ្គលដែលព្រះរាជាប្រទេសដទៃបូជា ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ១។ កាលខ្ញុំម្ចាស់ទ្រទ្រង់គភ៌ សូមកុំឲ្យមានពោះប៉ោងឡើង ដូចជាដងធ្នូដែលគេសិតស្មើដូច្នោះ ១។ បពិត្រព្រះវាសវៈ ខ្ញុំម្ចាស់សូមកុំឲ្យមានដោះយារវែង ១ សក់ខ្ញុំម្ចាស់សូមកុំឲ្យមានស្កូវ ១ ខ្ញុំម្ចាស់សូមកុំឲ្យធូលីជាប់លើកាយ ១ ខ្ញុំម្ចាស់សូមដោះលែងចោរ ដែលមានកំហុសគួរគេសម្លាប់ ១។ បពិត្រទេវរាជដ៏ចំរើន ខ្ញុំម្ចាស់សូមឲ្យបានជាអគ្គមហេសី ជាទីស្រឡាញ់នៃព្រះបាទសិវិក្នុងព្រះរាជនិវេសន៍នោះ ដែលជាទីកងរំពង ដោយសំឡេងក្ងោក និងក្រៀល ប្រកបដោយពួកនាងនារីដ៏ប្រសើរ ដេរដាសដោយមនុស្សគម និងមនុស្សតឿ ជាព្រះរាជនិវេសន៍ដែលពួកអ្នកសូទ្រៈ និងពួកអ្នកមគធៈសរសើរហើយ ដ៏គឹកកងដោយសំឡេងនៃសន្ទះទា្វរបង្អួចដ៏ពិចិត្រ ដែលជាទីមានពួកជនដាស់គ្នាឲ្យផឹកសុរា និងឲ្យបរិភោគសាច់។
[២១៦] (ព្រះឥន្រ្ទា…) ម្នាលនាងមានអវយវៈទាំងអស់ដ៏ល្អ ពរ ១០ ប្រការណា ដែលខ្ញុំឲ្យដល់នាងហើយ នាងនឹងបានពរទាំងអស់នោះក្នុងដែននៃព្រះបាទសិវិ។
[២១៧] (អភិសម្ពុទ្ធគាថា) ព្រះមឃវៈទេវរាជ សុជម្បតិ វាសវៈ លុះទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ ក៏ប្រទានពរដល់ព្រះនាងផុស្សតី ហើយក៏មានព្រះហ្ឫទ័យរីករាយ។
ចប់ គាថាទសពរ។
(ហេមវន្តំ)
[២១៨] (អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ ក៏ទៅកើតក្នុងខត្តិយត្រកូល បាននៅរួមនឹងព្រះបាទសញ្ជ័យក្នុងនគរជេតុត្តរ។ ព្រះនាងទេវី ទ្រង់ព្រះនាមផុស្សតីទ្រង់គភ៌អស់ ១០ ខែ ក៏ធើ្វប្រទក្សិណព្រះរាជបុរី រួចប្រសូតតថាគតត្រង់កណ្តាលផ្លូវនៃពួកឈ្មួញ។ នាមតថាគតមិនមែនជារបស់មាតា ទាំងមិនមែនកើតមកពីបិតាទេ តថាគតកើតត្រង់ (កណ្តាល) ផ្លូវនៃពួកឈ្មួញ ព្រោះហេតុនោះ បានជាតថាគតឈ្មោះវេស្សន្តរ។ កាលដែលតថាគតនៅកេ្មងតូច ទើបនឹងមានអាយុ ៨ ឆ្នាំអំពីកំណើត តថាគតបានអង្គុយលើប្រាសាទ រិះគិតនឹងឲ្យទានថា បើមានស្មូមណាមួយ មកបន្លឺវាចាសុំអាត្មាអញ ៗ គួរឲ្យបេះដូង គួរឲ្យភ្នែក គួរឲ្យសាច់ គួរឲ្យឈាម គួរឲ្យរាងកាយ (ដល់ស្មូមនោះឯង)។ កាលតថាគតនោះ កំពុងគិតសភាវធម៌ដែលមិនកម្រើក មិនតាំងនៅក្នុងកាលនោះ ប្រឹថពីមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ពីខាងលើ ក៏ញាប់ញ័រ។
[២១៩] (ព្រះបាទវេស្សន្តរ…) ពួកព្រាហ្មណ៍មានរោមក្លៀក និងក្រចកដុះវែង មានធេ្មញប្រកបដោយមន្ទិល មានក្បាលប្រឡាក់ដោយធូលី ផ្គងដើមដៃខាងស្តាំ តើសុំអ្វីនឹងអញ។
[២២០] (ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំសុំហត្ថិរតន៍ ដែលញុំាងដែននៃពួកអ្នកសិវិរាស្រ្តឲ្យចំរើន សូមព្រះអង្គទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន។
[២២១] (ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណានឹងអញ ជាដំរីចុះប្រេង ជាកុញ្ជរជាតិ មានភ្លុកដ៏ល្អ ជាដំរីដ៏ប្រសើរ គួរជារាជពាហនៈ អញនឹងឲ្យ (ដំរីនោះ) អញមិនញាប់ញ័រទេ។
[២២២] (អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់មានព្រះហ្ឫទ័យប្រាថា្នយ៉ាងលើសលុបក្នុងការបរិច្ចាគ ទ្រង់ចុះចាក ក នៃដំរី រួចទ្រង់ប្រទាន (ដំរី) ជាទានដល់ពួកព្រាហ្មណ៍។
[២២៣] កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដីកំរើកញាប់ញ័រ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើមក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន អ្នកបុរីក៏ជ្រួលច្របល់ ទាំងសំឡេងក៏គឹកកងរំពងខ្លាំង។
[២២៤] កាលព្រះរាជា ទ្រង់ប្រទាននូវដំរីដ៏ប្រសើរ គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក ជាសំឡេងគួរខ្លាច ក៏ប្រព្រឹត្តទៅក្នុងនគរនោះ ក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើម។ កាលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក គួរខា្លច ប្រព្រឹត្តទៅក្នុងនគរនោះ។
[២២៥] ពួកជនអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង អ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នា ពួកជនទាំងនោះបានឃើញដំរី ដែលពួកព្រាហ្មណ៍កំពុងនាំទៅ ក៏ក្រាបទូលចំពោះព្រះរាជា (ទ្រង់ព្រះនាមសញ្ជ័យ) ថា បពិត្រព្រះសម្មតិទេព ដែនរបស់ព្រះអង្គសាបសូន្យហើយ ព្រះវេស្សន្តរជាព្រះរាជបុត្តរបស់ព្រះអង្គ មេ្តចក៏ប្រទានដំរីដ៏ប្រសើររបស់យើង ជាដំរីដែលអ្នកដែនបូជាហើយ មេ្តចក៏ប្រទានដំរីកុញ្ជររបស់យើង ដែលជាដំរីមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន ជាសត្វសា្គល់ខេត្តចម្បាំងទាំងអស់ ជាដំរីដ៏ឧត្តម សសុទ្ធ។ ដំរីនោះមានខ្លួនពាសដោយសំពត់កម្ពលលឿង ជាដំរីចុះប្រេង ញំាញីសត្រូវបាន មានភ្លុកដ៏ល្អ ប្រកបដោយស៊ែ ជាដំរីស ប្រហែលនឹងភ្នំកៃលាស។ ព្រះរាជបុត្តរបស់ព្រះអង្គ បានប្រទានដំរីរាជពាហនៈ ជាយានដ៏ប្រសើរ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលសម្រាប់ក្រាលលើខ្នង ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សាដំរី ទៅជាទានដល់ពួកព្រាហ្មណ៍។
[២២៦] ព្រះរាជបុត្តរបស់ព្រះអង្គនោះ គួរតែឲ្យបាយ ទឹក សំពត់ និងសេនាសនៈ (ព្រោះថា) វត្ថុនុ៎ះឯង ជារបស់គួរដល់ទាន វត្ថុនុ៎ះឯង ជារបស់គួរដល់ព្រាហ្មណ៍។ បពិត្រព្រះបាទសញ្ជ័យ ព្រះបាទវេស្សន្តរជាបុត្តរបស់ព្រះអង្គនេះ ជាព្រះឱរស កើតក្នុងវង្សរបស់ព្រះអង្គ ជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ម្តេចក៏ចែកដំរីទៅឲ្យព្រាហ្មណ៍។ ថាបើព្រះអង្គ នឹងមិនធើ្វតាមសំដីរបស់ពួកអ្នកដែនសិវិនេះទេ មុខជាពួកអ្នកសិវិរាស្រ្ត ធើ្វព្រះអង្គ ព្រមទាំងព្រះរាជបុត្ត ឲ្យឋិតនៅក្នុងកណ្តាប់ដៃមិនខាន។
[២២៧] (ព្រះរាជា…) ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួន តាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីទ្រូងរបស់យើង។ ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួនតាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីខ្លួនរបស់យើង។ មួយទៀត យើងមិនគួរប្រទូស្តចំពោះកូនយើងនោះទេ ព្រោះថា កូនយើងនោះ ជាអ្នកមានសីល និងវត្តដ៏ប្រសើរ ដំណេះដំនៀល នឹងមានដល់យើងផង យើងត្រូវសោយបាបច្រើនផង យើងនឹងសម្លាប់វេស្សន្តរជាកូន ដោយគ្រឿងសស្ត្រាដូចម្តេចបាន។
[២២៨] (ពួកអ្នកដែន) សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្តនោះដោយដម្បង ឬគ្រឿងសស្រ្តាទ្បើយ ព្រោះព្រះរាជបុត្តនោះ មិនគួរដល់ចំណងទេ ព្រះអង្គគ្រាន់តែបណេ្តញព្រះរាជបុត្តនោះ ចេញអំពីដែនទៅចុះ សូមឲ្យព្រះរាជបុត្តនោះទៅគង់នៅឯវង្កបព៌តចុះ។
[២២៩] (ព្រះរាជា…) ថាបើពួកអ្នកដែនសិវិ មានចំណង់បែបនេះហើយ យើងក៏មិនអាចបន្ទោបង់ចំណង់នេះបានទេ តែសូមឲ្យកូនយើងនោះ នៅបរិភោគកាមបានមួយរាត្រីនេះសិនចុះ។ នាកាលរាត្រីនោះអស់ហើយ ព្រះអាទិត្យរះឡើង ទើបសូមឲ្យពួកអ្នកសិវិរាស្រ្តព្រមព្រៀងគ្នា បណេ្តញកូនរបស់យើងនោះ ចេញអំពីដែនចុះ។
[២៣០] នែអាមាត្យ អ្នកចូរក្រោកទ្បើង អ្នកចូរប្រញាប់ទៅប្រាប់វេស្សន្តរថា បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ មកប្រជុំគា្ន ខឹងនឹងព្រះអង្គហើយ។ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង ពួកអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ លុះរាត្រីនេះអស់ហើយ ព្រះអាទិត្យរះឡើង ពួកអ្នកដែនសិវិព្រមព្រៀងគ្នា នឹងបណ្ដេញព្រះអង្គចាកដែន។
[២៣១] អាមាត្យនោះ លុះព្រះបាទសិវិទ្រង់បញ្ចូនទៅ ក៏ប្រញាប់ប្រញាល់ងូតទឹក កក់ក្បាល ពាក់គ្រឿងប្រដាប់ដៃ ស្លៀកសំពត់ល្អ ប្រោះព្រំដោយខ្លឹមចន្ទន៍ ពាក់កុណ្ឌលកែវមណី ចូរទៅកាន់ព្រះរាជនិវេសន៍នៃព្រះបាទវេស្សន្តរដែលជាបុរីរម្យ។ អាមាត្យនោះ បានឃើញព្រះរាជកុមារ (វេស្សន្តរ) កំពុងរីករាយក្នុងបុរីរបស់ព្រះអង្គនោះ ដ៏កុះករដោយពួកអាមាត្យ ដូចព្រះវាសវៈរបស់ទេវតាជាន់ត្រៃត្រឹង្ស។
[២៣២] អាមាត្យនោះ ប្រញាប់ប្រញាល់ទៅក្នុងរាជបូរីនោះ ហើយក្រាបទូលព្រះបាទវេស្សន្តរថា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមព្រះអង្គកុំខ្ញាល់នឹងទូលព្រះបង្គំជាខ្ញុំឡើយ។ អាមាត្យនោះ លុះថា្វយបង្គំហើយ ក៏យំទួញ ក្រាបបង្គំទូលព្រះរាជាថា បពិត្រមហារាជ ព្រះអង្គរមែងនាំនូវរសជាទីប្រាថ្នាគ្រប់យ៉ាង មកចិញ្ចឹមទូលព្រះបង្គំ ៗ នឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមល្អងធូលីព្រះបាទ ឲ្យទូលព្រះបង្គំដកដងើ្ហមស្រួលក្នុងដំណើរក្រាបទូលនោះ។ បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ប្រជុំគ្នា ខឹងនឹងព្រះអង្គហើយ។ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថើ្មរជើង ព្រមទាំងអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ។ លុះរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង ពួកអ្នកសិវិរាស្រ្ត ព្រមព្រៀងគ្នានឹងបណេ្តញព្រះអង្គចាកដែន។
[២៣៣] (ព្រះវេស្សន្តរ…) ព្រោះដំណើរដូចមេ្តច បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងយើង ដ្បិតយើងរកមិនឃើញអំពើអាក្រក់ទេ ម្នាលអាមាត្យ អ្នកចូរប្រាប់ដំណើរនោះដល់យើង ព្រោះហេតុអ្វី បានជាគេបណេ្តញ។
[២៣៤] (អាមាត្យ…) ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថ្មើរជើង ខឹងនឹងព្រះអង្គ ព្រោះតែការប្រទានដំរី ហេតុនោះ បានជាគេបណេ្តញព្រះអង្គ។
[២៣៥] (ព្រះវេស្សន្តរ…) យើងចង់ឲ្យបេះដូង ឬភ្នែកផង ទ្រព្យជាខាងក្រៅរបស់យើង គឺប្រាក់ មាស កែវមុក្តា កែវពិទូរ្យ និងកែវមណី ជាប្រយោជន៍អ្វី បើយើងបានឃើញស្មូមមកសុំដៃស្តាំ ឬដៃឆេ្វង គួរតែឲ្យ មិនគប្បីរំភើបទេ (ព្រោះថា) ចិត្តរបស់យើងរីករាយក្នុងការឲ្យ (ទាន)។ ពួកអ្នកសិវិរាស្រ្តទាំងអស់នោះ ចង់បណេ្តញ ឬចង់សម្លាប់យើងក៏ដោយចុះ យើងនឹងមិនវៀរចាកការឲ្យ (ទាន) ទេ អ្នកដែនទាំងអស់ចង់កាត់យើងជាប្រាំពីរកំណាត់ក៏ដោយចុះ។
[២៣៦] (អាមាត្យ…) ពួកអ្នកសិវិរាស្រ្ត និងពួកអ្នកនិគមប្រជុំគ្នានិយាយអំពីព្រះអង្គយ៉ាងនេះថា ពួកអ្នកទោសត្រូវនិរទេស តែងទៅតាមឆ្នេរទន្លេកោន្តិមារាណា ព្រះបាទវេស្សន្តរដែលមានវត្តល្អ ចូរយាងសំដៅទៅកាន់ភ្នំអារញ្ជរា តាមឆ្នេរទន្លេកោន្តិមារានោះចុះ។
[២៣៧] (ព្រះវេស្សន្តរ…) ពួកជនអ្នកប្រទូស្ត តែងទៅតាមផ្លូវណា យើងនឹងទៅតាមផ្លូវនោះឯង តែសូមឲ្យអ្នកទាំងទ្បាយ អត់ទោសឲ្យយើងបានមួយយប់មួយថៃ្ង ចាំយើងឲ្យទានសិន។
[២៣៨] ព្រះរាជាទ្រង់ត្រាស់ហៅព្រះនាងមទ្រីទេវី ដែលមានអវយវៈល្អទាំងអស់នោះមកប្រាប់ថា ទ្រព្យស្រូវណាមួយដែលយើងឲ្យដល់នាង នៅមានក្តី ប្រាក់មាស កែវមុក្តា កែវពិទូរ្យណាដ៏ច្រើនក្តី ទ្រព្យណាជារបស់ព្រះបិតានាងក្តី នាងគប្បីកប់ទ្រព្យទាំងអស់នោះទុកចុះ។
[២៣៩] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈល្អទាំងអស់ បានក្រាបបង្គំទូលសួរព្រះរាជានោះថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់នឹងកប់ក្នុងទីណា ខ្ញុំម្ចាស់ក្រាបទូលសួរហើយ សូមព្រះអង្គប្រាប់ដំណើរនោះ។
[២៤០] (ព្រះវេស្សន្តរ…) ម្នាលនាងមទ្រី នាងគួរឲ្យទានចំពោះអ្នកមានសីលទាំងទ្បាយតាមសមគួរ ព្រោះថាទីពឹងរបស់សព្វសត្វដទៃក្រៅអំពីទាន មិនមានទេ។
[២៤១] ម្នាលនាងមទ្រី នាងត្រូវមេត្តាបុត្ត ព្រះមាតាក្មេក និងព្រះបិតាក្មេក មួយទៀត បើអ្នកណាសំគាល់ថា នឹងធើ្វជាប្តីនាង នាងចូរបំរើអ្នកនោះដោយគោរពចុះ។ បើគ្មានគេសំគាល់ថានឹងធើ្វជាប្តីនាងទេ កាលនាងព្រាត់ប្រាសអំពីយើងទៅហើយ នាងចូរសែ្វងរកប្តីដទៃទៀតចុះ កុំឲ្យនាងលំបាក ព្រោះព្រាត់ប្រាសអំពីយើងទ្បើយ។
[២៤២] ព្រោះយើងនឹងទៅកាន់ព្រៃ ប្រកបដោយមឹ្រគសាហាវពន្លឹក សេចក្តីសង្ស័យនឹងជីវិត រមែងមានដល់យើង ដែលនៅម្នាក់ឯងក្នុងព្រៃធំ។
[២៤៣] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី មានអវយវៈល្អទាំងអស់ នាងបានក្រាបទូលព្រះបាទវេស្សន្តរនោះថា ថី្វក៏ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដែលមិនធ្លាប់មាន ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដ៏អាក្រក់អី្វម្ល៉េះ។ បពិត្រមហារាជ ដំណើរនោះ មិនត្រូវតាមធម៌ទេ ដ្បិតព្រះអង្គទ្រង់សេ្តចយាងទៅតែមួយអង្គឯង បពិត្រក្សត្រិយ៍ ព្រះអង្គសេ្តចយាងទៅតាមផ្លូវណា ខ្ញុំម្ចាស់នឹងទៅតាមផ្លូវនោះដែរ។ សេចក្តីស្លាប់ជាមួយនឹងព្រះអង្គក្តី សេចក្តីរស់នៅ តែព្រាត់ប្រាសចាកព្រះអង្គក្តី សេចក្តីស្លាប់នោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ។ ម្ចាស់ខ្ញុំនឹងដុតភើ្លងឲ្យមានអណ្ដាតឆេះមូលទ្រលោម សេចក្តីស្លាប់នៅក្នុងភើ្លងនោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ។ មេដំរី តែងដើរតាមដំរីឈ្មោល ដែលមានភ្លុកល្អ ដែលនៅក្នុងព្រៃកាលត្រាច់ទៅក្នុងជ្រោះ ជ្រលងភ្នំសើ្មខ្លះ មិនសើ្មខ្លះ យ៉ាងណាមិញ។ ខ្ញុំម្ចាស់នឹងនាំបុត្តទាំងទ្បាយ ដើរតាមក្រោយព្រះអង្គយ៉ាងនោះដែរ ខ្ញុំម្ចាស់ជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយងាយ មិនមែនជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយក្រទេ។
[២៤៤] ព្រះអង្គកាលទតឃើញកុមារទាំងនេះ ដែលមានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ អង្គុយក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ កំពុងលេងក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសមេ្លងពីរោះ និយាយពាក្យពាក្យជាទីស្រលាញ់ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញរាជកុមារទាំងនេះ មានសម្លេងពីរោះ និយាយពាក្យជាទីស្រឡាញ់ កំពុងលេងក្បែរអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ កំពុងលេងក្បែរអាស្រម ដែលជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំលេងក្នុងអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅមករាល់ល្ងាច រាល់ព្រឹក នឹងមិនរលឹករាជសម្បត្តិ។ កាលណាដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ កាលដើរទៅខាងមុខនៃហ្វូងដំរីញី និងហ្វូងដំរីឈ្មោល ហើយបន្លឺកោញ្ចនាទ ព្រះអង្គបានទ្រង់ព្រះសណ្តាប់ដំរីបន្លឺកោញ្ចនាទនោះហើយ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដងព្រៃសងខាងផ្លូវ ជាទីឲ្យសេចក្តីប្រាថ្នាក្នុងព្រៃ ដ៏ដេរដាសដោយម្រឹគសាហាវ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គទតឃើញម្រឹគជាបញ្ចមាលិនីដើរមក និងឃើញពួកកិន្នរ ដែលកំពុងរាំក្នុងវេលាល្ងាច នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃទន្លេកំពុងហូរទៅផង ឮចម្រៀងនៃពួកកិន្នរផង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃសត្វមៀម ដែលត្រាច់ក្នុងញកនៃភ្នំ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃម្រឹគសាហាវក្នុងព្រៃ គឺរាជសីហ៍ ខ្លាធំ រមាស គោព្រៃ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានពួកកោ្ងកញីចោមរោម ជាសត្វដេរដាសដោយសំណុំកន្ចុយ ទំលើកំពូលភ្នំ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានកោ្ងកញីចោមរោម ជាអណ្ឌជាតិ មានភ្នែកដ៏វិចិត្រ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញក្ងោកឈ្មោល ដែលមានក្ងោកញីចោមរោម ជាសត្វមានផ្នត់កខៀវ មានកំប៉ោយ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ មានផ្ការីក ក្នុងហេមន្តរដូវ ផ្សព្វផ្សាយដោយក្លិនក្រអូប នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញផែនដី មានសៅ្មខៀវខ្ចី ក្នុងខែខាងក្នុងហេមន្តរដូវ ដ៏ដេរដាសដោយមេភ្លៀង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ ដែលមានផ្ការីកស្គុះស្គាយ ក្នុងហេមន្តរដូវផង ដើមខែ្លងគង់ និងឈើដែលមានត្រួយ មានស្លឹកក្រហមផង ដើមលោទ និងដើមឈូកមានផ្ការីក ផ្សព្វផ្សាយក្លិនក្រអូបផង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញព្រៃ មានផ្ការីកក្នុងខែខាងក្នុងហេមន្តរដូវផង ឈូកទាំងឡាយមានផ្កាជ្រុះហើយផង នឹងមិនរលឹករាជសម្បត្តិ។
ចប់ ហិមវន្ត។
(ទានកណ្ឌំ)
[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះនាងផុស្សតី ជារាជបុត្រី មានយស បានទ្រង់ព្រះសណ្តាប់ការចរចានៃព្រះរាជបុត្រ និងព្រះរាជសុណិសាទាំងនោះហើយ ទ្រង់ព្រះកនែ្សង មុខគួរអណោចអធម្មថា ឱ អាត្មាអញគួរតែបរិភោគថ្នាំពិស ឬអាត្មាអញលោតទំលាក់ខ្លួនក្នុងជ្រោះ… ពុំនោះ ចង (ក) នឹងខែ្ស (ឲ្យស្លាប់) ប្រសើរជាង។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរ ជាកូនអញដែលជាអ្នកមិនប្រទូស្ត។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរ ជាកូនអញដែលជាអ្នកចេះចប់ត្រៃវេទ ជាម្ចាស់ទាន ជាអ្នកគួរដល់ស្មូម ឥតមានសេចក្តីកំណាញ់ ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរជាកូនអញ ដែលពួកព្រះរាជាប្រទេសដទៃបូជា មានកិត្តិយស ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្ត បណេ្តញបាវេស្សន្តរ ជាកូនអញ ដែលជាបុគ្គលចិញ្ចឹមមាតា និងបិតា ជាអ្នកគោរពចំពោះបុគ្គលជាធំក្នុងត្រកូល ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរជាកូនអញ ជាប្រយោជន៍ដល់ព្រះរាជា ជាប្រយោជន៍ដល់ទេវតា ជាប្រយោជន៍ដល់ពួកញាតិ និងសំឡាញ់ ជាប្រយោជន៍ដល់អ្នកដែនទាំងអស់ ជាអ្នកមិនប្រទូស្ត។
[២៤៦] ដែនរបស់ព្រះអង្គ មុខជានឹងសាធារណ៍ដល់ជនទាំងឡាយ ដូចផ្លិតឃ្មុំ ដែលមេឃ្មុំហើរចោល ពុំនោះ ដូចផែ្លស្វាយដែលជ្រុះលើផែនដី (ព្រោះ) ពួកអ្នកសិវិរាស្រ្ត បណេ្តញវេស្សន្តរជាអ្នកមិនប្រទូស្ត។ ព្រះអង្គដែលពួកអាមាត្យបោះបង់ហើយ ជាព្រះរាជាម្នាក់ឯង រមែងនឿយព្រួយដូចហង្សដែលអស់ស្លាប លើភក់ដែលគ្មានទឹក។ បពិត្រមហារាជ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់ក្រាបទូលព្រះអង្គ កុំឲ្យប្រយោជន៍កន្លងផុតព្រះអង្គឡើយ សូមព្រះអង្គកុំបំបរបង់វេស្សន្តរដែលជាអ្នកមិនប្រទូស្តនោះ តាមសំដីពួកអ្នកសិវិរាស្រ្តឡើយ។
[២៤៧] (ព្រះរាជា…) យើងបណេ្តញបាវេស្សន្តរ ដែលជាទង់ជ័យនៃពួកអ្នកសិវិរាស្រ្ត ឈ្មោះថា ធើ្វនូវសេចក្តីគោរពចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរ ជាទីស្រឡាញ់ដ៏លើសជាងជីវិតរបស់យើង ក៏យើងនៅតែបណេ្តញបាវេស្សន្តរ ដែលជាកូនរបស់យើងមិនខាន។
[២៤៨] (ព្រះនាងផុស្សតិទេវី…) ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាផ្កាកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ពលទាំងឡាយ ដូចជាដើមកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ពលទាំងឡាយដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ពួកសេនាស្លៀកសំពត់កម្ពលមានពណ៌លឿង ដែលកើតក្នុងដែនគន្ធារៈ មានរស្មីដូចជាសម្បុរមេភ្លៀង រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន បាវេស្សន្តរណា ទៅដោយដំរី ដោយសាលៀង និងរថ តែក្នុងថ្ងៃនេះ ព្រះរាជាវេស្សន្តរនោះ នឹងដើរទៅដូចម្តេចបាន។ បាវេស្សន្តរដែលមានអវយវៈលាបដោយខ្លឹមចន្ទន៍ ធ្លាប់ភ្ញាក់រលឹកដោយរបាំ និងចម្រៀង (ស្លៀកដណ្តប់) ស្បែកខ្លាទាំងក្រចកគ្រោតគ្រាតផង រែកអម្រែកទម្ងន់មួយខារិផង ដូចមេ្តចកើត។ ព្រោះហេតុដូចមេ្តច ក៏ជនទាំងឡាយមិននាំសំពត់កាសាវៈផង ស្បែកខា្លផង ដើម្បីបាវេស្សន្តរ កាលចូលទៅក្នុងព្រៃធំ ព្រោះហេតុអ្វី ក៏ជនទាំងឡាយមិនត្បាញសំពត់សំបកឈើថ្វាយ។ ពួកជនជារាជបព្វជិត នឹងស្លៀកសំពត់សម្បកឈើ ដូចមេ្តចកើត នាងមទ្រីនឹងស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំងដូចមេ្តចកើត។ នាងមទ្រីធ្លាប់តែស្លៀកសំពត់ដែលកើតក្នុងដែនកាសីផង សំពត់ដែលកើតក្នុងដែនខោមៈ និងដែនកោទុម្ពរៈផង ឥឡូវនេះ មកស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំង តើនឹងធើ្វអ្វីកើត។ នាងមទ្រីនោះ មានអវយវៈគួរសរសើរ ធ្លាប់ទៅដោយវ ព្រះសាលៀង និងរថ ថៃ្ងនេះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃដៃដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃជើងដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ នាងមទ្រីមានអវយវៈគួរសរសើរនោះ តែងពាក់ស្បែកជើងមាស ហើយដើរទៅ ថ្ងៃនេះនឹងដើរដោយជើងទៅតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា តែងពាក់កម្រងផ្កា ដើរទៅខាងមុខនៃស្ត្រីមួយពាន់ ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរទៅព្រៃតែម្នាក់ឯងដូចម្តេចបាន។ នាងមទ្រីណា ដែលនៅក្នុងបូរី គ្រាន់តែបានឮសំឡេងចចកលូរឿយ ៗ រមែងតក់ស្លុត ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្ត្រីរន្ធត់ នឹងទៅព្រៃដូចម្ដេចបាន។ នាងមទ្រីណា គ្រាន់តែបានឮសំឡេងមៀម ជាកោសិយគោត្រ កាលស្រែកបន្លឺ ក៏ខា្លចរន្ធត់ ដូចមេមត់ដែលខោ្មចចូល ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្រ្តីមានសេចក្តីរន្ធត់ នឹងដើរទៅព្រៃដូចមេ្តចបាន។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្ដីទុក្ខអស់កាលយូរ ដូចមេបក្សីដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេបក្សីដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេបក្សី ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចមេអកដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេអក ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេអកដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់នោះ មកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) លើភក់មិនមានទឹក។ ខ្ញុំម្ចាស់នោះមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមសេ្លកស្លាំងដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) នៅលើភក់មិនមានទឹក។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដោយពិត ដូចជាមេចាក្រពាក ដែលនៅលើភក់មិនមានទឹក។ កាលបើខ្ញុំម្ចាស់យំរៀបរាប់យ៉ាងនេះហើយ ព្រះអង្គនៅតែបណេ្តញរាជបុត្តនោះ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ខ្ញុំម្ចាស់ទំនងជានឹងលះបង់ជីវិតមិនខាន។
[២៤៩] (អភិសម្ពុទ្ធគាថា) ពួកកញ្ញារបស់ព្រះបាទសិវិទាំងអស់ ដែលនៅក្នុងបុរី លុះបានឮទំនួញរៀបរាប់នៃព្រះនាងផុស្សតីនោះហើយ ក៏មកចួបជុំគ្នា ផ្គងដើមដៃ កន្ទក់កនេ្ទញ។ កូន និងប្រពន្ធទាំងឡាយ ក៏ដួលដេកក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ ដូចដើមឈើដែលត្រូវខ្យល់បក់បោកខេ្ទចខ្ទី។ ពួកស្រីស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដើមដៃកន្ទក់កន្ទេញ ក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ។ ពួកពលដំរី ពល (សេះ) ពលរថ ពលថើ្មរជើង ផ្គងដើមដៃកន្ទក់កន្ទេញក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ។ រាត្រីនោះអស់ហើយ ព្រះអាទិត្យរះទ្បើង គ្រានោះ ព្រះបាទវេស្សន្តរសេ្តចចូលទៅដើម្បីឲ្យទាន។ មានព្រះរាជបញ្ជាថា អ្នកទាំងឡាយ ចូរឲ្យសំពត់ដល់ពួកជនដែលត្រូវការសំពត់ ឲ្យសុរាដល់ពួកអ្នកលេង ឲ្យភោជនដល់ពួកអ្នកត្រូវការដោយភោជន ចូរឲ្យដោយប្រពៃចុះ។ អ្នកទាំងឡាយ កុំបៀតបៀនពួកវណិព្វកៈ ដែលមកក្នុងទីនេះតិចតួចឡើយ អ្នកទាំងឡាយ ចូរញុំាងពួកវណិព្វកៈឲ្យស្កប់ស្កល់ដោយបាយ និងទឹក ពួកវណិព្វកៈដែលយើងបានឲ្យរួចហើយ ចូរទៅចុះ។ (លំដាប់នោះ ស្រាប់តែសម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះនគរនោះថា ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះអង្គ ព្រោះតែឲ្យទាន ឥឡូវនេះ ព្រះអង្គឲ្យទានទៀតហើយ)។
[២៥០] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញទៅ វណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចជាបុគ្គលស្រវឹង ឬដូចជាបុគ្គលនឿយហត់ខ្លាំង (ដោយពាក្យថា) ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចគេកាត់ផ្ដាច់ដើមឈើ ជាឈើឲ្យផ្លែផ្សេងៗ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ចោលនូវដើមឈើ ជាឈើទ្រទ្រង់ផែ្លផ្សេងៗ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើឲ្យសេចក្តីបា្រថ្នាគ្រប់យ៉ាង។ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើនំាមកនូវរស ជាទីបា្រថ្នាគ្រប់យ៉ាង។ ពួកជនណាដែលចាស់កី្ត ពួកជនណាដែលនៅក្មេងក្ដី ពួកជនណា ដែលមានវ័យកណ្តាលក្តី ជនទាំងនោះ កាលដែលមហារាជ ព្រះអង្គញុំាងដែនរបស់ពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញទៅ ក៏ផ្គងដៃកន្ទក់កនេ្ទញ។ កាលមហារាជ ព្រះអង្គញុំាងដែនអ្នកសិវិឲ្យចំរើន ទ្រង់យាងចេញទៅ ពួកពេទ្យចាប់ខោ្មច ពួកអ្នករក្សាស្រីស្នំ12) និងពួកស្រីស្នំរបស់ព្រះរាជា ក៏ផ្គងដើមដៃកន្ទក់កនេ្ទញ។ កាលមហារាជ ព្រះអង្គញុំាងអ្នកដែនសិវិឲ្យចំរើន ទ្រង់យាងចេញទៅ ពួកស្ត្រីដែលនៅក្នុងព្រះនគរនោះ ក៏កន្ទក់កនេ្ទញ។ ពួកព្រាហ្មណ៍ សមណៈ និងវណិព្វកៈដទៃៗ ផ្គងដើមដៃកន្ទក់កន្ទេញថា ម្នាលគ្នាយើងដ៏ចំរើន បានឮថា នេះមិនមែនជាធម៌ទេ។ ដូចយ៉ាងព្រះបាទវេស្សន្តរ កាលបូជាក្នុងបុរីរបស់ព្រះអង្គ ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរីមាតង្គៈប្រាំពីររយ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងប្រដាប់ក្បាលជាវិការៈនៃមាស ដែលពួកហ្មដំរី មានលំពែងស្នែងក្របី និងកងេ្វរក្នុងដៃ ឡើងជិះហើយ ក៏យាងចេញទៅចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានសេះ អាជានីយប្រាំពីររយ ជាសេះសិន្ធពដោយជាតិ ជាពាហនៈមានសន្ទុះលឿន ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកអ្នកជិះសេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានរថប្រាំពីររយ ដែលប្រដាប់ហើយ មានទង់លើកឡើងហើយ បិទបាំងដោយស្បែកខ្លាដម្បង និងសែ្បកខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូក្នុងដៃ និងពាក់អាវក្រោះ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានស្ត្រីប្រាំពីររយ ឋិតនៅលើរថមួយម្នាក់ ៗ ដែលស្អិតស្អាងហើយ ប្រដាប់ដោយខែ្សជាវិការៈនៃមាសឆ្ដោរ មានគ្រឿងប្រដាប់លឿង មានសំលៀកបំពាក់លឿង ស្អិតស្អាងដោយគ្រឿងអាភរណៈលឿង មានថ្ពាល់ និងភែ្នកដ៏ល្អ ញញឹមហើយទើបនិយាយ ជាស្រ្តីមានត្រគាកល្អ មានចង្កេះរៀវ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានមេគោប្រាំពីររយ ព្រមទាំងភាជន៍មាសសម្រាប់ត្រងទឹកដោះទាំងអស់ ហើយយាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានខ្ញុំស្រីប្រាំពីររយ ខ្ញុំប្រុសប្រាំពីររយ ហើយយាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរី សេះ រថ និងនាងនារី ដែលប្រដាប់ហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ កាលដែលព្រះបាទវេស្សន្តរ ប្រទានមហាទាន ការស្ញប់ស្ញែង ការព្រឺរោមក៏កើតមានក្នុងកាលនោះ ផែនដីក៏ញប់ញ័រ។ ព្រះរាជាដែលមហាជនកំពុងផ្គងអញ្ជលី ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ដោយហេតុណា ហេតុនោះ ជាការគួរស្ញប់សែ្ញង គួរព្រឺរោម កើតមានក្នុងកាលនោះ។
[២៥១] (អភិសម្ពុទ្ធគាថា) គ្រានោះ សម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះរាជនិវេសន៍នុ៎ះថា ពួកអ្នកសិវិរាស្រ្តបណេ្តញព្រះវេស្សន្តរនោះ ព្រោះតែឲ្យទាន ព្រះវេស្សន្តរនោះ នៅតែឲ្យទានទៀត។
[២៥២] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន យាងចេញទៅ ពួកវណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចបុគ្គលស្រវឹង ឬដូចបុគ្គលនឿយហត់ខ្លាំង។
[២៥៣] ព្រះបាទវេស្សន្តរ បានក្រាបទូលព្រះរាជាព្រះនាមសញ្ជ័យ ជាធម្មិករាជដ៏ប្រសើរថា បពិត្រព្រះទេវៈ ព្រះអង្គទ្រង់បណេ្តញទូលព្រះបងំ្គជាខ្ញុំ ទូលព្រះបងំ្គជាខ្ញុំនឹងទៅឯវង្កតបព៌ត។ បពិត្រមហារាជ សត្វទាំងឡាយណាមួយ កើតហើយក្តី ទាំងសត្វទាំងឡាយណា នឹងកើតក្តី (ពួកសត្វដែលកំពុងកើតក្តី) សត្វទាំងនោះ សុទ្ធតែមិនឆែ្អតដោយកាមទាំងអស់ រមែងទៅកាន់ទីរបស់យមៈ។ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំក៏នឹងរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ នឹងធើ្វបុណ្យទាំងឡាយ ឯព្រះអង្គលិចក្នុងភក់ គឺកាមចុះ។
[២៥៤] (ព្រះវេស្សន្តរ…) បពិត្រព្រះមាតា សូមទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំគាប់ចិត្តនឹងបព្វជា្ជ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំជាខ្ញុំ នឹងសោយទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ តែងធើ្វបុណ្យទាំងឡាយ នឹងទៅឯគិរីវង្កត។
[២៥៥] (ព្រះនាងផុស្សតីទេវី ) ម្នាលកូន យើងអនុញ្ញាតអ្នកហើយ បព្វជ្ជា ចូរសម្រេចដល់អ្នកចុះ តែនាងមទ្រីកល្យាណីនេះ នាងមានត្រគាកដ៏ល្អ មានចងេ្កះរៀវ ចូរនៅជាមួយនឹងកូនទាំងពីរចុះ នាងនឹងធើ្វអី្វក្នុងព្រៃ។
[២៥៦] (ព្រះវេស្សន្តរ) សូម្បីតែទាសី ដែលបា្រថ្នានឹងទៅ ទូលព្រះបង្គំជាខ្ញុំ ក៏មិនអាចនំាទៅកាន់ព្រៃទេ ប្រសិនបើនាងមទ្រីចង់ ចូរទៅតាមចុះ បើមិនចង់ ចូរនៅចុះ។
[២៥៧] លំដាប់នោះ មហារាជទ្រង់យាងទៅអង្វរព្រះសុណិសាថា ម្នាលនាងមានរាងកាយប្រោះព្រំដោយខ្លឹមចន្ទន៍ នាងកុំស្លៀកដណ្តប់សំពត់ឲ្យប្រឡាក់ក្អែលឡើយ។ នាងធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសី ហើយត្រឡប់ជាស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងវិញ ការនៅក្នុងព្រៃ តែងនំាមកនូវសេចក្តីទុក្ខ ម្នាលនាងមានល័ក្ខណ៍ នាងកុំទៅឡើយ។
[២៥៨] ព្រះរាជបុតី្រព្រះនាងមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះបិតាក្មេកថា ខ្ញុំម្ចាស់ បើបា្រសចាកព្រះវេស្សន្តររបស់ខ្ញុំមា្ចស់ហើយ មិនចង់បានសេចក្តីសុខទេ។
[២៥៩] មហារាជជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូលនឹងនាងមទ្រីនោះថា ម្នាលនាងមទ្រី បើដូច្នោះ នាងចូរស្តាប់សេចក្តីអន្តរាយទាំងឡាយ ដែលនាងអត់ទ្រាំបានដោយក្រ ក្នុងព្រៃចុះ។ កណ្តូប របោម មូស និងឃ្មុំដ៏ច្រើន សត្វទាំងនោះ គប្បីបៀតបៀននាងក្នុងព្រៃនោះ ការបៀតបៀននោះ មុខជានាំមកនូវទុក្ខយ៉ាងខាំ្លងដល់នាង។ នាងចូរមើលពួកសត្វដទៃ ដែលគួរឲ្យតក់ស្លុត ដែលអាស្រ័យនៅនឹងទន្លេ គឺពស់ថ្លាន់ ពស់ទាំងនោះ មិនមានពិសទេ តែមានកំឡាំងច្រើន។ ពស់ថា្លន់ទាំងនោះ តែងយកភ្នេនរឹតមនុស្ស ឬម្រឹគដែលមកជិតវា ហើយនាំមកកាន់អំណាចខ្លួន។ ខ្លាឃ្មុំដទៃទៀត មានសម្បុរខៅ្ម រោមរឹង ជាម្រឹគឲ្យទុក្ខ បុរសដែលខ្លាទាំងនោះឃើញហើយ រត់ឡើងដើមឈើក៏មិនរួច។ ក្របីជាសត្វប្រហារ តែងវ័ធនឹងសែ្នង មានចុងដ៏មុត តែងត្រាច់ទៅមកក្នុងព្រៃនោះ ជិតទន្លេឈោ្មះសោតុម្ពរា។ ម្នាលនាងមទ្រី នាងដូចជាមេគោដែលមានចិត្តជាប់នឹងកូន ឃើញគោឈោ្មលកំពុងទៅតាមហ្វូងម្រឹគក្នុងព្រៃ នឹងធើ្វដូចម្តេច។ ម្នាលនាងមទ្រី ភ័យធំមុខជានឹងមានដល់នាង ដែលជាស្រ្តីមិនដឹងទីខេត្ត ព្រោះឃើញស្វាទាំងឡាយដ៏ពន្លឹក ដែលផ្តុំគា្នក្បែរផ្លូវ ដែលទៅមកបានដោយក្រ។ ម្នាលនាងមទ្រី ក្នុងបុរី នាងគ្រាន់តែឮ (សូរសម្លេង) ចចក រមែងតក់ស្លុតរឿយ ៗ ដល់ទៅគិរីវង្កត តើនឹងធើ្វដូចមេ្តចទៅ។ កាលដែលពួកបក្សីប្រជុំគា្ន ក្នុងវេលាដែលព្រះអាទិត្យឋិតនៅត្រង់កណ្ដាល (ថ្ងៃត្រង់) ព្រៃធំ ក៏លាន់ឮសម្លេងគឹកកង ចុះនាងចង់ទៅក្នុងព្រៃធំនោះធើ្វអ្វី។
[២៦០] ព្រះរាជបុត្រីព្រះនាមមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះរាជបិតាក្មេកនោះថា ព្រះអង្គទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់នូវភ័យ ដែលមានចំពោះមុខទាំងឡាយណា ក្នុងព្រៃ ឯខ្ញុំម្ចាស់អាចទទួលអត់ទ្រាំភ័យ ដែលមានចំពោះមុខទាំងអស់នោះបាន បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ខ្ញុំម្ចាស់នឹងយកទ្រូងរុលវែកដើមអំពៅព្រៃ ស្បូវភ្លាំង ស្មៅសសិត ស្មៅរណ្តាស ស្មៅយាប្លង និងស្មៅដំណេកទន្សាយ (ដើរមុខព្រះវេស្សន្តរជាប្តីខ្ញុំម្ចាស់) ខ្ញុំម្ចាស់នឹងនាំព្រះភស្តាទៅមិនឲ្យលំបាក។ កុមារីរមែងបានប្តីដោយការប្រព្រឹត្តិវត្តដ៏ច្រើន គឺដោយការបិទពោះ (បន្ថយអាហារឲ្យពោះតូច) ដោយការដំចងេ្កះ ដោយឈើមានសណ្ឋានដូចចងា្កគោ និងការរឹតចងេ្កះខ្លួនដោយឈ្នួត (ធើ្វឲ្យចងេ្កះរៀវ) ដោយការបំរើភើ្លង (អាំងភើ្លង) និងដោយការដុសលាងសំអាតដោយទឹក ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំមា្ចស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត បុរសមិនគួរបរិភោគរបស់សំណល់អំពីស្រ្តីមេម៉ាយនោះ បុរសណា សូម្បី (មានជាតិទាប បុរសនោះ) ក៏ចាប់ដៃទង់ទាញស្រ្តីមេម៉ាយនោះ ដែលមិនបា្រថ្នាផង ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ បុរសតែងឲ្យសេចក្តីទុក្ខយ៉ាងច្រើនលើសលុប ដោយការចាប់សក់កញ្ឆក់ឡើង ដោយការផ្តួលលើផែនដី ហើយក៏មិនដើរចេញទៅណា (នៅឈរមើលព្រងើយ) ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅមិនខានឡើយ។ ពួកបុរសដែលមានសម្បុរ ស ជាអ្នកត្រូវការនឹងស្រ្តីមេម៉ាយ ប្រកាន់ខ្លួនថា មានលំអដ៏ប្រសើរ បានឲ្យ (ទ្រព្យបន្តិចបន្តួច) ហើយទង់ទាញស្រ្តីមេម៉ាយដែលមិនត្រូវការនឹងខ្លួន ដូចកែ្អកដែលឆាបមៀមដូច្នោះ ភាពជាស្រ្តីមេម៉ាយ រមែងក្ដៅក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត ស្ត្រីមេម៉ាយ កាលនៅក្នុងត្រកូលញាតិដ៏ស្តុកស្តម្ភ រុងរឿងដោយភាជន៍មាស ក៏នៅតែបានពាក្យតិះដៀលអំពីបងប្អូនប្រុស និងពួកស្រ្តីជាសំឡាញ់ពុំខាន ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទន្លេដែលគ្មានទឹក ហៅថា ទន្លេស្រាត ដែនដែលគ្មានព្រះរាជា ហៅថា ដែនស្រាត ចំណែកស្រ្តីមេម៉ាយ បើទុកជាមានបងប្អូនប្រុសដល់ ១០ នាក់ ក៏ហៅថា ស្រ្តីស្រាត ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទង់ជាគ្រឿងបា្រកដរបស់រថ ផ្សែងជាគ្រឿងប្រាកដរបស់ភើ្លង ព្រះរាជាជាគឿងបា្រកដរបស់ដែន ភស្តាជាគ្រឿងបា្រកដរបស់ស្រ្តី ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ស្រ្តីណាដែលមានកេរ្តិ៍ឈ្មោះ កាលស្វាមីទ័លក្រ ក៏ជាស្រ្តីទ័លក្រ (ជាមួយ) កាលស្វាមីស្តុកស្តម្ភ ក៏ជាស្ត្រីស្តុកស្តម្ភ (ជាមួយ) ពួកទេវតារមែងសរសើរស្រ្តីនោះឯង ព្រោះថា ស្រ្តីនោះធើ្វអំពើដែលគេធើ្វបានដោយក្រ។ ខ្ញុំម្ចាស់នឹងស្លៀកសំពត់កាសាយៈ ហើយដើរតាមប្តីសព្វ ៗ កាល ភាពជាស្រ្តីមេម៉ាយ ទោះបីមានផែនដីមិនបែក (បានជាធំលើផែនដីទាំងមូល) ក៏នៅតែក្តៅក្រហាយដែរ។ ម្យ៉ាងទៀត ខ្ញុំម្ចាស់បើប្រាសព្រាត់ព្រះវេស្សន្តរជាប្តីហើយ មិនចង់បានផែនដីដែលមានសមុទ្រព័ទ្ធជុំវិញ ទ្រទ្រង់ទ្រព្យដ៏ច្រើន ជាផែនដីបរិបូណ៌ដោយរតនៈផេ្សង ៗ ទេ។ ពួកស្រ្តីណា ជាស្រ្តីរឹងរូសយ៉ាងក្រៃលែង កាលដែលស្វាមីដល់នូវសេចក្តីទុក្ខហើយ ប្រាថ្នាសេចក្តីសុខដល់ខ្លួនតែម្យ៉ាង ហ្ឫទ័យរបស់ស្រ្តីទាំងនោះនឹងទៅជាដូចមេ្តចហ៎្ន។ កាលបើមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ចេញទៅហើយ ខ្ញុំម្ចាស់នឹងទៅតាមមហារាជនោះ ព្រោះថា ព្រះអង្គជាអ្នកឲ្យវត្ថុជាទីប្រាថ្នាគ្រប់យ៉ាងដល់ខ្ញុំម្ចាស់។
[២៦១] ព្រះបាទសញ្ជយមហារាជ មានព្រះរាជឱង្ការនឹងព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អនោះថា ម្នាលនាងមានល័ក្ខណ៍ នាងចូរទុកកូនតូចទាំងពីររបស់នាង គឺបាជាលី និងនាងកណ្ហាជិនានេះ ហើយទៅចុះ យើងនឹងចិញ្ចឹមកូនតូចទាំងនោះ។
[២៦២] ព្រះរាជបុត្រីព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ បានក្រាបទូលព្រះរាជានោះវិញថា បពិត្រព្រះទេវៈ កូនតូចទាំងពីរ គឺបាជាលី និងនាងកណ្ហាជិនា ជាទីស្រឡាញ់របស់ខ្ញុំម្ចាស់ កូនតូចទាំងពីរនោះ នឹង (ញុំាងហឫទ័យ) នៃយើងខ្ញុំ ដែលមិនទាន់ប្រាសចាកសេចក្តីសោក ឲ្យត្រេកអរក្នុងព្រៃនោះបាន។
[២៦៣] ព្រះបាទសញ្ជយមហារាជ ទ្រង់ញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូលនឹងព្រះនាងមទ្រីនោះថា ក្មេងទាំងពីរធ្លាប់បរិភោគបាយអង្ករសាលី លាយដោយសាច់ដ៏ស្អាត នឹងបរិភោគផែ្លឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់បរិភោគភោជនក្នុងភាជន៍មាសដែលមានទម្ងន់ ១០០ បល្លៈ មានស្នាមចំឡាក់មួយ ១០០ នឹងបរិភោគភោជន ដែលដាក់ក្នុងស្លឹកឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសីផង សំពត់ខោមៈផង សំពត់កោទុម្ពរៈផង នឹងស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ទៅដោយវ ដោយគ្រែស្នែង ដោយរថ នឹងដើរទៅដោយជើងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ដេកក្នុងផ្ទះមានកំពូល មានសន្ទះទា្វរ និងបង្អួចដ៏ជិតស្និទ្ធ ខ្យល់ចេញចូលមិនបាន នឹងដេកទៀបគល់ឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ដេកលើបល្លង្ក លើកម្រាលរោមវែង និងលើកម្រាលដ៏ពិចិត្រ នឹងដេកលើកម្រាលស្មៅធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់លាបស្រឡាបដោយគ្រឿងក្រអូប គឺខ្លឹមក្រឹស្នា ខ្លឹមចន្ទន៍ នឹងស្លៀកដណ្តប់សំពត់ប្រឡាក់កែ្អលធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអវយវៈគេតែងបក់ដោយផិ្លតរោមចាមរី និងសំណុំកន្ទុយក្ងោក ត្រូវល្បោមមូសប៉ះពាល់ នឹងធើ្វដូចមេ្តចកើត។
[២៦៤] ព្រះរាជបុត្រីទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ក្រាបទូលព្រះរាជបិតានោះថា បពិត្រព្រះទេវៈ ព្រះអង្គកុំទ្រង់ព្រះកនែ្សងឡើយ សូមព្រះអង្គកុំមានព្រះហ្ឫទ័យអាក់អន់ឡើយ ខ្ញុំម្ចាស់ទាំងពីរនាក់ នឹងរស់នៅយ៉ាងណា ក្មេងទាំងពីរនាក់ ក៏រស់នៅយ៉ាងនោះដែរ។ ព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ដ៏ទ្រង់ល័ក្ខណ៍ លុះបានពោលពាក្យយ៉ាងនេះហើយ ក៏នាំព្រះរាជបុត្រាបុត្រីទៅតាមផ្លូវដែលព្រះបាទសិវិ (វេស្សន្តរ) ទ្រង់សេ្តចទៅ។
[២៦៥] លំដាប់នោះ ព្រះវេស្សន្តរជាក្សត្រ ទ្រង់បានឲ្យទាន ហើយក៏ថា្វយបង្គំព្រះបិតា និងព្រះមាតា ធើ្វប្រទក្សិណព្រះបិតា និងព្រះមាតានោះ។ ព្រះវេស្សន្តរឡើងកាន់រថ ដែលទឹមដោយសេះ ៤ មានសន្ទុះដ៏លឿន នាំបុត្រាបុត្រី និងព្រះជាយា សេ្តចទៅកាន់គិរីវង្កត។
[២៦៦] លំដាប់នោះ ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរ ទ្រង់បររថសំដៅទៅរកទីដែលមានជនច្រើន ហើយត្រាស់ថា យើងសូមលាអ្នករាល់គ្នាទៅហើយ សូមឲ្យពួកញាតិកុំមានរោគឡើយ។
[២៦៧] (អភិសម្ពុទ្ធគាថា) កាលដែលព្រះបាទវេស្សន្តរ សេ្តចចេញអំពីព្រះនគរ ហើយងាកក្រឡេកទតព្រះរាជនិវេសន៍ គ្រានោះឯង ផែនដីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។
[២៦៨] (ព្រះវេស្សន្តរ…) នែនាងមទ្រី នាងចូរគន់មើលចុះ (នុ៎ះ) និវេសន៍របស់ព្រះបាទសិវិដ៏ប្រសើរ (នុ៎ះ) វាំងរបស់យើង ដែលព្រះបិតាប្រទានឲ្យ ប្រាកដជារូបគួរត្រេកអរ។
[២៦៩] ពួកព្រាហ្មណ៍បានទៅតាមព្រះបាទវេស្សន្តរនោះ ព្រាហ្មណ៍ទាំងនោះបានសុំសេះទាំងឡាយអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ លុះពួកព្រាហ្មណ៍សុំហើយ ក៏បានប្រទានសេះទាំង ៤ ដល់ព្រាហ្មណ៍ទាំង ៤ នាក់។
[២៧០] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរគន់មើលចុះ ម្រឹគទាំងឡាយមានភេទជារមាំង នាំខ្ញុំទៅ ដូចសេះដែលគេទូន្មានល្អហើយ ប្រាកដជារូបដ៏វិចិត្រ។
[២៧១] លំដាប់នោះ ព្រាហ្មណ៍ទី ៥ ក៏មកក្នុងព្រៃនោះ ព្រាហ្មណ៍នោះ បានសុំរថអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ ក៏ប្រទានរថដល់ព្រាហ្មណ៍នោះ ព្រះហ្ឫទ័យរបស់ព្រះបាទវេស្សន្តរ មិនបានរួញរាឡើយ។
[២៧២] ព្រះបាទវេស្សន្តរទ្រង់ឲ្យជន គឺព្រះទេវី បុត្រាបុត្រីរបស់ព្រះអង្គ (ចុះពីរថនោះ) រួចប្រទានអស្សរថ ដល់ព្រាហ្មណ៍អ្នកសែ្វងទ្រព្យ។
[២៧៣] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរពកណ្ហាចុះ ដ្បិតកណ្ហានុ៎ះជាប្អូននៅតូចស្រាល ខ្ញុំនឹងពជាលី ដ្បិតជាលីនោះជាបងដ៏ធ្ងន់។
[២៧៤] ព្រះរាជាទ្រង់ពជាលីកុមារ ចំណែកព្រះរាជបុត្រី ទ្រង់ពនាងកណ្ហាជិនា ទ្រង់យាងទៅ មានព្រះបន្ទូលព្រះវាចាជាទីស្រឡាញ់ សំណេះសំណាលទៅវិញទៅមក។
ចប់ ទានកណ្ឌ។
(វនបវេសនំ)
[២៧៥] (អភិសម្ពុទ្ធគាថា) (ក្សត្រទាំងនោះ មានព្រះបន្ទូលសំណេះសំណាលថា) ប្រសិនបើពួកមនុស្សណាមួយ មកចួបក្នុងផ្លូវជាលំដាប់ យើងនឹងសួររកផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា។ មនុស្សទាំងនោះ បានឃើញយើងក្នុងទីនោះហើយ សមជាទួញយំ មុខគួរឲ្យអណោចអធម្ម មនុស្សទាំងនោះ ក៏ប្រាប់សេចក្តីទុក្ខថា វង្កតបព៌តនៅក្នុងទីឆ្ងាយ។
[២៧៦] បើក្មេងទាំងពីរ បានឃើញដើមឈើ ដែលមានផ្លែក្នុងព្រៃ ក្មេងទាំងពីររមែងយំទារ ព្រោះហេតុចង់បានផ្លែឈើទាំងនោះ។ ដើមឈើទាំងឡាយដ៏ខ្ពស់ ឃើញក្មេងទាំងពីរកំពុងយំ ក៏ទោរទន់មកជិតក្មេងទាំងពីរ ដោយខ្លួនឯងតែម្តង។ ព្រះនាងមទ្រីដែលមានអវយវៈទាំងអស់ដ៏ល្អ បានឃើញហេតុនេះ ជាហេតុអស្ចារ្យចំឡែក គួរឲ្យព្រឺរោម ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱហ្ន៎ (នេះ) គួរអស្ចារ្យណាស់ ចំឡែកណាស់ គួរឲ្យព្រឺរោមក្នុងលោក ដើមឈើទាំងឡាយស្រាប់តែទោរចុះមកឯង ដោយតេជះនៃព្រះវេស្សន្តរ។
[២៧៧] យក្ខទាំងឡាយ បំប្រួញផ្លូវដោយសេចក្តីអនុគ្រោះចំពោះក្មេងទាំងពីរ ក្សត្រទាំងនោះ បានទៅដល់ដែនឈ្មោះចេតៈ តែមួយថៃ្ង រាប់ពីសេ្តចចេញទៅ។
[២៧៨] ក្សត្រទាំងនោះ យាងទៅកាន់ផ្លូវឆ្ងាយ ក៏បានដល់ដែនឈ្មោះចេតៈ ដែលជាជនបទស្តុកស្ភម្ភធំទូលាយ មានសាច់ សុរា និងទឹកច្រើន។
[២៧៩] អ្នកដែនចេតៈទាំងឡាយ បានឃើញព្រះនាងមទ្រី ដែលប្រកបដោយលក្ខណៈ សេ្តចមកដល់ហើយ ក៏នាំគ្នាចោមរោមចរចាថា ឱហ្ន៎ ព្រះនាងម្ចាស់ ជាសុខុមាលជាតិ សេ្តចសញ្ចរមកដោយព្រះបាទទទេ។ សមេ្តចព្រះមទ្រីនោះ ធ្លាប់សេ្តចទៅដោយវ គ្រែសែ្នង និងរថ តែក្នុងថៃ្ងនេះ សេ្តចទៅក្នុងព្រៃដោយព្រះបាទទទេ។
[២៨០] ព្រះរាជាចេតៈទាំងឡាយ លុះបានឃើញព្រះបាទវេស្សន្តរនោះហើយ ក៏ទ្រង់ព្រះកន្សែង ចូលទៅជិតថា បពិត្រព្រះទេវៈ ព្រះអង្គសុខស្រួលទេឬ បពិត្រព្រះទេវៈ ព្រះអង្គមិនមានជំងឺដម្កាត់ទេឬ។ ព្រះបិតារបស់ព្រះអង្គ មិនមានរោគទេឬ ពួកអ្នកសិវិរាស្រ្ត មិនមានជំងឺដម្កាត់ទេឬ បពិត្រមហារាជ ទៅណាទៅពួកពលរបស់ព្រះអង្គ ទៅណាទៅរថមណ្ឌលរបស់ព្រះអង្គ។ ព្រះអង្គទ្រង់សេ្តចមកកាន់ផ្លូវឆ្ងាយ មិនមានសេះ មិនមានរថ ពួកបច្ចាមិត្រគ្របសង្កត់ព្រះអង្គឬ ទើបសេ្តចយាងមកកាន់ទិសនេះ។
[២៨១] (ព្រះបាទវេស្សន្តរ…) ម្នាលសំឡាញ់ទាំងឡាយ យើងមានសេចកី្តសុខស្រួលទេ ម្នាលសំឡាញ់ទាំងឡាយ យើងមិនមានជំងឺដម្កាត់អី្វទេ ព្រះបិតារបស់យើង ក៏មិនមានរោគទេ ទាំងពួកអ្នកសិវិរាស្រ្តក៏មិនមានជំងឺដម្កាត់ដែរ។ យើងបានឲ្យដំរីមានភ្លុក ង ទន្ទាំ អាចពុះពារសត្រូវ ស្គាល់ខែត្រនៃចម្បំាងគ្រប់យ៉ាង ជាដំរីដ៏ឧត្តម សសុទ្ធ បិទបាំងដោយសំពត់កម្ពលលឿង ជាដំរីចុះបេ្រង អាចញាំញីសត្រូវបាន មានភ្លុក (ល្អ) ប្រកបដោយស៊ែ ជាដំរីសប្រហែលនឹងភ្នំកៃលាស។ ខ្ញុំបានឲ្យដំរីនោះ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលលើខ្នងដ៏ល្អ ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សា ជាយានដ៏ប្រសើរ ជារាជពាហនៈ ដល់ពួកព្រាហ្មណ៍។ ព្រោះដំណើរនោះហើយ បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងខ្ញុំ ទាំងព្រះបិតា ក៏មានព្រះហ្ឫទ័យអាក់អន់នឹងខ្ញុំ ព្រះរាជាទ្រង់ដេញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយចូរដឹងឱកាសជាទីនៅក្នុងព្រៃ។
[២៨២] (ពួកព្រះរាជាចេតៈ…) បពិត្រមហារាជ ព្រះអង្គទ្រង់យាងមកស្រួលហើយ ព្រះអង្គមិនមែនយាងមកដោយអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់សេ្តចមកដល់ហើយ សូមព្រះអង្គមានព្រះបន្ទូលប្រាប់របស់ដែលមានក្នុងទីនេះ។ បពិត្រមហារាជ សូមព្រះអង្គទ្រង់សោយអន្លក់ ក្រអៅឈូក ទឹកឃ្មុំ សាច់ និងបាយនៃអង្ករស្រូវសាលីដ៏សា្អត ដ្បិតព្រះអង្គយាងមកហើយ ទុកជាភ្ញៀវរបស់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ។
[២៨៣] (ព្រះវេស្សន្តរ…) វត្ថុណា ដែលអ្នកទាំងអស់ ធើ្វឲ្យជារបស់មានតម្លៃ បានឲ្យដល់ខ្ញុំ វត្ថុនោះ ខ្ញុំក៏បានទទួលហើយ (តែថា) ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ។
[២៨៤] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គសេ្តចគង់នៅក្នុងដែនឈ្មោះចេតៈនេះសិនចុះ ទំរាំពួកព្រះរាជាចេតៈ នឹងទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរ។ ពួកព្រះរាជាចេតៈត្រេកអរបានទីពឹងហើយ ហែហមចោមរោមព្រះអង្គទៅ ដើម្បីញុំាងមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ឲ្យលើកទោសចោល បពិត្រក្សត្រ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ។
[២៨៥] (ព្រះបាទវេស្សន្តរ…) អ្នកទាំងឡាយ កុំពេញចិត្តនឹងការទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរមហារាជ ឲ្យលើកទោសចោល ព្រោះព្រះរាជាមិនជាធំក្នុងការនោះទេ។ ព្រោះថា ពួកអ្នកសិវិរាស្រ្តណា ជានាយពលកី្ត ជាអ្នកនិគមកី្ត សុទ្ធតែជាអ្នកខឹង ពួកអ្នកសិវិរាស្រ្តនោះ ចង់បណេ្តញទាំងព្រះរាជា ព្រោះហេតុតែយើងផង។
[២៨៦] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គអ្នកញុំាងដែនឲ្យចំរើន បើដំណើរហ្នឹងមានក្នុងដែននុ៎ះមែន សូមព្រះអង្គដែលពួកព្រះរាជាចេតៈចោមរោម ទ្រង់សោយរាជ្យក្នុងដែននេះចុះ។ ឯដែននេះ ជាដែនស្តុកស្តម្ភទូលាយ ជនបទក៏ស្តុកស្តម្ភធំ បពិត្រព្រះទេវៈ សូមព្រះអង្គ ទ្រង់ធើ្វសេចក្តីពេញព្រះទ័យ ដើម្បីនឹងគ្រប់គ្រងរាជ្យ។
[២៨៧] (ព្រះបាទវេស្សន្តរ…) យើងដែលគេបណេ្តញអំពីដែនហើយ មិនមានសេចក្តីបា្រថា្ន មិនមានសេចក្តីពេញចិត្ត ដើម្បីនឹងគ្រប់គ្រងរាជទេ ម្នាលពួកចេតបុត្រ អ្នកចូរសា្តប់ខ្ញុំ។ បើពួកព្រះរាជាចេតៈអភិសេកយើង ដែលគេបណេ្តញចាកដែនក្នុងរាជ្យហើយ ពួកអ្នកសិវិរាស្រ្តណា ជានាយពលក្តី ជាអ្នកនិគមកី្ត ពួកអ្នកសិវិរាស្រ្តនោះ មិនត្រេកអរទេ។ ទាំងមិនមានសេចក្តីស្មោះស័្មគ្រ នឹងអ្នកទាំងឡាយ ព្រោះហេតុតែខ្ញុំដោយពិត ខ្ញុំមិនគាប់ចិត្តនឹងការប្រកួតប្រកាន់ ទាស់ទែងជាមួយពួកអ្នកសិវិរាស្រ្ត។ តទៅ នឹងកើតមានការប្រកួតប្រកាន់ដ៏ពន្លឹក ការវាយដំគ្នាយ៉ាងសម្បើម នឹងមានមិនខាន ជនជាច្រើនគប្បីបៀតបៀនគ្នា ព្រោះហេតុតែខ្ញុំម្នាក់ឯង។ វត្ថុណាដែលអ្នកទាំងអស់គ្នាធើ្វឲ្យជារបស់មានតមៃ្ល បានឲ្យដល់ខ្ញុំ វត្ថុនោះខ្ញុំបានទទួលហើយ ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅភ្នំវង្កត ម្នាលសំឡាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ។
[២៨៨] (ពួកព្រះរាជាចេតៈ…) ពួករាជបព្វជិតជាអ្នកឈ្លាស ជាអ្នកបូជាភើ្លង មានចិត្តតំកល់មាំ តែងគង់នៅក្នុងទីណា ពួកទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលដល់ព្រះអង្គយ៉ាងនោះ បពិត្រមហារាជ ព្រះអង្គគង់នៅជាមួយព្រះរាជបុត្ត ព្រមទាំងព្រះអគ្គជាយា កែ្បរភ្នំណា ភ្នំនោះហៅថា ភ្នំគន្ធមាទន៍ ជាវិការនៃថ្មសទ្ធ។
[២៨៩] ពួកព្រះរាជាចេតៈ កាលយំមានមុខជោកដោយទឹកភែ្នក ក៏ក្រាបទូលព្រះបាទវេស្សន្តរនោះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់យាងទៅអំពីទីនេះ សំដៅត្រង់ទៅទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះអង្គនឹងទតឃើញភ្នំ ឈ្មោះវេបុល្លៈ ជាភ្នំដេរដាសដោយពួកឈើផេ្សង ៗ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត។ បពិត្រព្រះអង្គដ៏ចំរើន លុះព្រះអង្គឆ្លងផុតភ្នំនោះហើយ នឹងបានឃើញស្ទឹងមួយ ជាទីហូរទៅនៃទឹក ឈ្មោះកេតុម្មតី ជាស្ទឹងជ្រៅ ហូរចេញអំពីផ្ទៃភ្នំ។ ដេរដាសដោយហ្វូងត្រីច្រើន មានកំពង់រាបសើ្មល្អ មានទឹកច្រើន ព្រះអង្គស្រង់ផង សោយផង លួងលោមព្រះរាជបុត្ររបស់ព្រះអង្គក្នុងស្ទឹងនោះ។ បពិត្រព្រះអង្គដ៏ចំរើន តទៅ ព្រះអង្គនឹងទតឃើញដើមជ្រៃ មានផែ្លផែ្អម ដុះនៅលើកំពូលភ្នំជាទីត្រេកអរ មានម្លប់ត្រជាក់ ជាទីរីករាយនៃចិត្ត។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះអង្គនឹងទតឃើញភ្នំមួយ ឈ្មោះនាលិកៈ ជាវិការៈនៃថ្ម ដេរដាសដោយពួកសត្វស្លាបផេ្សងៗ កុះករដោយពួកកិន្នរ។ នៅភាគខាងជើងឆៀងខាងកើតនៃភ្នំនោះ មានស្រះឈ្មោះមុចលិន្ទ ដេរដាសដោយឈូកសផង ឧប្បលសផង ចង្កុលណីផង។ ព្រះអង្គចូលទៅកាន់ព្រៃដូចផ្ទៃមេឃ មានស្មៅចិញ្ចៀនខៀវស្រស់ជានិច្ច ចូលទៅកាន់ដងព្រៃ ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងពីរ ដូចសីហៈប្រាថ្នាចំណី។ ក្នុងព្រៃនោះ មានបក្សីជាច្រើនមានសម្បុរប្លែក ៗ គ្នា មានសំឡេងមូល មានសំឡេងពីរោះ ស្រែកយំឆ្លងឆ្លើយគ្នាទៅមក លើដើមឈើមានផ្ការីកតាមរដូវ។ ព្រះអង្គទ្រង់សេ្តចទៅកាន់ជង្ហុកភ្នំ និងកន្លែងកកើតនៃស្ទឹងទាំងឡាយ នឹងបានទតឃើញស្រះបោក្ខរណី ដេរដាសដោយដើមកញ្ជើបាយដាច និងដើមថ្ងាន់។ ជាស្រះដេរដាសដោយហ្វូងត្រីដ៏ច្រើន មានកំពង់រាបស្មើល្អ មានទឹកច្រើន មានសណ្ឋាន ៤ ជ្រុងសើ្ម មានទឹកមានរសឆ្ងាញ់ មានក្លិនមិនគួរខើ្ពម។ សូមព្រះអង្គទ្រង់សាងបណ្ណសាលាត្រង់ទិសខាងជើង ឆៀងខាងកើតនៃស្រះបោក្ខរណីនោះ លុះទ្រង់បានសាងបណ្ណសាលាហើយ សូមទ្រង់ព្យាយាម ត្រាច់សែ្វងរកផលាផលចិញ្ចឹមព្រះអង្គចុះ។
ចប់ វនប្បវេសន៍។
(ជូជកបព្វំ)
[២៩០] (អភិសម្ពុទ្ធគាថា) មានព្រាហ្មណ៍មា្នក់ឈ្មោះជូជក នៅក្នុងដែនកលិង្គៈ ឯភរិយារបស់គាត់នៅក្មេង ឈ្មោះនាងអមិត្តតាបនា។ ពួកស្រីជាអ្នកដងទឹកស្ទឹងក្នុងស្រុកនោះ បានទៅស្តីថានាងអមិត្តតាបនានោះ ផ្អើលជ្រួលជ្រើមចោមរោម ជេរប្រទេចនាងអមិត្តតាបនានោះថា ម្ដាយនាងជាសត្រូវពិត ឪពុកនាងជាសត្រូវពិត បានជាឲ្យនាងដែលនៅកំពុងក្រមុំយ៉ាងនេះ ដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាងនាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាប្រយោជន៍ដល់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅកំពុងក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការអាក្រក់របស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការលាមករបស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាទីគាប់ចិត្តរបស់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងនៅទាំងមិនគាប់ចិត្ត ជាមួយនឹងប្ដីចាស់ ដ្បិតនាងនៅក្នុងផ្ទះនៃប្ដីចាស់បែបនេះ នាងស្លាប់ទៅប្រសើរជាងការរស់នៅ។ នែនាងមានលំអយ៉ាងឆើត មាតាបិតារបស់នាងជាក់ជារកប្ដីដទៃឲ្យនាងមិនបាន បានជានាំគ្នាលើកនាងដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងបានធ្វើការបូជាមិនល្អក្នុងថ្ងៃទី ៩ ទាំងមិនបានធ្វើការបូជាព្រះអគ្គី បានជាពួកញាតិនាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងជាក់ជាជេរប្រទេចពួកសមណៈ និងព្រាហ្មណ៍ មានព្រហ្មចរិយៈប្រព្រឹត្តទៅខាងមុខ ជាអ្នកមានសីល មានការចេះដឹងច្រើនក្នុងលោក បានជានាងដែលនៅក្រមុំយ៉ាងនេះ នៅ (ក្នុងផ្ទះ) ព្រាហ្មណ៍ចាស់។ ពស់ចឹក មិនទាន់ជាទុក្ខទេ ទាំងលំពែងមុត ក៏មិនទាន់ជាទុក្ខដែរ ត្រង់នាងឃើញប្តីចាស់នោះ ទើបជាទុក្ខ ទាំងជាគ្រឿងកៅ្តក្រហាយ។ ល្បែងមិនមាន តម្រេកមិនមាន ការចរចាទៅមក ជាមួយនឹងប្តីចាស់មិនមាន ទាំងការសើច ក៏មិនសមល្អ។ កាលណាប្តីក្មេង ប្រពន្ធក្មេង ទៅប្រឹក្សាគ្នាក្នុងទីស្ងាត់ កាលណោះ សេចក្តីសោកគ្រប់យ៉ាងណាមួយ ដែលអាស្រ័យនៅហ្ឫទ័យ ក៏រមែងវិនាសបាត់ទៅ នាងក្មេងមានរូបល្អ រមែងជាទីប្រាថា្ននៃពួកបុរសណាស់ ចូរនាងវិលទៅនៅឯត្រកូលញាតិវិញទៅ ព្រាហ្មណ៍ចាស់នឹងធើ្វនាងឲ្យរីករាយដូចមេ្តចកើត។
[២៩១] (នាងអមិត្តតាបនា…) នែព្រាហ្មណ៍ ខ្ញុំមិនទៅដងទឹកស្ទឹងឲ្យអ្នកទេ នែព្រាហ្មណ៍ ដ្បិតពួកស្រី ៗ ជេរប្រទេចខ្ញុំ ព្រោះតែអ្នកចាស់។
[២៩២] (ជូជក…) នាងកុំធើ្វកិច្ចការឲ្យអញឡើយ នាងកុំដងទឹកមកឲ្យអញឡើយ អញនឹងដងទឹក (ខ្លួនឯង) ម្នាលនាងដ៏ចំរើន នាងកុំក្រេវក្រោធឡើយ។
[២៩៣] (នាងអមិត្តតាបនា) ខ្ញុំមិនមែនកើតក្នុងត្រកូល (ស្រីអ្នកប្រើបី្ត) នោះទេ អ្នកដងទឹកណា (ខ្ញុំមិនត្រូវការទឹកនោះទេ) នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំមិននៅក្នុងសំណាក់អ្នកទេ។
[២៩៤] (ជូជក…) ម្នាលនាងព្រាហ្មណី ហេតុជាទីតាំងនៃសិល្បៈក្តី ទ្រព្យក្តី ស្រូវក្តី របស់អញមិនមានទេ អញនឹងនាំយកខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យនាងដ៏ចំរើនអំពីណាបាន អញនឹងបំរើនាងដ៏ចំរើន នាងដ៏ចំរើនកុំក្រេវក្រោធឡើយ។
[២៩៥] (នាងអមិត្តតាបនា…) អ្នកចូរមក ខ្ញុំនឹងបា្រប់អ្នក តាមពាក្យដែលខ្ញុំឮមកថា ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរនោះ ស្តេចគង់នៅនាគិរីវង្កត។ ម្នាលព្រាហ្មណ៍ អ្នកចូរទៅសុំខ្ញុំប្រុស ខ្ញុំស្រីនឹងព្រះបាទវេស្សន្តរនោះ។ ក្សត្រនោះ ដែលអ្នកសុំហើយ មុខជាប្រទានខ្ញុំប្រុស ខ្ញុំស្រីដល់អ្នកពុំខាន។
[២៩៦] (ជូជក…) អញចាស់ហើយ មានកំឡាំងថយ ទាំងផ្លូវក៏ឆ្ងាយលំបាកទៅណាស់ នាងដ៏ចំរើន កុំយំយែកឡើយ នាងដ៏ចំរើន កុំអាក់អន់ចិត្តឡើយ អញនឹងបំរើនាងដ៏ចំរើន នាងដ៏ចំរើន កុំក្រេវក្រោធឡើយ។
[២៩៧] (នាងអមិត្តតាបនា…) ទាហានមិនទាន់ទៅធើ្វសង្គ្រាម មិនទាន់ច្បាំង ចាញ់មុនទៅហើយ ម្នាលព្រាហ្មណ៍ អ្នកមិនទាន់ទាំងទៅផង ចាញ់យ៉ាងនោះដែរ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ ខ្ញុំនឹងធើ្វអំពើមិនគាប់ចិត្តដល់អ្នក អំពើនោះនឹងជាទុក្ខដល់អ្នកមិនខាន កាលណាអ្នកនឹងឃើញខ្ញុំតាក់តែង (ខ្លួន) ត្រេកត្រអាលជាមួយនឹងពួកប្រុសឯទៀត ក្នុងថ្ងៃនក្ខត្តឫក្ស ក្នុងខាងដើមរដូវទាំងឡាយ ដំណើរនោះនឹងជាទុក្ខដល់អ្នកក្នុងកាលនោះ។ ម្នាលព្រាហ្មណ៍ កាលអ្នកជាបុគ្គលចាស់ទួញយំរៀបរាប់ ព្រោះតែមិនបានឃើញខ្ញុំ ខ្នងរឹតតែកោងទៅ សក់នឹងស្កូវច្រើនឡើង។
[២៩៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រាហ្មណ៍នោះ ភិតភ័យ លុះក្នុងអំណាចនាងព្រាហ្មណី ត្រូវកាមរាគគ្របសង្កត់ បានពោលនឹងនាងព្រាហ្មណីយ៉ាងនេះថា ម្នាលនាងព្រាហ្មណី នាងចូរធើ្វទ្រាបល្ងផង ទ្រាបលាជផង នំទឹកឃ្មុំដែលគេធើ្វល្អហើយផង ភត្ត គឺសដូវផង ឲ្យជាស្បៀងដល់អញ។ អញនឹងនំាកុមារជាខ្ញុំពីរនាក់ មានជាតិគោត្រត្រកូល និងប្រទេស ដើម្បីនាង កុមារទាំងនោះនឹងបំរើនាងទាំងយប់ទាំងថៃ្ង មិនខ្ជិលច្រអូសឡើយ។
[២៩៩] ជូជក ជាព្រហ្មពន្ធុ លុះពោលយ៉ាងនេះហើយ ក៏ពាក់ស្បែកជើង លំដាប់នោះ គាត់ផ្តែផ្តាំភរិយា ហើយប្រទក្សិណ ចៀសចេញទៅ ព្រាហ្មណ៍នោះ មានមុខយំសស្រាក់ បានសមាទានវត្ត ត្រាច់ទៅកាន់នគររបស់ពួកអ្នកសិវិរាស្រ្ត ជានគរធំទូលាយ សែ្វងរកខ្ញុំប្រុសខ្ញុំស្រី។
[៣០០] ព្រាហ្មណ៍នោះ បានដើរទៅក្នុងនគរនោះ សាកសួរជនទាំងឡាយ ដែលប្រជុំគា្នក្នុងនគរនោះថា ព្រះបាទវេស្សន្តរ សេ្តចយាងទៅក្នុងទីណា យើងគប្បីគាល់ក្សត្រអង្គនោះ ក្នុងទីណា។ ពួកជនដែលមកប្រជុំគា្នក្នុងទីនោះៗ បាននិយាយនឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន (ទានប្រសើរ) គេបំបរបង់ចាកដែនរបស់ព្រះអង្គ ៗ ទៅគង់ឯគិរីវង្កត។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះឱរស និងព្រះទេវីទៅគង់នៅឯគិរីវង្កត។
[៣០១] ជូជកនោះ ដែលនាងព្រាហ្មណីដាស់តឿនហើយ ជាបុគ្គលមានសេចក្តីជាប់ចំពាក់នឹងកាម រងទុក្ខក្នុងព្រៃ ដេរដាសដោយម្រឹគសាហាវ ជាទីដែលរមាស និងខ្លាដម្បងអាស្រ័យនៅហើយ។ ព្រាហ្មណ៍នោះ បានកាន់ដម្បងមានសម្បុរដូចផែ្លភៅ្ន និងវែកសម្រាប់បូជាភើ្លង ព្រមទាំងកុណ្ឌីរ ចូលទៅកាន់ព្រៃធំ ដែលគាត់បានឮថាជាទីដែលព្រះវេស្សន្តរ ព្រះអង្គឲ្យសេចក្តីបា្រថ្នា (គង់នៅ)។ ឆែ្កទាំងឡាយ បានចោមរោមគាត់ កំពុងចូលទៅកាន់ព្រៃធំនោះ គាត់វងេ្វងផ្លូវ ស្រែកទ្រហោយំ ស្ទុះឃា្លតទៅក្នុងទីឆ្ងាយអំពីផ្លូវ (ដែលជាទីទៅកាន់គិរីវង្កត)។ លំដាប់នោះ ព្រាហ្មណ៍ដែលលោ្មភក្នុងភោគៈ មិនសង្រួម ទៅវងេ្វងនៅក្នុងផ្លូវដែលជាទីទៅកាន់គិរីវង្កត (ត្រូវពួកឆែ្កទាំងឡាយចោមព័ទ្ធ ក៏ឡើងទៅអង្គុយនៅលើដើមឈើ) បានពោលគាថាទាំងនេះថា
[៣០២] ជនណាហ្ន៎ ប្រាប់ព្រះវេស្សន្តរ ដែលជារាជបុត្តដ៏ប្រសើរ ឈ្នះសេចក្តីកំណាញ់ មិនចាលចាញ់ ជាអ្នកឲ្យសេចក្តីកេ្សម ក្នុងកាលមានភ័យដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីពឹងនៃពួកអ្នកស្មូម ដូចជាផែនដី ជាទីពឹងនៃពួកសត្វ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចផែនដីដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីទៅរបស់ពួកស្មូម ដូចជាសាគរជាទីទៅនៃផ្លូវទឹកទាំងឡាយ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាសមុទ្រដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាអន្លង់ទឹកមានកំពង់ល្អ ងាយផឹក មានទឹកត្រជាក់ ជាទីមនោរម្យ ដេរដាសដោយផ្កាឈូកស ប្រកបដោយលំអងផ្កាដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមពោធិ៍បាយដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាករបស់បុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមជ្រៃ ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមស្វាយ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមរាំង ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមឈើដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ ម្យ៉ាងទៀត បុគ្គលណានិយាយប្រាប់ថា ខ្ញុំឯងសា្គល់កនែ្លងនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ញុំាងសេចក្តីត្រេកត្រអាលឲ្យកើតដល់ខ្ញុំ។ មួយទៀត បុគ្គលណា និយាយប្រាប់ថា ខ្ញុំដឹងទីលំនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ រមែងប្រទះបុណ្យដ៏ច្រើន ព្រោះតែសំដីមួយម៉ាត់នោះឯង។
[៣០៣] ចេតបុត្តព្រានព្រៃ អ្នកចូលទៅក្នុងព្រៃ បានស្រដីតបទៅនឹងជូជកព្រាហ្មណ៍នោះថា នែព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅព្រោះអតិទាន ត្រូវគេបណេ្តញចេញចាកដែនរបស់ព្រះអង្គ ទៅគង់ឯគិរីវង្កត។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះរាជបុត្រ និងព្រះទេវីទៅគង់ឯគិរីវង្កត។ អ្នកជាបុគ្គលឥតប្រាជ្ញា មិនខំប្រឹងធើ្វការងារ ចេញអំពីដែនចូលមកកាន់ព្រៃធំ ដើរសែ្វងរកព្រះរាជបុត្រ ដូចជាកុកសែ្វងរកត្រីក្នុងទឹក។ នែព្រាហ្មណ៍ យើងមុខជាមិនឲ្យជីវិត ដល់អ្នកនោះក្នុងទីនេះទេ ព្រោះថា ព្រួយនេះដែលយើងបាញ់សំដៅអ្នកហើយ មុខជាផឹកឈាមអ្នក។ ម្នាលព្រាហ្មណ៍ យើងមុខជានឹងកាត់ក្បាលអ្នក ពន្លះកាត់យកបេះដូង ព្រមទាំងទង ហើយបូជាបន្ថសកុណយ័ញ្ញ (បូជាទេវតាក្នុងផ្លូវ) ដោយសាច់របស់អ្នក។ ម្នាលព្រាហ្មណ៍ យើងនឹងកាត់យកបេះដូងរបស់អ្នក រួចផ្គងការបូជាដោយសាច់ ខា្លញ់ខាប់ និងក្បាលរបស់អ្នក។ ម្នាលព្រាហ្មណ៍ ការបូជានោះ ដោយសាច់របស់អ្នកនោះ ឈ្មោះថាយើងបូជាល្អហើយ មួយទៀត អ្នកនឹងនាំព្រះទេពី និងព្រះរាជបុត្រាបុត្រីនៃព្រះរាជបុត្រមិនបានទេ។
[៣០៤] (ជូជក…) នែចេតបុត្ត អ្នកចូរសា្តប់យើង ព្រាហ្មណទូត អ្នកមិនត្រូវសមា្លប់ទេ ព្រោះហេតុនោះឯង បានជាគេមិនសមា្លប់ទូត នេះជាធម៌មានមកយូរយារណាស់ហើយ ពួកអ្នកសិវិរាស្រ្តទាំងអស់ បាត់ខឹងហើយ ព្រះបិតាចង់ជួបព្រះបាទវេស្សន្តរនោះ ទាំងព្រះមាតាព្រះអង្គក៏មានកំឡាំងថយ ពុំយូរឡើយ មុខជានឹងងងឹតព្រះនេត្រ (ដោយទ្រង់ព្រះពិលាប)។ នែចេតបុត្ត អ្នកចូរសា្តប់ពាក្យយើង យើងជារាជទូតដែលក្សត្រទាំងនោះបញ្ជូនមកហើយ យើងនឹងនាំទៅនូវព្រះរាជបុត្ត បើអ្នកដឹង អ្នកចូរប្រាប់យើង។
[៣០៥] (ចេតបុត្ត…) នែព្រាហ្មណ៍ អ្នកជាទូត ជាទីស្រឡាញ់នៃព្រះបាទវេស្សន្តរ ដែលជាទីស្រឡាញ់របស់យើង យើងខ្ញុំនឹងឲ្យភាជន៍ដ៏ពេញដោយទឹកផង គុម្ពទឹកឃ្មុំនេះផង ភៅ្លម្រឹគ (ដែលចំអិនស្រេច) ផង ដល់អ្នក មួយទៀត ព្រះបាទវេស្សន្តរ ដែលជាអ្នកឲ្យវត្ថុជាទីប្រាថា្ន គង់នៅក្នុងប្រទេសណា យើងនឹងប្រាប់ប្រទេសនោះ ដល់អ្នក។
ចប់ ជូជកបព្វៈ។
(ចូឡវនវណ្ណនា)
[៣០៦] (ចេតបុត្ត…) នែមហាព្រាហ្មណ៍ នោះហ្ន៎ ភំ្នគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រ និងព្រះទេពី។ ព្រះរាជាទ្រទ្រង់ភេទអ្នកបួសដ៏ប្រសើរផង មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងជដាផង ទ្រង់ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំលើផែនដី នមសា្ករនូវភើ្លង។ ឈើទាំងឡាយនុ៎ះដ៏ខៀវ ទ្រទ្រង់ផែ្លផេ្សងៗ ដ៏ខ្ពស់ មានកំពូលទើសមេឃ ដ៏ខៀវដូចភ្នំផ្កាអញ្ជ័ន។ មានដើមត្របែកព្រៃ ដើមត្រចៀកប្រើស ដើមគគីរ ដើមរាំង ដើមពង្រ និងដើមជ្រៃ ទោរទន់ទៅមកដោយខ្យល់ ដូចជាមាណព ទើបផឹក (ស្រា) ម្តង។ នៅខាងលើមែកឈើទាំងឡាយ ឮសូរស័ព្ទដូចជាចម្រៀងទិព្វ (ព្រោះ) មានហ្វូងប៉ោលតោក និងតាវ៉ៅ ចុះទំពីឈើមួយទៅឈើមួយ។ មែកឈើ និងស្លឹកឈើទាំងឡាយ ដែលខ្យល់បក់ត្រូវហើយ ឮដូចជាហៅរកជនកំពុងដើរ ដូចជារីករាយនឹងជនដែលមកដល់ ត្រេកត្រអាលនឹងជនដែលនៅអាស្រ័យ។ អ្នកនឹងចូលទៅក្នុងអាស្រម ដែលជាកនែ្លងព្រះបាទវេស្សន្តរ សេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រីទាំងឡាយ សេ្តចទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជា និងព្រះជដា ទ្រង់ស្លៀកស្បែកខា្ល ផ្ទំលើផែនដី នមស្ការភើ្លង។
[៣០៧] ក្នុងទីនុ៎ះ មានដើមស្វាយ ខិ្វត ខ្នុរ រាំង ព្រីង សម៉ពិភេទក៍ សម៉ភ្លុក កន្ទួតព្រៃ ពោធិ ពទ្រា ទន្លាប់មាស ជ្រៃ និងក្រសាំង មាក់សាង មានផែ្លដ៏ផែ្អមរុងរឿង និងល្វាមានផែ្លទុំ ដើមទាបៗ មានចេកអម្បូងភ្លុក ចេកអម្បូងសែ្នង និងចន្ទន៍ មានផែ្លផែ្អមដូចទឹកឃ្មុំ គេតែងយកឃ្មុំឥតមេក្នុងទីនោះ មកជារបស់ខ្លួន ហើយបរិភោគ។ ក្នុងទីនុ៎ះ មានស្វាយខ្លះកំពុងផ្កា សា្វយខ្លះទើបជាក្បាលរុយ សា្វយខ្លះមានផែ្លខ្ចី និងទុំ ផ្លែទាំងពីរបែបនោះ មានសម្បុរដូចខ្នងកញ្ចាញ់ចេក។ ក្នុងទីនុ៎ះ បុរស (ឈរ) ខាងក្រោម បេះផែ្លស្វាយទុំទាំងឡាយ ស្វាយទាំងឡាយ ទាំងខី្ចទាំងទុំ មានសម្បុរ ក្លិន និងរសដ៏ឧត្តម។ ខ្ញុំតែងមានសេចក្តីអស្ចារ្យក្រៃពេក ទាំងការលាន់ឮថា ហឹងៗ ក៏ប្រាកដដល់ខ្ញុំ ប្រទេសនោះ ឧបមាដោយនន្ទនវ័ន ល្អដូចជាទីនៅរបស់ពួកទេវតា។ តោ្នត ដូង ដុះចម្រុះគ្នា ក្នុងព្រៃល្ម៉ើដ៏ធំ ផ្កាទាំងឡាយ ដូចជាកម្រងដែលគេក្រងហើយ ឬប្រាកដដូចជាជាយទង់ជ័យ។ ខែ្លងគង់ គុម្ពកោដ្ឋ គុម្ពក្រឹស្នា ច្រនៀង បុន្នាគតូច បុន្នាគធំ និងរលួស មានផ្កាពណ៌ផេ្សងៗ រីកស្គុះស្គាយ ដូចផ្កាយដែលភ្លឺព្រោងព្រាតឰដ៏អាកាស។ រាជព្រឹក្ស ខ្មួញ កំញ៉ាន រាក់ខ្មៅ ជ្រៃធំ ទន្លា និងធ្នង់ជាច្រើន បញេ្ចញផ្កាក្នុងទីនោះ។ ខែ្លងគង់ ស្រល់ សោ្មល សង្ឃ័រ ខ្នុរសម្ល ត្របែកព្រៃ និងរាំង ជ្រុះផ្កាក្នុងទីនោះ ដូចជាលានចម្បើង។ ក្នុងភូមិភាគជាទីមនោរម្យ ជិតអាស្រមនោះ មានស្រះបោក្ខរណី ដេរដាសដោយផ្កាឈូក និងផ្កាព្រលិត ដូចជាក្នុងនន្ទនវ័នរបស់ពួកទេវតា។ មួយទៀត ពួកតាវ៉ៅដែលស្រវឹងដោយរសផ្កា យំពីរោះ នៅលើឈើដែលមានផ្ការីកតាមរដូវ ញុំាងព្រៃនោះឲ្យលាន់ឮគឹកកង។ លំអងដែលរោយរាយចេញអំពីកេសរ ដែលមាននៅគ្រប់ស្លឹកឈូក មានរសផែ្អម បើខ្យល់បក់ផាត់មកក្នុងទីអាស្រមនុ៎ះ អំពីទិសខាងត្បូង និងខាងលិច។ អាស្រមក៏ដេរដាសដោយលំអងកេសរផ្កាឈូក ក្នុងស្រះបោក្ខរណីនុ៎ះ មានផែ្លក្រចាប់ដ៏ថ្លោស ៗ និងស្រូវសាលីជ្រុះរុះរោយរាយលើផែនដី។ មួយទៀត មានត្រី អណើ្តក និងក្តាម ច្រើនបែប ហែបហែលទៅមកក្នុងស្រះនោះ រសដែលហូរចេញអំពីក្រអៅឈូក មានឱជាដូចទឹកឃ្មុំ និងរសដែលហូរចេញអំពីមើមឈូក មានឱជាដូចទឹកដោះស្រស់ និងទឹកដោះថ្លា ព្រៃនោះមានក្លិនក្រអូបផេ្សងៗ ផ្សព្វផ្សាយកិ្លនឈ្ងុយឈ្ងប់។ ព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយកិ្លន ដោយផ្កា និងមែកឈើ កន្លង់ទាំងឡាយក៏ញុំាងព្រៃឲ្យគឹកកងដោយជុំវិញ ព្រោះតែកិ្លនផ្កា។ មិនតែប៉ុណ្ណោះសោត មានសត្វបក្សីទ្វិជាតិជាច្រើន មានសម្បុរផេ្សងៗគ្នា ត្រេកត្រអាលជាមួយនឹងមេ យំរកគ្នាទៅវិញទៅមក ក្នុងស្រះនោះ។ ពួកបក្សីដែលនៅក្នុងស្រះបោក្ខរណី គឺសត្វនន្ទិកា ១13) សត្វជីវបុត្តា ១14) សត្វជីវបុត្តាបិយាចនោ ១15) សត្វបិយាបុត្តាបិយានន្ទា ១។16) ផ្កាទាំងឡាយ ដូចជាកម្រងផ្កាដែលគេក្រងហើយ ប្រាកដដូចជាជាយទង់ជ័យ ពុំនោះ ដូចជាកម្រងផ្កាដែលមាលាការដ៏ឈ្លាស ក្រងយ៉ាងល្អ ដោយផ្កាមានពណ៌ផេ្សងៗ។ ក្នុងទីដែលព្រះបាទវេស្សន្តរទ្រង់គង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រី ព្រះអង្គទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជាភើ្លងផង និងព្រះជដា ទ្រង់ស្លៀកស្បែកខ្លា ផ្ទំនៅលើផែនដី នមស្ការភើ្លង។
[៣០៨] (ជូជក…) ភត្ត គឺសដូវនេះ ដែលយើងលាយហើយដោយទឹកឃ្មុំ យើងនឹងឲ្យនូវទឹកឃ្មុំដែលយើងធើ្វល្អហើយផង និងភត្ត គឺសដូវផងដល់អ្នក។
[៣០៩] (ចេតបុត្ត…) ស្បៀង ចូរនៅជារបស់អ្នកឯងចុះ យើងមិនត្រូវការស្បៀងទេ នែព្រាហ្មណ៍ អ្នកចូរយកស្បៀងអំពីនេះទៅ នែព្រាហ្មណ៍ អ្នកចូរទៅតាមស្រួលចុះ។ ផ្លូវនេះជាផ្លូវល្មមដើរចុះបុគ្គលម្នាក់ ត្រង់ទៅកាន់អាស្រម ក្នុងអាស្រមនោះ មានឥសីឈ្មោះអច្ចុតៈ មានធ្មេញប្រកបដោយមន្ទិល មានសរីរៈប្រឡាក់ដោយធូលី ទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរផង ទំពក់ផង វែកសម្រាប់បូជាភើ្លងផង ជដាផង។ ឥសីឈ្មោះអច្ចុតៈនោះ ជាអ្នកស្លៀកស្បែកខ្លា ដេកនៅលើកម្រាលស្លឹកឈើលើផែនដី នមស្ការភើ្លង អ្នកចូរទៅសួរលោកចុះ លោកនឹងប្រាប់ផ្លូវដល់អ្នកពុំខាន។
[៣១០] ជូជកជាព្រហ្មពន្ធុ លុះបានឮពាក្យនេះហើយ ក៏មានចិត្តរីករាយ ប្រទក្សិណចេតបុត្តព្រានព្រៃ រួចដើរតម្រង់ទៅកាន់អច្ចុតឫសី។
ចប់ ចុល្លវនវណ្ណនា។
(មហាវនវណ្ណនា)
[៣១១] កាលជូជកព្រាហ្មណ៍នោះ ដើរទៅចួបឥសីឈ្មោះអច្ចុតៈ លុះជូជកបានឃើញឥសីនោះហើយ ក៏សំណេះសំណាលជាមួយនឹងឥសីថា លោកដ៏ចំរើន សុខសប្បាយទេឬ លោកដ៏ចំរើន មិនមានរោគាពាធទេឬ លោកចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេឬ មើមឈើ និងផែ្លឈើមានច្រើនដែរឬ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនទេឬ។
[៣១២] (តាបស…) ម្នាលព្រាហ្មណ៍ អាតា្មសុខសប្បាយទេ អាតា្មមិនមានរោគាពាធទេ មួយទៀត អាតា្មចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេ ទាំងមើមឈើ ផែ្លឈើក៏មានច្រើនដែរ។ មួយវិញទៀត ពួករបោម មូស ពស់ មានតិចទេ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនអាតា្មទេ។ អាតា្មនៅក្នុងអាស្រមនេះ អស់ប្រជុំនៃឆ្នាំជាច្រើន អាតា្មមិនដែលសា្គល់អាពាធ មិនជាទីត្រេកអរនៃចិត្តកើតហើយទេ។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ អ្នកមិនមែនមកអាក្រក់ទេ ម្នាលព្រាហ្មណ៍ដ៏ចំរើន អ្នកអញ្ជើញចូលមកខាងក្នុង អ្នកចូលលាងជើងទាំងឡាយរបស់អ្នកចុះ។ នែព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែទន្លាប់ ផែ្លទ្រយឹង ផែ្លមាក់សាង ផ្លែមាក់ដោក មានរសឆ្ងាញ់ពីសាដូចជាទឹកឃ្មុំ។ ទាំងទឹកត្រជាក់នេះ អាតា្មបានដងមកអំពីជ្រោះភ្នំ នែមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនោះចុះ ប្រសិនបើអ្នកត្រូវការ។
[៣១៣] (ជូជក…) វត្ថុដែលលោកបានឲ្យ ខ្ញុំបានទទួលយកហើយ ដែលលោកបានធើ្វឲ្យជាជំនូនដល់ខ្ញុំទាំងអស់ ខ្ញុំមកដើម្បីចង់ចួបនឹងព្រះរាជបុត្របង្កើតរបស់ព្រះបាទសញ្ជ័យ ដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយនោះ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។
[៣១៤] (តាបស…) អ្នកមិនមែនមកគាល់ព្រះបាទសិវិ ដើម្បីបុណ្យទេ អ្នកទំនងជាចង់បានព្រះទេពីរបស់ព្រះរាជា ដែលជាស្រ្តីប្រតិបតិ្តក្នុងភសា្ត។ អ្នកទំនងជាចង់បានកុមារីឈ្មោះកណា្ហជិនា ធើ្វជាទាសី និងកុមារឈ្មោះជាលី ធើ្វជាទាសៈ ឬក៏អ្នកមកដើម្បីនាំយកជនទាំង ៣ នាក់ គឺមាតា និងបុត្រីបុត្រា ទៅអំពីព្រៃ នែព្រាហ្មណ៍ ឯព្រះបាទវេស្សន្តរនោះ មិនមានភោគៈ មិនមានទ្រព្យ មិនមានធញ្ញជាតិទេ។
[៣១៥] (ជូជក…) ខ្ញុំមិនមែនមានសភាពជាអ្នកខឹងនឹងលោកទេ ខ្ញុំមិនមែនមកដើម្បីសូមទេ ការចួបប្រទះនឹងពួកលោកដ៏ប្រសើរ ជាការល្អ ការនៅរួម នាំមកនូវសេចក្តីសុខសព្វៗកាល។ ព្រះបាទសិវិដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយ ខ្ញុំមិនដែលបានឃើញ បានជាខ្ញុំមកគាល់ព្រះអង្គ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។
[៣១៦] (តាបស…) នែមហាព្រាហ្មណ៍ នុ៎ះហ្ន៎ ភ្នំគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយព្រះរាជបុត្រ និងព្រះទេពី។ ព្រះរាជាទ្រទ្រង់ភេទនៃបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង សក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំផ្ទាល់ផែនដី នមស្តារភើ្លង។ ពួកឈើដែលមើលទៅឃើញនុ៎ះ ជាឈើមានពណ៌ខៀវ ទ្រទ្រង់ផែ្លផ្សេង ៗ ខ្ពស់ មានចុងសើ្មនឹងពពក មានពណ៌ខៀវដូចភ្នំផ្កាអញ្ជ័ន គឺដើមត្របែកព្រៃ ត្រចៀកប្រើស គគីរ រាំងភ្នំ ពង្រ និងជ្រៃ ញ័រទ្រេតទ្រោតដោយខ្យល់ ដូចពួកមាណពទើបផឹក (សុរា) ម្តង។ (សំឡេងរបស់ពួកសត្វសា្លបផ្សេងៗ) លើមែកឈើទាំងឡាយ លាន់ឮដូចចម្រៀង (ទិព្វ) ពួកសត្វប៉ោលតោក សត្វតារ៉ៅ នាំគ្នាហើរឆ្វៀលឆ្វាត់អំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ។ អស់ទាំងមែកឈើមានស្លឹក ដែលត្រូវខ្យល់បក់មក ក៏ហាក់ដូចជាដង្ហោយហៅជនដែលកំពុងដើរ ដូចជាត្រេកអរនឹងជនដែលមកដល់ រីករាយនឹងជនដែលនៅអាស្រ័យ។ (អ្នកនឹងឃើញសម្បត្តិនៃអាស្រមបទ) ក្នុងអាស្រមដែលព្រះបាទវេស្សន្តរសេ្តចគង់នៅ ជាមួយព្រះរាជបុត្រ និងព្រះទេពី ព្រះអង្គទ្រទ្រង់ភេទបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងសក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមសា្តរភើ្លង។ មានផ្កាទន្លាជ្រុះរោយរាយ ដេរដាសលើភូមិភាគជាទីត្រេកអរនៃចិត្ត ទាំងផៃ្ទផែនដី ក៏មានពណ៌ខៀវស្រងាត់ ដោយសៅ្មចិញ្ចៀន ឥតមានធូលីហុយក្នុងទីនោះឡើយ។ ទាំងសៅ្មសោត ក៏មានពណ៌ដូចជាផ្នួត កនៃក្ងោក មានឧបមាសើ្មដោយសម្ផស្សនៃសំឡី មិនហួសអំពី ៤ ធ្នាប់ដោយជុំវិញ។ មានស្វាយ ព្រីង ក្វិដ្ឋ ល្វា មានផៃ្លទុំក្នុងទីទាប ព្រៃនោះសម្រាប់ញុំាងតម្រេកឲ្យចំរើន ដោយពួកឈើសម្រាប់បរិភោគ ទឹកស្អាត មានក្លិនក្រអូប មានសម្បុរប្រហែលគា្ននឹងពណ៌នៃកែវពៃទូរ្យ កុះករដោយហ្វូងត្រី រមែងហូរទៅក្នុងព្រៃនោះ។ ក្នុងទីជិតនៃអាស្រមបទនោះ មានស្រះបោក្ខរណី ដ៏ដេរដាសដោយឈូក និងឧប្បលក្នុងភូមិភាគជាទីត្រេកអរនៃចិត្ត ដូចជាក្នុងនន្ទនវ័ននៃពួកទេវតា។ ម្នាលព្រាហ្មណ៍ ក្នុងស្រះនោះសឹងឆ្លូកឆ្លាស់ដោយឧប្បលជាតបី (នេះ) គឺឧប្បលខៀវ ឧប្បល ស និងឧប្បលក្រហម។
[៣១៧] ក្នុងស្រះនោះ (ស) ដូចជាសំពត់សម្បកឈើ ស្រះនោះឈោ្មះថា មុចលិន្ទស្រះ ដេរដាសដោយព្រលិត និងស្គន្ធទាំងឡាយផង ដោយត្រកួនទាំងឡាយផង។ មួយទៀត ពួកផ្កាឈូកក្នុងស្រះនោះ រីកស្គុះស្គាយ ឃើញហាក់ដូចជាគ្មានទីបំផុត ខ្លះក៏រីកក្នុងគិម្ហរដូវ ខ្លះរីកក្នុងហេមន្តរដូវ ឋិតនៅក្នុងទឹកត្រឹមជង្គង់។ ផៃ្ទទឹកនោះសឹងវិចិត្រល្អ ដ៏ដេរដាសដោយផ្កា មានក្លិនក្រអូបឈ្ងុយឈ្ងប់បក់ផ្សាយទៅ ពួកមេឃ្មុំ កន្លង់ទ្រហឹងអឹងកងជុំវិញ ព្រោះកិ្លនផ្កា។
[៣១៨] ម្នាលព្រាហ្មណ៍ មួយទៀត មានពួកដើមឈើ គឺក្ទម្ព ច្រនៀង និងរលួសផ្អុង មានផ្ការីកស្គុះស្គាយ ដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ។ មានទាំងដើមព្រូស ជន្លូស ស្វាត ខ្ទឹង មានផ្ការីកអមសងខាងមុចលិន្ទស្រះ។ មានពួកជីរខៅ្ម ជីរ-ស ឈូកត្រាញ់ គណ្ឌីស គណ្ឌីខៅ្ម ធ្នង់ បញ្ចេញផា្កក្បែរមុចលិន្ទស្រះនុ៎ះ មានក្លិនក្រអូបបក់ផ្សាយទៅ។ មានពួកដើមសុក្រំ ដកពរ ពពូលថ្ម ម្រុំ មានផ្ការីក ពួកដើមកេតកៈ កណិការ ច្បាទេស មានផ្ការីក។ ពួកថ្ងាន់ស ថ្ងាន់ខ្មៅ ជន្លាត់ដៃ មានផា្ករីក មានត្រួយរីកល្អ ដុះនៅច្រាលរនា្ទលដូចជាផ្កាចារ។ ពួកដើមសត្បា-ស សត្បាខ្មៅ ដើមចេកមាស ដើមដកគាំ (ព្រៃនោះរុងរឿង) ដោយផា្កទឹកដោះខ្លា និងគន្ទាផង ដោយផា្កធ្នង់ និងទន្លាផង។ ដើមដកខិម រកា អំពៅព្រៃ អង្គាសដី ក្រឹសា្ន គ្រញូង កោដ្ឋ-ស កោដ្ឋខៅ្ម មានផា្ករីក។ ព្រឹក្សា (ទាំងនោះ) ទោះខ្ចី សឹងមានដើមដ៏ត្រង់ មានផា្ករីកក្បែរមុចលិន្ទស្រះនុ៎ះ ដុះនៅទាំងសងខាងអាស្រម (ព័ន្ធព័ទ្ធ) ជុំវិញរោងភើ្លង។
[៣១៩] មួយទៀត មានទាំងស្លឹកគ្រៃ សណ្តែកបាយ សណ្តែករាជមាសជាច្រើន សារាយ និងកំពីងពួយជាច្រើនដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ។ (ទឹកនោះ) មានច្រាំងជាទំនប់ ត្រូវខ្យល់បក់មក រលកក៏ខ្ចាយខ្ចរឡើង មានពួកមេឃ្មុំ យំដោយសំឡេងដ៏ពីរោះ ហើរឆ្វៀលឆ្វាត់ គុម្ពឈើ មានម្លូភំ្ន ស្លាស្នាប់ ស្លាធំក្នុងទីទំនាប ទៀបមុចលិន្ទស្រះនោះ មានត្រកួនជាច្រើន។ ម្នាលព្រាហ្មណ៍ ពួកព្រឹក្សាសឹងដ៏ដេរដាសដោយពួកវល្លិឈ្មោះឯឡម្ពកៈដុះនៅ ក្លិនរបស់ផ្កានៃវល្លិទាំងនោះ ដែលគេទ្រទ្រង់អស់ ៧ ថៃ្ង មិនទាន់បាត់ក្រអូបឡើយ។ ពួកផ្កាដុះនៅក្នុងចំណែកទាំងពីរនៃមុចលិន្ទស្រះ ព្រៃនោះដ៏ដេរដាសដោយពួកផ្កាលំចង់ដ៏រុងរឿង ក្លិនរបស់ផ្កាទាំងនោះ ដែលគេទ្រទ្រង់អស់កន្លះខែ ក៏មិនទាន់បាត់ក្រអូបឡើយ។ រីឯអញ្ជ័នខៀវ អញ្ជ័ន-ស អញ្ជ័នលឿង មានផ្ការីកស្គុះស្គាយ ព្រៃនោះដ៏ដេរដាសដោយម្លិះរួត ម្លិះលា។ រីឯព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយក្លិនផង ដោយមែកមានផ្កាទាំងឡាយផង ឯពួកកន្លង់មានសូរសព្ទទ្រហឹងអឹងកងជុំវិញព្រោះក្លិនផា្ក។ ម្នាលព្រាហ្មណ៍ ក្នុងមុចលិន្ទស្រះនោះ មានពួកត្រឡាចបីមុខ គឺមួយពួកផែ្លប៉ុនក្អម ពីរពួកទៀតផែ្លប៉ុនសម្ភោរ។
[៣២០] មួយទៀត មានសៃ្ពដ៏ច្រើន និងខ្ទឹមសលាយដោយខ្ទឹមក្រហមជាច្រើន ដើមរកាទាំងឡាយ ដុះនៅដូចជាដើមតោ្នត មានទាំងពួកលំចង់ដ៏ច្រើន ដែលគេគប្បីក្តិច ដុះនៅក្បែរមុចលិន្ទស្រះនុ៎ះ។ មានវលិ្លម្លិះរួត ម្លិះលា ក្លាំពាក់ ឈើឯម ពួកអសោកព្រឹក្ស និងដើមទៀនព្រៃ លៅ្ព វលិ្លផ្តៅឆ្វាំង។ សៅ្មកន្ទុយដំរី រនោងព្រៃ ដើមខ្ទឹម ដើមម្លិះសឹងដ៏មានផា្ករីកស្គុះស្គាយ វលិ្លចារ មានផា្ករីក ដុះព័ទ្ធព័ន្ធដើមឈើ។ ពួកឈើនាងនួន មៀនព្រៃ យុថា្ក មានក្លិនដូចជាទឹកឃ្មុំ ម្លិះវលិ្ល ម្លិះប្រក្រតី ច្បា បទុមុត្តរព្រឹក្ស សឹងដ៏រុងរឿងល្អ។ ពួកច្រនៀង កប្បាសសមុទ្រ កណិការសឹងដ៏មានផា្ករីកស្គុះស្គាយ បា្រកដដូចជាបណា្តញមាស សឹងដ៏រុងរឿងល្អ ដូចជាអណ្តាតភ្លើង។ ពួកផា្កណា កើតលើគោក និងកើតក្នុងទឹក ពួកផា្កទាំងអស់នោះ ប្រាកដក្នុងមុចលិន្ទស្រះនោះ មុចលិន្ទស្រះទ្រទ្រង់ទឹកច្រើន គួរឲ្យត្រេកអរយ៉ាងនេះឯង។
[៣២១] មួយទៀត ក្នុងស្រះបោក្ខរណីនោះ មានពួកសត្វដែលត្រាច់ទៅក្នុងទឹកជាច្រើន គឺត្រីឆ្ពិន ត្រីរ៉ស់ ត្រីអណ្តែង ក្រពើ មករ ឆ្លាម។ មានទាំងផ្លិតឃ្មុំ ឈើឯម ឆ្លាំពូ ប្រយង្គុ សៅ្មក្រវាញជ្រូក សៅ្មមាត់កែ្អក ដើមសត្តបុស្ស សម្បុរលែ្វង។ ដើមពុំសែន ដើមឫសសាមសិប ក្រឹសា្ន វល្លិជណើ្តរស្វា ឈូកត្រាញ់ ក្រវាន់ កោដ្ឋ ព្រហូត បាយម៉ាត។ ពួករមៀត ហរតាន យ៉ាងណា ហិរិវេរព្រឹក គ្រើល សម៉ពិភេទក៍ ប្រោស កប្បូរ រង្គក្រហម។
[៣២២] មួយទៀត ក្បែរស្រះបោក្ខរណីនោះ មានពួករាជសីហ៍ ខ្លាធំ យក្ខិនី មានមុខដូចជាមុខមេសេះ ដំរី ទ្រាយ ស្វាន រមាំង សរភម្រឹគ។ ហ្វូងចចក ទន្សាយ ឆ្មាបា ឆ្កែព្រៃ មានសម្បុរដូចជាផ្កាបបុស ចាមរី ទោច ឈ្លូស ស្វាព្រាម ស្វាក្រិស ស្វាខោល។ ទន្សោង ខ្ទីង ខ្លាឃ្មុំ គោព្រៃជាច្រើន ហ្វូងរមាស ជ្រូកព្រៃ ស្កា កងែ្ហនដោយច្រើន ក្បែរមុចលិន្ទស្រះនុ៎ះ។ មានទាំងហ្វូងក្របី ឆែ្កព្រៃ ចចក មានស្នាប់ឫស្សីធំព័ន្ធព័ទ្ធជុំវិញអាស្រមបទ ទន្សង បចលាកម្រឹគ វិចិត្តម្រឹគ ខ្លាដំបង។ ហ្វូងទន្សាយ ត្មាត កេសរសីហៈ កោកនិសាតកម្រឹគ សរភៈ ក្ងោក ក្ងាន អាអូតភើ្លង។ ពួកមាន់ទឹក មាន់ព្រៃ ដំរី ស្រែកយំឆើ្លយឆ្លងរកគា្នទៅវិញទៅមក ពួកកុកសាប់ កុកក្រក ប៉ោលតោក ត្រដេវវិច ក្រៀល រនាល។ ពួកខ្លែង ប្រមង់ ចង្កៀលខ្យង ចាបស្រុក ចចាត ទទា ខែ្វក អាអូត។ ពួកចចាតធំ ច្រឡៃ ក្រួច ទទា ចាបស្រុក ចាបព្រៃ សាលិកាកែវគោ គ្រលីងគ្រលោង។ ពួកករវិកផង ត្រចៀកកាំផង មៀមផង អកផង (មុចលិន្ទស្រះនោះ) កុះករដោយហ្វូងបក្សីផ្សេងៗ ជាទីទ្រហឹងអឹងកងដោយសំឡេងផ្សេងៗ។
[៣២៣] មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានសត្វស្លាបទាំងឡាយ គឺពួកសាលិកាកែវ មានសម្លេងពីរោះ ស្រែកយំឆ្លើយឆ្លងរកគា្នទៅវិញទៅមក រីករាយជាមួយនឹងញី (របស់ខ្លួន)។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វស្លាបកើតពីរដង មានសំឡេងពីរោះ មានរង្វង់ភ្នែកល្អ កើតក្នុងពង មានសា្លបដ៏វិចិត្រ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកបក្សីមានសំឡេងពីរោះ គឺកោ្ងកមានកខៀវ ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក។ អាអូតភើ្លង មាន់ព្រៃ កោដ្ឋ បក្សីពព្លាក់ ត្រចៀកកាំសមុទ្រ ខ្លែងជ្រក បក្សីប្រវឹក សេក និងសាលិកា។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកហង្សច្រើន មានសម្បុរលឿង ក្រហម ស សត្វហតិ្ថលិង្គ សម្បកត្រពាំង ប្រវឹក សេក និងតាវ៉ៅ។ ពួកអង្កត់ខៅ្ម អង្កត់ស ហង្ស រអាដ ក្លែងស្រាក ចាកហង្ស កុកគ្រោង ប៉ោលគោក ចាបស្រុក។ ហ្វូងព្រាប គ្រលែងវែក ចាក្រពាក កែ្អកទឹក វារណបក្សី មានសំឡេងគួរឲ្យត្រេកអរ ស្រែកយំហៅគា្នក្នុងកាលទាំងពីរ គឺព្រឹកល្ងាច មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបកើតពីរដង មានសម្បុរផ្សេងៗជាច្រើន ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក រីករាយជាមួយនឹងញី។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបមានកំណើតពីរដង មានសម្បុរផ្សេងៗជាច្រើន សុទ្ធតែមានសំឡេងពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង រមែងស្រែកហៅគ្នា រីករាយជាមួយនឹងញី។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង សុទ្ធតែមានសំឡេងដ៏ពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ។ ព្រៃ (ជិតស្រះបោក្ខរណីនោះ) ដែលពួកដំរីអាស្រ័យនៅហើយ សឹងដ៏កុះករដោយទ្រាយ សា្វន ទាំងដេរដាសដោយពួកវល្លិផ្សេងៗ ដែលពួកសត្វឈ្មុសអាស្រ័យនៅហើយ។ មួយយ៉ាងទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានស្រងែច្រើន ស្កួយច្រើន ពោតច្រើន ស្រូវសាលីដុះឯង មិនបាច់មានអ្នកណាភ្ជួររាស់ដាំឡើយ ទាំងអំពៅសោត ក៏មានច្រើន ដុះក្បែរមុចលិន្ទស្រះនុ៎ះ។ ផ្លូវដើរនេះចុះតែជើងមួយ បុគ្គលដើរទៅត្រង់អាស្រម ដល់ទៅទីនោះហើយ ក៏មិនបានសម្រេក គំលាន និងសេចក្តីអផ្សុកឡើយ។ ជាអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ ព្រមទាំងព្រះរាជបុត្រ និងព្រះរាជទេពី ព្រះអង្គទ្រទ្រង់ភេទបុព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភ្លើង និងសក់កណ្តាញ់ ទ្រង់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមស្ការភ្លើង។
[៣២៤] (អភិសម្ពុទ្ធគាថា) ជូជកជាផៅពង្សនៃព្រហ្ម ឮពាក្យនេះហើយ ក៏ធ្វើប្រទក្សិណឥសី មានចិត្តត្រេកអរ ក៏ដើរចេញទៅសំដៅទៅអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ។
ចប់ មហាវនវណ្ណនា។
(ទារកបព្វំ)
[៣២៥] (ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរមករបស់ស្មូម) ប្រាកដដូចជាដំណើរមកអំពីមុន ៗ បិតាមើលទៅឃើញដូចជាព្រាហ្មណ៍ សេចក្តីរីករាយក៏មកស្រោចស្រពលើបិតា។
[៣២៦] (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ដូចជាមានអ្នកដំណើរមក និងជាភ្ញៀវរបស់យើង។
[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គចិញ្ចឹមជីវិតដោយការស្វែងរក (ស្រួល) ទេឬ មើមឈើ និងផ្លែឈើមានច្រើនឬ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេឬ។
[៣២៨] (ព្រះពោធិសត្វ…) ម្នាលព្រាហ្មណ៍ យើងបានសេចក្តីសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មួយទៀត យើងមិនមានរោគាពាធទេ យើងចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេ ទាំងមើមឈើ និងផ្លែឈើ ក៏មានច្រើនដែរ។ មួយវិញទៀត ពួករបោម មូស ពស់ ក៏មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ។ យើងនៅក្នុងព្រៃអស់ ៧ ខែហើយ រស់នៅទាំងទុក្ខសោក ទើបតែនឹងបានឃើញព្រាហ្មណ៍ឯងជាដំបូងមានភេទដ៏ប្រសើរ កាន់ឈើច្រត់មានសម្បុរដូចផ្លែភ្នៅទុំ មានវែកសម្រាប់បូជាភ្លើង និងកុណ្ឌី។ ហៃមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អ្នកចូរចូលមកខាងក្នុង សេចក្តីចំរើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងរបស់អ្នក។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើដ៏ឆ្ងាញ់ពិសាដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែមាក់ប្រាង ផ្លែមាក់ដោក។ ទឹកដ៏ត្រជាក់នេះឯង ដែលដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ បើអ្នកប្រាថ្នាចង់ផឹក ចូរដងយកអំពីរោងទឹកនោះ ហើយផឹកចុះ។ អ្នកមកដល់ព្រៃធំដោយហេតុដូចម្តេច ដោយបច្ច័យដូចម្តេច យើងសួរហើយ អ្នកចូរប្រាប់ហេតុនោះ។
[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀបមិនចេះអស់ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមទានព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមហើយ សូមប្រទានព្រះរាជបុត្រទាំងពីរ ក៏យ៉ាងនោះដែរ។
[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិនរួញរាទេ អ្នកជាម្ចាស់ (នៃពួកបុត្ររបស់យើង) ចូរនាំយកទៅចុះ រាជបុត្រី (ជាមាតានៃបុត្រទាំងពីរនុ៎ះ) បានចេញទៅរកផលានុផលអំពីព្រឹក នាងនឹងត្រឡប់មកអំពីការស្វែងរក ក្នុងវេលាល្ងាច ម្នាលព្រាហ្មណ៍ អ្នកចូរឈប់សម្រាកបានមួយយប់សិន លុះព្រឹកឡើង សឹមទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកឈប់សម្រាកបានមួយយប់ លុះព្រឹកឡើង (សឹមនាំយក) កុមារទាំងពីរនោះ ដែលមាតានោះដុសក្បាលហើយ ប្រដាប់ដោយផ្កាកម្រង ហើយទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរនោះ) ដែលពាក់ដោយផ្កាផ្សេង ៗ ស្អិតស្អាងដោយគ្រឿងក្រអូបផ្សេង ៗ សម្បូរដោយមើមឈើ និងផ្លែឈើផ្សេង ៗ ហើយទៅចុះ។
[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ គាប់ចិត្តតែនឹងការទៅ ក្រែងអន្តរាយមានដល់ទូលព្រះបង្គំ ឯទូលព្រះបង្គំ នឹងទៅខានពុំបាន។ ធម្មតាពួកស្រីនោះ មិនមែនជាអ្នកគួរដល់ស្មូមទេ តែងធ្វើសេចក្តីអន្តរាយ ពួកស្រីរមែងចេះកិច្ចកលមាយា តែងកាន់យកកិច្ចការទាំងពួងដោយខាងឆ្វេង។ បពិត្រព្រះអង្គប្រសើរក្នុងរថ កាលបើព្រះអង្គប្រទានដោយសទ្ធា សូមកុំឲ្យទូលព្រះបង្គំជាខ្ញុំ ជួបនឹងព្រះមាតា (របស់កុមារទាំងនោះឡើយ) ក្រែងព្រះនាងនោះធ្វើសេចក្តីអន្តរាយ ទូលព្រះបង្គំនឹងទៅខានពុំបាន។ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ កាលបើព្រះអង្គប្រទានដោយសទ្ធា បុណ្យតែងចំរើនលូតលាស់យ៉ាងនេះ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ បពិត្រព្រះរាជា លុះព្រះអង្គប្រទានព្រះរាជទ្រព្យ ដល់បុគ្គលបា្រកដដូចជាខ្ញុំហើយ ព្រះអង្គនឹងយាងទៅកាន់ឋានសួគ៌។
[៣៣២] (ព្រះវេស្សន្តរ…) បើអ្នកមិនបា្រថ្នាចង់ជួបនឹងភរិយារបស់យើងដែលជាស្រ្តីមានវ័តក្នុងស្វាមីទេ អ្នកចូរឲ្យកុមារទាំងពីរ គឺជាលី និងកណ្ហាជិនានេះ ដល់ព្រះអយ្យកោចុះ។ ព្រះអយ្យកោនោះ ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ហើយទ្រង់សប្បាយរីករាយត្រេកអរ នឹងប្រទានទ្រព្យច្រើនដល់អ្នក។
[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (ពាក្យ) របស់ទូលព្រះបង្គំ ទូលព្រះបង្គំខ្លាចក្រែងព្រះអយ្យកោដណ្តើមយក (ព្រះរាជកុមារ) ព្រះអយ្យកោនឹងប្រទានទូលព្រះបង្គំ (ដល់ពួកអាមាត្យ) ដើម្បីព្រះរាជទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់ពុំខាន ទូលព្រះបង្គំមុខជានឹងដាច់ចាកទ្រព្យផង ចាកពួកទាសៈផង ត្រូវនាងព្រាហ្មណីតិះដៀលផង។
[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ទ្រង់បានបីតិ និងសោមនស្ស នឹងព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់អ្នក។
[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់បង្គាប់នោះទេ ទូលព្រះបង្គំសូមនាំយកទារកទាំងពីរទៅឲ្យបំរើនាងព្រាហ្មណី។
[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា លុះឮសំដីព្រាហ្មណ៍ឈ្លានពានហើយ ក៏តក់ស្លុត នាំគ្នាស្ទុះរត់ទៅតាមទីនោះៗ។
[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសំឡាញ់ កូនចូរមកអាយ ចូរបំពេញបារមីរបស់បិតា កូនចូរស្រោចស្រពហ្ឫទ័យរបស់បិតា កូនចូរធ្វើតាមពាក្យរបស់បិតា។ កូនចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងមនុស្ស ព្រមទាំងទេវតា (ទៅកាន់ត្រើយ គឺព្រះនិព្វាន)។ ហៃធីតាស្ងួនសំឡាញ់ (ឪពុក) នាងចូរមក ព្រោះទានបារមី ជាសំឡាញ់របស់បិតា នាងចូរស្រោចស្រពហ្ឫទ័យរបស់បិតា ចូរធ្វើតាមពាក្យរបស់បិតា។ នាងចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងពួកមនុស្ស ព្រមទាំងទេវតា។
[៣៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះបរមពោធិសត្វ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនាហើយ ទ្រង់ប្រទានដល់ព្រាហ្មណ៍។ ក្នុងលំដាប់នោះ ព្រះរាជាទ្រង់មានព្រះហ្ឫទ័យរីករាយ នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា ជាបុត្រឲ្យជាទានដ៏ឧត្តមដល់ព្រាហ្មណ៍។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ កាលដែលព្រះរាជាបានប្រទានកុមារទាំងពីរហើយ ផែនដីក៏កំរើកញាប់ញ័រ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ ព្រោះព្រះរាជា ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ផ្គងអពា្ជលី បានប្រទានកុមារទាំងពីរដ៏ចំរើនដោយសេចក្តីសុខ ឲ្យជាទានដល់ព្រាហ្មណ៍។
[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិដោយធ្មេញទាំងឡាយ ហើយចងដៃទាំងឡាយដោយវល្លិ ហើយយកវល្លិវាយបណ្តីរ។ លំដាប់តពីនោះមក ព្រាហ្មណ៍នោះកាន់ខ្សែផង កាន់ឈើច្រត់ផង វាយកុមារទាំងពីរនោះ នាំបណ្តើរទៅ (ក្នុងទី) ចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ)។
[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរបានរបូតរួច (អំពីចំណង) នៃព្រាហ្មណ៍ ហើយរត់ចៀសចេញទៅ កុមារនោះមាននេត្រាទាំងពីរដ៏ពោរពេញដោយទឹកភ្នែក ងើបមើលព្រះបិតា។ កុមារក៏ញាប់ញ័រចំប្រប់ ដូចជាស្លឹកពោធិ៍ ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតា លុះថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតាហើយ បានពោលពាក្យនេះថា បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ចាំយើងខ្ញុំជួបនឹងព្រះមាតាសិន សឹមព្រះអង្គប្រទានយើងខ្ញុំ។ បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ព្រះអង្គកុំអាលប្រទានយើងខ្ញុំឡើយ រង់ចាំព្រះមាតារបស់យើងខ្ញុំត្រឡប់មកសិន។ ក្នុងពេលនោះ ព្រាហ្មណ៍នេះចង់លក់ ឬចង់សំឡាប់ ក៏តាមប្រាថ្នាចុះ (ជូជកព្រាហ្មណ៍នេះ) មានជើងត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំសាច់យូរយារ បបូរមាត់ខាងលើវែង មានទឹកមាត់ហៀរ ចេញធ្មេញស្ញេញ (ដូចខ្នាយជ្រូក) ច្រមុះបាក់។ មានពោះធំកំប៉ោង ខ្នងកោង ភ្នែកស្រលៀង ពុកមាត់ ពុកចង្កាក្រហម សក់លឿង ស្បែកជ្រួញជ្រីវ រទុះដោយអាចម៍រុយ។ មានភ្នែកលៀនខ្លោត (ដូចភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹងលាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជាស្លៀកដណ្តប់ស្បែកខ្លា ក៏ដូចជាអមនុស្សគួរស្បើម។ បពិត្រព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញអំពីស្រុកមកកាន់ព្រៃ សូមទ្រព្យ គឺកូននឹងព្រះបិតាទេដឹង។ បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ព្រះបិតាទ្រង់ទតឃើញឬទេ ព្រះហ្ឫទ័យរបស់ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជាចំណងដែកដ៏មាំ ព្រះអង្គមិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ល្មោភហួសប្រមាណ ចាប់ចងហើយវាយយើងខ្ញុំដូចជាគេវាយគោ។ នាងកណ្ហាជិនា ចូរនៅក្នុងទីនេះចុះ ដ្បិតនាងមិនទាន់ដឹងក្តីនៅឡើយ រមែងកន្ទក់កន្ទញ ដូចជាកូនម្រឹគនៅបៅដោះ ហើយព្រាត់ប្រាសចាកហ្វូង។
[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរស (ដែលរង្គាត់ទៅក្នុងភព) ត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរសត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ព្រះមាតានោះ មនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត (រឭកពួកយើង) ក្នុងពាក់កណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចស្ទឹង។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត (រឭកពួកយើង) ក្នុងកណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចជាស្ទឹង។ រុក្ខជាតិផ្សេងៗ ទាំងនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ ថ្ងៃនេះ យើងនឹងបោះបង់ពួករុក្ខជាតិទាំងនោះចោលហើយ។ ពួកផលជាតិផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះយើងនឹងបោះបង់ផលជាតិទាំងនោះចោលហើយ។ នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា ថ្ងៃនេះ យើងនឹងបោះបង់ទីទាំងនោះ។ ពីដើម ពួកយើងទ្រទ្រង់ផ្កាណា ច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្កាទាំងនោះ។ ពីដើមពួកយើងបរិភោគផ្លែឈើណាច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្លែឈើទាំងនោះ។ នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ពីដើមយើងលេងដោយរូបណា ថ្ងៃនេះយើងនឹងបោះបង់រូបទាំងនោះ។
[៣៤២] កុមារទាំងនោះ កាលជូជកព្រាហ្មណ៍កំពុងនាំទៅ បានពោលនឹងព្រះបិតាដូច្នេះថា បពិត្រព្រះបិតា សូមព្រះអង្គបា្រប់នូវភាព (របស់យើងខ្ញុំ) ជាបុគ្គលមិនមានរោគ ដល់ព្រះមាតាផង ទាំងព្រះអង្គសោត ក៏សូមឲ្យបានសេចក្តីសុខ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ នេះរូបគោរបស់យើងខ្ញុំ សូមព្រះអង្គប្រទានរូបទាំងនោះ ដល់ព្រះមាតាៗ នឹងបន្ទោបង់សំណោកព្រោះរូបទាំងនោះ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ នេះរូបគោរបស់យើងខ្ញុំ ព្រះមាតាកាលបើក្រឡេកឃើញរូបទាំងនោះហើយ នឹងបន្ទោបង់សំណោកចេញបាន។
[៣៤៣] លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ ទ្រង់ដាក់ទានរួចហើយ ក៏យាងចូលទៅកាន់បណ្ណសាលា ហើយខ្សឹកខ្សួលគួរឲ្យអាណោចអាធ័ម។ (ព្រះមហាសត្វទ្រង់ព្រះពិលាបថា) ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្តីស្រេកឃ្លានហើយ យំទារនរណា អ្នកណាហ្ន៎ នឹងឲ្យភោជនដល់ទារកទាំងពីរនោះ ក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច។ ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្ដីស្រេកឃ្លាន ហើយយំទារនរណា បពិត្រព្រះមាតា យើងខ្ញុំមានសេចក្តីស្រេកឃ្លានហើយ សូមព្រះមាតាប្រទានភោជនដល់យើងខ្ញុំក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច។ ទារកទាំងពីរដើរទៅដោយជើងទទេ មិនមានស្បែកជើង នឿយហត់ មានជើងទាំងពីរដ៏ពុរពង ទៅកាន់ផ្លូវដូចម្តេចបាន អ្នកណានឹងដឹកដៃទារកទាំងនោះទៅ។ កោតតែព្រាហ្មណ៍នោះ ហ៊ានវាយកូនទាំងពីររបស់អញជាអ្នកមិនមានកំហុស ក្នុងទីចំពោះមុខ មិនអៀនខ្មាស ព្រាហ្មណ៍នេះ ហៅពេញជាមនុស្សឥតអៀនខ្មាស។ អ្នកណាមានសេចក្តីអៀនខ្មាស នឹងវាយពួកជនសូម្បីជាខ្ញុំស្រី ខ្ញុំប្រុស ឬថាអ្នកបម្រើដទៃរបស់អញ ដែលលះឲ្យហើយនោះ។ ព្រាហ្មណ៍ហ៊ានជេរ ហ៊ានវាយដំកូនសំឡាញ់របស់អញដែលកំពុងមើលឃើញ ដូចជាត្រីដែលជាប់នៅក្នុងមាត់លប។
[៣៤៤] អញនឹងកាន់យកធ្នូ ស្ពាយព្រះខាន់លើស្មាខាងឆ្វេង ហើយនាំយកកូនទាំងពីររបស់ខ្លួនមកវិញឬ ព្រោះថា ការដែលគេវាយដំកូនទាំងពីរ នាំមកនូវសេចក្ដីទុក្ខ។ កុមារទាំងពីរគប្បីលំបាកដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំងមានសភាពជាទុក្ខទេ នរណាយល់ធម៌របស់ពួកសប្បុរស ហើយឲ្យទាន រមែងក្តៅក្រហាយរឿយៗ។
[៣៤៥] (ជាលិកុមារ…) បានឮថា ជនពួកខ្លះក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា បុគ្គលណាមិនមានមាតាបង្កើត បុគ្គលនោះឈ្មោះថា មិនមានបិតាដូចគ្នាដែរ។ នែនាងកណ្ហាប្អូន នាងចូរមក យើងមុខជានឹងស្លាប់ យើងមិនមានសេចក្តីត្រូវការដោយជីវិតទេ ដោយយើងត្រូវព្រះជនិន្ទប្រទានដល់ព្រាហ្មណ៍ អ្នកស្វែងរកទ្រព្យ ជាមនុស្សកំណាចលើសលន់ វាយដំយើង ដូចជាគេវាយហ្វូងគោ។ នែនាងកណ្ហា ពួករុក្ខជាតិផ្សេងៗនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ យើងនឹងបោះបង់រុក្ខជាតិទាំងនោះ នែនាងកណ្ហា ពួកផលជាតិផ្សេង ៗ នេះ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង យើងនឹងបោះបង់ផលជាតិទាំងនោះ។ ហៃនាងកណ្ហា នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា យើងនឹងបោះបង់ទីទាំងនោះ ហៃនាងកណ្ហា ពីដើម យើងទ្រទ្រង់ផ្កាទាំងឡាយណាផ្សេងៗ លើភ្នំនេះ យើងនឹងបោះបង់ផ្កាទាំងនោះ។ ហៃនាងកណ្ហា ពីដើម យើងបរិភោគផ្លែឈើផ្សេង ៗ ទាំងឡាយណា យើងនឹងបោះបង់ផ្លែឈើទាំងនោះ។ ហៃនាងកណ្ហា នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ជារូបដែលយើងធ្លាប់លេង យើងនឹងបោះបង់រូបនោះ។
[៣៤៦] (អភិសម្ពុទ្ធគាថា) កុមារទាំងពីរនោះ គឺជាលី និងកណ្ហាជិនា កាលដែលព្រាហ្មណ៍កំពុងនាំទៅ ក៏របូតចេញ (អំពីចំណង) ហើយនាំគ្នាស្ទុះចូលទៅក្នុងទីនោះ ក្នុងខណៈនោះ។
[៣៤៧] លំដាប់នោះ ជូជកព្រាហ្មណ៍នោះ កាន់យកខ្សែ និងឈើច្រត់វាយដំកុមារទាំងពីរនោះ ហើយនាំទៅក្នុងទីចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ)។
[៣៤៨] នាងកណ្ហាជិនាបានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយដំខ្ញុំម្ចាស់ដោយឈើច្រត់ដូចជាទាសីដែលកើតក្នុងផ្ទះ។ បពិត្រព្រះបិតា នេះមិនមែនជាព្រាហ្មណ៍ទេ ដ្បិតពួកព្រាហ្មណ៍ ជាអ្នកប្រកបដោយធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំយើងខ្ញុំយកទៅស៊ីទេដឹង បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ។
[៣៤៩] ជើងទាំងឡាយរបស់យើងខ្ញុំនេះ ក៏សែនលំបាក ផ្លូវសោត ក៏ឆ្ងាយដាច់ស្រយាល លំបាកនឹងដើរទៅណាស់ ព្រះសុរិយាក៏កាន់តែទន់ទាប ជិតអស្តង្គតណាស់ហើយ ព្រាហ្មណ៍ក៏នាំយើងខ្ញុំទៅប្រញាប់ប្រញាល់។ យើងខ្ញុំសូមថ្វាយបង្គំនូវពួកភូតដែលនៅអាស្រ័យលើភ្នំ និងព្រៃ សូមថ្វាយបង្គំដោយសិរសានូវពួកទេវតាដែលរក្សាស្រះ និងទេវតាដែលនៅអាស្រ័យក្នុងស្ទឹង មានកំពង់ដ៏ល្អ។ (យើងខ្ញុំសូមថ្វាយបង្គំ) នូវពួកទេវតាដែលនៅអាស្រ័យលើស្មៅ និងវល្លិ និងឈើឱសធ និងភ្នំ និងព្រៃ សូមទេវតាទាំងឡាយ ទូលព្រះមាតានូវភាពរបស់យើងខ្ញុំជាអ្នកមិនមានរោគ ដ្បិតព្រាហ្មណ៍នេះ កំពុងនាំយកយើងខ្ញុំទៅ។ សូមពួកលោកដ៏ចំរើន ទូលដល់ព្រះមទ្រីជាព្រះមាតារបស់យើងខ្ញុំថា បើលោកចង់អញ្ជើញមកតាមយើងខ្ញុំ គប្បីអញ្ជើញមកឲ្យឆាប់។ ផ្លូវនេះ ដើរចុះតែជើងមួយ ត្រង់ទៅកាន់អាស្រម ព្រះមាតាគប្បីស្តេចអញ្ជើញមកតាមផ្លូវនោះឯង មុខជានឹងឃើញយើងខ្ញុំភ្លាម។ បពិត្រព្រះមាតាដ៏មានជដាអើយ ទុក្ខនោះនឹងមានដល់លោក ដែលនាំមើមឈើ និងផ្លែឈើអំពីព្រៃមក ព្រោះឃើញអាស្រមស្ងាត់ជ្រងំ។ ព្រះមាតាបាន (មើមឈើ និងផ្លែឈើអំពីព្រៃ និងចំណី) ច្រើនដោយការស្វែងរកហួសវេលា មិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍អ្នកស្វែងរកទ្រព្យកំណាចលើសលន់ ចងវាយដំយើងខ្ញុំដូចជាគេវាយហ្វូងគោ ថ្ងៃនេះ យើងខ្ញុំសូមចួបនឹងព្រះមាតា ដែលអញ្ជើញមកអំពីការស្វែងរកផ្លែឈើក្នុងវេលាល្ងាច។ ព្រះមាតាគប្បីប្រទានផ្លែឈើលាយដោយទឹកឃ្មុំដល់ព្រាហ្មណ៍ៗនេះបានបរិភោគផ្លែឈើនោះឆ្អែតហើយ មុខជាមិនបង