តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ខុទ្ទកបាឋ »
អ្នកប្រហែលជាឆ្ងល់ពីរបៀប ដែលហេតុអ្វីរឿងល្អកើតឡើង។ «ការប្រសិទ្ធិពរ» ដែលល្បីល្បាញ បំផុតដែលត្រូវបានគេស្គាល់ភាគច្រើនគ្រាន់តែជាភាសាបាលីប៉ុណ្ណោះ។
sut kn khp 5 បាលី cs-km: sut.kn.khp.5 អដ្ឋកថា: sut.kn.khp.5_att PTS: ?
មង្គលសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. មង្គលសុត្តំ)
[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា។
[៦] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម។
ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ១ ការដំកល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម។
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាស ក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជាមង្គលដ៏ឧត្តម។
ការបំរើមាតាបិតា ១ សេចក្តីសង្គ្រោះដល់បុត្រ និងភរិយា ១ ការងារទាំងឡាយ ដែលមិនច្របូកច្របល់ ១ នេះជាមង្គលដ៏ឧត្តម។
ការបរិច្ចាគទាន ១ ការប្រព្រឹត្តិធម៌ ១ សេចក្តីសង្គ្រោះញាតិទាំងឡាយ ១ ការងារទាំងឡាយ ដែលមិនមានទោស ១ នេះជាមង្គលដ៏ឧត្តម។
ការមិនត្រេកអរក្នុងបាប និងការវៀរចាកបាប ១ សេចក្តីសង្រួមចាកការផឹកនូវទឹកស្រវឹង ១ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម។
សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តីត្រេកអរតាមមានតាមបាន ១ ភាពជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ១ ការស្តាប់នូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម។
សេចក្តីអត់ធន់ ១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ ការជួបប្រទះនូវសមណៈទាំងឡាយ ១ ការសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម។
សេចក្តីព្យាយាមដុតនូវបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ នេះជាមង្គលដ៏ឧត្តម។
ចិត្តនៃបុគ្គលណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរម្ភើបញាប់ញ័រ ១ ការមិនមានសេចក្តីសោក ១ ធូលី គឺរាគៈទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជាមង្គលដ៏ឧត្តម។
ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គលដ៏ឧត្តមរបស់ទេវតា និងមនុស្សទាំងឡាយនោះ។
ចប់ មង្គលសូត្រ។