User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:khp:sut.kn.khp.6

រតនសូត្រ

សង្ខេប

រតនសូត្រ ជា​សូត្រ ដែល​ព្រះសោតាបន្ន​បុគ្គល បាន​រលឹក​ដល់គុណ ព្រះ​រតនត្រ័យ គុណភាព​របស់​សោតបន្ន និង​អធិដ្ឋាន​ដល់​ពពួក​ភូតថែរក្សាទឹក​ដី​ទី​នោះ ដែល​មាន​ចិត្តល្អ គោរពបូជា ដល់​ព្រះពុទ្ធ ព្រះ​ធម៌ និង​ព្រះសង្ឃ ចូរ​មើល​ថែរក្សា មនុស្ស​លោក។ គ្រានោះ នៅក្រុងវេសាលី ដែនលិច្ឆវី រងគ្រោះទុរភិក្ស អមនុស្ស ជម្ងឺអាសន្នរោគ។ ប្រជាជនបានសុំជំនួយពី ព្រះពុទ្ធដែលគង់នៅក្រុងរាជគហ ដែនមគធ។ ដោយពុទ្ធានុភាព ភ្លៀងដ៏ខ្លាំងក្លាបានបង្អុរមកលាងសម្អាតទីក្រុង សម្រាប់ការនិមន្តមកដល់ របស់ព្រះពុទ្ធ, សាវក និងព្រះសង្ឃ។ ដឹកនាំដោយព្រះអានន្ទជាអ្នកស្វាធ្យាយ រតនសូត្រ និងប្រោះព្រុំ តាមច្រក ក្នុងដែនលិច្ឆវី តាមព្រះពុទ្ធឱវាទ។

sut kn khp 6 បាលី cs-km: sut.kn.khp.6 អដ្ឋកថា: sut.kn.khp.6_att PTS: ?

រតនសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ការ​បកប្រែ​ខុស​គ្នា​បន្តិច​មើល រតនសូត្រ នៅ សុត្តនិបាត

អានដោយ ព្រះខេមានន្ទ

សូត្រ​បាលី​ដោយ ព្រះ​សុភធម្មោ

sut.kn.khp.6.mp4

(៦. រតនសុត្តំ)

[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរធ្វើនូវមេត្តាចិត្ត ដល់ពពួកសត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេលថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ។ ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី រតនវត្ថុដ៏ឧត្តមណា ក្នុងឋានសួគ៌ក្តី ទ្រព្យ និងរតនវត្ថុទាំងនោះឯង ស្មើដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយសច្ចៈនេះ សូមមានសិរីសួស្តី។

ព្រះសក្យមុនី ទ្រង់មានព្រះទ័យដំកល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាទីក្ស័យទៅនៃកិលេស ជាទីប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម រតនៈនីមួយស្មើដោយព្រះធម៌នោះមិនមាន រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាធម៌ដ៏ស្អាត បណ្ឌិតទាំងឡាយ ពោលហើយនូវសមាធិណា ថាជាធម៌ឲ្យផលដោយលំដាប់ សមាធិឯទៀត ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

បុគ្គលទាំងឡាយណា ៨ ពួក ដែលពួកសប្បុរសសរសើរហើយ រាប់ជាគូ មាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមានសេចក្តីប្រាថ្នាឡើយ អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវអរហត្តផល សម្រេចហើយនូវព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ (ឥតមានទិញដូរឡើយ) ហើយទទួលនូវផល រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

សសរគោល ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកំរើកញាប់ញ័រដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រដោយលោកធម៌ទាំងឡាយ) ដូចសសរគោលដូច្នោះឯង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ ដែលព្រះតថាគត ព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅ សំដែងប្រពៃហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលប់ក៏ដោយ អរិយបុគ្គលទាំងនោះ គង់មិនកាន់យកភពជាគំរប់ ៨ គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បទា គឺសោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះចាកអបាយទាំង ៤ ផង មិនអាចធ្វើនូវអភិដ្ឋាន1) ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

ប្រសិនបើសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្មដោយកាយ វាចា ឬដោយចិត្តក៏ដោយ (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនដែលបិទបាំងនូវបាបកម្មនោះឡើយ ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ ជាបុគ្គលមិនដែលបិទបាំងបាបកម្ម ព្រះពុទ្ធទាំងឡាយ បានត្រាស់សំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ដូចជាគុម្ពឈើមានក្នុងព្រៃ ដូច្នោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ ឥតមានអ្នកណាមួយស្មើ ទ្រង់ត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយហើយក្នុងភពតទៅ អរិយបុគ្គលទាំងឡាយនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះចំរើនឡើង ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចប្រទីប ដែលរលត់ទៅនេះ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី។

ចប់ រតនសូត្រ។

 

លេខយោង

1)
សំដៅយកអនន្តរិយកម្ម ៥ និងការបែរចិត្តទៅកាន់សាសនាដទៃ។
km/tipitaka/sut/kn/khp/sut.kn.khp.6.txt · ពេលកែចុងក្រោយ: 2023/05/01 03:56 និពន្ឋដោយ Johann