km:tipitaka:sut:kn:khp:sut.kn.khp.7

តិរោកុឌ្ឌកណ្ឌ

សង្ខេប

ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សរ​សើរ ការ​បូជាដ​ល់​បុព្វការីជន (បរេត) ហើយ​ទាន​នៅ​ទី​ណា ដែល​ប្រសើរ​បំផុត (ដើម្បី​ឲ្យ​ញាតិ​ទាំង​ឡាយ បាន​ជួប​ព្រះ​សង្ឃ បើ​នៅ​តែ​ក្នុង​លោក​នេះ)

sut kn khp 7 បាលី cs-km: sut.kn.khp.7 អដ្ឋកថា: sut.kn.khp.7_att PTS: ?

តិរោកុឌ្ឌកណ្ឌ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ព្រះសូត្រ​នេះ​ក៏មាន​ក្នុង​បេតវត្ថុ

អានដោយ ព្រះខេមានន្ទ

(៧. តិរោកុដ្ដសុត្តំ)

[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិចចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមានប្រមាណតិចចេញ។

ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម និងចំអាប មានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ។ ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិ របស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាឥតផលឡើយ កសិកម្ម ក៏មិនមានក្នុងភូមិ នៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយា លះលោកនេះទៅហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងប្រេតវិស័យនោះ ដោយផលទានដែលញាតិទាំងឡាយឧទ្ទិសឲ្យហើយអំពីលោកនេះ។ ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នេះដែរ។ ផ្លូវទឹក មានទន្លេ និងស្ទឹងជាដើមដ៏ពេញ រមែងញ៉ាំងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះដល់អញ អ្នកនេះបានធ្វើគុណនេះដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ ជាសំឡាញ់របស់អញដូច្នេះហើយ គួរឲ្យទក្ខិណាទាន ចំពោះប្រេតទាំងឡាយ។ ការយំសោកសៅ និងការខ្សឹកខ្សួលដទៃណា មិនមានប្រយោជន៍ឡើយ ការយំជាដើមនោះ មិនសម្រេចប្រយោជន៍ ដល់ប្រេតទាំងឡាយទេ ញាតិទាំងឡាយ រមែងឋិតនៅយ៉ាងនោះដដែល ឥតបានដឹង បានឮឡើយ។ លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ ដំកល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផលដោយរួសរាន់ ដើម្បីប្រយោជន៍ដល់ប្រេតនោះ អស់កាលជាអង្វែង។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កំលាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យ ឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង។

ចប់ តិរោកុឌ្ឌកណ្ឌ។

 

លេខយោង

km/tipitaka/sut/kn/khp/sut.kn.khp.7.txt · ពេលកែចុងក្រោយ: 2023/09/24 01:34 និពន្ឋដោយ Johann