User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:khp:sut.kn.khp.8

និធិកណ្ឌ

សង្ខេប

បុណ្យ​បង្កើត​អនាគត​របស់អ្នក។ ល្អ​​ត្រូវ​​ស្វែង​​រក​​អ្វី​​ដែល​​មិន​​ប្រាក​ដ​ថា​​នឹង​​បាត់​បង់។

sut kn khp 8 បាលី cs-km: sut.kn.khp.8 អដ្ឋកថា: sut.kn.khp.8_att PTS: ?

និធិកណ្ឌ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. និធិកណ្ឌសុត្តំ)

[៩] បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹក ដោយគិតថា កាលបើកិច្ចដែលត្រូវការ កើតឡើងហើយ ទ្រព្យនេះ នឹងបានជាប្រយោជន៍ ដល់អាត្មាអញ ដែលត្រូវពួកបច្ចាមិត្រពោលបង្កាច់ នឹងបានដោះខ្លួនចេញពីស្តេច ឬត្រូវចោរបៀតបៀន នឹងបានដោះខ្លួនចេញពីចោរ នឹងបានដោះបំណុល ឬក្នុងពេលទុរភិក្ស ឬក៏ក្នុងកាលអន្តរាយទាំងឡាយ ធម្មតា កំណប់ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍នេះឯង។ កំណប់ ដែលបុគ្គលកប់ក្នុងទីជ្រៅ មានទីបំផុតទល់នឹងទឹកដល់ម្ល៉ោះ កំណប់ទ្រព្យទាំងអស់នោះ ក៏មិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ដ្បិតថា កំណប់ទ្រព្យ រមែងឃ្លាតទៅ ចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយ រមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ រមែងគាស់យកនូវកំណប់ទ្រព្យនោះ កាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ។ កំណប់ទ្រព្យ ដែលស្ត្រី ឬបុរសណា បានកប់ទុកល្អហើយដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬមួយក្នុងមាតា ក្នុងបិតា ឬថាក្នុងបងប្រុស-ស្រីដែលជាច្បង កំណប់ទ្រព្យនុ៎ះ ចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ នរណា ៗ មិនគប្បីផ្ចាញ់បាន ជាកំណប់ទ្រព្យ ដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនុ៎ះទៅ កំណប់ទ្រព្យ គឺបុណ្យ មិនទួទៅ ដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ គួរធ្វើនូវកំណប់ទ្រព្យ គឺបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយ ប្រាថ្នាណាស់ នូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយសបរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតា ក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិ គឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវជាអ្នកស្ទាត់ក្នុងវិជ្ជា និងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងពុទ្ធភូមិណា ៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ បុញ្ញសម្បទានេះ ឲ្យសំរេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ។

ចប់ និធិកណ្ឌសូត្រ។

 

លេខយោង

km/tipitaka/sut/kn/khp/sut.kn.khp.8.txt · ពេលកែចុងក្រោយ: 2023/09/26 01:50 និពន្ឋដោយ Johann