km:tipitaka:sut:kn:man:random

សូត្រចៃដន្យ ពីមហានិទេ្ទស

សូត្រចៃដន្យរបស់អ្នក។

  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីមហានិទេ្ទស សូមចុចទីនេះ
  • ដើម្បីទទួលបានព្រះសូត្រថ្មី ពីនិកាយទាំងអស់ សូមចុចទីនេះ

សារីបុត្តសុត្តនិទ្ទេស ទី១៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn man 16 បាលី cs-km: sut.kn.man.16 អដ្ឋកថា: sut.kn.man.16_att PTS: ?

សារីបុត្តសុត្តនិទ្ទេស ទី១៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៦. សារិបុត្តសុត្តនិទ្ទេសោ)

[១៨៣] (ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា)

ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងដ៏ពីរោះយ៉ាងនេះ ទ្រង់ចុះចាកឋានតុសិតមកកាន់ពួក។

[១៨៤] ពាក្យថា ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ គឺក្នុងកាលមុនអំពីកាលនេះ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនធ្លាប់ឃើញ ដោយចក្ខុនេះ ដោយអត្តភាពនេះទេ។ កាលដែលព្រះមានព្រះភាគ គង់ចាំវស្សាលើថ្មបណ្ឌុកម្ពលក្រោមម្លប់បារិឆ្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស មានពួកទេវតាហែហម ទ្រង់យាងចុះកាន់ក្រុងសង្កស្ស តាមជណ្តើរកែវ ត្រង់កណ្តាល ខ្ញុំមិនបានឃើញក្នុងកាលមុន វៀរលែងនូវការឃើញនេះ។ ហេតុនោះ (លោកពោលថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ។

[១៨៥] ពាក្យថា ព្រះសារីបុត្តមានអាយុ (ពោល) ថាដូច្នេះ ត្រង់ពាក្យថា ដូច្នេះ ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ដូច្នេះនុ៎ះ គឺជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីគោរពកោតក្រែង។ ពាក្យថា ព្រះសារីបុត្ត គឺជាឈ្មោះ ជាការរាប់ ជាពាក្យសំគាល់ ជាបញ្ញត្តិ ជាពាក្យហៅ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោលថា) ព្រះសារីបុត្តមានអាយុ ពោលដូច្នេះ។

[១៨៦] ពាក្យថា ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ ត្រង់ពាក្យថា មិន ជាពាក្យហាមឃាត់។ ពាក្យថា ទាំង ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ទាំងនុ៎ះ គឺជាលំដាប់បទ។ ពាក្យថា អ្នកណាមួយ គឺអ្នកណាមួយ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (លោកពោលថា) ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ។

[១៨៧] ពាក្យថា ព្រះសាស្តាមានព្រះសូរសៀងពីរោះយ៉ាងនេះ អធិប្បាយថា ព្រះអង្គមានព្រះសូរសៀងពីរោះ សូរសៀងទន់ ផ្អែម សូរសៀងគួរជាទីស្រឡាញ់ សូរសៀងជាទីគាប់ចិត្ត សូរសៀងពីរោះ ដូចសំឡេងសត្វករវិកយ៉ាងនេះ។ ព្រះសូរសៀងដែលផ្សាយចេញចាកព្រះឱស្ឋរបស់ព្រះមានព្រះភាគនោះ ប្រកបដោយអង្គ ៨ គឺក្បោះក្បាយ ១ គប្បីដឹងបានដោយងាយ ១ ទន់ពីរោះ ១ ស្រួលស្តាប់ ១ មូល ១ មិនបែកព្រែក ១ ក្រអួន ១ លាន់រំពង ១។ កាលណាព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងដោយព្រះសូរសៀង ព្រះសូរសៀងព្រះមានព្រះភាគអង្គនោះ មិនខ្ចាយចេញទៅខាងក្រៅអំពីបរិស័ទ។ ព្រះមានព្រះភាគអង្គនោះ មានព្រះសូរសៀងដូចជាសំឡេងព្រហ្ម មានព្រះសូរសៀងដូចជាសំឡេងសត្វករវិក ហេតុនោះ លោកពោលថា ព្រះមានព្រះភាគ មានព្រះសូរសៀងពីរោះយ៉ាងនេះ។ ពាក្យថា ព្រះសាស្តា គឺព្រះមានព្រះភាគជាអ្នកនាំពួក។ នាយពួក ញុំាងពួកទាំងឡាយឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺចោរ ឲ្យឆ្លងផ្លូវលំបាកគឺម្រឹគសាហាវ ឲ្យឆ្លងផ្លូវលំបាកគឺការអត់ឃ្លាន ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុតផ្លូវលំបាកគឺការមិនមានទឹក ឲ្យបានដល់ទីក្សេម យ៉ាងណាមិញ ព្រះមានព្រះភាគជាអ្នកនាំពួក តែងញុំាងពួកសត្វឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺជាតិ ឲ្យឆ្លងផ្លូវលំបាកគឺជរា ឲ្យឆ្លងផ្លូវលំបាកគឺព្យាធិ ឲ្យឆ្លងផ្លូវលំបាកគឺមរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ឲ្យឆ្លងផ្លូវលំបាកគឺរាគៈ ឲ្យឆ្លងផ្លូវលំបាកគឺទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យឆ្លងសេចក្តីសាំញុំាគឺរាគៈ ឲ្យឆ្លងសេចក្តីសាំញុំាគឺទោសៈ មោហៈ មានះ ទិដ្ឋិ ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុត នូវសេចក្តីសាំញុំាគឺកិលេស ឲ្យដល់ទីក្សេម គឺអមតនិព្វាន ក៏យ៉ាងនោះដែរ ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅ ឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យសំឡឹងមើល ឲ្យជ្រះថ្លា ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតព្រម ទ្រង់ប្រាប់មគ្គដែលមិនទាន់បានប្រាប់ ជាអ្នកដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសក្នុងមគ្គ។ ឯពួកសាវ័កឥឡូវនេះ ជាអ្នកដើរតាមមគ្គ ជាអ្នកប្រកបតាមក្រោយ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថាជាអ្នកនាំពួក យ៉ាងនេះខ្លះ ហេតុនោះ (លោកពោលថា) ព្រះសាស្តាមានព្រះសូរសៀងពីរោះ យ៉ាងនេះឯង។

[១៨៨] ពាក្យថា ចុះចាកឋានតុសិត មកកាន់ពួក អធិប្បាយថា ព្រះមានព្រះភាគ ចុះចាកកាយតុសិត ស្តេចមកកាន់ផ្ទៃមាតា ទាំងមានស្មារតី ដឹងច្បាស់ ហេតុនោះ (លោកពោលថា) ព្រះសាស្តាចុះចាកឋានតុសិតមកកាន់ពួក យ៉ាងនេះខ្លះ។ មួយទៀត ពួកទេវតា លោកហៅថា តុសិត។ ពួកទេវតាទាំងនោះ ជាអ្នកត្រេកអរ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះសាស្តាចុះចាកឋានតុសិតទេវលោក មកកាន់ពួក ហេតុនោះ (លោកពោលថា) ចុះចាកឋានតុសិត មកកាន់ពួក យ៉ាងនេះខ្លះ។ មួយវិញទៀត ព្រះអរហន្តទាំងឡាយ លោកហៅថា តុសិត។ ព្រះអរហន្តទាំងនោះ ជាអ្នកត្រេកអ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះមានព្រះភាគ ស្តេចមកកាន់ពួកព្រះអរហន្តទាំងឡាយ ហេតុនោះ (លោកពោលថា) ចុះចាកឋានតុសិត មកកាន់ពួក យ៉ាងនេះខ្លះ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះមានពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជាអាចារ្យនៃពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជាសាស្តានៃពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់រក្សាពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ទូន្មានពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ប្រៀនប្រដៅពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់អង់អាច ចូលទៅរកពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះពួក តែងស្តាប់ដោយគោរព (នូវពាក្យ) នៃព្រះមានព្រះភាគនោះ ផ្ទៀងសោតៈស្តាប់ ដំកល់ទុកនូវចិត្តដើម្បីដឹង។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ញុំាងពួកឲ្យក្រោកចេញអំពីអកុសលធម៌ ហើយឲ្យតាំងនៅក្នុងកុសលធម៌។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃភិក្ខុ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃភិក្ខុនី។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃឧបាសក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃឧបាសិកា។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃព្រះរាជា។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃក្សត្រ របស់ពួកនៃព្រាហ្មណ៍ របស់ពួកនៃវេស្សៈ របស់ពួកនៃសុទ្ទៈ របស់ពួកនៃទេវតា របស់ពួកនៃព្រហ្ម។ ព្រះមានព្រះភាគ មានសង្ឃ មានគណៈ ជាគណាចារ្យ បានស្តេចមកចូលទៅជិត ចូលទៅជិតព្រម បានដល់នូវសង្កស្សនគរ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ ចុះចាកឋានតុសិត មកកាន់ពួក។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

(ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងពីរោះ យ៉ាងនេះ ទ្រង់ចុះចាកឋានតុសិត មកកាន់ពួក។

[១៨៩]

ព្រះមានព្រះភាគ ទ្រង់មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ។

[១៩០] ពាក្យថា ដល់លោក ព្រមទាំងទេវលោក គឺដល់លោក ព្រមទាំងទេវលោក ព្រមទាំងមារលោក ព្រមទាំងព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុនោះ (លោកពោលថា) ដល់លោក ព្រមទាំងទេវលោក។

[១៩១] ពាក្យថា ទ្រង់មានចក្ខុប្រាកដ អធិប្បាយថា ពួកទេវតាឃើញព្រះមានព្រះភាគ កាលគង់លើថ្មបណ្ឌុកម្ពល ក្រោមម្លប់បារិច្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស ទ្រង់សំដែងធម៌យ៉ាងណា ពួកមនុស្សក៏រមែងឃើញយ៉ាងនោះ។ មនុស្សទាំងឡាយ ឃើញយ៉ាងណា ពួកទេវតាឃើញយ៉ាងនោះ។ ព្រះមានព្រះភាគប្រាកដដល់ពួកទេវតា យ៉ាងណា ប្រាកដដល់ពួកមនុស្សយ៉ាងនោះ។ ព្រះមានព្រះភាគប្រាកដដល់ពួកមនុស្សយ៉ាងណា ប្រាកដដល់ពួកទេវតាយ៉ាងនោះ ហេតុនោះ (លោកពោលថា) មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។ មួយទៀត ពួកសមណព្រាហ្មណ៍ដ៏ចំរើននុ៎ះ ដែលមានចិត្តមិនទាន់ទូន្មានទេ ប្រាកដដោយភេទនៃអ្នកមានចិត្តទូន្មាន មានចិត្តមិនទាន់រម្ងាប់ទេ ប្រាកដដោយភេទនៃអ្នកមានចិត្តរម្ងាប់ មានចិត្តមិនទាន់ស្ងប់ស្ងាត់ទេ ប្រាកដដោយភេទនៃអ្នកមានចិត្តស្ងប់ស្ងាត់ មិនទាន់មានទុក្ខរលត់ទេ ប្រាកដដោយភេទនៃអ្នកមានទុក្ខរលត់ យ៉ាងណាមិញ។

ពួកសមណព្រាហ្មណ៍ ដែលមានបរិវារហែហម មិនមានសេចក្តីបរិសុទ្ធខាងក្នុង មានលំអខាងក្រៅ ត្រេចទៅក្នុងលោក ដូចជាកុណ្ឌលដែលធ្វើអំពីដីស្អិត មានសភាពដ៏សមគួរ ឬដូចជាមាសកៈទង់ដែង ដែលក្រឡៃមាស (យ៉ាងណាមិញ)។

ចំណែកព្រះមានព្រះភាគ មិនប្រាកដយ៉ាងនោះទេ។ ព្រះមានព្រះភាគ ទ្រង់មានព្រះទ័យទូន្មានហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តទូន្មាន ទ្រង់មានព្រះទ័យរម្ងាប់ហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តរម្ងាប់ ទ្រង់មានព្រះទ័យស្ងប់រម្ងាប់ហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តស្ងប់រម្ងាប់ ទ្រង់មានទុក្ខរលត់ហើយ ប្រាកដដោយភេទនៃអ្នកមានទុក្ខរលត់ហើយ ដោយពិត ប្រាកដ ទៀងទាត់ មិនប្រែប្រួល មិនវិបរិត ពិតមែន។ មួយទៀត ព្រះពុទ្ធទាំងឡាយមានព្រះភាគ មានព្រះឥរិយាបថមិនបានញាប់ញ័រ សឹងបរិបូណ៌ដោយសេចក្តីប្រាថ្នា ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គមានកិត្តិសព្ទដ៏បរិសុទ្ធ មានកិតិ្តសព្ទ និងសេចក្តីសរសើរដ៏ពោរពេញក្នុងភពនៃនាគផង ក្នុងភពនៃគ្រុឌផង ក្នុងភពនៃយក្ខផង ក្នុងភពនៃអសុរផង ក្នុងភពនៃគន្ធព្វផង ក្នុងភពនៃមហារាជផង ក្នុងភពនៃព្រះឥន្ទផង ក្នុងភពនៃព្រហ្មផង គឺថា ព្រះអង្គមានកិតិ្តសព្ទ និងសេចក្តីសរសើរប្រាកដបែបនេះផង ប្រាកដបែបនោះផង លើសលប់ជាងនោះផង ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គប្រកបដោយកំឡាំង ១០ តែងប្រាកដជាក់ច្បាស់ដោយវេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ តេជះ ១ ពលៈ ១ គុណ ១ វីរិយៈ ១ បញ្ញា ១។

សប្បុរសទាំងឡាយ រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមវន្ត អសប្បុរសទាំងឡាយ មិនប្រាកដក្នុងទីឆ្ងាយនោះបានទេ ដូចជាសរដែលគេបាញ់ទៅក្នុងពេលយប់។

ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។

ពាក្យថា ទ្រង់មានចក្ខុ សេចក្តីថា ព្រះមានព្រះភាគ មានចក្ខុ ដោយចក្ខុ ៥ គឺមានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្តចក្ខុ ១។

ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុ តើដូចម្តេច។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ រោមព្រះនេត្ររបស់ព្រះមានព្រះភាគ តាំងនៅត្រង់ទីណា ទីនោះមានសម្បុរខៀវ ខៀវស្រងាត់ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាត្រកៀត។ ទីក្រៅអំពីនោះ មានសម្បុរលឿង លឿងទុំ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាកណ្ណិការ។ រណ្តៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមឆ្អៅ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងអណ្តើកមាស។ ត្រង់កណ្តាល មានសម្បុរខ្មៅ ខ្មៅស្រិល មិនមានសៅហ្មង យ៉ាងស្និទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្លែផ្គាំ។ ក្រៅអំពីនោះ មានសម្បុរស សសុទ្ធ សក្បុះ សត្រសុះ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ទាំងយប់ទាំងថ្ងៃ ដោយព្រះមំសចក្ខុតាមប្រក្រតីនោះ ដែលកើតអំពីសុចរិតកម្ម ក្នុងកាលមុន រាប់ទាំងអត្តភាពផង។ ទោះបីងងឹតប្រកបដោយអង្គ ៤ គឺព្រះអាទិត្យអស្តង្គត ១ ថ្ងៃឧបោសថជាចំណែកខាងរនោច ១ ដងព្រៃជិតស៊្លុប ១ ភ្លៀងធំខុសកាលតាំងឡើង ១។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ក្នុងទីងងឹត ប្រកបដោយអង្គ ៤ សូម្បីមានសភាពយ៉ាងនេះ។ ព្រះអង្គមិនមានជញ្ជាំង ឬសន្ទះទ្វារ កំផែង ឬភ្នំ គុម្ពឈើ ឬវល្លិ៍ ជាគ្រឿងរាំងនូវកិរិយាឃើញរូបទាំងឡាយទេ។ បើទុកជាគេដាក់គ្រាប់ល្ង ១ គ្រាប់ ក្នុងរទេះពេញដោយល្ង ធ្វើឲ្យជាគ្រឿងចំណាំ ក៏នៅតែព្រះមានព្រះភាគ ទ្រង់រើសយកគ្រាប់ល្ងនោះបានវិញដដែល។ ព្រះមំសចក្ខុជាប្រក្រតីរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះឯង។ ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុយ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយទិព្វចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ទតឃើញពួកសត្វកំពង់ច្យុត កំពុងកើត ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វដ៏ចំរើនទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់យកអំពើនៃមិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏ចំរើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់យកអំពើនៃសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ឃើញពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ទ្រង់ជ្រាបនូវពួកសត្វដែលអន្ទោលទៅតាមកម្មយ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ កាលបើចង់ឃើញ គប្បីឃើញលោកធាតុ ១ ខ្លះ ឃើញលោកធាតុ ២ ខ្លះ ឃើញលោកធាតុ ៣ ខ្លះ ឃើញលោកធាតុ ៤ ខ្លះ ឃើញលោកធាតុ ៥ ខ្លះ ឃើញលោកធាតុ ១០ ខ្លះ ឃើញលោកធាតុ ២០ ខ្លះ ឃើញលោកធាតុ ៣០ ខ្លះ ឃើញលោកធាតុ ៤០ ខ្លះ ឃើញលោកធាតុ ៥០ ខ្លះ ឃើញលោកធាតុតូច ១ពាន់ ខ្លះ ឃើញលោកធាតុជាកណ្តាល ១ ពាន់ ២ ជាន់ ខ្លះ (១ លាន) ឃើញលោកធាតុ ១ ពាន់ ៣ ជាន់ខ្លះ (១០០ កោដិ) ឃើញលោកធាតុច្រើនពាន់ខ្លះ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រាថ្នាត្រឹមណា គប្បីទតឃើញត្រឹមនោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយទិព្វចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ មានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញារីករាយ មានបញ្ញារហ័ស មានបញ្ញាក្លាហាន មានបញ្ញាទំលាយបង់នូវកិលេស ឈ្លាសក្នុងប្រភេទនៃបញ្ញា មានញាណបែកធ្លាយ បានសម្រេចបដិសម្ភិទា បានសម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសដ៏ប្រសើរ ជាសីហបុរស ជានាគបុរស ជាអាជញ្ញបុរស ជាបុរសអ្នកនាំនូវធុរៈ មានញាណមិនមានទីបំផុត មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ស្តុកស្តម្ភ មាំមួន មានទ្រព្យ ទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យប្រាថ្នា ឲ្យជ្រះថ្លា។ ព្រោះព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឡើងព្រម ឲ្យកើតឡើងព្រម ទ្រង់ប្រាប់មគ្គដែលមិនទាន់បានប្រាប់ ជាអ្នកដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គ។ ឯពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវមកតាមក្រោយ។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានធម៌ មានញាណ មានភាពដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោននូវប្រយោជន៍ ជាអ្នកឲ្យនូវព្រះនិព្វាន ជាម្ចាស់ហេតុធម៌ ជាព្រះតថាគត។ ហេតុណាមួយ ដែលព្រះមានព្រះភាគនោះមិនជ្រាប មិនឃើញ មិនជាក់ច្បាស់ មិនធ្វើឲ្យប្រាកដ មិនពាល់ត្រូវដោយបញ្ញា មិនដែលមានទេ។ ធម៌ទាំងអស់ រាប់ទាំងអតីត អនាគត បច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណនៃព្រះពុទ្ធដ៏មានព្រះភាគ ដោយអាការទាំងពួង។ ឈ្មោះថា វត្ថុណាមួយដែលត្រូវយល់ ត្រូវដឹង ប្រយោជន៍ខ្លួនក្តី ប្រយោជន៍អ្នកដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវណែនាំក្តី ប្រយោជន៍ដែលបាននាំចេញស្រាប់ហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ដ៏ផូរផង់ក្តី ប្រយោជន៍ដ៏សំខាន់ក្តី ទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃពុទ្ធញាណ។ ព្រះពុទ្ធមានព្រះភាគ មានព្រះញាណមិនទើសទាក់ក្នុងអតីត មានព្រះញាណមិនទើសទាក់ក្នុងអនាគត មានព្រះញាណមិនទើសទាក់ក្នុងបច្ចុប្បន្ន។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ។ ហេតុដែលត្រូវដឹង មានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ផ្ទៃស្មុគ្រទាំងពីរដែលស្និទ្ធគ្នាល្អ ផ្ទៃស្មុគ្រខាងក្រោម មិនប្រព្រឹត្តហួសផ្ទៃស្មុគ្រខាងលើ ផ្ទៃស្មុគ្រខាងលើ មិនហួសផ្ទៃស្មុគ្រខាងក្រោម ផ្ទៃស្មុគ្រទាំងពីរ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ ហេតុដែលត្រូវដឹងផង ព្រះញាណផង របស់ព្រះពុទ្ធមានព្រះភាគ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងនោះឯង គឺហេតុដែលត្រូវដឹងមានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងតាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងធម៌ទាំងពួង។ ធម៌ទាំងពួងជាប់ដោយការពិចារណា ជាប់ដោយសេចក្តីប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទនៃព្រះពុទ្ធមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងពួកសត្វទាំងពួង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាបចរិត ជ្រាបនូវអធិមុត្តិនៃសត្វទាំងពួង ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ ជាសត្វគួរ និងមិនគួរត្រាស់ដឹង។ លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅក្នុងពុទ្ធញ្ញាណ។ ហ្វូងត្រី និងអណ្តើកណានីមួយ ដោយហោចទៅ រាប់តាំងពីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ ប្រព្រឹត្តទៅក្នុងខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏ប្រព្រឹត្តទៅខាងក្នុងពុទ្ធញ្ញាណក៏យ៉ាងនោះឯង។ ពួកបក្សីណាមួយ ដោយហោចទៅ រាប់តាំងពីគ្រុឌឈ្មោះវេនតេយ្យ ប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ពួកជនណា មានបញ្ញាស្មើនឹងព្រះសារីបុត្ត សូម្បីជនទាំងនោះ ក៏ប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះឯង។ ពុទ្ធញ្ញាណផ្សាយគ្របនូវបញ្ញានៃទេវតា និងមនុស្សទាំងឡាយ ហើយឋិតនៅ។ ពួកជនណាមួយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ជាបណ្ឌិត មានប្រាជ្ញាល្អិត មានបរប្បវាទធ្វើហើយ មានសភាពដូចជាខ្មាន់ធ្នូអ្នកបាញ់រោមកន្ទុយ អាចទំលាយនូវទិដ្ឋិទាំងឡាយដោយប្រាជ្ញាបាន ពួកជនទាំងនោះ ក៏តាក់តែង រៀបចំនូវបញ្ហា ហើយចូលទៅសួរព្រះតថាគត។ បញ្ហាទាំងនោះ ព្រះមានព្រះភាគ ទ្រង់សំដែង ទាំងដោះស្រាយហើយ ជាប្រស្នាដែលព្រះមានព្រះភាគគួរសំដែងចេញនូវហេតុ ទាំងជាប្រស្នាដែលព្រះអង្គគួរបញ្ឈប់ទុក។ ជនទាំងនោះ នាំគ្នាចុះចូលព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្នុងទីប្រជុំនោះ ដោយបញ្ញា ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ មានធូលីស្រាលស្តើងក្នុងភ្នែក មានធូលីក្រាស់ក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោក ថាគួរខ្លាច។ ដូចជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងត្រពាំងព្រលិតក្តី ក្នុងត្រពាំងឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក លូតតាមទឹក លិចចុះខាងក្នុងដែលទឹកចិញ្ចឹមហើយ ផ្កាជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅស្មើនឹងទឹក ជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅផុតពីទឹក មិនទទឹកដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ទតឃើញនូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោកថា គួរខ្លាច ក៏យ៉ាងនោះឯង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត។ ព្រះមានព្រះភាគ ទ្រង់សំដែងអសុភកថា ដល់បុគ្គលជារាគចរិត។ ព្រះមានព្រះភាគទ្រង់ប្រាប់មេត្តាភាវនា ដល់បុគ្គលជាទោសចរិត។ ព្រះមានព្រះភាគទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងឧទ្ទេស (ការរៀនបាលី) ក្នុងបរិបុច្ឆា (ការរៀនអដ្ឋកថា) ក្នុងការស្តាប់ធម៌តាមកាល ក្នុងការសន្ទានាគ្នាទៅវិញទៅមកនូវធម៌តាមកាល ក្នុងការនៅជាមួយនឹងគ្រូ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់អានាបានស្សតិ ដល់បុគ្គលជាវិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់និមិត្តដែលគួរជ្រះថ្លា គឺការត្រាស់ដឹងដ៏ប្រពៃនៃព្រះពុទ្ធ ការទ្រទ្រង់ល្អនៃព្រះធម៌ សេចក្តីប្រតិបត្តិល្អនៃព្រះសង្ឃ និងសីលទាំងឡាយសម្រាប់ខ្លួន ដល់បុគ្គលជាសទ្ធាចរិត។ ព្រះមានព្រះភាគទ្រង់ប្រាប់នូវវិបស្សនានិមិត្ត គឺអាការមិនទៀង អាការជាទុក្ខ អាការមិនមែនខ្លួន ដល់បុគ្គលជាញាណចរិត។

បុគ្គលឈរលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជន ដោយជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានប្រាជ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់យាងឡើងកាន់ប្រាសាទគឺធម៌ ហើយទតមើលប្រជុំជន ដែលខ្វល់ដោយសេចក្តីសោក ត្រូវជាតិ និងជរាគ្របសង្កត់ ក៏យ៉ាងនោះឯង។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ តើដូចម្តេច។ ព្រះសព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគទ្រង់ចូល ចូលព្រម ទៅជិត ជិតព្រម ដល់ ដល់ព្រម ប្រកបដោយសព្វញ្ញុតញ្ញាណ។

ហេតុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគនោះ ទ្រង់មិនឃើញ ឬថាមិនទ្រង់ជ្រាប មិនគួរជ្រាប មិនមានទេ ហេតុណាដែលត្រូវដឹង ព្រះមានព្រះភាគ ទ្រង់ជ្រាបហេតុនោះទាំងអស់ ព្រោះហេតុនោះ ព្រះតថាគតទើបឈ្មោះថា សមន្តចក្ខុ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ។

[១៩២] ពាក្យថា កំចាត់បង់នូវងងឹតទាំងពួង គឺទ្រង់បន្សាត់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យដល់នូវភាវៈមិនមានបែបភាព នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត គ្រឿងធ្វើឲ្យងងឹត គ្រឿធ្វើមិនឲ្យមានបញ្ញាចក្ខុ គ្រឿងធ្វើមិនឲ្យមានញាណ ជាគ្រឿងរលត់បញ្ញា ជាចំណែកនៃការបៀតបៀន ដែលមិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ហេតុនោះ (លោកពោលថា) កំចាត់បង់នូវងងឹតទាំងពួង។

[១៩៣] ពាក្យថា ដល់នូវការត្រេកអរតែមួយព្រះអង្គឯង អធិប្បាយថា ព្រះមានព្រះភាគមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា មួយព្រះអង្គឯងដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ មួយព្រះអង្គឯងដោយអត្ថថា លះបង់តណ្ហា មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកទោសៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកមោហៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គមិនមានកិលេសដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជានោះ តើដូចម្តេច។ ព្រះមានព្រះភាគ កាលនៅជាកំឡោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យកំពុងចំរើន គឺបឋមវ័យ កាលដែលព្រះមាតាបិតា ទ្រង់មិនពេញព្រះទ័យ (នឹងការទ្រង់ផ្នួស) ដែលមានព្រះភក្រ្តជោកទៅដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោកហើយ ទ្រង់ក៏លះបង់ពួកញាតិ កាត់យសបលិពោធទាំងអស់ កាត់បុត្តទារបលិពោធ កាត់ញាតិបលិពោធ កាត់មិត្តាមច្ចបលិពោធ កាត់សន្និធិបលិពោធ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពមិនមានការកង្វល់ ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅមួយអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ តើដូចម្តេច។ ព្រះមានព្រះភាគនោះ កាលទ្រង់ព្រះផ្នួសហើយយ៉ាងនេះ តែមួយព្រះអង្គ ទ្រង់អាស្រ័យសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចធំ មានសំឡេងតិច មានគឹកកងតិច ប្រាសចាកសំដីមនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ខ្លួនពួនសម្ងំបាន ព្រះមានព្រះភាគអង្គនោះ យាងទៅមួយអង្គឯង ឈរមួយអង្គឯង គង់នៅមួយអង្គឯង សម្រេចការផ្ទំមួយអង្គឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតមួយអង្គឯង ចៀសចេញទៅមួយអង្គឯង គង់នៅក្នុងទីស្ងាត់មួយអង្គឯង អធិដ្ឋានទីចង្រ្កមមួយអង្គឯង ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ មួយព្រះអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហានោះ តើដូចម្តេច។ ព្រះមានព្រះភាគអង្គនោះ មួយព្រះអង្គឯង មិនមានបុគ្គលជាទីពីរ យ៉ាងនេះហើយ ព្រះអង្គមិនមានសេចក្តីប្រហែស មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានព្រះទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា តាំងទុកនូវមហាបធាន កំចាត់បង់នូវមារ ដែលមិនលែងជនឲ្យរួច ព្រមទាំងសេនាជាផៅពង្សនៃអ្នកប្រហែស ហើយលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវតណ្ហា ដែលជាបណ្តាញ ជាគ្រឿងហូរទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ។

បុរសដែលមានតណ្ហាជាទីពីរ រមែងអន្ទោលទៅអស់កាលជាយូរអង្វែង មិនប្រព្រឹត្តកន្លងនូវសំសារវដ្ត ជាភាពមានប្រការយ៉ាងនេះ ជាភាពមានប្រការដទៃ ភិក្ខុដឹងនូវទោសនុ៎ះហើយ គប្បីជាអ្នកប្រាសចាកតណ្ហា មិនមានការប្រកាន់ មានស្មារតី វៀរនូវតណ្ហាដែលជាដែនកើតទុក្ខ។

ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈដោយចំណែកមួយ តើដូចម្តេច។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាករាគៈដោយចំណែកមួយ ព្រោះលះបង់រាគៈហើយ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាកទោសៈដោយចំណែកមួយ ព្រោះលះបង់ទោសៈហើយ។ ព្រះមានព្រះភាគមួយព្រះអង្គឯង ព្រោះប្រាសចាកមោហៈដោយចំណែកមួយ ព្រោះលះបង់មោហៈហើយ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះមិនមានកិលេស ដោយចំណែកមួយ ព្រោះលះបង់នូវកិលេសទាំងឡាយហើយ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង តើដូចម្តេច។ ដែលហៅថា ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង (នោះ) សំដៅយកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។

ព្រះមានព្រះភាគ មានប្រក្រតីឃើញនូវទីបំផុតនៃធម៌ជាគ្រឿងអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ទ្រង់ជ្រាបច្បាស់នូវផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង ជនទាំងឡាយក្នុងកាលមុន បានឆ្លងហើយតាមផ្លូវនុ៎ះ ជនទាំងឡាយបម្រុងនឹងឆ្លង ទាំងជនទាំងឡាយកំពុងឆ្លងនូវឱឃៈ (ក៏ឆ្លងតាមផ្លូវនុ៎ះ)។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ តើដូចម្តេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង ត្រាស់ដឹងថា សង្ខារទាំងពួងជាទុក្ខ ត្រាស់ដឹងថា ធម៌ទាំងពួងជាអនត្តា ត្រាស់ដឹងថា សង្ខារទាំងឡាយមានអវិជ្ជាជាបច្ច័យ។បេ។ ត្រាស់ដឹងថា ជរា មរណៈ មានជាតិជាបច្ច័យ ត្រាស់ដឹងថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា។បេ។ ត្រាស់ដឹងថា ការរលត់នៃជរា មរណៈ ព្រោះរលត់ជាតិ ត្រាស់ដឹងថា នេះទុក្ខ ត្រាស់ដឹងថា នេះទុក្ខសមុទ័យ ត្រាស់ដឹងថា នេះទុក្ខនិរោធ ត្រាស់ដឹងថា នេះទុក្ខនិរោធគាមិនីបដិបទា ត្រាស់ដឹងថា នេះអាសវៈ ត្រាស់ដឹងថា នេះអាសវសមុទ័យ ត្រាស់ដឹងថា នេះអាសវនិរោធ ត្រាស់ដឹងថា នេះអាសវនិរោធគាមិនីបដិបទា ត្រាស់ដឹងថា ធម៌ទាំងនេះគប្បីដឹង ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវកំណត់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវលះបង់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវចំរើន ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃផស្សាយតនៈ ៦ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃឧបាទានក្ខន្ធ ៥ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃមហាភូតរូប ៤ ត្រាស់ដឹងថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា។ មួយទៀត ធម្មជាតណាមួយ ដែលព្រះមានព្រះភាគគប្បីជ្រាប គប្បីជ្រាបចំពោះ គប្បីជ្រាបព្រម គប្បីត្រាស់ដឹង គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាប ជ្រាបតាមលំដាប់ ជ្រាបចំពោះ ជ្រាបព្រម ជ្រាបដោយប្រពៃ ត្រាស់ដឹងបានចំពោះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយពោធិញ្ញាណនោះ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែមួយព្រះអង្គឯង ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ យ៉ាងនេះ។

ពាក្យថា សេចក្តីត្រេកអ ក្នុងបទថា បានដល់នូវសេចក្តីត្រេកអរ មានសេចក្តីថា ព្រះមានព្រះភាគ ដល់ សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រេកអរក្នុងនេក្ខម្មៈ នូវសេចក្តីត្រេកអរក្នុងបវិវេក នូវសេចក្តីត្រេកអរក្នុងការស្ងប់រម្ងាប់ នូវសេចក្តីត្រេកអរក្នុងសម្ពោធិ ហេតុនោះ (លោកពោលថា) បានដល់នូវសេចក្តីត្រេកអរ មួយព្រះអង្គឯង។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ព្រះមានព្រះភាគ មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ។

[១៩៤]

ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក។

[១៩៥] អធិប្បាយពាក្យថា ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ជាតាទិបុគ្គល ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគជាសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចៈដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង។ សំនួរត្រង់ពាក្យថា ព្រះពុទ្ធ ចុះព្រះនាមថាព្រះពុទ្ធ ដោយអត្ថថាដូចម្តេច។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គត្រាស់ដឹងសច្ចៈទាំងឡាយ។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គញុំាងពួកសត្វឲ្យត្រាស់ដឹង។ ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់ត្រាស់ដឹងនូវធម៌ទាំងអស់។ ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់ឃើញច្បាស់នូវធម៌ទាំងអស់។ ព្រះនាមថាព្រះពុទ្ធ ព្រោះទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គរីកហើយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះការរាប់ថាជាព្រះខីណាស្រព។ ព្រះនាមថា ព្រះពុទ្ធ ព្រោះការរាប់ថាមិនមានឧបក្កិលេស។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាករាគៈ ដោយចំណែកមួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាកទោសៈ ដោយចំណែកមួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាកមោហៈ ដោយចំណែកមួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គមិនមានកិលេសដោយចំណែកមួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅតែមួយអង្គឯង ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គត្រាស់ដឹងអនុត្តរសម្មាសម្ពោធិតែមួយអង្គឯង។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គកំចាត់បង់នូវសេចក្តីមិនដឹង ព្រោះព្រះអង្គបាននូវសេចក្តីត្រាស់ដឹង។ ព្រះនាមថា ព្រះពុទ្ធនុ៎ះ ព្រះមាតាមិនបានថ្វាយ ព្រះបិតាមិនបានថ្វាយ បងប្អូនប្រុសមិនបានថ្វាយ បងប្អូនស្រីមិនបានថ្វាយ ពួកមិត្ត និងអាមាត្យមិនបានថ្វាយ ពួកញាតិសាលោហិតមិនបានថ្វាយ ពួកសមណព្រាហ្មណ៍មិនបានថ្វាយ ពួកទេវតាក៏មិនបានថ្វាយ ព្រះនាមថា ព្រះពុទ្ធនុ៎ះ ជាព្រះនាមមានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានជោគ ការបញ្ញាតិថា ព្រះពុទ្ធនេះ (កើត) ដោយការធ្វើឲ្យជាក់ច្បាស់ ព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធនោះ។

[១៩៦] ពាក្យថា ព្រះអង្គមិនអាស្រ័យ អធិប្បាយថា គ្រឿងអាស្រ័យមាន ២ គ្រឿងអាស្រ័យគឺតណ្ហា ១ គ្រឿងអាស្រ័យគឺទិដ្ឋិ ១។

គ្រឿងអាស្រ័យគឺតណ្ហា តើដូចម្តេច។ បុគ្គលប្រកាន់វត្ថុដែលខ្លួនធ្វើឲ្យជាសីមា ធ្វើឲ្យជាព្រំ ធ្វើឲ្យជាប្រទល់ដែន ធ្វើឲ្យជាទីបំផុត កាន់កាប់ ប្រកាន់ ដោយចំណែកតណ្ហាទាំងអម្បាលម៉ានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ អម្បាលម៉ាននេះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កំរាល គ្រឿងដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង និងជង្រុករបស់អញ សូម្បីការប្រកាន់នូវផែនដីធំទាំងមូល ដោយអំណាចតណ្ហា ការប្រែប្រួលនៃតណ្ហា ១០៨ ទាំងអម្បាលម៉ាន នេះគ្រឿងអាស្រ័យគឺតណ្ហា។

គ្រឿងអាស្រ័យគឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ធម្មជាតជំទាស់គឺទិដ្ឋិ ធម្មជាតញញាក់ញញ័រគឺទិដ្ឋិ គ្រឿងចងក្រៀកគឺទិដ្ឋិ កំណាន់ កំណាន់ស៊ប់សួន ការប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវគួរខ្ពើម ផ្លូវខុស សភាពខុស ទីដូចជាកំពង់ កំណាន់ដោយការស្វះស្វែងរកផ្សេងៗ កំណាន់ផ្ទុយ កំណាន់ប្រែប្រួល កំណាន់ខុស កំណាន់ថា មែនក្នុងវត្ថុដែលមិនមែន ទិដ្ឋិ ៦២ ទាំងអម្បាលម៉ាន នេះគ្រឿងអាស្រ័យគឺទិដ្ឋិ។

ព្រះពុទ្ធមានព្រះភាគ លះបង់គ្រឿងអាស្រ័យគឺតណ្ហា រលាស់ចោលគ្រឿងអាស្រ័យគឺទិដ្ឋិហើយ។ ព្រោះលះបង់គ្រឿងអាស្រ័យគឺតណ្ហា រលាស់ចោលគ្រឿងអាស្រ័យគឺទិដ្ឋិ ព្រះមានព្រះភាគ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មិនអាស្រ័យ មិនស្អិត មិនចូលទៅជិត មិនជក់ចិត្ត មិនចុះចិត្ត ស្ទុះចេញ ខ្ទាតចេញ ឃ្លាតចេញ ប្រាសចេញ ចាករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ជាអតីត អនាគត បច្ចុប្បន្ន ធម៌ទាំងឡាយដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មានព្រះទ័យសម្រេចសម្រាន្តនៅ ហេតុនោះ (លោកពោលថា) ព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ។

[១៩៧] ពាក្យថា ទ្រង់នឹងធឹង អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់នឹងធឹងដោយអាការ ៥ គឺ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ ១ ទ្រង់នឹងធឹងព្រោះព្រះអង្គបានឆ្លង ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានរួច ១ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ ១។

ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងលាភផង ទ្រង់នឹងធឹងក្នុងការមិនមានលាភផង ទ្រង់នឹងធឹងក្នុងយសផង ទ្រង់នឹងធឹងក្នុងការមិនមានយសផង ទ្រង់នឹងធឹងក្នុងសេចក្តីសរសើរផង ទ្រង់នឹងធឹងក្នុងនិន្ទាផង ទ្រង់នឹងធឹងក្នុងសុខផង ទ្រង់នឹងធឹងក្នុងទុក្ខផង។ បើពួកជនគប្បីលាបព្រះពាហាម្ខាងដោយគ្រឿងក្រអូប គប្បីច្រាស់ព្រះពាហាម្ខាងដោយកាំបិតព្រា។ តម្រេកក្នុងការលាបដោយគ្រឿងក្រអូបឯណោះ មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាស់ដោយកាំបិតព្រាឯណោះមិនមាន។ ព្រះមានព្រះភាគ លះស្រឡះនូវសេចក្តីស្រឡាញ់ស្អិត និងសេចក្តីថ្នាំងថ្នាក់ កន្លងផុតនូវសេចក្តីកាន់ជើង និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតស្រឡះនូវសេចក្តីត្រូវចិត្ត និងសេចក្តីខុសចិត្ត។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់រាគៈ។ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ ការអន្ទះអន្ទែងទាំងអស់ ការក្តៅក្រហាយទាំងអស់ អភិសង្ខារជាអកុសលទាំងអស់។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះទ្រង់បានឆ្លង តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់បានឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងរួច កន្លង កន្លងដោយប្រពៃ រំលង នូវផ្លូវសង្សារទាំងអស់។ ព្រះអង្គគង់នៅក្នុងអរិយវាស ប្រព្រឹត្តចរណៈ ដើរហួសផ្លូវឆ្ងាយ គឺសង្សារ ដល់នូវទិស គឺ (ព្រះនិព្វាន) ដល់នូវទីបំផុត (អនុបាទិសេសនិព្វាន) រក្សាព្រហ្មចរិយៈ ដល់នូវទិដ្ឋិដ៏ឧត្តម ចំរើនមគ្គ លះបង់កិលេស ចាក់ធ្លុះព្រះអរហត្តផល ដែលមិនកំរើក ធ្វើឲ្យច្បាស់លាស់នូវនិរោធ។ ព្រះអង្គកំណត់ដឹងទុក្ខ លះបង់សមុទយៈ ចំរើនមគ្គ ធ្វើឲ្យច្បាស់លាស់នូវនិរោធ ត្រាស់ដឹងធម៌ដែលត្រូវត្រាស់ដឹង កំណត់ធម៌ដែលត្រូវកំណត់ដឹង លះបង់ធម៌ដែលត្រូវលះបង់ ចំរើនធម៌ដែលត្រូវចំរើន ធ្វើឲ្យច្បាស់លាស់នូវធម៌ដែលត្រូវធ្វើឲ្យច្បាស់លាស់។ ព្រះអង្គដកគន្លឹះទ្វារ គឺអវិជ្ជា កំចាត់ស្នាមភ្លោះគឺកម្មាភិសង្ខារ ដកសសរខឿន គឺតណ្ហា មិនមានសន្ទះទ្វារ គឺឱរម្ភាគិយសំយោជនៈ ជាបុគ្គលបរិសុទ្ធ ទំលាក់ទង់ជ័យ គឺមានះហើយ ដាក់ភារៈ គឺខន្ធជាដើម ប្រាសចាកយោគៈ និងកិលេស លះស្រឡះនូវអង្គ ៥ គឺនីវរណៈ ប្រកបអង្គ ៦ គឺឧបេក្ខា មានការឃុំគ្រងយ៉ាងឯក គឺសតិ មានអបស្សេនធម៌ ៤ បន្ទោបង់បច្ចេកសច្ចៈ មានការស្វែងរកគ្រប់យ៉ាងលះចោលហើយដោយប្រពៃ មានសង្កប្បៈមិនល្អក់ រម្ងាប់កាយសង្ខារ មានចិត្តរួចស្រឡះដោយល្អ មានបញ្ញារួចស្រឡះដោយល្អ មានគុណដ៏បរិបូណ៌ អប់រំព្រហ្មចរិយៈ ជាបុរសដ៏ខ្ពង់ខ្ពស់ ជាបុរសដ៏ក្រៃលែង ដល់ហើយនូវកិរិយាបាននូវអមតៈ។ ព្រះអង្គឈប់កពូន ឈប់កំចាត់កំចាយ ឈ្មោះថា ទ្រង់នឹងនួនព្រោះកំចាត់កំចាយ (កិលេស) ព្រះអង្គឈប់ លះបង់ ឈប់ប្រកាន់មាំ ឈ្មោះថា ទ្រង់នឹងនួន ព្រោះលះបង់ ព្រះអង្គឈប់ចាក់ស្រេះ ឈប់ក្រអឺតក្រអោង ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិនចាក់ស្រេះ ព្រះអង្គឈប់រំលត់ ឈប់បង្កាត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះរំលត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខសីលក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខសមាធិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខបញ្ញាខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះដឹងអរិយសច្ច ឈ្មោះថា ទ្រង់នឹងនួន ព្រោះកន្លង (តណ្ហាជាគ្រឿងញាប់ញ័រ) យ៉ាងនេះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះរំលត់ភ្លើងគឺកិលេស ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិនមានការត្រឡប់វិញ ឈ្មោះថា ទ្រង់នឹងនួន ព្រោះចាប់កំពូល (គឺជំនះ) បាន ឈ្មោះថា ទ្រង់នឹងនួន ព្រោះការសេពចំពោះនូវការរួច ឈ្មោះថា ទ្រង់នឹងនួន ព្រោះមេត្តាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះករុណាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះមុទិតាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះឧបេក្ខាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិយ៉ាងដាច់ខាត ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិ មិនមានតណ្ហា ទិដ្ឋិ មានះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះទ្រង់រួចស្រឡះ (ចាកកិលេស) ឈ្មោះថា ទ្រង់នឹងនួន ព្រោះជាអ្នកសន្តោស ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតខន្ធ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតធាតុ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតអាយតនៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតគតិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតឧបបត្តិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតបដិសន្ធិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតភព ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតសង្សារ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតវដ្តៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងភពចុងបង្អស់ ឈ្មោះថា ទ្រង់នឹងនួនក្នុងសរីរៈចុងបង្អស់ គឺទ្រទ្រង់នូវសរីរៈចុងបង្អស់ រើចេញនូវដំណើរទៅកាន់ភពថ្មី។

នេះជាភពចុងបង្អស់របស់ព្រះអង្គ នេះជាសរីរៈក្រោយបង្អស់របស់ព្រះអង្គ ព្រះអង្គមិនមានជាតិ មរណៈ សង្សារ និងភពថ្មីទៀតទេ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានឆ្លង យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច តើដូចម្តេច។ ព្រះហឫទ័យរបស់ព្រះមានព្រះភាគ រួច រួចស្រឡះ រួចផុតចាករាគៈ។ ព្រះហឫទ័យរួច រួចស្រឡះ រួចផុត ចាកទោសៈ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកមោហៈ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសីលមាន ទ្រង់ក៏មានសីល។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសទ្ធាមាន ទ្រង់ក៏មានសទ្ធា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវីរិយៈមាន ទ្រង់ក៏មានវីរិយៈ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសតិមាន ទ្រង់ក៏មានសតិ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសមាធិមាន ទ្រង់ក៏តាំងព្រះហ្ឫទ័យខ្ជាប់។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើបញ្ញាមាន ទ្រង់ក៏មានបញ្ញា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវិជ្ជាមាន ទ្រង់ក៏មានត្រៃវិជ្ជា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើអភិញ្ញាមាន ទ្រង់ក៏មានអភិញ្ញា ៦។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើពលៈមាន ទ្រង់ក៏មានពលៈ ១០។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង។

[១៩៨] អធិប្បាយពាក្យថា ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា មិនកុហក សេចក្តីថា វត្ថុនៃការកុហកមាន ៣ គឺវត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ ១ វត្ថុនៃការកុហកចំណែកខាងឥរិយាបថ ១ វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត ១។

វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតីក្នុងសាសនានេះ និមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានសេចក្តីត្រូវការ អាស្រ័យសេចក្តីប្រាថ្នានូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដ៏លើសលប់ ហើយហាមឃាត់ចីវរ ហាមឃាត់បិណ្ឌបាត ហាមឃាត់សេនាសនៈ ហាមឃាត់គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ បាននិយាយយ៉ាងនេះថា ស្រមណ៍ មានប្រយោជន៍អ្វី ដោយចីវរមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ ត្រូវតែរើសសំពត់ដែលមិនមានជាយទាំងឡាយ អំពីព្រៃស្មសាន ឬអំពីគំនរសម្រាម ឬក៏ដែលធ្លាក់ក្នុងចន្លោះផ្សារ យកមកធ្វើសង្ឃាដិប្រើប្រាស់ ស្រមណ៍មានប្រយោជន៍អ្វីដោយបិណ្ឌបាតមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែចិញ្ចឹមជីវិតដោយពំនូតបាយ ដែលធ្វើឲ្យទៅជាដុំ ដោយការដើរទៅស្វែងរក ស្រមណ៍មានប្រយោជន៍អ្វីដោយសេនាសនៈមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែជាអ្នកនៅជិតដើមឈើ ឬនៅក្នុងព្រៃស្មសាន ពុំនោះសោត នៅក្នុងទីវាល ស្រមណ៍មានប្រយោជន៍អ្វី ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែធ្វើថ្នាំដោយទឹកមូត្រស្អុយ ដោយចំណិតផ្លែសម៉ តាំងអំពីកាលនោះ ក៏ប្រើប្រាស់ចីរស្មៅហ្មង បរិភោគបិណ្ឌបាតសៅហ្មង សេពសេនាសនៈសៅហ្មង សេពសោយគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏សៅហ្មង។ ពួកគហបតីដឹងភិក្ខុនោះ យ៉ាងនេះថា ស្រមណ៍នេះ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ស្ងប់ស្ងាត់ មិនច្របូកច្របល់ ផ្គងព្យាយាម ពោលធុតគុណ ដូច្នេះហើយ ក៏រឹងរឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះបាននិយាយយ៉ាងនេះថា កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះវត្ថុ ៣ ប្រការ មានក្នុងទីចំពោះមុខ គឺកុលបុត្រមានសទ្ធាបានបុណ្យច្រើន ព្រោះសទ្ធាមានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះទេយ្យធម៌មានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានក្នុងទីចំពោះមុខ ១ សទ្ធារបស់ពួកអ្នកក៏មាន ទេយ្យធម៌ក៏មានព្រម អាត្មាក៏ជាអ្នកទទួល បើអាត្មានឹងមិនទទួល កាលបើយ៉ាងនេះ ពួកអ្នកមុខជាឃ្លាតឆ្ងាយចាកបុណ្យមិនខាន អាត្មាមិនមានសេចក្តីត្រូវការដោយវត្ថុនេះទេ ប៉ុន្តែអាត្មាទទួល ដើម្បីអនុគ្រោះដល់ពួកអ្នកទេតើ តាំងពីនោះមក ភិក្ខុនោះទទួលចីវរក៏ច្រើន ទទួលបិណ្ឌបាតក៏ច្រើន ទទួលសេនាសនៈក៏ច្រើន ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ច្រើន។ ការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះ ឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ។

វត្ថុនៃការកុហកចំណែកខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ប្រាថ្នាការសរសើរ (គិត) ថា អ្នកផងនឹងសរសើរអាត្មាអញយ៉ាងនេះ ហើយរៀបចំដំណើរ រៀបចំការឈរ រៀបចំការអង្គុយ រៀបចំការដេក ប្រុងចិត្តហើយទើបដើរ ប្រុងចិត្តហើយទើបឈរ ប្រុងចិត្តហើយទើបអង្គុយ ប្រុងចិត្តហើយទើបសម្រចនូវការដេក ដើរធ្វើហាក់ដូចជាចូលកាន់សមាធិ ឈរធ្វើហាក់ដូចជាចូលកាន់សមាធិ អង្គុយធ្វើហាក់ដូចជាចូលកាន់សមាធិ សម្រេចការដេកធ្វើហាក់ដូចជាចូលកាន់សមាធិ ជាបុគ្គលហាក់ដូចជាចូលឈានក្នុងគន្លងចក្ខុ (នៃអ្នកផង)។ កិរិយាផ្គូផ្គង កិរិយាតំកល់ កិរិយារៀបចំនូវឥរិយាបថ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហក ចំណែកខាងឥរិយាបថ។

វត្ថុនៃការកុហក ចំណែកខាងការពោលក្នុងទីជិត តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ប្រាថ្នាការសរសើរ (គិត) ថា អ្នកផងនឹងសរសើរអាត្មាអញយ៉ាងនេះ ហើយពោលវាចាដែលអាស្រ័យព្រមនូវអរិយធម៌ គឺពោលថា ស្រមណ៍ណា ទ្រទ្រង់ចីវរមានសភាពយ៉ាងនេះ ស្រមណ៍នោះ មានស័ក្តិធំ ពោលថា ស្រមណ៍ណា ទ្រទ្រង់បាត្រ ទ្រទ្រង់ផ្តិលលោហៈ ទ្រទ្រង់ធម្មក្រក ទ្រទ្រង់សំពត់តម្រងទឹក ទ្រទ្រង់កូនសោ ទ្រទ្រង់ស្បែកជើង ទ្រទ្រង់វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់សំពត់អាយោគៈ មានសភាពយ៉ាងនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណាមានឧបជ្ឈាយ៍បែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា មានអាចារ្យ មានឧបជ្ឈាយ៍ស្មើគ្នា មានអាចារ្យស្មើគ្នា មានពួកមិត្រ មានពួកភឿន យ៉ាងជិតដិត យ៉ាងស្ទាក់ស្ទើរបែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា នៅក្នុងវិហារបែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា នៅក្នុងបង្ហា នៅក្នុងប្រាសាទ នៅក្នុងផ្ទះមានដំបូលរលីង នៅក្នុងរូងភ្នំ នៅក្នុងទីសម្រាប់ជ្រកកោន នៅក្នុងកុដិ នៅក្នុងផ្ទះមានកំពូល នៅក្នុងប៉ម នៅក្នុងផ្ទះមូល នៅក្នុងថែវ នៅក្នុងរោងឆាន់ នៅក្នុងបារាំ នៅក្នុងម្លប់ឈើបែបនេះ ស្រមណ៍នោះមានស័ក្តិធំ។ មួយទៀត ភិក្ខុធ្វើមុខស្រងូតស្រងាត់ ធ្វើមុខស្រពោនស្រពាប់ បំភាន់បំភាំង និយាយរាក់ទាក់ ត្រូវគេសរសើរដោយអំណាចមាត់ ក៏ពោលសំដីដ៏ជ្រៅ កំបាំង ល្អិត ដ៏បិទបាំង ប្រកបព្រមដោយព្រះនិព្វានដែលជាលោកុត្តរធម៌ ប្រាកដដូចនោះថា ស្រមណ៍នេះ ជាអ្នកបានវិហារសមាបត្តិទាំងឡាយ ដ៏រំងាប់ មានសភាពយ៉ាងនេះ។ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត។

វត្ថុនៃការកុហកទាំង ៣ នេះ ព្រះពុទ្ធមានជោគបានលះបង់ ក្បិលក្របែល រំលត់ រំលាយ រំសាយរំសោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា ព្រះអង្គមិនកុហក ហេតុនោះ (លោកពោលថា) ព្រះអង្គមិនកុហក។

[១៩៩] អធិប្បាយពាក្យថា ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា ព្រះអង្គជាមេពួក គឺព្រះមានព្រះភាគជាមេពួក។ ព្រះមានព្រះភាគ ឈ្មោះថា មេពួក ព្រោះជាអាចារ្យរបស់ពួក។ ឈ្មោះថា មេពួក ព្រោះជាគ្រូរបស់ពួក។ ឈ្មោះថា មេពួក ព្រោះគ្រប់គ្រងពួក។ ឈ្មោះថា មេពួក ព្រោះទូន្មានពួក។ ឈ្មោះថា មេពួក ព្រោះប្រដែប្រដៅពួក។ ឈ្មោះថា មេពួក ព្រោះក្លៀវក្លាចូលទៅកាន់ពួក។ ឈ្មោះថា មេពួក ព្រោះពួកប្រាថ្នាដើម្បីស្តាប់ ផ្អៀងសោតៈ ដំកល់ចិត្តដើម្បីដឹង (ព្រះពុទ្ធដីកា) របស់ព្រះអង្គ។ ឈ្មោះថា មេពួក ព្រោះញុំាងពួកឲ្យចេញចាកអកុសល ហើយឲ្យតាំងនៅមាំក្នុងកុសល។ ឈ្មោះថា មេពួករបស់ពួកភិក្ខុ។ ឈ្មោះថា មេពួករបស់ពួកភិក្ខុនី។ ឈ្មោះថា មេពួករបស់ពួកឧបាសក។ ឈ្មោះថា មេពួករបស់ពួកឧបាសិកា។ ឈ្មោះថា មេពួករបស់ពួកព្រះរាជា។ ឈ្មោះថា មេពួករបស់ពួកក្សត្រិយ៍។ ឈ្មោះថា មេពួករបស់ពួកព្រាហ្មណ៍។ ឈ្មោះថា មេពួករបស់ពួកវេស្សៈ។ ឈ្មោះថា មេពួករបស់ពួកសុទ្ទៈ។ ឈ្មោះថា មេពួករបស់ពួកព្រហ្ម។ ឈ្មោះថា មេពួករបស់ពួកទេវតា។ ទ្រង់មានក្រុម មានពួក ជាអាចារ្យរបស់ពួក យាងមកហើយ ចូលមកជិតហើយ ចូលមកជិតព្រមហើយ ដល់ព្រមហើយនូវសង្កស្សនគរ ហេតុនោះ (លោកពោលថា) ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក។

[២០០] ពាក្យថា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ក្នុងទីនេះ ត្រង់ពាក្យថា ច្រើននាក់ គឺ ដើម្បីពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកវេស្សៈ ពួកសុទ្ទៈ ពួកគ្រហស្ថ ពួកបព្វជិត ពួកទេវតា ពួកមនុស្សច្រើននាក់។ ពាក្យថា ដើម្បីពួកជនអ្នកជាប់ គឺដើម្បីពួកជនអ្នកជាប់ អ្នកប្រព្រឹត្តជាប់ អ្នកបំរើ គឺដើម្បីពួកសិស្ស ហេតុនោះ (លោកពោលថា) ដើម្បីពួកជនអ្នកជាប់ដ៏ច្រើននាក់ក្នុងទីនេះ។

[២០១] ពាក្យថា ខ្ញុំមកនឹងសួរប្រស្នា គឺខ្ញុំជាបុគ្គលមកហើយ ដោយត្រូវការប្រស្នា ខ្ញុំជាបុគ្គលចង់សួរប្រស្នា ទើបមក ជាបុគ្គលចង់ស្តាប់ប្រស្នា ទើបមក ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ។ មួយទៀត កិរិយាមក កិរិយាឈានទៅមុខ កិរិយាឈានចូលទៅជិត កិរិយាអង្គុយជិត នៃពួកជនដែលមានសេចក្តីត្រូវការដោយប្រស្នា នៃពួកជនអ្នកសួរប្រស្នា នៃពួកជនអ្នកចង់ស្តាប់ប្រស្នា ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ។ មួយវិញទៀត ព្រះអង្គមានការមកដោយប្រស្នា ព្រះអង្គជាបុគ្គលអាចដើម្បីឲ្យខ្ញុំព្រះអង្គសួរ ដើម្បីសំដែង ដើម្បីឆ្លើយ នេះជាភារៈរបស់ព្រះអង្គអ្នកសំដែង ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក។

[២០២] ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុងរូងភ្នំទាំងឡាយ។

[២០៣] អធិប្បាយពាក្យថា ភិក្ខុខ្ពើមរអើម ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ហេតុនោះ (លោកពោលថា) ភិក្ខុ។ ពាក្យថា ខ្ពើមរអើម គឺខ្ពើមរអើមជាតិ ខ្ពើមរអើមជរា ព្យាធិ មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ សេចក្តីតូចចិត្ត សេចក្តីសង្រេងសង្រៃ ខ្ពើមរអើម ព្រួយចិត្ត អៀន ឆ្អើមទុក្ខដែលកើតក្នុងនរក ទុក្ខដែលកើតក្នុងកំណើតតិរច្ឆាន ទុក្ខដែលកើតក្នុងបិត្តិវិស័យ ទុក្ខដែលកើតក្នុងមនុស្ស ទុក្ខ មានកិរិយាចូលកាន់គភ៌ជាដើមចម ទុក្ខ មានកិរិយាឋិតនៅក្នុងគភ៌ជាដើមចម ទុក្ខ មានកិរិយាចេញចាកគភ៌ជាដើមចម ទុក្ខ ដែលចូលទៅចងក្រៀកនូវសត្វដែលកើតហើយ ទុក្ខ ដែលជាប់តអំពីអ្នកដទៃ នៃសត្វដែលកើតហើយ ទុក្ខដោយសេចក្តីព្យាយាមរបស់ខ្លួន ទុក្ខដោយសេចក្តីព្យាយាមរបស់គេ ទុក្ខដោយសេចក្តីលំបាក ទុក្ខដោយសង្ខារ ទុក្ខដោយការប្រែក្លាយ ទុក្ខដោយរោគភ្នែក ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគច្រមុះ ទុក្ខដោយរោគអណ្តាត ទុក្ខដោយរោគកាយ ទុក្ខដោយរោគក្បាល ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគមាត់ ទុក្ខដោយរោគធ្មេញ ក្អក ហឺត រោគច្រមុះ ក្តៅក្នុង គ្រាំគ្រា ឃ្លង់ ពក រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត ចុះរាករូស ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំខ្យល់ប្រមាត់ និងស្មេស្ល អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតដោយការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នា អាពាធកើតដោយការព្យាយាម (មានវាយ និងចងជាដើម) អាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ជុះ នោម ទុក្ខ គឺសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទុក្ខព្រោះមាតាស្លាប់ ទុក្ខព្រោះបិតាស្លាប់ ទុក្ខព្រោះបងប្អូនប្រុសស្លាប់ ទុក្ខព្រោះបងប្អូនស្រីស្លាប់ ទុក្ខព្រោះកូនប្រុសស្លាប់ ទុក្ខព្រោះកូនស្រីស្លាប់ ទុក្ខព្រោះវិនាសញាតិ ព្រោះវិនាសភោគៈ ព្រោះវិនាសគឺរោគ ព្រោះវិនាសសីល ព្រោះវិនាសទិដ្ឋិ ហេតុនោះ (លោកពោលថា) ភិក្ខុខ្ពើមរអើម។

[២០៤] ពាក្យថា តែងគប់អាសនៈទទេ សេចក្តីថា គេអង្គុយលើទីណា ទីនោះ លោកហៅថា អាសនៈ គឺ គ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹកឈើខ្ចី កម្រាលស្លឹកឈើទុំ។ អាសនៈនោះទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឃើញរូបមិនជាទីសប្បាយ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឮសំឡេងមិនជាទីសប្បាយ។បេ។ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាមគុណ ៥ មិនជាទីសប្បាយ។ គប់ គប់ព្រម សេព សេពដោយអស់ជើង សេពព្រម សេពស៊ប់នូវអាសនៈនោះ ហេតុនោះ (លោកពោលថា) គប់អាសនៈទទេ។

[២០៥] ពាក្យថា គល់ឈើ ឬព្រៃស្មសាន សេចក្តីថា គល់ឈើហ្នឹងឯង ឈ្មោះថា គល់ឈើ ព្រៃស្មសានហ្នឹងឯង ឈ្មោះថាព្រៃស្មសាន ហេតុនោះ (លោកពោលថា) គល់ឈើ ឬព្រៃស្មសាន។

[២០៦] ពាក្យថា ឬក្នុងរូងភ្នំទាំងឡាយ សេចក្តីថា ភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា ភ្នំ ច្រកទាំងឡាយហ្នឹងឯង ឈ្មោះថា ច្រកភ្នំ រូងភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា រូងភ្នំ ផ្ទៃភ្នំរបស់ភ្នំទាំងឡាយ ឈ្មោះថា ចន្លោះភ្នំទាំងឡាយ ហេតុនោះ (លោកពោលថា) ឬក្នុងរូងភ្នំទាំងឡាយ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុងរូងភ្នំទាំងឡាយ។

[២០៧]

ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈ ខ្ពស់ និងទាបនោះ ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង។

[២០៨] ពាក្យថា ខ្ពស់ និងទាប ក្នុងបទថា ក្នុងសយនៈខ្ពស់ និងទាប គឺខ្ពស់ និងទាប ថោក និងថ្លៃ ល្អ និងអាក្រក់។ ពាក្យថា ក្នុងសយនៈ សេចក្តីថា សេនាសនៈ លោកហៅថា សយនៈ គឺវិហារ បង្ហា ប្រាសាទ ផ្ទះមានដំបូលរលីង រូងភ្នំ ហេតុនោះ (លោកពោលថា) ក្នុងសយនៈខ្ពស់ និងទាប។

[២០៩] ពាក្យថា ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈនោះ ត្រង់ពាក្យថា ស្រែក គឺស្រែកសន្ធាប់ បន្លឺ ធ្វើសំឡេង។ មួយទៀត មានប៉ុន្មាន ប៉ុន្មាន មានប្រមាណប៉ុន្មាន មានកំណត់ប៉ុន្មាន ច្រើនប៉ុន្មាន។

ពាក្យថា ពួកសត្វគួរខ្លាច គឺពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬពួកមាណពមានការងារធ្វើហើយក្តី មានការងារមិនទាន់ធ្វើហើយក្តី ហេតុនោះ (លោកពោលថា) ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈនោះ។

[២១០] ពាក្យថា ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ត្រង់ពាក្យថា ដែលភិក្ខុ បានសេចក្តីថា ភិក្ខុមិនគប្បីរន្ធត់ មិនគប្បីញាប់ញ័រ មិនគប្បីញាប់ញ័រព្រម មិនគប្បីតក់ស្លុត មិនគប្បីស្លន់ស្លោ មិនគប្បីឡឺនឡង់ មិនគប្បីខ្លាច មិនគប្បីដល់នូវការស្ញប់ស្ញែង គប្បីជាបុគ្គលមិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ លះបង់សេចក្តីខ្លាច និងសេចក្តីចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចនៃរោម ព្រោះពួកសត្វគួរខ្លាច គឺព្រោះឃើញ ឬព្រោះឮ នូវពួកសត្វគួរខ្លាច ហេតុនោះ (លោកពោលថា) ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់។

[២១១] ពាក្យថា ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង គឺក្នុងសេនាសនៈមិនមានសំឡេង មិនមានសំឡេងគឹកកង ប្រាសចាកខ្យល់កាយរបស់ជន គួរដល់សេចក្តីស្ងាត់របស់មនុស្ស គួរដល់សេចក្តីសម្ងំ ហេតុនោះ (លោកពោលថា) ក្នុងសយនាសនៈមិនមានសំឡេងគឹកកង។ ហេតុនោះ ព្រះសារីបុត្តត្ថេរ ពោលថា

ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈខ្ពស់ និងទាបនោះ ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ក្នុងសយនាសនៈមិនមានសំឡេងគឹកកង។

[២១២]

ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈ (អន្តរាយ) ណា ក្នុងសយនាសនៈ ទីបំផុតបរិស្សយៈ (ទាំងនោះ) ក្នុងលោក របស់ភិក្ខុទៅកាន់ទិសដែលមិនដែលទៅ តើមានប៉ុន្មាន។

[២១៣] អធិប្បាយពាក្យថា បរិស្សយៈទាំងឡាយ ក្នុងលោក តើមានប៉ុន្មាន ត្រង់ពាក្យថា តើមានប៉ុន្មាន គឺមានប៉ុន្មាន មានប្រមាណប៉ុន្មាន មានកំណត់ប៉ុន្មាន ច្រើនប៉ុន្មាន។ ពាក្យថា បរិស្សយៈទាំងឡាយ គឺបរិស្សយៈ មាន ២ គឺ បាកដបរិស្សយៈ (អន្តរាយប្រាកដ) ១ បដិច្ឆន្នបរិស្សយៈ (អន្តរាយកំបាំង) ១។

ពួកបាកដបរិស្សយៈ តើដូចម្តេច។ ពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬមាណពមានការងារធ្វើហើយក្តី មានការងារមិនទាន់ធ្វើហើយក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគ ក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត រោគច្រមុះ រោគក្តៅក្នុង រោគគ្រាំគ្រា រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត រាករូស ឃ្លង់ ពក ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួកអាពាធកើតអំពីប្រមាត់ ពួកអាពាធកើតអំពីស្លេស្ម ពួកអាពាធកើតអំពីខ្យល់ ពួកអាពាធកើតដោយការប្រជុំ (ខ្យល់ ប្រមាត់ និងស្លេស្ម) ពួកអាពាធកើតអំពីការប្រែប្រួលរដូវ ពួកអាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើ ពួកអាពាធកើតដោយការព្យាយាមរបស់អ្នកដទៃ ពួកអាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅថា ពួកបាកដបរិស្សយៈ ដូច្នេះខ្លះ។

ពួកបដិច្ឆន្នបរិស្សយៈ តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ទាំងនេះ លោកហៅថា ពួកបដិច្ឆន្នបរិស្សយៈ។

សំនួរត្រង់ពាក្យថា បរិស្សយៈ ចុះបរិស្សយៈ តើដោយសេចក្តីដូចម្តេច។ បរិស្សយៈ ព្រោះហេតុគ្របសង្កត់។ បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ។ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ។

បរិស្សយៈ ព្រោះហេតុគ្របសង្កត់ តើដូចម្តេច។ បរិស្សយៈទាំងនោះ រមែងសង្កត់ គ្របសង្កត់ បង្រ្គប រួបរឹត ក្តោប ញំាញីបុគ្គលនោះ។ បរិស្សយៈ ព្រោះហេតុគ្របសង្កត់ យ៉ាងនេះ។

បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ តើដូចម្តេច។ បរិស្សយៈទាំងនោះ រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងឡាយ។ ពួកកុសលធម៌ តើដូចម្តេច។ (ពួកបរិស្សយៈ) រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងនេះ គឺសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា កិរិយាធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ កិរិយាគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ កិរិយាដឹងប្រមាណក្នុងភោជន កិរិយាប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក កិរិយាប្រកបរឿយៗ ក្នុងភាវនានូវសតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ កិរិយាប្រកបរឿយ ៗ ក្នុងភាវនានូវសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨។ បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ យ៉ាងនេះ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច។ ពួកអកុសលធម៌ដ៏អាក្រក់នេះ អាស្រ័យព្រម នូវអត្តភាព កើតក្នុងអត្តភាពនោះ។ ពួកសត្វអាស្រ័យរូង ដេកក្នុងរូង ពួកសត្វអាស្រ័យទឹក ដេកក្នុងទឹក ពួកសត្វអាស្រ័យព្រៃ ដេកក្នុងព្រៃ ពួកសត្វអាស្រ័យដើមឈើ ដេកលើដើមឈើ យ៉ាងណាមិញ ពួកអកុសលធម៌ដ៏អាក្រក់នេះ អាស្រ័យព្រមនូវអត្តភាព កើតក្នុងអត្តភាពនោះ យ៉ាងនោះដែរ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះយ៉ាងនេះ ដូច្នេះខ្លះ។

សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដ៏អាក្រក់ ជាតម្រិះដោយអំណាច កិរិយាអន្ទោលទៅ (ក្នុងអារម្មណ៍ផ្សេង ៗ) ជាគ្រឿងទំនុកបំរុងរបស់សំយោជនៈ កើតដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ពួកអកុសលធម៌ដ៏អាក្រក់នោះ នៅជាប់ដិតដាមខាងក្នុងនៃភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងសិស្ស ពួកអកុសលធម៌ដ៏អាក្រក់នោះ ត្រួតត្រានូវភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត ពួកអកុសលធម៌ដ៏អាក្រក់ ជាតម្រិះកើតដោយអំណាចកិរិយាអន្ទោលទៅ ជាគ្រឿងទំនុកបំរុងនៃសំយោជនៈ កើតដល់ភិក្ខុ ព្រោះឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់រសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ពួកអកុសលធម៌ដ៏អាក្រក់នោះ រមែងជាប់ដិតដាមខាងក្នុងភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងសិស្ស ពួកអកុសលធម៌ដ៏អាក្រក់នោះ ត្រួតត្រាភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ ជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។

មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកអ្នកសំឡាប់ខាងក្នុង ពួកបច្ចាមិត្រខាងក្នុងនេះមាន ៣ ចុះមាន ៣ គឺអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកបច្ចាមិត្រខាងក្នុង មាន ៣ យ៉ាងនេះឯង។ លោភៈ ឲ្យកើតវិនាស លោភៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនល្មោភ រមែងមិនស្គាល់ផល ជនល្មោភ រមែងមិនឃើញហេតុ ងងឹតឈឹងតែងមានក្នុងកាលដែលលោភៈគ្របសង្កត់នរៈ ទោសៈឲ្យកើតវិនាស ទោសៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនខឹង រមែងមិនស្គាល់ផល ជនខឹង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលកោធៈគ្របសង្កត់នរៈ មោហៈឲ្យកើតវិនាស មោហៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនវង្វេង រមែងមិនស្គាល់ផល ជនវង្វេង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលមោហៈគ្របសង្កត់នរៈ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។

មួយវិញទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា បពិត្រមហារាជ ពួកធម៌ ៣ កាលដែលកើតខាងក្នុងនៃបុរស ក៏កើតដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល ពួកធម៌ ៣ គឺអ្វីខ្លះ បពិត្រមហារាជ លោភៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើងដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ ទោសៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ មោហៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាន នៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ ពួកធម៌ ៣ នេះឯង កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល។

លោភៈ ទោសៈ និងមោហៈ កកើតអំពីចិត្ត តែងបៀតបៀនបុរស ដែលមានចិត្តអាក្រក់ ដូចដើមឫស្សីស្លាប់ដោយសារផ្លែរបស់ខ្លួន។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា

រាគៈ និងទោសៈ មានអត្តភាពនេះជាដើមទង សេចក្តីអផ្សុក សេចក្តីត្រេកអរ និងសេចក្តីព្រឺព្រួចរោម កើតអំពីអត្តភាពនេះ សេចក្តីជញ្ជឹងក្នុងចិត្តទាំងឡាយ តាំងឡើងអំពីអត្តភាពនេះ ហើយលែង (នូវចិត្ត) ដូចពួកក្មេងតូចលែងក្អែក។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (លោកពោលថា) បរិស្សយៈទាំងឡាយ ក្នុងលោក មានប៉ុន្មាន។

[២១៤] ពាក្យថា ទៅកាន់ទិសដែលមិនដែលទៅ សេចក្តីថា អមតនិព្វាន លោកហៅថា ទិសដែលមិនដែលទៅ បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការរសាយ ការរលត់ ព្រះនិព្វាន។ ទិសដែលមិនដែលទៅ មិនធ្លាប់ទៅ ដោយកាលដ៏អង្វែងនេះ។ បុគ្គលថ្នមនូវភាជន៍ប្រេង ដែលពេញស្មើមិនហៀរហូរ យ៉ាងណា បុគ្គលកាលប្រាថ្នានូវទិសដែលមិនធ្លាប់ទៅ ត្រូវឃុំគ្រងចិត្តរបស់ខ្លួន យ៉ាងនោះ។ កាលដល់ កាលទៅ កាលឈានទៅ កាន់ទិសដែលមិនធ្លាប់ទៅ ហេតុនោះ (លោកពោលថា) ទៅកាន់ទិសដែលមិនដែលទៅ។

[២១៥] ពាក្យថា ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា គឺគប្បីគ្របសង្កត់ គប្បីគ្រប គប្បីសង្រ្គប គប្បីបង្រ្គប គប្បីញំាញីនូវពួកបរិស្សយៈណា ហេតុនោះ (លោកពោលថា) ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា។

[២១៦] ពាក្យថា ក្នុងសយនាសនៈទីបំផុត គឺក្នុងសេនាសនៈទីបំផុត ខាងចុង ខាងចុងបង្អស់ គឺទីបំផុតភ្នំក្តី ទីបំផុតព្រៃក្តី ទីបំផុតទឹកក្តី ទីបំផុតទន្លេក្តី បានដល់ទីដែលគេមិនភ្ជួរ មិនសាបព្រោះ មិនមែនជាឧបចារៈរបស់ពួកមនុស្ស កន្លងនូវទីបំផុតនៃជន ហេតុនោះ (លោកពោលថា) ក្នុងសយនាសនៈទីបំផុត។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា ក្នុងសយនាសនៈទីបំផុត បរិស្សយៈទាំងនោះក្នុងលោក របស់ភិក្ខុទៅកាន់ទិសដែលមិនដែលទៅ តើមានប៉ុន្មាន។

[២១៧]

ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដីដូចម្តេច ភិក្ខុនោះ ត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ ត្រូវមានសីល និងវត្តដូចម្តេច។

[២១៨] ពាក្យថា ត្រូវមានសំដីដូចម្តេច គឺព្រះសារីបុត្តត្ថេរសួរនូវវចីបារិសុទ្ធិថា ភិក្ខុគប្បីប្រកបដោយសំដីប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច។

វចីបារិសុទ្ធិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ លះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលបំភាន់សត្វលោក លះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា គឺឮអំពីពួកជននេះ មិនប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ ឬឮអំពីពួកជនឯណោះ មិនប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកបង្រួបបង្រួមពួកជនដែលបែកគ្នាហើយ ឬជាអ្នកឲ្យកំឡាំងដល់ពួកជនដែលស្រុះស្រួលគ្នាហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា ដោយប្រការដូច្នេះ លះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា វាចាណា ដែលជាសំដីឥតមានទោស ស្រួសដល់ត្រចៀក គួរឲ្យស្រឡាញ់ ពេញហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាទីត្រេកអរដល់ជនច្រើននាក់ ពេញចិត្តដល់ជនច្រើននាក់ តែងពោលតែវាចាបែបនោះឯង លះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាកសម្ផប្បលាបៈ ពោលក្នុងកាលគួរ ពោលពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ពោលពាក្យជាទីតំកល់ទុកក្នុងហឫទ័យតាមកាល ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ប្រកបដោយវចីសុចរិត ៤ ពោលវាចាប្រាសចាកទោស ៤ គប្បីជាអ្នកតម វៀរ វៀរស្រឡះ ចេញ ខ្ទាត ឃ្លាត ប្រាសចេញ ចាកតិរច្ឆានកថា ៣២ នៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ពោលកថាវត្ថុ ១០ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា សតិប្បដ្ឋានកថា សម្មប្បធានកថា ឥទ្ធិបាទកថា ឥន្រ្ទិយកថា ពលកថា ពោជ្ឈង្គកថា មគ្គកថា ផលកថា និព្វានកថា ជាអ្នកប្រុងប្រយ័ត្ន រវាំង គ្រប់គ្រង ឃុំគ្រង រក្សា សង្រួមដោយវាចា នេះ វចីបារិសុទ្ធិ។ គប្បីជាអ្នកប្រកបដោយវចីបារិសុទ្ធិ ប្រាកដដូច្នេះ ហេតុនោះ (លោកពោលថា) ត្រូវមានសំដីដូចម្តេច។

[២១៩] ពាក្យថា ភិក្ខុនោះត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ គឺព្រះសារីបុត្តត្ថេរ សួរគោចរថា (ភិក្ខុនោះ) គប្បីជាអ្នកប្រកបដោយគោចរប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច។ អគោចរក៏មាន គោចរក៏មាន។

អគោចរ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីពេស្យា ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីមេម៉ាយ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីក្រមុំចាស់ ជាអ្នកត្រាច់ទៅកាន់សំណាក់មនុស្សខ្ទើយ ជាអ្នកត្រាច់ទៅកាន់សំណាក់ភិក្ខុនី ជាអ្នកត្រាច់ទៅកាន់រោងស្រា នៅច្របូកច្របល់នឹងពួកព្រះរាជា ពួកមហាមាត្យរបស់ព្រះរាជា និងពួកតិរ្ថិយ និងពួកសាវ័កនៃតិរ្ថិយ និងការច្របូកច្របល់ដោយគ្រហស្ថមិនត្រូវទំនង សេពគប់ ចូលទៅអង្គុយជិតពួកត្រកូលមិនមានជំនឿ មិនជ្រះថ្លា មិនមែនជាអណ្តូង ជាអ្នកជេរជំលាប ប្រាថ្នាការមិនចំរើន ប្រាថ្នាការមិនជាប្រយោជន៍ ប្រាថ្នាការមិនស្រួល ប្រាថ្នាការមិនក្សេមចាកយោគៈ ដើម្បីពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះហៅថា អគោចរ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ មិនសង្រួម ដើរទៅក្រឡេកមើលដំរី មើលសេះ មើលរថ មើលពលថ្មើរជើង មើលពួកស្រ្តី មើលពួកប្រុស មើលពួកក្មេងប្រុស មើលពួកក្មេងស្រី មើលចន្លោះផ្សារ មើលទ្វារផ្ទះ មើលលើ មើលក្រោម មៀងមើលទិស និងទិស ឆៀងដើរទៅ នេះក៏ហៅថា អគោចរដែរ។ មួយទៀត ភិក្ខុឃើញរូបដោយចក្ខុ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យព្ជានៈ ពួកអកុសលធម៌ដ៏អាក្រក់ គឺអភិជ្ឈា និងទោមនស្ស គប្បីដិតដាម ជាប់តាមភិក្ខុនេះ ព្រោះហេតុនៃការមិនសង្រួមចក្ខុន្រ្ទិយណា។បេ។ មិនសង្រួមមនិន្រ្ទិយ មិនប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ មិនរក្សាមនិន្ទ្រិយ មិនដល់នូវការសង្រួមក្នុងមនិន្ទ្រិយ នេះក៏ហៅថា អគោចរដែរ។ ពុំនោះសោត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន ដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺ រាំ ច្រៀង ប្រគំ មហោស្រព និយាយរឿង គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុនដំបង ប្រដាល់ ចំបាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល លំនៅកងទ័ព ទីសម្រាប់មើលសេនាប្រកបដោយអង្គ ៤ ជាអ្នកប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ ដូច្នេះ ៗ ខ្លះ នេះក៏ហៅថា អគោចរដែរ។ សូម្បីតែកាមគុណទាំង ៥ ក៏ឈ្មោះថា អគោចរ។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រព្រឹត្តក្នុងអគោចរដែលជាវិស័យនៃសត្រូវ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្តក្នុងអគោចរ ដែលជាវិស័យនៃសត្រូវ មារនឹងបានចន្លោះ មារនឹងបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ អគោចរ របស់ភិក្ខុដែលជាវិស័យនៃសត្រូវ គឺអ្វី គឺកាមគុណទាំង ៥ កាមគុណទាំង ៥ តើដូចម្តេចខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល សំឡេងទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយត្រចៀក ក្លិនទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយច្រមុះ រសទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អគោចររបស់ភិក្ខុ ដែលជាវិស័យនៃសត្រូវ។ នេះក៏លោកហៅថា អគោចរដែរ។

គោចរ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនត្រាច់ទៅកាន់សំណាក់ស្រ្តីពេស្យា មិនត្រាច់ទៅកាន់សំណាក់ស្រ្តីមេម៉ាយ មិនត្រាច់ទៅកាន់សំណាក់ស្រ្តីក្រមុំចាស់ មិនត្រាច់ទៅកាន់សំណាក់មនុស្សខ្ទើយ មិនត្រាច់ទៅកាន់សំណាក់ភិក្ខុនី មិនត្រាច់ទៅកាន់រោងស្រា មិននៅច្របូកច្របល់នឹងពួកព្រះរាជា និងពួកមហាមាត្យរបស់ព្រះរាជា និងពួកតិរ្ថិយ និងពួកសាវ័កតិរ្ថិយ និងការច្របូកច្របល់ដោយគ្រហស្ថ មិនត្រូវទំនង សេពគប់ ចូលទៅអង្គុយជិតនឹងពួកត្រកូលដែលមានជំនឿជ្រះថ្លា ជាអណ្តូង ចិញ្ចែងចិញ្ចាចដោយកាសាវពស្រ្ត សាយភាយដោយខ្យល់ឥសី ប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីស្រួល ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដើម្បីពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះហៅថា គោចរ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ សង្រួមដើរទៅ មិនក្រឡេកមើលដំរី មិនមើលសេះ មិនមើលរថ មិនមើលពលថ្មើរជើង។បេ។ មិនមៀងមើលទិស និងទិស ឆៀងដើរទៅ នេះក៏ហៅថា គោចរដែរ។ មួយវិញទៀត ភិក្ខុឃើញរូបដោយចក្ខុ ជាអ្នកមិនកាន់យកនូវនិមិត្ត។បេ។ ដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ នេះហៅថា គោចរដែរ។ ពុំនោះសោត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ មិនប្រកបរឿយៗ នូវការមើលល្បែងដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺល្បែង រាំ ច្រៀង ប្រគំ។បេ។ ទីសម្រាប់មើលសេនាប្រកបដោយអង្គ ៤ ជាអ្នកវៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវការមើលល្បែងដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះឯង នេះក៏ហៅថា គោចរដែរ។ សូម្បីសតិប្បដ្ឋានទាំង ៤ ក៏ឈ្មោះថា គោចរដែរ។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រព្រឹត្តក្នុងគោចរ ដែលជាវិស័យរបស់បិតាខ្លួន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្តក្នុងគោចរ ដែលជាវិស័យរបស់បិតាខ្លួន មារនឹងមិនបានចន្លោះ មារនឹងមិនបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ គោចរ ដែលជាវិស័យរបស់បិតាខ្លួន គឺអ្វី គឺសតិប្បដ្ឋាន ៤ ចុះសតិប្បដ្ឋាន ៤ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក (ជាអ្នកឃើញរឿយ ៗ នូវវេទនា) ក្នុងវេទនាទាំងឡាយ (ជាអ្នកឃើញរឿយ ៗ នូវចិត្ត) ក្នុងចិត្ត ជាអ្នកឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា គោចរ ដែលជាវិស័យរបស់បិតាខ្លួន។ នេះក៏លោកហៅថា គោចរដែរ។ ភិក្ខុគប្បីជាអ្នកប្រកបដោយគោចរប្រាកដដូច្នេះ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានគោចរដូចម្តេច ក្នុងសាសនានេះ។

[២២០] ពាក្យថា ត្រូវមានសីល និងវត្តដូចម្តេច គឺព្រះសារីបុត្តត្ថេរ សួរសីលព្វតបារិសុទ្ធិថា គប្បីជាអ្នកប្រកបដោយសីល និងវត្ត ប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច។

សីលព្វតបារិសុទ្ធិ តើដូចម្តេច។ សីលផង វត្តផង ក៏មាន វត្ត មិនមែនសីល ក៏មាន។

សីលផង វត្តផង តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សេចក្តីរវាំង សេចក្តីសង្រួម សេចក្តីមិនប្រព្រឹត្តិល្មើសណា ក្នុងសិក្ខាបទទាំងនោះ នេះ សីល។ ការសមាទានណា ការសមាទាននោះជាវត្ត។ ឈ្មោះថា សីល ដោយសេចក្តីថា សង្រួម ឈ្មោះថាវត្ត ដោយសេចក្តីថា សមាទាន។ នេះលោកហៅថា សីលផង វត្តផង។

វត្ត មិនមែនសីល តើដូចម្តេច។ ធុតង្គ ៨ គឺ អរញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោកហៅថា វត្ត មិនមែនសីល។ វីរិយសមាទាន ក៏លោកហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គង តំកល់ចិត្តថា ស្បែក សរសៃ និងឆ្អឹង ចូរសល់នៅតាមប្រាថ្នាចុះ សាច់ និងឈាម ចូររីងស្ងួតក្នុងសរីរៈចុះ គុណជាតណា ដែលគេគប្បីសម្រេចដោយកំឡាំងកាយនៃបុរស ដោយកំឡាំងប្រាជ្ញានៃបុរស ដោយការព្យាយាមនៃបុរស ដោយសេចក្តីប្រឹងប្រែងនៃបុរស ការមិនទាន់សម្រេចនូវគុណជាតនោះទេ នឹងមិនឈប់ព្យាយាមឡើយ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គងតំកល់ចិត្តថា

អាត្មាអញ នឹងមិនបរិភោគ នឹងមិនផឹក នឹងមិនចេញអំពីវត្ត នឹងមិនទម្រេត បើព្រួញគឺតណ្ហា អាត្មាអញដកមិនទាន់រួចទេ

វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។

ភិក្ខុផ្គង តាំងចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់មាំដរាបណា អាត្មាអញនឹងមិនទំលាយភ្នែនចេញដរាបនោះ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គង តំកល់ចិត្តថា ចិត្តរបស់អាត្មាអញ បើមិនទាន់រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនក្រោកចាកអាសនៈនេះ មិនចុះអំពីទីចង្រ្កម មិនចេញអំពីវត្ត មិនចេញអំពីអឌ្ឍយោគ មិនចេញអំពីប្រាសាទ មិនចេញអំពីប្រាសាទត្រងិល មិនចេញអំពីគុហា មិនចេញអំពីទីពួន មិនចេញអំពីកុដិ មិនចេញអំពីផ្ទះកំពូល មិនចេញអំពីប៉ម មិនចេញអំពីរោង មិនចេញអំពីទីអាស្រ័យ មិនចេញអំពីរោងឆាន់ មិនចេញអំពីមណ្ឌប មិនចេញអំពីគល់ឈើ ដរាបនោះ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គង តំកល់ចិត្តថា ក្នុងបុព្វណ្ហសម័យនេះឯង អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ឲ្យទាល់តែបាន វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គងតំកល់ចិត្តថា ក្នុងវេលាថ្ងៃត្រង់នេះឯង ក្នុងវេលាថ្ងៃរសៀល ក្នុងវេលាមុនបាយ ក្នុងវេលាក្រោយបាយ ក្នុងយាមដើមដំបូង ក្នុងយាមកណ្តាល ក្នុងយាមខាងក្រោយ ក្នុងកាលខាងរនោច ក្នុងកាលខាងខ្នើត ក្នុងរដូវភ្លៀង ក្នុងរដូវត្រជាក់ ក្នុងរដូវក្តៅ ក្នុងវយោខន្ធដំបូង ក្នុងវយោខន្ធកណ្តាលនេះ ក្នុងវយោខន្ធខាងក្រោយ អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់នូវអរិយធម៌ឲ្យទាល់តែបាន វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល។ នេះ សីលព្វតបារិសុទ្ធិ។ ភិក្ខុគប្បីជាអ្នកប្រកបដោយសីលព្វតបារិសុទ្ធិ ប្រាកដដូច្នេះ ហេតុនោះ (លោកសួរថា) ត្រូវមានសីល និងវត្ត ដូចម្តេច។

[២២១] អធិប្បាយពាក្យថា ភិក្ខុមានចិត្តបញ្ជូនទៅ ត្រង់ពាក្យថា មានចិត្តបញ្ជូនទៅ គឺមានសេចក្តីព្យាយាមតឹងតែង មានកំឡាំងចិត្ត មានសេចក្តីប្រឹងប្រែងដ៏មុតមាំ មានឆន្ទៈមិនដាក់ចុះ មានធុរៈមិនដាក់ចុះ ក្នុងកុសលធម៌ទាំងឡាយ។ មួយទៀត មានចិត្តបញ្ជូនទៅ បានដល់ខ្លួននៃបុគ្គលដែលបញ្ជូនចិត្តទៅក្នុងប្រយោជន៍ខ្លួនផង ក្នុងធម៌1) គួរដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងហេតុគួរ ឬមិនគួរផង។ មានចិត្តបញ្ជូនទៅថា សង្ខារទាំងពួងមិនទៀង។ មានចិត្តបញ្ជូនទៅថា សង្ខារទាំងពួងជាទុក្ខ។ មានចិត្តបញ្ជូនទៅថា ធម៌ទាំងពួង មិនមែនខ្លួន។ មានចិត្តបញ្ជូនទៅថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ មានចិត្តបញ្ជូនទៅថា ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ មានចិត្តបញ្ជូនទៅថា ការរលត់សង្ខារ ព្រោះរលត់អវិជ្ជា។បេ។ មានចិត្តបញ្ជូនទៅថា ការរលត់ជរា មរណៈ ព្រោះរលត់ជាតិ។ មានចិត្តបញ្ជូនទៅថា នេះ ទុក្ខ។បេ។ មានចិត្តបញ្ជូនទៅថា នេះ បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ មានចិត្តបញ្ជូនទៅថា នេះ អាសវៈ។បេ។ មានចិត្តបញ្ជូនទៅថា នេះ បដិបទា ជាដំណើរទៅកាន់ទីរលត់អាសវៈ។ មានចិត្តបញ្ជូនទៅថា ធម៌ទាំងឡាយនេះ គួរដឹងច្បាស់។បេ។ មានចិត្តបញ្ជូនទៅថា ធម៌នេះ គួរធ្វើឲ្យជាក់ច្បាស់។ មានចិត្តស្លុងទៅកាន់ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញនៃផស្សាយតនៈ ៦។ មានចិត្តស្លុងទៅកាន់ការកើត ការវិនាស អានិសង្ស ទោស និងការរលាស់ចេញនៃឧបាទានក្ខន្ធទាំង ៥ ផង នៃមហាភូតរូបទាំង ៤ ផង។ មានចិត្តបញ្ជូនទៅថា របស់ណា មានការកើតជាធម្មតា របស់ទាំងអស់នោះ មានការរលត់ជាធម្មតា។ ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ហេតុនោះ (លោកសួរថា) ភិក្ខុមានចិត្តបញ្ជូនទៅ។ ហេតុនោះ ព្រះសារីបុត្ត ពោលថា

ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដីដូចម្តេច ភិក្ខុនោះ ត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ ត្រូវមានសីល និងវត្តដូចម្តេច។

[២២២]

ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈ ដេញមន្ទិលប្រាក់។

[២២៣] ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺភិក្ខុនោះ កាន់ សមាទាន កាន់យក កួចកាន់ បបោសអង្អែល ប្រកាន់ស្អិត នូវសិក្ខាដូចម្តេច ហេតុនោះ (លោកសួរថា) ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច។ ពាក្យថា មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី ត្រង់ពាក្យថា មានចិត្តខ្ពស់ឯក គឺមានចិត្ត មានអារម្មណ៍តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរសេមរសាម ហេតុនោះ (លោកសួរថា) មានចិត្តខ្ពស់ឯក។ ពាក្យថា មានប្រាជ្ញា គឺមានប្រាជ្ញាចាស់ ជាបណ្ឌិតមានប្រាជ្ញា មានការដឹង មានញាណ មានការភ្លឺច្បាស់ មានប្រាជ្ញាកំចាត់បង់កិលេស។ ពាក្យថា មានស្មារតី គឺមានស្មារតី ដោយហេតុ ៤ គឺមានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវកាយក្នុងកាយ មានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ មានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវចិត្តក្នុងចិត្ត មានស្មារតីចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវធម៌ក្នុងធម៌ទាំងឡាយ។ ភិក្ខុនោះ ហៅថា អ្នកមានស្មារតី។ ត្រង់ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺលោកសួរអធិសីលសិក្ខា។ ត្រង់ពាក្យថា មានចិត្តខ្ពស់ឯក គឺលោកសួរអធិចិត្តសិក្ខា។ ត្រង់ពាក្យថា មានប្រាជ្ញា គឺលោកសួរអធិប្បញ្ញាសិក្ខា។ ត្រង់ពាក្យថា មានស្មារតី គឺលោកសួរសតិបារិសុទ្ធិ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី សមាទានសិក្ខា ដូចម្តេច។

[២២៤] ពាក្យថា ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដែលដេញមន្ទិលប្រាក់ អធិប្បាយថា ជាងមាស លោកហៅថា ជាងលោហៈ។ ជាតរូប លោកហៅថា ប្រាក់។ ជាងមាស កំចាត់ ដុសខាត់ ដេញមន្ទិលប្រាក់ដ៏គ្រោតគ្រាតផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនកណ្តាលផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនល្អិតផង។ មានឧបមាយ៉ាងណា ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសគ្រោតគ្រាតរបស់ខ្លួនផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសជាកណ្តាលផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសដ៏ល្អិតផង ក៏មានឧបមេយ្យយ៉ាងនោះឯង។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមន្ទិលគឺរាគៈ មន្ទិលគឺទោសៈ មន្ទិលគឺមោហៈ មន្ទិលគឺមានះ មន្ទិលគឺទិដ្ឋិ មន្ទិលគឺកិលេស មន្ទិលគឺទុច្ចរិតរបស់ខ្លួន ជាកិលេសជាតធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ជាគ្រឿងធ្វើឲ្យរលត់បញ្ញា ជាកិលេសជាតប្រព្រឹត្តទៅក្នុងពួកធម៌ ធ្វើឲ្យចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តទៅក្នុងទីមិនមែនជាព្រះនិព្វាន។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាទិដ្ឋិ ដោយសម្មាទិដ្ឋិ កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាសង្កប្បៈ ដោយសម្មាសង្កប្បៈ នូវមិច្ឆាវាចា ដោយសម្មាវាចា នូវមិច្ឆាកម្មន្តៈ ដោយសម្មាកម្មន្តៈ នូវមិច្ឆាអាជីវៈ ដោយសម្មាអាជីវៈ នូវមិច្ឆាវាយាមៈ ដោយសម្មាវាយាមៈ នូវមិច្ឆាសតិ ដោយសម្មាសតិ នូវមិច្ឆាសមាធិ ដោយសម្មាសមាធិ នូវមិច្ឆាញាណ ដោយសម្មាញាណ នូវមិច្ឆាវិមុត្តិ ដោយសម្មាវិមុត្តិ។ មួយវិញទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីក្រហល់ក្រហាយទាំងអស់ អភិសង្ខារ ជាអកុសលទាំងអស់ ដោយអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (លោកសួរថា) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់។

[២២៥] (ព្រះមានព្រះភាគត្រាស់តបថា

ម្នាលសារីបុត្ត) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម សេពទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង។

[២២៦] អធិប្បាយពាក្យថា ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម ត្រង់ពាក្យថា កាលខ្ពើមរអើម គឺខ្ពើមរអើមព្រោះជាតិ ព្រោះជរា ព្រោះព្យាធិ ព្រោះមរណៈ ព្រោះសោក ព្រោះសេចក្តីខ្សឹកខ្សួល ព្រោះទុក្ខ ព្រោះតូចចិត្ត ព្រោះសេចក្តីតានតឹង។បេ។ ខ្ពើមរអើម ជិនឆ្អន់ នឿយណាយ ព្រោះទុក្ខគឺវិនាសទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលខ្ពើមរអើម ពាក្យថា ការសប្បាយណា សេចក្តីថា ការសប្បាយ ការនៅសប្បាយណា តថាគតនឹងសំដែងការនៅសប្បាយនោះ។ ការនៅសប្បាយ តើដូចម្តេច។ ការប្រតិបត្តិដោយប្រពៃ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនជាសត្រូវ ការប្រតិបត្តិតាមលំដាប់ប្រយោជន៍ ការប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ភាពជាអ្នកបំពេញក្នុងសីល ភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវការភ្ញាក់រឭក សតិសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ និព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន នេះឈ្មោះថា ការនៅសប្បាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម។

[២២៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត គឺទ្រង់ហៅព្រះថេរនោះតាមនាម។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យនិយាយដោយគោរព។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលនូវរាគៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលទោសៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលមោហៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលមានះ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលទិដ្ឋិ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលកិលេសដូចបន្លា។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលកិលេស។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចែករលែក បំបែក នូវធម្មរតនៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះអង្គធ្វើនូវទីបំផុតនៃភព។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះអង្គមានកាយអប់រំហើយ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះអង្គមានសីលអប់រំហើយ ព្រោះព្រះអង្គមានព្រះទ័យអប់រំហើយ ព្រោះព្រះអង្គមានប្រាជ្ញាអប់រំហើយ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់គប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មានសំឡេងតិច មានសូរកងរំពងតិច ប្រាសចាកខ្យល់ដែលកើត (អំពីសរីរៈមនុស្ស) ជាទីគួរដល់ការកំបាំងអំពីមនុស្សសមគួរដល់ការពួនសម្ងំ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារគឺថ្នាំជាបច្ច័យនៃអ្នកជម្ងឺ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្រអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយ ព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ការបញ្ញាត្តិថា ព្រះមានព្រះភាគនេះ កើតដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ព្រោះហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត។

[២២៨] ពាក្យថា សេពនូវទីអង្គុយ ទីដេកដ៏ស្ងាត់ អធិប្បាយថា គេអង្គុយលើទីណា ទីនោះ លោកហៅថា ទីអង្គុយ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹក កម្រាលចម្បើង។ ទីសេនាសនៈគឺវិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទត្រងិល គុហា លោកហៅថា ទីដេក។ ទីដេក ទីអង្គុយដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកការឃើញរូបមិនជាទីសប្បាយ ចាកការឮសំឡេងមិនជាទីសប្បាយ។បេ។ ដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកកាមគុណ ៥ មិនជាទីសប្បាយ។ កាលគប់ គប់រក សមគប់ គប់ស្និទ្ធ នូវទីដេក ទីអង្គុយដ៏ស្ងាត់ ហេតុនោះ (ទ្រង់ត្រាស់ថា) សេពនូវទីអង្គុយ ទីដេកដ៏ស្ងាត់។

[២២៩] ពាក្យថា មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ សេចក្តីថា ការដឹង បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គៈ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា សម្ពោធិ។ មានបំណងដើម្បីត្រាស់ដឹង មានបំណងដើម្បីត្រាស់ដឹងតាម មានបំណងដើម្បីត្រាស់ដឹងចំពោះ មានបំណងដើម្បីត្រាស់ដឹងព្រម មានបំណងដើម្បីបាន មានបំណងដើម្បីពាល់ត្រូវ មានបំណងដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសម្ពោធិញ្ញាណនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបំណងដើម្បីសម្ពោធិញ្ញាណ។ សំនួរត្រង់ពាក្យថា តាមលំដាប់ធម៌ ចុះតាមលំដាប់ធម៌នៃពោធិញ្ញាណ តើដូចម្តេច។ ការប្រតិបត្តិដោយប្រពៃ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនជាសត្រូវ ការប្រតិបត្តិតាមលំដាប់ប្រយោជន៍ ការប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ភាពជាអ្នកបំពេញក្នុងសីល ភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិសម្បជញ្ញៈ ធម៌ទាំងនេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ។ មួយទៀត វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គ ៤ នេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបំណងនូវពោធិញ្ញាណ តាមលំដាប់ធម៌។

[២៣០] អធិប្បាយពាក្យថា តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ត្រង់ពាក្យថា ការសប្បាយនោះ គឺធម៌ជាលំដាប់នៃពោធិញ្ញាណ។ ពាក្យថា តថាគតនឹងប្រាប់ គឺតថាគតនឹងពោលប្រាប់ ចង្អុល បង្ហាញ សំដែង ធ្វើឲ្យដឹងច្បាស់ តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស។ ពាក្យថា តាមទំនងដែលតថាគតដឹង គឺតថាគតកាលដឹង យល់ ចូលចិត្ត ដឹងប្រាកដ ចាក់ធ្លុះយ៉ាងណា នឹងសំដែងនូវធម៌នោះយ៉ាងនោះដោយខ្លួនឯង ជាធម៌ដឹងចំពោះខ្លួនឯង ប្រាកដចំពោះខ្លួន មិនមែនដោយយល់ថា យ៉ាងនេះ យ៉ាងនោះទេ មិនមែនតាមឮថា ដូច្នេះ មិនមែនឮតៗ គ្នាមកទេ មិនមែនដោយការប្រកាន់តាមក្បួន មិនមែនដោយការប្រកាន់តាមត្រិះរិះ មិនមែនដោយការប្រកាន់តាមន័យ មិនមែនត្រិះរិះដោយអាការៈ មិនមែនដោយការពិចារណាតាមការគួរដោយទិដ្ឋិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត នឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម សេពទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង។

[២៣១]

ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង គឺរបោម មមាច ពស់ សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ។

[២៣២] ពាក្យថា ធីរៈ ក្នុងបទថា ធីរៈ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង បានដល់ ធីរៈ បណ្ឌិត អ្នកមានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានការភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងកំចាត់បង់នូវកិលេស។ ភិក្ខុជាធីរៈ មិនគប្បីខ្លាច មិនគប្បីតក់ស្លុត មិនគប្បីរន្ធត់ មិនគប្បីស្លន់ស្លោ មិនគប្បីដល់នូវសេចក្តីតក់ស្លុត មិនគប្បីជាអ្នកស្លន់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់នូវសេចក្តីខ្លាច និងសេចក្តីភ្លឹក ជាអ្នកប្រាសចាកសេចក្តីព្រឺរោមចំពោះភ័យ ៥ យ៉ាង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាធីរៈ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង។

[២៣៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ ត្រង់ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ។ ពាក្យថា មានស្មារតី បានដល់ភិក្ខុមានស្មារតីដោយហេតុ ៤ គឺមានស្មារតីចំរើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវកាយក្នុងកាយ មានស្មារតីចំរើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវវេទនាក្នុងវេទនា មានស្មារតីចំរើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវចិត្តក្នុងចិត្ត មានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវធម៌ក្នុងធម៌ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី។ ពាក្យថា ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ បានដល់ ទីបំផុតជុំវិញ ៤ គឺទីបំផុតជុំវិញដោយការសង្រួមសីល ១ ទីបំផុតជុំវិញដោយការសង្រួមឥន្រ្ទិយ ១ ទីបំផុតជុំវិញដោយការដឹងប្រមាណក្នុងភោជន ១ ទីបំផុតជុំវិញដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹក ១។

ទីបំផុតជុំវិញដោយការសង្រួមសីល តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ពិចារណាឃើញច្បាស់នូវភាពស្អុយក្នុងខាងក្នុង ប្រព្រឹត្តនូវទីបំផុតជុំវិញដោយការសង្រួមសីលក្នុងខាងក្នុង មិនទំលាយនូវខេត្តដែន (នៃសីល) នេះទីបំផុតជុំវិញដោយការសង្រួមសីល។

ទីបំផុតជុំវិញដោយការសង្រួមឥន្រ្ទិយ តើដូចម្តេច។ ភិក្ខុក្នុងសានានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យព្ជានៈ ធម៌ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីដិតតាមបុគ្គលមិនសង្រួមនូវចក្ខុន្រ្ទិយ ព្រោះការមិនសង្រួមចក្ខុន្រ្ទិយណាជាហេតុ ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធរសដោយអណ្តាត ប៉ះពាល់សម្ផ័ស្សដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យព្ជានៈ ធម៌ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស មិនដិតតាមបុគ្គលមិនសង្រួមមនិន្រ្ទិយ ព្រោះការមិនសង្រួមមនិន្រ្ទិយណាជាហេតុ ប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ពិចារណានូវអាទិត្តបរិយាយសូត្រ ប្រព្រឹត្តក្នុងទីបំផុតជុំវិញ ដោយការសង្រួមឥន្រ្ទិយខាងក្នុង មិនទំលាយខេត្តដែន នេះ ទីបំផុតជុំវិញ ដោយការសង្រួមឥន្រ្ទិយ។

ទីបំផុតជុំវិញ ដោយការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយបរិភោគអាហារថា អាត្មាអញមិនបរិភោគដើម្បីការលេង មិនដើម្បីការស្រវឹង មិនដើម្បីការតាក់តែង មិនដើម្បីការផូរផង់ គ្រាន់តែដើម្បីការតាំងនៅនៃកាយនេះ ដើម្បីការញុំាងជីវិតិន្រ្ទិយឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ និងកំចាត់បង់នូវវេទនាចាស់ផង និងមិនញុំាងវេទនាថ្មីឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង ៤) ផង សេចក្តីមិនមានទោសផង ការនៅសប្បាយផង នឹងមានដល់អាត្មាអញ ដូច្នេះ ភិក្ខុពិចារណានូវអាហារ ឧបមាដោយប្រេងសម្រាប់លាបភ្លៅរទេះ និងសំពត់សម្រាប់រុំដំបៅ និងសាច់កូន ប្រព្រឹត្តក្នុងទីបំផុតជុំវិញដោយការដឹងប្រមាណក្នុងភោជនខាងក្នុង មិនទំលាយនូវខេត្តដែន នេះទីបំផុតជុំវិញ ដោយការដឹងប្រមាណក្នុងភោជន។

ទីបំផុតជុំវិញ ដោយការប្រកបរឿយ ៗ នូវការភ្ញាក់រលឹក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យបរិសុទ្ធចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ អស់វេលាថ្ងៃ ញុំាងចិត្តឲ្យបរិសុទ្ធ ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយអស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យា ដោយផ្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី យកជើងតម្រួតលើជើង មានស្មារតី ដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវសញ្ញាថានឹងក្រោក ហើយក្រោកក្នុងបច្ឆិមយាមនៃរាត្រី ញុំាងចិត្តឲ្យបរិសុទ្ធចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ ពិចារណានូវការនៅតាមភទ្ទេករត្តសូត្រ ប្រព្រឹត្តក្នុងទីបំផុតជុំវិញដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹកខាងក្នុង មិនទំលាយនូវខេត្តដែន នេះទីបំផុតជុំវិញ ដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ។

[២៣៤] ពាក្យថា របោម មមាច ពស់ សេចក្តីថា រុយក្រហម លោកហៅថា របោម។ ពួករុយទាំងអស់ លោកហៅថា មមាច។ ព្រោះអ្វី បានជាពួករុយទាំងអស់ លោកហៅថា មមាច។ ពួករុយទាំងនោះ តែងហើរឆ្វៀលឆ្វាត់ទៅខាំ ព្រោះហេតុនោះ ពួករុយទាំងអស់ លោកហៅថា មមាច។ ពស់ទាំងឡាយ លោកហៅថា ពស់ ហេតុនោះ (ទ្រង់ត្រាស់ថា) របោម មមាច ពស់។

[២៣៥] ពាក្យថា សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ សេចក្តីថា ពួកចោរក្តី មាណពមានការងារធ្វើហើយក្តី មានការងារធ្វើមិនទាន់ហើយក្តី លោកហៅថា សម្ផ័ស្សរបស់មនុស្ស។ ពួកជនទាំងនោះ គប្បីសួរប្រស្នាចំពោះភិក្ខុក្តី លើកវាទៈក្តី ជេរក្តី ប្រទេចក្តី ខឹងក្តី ក្រេវក្រោធក្តី បៀតបៀនក្តី បៀតបៀនផ្សេងៗក្តី គ្របសង្កត់ក្តី ជិះជាន់ក្តី ប្រហារក្តី ប្រហារមាំក្តី ធ្វើនូវការបៀតបៀនមាំក្តី។ ការបៀតបៀនអំពីមនុស្សណានីមួយ (ការបៀតបៀននោះ) ឈ្មោះថា សម្ផ័ស្សរបស់មនុស្ស។ ពាក្យថា សត្វចតុប្បាទ គឺសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី។ សត្វទាំងនោះ គប្បីញំាញី ខាំស៊ី បៀតបៀន បៀតបៀនផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារមាំ ធ្វើការប្រហារមាំចំពោះភិក្ខុ។ ការបៀតបៀនមាំ អំពីសត្វចតុប្បាទ ភ័យអំពីសត្វចតុប្បាទណានីមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាងគឺ របោម មមាច ពស់ សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ។

[២៣៦]

ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយអ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។

[២៣៧] ពាក្យថា ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ អធិប្បាយថា ជនទាំងឡាយណានីមួយ មិនជ្រះថ្លាក្នុងព្រះពុទ្ធ មិនជ្រះថ្លាក្នុងព្រះធម៌ មិនជ្រះថ្លាក្នុងព្រះសង្ឃ លើកតែសហធម្មិកបុគ្គល ៧ ពួកចេញ លោកហៅថា ពួកអ្នកកាន់ធម៌ដទៃ។ ពួកជននោះ គប្បីសួរប្រស្នានឹងភិក្ខុ ឬលើកវាទៈ ជេរប្រទេច ខឹងក្រេវក្រោធ បៀតបៀន បៀតបៀនផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារខ្លាំង ធ្វើនូវការបៀតបៀនខ្លាំង ភិក្ខុឃើញក្តី ឮក្តី នូវហេតុគួរខ្លាចដ៏ច្រើន របស់ជននោះ មិនគប្បីញាប់ញ័រ មិនគប្បីរន្ធត់ មិនគប្បីសស្លើតសស្លក់ មិនគប្បីតក់ស្លុត មិនគប្បីស្លុតរន្ធត់ មិនគប្បីរំភើប មិនគប្បីញ័រចំប្រប់ មិនគប្បីខ្លាច មិនគប្បីដល់នូវការតក់ស្លុត គប្បីជាអ្នកមិនខ្លាច មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់នូវសេចក្តីខ្លាច និងការភ្លឹក មានការព្រឺរោមទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ។

[២៣៨] ពាក្យថា មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន សេចក្តីថា មួយទៀត សេចក្តីអន្តរាយទាំងឡាយដទៃ ដែលគួរគ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី ក៏មាន។ ពាក្យថា សេចក្តីអន្តរាយ បានដល់ សេចក្តីអន្តរាយ ២ គឺ អន្តរាយប្រាកដ ១ អន្តរាយកំបាំង ១។បេ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាពអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ពាក្យថា អ្នកស្វែងរកកុសលធម៌ គឺភិក្ខុអ្នកស្វែងរក ស្វះស្វែងរក ប្រមើលរកនូវការប្រតិបត្តិល្អ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិដ៏សមគួរដល់អត្ថ។បេ។ នូវមគ្គដ៏ប្រសើរមានអង្គ ៨ ព្រះនិព្វាន ការប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី នូវសេចក្តីអន្តរាយទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។

[២៣៩]

ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ ឬគម្លានពាល់ត្រូវហើយ គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស គប្បីធ្វើព្យាយាម ប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់។

[២៤០] ពាក្យថា ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ (ឬ) គម្លាន ពាល់ត្រូវហើយ សេចក្តីថា សម្ផ័ស្សនៃរោគ លោកហៅថា សម្ផ័ស្សជម្ងឺ។ ភិក្ខុត្រូវសម្ផ័ស្សនៃរោគពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម គឺថា ត្រូវរោគភ្នែកពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ត្រូវរោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ។បេ។ ត្រូវសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម។ សេចក្តីឃ្លាន លោកហៅថា គំលាន។ ភិក្ខុត្រូវគំលានពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសម្ផ័ស្សរោគពាល់ត្រូវហើយ។

[២៤១] ពាក្យថា គប្បីទ្រាំអត់ ចំពោះត្រជាក់ និងក្តៅ ត្រង់ពាក្យថា ត្រជាក់ បានដល់ ត្រជាក់ដោយហេតុ ២ គឺ ត្រជាក់ដោយអំណាចធាតុខាងក្នុងកម្រើក ១ ត្រជាក់ដោយអំណាចរដូវខាងក្រៅ ១។ ពាក្យថា ក្តៅ បានដល់ការក្តៅដោយហេតុ ២ គឺ ក្តៅដោយអំណាចធាតុខាងក្នុងកម្រើក ១ ក្តៅដោយអំណាចរដូវខាងក្រៅ ១។ ពាក្យថា គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ បានសេចក្តីថា ភិក្ខុគប្បីជាអ្នកអត់ធន់ចំពោះត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់ ចំពោះគន្លងពាក្យដែលគេពោលអាក្រក់ មកអាក្រក់ គប្បីជាអ្នកប្រកបដោយជាតិ ជាអ្នកអត់ធន់វេទនា ប្រព្រឹត្តទៅក្នុងសរីរៈដែលកើតហើយ ជាទុក្ខខ្លាំងក្លា ខ្លោចផ្សា ក្តៅផ្សា មិនស្រួល មិនជាទីគាប់ចិត្ត ដែលអាចនាំយកជីវិតបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីអត់សង្កត់ចំពោះត្រជាក់ និងក្តៅ។

[២៤២] អធិប្បាយពាក្យថា ភិក្ខុនោះ ដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស ត្រង់ពាក្យថា ភិក្ខុនោះដែលអាការនោះ គឺភិក្ខុនោះជាអ្នកត្រូវសម្ផ័ស្សជម្ងឺផង គម្លានផង ត្រជាក់ផង ក្តៅផង ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ដែលអាការនោះពាល់ត្រូវហើយ។ ពាក្យថា ដោយច្រើន គឺត្រូវអាការច្រើនយ៉ាងពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ។ ពាក្យថា មិនគប្បីជាអ្នកធ្វើឱកាស គឺឈ្មោះថាមិនធ្វើឱកាស ព្រោះមិនធ្វើឱកាសដល់វិញ្ញាណ ដែលប្រកបដោយអភិសង្ខារក៏មាន ឬឈ្មោះថា មិនធ្វើឱកាស ព្រោះមិនធ្វើឱកាសដល់កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ដែលអាការដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស។

[២៤៣] ពាក្យថា គប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់ សេចក្តីថា ការព្យាយាមតឹងតែង ការសង្វាត ការប្រឹងប្រែង ការឱហាត ការព្យាយាម ការឧស្សាហ៍ ការខ្មីឃ្មាត ការមិនបន្ធូរបន្ថយ កម្លាំងកាយ ការតាំងមាំ ការប្រឹងប្រែងមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប្រាថ្នា ការមិនដាក់ធុរៈ ការផ្គងធុរៈ ការព្យាយាម ការព្យាយាមជាធំ ការព្យាយាមជាកំឡាំង ការព្យាយាមត្រូវ ដែលប្រព្រឹត្តទៅក្នុងចិត្តឯណា នោះ លោកហៅថា ការព្យាយាមប្រឹងប្រែង។ ភិក្ខុគប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យម៉ឺងម៉ាត់ គឺគប្បីជាអ្នកសមាទានដ៏មាំទាំ ជាអ្នកសមាទានដ៏មុតមាំ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យម៉ឺងម៉ាត់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុត្រូវសម្ផស្សជម្ងឺ (ឬ) គំលានពាល់ត្រូវហើយ គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស គប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់។

[២៤៤]

ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វ ដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ក្នុងកាលនោះ។

[២៤៥] អធិប្បាយពាក្យថា ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក ត្រង់ពាក្យថា មិនគប្បីធ្វើការលួច សេចក្តីថា ភិក្ខុក្នុងសាសនានេះ គប្បីជាអ្នកលះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មានខ្លួនជាអ្នកមិនលួច មានសភាពដ៏ស្អាត ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើការលួច។ ពាក្យថា មិនគប្បីពោលកុហក គឺភិក្ខុក្នុងសាសនានេះ គប្បីជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលបំភាន់សត្វលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក។

[២៤៦] អធិប្បាយពាក្យថា គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ត្រង់ពាក្យថា មេត្តា បានដល់ សេចក្តីរាប់អាន អាការនៃសេចក្តីរាប់អាន ភាពនៃសេចក្តីរាប់អាន សេចក្តីអាណិត អាការនៃសេចក្តីអាណិត ភាពនៃសេចក្តីអាណិត ការស្វែងរកប្រយោជន៍ សេចក្តីអនុគ្រោះ ការមិនព្យាបាទ ការមិនចងពៀរ ការមិនប្រទុស្ត កុសលមូល ចំពោះពួកសត្វ។ ពួកសត្វដែលមិនទាន់លះបង់សេចក្តីតក់ស្លុត គឺតណ្ហាផង ពួកសត្វដែលមិនលះបង់សេចក្តីភ័យដ៏ពន្លឹកផង ឈ្មោះថា ពួកសត្វមានសន្តានតក់ស្លុត។ ព្រោះហេតុអ្វី ទើបលោកហៅថា ពួកសត្វមានសន្តានតក់ស្លុត។ ព្រោះថា ពួកសត្វនោះ តែងតក់ស្លុត រន្ធត់ ញាប់ញ័រ ភិតភ័យ ដល់នូវសេចក្តីតក់ស្លុត ហេតុនោះ ទើបលោកហៅថា ពួកសត្វមានសន្តានតក់ស្លុត។ ពួកសត្វដែលលះបង់សេចក្តីតក់ស្លុត គឺតណ្ហាផង ពួកសត្វដែលលះបង់សេចក្តីភ័យដ៏ពន្លឹកផង ឈ្មោះថា ពួកសត្វមានសន្តានរឹងប៉ឹង។ ព្រោះហេតុអ្វី ទើបលោកហៅថា ពួកសត្វមានសន្តានរឹងប៉ឹង។ (ព្រោះថា) ពួកសត្វទាំងនោះ រមែងមិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនខ្លាច មិនដល់នូវការតក់ស្លុត ហេតុនោះ ទើបលោកហៅថា ពួកសត្វមានសន្តានរឹងប៉ឹង។ ពាក្យថា គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង បានសេចក្តីថា គប្បីប៉ះពាល់ គប្បីផ្សាយមេត្តា ចំពោះសត្វមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង គឺថា គប្បីផ្សាយទៅដោយចិត្ត ដែលប្រព្រឹត្តទៅក្នុងមេត្តាដ៏ទូលាយ ជាសភាពធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង។

[២៤៧] ពាក្យថា ភិក្ខុ បើដឹងនូវសេចក្តីល្អក់ចិត្តក្នុងកាលណា ត្រង់ពាក្យថា ក្នុងកាលណា គឺក្នុងវេលាណា។ ពាក្យថា ចិត្ត បានដល់ ចិត្ត មនោ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ។ ចិត្តតែងល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះកាយទុច្ចរិត ចិត្តតែងល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះវចីទុច្ចរិត មនោទុច្ចរិត រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង កំដៅទាំងពួង អភិសង្ខារជាអកុសលទាំងពួង។ ពាក្យថា ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គឺគប្បីដឹង គប្បីយល់ គប្បីចូលចិត្ត គប្បីដឹងច្បាស់ គប្បីចាក់ធ្លុះ នូវភាពនៃចិត្តល្អក់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា។

[២៤៨] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ត្រង់ពាក្យថា ខ្មៅ គឺមារ ឈ្មោះថា ខ្មៅ អធិបតី អ្នកដល់នូវទីបំផុត អ្នកមិនឲ្យរួច ផៅពង្សអ្នកប្រមាទ។ ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ សេចក្តីថា ភិក្ខុគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាន ដោយគិតថា នេះជាប័ក្ខពួករបស់ខ្មៅ ជាពួករបស់មារ ជាអន្ទាក់របស់មារ ជាសន្ទូចរបស់មារ ជានុយរបស់មារ ជាវិស័យរបស់មារ ជាតបៈ ទីបំផុតរបស់មារ ជាគោចររបស់មារ ជាចំណងរបស់មារ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ យ៉ាងនេះខ្លះ។ មួយវិញទៀត ភិក្ខុគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាន (ដោយគិត) ថា នេះជាប័ក្ខពួករបស់ខ្មៅ ជាពួករបស់មារ ជាពួកអកុសល ជាកិលេសចំរើនតែទុក្ខ ជាផលនៃទុក្ខ ជាកិលេសប្រកបក្នុងការប្រព្រឹត្តិទៅក្នុងនរក ប្រកបក្នុងការប្រព្រឹត្តិទៅក្នុងសត្វតិរច្ឆាន ប្រកបក្នុងការប្រព្រឹត្តិទៅក្នុងបិត្តិវិស័យ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក គប្បីផ្សព្វផ្សាយមេត្តាចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ក្នុងកាលនោះ។

[២៤៩]

ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់។

[២៥០] ពាក្យថា ភិក្ខុមិនគប្បីលុះអំណាក្រោធ និងការមើលងាយ ត្រង់ពាក្យថា ក្រោធ បានដល់ការអាឃាត ការគំនុំរបស់ចិត្ត។បេ។ ភាពជាអ្នកកាច ការចេញទឹកភ្នែក ការអាក់អន់ចិត្ត។ ពាក្យថា ការមើលងាយ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ មើលងាយបុគ្គលដទៃដោយជាតិក៏មាន ដោយគោត្រក៏មាន។បេ។ ដោយវត្ថុណាមួយ ក៏មាន។ ពាក្យថា មិនគប្បីលុះអំណាចក្រោធ និងការមើលងាយ បានសេចក្តីថា មិនគប្បីលុះអំណាចក្រោធផង ការមើលងាយផង គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវសេចក្តីក្រោធផង នូវការមើលងាយផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ។

[២៥១] សំនួរត្រង់ពាក្យថា ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ តើឫសក្រោធ ដូចម្តេច។ អវិជ្ជាជាឫស អយោនិសោមនសិការៈជាឫស អស្មិមានះជាឫស អហិរិកៈជាឫស អនោត្តប្បៈជាឫស ឧទ្ធច្ចៈជាឫស នេះឫសនៃក្រោធ។ ឫសនៃការមើលងាយ តើដូចម្តេច។ អវិជ្ជាជាឫស អយោនិសោមនសិការៈជាឫស អស្មិមានះជាឫស អហិរិកៈជាឫស អនោត្តប្បៈជាឫស ឧទ្ធច្ចៈជាឫស នេះឫសនៃការមើលងាយ។ ពាក្យថា គប្បីគាស់ឫសនៃកិលេសទាំងនោះចេញ បានសេចក្តីថា គប្បីគាស់រំលើង រើចោល ផ្តាច់ចោល ផ្តាច់ផ្តិល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាននូវឫសនៃក្រោធផង នៃការមើលងាយផង ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ។

[២៥២] អធិប្បាយពាក្យថា មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ដោយបទ បំពេញបទ រួបរួមអក្ខរៈ សម្រួលព្យព្ជានៈ ពាក្យថា មួយទៀតនេះ ជាលំដាប់បទ។ ពាក្យថា សភាវៈជាទីស្រឡាញ់ បានដល់របស់ជាទីស្រឡាញ់ ២ គឺពួកសត្វ ឬពួកសង្ខារ។ ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ សត្វទាំងនោះឯណា ក្នុងលោកនេះ មានប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ គឺជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី កូនប្រុសក្តី កូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី របស់ជននោះ នេះពួកសត្វជាទីស្រឡាញ់។ ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច។ រូបទាំងឡាយជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះពួកសង្ខារជាទីស្រឡាញ់។ ពាក្យថា មិនជាទីស្រឡាញ់ បានដល់ សភាវៈមិនជាទីស្រឡាញ់ ២ គឺពួកសត្វ ១ ឬពួកសង្ខារ ១។ ពួកសត្វមិនជាទីស្រឡាញ់ តើដូចម្តេច។ ពួកសត្វណា ក្នុងលោកនេះ ប្រាថ្នាការមិនចំរើន ប្រាថ្នាការឥតប្រយោជន៍ ប្រាថ្នាការមិនសប្បាយ ប្រាថ្នាការមិនក្សេមចាកយោគៈ ប្រាថ្នាដើម្បីផ្តាច់ផ្តិលចាកជីវិតរបស់ជននោះ នេះពួកសត្វមិនជាទីស្រឡាញ់។ ពួកសង្ខារមិនជាទីស្រឡាញ់ តើដូចម្តេច។ រូបទាំងឡាយ មិនជាទីពេញចិត្ត សំឡេង ក្លិន រស ផ្សព្វ មិនជាទីពេញចិត្ត នេះពួកសង្ខារមិនជាទីស្រឡាញ់។ ពាក្យថា ឲ្យមាំ ជាពាក្យដោយចំណែកមួយ ជាពាក្យមិនឲ្យសង្ស័យ ជាពាក្យមិនឲ្យសន្ទិះ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនមានហឫទ័យពីរ ជាពាក្យប្រកបដាច់ស្រេច ជាពាក្យមិនខុស ពាក្យថា ឲ្យមាំ នេះជាពាក្យមានកំណត់។ ពាក្យថា មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ បានសេចក្តីថា គប្បីគ្របសង្កត់ គប្បីសង្កត់គ្របនូវសភាវៈជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ នូវអារម្មណ៍ដ៏ឆ្ងាញ់ និងមិនឆ្ងាញ់ នូវសុខ និងទុក្ខ នូវសោមនស្ស និងទោមនស្ស នូវអារម្មណ៍ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់។

[២៥៣]

ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់សង្កិននូវអន្តរាយទាំងនោះ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤។

[២៥៤] អធិប្បាយពាក្យថា ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ត្រង់ពាក្យថា បញ្ញា បានដល់ប្រាជ្ញា ការដឹងច្បាស់ ការពិច័យ ការពិច័យដោយវិសេស ការពិចារណាធម៌។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ។ ពាក្យថា ធ្វើបញ្ញាឲ្យជាប្រធាន សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តធ្វើបញ្ញាឲ្យជាប្រធាន មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាអធិបតី ជាអ្នកច្រើនដោយការពិចារណា ជាអ្នកច្រើនដោយការជ្រើសរើស ច្រើនដោយការឈ្វេងយល់ ច្រើនដោយការស្វែងរក នៅដោយការដឹងប្រាកដ ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ បង្អោនទៅដោយប្រាជ្ញានោះ ទោរទៅដោយប្រាជ្ញានោះ បន្ទន់ទៅដោយប្រាជ្ញានោះ មានចិត្តចុះស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើប្រាជ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ ន័យមួយទៀត ភិក្ខុកំពុងដើរក្តី ក៏ដឹងច្បាស់ថា អញដើរ កំពុងឈរក្តី ក៏ដឹងច្បាស់ថា អញឈរ កំពុងអង្គុយក្តី ក៏ដឹងច្បាស់ថា អញអង្គុយ កំពុងដេកក្តី ក៏ដឹងច្បាស់ថា អញដេក ឬកាយរបស់ភិក្ខុនោះ ជាអត្តភាពតាំងនៅដោយប្រការណា ៗ ក៏ដឹងច្បាស់កាយនោះ ដោយប្រការនោះៗ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើបញ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ។ ន័យមួយវិញទៀត ភិក្ខុតែងធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ ឈានថយក្រោយ តែងធ្វើនូវការដឹងខ្លួន ក្នុងការរមិលមើលទៅមុខ រមិលមើលផ្សេង ៗ តែងធ្វើនូវការដឹងខ្លួន ក្នុងការបត់ដៃចូល លាតដៃចេញ តែងធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ តែងធ្វើនូវការដឹងខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី លិទ្ធ ភ្លក្ស តែងធ្វើនូវការដឹងខ្លួន ក្នុងការធ្វើឧច្ចារៈ បស្សាវៈ តែងធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់រឭក និយាយ ស្ងៀម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើប្រាជ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ។ ពាក្យថា មានបីតិដ៏ល្អ សេចក្តីថា បីតិ បាមោជ្ជៈ កើតឡើងដោយអំណាចពុទ្ធានុស្សតិ ឈ្មោះថា បីតិដ៏ល្អ បីតិ បាមោជ្ជៈ កើតឡើងដោយអំណាចធម្មានុស្សតិ ដោយអំណាចសង្ឃានុស្សតិ ដោយអំណាចសីលានុស្សតិ ដោយអំណាចចាគានុស្សតិ ដោយអំណាចទេវតានុស្សតិ ដោយអំណាចអានាបានស្សតិ ដោយអំណាចមរណានុស្សតិ ដោយអំណាចកាយគតាសតិ ដោយអំណាចឧបសមានុស្សតិ ឈ្មោះថា បីតិដ៏ល្អ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានបីតិដ៏ល្អ ធ្វើប្រាជ្ញាឲ្យជាប្រធាន។

[២៥៥] ពាក្យថា អន្តរាយ ក្នុងបទថា គប្បីសង្កត់សង្កិនអន្តរាយទាំងនោះ បានដល់ អន្តរាយ ២ គឺអន្តរាយប្រាកដ ១ អន្តរាយកំបាំង ១។បេ។ ទាំងនេះ ហៅថា អន្តរាយប្រាកដ។បេ។ ទាំងនេះហៅថា អន្តរាយកំបាំង។បេ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ ពាក្យថា គប្បីគ្របសង្កត់អន្តរាយទាំងនោះ គឺគប្បីអត់សង្កត់ គ្របសង្កត់ សង្កត់សង្កិន រួបរឹត ញាំញី នូវអន្តរាយទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់អន្តរាយទាំងនោះ។

[២៥៦] ពាក្យថា គប្បីគ្របសង្កត់សេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ត្រង់ពាក្យថា សេចក្តីអផ្សុក បានដល់ សេចក្តីមិនត្រេកអរ អាការនៃសេចក្តីមិនត្រេកអរ សេចក្តីមិនរីករាយ អាការនៃសេចក្តីមិនរីករាយ អាការនៃសេចក្តីអផ្សុក សេចក្តីរសាប់រសល់។ ពាក្យថា ក្នុងសេនាសនៈដ៏ស្ងាត់ គឺគប្បីអត់ធន់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ឬក្នុងធម៌ជាអធិកុសលណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវសេចក្តីអផ្សុកក្នុងសេនាសនៈដ៏ស្ងាត់។

[២៥៧] ពាក្យថា គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ គឺ គប្បីអត់សង្កត់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវធម៌ដែលគេគប្បីខ្សឹកខ្សួល ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់សង្កិននូវអន្តរាយទាំងនោះ គប្បីគ្របសង្កត់សេចក្តីអផ្សុកក្នុងសេនាសនៈដ៏ស្ងាត់ គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤។

[២៥៨]

អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញ នឹងដេកក្នុងទីណា ភិក្ខុជាសេក្ខៈ ជាអ្នកត្រេចទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះចេញ។

[២៥៩] ពាក្យថា អាត្មាអញនឹងបរិភោគអ្វី ក្នុងបទថា អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា គឺអាត្មាអញនឹងបរិភោគអ្វី បាយ ឬនំកុម្មាស សដូវ ឬត្រី ឬក៏សាច់ ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញ នឹងបរិភោគអ្វី។ ពាក្យថា ឬនឹងបរិភោគក្នុងទីណា គឺ អាត្មាអញនឹងបរិភោគក្នុងទីណា ក្នុងខត្តិយត្រកូល ឬព្រាហ្មណត្រកូល វេស្សត្រកូល ឬសុទ្ទត្រកូល ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា។

[២៦០] ពាក្យថា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា គឺ យប់នេះ អាត្មាអញដេកមិនស្រួលហើយលើបន្ទះក្តារ ឬលើកន្ទេល លើចម្មខ័ណ្ឌ ឬលើកម្រាលស្មៅ លើកម្រាលស្លឹក ឬលើកម្រាលចំបើង លុះដល់យប់មកទៀត តើអាត្មាអញនឹងដេកឲ្យស្រួលក្នុងទីណា លើគ្រែ ឬលើតាំង លើពូក ឬលើខ្នើយ ក្នុងវិហារ ឬក្នុងអឌ្ឍយោគ ក្នុងប្រាសាទ ឬក្នុងប្រាសាទត្រងិល ឬក៏ក្នុងគុហា ហេតុនោះ (ទ្រង់ត្រាស់ថា) ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះ ក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា។

[២៦១] ពាក្យថា នូវវិតក្កៈទាំងនេះ ក្នុងបទថា នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះ គឺនូវវិតក្កៈប្រកបដោយបិណ្ឌបាតពីរ នូវវិតក្កៈប្រកបដោយសេនាសនៈពីរ ដែលគប្បីទួញយំ ទួញយំទួទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវិតក្កៈដែលគប្បីទួញយំ ទាំងនេះ។

[២៦២] អធិប្បាយពាក្យថា ភិក្ខុជាសេក្ខៈ ជាអ្នកត្រេចទៅ ដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់ សំនួរត្រង់ពាក្យថា សេក្ខៈ ចុះព្រោះហេតុអ្វី ភិក្ខុ លោកហៅថា សេក្ខៈ។ ឈ្មោះថា សេក្ខៈ ព្រោះហេតុលោកសិក្សា។ ចុះសិក្សាអ្វី។ សិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង។ អធិសីលសិក្ខា តើដូចម្តេច។បេ។ នេះហៅថា អធិប្បញ្ញាសិក្ខា។ ភិក្ខុកាលរំពឹងត្រៃសិក្ខាទាំងនេះ ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថា សិក្សា កាលឃើញ ឈ្មោះថា សិក្សា កាលពិចារណា ឈ្មោះថា សិក្សា កាលតាំងចិត្ត ឈ្មោះថា សិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធា ឈ្មោះថា សិក្សា កាលផ្គងព្យាយាម ឈ្មោះថា សិក្សា កាលតំកល់ស្មារតី ឈ្មោះថា សិក្សា កាលតំកល់ចិត្តមាំ ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយប្រាជ្ញា ឈ្មោះថាសិក្សា កាលដឹងច្បាស់នូវធម៌ដែលគួរដឹង ឈ្មោះថាសិក្សា កាលកំណត់ដឹងធម៌ដែលគួរកំណត់ដឹង ឈ្មោះថាសិក្សា កាលលះបង់ធម៌ដែលគួរលះបង់ ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលចំរើនធម៌ដែលគួរចំរើន ឈ្មោះថាសិក្សា ថាប្រព្រឹត្ត ថាប្រព្រឹត្តព្រម ថាសមាទាន ថាសិក្សា។ ព្រោះហេតុនោះ ទើបលោកហៅថា សេក្ខៈ។ សេក្ខបុគ្គលគប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីកំចាត់បង់ បន្ទោបង់ លះបង់ រម្ងាប់ លះចោល ឲ្យស្ងប់រម្ងាប់ គឺថា កាលរំពឹង គប្បីសិក្សា នូវសិក្ខាទាំង ៣ នេះ កាលដឹង។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រពឹត្តព្រម គប្បីសមាទានប្រព្រឹត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) សេក្ខៈ គប្បីកំចាត់បង់។

[២៦៣] សំនួរត្រង់ពាក្យថា ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ ចុះភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រកបដោយការកង្វល់ព្រោះត្រកូល ដោយការកង្វល់ព្រោះពួក ដោយការកង្វល់ព្រោះអាវាស ដោយការកង្វល់ព្រោះចីវរ ដោយការកង្វល់ព្រោះបិណ្ឌបាត ដោយការកង្វល់ព្រោះសេនាសនៈ ជាអ្នកប្រកបដោយការកង្វល់ព្រោះថ្នាំជាគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យយ៉ាងនេះ។ ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះត្រកូល ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះពួក អាវាស ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំជាបច្ច័យគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ យ៉ាងនេះ។

បុគ្គលពួកខ្លះ (ចេញហើយ) អំពីដែនវជ្ជី ទៅកាន់ដែនមគធៈ ទៅកាន់ដែនកោសល ពួកភិក្ខុនៅក្នុងដែនមគធៈ ជាអ្នកត្រាច់ទៅ ប្រាសចាកពួក ឥតមានអាឡោះអាល័យ ការត្រាច់ទៅ ជាការប្រពៃ ការប្រព្រឹត្តិល្អ ជាការប្រពៃ ការនៅដោយមិនអាឡោះអាល័យសព្វកាល ជាការប្រពៃ ការសាកសួរអត្ថ និងការងាររបស់ជនអ្នកប្រសប់ នុ៎ះជាកិច្ចទួទៅរបស់បុគ្គលអ្នកមិនមានកង្វល់។

ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះចេញ។

[២៦៤] ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ ក្នុងកាលដ៏គួរហើយ គប្បីដឹងប្រមាណ ដើម្បីសន្តោស ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះទេ។

[២៦៥] អធិប្បាយពាក្យថា បានម្ហូបចំណី និងគ្រឿស្លៀកដណ្តប់ក្នុងកាលដ៏គួរ ត្រង់ពាក្យថា ម្ហូបចំណី បានដល់បាយ នំកុម្មាស សដូវ ត្រី សាច់។ ពាក្យថា គ្រឿងស្លៀកដណ្តប់ បានដល់ចីវរ ៦ យ៉ាងគឺ ចីវរដែលធ្វើដោយសំបកឈើ ធ្វើដោយកប្បាស ធ្វើដោយសូត្រ ធ្វើដោយរោមសត្វ ធ្វើដោយសំបកធ្មៃ ធ្វើលាយដោយវត្ថុ ៥ យ៉ាងខាងដើម។ ពាក្យថា បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ក្នុងកាលដ៏គួរ បានសេចក្តីថា ភិក្ខុបានចីវរ បានបិណ្ឌបាត មិនមែនដោយកុហក មិនមែនដោយការរួសរាយ មិនមែនដោយការធ្វើនិមិត្ត មិនមែនដោយការកិនបំបាក់ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹក មិនមែនដោយការឲ្យផ្កា មិនមែនដោយការឲ្យផ្លែ មិនមែនដោយការឲ្យគ្រឿងកក់ មិនមែនដោយការឲ្យគ្រឿងលំអិត មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកលុបមុខ មិនមែនដោយភាពជាអ្នកប្រព្រឹត្តបន្ទាបខ្លួន មិនមែនដោយភាពជាអ្នកពោលពាក្យដូចសម្លសណ្តែកបាយ មិនមែនដោយភាពជាអ្នកបំរើត្រកូល មិនមែនដោយភាពជាអ្នករលះរលាំងចូលទៅកាន់ផ្ទះ ហើយអង្គុយលើតាំង មិនមែនដោយវិជ្ជាទាយភូមិឋាន មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយវិជ្ជាទាយអវយវៈ មិនមែនដោយវិជ្ជាទាយនក្ខត្តឫក្ស មិនមែនដោយដំណើរជាទូត មិនមែនដោយដំណើរដែលគេបញ្ជូនទៅ មិនមែនដោយការបំរើដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយឲ្យដុំបាយ មិនមែនដោយឲ្យទៅឲ្យមក គឺបាន បានហើយ បានចំពោះ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ក្នុងកាលដ៏គួរ។

[២៦៦] អធិប្បាយពាក្យថា ភិក្ខុនោះ ក្នុងសាសនានេះ គប្បីដឹងប្រមាណ ដើម្បីសន្តោស ត្រង់ពាក្យថា ភិក្ខុនោះ គប្បីដឹងប្រមាណ សេចក្តីថា ភិក្ខុដឹងប្រមាណដោយហេតុ ២ គឺ ដោយការទទួល ឬដោយការបរិភោគ។

ភិក្ខុដឹងប្រមាណដោយការទទួល តើដូចម្តេច។ ទោះវត្ថុតិច ដែលទាយកឲ្យ ភិក្ខុទទួលដើម្បីអាណិតត្រកូល ដើម្បីតាមរក្សាត្រកូល ដើម្បីអនុគ្រោះត្រកូល ទោះវត្ថុច្រើនដែលទាយកឲ្យ ភិក្ខុទទួលចីវរល្មមតែរក្សាកាយ ទទួលបិណ្ឌបាតល្មមតែរក្សាផ្ទៃ ភិក្ខុដឹងប្រមាណដោយការទទួល យ៉ាងនេះ។

ភិក្ខុដឹងប្រមាណដោយការបរិភោគ តើដូចម្តេច។ ភិក្ខុពិចារណាដោយឧបាយ ហើយប្រើប្រាស់ចីវរ គ្រាន់តែដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ទាំងឡាយ គ្រាន់តែដើម្បីនឹងបិទបាំងអវយវៈ ដែលធ្វើសេចក្តីខ្មាសឲ្យកម្រើក ភិក្ខុពិចារណាដោយឧបាយ ហើយបរិភោគបិណ្ឌបាតថា អាត្មាអញ (បរិភោគ) ដើម្បីការលេងក៏ទេ ដើម្បីការស្រវឹងក៏ទេ ដើម្បីការប្រដាប់ក៏ទេ ដើម្បីការផូរផង់ក៏ទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្រ្ទិយឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយៈ អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើងផង ការប្រព្រឹត្តិទៅនៃឥរិយាបថទាំង ៤ ផង សេចក្តីមិនមានទោសផង ការនៅសប្បាយផង នឹងមានដល់អាត្មាអញ ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ។ ភិក្ខុពិចារណាដោយឧបាយ ហើយសេពសេនាសនៈ គ្រាន់តែដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់នូវអន្តរាយ គឺរដូវ និងការត្រេកអរក្នុងការសម្ងំនៅ។ ភិក្ខុពិចារណាដោយឧបាយ ហើយសេពនូវថ្នាំជាគ្រឿងកែរោគ ដែលជាបរិក្ខាររបស់ជីវិត គ្រាន់តែដើម្បីកំចាត់បង់វេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំងជាធម្មតា។ ភិក្ខុដឹងប្រមាណដោយការបរិភោគ យ៉ាងនេះ។ ពាក្យថា ភិក្ខុនោះ គប្បីដឹងប្រមាណ គឺ គប្បីដឹង យល់ ដឹងច្បាស់ ដឹងចំពោះ ចាក់ធ្លុះចំពោះ នូវប្រមាណដោយហេតុ ២ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ គប្បីដឹងប្រមាណ។

[២៦៧] ពាក្យថា ក្នុងសាសនានេះ ដើម្បីសន្តោស សេចក្តីថា ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយចីវរតាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរព្រោះហេតុនៃចីវរ មិនបានចីវរក៏មិនអន្ទះសា បានចីវរហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែសន្តោសដោយចីវរតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងចីវរសន្តោសនោះ ភិក្ខុនោះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម។ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយបិណ្ឌបាតតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយបិណ្ឌបាតតាមមានតាមបាន តែងមិនដល់នូវអនេសនៈជាកម្មមិនសមគួរ ព្រោះហេតុនៃបិណ្ឌបាត មិនបានបិណ្ឌបាតក៏មិនអន្ទះសា បានបិណ្ឌបាតហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃព្រោះតែសន្តោសដោយបិណ្ឌបាតតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងបិណ្ឌបាតសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម។ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយសេនាសនៈ តាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយសេនាសនៈ តាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរ ព្រោះហេតុនៃសេនាសនៈ មិនបានសេនាសនៈ ក៏មិនអន្ទះសា បានសេនាសនៈហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែសន្តោសដោយសេនាសនៈ តាមមានតាមបាននោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងសេនាសនសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម។ មួយវិញទៀត ភិក្ខុជាអ្នកសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរ ព្រោះហេតុគិលានប្បច្ចយភេសជ្ជបរិក្ខារ មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនអន្ទះសា បានគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួន ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់ជនដទៃ ព្រោះសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារតាមមានតាមបាននោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ក្នុងសាសនានេះ គប្បីស្គាល់ប្រមាណដើម្បីសន្តោស។

[២៦៨] អធិប្បាយពាក្យថា ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក ត្រង់ពាក្យថា ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ គឺជាអ្នកគ្រប់គ្រងបីបាច់ រក្សា សង្រួម ក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុជាអ្នកគ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុងអាយតនៈទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះជាអ្នកគ្រប់គ្រងអាយតនៈទាំងនោះ យ៉ាងនេះក៏មាន។ ពាក្យថា ជាអ្នកប្រុងប្រយ័ត្នហើយ ត្រាច់ទៅក្នុងស្រុក គឺជាអ្នកប្រយ័ត្ន ប្រុងប្រៀប រៀបចំ គ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុងស្រុក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក។

[២៦៩] ពាក្យថា សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះ គឺត្រូវគេកោសរូស ជេរ ប្រទេច ខ្ទាំងខ្ទប់ តិះដៀល បង្អាប់បង្អោន ក៏មិនគប្បីនិយាយតនឹងគេ ដែលនិយាយដោយពាក្យទ្រគោះអាក្រក់ មិនគប្បីជេរតនឹងគេដែលជេរ មិនគប្បីខឹងតនឹងគេដែលខឹង មិនគប្បីបង្កហេតុនឹងគេដែលបង្កហេតុ មិនគប្បីធ្វើជំលោះ មិនគប្បីធ្វើការបង្កហេតុ មិនគប្បីធ្វើការប្រកួតប្រកាន់ មិនគប្បីធ្វើវិវាទ មិនគប្បីធ្វើការប្រកែប្រកាន់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវជំលោះ ការបង្កហេតុ ការប្រកួតប្រកាន់ វិវាទ និងការប្រកែប្រកាន់ គប្បីជាបុគ្គលវៀរឆ្ងាយ វៀរស្រឡះ វៀរផុត ចេញទៅ រលាស់ចេញ ផុតស្រឡះ បា្រសចេញ ចាកជំលោះ ការបង្កហេតុ ការប្រកួតប្រកាន់ វិវាទ និងការប្រកែប្រកាន់ ហើយនៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ហេតុនោះ (ទ្រង់ត្រាស់ថា) សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ ក្នុងកាលដ៏គួរហើយ គប្បីដឹងប្រមាណ ដើម្បីសន្តោស ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះទេ។

[២៧០]

ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង។

[២៧១] អធិប្បាយពាក្យថា ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម គប្បីមិនរលោរលាំដោយជើង សំនួរថា ភិក្ខុមានភ្នែកក្រឡេកមើល តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករឡេះរឡោះដោយភ្នែក ប្រកបដោយការរឡេះរឡោះដោយភ្នែក គិតថា អាត្មាអញគួរឃើញរបស់ដែលមិនទាន់ឃើញ គួររំលងរបស់ដែលឃើញហើយ ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ អំពីឧទ្យានទៅឧទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីនគរទៅនគរ អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីមើលរូប ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុចូលទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅមិនសង្រួម ក្រឡេកមើលដំរី មើលសេះ មើលរថ មើលពលថ្មើរជើង មើលពួកស្រី មើលពួកប្រុស មើលពួកក្មេងប្រុស មើលពួកក្មេងស្រី មើលចន្លោះរានផ្សារ មើលមុខផ្ទះ មើលលើ មើលក្រោម សំឡឹងមើលទិសតូច និងទិសធំ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុបានឃើញរូបដោយភ្នែក ហើយជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យព្ជានៈ ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែការមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធា តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការស្តាប់ និងការមើលល្បែងជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺល្បែងរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងស្តេចភារតៈ និងព្រះរាមជាដើម គងរគាំង ស្គរមានជ្រុងបួន រូបគំនូរ ល្បែងដុំដែក ល្បែករ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុណដម្បង ប្រដាល់ ចម្បាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល ទីលំនៅកងទ័ព សេនាព្យូហ៍ ទីមើលកងទ័ព ដូចនេះខ្លះ ភិក្ខុមានភ្នែកក្រឡេកមើលយ៉ាងនេះ ក៏មាន។ ភិក្ខុមានភ្នែកមិនក្រឡេកមើល តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនរឡេះរឡោះដោយភ្នែក ជាអ្នកមិនប្រកបដោយការរឡេះរឡោះដោយភ្នែក ដោយគិតថា អាត្មាអញត្រូវឃើញរបស់ដែលមិនទាន់ឃើញ ត្រូវរំលងរបស់ដែលឃើញហើយ មិនប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ អំពីឧទ្យានទៅឧទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីក្រុងទៅក្រុង អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីមើលរូបទេ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុចូលទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅសង្រួម មិនក្រឡេកមើលនូវដំរី។បេ។ មិនសំឡឹងមើលទិសតូច និងទិសធំ ដើរទៅ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុឃើញរូបដោយភ្នែក មិនកាន់យកនូវនិមិត្ត។បេ។ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ។ មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ។បេ។ ទីមើលកងទ័ព ដូចនេះខ្លះ ភិក្ខុនោះជាអ្នកវៀរស្រឡះចាកកិរិយាប្រកបរឿយ ៗ នូវការស្តាប់ និងការមើលល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម។

[២៧២] អធិប្បាយពាក្យថា មិនគប្បីរលោរលាំដោយជើង សំនួរថា ភិក្ខុអ្នករលោរលាំដោយជើង តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករលោរលាំដោយជើង ប្រកបដោយការរលោរលាំដោយជើង ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ។បេ។ ដើម្បីកិរិយាឃើញរូប ភិក្ខុអ្នករលោរលាំដោយជើង យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុជាអ្នករលោរលាំដោយជើង ប្រកបដោយការរលោរលាំដោយជើង ខាងក្នុងសង្ឃារាម ជាអ្នកមានចិត្តអណ្តែតអណ្តូង មានចិត្តមិនស្ងប់ ទៅអំពីបរិវេណ កាន់បរិវេណ មិនមែនព្រោះហេតុនៃអត្ថ មិនមែនព្រោះហេតុនៃការណ៍។បេ។ ពោលនូវកថា អំពីសេចក្តីចំរើន និងវិនាស ដូច្នេះខ្លះ ដូច្នោះខ្លះ ភិក្ខុអ្នករលោរលាំដោយជើង យ៉ាងនេះក៏មាន។ ពាក្យថា មិនគប្បីរលោរលាំដោយជើង បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវការរលោរលាំដោយជើង គប្បីជាអ្នកវៀរឆ្ងាយ វៀរចេញ វៀរស្រឡះ ចេញទៅ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ ចាកការរលោរលាំដោយជើង សម្រាន្តនៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ជាអ្នកមានការត្រេកអរក្នុងការពួនសម្ងំ ជាអ្នកត្រេកអរក្នុងការពួនសម្ងំ ជាអ្នកប្រកបនូវសេចក្តីស្ងប់ចិត្តរបស់ខ្លួន មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ជាអ្នកចំរើននូវការនៅក្នុងផ្ទះស្ងាត់ មានឈាន ត្រេកអរក្នុងឈាន ប្រកបនូវការនៅម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង។

[២៧៣] អធិប្បាយពាក្យថា គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន ត្រង់ពាក្យថា ប្រកបរឿយៗក្នុងឈាន គឺប្រកបរឿយៗក្នុងឈានដោយហេតុ ២ គឺប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងបឋមជ្ឈាន ដែលមិនទាន់កើតឲ្យកើតឡើង ឬប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលមិនទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុគប់រកដោយច្រើន ចំរើន ធ្វើឲ្យច្រើននូវបឋមជ្ឈាន ដែលកើតឡើងហើយ ឬគប់រកដោយច្រើន ចំរើន ធ្វើឲ្យច្រើននូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលកើតហើយ ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន។ ពាក្យថា ទាំងជាអ្នកភ្ញាក់រលឹកច្រើន គឺភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយអស់វេលាថ្ងៃ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំងដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយបង្អៀងខាងស្តាំ ដាក់តម្រួតជើងម្ខាងលើជើងម្ខាង មានសតិ មានសម្បជញ្ញៈ ធ្វើទុកក្នុងចិត្តនូវសញ្ញាថានឹងក្រោក អស់មជ្ឈិមយាមនៃរាត្រី ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន។

[២៧៤] ពាក្យថា គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ ត្រង់ពាក្យថា ឧបេក្ខា បានដល់ ការតាំងចិត្តជាកណ្តាល ការព្រងើយ ការសំឡឹងឆ្ពោះ ការមានចិត្តស្មើ ការមានចិត្តស្ងប់ ការមានចិត្តជាកណ្តាល ក្នុងចតុត្ថជ្ឈាន។ ពាក្យថា ជាអ្នកមានចិត្តតាំងមាំ គឺការតាំងនៅ ការឋិតនៅ ការឋិតនៅនឹង ការមិនកន្ទះរា ការមិនរវើរវាយ ការមិនរសាប់រសល់ ការស្ងប់នៃចិត្ត សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ។ ពាក្យថា គួរប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ បានសេចក្តីថា គួរប្រារព្ធឧបេក្ខា ក្នុងចតុត្ថជ្ឈាន ហើយជាអ្នកមានចិត្តមូល ក្នុងអារម្មណ៍តែមួយ មានចិត្តមិនរាយមាយ មានចិត្តមិនរសាប់រសល់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ។

[២៧៥] អធិប្បាយពាក្យថា គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ត្រង់ពាក្យថា សេចក្តីត្រិះរិះ បានដល់ សេចក្តីត្រិះរិះ ៩ គឺការត្រិះរិះកាម ការត្រិះរិះព្យាបាទ ការត្រិះរិះវិហឹសា ការត្រិះរិះញាតិ ការត្រិះរិះជនបទ ការត្រិះរិះទេវតា ការត្រិះរិះប្រកបដោយការអាណិតជនដទៃ ការត្រិះរិះប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ ការត្រិះរិះប្រកបដោយសេចក្តីមិនឲ្យគេមើលងាយ នេះ លោកហៅថា សេចក្តីត្រិះរិះទាំងប្រាំបួន។ កាមសញ្ញា ជាទីអាស្រ័យនៃកាមវិតក្កៈ ព្យាបាទសញ្ញា ជាទីអាស្រ័យនៃព្យាបាទវិតក្កៈ វិហឹសាសញ្ញា ជាទីអាស្រ័យនៃវិហឹសាវិតក្កៈ។ មួយទៀត អវិជ្ជា ជាទីអាស្រ័យ អយោនិសោមនសិការ ជាទីអាស្រ័យ អស្មិមានះ ជាទីអាស្រ័យ អនោតប្បៈ ជាទីអាស្រ័យ ឧទ្ធច្ចៈ ជាទីអាស្រ័យនៃវិតក្កៈ គឺសេចក្តីត្រិះរិះ។ ពាក្យថា កុក្កុច្ចៈ គឺកុក្កុច្ចៈ បានដល់ការរពឹសដៃក៏មាន កុក្កុច្ចៈ បានដល់ការរពឹសជើងក៏មាន កុក្កុច្ចៈ បានដល់ការរពឹសទាំងដៃទាំងជើងក៏មាន សេចក្តីសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ សេចក្តីសំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ សេចក្តីសំគាល់ថាមានទោស ក្នុងរបស់ដែលមិនមានទោស សេចក្តីសំគាល់ថាមិនមានទោស ក្នុងរបស់ដែលមានទោស សេចក្តីសង្ស័យ អាការនៃសេចក្តីសង្ស័យ ភាពនៃសេចក្តីសង្ស័យ សេចក្តីក្តៅក្រហាយនៃចិត្ត សភាវៈជាគំនូសនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះ លោកហៅថា កុក្កុច្ចៈ។ មួយទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយហេតុ ២ គឺ ភាពដែលបានធ្វើ ១ ភាពដែលមិនបានធ្វើ ១។

កុក្កុច្ចៈ គឺសេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយភាពដែលបានធ្វើ និងភាពដែលមិនបានធ្វើ តើដូចម្តេច។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា កាយទុច្ចរិត អាត្មាអញបានធ្វើ កាយសុចរិត អាត្មាអញមិនបានធ្វើទេ។ វចីទុច្ចរិត អាត្មាអញបានធ្វើ។ មនោទុច្ចរិត អាត្មាអញបានធ្វើ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា បាណាតិបាត អាត្មាអញបានធ្វើ ចេតនាជាហេតុវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ។ អទិន្នាទាន អាត្មាអញបានធ្វើ។ កាមេសុមិច្ឆាចារ អាត្មាអញបានធ្វើ។ មុសាវាទ អាត្មាអញបានធ្វើ។ បិសុណាវាចា អាត្មាអញបានធ្វើ។ ផរុសវាចា អាត្មាអញបានធ្វើ។ សម្ផប្បលាបៈ អាត្មាអញបានធ្វើ។ អភិជ្ឈា អាត្មាអញបានធ្វើ។ ព្យាបាទ អាត្មាអញបានធ្វើ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើង ដោយគិតថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្តកើតឡើង ដោយភាពដែលបានធ្វើ និងភាពដែលមិនបានធ្វើ យ៉ាងនេះ។ មួយវិញទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា អាត្មាអញជាអ្នកមិនធ្វើឲ្យបរិបូរក្នុងសីលទាំងឡាយ។ ថា អាត្មាអញជាអ្នកមិនមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ។ ថា អាត្មាអញជាអ្នកមិនស្គាល់ប្រមាណក្នុងភោជន។ ថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ថា អាត្មាអញជាអ្នកមិនប្រកបដោយសតិ និងសម្បជញ្ញៈ។ ថា អាត្មាអញមិនបានចំរើនសតិប្បដ្ឋាន ៤។ ថា អាត្មាអញមិនបានចំរើនសម្មប្បធាន ៤។ ថា អាត្មាអញមិនបានចំរើនឥទ្ធិបាទ ៤។ ថា អាត្មាអញមិនបានចំរើនឥន្រ្ទិយ ៥។ ថា អាត្មាអញមិនបានចំរើនពលៈ ៥។ ថា អាត្មាអញមិនបានចំរើនពោជ្ឈង្គ ៧។ ថា អាត្មាអញមិនបានចំរើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ថា អាត្មាអញមិនបានកំណត់ដឹងនូវទុក្ខ។ ថា អាត្មាអញមិនបានលះបង់ទុក្ខសមុទ័យ។ ថា អាត្មាអញមិនបានចំរើនមគ្គ។ កុក្កុច្ចៈ គឺសេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់នូវនិរោធទេ។ ពាក្យថា គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីតាំងនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង បានសេចក្តីថា គប្បីផ្តាច់បង់ គាស់ផ្តាច់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវការត្រិះរិះផង នូវសភាវៈជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីផ្តាច់បង់ នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីតាំងនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង។

[២៧៦] បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ គួរទំលាយចោលនូវសេចក្តីរឹងត្អឹង ចំពោះពួកសព្រហ្មចារី គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសកម្រិត មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផងទេ។

[២៧៧] អធិប្បាយពាក្យថា បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ ត្រង់ពាក្យថា ដែលគេដាស់តឿន សេចក្តីថា ឧបជ្ឈាយ៍ក្តី អាចារ្យក្តី ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នាក្តី ភិក្ខុមានអាចារ្យស្មើគ្នាក្តី មិត្តក្តី ជនដែលធ្លាប់ឃើញគ្នាក្តី ជនដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿនថា នែលោកមានអាយុ អំពើរបស់លោកនេះ មិនគួរទេ អំពើរបស់លោកនេះ មិនសមល្មមទេ អំពើរបស់លោកនេះ មិនសមគួរទេ អំពើរបស់លោកនេះ មិនមែនតាំងនៅក្នុងសីលទេ ដូច្នេះ បុគ្គលគួរប្រុងស្មារតី ហើយត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ជាប់ចិត្តនឹងការដាស់តឿននោះ។ ដូចស្រ្តី ឬបុរសដែលនៅក្មេង ជាក្រមុំកំឡោះ មានជាតិជាអ្នកប្រដាប់កាយ មានក្បាលកក់ហើយ បានកម្រងផ្កាឧប្បលក្តី កម្រងផ្កាម្លិះក្តី កម្រងផ្ការំដួលក្តី ហើយទទួលយកដោយដៃទាំងពីរ ប្រដាប់លើក្បាល ដែលជាអវយវៈដ៏ឧត្តម រួចត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ជាប់ចិត្ត យ៉ាងណា បុគ្គលគួរប្រុងស្មារតី ហើយត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្តនូវការដាស់តឿននោះ ក៏យ៉ាងនោះដែរ។

បុគ្គលបើឃើញនូវអ្នកប្រាជ្ញណា ដែលមានប្រក្រតីបង្ហាញទោស ដែលឧស្សាហ៍ពោលផ្ទញ់ផ្ទាល់ ដូចជនអ្នកបង្ហាញកំណប់ទ្រព្យ គួរតែគប់រកនូវបណ្ឌិតប្រាកដដូច្នោះ កាលបើបុគ្គលគប់រកបណ្ឌិតប្រាកដដូច្នោះ សេចក្តីល្អ រមែងកើតមាន មិនមែនជាការអាក្រក់ទេ ជនគួរទូន្មានគេ គួរប្រៀនប្រដៅគេ ទាំងគួរជួយរារាំងចាកអសប្បុរស ដ្បិតថា ជនអ្នកទូន្មានគេនោះ រមែងជាទីស្រឡាញ់នៃពួកសប្បុរស តែមិនជាទីស្រឡាញ់នៃពួកអសប្បុរសទេ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកត្រេកអរចំពោះ។

[២៧៨] ពាក្យថា គួររំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី សេចក្តីថា បុគ្គលមានសង្ឃកម្មជាមួយគ្នា មានឧទ្ទេសជាមួយគ្នា មានការសិក្សាស្មើគ្នា ឈ្មោះថា សព្រហ្មចារី។ ពាក្យថា គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី គឺគួរទំលាយចោលនូវភាពនៃចិត្តចង្អៀតចង្អល់ ភាពនៃចិត្តរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៥ ផង គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៣ ផង គួរទំលាយចោល បំបែកចោល កំទេចចោល នូវការរឹងត្អឹងដោយរាគៈ ការរឹងត្អឹងដោយទោសៈ ការរឹងត្អឹងដោយមោហៈ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី។

[២៧៩] ពាក្យថា គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសសម្រិត គឺគួរបញ្ចេញវាចា ដែលផុសផុលឡើងអំពីប្រាជ្ញា គឺថា គួរបញ្ចេញ គួរចរចា គួរស្រដីនូវវាចា ដែលប្រកបដោយអត្ថ ប្រកបដោយធម៌ តាមកាលគួរ ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត អាស្រ័យប្រយោជន៍ ហេតុនោះ (ទ្រង់ត្រាស់ថា) គួរបញ្ចេញវាចាជាកុសល។ ពាក្យថា កម្រិត ក្នុងបទថា គួរបញ្ចេញវាចាកុំឲ្យហួសកម្រិត បានដល់កម្រិត ២ គឺ កម្រិតកាល ១ កម្រិតសីល ១។

កម្រិតកាល តើដូចម្តេច។ បុគ្គលមិនគួរពោលវាចាឲ្យហួសកាល មិនគួរពោលវាចាឲ្យហួសកម្រិត មិនគួរពោលវាចាឲ្យកន្លងហួសកាល និងកម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល មិនគួរពោលវាចាដែលមិនទាន់ដល់កម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល និងកម្រិត។

ជនណា កាលបើមិនទាន់ដល់កាលគួរទេ ហើយពោលឲ្យហួសកម្រិត ជននោះ រមែងដេកជាទុក្ខ ដូចកូនតាវ៉ៅ ដែលក្អែករក្សា យ៉ាងនោះឯង។

នេះ កម្រិតកាល។

កម្រិតសីល តើដូចម្តេច។ បុគ្គលត្រេកត្រអាលហើយ មិនគួរពោលវាចា ប្រទូស្តហើយ មិនគួរពោលវាចា វង្វេងហើយ មិនគួរពោលវាចា មិនគួរពោលពាក្យកុហក មិនគួរពោលពាក្យញុះញង់ មិនគួរពោលពាក្យទ្រគោះ មិនគួរពោល មិនគួរនិយាយ មិនគួរចរចា មិនគួរពណ៌នា មិនគួរស្រដីនូវពាក្យឥតប្រយោជន៍ នេះកម្រិតសីល ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសកម្រិត។

[២៨០] ពាក្យថា មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផង ត្រង់ពាក្យថា អ្នកផង បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្យៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ បុគ្គលមិនគួរគិតគូរ មិនគួរញុំាងចេតនាឲ្យកើតឡើង មិនគួរញុំាងសេចក្តីត្រិះរិះក្នុងចិត្តឲ្យកើតឡើង មិនគួរញុំាងការធ្វើទុកក្នុងចិត្តឲ្យកើតឡើង អំពីវាទៈ ការពោលបង្អាប់ ការនិន្ទា ការបន្តុះបង្អាប់ ការតិះដៀល ការនាំទោសរបស់ជន ព្រោះសីលវិបត្តិក្តី ព្រោះអាចារវិបត្តិក្តី ព្រោះទិដ្ឋិវិបត្តិក្តី ព្រោះអាជីវវិបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរបញ្ចេញវាចាជាកុសលកុំឲ្យហួសកម្រិត មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផងទេ។

[២៨១]

មួយទៀត ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។

[២៨២] ពាក្យថា មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ជំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យរួបរួមអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា មួយទៀតនុ៎ះ ជាលំដាប់នៃបទ។ តម្រេកក្នុងរូប ១ តម្រេកក្នុងសំឡេង ១ តម្រេកក្នុងក្លិន ១ តម្រេកក្នុងរស ១ តម្រេកក្នុងផ្សព្វ ១ ឈ្មោះថា ធូលី ៥។ មួយទៀត

ធូលី គឺរាគៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃរាគៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី។

ធូលី គឺទោសៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃទោសៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនា នៃព្រះពុទ្ធដែលប្រាសចាកធូលី។

ធូលី គឺមោហៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃមោហៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី។

ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក។

[២៨៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ត្រង់ពាក្យថា នូវធូលីទាំងឡាយណា គឺនូវតម្រេកក្នុងរូប តម្រេកក្នុងសំឡេង តម្រេកក្នុងក្លិន តម្រេកក្នុងរស តម្រេកក្នុងផ្សព្វ។ ពាក្យថា មានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ ការរលឹកចំពោះ ការនឹកឃើញ ការភ្នកឃើញ ការចាំទុក ការមិនភាន់ច្រឡំ ការមិនភ្លេចសតិ ឥន្រ្ទិយគឺសតិ កំឡាំងគឺសតិ ការរលឹកប្រពៃ សម្ពោជ្ឈង្គគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯងឯណា នេះ លោកហៅថា ស្មារតី។ ភិក្ខុណា ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម បរិបូណ៌ដោយស្មារតីនេះ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី។ ពាក្យថា គួរសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ អធិសីលសិក្ខា តើដូចម្តេច។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា បានសេចក្តីថា បុគ្គលអ្នកមានស្មារតី គួរសិក្សាអធិសីលផង គួរសិក្សាអធិចិត្តផង គួរសិក្សាអធិប្បញ្ញាផង គប្បីនឹករំពឹងសិក្សា គប្បីដឹងសិក្សា។បេ។ គប្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា គប្បីប្រព្រឹត្ត ប្រព្រឹត្តដោយប្រពៃ ប្រព្រឹត្តសមាទាននូវសិក្សាទាំង ៣ នេះ ដើម្បីកិរិយានាំចេញ ការបន្ទោបង់ ការលះបង់ ការរម្ងាប់ ការរលាស់ចេញ ការកំចាត់បង់ នូវតម្រេកក្នុងរូប តម្រេកក្នុងសំឡេង តម្រេកក្នុងក្លិន តម្រេកក្នុងរស តម្រេកក្នុងផ្សព្វឯណា ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា។

[២៨៤] ពាក្យថា គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ គឺ គួរសង្កត់សង្កិន គ្របសង្កត់ រឹបជាន់ ស្រំពន្លិច ជាន់កំទេច ញំាញី នូវតម្រេកក្នុងរូប សំឡេង ក្លិន រស ផ្សព្វទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មួយទៀត ភិក្ខុមានស្មារតី គួរសិក្សា ដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។

[២៨៥] ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន។

[២៨៦] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ត្រង់ពាក្យថា ក្នុងអារម្មណ៍ទាំងនុ៎ះ គឺក្នុងរូប សំឡេង ក្លិន រស និងផ្សព្វ។ ពាក្យថា សេចក្តីប្រាថ្នា បានដល់ សេចក្តីប្រាថ្នាគឺកាម តម្រេកគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម ស្នេហាគឺកាម ការក្តៅក្រហាយគឺកាម ការជ្រប់គឺកាម ការលិចលង់គឺកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ។ ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ គឺគប្បីនាំចេញ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ។

[២៨៧] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះល្អ ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ។ ពាក្យថា ជាអ្នកមានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ។បេ។ ការរលឹកដោយប្រពៃ សម្ពោជ្ឈង្គៈគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង នេះ លោកហៅថា ស្មារតី។ ភិក្ខុប្រកបដោយស្មារតីនេះ។។បេ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាអ្នកមានស្មារតី។ ពាក្យថា មានចិត្តផុតស្រឡះល្អ សេចក្តីថា ចិត្តរបស់ភិក្ខុចូលបឋមជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកនីវរណៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលទុតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកវិតក្កៈ និងវិចារៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលតតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកបីតិ ចិត្តរបស់ភិក្ខុចូលចតុត្ថជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសុខ និងទុក្ខទាំងឡាយ ចិត្តរបស់ភិក្ខុចូលអាកាសានញ្ចាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុចូលវិញ្ញាណញ្ចាយតនៈ ជាចិត្ត (ផុត) ចាកអាកាសានញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុចូលអាកិញ្ចញ្ញាយតនៈ ជាចិត្ត (ផុត) ចាកវិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុចូលនេវសញ្ញានាសញ្ញាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់ភិក្ខុជាសោតាបន្ន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងកិលេសទាំងឡាយ ដែលនៅជាមួយនឹងសំយោជនៈនោះ ចិត្តរបស់ភិក្ខុដែលជាសកទាគាមិ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត និងកិលេសទាំងឡាយដែលតាំងនៅជាមួយសំយោជនៈនោះ ចិត្តរបស់ភិក្ខុជាអនាគាមិ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត និងកិលេសទាំងឡាយដែលតាំងនៅជាមួយអនុស័យនោះ ចិត្តរបស់ភិក្ខុជាអរហន្ត ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ និងកិលេសទាំងឡាយ ដែលតាំងនៅជាមួយអនុស័យនោះ និងនិមិត្តទាំងពួងឰដ៏ខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះល្អ។

[២៨៨] អធិប្បាយពាក្យថា ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ត្រង់ពាក្យថា តាមកាលគួរ គឺកាលបើចិត្តរាយមាយ នេះជាកាលគួរដល់សមថៈ កាលបើចិត្តតាំងមាំ នេះជាកាលគួរដល់វិបស្សនា។

ព្រះយោគី ជាអ្នកឈ្លាសវៃក្នុងកាល តែងផ្គងចិត្តក្នុងកាលគួរ មួយទៀត តែងសង្កត់សង្កិនចិត្ត ក្នុងកាលដទៃ តែងពង្រីកពង្រាយចិត្តក្នុងកាលគួរ តែងតាំងចិត្តឲ្យមាំ ក្នុងកាលគួរ តែងព្រងើយកន្តើយក្នុងកាលគួរ ការគួរផ្គង (ចិត្ត) ក្នុងកាលដូចម្តេច ការគួរសង្កត់សង្កិន (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីពង្រីកពង្រាយ (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីធ្វើនូវសមថៈ តើដូចម្តេច ព្រះមានព្រះភាគ សំដែងនូវកាលគួរដល់ការព្រងើយនៃចិត្តរបស់ព្រះយោគី ដោយប្រការដូចម្តេច ការគួរផ្គងក្នុងកាលចិត្តរួញរា ការគួរសង្កត់សង្កិន ក្នុងកាលចិត្តរាយមាយ ព្រះយោគីគួរពង្រីកពង្រាយចិត្ត ដែលគ្មានសេចក្តីរីករាយក្នុងខណៈនោះឯង កាលណាចិត្តរីករាយ មិនរួញរា មិនរវើរវាយ កាលនោះ ជាកាលគួរដល់សមថៈ ព្រះយោគីគួរធ្វើចិត្តឲ្យរីករាយខាងក្នុង កាលណាចិត្តតាំងមាំដោយឧបាយនុ៎ះយ៉ាងនេះ កាលនោះ ព្រះយោគីគួរធ្វើចិត្តដែលតាំងមាំ ឲ្យព្រងើយកន្តើយ ដោយប្រាជ្ញា អ្នកប្រាជ្ញជាអ្នកដឹងកាល ស្គាល់កាល ឈ្លាសវៃក្នុងកាល គួរកំណត់នូវនិមិត្តនៃចិត្តសព្វកាល យ៉ាងនេះ។

ពាក្យថា ភិក្ខុនោះកាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ បានសេចក្តីថា ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងមិនទៀង ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងជាទុក្ខ ពិចារណាធម៌ដោយប្រពៃថា ធម៌ទាំងពួងមិនមែនខ្លួន។បេ។ ពិចារណាធម៌ដោយប្រពៃថា ធម្មជាតណាមួយ មានកិរិយាកើតជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ។

[២៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះនឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹត ត្រង់ពាក្យថា ជាអ្នកមានចិត្តខ្ពស់ឯក គឺមានចិត្តប្រសើរតែមួយ មានចិត្តមិនរាយមាយ មានចិត្តមិនកន្ទះរា ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានចិត្តខ្ពស់ឯក។ ពាក្យថា ភិក្ខុនោះនឹងកំចាត់បង់នូវងងឹត គឺនឹងសម្លាប់ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់ នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត ធម្មជាតជាគ្រឿងធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើឲ្យរលត់ប្រាជ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន។ ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោលដោយគោរព។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់រាគៈ។ ព្រះមានថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទោសៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មោហៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មានះ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទិដ្ឋិ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់បន្លាគឺកាមគុណ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់កិលេស។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ចែក ញែក រំលែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ធ្វើនូវទីបំផុតនៃភព។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចំរើនកាយ គឺរូប និងនាម។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចំរើនសីល ព្រោះទ្រង់បានចំរើនចិត្ត ព្រោះទ្រង់បានចំរើនប្រាជ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់បានគប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ មានសម្លេងតិច មានការគឹកកងតិច ប្រាសចាកខ្យល់កាយនៃជន គួរដល់អំពើស្ងាត់របស់មនុស្ស សមគួរដល់កិរិយាពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ និងអរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ និងអនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និងអសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ មួយវិញទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគ នេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្ត និងអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយទេ ឯព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានជោគ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបាននូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ។

ចប់ សារីបុត្តសុត្តនិទ្ទេស ទី១៦។

ចប់ សុត្តនិទ្ទេសទាំង ១៦ ក្នុងអដ្ឋកវគ្គ។

ចប់ ភាគ ៦៦។

 

លេខយោង


1)
អរិយដ្ឋង្គិកមគ្គ។
km/tipitaka/sut/kn/man/random.txt · ពេលកែចុងក្រោយ: 2022/05/27 09:12 និពន្ឋដោយ Johann