តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » មហានិទេ្ទស »
ការពន្យល់លម្អិតនៃ កាមសូត្រ។
sut kn man 01 បាលី cs-km: sut.kn.man.01 អដ្ឋកថា: sut.kn.man.01_att PTS: ?
កាមសុត្តនិទ្ទេស ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. កាមសុត្តនិទ្ទេសោ)
[១] (ព្រះមានព្រះភាគត្រាស់ថា) កាលសត្វបា្រថ្នាកាម បើវត្ថុនោះសម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត (ព្រោះ) សត្វបា្រថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ)។
[២] ពាក្យថា កាម ក្នុងពាក្យថា កាលសត្វបា្រថ្នាកាមដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។
ពួកវត្ថុកាម ដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ បា្រក់មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែលគួរត្រេកអរណាមួយ ឈ្មោះថា វត្ថុកាម។ មួយទៀត កាមទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត កាមទាំងឡាយជាបច្ចុប្បន្ន កាមទាំងឡាយជាខាងក្នុង កាមទាំងឡាយជាខាងក្រៅ កាមទាំងឡាយទាំងខាងក្នុងទាំងខាងក្រៅ កាមទាំងឡាយថោកទាប កាមទាំងឡាយជាកណ្តាល កាមទាំងឡាយដ៏ខ្ពង់ខ្ពស់ កាមទាំងឡាយមានក្នុងអបាយ កាមទាំងឡាយមានក្នុងមនុស្ស កាមទាំងឡាយជាទិព្វ កាមទាំងឡាយដែលតាំងឡើងឯង កាមទាំងឡាយដែលខ្លួននិមិ្មត កាមទាំងឡាយដែលអ្នកដទៃនិមិ្មត កាមទាំងឡាយដែលបុគ្គលហួងហែង កាមទាំងឡាយ ដែលបុគ្គលមិនបានហួងហែង កាមទាំងឡាយ ដែលបុគ្គលរាប់អានថា ជារបស់អញ កាមទាំងឡាយដែលបុគ្គលមិនរាប់អានថា ជារបស់អញ ពួកធម៌ជាកាមាវចរទាំងអស់ក្តី ពួកធម៌ជារូបាវចរទាំងអស់ក្តី ពួកធម៌ជាអរូបាវចរទាំងអស់ក្តី ដែលជាវត្ថុនៃតណ្ហា ជាអារម្មណ៍នៃតណ្ហា ឈ្មោះថា កាម ដោយអត្ថថា គួរបា្រថ្នា ដោយអត្ថថា គួរត្រេកអរ ដោយអត្ថថា គួរស្រវឹង ទាំងនេះហៅថា វត្ថុកាម។
ពួកកិលេសកាម ដូចម្តេច។ សេចក្តីបា្រថ្នា ឈ្មោះថាកាម សេចក្តីត្រេកអរ ឈ្មោះថា កាម សេចក្តីត្រេកអរដ៏មានកម្លាំង ឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថាកាម តម្រេកដោយការត្រិះរិះ ឈ្មោះថាកាម បានដល់សេចក្តីបា្រថ្នាក្នុងកាម ក្នុងកាមទាំងឡាយ សេចក្តីត្រេកអរក្នុងកាម សេចក្តីរីករាយក្នុងកាម តណ្ហាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា)
នែកាម តថាគត បានឃើញឫសគល់របស់អ្នកហើយ នែកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទេ នែកាម អ្នកនឹងមិនមានយ៉ាងនេះទេ។
ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា កាលសត្វបា្រថ្នាកាម គឺកាលត្រូវការ កាលចង់បាន កាលត្រេកអរ កាលតាំងទុក កាលស្រឡាញ់ កាលជាប់ចំពាក់ ចំពោះកាម ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វបា្រថ្នាកាម។
[៣] អធិប្បាយពាក្យថា បើវត្ថុនោះ សម្រេចដល់សត្វនោះ ត្រង់ពាក្យថា បើ… ដល់សត្វនោះ គឺដល់សត្វនោះ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថាវត្ថុនោះ លោកសំដៅយកវត្ថុកាម គឺរូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត។ ពាក្យថា សម្រេច គឺស្រេច ស្រេចបាច់ បាន បានចំពោះ បានស៊ប់ បានប្រទះ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើវត្ថុនោះសម្រេចដល់សត្វនោះ។
[៤] អធិប្បាយពាក្យថា សត្វរមែងមានចិត្តប្រកបដោយបីតិពិត ត្រង់ពាក្យថា ពិត គឺជាពាក្យប្រាប់សេចក្តីដោយដាច់ខាត ប្រាប់សេចក្តីដោយមិនមានសង្ស័យ ប្រាប់សេចក្តីមិនមានងឿងឆ្ងល់ ប្រាប់ដំណើរមិនមានពីរ ប្រាប់ហេតុមិនបែកជាពីរ ប្រាប់ការប្រកបដោយទៀងទាត់ ប្រាប់ហេតុមិនខុស ពាក្យថាពិតនុ៎ះ ជាពាក្យប្រាប់សេចក្តីកំណត់។ ពាក្យថា បីតិ បានដល់ បីតិ ភាពនៃចិត្តរីករាយ ការរីករាយទួទៅ ការរីករាយសព្វគ្រប់ សេចក្តីស្រស់ស្រាយ សេចក្តីស្រស់ស្រាយសព្វគ្រប់ សេចក្តីត្រេកអរ សេចក្តីពេញចិត្ត ភាពនៃចិត្តអបអរ ភាពនៃចិត្តត្រេកត្រអាល ភាពនៃចិត្តដ៏ពេញលេញក្រៃលែង ដែលប្រកបដោយកាមគុណ ៥។ ពាក្យថា ចិត្ត គឺចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលសមគួរដល់ធម៌ មានផស្សៈជាដើមនោះណា នេះលោកហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយ កើតជាមួយ ច្រឡំ ប្រកប មានការកើតឡើងក្នុងទីជាមួយ មានការរលត់ក្នុងទីមួយ មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ជាមួយនឹងបីតិនេះ។ ពាក្យថា មានចិត្តប្រកបដោយបីតិ គឺមានចិត្តត្រេកអរ មានចិត្តរីករាយ មានចិត្តរីករាយខ្លាំង មានចិត្តជារបស់ខ្លួន មានចិត្តខ្ពស់ មានចិត្តស្រស់ស្រាយ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) មានចិត្តប្រកបដោយបីតិពិត។
[៥] អធិប្បាយពាក្យថា សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ) ត្រង់ពាក្យថា បាន គឺបានហើយ បានរួចហើយ បានស៊ប់ហើយ បានសម្រេចហើយ បានប្រាកដហើយ។ ពាក្យថា សត្វ គឺសត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា សត្វប្រាថ្នានូវវត្ថុណា គឺសត្វប្រាថ្នាវត្ថុណា ត្រេកអរវត្ថុណា កួចកាន់វត្ថុណា ស្រឡាញ់វត្ថុណា ជាប់ចំពាក់ចំពោះវត្ថុណា ទោះជារូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ)។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
កាលសត្វប្រាថ្នាកាម បើវត្ថុនោះសម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត (ព្រោះ) សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ)។
[៦] បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុងប្រាថ្នាកាមទាំងឡាយនោះ សាបសូន្យទៅវិញ សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត។
[៧] អធិប្បាយពាក្យថា បើកាលសត្វនោះកំពុងប្រាថ្នា ត្រង់ពាក្យថា បើកាលសត្វនោះ គឺកាលសត្វនោះទោះជាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី វេស្យៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថាកំពុងប្រាថ្នា គឺកំពុងត្រូវការ កំពុងចង់បាន កំពុងត្រេកអរ កំពុងតាំងទុក កំពុងស្រឡាញ់ កំពុងជាប់ចំពាក់។ មួយទៀត សត្វរមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ តាមកាមតណ្ហា។ បុគ្គលតែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយយានដំរី យានសេះ យានគោ យានពពែ យានចៀម យានឱដ្ឋ ឬយានលា យ៉ាងណា សត្វរមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយកាមតណ្ហា យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើកាលសត្វនោះកំពុងប្រាថ្នា។
[៨] ពាក្យថា ឆន្ទៈ ក្នុងពាក្យថា កាលសត្វមានឆន្ទៈកើតហើយ គឺសេចក្តីប្រាថ្នាក្នុងកាម សេចក្តីត្រេកអរក្នុងកាម សេចក្តីរីករាយក្នុងកាម តណ្ហាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយណា កាមច្ឆន្ទៈនោះ របស់សត្វនោះ ជាសភាពកើតហើយ កើតព្រមហើយ កើតឡើងហើយ កើតចំពោះហើយ កើតប្រាកដហើយ។ ពាក្យថា កាលសត្វ គឺកាលសត្វ ជន មាណព បុរស បុគ្គល ជីវសត្វ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វមានឆន្ទៈកើតហើយ។
[៩] ពាក្យថា កាមទាំងឡាយនោះសាបសូន្យទៅ អធិប្បាយថា កាមទាំងឡាយនោះ សាបសូន្យ ឬសត្វនោះសាបសូន្យចាកកាមទាំងឡាយ។
កាមទាំងឡាយនោះ សាបសូន្យដោយប្រការដូចម្តេច។ ព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយនោះ របស់សត្វនោះ ដែលកំពុងរស់នៅ ឬពួកចោរនាំយកទៅ ឬភ្លើងឆេះ ឬទឹកបន្សាត់យកទៅ ឬញាតិសាច់មិនជាទីគាប់ចិត្តដណ្តើមយក ឬសត្វនោះ មិនបានកំណប់ដែលខ្លួនកប់ទុក ការងារទាំងឡាយ ដែលប្រកបខុសទំនង ខូចខាតទៅ បុគ្គលសម្លាប់ត្រកូល កើតឡើងក្នុងត្រកូល បុគ្គលណា (ជាខាងក្រោយ) ខ្ជះខ្ជាយ បំផ្លាញ កំចាត់បង់នូវភោគៈទាំងនោះ បុគ្គលនោះឈ្មោះថា អ្នកមានសេចក្តីវិនាស ព្រោះភាពនៃការមិនទៀង កាមទាំងឡាយនោះ សាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ លះបង់ បាត់បង់ រលាយ រលត់ទៅយ៉ាងនេះ។
បុគ្គលនោះ សាបសូន្យចាកកាមទាំងឡាយ ដោយប្រការដូចម្តេច។ ភោគៈទាំងឡាយនោះ ឋិតនៅ តែបុគ្គលនោះ ឃ្លាត ស្លាប់ អន្តរធាន វិនាសទៅ បុគ្គលនោះ ឈ្មោះថាសាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ បាត់បង់ អន្តរធាន វិនាសទៅយ៉ាងនេះ។
ចោរទាំងឡាយ ព្រះរាជាទាំងឡាយ នាំយកទ្រព្យទៅ ភ្លើងឆេះទ្រព្យ ប្រយោជន៍វិនាសទៅ បុគ្គលលះបង់សរីរៈ ព្រមទាំងរបស់ដែលហួងហែងដោយមរណៈ អ្នកប្រាជ្ញ ជ្រាបសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង លុះបានឲ្យទាន និងបរិភោគ តាមសមគួរដល់អានុភាពហើយ រមែងជាបុគ្គលដែលមិនត្រូវគេនិន្ទា ហើយចូលទៅកាន់ឋានសួគ៌។
កាមទាំងឡាយនោះ ឈ្មោះថា រមែងសាបសូន្យ។
[១០] ពាក្យថា សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត គឺសត្វដែលត្រូវព្រួញដែកមុត ឬត្រូវព្រួញឆ្អឹង ត្រូវព្រួញភ្លុក ត្រូវព្រួញស្នែង ឬត្រូវព្រួញឈើមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងណា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ រមែងកើតឡើងព្រោះប្រែប្រួល ព្រាត់ប្រាសចាកវត្ថុកាមទាំងឡាយ បុគ្គលនោះ ត្រូវព្រួញគឺកាមមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្តៅក្រហាយដូចត្រូវព្រួញមុត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុងប្រាថ្នា កាមទាំងឡាយនោះ សាបសូន្យទៅវិញ សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត។
[១១] បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះ ក្នុងលោក។
[១២] អធិប្បាយពាក្យថា បុគ្គលណា វៀរកាមទាំងឡាយ ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់ឋានៈណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា កាមទាំងឡាយ ក្នុងពាក្យថា វៀរកាមទាំងឡាយដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះលោកហៅថា វត្ថុកាម។បេ។ ទាំងនេះលោកហៅថា កិលេសកាម។ ត្រង់ពាក្យថា វៀរកាមទាំងឡាយ គឺបុគ្គលវៀរកាមទាំងឡាយដោយហេតុ ២ គឺដោយកិរិយាសង្កត់សង្កិន ឬដោយការផ្តាច់ផ្តិល។
បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន តើដូចម្តេច។ បុគ្គលកាលឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តីត្រេកអរតិច ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ដល់សត្វ មានប្រមាណច្រើន ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ស្មៅ ដោយសេចក្តីថា ដុតកំដៅរឿយ ៗ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយសេចក្តីថា មានកិរិយាក្តៅរោលរាលខ្លាំង ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចការយល់សប្តិ ដោយសេចក្តីថា មានកិរិយាតាំងឡើងដ៏ផ្តេសផ្តាស ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរបស់ដែលខ្ចីគេ ដោយសេចក្តីថា ជារបស់ប្រព្រឹត្តទៅមួយដងមួយកាលប៉ុណ្ណោះ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចឈើមានផ្លែ ដោយសេចក្តីថា មានកិរិយាបាក់ខ្ទេចខ្ទី ឬបាក់ដាច់អស់ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចកាំបិត និងជ្រញ់ ដោយសេចក្តីថា ដាច់រេចរិល ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចមុខលំពែង ដោយសេចក្តីថា ចាក់ទម្លុះ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់វែក ដោយសេចក្តីថា ប្រកបដោយភ័យចំពោះមុខ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគំនរភ្លើង ដោយសេចក្តីថា ក្តៅ រោលរាលដោយភ្លើងធំ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន។ បុគ្គលកំពុងចំរើនពុទ្ធានុស្សតិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កំពុងចំរើនធម្មានុស្សតិក្តី កំពុងចំរើនសង្ឃានុស្សតិក្តី កំពុងចំរើនសីលានុស្សតិក្តី កំពុងចំរើនចាគានុស្សតិក្តី កំពុងចំរើនទេវតានុស្សតិក្តី កំពុងចំរើនអានាបានុស្សតិក្តី កំពុងចំរើនមរណានុស្សតិក្តី កំពុងចំរើនកាយគតាសតិក្តី កំពុងចំរើនឧបសមានុស្សតិក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន។ បុគ្គលកំពុងចំរើនបឋមជ្ឈានក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន។ កំពុងចំរើនទុតិយជ្ឈានក្តី កំពុងចំរើនតតិយជ្ឈានក្តី កំពុងចំរើនចតុត្ថជ្ឈានក្តី កំពុងចំរើនអាកាសានញ្ចាយតនសមាបត្តិក្តី កំពុងចំរើនវិញ្ញាណញ្ចាយតនសមាបត្តិក្តី កំពុងចំរើនអាកិញ្ចញ្ញាយតនសមាបត្តិក្តី កំពុងចំរើននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន។ បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិនយ៉ាងនេះ។
បុគ្គលវៀរកាមដោយការផ្តាច់ផ្តិល តើដូចម្តេច។ បុគ្គលកាលចំរើនសោតាបត្តិមគ្គក្តី ឈ្មោះថា វៀរកាមដែលជាហេតុទៅកាន់អបាយ ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនសកទាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏គ្រោតគ្រាត ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនអនាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏លិ្អត ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនអរហត្តមគ្គក្តី ឈ្មោះថា វៀរកាមដោយសព្វគ្រប់ គ្រប់ទាំងអស់ មិនមានសេសសល់ ឥតសេសសល់ ដោយកិរិយាផ្តាច់ផ្តិល។ បុគ្គលវៀរកាមដោយការផ្តាច់ផ្តិលយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណាវៀរកាមទាំងឡាយ។
[១៣] ពាក្យថា ដូចបុគ្គលវៀរក្បាលពស់ដោយជើង អធិប្បាយថា អហិសត្វ លោកហៅថា ពស់។ ដែលហៅថា ពស់ ដោយសេចក្តីដូចម្តេច។ សត្វណាលូនទៅ ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាពត់ពេន ហេតុនោះ សត្វនោះឈ្មោះថា ភុជគៈ។ សត្វណាទៅដោយទ្រូង ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាមានក្បាលឱនរាប ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាលូនទៅដោយក្បាល ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាដេកក្នុងរន្ធ ហេតុនោះ សត្វនោះឈ្មោះថា វិលាស័យ។ សត្វណាដេកក្នុងគុហា ហេតុនោះ សត្វនោះឈ្មោះថា គុហាស័យ។ សត្វនោះមានចង្កូមជាអាវុធ ហេតុនោះ សត្វនោះឈ្មោះថា ទាឍាវុធ។ សត្វនោះមានពិសដ៏ពន្លឹក ហេតុនោះ សត្វនោះឈ្មោះថា ឃោរវិសៈ។ សត្វនោះមានអណ្តាតពីរ ហេតុនោះ សត្វនោះឈ្មោះថា ទុជិវា្ហ។ សត្វណាជញ្ជក់រស ដោយអណ្តាតពីរ ហេតុនោះ សត្វនោះឈ្មោះថា ទិរសញ្ញូ។ បុរសអ្នកចង់រស់ មិនចង់ស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ គួរវៀរ គួរចៀសចេញ គួរគេចចេញ គួរវៀរស្រឡះចេញនូវក្បាលពស់ដោយជើង យ៉ាងណា បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ គួរវៀរ គួរចៀសចេញ គួរគេចចេញ គួរវៀរស្រឡះចេញនូវកាមទាំងឡាយ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចបុគ្គលវៀរក្បាលពស់ដោយជើង។
[១៤] អធិប្បាយពាក្យថា បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះក្នុងលោក ត្រង់ពាក្យថា បុគ្គលនោះ គឺបុគ្គលដែលវៀរកាម។ តណ្ហា លោកហៅថា វិសត្តិកា បានដល់តម្រេក តម្រេកមានកំឡាំង សេចក្តីកួចកាន់ សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីរីករាយក្នុងតម្រេក តម្រេកមានកំឡាំងរបស់ចិត្ត សេចក្តីប្រាថ្នា សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ កិលេសជាគ្រឿងជាប់ កិលេសដូចភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញ៉ាំសត្វឲ្យកើត គ្រឿងញុំាងទុក្ខឲ្យកើត គ្រឿងចាក់ស្រេះ កិលេសជាតិដូចជាបណ្តាញ កិលេសជាតិហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ គ្រឿងញ៉ាំងអាយុឲ្យវិនាស តណ្ហាជាគំរប់ពីរ គ្រឿងតម្កល់ទុក គ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច ការស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងបុត្រ បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្តប្រាថ្នាក្រៃពេក តម្រេកខុសគន្លងធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាគ្រប់យ៉ាង កាមតណ្ហា ភវតណ្ហា វិភវតណ្ហា រូបតណ្ហា អរូបតណ្ហា និរោធតណ្ហា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា អន្លង់ គ្រឿងប្រកបទុក គ្រឿងចាក់ស្រេះ គ្រឿងប្រកាន់ទុក កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកនៅរឿយ ៗ កិរិយាស្ទាក់ វល្លិ គឺតណ្ហា សេចក្តីប្រាថ្នាផ្សេង ៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ដែនកើតនៃទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹង គឺតណ្ហា បណ្តាញ គឺតណ្ហា ដងដោយ គឺតណ្ហា សមុទ្ទ គឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។
សំនួរត្រង់ពាក្យថា វិសត្តិកា តើវិសត្តិកា ដោយសេចក្តីដូចម្តេច។ តណ្ហាណា ផ្សាយទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ដ៏ទូលាយ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ជ្រួតជ្រាបទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា អត់ទ្រាំ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ប្រមូលផ្សេង ៗ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ញុំាងសត្វឲ្យពោលខុស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានឫសគល់ជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានផ្លែជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានគ្រឿងបរិភោគជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ មួយទៀត តណ្ហានោះ ជាកិលេសជាតិទូលាយ បាចសាចទៅ ផ្សាយទៅក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ក្នុងត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាមធាតុ រូបធាតុ អរូបធាតុ ក្នុងកាមភព រូបភព អរូបភព ក្នុងសញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ន ក្នុងអារម្មណ៍ទាំងឡាយដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។
ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។
ពាក្យថា ជាអ្នកមានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាងគឺ មានសតិ កាលចំរើនកាយានុបស្សនាសតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនាទាំងឡាយ ក្នុងចិត្ត មានសតិ កាលចំរើនធម្មានុបស្សនាសតិប្បដ្ឋាន ក្នុងធម៌ទាំងឡាយ។ មានសតិ ដោយហេតុ ៤ យ៉ាងទៀត គឺមានសតិ ដោយការវៀរចាកកាមមិនមានសតិ មានសតិដោយការបានធ្វើធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើដោយសតិ មានសតិ ដោយការបានកំចាត់នូវធម៌ទាំងឡាយ ជាទំនាស់ដល់សតិ មានសតិដោយការមិនភ្លេចភ្លាំងនូវធម៌ទាំងឡាយ ជានិមិត្តរបស់សតិ។ មានសតិដោយហេតុ ៤ យ៉ាងទៀត គឺមានសតិដោយការបាន ប្រកបដោយសតិ មានសតិព្រោះជាអ្នកស្ទាត់ក្នុងសតិ មានសតិព្រោះជាអ្នកថ្នឹកក្នុងសតិ មានសតិព្រោះជាអ្នកមិនឃ្លៀងឃ្លាតចាកសតិ។ មានសតិដោយហេតុ ៤ យ៉ាងផ្សេងទៀត គឺមានសតិព្រោះជាអ្នកមានស្មារតី មានសតិព្រោះជាអ្នកស្ងប់ មានសតិព្រោះជាអ្នករម្ងាប់ មានសតិព្រោះជាអ្នកប្រកបដោយសប្បុរិសធម៌។ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះពុទ្ធ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះធម៌ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះសង្ឃ មានសតិព្រោះការរលឹករឿយៗ ចំពោះសីល មានសតិព្រោះការរលឹករឿយ ៗ ចំពោះការលះ មានសតិព្រោះការរលឹករឿយ ៗ ចំពោះគុណធម៌នៃទេវតា មានសតិព្រោះការរលឹករឿយ ៗ ចំពោះខ្យល់ដង្ហើមចេញចូល មានសតិព្រោះការរលឹករឿយ ៗ ចំពោះមរណៈ មានសតិព្រោះការរលឹករឿយ ៗ ចំពោះកាយ មានសតិព្រោះការរលឹករឿយ ៗ ចំពោះឧបសមៈ គឺនិព្វាន។ កិរិយារលឹក រលឹករឿយ ៗ រលឹកចំពោះ ឈ្មោះថាសតិ ភាពនៃកិរិយារលឹក ភាពនៃកិរិយាចាំទុក ភាពនៃកិរិយាមិនភ្លេចភ្លាំង ភាពនៃកិរិយាមិនវង្វេង ឈ្មោះថាសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ឯកាយនមគ្គ (ផ្លូវជាទីប្រព្រឹត្តទៅនៃបុគ្គលម្នាក់ឯង) នេះលោកហៅថា សតិ។ បុគ្គលណា កៀកកើយ អែបនែប ចូលទៅជិត ចូលផ្តេកផ្តិត មូលមិត្រ បរិបូណ៌ប្រកបដោយសតិនេះ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី។
ពាក្យថា បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះ ក្នុងលោក សេចក្តីថា តណ្ហាឈ្មោះវិសត្តិកាណាក្នុងលោក បុគ្គលមានស្មារតី រមែងឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវតណ្ហា ឈ្មោះវិសត្តិកានេះក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក។
[១៥] ជនណា ប្រាថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន។
[១៦] អធិប្បាយពាក្យថា ស្រែ ទីកន្លែង បា្រក់ ត្រង់ពាក្យថា ស្រែ គឺ ស្រែស្រូវសាលី ស្រែស្រូវធម្មតា ចម្ការសណ្តែកបាយ ចម្ការសណ្តែករាជមាស ស្រែស្រូវដំណើប ស្រែស្រងែ ចម្ការល្ង។ ពាក្យថា ទីកន្លែង គឺទីផ្ទះ ទីជង្រុក ទីមុខ (ផ្ទះ) ទីក្រោយ (ផ្ទះ) ទីសួន ទីកន្លែងនៅ។ កហាបណៈ លោកហៅថា បា្រក់ ក្នុងបទថា បា្រក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រែ ទីកន្លែង បា្រក់។
[១៧] ពាក្យថា គោ សេះ ទាសៈ និងពួកបុរស អធិប្បាយថា គោទាំងឡាយ លោកហៅថា គោ។ ពួកសត្វ មានសត្វចិញ្ចឹមជាដើម លោកហៅថា សេះ។ ពាក្យថា ទាសៈ បានដល់ខ្ញុំ ៤ ពួក គឺខ្ញុំដែលកើតខាងក្នុងផ្ទះ1) ១ ខ្ញុំដែលលោះដោយទ្រព ១ បុគ្គលដែលចូលមកជាខ្ញុំដោយខ្លួនឯង ១ បុគ្គលដែលមិនមានបា្រថ្នា តែចូលមកជាខ្ញុំ2) ១។
បុគ្គលពួកមួយ ជាខ្ញុំកើតអំពីទាសី ក៏មាន ជាខ្ញុំដែលគេលោះដោយទ្រព្យ ក៏មាន បុគ្គលពួកមួយ ចូលមកជាខ្ញុំដោយខ្លួនឯង ក៏មាន បុគ្គលដែលត្រូវភ័យគ្របសង្កត់មកធ្វើជាខ្ញុំ ក៏មាន។
ពាក្យថាពួកបុរស បានដល់បុរស ៣ ពួក គឺអ្នករាជការ ១ កម្មករ ១ អ្នកជំនួញ ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គោ សេះ ទាសៈ និងពួកបុរស។
[១៨] ពាក្យថា ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន អធិប្បាយថា ស្រ្តីជាភរិយា លោកហៅថា ស្រ្តី។ ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺផៅពង្សជាប់ដោយញាតិ ១ ផៅពង្សជាប់ដោយគោត្រ ១ ផៅពង្សជាប់ដោយមន្ត ១3) ផៅពង្សជាប់ដោយសិល្បសាស្រ្ត ១។4) ពាក្យថា កាមទាំងឡាយច្រើន គឺកាមមានប្រមាណច្រើន។ កាមមានប្រមាណច្រើននុ៎ះ គឺរូបទាំងឡាយ ជាទីគាប់ចិត្ត។បេ។ ផ្សព្វទាំងឡាយជាទីគាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រ្តី ផៅពង្ស កាមទាំងឡាយច្រើន។
[១៩] អធិប្បាយពាក្យថា ជនណាបា្រថ្នារឿយៗ ត្រង់ពាក្យថា ជនណា គឺបុគ្គលណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈណា ប្រកបដោយធម៌ណា ទោះបីជាក្សត្រ ឬព្រាហ្មណ៍ ជាវេស្សៈ ឬសូទ្រៈ ជាគ្រហស្ថ ឬបព្វជិត ជាទេវតា ឬមនុស្ស។ ពាក្យថា ជន បានដល់ សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស។ ពាក្យថា បា្រថ្នារឿយ ៗ គឺចង់បាន បា្រថ្នារឿយ ៗ ជាប់ចិត្ត ញ៉ាម ក្នុងវត្ថុកាមទាំងឡាយ ដោយសារកិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា បា្រថ្នារឿយ ៗ។ ញ្រេះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ជនណាបា្រថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន។
[២០] កិលេសមិនមានកំឡាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ5) អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ញ្រេះអន្តរាយនោះ ដូចជាទឹក កាលជ្រាបចូលកាន់នាវា ដែលបែកធ្លាយ។
[២១] អធិប្បាយពាក្យថា កិលេស មិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ ត្រង់ពាក្យថា កិលេសមិនមានកម្លាំងទាំងឡាយ គឺកិលេសទាំងឡាយ មិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច។ កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះខ្លះ។ មួយទៀត កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីនូវបុគ្គលមិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច នូវបុគ្គលដែលមិនមានកម្លាំង គឺសទ្ធា កម្លាំងគឺព្យាយាម កម្លាំង គឺសតិ កម្លាំង គឺសមាធិ កម្លាំង គឺបញ្ញា កម្លាំង គឺហិរិ កម្លាំង គឺឱត្តប្បៈ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះខ្លះ។
[២២] អធិប្បាយពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ត្រង់ពាក្យថា អន្តរាយទាំងឡាយ សំដៅយកអន្តរាយ ២ យ៉ាង គឺអន្តរាយបា្រកដ ១ អន្តរាយកំបាំង ១។
អន្តរាយបា្រកដ តើដូចម្តេច។ សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ និងខ្លាត្រី ឆ្កែ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកមាណព កំពុងលួចក្តី ធ្វើចោរកម្មហើយក្តី6) មិនទាន់ធ្វើចោរកម្មហើយក្តី7) រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ រោគខ្យល់ចាប់ រោគធ្លាក់ឈាម រោគចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែងស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំនៃ (ខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង8) អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ទាំងនេះ លោកហៅថា អន្តរាយបា្រកដ ដូច្នេះឯង។
អន្តរាយកំបាំង តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ សេចក្តីក្រោធ ការចងក្រោធទុក ការលុបលាងគុណអ្នកដទៃ ការលើកខ្លួន សេចក្តីឈ្នានីស សេចក្តីកំណាញ់ ពុតត្បុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ខ្លួន ការមើលងាយគេ សេចក្តីស្រវឹង សេចក្តីប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ ទាំងនេះ លោកហៅថា អន្តរាយកំបាំង។
សំនួរត្រង់ពាក្យថា អន្តរាយ តើអន្តរាយដោយអត្ថថាដូចម្តេច។ អន្តរាយ ព្រោះហេតុទន្ទ្រាន អន្តរាយព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ។
អន្តរាយព្រោះហេតុទន្រ្ទាន តើដូចម្តេច។ អន្តរាយទាំងឡាយនោះ ញាំញី ទន្រ្ទាន គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់ នូវបុគ្គលនោះ។ អន្តរាយ ព្រោះហេតុទន្រ្ទាន យ៉ាងនេះ។
អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស តើដូចម្តេច។ អន្តរាយទាំងនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសល។ ធម៌ទាំងឡាយជាកុសល តើដូចម្តេច។ អន្តរាយទាំងឡាយនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសលទាំងនេះ គឺសេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិមិនជាសត្រូវ សេចក្តីប្រតិបត្តិសមគួរដល់អត្ថ សេចក្តីប្រតិបត្តិតាមធម៌សមគួរដល់ធម៌ ភាពនៃបុគ្គលអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ភាពនៃបុគ្គលអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗនូវធម៌ ជាគ្រឿងភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនសតិប្បដ្ឋាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនសម្មប្បធាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនឥទ្ធិបាទ ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនឥន្រ្ទិយ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនពលៈ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនពោជ្ឈង្គ ៧ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនអដ្ឋង្គិកមគ្គដ៏ប្រសើរ។ អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសយ៉ាងនេះ។
អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច។ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនុ៎ះ អាស្រ័យនៅក្នុងអត្តភាព កើតឡើងក្នុងសរីរៈនោះ។ ពួកសត្វអាស្រ័យនៅក្នុងរន្ធ ដេកនៅក្នុងរន្ធ ពួកសត្វអាស្រ័យនៅក្នុងទឹក ដេកនៅក្នុងទឹក ពួកសត្វអាស្រ័យនៅក្នុងព្រៃ ដេកនៅក្នុងព្រៃ ពួកសត្វអាស្រ័យនៅលើដើមឈើ ដេកនៅលើដើមឈើ យ៉ាងណាមិញ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនុ៎ះ អាស្រ័យនៅក្នុងអត្តភាព កើតឡើងក្នុងសរីរៈនោះ យ៉ាងនោះដែរ ព្រោះហេតុនោះ អន្តរាយព្រោះអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយអំណាចនៃកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម៌ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុ ព្រោះស្តាប់សម្លេងដោយត្រចៀក ហិតក្លិនដោយច្រមុះ លិទ្ធរសដោយអណ្តាត ប៉ះពាល់ផ្សព្វដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយដោយប្រការយ៉ាងនេះឯង។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ នេះ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។ ធម៌ទាំងឡាយ ៣ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្នុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង។
លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកលោភ រមែងមិនដឹងអត្ថ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ លោភៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ ទោសៈ ជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត ទោសៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកក្រោធ រមែងមិនដឹងអត្ថ បុគ្គលអ្នកក្រោធ រមែងមិនឃើញធម៌ សេចក្តីក្រោធគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ។ មោហៈ ជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត មោហៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកវង្វេង រមែងមិនដឹងអត្ថ បុគ្គលអ្នកវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន ក្នុងកាលនោះ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
ន័យមួយទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ បុរិសធម៌ (ធម៌របស់បុរស) ៣ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ។ បុរិសធម៌ ៣ តើដូចម្តេច។ បពិត្រមហារាជ លោភៈ ជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ ទោសៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ មោហៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ។ បពិត្រមហារាជ បុរិសធម៌ ៣ នេះឯង កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីជាទុក្ខ ដើម្បីការនៅមិនសប្បាយ។
លោភៈ ទោសៈ និងមោហៈ កើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្តអាក្រក់ ដូចជាឈើមានសំបកជាខ្លឹម (ឫស្សី ) ដែលវិនាសដោយសារផ្លែរបស់ខ្លួន។
អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ មួយវិញទៀត ពាក្យនោះ ព្រះមានព្រះភាគត្រាស់ថា
រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរ និងការព្រឺរោម កើតអំពីអត្តភាពនេះ មនោវិតក្កៈទាំងឡាយ តាំងឡើងហើយ អំពីអត្តភាពនេះ លែងទៅ (នូវចិត្ត) ដូចជាកុមារចងបន្លាយនូវក្អែក។
អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
ពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ បានសេចក្តីថា អន្តរាយទាំងឡាយនោះ រមែងទន្រ្ទាន ជិះជាន់ គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់នូវបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ។
[២៣] ពាក្យថា ទុក្ខ រមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ អធិប្បាយថា ទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ គឺ ជាតិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ជរាទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ព្យាធិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម មរណទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខក្នុងនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងបិត្តិវិស័យ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខក្នុងពួកមនុស្ស ទុក្ខមានកិរិយាចុះកាន់គភ៌ជាមូល ទុក្ខមានកិរិយាតាំងនៅក្នុងគភ៌ជាមូល ទុក្ខមានកិរិយាចេញចាកគភ៌ជាមូល ទុក្ខប្រកបដោយគ្រឿងចង (ថែទាំ) របស់សត្វដែលកើតហើយ ទុក្ខព្រោះអាស្រ័យអ្នកដទៃ របស់សត្វដែលកើតហើយ ទុក្ខព្រោះការព្យាយាមរបស់ខ្លួន ទុក្ខព្រោះការព្យាយាមរបស់អ្នកដទៃ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាមទុក្ខ ទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំ (នៃខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្ដៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទុក្ខព្រោះកិរិយាស្លាប់នៃមាតា ទុក្ខព្រោះកិរិយាស្លាប់នៃបិតា ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនប្រុស ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនស្រី ទុក្ខព្រោះកិរិយាស្លាប់កូនប្រុស ទុក្ខព្រោះកិរិយាស្លាប់កូនស្រី ទុក្ខព្រោះវិនាសញាតិ ទុក្ខព្រោះវិនាសភោគសម្បតិ្ត ទុក្ខព្រោះវិនាស គឺរោគ ទុក្ខព្រោះវិនាសសីល ទុក្ខព្រោះវិនាសគឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម (នូវបុគ្គលនោះ) ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ។
[២៤] ពាក្យថា ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ សេចក្តីថា ទឹកប្រព្រឹត្តតាមទូកដែលបែកធ្លាយ គឺទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីដែលធ្លាយនោះៗ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងមុខខ្លះ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងក្រោយខ្លះ ត្រង់ទីខាងក្រោមខ្លះ ត្រង់ទីខាងខ្លះ យ៉ាងណាមិញ សេចក្តីទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ ជាតិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម។បេ។ ទុក្ខព្រោះកិរិយាវិនាស គឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ។
[២៥] ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរស្រឡះនូវកាមទាំងឡាយ ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន ដូចបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា។
[២៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះអំពើនោះជាហេតុ ជួនកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា គ្រប់កាល គឺសព្វកាល រាល់វេលា អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀងទាត់ ឋិតថេររឿយៗ ប៉ុកប៉ឺន ញឹកញាប់ មានសភាពដូចជារលកទឹក មិនដាច់ ជាប់ត ប្រព្រឹត្តទៅជាមួយគ្នា ប៉ះជាប់គ្នា កាលមុនភត្ត កាលក្រោយភត្ត យាមខាងដើម យាមកណ្តាល យាមទីបំផុត ក្នុងកាលរនោច ខ្នើត វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ គំនរវ័យខាងដើម គំនរវ័យកណ្តាល គំនរវ័យទីបំផុត។ ពាក្យថា មានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាង គឺមានសតិ កាលចំរើនកាយានុបស្សនាសតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនាទាំងឡាយ ក្នុងចិត្ត មានសតិ កាលចំរើនធម្មានុបស្សនាសតិប្បដ្ឋាន ក្នុងធម៌ទាំងឡាយ។ មានសតិ ដោយហេតុ ៤ យ៉ាងដទៃទៀត។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល។
[២៧] អធិប្បាយពាក្យថា គប្បីវៀរស្រឡះនូវកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់កាម ២ យ៉ាង គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម។បេ។ ទាំងនេះហៅថាកិលេសកាម។ ពាក្យថា គប្បីវៀរស្រឡះនូវកាមទាំងឡាយ គឺគប្បីវៀរនូវកាម ដោយហេតុ ២ យ៉ាង គឺកិរិយាសង្កត់សង្កិន ១ កិរិយាផ្តាច់បង់ ១។ បុគ្គលវៀរកាមដោយកិរិយាសង្កត់សង្កិន តើដូចម្តេច។ បុគ្គលកាលឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តីត្រេកអរតិច ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដោយដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ ដល់សត្វមានប្រមាណច្រើន ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ភ្លើងស្មៅ ដោយសេចក្តីថា ដុតកំដៅរឿយៗ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន។បេ។ កំពុងចំរើននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន។ បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន ដោយប្រការយ៉ាងនេះ។បេ។ បុគ្គលវៀរកាម ដោយកិរិយាផ្តាច់បង់ ដោយប្រការយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីវៀរស្រឡះនូវកាមទាំងឡាយ។
[២៨] ពាក្យថា កាមទាំងនោះ ក្នុងបទថា ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន គឺជនកំណត់ដឹងនូវវត្ថុកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកិលេសកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកាមច្ឆន្ទនីវរណៈ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ គប្បីឆ្លង គប្បីឆ្លងឡើង គប្បីឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវឱឃៈ គឺកាម ឱឃៈគឺភព ឱឃៈគឺខិដ្ឋិ ឱឃៈគឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន។
[២៩] ពាក្យថា ដូចបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា អធិប្បាយថា បុគ្គល បាច ស្តារ ជះចោលនូវទឹកក្នុងនាវា មានគ្រឿងផ្ទុកដ៏ធ្ងន់ ហើយដល់ត្រើយឆាប់រហ័ស មិនលំបាក ដោយសារនាវាស្រាល យ៉ាងណាមិញ បុគ្គលកំណត់ដឹងនូវវត្ថុកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកិលេសកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ហើយដល់ត្រើយឆាប់រហ័សដោយមិនលំបាក ក៏យ៉ាងនោះដែរ។ អមតនិពា្វន ការរម្ងាប់សង្ខារទាំងពួង កិរិយាលះបង់កិលេសទាំងពួង ការអស់តណ្ហា ការបា្រសចាកតម្រេក ការរលត់ (នៃកិលេស) ការចេញចាកតណ្ហា លោកពោលថា ត្រើយ បុគ្គលគប្បីដល់ត្រើយ បានត្រើយ ប៉ះពាល់ត្រើយ ធ្វើឲ្យជាក់ច្បាស់នូវត្រើយនោះ។ ពាក្យថា បុគ្គលអ្នកដល់ត្រើយ គឺបុគ្គលណា បា្រថ្នាដើម្បីទៅកាន់ត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅកាន់ត្រើយ បុគ្គលណា កំពុងទៅកាន់ត្រើយ បុគ្គលនោះ ឈ្មោះថាអ្នកទៅកាន់ត្រើយ។ បុគ្គលណាដល់ហើយនូវត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅកាន់ត្រើយ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ព្រាហ្មណ៍ឆ្លងដល់ត្រើយ ឋិតនៅលើគោក។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍នេះ ជាឈ្មោះនៃព្រះអរហន្ត ព្រះអរហន្តនោះ ឈ្មោះថា អ្នកដល់ត្រើយ ដោយការត្រាស់ដឹង អ្នកដល់ត្រើយដោយការកំណត់ដឹង អ្នកដល់ត្រើយដោយការលះបង់ អ្នកដល់ត្រើយដោយការចំរើន អ្នកដល់ត្រើយ ដោយការធ្វើឲ្យជាក់ច្បាស់ អ្នកដល់ត្រើយដោយសមាបត្តិ អ្នកដល់ត្រើយដោយការត្រាស់ដឹងធម៌ទាំងពួង អ្នកដល់ត្រើយដោយការកំណត់ដឹងទុក្ខទាំងពួង អ្នកដល់ត្រើយ ដោយការលះបង់កិលេសទាំងពួង អ្នកដល់ត្រើយដោយការចំរើនអរិយមគ្គទាំង ៤ អ្នកដល់ត្រើយដោយការធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចៈ អ្នកដល់ត្រើយដោយការចូលទៅកាន់សមាបត្តិទាំងពួង ព្រះអរហន្តនោះដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងសីលដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ក្នុងសមាធិដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងបញ្ញាដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ដោយវិមុត្តិដ៏ប្រសើរ ព្រះអរហន្តនោះ ឈ្មោះថា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត (នៃសង្ខារ) ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីអវសាន ដល់ទីអវសាន ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីពឹងពួន ដល់ទីពឹងពួន ទៅកាន់ទីជាទីពឹង ដល់ទីជាទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់និពា្វន ដល់និពា្វន ព្រះអរហន្តនោះ មានធម៌ជាគ្រឿងអប់រំនៅស្រេចហើយ មានកិរិយាប្រព្រឹត្តិ ប្រព្រឹត្តហើយ មានផ្លូវឆ្ងាយ គឺសង្សារកន្លងហើយ មានទិស គឺព្រះនិពា្វនដល់ហើយ មានទីបំផុតនៃព្រះនិពា្វនដល់ហើយ មានព្រហ្មចរិយធម៌រក្សាហើយ ដល់ហើយនូវការឃើញដ៏ឧត្តម មានមគ្គចំរើនហើយ មានកិលេសលះបង់ហើយ មានអរហត្តផលជាធម្មជាតមិនកម្រើក ត្រាស់ដឹងហើយ មាននិរោធ គឺព្រះនិពា្វន ធ្វើឲ្យជាក់ច្បាស់ហើយ ទុក្ខ ព្រះអរហន្តនោះ កំណត់ដឹងហើយ សមុទយៈលះបង់ហើយ មគ្គចំរើនហើយ និរោធធម៌បានធ្វើឲ្យជាក់ច្បាស់ហើយ ត្រាស់ដឹងហើយនូវហេតុដែលគួរត្រាស់ដឹង កំណត់ដឹងហើយនូវហេតុដែលគួរកំណត់ដឹង លះបង់ហើយនូវហេតុដែលគួរលះបង់ ចំរើនហើយនូវហេតុដែលគួរចំរើន ធ្វើឲ្យជាក់ច្បាស់ហើយនូវហេតុដែលគួរធ្វើឲ្យជាក់ច្បាស់។ ព្រះអរហន្តនោះ មានសសរគោល គឺអវិជ្ជាដកចេញហើយ មានស្នាមភ្លោះ គឺជាតិសង្សារលុបអស់ហើយ មានសសរខឿនគឺតណ្ហាដកចេញហើយ មិនមានគន្លឹះទ្វារ គឺឱរម្ភាគិយសំយោជន៍ ជាអរិយៈ មិនមានកិលេស មានទង់គឺមានះទំលាក់ហើយ មានគ្រឿងធ្ងន់9) ទំលាក់ចេញហើយ ជាអ្នកបា្រសចាកកិលេស លះបង់អង្គ ៥ គឺនីវរណៈហើយ ប្រកបព្រមដោយអង្គបាំ្រមួយ10) មានការរក្សាដោយធម៌តែមួយ គឺសតិ មានធម៌ជាគ្រឿងពឹងផ្អែក ៤ ប្រការ មានទិដ្ឋិសច្ចដោយឡែកលះបង់ហើយ មានការស្វែងរកទាំងពួងលះបង់ហើយដោយប្រពៃ មានសេចក្តី្តត្រិះរិះមិនមានល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយដោយប្រពៃ មានបញ្ញាផុតស្រឡះហើយដោយប្រពៃ ជាបុគ្គលបរិបូណ៌ មានព្រហ្មចរិយធម៌ប្រព្រឹត្តចប់ស្រេចហើយ ជាឧត្តមបុរស ជាបរមបុរស ដល់នូវការដល់ដ៏ប្រសើរ ព្រះអរហន្តនោះ មិនសន្សំ មិនកំចាត់បង់ លោកនឹងធឹង ព្រោះកំចាត់បង់ មិនលះបង់ មិនប្រកាន់ លោកនឹងធឹងព្រោះលះបង់ មិនចាក់ស្រេះ មិនតំកើង (ដោយតណ្ហា និងមានះ) លោកនឹងធឹង ព្រោះមិនចាក់ស្រេះ មិនរំលត់ មិនបង្កាត់ (នូវភ្លើង គឺកិលេស) លោកនឹងធឹង ព្រោះរំលត់ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសីលក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយបញ្ញាខន្ធជាអសេក្ខៈ ដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយវិមុត្តិញាណទស្សនក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះយល់ច្បាស់នូវសច្ចធម៌ លោកខ្ជាប់ខ្ជួន ព្រោះកន្លងផុតយ៉ាងនេះ លោកខ្ជាប់ខ្ជួន ព្រោះរំលត់ភ្លើង គឺកិលេស លោកខ្ជាប់ខ្ជួន ព្រោះមិនមានដំណើរតទៅទៀត លោកខ្ជាប់ខ្ជួន ព្រោះចាប់បាននូវកំពូល (ជ័យជំនះ) លោកខ្ជាប់ខ្ជួន ព្រោះកិរិយាសេពនូវធម៌ជាគ្រឿងផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះមេត្តាជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះករុណា មុទិតា ឧបេក្ខា ជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះដល់ទីបំផុតនៃសេចក្តីបរិសុទ្ធិ លោកខ្ជាប់ខ្ជួន ព្រោះសេចក្តីបរិសុទ្ធិ មិនគួរដល់ការងារ (នៃតណ្ហា ទិដ្ឋិ មានះ) លោកខ្ជាប់ខ្ជួន ព្រោះផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះជាបុគ្គលសន្តោស លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃខន្ធ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃធាតុ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃអាយតនៈ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃគតិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃឧបបត្តិភព លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃបដិសន្ធិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃភព លោកខ្ជាប់ខ្ជួន ក្នុងទីបំផុតនៃសង្សារ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃវដ្តៈ លោកខ្ជាប់ខ្ជួន ក្នុងភពជាទីបំផុត លោកខ្ជាប់ខ្ជួនក្នុងសរីរៈ ជាទីប្រជុំក្នុងទីបំផុត ទ្រទ្រង់រាងកាយជាទីបំផុត ជាព្រះអរហន្ត។
ភពនេះ ជាទីបំផុតរបស់ព្រះអរហន្តនោះ អត្តភាពនេះ ជាខាងក្រោយបង្អស់ ការអន្ទោលទៅដោយជាតិ និងមរណៈ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ។
ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរស្រឡះនូវកាមទាំងឡាយ ជនលុះលះបង់នូវកាមទាំងនោះ ទើបឆ្លងឱឃៈបាន ដូចបុគ្គលអ្នកដល់នូវត្រើយ ព្រោះស្តារនាវា។
ចប់ កាមសុត្តនិទ្ទេស ទី១។