km:tipitaka:sut:kn:man:sut.kn.man.02

គុហដ្ឋកសុត្តនិទ្ទេស ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn man 02 បាលី cs-km: sut.kn.man.02 អដ្ឋកថា: sut.kn.man.02_att PTS: ?

គុហដ្ឋកសុត្តនិទ្ទេស ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. គុហដ្ឋកសុត្តនិទ្ទេសោ)

[៣០] (ព្រះមានព្រះភាគត្រាស់ថា) នរជនណា កាលឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើន បិទបាំងលិចចុះក្នុងមោហៈ (អារម្មណ៍ជាគ្រឿងវង្វេង) នរជនមានសភាពដូច្នោះនោះ រមែងឋិតនៅក្នុងទីឆ្ងាយអំពីវិវេក ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ។

[៣១] អធិប្បាយពាក្យថា ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង ត្រង់ពាក្យថា ជាប់នៅ ព្រះអង្គពោលក៏ពិតហើយ។ តែខ្ញុំសូមពោលត្រង់ពាក្យថា គុហា ជាមុនសិន។ កាយ លោកហៅថា គុហា។ ពាក្យថា កាយក្តី គុហាក្តី ទេហៈក្តី សន្ទេហៈក្តី នាវាក្តី រថក្តី ទង់ក្តី ដំបូកក្តី សម្បុកក្តី នគរក្តី កុដិក្តី បូសក្តី ក្អមក្តី នេះជាឈ្មោះនៃកាយ។ ពាក្យថា ជាប់នៅក្នុងគុហា គឺជាប់នៅផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា។ ភណ្ឌៈដែលជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅឰដ៏ចម្រឹង ដែលដោតនឹងជញ្ជាំងក្តី ឰដ៏ដៃកែវក្តី យ៉ាងណា នរជនជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា ក៏យ៉ាងនោះដែរ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា សេចក្តីពេញចិត្តណា តម្រេកណា សេចក្តីត្រេកត្រអាលណា សេចក្តីប៉ុនប៉ងណា សេចក្តីប្រកាន់ដោយឧបាយ ដែលមានការតាំងចិត្ត និងការប្រកាន់ជាអនុស័យណា ក្នុងរូប នរជនជាប់ក្នុងកិលេសនោះៗ ហេតុនោះ (លោកពោលថា) ជាប់នៅ។ ពាក្យថា ជាប់នៅ ជាឈ្មោះនៃការជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា។ ពាក្យថា ត្រូវកិលេសដ៏ច្រើនបិទបាំង គឺត្រូវកិលេសទាំងឡាយដ៏ច្រើនបិទបាំង គឺរាគៈបិទបាំង ទោសៈបិទបាំង មោហៈបិទបាំង កោធៈបិទបាំង ឧបនាហៈបិទបាំង មក្ខៈបិទបាំង បឡាសៈបិទបាំង ឥស្សាបិទបាំង មច្ឆរិយៈបិទបាំង មាយាបិទបាំង សាថេយ្យៈបិទបាំង ថម្ភៈបិទបាំង សារម្ភៈបិទបាំង មានះបិទបាំង អតិមានះបិទបាំង មទៈបិទបាំង បមាទៈបិទបាំង កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង បិទបាំង ប្រក់ព្រំ ខ្ទប់ រាំង ហ៊ុមភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង។

[៣២] អធិប្បាយពាក្យថា នរជនកាលឋិតនៅ… លិចចុះក្នុងមោហៈ ត្រង់ពាក្យថា នរជនកាលឋិតនៅ បានដល់នរជនកាលតំអក់ គឺត្រេកត្រអាលដោយអំណាចរាគៈ ហើយតំអក់ ប្រទូស្តដោយអំណាចទោសៈ ហើយតំអក់ វង្វេងដោយអំណាចមោហៈ ហើយតំអក់ ជាប់ក្នុងអារម្មណ៍ផ្សេងៗ ដោយអំណាចមានះ ហើយតំអក់ ស្ទាបអងែ្អលដោយអំណាចទិដ្ឋិ ហើយតំអក់ រាយមាយដោយអំណាចឧទ្ធច្ចៈ ហើយតំអក់ មិនដល់នូវសេចក្តីចូលចិត្ត ដោយអំណាចវិចិកិច្ឆា ហើយតំអក់ មានកម្លាំងដោយអំណាចអនុស័យ ហើយតំអក់ នរជនកាលឋិតនៅ យ៉ាងនេះខ្លះ។

សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយគប្បីដឹងច្បាស់ដោយចក្ខុ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ បើភិក្ខុត្រេកអរ រីករាយនឹងរូបនោះហើយ រមែងតំអក់ក្នុងសេចក្តីបា្រថ្នាមិនខាន ម្នាលភិក្ខុទាំងឡាយ សំឡេងទាំងឡាយដែលគប្បីដឹងច្បាស់ដោយត្រចៀក ក្លិនទាំងឡាយដែលគប្បីដឹងច្បាស់ដោយច្រមុះ រសទាំងឡាយដែលគប្បីដឹងច្បាស់ដោយអណ្តាត ផ្សព្វទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយធម្មារម្មណ៍ទាំងឡាយដែលគប្បីដឹងច្បាស់ដោយចិត្ត ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ បើភិក្ខុត្រេកអរ រីករាយនឹងអារម្មណ៍នោះហើយ រមែងតំអក់ក្នុងសេចក្តីបា្រថ្នាមិនខាន។ នរជនកាលឋិតនៅ យ៉ាងនេះខ្លះ។

មួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទំាងឡាយ វិញ្ញាណ មានរូបជាឧបាយក្តី មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប សេពនូវសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ក៏ដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានវេទនាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសញ្ញាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសង្ខារជាឧបាយក្តី មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ សេពសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ។ នរជន កាលឋិតនៅ យ៉ាងនេះខ្លះ។

ន័យមួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេកអរ មានតណ្ហា ក្នុងកវឡិង្ការាហារ វិញ្ញាណតាំងនៅ លូតលាស់ក្នុងទីណា វិញ្ញាណតាំងនៅលូតលាស់ក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចំរើនឡើងនៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចំរើនឡើងនៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ ការកើតឡើងនៃភពថ្មីតទៅ មានក្នុងទីណា ការកើតឡើងនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈ នោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេអរ មានតណ្ហាក្នុងវិញ្ញាណាហារ វិញ្ញាណតាំងនៅ ដុសដាលឡើង ក្នុងទីណា វិញ្ញាណក៏តាំងនៅ ដុសដាលក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចំរើននៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចំរើននៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ ការកើតនៃភពថ្មីតទៅ មានក្នុងទីណា ការកើតនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ ក៏មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈនោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់។ នរជន កាលឋិតនៅ យ៉ាងនេះខ្លះ។

ពាក្យថា លិចចុះក្នុងមោហៈ សេចក្តីថា កាមគុណ ៥ ហៅថា មោហៈ បានដល់រូប ដែលដឹងដោយចក្ខុ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្តាត ផ្សព្វដែលគប្បីដឹងដោយកាយ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួររីករាយ។ កាមគុណ ៥ លោកហៅថា មោហៈ តើព្រោះហេតុអ្វី។ ទេវតា និងមនុស្សដោយច្រើន វង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ព្រោះហេតុនោះ កាមគុណទាំង ៥ លោកហៅថា មោហៈ។ ត្រង់ពាក្យថា លិចចុះក្នុងមោហៈ គឺចូលទៅ ផ្កាប់ចុះ ចូលទៅស៊ប់ ជ្រមុចចុះ ក្នុងមោហៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជន កាលឋិតនៅ លិចចុះក្នុងមោហៈ។

[៣៣] អធិប្បាយពាក្យថា នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ត្រង់ពាក្យថា វិវេក បានដល់វិវេក ៣ គឺ កាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។

កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ លា្អង គុហា ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល និងគំនរចំបើង ជាអ្នកនៅស្ងប់ស្ងាត់ដោយកាយ ភិក្ខុនោះ ទៅម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង ដេកម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយនៅក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានទីចង្រ្កមម្នាក់ឯង ត្រាច់ទៅ នៅ (ញុំាងឥរិយាបថ) ឲ្យប្រព្រឹត្តទៅ ប្រព្រឹត្ត រក្សា (ឥរិយាបថ) ប្រព្រឹត្តទៅ ដើរទៅម្នាក់ឯង នេះឈ្មោះថា កាយវិវេក។

ចិត្តវិវេក តើដូចម្តេច។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងាត់ចាកនីវរណៈទាំងឡាយ ភិក្ខុចូលទុតិយជ្ឈាន ចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចិត្តស្ងាត់ចាកបីតិ ភិក្ខុចូលចតុត្ថជ្ឈាន ចិត្តស្ងាត់ចាកសុខ និងទុក្ខ ភិក្ខុចូលអាកាសានញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ភិក្ខុចូលវិញ្ញាណញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកាសានញ្ចាយតនសញ្ញា ភិក្ខុចូលអាកិញ្ចញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ភិក្ខុចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ភិក្ខុដល់សោតៈ ចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ និងកិលេសដែលឋិតនៅជាមួយនឹងកិលេសទាំងនោះ ភិក្ខុដល់សកទាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យ យ៉ាងគ្រោតគ្រាត ចាកកិលេសទាំងឡាយដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ភិក្ខុដល់អនាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈយ៉ាងល្អិតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យយ៉ាងល្អិតផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយគ្នានឹងកិលេសទាំងនោះផង ភិក្ខុដល់ព្រះអរហត្ត ចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ចាកនិមិត្តគ្រប់យ៉ាងខាងក្រៅផង នេះឈ្មោះថា ចិត្តវិវេក។

ឧបធិវិវេក តើដូចម្តេច។ កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ។ អមតនិពា្វន លោកហៅថា ឧបធិវិវេក បានដល់ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់ (កងទុក្ខ) ការចេញចាកតណ្ហា នេះឈ្មោះថា ឧបធិវិវេក។

កាយវិវេក (កើតមាន) ដល់ពួកបុគ្គលដែលចេញចាកពួក ត្រេកអរក្នុងការចេញចាកកាមផង ចិត្តវិវេក (កើតមាន) ដល់ពួកបុគ្គលដែលមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីផូរផង់ក្រៃលែងផង ឧបធិវិវេក (កើតមាន) ដល់ពួកបុគ្គលដែលមិនមានកិលេស ដល់នូវព្រះនិពា្វនដែលបា្រសចាកសង្ខារផង។

ពាក្យថា ក្នុងទីឆ្ងាយអំពីវិវេក បានដល់នរជនណា ជាប់ចំពាក់ក្នុងគុហាយ៉ាងនេះ ត្រូវពួកកិលេសដ៏ច្រើនបិទបាំងយ៉ាងនេះ លិចចុះក្នុងមោហៈយ៉ាងនេះ នរជននោះ (ឈ្មោះថាឋិតនៅ) ក្នុងទីឆ្ងាយអំពីកាយវិវេកផង ក្នុងទីឆ្ងាយអំពីចិត្តវិវេកផង ក្នុងទីឆ្ងាយ ឆ្ងាយពេក ឆ្ងាយពេកណាស់ មិនមែនជិត មិនមែននៅក្បែរ មិនមែននៅប្រកៀក ឃ្លាតអំពីឧបធិវិវេកផង។ ពាក្យថា មានសភាពដូច្នោះ គឺមានប្រការដូច្នោះ បា្រកដដូច្នោះ ឋិតនៅដោយអាការនោះ ឋិតនៅដោយប្រការនោះ ជាចំណែកនៃប្រការនោះ ដែលលិចចុះក្នុងមោហៈនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក។

[៣៤] អធិប្បាយពាក្យថា ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់ កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១។

វត្ថុកាម តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែលគួរត្រេកអរណាមួយ ហៅថាវត្ថុកាម។ មួយទៀត កាមទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត កាមទាំងឡាយជាបច្ចុប្បន្ន កាមទាំងឡាយ ជាខាងក្នុង កាមទាំងឡាយជាខាងក្រៅ កាមទាំងឡាយ ទាំងខាងក្នុងខាងក្រៅ កាមទាំងឡាយថោកទាប កាមទាំងឡាយជាកណ្តាល កាមទាំងឡាយដ៏ឧត្តម កាមទាំងឡាយមានក្នុងអបាយ កាមទាំងឡាយមានក្នុងមនុស្ស កាមទាំងឡាយជាទិព្វ កាមទាំងឡាយ ដែលតាំងឡើងឯង កាមទាំងឡាយដែលខ្លួននិម្មិត កាមទាំងឡាយ ដែលអ្នកដទៃនិមិ្មត កាមទាំងឡាយដែលគេហួងហែង កាមទាំងឡាយដែលគេមិនហួងហែង កាមទាំងឡាយដែលគេប្រកាន់ថា របស់អញ កាមទាំងឡាយ ដែលគេមិនប្រកាន់ថារបស់អញ ពួកធម៌ជាកាមាវចរទាំងអស់ក្តី ពួកធម៌ជារូបាវចរទាំងអស់ក្តី ពួកធម៌ជាអរូបាវចរទាំងអស់ក្តី ដែលជាវត្ថុនៃតណ្ហា ជាអារម្មណ៍នៃតណ្ហា ឈ្មោះថា កាម ដោយអត្ថថា គួរបា្រថ្នា ដោយអត្ថថា គួរត្រេកអរ ដោយអត្ថថា ជាហេតុញុំាងសេចក្តីស្រវឹងឲ្យកើត ទាំងនេះហៅថា វត្ថុកាម។

កិលេសកាម តើដូចម្តេច។ សេចក្តីពេញចិត្ត ឈ្មោះថា កាម សេចក្តីត្រេកអរ ឈ្មោះថា កាម សេចក្តីត្រេកអរមានកម្លាំង ឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម សេចក្តីត្រេកអរដោយការត្រិះរិះ ឈ្មោះថា កាម បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីត្រេកត្រអាលគឺកាម សេចក្តីបា្រថ្នាគឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម ការជ្រប់គឺកាម សេចក្តីចូលចិត្តមាំគឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា)

ម្នាលកាម តថាគតបានឃើញដើមកំណើតអ្នកហើយ ម្នាលកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទៀតទេ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនមានឡើយ។

ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ក្នុងមនុស្សលោក ក្នុងទេវលោក ក្នុងខន្ធលោក ក្នុងធាតុលោក ក្នុងអាយតនលោក។ ពាក្យថា ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ បានសេចក្តីថា ដ្បិតកាមទាំងឡាយក្នុងលោក គេលះបង់បានដោយក្រ បោះបង់បានដោយក្រ លះលែងបានដោយក្រ ញាំញីបានដោយក្រ ដោះស្រាយបានដោយក្រ ឆ្លងបានដោយក្រ ឆ្លងកាត់បានដោយក្រ កន្លងបានដោយក្រ រំលងបានដោយក្រ ហេតុនោះ (ទ្រង់ត្រាស់ថា) កាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

នរជន កាលឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង លិចចុះក្នុងមោហៈ នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ។

[៣៥] ពួកសត្វទាំងនោះ មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន អាឡោះអាល័យក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន រមែងរួចបានដោយក្រ ទាំងញុំាងបុគ្គលដទៃឲ្យរួចមិនបាន។

[៣៦] ពាក្យថា មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកមានកម្លាំង សេចក្តីកួចកាន់ សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីរីករាយនឹងតម្រេក តម្រេកដ៏មានកម្លាំងរបស់ចិត្ត សេចក្តីបា្រថ្នា សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ គ្រឿងជាប់ ភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញុំាងសត្វឲ្យកើត ជាគ្រឿងញុំាងទុក្ខឲ្យកើត ជាគ្រឿងចាក់ស្រេះ កិលេសជាតិដូចជាសំណាញ់ ជាគ្រឿងហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ ជាគ្រឿងញុំាងអាយុឲ្យវិនាស (របស់សត្វ) ជាគំរប់ពីរ ជាគ្រឿងតំកល់ទុក ជាគ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងកូន បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្តបា្រថ្នាខ្លាំងក្លា តម្រេកមិនត្រូវតាមធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តីបា្រថ្នា សេចក្តីស្រឡាញ់ សេចក្តីបា្រថ្នាគ្រប់យ៉ាង ចំណង់ក្នុងកាម ចំណង់ក្នុងសេចក្តីចំរើន ចំណង់ក្នុងសេចក្តីវិនាស ចំណង់ក្នុងរូប ចំណង់ក្នុងអរូប ចំណង់ក្នុងនិរោធ ចំណង់ក្នុងរូប ចំណង់ក្នុងសំឡេង ចំណង់ក្នុងក្លិន ចំណង់ក្នុងរស ចំណង់ក្នុងផ្សព្វ ចំណង់ក្នុងធម៌ អន្លង់ គ្រឿងប្រកបទុក គ្រឿងដោតក្រង គ្រឿងប្រកាន់ កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកត្រាំ កិរិយាស្ទាក់ វល្លិគឺតណ្ហា សេចក្តីបា្រថ្នាផ្សេងៗ ឫសគល់នៃសេចក្តីទុក្ខ ហេតុនៃសេចក្តីទុក្ខ ដែនកើតនៃសេចក្តីទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ដងដោយគឺតណ្ហា សមុទ្ទគឺតណ្ហា អភិជ្ឈា លោភៈ ឫសគល់នៃអកុសល។ ពាក្យថា មានសេចក្តីបា្រថ្នាជាហេតុ គឺមានសេចក្តីបា្រថ្នាជានិទាន មានសេចក្តីបា្រថ្នាជាហេតុ មានសេចក្តីបា្រថ្នាជាបច្ច័យ មានសេចក្តីបា្រថ្នាជាការណ៍ មានសេចក្តីបា្រថ្នាជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តីបា្រថ្នាជាហេតុ។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន គឺសេចក្តីត្រេកអរក្នុងការចំរើន ១ គឺសុខវេទនា។ សេចក្តីត្រេកអរក្នុងការចំរើន ២ គឺសុខវេទនា ១ វត្ថុជាទីបា្រថ្នា ១។ សេចក្តីត្រេកអរក្នុងការចំរើន ៣ គឺភាពនៅក្មេង ១ ការមិនមានរោគ ១ ជីវិត ១។ សេចក្តីត្រេកអរក្នុងការចំរើន ៤ គឺលាភ ១ យស ១ សេចក្តីសរសើរ ១ សុខ ១។ សេចក្តីត្រេកអរក្នុងការចំរើន ៥ គឺរូបជាទីគាប់ចិត្ត ១ សំឡេងជាទីគាប់ចិត្ត ១ ក្លិនជាទីគាប់ចិត្ត ១ រសជាទីគាប់ចិត្ត ១ ផ្សព្វជាទីគាប់ចិត្ត ១។ សេចក្តីត្រេកអរក្នុងការចំរើន ៦ គឺចក្ខុសម្បទា ១ សោតសម្បទា ១ ឃានសម្បទា ១ ជិវ្ហាសម្បទា ១ កាយសម្បទា ១ មនោសម្បទា ១។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន គឺជាប់ក្នុងសុខវេទនា ជាប់ក្នុងវត្ថុជាទីបា្រថ្នា ជាប់ក្នុងភាពនៅក្មេង ជាប់ក្នុងការមិនមានរោគ ជាប់ក្នុងជីវិត ជាប់ក្នុងលាភ ជាប់ក្នុងយស ជាប់ក្នុងសេចក្តីសរសើរ ជាប់ក្នុងសុខ ជាប់ក្នុងរូបជាទីគាប់ចិត្ត ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ជាប់ក្នុងផ្សព្វជាទីគាប់ចិត្ត ជាប់ក្នុងចក្ខុសម្បទា ជាប់ចំពាក់ ជាប់ដោយអាការផ្សេងៗ ស្អិត ទាក់ ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន។

[៣៧] ពាក្យថា ពួកសត្វទាំងនោះ រមែងរួចបានដោយក្រ ទាំងញុំាបុគ្គលដទៃឲ្យរួចមិនបាន អធិប្បាយថា អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរ ក្នុងការចំរើនទាំងនោះ ពួកសត្វដោះបានដោយក្រ ឬពួកសត្វរួចបានដោយក្រ ចាកអារម្មណ៍នុ៎ះ។

អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចំរើនទាំងនោះ ពួកសត្វដោះបានដោយក្រ តើដូចម្តេច។ សុខវេទនា សត្វដោះបានដោយកម្រ វត្ថុជាទីបា្រថ្នា សត្វដោះបានដោយកម្រ ភាពនៅក្មេង សត្វដោះបានដោយកម្រ ការមិនមានរោគ សត្វដោះបានដោយកម្រ ជីវិត សត្វដោះបានដោយកម្រ លាភ សត្វដោះបានដោយកម្រ យស សត្វដោះបានដោយកម្រ សេចក្តីសរសើរ សត្វដោះបានដោយកម្រ សុខ សត្វដោះបានដោយកម្រ រូបទាំងឡាយជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ ចក្ខុសម្បទា សត្វដោះបានដោយកម្រ សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា សត្វដោះបានដោយកម្រ ដោះស្រឡះបានដោយកម្រ ដោះចេញបានដោយកម្រ ដោះចេញស្រឡះបានដោយកម្រ ញាំញីបានដោយកម្រ ដោះចេញបានដោយកម្រ ឆ្លងបានដោយកម្រ ឆ្លងកាត់បានដោយកម្រ កន្លងបានដោយកម្រ រំលងបានដោយកម្រ។ អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចំរើនទាំងនោះ សត្វរួចបានដោយក្រ យ៉ាងនេះ។

ពួកសត្វរួចបានដោយកម្រ ចាកធម៌នុ៎ះ តើដូចម្តេច។ ពួកសត្វរួចបានដោយកម្រ ចាកសុខវេទនា រួចបានដោយកម្រ ចាកវត្ថុជាទីបា្រថ្នា រួចបានដោយកម្រ ចាកភាពនៅក្មេង រួចបានដោយកម្រ ចាកការមិនមានរោគ រួចបានដោយកម្រ ចាកជីវិត រួចបានដោយកម្រ ចាកលាភ រួចបានដោយកម្រ ចាកយស រួចបានដោយកម្រ ចាកសេចក្តីសរសើរ រួចបានដោយកម្រ ចាកសុខ រួចបានដោយកម្រ ចាករូបទាំងឡាយជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកសំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកចក្ខុសម្បទា រួចបានដោយកម្រ រួចស្រឡះបានដោយកម្រ រើចេញបានដោយកម្រ ស្ទុះឡើងបានដោយកម្រ ក្រោកឡើងបានដោយកម្រ លោតឡើងបានដោយកម្រ ចាកសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា។ ពួកសត្វរួចបានដោយក្រ ចាកធម៌នុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះ រួចបានដោយក្រ។

ពាក្យថា ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន សេចក្តីថា សត្វទាំងនោះជាអ្នកលិចកប់ក្នុងភក់ដោយខ្លួនឯង មិនអាចនឹងស្រង់បុគ្គលដទៃ ដែលលិចកប់ក្នុងភក់បានទេ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទៈ បុគ្គលនោះឯងលិចកប់ក្នុងភក់ដោយខ្លួនឯង នឹងស្រង់បុគ្គលដទៃដែលលិចកប់ក្នុងភក់បាន ហេតុដូច្នេះនេះ មិនមានទេ ម្នាលចុន្ទៈ បុគ្គលនោះឯង មិនទាន់ទូន្មានខ្លួន មិនទាន់ប្រៀនប្រដៅខ្លួន មិនទាន់រលត់កិលេសដោយខ្លួនឯងទេ នឹងទូន្មានប្រៀនប្រដៅបុគ្គលដទៃ (នឹងញុំាងបុគ្គលដទៃ) ឲ្យរលត់កិលេសបាន ហេតុដូច្នេះនេះ មិនមានទេ។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត បុគ្គលដទៃណាមួយ អាចញុំាងបុគ្គលដទៃឲ្យរួចបាន មិនមានទេ ប្រសិនបើពួកសត្វនោះគប្បីរួច លុះតែប្រតិបតិ្តនូវសម្មាបដិបទា អនុលោមប្បដិបទា អប្បច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទាដោយខ្លួនឯង ដោយកំឡាំងញាណរបស់ខ្លួន ដោយពលញ្ញាណរបស់ខ្លួន ដោយព្យាយាមរបស់ខ្លួន ដោយការប្រឹងប្រែងរបស់ខ្លួន ដោយកំឡាំងបុរសរបស់ខ្លួន ដោយពលញ្ញាណនៃបុរសរបស់ខ្លួន ដោយព្យាយាមនៃបុរសរបស់ខ្លួន ដោយការប្រឹងប្រែងនៃបុរសរបស់ខ្លួន ទើបរួចបាន។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា

ម្នាលធោតកៈ តថាគតមិនអាចញុំាងបុគ្គលណាមួយ ដែលមានសេចក្តីសង្ស័យក្នុងលោក ឲ្យរួចបានទេ អ្នកកាលដឹងច្បាស់នូវធម៌ដ៏ប្រសើរ នឹងឆ្លងអន្លង់នេះ យ៉ាងនេះបាន។

ពួកសត្វ មិនអាចនឹងញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា

បុគ្គលធ្វើបាបដោយខ្លួនឯង នឹងសៅហ្មងដោយខ្លួនឯង មិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង សេចក្ដីបរិសុទ្ធិ និងមិនបរិសុទ្ធិ កើតចំពោះខ្លួន បុគ្គលដទៃ នឹងញុំាងបុគ្គលដទៃឲ្យបរិសុទ្ធមិនបានទេ។

ពួកសត្វមិនអាចញុំាងបុគ្គលដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយវិញទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលព្រាហ្មណ៍ ព្រះនិព្វានក៏តាំងនៅ ផ្លូវជាទីទៅកាន់ព្រះនិពា្វន ក៏តាំងនៅ តថាគតជាអ្នកណែនាំ ក៏ឋិតនៅ យ៉ាងនេះឯង ប៉ុន្តែសាវ័កទាំងឡាយរបស់តថាគត ដែលតថាគតកាលទូន្មានយ៉ាងនេះ កាលប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះបានព្រះនិពា្វន ជាទីសម្រេចទីបំផុត ពួកខ្លះមិនបាន ម្នាលព្រាហ្មណ៍ តថាគតនឹងធ្វើដូចម្តេច ចំពោះសាវ័កទាំងនុ៎ះ ម្នាលព្រាហ្មណ៍ ព្រះតថាគតជាអ្នកប្រាប់ផ្លូវ ព្រះពុទ្ធរមែងបា្រប់ផ្លូវ ពួកសត្វកាលប្រតិបតិ្ត គប្បីរួចដោយខ្លួនឯង។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួច យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន។

[៣៨] ពាក្យថា កាលបា្រថ្នាកាម ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន អធិប្បាយថា អនាគត លោកហៅថា កាលជាខាងក្រោយ អតីត លោកហៅថា កាលមុន។ ម្យ៉ាងទៀត អនាគត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអតីត ឈ្មោះថា កាលខាងក្រោយ អតីត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអនាគត ឈ្មោះថា កាលមុន។

នរជនធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន តើដោយប្រការដូចម្តេច។ នរជនញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបបារម្មណ៍នោះថា អាត្មាអញ មានរូបយ៉ាងនេះហើយ ក្នុងអតីតកាល ដល់ព្រមនូវសេចក្តីត្រេកអរក្នុងវេទនាជាដើមនោះថា អាត្មាអញមានវេទនាយ៉ាងនេះហើយ មានសញ្ញាយ៉ាងនេះហើយ មានសង្ខារយ៉ាងនេះហើយ មានវិញ្ញាណ យ៉ាងនេះហើយ ក្នុងអតីតកាល។ នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលមុន យ៉ាងនេះខ្លះ។ មួយវិញទៀត វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចក្ខុដូចនេះ មានរូបដូចនេះហើយ ក្នុងអតីតកាល នរជនតែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន យ៉ាងនេះខ្លះ។ ថា អញមានសោតៈដូចនេះ មានសំឡេងដូចនេះហើយ ក្នុងអតីតកាល។ ថា អញមានឃានៈដូចនេះ មានក្លិនដូចនេះហើយ ក្នុងអតីតកាល។ ថា អញមានជិវ្ហាដូចនេះ មានរសដូចនេះហើយក្នុងអតីតកាល។ ថា អញមានកាយដូចនេះ មានផោដ្ឋព្ធៈដូចនេះហើយ ក្នុងអតីតកាល។ វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចិត្តដូចនេះ មានធម្មារម្មណ៍ដូចនេះហើយ ក្នុងអតីតកាល នរជនរមែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត នរជននោះ សើច ចរចា ឬលេង ជាមួយនឹងមាតុគ្រាមក្នុងកាលមុន ក៏ត្រេកអរនឹងអារម្មណ៍នោះ បា្រថ្នានូវអារម្មណ៍នោះ ដល់នូវសេចក្តីត្រេកអរដោយអារម្មណ៍នោះ។ នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលមុន យ៉ាងនេះខ្លះ។

នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលជាខាងក្រោយ តើដូចម្តេច។ នរជន ញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបារម្មណ៍នោះថា អាត្មាអញគប្បីជាអ្នកមានរូបយ៉ាងនេះ ក្នុងអនាគតកាល ដល់ព្រមនូវសេចក្តីត្រេកអរ ក្នុងវេទនាជាដើមនោះថា អាត្មាអញ គប្បីជាអ្នកមានវេទនាយ៉ាងនេះ មានសញ្ញាយ៉ាងនេះ មានសង្ខារយ៉ាងនេះ មានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល។

នរជន ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលមិនទាន់បានថា អញគប្បីមានចក្ខុដូចនេះ មានរូបដូចនេះ ក្នុងអនាគតកាលដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ ថា អញគប្បីមានសោតៈដូចនេះ មានសំឡេងដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានឃានៈដូចនេះ មានគន្ធៈដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានជីវ្ហាដូចនេះ មានរសដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានកាយដូចនេះ មានផ្សព្វដូចនេះ ក្នុងអនាគតកាល។ នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលខ្លួនមិនទាន់បានថា អញគប្បីមានចិត្តដូចនេះមានធម្មារម្មណ៍ដូចនេះ ក្នុងអនាគតកាល ដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថាធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអត្តភាពដែលខ្លួនមិនទាន់បានថា អាត្មាអញនឹងបានជាទេវតា (មានអានុភាពច្រើន) ឬ ជាទេវតាណាមួយ ដោយសារសីលក្តី វត្តក្តី តបៈក្តី ព្រហ្មចរិយៈនេះក្តី ដូច្នេះ រមែងត្រេកអរនឹងអត្តភាពនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអត្តភាពនោះ ឈ្មោះថាធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វកាលបា្រថ្នា (កាម) ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន។

[៣៩] អធិប្បាយពាក្យថា បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន ត្រង់ពាក្យថា កាមទាំងនេះ បានដល់ពួកសត្វកាលចង់បាន កាលត្រេកអរ កាលបា្រថ្នា កាលស្រឡាញ់ កាលជាប់ចិត្ត នូវកាមគុណទាំង ៥ ជាបច្ចុប្បន្ន។ ពាក្យថា បា្រថ្នានូវកាមក្នុងកាលមុន បានដល់ពួកសត្វ កាលសរសើរ សរសើរសព្វ សរសើរក្រៃពេក នូវកាមគុណទាំង ៥ ជាអតីត ហេតុនោះ (ទ្រង់ត្រាស់ថា) បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ពួកសត្វទាំងនោះ មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរ ក្នុងសេចក្តីចំរើន អាឡោះអាល័យកាមក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន រមែងរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន។

[៤០] ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។

[៤១] អធិប្បាយពាក្យថា អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះលោកហៅថា កិលេសកាម។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពួកសត្វជាអ្នកត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងវត្ថុកាម ព្រោះកិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកជាប់ចំពាក់ក្នុងកាមទាំងឡាយ។ ពាក្យថា អ្នកខ្វល់ខ្វាយ សេចក្តីថា ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាមទាំងឡាយ ជាអ្នកត្រាច់ទៅរកកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ឱនទៅរកកាមនោះ សសៀរទៅរកកាមនោះ ឈមទៅរកកាមនោះ ស្លុងទៅរកកាមនោះ ធ្វើនូវកាមនោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូបទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះ ឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា បានចំពោះនូវរូបទាំងឡាយ បានចំពោះនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា បរិភោគនូវរូបទាំងឡាយ បរិភោគនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ ជនអ្នកធ្វើនូវការឈ្លោះ ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងការឈ្លោះ អ្នកធ្វើនូវការងារ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងការងារ អ្នកប្រព្រឹត្តក្នុងគោចរ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងគោចរ អ្នកមានឈាន ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងឈាន យ៉ាងណា ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាមទាំងឡាយ ជាអ្នកត្រាច់ទៅរកកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ឱនទៅរកកាមនោះ សសៀរទៅរកកាមនោះ ឈមទៅរកកាមនោះ ស្លុងទៅរកកាមនោះ ធ្វើកាមនោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូបទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា បានចំពោះនូវរូបទាំងឡាយ បានចំពោះនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វទាំងនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា បរិភោគនូវរូបទាំងឡាយ បរិភោគនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ ពាក្យថា អ្នកវង្វេង បានដល់ទេវតា និងមនុស្សទាំងឡាយដោយច្រើន វង្វេងភ្លេចស្មារតី ភាន់ភាំងគំនិតក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេង ក្នុងកាមទាំងឡាយ។

[៤២] អធិប្បាយពាក្យថា អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើទាំងនោះ ត្រង់ពាក្យថា អ្នកប្រកាន់ថោកទាប គឺអ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប ក៏បាន។ ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប ក៏បាន។ អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវកនៃព្រះពុទ្ធទាំងឡាយ ក៏បាន។

អ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប តើដូចម្តេច។ ត្រង់ពាក្យថា ទៅកាន់ទីថោកទាប គឺទៅកាន់នរក ទៅកាន់កំណើតតិរច្ឆាន ទៅកាន់បិត្តិវិស័យ ព្រោះហេតុនោះ អ្នកប្រកាន់ទីថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប យ៉ាងនេះ។

ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាងគឺ សេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ (សម្បុរ ឬគុណ) ១ សេចក្តីកំណាញ់ ធម៌ ១ សេចក្តីកំណាញ់អាការនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់យ៉ាងល្មម ភាពនៃសេចក្តីកំណាញ់រឹង សេចក្តីរួញរា ភាវៈនៃការមិនយកចិត្តយកថ្លើមគេ មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីកំណាញ់។ មួយទៀត សេចក្តីកំណាញ់ខន្ធក្តី ក៏ឈ្មោះថាកំណាញ់ សេចក្តីកំណាញ់ធាតុក្តី ក៏ឈ្មោះថា កំណាញ់ សេចក្តីកំណាញ់អាយតនៈក្តី ក៏ឈ្មោះថាកំណាញ់ សេចក្តីប្រកាន់ (ដោយអំណាចនៃសេចក្តីបា្រថ្នា) នេះ លោកហៅថា សេចក្តីកំណាញ់។ ពួកជនប្រកបដោយសេចក្តីកំណាញ់នេះ ព្រោះមិនដឹងនូវការប្រកាន់ថោកទាប ឈ្មោះថា អ្នកប្រមាទ ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប យ៉ាងនេះ។

អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ តើដូចម្តេច។ ពួកជនមិនកាន់យក មិនស្តាប់ មិនប្រុងត្រចៀក មិនតាំងចិត្តដើម្បីឲ្យដឹងនូវសំដី គន្លងពាក្យទេសនា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ជាអ្នកមិនស្តាប់ឱវាទ មិនធ្វើតាមពាក្យ ប្រព្រឹត្តទទឹង បែរមុខទៅកាន់ទីដទៃវិញ មិនជឿកាន់សំដី គន្លងពាក្យទេសនា និងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ព្រោះហេតុនោះ ឈ្មោះថា អ្នកប្រកាន់ថោកទាប យ៉ាងនេះ។

ពាក្យថា ទាំងនោះ … អ្នកតាំងនៅក្នុងអំពើមិនស្មើ អធិប្បាយថា ពួកសត្វតាំងនៅក្នុងកាយកម្មមិនស្មើ តាំងនៅក្នុងវចីកម្មមិនស្មើ តាំងនៅក្នុងមនោកម្មមិនស្មើ តាំងនៅក្នុងបាណាតិបាតមិនស្មើ តាំងនៅក្នុងអទិន្នាទានមិនស្មើ តាំងនៅក្នុងកាមេសុមិច្ឆាចារមិនស្មើ តាំងនៅក្នុងមុសាវាទមិនស្មើ តាំងនៅក្នុងបិសុណវាចាមិនស្មើ តាំងនៅក្នុងផរុសវាចាមិនស្មើ តាំងនៅក្នុងសម្ផប្បលាបៈមិនស្មើ តាំងនៅក្នុងអភិជ្ឈាមិនស្មើ តាំងនៅក្នុងព្យាបាទមិនស្មើ តាំងនៅក្នុងមិច្ឆាទិដ្ឋិមិនស្មើ តាំងនៅក្នុងសង្ខារទាំងឡាយមិនស្មើ តាំងនៅក្នុងកាមគុណទាំង ៥ មិនស្មើ តាំងនៅក្នុងនីវណៈទាំង ៥ មិនស្មើ តាំងនៅ តំកល់នៅ ស្អិតជាប់ ចូលទៅជិតដល់ ជ្រុលជ្រប់ បង្អោនទៅ ជាប់នៅ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងចេតនាមិនស្មើ ក្នុងសេចក្តីបា្រថ្នាមិនស្មើ ក្នុងការតាំងចិត្តមិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ។

[៤៣] អធិប្បាយពាក្យថា អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល ត្រង់ពាក្យថា អ្នកដល់សេចក្តីទុក្ខ គឺអ្នកចូលទៅដល់ទុក្ខ ដល់នូវទុក្ខ ដល់ព្រមនូវទុក្ខ ចូលទៅរកទុក្ខ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវសេចក្តីស្លាប់ ដល់ព្រមនូវសេចក្តីស្លាប់ ចូលទៅរកសេចក្តីស្លាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ។ ពាក្យថា រមែងខ្សឹកខ្សួល គឺរមែងយំរៀបរាប់ យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល។

[៤៤] ពាក្យថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ សេចក្តីថា ពួកយើងច្យុតចាកអត្តភាពនេះទៅ តើទៅកើតជាអ្វី គឺទៅកើតជាសត្វនរក ឬកើតជាសត្វតិរច្ឆាន កើតជាបិត្តិវិស័យ កើតជាមនុស្ស កើតជាទេវតា កើតជារូបព្រហ្ម កើតជាអរូបព្រហ្ម កើតជាសញ្ញីព្រហ្ម កើតជាអសញ្ញីព្រហ្ម កើតជានេវសញ្ញីនាសញ្ញីព្រហ្ម យើងទាំងឡាយនឹងកើតក្នុងអនាគតកាលឬហ្ន៎ ឬនឹងមិនកើតក្នុងអនាគតកាលទេ នឹងជាអ្វីហ្ន៎ ក្នុងអនាគតកាល នឹងកើតក្នុងអនាគតកាលដោយសណ្ឋានដូចម្តេចហ្ន៎ យើងទាំងឡាយនឹងបានជាអ្វី កើតជាអ្វី ក្នុងអនាគតកាល ពួកជនអ្នកកន្ទះរា ដោយសេចក្តីសង្ស័យ អ្នកឆ្លេឆ្លាដោយសេចក្តីងឿងឆ្ងល់ អ្នកបែកចេញជាពីរចំណែក រមែងយំរៀបរាប់យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។

[៤៥] ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹងនូវកម្មណាមួយ ក្នុងលោក ថាមិនស្មើ មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ដ្បិតថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច។

[៤៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ជនកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា (ការសិក្សា) ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។

អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការបាននូវកុសលធម៌ទាំងឡាយ នេះឈ្មោះថា អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់។ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈនិងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈានដែលព្រះអរិយៈទាំងឡាយ សរសើរបុគ្គលអ្នកបានតតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខដូច្នេះ។ ព្រោះលះបង់សុខផង លះបង់ទុក្ខផង រំលត់សោមន្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះឈ្មោះថា អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ប្រព្រឹត្តក្នុងកិរិយាកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ ជាគ្រឿដឹងនូវការអស់ទៅនៃទុក្ខដោយប្រពៃ ភិក្ខុនោះ តែងដឹងច្បាស់តាមពិតថា នេះ ទុក្ខ ដឹងច្បាស់តាមពិតថា នេះ ហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះ ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ អាសវៈ ដឹងច្បាស់តាមពិតថា នេះ ធម៌នាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះ ទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់អាសវៈ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា។

ភិក្ខុកាលនឹក ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថា សិក្សា កាលពិចារណា ឈ្មោះថា សិក្សា កាលតំកល់ចិត្ត ឈ្មោះថា សិក្សា កាលបង្អោនចិត្តដោយសទ្ធា ឈ្មោះថាសិក្សា កាលផ្គងនូវព្យាយាម ឈ្មោះថាសិក្សា កាលតំកល់ស្មារតី ឈ្មោះថាសិក្សា កាលតំកល់ចិត្ត ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថាសិក្សា កាលដឹងច្បាស់នូវអភិញ្ញេយ្យធម៌ ឈ្មោះថាសិក្សា កាលកំណត់ដឹងនូវបរិញ្ញេយ្យធម៌ ឈ្មោះថាសិក្សា កាលលះបង់នូវបហាតព្វធម៌ ឈ្មោះថាសិក្សា កាលចំរើននូវភាវេតព្វធម៌ ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វធម៌ ឈ្មោះថាសិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តដោយល្អ ប្រព្រឹត្តសមាទាននូវសិក្ខាទាំង ៣ នេះ។ ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្តីគួរនេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងសេចក្តីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ក្នុងអត្តភាពនេះ ក្នុងមនុស្សលោកនេះ។ ពាក្យថា ជន បានដល់សត្វ នរជន។បេ។ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា។

[៤៧] អធិប្បាយពាក្យថា គប្បីដឹងនូវកម្មណាមួយក្នុងលោក ថាមិនស្មើ ត្រង់ពាក្យថា ណាមួយ គឺទាំងអស់ ដោយអាការទាំងអស់ ទាំងពួង ដោយប្រការទាំងពួង មិនមានសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យរួបរួម។ ពាក្យថា គប្បីដឹងថា មិនស្មើ គឺគប្បីដឹងនូវកាយកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវវចីកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមនោកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបាណាតិបាតមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអទិន្នាទានមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមេសុមិច្ឆាចារមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមុសាវាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបិសុណវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវផរុសវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសម្ផប្បលាបៈមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអភិជ្ឈាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវព្យាបាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមិច្ឆាទិដ្ឋិមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសង្ខារទាំងឡាយមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមគុណទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវនីវណៈទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវចេតនាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសេចក្តីបា្រថ្នាមិនស្មើ ថាមិនស្មើ គប្បីដឹង គប្បីដឹងទួទៅ គប្បីដឹងវិសេស គប្បីដឹងបា្រកដ គប្បីចាក់ធ្លុះនូវកិរិយាតំកល់ (ចិត្ត) មិនស្មើ ថាមិនស្មើ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងនូវកម្មណាមួយ ក្នុងលោក ថាមិនស្មើ។

[៤៨] ពាក្យថា មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះ អធិប្បាយថា មិនគប្បីប្រព្រឹត្តកាយកម្មមិនស្មើ ព្រោះហេតុនៃកាយកម្មមិនស្មើ មិនគប្បីប្រព្រឹត្តវចីកម្មមិនស្មើ ព្រោះហេតុនៃវចីកម្មមិនស្មើ មិនគប្បីប្រព្រឹត្តមនោកម្មមិនស្មើ ព្រោះហេតុនៃមនោកម្មមិនស្មើ មិនគប្បីប្រព្រឹត្តបាណាតិបាតមិនស្មើ ព្រោះហេតុនៃបាណាតិបាតមិនស្មើ មិនគប្បីប្រព្រឹត្តអទិន្នាទានមិនស្មើ ព្រោះហេតុនៃអទិន្នាទានមិនស្មើ មិនគប្បីប្រព្រឹត្តកាមេសុមិច្ឆាចារមិនស្មើ ព្រោះហេតុនៃកាមេសុមិច្ឆាចារមិនស្មើ មិនគប្បីប្រព្រឹត្តមុសាវាទមិនស្មើ ព្រោះហេតុនៃមុសាវាទមិនស្មើ មិនគប្បីប្រព្រឹត្តបិសុណវាចាមិនស្មើ ព្រោះហេតុនៃបិសុណវាចាមិនស្មើ មិនគប្បីប្រព្រឹត្តផរុសវាចាមិនស្មើ ព្រោះហេតុនៃផរុសវាចាមិនស្មើ មិនគប្បីប្រព្រឹត្តសម្ផប្បលាបៈមិនស្មើ ព្រោះហេតុនៃសម្ផប្បលាបៈមិនស្មើ មិនគប្បីប្រព្រឹត្តអភិជ្ឈាមិនស្មើ ព្រោះហេតុនៃអភិជ្ឈាមិនស្មើ មិនគប្បីប្រព្រឹត្តព្យាបាទមិនស្មើ ព្រោះហេតុនៃព្យាបាទមិនស្មើ មិនគប្បីប្រព្រឹត្តមិច្ឆាទិដ្ឋិមិនស្មើ ព្រោះហេតុនៃមិច្ឆាទិដ្ឋិមិនស្មើ មិនគប្បីប្រព្រឹត្តសង្ខារទាំងឡាយមិនស្មើ ព្រោះហេតុនៃសង្ខារទាំងឡាយមិនស្មើ មិនគប្បីប្រព្រឹត្តកាមគុណទាំង ៥ មិនស្មើ ព្រោះហេតុនៃកាមគុណទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្តនីវរណៈទាំង ៥ មិនស្មើ ព្រោះហេតុនៃនីវរណៈ ទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តទួទៅ មិនគប្បីប្រព្រឹត្តដោយប្រពៃ មិនគប្បីប្រព្រឹត្តសមាទាន (នូវចេតនាជាដើម) មិនស្មើ ព្រោះហេតុនៃចេតនាមិនស្មើ ព្រោះហេតុនៃសេចក្តីបា្រថ្នា មិនស្មើ ព្រោះហេតុនៃកិរិយាតំកល់ (ចិត្ត) មិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ។

[៤៩] អធិប្បាយពាក្យថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច ត្រង់ពាក្យថា ជីវិត បានដល់អាយុ ការតាំងនៅ ការទៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការដើរទៅ ការប្រព្រឹត្តទៅ ការរក្សា ការរស់នៅ ឥន្រ្ទិយគឺការរស់នៅ។ ម្យ៉ាងទៀត ជីវិតតិច ដោយហេតុ ២ យ៉ាង គឺ ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច។

ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនរស់នៅ នឹងមិនរស់នៅ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនរស់នៅ មិនរស់នៅហើយ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយ នឹងមិនរស់នៅ។

ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅអស់ ៨៤,០០០ ក័ល្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្តពីរ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកមិនមែនកើតដោយអនាគតខន្ធ ដែលមិនទាន់កើត មិនមែនរស់នៅក្នុងបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត ការបញ្ញតិ្តប្រកបដោយបរមត្ថ ប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយដែលបែកធ្លាយហើយ ក៏មិនដល់នូវកិរិយាតំកល់ទុកទេ គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយដែលកើតឡើងហើយ រមែងតាំងនៅ ឧបមាដូចជាគ្រាប់ស្ពៃដែលជាប់នឹងចុងដែកស្រួច កាលបើខន្ធទាំងឡាយកើតឡើងហើយ ការបែកក្លាយនៃខន្ធទាំងនោះ ក៏ឋិតនៅក្នុងខាងមុខ ឯសភាវៈដែលត្រូវវិនាសទាំងឡាយ (ខន្ធ) កំពុងឋិតនៅ មិនច្រឡូកច្រឡំ ដោយខន្ធចាស់ទេ ពួកសត្វមកអំពីទីមើលមិនឃើញ តែងទៅកាន់ទីមើលមិនឃើញ មុនអំពីការបែកធ្លាយ តែងកើតឡើង ទាំងតែងវិនាសទៅវិញ ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ ជីវិតតិច ព្រោះការតាំងនៅតិច យ៉ាងនេះ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូចម្តេច។ ជីវិតជាប់ចំពាក់ដោយដង្ហើមចូល ជីវិតជាប់ចំពាក់ដោយដង្ហើមចេញ ជីវិតជាប់ចំពាក់ដោយដង្ហើមចូល និងដង្ហើមចេញ ជីវិតជាប់ចំពាក់ដោយមហាភូតរូប ជីវិតជាប់ចំពាក់ដោយភ្លើងធាតុ ជីវិតជាប់ចំពាក់ដោយកវឡិង្ការាហារ ជីវិតជាប់ចំពាក់ដោយវិញ្ញាណ។ មូលនៃធម៌ទាំងនេះ ក៏មានកម្លាំងថយ។ បុព្វហេតុទាំងឡាយ នៃធម៌ទាំងនេះ ក៏មានកម្លាំងថយ។ សូម្បីធម៌ទាំងឡាយណាជាបច្ច័យ ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ សូម្បីធម៌ទាំងឡាយណា ជាដែនកើតមុន ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ ពួកធម៌ដែលកើតជាមួយនឹងធម៌ទាំងនេះ ក៏មានកម្លាំងថយដូចគ្នា។ ពួកធម៌ដែលសម្បយោគនឹងធម៌ទាំងនេះ មានកម្លាំងថយ។ សហជាតធម៌នៃធម៌ទាំងនេះ មានកម្លាំងថយ។ តណ្ហាណា ជាគ្រឿងប្រកប តណ្ហានោះ មានកម្លាំងថយ។ ធម៌ទាំងនេះ មានកម្លាំងថយជានិច្ច ចំពោះគ្នានិងគ្នា។ ធម៌ទាំងនេះ មិនឱនរកគ្នានិងគ្នា។ ធម៌ទាំងនេះ ញុំាងគ្នានិងគ្នាឲ្យធ្លាក់ចុះ។ ព្រោះថា មិនបានជាទីពឹងដល់គ្នានឹងគ្នា។ មួយទៀត ធម៌ទាំងនេះ មិនលើកតំកើងគ្នានិងគ្នា។ ធម៌ណា ជាអ្នកបង្កើត ធម៌នោះមិនមានទេ។ ធម៌នីមួយ មិនមែនសាបសូន្យដោយធម៌ណាមួយទេ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយទៅទាំងអស់។ ធម៌ទាំងនេះ កើតហើយ ដោយសារហេតុ និងបច្ច័យជាខាងដើម។ ហេតុ និងបច្ច័យទាំងឡាយណា ដែលឲ្យកើតមុន ហេតុ និងបច្ច័យទាំងនោះ ក៏ស្លាប់មុនទៅហើយ។ ធម៌ទាំងឡាយខាងដើម និងខាងចុង មិនបានឃើញគ្នានិងគ្នាក្នុងកាលណាឡើយ។ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច យ៉ាងនេះ។

មួយវិញទៀត មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតបាត់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ បើប្រៀបធៀបនឹងជីវិតរបស់ពួកទេវតាជាន់ចាតុម្មហារាជិកា។ របស់ពួកទេវតាជាន់តាវត្តិង្ស។ របស់ពួកទេវតាជាន់យាមៈ។ របស់ពួកទេវតាជាន់តុសិត។ របស់ពួកទេវតាជាន់និម្មានរតី។ របស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី។ មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ បើប្រៀបធៀបនឹងជីវិតរបស់ពួកទេវតាព្រហ្មកាយិកៈ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះតិច បរលោក ត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយៈ បុគ្គលដែលកើតហើយ មិនមែនមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា រស់នៅយ៉ាងយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចជាងនេះ ឬច្រើនជាងនេះ (មានខ្លះ)។

អាយុរបស់មនុស្សទាំងឡាយតិច បុរសអ្នកមានបា្រជ្ញា គួរធុញទ្រាន់នឹងអាយុនុ៎ះ គប្បីប្រព្រឹត្តឲ្យដូចបុគ្គលដែលត្រូវភ្លើងឆេះក្បាល ការមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ រមែងកន្លងទៅ ជីវិតក៏រលត់ទៅដែរ អាយុនៃសត្វទាំងឡាយ រមែងអស់ទៅ ដូចទឹកនៃស្ទឹងតូចៗ។

អធិប្បាយពាក្យថា ធីរជនទាំងឡាយ ពោលនូវជីវិតនេះថា តិច ត្រង់ពាក្យថា ធីរជនទាំងឡាយ គឺឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកមានបា្រជ្ញា។ ឈ្មោះថា ធីរជនព្រោះហេតុជាអ្នកបរិបូណ៌ដោយបា្រជ្ញា។ ឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកតិះដៀលបាប។ បញ្ញា លោកហៅថា ធី បានដល់បា្រជ្ញា ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកំណត់មាំ ការកំណត់មាំមួន ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវាងវៃ ការគិត ការត្រិះរិះ បា្រជ្ញាដូចជាផែនដី បា្រជ្ញាជាគ្រឿងទំលាយបង់ (នូវកិលេស) បា្រជ្ញាជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ចន្លួញគឺបញ្ញា បញ្ញា បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនភាន់ច្រឡំ ការពិចារណាធម៌ ការយល់ត្រូវ ឈ្មោះថា ធីរជន ព្រោះប្រកបព្រមដោយបញ្ញានោះ។ មួយទៀត ពួកធីរជនខាងខន្ធ ធីរជនខាងធាតុ ធីរជនខាងអាយតនៈ ធីរជនខាងបដិច្ចសមុប្បាទ ធីរជនខាងសតិប្បដ្ឋាន ធីរជនខាងសម្មប្បធាន ធីរជនខាងឥទ្ធិបាទ ធីរជនខាងឥន្រ្ទិយ ធីរជនខាងពលៈ ធីរជនខាងពោជ្ឈង្គ ធីរជនខាងមគ្គ ធីរជនខាងផល ធីរជនខាងព្រះនិពា្វន។ ពួកធីរជនទាំងនោះ បានពោលយ៉ាងនេះថា មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតប្រកបដោយខណៈ ជីវិតរហ័យ ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ ធីរជនទាំងឡាយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹងនូវកម្មណានីមួយក្នុងលោក ថាមិនស្មើ មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ដ្បិតថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះថា តិច។

[៥០] តថាគតឃើញនូវពពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ កំពុងញាប់ញ័រក្នុងលោក នរជនទាំងឡាយថោកទាប មិនទាន់កន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយទេ រមែងយំរៀបរាប់ក្នុងមាត់មច្ចុ។

[៥១] អធិប្បាយពាក្យថា ឃើញ (នូវពពួកសត្វ) កំពុងញាប់ញ័រក្នុងលោក ត្រង់ពាក្យថា ឃើញ គឺឃើញដោយមំសចក្ខុក្តី ឃើញដោយទិព្វចក្ខុក្តី ឃើញដោយបញ្ញាចក្ខុក្តី ឃើញដោយពុទ្ធចក្ខុក្តី មើលឃើញ ក្រឡេកមើល សំឡឹងមើល ពិចារណាមើល ដោយសមន្តចក្ខុក្តី។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា កំពុងញាប់ញ័រ គឺកំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះតណ្ហា កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទិដ្ឋិ កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះកិលេស កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះធម៌ជាគ្រឿងប្រកប កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះវិបាក កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះទុច្ចរិត កំពុងញាប់ញ័រ ដោយតម្រេកដែលត្រេកអរហើយ កំពុងញាប់ញ័រដោយទោសៈដែលប្រទូស្តហើយ កំពុងញាប់ញ័រ ដោយមោហៈដែលវង្វេងហើយ ញាប់ញ័រដោយមានះដែលជាប់ចំពាក់ហើយ ញាប់ញ័រដោយទិដ្ឋិដែលស្ទាបអង្អែលហើយ ញាប់ញ័រដោយឧទ្ធច្ចៈ ដែលដល់នូវសេចក្តីរាយមាយ ញាប់ញ័រដោយវិចិកិច្ឆា ដែលដល់នូវសេចក្តីមិនដាច់ស្រេច ញាប់ញ័រដោយអនុស័យ ដែលដល់នូវកំឡាំងញាប់ញ័រដោយលាភ ញាប់ញ័រដោយអលាភ ញាប់ញ័រដោយយស ញាប់ញ័រដោយការមិនមានយស ញាប់ញ័រដោយសេចក្តីសរសើរ ញាប់ញ័រដោយនិន្ទា ញាប់ញ័រដោយសុខ ញាប់ញ័រដោយទុក្ខ ញាប់ញ័រដោយជាតិ ញាប់ញ័រដោយជរា ញាប់ញ័រដោយព្យាធិ ញាប់ញ័រដោយមរណៈ ញាប់ញ័រដោយសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈទាំងឡាយ ញាប់ញ័រដោយទុក្ខ ដែលកើតក្នុងនរក ញាប់ញ័រដោយទុក្ខ ដែលកើតក្នុងកំណើតតិរច្ឆាន ញាប់ញ័រដោយទុក្ខដែលកើតក្នុងបិត្តិវិស័យ ញាប់ញ័រដោយទុក្ខ ដែលកើតជាមនុស្ស ញាប់ញ័រដោយទុក្ខ មានចុះកាន់គភ៌ជាហេតុ ញាប់ញ័រដោយទុក្ខ មានការឋិតនៅក្នុងគភ៌ជាហេតុ ញាប់ញ័រដោយទុក្ខ មានការចេញចាកគភ៌ជាហេតុ ញាប់ញ័រដោយទុក្ខដែលជាប់ចំពាក់របស់សត្វដែលកើតហើយ ញាប់ញ័រដោយទុក្ខ ដែលបណ្តាលអំពីបុគ្គលដទៃ របស់សត្វដែលកើតហើយ ញាប់ញ័រដោយទុក្ខ ព្រោះព្យាយាមសម្លាប់ខ្លួន ញាប់ញ័រដោយទុក្ខ ព្រោះព្យាយាមសម្លាប់អំពីបុគ្គលដទៃ ញាប់ញ័រដោយទុក្ខទុក្ខ (កាយិកទុក្ខ និងចេតសិកទុក្ខ) ញាប់ញ័រដោយសង្ខារទុក្ខ ញាប់ញ័រដោយទុក្ខ ព្រោះការប្រែប្រួល ញាប់ញ័រដោយទុក្ខ ព្រោះចក្ខុរោគ ញាប់ញ័រដោយទុក្ខ ព្រោះសោតរោគ ដោយទុក្ខព្រោះឃានរោគ ដោយទុក្ខព្រោះជិវ្ហារោគ ដោយទុក្ខព្រោះកាយរោគ ដោយទុក្ខ ព្រោះសីសរោគ ដោយទុក្ខ ព្រោះកណ្ណរោគ មុខរោគ ទន្តរោគ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ គ្រាំគ្រា រោគក្នុងផ្ទៃ ជ្រប់ ចុះឈាម ចុកសៀត ចុះរាគ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគក្នុងទីខ្វាដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធតាំងឡើងអំពីប្រមាត់ អាពាធតាំងឡើងអំពីស្លេស្ម អាពាធតាំងឡើងអំពីខ្យល់ អាពាធកើតអំពីធាតុទាំង ៤ ប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយចងជាដើម) អាពាធកើតអំពីផលនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខដោយសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ទុក្ខព្រោះស្លាប់មាតា ទុក្ខព្រោះស្លាប់បិតា ទុក្ខព្រោះស្លាប់បងប្អូនប្រុស ទុក្ខព្រោះស្លាប់បងប្អូនស្រី ទុក្ខព្រោះស្លាប់កូនប្រុស ទុក្ខព្រោះស្លាប់កូនស្រី ទុក្ខព្រោះវិនាសពួកញាតិ វិនាសភោគៈ វិនាសគឺរោគ វិនាសសីល វិនាសទិដ្ឋិ តថាគតឃើញ មើល ក្រឡេកមើល សំឡឹងមើល ពិចារណាឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រ ញាប់ញ័រចំប្រប់ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រក្នុងលោក។

[៥២] អធិប្បាយពាក្យថា ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ ត្រង់ពាក្យថា ពួកសត្វ គឺជាឈ្មោះនៃសត្វ។ ពាក្យថាតណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា លុះក្នុងតណ្ហា គឺនៅក្នុងតណ្ហា ទៅតាមតណ្ហា ផ្សាយទៅតាមតណ្ហា លិចចុះក្នុងតណ្ហា ធ្លាក់ក្នុងតណ្ហា (ត្រូវតណ្ហា) គ្របសង្កត់ហើយ មានចិត្ត (ត្រូវតណ្ហា) សង្កត់សង្កិនហើយ។ ពាក្យថា ភពទាំងឡាយ បានដល់ កាមភព រូបភព អរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ។

[៥៣] អធិប្បាយពាក្យថា នរជនទាំងឡាយ ថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ ត្រង់ពាក្យថា នរជនទាំងឡាយថោកទាប គឺនរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយកាយកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជា អ្នកប្រកបដោយវចីកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយមនោកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយបាណាតិបាតដ៏ថោកទាប។ ដោយអទិន្នាទានដ៏ថោកទាប។ ដោយកាមេសុមិច្ឆាចារដ៏ថោកទាប។ ដោយមុសាវាទដ៏ថោកទាប។ ដោយបិសុណាវាចាដ៏ថោកទាប។ ដោយផរុសវាចាដ៏ថោកទាប។ ដោយសម្ផប្បលាបៈដ៏ថោកទាប។ ដោយអភិជ្ឈាដ៏ថោកទាប។ ដោយព្យាបាទដ៏ថោកទាប។ ដោយមិច្ឆាទិដ្ឋិដ៏ថោកទាប។ ដោយសង្ខារទាំងឡាយដ៏ថោកទាប។ ដោយកាមគុណទាំង ៥ ដ៏ថោកទាប។ ដោយនីវរណៈទាំង ៥ ដ៏ថោកទាប។ ដោយចេតនាដ៏ថោកទាប។ ដោយសេចក្តីប្រាថ្នាដ៏ថោកទាប។ នរជនថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ កំទេចកំទី ព្រោះហេតុជាអ្នកប្រកបដោយការតំកល់ចិត្តដ៏ថោកទាប ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប។ ពាក្យថា រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ សេចក្តីថា ពួកជនដល់នូវមច្ចុ ដល់ព្រមនូវមច្ចុ ចូលទៅរកមច្ចុ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវមរណៈ ដល់ព្រមនូវមរណៈ ចូលទៅរកមរណៈ រមែងយំ យំរៀបរាប់ សៅសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវសេចក្តីវង្វេង ក្នុងមាត់នៃមច្ចុ ក្នុងមាត់នៃមារ ក្នុងមាត់នៃមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ។

[៥៤] អធិប្បាយពាក្យថា មិនទាន់កន្លងនូវតណ្ហា ក្នុងភពតូច និងភពធំទាំងឡាយ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា។បេ។ ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូច និងភពធំទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាក្នុងភពតូច និងភពធំ គឺថា ក្នុងកាមភព ឈ្មោះកម្មភព ក្នុងកាមភព ឈ្មោះបុនព្ភព ក្នុងរូបភព ឈ្មោះកម្មភព ក្នុងរូបភព ឈ្មោះបុនព្ភព ក្នុងអរូបភព ឈ្មោះកម្មភព ក្នុងអរូបភព ឈ្មោះបុនព្ភព គឺថា ក្នុងការកើតរឿយៗ ការទៅរឿយៗ ឧបបត្តិរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាព ឲ្យកើតឡើងរឿយៗ។ ពាក្យថា មិនកន្លងតណ្ហា គឺមិនកន្លងតណ្ហា មិនបា្រសចាកតណ្ហា មានតណ្ហាមិនឃ្លាតចេញ មានតណ្ហាមិនខ្ជាក់ចោល មិនរួចចាកតណ្ហា មិនលះបង់តណ្ហា មិនរលាស់ចោលតណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

តថាគតឃើញនូវពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ កំពុងញាប់ញ័រក្នុងលោក នរជនទាំងឡាយថោកទាប មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ។

[៥៥] អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសេចក្តីអាល័យកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។

[៥៦] អធិប្បាយពាក្យថា អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ត្រង់ពាក្យថា អាល័យ បានដល់អាល័យ ២ យ៉ាង អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១។

អាល័យ គឺតណ្ហា តើដូចម្តេច។ កំណត់ដែន កំណត់ទី កំណត់ជួរ កំណត់ជុំវិញ ការហួងហែង ការអាល័យ ដោយចំណែកនៃតណ្ហា មានប្រមាណណាថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ មានប្រមាណប៉ុណ្ណេះរបស់អញ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ របស់អញ គ្រឿងកម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងរបស់អញ សូម្បីបុគ្គលប្រកាន់ផែនដីធំទាំងអស់ ដោយអំណាចនៃតណ្ហា ទាំងតណ្ហាវិបរឹត ១០៨ ជាកំណត់នេះ ឈ្មោះថា អាល័យគឺតណ្ហា។

អាល័យ គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិណា មានសភាពយ៉ាងនេះ ដំណើរគឺទិដ្ឋិ ការសាំញុំាគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការញាប់ញ័រគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិ ការកាន់ ការប្រកាន់ ប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់ដោយការស្វែងរកខុស ការប្រកាន់វិបរឹត ការវិបល្លាស ការកាន់ខុស ការប្រកាន់ក្នុងវត្ថុមិនពិត ថាជារបស់ពិត ទិដ្ឋិទាំង ៦២ ទាំងប៉ុន្មាននេះ ឈ្មោះថា អាល័យគឺទិដ្ឋិ។

ពាក្យថា ចូរមើលពួកសត្វដែលមានសេចក្តីអាល័យ កំពុងតែញាប់ញ័រ សេចក្តីថា ពួកនរជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុ ដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលគេកំពុងដណ្តើមយក ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមយកហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀស ក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួល ញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រខ្លាំង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំ រន្ធត់ដោយអាការទាំងពួង អ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរសំឡឹងមើល ចូរពិចារណាមើល នូវពួកសត្វកំពុងញាប់ញ័រ ញាប់ញ័រដោយអាការទាំងពួង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ដោយអាការទាំងពួង យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ។

[៥៧] ពាក្យថា ដូចពួកត្រី ក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ សេចក្តីថា ពួកត្រីក្នុងទីមានទឹកតិច មានទឹកស្តួចស្តើង មានទឹកអស់ហើយ ត្រូវពួកក្អែកក្តី ពួកត្រដក់ក្តី ពួកកុកក្តី បៀតបៀនចឹកលើកឡើង ពាំស៊ី ក៏ញាប់ញ័រ ញាប់ញ័រសព្វ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ យ៉ាងណាមិញ ពួកសត្វដែលមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលគេកំពុងដណ្តើម ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួលញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រសព្វ ញាប់ញ័រផ្សេង ៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ។

[៥៨] ពាក្យថា បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត គឺឃើញ មើល ថ្លឹង ពិចារណា សំដែងឲ្យច្បាស់ ធ្វើឲ្យបា្រកដ នូវទោសនេះក្នុងអាល័យទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះ។ ពាក្យថា អាល័យ ក្នុងបទថា បុគ្គលមិនមានអាល័យ គប្បីប្រព្រឹត្ត បានដល់អាល័យ ២ អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១។បេ។ នេះ អាល័យគឺតណ្ហា។បេ។ នេះ អាល័យគឺទិដ្ឋិ។ បុគ្គលលះអាល័យគឺតណ្ហា រលាស់ចោលអាល័យគឺទិដ្ឋិ មិនប្រកាន់ចក្ខុ មិនប្រកាន់សោតៈ មិនប្រកាន់ឃានៈ មិនប្រកាន់ជិវ្ហា មិនប្រកាន់កាយ មិនប្រកាន់ចិត្ត មិនប្រកាន់ មិនទទួល មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវរូប សំឡេង ក្លិន រស ផ្សព្វទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារគឺថ្នាំជាបច្ច័យដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ធម៌ដែលគេគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង គប្បីប្រព្រឹត្ត គប្បីនៅដោយស្ងប់ស្ងាត់ គប្បីញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ គប្បីញុំាងឥរិយាបថឲ្យកើតឡើង គប្បីរក្សាឥរិយាបថ គប្បីបំពេញឥរិយាបថ គប្បីបង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត។

[៥៩] ពាក្យថា ក្នុងភពទាំងឡាយ ក្នុងបទថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ គឺ ក្នុងកាមភព រូបភព អរូបភព។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីរីករាយ ដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ បានសេចក្តីថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ មិនធ្វើសេចក្តីពេញចិត្ត សេចក្តីស្រឡាញ់ សេចក្តីត្រេកអរ សេចក្តីអត់ធន់ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។ ហេតុនោះព្រះមានព្រះភាគ ត្រាស់ថា

អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។

[៦០] អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយ ដែលខ្លួនឃើញហើយ ឮហើយឡើយ។

[៦១] អធិប្បាយពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈ ជាទីបំផុតទី ១ ហេតុដែលកើតផស្សៈ ជាទីបំផុតទី ២។ អតីតកាល ជាទីបំផុតទី ១ អនាគតកាល ជាទីបំផុតទី ២។ សុខវេទនា ជាទីបំផុតទី ១ ទុក្ខវេទនាជាទីបំផុតទី ២។ នាម ជាទីបំផុតទី ១ រូប ជាទីបំផុតទី ២។ អាយតនៈខាងក្នុង ៦ ជាទីបំផុតទី ១ អាយតនៈខាងក្រៅ ៦ ជាទីបំផុតទី ២។ សក្កាយៈ ជាទីបំផុតទី ១ ហេតុជាដែនកើតនៃសក្កាយៈ ជាទីបំផុតទី ២។ ពាក្យថា សេចក្តីពេញចិត្ត បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម សេចក្តីងល់ងប់គឺកាម សេចក្តីជ្រុលជ្រប់គឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ។ ពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ បានសេចក្តីថា រមែងបន្ទោបង់ បន្ទោបង់ចំពោះ លះបង់ កំចាត់បង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងបន្ទោបង់ សេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ។

[៦២] អធិប្បាយពាក្យថា រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ត្រង់ពាក្យថា ផស្សៈ បានដល់ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយសម្ផស្សៈ ទុក្ខវេទនីយសម្ផស្សៈ អទុក្ខមសុខវេទនីយសម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ អាការនៃការប៉ះពាល់ ការពាល់ត្រូវព្រម ភាពនៃការពាល់ត្រូវព្រមណា មានសភាពយ៉ាងនេះ នេះហៅថាផស្សៈ។ ពាក្យថា កំណត់ដឹងផស្សៈ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហាណបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) ដឹងនូវផស្សៈ គឺដឹង ឃើញថា នេះ ចក្ខុសម្ផស្សៈ នេះសោតសម្ផស្សៈ នេះឃានសម្ផស្សៈ នេះជិវ្ហាសម្ផស្សៈ នេះកាយ សម្ផស្សៈ នេះមនោសម្ផស្សៈ នេះអធិវចនសម្ផស្សៈ នេះបដិឃសម្ផស្សៈ នេះសុខវេទនីយផស្សៈ នេះទុក្ខវេទនីយផស្សៈ នេះអទុក្ខមសុខវេទនីយផស្សៈ នេះកុសលផស្សៈ នេះអកុសលផស្សៈ នេះអព្យាកតផស្សៈ នេះកាមាវចរផស្សៈ នេះរូបាវចរផស្សៈ នេះអរូបាវចរផស្សៈ នេះសុញ្ញតផស្សៈ នេះអនិមិត្តផស្សៈ នេះអប្បណិហិតផស្សៈ នេះលោកិយផស្សៈ នេះលោកុត្តរផស្សៈ នេះអតីតផស្សៈ នេះអនាគតផស្សៈ នេះបច្ចុប្បន្នផស្សៈ នេះឈ្មោះថា ញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះធ្វើនូវការដឹងយ៉ាងនេះ ហើយ ពិចារណាផស្សៈ គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីលំបាក ជាអាពាធ ជារបស់អ្នកដទៃ ជារបស់ទ្រុឌទ្រោម ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនយឺនយូរ ជារបស់គ្មានទីពឹង គ្មានទីជ្រក គ្មានទីរលឹក ជារបស់ទទេ ជារបស់រលីងធេង ជារបស់សោះសូន្យ មិនមែនជារបស់ខ្លួន ជាទោស ជារបស់ប្រែប្រួលធម្មតា ជារបស់ឥតខ្លឹម ជាឫសនៃទុក្ខ ជាពេជ្ឈឃាត គ្មានសេចក្តីចំរើន ប្រកបដោយអាសវៈ មានបច្ច័យតាក់តែង ជាអាមិសៈនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈជាធម្មតា ប្រកបដោយគ្រឿងសៅហ្មងជាធម្មតា ជារបស់កើតឡើង ជារបស់វិនាសទៅវិញ ជារបស់គួរត្រេកអរ ជាទោស ជាគ្រឿងរលាស់ចេញ នេះឈ្មោះថា តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះពិចារណាយ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវឆន្ទរាគក្នុងផស្សៈ។ សមដូចជាព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងផស្សៈទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើយ៉ាងនេះបាន ផស្សៈនោះ ឈ្មោះថា អ្នកទាំងឡាយ បានលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាមិនមានទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមាន ធ្វើឲ្យជាធម៌ លែងកើត តទៅទៀតហើយ។ នេះឈ្មោះថា បហានបរិញ្ញា។

ពាក្យថា កំណត់ដឹងផស្សៈហើយ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញាទាំង ៣ នេះ។ ពាក្យថា មិនជាប់ចំពាក់ អធិប្បាយថា តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការជាប់ចំពាក់នុ៎ះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានរលាស់ចោលហើយ ធ្វើមិនឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនជាប់ចំពាក់។ បុគ្គលនោះមិនជាប់ចំពាក់ក្នុងរូប មិនជាប់ចំពាក់ក្នុងសំឡេង មិនជាប់ចំពាក់ក្នុងក្លិន មិនជាប់ចំពាក់ក្នុងរស មិនជាប់ចំពាក់ក្នុងផ្សព្វ មិនជាប់ចំពាក់ក្នុងត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនធ្លាក់ចុះ មិនជ្រុលជ្រប់ មិនងល់ងប់ មានការជាប់ចំពាក់កន្លងហើយ មានការជាប់ចំពាក់ទៅបា្រសហើយ មានការជាប់ចំពាក់លះហើយ មានការជាប់ចំពាក់ខ្ជាក់ចោលហើយ មានការជាប់ចំពាក់រួចហើយ មានការជាប់ចំពាក់លះបង់ហើយ មានការជាប់ចំពាក់រលាស់ចោលហើយ មានរាគៈកន្លងហើយ មានរាគៈទៅបា្រសហើយ មានរាគៈលះហើយ មានរាគៈខ្ជាក់ចោលហើយ មានរាគៈរួចស្រឡះហើយ មានរាគៈ លះបង់ហើយ មានរាគៈរលាស់ចោលហើយ មិនមានសេចក្តីបា្រថ្នា មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលចំពោះសេចក្តីសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) កំណត់ដឹងផស្សៈហើយ ជាអ្នកមិនជាប់ចំពាក់។

[៦៣] អធិប្បាយពាក្យថា តិះដៀលអំពើណាដោយខ្លួនឯង មិនធ្វើអំពើនោះ ត្រង់ពាក្យថា អំពើណា គឺតិះដៀលអំពើណាដោយខ្លួនឯង។ តិះដៀលខ្លួន ព្រោះហេតុ ២ យ៉ាង គឺព្រោះអំពើដែលខ្លួនធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ។

តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ តើដូចម្តេច។ បុគ្គលតិះដៀលខ្លួនឯងថា កាយទុច្ចរិត អាត្មាអញបានធ្វើហើយ កាយសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា វចីទុច្ចរិត អាត្មាអញបានធ្វើហើយ វចីសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ មនោសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា បាណាតិបាត អាត្មាអញបានធ្វើហើយ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា អទិន្នាទាន អាត្មាអញបានធ្វើហើយ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា កាមេសុមិច្ឆាចារ អាត្មាអញបានធ្វើហើយ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មុសាវាទ អាត្មាអញបានធ្វើហើយ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា បិសុណាវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកបិសុណាវាចា អាត្មាអញមិនបាន ធ្វើទេ។ តិះដៀលខ្លួនឯងថា ផរុសវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកផរុសវាចាអាត្មាអញ មិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា សម្ផប្បលាបៈ អាត្មាអញបានធ្វើហើយ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា អភិជ្ឈា អាត្មាអញបានធ្វើហើយ អនភិជ្ឈា អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួឯងថា ព្យាបាទ អាត្មាអញបានធ្វើហើយ អព្យាបាទ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង។ ម្យ៉ាងទៀត បុគ្គលតិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនដឹងប្រមាណក្នុងភោជន។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបដោយសតិសម្បជញ្ញៈ។ តិះដៀលខ្លួនឯងថា សតិប្បដ្ឋានទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា សម្មប្បធានទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ឥទ្ធិបាទទាំង ៤ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ឥន្រ្ទិយទាំង ៥ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ពលៈទាំង ៥ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា អរិយមគ្គប្រកបដោយអង្គ ៨ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ទុក្ខ អាត្មាអញមិនបានកំណត់ទេ។ តិះដៀលខ្លួនឯងថា សមុទយៈ អាត្មាអញមិនបានលះបង់ទេ។ តិះដៀលខ្លួនឯងថា មគ្គ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា និរោធ អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់ទេ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង។ អ្នកបា្រជ្ញមិនធ្វើ គឺមិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវអំពើដែលគួរតិះដៀលខ្លួនយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ។

[៦៤] អធិប្បាយពាក្យថា អ្នកបា្រជ្ញមិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយដែលខ្លួនឃើញហើយ ឮហើយ ត្រង់ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ ការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា។បេ។ នេះ ឈ្មោះថាការប្រឡាក់គឺទិដ្ឋិ។ អ្នកមានបា្រជ្ញា បណ្ឌិត អ្នកមានការដឹងសព្វ អ្នកមានការត្រាស់ដឹង អ្នកមានញាណ អ្នកមានបា្រជ្ញាភ្លឺច្បាស់ អ្នកមានបា្រជ្ញាជាគ្រឿងទំលាយបង់នូវកិលេស ឈ្មោះថា អ្នកបា្រជ្ញ។ អ្នកបា្រជ្ញបានលះបង់នូវការប្រឡាក់ គឺតណ្ហា រលាស់ចោលនូវការប្រឡាក់ គឺទិដ្ឋិ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឃើញហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឮហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលទទួលហើយ មិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាបក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ គឺជាអ្នកមិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាប ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចនៅដោយចិត្ត ដែលបា្រសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ មិនប្រឡាក់ក្នុងអារម្មណ៍ ដែលខ្លួនឃើញហើយ ឮហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយ។

[៦៥] មុនិ កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ជាអ្នកមានព្រួញដកឡើងហើយ ប្រព្រឹត្តមិនប្រហែស មិនបា្រថ្នានូវលោកនេះ និងលោកដទៃ។

[៦៦] អធិប្បាយពាក្យថា កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ត្រង់ពាក្យថា សញ្ញា បានដល់កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា នេក្ខម្មសញ្ញា អព្យាបាទសញ្ញា អវិហឹសាសញ្ញា រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា សេចក្តីសំគាល់អាការនៃសេចក្តីសំគាល់ ភាពនៃអារម្មណ៍ដែលបុគ្គលសំគាល់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា សញ្ញា។ ពាក្យថា កំណត់ដឹងនូវសញ្ញា គឺកំណត់ដឹងនូវសញ្ញា ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ ភិក្ខុដឹងនូវសញ្ញា គឺដឹង ឃើញថា នេះកាមសញ្ញា នេះព្យាបាទសញ្ញា នេះវិហឹសាសញ្ញា នេះនេក្ខម្មសញ្ញា នេះអព្យាបាទសញ្ញា នេះអវិហឹសាសញ្ញា នេះរូបសញ្ញា នេះសទ្ទសញ្ញា នេះគន្ធសញ្ញា នេះរសសញ្ញា នេះផោដ្ឋព្វសញ្ញា នេះធម្មសញ្ញា ដូច្នេះ នេះឈ្មោះថា ញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ (ភិក្ខុ) លុះធ្វើនូវការដឹងយ៉ាងនេះហើយ ពិចារណានូវសញ្ញា គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាពក ជាព្រួញ ជាសេចក្តីលំបាក ជាអាពាធ ជារបស់បុគ្គលដទៃ ជារបស់វិនាស ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់កម្រើក ជារបស់ពុករលួយ។បេ។ ជាគ្រឿងកើតឡើង ជាគ្រឿងដល់នូវសេចក្តីវិនាស ជាគ្រឿងត្រេកអរ ជាទោស ជាការរលាស់ចេញ នេះឈ្មោះថា តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ (ភិក្ខុ) លុះពិចារណាយ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានឆន្ទរាគក្នុងសញ្ញា។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណាក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើយ៉ាងនេះបាន សញ្ញានោះ ឈ្មោះថាអ្នកទាំងឡាយលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យលែងកើតមាន ធ្វើឲ្យជាធម៌លែងកើត តទៅទៀត។ នេះឈ្មោះថា បហានបរិញ្ញា។

ពាក្យថា កំណត់ដឹងសញ្ញា គឺកំណត់ដឹងសញ្ញាដោយបរិញ្ញា ៣ នេះ។ ពាក្យថា គប្បីឆ្លងឱឃៈបាន គឺគប្បីឆ្លង ឆ្លងឡើង កន្លង ប្រព្រឹត្តកន្លង នូវកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនុ៎ះ (ទ្រង់ត្រាស់ថា) កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន។

[៦៧] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ត្រង់ពាក្យថា សេចក្តីហួងហែងទាំងឡាយ បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា មុនិ អធិប្បាយថា ការដឹង លោកហៅថា មោនៈ បានដល់បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសន្សំធម៌ ការយល់ឃើញត្រូវ មុនិ ប្រកបព្រមដោយការដឹងនោះ ឈ្មោះថា អ្នកដល់នូវមោនៈ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១។

កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់កាយទុច្ចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ កាយសុចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ ញាណ មានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ។ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ។ ការលះបង់ឆន្ទរាគក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ។ ចតុត្ថជ្ឈានសមាបត្តិ ដែលរំលត់កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ។ នេះឈ្មោះថា កាយមោនេយ្យៈ។

វចីមោនេយ្យៈ តើដូចម្តេច។ ការលះបង់វចីទុច្ចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ។ វចីសុចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ។ ញាណមានវាចាជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ។ ការកំណត់ដឹងវាចា ឈ្មោះថា វចីមោនេយ្យៈ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា វចីមោនេយ្យៈ។ ការលះបង់ឆន្ទរាគក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ។ ទុតិយជ្ឈានសមាបត្តិ ដែលរំលត់វចីសង្ខារ ឈ្មោះថា វចីមោនេយ្យៈ។ នេះឈ្មោះថា វចីមោនេយ្យៈ។

មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់មនោទុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ។ មនោសុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ។ ញាណមានចិត្តជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ ការកំណត់ដឹងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ។ ការលះបង់ ឆន្ទរាគក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ សញ្ញាវេទយិតនិរោធសមាបត្តិ ដែលរំលត់ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ។ នេះឈ្មោះថា មនោមោនេយ្យៈ។

អ្នកបា្រជ្ញទាំងឡាយ បានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលះបង់បាបទាំងអស់។ អ្នកបា្រជ្ញទាំងឡាយបានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលាងជម្រះបាបហើយ។

មុនិដែលប្រកបដោយមោនេយ្យធម៌ ៣ នេះ មាន ៦ គឺអាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ ១ បច្ចេកមុនិ ១ មុនិមុនិ ១។ ពួកអាគារមុនិ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកនៅគ្រប់គ្រងផ្ទះ ឃើញបទគឺ ព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អាគារមុនិ។ ពួកអនាគារមុនិ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកបួស ឃើញបទគឺព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះថា សេក្ខមុនិ។ ព្រះអរហន្តទាំងឡាយ ឈ្មោះថា អសេក្ខមុនិ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ឈ្មោះថា បច្ចេកមុនិ។ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ លោកហៅថា មុនិមុនិ។ បុគ្គលមានសភាពជាអ្នកល្ងង់ខ្លៅ មិនចេះដឹង មិនមែនឈ្មោះថា មុនិ ដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ ហើយវៀរបង់បាបទាំងឡាយ ដូចជាបុគ្គលអ្នកកាន់ជញ្ជីង បុគ្គលនោះ ឈ្មោះថា មុនិ ដោយហេតុនោះ បុគ្គលណាដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះឈ្មោះថា មុនិ បុគ្គលដែលលោកហៅថាមុនិ ដោយហេតុនោះ។

បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង ពួកសប្បុរសផង ខាងក្នុងផង ខាងក្រៅផង ក្នុងលោកទាំងអស់ ជាបុគ្គលដែលទេវតា និងមនុស្ស បូជាហើយ បានកន្លងបណ្តាញ គឺគ្រឿងចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។

ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ គឺ ការប្រឡាក់ គឺ តណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា។បេ។ នេះឈ្មោះថា ការប្រឡាក់គឺទិដ្ឋិ។ មុនិលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ មិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ គឺជាអ្នកមិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចដោយចិត្តដែលបា្រសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ។

[៦៨] អធិប្បាយពាក្យថា មានព្រួញដកហើយ ប្រព្រឹត្តមិនប្រមាទ ត្រង់ពាក្យថា ព្រួញ បានដល់ព្រួញ ៧ គឺ ព្រួញគឺរាគៈ ព្រួញគឺទោសៈ ព្រួញគឺមោហៈ ព្រួញគឺមានះ ព្រួញគឺទិដ្ឋិ ព្រួញគឺសោក ព្រួញគឺសេចក្តីសង្ស័យ។ ព្រួញទាំងឡាយនេះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានគ្របសង្កត់ហើយ មិនគួរឲ្យកើតបាន បានដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានព្រួញដកហើយ មានព្រួញភើចឡើងហើយ មានព្រួញគាស់ឡើងហើយ មានព្រួញរំលើងឡើងហើយ មានព្រួញហូតឡើងហើយ មានព្រួញហូតឡើងព្រមហើយ មានព្រួញលះចេញហើយ មានព្រួញខ្ជាក់ចោលហើយ មានព្រួញរួចស្រឡះហើយ មានព្រួញលះបង់ហើយ មានព្រួញរលាស់ចោលហើយ មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះទ្រង់ត្រាស់ថា មានព្រួញដកឡើងហើយ ពាក្យថា ប្រព្រឹត្ត គឺចរទៅ នៅ ដើរទៅ រក្សា ត្រាច់ទៅ ញុំាងឥរិយាបទឲ្យត្រាច់ទៅ។ ពាក្យថា មិនប្រហែស គឺធ្វើគោរព ធ្វើរឿយៗ ធ្វើមិនឈប់ ប្រព្រឹត្តមិនធូរថយ មិនទម្លាក់ចោលនូវឆន្ទៈ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសីលក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសីលក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ។ ថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសមាធិក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះៗ។បេ។ ក្នុងកុសលធម៌ទាំងឡាយ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញគប្បីបំពេញបញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងកំណត់ដឹងទុក្ខ ដែលមិនបានកំណត់ដឹងហើយ នឹងលះបង់កិលេសទាំងឡាយ ដែលមិនទាន់លះ នឹងចំរើនមគ្គដែលមិនទាន់ចំរើន ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មានព្រួញដកហើយ ប្រព្រឹត្តមិនប្រហែស។

[៦៩] ពាក្យថា មិនបា្រថ្នានូវលោកនេះ និងលោកដទៃ សេចក្តីថា មិនបា្រថ្នាលោកនេះ គឺអត្តភាពរបស់ខ្លួន មិនបា្រថ្នាលោកដទៃ គឺអត្តភាពដទៃ។ មិនបា្រថ្នាលោកនេះគឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់ខ្លួន មិនបា្រថ្នាលោកដទៃ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណដទៃ។ មិនបា្រថ្នាលោកនេះ គឺអាយតនៈខាងក្នុង ៦ មិនបា្រថ្នាលោកដទៃ គឺអាយតៈខាងក្រៅ ៦។ មិនបា្រថ្នាលោកនេះ គឺមនុស្សលោក មិនបា្រថ្នាលោកដទៃ គឺទេវលោក។ មិនបា្រថ្នាលោកនេះ គឺកាមធាតុ មិនបា្រថ្នាលោកដទៃ គឺរូបធាតុ និងអរូបធាតុ។ មិនបា្រថ្នាលោកនេះ គឺកាមធាតុ រូបធាតុ មិនប្រាថ្នាលោកដទៃ គឺអរូបធាតុ។ មិនប្រាថ្នា មិនត្រូវការ មិនត្រេកអរ មិនប៉ុនប៉ង មិនស្រឡាញ់ មិនជាប់ចិត្ត នូវគតិ ឧបបតិ្ត បដិសន្ធិ ភព សំសារ ឬវដ្តៈទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនបា្រថ្នានូវលោកនេះ និងលោកដទៃ។ ហេតុនោះ ព្រះមានព្រភាគ ត្រាស់ថា

មុនិកំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ជាអ្នកមានព្រួញដកឡើងហើយ ប្រព្រឹត្តមិនប្រហែស មិនបា្រថ្នានូវលោកនេះ និងលោកដទៃ។

ចប់ គុហដ្ឋកសុត្តនិទេ្ទស ទី២។

 

លេខយោង

km/tipitaka/sut/kn/man/sut.kn.man.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann