តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » មហានិទេ្ទស »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn man 03 បាលី cs-km: sut.kn.man.03 អដ្ឋកថា: sut.kn.man.03_att PTS: ?
ទុដ្ឋដ្ឋកសុត្តនិទេ្ទស ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. ទុដ្ឋដ្ឋកសុត្តនិទ្ទេសោ)
[៧០] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) តិរ្ថិយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀតមានចិត្តជឿថាមែន រមែងជេរតាម តែព្រះពុទ្ធជាមុនិ មិនអើពើនូវវាទៈ ដែលកើតហើយ ព្រោះហេតុនោះ បង្គោលគឺកិលេស របស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ។
[៧១] ពាក្យថា តិរិ្ថយពួកខ្លះ មានចិត្តខឹងហើយជេរ គឺពួកតិរិ្ថយទាំងនោះ មានចិត្តខឹង មានចិត្តប្រទូស្ត មានចិត្តអាក់អន់ មានចិត្តអាក់អន់តប មានចិត្តបៀតបៀន មានចិត្តបៀតបៀនតប មានចិត្តគុំគួន មានចិត្តគុំគួនតប ហើយជេរប្រទេចនូវព្រះមានព្រះភាគនិងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) តិរិ្ថយពួកខ្លះ មានចិត្តខឹង ហើយជេរ។
[៧២] ពាក្យថា ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម គឺពួកជនណាជឿ ជឿស៊ប់ ចុះចិត្តស៊ប់ តាមពាក្យនៃតិរិ្ថយទាំងនោះ មានចិត្តជឿថាមែន មានសេចក្តីសំគាល់ថាមែន មានចិត្តជឿបា្រកដ មានសេចក្តីសំគាល់ថា បា្រកដ មានចិត្តថាទៀងទាត់ មានសេចក្តីសំគាល់ថាទៀងទាត់ មានចិត្តថាពិត មានសេចក្តីសំគាល់ថាពិត មានចិត្តថាមិនប្រែប្រួល មានសេចក្តីសំគាល់ថាមិនប្រែប្រួល ហើយជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម។
[៧៣] ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈ ដែលកើតឡើង គឺវាទៈនោះ កើត កើតព្រម កើតហើយ កើតចំពោះហើយ កើតបា្រកដហើយ ជាវាទៈលាន់កងរំពង អំពីសំណាក់បុគ្គលដទៃ ជាពាក្យជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវាទៈដែលកើតហើយ។ ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើ សេចក្តីថា ញាណ លោកហៅថាមោនៈ បានដល់បា្រជ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ ព្រះពុទ្ធជាមុនិ ប្រកបដោយញាណនោះ ឈ្មោះថាទ្រង់ដល់នូវមោនៈ។បេ។ ព្រះមានព្រះភាគនោះ កន្លងនូវបណ្តាញគឺសេចក្តីជាប់ ទើបឈ្មោះថា មុនិ។ បុគ្គលណាអើពើនូវវាទៈ បុគ្គលនោះ រមែងអើពើនូវវាទៈដោយហេតុ ២ យ៉ាង។ គឺបុគ្គលអ្នកបង្កទោស រមែងអើពើនូវវាទៈ ព្រោះភាពនៃខ្លួនជាអ្នកបង្កទោស ១។ មួយទៀត បុគ្គលត្រូវគេស្តី គេតិះដៀល រមែងខឹង គុំគួន តបត ធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីអាក់អន់ផង ឲ្យបា្រកដថា អញជាអ្នកមិនបង្កទោស ១។ បុគ្គលណារមែងអើពើនូវវាទៈ បុគ្គលនោះ រមែងអើពើនូវវាទៈ ដោយហេតុ ២ នេះឯង។ ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈ ដោយហេតុ ២ យ៉ាង។ គឺព្រះពុទ្ធជាអ្នកមិនបង្កទោស រមែងមិនអើពើនូវវាទៈ ព្រោះភាពនៃព្រះអង្គជាអ្នកមិនបង្កទោស ១។ មួយទៀត ព្រះពុទ្ធ កាលគេស្តី គេតិះដៀល រមែងមិនខឹង មិនគុំគួន មិនតបត ទាំងមិនធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីអាក់អន់ផង ឲ្យបា្រកដថា អញជាអ្នកមិនបង្កទោស ១។ ព្រះពុទ្ធជាមុនិ រមែងមិនអើពើ មិនរវល់ មិនកាន់យក មិនប៉ះពាល់ មិនប្រកាន់ទុកនូវវាទៈដោយហេតុ ២ នេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈដែលកើតហើយ។
[៧៤] អធិប្បាយពាក្យថា ព្រោះហេតុនោះ បង្គោលគឺកិលេសរបស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ព្រះពុទ្ធជាមុនិ មិនមានព្រះហ្ឫទ័យត្រូវកិលេសបៀតបៀន ឬបង្គោល គឺកិលេសកើតហើយទេ។ ចេតោខីលៈ (បង្គោលគឺ កិលេសរបស់ចិត្ត) ៥ យ៉ាង ក៏មិនមាន ខីលៈ ៣ យ៉ាង គឺរាគខីលៈ ទោសខីលៈ មោហខីលៈ មិនមាន អង្គឺមាន ឥតមាន លែងកើតមាន គឺព្រះពុទ្ធជាមុនិ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ មិនគួរដល់ការកើតទៀត ដុតដោយភ្លើង គឺញាណហើយ។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងកន្លែងណាមួយ ក្នុងតំបន់ណាមួយ ក្នុងទីខ្លះ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី ហេតុដូច្នោះ (ទ្រង់ត្រាស់ថា) ហេតុនោះ បង្គោលគឺកិលេស របស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
តិរិ្ថយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម តែព្រះពុទ្ធជាមុនិ មិនអើពើនូវវាទៈដែលកើតហើយ ព្រោះហេតុនោះ បង្គោលគឺកិលេសរបស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ។
[៧៥] បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន បុគ្គលដែលត្រូវសេចក្តីបា្រថ្នាដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ដឹងយ៉ាងណា ក៏ពោលយ៉ាងនោះ។
[៧៦] ពាក្យថា បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួនដោយប្រការដូចម្តេចបាន អធិប្បាយថា ពួកតិរិ្ថយណា មានទិដ្ឋិយ៉ាងនេះ មានសេចក្តីគួរយ៉ាងនេះ មានសេចក្តីពេញចិត្តយ៉ាងនេះ មានលទ្ធិយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានសេចក្តីប៉ុនប៉ងយ៉ាងនេះថា ពួកយើងនឹងសម្លាប់នាងសុន្ទរីបរិព្វាជិកា ហើយប្រកាសទោសរបស់ពួកសមណសក្យបុត្តិយ៍ កាលបើធ្វើយ៉ាងនេះ ពួកយើងនឹងប្រមូលយកនូវលាភ យស សក្ការៈ និងសេចក្តីរាប់អាននុ៎ះបាន ទើបពួកតិរិ្ថយទាំងនោះ មិនអាចនឹងកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួនបានឡើយ។ តាមពិត ការមិនមានយសនោះឯង ក៏ត្រឡប់មកដល់ពួកតិរិ្ថយនោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួនដោយប្រការដូចម្តេចបាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលណាមានវាទៈ យ៉ាងនេះថា លោក គឺអត្តភាពទៀងទាត់ ការឃើញនេះឯង ជាការពិត ការឃើញដទៃជាមោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទិ្ធរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ដោយប្រការដូចម្តេចបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គលនោះធ្វើឲ្យពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយ ដោយប្រការដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះខ្លះ។ បុគ្គលណាមានវាទៈយ៉ាងនេះថា លោកទៀងទាត់ លោកមិនទៀងទាត់ លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ រមែងកើតទៀត សត្វស្លាប់ទៅ រមែងមិនកើតទៀត សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ដោយប្រការដូចម្តេចបាន។ ដំណើរនោះ តើព្រោះហេតុដូចម្តេច។ (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គលនោះធ្វើឲ្យពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះខ្លះ។
[៧៧] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសេចក្តីបា្រថ្នាដឹកនាំ ឋិតនៅស៊ប់ ក្នុងសេចក្តីពេញចិត្ត ត្រង់ពាក្យថា បុគ្គលដែលត្រូវសេចក្តីបា្រថ្នាដឹកនាំ គឺបុគ្គលដែលត្រូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទិ្ធរបស់ខ្លួននាំទៅ នាំចេញទៅ បន្សាត់ទៅ ប្រមូលទៅ។ បុគ្គលដែលហត្ថិយាន ឬរថយាន អស្សយាន ឬគោយាន អជយាន ឬមេណ្ឌកយាន ឱដ្ឋយាន ឬខរយាន (យានដែលទឹមដោយលា) នាំទៅ នាំចេញទៅ បំផាយទៅ ប្រមូលទៅ យ៉ាងណាមិញ បុគ្គលដែលត្រូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន នាំទៅ នាំចេញទៅ បន្សាត់ទៅ ប្រមូលទៅ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលត្រូវសេចក្តីបា្រថ្នា ដឹកនាំ។ ពាក្យថា ឋិតនៅស៊ប់ ក្នុងសេចក្តីពេញចិត្ត គឺឋិតនៅស៊ប់ តាំងនៅស៊ប់ ជាប់ស្អិត ប្រកាន់ស៊ប់ ជ្រុលជ្រប់ ចុះស៊ប់ ក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលត្រូវសេចក្តីបា្រថ្នាដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត។
[៧៨] ពាក្យថា រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង គឺរមែងធ្វើនូវទិដិ្ឋឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើមិនឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯង បុគ្គលរមែងធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើមិនឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើឲ្យមិនខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លា រមែងញុំាងទិដ្ឋិឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតបា្រកដ ដោយខ្លួនឯងថា នេះជាធម៌ដែលខ្លួនសំដែងល្អហើយ នេះជាគណៈប្រតិបត្តិល្អហើយ នេះជាទិដ្ឋិដ៏ប្រសើរ នេះជាបដិបទាដែលបញ្ញត្តល្អហើយ នេះជាមគ្គ ជាឧបាយស្រោចស្រង់សត្វ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលធ្វើនូវទិដិ្ឋទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង។
[៧៩] ពាក្យថា បុគ្គលដឹងយ៉ាងណា តែងពោលយ៉ាងនោះ គឺបុគ្គលដឹងយ៉ាងណា តែងពោល សំដែង បរិយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ។ បុគ្គលដឹងយ៉ាងណាថា លោកទៀងទាត់ ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោលសំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ។ បុគ្គលដឹងយ៉ាងណាថា លោកមិនទៀងទាត់។បេ។ សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនមែនកើតទៀត ក៏មិនមែន ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោល សំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដឹងយ៉ាងណា ពោលយ៉ាងនោះ។ ហេតុនោះ ព្រះមានបុណ្យត្រាស់ថា
បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន បុគ្គលដែលត្រូវសេចក្តីប្រាថ្នាដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ដឹងយ៉ាងណា ក៏ពោលយ៉ាងនោះ។
[៨០] ជនណា ដែលគេមិនបានសាកសួរ នូវសីល និងវត្តរបស់ខ្លូន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជន ដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌។
[៨១] អធិប្បាយពាក្យថា ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន ត្រង់ពាក្យថា ណា គឺ ជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈបែបណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ឬព្រាហ្មណ៍ វេស្សៈ ឬសូទ្រៈ គ្រហស្ថ ឬបព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា សីល និងវត្ត គឺសីសផង វត្តផងក៏មាន វត្ត មិនមែនសីលក៏មាន។
សីស និងវត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីស សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ ដែលមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ការសង្រួម ការរវាំង ការមិនប្រព្រឹត្តិកន្លងណា ក្នុងសិក្ខាបទទាំងឡាយនោះ នេះឈ្មោះថា សីស។ ការកាន់យកដោយប្រពៃណា នោះឈ្មោះថា វត្ត។ សីលដោយអត្ថថា សង្រួម វត្តដោយអត្ថថា ការកាន់យកដោយប្រពៃ នេះលោកហៅថា សីលផង វត្តផង។
វត្តមិនមែនសីល តើដូចម្តេច។ ធុតង្គវត្ត ៨ គឺ អារញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោកហៅថា វត្ត មិនមែនសីល។ សូម្បីការកាន់យកដោយប្រពៃ ដោយវីរិយៈ លោកហៅថាវត្ត មិនមែនសីលដែរ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា ស្បែកសសៃ និងឆ្អឹង ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅក៏ដោយចុះ ហេតុណាដែលអញគួរដល់ ដោយសេចក្ដីសង្វាតនៃបុរស ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយសេចក្តីប្រឹងប្រែងនៃបុរស បើការមិនសម្រេចនូវហេតុនោះទេ នឹងមិនបពា្ឈប់នូវព្យាយាមឡើយ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គូរផ្គងចិត្ត តម្កល់ចិត្តថា ចិត្តអាត្មាអញនឹងមិនទាន់រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញ នឹងមិនដោះភ្នែននេះចេញ ដរាបនោះ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត ដម្កល់ចិត្តថា
កាលបើសរ គឺតណ្ហា ដែលអាត្មាដកមិនទាន់បានទេ អាត្មានឹងមិនបរិភោគ នឹងមិនផឹក នឹងមិនចេញ អំពីលំនៅ នឹងមិនទម្រេតកាយទេ
ការកាន់យកដោយប្រពៃ ដោយវីរិយៈ មានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដរាបណា ដរាបនោះ អាត្មាអញនឹងមិនក្រោកអំពីអាសនៈ មិនចុះអំពីទីចង្រ្កម មិនចេញអំពីវិហារ មិនចេញអំពីអឌ្ឍយោគៈ មិនចេញអំពីបា្រសាទ មិនចេញអំពីផ្ទះមានដំបូល មិនចេញអំពីគុហា មិនចេញអំពីលេនដ្ឋាន មិនចេញអំពីកុដិ មិនចេញអំពីផ្ទះមានកំពូល មិនចេញអំពីជម្រំ មិនចេញអំពីរោង មិនចេញអំពីលំនៅដ៏បែ្លក មិនចេញអំពីឧបដ្ឋានសាលា មិនចេញអំពីមណ្ឌប មិនចេញអំពីគល់ឈើនេះទេ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ក្នុងបុព្វណ្ហសម័យនេះឯង ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធើ្វឲ្យជាក់ច្បាស់ នូវអរិយធម៌ ក្នុងសម័យថ្ងៃត្រង់នេះឯង ក្នុងសម័យថ្ងៃរសៀល ក្នុងវេលាមុនភត្ត ក្នុងវេលាក្រោយភត្ត ក្នុងយាមជាខាងដើម ក្នុងយាមជាកណ្តាល ក្នុងយាមជាទីបំផុត ក្នុងកាលខាងរនោច ក្នុងកាលខាងខ្នើត ក្នុងវស្សានរដូវ ក្នុងហេមន្តរដូវ ក្នុងគិម្ហរដូវ ក្នុងចំណែកនៃវ័យជាខាងដើម ក្នុងចំណែកនៃវ័យជាកណ្តាល ក្នុងចំណែកនៃវ័យជាទីបំផុត ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន។
[៨២] អធិប្បាយពាក្យថា ជនណា ដែលគេមិនបានសាកសួរ ហើយពោលអួត ប្រាប់បុគ្គលដទៃ ត្រង់ពាក្យថា បុគ្គលដទៃ បានដល់ ជនដទៃគឺ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សទាំងឡាយ។ ពាក្យថា ដែលគេមិនបានសាកសួរគឺ ដែលគេមិនបានដណឹ្តង មិនបានសួរ មិនបានអារាធនា មិនបានអញ្ជើញ មិនបានឲ្យជ្រះថ្លា។ ពាក្យថាពោលអួត គឺផ្តើមនិយាយនូវសីល ឬវត្ត ឬក៏សីល និងវត្តរបស់ខ្លួន។ បុគ្គលផ្តើមនិយាយ សំដែង ពោល បំភ្លឺ បញ្ចេញថា អាត្មាជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរ ហើយបួសក្តី ថា (ចេញ) អំពីត្រកូល មានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាអញជាអ្នកមានលាភចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់សន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាដែលគេមិនទាន់សាកសួរ ហើយពោលអួតបា្រប់បុគ្គលដទៃ។
[៨៣] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទ្ធិបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ពួកអ្នកឈ្លាសវៃនោះ បានពោលយ៉ាងនេះថា នុ៎ះជាធម៌របស់ពួកជនមិនមែនជាអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអរិយៈ នុ៎ះជាធម៌របស់ពួកពាល នុ៎ះមិនមែនធម៌របស់ពួកបណ្ឌិត នុ៎ះជាធម៌របស់ពួកអសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកសប្បុរស ពួកជនអ្នកឈ្លាសវៃ បានពោលយ៉ាងនេះហើយ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ បានពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌។
[៨៤] ពាក្យថាជនណា ពោលអួតខ្លួនដោយខ្លួនឯង អធិប្បាយថា អត្តា លោកពោលថា ខ្លួន។ ពាក្យថា ពោលអួតដោយខ្លួនឯង គឺបុគ្គលពោលអួតខ្លួនដោយខ្លួនឯង គឺថា ពោលអួត សំដែង និយាយ បំភ្លឺ បញ្ចេញថា អាត្មាអញជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាជាអ្នកមានលាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជៈបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់យថាសន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា ពោលអួតខ្លួនដោយខ្លួនឯង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនណា ដែលគេមិនបានសាកសួរនូវសីល និងវត្តរបស់ខ្លួន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយពោលនូវជនដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌។
[៨៥] ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវភិក្ខុនោះថា ជាអ្នកមានអរិយធម៌។
[៨៦] អធិប្បាយពាក្យថា ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង ត្រង់ពាក្យថា អ្នកស្ងប់រម្ងាប់ គឺអ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់រាគៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់ទោសៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់មោហៈ អ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ រំលត់ រលាស់ចេញ ព្រោះជាអ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ ដុត រំលត់ បា្រសចេញ រលាស់ចេញនូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង ការតាក់តែងនូវអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកស្ងប់រម្ងាប់។ ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយចោលនូវធម៌ទាំង ៧។ គឺជាអ្នកទម្លាយសក្កាយទិដ្ឋិ ទម្លាយវិចិកិច្ឆា ទម្លាយសីលព្វត្តបរាមាសៈ ទម្លាយរាគៈ ទម្លាយទោសៈ ទម្លាយមោហៈ ទម្លាយមានះ។ ពួកអកុសលធម៌ដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ប្រព្រឹត្តទៅក្នុងភពថ្មី ប្រកបដោយការក្រវល់ក្រវាយ មានផលជាទុក្ខ មានជាតិ ជរា មរណៈក្នុងខាងមុខ ភិក្ខុនោះ ទម្លាយបង់ហើយ។
(ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលសភិយៈ បុគ្គលណា) ដល់នូវការរលត់ ឆ្លងសេចក្តីសង្ស័យ ដោយផ្លូវដែលខ្លួនធ្វើហើយ លះបង់នូវវិភវតណ្ហា និងភវតណ្ហា មានព្រហ្មចរិយធម៌ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ឈ្មោះថា ភិក្ខុ
ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង។ ពាក្យថា អ្នកមានចិត្តរលត់ គឺអ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវរាគៈ ព្រោះជាអ្នករំលត់ទោសៈ ព្រោះជាអ្នករំលត់មោហៈ អ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង ការតាក់តែងអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង។
[៨៧] អធិប្បាយពាក្យថា អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាពាក្យតបទ ជាប់ជាមួយដោយបទ ជាពាក្យបំពេញបទ រួបរួមអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មិនអួតអាង ចំពោះសីលទាំងឡាយ គឺបុគ្គលខ្លះក្នុងលោកនេះ ជាអ្នកពោលអួតអាង។ បុគ្គលនោះ រមែងពោលអួតអាងថា អាត្មាអញបរិបូណ៌ដោយសីលក្តី បរិបូណ៌ដោយវត្តក្តី បរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនជាអ្នកមានសម្បុរល្អល្អះក្តី។បេ។ ពោលអួតអាងថា អាត្មាអញជាអ្នកបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី។ បុគ្គលរមែងមិនពោល មិនអួតអាងយ៉ាងនេះ គឺជាអ្នកវៀរ ជៀសវាង គេចចេញ រលាស់ចេញ ដោះចេញ បា្រសចេញឆ្ងាយ ចាកការពោលអួត នៅដោយចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះ។
[៨៨] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទិ្ធបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ជនអ្នកឈ្លាសវៃនោះ រមែងពោលយ៉ាងនេះថា នុ៎ះជាធម៌របស់ពួកអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអ្នកមិនមែនអរិយៈ នុ៎ះជាធម៌របស់ពួកបណ្ឌិត នុ៎ះមិនមែនជាធម៌របស់ពួកពាល នុ៎ះជាធម៌របស់ពួកសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកអសប្បុរស ពួកអ្នកឈ្លាសវៃ រមែងពោលយ៉ាងនេះ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌។
[៨៩] អធិប្បាយពាក្យថា កិលេសដ៏ក្រាស់ណាមួយ ក្នុងលោកនៃភិក្ខុណា មិនមាន ត្រង់ពាក្យថា នៃភិក្ខុណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា កិលេសដ៏ក្រាស់ បានដល់ កិលេសដ៏ក្រាស់ ៧ គឺ កិលេសដ៏ក្រាស់គឺរាគៈ កិលេសដ៏ក្រាស់គឺទោសៈ កិលេសដ៏ក្រាស់គឺមោហៈ កិលេសដ៏ក្រាស់គឺមានះ កិលេសដ៏ក្រាស់គឺទិដ្ឋិ កិលេសដ៏ក្រាស់គឺកិលេស កិលេសដ៏ក្រាស់គឺកម្ម។ កិលេសដ៏ក្រាស់ទាំងនេះ នៃព្រះខីណាស្រពនោះ មិនមាន ឥតមាន គ្មានសោះ មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនឲ្យកើតទៀត ដុតដោយភ្លើងគឺញាណហើយ។ ពាក្យថា ណាមួយ គឺណាមួយ នីមួយ ណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណាមិនមាន។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា
ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌។
[៩០] ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក។
[៩១] អធិប្បាយពាក្យថា ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ត្រង់ពាក្យថា សម្រេច បានដល់កិរិយាសម្រេច ២ ប្រការ គឺកិរិយាសម្រេច គឺតណ្ហា ១ កិរិយាសម្រេចគឺទិដ្ឋិ ១។ បេ។ នេះហៅថា កិរិយាសម្រេចគឺតណ្ហា។បេ។ នេះហៅថា កិរិយាសម្រេចគឺទិដ្ឋិ។ ពាក្យថា តាក់តែងហើយ គឺធ្វើព្រមហើយ ចាត់ចែងហើយ តាក់តែងបា្រកដហើយ តាំងទុកព្រមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ។ ម្យ៉ាងទៀត ធម៌ទាំងឡាយមានសភាពមិនទៀង ដែលបច្ច័យតាក់តែងហើយ អាស្រ័យគ្នាទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការព្រាត់បា្រសជាធម្មតា មានការរលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ។ ពាក្យថា ដែលបុគ្គលណា គឺបុគ្គលដែលលុះក្នុងទិដ្ឋិ។ ទិដ្ឋិ ៦២ លោកពោលថា ធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ។
[៩២] អធិប្បាយពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ ត្រង់ពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ បានដល់ ការធ្វើឲ្យតាំងនៅក្នុងខាងមុខ ២ គឺ ការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ១ ការធ្វើទិដ្ឋិ ឲ្យតាំងនៅក្នុងខាងមុខ ១ ។បេ។ នេះ ឈ្មោះថា ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ។បេ។ នេះឈ្មោះថា ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ។ ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់លះបង់ហើយ ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់រលាស់ចេញហើយ បុគ្គលនោះ ធ្វើតណ្ហា ឬទិដ្ឋិឲ្យតាំងនៅអំពីមុខ ហើយប្រព្រឹត្ត មានតណ្ហាដូចជាទង់ជ័យ មានតណ្ហាដូចជាទង់ មានតណ្ហាជាធំ មានទិដ្ឋិដូចជាទង់ជ័យ មានទិដ្ឋិដូចជាទង់ មានទិដ្ឋិជាធំ ត្រូវតណ្ហា ឬទិដ្ឋិរួបរឹតហើយ ប្រព្រឹត្តទៅ ព្រោះហេតុនៃការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់លះបង់ ព្រោះហេតុនៃការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់រលាស់ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ។ ពាក្យថា រមែងមាន គឺមាន មានគ្រប់គ្រាន់ កើតមាន។ ពាក្យថា មិនផូរផង់ គឺមិនផូរផង់ មិនថ្លាស្អាត មិនបរិសុទ្ធ ជាធម៌សៅហ្មង ប្រកបដោយសេចក្តីសៅហ្មង ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់។
[៩៣] អធិប្បាយពាក្យថា បុគ្គលនោះ ឃើញនូវអានិសង្សណា ក្នុងខ្លួន ត្រង់ពាក្យថា អានិសង្សណាក្នុងខ្លួន គឺអានិសង្សណាចំពោះខ្លួន។ ទិដ្ឋិ លោកហៅថា ខ្លួន។ បុគ្គលរមែងឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋិរបស់ខ្លួន គឺអានិសង្សក្នុងបច្ចុប្បន្ន ១ អានិសង្សក្នុងបរលោក ១។
អានិសង្សនៃទិដ្ឋិក្នុងបច្ចុប្បន្ន តើដូចម្តេច។ សាស្តាជាអ្នកមានទិដ្ឋិបែបណា ពួកសាវ័ក ក៏រមែងមានទិដ្ឋិបែបនោះ។ ពួកសាវ័ករមែងធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើនូវការកោតក្រែងចំពោះសាស្តា មានទិដ្ឋិបែបនោះ ទាំងបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះការធ្វើសក្ការៈ ជាដើមនោះ ជាហេតុ នេះឈ្មោះថា អានិសង្សនៃទិដ្ឋិក្នុងបច្ចុប្បន្ន។
អានិសង្សនៃទិដ្ឋិក្នុងបរលោក តើដូចម្តេច។ ទិដ្ឋិនេះ គួរដើម្បីភាពជានាគក្តី ភាពជាគ្រុឌក្តី ភាពជាយក្ខក្តី ភាពជាអសុរក្តី ភាពជាគន្ធព្វក្តី ភាពជាមហារាជក្តី ភាពជាព្រះឥន្រ្ទក្តី ភាពជាព្រះព្រហ្មក្តី ភាពជាទេវតាក្តី ទិដ្ឋិនេះ គួរដើម្បីសេចក្តីមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ជនទាំងឡាយ រមែងមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ (ចាកទុក្ខ) ដោយទិដ្ឋិនេះ អាត្មាអញ នឹងមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ដោយទិដ្ឋិនេះ បុគ្គលជាអ្នកប៉ុនប៉ង ចំពោះផលក្នុងខាងមុខ ដូច្នេះនេះ ឈ្មោះថា អានិសង្សនៃទិដ្ឋិក្នុងបរលោក។
បុគ្គលឃើញ មើល គន់គិត ពិនិត្យ ពិចារណា នូវអានិសង្សនៃទិដ្ឋិរបស់ខ្លួនពីរនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ឃើញនូវអានិសង្សណាក្នុងខ្លួន។
[៩៤] ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក អធិប្បាយថា សេចក្តីស្ងប់ ៣ យ៉ាង គឺអច្ចន្តសន្តិ (ស្ងប់ដោយដាច់ខាត) តទង្គសន្តិ (ស្ងប់ដោយអង្គឈាននោះ) សម្មតិសន្តិ (ស្ងប់ដោយសេចក្តីសន្មតិ)។
អច្ចន្តសន្តិ តើដូចម្តេច។ អមតនិព្វាន លោកហៅថា អច្ចន្តសន្តិ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះលែងឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់និព្វាននេះ ឈ្មោះថា អច្ចន្តសន្តិ។
តទង្គសន្តិ តើដូចម្តេច។ នីវរណៈរបស់បុគ្គលចូលបឋមជ្ឈាន រមែងស្ងប់រម្ងាប់។ វិតក្កៈ និងវិចារៈរបស់បុគ្គលចូលទុតិយជ្ឈាន រមែងស្ងប់រម្ងាប់។ បីតិរបស់បុគ្គលចូលតតិយជ្ឈាន រមែងស្ងប់រម្ងាប់ សុខ និងទុក្ខរបស់បុគ្គលចូលចតុត្ថជ្ឈាន រមែងស្ងប់រម្ងាប់។ រូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញារបស់បុគ្គលចូលអាកាសានញ្ចាយតនៈ រមែងស្ងប់រម្ងាប់។ អាកាសានញ្ចាយតនសញ្ញារបស់បុគ្គលចូលវិញ្ញាណញ្ចាយតនៈ រមែងស្ងប់រម្ងាប់។ វិញ្ញាណញ្ចាយតនសញ្ញារបស់បុគ្គលចូលអាកិញ្ចញ្ញាយតនៈ រមែងស្ងប់រម្ងាប់។ អាកិញ្ចញ្ញាយតនសញ្ញារបស់បុគ្គលចូលនេវសញ្ញានាសញ្ញាយតនៈ រមែងស្ងប់រម្ងាប់។ នេះឈ្មោះ ថា តទង្គសន្តិ។
សម្មតិសន្តិ តើដូចម្តេច។ សេចក្តីស្ងប់រម្ងាប់ដោយអំណាចទិដ្ឋិ គឺ ទិដ្ឋិ ៦២ លោកហៅថា សម្មតិសន្តិ។ មួយទៀត សេចក្តីស្ងប់ដែលលោកអធិប្បាយទុកក្នុងទីនេះ ក៏ឈ្មោះ ថា សម្មតិសន្តិ។
ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើកបានសេចក្តីថា បុគ្គលអាស្រ័យ ជាប់ចំពាក់ អែបនែប លិចចុះ ជឿស៊ប់នូវសេចក្តីស្ងប់ នៅកំរើក សេចក្តីស្ងប់នៅកំរើកខ្លាំង សេចក្តីស្ងប់នៅញាប់ញ័រ សេចក្តីស្ងប់នៅញាប់ញ័រខ្លាំង សេចក្តីស្ងប់នៅរំភើប សេចក្តីស្ងប់នៅបៀតបៀន សេចក្តីស្ងប់ដែលគេចាត់ចែង សេចក្តីស្ងប់ដែលគេចាត់ចែងដោយវិសេស សេចក្តីស្ងប់ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យគ្នាកើតឡើង មានកិរិយាអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសទៅជាធម្មតា រលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ធម៌ទាំងឡាយ ដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះ រមែងឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ អាស្រ័យនូវការកំរើក។
[៩៥] ការជាប់ចំពាក់ គឺទិដ្ឋិ និងការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ។
[៩៦] អធិប្បាយពាក្យថា ការជាប់ចំពាក់ គឺទិដ្ឋិ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ត្រង់ពាក្យថា ការជាប់ចំពាក់គឺទិដ្ឋិ បានដល់ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកទៀង ការឃើញនេះឯងជាការពិត ការឃើញដទៃជាមោឃៈ ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វសា្លប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតផង មិនកើតទៀតផង សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯងជាការពិត ការឃើញដទៃ ជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់ចំពាក់គឺទិដ្ឋិ។ ពាក្យថា បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ គឺប្រព្រឹត្តកន្លងដោយលំបាក ឆ្លងដោយក្រ ឆ្លងចេញបានដោយកម្រ ប្រព្រឹត្តកន្លងបានដោយតឹង ឈានកន្លងបានដោយលំបាក ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់ចំពាក់គឺទិដ្ឋិ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ។
[៩៧] ពាក្យថា ការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ជ្រើសរើស គឺ ការរិះរក វិនិច្ឆ័យ ជ្រើសរើស ពិនិត្យ ថ្លឹងមើល លៃលក ពិចារណា ធ្វើឲ្យច្បាស់ហើយ ប្រកាន់តាមជួរ ប្រកាន់ស្អិត ប្រកាន់មាំ ប្រកាន់ចំណែក ប្រកាន់គំនរ ប្រកាន់ដោយការប្រមូល គឺថា ការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ ការចូលចិត្ត ការចុះចិត្តជឿថា ហេតុនេះ ពិត ទៀង ទៀងទាត់ បា្រកដ ពិតមែន មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់។
[៩៨] ពាក្យថា ព្រោះហេតុនោះ របស់បទថា ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការជាប់ចំពាក់ទាំងនោះគឺ ព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងការជាប់ចំពាក់ទាំងនោះ គឺក្នុងហេតុជាគ្រឿងជាប់ចំពាក់ គឺទិដ្ឋិទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការជាប់ចំពាក់ទាំងនោះ។
[៩៩] អធិប្បាយពាក្យថា រមែងលះបង់ផង ប្រកាន់ផង នូវធម៌ ត្រង់ពាក្យថា រមែងលះបង់ គឺបុគ្គលលះបង់ដោយហេតុ ២ យ៉ាង គឺលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ ឬកាលមិនទាន់ដល់ លះបង់។
បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃកាត់ចោលថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងត្រូវទេ គណៈមិនមែនប្រតិបត្តិត្រូវទេ ទិដ្ឋិ មិនល្អទេ បដិបទា មិនមែនបញ្ញាតិ្តល្អទេ មគ្គ មិនមែនជាឧបាយស្រោចស្រង់ទេ សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច ការរួចវិសេស និងការរួចស្រឡះក្នុងធម៌នុ៎ះ ក៏មិនមាន ពួកជន រមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ព្រោះធម៌នុ៎ះក៏ទេ បុគ្គលនោះ ជាអ្នកថោកទាប ខ្សត់ខ្សោយ អាប់ឱន លាមក ជ្រោកជ្រាក រំកាច់រំកោច។ បុគ្គលដទៃ កាត់ចោលយ៉ាងនេះ។ បុគ្គលនោះ ដែលត្រូវគេកាត់ចោលយ៉ាងនេះ រមែងលះបង់សាស្តា លះបង់ធម៌ដែលសាស្តាសំដែង លះបង់គណៈ លះបង់ទិដ្ឋិ លះបង់សេចក្តីប្រតិបត្តិ លះបង់មគ្គ។ បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃយ៉ាងនេះ។
បុគ្គលកាលមិនទាន់ដល់ លះបង់ តើដូចម្តេច។ បុគ្គលកាលមិនទាន់ដល់សីល លះបង់សីល មិនទាន់ដល់វត្ត លះបង់វត្ត មិនទាន់ដល់សីល និងវត្ត លះបង់សីល និងវត្ត។ បុគ្គលកាលមិនទាន់ដល់ លះបង់ យ៉ាងនេះ។
ពាក្យថា ប្រកាន់ផង នូវធម៌ គឺបុគ្គលប្រកាន់សាស្តា ប្រកាន់ធម៌ដែលសាស្តាសំដែង ប្រកាន់គណៈ ប្រកាន់ទិដ្ឋិ ប្រកាន់សេចក្តីប្រតិបត្តិ ប្រកាន់ស្ទាបអង្អែល ជាប់ចំពាក់នូវមគ្គ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់ផង ប្រកាន់ផងនូវធម៌។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា
ការជាប់ចំពាក់ដោយទិដ្ឋិ និងការជ្រើសរើសក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ។
[១០០] ទិដ្ឋិដែលគេកំណត់ហើយក្នុងភពតូចធំ ក្នុងលោកណាមួយនៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។
[១០១] អធិប្បាយពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចធំក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ ត្រង់ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់ សេចក្តីថា បញ្ញា លោកហៅថា បា្រជ្ញាកំចាត់ បានខាងបា្រជ្ញា ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការចូលទៅកំណត់ ការចូលទៅកំណត់ចំពោះ ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវៀងវៃ ការគិត ការត្រិះរិះ បញ្ញាដូចផែនដី បញ្ញាជាគ្រឿងទម្លាយបង់ (នូវកិលេស) បញ្ញាជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ជន្លួញ គឺ (បញ្ញា) ការដឹងច្បាស់ បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្ត្រាគឺបញ្ញា បា្រសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ សម្មាទិដ្ឋិ។ ព្រោះហេតុអ្វី បញ្ញា លោកហៅថា បា្រជ្ញាកំចាត់។ (ព្រោះថា) ដោយបញ្ញានោះ កាយទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ វចីទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ មនោទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ រាគៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងនូវអកុសលទាំងអស់ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ ព្រោះហេតុនោះ បញ្ញា លោកហៅថា បា្រជ្ញាកំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាទិដ្ឋិ។ មិច្ឆាសង្កប្បៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាសង្កប្បៈ។ មិច្ឆាវាចា បុគ្គលកំចាត់បង់ ដោយសម្មាវាចា។ មិច្ឆាកម្មន្តៈ បុគ្គលកំចាត់បង់ ដោយសម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ បុគ្គលកំចាត់បង់ ដោយសម្មាអាជីវៈ។ មិច្ឆាវាយាមៈ បុគ្គលកំចាត់បង់ដោយសម្មាវាយាមៈ។ មិច្ឆាសតិ បុគ្គល កំចាត់បង់ដោយសម្មាសតិ។ មិច្ឆាសមាធិ បុគ្គល កំចាត់បង់ ដោយសម្មាសមាធិ។ មិច្ឆាញាណៈ បុគ្គលកំចាត់បង់ដោយសម្មាញាណៈ។ មិច្ឆាវិមុត្តិ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាវិមុត្តិ។ មួយទៀត កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយដោយអរិយមគ្គមានអង្គ ៨។ ព្រះអរហន្ត ផ្តេកផ្តិត មូលមិត្រ ចូលទៅជិត អែបនែប ចូលទៅដល់ កើតឡើងព្រម ប្រកបដោយគុណធម៌ទាំងឡាយ ជាគ្រឿងកំចាត់បង់នេះ ព្រោះហេតុនោះ ព្រះអរហន្ត ឈ្មោះថា អ្នកមាន បា្រជ្ញាកំចាត់។ ព្រះអរហន្តនោះ មានរាគៈកំចាត់ហើយ មានបាបកំចាត់ហើយ មានកិលេសកំចាត់ហើយ មានសេចក្តីអន្ទះអន្ទែងកំចាត់ហើយ ព្រោះហេតុនោះ ឈ្មោះថា អ្នកមានបា្រជ្ញាកំចាត់។ ពាក្យថា ណាមួយ គឺនីមួយ ណានីមួយ ណាក៏ដោយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺ ក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក។ ពាក្យថា កិរិយាកំណត់ បានដល់កិរិយាកំណត់ ២ យ៉ាង គឺ កិរិយាកំណត់គឺតណ្ហា ១ កិរិយាកំណត់គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា កិរិយាកំណត់គឺតណ្ហា។បេ។ នេះឈ្មោះថា កិរិយាកំណត់គឺទិដ្ឋិ។ ពាក្យថា ក្នុងភពតូចភពធំ បានដល់ក្នុងកម្មភព បុនព្ភព ឈ្មោះថាភពតូចភពធំ គឺក្នុងកាមភព កម្មភព ក្នុងកាមភព បុនព្ភព ក្នុងរូបភព កម្មភព ក្នុងរូបភព បុនព្ភព ក្នុងអរូបភព កម្មភព ក្នុងអរូបភព បុនព្ភព គឺថាក្នុងការកើតរឿយៗ ការប្រព្រឹត្តិទៅរឿយ ៗ ការកើតរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាពឲ្យកើតរឿយ ៗ។ ពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ សេចក្តីថា ទិដ្ឋិដែលតែងតាំង បង្កើត តាក់តែង តម្កល់ទុកក្នុងភពតូចភពធំក្នុងលោកណាមួយ នៃបុគ្គលមានប្រាជ្ញាកំចាត់ មិនមាន ឥតមាន គ្មាន មិនកើតមាន គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់អស់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទិដ្ឋិដែលគេកំណត់ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ។
[១០២] ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង អធិប្បាយថា ការប្រព្រឹត្តិបញ្ឆោត លោកហៅថាមាយា។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តីបា្រថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងនូវទុច្ចរិតនោះ គឺបា្រថ្នាថា សូមកុំឲ្យជនដឹងអញ ត្រិះរិះថា សូមកុំឲ្យជនដឹងអញ ពោលវាចាថា សូមកុំឲ្យជនដឹងអញ ព្យាយាមដោយកាយថា សូមកុំឲ្យជនដឹងអញ។ មាយា ភាពនៃមាយា ការនិយាយលើស ការបញ្ឆោត ការបោកបា្រស ការលាក់កំនួច ការលួចគំនិត ការលាក់ពុត ការលាក់ទោសខ្លួន ការបិទបាំងមារយាទ ការបិទបាំងជិតស្និទ្ធ អំពើមិនរាក់ អំពើមិនបា្រកដ ការបំបាំងទោសដោយស្រួល កិរិយាអាក្រក់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មាយា។
ពាក្យថា មានះ អធិប្បាយថា មានះ ដោយចំណែកមួយ គឺការក្រអឺតក្រអោងនៃចិត្ត។ មានះដោយចំណែក ២ គឺសេចក្តីប្រកាន់ដោយការលើកខ្លួន សេចក្តីប្រកាន់ដោយការបន្តុះបង្អាប់អ្នកដទៃ។ មានះដោយចំណែក ៣ គឺការប្រកាន់ថា អញជាមនុស្សប្រសើរ ការប្រកាន់ថា អញជាមនុស្សស្មើ ការប្រកាន់ថា អញជាមនុស្សថោកទាប។ មានះដោយចំណែក ៤ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះលាភ ញុំាងមានះឲ្យកើត ព្រោះយស ញុំាងមានះឲ្យកើត ព្រោះបសំសា ញុំាងមានះឲ្យកើត ព្រោះសុខ។ មានះដោយចំណែក ៥ គឺបុគ្គលញុំាងមានះឲ្យកើតថា អញជាអ្នកបានរូបទាំងឡាយ ជាទីគាប់ចិត្ត ញុំាងមានះឲ្យកើតថា អញជាអ្នកបានសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ជាទីគាប់ចិត្ត។ មានះដោយចំណែក ៦ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយចក្ខុ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយសោតៈ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយឃានៈ បរិបូរដោយជិវ្ហា បរិបូរដោយកាយ បរិបូរដោយចិត្ត។ មានះដោយចំណែក ៧ គឺការប្រកាន់ (ក្រអឺតក្រអោង) ការមើលងាយ ការប្រកាន់ថា អញប្រសើរជាង ការប្រកាន់ថា ថោកទាប ការប្រកាន់ថា មានគុណវិសេសក្នុងខ្លួន ការប្រកាន់ថា អញមាន (ខន្ធគ្រប់គ្រាន់) ការប្រកាន់ខុស។ មានះដោយចំណែក ៨ គឺបុគ្គលញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះលាភៈ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានលាភ ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះយស ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានយស ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះបសំសា ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះនិន្ទា ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះសុខ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះទុក្ខ។ មានះដោយចំណែក ៩ គឺបុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប។ មានះដោយចំណែក ១០ គឺបុគ្គលខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើត ព្រោះជាតិ ព្រោះគោត្រ ព្រោះភាពនៃខ្លួនជាកូនមានត្រកូល ព្រោះភាពនៃខ្លួនមានសម្បុរល្អ ព្រោះទ្រព្យ ព្រោះការរៀន ព្រោះការងារ ព្រោះសិល្បសាស្រ្ត ព្រោះហេតុជាទីតាំងនៃវិជ្ជា ព្រោះសុតៈនិងបដិភាណៈ ព្រោះវត្តុណាមួយ។ មានះ ការប្រកាន់ ភាពជាអ្នកប្រកាន់ ការក្រអឺតក្រអោង ការតម្កើង ការប្រកាន់ឫកខ្ពស់ដូចទង់ជ័យ ការផ្គងឡើង ភាពនៃចិត្តបា្រថា្ន ដូចជាទង់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មានះ។
ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង គឺលះបង់ កំចាត់បង់ បនោ្ទបង់ ធ្វើឲ្យវិនាស មិនឲ្យកើត នូវមាយា និងមានះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង។
[១០៣] អធិប្បាយពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ គប្បីលុះដោយកិលេស ដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ត្រង់ពាក្យថា ការអែបនែប បានខាងការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដិ្ឋ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ។ បុគ្គលនោះ លះបង់ការអែបនែប គឺតណ្ហា រលាស់ចេញនូវការអែបនែបគឺទិដិ្ឋ ឈ្មោះថា អ្នកមិនមានការអែបនែប ព្រោះលះបង់ការអែបនែបគឺតណ្ហាហើយ ព្រោះរលាស់ចេញនូវការអែបនែបគឺទិដិ្ឋហើយ។ បុគ្គលនោះ គប្បីលុះដោយរាគៈដូចម្តេច លុះដោយទោសៈដូចម្តេច លុះដោយមោហៈដូចម្តេច លុះដោយមានះដូចម្តេច លុះដោយទិដិ្ឋដូចម្តេច លុះដោយឧទ្ធច្ចៈដូចម្តេច លុះដោយវិចិកិច្ឆាដូចម្តេច លុះដោយអនុសយក្កិលេសទាំងឡាយដូចម្តេចកើត ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ បុគ្គលមានបា្រជា្ញកំចាត់ លះបង់ហើយ បុគ្គលនោះ គប្បីទៅកាន់គតិទាំងឡាយ ថាជាបុគ្គលទៅកើតក្នុងនរកក្តី ថាទៅកើតក្នុងកំណើតតិរច្ឆានក្តី ថាទៅកើតក្នុងបិត្តិវិស័យក្តី ថាជាមនុស្សក្តី ថាជាទេវតាក្តី ថាមានរូបក្តី ថាមិនមានរូបក្តី ថាមានសញ្ញាក្តី ថាមិនមានសញ្ញាក្តី ថាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ដោយហេតុដូចម្តេចកើត ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ។ បុគ្គលមានបា្រជា្ញកំចាត់ គប្បីទៅដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានបា្រជា្ញកំចាត់នោះ គប្បីលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ទិដិ្ឋដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយនៃបុគ្គលមានបា្រជា្ញកំចាត់ មិនមានទេ បុគ្គលមានបា្រជា្ញកំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។
[១០៤] បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដិ្ឋ (ការឃើញថាមានខ្លួន) និរត្តទិដិ្ឋ (ការឃើញថាមិនមានខ្លួន) នៃព្រះអរហន្តនោះមិនមានទេ ព្រះអរហន្តនោះ បានលាងនូវទិដិ្ឋទាំងអស់ក្នុងលោកនេះហើយ។
[១០៥] អធិប្បាយពាក្យថា បុគ្គលមានកិលេស ជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា កិលេសជាគ្រឿងអែបនែប បានខាងការអែបនែប ២ យ៉ាង គឺ ការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដិ្ឋ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ។ បុគ្គលនោះ មិនទាន់លះបង់ការអែបនែបគឺតណ្ហា មិនទាន់រលាស់ចោលការអែបនែបគឺទិដ្ឋិ រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយថា ជាអ្នកត្រេកអរក្ដី ថាជាអ្នកខឹងក្ដី ថាជាអ្នកវងេ្វងក្ដី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអងែ្អលក្ដី ថាជាអ្នកដល់នូវការរាយមាយក្ដី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្ដី ថាជាអ្នកដល់នូវកមាំ្លងក្តី ព្រោះការអែបនែបគឺតណ្ហា ខ្លួនមិនទាន់លះបង់ ព្រោះការអែបនែបគឺទិដ្ឋិ ខ្លួនមិនទាន់រលាស់ចេញ។ អភិសង្ខារទាំងនោះ បុគ្គលមិនទាន់លះបង់ហើយ បុគ្គលរមែងអើពើនូវវាទៈដោយគតិ ព្រោះអភិសង្ខារទាំងឡាយ ដែលខ្លួនមិនទាន់លះបង់ គឺរមែងដល់ ចូលទៅជិត ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់នូវវាទៈថា ជាអ្នកកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងបិត្តិវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយ។
[១០៦] អធិប្បាយពាក្យថា ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណា ដូចម្ដេចបាន ត្រង់ពាក្យថា ការអែបនែប បានដល់ការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដ្ឋិ។ បុគ្គលនោះ លះបង់ការអែបនែបគឺតណ្ហា រលាស់ចោលការអែបនែបគឺទិដ្ឋិ ព្រោះការអែបនែបគឺតណ្ហា លោកលះបង់ហើយ ព្រោះការអែបនែបគឺទិដ្ឋិ លោករលាស់ចេញហើយ ជនគប្បីពោលនូវបុគ្គលមិនមានកិលេស ជាគ្រឿងអែបនែបដោយរាគៈដូចម្តេច គប្បីពោលដោយទោសៈដូចម្តេច គប្បីពោលដោយមោហៈដូចម្តេច គប្បីពោលដោយមានះដូចម្តេច គប្បីពោលដោយទិដ្ឋិដូចម្តេច គប្បីពោលដោយឧទ្ធច្ចៈដូចម្តេច គប្បីពោលដោយវិចិកិច្ឆាដូចម្តេច គប្បីពោលដោយអនុស័យទាំងឡាយដូចម្តេច ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ជនគប្បីពោលនូវគតិទាំងឡាយថា ជាអ្នកកើតក្នុងនរកដូច្នេះក្តី។បេ។ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះក្តី ដោយហេតុដូចម្តេចបាន ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ។ ជនគប្បីពោល សម្តែង និយាយ បំភ្លឺ បញ្ចេញ ដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែប ដោយកិលេសណា ដូចម្តេចបាន។
[១០៧] អធិប្បាយពាក្យថា អត្តទិដ្ឋិ និងនិរត្តទិដ្ឋិនៃបុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា អត្តទិដ្ឋិ គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តទិដ្ឋិ គឺឧច្ឆេទទិដ្ឋិ ក៏មិនមាន បានសេចក្តីថា ការប្រកាន់ថា ខ្លួនមិនមាន ការគួរដោះថា មិនមែនខ្លួន ក៏មិនមាន។ ការប្រកាន់របស់បុគ្គលណាមាន ការគួរដោះរបស់បុគ្គលនោះក៏មាន ការគួរដោះរបស់បុគ្គលណា មាន ការប្រកាន់របស់បុគ្គលនោះក៏មាន។ ព្រះអរហន្ត កន្លងផុតការប្រកាន់ និងការដោះ ហើយប្រព្រឹត្តកន្លងនូវសេចក្តីចំរើន និងសេចក្តីវិនាស។ ព្រះអរហន្តនោះ មានព្រហ្មចរិយៈនៅហើយ មានធម៌ជាគ្រឿងប្រព្រឹត្ត ប្រព្រឹត្តហើយ។បេ។ ព្រះអរហន្តនោះ មិនមានភពថ្មីទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តទិដ្ឋិ (ការឃើញថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា មិនមានខ្លួន) នៃបុគ្គលនោះ មិនមានទេ។
[១០៨] ពាក្យថា បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ក្នុងលោកនេះហើយ សេចក្តីថា ទិដ្ឋិទាំង ៦២ បុគ្គលនោះ លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរដល់ការកើតទៀត ដុតដោយភ្លើងគឺញាណហើយ។ បុគ្គលនោះ បានលាង កំចាត់បង់ កំចាត់ដាច់ស្រឡះ កំចាត់ដោយមិនសល់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវទិដ្ឋិទាំងអស់ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈ ក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែប ដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដ្ឋិ (ការឃើញថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា មិនមានខ្លួន) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ។
ចប់ ទុដ្ឋដ្ឋកសុត្តនិទ្ទេស ទី៣។