តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » មហានិទេ្ទស »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn man 04 បាលី cs-km: sut.kn.man.04 អដ្ឋកថា: sut.kn.man.04_att PTS: ?
សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. សុទ្ធដ្ឋកសុត្តនិទ្ទេសោ)
[១០៩] (ព្រះមានព្រះភាគត្រាស់ថា) អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមានដោយសាររូបដែលខ្លួនឃើញបុគ្គលពាលអ្នកឃើញរឿយ ៗ នូវការបរិសុទ្ធិ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿនូវការឃើញនោះ ថាជាញាណ។
[១១០] អធិប្បាយពាក្យថា អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគត្រង់ពាក្យថា អាត្មាអញ ឃើញ (នូវរូប) ដ៏បរិសុទ្ធ គឺអាត្មាអញឃើញ (រូប) បរិសុទ្ធ មើល (រូប) បរិសុទ្ធ ក្រឡេកមើល (រូប) បរិសុទ្ធ សម្លឹងមើល (រូប) បរិសុទ្ធ សង្កេតមើល (រូប) បរិសុទ្ធ។ ពាក្យថា ឧត្តម មិនមានរោគ គឺឧត្តម ដល់នូវភាពមិនមានរោគ ដល់នូវសេចក្តីក្សេម ដល់នូវទីជ្រក ដល់នូវទីពឹងពំនាក់ ដល់នូវទីរលឹក ដល់នូវការប្រព្រឹត្តិទៅខាងមុខ ដល់នូវការមិនមានភ័យ ដល់នូវភាពទៀងទាត់ ដល់នូវអមតៈ ដល់នូវភាពបា្រសចាកតណ្ហា ហេតុនោះ (ទ្រង់តា្រស់ថា) អាត្មាអញឃើញ (នូវរូប) បរិសុទ្ធ ឧត្តម មិនមានរោគ។
[១១១] ពាក្យថា សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសាររូបដែលខ្លួនឃើញ សេចក្តីថា សេចក្តីស្អាត សេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញរបស់នរជន រមែងកើតមាន ឬនរជន ស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមានដោយសាររូប ដែលខ្លួនឃើញ។
[១១២] ពាក្យថា បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម គឺកាលដឹងចំពោះ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ ចាក់ធ្លុះ ចំពោះ យ៉ាងនេះ រមែងយល់ ដឹង ថ្លឹងមើល ពិចារណាឃើញ យល់ច្បាស់ ធ្វើឲ្យបា្រកដថា ការឃើញនេះ ថ្លៃថ្លា លើសលុប ប្រសើរ ប្រសើរវិសេស ចម្បង ឧត្តម ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម។
[១១៣] ពាក្យថា អ្នកឃើញរឿៗ នូវការបរិសុទ្ធិ រមែងជឿ (នូវការឃើញនោះ) ថាជាញាណ សេចក្តីថា បុគ្គលណា ឃើញនូវសេចក្តីបរិសុទ្ធិ បុគ្គលនោះឈ្មោះថា អ្នកឃើញរឿយៗនូវសេចក្តីបរិសុទ្ធិ។ ពាក្យថាជឿ (នូវការឃើញនោះ) ថាជាញាណ គឺជឿនូវការឃើញរូប ដោយចក្ខុវិញ្ញាណ ថាជាញាណ ជឿថាជាមគ្គ ជឿថាជាផ្លូវ ជឿថាជាគ្រឿងដឹកនាំ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញរឿយៗ នូវសេចក្តីបរិសុទ្ធិ ជឿ (នូវការឃើញនោះ) ថាជាញាណ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធិដ៏ប្រពៃ របស់នរជន រមែងមាន ដោយសារ (រូប) ដែលខ្លួនឃើញ បុគ្គលពាលអ្នកឃើញរឿយៗ នូវការបរិសុទ្ធិ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿ (នូវការឃើញនោះ) ថាជាញាណ។
[១១៤] បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមានដោយសាររូបដែលខ្លួនឃើញ ឬនរជននោះលះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយសារញាណបាន នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គល អ្នកពោលដូច្នោះនោះ។
[១១៥] ពាក្យថា បើសេចក្តីបរិសុទ្ធិរបស់នរជនកើតមាន ដោយសាររូបដែលខ្លួនឃើញ គឺសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញរបស់នរជន កើតមាន ឬនរជនស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមាន ដោយសាររូបដែលខ្លួនឃើញ។
[១១៦] ពាក្យថា ឬនរជននោះ លះបង់ទុក្ខដោយសារញាណបាន គឺបើនរជនលះបង់ជាតិទុក្ខ លះបង់ជរាទុក្ខ លះបង់ព្យាធិទុក្ខ លះបង់មរណទុក្ខ លះបង់សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ ដោយសារការឃើញរូបដោយចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) ឬនរជននោះ លះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយសារញាណបាន។
[១១៧] ពាក្យថា នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយផ្លូវដទៃ សេចក្តីថា នរជនរមែងស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយផ្លូវមិនបរិសុទ្ធដទៃ ដោយបដិបទាខុស ដោយគន្លងមិនមែនជាទីដឹកនាំ ក្រៅអំពីសតិប្បដ្ឋាន ក្រៅអំពីសម្មប្បធាន ក្រៅអំពីឥទ្ធិបាទ ក្រៅអំពីឥន្ទ្រិយ ក្រៅអំពីពលៈ ក្រៅអំពីពោជ្ឈង្គ ក្រៅអំពីអដ្ឋង្គិកមគ្គដ៏ប្រសើរ។ ពាក្យថា មានឧបធិក្តិលេស គឺប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ ប្រកបដោយមានះ ប្រកបដោយតណ្ហា ប្រកបដោយទិដ្ឋិ ប្រកបដោយកិលេស ប្រកបដោយឧបាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថា បរិសុទ្ធដោយផ្លូវដទៃ។
[១១៨] ពាក្យថា ព្រោះថាទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ សេចក្តីថា ទិដ្ឋិនោះឯង រមែងបា្រប់បុគ្គលនោះដូច្នេះថា បុគ្គលនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ផ្ទុយ។ ពាក្យថា ពោលដូច្នោះ គឺពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ដោយប្រការដូច្នោះ គឺពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ដោយប្រការដូច្នោះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ ដោយប្រការដូច្នោះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់ហើយកើតទៀត សត្វស្លាប់ហើយ មិនកើតទៀត សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ។ ហេតុនោះ ព្រះមានព្រភាគត្រាស់ថា
បើសេចក្តីបរិសុទ្ធិ របស់នរជន កើតមាន ដោយសាររូបដែលខ្លួនឃើញ ឬនរជននោះ លះបង់ទុក្ខដោយញាណបាន នរជនអ្នកមានឧបធិក្កិលេសនោះ រមែងបរិសុទ្ធ ដោយផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ។
[១១៩] ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ទាំងជាអ្នកមិនជាប់នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់នូវអត្តា ជាអ្នកលែងធ្វើក្នុងលោកនេះ។
[១២០] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលខ្លួនឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ត្រង់ពាក្យថា មិន គឺជាពាក្យបដិសេធ។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បង់នូវធម៌ ៧ គឺ ជាអ្នកបន្សាត់បង់សក្កាយទិដ្ឋិ បន្សាត់បង់វិចិកិច្ឆា បន្សាត់បង់សីលព្វតបរាមាសៈ បន្សាត់បង់រាគៈ បន្សាត់បង់ទោសៈ បន្សាត់បង់មោហៈ បន្សាត់បង់មានះ។ លោកបន្សាត់បង់អកុសលធម៌ទាំងឡាយដ៏លាមក ជាធម៌ប្រកបដោយសេចក្តីសៅហ្មងព្រម មានកិរិយានាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ ជាបច្ច័យរបស់ជាតិ ជរា និងមរណៈ តទៅទៀត។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាដែលបន្សាត់ចោល នូវធម៌ដ៏លាមកទាំងពួង ជាអ្នកមានមន្ទិលទៅបា្រសហើយ មានចិត្តតម្កល់មាំដោយប្រពៃ មានចិត្តនឹងធឹង កន្លងហើយនូវសំសារ បុគ្គលនោះ ឈ្មោះថា ជាអ្នកមានកិច្ចសម្រេចអស់ហើយ ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។
ពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ គឺព្រាហ្មណ៍ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនពោលប្រកាន់នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយផ្លូវមិនបរិសុទ្ធិដទៃ ដោយមិច្ឆាបដិបទា ដោយគន្លងមិនជាទីដឹកនាំ ក្រៅចាកសតិប្បដ្ឋាន ក្រៅចាកសម្មប្បធាន ក្រៅចាកឥទ្ធិបាទ ក្រៅចាកឥន្រ្ទិយ ក្រៅចាកពលៈ ក្រៅចាកពោជ្ឈង្គៈ ក្រៅចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ។ ពាក្យថា ព្រោះអារម្មណ៍ដែលខ្លួនឃើញ ឬឮ ព្រោះសីល និងវ័ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ សេចក្តីថា មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសាររូបដែលឃើញ សមណព្រាហ្មណ៍ទាំងនោះ ជឿនូវការឃើញរូបទាំងឡាយខ្លះ ថាជាមង្គល ជឿនូវការឃើញរូបទាំងឡាយខ្លះ ថាមិនមែនជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាជាមង្គល។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ឃើញនូវរូបទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង គឺឃើញសត្វត្រចៀកកាំ ឃើញដើមព្នៅដែលដុះដោយបុស្សនក្ខត្តឫក្ស ឃើញស្រ្តីមានគភ៌ ឃើញបុគ្គលកំពុងបញ្ជិះនាងកុមារិកាលើ.ក ដើរទៅ ឃើញក្អមមានទឹកពេញ ឃើញត្រីឆ្ពឹន ឃើញសេះអាជានេយ្យ ឃើញរថដែលទឹមដោយសេះអាជានេយ្យ ឃើញគោឧសភ ឃើញមេគោក្រហម ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល។ សមណព្រាហ្មណ៍ទាំងនោះ ឃើញគំនរចំបើង ឃើញឆ្នាំងខ្លាញ់ ឃើញឆ្នាំងទទេ ឃើញស្ត្រីរបាំ ឃើញស្រមណ៍អាក្រាត ឃើញលា ឃើញយានដែលទឹមដោយលា ឃើញយានដែលទឹមដោយសត្វពាហនៈម្ខាង ឃើញមនុស្សខ្វាក់ ឃើញមនុស្សក្ងែង ឃើញមនុស្សខ្ចក ឃើញមនុស្សខ្វិន ឃើញមនុស្សជរា ឃើញមនុស្សឈឺ ឃើញមនុស្សស្លាប់ ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាមិនមែនជាមង្គល។ សមណព្រាហ្មណ៍ទាំងឡាយនេះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសាររូបដែលឃើញ សមណព្រាហ្មណ៍ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសាររូបដែលឃើញ។
មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសម្លេងដែលឮ សមណព្រាហ្មណ៍ទាំងនោះ ជឿនូវការឮសំឡេងទាំងឡាយខ្លះថា ជាមង្គល ជឿនូវការឮសំឡេងទាំងឡាយខ្លះ ថាមិនមែនជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ រមែងជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាជាមង្គល។ សមណព្រាហ្មណ៍ទាំងឡាយនោះ ក្រោកឡើងអំពីព្រលឹម ឮសំឡេងទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង ដូចឮថា ចំរើនក្តី កំពុងចំរើនក្តី ពេញក្តី សក្តី មិនមានសោកក្តី មានចិត្តល្អក្តី នក្ខត្តឫក្សល្អក្តី មង្គលល្អក្តី សិរីក្តី ចំរើនដោយសិរីក្តី ក៏ប្រកាន់ជឿនូវការឮសំឡេងទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល។ សមណព្រាហ្មណ៍ទាំងនោះ ឮពាក្យថា មនុស្សខ្វាក់ក្តី ក្ងែងក្តី ខ្ចកក្តីខ្វិនក្តី ជរាក្តី ឈឺក្តី ស្លាប់ក្តី ដាច់ក្តី បែកក្តី ឆេះក្តី វិនាសក្តី មិនមានក្តី ក៏ប្រកាន់ជឿនូវការឮសំឡេង មានសភាពយ៉ាងនេះ ថាមិនមែនជាមង្គល។ សមណព្រាហ្មណ៍ទាំងនេះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយសម្លេងដែលឮ គឺសមណព្រាហ្មណ៍ទាំងនោះ ជឿនូវសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះសម្លេងដែលឮ។
មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសីល សមណព្រាហ្មណ៍ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយហេតុត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តិកន្លង។ សមណមុណ្ឌិកាបុត្រ បានពោលយ៉ាងនេះថា មា្នលជាងឈើ ខ្ញុំតែងបញ្ញត្តនូវបុរសបុគ្គលដែលប្រកបដោយធម៌ទាំងឡាយ ៤ យ៉ាង ថាជាបុគ្គលមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ជាបុគ្គលដល់ហើយនូវធម៌ ដែលគេគប្បីដល់ដ៏ឧត្តម ជាសមណៈមិនមានបរាជ័យ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលជាងឈើ បុរសបុគ្គលក្នុងលោកនេះ មិនធ្វើនូវអំពើលាមកដោយកាយ ១ មិនពោលនូវវាចាដ៏លាមក ១ មិនត្រិះរិះនូវសេចក្តីត្រិះរិះដ៏លាមក ១ មិនចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតដ៏លាមក ១ ម្នាលជាងឈើ ខ្ញុំតែងបញ្ញត្តនូវបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ នេះឯង ថាជាបុគ្គលមានកុសលដ៏បរិបូណ៌ មានកុសលដ៏ឧត្តម ជាបុគ្គលដល់ហើយនូវធម៌ ដែលបុគ្គលគប្បីដល់ដ៏ឧត្តម ជាសមណៈ មិនមានបរាជ័យ។ មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយសីល សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយហេតុត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង យ៉ាងនេះឯង។
មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រព្រឹត្តវត្តដំរីក៏មាន ប្រព្រឹត្តវត្តសេះក៏មាន ប្រព្រឹត្តវត្តគោក៏មាន ប្រព្រឹត្តវត្តឆ្កែក៏មាន ប្រព្រឹត្តវត្តក្អែកក៏មាន ប្រព្រឹត្តវត្តរបស់វាសុទេពក៏មាន ប្រព្រឹត្តវត្តរបស់ពលទេពក៏មាន ប្រព្រឹត្តវត្តរបស់បុណ្ណភទ្ទក៏មាន ប្រព្រឹត្តវត្តរបស់មណិភទ្ទក៏មាន ប្រព្រឹត្តវត្តភ្លើងក៏មាន ប្រព្រឹត្តវត្តនាគក៏មាន ប្រព្រឹត្តវត្តគ្រុឌក៏មាន ប្រព្រឹត្តវត្តយក្ខក៏មាន ប្រព្រឹត្តវត្តអសុរក៏មាន ប្រព្រឹត្តវត្តគន្ធព្វក៏មាន ប្រព្រឹត្តវត្តមហារាជក៏មាន ប្រព្រឹត្តវត្តព្រះចន្រ្ទក៏មាន ប្រព្រឹត្តវត្តព្រះអាទិត្យក៏មាន ប្រព្រឹត្តវត្តព្រះឥន្រ្ទក៏មាន ប្រព្រឹត្តវត្តព្រះព្រហ្មក៏មាន ប្រព្រឹត្តវត្តទេព្តាក៏មាន ប្រព្រឹត្តវត្តសំពះទិសក៏មាន។ សមណព្រាហ្មណ៍ទាំងឡាយនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះវត្ត។
មានសមណព្រាហ្មណ៍ពួកខ្លះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយអារម្មណ៍ដែលប៉ះពាល់។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ស្ទាបប្រថពី ស្ទាបស្មៅស្រស់ ស្ទាបអាចម៍គោ ស្ទាបអណ្តើក ជាន់នូវបណ្តាញ (ដែក) ស្ទាបរទេះដែលពេញដោយល្ង ស៊ីល្ងដែលជាមង្គល លាបប្រេងមង្គល ស៊ីឈើស្ទន់មង្គល ងូតដោយដីស្អិតមង្គល ស្លៀកសំពត់មង្គល ជួតឈ្នួតមង្គល។ សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិ ដោយអារម្មណ៍ដែលប៉ះពាល់ សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយអារម្មណ៍ដែលប៉ះពាល់។
ពាក្យថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី បានសេចក្តីថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញផង មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឮផង មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះសីលផង មិនពោលនូវសេចក្តីបរិសុទ្ធិដោយសេចក្តីបរិសុទ្ធិព្រោះវត្តផង មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិននិយាយ នូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលប៉ះពាល់ផង ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិដោយផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី។
[១២១] ពាក្យថា មិនជាប់នៅក្នុងបុណ្យ និងបាប មានសេចក្តីថា កុសលាភិសង្ខារណាមួយ ដែលឲ្យបដិសន្ធិក្នុងត្រៃធាតុ លោកហៅថាបុណ្យ។ អកុសលទាំងអស់ លោកហៅថា បាប។ កាលណាបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារដែលព្រាហ្មណ៍លះបង់ហើយ ផ្តាច់ឫសចោលហើយ ធ្វើមិនឲ្យមានទីកើតដូចជាដើមត្នោត ដល់នូវភាពតាំងនៅមិនបាន មានសភាពមិនកើតតទៅទៀត ក្នុងកាលណា ព្រាហ្មណ៍ឈ្មោះថា មិនជាប់ មិនជាប់ព្រម មិនជាប់មាំ ជាអ្នកមិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅប្រឡាក់ ស្ទុះចេញ លះបង់ រួចស្រឡះ បា្រសចេញ មានចិត្តបា្រសចាកកិលេសដូចជា ទំនប់ជាដើម ក្នុងបុណ្យ និងបាប ព្រោះហេតុប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនជាប់នៅក្នុងបុណ្យ និងបាប។
[១២២] ពាក្យថា ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ អធិប្បាយថា អ្នកលះបង់នូវអត្តទិដ្ឋិ ឈ្មោះថា អ្នកលះបង់នូវអត្តា។ អ្នកលះបង់នូវសេចក្តីប្រកាន់ ឈ្មោះថា អ្នកលះបង់នូវអត្តា។ វត្ថុណាដែលគេប្រកាន់ បបោសអង្អែល ត្រេកអរចំពោះ ចុះចិត្ត ចុះចិត្តស៊ប់ហើយ ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ វត្ថុទាំងអស់នោះ ព្រាហ្មណ៍បានកំចាត់ ខ្ជាក់ចោល ផុត លះបង់ រលាស់ចោលហើយ ឈ្មោះថា អ្នកលះបង់នូវអត្តា។ ពាក្យថា លែងធ្វើក្នុងលោកនេះ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវបុញ្ញាភិសង្ខារក្តី នូវអបុញ្ញាភិសង្ខារក្តី នូវអានេញ្ជាភិសង្ខារក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិដោយផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី ទាំងមិនជាប់នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ។
[១២៣] ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបានទេ ជននោះ តែងប្រកាន់ តែងលះបង់ ដូចជាស្វាតោងមែកឈើចំពោះមុខ។
[១២៤] ពាក្យថា លះបង់វត្ថុមុន ហើយអាស្រ័យវត្ថុក្រោយ គឺលះបង់សាស្តាមុន មកពឹងផ្អែកនឹងសាស្តាក្រោយ លះបង់ធម៌ដែលសាស្តាបា្រប់មុន មកអាស្រ័យធម៌ ដែលសាស្តាបា្រប់ក្រោយ លះបង់ពួកមុន មកអាស្រ័យពួកក្រោយ លះបង់ទិដ្ឋិមុន មកអាស្រ័យទិដ្ឋិក្រោយ លះបង់បដិបទាមុន មកអាស្រ័យបដិបទាក្រោយ លះបង់មគ្គមុន ហើយអាស្រ័យ អាស្រ័យព្រម ជាប់នៅ ជក់នៅ ចុះចិត្ត ចុះចិត្តស៊ប់នូវមគ្គក្រោយ ហេតុនោះ (ទ្រង់ត្រាស់ថា) តែងលះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ។
[១២៥] ពាក្យថា ជនណាជាអ្នកលង់តាមការញាប់ញ័រ… ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបានទេ អធិប្បាយថា តណ្ហាហៅថា ការញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ជាអ្នកលង់តាមការ ញាប់ញ័រ គឺជាអ្នកប្រព្រឹត្តតាមការញាប់ញ័រ ទៅតាមការញាប់ញ័រ ផ្សាយទៅតាមការ ញាប់ញ័រ ដល់នូវការញាប់ញ័រ ធ្លាក់ចុះ គ្របសង្កត់ មានចិត្តរួបរឹតដោយការញាប់ញ័រ។ ពាក្យថា នឹងឆ្លងនូវការជាប់ចំពាក់ មិនបានទេ គឺនឹងឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងមិនផុត មិនកន្លងព្រម មិនប្រព្រឹត្តកន្លង នូវការចំពាក់គឺរាគៈ ការចំពាក់គឺទោសៈ ការចំពាក់គឺមោហៈ ការចំពាក់គឺមានះ ការចំពាក់គឺទិដ្ឋិ ការចំពាក់គឺកិលេស ការចំពាក់គឺទុច្ចរិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាជាអ្នកលង់តាមការញាប់ញ័រ ជននោះនឹង ឆ្លងនូវការជាប់ចំពាក់មិនបានទេ។
[១២៦] ពាក្យថា ជនទាំងនោះ តែងប្រកាន់ តែងលះបង់ សេចក្តីថា ប្រកាន់យកនូវសាស្តា លះបង់នូវសាស្តានោះ ហើយប្រកាន់សាស្តាដទៃវិញ ប្រកាន់ធម៌ដែលសាស្តាបា្រប់ លះបង់ធម៌ដែលសាស្តាបា្រប់នោះ ហើយប្រកាន់ធម៌ដទៃដែលសាស្តាបា្រប់វិញ ប្រកាន់ពួក លះបង់ពួកនោះហើយ ប្រកាន់ពួកដទៃវិញ ប្រកាន់ទិដ្ឋិ លះបង់ទិដ្ឋិនោះ ហើយប្រកាន់ទិដ្ឋិដទៃវិញ ប្រកាន់បដិបទា លះបង់បដិបទានោះ ហើយប្រកាន់បដិបទាដទៃវិញ ប្រកាន់មគ្គ លះបង់មគ្គនោះ ហើយប្រកាន់មគ្គដទៃវិញ ប្រកាន់ផង លះបង់ផង ប្រកាន់យកផង លែងចោលផង ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ តែងប្រកាន់ តែងលះបង់។
[១២៧] ពាក្យថា ដូចជាស្វាតោងមែកឈើចំពោះមុខ សេចក្តីថា ស្វាកាលត្រាច់ទៅ ក្នុងព្រៃតូចព្រៃធំ តែងតោងមែកឈើ លែងនូវមែកឈើនោះចោល ហើយតោងមែកឈើដទៃ លែងមែកឈើនោះចោល ហើយតោងមែកឈើដទៃវិញ យ៉ាងណា ពួកសមណព្រាហ្មណ៍ផ្តេសផ្តាស តែងប្រកាន់ផង លះបង់ផង កាន់យកផង លែងចោលផង នូវទិដ្ឋិផ្តេសផ្តាស ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាស្វាតោងមែកឈើ ចំពោះមុខ ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបាន ជននោះ តែងប្រកាន់ តែងលះបង់ដូចជាស្វា តោងមែកឈើចំពោះមុខ។
[១២៨] ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់ក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ឯអ្នកបា្រជ្ញ មានបញ្ញាដូចផែនដី ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ មិនទៅរកវត្ថុខ្ពស់ទាបទេ។
[១២៩] អធិប្បាយពាក្យថា ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ត្រង់ពាក្យថា សមាទានដោយខ្លួនឯង គឺកាន់យកព្រមដោយខ្លួនឯង។ ពាក្យថាវត្តទាំងឡាយ សេចក្តីថា កាន់យក កាន់យកព្រម ប្រកាន់ ប្រកាន់ព្រម កួចកាន់យក បបោសអង្អែល ជាប់ចិត្តនូវវត្តដំរីក្តី វត្តសេះក្តី វត្តគោក្តី វត្តឆ្កែក្តី វត្តក្អែកក្តី វត្តវាសុទេពក្តី វត្តពលទេពក្តី វត្តបុណ្ណភទ្រក្តី វត្តមណិភទ្រក្តី វត្តភ្លើងក្តី វត្តនាគក្តី វត្តគ្រុឌក្តី វត្តយក្ខក្តី វត្តអសុរក្តី។បេ។ វត្តទិសក្តី។ ពាក្យថា ជន គឺសត្វ នរៈ។បេ។ សត្វមានជាតិជាមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង។
[១៣០] ពាក្យថា ជាអ្នកជាប់ក្នុងសញ្ញា រមែងទៅរកវត្ថុខ្ពស់ទាប សេចក្តីថា ចេញអំពីសាស្តា ទៅរកសាស្តា ចេញអំពីធម៌ដែលសាស្តាបា្រប់ ទៅរកធម៌ដែលសាស្តាបា្រប់ អំពីពួក ទៅរកពួក អំពីទិដ្ឋិ ទៅរកទិដ្ឋិ អំពីបដិបទា ទៅរកបដិបទា អំពីមគ្គ ទៅរកមគ្គ។ ពាក្យថា ជាអ្នកជាប់នៅក្នុងសញ្ញា គឺ ចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា។ ភណ្ឌៈដែលចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ឰដ៏ចម្រឹង ជញ្ជាំង ឬដៃកែវ យ៉ាងណាមិញ បុគ្គលអ្នកចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប។
[១៣១] អធិប្បាយពាក្យថា អ្នកបា្រជ្ញ ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ ត្រង់ពាក្យថា អ្នកបា្រជ្ញ គឺអ្នកដឹង អ្នកប្រកបដោយវិជ្ជា អ្នកមានញាណ អ្នកមានបា្រជ្ញា មានបញ្ញាជាគ្រឿងឆ្លុះយល់ មានបញ្ញាជាគ្រឿងថ្លឹង។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពល ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គទាំងឡាយ ៤ លោកហៅថា វេទ ក្នុងបទថា ដោយវេទទាំងឡាយ។ បុគ្គលដល់នូវទីបំផុត សម្រេចនូវទីបំផុត ដល់នូវចុង សម្រេចនូវចុង ដល់នូវទីបំផុតដោយជុំវិញ សម្រេចនូវទីបំផុតដោយជុំវិញ ដល់នូវទីអវសាន សម្រេចនូវទីអវសាន នៃជាតិ ជរា និងមរណៈ ដល់ហើយនូវទីជ្រកកោន សម្រេចនូវទីជ្រកកោន ដល់នូវទីពួន សម្រេចនូវទីពួន ដល់នូវទីពឹងទីរឭក សម្រេចនូវទីពឹងទីរឭក ដល់នូវទីមិនមានភ័យ សម្រេចនូវទីមិនមានភ័យ ដល់នូវទីមិនច្យុត សម្រេចនូវទីមិនច្យុត ដល់នូវអមតៈ សម្រេចនូវអមតៈ ដល់នូវព្រះនិព្វាន សម្រេចនូវព្រះនិព្វាន ដោយវេទទាំងនោះ។ មួយទៀត បុគ្គលដល់នូវទីបំផុតនៃវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល។ បុគ្គលដល់នូវទីបំផុតដោយវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល។ បុគ្គលដែលឈ្មោះថា វេទគូ ព្រោះដឹងច្បាស់នូវធម៌ទាំងឡាយ ៧ ប្រការ គឺជាអ្នកដឹងច្បាស់សក្កាយទិដ្ឋិ ១ ដឹងច្បាស់វិចិកិច្ឆា ១ ដឹងច្បាស់សីលព្វតបរាមាសៈ ១ ដឹងច្បាស់រាគៈ ១ ដឹងច្បាស់ទោសៈ ១ ដឹងច្បាស់មោហៈ ១ ដឹងច្បាស់មានះ ១។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មងព្រម ជាធម៌ញុំាងសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ ជាធម៌មានសេចក្តីទុក្ខជាផល ជាបច្ច័យរបស់ជាតិ ជរា និងមរណៈតទៅទៀត វេទគូបុគ្គល ដឹងច្បាស់ហើយ ។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាពិចារណាហើយ នូវវេទទាំងអស់របស់ពួកសមណព្រាហ្មណ៍ ជាអ្នកបា្រសចាកតម្រេក ក្នុងវេទទាំងពួង កន្លងនូវវេទទាំងពួង បុគ្គលនោះ ឈ្មោះថា វេទគូបុគ្គល។
ពាក្យថា ត្រាស់ដឹងនូវធម៌ គឺត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងមិនទៀង។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងជាទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ធម៌ទាំងពួងជាអនត្តា។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងឡាយ (កើត) ព្រោះអវិជ្ជាជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វិញ្ញាណ (កើត) ព្រោះសង្ខារជាបច្ច័យ។ នាម និងរូប (កើត) ព្រោះវិញ្ញាណជាបច្ច័យ។ អាយតនៈ ៦ (កើត) ព្រោះនាមរូបជាបច្ច័យ។ ផស្សៈ (កើត) ព្រោះអាយតនៈ ៦ ជាបច្ច័យ។ វេទនា (កើត) ព្រោះផស្សៈជាបច្ច័យ។ តណ្ហា (កើត) ព្រោះវេទនាជាបច្ច័យ។ ឧបាទាន (កើត) ព្រោះតណ្ហាជាបច្ច័យ។ ភព (កើត) ព្រោះឧបាទានជាបច្ច័យ។ ជាតិ (កើត) ព្រោះភពជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ជរា និងមរណៈ (កើត) ព្រោះជាតិជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់សង្ខារ ព្រោះការរលត់អវិជ្ជា។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់វិញ្ញាណ ព្រោះការរលត់សង្ខារ។ កិរិយារលត់នាម និងរូប ព្រោះការរលត់វិញ្ញាណ។ កិរិយារលត់អាយតនៈ ៦ ព្រោះការរលត់នាម និងរូប។ កិរិយារលត់ផស្សៈ ព្រោះការរលត់អាយតនៈ ៦។ កិរិយារលត់វេទនា ព្រោះការរលត់ផស្សៈ។ កិរិយារលត់តណ្ហា ព្រោះការរលត់វេទនា។ កិរិយារលត់ឧបាទាន ព្រោះការរលត់តណ្ហា។ កិរិយារលត់ភព ព្រោះការរលត់ឧបាទាន។ កិរិយារលត់ជាតិ ព្រោះការរលត់ភព។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់ជរា និងមរណៈ ព្រោះការរលត់ជាតិ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះទុក្ខ។ នេះជាហេតុនាំឲ្យកើតទុក្ខ។ នេះជាការរលត់ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះជាបដិបទា ទៅកាន់ការរលត់ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកអាសវៈ។ នេះជាហេតុនាំឲ្យកើតអាសវៈ។ នេះជាការរំលត់អាសវៈ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះបដិបទាទៅកាន់ការរំលត់អាសសវៈ។ នេះពួកធម៌គួរត្រាស់ដឹង។ នេះពួកធម៌គួរកំណត់ដឹង។ នេះពួកធម៌គួរលះបង់។ នេះពួកធម៌គួរចំរើន។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកធម៌គួរធ្វើឲ្យជាក់ច្បាស់។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផងនៃផស្សាយតនៈ ៦។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃឧបាទានក្ខន្ធ ៥។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃមហាភូត ៤។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វត្ថុណាមួយ មានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងពួងនោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ឯអ្នកបា្រជ្ញត្រាស់ដឹងនូវធម៌ ដោយវេទទាំងឡាយ។
[១៣២] ពាក្យថា មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ និងទាប គឺមិនចេញអំពីសាស្តា ទៅរកសាស្តា មិនចេញអំពីធម៌ដែលសាស្តាប្រាប់ ទៅរកធម៌ដែលសាស្តាបា្រប់ មិនចេញអំពីពួកទៅរកពួក មិនចេញអំពីទិដ្ឋិទៅរកទិដ្ឋិ មិនចេញអំពីបដិបទាទៅរកបដិបទា មិនចេញអំពីមគ្គ ទៅរកមគ្គ។ ពាក្យថា មានបញ្ញាដូចផែនដី គឺមានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញាស្រស់ មានបញ្ញារហ័ស មានបញ្ញាមុត មានបញ្ញាជាគ្រឿងទំលាយបង់នូវកិលេស។ ប្រឹថពី ហៅថាផែនដី។ អ្នកប្រាជ្ញប្រកបព្រមហើយ ដោយបញ្ញាដ៏ទូលាយ លាតផ្សាយស្មើដោយប្រឹថពីនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ឯអ្នកប្រាជ្ញមានបញ្ញាដូចផែនដី ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ មិនទៅរកវត្ថុខ្ពស់ និងទាបទេ។
[១៣៣] អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ជនគប្បីកំណត់នូវអ្នកប្រាជ្ញ ជាអ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន។
[១៣៤] ពាក្យថា អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី អធិប្បាយថា សេនារបស់មារ លោកហៅថាសេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈ ជាមារសេនា ទោសៈ ជាមារសេនា មោហៈ ជាមារសេនា កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា។ ដូចពាក្យដែលព្រះមានព្រះភាគ ត្រាស់ដូច្នេះថា
កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ (ក្នុងធម៌ជាកុសល) លោកហៅថា សេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនា ទី ៣ របស់អ្នក តណ្ហា លោកហៅថា សេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីខ្លាច លោកហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណ និងសេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ និងសក្ការៈ (ជាសេនាទី ៩) យសដែលបុគ្គលបានមកដោយការខុស បុគ្គលដែលលើកតម្កើងខ្លួនឯង ទាំងមើលងាយអ្នកដទៃ (នេះជា) សេនាទី ១០ ម្នាលមារ នេះជាសេនារបស់អ្នកឯងដែលមានធម៌ខ្មៅ ជាសេនាតែងបៀតបៀន (នូវពួកសមណព្រាហ្មណ៍) បុគ្គលមិនក្លៀវក្លា មិនអាចឈ្នះនូវសេនានោះទេ (លុះតែបុគ្គលក្លៀវក្លា) ទើបឈ្នះហើយបានសុខ។
កាលណា មារសេនាទាំងពួង និងកិលេសជាសត្រូវទាំងពួង ដែលបុគ្គលណា ឈ្នះ ផ្ចាញ់ បំបាក់ កំទេច ធ្វើឲ្យមានមុខងាកចេញ ដោយអរិយមគ្គទាំង ៤ បានហើយ បុគ្គលនោះ លោកហៅថា អ្នកមានសេនាទៅប្រាសហើយ។ បុគ្គលនោះ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលឃើញ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលឮ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលប៉ះពាល់ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី។
[១៣៥] ពាក្យថា អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង គឺអ្នកឃើញការស្អាត អ្នកឃើញការស្អាតវិសេស អ្នកឃើញការបរិសុទ្ធិ អ្នកឃើញការម៉ត់ចត់ អ្នកឃើញការផូរផង់។ ឬថាអ្នកមានសេចក្តីយល់ស្អាត អ្នកមានសេចក្តីយល់ស្អាតវិសេស អ្នកមានសេចក្តីយល់បរិសុទ្ធិ អ្នកមានសេចក្តីយល់ម៉ត់ចត់ អ្នកមានសេចក្តីយល់ផូរផង់។ ពាក្យថា អ្នកមានដំបូលបើកហើយ សេចក្តីថា ដំបូលគឺតណ្ហា ដំបូលគឺកិលេស ដំបូលគឺអវិជ្ជា។ គ្រឿងប្រក់ទាំងនោះ លោកបើក កំចាត់បង់ បំផ្លាញចោល ដករំលើងចោល លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ។ ពាក្យថា កំពុងប្រព្រឹត្ត គឺកំពុងត្រាច់ទៅ កំពុងត្រាច់ទៅផ្សេងៗ កំពុងសម្រេចឥរិយាបថ កំពុងប្រព្រឹត្ត កំពុងរក្សា កំពុងរស់នៅ កំពុងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង។
[១៣៦] អធិប្បាយពាក្យថា គប្បីកំណត់ដោយកិលេសដូចម្តេច ក្នុងលោកនេះត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ មាន ២ គឺការកំណត់ គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់ គឺតណ្ហា។បេ។ នេះ ការកំណត់ គឺទិដ្ឋិ។ ការកំណត់គឺតណ្ហា អ្នកប្រាជ្ញនោះ បានលះបង់ហើយ ការកំណត់ គឺទិដ្ឋិ អ្នកប្រាជ្ញនោះ បានរលាស់ចោលហើយ ព្រោះលោកលះបង់នូវការកំណត់ គឺតណ្ហា ព្រោះលោករលាស់ចោលនូវការកំណត់ គឺទិដ្ឋិ ជនគប្បីកំណត់ដោយរាគៈដូចម្តេច គប្បីកំណត់ដោយទោសៈដូចម្តេច គប្បីកំណត់ដោយមោហៈដូចម្តេច គប្បីកំណត់ដោយមានះដូចម្តេច គប្បីកំណត់ដោយទិដ្ឋិដូចម្តេច គប្បីកំណត់ដោយឧទ្ធច្ចៈដូចម្តេច គប្បីកំណត់ដោយវិចិកិច្ឆា ដូចម្តេច គប្បីកំណត់ដោយអនុស័យទាំងឡាយ ដូចម្តេចបានថា លោកនៅត្រេកត្រអាលក្តី នៅប្រទូស្តក្តី នៅវង្វេងក្តី នៅជាប់ចំពាក់ក្តី នៅបបោសអង្អែលក្តី ដល់នូវការរាយមាយក្តី ដល់នូវការមិនដាច់ស្រេចក្តី ដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ អ្នកប្រាជ្ញនោះ លះបង់ហើយ ព្រោះលោកលះអភិសង្ខារហើយ ជនគប្បីកំណត់នូវគតិទាំងឡាយថា លោកទៅកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងប្រេតវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី ព្រហ្មមានរូបក្តី ព្រហ្មឥតរូបក្តី ព្រហ្មមានសញ្ញាក្តី ព្រហ្មឥតសញ្ញាក្តី ព្រហ្មមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ដោយប្រការដូចម្តេចបាន។ មិនមានហេតុ មិនមានបច្ច័យ មិនមានទំនង ជាហេតុល្មមឲ្យជនគប្បីកំណត់ គប្បីកំណត់ទុក គប្បីដល់នូវការកំណត់ទុកបានឡើយ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនគប្បីកំណត់ដោយកិលេសដូចម្តេចក្នុងលោកនេះបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
អ្នកបា្រជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ជនគប្បីកំណត់នូវអ្នកបា្រជ្ញ ជាអ្នកឃើញ មានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន។
[១៣៧] ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិជាទីបំផុត កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ មិនធ្វើនូវបំណងក្នុងលោកណាមួយ។
[១៣៨] អធិប្បាយពាក្យថា មិនកំណត់ មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ការកំណត់គឺតណ្ហា ព្រះខីណាស្រពទាំងនោះ បានលះបង់ហើយ ការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ មិនកំណត់ មិនបណ្តុះ មិនឲ្យលូតលាស់ មិនបង្កើត មិនបង្កើតចំពោះនូវការកំណត់គឺតណ្ហា ឬការកំណត់គឺទិដ្ឋិ ព្រោះការកំណត់គឺតណ្ហា លោកលះបង់ហើយ ព្រោះការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់។ ពាក្យថា មិនធ្វើឲ្យជាប្រធាន បានខាងការធ្វើឲ្យជាប្រធាន ២ គឺ ការធ្វើឲ្យជាប្រធាន គឺតណ្ហា ១ ការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ ១។បេ។ នេះការធ្វើឲ្យជាប្រធានគឺ តណ្ហា។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះខីណាស្រពទាំងនោះ លះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ រមែងមិនធ្វើនូវតណ្ហា និងទិដ្ឋិឲ្យជាប្រធាន មិនមានតណ្ហា ជាទង់ជ័យ មិនមានតណ្ហាជាទង់សំគាល់ មិនមានតណ្ហាជាអធិបតី មិនមានទិដ្ឋិជាទង់ជ័យ មិនមានទិដ្ឋិជាទង់សំគាល់ មិនមានទិដ្ឋិជាអធិបតី មិនមានតណ្ហា និងទិដ្ឋិចោមរោម ព្រោះការធ្វើឲ្យជាប្រធានគឺតណ្ហា លោកលះបង់ហើយ ព្រោះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់ មិនធ្វើឲ្យជាប្រធាន។
[១៣៩] ពាក្យថា មានសេចក្តីបរិសុទ្ធិជាទីបំផុត ក្នុងបទថា ព្រះខីណាស្រពទាំងនោះ មិនពោលថា ទិដ្ឋិមានសេចក្តីបរិសុទ្ធិជាទីបំផុត គឺព្រះខីណាស្រពទាំងឡាយ មិនពោល មិនថ្លែង មិនពណ៌នា មិនសំដែង មិននិយាយ នូវអកិរិយទិដ្ឋិ នូវសស្សតវាទថា មានសេចក្តីបរិសុទ្ធិជាទីបំផុត មានសេចក្តីបរិសុទ្ធិព្រោះសំសារ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះខីណាស្រពទាំងនោះ មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិ ជាទីបំផុត។
[១៤០] អធិប្បាយពាក្យថា កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ ត្រង់ពាក្យថា គ្រឿងចងស្រែះ បានដល់ គ្រឿងចងស្រែះ ៤ គឺអភិជ្ឈាកាយគន្ថៈ1) ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ2) ១។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ។ ការគំនុំ ការមិនពេញចិត្តក្នុងវាទៈរបស់បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ។ បុគ្គលបបោសអង្អែលនូវសីលក្តី វត្តក្តី សីល និងវត្តក្តី របស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិរបស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ ព្រោះហេតុអ្វី (គន្ថៈទាំងឡាយ) លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់។ ពួកបុគ្គលកាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តរូប កាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧប្បត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ដោយគន្ថៈទាំងនោះ ព្រោះហេតុនោះ គន្ថៈទាំងនោះ លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់។ ពាក្យថា កាត់ គឺលះបង់ ឬកំចាត់បង់ នូវគ្រឿងចងស្រែះទាំងឡាយ។ មួយទៀតថា ស្រាយ ឬថា លះបង់នូវចំណង គ្រឿងចងដែលចងស្រែះហើយ ចំណងដែលចងហើយ ចងវិសេសហើយ ចងដោយប្រការដ៏ច្រើន ជាប់នៅ ចំពាក់នៅ ទាក់នៅ។ បុគ្គលទាំងឡាយ រុះរើ ធ្វើឲ្យខ្ទេចខ្ទីនូវវក្តី រថក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ មុនីបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ ឬថាស្រាយ ឬលះចោលនូវគន្ថៈទាំងឡាយ ដែលចាក់ស្រែះ ក្រង ចងឆ្វាក់ ពាក់ព័ន្ធ ព័ទ្ធមាំ ជាប់ចំពាក់ ចងមាំ ចងជាប់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់នូវគ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ដែលចងស្រែះហើយ។
[១៤១] ពាក្យថា មិនធ្វើនូវបំណងក្នុងលោកណាមួយ សេចក្តីថា តណ្ហា លោកហៅថា បំណង បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា មិនធ្វើនូវបំណង គឺមិនធ្វើ មិនបង្កើត មិនឲ្យកើតព្រម មិនឲ្យកើត មិនឲ្យកើតចំពោះ នូវបំណង។ ពាក្យថា ណាមួយ គឺណាមួយ ឯណាមួយ ឯណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើនូវបំណង ក្នុងលោកណាមួយ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា ទិដ្ឋិមានសេចក្តីបរិសុទ្ធិជាទីបំផុត កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ដែលចងស្រែះហើយ មិនធ្វើនូវបំណងក្នុងលោកណាមួយ។
[១៤២] ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ព្រាហ្មណ៍នោះ មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ។
[១៤៣] អធិប្បាយពាក្យថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ត្រង់ពាក្យថា ដែន បានដល់ ដែន ៤។ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ព្រមទាំងកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ១។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត កាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ២។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត កាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ព្រមទាំងពួកកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៣។ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៤។ កាលណាបុគ្គលកន្លង កន្លងព្រម ប្រព្រឹត្តកន្លងដែនទាំង ៤ នេះ ដោយអរិយមគ្គទាំង ៤ ហើយ បុគ្គលនោះ លោកហៅថា អ្នកកន្លងហួសដែន។ ពាក្យថា ព្រាហ្មណ៍ សេចក្តីថា បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧។បេ។ មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះលោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព។ ពាក្យថា ព្រោះដឹង គឺព្រោះដឹងដោយបរចិត្តញ្ញាណក្តី ព្រោះដឹងដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី។ ពាក្យថា ព្រោះឃើញគឺ ព្រោះឃើញ ដោយមំសចក្ខុក្តី ដោយទិព្វចក្ខុក្តី ហេតុនោះ ទ្រង់ត្រាស់ថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ ព្រោះដឹង ព្រោះឃើញទេ។ ពាក្យថា ការប្រកាន់មាំ គឺការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់ នៃព្រាហ្មណ៍នោះថា នេះ ថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ។
[១៤៤] ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ សេចក្តីថា បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងកាមគុណទាំងប្រាំ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងកាមរាគ។ បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងរូបាវចរសមាបត្តិ និងអរូបបាវចរសមាបត្តិទាំងឡាយ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងរូបរាគ និងអរូបរាគ។ ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ បានសេចក្តីថា ក្នុងកាលណាកាមរាគ រូបរាគ និងអរូបរាគ ព្រះខីណាស្រពលះបង់ ផ្តាច់ឫសចោល ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដល់នូវភាពមិនមាន មានសភាពមិនកើតឡើងតទៅទៀត ព្រះខីណាស្រព មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ក្នុងកាលនោះ ដោយកាលមានប្រមាណប៉ុណ្ណេះឯង។
[១៤៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរដូច្នេះឡើយ ត្រង់ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព។ ការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់របស់លោកថា នេះថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់បង់ កំចាត់ កំចាត់បង់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ព្រាហ្មណ៍នោះ មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ។
ចប់ សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤។