km:tipitaka:sut:kn:man:sut.kn.man.05

បរមដ្ឋកសុត្តនិទ្ទេស ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn man 05 បាលី cs-km: sut.kn.man.05 អដ្ឋកថា: sut.kn.man.05_att PTS: ?

បរមដ្ឋកសុត្តនិទ្ទេស ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. បរមដ្ឋកសុត្តនិទ្ទេសោ)

[១៤៦] (ព្រះមានព្រះភាគត្រាស់ថា) សត្វក្នុងលោក កាលត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយ បានទេ។

[១៤៧] ពាក្យថា កាលត្រាំក្នុងទិដិ្ឋទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង អធិប្បាយថា សមណព្រាហ្មណ៍ពួកខ្លះ ប្រកបដោយទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ។ ពួកអ្នកម្ចាស់ផ្ទះ តែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិ តែងនៅក្នុងអាបត្តិទាំងឡាយ ឬពួកអ្នកមានកិលេស នៅក្នុងកិលេសទាំងឡាយ យ៉ាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកបក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង។

[១៤៨] អធិប្បាយពាក្យថា សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប ត្រង់ពាក្យថា របស់ណា គឺរបស់ណាមួយ។ ពាក្យថា ធ្វើឲ្យលើសលុប គឺធ្វើឲ្យក្រៃលែង ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង។ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង ឲ្យកើត ឲ្យកើតចំពោះថា ធម៌នេះ លោកសំដែងល្អហើយ ពួកនេះប្រតិបត្តិល្អហើយ ទិដ្ឋិនេះល្អ បដិបទានេះ លោកបញ្ញត្តល្អហើយ មគ្គនេះជាទីស្រោចស្រង់សត្វ។ ពាក្យថា សត្វ គឺសត្វ នរជន។បេ។ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប។

[១៤៩] ពាក្យថា ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប សេចក្តីថា បុគ្គលលើកតំកើងសាស្តា ធម៌ដែលសាស្តាសំដែង គណៈ ទិដ្ឋិ បដិបទា មគ្គរបស់ខ្លួន ហើយបោះ លើកបោះ បោះចោល នូវវាទៈដទៃទាំងអស់ គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងដោយប្រពៃទេ គណៈប្រតិបត្តិមិនប្រពៃទេ ទិដ្ឋិមិនល្អទេ បដិបទាមិនមែនបញ្ញត្តល្អទេ មគ្គមិនមែនស្រោចស្រង់សត្វទេ សេចក្តីស្អាត ឬសេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច រួចវិសេស ឬរួចស្រឡះ មិនមានក្នុងធម៌នុ៎ះទេ ពួកជនមិនមែនស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស ឬរួចស្រឡះ ព្រោះធម៌នោះទេ បុគ្គលនោះ ជាអ្នកថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ជាមនុស្សកំទេច ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលនូវរបស់ទាំងអស់ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប។

[១៥០] ពាក្យថា ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ គឺព្រោះដំណើរនោះ ការណ៍នោះ ហេតុនោះ បច្ច័យនោះ និទាននោះ សត្វមិនកន្លង មិនកន្លងផុត មិនកន្លងហួស នូវការឈ្លោះ ព្រោះទិដ្ឋិទាំងឡាយ ការជជែក ព្រោះទិដ្ឋិទាំងឡាយ សេចក្តីប្រកួតប្រកាន់ ព្រោះទិដ្ឋិទាំងឡាយ ការទាស់ទែង ព្រោះទិដ្ឋិទាំងឡាយ ការបៀតបៀន ព្រោះទិដ្ឋិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សត្វក្នុងលោក ត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ។

[១៥១] បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះក្នុងទិដ្ឋិនោះ រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប។

[១៥២] អធិប្បាយពាក្យថា បុគ្គលឃើញអានិសង្សណា ចំពោះខ្លួនក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត ត្រង់ពាក្យថា អានិសង្សណា ចំពោះខ្លួន គឺអានិសង្សណាមួយ ចំពោះខ្លួន។ ទិដ្ឋិ លោកហៅថា ខ្លួន។ បុគ្គលឃើញអានិសង្សនៃទិដ្ឋិរបស់ខ្លួន ២ យ៉ាងគឺ ទិដ្ឋធម្មិកានិសង្ស ១ សម្បរាយិកានិសង្ស ១។

ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ តើដូចម្តេច។ គ្រូជាអ្នកប្រកបដោយទិដ្ឋិណា ពួកសាវ័ក ក៏ជាអ្នកប្រកបដោយទិដ្ឋិនោះ ពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើការកោតក្រែងនូវគ្រូដែលប្រកបដោយទិដ្ឋិនោះ ហើយបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះហេតុតែគ្រូនោះ នេះឈ្មោះថា ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ។

សម្បរាយិកានិសង្សនៃទិដ្ឋិ តើដូចម្តេច។ បុគ្គលជាអ្នកបា្រថ្នាផលក្នុងអនាគតថា ទិដ្ឋិនេះ គួរដើម្បីបានជានាគ ជាគ្រុឌ ជាយក្ស ជាអសុរ ជាគន្ធព្វ ជាមហារាជ ជាឥន្រ្ទ ជាព្រហ្ម ឬជាទេវតា ទិដ្ឋិនេះ គួរដើម្បីការស្អាត ស្អាតវិសេស បរិសុទ្ធិ រួច រួចវិសេស រួចស្រឡះ ពួកសត្វរមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះដោយទិដ្ឋិនេះ អាត្មាអញនឹងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ដោយទិដ្ឋិនេះ។ នេះសម្បរាយិកានិសង្សនៃទិដ្ឋិ។ បុគ្គលឃើញអានិសង្ស ២ យ៉ាងនេះឯង នៃទិដ្ឋិរបស់ខ្លួន។

បុគ្គលឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសុតសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសីលសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃវត្តសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាងនៃមុតសុទ្ធិផង ដែលជាទិដ្ឋធម្មិកានិសង្ស និងសម្បរាយិកានិសង្ស។

ទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ គ្រូប្រកបក្នុងទិដ្ឋិណា ពួកសាវ័កក៏ប្រកបក្នុងទិដ្ឋិនោះ។បេ។ នេះទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ។

សម្បរាយិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ ទិដ្ឋិនេះ គួរដើម្បីបានជានាគ។បេ។ នេះសម្បរាយិកានិសង្សនៃមុតសុទ្ធិ។ បុគ្គលឃើញ មើល រមិលមើល សំឡឹងមើល ពិចារណាឃើញនូវអានិសង្ស ២ យ៉ាងនេះឯង នៃមុតសុទ្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត។

[១៥៣] ពាក្យថា បុគ្គលនោះក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ ត្រង់ពាក្យថា នោះ គឺទិដ្ឋិនោះ។ ពាក្យថា ក្នុងទិដ្ឋិនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ប្រកាន់ គឺប្រកាន់ តំកើង កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ។

[១៥៤] ពាក្យថា រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប គឺឃើញ មើល រមិលមើល សំឡឹងមើល ពិចារណាឃើញនូវគ្រូដទៃ ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប។

[១៥៥] បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ពួកជនអ្នកឈ្លាសតែងពោលការឃើញនោះថា ជាគ្រឿងជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ។

[១៥៦] អធិប្បាយពាក្យថា ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ត្រង់ពាក្យថា ពួកជនអ្នកឈ្លាស បានដល់ពួកជនអ្នកឈ្លាសក្នុងខន្ធ អ្នកឈ្លាសក្នុងធាតុ អ្នកឈ្លាសក្នុងអាយតនៈ អ្នកឈ្លាសក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសក្នុងសតិប្បដ្ឋាន អ្នកឈ្លាសក្នុងសម្មប្បធាន អ្នកឈ្លាសក្នុងឥទ្ធិបាទ អ្នកឈ្លាសក្នុងឥន្រ្ទិយ អ្នកឈ្លាសក្នុងពលៈ អ្នកឈ្លាសក្នុងពោជ្ឈង្គ អ្នកឈ្លាសក្នុងមគ្គ អ្នកឈ្លាសក្នុងផល អ្នកឈ្លាសក្នុងព្រះនិព្វាន ពួកជនអ្នកឈ្លាសទំាងនោះ តែងពោលយ៉ាងនេះ គឺតែងពោលយ៉ាងនេះ និយាយយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា នុ៎ះជាគ្រឿងជាប់ចំពាក់ នុ៎ះជាគ្រឿងជាប់ល្អិត នុ៎ះជាគ្រឿងចង នុ៎ះជាគ្រឿងកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់។

[១៥៧] អធិប្បាយពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ត្រង់ពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ជឿស៊ប់ ជឿជាក់នូវគ្រូណា ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ។ ពាក្យថា តែងឃើញសភាពដទៃថា ថោកទាប គឺឃើញ មើល រមិលមើល សំឡឹងមើល ពិចារណាឃើញនូវគ្រូដទៃ ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួចហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប។

[១៥៨] ពាក្យថា ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ចយ័នោះ ព្រោះនិទាននោះ ភិក្ខុមិនត្រូវអាស្រ័យ មិនត្រូវប្រកាន់ មិនត្រូវស្ទាបអង្អែល មិនត្រូវចុះចិត្តស៊ប់ នូវទិដ្ឋៈ1) ឬទិដ្ឋសុទ្ធិ2) សុតៈ3) ឬសុតសុទ្ធិ4) មុតៈ5) ឬមុតសុទ្ធិ6) សីល ឬសីលសុទ្ធិ វត្ត ឬវត្តសុទ្ធិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ។

[១៥៩] បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ (នឹងបុគ្គលដទៃ) មិនគប្បីសំគាល់ថា ថោកទាប ឬថាវិសេសឡើយ។

[១៦០] ពាក្យថា បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត គឺមិនគប្បីតែងតាំង មិនគប្បីបង្កើត មិនគប្បីបង្កើតព្រម មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតចំពោះ នូវទិដ្ឋិ ដោយអដ្ឋសមាបត្តិញាណ ដោយបញ្ចាភិញ្ញាញាណ ដោយមិច្ឆាញាណ ដោយសីល ដោយវត្ត ឬដោយសីលវត្ត។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត។

[១៦១] ពាក្យថា មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ គឺមិនគប្បីប្រៀបផ្ទឹមខ្លួនថា អាត្មាអញជាអ្នកស្មើនឹងគេដោយជាតិ ដោយគោត្រ ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូល ដោយភាពនៃខ្លួនជាអ្នកមានសម្បុរល្អ ដោយទ្រព្យ ដោយការរៀនមន្ត ដោយកន្លែងធ្វើនូវការងារ ដោយកន្លែងរៀនសិល្បៈ ដោយកន្លែងនៃវិជ្ជា ដោយពហុស្សូត្រ ដោយបដិភាណ ឬដោយវត្តុណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ។

[១៦២] ពាក្យថា មិនគប្បីសំគាល់ថា ថោកទាប ឬវិសេស គឺមិនគប្បីប្រៀបផ្ទឹមខ្លួន ថា អាត្មាអញជាអ្នកថោកទាប ដោយជាតិ ដោយគោត្រ។បេ។ ឬដោយវត្ថុណាមួយ មិនគប្បីប្រៀបផ្ទឹមខ្លួនថា អាត្មាអញជាអ្នកប្រសើរ ដោយជាតិ ដោយគោត្រ។បេ។ ឬដោយវត្ថុណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសំគាល់ថា ថោកទាប ឬវិសេស។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោកដោយញាណ ឬដោយសីលវត្ត មិនគប្បី ប្រៀបផ្ទឹមខ្លួនថា ស្មើ (នឹងបុគ្គលដទៃ) មិនគប្បីសំគាល់ថា ថោកទាប ឬវិសេសឡើយ។

[១៦៣] បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យសូម្បីក្នុងញាណទេ កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នកមិនលុះតាមពួក បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ។

[១៦៤] អធិប្បាយពាក្យថា លះបង់អត្តា មិនប្រកាន់ ត្រង់ពាក្យថា លះបង់អត្តា គឺលះបង់អត្តទិដ្ឋិ។ ពាក្យថា លះបង់អត្តា គឺលះបង់សេចក្តីប្រកាន់។ ពាក្យថា លះបង់អត្តា គឺលះបង់ បន្សាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសេចក្តីប្រកាន់ ការស្ទាបអង្អែល សេចក្តីប្រកាន់ស្អិត ការជ្រុលជ្រប់ ការឱនទៅដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ។ ពាក្យថា លះបង់អត្តា មិនប្រកាន់ គឺមិនប្រកាន់ មិនកាន់យក មិនស្អាបអង្អែល មិនប្រកាន់ស្អិត ដោយឧបាទាន ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អត្តា មិនប្រកាន់។

[១៦៥] ពាក្យថា បុគ្គលនោះ មិនធ្វើនិស្ស័យសូម្បីក្នុងញាណទេ គឺមិនធ្វើ មិនបង្កើត មិនបង្កើតព្រម មិនឲ្យកើត មិនឲ្យកើតចំពោះនូវតណ្ហានិស្ស័យ ឬទិដ្ឋិនិស្ស័យ ក្នុងអដ្ឋសមាបត្តិញាណ ក្នុងបញ្ចាភិញ្ញាញាណ ឬក្នុងមិច្ឆាញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនធ្វើនិស្ស័យក្នុងញាណ។

[១៦៦] ពាក្យថា កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នកមិនលុះតាមពួក គឺកាលពួកសត្វ អ្នកកំណត់ហើយ បែកគ្នាហើយ បែកចិត្តជាពីរ កើតទៅជាពីរពួក ប្រកបដោយទិដ្ឋិផ្សេងៗ ប្រកបដោយការគួរផ្សេងៗ ប្រកបដោយសេចក្តីពេញចិត្តផ្សេងៗ ប្រកបដោយលទ្ធិផ្សេងៗ អាស្រ័យទិដ្ឋិនិស្ស័យផ្សេង ៗ កាលលុះនូវឆន្ទាគតិ លុះនូវទោសាគតិ លុះនូវមោហាគតិ លុះនូវភយាគតិ បុគ្គលនោះ មិនលុះនូវឆន្ទាគតិ មិនលុះនូវទោសាគតិ មិនលុះនូវមោហាគតិ មិនលុះនូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺធម៌ជាពួកទាំងឡាយនាំទៅ នាំយកទៅ បន្សាត់ទៅ ដឹកនាំទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង មិនលុះតាមពួក។

[១៦៧] ពាក្យថា បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ គឺទិដ្ឋិ ៦២ បុគ្គលនោះលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ បុគ្គលនោះមិនត្រឡប់មក មិនងាកមកកាន់ ទិដ្ឋិណាមួយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យសូម្បីក្នុងញាណ កាលសត្វយល់បែកគ្នាផ្សេង ៗ បុគ្គលនោះឯង មិនលុះតាមពួក បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ។

[១៦៨] ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ និងការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយនៃបុគ្គលនោះ មិនមានឡើយ។

[១៦៩] អធិប្បាយពាក្យថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា អន្តៈ គឺផស្សៈជាអន្តៈមួយ ការកើតឡើងនៃផស្សៈ ជាអន្តៈទីពីរ។ អតីត ជាអន្តៈមួយ អនាគត ជាអន្តៈទីពីរ។ សុខវេទនា ជាអន្តៈមួយ ទុក្ខវេទនា ជាអន្តៈទីពីរ។ នាម ជាអន្តៈមួយ រូបជាអន្តៈទីពីរ។ អាយតនៈខាងក្នុង ៦ ជាអន្តៈមួយ អាយតនៈខាងក្រៅ ៦ ជាអន្តៈទីពីរ។ សក្កាយ ជាអន្តៈមួយ ការកើតឡើងនៃសក្កាយ ជាអន្តៈទីពីរ។ តណ្ហា លោកហៅថា ការដំកល់ទុក បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ដើម្បីភពតូច និងភពធំ គឺដើម្បីកម្មភព បុនព្ភព ឈ្មោះថាភពតូចនិងភពធំ គឺថាដើម្បីកាមភព កម្មភព កាមភព បុនព្ភព រូបភព កម្មភព រូបភព បុនព្ភព អរូបភព កម្មភព អរូបភព បុនព្ភព គឺថាដើម្បីការកើតរឿយ ៗ ការទៅរឿយ ៗ ឧបបត្តិរឿយ ៗ បដិសន្ធិរឿយ ៗ ការញុំាងអត្តភាព ឲ្យកើតរឿយ ៗ។ ពាក្យថា លោកនេះ គឺអត្តភាពរបស់ខ្លួន។ ពាក្យថា លោកដទៃ គឺអត្តភាពរបស់បុគ្គលដទៃ។ ពាក្យថា លោកនេះ គឺរូប វេទនា សញ្ញា សង្ខារ វិញាណរបស់ខ្លួន។ ពាក្យថាលោកដទៃ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់បុគ្គលដទៃ។ ពាក្យថា លោកនេះ គឺ អាយតនៈខាងក្នុង ៦។ ពាក្យថា លោកដទៃ គឺអាយតនៈខាងក្រៅ ៦។ ពាក្យថា លោកនេះ គឺមនុស្សលោក។ ពាក្យថា លោកដទៃ គឺទេវលោក។ ពាក្យថា លោកនេះ គឺ កាមធាតុ។ ពាក្យថា លោកដទៃ គឺរូបធាតុ អរូបធាតុ។ ពាក្យថា លោកនេះ គឺកាមធាតុ រូបធាតុ។ ពាក្យថា លោកដទៃ គឺអរូបធាតុ។ ពាក្យថា ការតាំងទុកអន្តៈទាំងពីរក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ បានសេចក្តីថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណាលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ។

[១៧០] អធិប្បាយពាក្យថា ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមាន ត្រង់ពាក្យថា ជម្រកទាំងឡាយ បានដល់ជម្រក ២ យ៉ាង គឺ ជម្រកគឺតណ្ហា ១ ជម្រកគឺទិដ្ឋិ ១។បេ។ នេះជម្រកគឺតណ្ហា។បេ។ នេះជម្រកគឺទិដ្ឋិ។ ពាក្យថា នៃបុគ្គលនោះ គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមានឡើយ។

[១៧១] អធិប្បាយពាក្យថា ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិនិត្យ គឺការពិនិត្យ ពិចារណា សន្សំ ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យជាក់ច្បាស់ ធ្វើឲ្យបា្រកដ ហើយកាន់យកតាមជួរកាន់យកតាមចំណែក កាន់យកមាំ កាន់យកតាមសង្កាត់ កាន់យកជាគំនរ កាន់យកដោយការសន្សំព្រម គឺសេចក្តីប្រកាន់ ការស្ទាបអង្អែល ការប្រកាន់ស្អិត ការប្រកាន់ស៊ប់ ការចុះចិត្តជឿថា នេះទៀង ពិត មិនឃ្លៀងឃ្លាត បា្រកដ គួរតាមសភាពពិត មិនប្រែប្រួល រមែងមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលបានលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា

ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូច ភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ (និង) ការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយ នៃបុគ្គលនោះ មិនមានឡើយ។

[១៧២] សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់ បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ក្នុងលោកនេះដោយកិលេស ដូចម្តេចបាន។

[១៧៣] ពាក្យថា សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ សេចក្តីថា សេចក្តីសំគាល់ ភាពជាប្រធាន ភាពជាធំ ក្នុងទិដ្ឋៈ ឬក្នុងទិដ្ឋសុទ្ធិ ក្នុងសុតៈ ឬក្នុងសុតសុទ្ធិ ក្នុងមុតៈ ឬក្នុងមុតសុទ្ធិ ដែលគេតាំងឡើង កំណត់តាក់តែង តាំងនៅ ព្រមដោយសញ្ញា ព្រោះសេចក្តីប្រកាន់ខុសដោយសញ្ញា នៃព្រះអរហន្តខីណាស្រពនោះ មិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីសំគាល់ សូម្បីតូចមួយ ដែលកំណត់ហើយក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះនៃបុគ្គលនោះ មិនមានទេ។

[១៧៤] អធិប្បាយពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ត្រង់ពាក្យថា ព្រាហ្មណ៍គឺ បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះជាអ្នកបន្សាត់បង់នូវធម៌ទាំង ៧។បេ។ ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាអ្នកនឹងធឹង បុគ្គលនោះលោកហៅថា ព្រាហ្មណ៍។ ពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ បានសេចក្តីថា បុគ្គលជាព្រាហ្មណ៍នោះ មិនប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ។

[១៧៥] អធិប្បាយពាក្យថា គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺការកំណត់គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ការកំណត់គឺតណ្ហា ព្រាហ្មណ៍នោះ លះបង់ហើយ ការកំណត់គឺទិដ្ឋិ ព្រាហ្មណ៍នោះ រលាស់ចោលហើយ ព្រោះលោកបានលះបង់នូវការកំណត់គឺតណ្ហា បានរលាស់ចោលនូវការកំណត់គឺទិដ្ឋិ អ្នកផងគប្បីកំណត់ដោយរាគៈដូចម្តេច កំណត់ដោយទោសៈដូចម្តេច កំណត់ដោយមោហៈដូចម្តេច កំណត់ដោយមានះដូចម្តេច កំណត់ដោយទិដ្ឋិដូចម្តេច កំណត់ដោយឧទ្ធច្ចៈដូចម្តេច កំណត់ដោយវិចិកិច្ឆាដូចម្តេច កំណត់ដោយអនុស័យទាំងឡាយដូចម្តេចថា លោកជាអ្នកត្រេកអរ ថាជាអ្នកប្រទូស្ត ថាជាអ្នកវង្វេង ថាជាអ្នកជាប់ចំពាក់ ថាជាអ្នកស្ទាបអង្អែល ថាជាអ្នកដល់នូវសេចក្តីរាយមាយ ថាជាអ្នកដល់នូវការមិនដាច់ស្រេច ឬថាជាអ្នកដល់នូវកម្លាំង។ អភិសង្ខារទាំងនោះ លោកលះបង់ហើយ ព្រោះលោកលះបង់អភិសង្ខារទាំងឡាយហើយ អ្នកផងគប្បីកំណត់គតិទាំងឡាយថា លោកទៅកើតក្នុងនរក ថាកើតក្នុងកំណើតតិរច្ឆាន ថាកើតក្នុងបិត្តិវិស័យ ថាជាមនុស្ស ថាជាទេវតា ថាជាព្រហ្មមានរូប ថាជាព្រហ្មមិនមានរូប ថាជាសញ្ញីព្រហ្ម ថាជាអសញ្ញីព្រហ្ម ឬថាជានេវសញ្ញីនាសញ្ញីព្រហ្ម ដោយកិលេសដូចម្តេច។ អ្នកផងគប្បីកំណត់ គប្បីសំគាល់ គប្បីដល់នូវការកំណត់ ដោយហេតុណា ហេតុនោះ មិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន។

[១៧៦] ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ ។

[១៧៧] អធិប្បាយពាក្យថា មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា តែងតាំង បានដល់ ការតែងតាំង ២ គឺការតែងតាំងគឺតណ្ហា ១ ការតែងតាំងគឺទិដ្ឋិ ១។

ការតែងតាំងគឺតណ្ហា តើដូចម្តេច។ ការកំណត់ដែន កំណត់ទី កំណត់ជួរ កំណត់ដោយជុំវិញ ហួងហែង អាល័យ ដោយចំណែកតណ្ហាទាំងប៉ុន្មានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ ទាំងប៉ុណ្ណោះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈរបស់អញ គ្រឿងកម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងរបស់អញ បុគ្គលប្រកាន់ផែនដីទាំងអស់ ដោយអំណាចតណ្ហា តណ្ហាវិបរឹត ១០៨ ទាំងប៉ុន្មាន នេះការតែងតាំងគឺតណ្ហា។

ការតែងតាំង គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិដំណើរ គឺទិដ្ឋិ ការសាំញុំា គឺទិដ្ឋិ ផ្លូវលំបាក គឺទិដ្ឋិ ចម្រូង គឺទិដ្ឋិ សេចក្តីអន្ទះអន្ទែងគឺទិដ្ឋិ ការប្រកបព្រមគឺទិដ្ឋិ ការកាន់ ការទទួល ការប្រកាន់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់យកដោយការស្វែងរកខុស ការកាន់យកវិបរឹត ការកាន់យកវិបល្លាស ការកាន់យកខុស ការកាន់យកក្នុងវត្ថុមិនពិត ថាជាសភាពពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មានណា មានសភាពយ៉ាងនេះ នេះការតែងតាំងគឺទិដ្ឋិ។

ការតែងតាំងគឺតណ្ហា ព្រះអរហន្តទាំងនោះ លះបង់ហើយ ការតែងតាំងគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ នូវការតែងតាំងគឺតណ្ហា ឬនូវការតែងតាំងគឺទិដ្ឋិ ព្រោះលោកលះបង់ការតែងតាំងគឺតណ្ហា រលាស់ចោលការតែងតាំងគឺទិដ្ឋិហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង។

ពាក្យថា ការធ្វើឲ្យជាប្រធាន ក្នុងបទថា មិនធ្វើឲ្យជាប្រធាន បានដល់ការធ្វើឲ្យជាប្រធាន ២ គឺការធ្វើឲ្យជាប្រធានគឺតណ្ហា ១ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ១។បេ។ នេះការធ្វើឲ្យជាប្រធានគឺតណ្ហា។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះអរហន្តទាំងនោះលះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងនោះ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាន ហើយប្រព្រឹត្ត ព្រោះលោកលះបង់ការធ្វើឲ្យជាប្រធានគឺតណ្ហា រលាស់ចោលការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ព្រះអរហន្តទាំងឡាយមិនមានតណ្ហា ដូចជាទង់ជ័យ មិនមានតណ្ហាដូចជាទង់ មិនមានតណ្ហាជាអធិបតិ មិនមានទិដ្ឋិដូចជាទង់ជ័យ មិនមានទិដ្ឋិដូចជាទង់ មិនមានទិដ្ឋិជាអធិបតិ គឺតណ្ហា និងទិដ្ឋិ មិនប្រព្រឹត្តចោមរោមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង មិនធ្វើឲ្យជាប្រធាន។

[១៧៨] ទិដ្ឋិ ៦២ លោកហៅថា ធម៌ ក្នុងបទថា ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ។ ពាក្យថា លោក គឺព្រះអរហន្តខីណាស្រពទាំងនោះ។ ពាក្យថា មិនទទួលយកទេ គឺមិនទទួលថា លោកទៀង ពាក្យនេះពិត ពាក្យដទៃជាមោឃៈ មិនទទួលថា លោកមិនទៀង។បេ។ សត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏ទេ មិនកើតទៀតក៏ទេ ពាក្យនេះ ជាពាក្យពិត ពាក្យឯទៀតជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ។

[១៧៩] ពាក្យថា មិនមែន ក្នុងបទថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ ជាពាក្យហាមឃាត់។ ពាក្យថា ព្រហ្មណ៍ គឺបុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះលោកបន្សាត់បង់នូវធម៌ទាំង ៧។បេ។ ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ បានសេចក្តីថា ព្រាហ្មណ៍គឺសីល ឬវត្ត ឬសីលវត្តដឹកនាំមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន ទង់ទាញទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមែនសីលវត្ត ដឹកនាំបានទេ។

[១៨០] ពាក្យថា លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ អធិប្បាយថា អមតនិព្វាន លោកហៅថា ត្រើយ បានខាងការរម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន។ បុគ្គលណា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ខាងចុង ដល់ខាងចុង។បេ។ ភពថ្មីទៀតនៃបុគ្គលនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ។ ពាក្យថា មិនត្រឡប់មកវិញ គឺកិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអនាគាមិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអរហត្តមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ មិនត្រឡប់មកវិញទេ។ ពាក្យថា ជាអ្នកនឹងធឹង បានដល់ព្រះអរហន្ត លោកនឹងធឹងដោយអាការ ៥ យ៉ាងគឺ លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ លោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ ១ លោកនឹងធឹងព្រោះជាអ្នកឆ្លងហើយ ១ លោកនឹងធឹងព្រោះជាអ្នករួចហើយ ១ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ ១។

លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះអរហន្ត លោកនឹងធឹងក្នុងលាភ នឹងធឹងក្នុងអលាភ នឹងធឹងក្នុងយស នឹងធឹងក្នុងអយស នឹងធឹងក្នុងសេចក្តីសរសើរ នឹងធឹងក្នុងនិន្ទា នឹងធឹងក្នុងសុខ នឹងធឹងក្នុងទុក្ខ។ បើពួកជនលាបដៃម្ខាង ដោយគ្រឿងក្រអូប បើពួកជនច្រាសដៃម្ខាងដោយកាំបិត តម្រេកក្នុងការលាបឯណោះ ក៏មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាសឯណោះ ក៏មិនមាន ព្រះអរហន្ត លះបង់ស្រឡះ នូវសេចក្តីត្រេកអរ និងសេចក្តីថ្នាំងថ្នាក់ ប្រព្រឹត្តកន្លងនូវសេចក្តីលើកតំកើង និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតនូវសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ ព្រះអរហន្ត លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍យ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ តើដូចម្តេច។ ព្រះអរហន្តលះបង់ ខ្ជាក់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវរាគៈ។ ព្រះអរហន្តលះបង់ ខ្ជាល់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថុម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយយ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយ តើដូចម្តេច។ ព្រះអរហន្តឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងស្រឡះ កន្លង កន្លងផុត កន្លងហួស នូវផ្លូវគឺសង្សារទាំងអស់ ព្រះអរហន្តនោះ លោកមានកិរិយានៅ នៅស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តហើយ។បេ។ ភពថ្មីទៀតនៃព្រះអរហន្តនោះ មិនមានទេ ហេតុនោះ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយយ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយ តើដូចម្តេច។ ចិត្តរបស់ព្រះអរហន្ត រួច រួចស្រឡះ រួចផុតស្រឡះចាករាគៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកទោសៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកមោហៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយយ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ តើដូចម្តេច។ ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសីលមានលោកជាអ្នកមានសីល។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសទ្ធាមាន លោកជាអ្នកមានសទ្ធា។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវីរិយៈមាន លោកជាអ្នកមានវីរិយៈ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសតិមាន លោកជាអ្នកមានសតិ។ លោកនឹងធឹងព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសមាធិមាន លោកជាអ្នកមានសមាធិ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើបញ្ញាមាន លោកជាអ្នកមានបញ្ញា។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវិជ្ជាមាន លោកជាអ្នកមានវិជ្ជាបីប្រការ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើអភិញ្ញាមាន លោកជាអ្នកមានអភិញ្ញាប្រាំមួយ ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ។

ចប់ បរមដ្ឋកសុត្តនិទ្ទេស ទី៥។

 

លេខយោង

1)
អារម្មណ៍ដែលឃើញ។
2)
បរិសុទ្ធិព្រោះឃើញ។
3)
អារម្មណ៍ដែលឮ។
4)
បរិសុទ្ធិព្រោះឮ។
5)
អារម្មណ៍ដែលប៉ះពាល់។
6)
បរិសុទ្ធិព្រោះប៉ះពាល់។
km/tipitaka/sut/kn/man/sut.kn.man.05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann