km:tipitaka:sut:kn:man:sut.kn.man.06

ជរាសុត្តនិទ្ទេស ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn man 06 បាលី cs-km: sut.kn.man.06 អដ្ឋកថា: sut.kn.man.06_att PTS: ?

ជរាសុត្តនិទ្ទេស ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ជរាសុត្តនិទ្ទេសោ)

[១៨១] (ព្រះមានព្រះភាគត្រាស់ថា) ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ព្រោះជរាពុំខាន។

[១៨២] អធិប្បាយពាក្យថា ជីវិតនេះតិចណាស់ ត្រង់ពាក្យថា ជីវិតគឺអាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យរស់នៅ ការដើរទៅ ការប្រព្រឹត្តិទៅ ការរក្សា ជីវិត ជីវិតិន្រ្ទិយ។ មួយទៀត ជិវិតតិច ជីវិតស្តួចស្តើង ដោយហេតុពីរ គឺជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ១ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច ១។

ជីវិតតិច ព្រោះធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន និងមិនរស់នៅក្នុងអនាគតទេ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន មិនរស់នៅហើយ ក្នុងអតីតទេ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយក្នុងអតីត និងមិនរស់នៅក្នុងអនាគតទេ។

ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈ ប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅអស់ ៨៤ ពាន់កប្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្ត ២ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងទៅជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយ ក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកដែលកើតហើយដោយអនាគតក្ខន្ធ ដែលមិនទាន់កើត មិនឈ្មោះថា រស់នៅហើយ ទាំងមិនឈ្មោះថា កំពុងរស់នៅក្នុងខន្ធជាបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត (នេះជា) បញ្ញតិ្តនៃបរមត្ថ ការប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅ ដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយ ដែលបែកធ្លាយហើយ ក៏មិនដល់នូវការតំកល់ទុក គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយដែលកើតឡើងហើយ រមែងឋិតនៅ ដូចគ្រាប់ស្ពៃដែលឋិតនៅលើចុងដែកស្រួច កាលបើខន្ធទាំងឡាយកើតឡើងហើយ ការបែកធ្លាយនៃខន្ធទាំងនោះ ក៏ឋិតនៅក្នុងខាងមុខ សភាវៈដែលត្រូវវិនាសទាំងឡាយ (ខន្ធ) កំពុងឋិតនៅ មិនច្រឡូកច្រឡំដោយខន្ធចាស់ទេ រមែងមកអំពីទីមើលមិនឃើញ លុះបែកធ្លាយហើយ តែងទៅកាន់ទីមើលមិនឃើញវិញ រមែងកើតឡើងផង រមែងវិនាសទៅផង ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ ជីវិតតិច ព្រោះការឋិតនៅតិច យ៉ាងនេះ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូចម្តេច។ ជីវិតជាប់ទាក់ទងដោយដង្ហើមចូល ជីវិតជាប់ទាក់ទងដោយដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយដង្ហើមចូល និងដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយមហាភូតរូប ជីវិតជាប់ទាក់ទងដោយភ្លើងធាតុ ជីវិតជាប់ទាក់ទងដោយអាហារជាពំនូត ជីវិតជាប់ទាក់ទងដោយវិញ្ញាណ។ ឫសគល់របស់ធម៌ទាំងនេះ មានកម្លាំងថយ។ បុព្វហេតុទាំងឡាយរបស់ធម៌ទាំងនេះ ក៏មានកម្លាំងថយ។ សូម្បីពួកធម៌ណាជាបច្ច័យ ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ សូម្បីពួកធម៌ណា ជាប្រភព ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ ពួកធម៌ដែលកើតជាមួយនឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។ ពួកធម៌ប្រកបជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។ ធម៌ដែលកើតឡើងជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។ ធម្មជាតិណាជាគ្រឿងប្រកប ធម្មជាតិនោះ ក៏មានកម្លាំងថយ។ ធម៌ទាំងនេះ មានកម្លាំងថយជានិច្ចដល់គ្នានឹងគ្នា។ ធម៌ទាំងនេះ មិនឱនរកគ្នានឹងគ្នា។ ធម៌ទាំងនេះ ញុំាងគ្នានឹងគ្នាឲ្យធ្លាក់ចុះ។ ព្រោះមិនបានជាទីពឹងដល់គ្នានឹងគ្នា។ មួយទៀត ធម៌ទាំងនេះ មិនតំកល់ទុកនូវគ្នានឹងគ្នា។ សូម្បីធម៌ណា ជាអ្នកបង្កើត ធម៌នោះក៏មិនមាន។ ធម៌ណាមួយ មិនមែនវិនាស ដោយធម៌ណាមួយទេ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយទៅដោយប្រការទាំងពួង។ ធម៌ទាំងនេះ កើតហើយ ព្រោះហេតុ និងបច្ច័យអំពីមុន។ ហេតុ និងបច្ច័យទាំងឡាយណា ដែលឲ្យកើតមុន ហេតុ និងបច្ច័យទាំងនោះ ក៏ស្លាប់មុនទៅហើយ។ ធម៌ទាំងឡាយខាងដើម និងខាងចុង មិនបានឃើញគ្នានឹងគ្នា ក្នុងកាលណាមួយឡើយ។ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច យ៉ាងនេះ។

មួយទៀត ពួកមនុស្ស មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ពួកទេវតាជាន់ចាតុម្មហារាជិកា។ របស់ពួកទេវតាជាន់តាវត្តិង្ស។ របស់ទេវតាជាន់យាមៈ។ របស់ទេវតាជាន់តុសិត។ របស់ទេវតាជាន់និម្មានរតី។ របស់ទេវតាជាន់បរនិម្មិតវសវត្តី។ ពួកមនុស្សមានជីវិតតិច ជីវិតស្តួចស្តើង ជីវិតថោកថយ ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ទេវតាព្រហ្មកាយិកៈ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់ពួកមនុស្សនេះតិច បរលោក ពួកសត្វត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា គប្បីធ្វើកុសល គប្បីប្រព្រឹត្តព្រហ្មចរិយៈ (ព្រោះថា) សត្វដែលកើតហើយ មិនមែនជាមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណារស់នៅអស់កាលយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចពីមួយរយឆ្នាំ ឬច្រើនជាង ១០០ឆ្នាំ។

អាយុរបស់ពួកមនុស្ស តិច បុរសល្អ គប្បីនឿយណាយនឹងអាយុនោះ គប្បីប្រព្រឹត្តដូចជាបុគ្គល ដែលភ្លើងឆេះក្បាល ដំណើរមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិតក៏ស្រកស្រុតទៅដែរ អាយុរបស់ពួកសត្វ រមែងអស់ទៅ ដូចជាទឹកនៃស្ទឹងតូចទាំងឡាយ។

ហេតុនេះ (ទ្រង់ត្រាស់ថា) ជីវិតនេះ តិចណាស់។

[១៨៣] ពាក្យថា សត្វរមែងស្លាប់ខាងអាយអំពីមួយរយឆ្នាំ អធិប្បាយថា សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាកលលៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាអម្ពុទៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបេសិ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាឃនៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបញ្ចសាខា ក៏មាន។ សត្វគ្រាន់តែមានកំណើត ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងផ្ទះជាទីប្រសូត ក៏មាន។ សត្វកើតបានកន្លះខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ១ ខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ២ ខែខ្លះ បាន ៣ ខែខ្លះ បាន ៤ ខែខ្លះ បាន ៥ ខែខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ៦ ខែខ្លះ ៧ ខែខ្លះ ៨ ខែខ្លះ ៩ ខែខ្លះ ១០ ខែខ្លះ ១ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ២ ឆ្នាំខ្លះ ៣ ឆ្នាំខ្លះ ៤ ឆ្នាំខ្លះ ៥ ឆ្នាំខ្លះ ៦ ឆ្នាំខ្លះ ៧ ឆ្នាំខ្លះ ៨ ឆ្នាំខ្លះ ៩ ឆ្នាំខ្លះ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ៤០ ឆ្នាំខ្លះ ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ៧០ ឆ្នាំខ្លះ ៨០ ឆ្នាំខ្លះ ៩០ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាស ទៅវិញ ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ។

[១៨៤] ពាក្យថា បើបុគ្គលណា រស់នៅកន្លងហួសទៅ គឺ បុគ្គលណា រស់នៅកន្លងមួយរយឆ្នាំ បុគ្គលនោះ រស់នៅអស់ ១ ឆ្នាំក្តី រស់នៅអស់ ២ ឆ្នាំក្តី រស់នៅអស់ ៣ ឆ្នាំក្តី រស់នៅអស់ ៤ ឆ្នាំក្តី រស់នៅអស់ ៥ ឆ្នាំក្តី រស់នៅអស់ ១០ ឆ្នាំក្តី រស់នៅអស់ ២០ ឆ្នាំក្តី រស់នៅអស់ ៣០ ឆ្នាំក្តី រស់នៅអស់ ៤០ ឆ្នាំក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បើបុគ្គលណា រស់នៅកន្លងហួសទៅ។

[១៨៥] ពាក្យថា បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន អធិប្បាយថា កាលណាបុគ្គលចាស់ ចំរើនដោយវ័យ មានអាយុច្រើន កន្លងកាល ជ្រុលចូលក្នុងបច្ឆិមវ័យ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលថ្ពែក ស្បែកជ្រួញជ្រីវ មានខ្លួនរទុះដោយប្រជ្រុយ ខ្នងកោងក្ងក់ កាន់ឈើច្រត់ បុគ្គលនោះ គង់ច្យុត ស្លាប់ បាត់បង់ វិនាស ព្រោះជរា។

ការរួចចាកមរណៈ មិនមានទេ សត្វទាំងឡាយ ដែលកើតហើយ តែងមានភ័យអំពីមរណៈជានិច្ច ដូចជាផ្លែឈើទុំទាំងឡាយ តែងមានភ័យអំពីការជ្រុះចុះ ក្នុងវេលាព្រឹក ភាជន៍ដី ដែលកុម្ភការធ្វើហើយទាំងអស់ មានការបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ពួកជនណា ទាំងក្មេង ទាំងចាស់ ទាំងពាល ទាំងបណ្ឌិត ពួកជនទាំងអស់នោះ រមែងលុះអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ កាលពួកជនទាំងនោះ ដែលមច្ចុគ្របសង្កត់ ទៅកាន់បរលោក បិតាពឹងបុត្តមិនបាន ឬថាពួកញាតិពឹងពួកញាតិក៏មិនបាន អ្នកចូរមើលចុះ កាលពួកញាតិកំពុងសំឡឹងមើល កំពុងយំរៀបរាប់ច្រើន សត្វលោកដែលត្រូវមច្ចុ និងជរាបំផ្លាញហើយ ដូចជាបណ្តាសត្វទាំងឡាយ គោមួយៗ ដែលគេត្រូវនាំទៅសម្លាប់។

ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះគង់ស្លាប់ ព្រោះជរាពុំខាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន។

[១៨៦] ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ វត្ថុនេះ មានសភាពព្រាត់ប្រាសដោយពិត បុគ្គលកាលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ។

[១៨៧] អធិប្បាយពាក្យថា ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ត្រង់ពាក្យថា ពួកជន បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្ស។ ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការហួងហែងគឺទិដ្ឋិ។ ពួកជនជាអ្នកមានសេចក្តីរង្កៀស ដោយការដណ្តើមយកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន សោកស្តាយចំពោះវត្ថុដែលគេដណ្តើមយកហើយ ក៏មាន ពួកជនមានសេចក្តីរង្កៀសដោយការប្រែប្រួលចាកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយចំពោះវត្ថុដែលប្រែប្រួលហើយ ក៏មាន រមែងលំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនរមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង។

[១៨៨] អធិប្បាយពាក្យថា ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ ត្រង់ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការហួងហែងគឺទិដ្ឋិ។ ការហួងហែងគឺតណ្ហា ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា។ ការហួងហែងគឺទិដ្ឋិ ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់ឃើញការហួងហែង ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរឬ។ បពិតព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ យើងខ្ញុំមិនធ្លាប់ឃើញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏ពិចារណាមិនឃើញនូវការហួងហែងនុ៎ះ ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរ។ ការហួងហែងទាំងឡាយ ជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឥតមាន មិនដែលមាន មិនមានបា្រកដ មិនកើតមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ។

[១៨៩] ពាក្យថា វត្តុនេះមានសភាពព្រាត់បា្រសដោយពិត គឺភាវៈផ្សេងៗ ភាវៈព្រាត់បា្រស ភាវៈទៅជាយ៉ាងដទៃ កាលមាន កាលកាន់ព្រម កាលកើតមាន។ សមដូចពាក្យនេះ ដែលព្រះមានបុណ្យត្រាស់ហើយថា ម្នាលអានន្ទ មិនគួរទេ អ្នកកុំសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ ក្រែងតថាគតបានពោលហើយ ក្នុងកាលមុន នូវពាក្យនេះថា ភាវៈផ្សេងៗ ភាវៈព្រាត់បា្រស ភាវៈជាយ៉ាងដទៃ ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ពេញចិត្តដូច្នេះឬ ម្នាលអានន្ទ បុគ្គលគប្បីបាននូវហេតុនោះ ក្នុងសត្វ និងសង្ខារទាំងនោះ អំពីទីណាថា វត្ថុណាកើតហើយ បា្រកដហើយ តាក់តែងហើយ មានកិរិយាវិនាសជាធម្មតា ឱហ្ន៎ វត្ថុនោះ កុំវិនាសឡើយ ដំណើរនោះ មិនសមហេតុទេ។ ព្រោះសេចក្តីប្រែប្រួលជាយ៉ាងដទៃ របស់ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលមុនៗ ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលខាងក្រោយៗ ក៏រមែងប្រព្រឹត្តទៅ (ដូចគ្នា) ហេតុនោះ (ទ្រង់ត្រាស់ថា) វត្ថុនេះមានសភាពព្រាត់បា្រសដោយពិត។

[១៩០] អធិប្បាយពាក្យថា បុគ្គលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ ត្រង់ពាក្យថា ដូច្នេះ គឺជាពាក្យភ្ជាប់បទ ជាពាក្យជាប់ទាក់ទងដោយបទ ជាពាក្យញុំាងបទឲ្យពេញ ជាពាក្យប្រជុំដោយអក្ខរៈ ជាបទសម្រួលព្យព្ជានៈ ពាក្យថា ដូច្នេះនេះ ជាលំដាប់នៃបទ។ បុគ្គលឃើញ យល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យបា្រកដ ក្នុងវត្ថុដែលហួងហែង ដូច្នេះហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញដូច្នេះហើយ។ ពាក្យថា មិនគួរនៅគ្រប់គ្រងផ្ទះ គឺគប្បីកាត់បលិពោធ ក្នុងឃរាវាសគ្រប់យ៉ាង កាត់បលិពោធ ក្នុងបុត្តភរិយា កាត់បលិពោធក្នុងពួកញាតិ កាត់បលិពោធក្នុងមិត្ត និងអាមាត្យ កាត់បលិពោធក្នុងការសន្សំ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ (ចេញ) ចាកផ្ទះ ហើយបួស ដោយភេទជាបុគ្គលមិនមានផ្ទះ ដល់នូវភាពមិនមានកង្វល់ ត្រាច់ទៅ នែបនៅ សម្រេច សម្រាន្ត ប្រព្រឹត្ត រក្សា សម្រួល រស់នៅតែម្នាក់ឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល ឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ។ ហេតុនោះព្រះមានព្រះភាគ ត្រាស់ថា

ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ វត្ថុនេះ មានសភាពព្រាត់បា្រសដោយពិត បុគ្គលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ។

[១៩១] បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ បណ្ឌិតជាអ្នករាប់អាន ដឹងច្បាស់ដំណើរនុ៎ះហើយ មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ។

[១៩២] អធិប្បាយពាក្យថា ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ ត្រង់ពាក្យថា មរណៈ បានដល់ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចោលសាកសព ការផ្តាច់បង់ជីវិតិន្រ្ទិយ ចាកសត្តនិកាយនោះៗ របស់សត្វទាំងឡាយនោះៗ។ ពាក្យថា ខន្ធបញ្ចកៈនោះ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ។ ពាក្យថា សាបសូន្យ គឺ សាបសូន្យ លះបង់ បោះបង់ បាត់ទៅ វិនាសទៅ។ សមដូចភាសិតនេះថា

ភោគៈទាំងឡាយ រមែងលះបង់នូវសត្វក្នុងកាលមុន ក៏មាន សត្វលះបង់ភោគៈទាំងនោះ មុនជាងទៅទៀត ក៏មាន នែអ្នកបា្រថ្នាកាម ពួកជនអ្នកមានភោគៈ មិនទៀងទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ ព្រះចន្ទ រះឡើង ពេញវង់ លិចទៅ ព្រះអាទិត្យរះឡើង ហើយអស្តង្គតទៅ នែអ្នកជាសត្រូវ លោកធម៌ទាំងឡាយ ខ្ញុំដឹងច្បាស់ហើយ ព្រោះហេតុនោះ ខ្ញុំទើបមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធបញ្ចកៈ រមែងសាបសូន្យដោយមរណៈ។

[១៩៣] អធិប្បាយពាក្យថា បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ត្រង់ពាក្យថា ខន្ធបញ្ចកៈណា គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ។ ពាក្យថា បុរស គឺ ការរាប់ ឈ្មោះ បញ្ញត្តិ លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា សំគាល់ថា នេះរបស់អញ គឺសំគាល់ក្នុងការសំគាល់ដោយតណ្ហា សំគាល់ក្នុងការសំគាល់ដោយទិដ្ឋិ សំគាល់ក្នុងការសំគាល់ដោយមានះ សំគាល់ក្នុងការសំគាល់ដោយកិលេស សំគាល់ក្នុងការសំគាល់ដោយទុច្ចរិត សំគាល់ក្នុងការសំគាល់ដោយបយោគៈ សំគាល់ក្នុងការសំគាល់ដោយវិបាក ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ។

[១៩៤] ពាក្យថា បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ គឺ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ពិចារណា ឈ្វេងយល់ ធ្វើឲ្យបា្រកដនូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងច្បាស់ដំណើរនុ៎ះ។ ពាក្យថា បណ្ឌិត គឺអ្នកមានបា្រជ្ញា មានញាណ មានបញ្ញា ភ្លឺច្បាស់ មានបញ្ញាធ្លុះធ្លាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ។

[១៩៥] អធិប្បាយពាក្យថា ជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ ត្រង់ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា អ្នករាប់អាន គឺអ្នករាប់អានព្រះពុទ្ធ អ្នករាប់អានព្រះធម៌ អ្នករាប់អានព្រះសង្ឃ បុគ្គលនោះ តែងរាប់អានព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏ទ្រង់រាប់អានបុគ្គលនោះ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក មានចិត្តរឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ជាអ្នកឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនរាប់អានតថាគតទេ មួយទៀត ភិក្ខុទាំងនោះ បា្រសចាកធម៌វិន័យនេះហើយ ភិក្ខុទាំងនោះ មិនដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះទេ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនកុហក មិនចរចាហួសហេតុ មានបា្រជ្ញាខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ឈ្មោះថា អ្នករាប់អានតថាគត មួយទៀត ភិក្ខុទាំងនោះ មិនបា្រសចាកធម៌វិន័យនេះទេ ភិក្ខុទាំងនោះ ដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះ។

ពួកភិក្ខុណា ជាអ្នកកុហក រឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ភិក្ខុទាំងនោះ មិនលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងទេ ពួកភិក្ខុណា ជាអ្នកមិនកុហក មិនចរចាហួសហេតុ មានបា្រជ្ញាខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ភិក្ខុទាំងនោះ ទើបលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ។

ពាក្យថា បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែង បានសេចក្តីថា បុគ្គលអ្នករាប់អាន (ព្រះរត្នត្រ័យ) គប្បីលះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែង គឺទិដ្ឋិ ហើយមិនបង្អោនទៅ មិនបន្ទន់ទៅ ក្នុងសេចក្តីហួងហែង ជាអ្នកមិនឱនទៅរកសេចក្តីហួងហែងនោះ មិនងាកទៅរកសេចក្តីហួងហែងនោះ មិនឈមទៅរកសេចក្ដីហួងហែងនោះ មិនចុះចិត្តស៊ប់ទៅរកសេចក្តីហួងហែងនោះ មិនយកសេចក្តីហួងហែងនោះជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ បណ្ឌិតជាអ្នករាប់អាន ដឹងច្បាស់ដំណើរនុ៎ះហើយ មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ។

[១៩៦] បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍ដែលចួបប្រទះដោយការយល់សបិ្ត យ៉ាងណា បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើមរណកាល ទៅកាន់បរលោកហើយ ក៏យ៉ាងនោះដែរ។

[១៩៧] ពាក្យថា អារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិ យ៉ាងណា គឺចួបប្រទះ ភប់ប្រសប់ រួមគ្នា ជួបជុំគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិ យ៉ាងណា។

[១៩៨] ពាក្យថា បុរសភ្ញាក់ឡើងហើយមិនឃើញ សេចក្តីថា បុរសអ្នកយល់សប្តិឃើញព្រះចន្រ្ទ ឃើញព្រះអាទិត្យ ឃើញមហាសមុទ្រ ឃើញស្តេចភ្នំសិនេរុ ឃើញដំរី ឃើញសេះ ឃើញរថ ឃើញពលថ្មើរជើង ឃើញសេនាព្យូហៈ ឃើញសួនច្បារជាទីត្រេកអរ ឃើញព្រៃជាទីត្រេកអរ ឃើញផែនដីជាទីត្រេកអរ ឃើញស្រះបោក្ខរណីជាទីត្រេកអរ ភ្ញាក់ឡើងហើយ ក៏មិនឃើញអ្វីសោះយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសភ្ញាក់ឡើងហើយមិនឃើញ។

[១៩៩] ពាក្យថា ក៏យ៉ាងនោះដែរ របស់បទថា ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ គឺជាវាចាផ្តល់ដោយសេចក្តីឧបមា។ ពាក្យថា ជនជាទីស្រឡាញ់ គឺជនដែលស្រឡាញ់ ដែលរាប់អាន ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី បុត្តក្តី ធីតាក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ។

[២០០] ពាក្យថា បុគ្គលមិនឃើញជនដែលធ្វើមរណកាលទៅកាន់បរលោកហើយ សេចក្តីថា ពួកជនស្លាប់ ធ្វើមរណកាលហើយ លោកហៅថា អ្នកទៅកាន់បរលោក។ បុគ្គលមិនឃើញ មិនជួប មិនប្រទះ មិនបាន ឥតបាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនឃើញជន ដែលធ្វើមរណកាលទៅកាន់បរលោកហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិយ៉ាងណា បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើមរណកាល ទៅកាន់បរលោកហើយ ក៏យ៉ាងនោះដែរ។

[២០១] នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ។

[២០២] អធិប្បាយពាក្យថា ពួកជននោះ គេឃើញខ្លះ ឮខ្លះ ត្រង់ពាក្យថា គេឃើញ គឺពួកជនណា ដែលចួបប្រទះដោយចក្ខុវិញ្ញាណ។ ពាក្យថា ឮ គឺពួកជនណា ដែលចួបប្រទះដោយសោតវិញ្ញាណ។ ពាក្យថា ពួកជននោះ គឺក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះ គេឃើញខ្លះ ឮខ្លះ។

[២០៣] អធិប្បាយពាក្យថា នាមនេះ របស់ពួកជនណា ដែលគេតែងពោល ត្រង់ពាក្យថា របស់ពួកជនណា គឺរបស់ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សណា។ ពាក្យថា នាម គឺ ការរាប់ឈ្មោះ បញ្ញាតិ្ត លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់នូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា គេតែងពោល គឺគេតែងសំដែង តែងនិយាយ តែងបំភ្លឺ តែងបញ្ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) នាមនេះ របស់ពួកជនណាដែលគេតែងពោល។

[២០៤] ពាក្យថា នាមហ្នឹងឯងដែលគួរហៅបាន រមែងសល់នៅ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលឃ្លាតចេញ លះចេញស្រឡះ បាត់បង់ វិនាស តែនាមរមែងសល់នៅ។ ពាក្យថា គួរហៅបាន គឺ គួរពោល សំដែង បំភ្លឺ បញ្ចេញបាន ហេតុនោះ (ទ្រង់ត្រាស់ថា) នាមហ្នឹងឯង ដែលគួរហៅបាន រមែងសល់នៅ។ ពាក្យថា ទៅកាន់បរលោក របស់បទថា របស់សត្វទៅកាន់បរលោក គឺ សត្វស្លាប់ ធ្វើមរណកាលហើយ។ ពាក្យថា របស់សត្វ គឺរបស់សត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវៈ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វមានជាតិអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) របស់សត្វទៅកាន់បរលោក ដែលគួរហៅបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វ ទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ។

[២០៥] ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ។

[២០៦] អធិប្បាយពាក្យថា ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ត្រង់ពាក្យថា សេចក្តីសោក គឺការសោក ការសោកស្តាយ ភាពនៃចិត្តសោកស្តាយ សោកខាងក្នុង ស្តាយស្រណោះខាងក្នុង ក្តៅក្រហាយខាងក្នុង ក្តៅរោលរាលខាងក្នុង ជ្រប់ ស្រពោនចិត្ត ទោមនស្ស សរគឺសោករបស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី សេចក្តីវិនាសភោគៈប៉ះពាល់ក្តី សេចក្តីវិនាសគឺរោគប៉ះពាល់ក្តី សេចក្តីវិនាសសីលប៉ះពាល់ក្តី សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការយំ ការយំរៀបរាប់ អាការយំ អាការយំរៀបរាប់ ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលឥតប្រយោជន៍ ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿយៗ របស់សត្វដែល ត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី។បេ។ សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ យ៉ាង គឺសេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ ១ សេចក្តីកំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃការកំណាញ់ សេចក្តីបា្រថ្នាផ្សេងៗ ស្មូកន្រ្ទឹះ ភាពនៃចិត្តរួញ ភាពនៃការមិនយកចិត្តគេណា មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីកំណាញ់។ មួយទៀត សេចក្តីកំណាញ់ខន្ធ ក៏ឈ្មោះថាសេចក្តីកំណាញ់ សេចក្តីកំណាញ់ធាតុ ក៏ឈ្មោះថា សេចក្តីកំណាញ់ សេចក្តីកំណាញ់អាយតនៈ ក៏ឈ្មោះថា សេចក្តីកំណាញ់ ការគិតតែកាន់យកនេះ លោកហៅថា សេចក្តីកំណាញ់។ តណ្ហា លោកហៅថា ការចង់បាន បានដល់តម្រេក តម្រេកខ្លាំង។បេ។ ការសំឡឹងរំពៃ លោភៈ អកុសលមូល។ ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺ ការហួងហែង គឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការហួងហែងគឺទិដ្ឋិ។ ពួកជនមានសេចក្តីរង្កៀស ដោយការដណ្តើមយកវត្ថុដែលហួងហែង សោកស្តាយក៏មាន សោកស្តាយវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន សោកស្តាយវត្ថុដែលគេដណ្តើមយកហើយ ក៏មាន ពួកជនមានសេចក្តីរង្កៀសដោយការប្រែប្រួល នៃវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយវត្ថុដែលប្រែប្រួលហើយ ក៏មាន។ អ្នកមានសេចក្តីរង្កៀសដោយការដណ្តើមយកវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេដណ្តើមយកហើយក៏មាន អ្នកមានសេចក្តីរង្កៀសដោយការប្រែប្រួល នៃវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលកំពុងប្រែប្រួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលប្រែប្រួលហើយ ក៏មាន។ ពួកជនរមែងរក្សា គ្រប់គ្រង កួចកាន់ ហួងហែង កំណាញ់វត្ថុដែលហួងហែង។ ពួកជនរមែងសោកស្តាយវត្ថុដែលហួងហែង មិនលះបង់សេចក្តីសោក មិនលះបង់សេចក្តីខ្សឹកខ្សួល មិនលះបង់សេចក្តីកំណាញ់ មិនលះបង់ មិនលះចោល មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការមិនកើតមានសេចក្តីបា្រថ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង។

[២០៧] អធិប្បាយពាក្យថា ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្ត លះបង់សេចក្តីហួងហែងចេញ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ មុនិកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា មុនិទាំងឡាយ សេចក្តីថា ញាណ ហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ មុនិទាំងឡាយ ប្រកបដោយញាណនោះ ដល់ហើយនូវការដឹង។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ។បេ។ បុគ្គលណាកន្លងបង់បណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ហៅថាមុនិ។ ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺសេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ មុនិទាំងឡាយ លះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែងគឺទិដ្ឋិ បានរង្គាត់ទៅ ត្រាច់ទៅ ដើរទៅ សម្រេច ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុក បម្រុង។ ពាក្យថា អ្នកឃើញសេចក្តីក្សេម សេចក្តីថា អមតនិព្វាន លោកហៅថា សេចក្តីក្សេម បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់ ព្រះនិព្វាន។ ពាក្យថា អ្នកឃើញ សេចក្តីក្សេម បានសេចក្តីថា អ្នកឃើញសេចក្តីក្សេម អ្នកឃើញទីជ្រកកោន អ្នកឃើញទីពឹងពួន អ្នកឃើញទីពឹង អ្នកឃើញទីមិនមានភ័យ អ្នកឃើញទីមិនច្យុត អ្នកឃើញអមតៈ អ្នកឃើញព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្តុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ។

[២០៨] អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត។

[២០៩] ពាក្យថា របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ អធិប្បាយថា សេក្ខបុគ្គល ៧ លោកហៅថា អ្នកប្រព្រឹត្តរួញថយ ឯព្រះអរហន្ត ជាអ្នកប្រព្រឹត្តរួញថយហើយ។ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ ព្រោះហេតុអ្វី។ សេក្ខបុគ្គល ៧ ពួកនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តក្នុងចក្ខុទ្វារឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទា្វរ ញុំាងចិត្តក្នុងកាយទ្វារ ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ស្លាបមាន់ ឬទងសរសៃដែលគេដាក់ក្នុងភ្លើង រមែងរួញ ខ្មូរ វិលវិញ មិនលា យ៉ាងណាមិញ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ក៏យ៉ាងនោះដែរ ញុំាងចិត្តក្នុងចក្ខុទ្វារ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទ្វារ ញុំាងចិត្តក្នុងកាយទ្វារ ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុកបម្រុង។ ព្រោះហេតុនោះ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ។ ពាក្យថា របស់ភិក្ខុ គឺរបស់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ។

[២១០] ពាក្យថា គប់រកអាសនៈស្ងាត់ សេចក្តីថា ភិក្ខុអង្គុយក្នុងទីណា ទីនោះ លោកហៅថាអាសនៈ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹកឈើ កម្រាលចំបើង។ អាសនៈនោះជាទីស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឃើញរូបមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឮសំឡេងមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការធុំក្លិនមិនជាទីសប្បាយ ចាកការលិទ្ធភ្លក្សរសមិនជាទីសប្បាយ ចាកការពាល់ត្រូវផ្សព្វមិនជាទីសប្បាយ ចាកកាមគុណទាំង ៥ មិនជាទីសប្បាយ។ កាលគប់រក ភពប្រសព្វ សេពគប់ អាស្រ័យ ចូលចិត្ត ផ្តេកផ្តិត ចំពោះអាសនៈនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប់រកអាសនៈស្ងាត់។

[២១១] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុ ដែលមិនបង្ហាញខ្លួនក្នុងទីកើត ត្រង់ពាក្យថា សាមគ្គី បានដល់សាមគ្គី ៣ យ៉ាង គឺ គណសាមគ្គី ធម្មសាមគ្គី អនភិនិព្វតិ្តសាមគ្គី។

គណសាមគ្គី តើដូចម្តេច។ បើភិក្ខុទាំងឡាយច្រើនរូប ព្រមព្រៀងគ្នា មានសេចក្តីស្មោះសរនឹងគ្នា មិនទាស់ទែងគ្នា មានសភាពហាក់ដូចទឹក ដែលលាយដោយទឹកដោះស្រស់ សំឡឹងមើលគ្នានឹងគ្នាដោយចក្ខុជាទីស្រឡាញ់ នេះឈ្មោះថា គណសាមគ្គី។

ធម្មសាមគ្គី តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធម៌ទាំងនោះ រមែងលឿនទៅ ថ្លាស្អាត តាំងនៅល្អ រួចស្រឡះក្នុងទីជាមួយគ្នា ការជជែក ការទាស់ទែងនៃធម៌ទាំងនោះ រមែងមិនមាន នេះឈ្មោះថា ធម្មសាមគ្គី។

អនភិនិព្វត្តិសាមគ្គី តើដូចម្តេច។ បើភិក្ខុទាំងឡាយច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ការខ្វះខាត ឬការពេញក្នុងនិព្វានធាតុ នៃភិក្ខុទាំងនោះ ក៏មិនប្រាកដ នេះឈ្មោះថា អនភិនិព្វត្តិសាមគ្គី។

ពាក្យថា ក្នុងទីកើត គឺនរកជាទីកើតរបស់ពួកសត្វនរក កំណើតតិរច្ឆានជាទីកើតរបស់ពួកសត្វក្នុងកំណើតតិរច្ឆាន បិត្តិវិស័យជាទីកើតរបស់ពួកសត្វក្នុងបិត្តិវិស័យ មនុស្សលោកជាទីកើតរបស់ពួកមនុស្ស ទេវលោកជាទីកើតរបស់ពួកទេវតា។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត បានសេចក្តីថា ភិក្ខុណាប្រតិបត្តិយ៉ាងនេះ ឈ្មោះថា មិនគប្បីបង្ហាញខ្លួនក្នុងនរក មិនបង្ហាញខ្លួនក្នុងកំណើតតិរច្ឆាន មិនបង្ហាញខ្លួនក្នុងបិត្តិវិស័យ មិនបង្ហាញខ្លួនក្នុងមនុស្សលោក មិនបង្ហាញខ្លួនក្នុងទេវលោក អំពើនុ៎ះឈ្មោះថា សេចក្តីព្រមព្រៀង នុ៎ះឈ្មោះថា ជាទីបិទបាំង នុ៎ះឈ្មោះថា ជាទីសមរម្យ នុ៎ះឈ្មោះថា ជាទីសមគួរ នុ៎ះឈ្មោះថា ជាទីសមសួនរបស់ភិក្ខុនោះ អ្នកប្រាជ្ញទាំងឡាយ ពោលហើយយ៉ាងនេះ បានពោលហើយយ៉ាងនេះ រមែងសម្តែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត។

[២១២] មុនិមិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក)។

[២១៣] ពាក្យថា មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោលសំដៅយកអាយតនៈ ១២ គឺ ភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផ្សព្វ ១ ចិត្ត ១ ធម៌ ១។ ពាក្យថា មុនិ សេចក្តីថា ញាណ ហៅថាមោនៈ គឺ ប្រាជ្ញា ការដឹងច្បាស់។បេ។ បុគ្គលណា កន្លងបង់នូវបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា មិនអាស្រ័យនៅ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះតណ្ហានិស្ស័យ។បេ។ នេះទិដ្ឋិនិស្ស័យ។ មុនិលះបង់តណ្ហានិស្ស័យ រលាស់ចោលទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ មិនអាស្រ័យជិវ្ហា មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យរូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ គិលានប្បច្ច័យភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អារម្មណ៍ជាអតីត អនាគត បច្ចុប្បន្ន អារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺមិនអាស្រ័យនៅព្រម មិនពួនសម្ងំ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះចិត្តស៊ប់ ជាអ្នកចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញ មានចិត្តប្រាសចាក សេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង។

[២១៤] អធិប្បាយពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ ត្រង់ពាក្យថា សេចក្តីស្រឡាញ់ បានដល់ សេចក្តីស្រឡាញ់ ២ គឺ ពួកសត្វ ១ សង្ខារ ១។

ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ពួកជនណាក្នុងលោកនេះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់មុនិនោះ ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រ្តីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី នេះពួកសត្វជាទីស្រឡាញ់

ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច។ រូបជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះពួកសង្ខារជាទីស្រឡាញ់។ ពាក្យថា ស្អប់ បានដល់សេចក្តីស្អប់ ២ គឺពួកសត្វ ១ សង្ខារ ១។

ពួកសត្វជាទីស្អប់ តើដូចម្តេច។ ពួកជនណាក្នុងលោកនេះ ជាអ្នកមិនបា្រថ្នាសេចក្តីចំរើន មិនបា្រថ្នាប្រយោជន៍ មិនបា្រថ្នាសប្បាយ មិនបា្រថ្នាសេចក្តីក្សេមចាកយោគៈ ជាអ្នកបា្រថ្នា ដើម្បីឲ្យវិនាសចាកជីវិត ដល់មុនិនោះ នេះពួកសត្វជាទីស្អប់។

ពួកសង្ខារជាទីស្អប់ តើដូចម្តេច។ រូបមិនជាទីពេញចិត្ត សំឡេងមិនជាទីពេញចិត្ត ក្លិនមិនជាទីពេញចិត្ត រសមិនជាទីពេញចិត្ត ផ្សព្វមិនជាទីពេញចិត្ត នេះពួកសង្ខារជាទីស្អប់។

ពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ បានសេចក្តីថា បុគ្គលមិនធ្វើសេចក្តីស្រឡាញ់ ដោយអំណាចរាគៈថា សត្វនេះជាទីស្រឡាញ់របស់អញ សង្ខារទាំងនេះ ជាទីពេញចិត្តរបស់អញ បុគ្គលមិនធ្វើ មិនបង្កើត មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យកើតឡើង មិនឲ្យកើតចំពោះនូវសេចក្តីស្អប់ ដោយអំណាចបដិឃៈថា សត្វនេះជាទីស្អប់របស់អញ សង្ខារទាំងនេះ ជាទីស្អប់របស់អញ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់។

[២១៥] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់មិនជាប់នៅ ក្នុងមុនិនោះ ដូចជាវារិមិនជាប់នៅលើស្លឹក (ឈូក) ត្រង់ពាក្យថា ក្នុងមុនិនោះ គឺក្នុងបុគ្គលជាព្រះអរហន្តខីណាស្រព។ ពាក្យថាសេចក្តីខ្សឹកខ្សួល គឺ ការយំ ការយំរៀបរាប់ អាការយំ អាការយំអណ្តឺតអណ្តក ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលប៉ប៉ាច់ប៉ប៉ោច ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿៗ របស់សត្វដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបព្រមដោយសេចក្តីវិនាសណាមួយ ឬត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ យ៉ាងគឺសេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ ១ សេចក្តីកំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃចិត្តកំណាញ់ សេចក្តីចង់មានហួសហេតុ ស្មូរកន្រ្ទឹស ភាពនៃចិត្តរួញ ភាពនៃការមិនយកចិត្តគេណា មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីកំណាញ់ មួយទៀត សូម្បីសេចក្តីកំណាញ់ខន្ធ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តីកំណាញ់ធាតុ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តីកំណាញ់អាយតនៈ ក៏ឈ្មោះថា កំណាញ់ ការគិតតែកាន់យកនេះ លោកហៅថា សេចក្តីកំណាញ់។ ពាក្យថា មិនជាប់នៅ ដូចជាវារិមិនជាប់លើស្លឹក (ឈូក) សេចក្តីថា ស្លឹកឈូក លោកហៅថា ស្លឹក។ ទឹក លោកហៅថា វារិ។ វារិមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយនឹងស្លឹកឈូក យ៉ាងណាមិញ សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ ក្នុងបុគ្គលនោះ គឺក្នុងព្រះអរហន្តខីណាស្រព ក៏យ៉ាងនោះដែរ ទាំងបុគ្គលនោះ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញរួចហើយ រលាស់ចេញហើយ រួចស្រឡះហើយ បា្រសចេញហើយ ចាកកិលេសទាំងនោះ ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ក្នុងបុគ្គលនោះ ដូចជាវារិ មិនជាប់លើស្លឹក (ឈូក)។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក)។

[២១៦] ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូកយ៉ាងណា វារិមិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះដែរ។

[២១៧] ពាក្យថា ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា សេចក្តីថា គ្រាប់ទឹក លោកហៅថា ដំណក់ទឹក។ ស្លឹកឈូក លោកហៅថា ឈូក។ ដំណក់ទឹកមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើស្លឹកឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា។

[២១៨] ពាក្យថា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា សេចក្តីថា ផ្កាឈូក លោកហៅថា ឈូក។ ទឹក លោកហៅថា វារិ។ វារិ មិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើផ្កាឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) វារិ មិនជាប់នៅលើផ្កាឈូក យ៉ាងណា។

[២១៩] អធិប្បាយពាក្យថា មុនិមិនជាប់នៅក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យផ្តល់សេចក្តីឧបមា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។ បុគ្គលណា កន្លងបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា ជាប់ បានដល់ការជាប់ ២ គឺការជាប់គឺតណ្ហា ១ ការជាប់គឺទិដ្ឋិ ១។បេ។ នេះការជាប់គឺតណ្ហា។បេ។ នេះការជាប់គឺទិដ្ឋិ។ មុនិ លះបង់ការជាប់គឺតណ្ហា រលាស់ចោលការជាប់ គឺទិដ្ឋិ មិនជាប់ក្នុងរូបដែលឃើញ មិនជាប់ក្នុងសំឡេងដែលឮ មិនជាប់ក្នុងផស្សៈ ដែលប៉ះពាល់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញហើយក្នុងអារម្មណ៍ដែលដឹង ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិមិនជាប់ក្នុងអារម្មណ៍ ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ យ៉ាងនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូក យ៉ាងណា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ។

[២២០] បុគ្គលមានបា្រជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនបា្រថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេកអរ មិនទ្រាន់។

[២២១] អធិប្បាយពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់ចំពោះអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ ត្រង់ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់សេចក្តីថា បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់ បានខាងប្រាជ្ញា សេចក្តីដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ។ បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់ តើព្រោះហេតុដូចម្តេច។ កាយទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយបញ្ញានោះ។ វចីទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ។ មនោទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ។ រាគៈ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ។ ហេតុនោះ បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាទិដ្ឋិ។ មិច្ឆាសង្កប្បៈ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាសង្កប្បៈ។ មិច្ឆាវាចា លោកកំចាត់បង់ហើយ ដោយសម្មាវាចា។ មិច្ឆាកម្មន្តៈ លោកកំចាត់បង់ហើយ ដោយសម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ លោកកំចាត់បង់ហើយដោយសម្មាអាជីវៈ។ មិច្ឆាវាយាមៈ លោកកំចាត់បង់ហើយ ដោយសម្មាវាយាមៈ។ មិច្ឆាសតិ លោកកំចាត់បង់ហើយដោយសម្មាសតិ។ មិច្ឆាសមាធិ លោកកំចាត់បង់ហើយ ដោយសម្មាសមាធិ។ មិច្ឆាញាណៈ លោកកំចាត់បង់ហើយ ដោយសម្មាញាណៈ។ មិច្ឆាវិមុត្តិ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាវិមុត្តិ។ មួយទៀត កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយអរិយមគ្គមានអង្គ ៨ ប្រការ។ ព្រះអរហន្តចូលទៅ ចូលទៅព្រម ចូលទៅជិត ផ្តេកផ្តិត កើត កើតឡើងជាមួយ ប្រកបដោយធោនេយ្យធម៌ទាំងនេះ ព្រោះហេតុនោះ ព្រះអរហន្តឈ្មោះថា អ្នកមានប្រាជ្ញាកំចាត់។ ព្រះអរហន្តនោះ កំចាត់បង់រាគៈ កំចាត់បង់បាប កំចាត់បង់កិលេស កំចាត់បង់សេចក្តីអន្ទះអន្ទែង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានប្រាជ្ញាកំចាត់។

ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ បានសេចក្តីថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់រូបដែលឃើញ មិនសំគាល់ក្នុងរូបដែលឃើញ មិនសំគាល់ដោយរូបដែលឃើញ មិនសំគាល់ថា រូបដែលអញឃើញហើយ។ មិនសំគាល់សំឡេងដែលឮ មិនសំគាល់ក្នុងសំឡេងដែលឮ មិនសំគាល់ដោយសំឡេងដែលឮ មិនសំគាល់ថា សំឡេងដែលអញឮហើយ។ មិនសំគាល់អារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ក្នុងអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ដោយអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ថា អារម្មណ៍ដែលអញប៉ះពាល់ហើយ។ មិនសំគាល់ហេតុដែលដឹង មិនសំគាល់ក្នុងហេតុដែលដឹង មិនសំគាល់ដោយហេតុដែលដឹង មិនសំគាល់ថា ហេតុដែលអញដឹងហើយ។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានអ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានសញ្ញា អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានសញ្ញា អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញាក៏ទេ ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់ថាជារោគ អ្នកសំគាល់ថាជាបូស អ្នកសំគាល់ថាជាសរ អ្នកសំគាល់ថាជាឧបទ្រព ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ (ចូរសិក្សា) ថា យើងទាំងឡាយ គប្បីនៅដោយចិត្តមិនបានសំគាល់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងហ្នឹងឯង។ បុគ្គលមានបា្រជ្ញាកំចាត់ មិនសំគាល់អារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ។

[២២២] ពាក្យថា មិនបា្រថ្នាសេចក្តីបរិសុទ្ធិ ដោយហេតុដទៃ គឺបុគ្គលមានបា្រជ្ញាកំចាត់ រមែងមិនចង់បាន មិនត្រេកអរ មិនបា្រថ្នា មិនស្រឡាញ់ មិនជាប់ចំពោះនូវសេចក្តីស្អាត ការហ្មត់ចត់ ការបរិសុទ្ធិ ការរួច ការរួចស្រឡះ ការផុតស្រឡះ ដោយមគ្គមិនបរិសុទ្ធិ ដោយសេចក្តីប្រតិបត្តិខុស ដោយគន្លងមិនមែនជានិយ្យានិកធម៌ដទៃ វៀរចាកសតិប្បដ្ឋាន វៀរចាកសម្មប្បធាន វៀរចាកឥទ្ធិបាទ វៀរចាកឥន្រ្ទិយ វៀរចាកពលៈ វៀរចាកពោជ្ឈង្គ វៀរចាកអរិយមគ្គមានអង្គ ៨ ឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រាថ្នាសេចក្តីបរិសុទ្ធិ ដោយហេតុដទៃ។

[២២៣] ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់ សេចក្តីថា ពាលបុថុជ្ជនទាំងអស់ រមែងត្រេក សេក្ខបុគ្គល ៧ ពួក រាប់ទាំងកល្យាណបុថុជ្ជនផង រមែងទ្រាន់ ព្រះអរហន្ត រមែងមិនត្រេក មិនទ្រាន់។ ព្រះអរហន្តនោះ ប្រាសចាកតម្រេក ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ។ ព្រះអរហន្តនោះ មានការអប់រំព្រហ្មចរិយធម៌ស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តរួចហើយ។បេ។ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់) ថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនប្រាថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់។

ចប់ ជរាសុត្តនិទ្ទេស ទី៦។

 

លេខយោង

km/tipitaka/sut/kn/man/sut.kn.man.06.txt · ពេលកែចុងក្រោយ: 2023/08/18 10:19 និពន្ឋដោយ Johann