តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » មហានិទេ្ទស »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn man 07 បាលី cs-km: sut.kn.man.07 អដ្ឋកថា: sut.kn.man.07_att PTS: ?
តិស្សមេត្តេយ្យសុត្តនិទេ្ទស ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. តិស្សមេត្តេយ្យសុត្តនិទ្ទេសោ)
[២២៤] (ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា)
បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗ ក្នុងមេថុន យើងខ្ញុំស្ដាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក។
[២២៥] ពាក្យថា បុគ្គលប្រកបរឿយៗក្នុងមេថុន អធិប្បាយថា ឈ្មោះថា មេថុនធម្ម បានដល់ ធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការជួបជុំរបស់បុគ្គលពីរៗ នាក់។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ជនពីរនាក់ ធ្វើជំលោះ លោកហៅថា គូជម្លោះ ជនពីរនាក់ ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ ធ្វើការជជែកគ្នា លោកហៅថា គូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាគ្នាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់ជនពីរនាក់ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ពាក្យថា ប្រកបរឿយៗក្នុងមេថុន បានសេចក្តីថា ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ទៅក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (លោកពោលថា) ប្រកបរឿយៗ ក្នុងមេថុន។
[២២៦] អធិប្បាយពាក្យថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ ត្រង់ពាក្យថា យ៉ាងនេះ គឺជាពាក្យភ្ជាប់បទ ជាប់ដោយបទ បំពេញបទ ប្រជុំនៃអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា យ៉ាងនេះ នុ៎ះជាលំដាប់នៃបទ។ ពាក្យថា មានអាយុ គឺពាក្យ ជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង។ ពាក្យថា តិស្សៈ គឺជានាម ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ ជានាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរកនៃព្រះថេរៈនោះ។ ពាក្យថា មេត្តេយ្យៈ គឺជាគោត្រ ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោល) ថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ។
[២២៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់ សេចក្តីថា សូមព្រះអង្គពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែករលែក ធ្វើឲ្យរាក់ ប្រកាស នូវសេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីបៀតបៀន សេចក្តីលំបាក សេចក្តីឧបទ្រព សេចក្តីខ្ទាំងខ្ទាស់ ឲ្យទាន។ ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខនុ៎ះ គឺពាក្យជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា ព្រះអង្គទ្រង់និរទុក្ខនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់។
[២២៨] ពាក្យថា ខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គ គឺខ្ញុំស្តាប់ ត្រងត្រាប់ រៀន ចំណាំ កំណត់ នូវពាក្យ គន្លងនៃពាក្យ ទេសនា ការប្រៀនប្រដៅរបស់ព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះអង្គ។
[២២៩] អធិប្បាយពាក្យថា សិក្សាក្នុងវិវេក ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក។
កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ជាអ្នកស្ងាត់ដោយកាយ ភិក្ខុនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សម្រេចកិរិយាដេកម្នាក់ឯង ចូលទៅកាន់ស្រុក បិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្ក្រមម្នាក់ឯង ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង នេះកាយវិវេក។
ចិត្តវិវេក តើដូចម្តេច។ ចិត្តរបស់ភិក្ខុអ្នកចូលបឋមជ្ឈាន ជាចិត្តស្ងាត់ចាកនីវរណៈ ចិត្តរបស់ភិក្ខុអ្នកចូលទុតិយជ្ឈាន ជាចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចិត្តរបស់ភិក្ខុអ្នកចូលតតិយជ្ឈាន ជាចិត្តស្ងាត់ចាកបីតិ ចិត្តរបស់ភិក្ខុ អ្នកចូលចតុត្ថជ្ឈាន ជាចិត្តស្ងាត់ចាកសុខ និងទុក្ខ ចិត្តរបស់ភិក្ខុអ្នកចូលអាកាសានញ្ចាយតនៈ ជាចិត្តស្ងាត់ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលវិញ្ញាណញ្ចាយតនៈ ជាចិត្តស្ងាត់ ចាកអាកាសានញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលអាកិញ្ចញ្ញាយតនៈ ជាចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលនេវសញ្ញានាសញ្ញាយតនៈ ជាចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកដល់សោតៈ ជាចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ ចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយគ្នានឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាសកទាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាអនាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដែលលាយឡំនៅដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដែលលាយឡំនៅដ៏ល្អិត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាព្រះអរហន្ត ជាចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចាកនិមិត្តទាំងពួងជាខាងក្រៅ នេះចិត្តវិវេក។
ឧបធិវិវេក តើដូចម្តេច។ កិលេស ខន្ធ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ។ អមតនិព្វាន លោកហៅថាឧបធិវិវេក បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាកតម្រេក ការរលត់ និព្វាន នេះ ឧបធិវិវេក។
កាយវិវេក សម្រាប់អ្នកមានកាយគេចចេញ (ចាកពួក) អ្នកត្រេកអរចំពោះនេក្ខម្មៈ ចិត្តវិវេក សម្រាប់អ្នកមានចិត្តបរិសុទ្ធិ អ្នកដល់សេចក្តីផូរផង់ដ៏ក្រៃលែង ឯឧបធិវិវេក សម្រាប់បុគ្គលមិនមានឧបធិ អ្នកដល់នូវវិសង្ខារ គឺព្រះនិព្វាន។
ពាក្យថា សិក្សាក្នុងវិវេក គឺព្រះថេរៈនោះ មានសិក្ខាសិក្សាហើយដោយប្រក្រតី តែលោកសូមធម្មទេសនា បានពោលយ៉ាងនេះថា នឹងសិក្សាក្នុងវិវេក។ ហេតុនោះ ព្រះថេរៈ ឈ្មោះតិស្សមេត្តេយ្យៈ ពោលថា
(ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗក្នុងមេថុន យើងខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក។
[២៣០] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនារបស់បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម រមែងវិនាសដោយពិត ទាំងបុគ្គលនោះ ក៏រមែងប្រតិបត្តិខុស អំពើនុ៎ះ មិនមែនជាអំពើប្រសើរចំពោះបុគ្គលនោះទេ។
[២៣១] ពាក្យថា បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការចួបជុំរបស់បុគ្គលពីរ ៗ នាក់។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ដូច្នេះ។ ជនពីរនាក់ធ្វើជំលោះ លោកហៅថាគូជម្លោះ ជនពីរនាក់ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ធ្វើការជជែកគ្នា លោកហៅថាគូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ពាក្យថាប្រកបរឿយ ៗ ក្នុងមេថុន គឺប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម។ ព្រះមានព្រះភាគ ត្រាស់ហៅព្រះថេរៈនោះតាមគោត្រថា ម្នាលមេត្តេយ្យៈ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព។ មួយទៀត ព្រះពុទ្ធមានរាគៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មានទោសៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មានមោហៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ។ មានមានះបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ។ មានទិដ្ឋិបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានបន្លា គឺកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ ទ្រង់បែងចែក រំលែកធម្មរតនៈ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ ជាអ្នកធ្វើនូវទីបំផុតនៃភព ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានព្រះកាយចំរើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានសីលចំរើនហើយ មានចិត្តចំរើនហើយ មានបា្រជ្ញាចំរើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យទ្រង់គប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីប្រាសចាកខ្យល់ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស ជាទីសមគួរដល់ការពួនសម្ងំ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អាណាបានស្សតិសមាធិ និងអសុភសមាបត្តិ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកតថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ធម៌របស់ព្រះពុទ្ធ ៦ យ៉ាង ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ ព្រះនាមថា មានព្រះភាគនុ៎ះ មិនមែនព្រះមាតាធ្វើ មិនមែនព្រះបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនមិត្រ និងអាមាត្យធ្វើ មិនមែនញាតិសាលោហិតធ្វើ មិនមែនសមណៈ និងព្រាហ្មណ៏ធ្វើ មិនមែនទេវតាធ្វើទេ (ព្រះនាមថា មានព្រះភាគ) នុ៎ះ របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខ គឺសេចក្តីបញ្ញត្តិថា មានព្រះភាគនេះ (កើត) អំពីការបានត្រាស់ ដំណាលគ្នានឹងការបានចំពោះសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេតេ្តយ្យៈ។
[២៣២] ពាក្យថា សាសនាវិនាស បានដល់សាសនាវិនាសដោយហេតុ ២ គឺបរិយត្តិសាសនា ក៏វិនាស បដិបត្តិសាសនា ក៏វិនាស។
បរិយត្តិសាសនា តើដូចម្តេច។ ពុទ្ធវចនៈណា គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ដែលបុគ្គលនោះរៀនហើយ នេះបរិយត្តិសាសនា។ បរិយត្តិសាសនាវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជាបុគ្គលខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សាសនាវិនាស យ៉ាងនេះខ្លះ។
បដិបត្តិសាសនា តើដូចម្តេច។ សេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិមិនជាសឹកសត្រូវ សេចក្តីប្រតិបត្តិចំពោះប្រយោជន៍តាមលំដាប់ សេចក្តីប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ភាពបុគ្គលអ្នកធ្វើឲ្យបរិបូរណ៌ក្នុងសីលទាំងឡាយ ភាពបុគ្គលមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ភាពបុគ្គលអ្នកដឹងប្រមាណក្នុងភោជន សេចក្តីប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ សតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ នេះបដិបត្តិសាសនា។ បដិបត្តិសាសនានោះ រមែងវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជាបុគ្គលខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សាសនាវិនាស យ៉ាងនេះខ្លះ។
[២៣៣] ពាក្យថា រមែងប្រតិបត្តិខុស គឺបុគ្គលសម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់ទីតខ្លះ វាយប្រហារ ទាំងប្លន់ធំខ្លះ ធ្វើការបៀតបៀនទ្រព្យក្នុងផ្ទះមួយខ្លះ ចាំនៅក្បែរផ្លូវរឹបជាន់ខ្លះ គប់រកប្រពន្ធបុគ្គលដទៃខ្លះ ពោលកុហកខ្លះ ហេតុនោះ (ទ្រង់តា្រស់ថា) រមែងប្រតិបតិ្តខុស។
[២៣៤] ពាក្យថា អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ចំពោះបុគ្គលនោះទេ គឺអំពើនុ៎ះ ជាធម៌មិនប្រសើរ ជាធម៌របស់បុគ្គលពាល ជាធម៌របស់បុគ្គលល្ងង់ខ្លៅ ជាធម៌របស់បុគ្គលមិនមានបញ្ញា ជាធម៌របស់បុគ្គលបោះទៅនូវពាក្យមិនឲ្យស្លាប់សំដី គឺជាសេចក្តីប្រតិបត្តិខុស ចំពោះបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ក្នុងបុគ្គលនោះទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនារបស់បុគ្គលអ្នកប្រកបរឿយៗក្នុងមេថុនធម្ម រមែងវិនាសទៅដោយពិត ទាំងបុគ្គលនោះ ក៏រមែងប្រតិបត្តិខុស អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ចំពោះបុគ្គលនោះទេ។
[២៣៥] បុគ្គលណា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន ហើយសេពមេថុនធម្ម អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាបុថុជ្ជនថោកទាបក្នុងលោក ដូចជាយានដែលភ្លូកហើយ។
[២៣៦] ពាក្យថា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន អធិប្បាយថា បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយហេតុ ២ គឺ ដោយចំណែកបព្វជ្ជា ឬដោយការលះបង់ពួក។
បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា តើដូចម្តេច។ បុគ្គលកាត់បង់កង្វល់ គឺឃរាវាសទាំងអស់ កាត់បង់កង្វល់ គឺបុត្តភរិយា កាត់បង់កង្វល់ គឺញាតិ កាត់បង់កង្វល់គឺមិត្រ និងអាមាត្យ កាត់បង់កង្វល់ គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់ដែលជ្រលក់ដោយទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅ សម្រាក សម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា យ៉ាងនេះ។
បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក តើដូចម្តេច។ បុគ្គលនោះ លុះបួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីបា្រសចាកខ្យល់ ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ។ បុគ្គលនោះ ដើរតែម្នាក់ឯង ឈរតែម្នាក់ឯង អង្គុយតែម្នាក់ឯង សម្រេចការដេកតែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តតែម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក យ៉ាងនេះ។
[២៣៧] អធិប្បាយពាក្យថា បុគ្គលណា សេពមេថុនធម្ម ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស។បេ។ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ពាក្យថា បុគ្គលណា សេពមេថុនធម្ម បានសេចក្តីថា បុគ្គលនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់ដើម្បីភាពជាបុគ្គលថោកទាប ហើយគប់រក សេពគប់ សេពសម្ភព សេពចំពោះមេថុនធម្មក្នុងសម័យដទៃ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សេពមេថុនធម្ម។
[២៣៨] អធិប្បាយពាក្យថា ដូចជាយានដែលភ្លូកហើយក្នុងលោក ត្រង់ពាក្យថា យាន គឺយានទឹមដោយដំរី យានទឹមដោយសេះ យានទឹមដោយគោ យានទឹមដោយពពែ យានទឹមដោយចៀម យានទឹមដោយឱដ្ឋ យានទឹមដោយលា ជាយានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់ រមែងកាន់យកផ្លូវខុស ឡើងកាន់ទីមានដង្គត់ និងថ្មរដិបរដុបខ្លះ កិនជនអ្នកបរខ្លះ ភ្លូកធ្លាក់ទៅក្នុងជ្រោះខ្លះ។ យានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងកាន់យកផ្លូវខុស យ៉ាងណា បុគ្គលជាអ្នកភ្លាត់នោះ (សឹក) ប្រៀបដោយយានភ្លូកហើយ រមែងកាន់យកផ្លូវខុស គឺកាន់យកទិដ្ឋិខុស។បេ។ កាន់យកសមាធិខុស យ៉ាងនោះដែរ។ យានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងឡើងកាន់ទីមានដង្គត់ និងថ្មរដិបរដុប យ៉ាងណា បុគ្គលអ្នកភា្លត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងឡើងកាន់កាយកម្មមិនស្មើ ឡើងកាន់វចីកម្មមិនស្មើ ឡើងកាន់មនោកម្មមិនស្មើ ឡើងកាន់បាណាតិបាតមិនស្មើ ឡើងកាន់អទិន្នាទានមិនស្មើ ឡើងកាន់កាមេសុមិច្ឆាចារមិនស្មើ ឡើងកាន់មុសាវាទមិនស្មើ ឡើងកាន់បិសុណវាចាមិនស្មើ ឡើងកាន់ផរុសវាចាមិនស្មើ ឡើងកាន់សម្ជប្បលាបៈមិនស្មើ ឡើងកាន់អភិជ្ឈាមិនស្មើ ឡើងកាន់ព្យាបាទមិនស្មើ ឡើងកាន់មិច្ឆាទិដ្ឋិមិនស្មើ ឡើងកាន់សង្ខារទាំងឡាយមិនស្មើ ឡើងកាន់កាមគុណ ៥ មិនស្មើ ឡើងកាន់នីវរណៈទាំងឡាយមិនស្មើ យ៉ាងនោះដែរ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងកិនជនអ្នកបរ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងកិនខ្លួនក្នុងនរក កិនខ្លួនក្នុងកំណើតតិរច្ឆាន កិនខ្លួនក្នុងបិត្តិវិស័យ កិនខ្លួនក្នុងមនុស្សលោក កិនខ្លួនក្នុងទេវលោក យ៉ាងនោះដែរ។ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងភ្លូកធ្លាក់ទៅក្នុងជ្រោះ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងធ្លាក់ចុះក្នុងជ្រោះ គឺជាតិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺជរាខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺព្យាធិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺមរណៈខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺសេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ខ្លះ យ៉ាងនោះដែរ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាយានដែលភ្លូកហើយក្នុងលោក។
[២៣៩] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាបុថុជ្ជនថោកទាប ត្រង់ពាក្យថា បុថុជ្ជន គឺឈ្មោះថាបុថុជ្ជន ដោយសេចក្តីដូចម្តេច។ ឈ្មោះថាបុថុជ្ជន ព្រោះញុំាងកិលេសក្រាស់ឲ្យកើត។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកមានសកាយទិដ្ឋិដ៏ក្រាស់មិនទាន់លះបង់។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកពោលប្តេជ្ញា ចំពោះមុខសាស្តាទាំងឡាយច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រូវគតិទាំងពួងដ៏ក្រាស់ចាក់ស្រែះ។ ឈ្មោះថា បុថុជ្ជន ព្រោះតាក់តែងដោយអភិសង្ខារផ្សេងៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវឱឃៈផ្សេង ៗ ដ៏ក្រាស់បន្សាត់ទៅ។ ឈ្មោះថា បុថុជ្ជន ព្រោះក្តៅក្រហាយដោយកំដៅផ្សេង ៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះរោលរាលដោយកំដៅរោលរាលផ្សេង ៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រេកអរ ញ៉ាម ជាប់ចិត្ត ជ្រប់ ងល់ងប់ ជាប់ចំពាក់ ចាក់ស្រែះ រួបរឹតក្នុងកាមគុណ ៥ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវនីវរណៈ ៥ ដ៏ក្រាស់ ចាក់ស្រែះ រួបរឹត គ្របសង្កត់ សន្ធប់ បិទបាំង សណ្តំជាប់។ ពាក្យថា អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាបុថុជ្ជនថោកទាប គឺអ្នកបា្រជ្ញទាំងឡាយ ពោលយ៉ាងនេះ បានពោលហើយយ៉ាងនេះ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ នូវបុគ្គលនោះ ថាជាមនុស្សបុថុជ្ជនថោកទាប ទន់ថយ ជ្រោកជ្រាក លាមក អាក្រក់ រំកាច់រំកោច ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញទាំងឡាយ ពោលនូវបុគ្គលនោះ ថាជាបុថុជ្ជនថោកទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលណា ប្រព្រឹត្តតែម្នាក់ឯងក្នុងកាលមុន ហើយសេពមេថុនធម្ម អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថាជា បុថុជ្ជនថោកទាបក្នុងលោក ដូចជាយានដែលភ្លូកហើយ។
[២៤០] យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម។
[២៤១] ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ មានសេចក្តីអធិប្បាយដូចតទៅនេះ ចុះយស តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងភាពជាសមណៈក្នុងកាលមុន នេះឈ្មោះថា យស។ ចុះកេរ្តិ៍ឈ្មោះ តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ កាលនៅក្នុងភាពជាសមណៈក្នុងកាលមុន ជាអ្នកពេញដោយកេរ្តិ៍ឈ្មោះ និងសេចក្តីសរសើរ ជាបណ្ឌិត វាងវៃ មានបា្រជ្ញា ជាពហុស្សូត មានពាក្យដ៏វិចិត្រ មានបា្រជ្ញាល្អ ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ជាអ្នកទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី ជាអ្នកកាន់អារញ្ញិកធុតង្គក្តី ជាអ្នកកាន់បិណ្ឌបាតិកធុតង្គក្តី ជាអ្នកកាន់បង្សុកូលិកធុតង្គក្តី ជាអ្នកកាន់តេចីវរិកធុតង្គក្តី ជាអ្នកកាន់សបទានចារិកធុតង្គក្តី ជាអ្នកកាន់ខលុបច្ឆាភត្តិកធុតង្គក្តី ជាអ្នកកាន់នេសជ្ជិកធុតង្គក្តី ជាអ្នកកាន់យថាសន្ថតិកធុតង្គក្តី ជាអ្នកបានបឋមជ្ឈានក្តី ជាអ្នកបានទុតិយជ្ឈានក្តី ជាអ្នកបានតតិយជ្ឈានក្តី ជាអ្នកបានចតុត្ថជ្ឈានក្តី ជាអ្នកបានអាកាសានញ្ចាយតនសមាបត្តិក្តី ជាអ្នកបានវិញ្ញាណញ្ចាយតនសមាបត្តិក្តី ជាអ្នកបានអាកិញ្ចញ្ញាយតនសមាបតិ្តក្តី ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបតិ្តក្តី នេះឈ្មោះថា កេរ្តិ៍ឈ្មោះ។ ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ បានសេចក្តីថា កាលបព្វជិតនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ក្នុងសម័យដទៃ ហើយត្រឡប់ដើម្បីភេទថោកទាប យស និងកេរ្តិ៍ឈ្មោះនោះ រមែងសូន្យ សាបរលាប ខ្ចាត់ចេញ ជ្រុះចេញ បាត់បង់ វិនាស ហេតុនោះ (ទ្រង់ត្រាស់ថា) យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ។
[២៤២] អធិប្បាយពាក្យថា បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម ត្រង់ពាក្យថា នូវដំណើរនុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះក្នុងភាពជាសមណៈ ក្នុងកាលមុន ការមិនមានយស និងការមិនមានកេរ្តិ៍ឈ្មោះរបស់បព្វជិត ដែលពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់ដើម្បីភេទថោកទាប ក្នុងកាលជាចំណែកខាងក្រោយ បព្វជិតឃើញ ជួប ប្រទះ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យជាក់ច្បាស់នូវសម្បតិ្ត និងវិបត្តិនុ៎ះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតឃើញនូវដំណើរនុ៎ះ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសង្ខា ១ អធិប្បញ្ញាសិក្ខា ១។
អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតាំងខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខនៃការបានធម៌ជាកុសលទាំងឡាយ នេះអធិសីលសិក្ខា។
អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីវិវេក ចូលទុតិយជ្ឈាន មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រព្រឹត្តទៅខាងក្នុងសន្តាន ជាទីជ្រះថ្លាស៊ប់ គឺសទ្ធា មានសភាពជាចិត្តដ៏ខ្ពស់ឯក ព្រោះការរម្ងាប់នូវវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចូលចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា។
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបា្រជ្ញា ប្រកបដោយបា្រជ្ញាជាគ្រឿងដឹងនូវការកើតឡើង និងការវិនាសទៅ ជាបា្រជ្ញាដ៏ប្រសើរ អាចទំលុះទំលាយ ជាគ្រឿងដល់នូវការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ក៏ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាគ្រឿងរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទាជាគ្រឿងដល់នូវការរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាគ្រឿងរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាគ្រឿងដល់នូវការរលត់អាសវៈ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា មេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានខាងធម៌របស់អសប្បុរស។បេ។ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម។
ពាក្យថា បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម បានសេចក្តីថា បព្វជិត គប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីលះបង់ ដើម្បីរម្ងាប់ ដើម្បីរលាស់ចោល ដើម្បីរម្ងាប់នូវមេថុនធម្ម។ គប្បីពិចារណាសិក្សាសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា គប្បីឃើញសិក្សា គប្បីពិចារណាសិក្សា គប្បីអធិដ្ឋានចិត្តសិក្សា គប្បីចុះចិត្តស៊ប់ដោយសទ្ធាសិក្សា គប្បីផ្គងព្យាយាមសិក្សា គប្បីតំកល់ស្មារតីសិក្សា គប្បីតំកល់ចិត្តសិក្សា គប្បីដឹងច្បាស់ដោយបា្រជ្ញាសិក្សា គប្បីដឹងច្បាស់នូវធម៌ដែលគួរដឹងច្បាស់សិក្សា គប្បីកំណត់ដឹងធម៌ដែលគួរកំណត់ដឹងសិក្សា គប្បីលះបង់ធម៌ដែលគួរលះបង់សិក្សា គប្បីចំរើនធម៌ដែលគួរចំរើនសិក្សា គប្បីធ្វើឲ្យជាក់ច្បាស់ធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា គប្បីប្រព្រឹត្តទៅ ប្រព្រឹត្តដោយប្រពៃ ប្រព្រឹត្តកាន់យក ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម។
[២៤៣] បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។
[២៤៤] ពាក្យថា បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំពា្រ អធិប្បាយថា បព្វជិតត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តីត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស។ មៀម កាលស្វែងរកកណ្តុរលើមែកឈើ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា ចចកកាលស្វែងរកត្រី ទៀបឆ្នេរស្ទឹង រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា ឆ្មាកាលស្វែងរកកណ្តុរ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា លា មានការដឹកនាំដាច់ហើយ (គេប្រើមិនកើត) រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ យ៉ាងណា បុគ្គលជាអ្នកភ្លាត់នោះ ដែលត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តី្តត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយ គ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំពា្រ។
[២៤៥] អធិប្បាយពាក្យថា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ជនដទៃហើយ ក៏រមែងអៀនអន់ ត្រង់ពាក្យថា ជនដទៃ បានដល់ ពួកជនជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាម្តងម្កាលក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿនថា ម្នាលអាវុសោ អ្នកនោះពេញជាឥតលាភមែន ការបាន (អត្តភាពជាមនុស្ស) អ្នកបានដោយកម្រ ព្រោះថាជាអ្នកបានគ្រូដ៏ថ្លៃថ្លាមានសភាពយ៉ាងនេះ បួសក្នុងធម៌វិន័យដែលព្រះមានព្រះភាគ សំដែងល្អហើយយ៉ាងនេះ បានពួកព្រះអរិយៈ មានសភាពយ៉ាងនេះត្រឡាំង ហើយពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់មកកាន់ភេទថោកទាប ព្រោះហេតុមេថុនធម្មដ៏ថោកទាប សូម្បីតែសទ្ធារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែហិរិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែឱត្តប្បៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែវីរិយៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែសតិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែបញ្ញារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន បុគ្គលអ្នកភ្លាត់នោះ លុះស្តាប់ ឮ រៀន ពិចារណា កំណត់នូវពាក្យ គន្លងពាក្យ ទេសនា ការប្រៀនប្រដៅរបស់ជនទាំងឡាយនោះ ក៏រមែងអៀនអន់ ចង្អៀតចង្អល់ ក្រៀមក្រំ ឈឺចាប់ តូចចិត្ត។ ពាក្យថា បុគ្គលមានសភាពដូច្នោះ គឺបុគ្គលណា ជាអ្នកភ្លាត់ បុគ្គលនោះ ឈ្មោះថាមានសភាពដូច្នោះ ប្រាកដដូច្នោះ ឋិតនៅដូច្នោះ មានប្រការៈដូច្នោះ មានចំណែកប្រៀបដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹងដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។
[២៤៦] លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្រ្តាទាំងឡាយ នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ បុគ្គលនោះ រមែងផ្គងពាក្យកុហក។
[២៤៧] អធិប្បាយពាក្យថា លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ ត្រង់ពាក្យថា លំដាប់នោះ គឺជាពាក្យភ្ជាប់បទ ជាពាក្យជាប់ចំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា លំដាប់នោះ គឺជាពាក្យលំដាប់បទ។ ពាក្យថា សស្ត្រា បានដល់សស្ត្រា ៣ យ៉ាង គឺ សស្ត្រាគឺកាយ ១ សស្រ្តាគឺវាចា ១ សស្ត្រាគឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា សស្ត្រាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺចិត្ត។ ពាក្យថា បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ គឺបុគ្គលជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿន បុគ្គលនោះ រមែងពោលពាក្យកុហកទាំងដឹងខ្លួន គឺពោលថា បពិត្រលោកដ៏ចំរើន ខ្ញុំជាអ្នកត្រេកអរក្នុងបព្វជ្ជាហើយ តែថាខ្ញុំត្រូវចិញ្ចឹមមាតា ហេតុនោះ បានជាខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវចិញ្ចឹមបិតាហេតុនោះ បានជាខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវចិញ្ចឹមបងប្អូនប្រុស ខ្ញុំត្រូវចិញ្ចឹមបងប្អូនស្រី ខ្ញុំត្រូវចិញ្ចឹមបុត្ត ខ្ញុំត្រូវចិញ្ចឹមធីតា ខ្ញុំត្រូវចិញ្ចឹមមិត្ត ខ្ញុំត្រូវចិញ្ចឹមអាមាត្យ ខ្ញុំត្រូវចិញ្ចឹមពួកញាតិ ខ្ញុំត្រូវចិញ្ចឹមសាលោហិត ហេតុនោះ បានជាខ្ញុំវិលខុស រមែងធ្វើឲ្យកើត ឲ្យកើតព្រម បង្កើត បង្កើតចំពោះនូវសស្ត្រា គឺវាចា ហេតុនោះ (ទ្រង់ត្រាស់ថា) លំដាប់នោះ បុគ្គលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ។
[២៤៨] ពាក្យថា នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ គឺសភាពនុ៎ះឯងជាសេចក្តីជាប់ចំពាក់ធំ ជាព្រៃធំ ជាញាតស្បាតធំ ជាផ្លូវដាច់ស្រយាលធំ ជាផ្លូវមិនស្មើ (ចម្រូងចម្រាសធំ) ជាផ្លូវវៀចធំ ជាផ្លូវល្បាប់ធំ ជាផ្លូវមានភក់ច្រើន ជាផ្លូវមានសេចក្តីខ្វល់ខ្វាយធំ ជាចំណងធំរបស់បុគ្គលនោះ គឺការពោលមុសាវាទទាំងដឹងខ្លួនរបស់បុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ។
[២៤៩] ពាក្យថា បុគ្គលនោះ រមែងផ្គងពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ពាក្យកុហក។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់រោងជាទីប្រជុំក្តី ទៅកាន់បរិស័ទក្តី ទៅក្នុងកណ្តាលញាតិក្តី ទៅក្នុងកណ្តាលពួកក្តី ទៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរយកជាបន្ទាល់ថា ម្នាលបុរសដ៏ចំរើន អ្នកចូរមក អ្នកដឹងហេតុណា ចូរពោលហេតុនោះ។ បុរសនោះ កាលមិនដឹង ពោលថា ខ្ញុំដឹងក្តី កាលដឹងពោលថា ខ្ញុំមិនដឹងក្តី កាលមិនឃើញ ពោលថា ខ្ញុំឃើញក្តី កាលឃើញ ពោលថា ខ្ញុំមិនឃើញក្តី ពោលសម្បជានមុសាវាទ ព្រោះហេតុខ្លួនក្តី ព្រោះហេតុបុគ្គលដទៃក្តី ព្រោះហេតុអាមិសៈបន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះលោកហៅថា ពាក្យកុហក។ មួយទៀត មុសាវាទ ដោយអាការ ៣ យ៉ាង គឺមុសាវាទរបស់បុគ្គលនោះ ក្នុងកាលមុនថា អាត្មាអញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អាត្មាអញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អាត្មាអញពោលពាក្យកុហកហើយ ១ មុសាវាទដោយអាការ ៣ នេះ។ មួយវិញទៀត មុសាវាទ មានដោយអាការ ៤ យ៉ាង។ ដោយអាការ ៥ យ៉ាង។ ដោយអាការ ៦ យ៉ាង។ ដោយអាការ ៧ យ៉ាង។ មុសាវាទដោយអាការ ៨ យ៉ាង គឺមុសាវាទនៃបុគ្គលនោះ ក្នុងកាលមុនថា អាត្មាអញនឹងពោលពាក្យកុហក ១ មុសាវាទនៃបុគ្គលកំពុងពោលថា អាតា្មអញពោលពាក្យកុហក ១ មុសាវាទនៃបុគ្គលពោលហើយថា អាត្មាអញពោលពាក្យកុហកហើយ ១ ព្រោះលាក់ទុកនូវទិដ្ឋិ ១ ព្រោះលាក់ទុកនូវការចូលចិត្ត ១ ព្រោះលាក់ទុកនូវសេចក្តីពេញចិត្ត ១ ព្រោះលាក់ទុកនូវសញ្ញា ១ ព្រោះលាក់ទុកនូវការកើតឡើង ១ មុសាវាទដោយអាការ ៨ នេះ។ ពាក្យថា រមែងផ្គងពាក្យកុហក គឺផ្គង ផ្គូផ្គង ទុក កំណត់ទុក ចូលទៅកាន់ពាក្យកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងផ្គងពាក្យកុហក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ បុគ្គលនោះ រមែងផ្គងពាក្យកុហក។
[២៥០] បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម នឹងត្រដាបត្រដួសដូចបុគ្គលល្ងង់ខ្លៅ។
[២៥១] ពាក្យថា បុគ្គលដែលគេដឹងច្បាស់ហើយថា ជាបណ្ឌិត អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ កាលនៅក្នុងភាពជាសមណៈក្នុងកាលមុន ជាអ្នកពេញដោយកេរ្តិ៍ឈ្មោះ និងសេចក្តីសរសើរ ជាបណ្ឌិតវាងវៃ មានប្រាជ្ញា ជាពហុស្សូត មានពាក្យដ៏វិចិត្រ មានប្រាជ្ញាល្អ ជាអ្នកដែលគេដឹងហើយ ដឹងច្បាស់ហើយ ដឹងសុសសាយហើយ យ៉ាងនេះថា ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី។ បេ។ ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត។
[២៥២] ពាក្យថា អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង អធិប្បាយថា បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយហេតុ ២ គឺដោយចំណែកបព្វជ្ជាក្តី ដោយការលះបង់ពួកក្តី។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជ្ជា តើដូចម្តេច។ បុគ្គលផ្តាច់បង់សេចក្តីខ្វល់ខ្វាយ គឺឃរាវាសទាំងពួង។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជា្ជយ៉ាងនេះឯង។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួក តើដូចម្តេច។ បុគ្គលនោះបួសយ៉ាងនេះហើយ ជាអ្នកម្នាក់ឯង គប់សេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំ។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួកយ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង។
[២៥៣] ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស។បេ។ ហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម គឺសម័យខាងក្រោយ បុគ្គលនោះពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា វិលមកដើម្បីភេទថោកទាប ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ហេតុនោះ (ទ្រង់ត្រាស់ថា) តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម។
[២៥៤] ពាក្យថា និងត្រដាបត្រដួស ដូចបុគ្គលល្ងង់ខ្លៅ អធិប្បាយថា បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដូចមនុស្សកំពា្រ ឬដូចមនុស្សល្ងង់ខ្លៅ គឺរមែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនឲ្យខ្លះ កាត់តំណ (នៃផ្ទះ) ខ្លះ វាយប្រហារ ទាំងប្លន់ខ្លះ ធ្វើអាការកំហែងក្នុងផ្ទះមួយខ្លះ ឈរចាំស្កាត់ដណ្តើមយកខ្លះ គប់រកប្រពន្ធរបស់ជនដទៃខ្លះ ពោលពាក្យកុហកខ្លះ និងលំបាក ចង្អៀតចង្អល់ សៅហ្មង យ៉ាងនេះខ្លះ។ ព្រះរាជាទាំងឡាយឲ្យចាប់បុគ្គលនោះឯងហើយ ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យគេវាយដោយរំពាត់ខ្លះ ឲ្យគេវាយដោយផ្តៅខ្លះ ឲ្យគេវាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងត្រចៀក ទាំងច្រមុះខ្លះ ធ្វើវិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យដូចជាឆ្នាំង ដាក់ជ្រក់ខ្លះ ធ្វើសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលើងដូចជាសម្បកស័ង្ខខ្លះ ធ្វើរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូខ្លះ ធ្វើជោតិមាលិកកម្ម គឺអំពើដែលគេដុតខ្លួន ឲ្យមានរបៀបនៃអណ្តាតភ្លើងខ្លះ ធ្វើហត្តប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ធ្វើឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើចិរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើពឡិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយ ៗ ខ្លះ ធ្វើខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ធ្វើបលិឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចម្បើងខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ1) បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដែលត្រូវកាមតណ្ហាគ្របសង្កត់ មានចិត្តគឺកាមតណ្ហារួបរឹត ស្វែងរកភោគៈទាំងឡាយ ចេញទៅកាន់មហាសមុទ្រដោយនាវា ត្រូវត្រជាក់ចោមរោម ត្រូវកំដៅចោមរោម លំបាកដោយសម្ផស្សនៃល្បោម មូស ខ្យល់ កំដៅ ពស់តូច និងពស់ធំ ត្រូវសេចក្តីស្រេកឃ្លានបៀតបៀន រមែងទៅកាន់ស្រុកគុម្ពៈ ទៅកាន់ស្រុកតក្កោលៈ ទៅកាន់ស្រុកតក្កសិលា ទៅកាន់ស្រុកកាលមុខៈ ទៅកាន់ស្រុកមរណបារៈ ទៅកាន់ស្រុកវេសុង្គៈ ទៅកាន់ស្រុកវេរាបថៈ ទៅកាន់ស្រុកជវៈ ទៅកាន់ស្រុកកមលិ ទៅកាន់ស្រុកវង្កៈ ទៅកាន់ស្រុកឯឡវទ្ទនៈ ទៅកាន់ស្រុកសុវណ្ណកូដៈ ទៅកាន់ស្រុកសុវណ្ណភូមិ ទៅកាន់ស្រុកតម្ពបណ្ណិ ទៅកាន់ស្រុកសុប្បារៈ ទៅកាន់ស្រុកភរុកៈ ទៅកាន់ស្រុកសុរទ្ធៈ ទៅកាន់ស្រុកអង្គណេកៈ ទៅកាន់ស្រុកគង្គណៈ ទៅកាន់ស្រុកបរមគង្គណៈ ទៅកាន់ស្រុកយោនៈ ទៅកាន់ស្រុកបិនៈ ទៅកាន់ស្រុកអល្លសន្ទៈ ទៅកាន់មរុកន្តារៈ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយជង្គង់ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយចៀម ទៅកាន់ផ្លូវដែលគេគប្បីទៅដោយពពែ ទៅកាន់ផ្លូវដង្គត់ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយឆ័ត្រ ទៅកាន់ផ្លូវប្រកបដោយព្រៃឫស្សី ទៅកាន់ផ្លូវសត្វស្លាប ទៅកាន់ផ្លូវកណ្តុរ ទៅកាន់ផ្លូវជ្រោះ ទៅកាន់ផ្លូវមានបន្លាផ្តៅ បុគ្គលនោះនឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ។ បុគ្គលកាលស្វែងរកមិនបាន រមែងទទួលទុក្ខ និងទោមនស្ស ដែលមានការមិនបានជាមូល បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ ។ បុគ្គលកាលស្វែងរកទ្រព្យបាន លុះបានហើយ ក៏ទទួលទុក្ខ និងទោមនស្ស មានការថែរក្សាជាមូលថា ធ្វើដូចម្តេចហ្ន៎ ព្រះរាជាទាំងឡាយនឹងមិននាំយកទៅ ចោរទាំងឡាយ នឹងមិនលួចយក ភ្លើងនឹងមិនឆេះ ទឹកនឹងមិនបន្សាត់ទៅ ជនជាទាយាទមិនជាទីស្រឡាញ់ នឹងមិននាំយកភោគៈទាំងឡាយរបស់អញ កាលបុគ្គលនោះ កំពុងរក្សា កំពុងគ្រប់គ្រងយ៉ាងនេះ ភោគៈទាំងឡាយ ក៏វិនាសទៅ (បុគ្គលនោះ) រមែងទទួលទុក្ខ និងទោមនស្ស មានការព្រាត់បា្រសជាមូល បុគ្គលនោះនឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនឹងត្រដាបត្រដួស ដូចជាបុគ្គលល្ងង់ខ្លៅ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋានការប្រព្រឹត្តិម្នាក់ឯង តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម នឹងត្រដាបត្រដួសដូចបុគ្គលល្ងង់ខ្លៅ។
[២៥៥] មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ។
[២៥៦] អធិប្បាយពាក្យថា មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ ត្រង់ពាក្យថា នុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះ ក្នុងភាពនៃបុគ្គលជាសាមណៈក្នុងកាលមុន អាប់យស និងអាប់កេរ្តិ៍ឈ្មោះនៃបុគ្គលពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់មកកាន់ភេទថោកទាបក្នុងកាលខាងក្រោយ មុនិដឹង ស្គាល់ ស្ទង់ ពិចារណា ឈ្វេងយល់ ធ្វើឲ្យជាក់ច្បាស់នូវសម្បតិ្ត និងវិបតិ្តនុ៎ះ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងបា្រជ្ញាការដឹងច្បាស់។បេ។ មុនិនោះ កន្លងបណ្តាញជាគ្រឿងជាប់ចំពាក់។ ពាក្យថា ក្នុងធម៌វិន័យនេះ គឺក្នុងទិដ្ឋិនេះ ក្នុងកាលគួរនេះ ក្នុងសេចក្តីពេញចិត្តនេះ ក្នុងសេចក្តីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌វិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ក្នុងអត្តភាពនេះ ក្នុងមនុស្សលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ក្នុងធម្មវិន័យនេះ ដឹងច្បាស់នូវទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ។
[២៥៧] ពាក្យថា គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ អធិប្បាយថា បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយហេតុពីរ គឺដោយចំណែកបព្វជ្ជា ឬដោយការលះបង់ពួក។
បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយចំណែកបព្វជ្ជា តើដូចម្តេច។ បុគ្គលកាត់ការកង្វល់ គឺឃរាវាសទាំងអស់ កាត់ការកង្វល់ គឺបុត្តភរិយា កាត់ការកង្វល់គឺញាតិ កាត់ការកង្វល់គឺមិត្ត និងអាមាត្យ កាត់ការកង្វល់គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកចត់ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាពនៃខ្លួនមិនមានកង្វល់ ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយចំណែកបព្វជ្ជាយ៉ាងនេះ។
បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការលះបង់ពួក តើដូចម្តេច។ បុគ្គលនោះ បួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីបា្រសចាកខ្យល់ដែលកើតអំពីកាយនៃជន ស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ។ បុគ្គលនោះ ដើរតែម្នាក់ឯង ឈរតែម្នាក់ឯង អង្គុយតែម្នាក់ឯង សម្រេចការដេកតែម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការលះបង់ពួកយ៉ាងនេះ។ បុគ្គលគប្បីធ្វើនូវការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ធ្វើឲ្យខ្ជាប់ខ្ជួន មានការសមាទានដ៏មាំ មានការសមាទាន តាំងនៅក្នុងធម៌ជាកុសលទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ។
[២៥៨] ពាក្យថា មិនគប្បីសេពសមមេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានដល់ធម៌របស់អសប្បុរស។បេ។ ហេតុនោះទើបលោកហៅថា មេថុនធម្ម។ បុគ្គលមិនគប្បីសេព មិនគប្បីសេពសម មិនគប្បីសេពព្រម មិនគប្បីសេពចំពោះនូវមេថុនធម្មហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសេពសមមេថុនធម្ម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
មុនិ ក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ។
[២៥៩] បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរ ដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។
[២៦០] ពាក្យថា បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង សេចក្តីថា វិវេកមាន ៣ គឺកាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។
កាយវិវេក តើដូចម្តេច។បេ។ នេះ ឧបធិវិវេក។ វិវេករបស់បុគ្គលទាំងឡាយ ដែលមានកាយចៀសចេញចាកពួក ត្រេកអរចំពោះនេក្ខម្មៈ ឈ្មោះថា កាយវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីផូរផង់ដ៏ក្រៃលែង ឈ្មោះថា ចិត្តវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមិនមានឧបធិកិលេស ដល់នូវវិសង្ខារគឺព្រះនិព្វាន ឈ្មោះថា ឧបធិវិវេក ១។ ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា គប្បីសិក្សាវិវេកតែម្យ៉ាង បានសេចក្តីថា គប្បីសិក្សា ប្រព្រឹត្ត ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្តទៅនូវវិវេក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីសិក្សាវិវេកតែម្យ៉ាង។
[២៦១] ពាក្យថា នុ៎ះជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ សេចក្តីថា ព្រះពុទ្ធទាំងឡាយក្តី សាវ័កនៃព្រះពុទ្ធទាំងឡាយក្តី ព្រះបច្ចេកពុទ្ធទាំងឡាយក្តី លោកហៅថា ព្រះអរិយៈ គុណជាតណាដែលឈ្មោះថា វិវេកចរិយា គុណជាតនុ៎ះ ដ៏លើស ប្រសើរ ខ្ពង់ខ្ពស់ ជាប្រធាន ឧត្តម ថ្លៃថ្លា របស់ព្រះអរិយៈទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) នុ៎ះជាគុណជាតដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ។
[២៦២] ពាក្យថា មិនគប្បីសំគាល់ថាខ្លួនប្រសើរ ដោយវិវេកនោះទេ គឺមិនគប្បីធ្វើការតំកើង មិនគប្បីធ្វើអាការឆ្មើងឆ្មៃ មិនគប្បីធ្វើមានះ មិនគប្បីធ្វើសេចក្តីរឹងត្អឹង ដោយវិវេកចរិយានោះ គឺមិនគប្បីញុំាងមានះឲ្យកើត មិនគប្បីធ្វើការជាប់ចំពាក់ដោយវិវេកនោះមិនគប្បីជាអ្នករឹងត្អឹង រឹងរូស មានក្បាលងើបឡើងហើយ ដោយវិវេកនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសំគាល់ថា ខ្លួនប្រសើរ ដោយវិវេកនោះទេ។
[២៦៣] ពាក្យថា បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន គឺបុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិត ក្នុងទីជុំវិញ ក្នុងទីអែបនែប ក្នុងទីមិនឆ្ងាយ ក្នុងទីក្បែរព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលគប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។
[២៦៤] ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ។
[២៦៥] អធិប្បាយពាក្យថា មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត ត្រង់ពាក្យថា ជាអ្នកទទេ គឺជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ គឺថាជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាយទុច្ចរិត ជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកវចីទុច្ចរិត ចាកមនោទុច្ចរិត ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីរោលរាលទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លងបណ្តាញ គឺគ្រឿងជាប់ចំពាក់។ ពាក្យថា អ្នកប្រព្រឹត្ត អ្នកប្រព្រឹត្តសម្រាក សម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត។
[២៦៦] អធិប្បាយពាក្យថា អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាមទាំងឡាយ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថាវត្ថុកាម។បេ។ នេះ ហៅថាកិលេសកាម។ បុគ្គលកំណត់ដឹងវត្ថុកាម លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកិលេសកាម មិនមានអាល័យក្នុងកាម មានការលះចោល មានកាមខ្ជាក់ចោល មានកាមដោះរួច មានកាមលះបង់ មានកាមរលាស់ចោលហើយ មានរាគៈលះបង់ មានរាគៈខ្ជាក់ចោល មានរាគៈដោះរួច មានរាគៈលះបង់ មានរាគៈរលាស់ចោលហើយ មិនមានបា្រថ្នា មានទុក្ខរលត់ ជាអ្នកមានចិត្តត្រជាក់ ទទួលសេចក្តីសុខ មានចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ។
[២៦៧] អធិប្បាយពាក្យថា ប្រជាជនដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់ (មុនិ) អ្នកឆ្លងឱឃៈ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះរបស់សត្វ។ ប្រជាជនត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងល់ងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាម ប្រជាជនទាំងនោះ រមែងបា្រថ្នា ត្រេកអរ រាប់រក ស្រឡាញ់ កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់ គឺកាម ឆ្លងអន្លង់គឺភព ឆ្លងអន្លង់គឺទិដ្ឋិ ឆ្លងអន្លង់គឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង ឈានកន្លង ប្រព្រឹត្តរំលងនូវផ្លូវនៃសង្សារទាំងពួង ជាអ្នកទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅហើយកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីជាទីចប់ស្រេច ដល់ទីជាទីចប់ស្រេច ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន។ ពួកជនអ្នកចំពាក់បំណុល រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានបំណុល យ៉ាងណា ពួកជនមានជម្ងឺ រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានរោគ យ៉ាងណា ពួកជនដែលជាប់ចំណង រមែងប្រាថ្នា ស្រឡាញ់នូវការរួចចាកចំណង យ៉ាងណា ពួកជនជាទាសៈ រមែងប្រាថា្ន ស្រឡាញ់នូវភាពនៃខ្លួនជាអ្នកជា យ៉ាងណា ពួកជនដែលចេញទៅកាន់ផ្លូវឆ្ងាយដាច់ស្រយ៉ាល រមែងប្រាថ្នាស្រឡាញ់ទីដ៏ក្សេម យ៉ាងណា ពួកប្រជាជន ត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាមទាំងឡាយ ប្រជាជនទាំងនោះ រមែងប្រាថ្នា ត្រេកអរ រាប់រក កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់គឺកាម ឆ្លងអន្លង់គឺភព។បេ។ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រជាជនដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ អ្នកឆ្លងឱឃៈ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ។
ចប់ តិស្សមេត្តេយ្យសុត្តនិទ្ទេស ទី៧ ។