km:tipitaka:sut:kn:man:sut.kn.man.08

បសូរសុត្តនិទ្ទេស ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn man 08 បាលី cs-km: sut.kn.man.08 អដ្ឋកថា: sut.kn.man.08_att PTS: ?

បសូរសុត្តនិទ្ទេស ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. បសូរសុត្តនិទ្ទេសោ)

[២៦៨] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក។

[២៦៩] ពាក្យថា តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ អធិប្បាយថា (សមណព្រាហ្មណ៍ទាំងឡាយ) តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ក្នុងធម៌នេះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀត ក៏មិនមែន កើតទៀតក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ បានពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ។

[២៧០] ពាក្យថា មិនពោលនូវការស្អាតក្នុងធម៌ដទៃ គឺលើកតំកើងនូវគ្រូរបស់ខ្លួន នូវធម៌ដែលគ្រូនោះពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា និងមគ្គ ហើយបោះចោល លើកចោល ទំលាក់ចោលនូវវាទៈដទៃទាំងអស់ថា សាស្តានោះ មិនមែនជាសព្វញ្ញូ ធម៌សាស្តានោះ មិនមែនសំដែងដោយប្រពៃទេ គណៈ មិនមែនប្រតិបតិ្តដោយប្រពៃទេ ទិដ្ឋិ មិនមែនចំរើនទេ បដិបទា មិនមែនបញ្ញត្តដោយប្រពៃទេ មគ្គ មិនមែនជាទីស្រោចស្រង់សត្វទេ ការស្អាត ឬស្អាតវិសេស ឬសេចក្តីបរិសុទ្ធិ ការរួច ឬរួចវិសេស ឬរួចស្រឡះ មិនមានក្នុងធម៌នុ៎ះឡើយ ពួកសត្វរមែងមិនស្អាត ឬមិនស្អាតវិសេស ឬមិនបរិសុទ្ធ មិនរួច ឬមិនរួចវិសេស ឬមិនរួចស្រឡះ ក្នុងធម៌នុ៎ះឡើយ ទិដ្ឋិនោះ ថោកទាប ទន់អន់ ទន់ទាប លាមក អាក្រក់ តិចតួច ពួកសមណព្រាហ្មណ៍ ពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ ដោយប្រការដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនពោលនូវការស្អាតក្នុងធម៌ដទៃ។

[២៧១] អធិប្បាយពាក្យថា អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ត្រង់ពាក្យថា អាស្រ័យសភាវៈណា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវគ្រូ ធម៌ដែលគ្រូនោះពោលហើយ គណៈ ទិដ្ឋិ បដិបទា មគ្គណា។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន។ ពាក្យថា ពោលថាល្អ គឺពោលថាល្អ ពោលថាស្អាត ពោលថាជាបណ្ឌិត ពោលថាជាអ្នកបា្រជ្ញ ពោលថារបស់គួរដឹង ពោលថាជាហេតុ ពោលថាជាលក្ខណៈ ពោលថាជាការណ៍ ពោលថាជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ។

[២៧២] ពាក្យថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក សេចក្តីថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ក្នុងពួកសច្ចៈដោយឡែកដ៏ច្រើន គឺជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ថា លោកទៀង នេះជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ជឿជាក់ថា លោកមិនទៀង។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក។

[២៧៣] ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាពដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។

[២៧៤] អធិប្បាយពាក្យថា ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ត្រង់ពាក្យថា ជនទាំងនោះប្រាថ្នាវាទៈ គឺជនទាំងនោះ ប្រាថ្នានូវវាទៈ ត្រូវការដោយវាទៈ ប៉ុនប៉ងនូវវាទៈ ធ្វើវាទៈឲ្យតាំងនៅខាងមុខ ត្រាច់ទៅស្វែងរកវាទៈ។ ពាក្យថា ចុះកាន់បរិស័ទ គឺចុះទៅ លុកទៅ ចុះសំដៅ ចូលទៅរកខតិ្តយបរិស័ទ ព្រាហ្មណបរិស័ទ គហបតិបរិស័ទ សមណបរិស័ទ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ។

[២៧៥] អធិប្បាយពាក្យថា ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ត្រង់ពាក្យថា ជាជនមានគូ គឺគ្នាពីរនាក់ គឺថា អ្នកធ្វើនូវជំលោះពីរនាក់ អ្នកធ្វើនូវការប្រកួតប្រកាន់ពីរនាក់ អ្នកធ្វើនូវតិរច្ឆានកថាពីរនាក់ អ្នកធ្វើនូវវិវាទពីរនាក់ អ្នកធ្វើនូវអធិករណ៍ពីរនាក់ អ្នកល្មោភនិយាយពីរនាក់ អ្នកចរចាទៅមកពីរនាក់ ជនទាំងនោះ តែងដុត មើលឃើញ ក្រឡេកមើល សំឡឹងមើល ពិចារណាមើលនូវគ្នានឹងគ្នា ថាពាល ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) ជាជនមានគូ ដុតនូវគ្នាទៅវិញទៅមក ថាពាល។

[២៧៦] ពាក្យថា ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវសាស្តា ធម៌ដែលសាស្តានោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គដទៃ។ ការឈ្លោះ ប្រកួតប្រកាន់ ទាស់ទែង វិវាទ បែកខ្ញែកគ្នា លោកហៅថា ពាក្យឥតឱជា។ មួយទៀត ពាក្យថា ពាក្យឥតឱជា គឺសំដីនោះ មិនមានឱជា។ ជនទាំងនោះ ពោលពាក្យមិនមានឱជារស គឺពោលជំលោះ ពោលការប្រកួតប្រកាន់ ពោលការទាស់ទែង ពោលវិវាទ ពោល ពណ៌នា បំភ្លឺ ថ្លែង នូវការបែកខ្ញែកគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា។

[២៧៧] ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ត្រង់ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ គឺប្រាថ្នាការសរសើរ ត្រូវការការសរសើរ ប៉ុនប៉ងការសរសើរ ធ្វើការសរសើរ ឲ្យតាំងនៅខាងមុខ ត្រាច់ស្វែងរកការសរសើរ។ ពាក្យថា ជាអ្នកមានវាទៈដ៏ឈ្លាស គឺមានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈជាហេតុ មានវាទៈជាលក្ខណៈ មានវាទៈជាការណ៍ មានវាទៈជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។

[២៧៨] បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរបុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។

[២៧៩] ពាក្យថា ប្រកបការពោលក្នុងកណ្តាលបរិស័ទ គឺប្រកប ប្រកបរឿយៗ ប្រកបទួទៅ ប្រកបទួទៅព្រម ប្រកបរឿយៗព្រម ក្នុងពាក្យរបស់ខ្លួន ដើម្បីពោលក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកបការពោលក្នុងកណ្តាលបរិស័ទ។

[២៨០] អធិប្បាយពាក្យថា ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត ត្រង់ពាក្យថា ប្រាថ្នាសេចក្តីសរសើរ គឺប្រាថ្នាត្រេកអរ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្ត នូវសេចក្តីសរសើរ សេចក្តីស្ងើច កេរ្តិឈ្មោះ សេចក្តីចំរើនដោយគុណ។ ពាក្យថា រមែងចង្អៀតចិត្ត គឺមានសេចក្តីសង្ស័យនឹងការចរចា រមែងចង្អៀតចង្អល់មុនថា អាត្មាអញ នឹងមានជ័យឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការផ្ទុញផ្ទាល់ដូចម្តេចហ្ន៎ នឹងធ្វើការបន្ថយដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសតបវិញដូចម្តេចហ្ន៎ នឹងធ្វើឲ្យធ្លុះធ្លាយដូចម្តេចហ្ន៎ នឹងធ្វើឲ្យធ្លុះធ្លាយរហូតដូចម្តេចហ្ន៎ នឹងធ្វើឲ្យដាច់ដូចម្តេចហ្ន៎ នឹងធ្វើឲ្យមានមណ្ឌលដូចម្តេចហ្ន៎ ជាអ្នកមានសេចក្តីសង្ស័យនឹងការចរចា រមែងចង្អៀតចង្អល់មុនយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត។

[២៨១] ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ អធិប្បាយថា ពួកជនណា ជាបរិស័ទ អ្នកពិចារណានូវប្រស្នា មានសេចក្តីអាណិត ជនទាំងនោះ តែងបំបាត់ គឺបំបាត់ព្រោះអត្ថថា លោកពោល ប្រាសចាកអត្ថ បំបាត់ព្រោះព្យញ្ជនៈថា លោកពោលប្រាសចាកព្យញ្ជនៈ បំបាត់ព្រោះអត្ថ និងព្យញ្ជនៈថា លោកពោលប្រាសចាកអត្ថ និងព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំចេញខុស ព្យញ្ជនៈ លោកលើកឡើងខុស អត្ថ និងព្យញ្ជនៈ លោកនាំចេញខុស លើកឡើងខុស លោកធ្វើការសង្កត់សង្កិនមិនកើតទេ លោកធ្វើការបន្ថយខុស លោកធ្វើឲ្យវិសេសមិនកើតទេ លោកធ្វើឲ្យវិសេសតបវិញខុស លោកធ្វើឲ្យធ្លុះធ្លាយមិនកើតទេ លោកធ្វើឲ្យធ្លុះធ្លាយរហូតខុស លោកធ្វើឲ្យដាច់មិនកើតទេ លោកធ្វើឲ្យមានមណ្ឌលខុស សំដែងមិនល្អទេ ពណ៌នាមិនល្អទេ ចរចាមិនល្អទេ និយាយមិនល្អទេ ថ្លែងមិនល្អទេ។ ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បានសេចក្តីថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ គឺមានសេចក្តីលំបាកចិត្ត ចង្អៀតចង្អល់ចិត្ត តឹងចិត្ត ទោមនស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់។

[២៨២] អធិប្បាយពាក្យថា បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹងព្រោះការនិន្ទា ត្រង់ពាក្យថា ព្រោះការនិន្ទា គឺព្រោះការនិន្ទា ព្រោះការតិះដៀល ព្រោះការបង្អាប់ ព្រោះការមិនចំរើនដោយគុណ។ ពាក្យថា រមែងខឹង គឺរមែងខឹង ប្រទូស្ត ក្រេវក្រោធ ធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងខឹង ព្រោះការនិន្ទា។ ពាក្យថា ស្វែងរកទោស គឺស្វែងរកទោស ស្វែងរកទោសផ្សេងៗ ស្វែងរកកំហុស ស្វែងរកសេចក្តីភ្លាំងភា្លត់ ស្វែងរកសេចក្តីឃ្លៀងឃ្លាត ស្វែងរកចន្លោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។

[២៨៣] ពួកជន អ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ។

[២៨៤] ពាក្យថា ពោលវាទៈរបស់ជននោះ ថាថោកទាប គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវវាទៈរបស់បុគ្គលនោះ ថាថោកទាប ទន់អន់ ទន់ទាប សាបសូន្យ មិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈរបស់ជននោះ ថាថោកទាប។

[២៨៥] ពាក្យថា ពួកជន អ្នកពិចារណានូវប្រស្នា … ថា គួរបំបាត់ចោល គឺពួកបរិស័ទណា ជាអ្នកពិចារណាប្រស្នា មានសេចក្តីអាណិតពួកបរិស័ទនោះ តែងបំបាត់ គឺបំបាត់ព្រោះអត្ថថា លោកពោលប្រាសចាកអត្ថ បំបាត់ព្រោះព្យញ្ជនៈថា លោកពោលប្រាសចាកព្យញ្ជនៈ បំបាត់ព្រោះអត្ថ និងព្យញ្ជនៈថា លោកពោលប្រាសចាកអត្ថ និងព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំចេញខុស ព្យញ្ជនៈ លោកលើកឡើងខុស អត្ថ និងព្យញ្ជនៈ លោកនាំចេញខុស លើកឡើងខុស លោកធ្វើការសង្កត់សង្កិនមិនកើតទេ ធ្វើការបន្ថយខុស លោកធ្វើឲ្យវិសេសមិនកើតទេ លោកធ្វើឲ្យវិសេសតបវិញខុស លោកធ្វើឲ្យធ្លុះធ្លាយមិនកើតទេ លោកធ្វើឲ្យធ្លុះធ្លាយល្ហូតខុស លោកធ្វើឲ្យដាច់មិនកើតទេ លោកធ្វើឲ្យមានមណ្ឌលខុស សំដែងមិនល្អទេ ពណ៌នាមិនល្អទេ ចរចាមិនល្អទេ និយាយមិនល្អទេ ថ្លែងមិនល្អទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកពិចារណាប្រស្នា … ថា គួរបំបាត់ចោល។

[២៨៦] អធិប្បាយពាក្យថា បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្រង់ពាក្យថា រមែងយំរៀបរាប់ គឺការចរចាដោយវាចា ការចរចារឿយៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ណា មានសភាពយ៉ាងនេះថា អាត្មាអញនឹងឃើញរបស់ដទៃ គិតឃើញរបស់ដទៃ ចាំទុករបស់ដទៃ កត់ត្រាទុករបស់ដទៃ បុគ្គលនោះ ជាអ្នកមានពួកច្រើន មានបរិស័ទច្រើន មានបរិវាច្រើន ឯបរិស័ទនេះ ជាពួកមិនព្រមព្រៀងគ្នា ទាំងការចរចាដោយពាក្យ ដើម្បីសេចក្តីព្រមព្រៀងគ្នា ចូរមានចុះ អាត្មាអញនឹងបំបែកវិញ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយំរៀបរាប់។ ពាក្យថា សោកស្តាយ គឺសោកស្តាយថា គេមានជ័យ សោកស្តាយថា អាត្មាអញបរាជ័យ សោកស្តាយថា គេមានលាភ សោកស្តាយថា អាត្មាអញឥតលាភ សោកស្តាយថា គេមានយស សោកស្តាយថា អាត្មាអញឥតយស សោកស្តាយថា គេបានសេចក្តីសរសើរ សោកស្តាយថា អាត្មាអញបាននិន្ទា សោកស្តាយថា គេបានសុខ សោកស្តាយថា អាត្មាអញបានទុក្ខ សោកស្តាយ លំបាកចិត្ត យំរៀបរាប់ យំគក់ទ្រូង ដល់នូវសេចក្តីវង្វេងថា បុគ្គលនោះ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌាបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាត្មាអញ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារទេ ហេតុនោះ (ទ្រង់ត្រាស់ថា) យំរៀបរាប់ សោកស្តាយ។ ពាក្យថា មានវាទៈដ៏ថោកទាប គឺមានវាទៈដ៏ថោកទាប មានវាទៈទន់អន់ មានវាទៈសាបសូន្យ មានវាទៈខ្វះខាត មានវាទៈមិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ។

[២៨៧] ពាក្យថា ត្អូញត្អែរថា គេកន្លងអាត្មាអញ គឺត្អូញត្អែរថា គេបំពាន រំលោភលើ ប្រព្រឹត្តកន្លង រំលងពីលើ រំលោភពីលើវាទៈដោយវាទៈនឹងអញ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះខ្លះ។ មួយទៀត ត្អូញត្អែរថា បុគ្គលនោះ គ្របសង្កត់ ពន្លិចពន្លង់ រួបរឹត ញាំញីនូវវាទៈ ដោយវាទៈនឹងអញ ហើយត្រាច់ទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើតឡើង រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះខ្លះ។ ការចរចាដោយវាចា ការចរចាផ្សេងៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ លោកហៅថា ការត្អូញត្អែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរ គេកន្លងអាត្មាអញ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកជនអ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ។

[២៨៨] វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមានព្រោះវាទៈទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះកិរិយាបានពាក្យសរសើរទេ។

[២៨៩] អធិប្បាយពាក្យថា វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ ត្រង់ពាក្យថា ពួកសមណៈ គឺពួកជនណាមួយ ដែលចូលទៅកាន់ផ្នួស ជាបរិព្វាជក ចូលទៅរកបរិព្វាជក ខាងក្រៅអំពីសាសនានេះ ជំលោះព្រោះទិដ្ឋិ ការប្រកួតប្រកាន់ព្រោះទិដ្ឋិ ការទាស់ទែងព្រោះទិដ្ឋិ ការវិវាទព្រោះទិដ្ឋិ ការបែកខ្ញែកគ្នាព្រោះទិដ្ឋិទាំងនុ៎ះ កើត កើតព្រម លេចឡើង លេចឡើងប្រាកដ កើតប្រាកដ ក្នុងពួកសមណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ។

[២៩០] ពាក្យថា កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈទាំងនេះ អធិប្បាយថា ជ័យ និងបរាជ័យ រមែងមាន លាភ និងឥតលាភ រមែងមាន យស និងឥតយស រមែងមាន និន្ទា និងសេចក្តីសរសើរ រមែងមាន សុខ និងទុក្ខ រមែងមាន សោមនស្ស និងទោមនស្ស រមែងមាន របស់ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា រមែងមាន សេចក្តីត្រេកអរ និងការថ្នាំងថ្នាក់ រមែងមាន កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន សេចក្តីត្រេកអរ និងការខឹង រមែងមាន ចិត្តធូរព្រោះការឈ្នះ ចិត្តតឹងព្រោះការចាញ់ ចិត្តធូរ ព្រោះលាភ ចិត្តតឹង ព្រោះឥតលាភ ចិត្តធូរ ព្រោះយស ចិត្តតឹង ព្រោះឥតយស ចិត្តធូរ ព្រោះសេចក្តីសរសើរ ចិត្តតឹង ព្រោះនិន្ទា ចិត្តធូរ ព្រោះសុខ ចិត្តតឹង ព្រោះទុក្ខ ចិត្តធូរ ព្រោះសោមនស្ស ចិត្តតឹង ព្រោះទោមនស្ស ចិត្តធូរ ព្រោះការប៉ោងឡើង ចិត្តតឹង ព្រោះការទ្រោមចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ការធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈទាំងនេះ។

[២៩១] អធិប្បាយពាក្យថា បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ត្រង់ពាក្យថា ឃើញទោសនេះ គឺឃើញ យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដនូវទោសនេះ ក្នុងការឈ្លោះព្រោះទិដ្ឋិ ក្នុងការប្រកួតប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះ។ ពាក្យថា ត្រូវវៀរបង់សំដីមិនមានឱជា គឺជំលោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ ការបែកខ្ញែកគ្នា លោកហៅថា សំដីមិនមានឱជា។ មួយទៀត ពាក្យមិនមានឱជានោះ ហៅថា សំដីមិនមានឱជា។ បុគ្គលមិនគប្បីធ្វើសំដីមិនមានឱជា គឺមិនគប្បីធ្វើជំលោះ មិនគប្បីធ្វើការប្រកួតប្រកាន់ មិនគប្បីធ្វើការទាស់ទែង មិនគប្បីធ្វើការវិវាទ មិនគប្បីធ្វើការបែកខ្ញែកគ្នា គប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីឲ្យដល់នូវការមិនកើតមានជំលោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា។ បុគ្គលគប្បីជាអ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសវាង លះបង់ ផុតស្រឡះ ប្រកប ប្រាសចាកជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា ហើយសម្រាន្តនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា។

[២៩២] ពាក្យថា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ សេចក្តីថា ប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ គឺប្រយោជន៍របស់ខ្លួនក្តី ប្រយោជន៍របស់បុគ្គលដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍បច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវដឹកនាំក្តី ប្រយោជន៍ដែលដឹកនាំហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍មានអត្ថដ៏ឧត្តមក្តី រមែងមិនមាន មិនមានព្រម មិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានសេចក្តីសរសើរ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវិវាទទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានពាក្យសរសើរទេ។

[២៩៣] មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរក្នុងសភាវៈនោះហើយ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម។

[២៩៤] ពាក្យថា ក្នុងសភាវៈនោះ របស់ពាក្យថា មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ គឺត្រូវគេសរសើរ លើកតំកើង ប្រកាសគុណ ពណ៌នាគុណក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ។

[២៩៥] ពាក្យថា ពោលវាទៈក្នុងកណ្តាលបរិស័ទ គឺពោល ប្រាប់វាទៈរបស់ខ្លួន ពោល ប្រាប់ បំពេញ ចំរើន សំដែង បំភ្លឺ ថ្លែង កំណត់អនុវាទៈរបស់ខ្លួន ក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈ ក្នុងកណ្តាលបរិស័ទ។

[២៩៦] ពាក្យថា បុគ្គលនោះ រមែងរីករាយ ក្រអឺតក្រអោងដោយហេតុនោះ គឺបុគ្គលនោះ រមែងត្រេកអររីករាយ ស្រស់ស្រាយ មានចិត្តត្រេកអរ មានចិត្តត្រិះរិះពេញលេញ ដោយប្រយោជន៍គឺការឈ្នះនោះ។ មួយទៀត បុគ្គលកាលសើចបញ្ចេញធ្មេញ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរីករាយ។ ពាក្យថា ក្រអឺតក្រអោង ដោយហេតុនោះ គឺបុគ្គលនោះ មានចិត្តប៉ោងឡើង មានចិត្តខ្ពស់ឡើង មានចិត្តដូចជាទង់ជ័យ មានចិត្តផ្គងឡើង ភាពនៃចិត្តមានសេចក្តីប្រាថ្នាដូចជាទង់ ដោយប្រយោជន៍ គឺការឈ្នះនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រីករាយ ក្រអឺតក្រអោង ដោយហេតុនោះ។

[២៩៧] ពាក្យថា ដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម គឺដល់ លុះ សម្រេចបាន បានចំពោះនូវប្រយោជន៍ គឺការឈ្នះនោះ។ ពាក្យថា ជាអ្នកមានចិត្តតាំងនៅដូចដើម គឺជាអ្នកមានចិត្តដូចដើម មានគំនិតដូចដើម មានសេចក្តីត្រិះរិះដូចដើម មានការដឹងដូចដើម ហេតុនោះ (ទ្រង់ត្រាស់ថា) បានដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម។

[២៩៨] ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ មួយទៀត បុគ្គលនុ៎ះ រមែងពោលនូវមានះ និងអតិមានះ បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយវិវាទនោះឡើយ។

[២៩៩] ពាក្យថា ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ គឺការប៉ោងឡើង ការខ្ពស់ឡើង ចិត្តដូចទង់ជ័យ ការផ្គងឡើង ភាពនៃចិត្តមានប្រាថ្នាដូចជាទង់ណា នោះជាភូមិនៃការចង្អៀតចង្អល់ ជាភូមិនៃសេចក្តីតានតឹង ជាភូមិនៃការបៀតបៀន ជាភូមិនៃសេចក្តីខ្ទាំងខ្ទប់ ជាភូមិនៃឧបទ្រព ជាភូមិនៃឧបស័គ្គរបស់បុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ។

[៣០០] ពាក្យថា មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ គឺបុគ្គលនោះ ពោលនូវមានះផង ពោលនូវអតិមានះផង ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ។

[៣០១] ពាក្យថា បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ សេចក្តីថា បុគ្គលឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវទោសនេះ ក្នុងជម្លោះព្រោះទិដ្ឋិ ក្នុងការប្រកួតប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងការវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញទោសនេះ។ ពាក្យថា មិនគួរវិវាទទេ គឺមិនគួរធ្វើជម្លោះ មិនគួរធ្វើការប្រកួតប្រកាន់ មិនគួរធ្វើការទាស់ទែង មិនគួរធ្វើការវិវាទ មិនគួរធ្វើការបែកខ្ញែកគ្នា គប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីធ្វើមិនឲ្យកើតមាននូវជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា។ គឺជាអ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសចេញ លះបង់ ផុតស្រឡះ ការប្រកបប្រាសចាកជម្លោះ ការប្រកួតប្រកាន់ ទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា គប្បីសម្រេចនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ មិនគួរវិវាទទេ។

[៣០២] អធិប្បាយពាក្យថា ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយវិវាទនោះទេ ត្រង់ពាក្យថា អ្នកឈ្លាសទាំងឡាយ គឺពួកជនណា ជាអ្នកឈ្លាស ក្នុងខន្ធ ឈ្លាសក្នុងធាតុ ឈ្លាសក្នុងអាយតនៈ ឈ្លាសក្នុងបដិច្ចសមុប្បាទ ឈ្លាសក្នុងសតិប្បដ្ឋាន ឈ្លាសក្នុងសម្មប្បធាន ឈ្លាសក្នុងឥទ្ធិបាទ ឈ្លាសក្នុងឥន្ទ្រិយ ឈ្លាសក្នុងពលៈ ឈ្លាសក្នុងពោជ្ឈង្គ ឈ្លាសក្នុងមគ្គ ឈ្លាសក្នុងផល ឈ្លាសក្នុងនិព្វាន ជនអ្នកឈ្លាសទាំងនោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយជម្លោះព្រោះទិដ្ឋិ ដោយការប្រកួតប្រកាន់ ព្រោះទិដ្ឋិ ដោយការទាស់ទែងព្រោះទិដ្ឋិ ដោយការវិវាទព្រោះទិដ្ឋិ ដោយការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយការវិវាទនោះទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាតដោយវិវាទនោះឡើយ។

[៣០៣] ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហាររបស់ព្រះរាជា កាលប្រាថ្នា បុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក។

[៣០៤] អធិប្បាយពាក្យថា ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា ត្រង់ពាក្យថា អ្នកក្លៀវក្លា គឺបុគ្គលអ្នកក្លៀវក្លា អ្នកប្រឹងប្រែង អ្នកខ្មីឃ្មាត មិនរន្ធត់ មិនរំភើប មិនតក់ស្លុត មិនរត់។ ពាក្យថា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា គឺគេចិញ្ចឹម រក្សា បីបាច់ ថែទាំ ឲ្យចំរើនដោយខាទនីយៈរបស់ព្រះរាជា ដោយភោជនីយៈរបស់ព្រះរាជា ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា។

[៣០៥] ពាក្យថា កាលបា្រថ្នាបុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក គឺបុគ្គលនោះ កាលគម្រាម កាលសង្ឃក កាលសង្ខុញចូល ដើរចូលទៅ ឈានចូលទៅ ដើរចូលទៅជិត កាលចង់ ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវបុគ្គលអ្នកក្លៀវក្លាតប នូវបុរសជាសត្រូវ នូវសត្រូវតប នូវអ្នកដាល់តប់តប ហេតុនោះ (ទ្រង់ត្រាស់ថា) កាលប្រាថ្នាបុគ្គលអ្នកក្លៀវក្លា រមែងគម្រាមចូលមក។

[៣០៦] ពាក្យថា មា្នលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះចុះ សេចក្តីថា បុគ្គលលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះ ចូរឈានទៅក្នុងទីនោះ ចូរដើរទៅក្នុងទីនោះ ចូរដើរតម្រង់ទៅក្នុងទីនោះបុគ្គលនោះ ជាអ្នកក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តបរបស់អ្នក ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះចុះ។

[៣០៧] ពាក្យថា ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក អធិប្បាយថា កិលេសទាំងឡាយណា ធ្វើជាសេនាតប ធ្វើទំនាស់ ធ្វើជាបន្លាតប ធ្វើជាបដិបក្ខ កិលេសទាំងឡាយនោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគត លះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើង គឺញាណហើយ ជិតគល់ពោធិព្រឹក្ស តាំងអំពីដើមមក។ ពាក្យថា អំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា គឺអំពើណាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍តយុទ្ធគ្នា ដើម្បីប្រយោជន៍ដល់ជម្លោះ ដើម្បីប្រយោជន៍ដល់ការប្រកួតប្រកាន់ ដើម្បីប្រយោជន៍ដល់ការទាស់ទែង ដើម្បីប្រយោជន៍ដល់ការវិវាទ ដើម្បីប្រយោជន៍ដល់ការបែកខ្ញែកគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អំពើដែលប្រព្រឹត្តទៅដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា កាលបា្រថ្នាបុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគា្ន មិនមានតាំងអំពីដើមមក។

[៣០៨] ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។

[៣០៩] ពាក្យថា ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា សេចក្តីថា ពួកជនណា ប្រកាន់ កួចកាន់ ទទួលយក ស្ទាបអង្អែល ជឿស៊ប់ នូវទិដ្ឋិ ៦២ ទិដ្ឋិណាមួយហើយ រមែងទាស់ទែងគ្នា ធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នាថា អ្នកមិនដឹងច្បាស់នូវធម្មវិន័យនេះទេ ខ្ញុំដឹងច្បាស់នូវធម្មវិន័យនេះ អ្នកដឹងច្បាស់នូវធម្មវិន័យនេះដូចម្តេចបាន អ្នកជាបុគ្គលប្រតិបត្តិខុស ខ្ញុំជាអ្នកប្រតិបត្តិត្រូវ សំដីរបស់ខ្ញុំប្រកបដោយប្រយោជន៍ សំដីរបស់អ្នក មិនប្រកបដោយប្រយោជន៍ សំដីដែលត្រូវនិយាយមុន អ្នកបែរជានិយាយក្រោយ សំដីដែលត្រូវនិយាយក្រោយ អ្នកបែរជានិយាយមុន ពាក្យដែលអ្នកសន្សំមកអង្វែងហើយ ត្រូវខ្ញុំឲ្យវិលត្រឡប់ហើយ វាទៈ (ទោស) ខ្ញុំលើកដាក់លើអ្នកហើយ អ្នកជាបុគ្គលត្រូវខ្ញុំផ្ទញ់ផ្ទាល់បានហើយ អ្នកចូរត្រាច់ទៅ ដើម្បីដោះវាទៈចុះ ឬបើអ្នកអាច ចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា។

[៣១០] ពាក្យថា មួយទៀត តែងពោលថា នេះឯង ជាពាក្យពិត គឺតែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកមិនទៀង។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត តែងពោលថា នេះជាពាក្យពិត។

[៣១១] ពាក្យថា អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ អធិប្បាយថា អ្នកចូរនិយាយពាក្យផ្ទញ់ផ្ទាល់ ដោយពាក្យផ្ទញ់ផ្ទល់ ពាក្យតបត ដោយពាក្យតបត ពាក្យវិសេស ដោយពាក្យវិសេស ពាក្យវិសេសតប ដោយពាក្យវិសេសតប ពាក្យទំលុះទំលាយ ដោយពាក្យទំលុះទំលាយ ពាក្យដោះស្រាយ ដោយពាក្យដោះស្រាយ ពាក្យកាត់ផ្តាច់ ដោយពាក្យកាត់ផ្តាច់ ពាក្យមានមណ្ឌល ដោយពាក្យមានមណ្ឌល នឹងជនដែលប្រកបដោយទិដ្ឋិទាំងនោះ (ព្រោះថា) ជនទាំងនោះ ជាអ្នកក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តបនឹងអ្នក ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងជនទាំងនោះចុះ។ ពាក្យថា កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ គឺកាលដែលវាទៈកើតមាន កើតព្រម កើតឡើង កើតច្បាស់ កើតបា្រកដហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប ជាទំនាស់ ជាចម្រូង ជាសត្រូវ គប្បីធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នា កិលេសទាំងឡាយនោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគតលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរឲ្យកើតបាន បានដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។

[៣១២] មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្តទិដ្ឋិដោយទិដ្ឋិទាំងឡាយ ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន អ្នកគប្បីបានអ្វីក្នុងពួកជននោះ។

[៣១៣] ពាក្យថា មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្តទៅ អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈជាមារសេនា ទោសៈជាមារសេនា មោហៈជាមារសេនា កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ ការក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា កាមទាំងឡាយ ជាសេនាទីមួយរបស់អ្នក អរតិ លោកហៅថា ជាសេនាទី ២ របស់អ្នក។បេ។ លុះតែបុគ្គលឈ្នះសេនានោះ ទើបបានសេចក្តីសុខ។ ព្រោះមារសេនាទាំងអស់ និងកិលេសធ្វើជាសេនាតបទាំងអស់ ពួកជនទាំងនោះ បានឈ្នះ បានផ្ចាញ់ បានកាច់បំបាក់ បានកំទេចកំទី ដោយអរិយមគ្គទាំង ៤ ជាសភាពមានមុខក្នុងទីដទៃ ហេតុនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស។ ពាក្យថា ពួកជនណា បានដល់ព្រះអរហន្តខីណាស្រព។ ពាក្យថា ប្រព្រឹត្តទៅ គឺប្រព្រឹត្តទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើត រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ។

[៣១៤] ពាក្យថា មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ គឺទិដិ្ឋទាំង ៦២ ពួកជននោះ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើងគឺញាណ ពួកជននោះ មិនប្រទូស្ត មិនខ្ទាំងខ្ទប់ មិនចង្អៀតចង្អល់ មិនទង្គុកទិដ្ឋិដោយទិដ្ឋិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ។

[៣១៥] ពាក្យថា ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប អ្នកគប្បីបានអ្វី ក្នុងពួកជននោះ សេចក្តីថា ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តប អ្នកនឹងបានអ្វី ក្នុងពួកព្រះអរហន្តខីណាស្រពនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលអ្នកជាបុគ្គលក្លៀវក្លា អ្នកគប្បីបានអ្វីក្នុងពួកជននោះ។

[៣១៦] ពាក្យថា ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន គឺការប្រកាន់ ការស្ទាបអង្អែល ការចុះចិត្តស៊ប់ ការបង្អោនទៅថា របស់នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធានដ៏ឧត្តម ប្រសើរក្រៃលែងដូច្នេះ នៃពួកព្រះអរហន្តខីណាស្រពណាមិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើងញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន អ្នកគប្បីបានអ្វីក្នុងពួកជននោះ។

[៣១៧] មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកជួបជុំជាគូ នឹងព្រះពុទ្ធអ្នកមានបា្រជ្ញាកំចាត់ អ្នកមិនអាចដើម្បីដល់នូវគូទេ។

[៣១៨] អធិប្បាយពាក្យថា មួយទៀត របស់បទថា មួយទៀត អ្នកត្រិះរិះហើយមក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យពា្ជនៈ ពាក្យថា មួយទៀត នុ៎ះជាលំដាប់បទ។ ពាក្យថា ត្រិះរិះហើយមក គឺអ្នកកាលត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រម ថាអាត្មាអញនឹងមានជ័យជំនះឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការសង្កត់សង្កិនដូចម្តេច នឹងធ្វើការដោះតបតដូចម្តេច នឹងធ្វើឲ្យវិសេសដូចម្តេច នឹងធ្វើឲ្យវិសេសតបដូចម្តេច នឹងធ្វើឲ្យធ្លុះធ្លាយដូចម្តេច នឹងធ្វើនូវការដោះស្រាយដូចម្តេច នឹងធ្វើឲ្យដាច់ដូចម្តេច នឹងធ្វើឲ្យមានមណ្ឌលដូចម្តេច ត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រមយ៉ាងនេះ ហើយមក ចូលមក ដល់មក មកជួបជុំជាមួយនឹងតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត អ្នកត្រិះរិះហើយមក។

[៣១៩] អធិប្បាយពាក្យថា កាលគិតនូវទិដិ្ឋទាំងឡាយ ដោយចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ចិត្ត គំនិត បំណងក្នុងចិត្ត ហឫទ័យ ភវង្គចិត្ត មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណខន្ធ មនោវិញ្ញាណធាតុ កើតអំពីវិញ្ញាណខន្ធនោះ។ កាលគិត កាលគិតផ្សេងៗ នូវទិដ្ឋិទាំងឡាយដោយចិត្តថា លោកទៀង ឬថា លោកមិនទៀង។បេ។ ឬថាសត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត។

[៣២០] ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធអ្នកមានបា្រជ្ញាកំចាត់ អ្នកមិនអាចដើម្បីដល់នូវគូឡើយ អធិប្បាយថា បញ្ញា លោកហៅថា បា្រជ្ញាកំចាត់ បានខាងបា្រជ្ញាកាលដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញប្រពៃ។ បា្រជ្ញាដែលលោកហៅថា បា្រជ្ញាកំចាត់ តើព្រោះហេតុអ្វី។ កាយទុច្ចរិត បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយបា្រជ្ញានោះ។បេ។ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាទិដ្ឋិ។បេ។ មិច្ឆាវិមុត្តិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាវិមុត្តិ។ មួយទៀត អកុសលទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅដល់ ចូលទៅដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅកៀក ចូលទៅកៀកព្រម ប្រកបដោយធោនេយ្យធម៌ទាំងនេះ ហេតុនោះ ព្រះមានព្រះភាគព្រះនាមថា មានបា្រជ្ញាកំចាត់។ ព្រះមានព្រះភាគនោះ ទ្រង់បានកំចាត់រាគៈ កំចាត់បាប កំចាត់កិលេស កំចាត់សេចក្តីក្តៅក្រហាយ ហេតុនោះ ទ្រង់ព្រះនាមថា មានបា្រជ្ញាកំចាត់។ ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធ អ្នកមានបា្រជ្ញាកំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូឡើយ បានសេចក្តីថា អ្នកជាបរិពា្វជក អ្នកមានសេចក្តីក្លៀវក្លាមកជួប មកប្រទះ ជាគូនឹងព្រះពុទ្ធមានព្រះភាគ មានបា្រជ្ញាកំចាត់ មិនអាចនឹងផ្គូសាកសួរ ចរចាទៅមក ដល់ព្រមនូវការសាកសួរទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា ជាបុគ្គលថោកទាប ទន់ខ្សោយ ទន់ទាប លាមក អាក្រក់ កំទេចមនុស្ស។ ចំណែកព្រះមានព្រះភាគនោះ ជាកំពូលផង ប្រសើរផង ប្រសើរវិសេសផង ជាប្រធានផង ប្រសើរក្រៃលែងផង។ ទន្សាយបានមកចួប មកប្រទះ ជាគូគ្នានឹងដំរីសារដែលចុះប្រេង មិនអាចផ្គូបានយ៉ាងណា ចចកមកចួប មកប្រទះ ជាគូគ្នានឹងសីហៈជាមិគរាជ មិនអាចផ្គូបានយ៉ាងណា កូនគោនៅតូចកំពុងបៅមេ បានមកចួប មកប្រទះ ជាគូគ្នានឹងគោឧសភដែលមានបូកដ៏មាំ មិនអាចផ្គូបានយ៉ាងណា ក្អែកបានមកចួប មកប្រទះ ជាគូគ្នានឹងគ្រុឌ វេនតេយ្យ មិនអាចផ្គូបានយ៉ាងណា មនុស្សចណ្ឌាល បានមកចួប មកប្រទះ ជាគូគ្នានឹងស្តេចចក្រពត្តិ មិនអាចផ្គូបានយ៉ាងណា បំសុបិសាច បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះឥន្រ្ទជាស្តេចទេវតា មិនអាចផ្គូបានយ៉ាងណា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះពុទ្ធមានព្រះភាគអ្នកមានបា្រជ្ញាកំចាត់ មិនអាចនឹងផ្គូ សាកសួរ ចរចាទៅមក ដល់នូវការសាកសួរ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា តែមានបា្រជ្ញាថោកទាប មានបា្រជ្ញាទន់អន់ មានបា្រជ្ញាទន់ទាប មានបា្រជ្ញាលាមក មានបា្រជ្ញាអាក្រក់ មានបា្រជ្ញាតិចតួច។ ចំណែកព្រះមានព្រះភាគអង្គនោះ ទ្រង់មានបា្រជ្ញាច្រើន មានបា្រជ្ញាក្រាស់ មានបា្រជ្ញារីករាយ មានបា្រជ្ញារហ័ស មានបា្រជ្ញាមុត មានបា្រជ្ញាជាគ្រឿងទំលុះទំលាយ ទ្រង់ឈ្លាសក្នុងប្រភេទបា្រជ្ញា ទ្រង់បែកព្រះញាណ ទ្រង់បានសម្រេចបដិសម្ភិទា ទ្រង់ដល់នូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរស អាសភៈ ជាបុរសសីហៈ ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសអាចនាំទៅនូវធុរៈបាន មានអនន្តញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធន ជាអ្នកណែនាំ ទូន្មាន ប្រៀនប្រដៅ ពន្យល់ ឲ្យពិនិត្យ សំឡឹង ឲ្យរំលឹក។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម បា្រប់ផ្លូវដែលគេមិនធ្លាប់បា្រប់ ទ្រង់ស្គាល់ផ្លូវ ជ្រាបច្បាស់នូវផ្លូវ វាងវៃក្នុងផ្លូវ។ មួយទៀត ឥឡូវនេះ ពួកសាវ័កនៃព្រះមានព្រះភាគនោះ ជាអ្នកដើរតាមផ្លូវប្រកប (ដោយគុណ) ក្នុងកាលជាខាងក្រោយ។ ព្រោះព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ព្រះអង្គមានចក្ខុ មានញាណ មានធម៌ ព្រះអង្គជាបុគ្គលប្រសើរ ពោលធម៌ ពោលដោយប្រការផ្សេងៗ ទ្រង់នាំចេញនូវប្រយោជន៍ ទ្រង់ឲ្យអមតៈ ជាធម្មស្សាមី ជាតថាគត។ ការមិនដឹង មិនឃើញ មិនយល់ច្បាស់ មិនធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយបា្រជ្ញានៃព្រះមានព្រះភាគនោះ មិនមានទេ។ ធម៌ទាំងអស់ ដែលអាស្រ័យអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណ របស់ព្រះពុទ្ធមានព្រះភាគ ដោយអាការសព្វគ្រប់។ ធម្មជាតអ្វីមួយដែលគួរដឹង ត្រូវដឹង។ ប្រយោជន៍ខ្លួនផង ប្រយោជន៍បុគ្គលដទៃផង ប្រយោជន៍ទាំងពីរផង ប្រយោជន៍ជាបច្ចុប្បន្នផង ប្រយោជន៍ក្នុងខាងមុខផង ប្រយោជន៍រាក់ផង ប្រយោជន៍ជ្រៅផង ប្រយោជន៍លាក់ផង ប្រយោជន៍កំបាំងផង ប្រយោជន៍ដែលត្រូវនាំចេញផង ប្រយោជន៍ដែលនាំចេញហើយផង ប្រយោជន៍មិនមានទោសផង ប្រយោជន៍មិនមានកិលេសផង ប្រយោជន៍ផូរផង់ផង ប្រយោជន៍ដ៏ក្រៃលែងផង ធម្មជាតទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអតីតកាល ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអនាគតកាល ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងបច្ចុប្បន្នកាល របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត។ ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ។ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ បាតស្មុគ្រទាំងពីរ ដែលគេគ្របយ៉ាងជិតស្និទ្ធ បាតស្មុគ្រខាងក្រោម រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងក្រោម បាតស្មុគ្រទាំងពីរឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ របស់ដែលត្រូវដឹង និងព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ក៏យ៉ាងនោះដែរ របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណ មានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅ ក្នុងធម៌ទាំងពួង ធម៌ទាំងអស់ជាប់ចំពោះដោយការនឹក ជាប់ដោយការប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទរបស់ព្រះពុទ្ធមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងសត្វទាំងអស់។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាបចរិត ជ្រាបការចុះចិត្តស៊ប់របស់សត្វទាំងអស់ ជ្រាបពួកសត្វមានធូលីក្នុងភ្នែកតិច មានធូលីក្នុងភ្នែកច្រើន មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងដោយងាយ ឲ្យដឹងដោយលំបាក មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងព្រះពុទ្ធញ្ញណ។ ពួកត្រី និងអណ្តើកណាមួយ រាប់យកត្រីឈ្មោះតិមិតិមិង្គលៈ ដោយហោចទៅ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងមហាសមុទ្ទ យ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅក្នុងខាងក្នុងពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ពួកបក្សីណាមួយ រាប់យកគ្រុឌវេនតេយ្យដោយទីបំផុត រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ជនទាំងឡាយណា មានប្រាជ្ញាស្មើនឹងព្រះសារីបុត្រ ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណយ៉ាងនោះដែរ។ ព្រះពុទ្ធញ្ញាណ ផ្សាយទៅគ្របសង្កត់នូវប្រាជ្ញានៃទេវតា និងមនុស្ស។ ទោះបីជនពួកណា ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី មានបញ្ញាល្អិត ស្គាល់វាទៈរបស់ជនដទៃ កាលទំលាយទិដ្ឋិទាំងឡាយរបស់ជនដទៃ ដោយប្រាជ្ញារបស់ខ្លួន ទំនងដូចជាខ្មាន់ធ្នូស្ទាត់ បាញ់រោមទ្រាយ ពួកជននោះ តាក់តែងរឿយ ៗ នូវប្រស្នារួច ចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលសំដែងចេញហើយផង ជាប្រស្នាដែលដាក់ហើយផង។ បណ្ឌិតទាំងនោះ បានសម្រេច (សម្បត្តិជាសាវ័ក ឬឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងដោយបញ្ញាក្នុងកណ្តាលបរិស័ទនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មកចួបជុំជាគូនឹងព្រះពុទ្ធ ព្រះអង្គមានធោនា អ្នកមិនអាចដើម្បីដល់នូវគូទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកចួបជុំជាគូនឹងព្រះពុទ្ធ ទ្រង់មានប្រាជ្ញាកំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូទេ។

ចប់ បសូរសុត្តនិទេ្ទស ទី៨។

ចប់ ភាគ៦៤។

 

លេខយោង

km/tipitaka/sut/kn/man/sut.kn.man.08.txt · ពេលកែចុងក្រោយ: 2023/08/18 10:19 និពន្ឋដោយ Johann