km:tipitaka:sut:kn:pat:sut.kn.pat.02.02

សច្ចកថា (ទី២)

សង្ខេប

(?)

sut kn pat 02 02 បាលី cs-km: sut.kn.pat.02.02 អដ្ឋកថា: sut.kn.pat.02.02_att PTS: ?

សច្ចកថា (ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. សច្ចកថា)

បឋមសុត្តន្តនិទ្ទេសៈ (ទី១)

(១. បឋមសុត្តន្តនិទ្ទេសោ)

បរិបុណ្ណកថានិទាន

[១៥] ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សច្ចៈ ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ពាក្យថានេះទុក្ខ ទុក្ខសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខសមុទ័យ ទុក្ខសមុទយសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធ ទុក្ខនិរោធសច្ច នុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធគាមិនីបដិបទា ទុក្ខនិរោធសច្ចនុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះឯង ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត។

[១៦] ទុក្ខ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃទុក្ខ របស់ទុក្ខ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ នេះអត្ថនៃទុក្ខ របស់ទុក្ខ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត ទុក្ខឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃសមុទ័យ របស់សមុទ័យ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មាន ៤ យ៉ាង គឺ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ នេះអត្ថនៃសមុទ័យរបស់សមុទ័យ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃនិរោធ របស់និរោធ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ និរោធ មានអត្ថថារលាស់ខ្លួនចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ នេះអត្ថនៃនិរោធ របស់និរោធ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃមគ្គរបស់មគ្គ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ មគ្គ មានអត្ថថានាំចេញ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ នេះអត្ថនៃមគ្គរបស់មគ្គ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។

[១៧] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៤ យ៉ាង គឺ ដោយអត្ថថាជារបស់ពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ នេះសច្ចៈ ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានសភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹង តែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអាការ ៤ យ៉ាង គឺទុក្ខ មានអត្ថថាលំបាក ជាអត្ថថាមិនមែនខ្លួន ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាមិនមែនខ្លួន ១ និរោធ មានអត្ថថារលត់ ជាអត្ថថាមិនមែនខ្លួន ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាមិនមែនខ្លួន ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចមេ្តច។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាទៀង ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាទៀង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាទៀង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាទៀង ១ នេះ សច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថាជាដែនកើត ជា អត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្គ្រោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្គ្រោះយក តែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈមានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

[១៨] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ វត្ថុណា មិនទៀង វត្ថុនោះជាទុក្ខ វត្ថុណា មិនទៀងផង ជាទុក្ខផង វត្ថុនោះ មិនមែនរបស់ខ្លួន វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង វត្ថុនោះពិត វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង ពិតផង វត្ថុនោះទៀង វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង ពិតផង ទៀងផង វត្ថុនោះលោកសង្រ្គោះយកតែមួយ វត្ថុណា ដែលលោកសង្រ្គោះយកតែមួយ វត្ថុនោះ ឈ្មោះថាមានភាពតែមួយ បុគ្គល រមែងត្រាស់ដឹងនូវវត្ថុមានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៩ គឺ ដោយអត្ថថាពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថ ថាកំណត់ដឹង ១ ដោយអត្ថថាលះ ១ ដោយអត្ថថាចម្រើន ១ ដោយអត្ថថាធ្វើឲ្យជាក់ ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។

[១៩] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាពិត ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាពិត ១ បហានៈ មានអត្ថថាលះ ជាអត្ថថាពិត ១ ភាវនា មានអត្ថថាចម្រើន ជាអត្ថថាពិត ១ សច្ឆិកិរិយា មានអត្ថថាធ្វើឲ្យជាក់ច្បាស់ ជាអត្ថថាពិត ១ នេះសច្ចៈ ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអត្ថថាទៀង ដោយអត្ថថាត្រាស់ដឹង តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាត្រាស់ដឹង ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាត្រាស់ដឹង ១ បហានៈ មានអត្ថថាលះ ជាអត្ថថាត្រាស់ដឹង ១ ភាវនា ជាអត្ថថាចម្រើន ជាអត្ថថាត្រាស់ដឹង ១ សច្ឆិកិរិយា មានអត្ថថាធ្វើឲ្យជាក់ច្បាស់ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

[២០] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ១២ គឺដោយអត្ថថាទៀង ១ ដោយអត្ថថាមិនមែនរបស់ខ្លួន ១ ដោយអត្ថថាពិត ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថថាកំណត់ដឹង ១ ដោយអត្ថថាជាធម្មតា ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាដឹង ១ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាពាល់ត្រូវ ១ ដោយអត្ថថាយល់ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ១២ សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គល រមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថាទៀង សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាទៀង និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំ តាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាទៀង មគ្គ មានអត្ថថាស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ អត្ថថាឃើញ ១ មានអត្ថថាអធិបតី ១ ជាអត្ថថាទៀង នេះ សច្ចៈទាំង ៤ ដោយអត្ថថាទៀង ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះសច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។

សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនរបស់ខ្លួន។បេ។ ដោយអត្ថថាពិត ដោយអត្ថថាត្រាស់ដឹង ដោយអត្ថថាដឹងច្បាស់ ដោយអត្ថថាកំណត់ដឹង ដោយ អត្ថថាជាធម្មតា ដោយអត្ថថាទៀង ដោយអត្ថថាដឹង ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាពាល់ត្រូវ ដោយអត្ថថាយល់ច្បាស់ តើដូចម្តេច។ សច្ចៈទាំង ៤ ជាទី ត្រាស់ដឹងតែមួយ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថា បៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថាយល់ច្បាស់ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាយល់ច្បាស់ និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យ ប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាយល់ច្បាស់ មគ្គ មានអត្ថថា ស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ ជាអត្ថថាយល់ច្បាស់ នេះសច្ចៈទាំង ៤ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណាដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈ ទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។

[២១] លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ២ គឺ សង្ខតលក្ខណៈ ១ អសង្ខតលក្ខណៈ ១ នេះលក្ខណៈ ២ របស់សច្ចៈ។

លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ៦ គឺ សច្ចៈ ទាំងឡាយជាសង្ខតៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ សច្ចៈទាំង ឡាយដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ សច្ចៈជាអសង្ខតៈ មានការកើតឡើង មិនប្រាកដ ១ មានការសូន្យមិនប្រាកដ ១ សច្ចៈដែលឋិតនៅ មានការប្រែប្រួលមិន ប្រាកដ ១ នេះលក្ខណៈ ៦ របស់សច្ចៈ។

លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ១២ គឺ ទុក្ខសច្ចៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ ទុក្ខសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ សមុទ័យសច្ច មានការកើតឡើងប្រាកដ ១ មានការ សូន្យប្រាកដ ១ សមុទ័យសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ មគ្គសច្ច មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ និរោធសច្ច មានការកើតឡើងមិនប្រាកដ ១ មានការសូន្យ មិនប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលមិនប្រាកដ ១ នេះលក្ខណៈ ១២ របស់សច្ចៈ។

[២២] បណ្តាសច្ចៈទាំង ៤ សច្ចៈជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ សមុទ័យសច្ចជាអកុសល មគ្គសច្ចជាកុសល និរោធសច្ចជាអព្យាក្រឹត ទុក្ខសច្ចជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ។

សំនួរត្រង់ពាក្យថា ក៏មាន តើមានដូចមេ្តច។ ចម្លើយថា ត្រង់ថា ទុក្ខសច្ចជាអកុសល សមុទយសច្ចជាអកុសល យ៉ាងនេះ ឈ្មោះថា សច្ចៈ ២ ដោយអត្ថថា អកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាកុសល មគ្គសច្ចជាកុសល យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយលោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាអព្យាក្រឹត និរោធសច្ចៈជាអព្យាក្រឹត យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាអព្យាក្រឹត លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្គ្រោះដោយសច្ចៈពីរ សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ ក៏មាន យ៉ាងនេះឯង។

(ទុតិយសុត្តន្តបាឡិ ទី២)

(២. ទុតិយសុត្តន្តបាឡិ)

[២៣] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង មុនអំពីការត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះថា រូប មានអានិសង្សដូចម្តេច មានទោសដូចមេ្តច មានការរលាស់ចេញដូចម្តេច វេទនា មានអានិសង្សដូចមេ្តច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សញ្ញា មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សង្ខារទាំងឡាយ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វិញ្ញាណ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូប សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះ ជាអានិសង្សរបស់វិញ្ញាណ វិញ្ញាណ មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះ ជាការរលាស់ចេញនូវវិញ្ញាណ។

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ ចេញផង របស់ឧបាទានក្ខន្ធទាំង ៥ នេះ យ៉ាងនេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ដរាបនោះ តថាគតក៏មិនទាន់ប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណ ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា តថាគត បានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ៥ នេះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលណោះ តថាគតទើបប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មួយទៀត ញាណជាគ្រឿងឃើញ កើតហើយដល់តថាគតថា ចេតោវិមុត្តិរបស់តថាគត មិនកម្រើកទេ នេះជាជាតិទីបំផុត ឥឡូវនេះ ភពថ្មី មិនមានឡើយ។

(ទុតិយសុត្តន្តនិទ្ទេសៈ ទី៣)

(៣. ទុតិយសុត្តន្តនិទ្ទេសោ)

[២៥] ការត្រាស់ដឹង ដោយអំណាចនៃការលះថា សុខ សោមនស្ស កើតឡើង ព្រោះអាស្រ័យរូប នេះ ជាអានិសង្សរបស់រូប ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹង ដោយអំណាចនៃការកំណត់ដឹងថា រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់រូប ដូច្នេះ ឈ្មោះថា ទុក្ខសច្ច ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូបដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈទាំង ៣ នេះ ឈ្មោះថាមគ្គសច្ច ការត្រាស់ដឹងដោយអំណាច នៃការលះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្សរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹងដោយអំណាចនៃការកំណត់ដឹងថា វិញ្ញាណ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាទុក្ខសច្ច ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញនូវវិញ្ញាណ ដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈ ៣ នេះ ឈ្មោះថាមគ្គសច្ច។

[២៦] សច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈដោយអាការ ៣ យ៉ាង គឺ ដោយអត្ថថាស្វែងរក ១ ដោយអត្ថថាចំណាំទុក ១ ដោយអត្ថថាត្រាស់ដឹង ១។

សច្ចៈ ដោយអត្ថថាស្វែងរក តើដូចម្តេច។ ជរាមរណៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជរាមរណៈ មានជាតិជាហេតុ មានជាតិជាទីប្រជុំកើត មានជាតិជាកំណើត មានជាតិជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គល ដឹងច្បាស់នូវជរាមរណៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃជរាមរណៈផង ដឹងច្បាស់នូវការរលត់នៃជរាមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃជរាមរណៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ជាតិ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជាតិ មានភពជាហេតុ មានភពជាទីប្រជុំកើត មានភពជាកំណើត មានភពជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយ អត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវទីប្រជុំកើតនៃជាតិផង ដឹងច្បាស់នូវការរលត់នៃជាតិផង ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ការរលត់នៃ ជាតិផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ភព មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ភពមានឧបាទានជាហេតុ មានឧបាទាន ជាទីប្រជុំកើត មានឧបាទានជាកំណើត មានឧបាទានជាដែនកើត យ៉ាងនេះ ឈ្មោះថា សច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវភពផង ដឹងច្បាស់នូវទីប្រជុំកើតនៃ ភពផង ដឹងច្បាស់នូវការរលត់នៃភពផង ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ការ រលត់នៃភពផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ឧបាទាន មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែន កើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ឧបាទាន មានតណ្ហាជាហេតុ មានតណ្ហាជាទីប្រជុំកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវឧបាទានផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃឧបាទានផង ដឹងច្បាស់នូវការរលត់នៃឧបាទានផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃឧបាទានផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

តណ្ហា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក តណ្ហា មានវេទនាជាហេតុ មានវេទនា ជាទីប្រជុំកើត មានវេទនាជាកំណើត មានវេទនាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវតណ្ហាផង ដឹងច្បាស់នូវទីប្រជុំកើតនៃ តណ្ហាផង ដឹងច្បាស់នូវការរលត់នៃតណ្ហាផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ កាន់ការរលត់នៃតណ្ហាផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

វេទនា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វេទនា មានផស្សៈជាហេតុ មានផស្សៈជាទីប្រជុំកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវវេទនាផង ដឹងច្បាស់នូវទីប្រជុំ កើតនៃវេទនាផង ដឹងច្បាស់នូវការរលត់នៃវេទនាផង ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់ការរលត់នៃវេទនាផង យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

ផស្សៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈជាទីប្រជុំកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវផស្សៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃផស្សៈផង ដឹងច្បាស់នូវការរលត់ នៃផស្សៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃផស្សៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

សឡាយតនៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សឡាយតនៈ មាននាមរូប ជាហេតុ មាននាមរូបជាទីប្រជុំកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវសឡាយតនៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃសឡាយតនៈផង ដឹងច្បាស់នូវការរលត់នៃសឡាយតនៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃសឡាយតនៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។

នាមរូប មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណជាទីប្រជុំកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវទីប្រជុំកើតនៃនាមរូបផង ដឹងច្បាស់នូវការរលត់នៃនាមរូបផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃនាមរូបផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

វិញ្ញាណ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារជាទីប្រជុំកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវវិញ្ញាណផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃវិញ្ញាណផង ដឹងច្បាស់នូវការរលត់នៃវិញ្ញាណផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃវិញ្ញាណផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

សង្ខារ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សង្ខារ មានអវិជ្ជាជាហេតុ មានអវិជ្ជាជាទីប្រជុំកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត យ៉ាងនេះ ឈ្មោះ ថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវទីប្រជុំកើតនៃសង្ខារផង ដឹងច្បាស់នូវការរលត់នៃសង្ខារផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃសង្ខារផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។

[២៧] ជរាមរណៈ ជាទុក្ខសច្ច ជាតិជាសមុទយសច្ច ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ចៈ ជាតិជាទុក្ខសច្ច ភពជាសមុទយសច្ច ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ភពជាទុក្ខសច្ច ឧបាទានជាសមុទយសច្ច ការរលាស់ចេញនូវភព និងឧបាទានទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ឧបាទានជាទុក្ខសច្ច តណ្ហាជាសមុទយសច្ច ការរលាស់ចេញនូវឧបាទាន និងតណ្ហាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច តណ្ហាជាទុក្ខសច្ច វេទនាជាសមុទយសច្ច ការរលាស់ចេញនូវតណ្ហា និងវេទនាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វេទនាជាទុក្ខសច្ច ផស្សៈជាសមុទយសច្ច ការរលាស់ចេញនូវវេទនា និងផស្សៈទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ផស្សៈជាទុក្ខសច្ច សឡាយតនៈជាសមុទយសច្ច ការរលាស់ចេញនូវផស្សៈ និងសឡាយតនៈទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សឡាយតនៈជាទុក្ខសច្ច នាមរូបជាសមុទយសច្ច ការរលាស់ចេញនូវសឡាយតនៈ និងនាមរូបទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច នាមរូបជាទុក្ខសច្ច វិញ្ញាណជាសមុទយសច្ច ការរលាស់ចេញនូវនាមរូប និងវិញ្ញាណទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វិញ្ញាណជាទុក្ខសច្ច សង្ខារជាសមុទយសច្ច ការរលាស់ចេញនូវវិញ្ញាណ និងសង្ខារទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សង្ខារទាំងឡាយជាទុក្ខសច្ច អវិជ្ជាជាសមុទយសច្ច ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។ ជរាមរណៈ ជាទុក្ខសច្ច ជាតិជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ជាតិជាទុក្ខសច្ច ភពជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។បេ។ សង្ខារទាំងឡាយ ជាទុក្ខសច្ច អវិជ្ជាជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។

ចប់ សច្ចកថា។ ចប់ ភាណវារៈ។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.02.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann