km:tipitaka:sut:kn:pat:sut.kn.pat.03.02

(ឥទ្ធិកថា ទី២)

សង្ខេប

អំពី​ឫទ្ធិ។

sut kn pat 03 02 បាលី cs-km: sut.kn.pat.03.02 អដ្ឋកថា: sut.kn.pat.03.02_att PTS: ?

(ឥទ្ធិកថា ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ឥទ្ធិកថា)

(ឥទ្ធិកថា)

(២. ឥទ្ធិកថា)

[១៥០] ឫទ្ធិ ប្រែថាដូចម្តេច ឫទ្ធិ មានប៉ុន្មាន ឫទ្ធិ មានភូមិប៉ុន្មាន មានបាទប៉ុន្មាន មានបទប៉ុន្មាន មានមូលប៉ុន្មាន។

ត្រង់សំនួរថា ឫទ្ធិ ប្រែថាដូចម្តេច ចម្លើយថា ឫទ្ធិ ប្រែថាការសម្រេច។ ត្រង់សំនួរថា ឫទ្ធិ មានប៉ុន្មាន ចម្លើយថា ឫទ្ធិ មាន ១០។ ឫទ្ធិ មានភូមិ ៤ មានបាទ ៤ មានបទ ៨ មានមូល ១៦។

[១៥១] ឫទ្ធិ ១០ តើដូចម្តេច។ ឫទ្ធិ គឺការអធិដ្ឋាន (អធិដ្ឋានឥទ្ធិ) ១ ឫទ្ធិ គឺការធ្វើឲ្យប្លែក (វិកុព្វនឥទ្ធិ) ១ ឫទ្ធិ សម្រេចអំពីចិត្ត (មនោមយឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃញាណ (ញាណវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ (សមាធិវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ (អរិយឥទ្ធិ) ១ ឫទ្ធិ កើតអំពីផលកម្ម (កម្មវិបាកជឥទ្ធិ) ១ ឫទ្ធិរបស់បុគ្គលអ្នកមានបុណ្យ (បុញ្ញវន្តឥទ្ធិ) ១ ឫទ្ធិសម្រេចអំពីវិជ្ជា (វិជ្ជាមយឥទ្ធិ) ១ ឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះបច្ច័យនៃការប្រកបត្រូវក្នុងកិច្ចនោះ ៗ (ឥជ្ឈនដ្ឋឥទ្ធិ) ១។

[១៥២] ឫទ្ធិមានភូមិ ៤ តើដូចម្តេច។ ភូមិជាទីកើតនៃវិវេក គឺបឋមជ្ឈាន ១ ភូមិជាទីកើតនៃបីតិ និងសុខៈ គឺទុតិយជ្ឈាន ១ ភូមិជាទីកើតនៃឧបេក្ខា និងសុខៈ គឺ តតិយជ្ឈាន ១ ភូមិជាទីកើតនៃវេទនាមិនទុក្ខមិនសុខ គឺចតុត្ថជ្ឈាន ១ នេះឯងភូមិទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៣] ឫទ្ធិ មានបាទ ៤ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ នេះឯងបាទទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៤] ឫទ្ធិ មានបទ ៨ តើដូចម្តេច។ បើភិក្ខុអាស្រ័យនូវឆន្ទៈ ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ឆន្ទៈមិនមែនសមាធិ សមាធិមិនមែនឆន្ទៈ ឆន្ទៈដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីរិយៈ ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីរិយៈ មិនមែនសមាធិ សមាធិមិនមែនវីរិយៈ វីរិយៈដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យចិត្ត ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ចិត្តមិនមែនសមាធិ សមាធិមិនមែនចិត្ត ចិត្តដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីមំសា ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីមំសាមិនមែនសមាធិ សមាធិមិនមែនវីមំសា វីមំសាដោយឡែក សមាធិដោយឡែក ១ នេះឯង បទ ៨ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៥] ឫទ្ធិ មានមូល ១៦ តើដូចម្តេច។ ចិត្តដែលមិនទ្រោម រមែងមិនញាប់ញ័រ ក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនប៉ោងឡើង រមែងមិនញាប់ញ័រក្នុងសេចក្តីរវើយរវាយ ហេតុនោះឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនទន់ទោរ រមែងមិនញាប់ញ័រក្នុងរាគៈ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនបង្អោន រមែងមិនញាប់ញ័រក្នុងព្យាបាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនអាស្រ័យ រមែងមិនញាប់ញ័រក្នុងទិដ្ឋិ ហេតុនោះ ឈ្មោះថាថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនជាប់ជំពាក់ រមែងមិនញាប់ញ័រក្នុងឆន្ទរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលផុតស្រឡះ រមែងមិនញាប់ញ័រក្នុងកាមរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានគ្រឿងប្រកប រមែងមិនញាប់ញ័រក្នុងកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានភ្លឺគឺកិលេស រមែងមិនញាប់ញ័រក្នុងភ្លឺគឺកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានអារម្មណ៍តែមួយ រមែងមិនញាប់ញ័រ ក្នុងកិលេសមានសភាពផ្សេង ៗ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសទ្ធាថែរក្សា រមែងមិនញាប់ញ័រក្នុងវត្ថុមិនគួរជឿ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានវីរិយៈថែរក្សា រមែងមិនញាប់ញ័រក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសតិថែរក្សា រមែងមិនញាប់ញ័រក្នុងប្រមាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសមាធិថែរក្សា រមែងមិនញាប់ញ័រ ក្នុងសេចក្តីរាយមាយ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានបញ្ញាថែរក្សា រមែងមិនញាប់ញ័រក្នុងអវិជ្ជា ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលភ្លឺស្វាង រមែងមិនញាប់ញ័រក្នុងងងឹតគឺអវិជ្ជា ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ នេះមូល ១៦ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីធ្វើឲ្យប្លែកនូវឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ជំនាញក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

(ទសឥទ្ធិនិទ្ទេសៈ ទិ១)

(ទសឥទ្ធិនិទ្ទេសោ)

[១៥៦] ឫទ្ធិ គឺការអធិដ្ឋាន តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ តាក់តែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ទំលុះ) ទៅកាន់ទីវាល ទីខាងក្រៅ ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ ឥតមានទើសទាក់ ដូចគេដើរក្នុងអាកាសក៏បាន ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេដើរលើផែនដីក៏បាន ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិក៏បាន យកដៃស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន។

ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងចំណង់នេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងសេចក្តីពេញចិត្តនេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃសាស្តានេះ ហេតុនោះ លោកពោលថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខៈក្តី ជាព្រះអរហន្តមានធម៌មិនកម្រើកក្តី។

ពាក្យថា តាក់តែងនូវឫទ្ធិ បានច្រើនប្រការ គឺតាក់តែងនូវឫទ្ធិមានប្រការផ្សេង ៗ។

ត្រង់ពាក្យថា មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ គឺភិក្ខុតែមួយរូបទេដោយប្រក្រតី តែនឹកចង់ឲ្យបានច្រើនរូប គឺនឹកចង់ឲ្យទៅជាមួយរយរូបក្តី មួយពាន់រូបក្តី មួយម៉ឺនរូបក្តី លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបច្រើន ក៏បានរូបច្រើន ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យបានច្រើនរូប ឯភិក្ខុដែលមានឫទ្ធិដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យទៅជាច្រើនរូបបាន យ៉ាងនោះឯង។

ត្រង់ពាក្យថា មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញ គឺភិក្ខុច្រើនរូបដោយប្រក្រតី តែនឹកចង់ឲ្យទៅជាម្នាក់វិញ លុះនឹកចង់ហើយក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបតែមួយវិញ ក៏បានរូបតែមួយ ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញ ឯភិក្ខុដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញបាន យ៉ាងនោះឯង។

ពាក្យថា ទីវាល បានដល់ទីដែលវត្ថុអ្វីមួយមិនរាំង មិនបិទបាំងជាទីវាល។

ពាក្យថា ទីខាងក្រៅ បានដល់ទីដែលមានវត្ថុអ្វីមួយ រាំងបាំងបិទ គ្រប។

ពាក្យថា ដើរ (ទំលុះ) ទៅកាន់ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ មិនទើសទាក់ ដូចគេដើរក្នុងអាកាស គឺភិក្ខុអ្នកបាននូវសមាបត្តិ មានអាកាសកសិណជាអារម្មណ៍ ដោយប្រក្រតី តែងនឹកចង់ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ លុះនឹងចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យប្រទេសនុ៎ះ ទៅជាអាកាស ទីនោះក៏បានទៅជាអាកាស ភិក្ខុនោះ ក៏ដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចពួកមនុស្សដែលមិនមានឫទ្ធិ ដោយប្រក្រតី កាលដើរទៅមិនជាប់ជំពាក់ ក្នុងទីដែលមិនមានវត្ថុអ្វីមួយរាំងបិទបាំងឡើយ ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចគេដើរទៅក្នុងអាកាស យ៉ាងនោះឯង។

ពាក្យថា ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹក គឺភិក្ខុដែលបាននូវសមាបត្តិ មានអាបោកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងដី លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ផែនដីត្រង់ទីនេះ) ទៅជាទឹក ទីនោះក៏បានទៅជាទឹក ភិក្ខុនោះ ក៏ធ្វើនូវការងើបមុជក្នុងផែនដី ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ធ្វើនូវការងើបមុជក្នុងទឹក ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកបាន យ៉ាងនោះឯង។

ពាក្យថា ដើរលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី គឺភិក្ខុបាននូវសមាបត្តិ មានបឋវីកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរលើទឹក លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ទឹកត្រង់ទីនេះ) ទៅជាផែនដី ដូច្នេះ ទឹកក៏ទៅជាផែនដី ភិក្ខុនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចពួកមនុស្សមិនមានឫទ្ធិដោយប្រក្រតី ដើរលើផែនដីមិនបែកធ្លាយ យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី យ៉ាងនោះឯង។

ពាក្យថា ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិ គឺភិក្ខុដែលបាននូវសមាបត្តិ មានបឋវីកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងអាកាស លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាកាសទៅជាផែនដី ដូច្នេះ អាកាសក៏ទៅជាផែនដី ភិក្ខុនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាសទទេបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី លើផែនដី យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាសទទេ ដូចបក្សីសកុណជាតិ យ៉ាងនោះឯង។

ពាក្យថា យកដៃស្ទាបអង្អែលនូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គឺភិក្ខុដែលមានឫទ្ធិក្នុងសាសនានេះ ដែលបានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង នឹកចង់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ព្រះចន្រ្ទ ឬព្រះអាទិត្យ) មកនៅក្នុងហត្ថបាស (ព្រះចន្រ្ទ ឬព្រះអាទិត្យ) ក៏បានមកនៅក្នុងហត្ថបាស ភិក្ខុនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ពាល់ស្ទាបអង្អែលនូវវត្ថុអ្វីនីមួយ ជារបស់មានរូបតាំងនៅក្នុងហត្ថបាស យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ យ៉ាងនោះឯង។

ពាក្យថា ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោក គឺបើភិក្ខុមានឫទ្ធិ ដែលបានសម្រេចហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ក៏អធិដ្ឋាន (នូវវត្ថុ) ក្នុងទីឆ្ងាយ ឲ្យមកក្នុងទីជិតថា សូមឲ្យ (វត្ថុនោះ) មកតាំងនៅក្នុងទីជិត (វត្ថុនោះ) ក៏មកតាំងនៅក្នុងទីជិតក៏បាន អធិដ្ឋាន (នូវវត្ថុ) ក្នុងទីជិតឲ្យទៅក្នុងទីឆ្ងាយថា សូមឲ្យ (វត្ថុនេះ) តាំងនៅក្នុងទីឆ្ងាយ (វត្ថុនោះ) ក៏តាំងនៅក្នុងទីឆ្ងាយក៏បាន អធិដ្ឋាននូវវត្ថុច្រើន ឲ្យទៅជាវត្ថុតិចថា សូមឲ្យវត្ថុនេះមានចំនួនតិច វត្ថុនោះក៏ទៅជាតិចក៏បាន អធិដ្ឋាននូវវត្ថុតិចឲ្យទៅជាវត្ថុច្រើនថា សូមឲ្យវត្ថុនេះទៅជាវត្ថុច្រើន វត្ថុនោះក៏ទៅជាច្រើនក៏បាន (ភិក្ខុនោះ) ឃើញច្បាស់នូវរូបនៃព្រហ្មនោះ ដោយចក្ខុដូចជាទិព្យ ឮសំឡេងនៃព្រហ្មនោះ ដោយសោតធាតុដូចជាទិព្យ ដឹងច្បាស់នូវចិត្តនៃព្រហ្មនោះ ដោយញាណជាគ្រឿងកំណត់នូវចិត្ត បើភិក្ខុមានឫទ្ធិ ដែលបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដ ក៏បង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្ត ដោយអំណាចនៃកាយ លុះបង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្តដោយអំណាចនៃកាយហើយ ទើបចុះទៅកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដបាន បើភិក្ខុមានឫទ្ធិបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកមានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោកដោយកាយមិនប្រាកដ ក៏បង្អោនកាយទៅ ដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្ត លុះបង្អោនកាយទៅដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្តហើយ ទើបចុះកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយមិនប្រាកដ ភិក្ខុនោះ និមិ្មតរូបខ្លួនដែលសម្រេចអំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោកទាបនៅខាងមុននៃព្រហ្មនោះ បើភិក្ខុមានឫទ្ធិនោះចង្រ្កម រូបនិម្មិតក៏ចង្រ្កមក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឈរ រូបនិម្មិតក៏ឈរក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះអង្គុយ រូបនិម្មិតនោះក៏អង្គុយក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសិង រូបនិម្មិតក៏សិងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះបញ្ចេញផ្សែង រូបនិម្មិតក៏បញ្ចេញផ្សែងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឆេះទៅជាភ្លើង រូបនិម្មិតក៏ឆេះទៅជាភ្លើងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសំដែងធម៌ រូបនិម្មិតក៏សំដែងធម៌ក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសួរនូវប្រស្នា រូបនិម្មិតក៏សួរនូវប្រស្នាក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយ រូបនិម្មិតនោះក៏ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ កំពុងឈរចរចា ធ្វើសាកច្ឆាជាមួយព្រហ្មនោះ រូបនិម្មិតក៏ឈរចរចាធ្វើសាកច្ឆាជាមួយនឹងព្រហ្មនោះ ក្នុងទីនោះដែរ ភិក្ខុមានឫទ្ធិនោះ ធ្វើនូវការណាបាន រូបនិម្មិតក៏ធ្វើនូវការនោះបានដែរ នេះឫទ្ធិ គឺការអធិដ្ឋាន ដូចសេចក្តីដែលពោលមកនេះឯង។

[១៥៧] ឫទ្ធិ គឺការធ្វើឲ្យប្លែក តើដូចម្តេច។ ភិក្ខុនាម អភិភូ ជាសាវ័ករបស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះមានសិខី លោកឋិតនៅឰដ៏ព្រហ្មលោក អាចញុំាងលោកធាតុទាំងមួយពាន់ឲ្យដឹងច្បាស់ដោយសំឡេងបាន ព្រះអភិភូនោះ មានកាយប្រាកដ សំដែងធម៌ក៏បាន មានកាយមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមមិនប្រាកដ សំដែងធម៌ក៏បាន ព្រះអភិភូនោះ លះបង់ភេទជាប្រក្រតី ហើយសំដែងភេទជាកុមារខ្លះ សំដែងភេទជានាគខ្លះ សំដែងភេទជាគ្រុឌខ្លះ សំដែងភេទជាយក្ខខ្លះ សំដែងភេទជាអសុរខ្លះ សំដែងភេទជាព្រះឥន្រ្ទខ្លះ សំដែងភេទជាទេញ្តខ្លះ សំដែងភេទជាព្រហ្មខ្លះ សំដែងភេទជាសមុទ្រខ្លះ សំដែងភេទជាភ្នំខ្លះ សំដែងភេទជាព្រៃខ្លះ សំដែងភេទជាសីហៈខ្លះ សំដែងភេទជាខ្លាធំខ្លះ សំដែងភេទជាខ្លាដំបងខ្លះ សំដែងភេទជាដំរីខ្លះ សំដែងភេទជាសេះខ្លះ សំដែងភេទជារថខ្លះ សំដែងភេទជាពលថ្មើរជើងខ្លះ សំដែងភេទជាកងទាហានប្លែក ៗ គ្នាខ្លះ នេះ ឫទ្ធិ គឺការធ្វើឲ្យប្លែក។

[១៥៨] ឫទ្ធិសម្រេចអំពីចិត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ និម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ប្រៀបដូចបុរសដកចេញនូវបណ្តូលអំពីស្មៅយាប្លង បុរសនោះ មានសេចក្តីដឹងយ៉ាងនេះថា នេះឯងស្មៅយាប្លង នេះបណ្តូល ឯស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក បណ្តូលគេដកចេញមកអំពីស្មៅយាប្លងហ្នឹងឯង មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះដាវ នេះស្រោម ឯដាវដោយឡែក ស្រោមដោយឡែក ដាវគេហូតចេញមកអំពីស្រោមហ្នឹងឯង ពុំនោះសោត ប្រៀបដូចបុរសទាញយកពស់ចេញអំពីត្រក បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះពស់ នេះត្រក ឯពស់ដោយឡែក ត្រកដោយឡែក ពស់គេទាញចេញមកអំពីត្រកហ្នឹងឯង យ៉ាងណាមិញ ភិក្ខុនិម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ក៏យ៉ាងនោះដែរ នេះ ឫទ្ធិសម្រេចអំពីចិត្ត។

[១៥៩] ឫទ្ធិ គឺការផ្សាយចេញនៃញាណ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាទៀង ដោយការពិចារណាឃើញថាមិនទៀង ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាជាសុខ ដោយការពិចារណាឃើញថាជាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួន ដោយការពិចារណាឃើញថាមិនមែនខ្លួន នូវសេចក្តីត្រេកត្រអាល ដោយការពិចារណាឃើញថាជាសេចក្តីនឿយណាយ នូវតម្រេក ដោយការពិចារណាឃើញនូវវិរាគធម៌ នូវហេតុជាទីកើត ដោយការពិចារណាឃើញនូវការរំលត់ នូវសេចក្តីប្រកាន់ ដោយការពិចារណាឃើញនូវការលះបង់ (ដូចជា) ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះពក្កុលៈមានអាយុ ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះសំកិច្ចៈមានអាយុ និងឫទ្ធិគឺការផ្សាយចេញនៃញាណ របស់ព្រះភូតបាលមានអាយុ នេះឫទ្ធិ គឺការផ្សាយចេញនៃញាណ។

[១៦០] ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវនីវរណៈដោយបឋមជ្ឈាន ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ព្រោះសម្រេចអត្ថនៃការលះបង់នូវបីតិ ដោយតតិយជ្ឈាន។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវរូបសញ្ញា នូវបដិឃសញ្ញា នូវនានត្តសញ្ញា ដោយ អាកាសានញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថ នៃការលះបង់នូវវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ។បេ។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ (ដូចជា) ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសារីបុត្តមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសញ្ជីវៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះខាណុកោណ្ឌញ្ញៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ឧបាសិកាឈ្មោះឧត្តរា ឫទ្ធិគឺការផ្សាយចេញនៃសមាធិរបស់ឧបាសិកាឈ្មោះសមាវតី នេះឫទ្ធិ គឺការផ្សាយចេញនៃសមាធិ។

[១៦១] ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម លោកក៏ជាអ្នកសំគាល់ថាមិនគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម លោកក៏ជាអ្នកសំគាល់ថាគួរខ្ពើម ក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើមក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង លោកក៏ជាអ្នកសំគាល់ថាមិនគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាគួរខ្ពើមក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង លោកក៏ជាអ្នកសំគាល់ថាគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរបង់នូវបទទាំង ២ នោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន ប្រកបដោយឧបេក្ខា លោកក៏ជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខាក្នុងរបស់នោះ។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថា អ្នកមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងវត្ថុគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុផ្សាយចិត្ត ថាជាអសុភ ឬពិចារណាថា ជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នាផង ក្នុងវត្ថុជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយចិត្តថាជាអសុភ ឬពិចារណាថាជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នាផង ក្នុងវត្ថុមិនជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង។

ភិក្ខុអ្នកវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវនូវផោដ្ឋញ្វអារម្មណ៍ដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា យ៉ាងនេះ ឈ្មោះថាភិក្ខុវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា នេះ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់។

[១៦២] ឫទ្ធិកើតអំពីផលកម្ម តើដូចម្តេច។ ឫទ្ធិរបស់សត្វស្លាបទាំងអស់ របស់ទេវតាទាំងអស់ របស់ពួកមនុស្សខ្លះ របស់សត្វជាវិនិបាតិកៈកំណើតពួកខ្លះ នេះ ឫទ្ធិកើតអំពីផលកម្ម។

[១៦៣] ឫទ្ធិរបស់បុគ្គលមានបុណ្យ តើដូចម្តេច។ ព្រះរាជាចក្រពត្តិ ទ្រង់សេ្តចទៅកាន់អាកាសបាន មួយអន្លើដោយសេនាប្រកបដោយអង្គ ៤ ដោយហោចទៅ រាប់តាំងអំពីបុរសអ្នកចង និងអ្នករក្សាសេះ ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជោតិយគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជដិលគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះមេណ្ឌកគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះឃោសិតគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យធំទាំង ៥ នាក់ ឈ្មោះថាអ្នកមានបុណ្យ នេះ ឫទ្ធិរបស់បុគ្គលមានបុណ្យ។

[១៦៤] ឫទ្ធិសម្រេចដោយវិជ្ជា តើដូចម្តេច។ ពួកវិជ្ជាធរ រាយ (ឬជប់) នូវវិជ្ជា ហោះទៅកាន់អាកាសទទេ តំណែងខ្លួនជាដំរីខ្លះ តំណែងខ្លួនជាសេះខ្លះ តំណែងខ្លួនជារថខ្លះ តំណែងខ្លួនជាពលថ្មើរជើងខ្លះ តំណែងខ្លួនជាកងទាហានផ្សេង ៗ ខ្លះ នេះ ឫទ្ធិសម្រេចដោយវិជ្ជា។

[១៦៥] ឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ តើដូចម្តេច។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវព្យាបាទ ដោយអព្យាបាទ។បេ។ នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា។បេ។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះ ៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកិលេសទាំងពួង យ៉ាងនេះឯង ឈ្មោះថាឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ នេះ ឫទ្ធិទាំង ១០។

ចប់ ឥទ្ធិកថា។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.03.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann