km:tipitaka:sut:kn:pat:sut.kn.pat.03.03

អភិសមយកថា (ទី៣)

សង្ខេប

(?)

sut kn pat 03 03 បាលី cs-km: sut.kn.pat.03.03 អដ្ឋកថា: sut.kn.pat.03.03_att PTS: ?

អភិសមយកថា (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. អភិសមយកថា)

[១៦៦] សំនួរត្រង់ ពាក្យថា ការត្រាស់ដឹង តើបុគ្គលត្រាស់ដឹង ដោយធម្មជាតអ្វី។ បុគ្គលត្រាស់ដឹងដោយចិត្ត។ បើបុគ្គលត្រាស់ដឹងដោយចិត្ត ដូច្នោះ បុគ្គលមិនមានញាណក៏ត្រាស់ដឹង។ បុគ្គលមិនមានញាណមិនត្រាស់ដឹងទេ ត្រាស់ដឹងតែដោយញាណ។ បើបុគ្គលត្រាស់ដឹងដោយញាណ ដូច្នោះ បុគ្គលមិនមានចិត្ត ក៏ត្រាស់ដឹង។ បុគ្គលមិនមានចិត្តមិនត្រាស់ដឹងទេ ត្រាស់ដឹងដោយចិត្តផង ដោយញាណផង។ បើបុគ្គលត្រាស់ដឹងដោយចិត្តផង ដោយញាណផង ដូច្នោះបុគ្គល ត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអរូបាវចរចិត្តផង ដោយញាណផង។ បុគ្គល មិនត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយកម្មស្សកតាចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៧] បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ តើដូចម្តេច។ ក្នុងខណៈនៃលោកុត្តរមគ្គ ចិត្តមានកិរិយាកើតឡើង ជាអធិបតី ជាហេតុ ជាបច្ច័យនៃញាណ ចិត្តដែលប្រកបដោយញាណនោះ មានព្រះនិញ្វនជាអារម្មណ៍ ញាណមានកិរិយាឃើញជាអធិបតី ជាហេតុ ជាបច្ច័យនៃចិត្ត ញាណដែលប្រកបដោយចិត្តនោះ មាននិរោធជាអារម្មណ៍ យ៉ាងនេះ ឈ្មោះថាបុគ្គលត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៨] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណោះទេឬ។ មិនមែនមានតែប៉ុណ្ណោះទេ ក្នុងខណៈនៃលោកុត្តរមគ្គ មានការត្រាស់ដឹងដោយការឃើញ គឺសម្មាទិដ្ឋិ មានការត្រាស់ដឹងដោយកិរិយាលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ ការត្រាស់ដឹងដោយកិរិយាកំណត់ គឺសម្មាវាចា ការត្រាស់ដឹង ដោយការខ្នះខ្នែង គឺសម្មាកម្មន្តៈ ការត្រាស់ដឹងដោយកិរិយាផូរផង់ គឺសម្មាអាជីវៈ ការត្រាស់ដឹងដោយកិរិយាផ្គងឡើង គឺសម្មាវាយាមៈ ការត្រាស់ដឹងដោយការប្រុង គឺសម្មាសតិ ការត្រាស់ដឹងដោយកិរិយាមិនរាយមាយ គឺសម្មាសមាធិ ការត្រាស់ដឹងដោយការប្រុង គឺសតិសម្ពោជ្ឈង្គ។បេ។ ការត្រាស់ដឹងដោយការពិចារណា គឺឧបេក្ខាសម្ពោជ្ឈង្គ ការត្រាស់ដឹងដោយការមិនញាប់ញ័រ ចំពោះហេតុមិនគួរជឿ គឺសទ្ធាពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីខ្ជិលច្រអូស គឺវីរិយពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីប្រហែស គឺសតិពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីរាយមាយ គឺសមាធិពលៈ ការត្រាស់ដឹងដោយកិរិយា មិនញាប់ញ័រ ចំពោះអវិជ្ជា គឺបញ្ញាពលៈ ការត្រាស់ដឹងដោយសេចក្តីជឿស៊ប់ គឺសទ្ធិន្ទ្រិយ ការត្រាស់ដឹងដោយការផ្គងឡើង គឺវីរិយិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាប្រុង គឺសតិន្ទ្រិយ ការត្រាស់ដឹងដោយការមិនរាយមាយ គឺសមាធិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាយល់ គឺបញ្ញិន្ទ្រិយ ការត្រាស់ដឹង គឺឥន្ទ្រិយ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺពលៈ ដោយអត្ថថាមិនញាប់ញ័រ ការត្រាស់ដឹងគឺពោជ្ឈង្គ ដោយអត្ថថាចេញចាកវដ្តៈ ការត្រាស់ដឹងគឺមគ្គ ដោយអត្ថថាជាហេតុ ការត្រាស់ដឹង គឺសតិប្បដ្ឋាន ដោយអត្ថថាប្រុង ការត្រាស់ដឹង គឺសម្មប្បធាន ដោយអត្ថថាតម្កល់ ការត្រាស់ដឹង គឺឥទ្ធិបាទ ដោយអត្ថថាសម្រេច ការត្រាស់ដឹងគឺសច្ចៈ ដោយអត្ថថា ទៀងទាត់ ការត្រាស់ដឹងគឺសមថៈ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹងគឺវិបស្សនា ដោយអត្ថថាពិចារណាឃើញ ការត្រាស់ដឹង គឺសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ការត្រាស់ដឹង គឺធម៌ជាប់គ្នាជាគូ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ការត្រាស់ដឹង គឺសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ការត្រាស់ដឹង គឺចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹង គឺទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ការត្រាស់ដឹង គឺអធិមោក្ខ ដោយអត្ថថារួច ការត្រាស់ដឹងគឺវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ការត្រាស់ដឹង គឺវិមុត្តិ ដោយអត្ថថាលះបង់ ការត្រាស់ដឹងគឺខយញ្ញាណ ដោយអត្ថថាកាត់ដាច់ស្រឡះ ការត្រាស់ដឹង គឺឆន្ទះ ដោយអត្ថថាជាឫស ការត្រាស់ដឹង គឺមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ការត្រាស់ដឹង គឺផស្សៈ ដោយអត្ថថាប្រមូល ការត្រាស់ដឹង គឺវេទនា ដោយអត្ថថាជាទីប្រជុំចុះ ការត្រាស់ដឹង គឺសមាធិ ដោយអត្ថថាជាប្រធាន ការត្រាស់ដឹង គឺសតិ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺបញ្ញា ដោយអត្ថថាប្រសើរជាងធម៌ទាំងនោះ ការត្រាស់ដឹង គឺវិមុត្តិ ដោយអត្ថថា ជាខ្លឹម ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

[១៦៩] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបតិ្តមគ្គ មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ មានការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹងមានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបត្តិផល មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថារម្ងាប់ ការត្រាស់ដឹងគឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹង មានតែប៉ុណ្ណេះទេឬ។ មិនមែនមានតែប៉ុណ្ណេះទេ ក្នុងខណៈនៃសកទាគាមិមគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល ក្នុងខណៈនៃអនាគាមិមគ្គ ក្នុងខណៈនៃអនាគាមិផល ក្នុងខណៈនៃអរហត្តមគ្គ ក្នុងខណៈនៃអរហត្តផល មានការត្រាស់ដឹងដោយការយល់ គឺសម្មាទិដ្ឋិ ការត្រាស់ដឹងដោយការលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថា ស្ងប់ ការត្រាស់ដឹង គឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។ ភិក្ខុនោះ តែងលះកិលេស ដែលកន្លងហើយ លះកិលេសដែលមិនទាន់មានមក លះកិលេសដែលកើតចំពោះមុខ។

[១៧០] ពាក្យថា លះកិលេសដែលកន្លងហើយ សំនួរថា បើលះកិលេសដែលកន្លងហើយ មានតែញុំាងកិលេសដែលអស់ហើយឲ្យអស់ ញុំាងកិលេសដែលរលត់ហើយឲ្យរលត់ ញុំាងកិលេសដែលសាបសូន្យហើយឲ្យសាបសូន្យ ញុំាងកិលេសដែលវិនាសហើយឲ្យវិនាស គឺថា កិលេសជាតណាកន្លងហើយ មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយទេ។

ពាក្យថា លះកិលេសដែលមិនទាន់មក សំនួរថា បើលះកិលេសដែលមិនទាន់មក មានតែ លះកិលេស ដែលមិនទាន់កើត លះកិលេសដែលមិនទាន់ដុះ លះកិលេសដែលមិនទាន់ផុសឡើង លះកិលេសដែលមិនទាន់កើតប្រាកដ គឺថា កិលេសជាតណា ដែលមិនទាន់មក មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលមិនទាន់មកទេ។

ពាក្យថា លះកិលេសដែលកើតចំពោះមុខ សំនួរថា បើលះកិលេសដែលកើតចំពោះមុខ មានតែភិក្ខុអ្នកត្រេកអរ លះរាគៈ អ្នកប្រទុស្ត លះទោសៈ អ្នកវង្វេង លះមោហៈ អ្នកប្រកួតប្រកាន់ លះមានះ អ្នកស្ទាបអង្អែល លះទិដ្ឋិ អ្នកមានចិត្តរាយមាយ លះឧទ្ធច្ចៈ អ្នកដល់នូវការមិនដាច់ស្រេច លះវិចិកិច្ឆា អ្នកមានព្យាយាម លះអនុស័យ គឺថាធម៌ខ្មៅ និងធម៌ស តែងជាប់គ្នាជាគូរប្រព្រឹត្តទៅ មគ្គភាវនា ប្រកបដោយសេចក្តីសៅហ្មង ដោយធម៌ទាំងពីរនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ។

[១៧១] បើមិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ បើដូច្នោះ មានតែ មគ្គភាវនាមិនមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមិនមាន ការលះកិលេសមិនមាន ការត្រាស់ដឹងធម៌មិនមានឬ។ មិនមែនដូច្នោះទេ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងនូវធម៌មាន ឧបមាដូចជាអ្វី ដូចជាដើមឈើចំទង់ មិនទាន់មានផ្លែ បុរសកាត់ផ្តាច់ឈើនុ៎ះត្រង់គល់ ឯអជាតផលណារបស់ឈើនោះ ដែលមិនទាន់ចេញ ក៏លែងចេញ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ពក ក៏លែងពក ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ មានឧបមាដូចម្តេចមិញ មានឧបេមេយ្យដូច ការកើតជាហេតុ ការកើតជាបច្ច័យ នៃការកើតកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនកើត ព្រោះឃើញទោសក្នុងការកើត ព្រោះតែចិត្តស្ទុះទៅក្នុងការមិនកើត បានជាកិលេសទាំងឡាយណា ដែលមានការកើតឡើងជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុស ក៏លែងផុស ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ។ ការរលត់ទុក្ខ ព្រោះការរលត់នៃហេតុ យ៉ាងនេះឯង ហេតុគឺការប្រព្រឹត្តទៅ ហេតុគឺនិមិត្ត ហេតុគឺការប្រមូលមក ឯការប្រមូលមក ជាបច្ច័យនៃការកើតនូវកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនប្រមូល ព្រោះឃើញទោសក្នុងការប្រមូល ព្រោះតែចិត្តស្ទុះទៅ ក្នុងការមិនប្រមូល បានជាកិលេសទាំងឡាយណា ដែលមានការប្រមូលជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុសឡើង ក៏លែងផុសឡើង ដែលមិនទាន់កើតប្រាកដ ក៏លែង កើតប្រាកដ។ ការរលត់ទុក្ខ ព្រោះរលត់ហេតុ យ៉ាងនេះ។ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងធម៌មាន យ៉ាងនេះឯង។

ចប់ អភិសមយកថា។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.03.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann