km:tipitaka:sut:kn:pat:sut.kn.pat.03.06

បាដិហារិយកថា (ទី៦)

សង្ខេប

បាដិហារិយ៍៖ «ការ​អស្ចារ្យ​គួរ​ស្ញែង​ដែល​កើត​អំពី​ការ​សម្ដែង​ឫទ្ធិ​របស់​ឧត្តរិមនុស្ស មាន​ព្រះ​សម្មា​សម្ពុទ្​ធជាដើម» ហើយ​​អ្វី​ជា និង​​ហេតុ​​អ្វី​​បាន​​មាន​បាដិហារិយ៍នេះ?

sut kn pat 03 06 បាលី cs-km: sut.kn.pat.03.06 អដ្ឋកថា: sut.kn.pat.03.06_att PTS: ?

បាដិហារិយកថា (ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. បាដិហារិយកថា)

[១៨៩] ម្នាលភិក្ខុទាំងឡាយ បាដិហារ្យនេះ មាន ៣។ បាដិហារិយ៍ ៣ គឺអ្វីខ្លះ គឺឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១។

[១៩០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិប្បាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ សំដែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទំលុះទៅកាន់ទីវាល ទីខាងក្រៅ។បេ។ ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

[១៩១] ម្នាលភិក្ខុទាំងឡាយ អាទេសនាបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ទាយដោយនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ បើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ គ្រាន់តែឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយ ក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ របស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ បើទុកជាបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ ទាំងមិនបានឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតា ហើយទាយទេ តែបានឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬកំពុងពិចារណាហើយក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ប្រសិនបើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ មិនឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយទាយទេ មិនឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬពិចារណាហើយទាយទេ គ្រាន់តែកំណត់ដឹងដោយចិត្តនូវចិត្តរបស់បុគ្គល ដែលចូលកាន់សមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលលោកដ៏ចម្រើននេះ បានតាំងទុកហើយ ដោយ ប្រការណា លោកដ៏ចម្រើននោះ នឹងត្រិះរិះនូវវិតក្កៈបែបនេះ ក្នុងលំដាប់នៃចិត្តនេះ ដោយប្រការនោះ បើបុគ្គលនោះ ទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាទេសនាបាដិហារ្យ។

[១៩២] ម្នាលភិក្ខុទាំងឡាយ អនុសាសនីបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ តែងប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះ ចូរចូលឈាននេះទៅ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុសាសនានីបាដិហារ្យ ម្នាលភិក្ខុទាំងឡាយ នេះឯង បាដិហារ្យ ៣ យ៉ាង។

[១៩៣] ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយនេក្ខម្មៈនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថា អនុសាសនីបាដិហារ្យ ព្រោះនេក្ខម្មៈនោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិ ដ៏សមគួរដល់នេក្ខម្មៈនោះ យ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនមានព្យាបាទនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនមានព្យាបាទនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនមានព្យាបាទនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអាលោកសញ្ញានោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអាលោកសញ្ញានោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អាលោកសញ្ញានោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនរាយមាយសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់ឧទ្ធច្ចៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនរាយមាយនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនរាយមាយនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនរាយមាយនោះយ៉ាងនេះ។បេ។ ឈ្មោះថាឥទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអរហត្តមគ្គនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអរហត្តមគ្គនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អរហត្តមគ្គនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឫទ្ធិ និងបាដិហារ្យ នេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថាឫទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឫទ្ធិ និងបាដិហារ្យនេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថា ឫទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ។បេ។ ឈ្មោះថាឫទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឫទ្ធិ និងបាដិហារ្យ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

ចប់ បាដិហារិយកថា។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.03.06.txt · ពេលកែចុងក្រោយ: 2024/03/13 12:34 និពន្ឋដោយ Cheav Villa