km:tipitaka:sut:kn:pat:sut.kn.pat.03.08

សតិប្បដ្ឋានកថា (ទី៨)

សង្ខេប

(?)

sut kn pat 03 08 បាលី cs-km: sut.kn.pat.03.08 អដ្ឋកថា: sut.kn.pat.03.08_att PTS: ?

សតិប្បដ្ឋានកថា (ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. សតិបដ្ឋានកថា)

សាវត្ថីបរិបុណ្ណនិទាន

[១៩៧] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ សតិប្បដ្ឋាន ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១ ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ ១ នូវចិត្តក្នុងចិត្ត ១ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈាន និងទោមនស្សក្នុងលោក ១ ម្នាលភិក្ខុទាំងឡាយ នេះឯង សតិប្បដ្ឋាន ៤។

[១៩៨] ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវពួកដី ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញនូវពួកដី ថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញនូវពួកដី ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយមិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ១ ភាវនាដោយអត្ថថាដឹកនាំនូវសេចក្តីព្យាយាម ដ៏សមគួរដល់ធម៌នោះ ១ ភាវនា ដោយអត្ថថាជាគ្រឿងសេពរឿយ ៗ ១ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវពួកទឹក ពួកភ្លើង ពួកខ្យល់ ពួកសក់ ពួករោម ពួកសម្បុរថ្ងៃ ពួកស្បែក ពួកសាច់ ពួកសរសៃ ពួកឆ្អឹង ពួកខួរក្នុងឆ្អឹង ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពីចារណាឃើញថា មិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ យ៉ាងនេះឯង។

[១៩៩] ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវសុខវេទនាថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនាឈ្មោះថា ឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវទុក្ខវេទនា។បេ។ នូវអទុក្ខមសុខវេទនានូវវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស នូវវេទនាដែលកើតអំពីសោតសម្ផ័ស្ស នូវវេទនាដែលកើតអំពីឃានសម្ផ័ស្ស។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ យ៉ាងនេះឯង។

[២០០] ជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្ត ដែលប្រកបដោយរាគៈ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្តដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ចិត្តរួញរា ចិត្តរាយមាយ ចិត្តដល់នូវភាពជាធំ គឺរូបាវចរ និងអរូបាវចរ ចិត្តមិនដល់នូវភាពជាធំ គឺជាកាមាវចរ ចិត្តនៅមានចិត្តដទៃប្រសើរជាង គឺនៅជាកាមាវចរ ចិត្តមិនមានចិត្តដទៃប្រសើរជាង គឺជារូបាវចរ និងអរូបាវចរ ចិត្តតាំងនៅមាំ គឺជាអប្បនាសមាធិ និងឧបចារសមាធិ ចិត្តមិនតាំងនៅមាំ គឺ ប្រាសចាកសមាធិទាំងពីរ ចិត្តរួចស្រឡះ ចិត្តមិនទាន់រួចស្រឡះ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្ត ដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថា ឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេព។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត យ៉ាងនេះឯង។

[២០១] ជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ លើកទុកកាយ លើកទុកវេទនា លើកទុកចិត្ត ហើយពិចារណាឃើញនូវធម៌ដ៏សេសសល់អំពីកាយ វេទនា និងចិត្តនោះ ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញ ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់សេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់សេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់ការកើត កាលលះបង់ រមែងលះបង់ការប្រកាន់ បុគ្គលពិចារណាឃើញធម៌ ដោយអាការទាំង ៧ នេះ ធម៌ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវធម៌នោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ភាវនា ដោយអត្ថថាដឹកនាំនូវព្យាយាមដ៏សមគួរដល់ធម៌នោះ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ យ៉ាងនេះឯង។

ចប់ សតិប្បដ្ឋានកថា។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.03.08.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann