តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev v1 បាលី cs-km: sut.kn.pev.1 អដ្ឋកថា: sut.kn.pev.1_att PTS: ?
ឧរគវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. ឧរគវគ្គោ)
(១. ខេត្តូបមបេតវត្ថុ)
[១] ពួកព្រះអរហន្ត ដូចស្រែ ពួកទាយក ដូចអ្នកភ្ជួររាស់ ទេយ្យធម៌ ដូចពូជ ផល តែងកើតមកអំពីព្រះអរហន្ត និងទាយក និងទេយ្យធម៌នុ៎ះ ឯពូជ និងការភ្ជួររាស់ និងស្រែនុ៎ះ តែងមានដល់ពួកប្រេតទាំងឡាយផង ដល់ទាយកផង ប្រេតទាំងឡាយ តែងបរិភោគនូវផលនៃទាននោះ ទាយកអ្នកឲ្យទាន តែងចំរើនដោយបុណ្យ ក្នុងលោកនេះ បុគ្គលធ្វើកុសលហើយ គួរតែបូជាចំពោះប្រេតទាំងឡាយ ព្រោះថាបុគ្គលធ្វើកុសលកម្មដ៏ចំរើន រមែងទៅកាន់ឋានសួគ៌។
ចប់ រឿងខេត្តូបមាប្រេត ទី១។
(២. សូករមុខបេតវត្ថុ)
[២] (ព្រះនារទត្ថេរសួរថា ) កាយទាំងមូលរបស់អ្នក មានសម្បុរដូចជាមាស មានរស្មីភ្លឺស្វាងសព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើអំពីភពមុន អ្នកបានធ្វើអំពើដូចម្ដេច។
(ប្រេតតបថា) បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនបានសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះដល់លោកម្ចាស់ រឿងនេះលោកម្ចាស់បានឃើញដោយខ្លួនឯងស្រាប់ហើយ លោកកុំធ្វើបាបដោយមាត់ កុំមានមាត់ដូចមាត់ជ្រូកឡើយ។
ចប់ រឿងសូករប្រេត ទី២។
(៣. បូតិមុខបេតវត្ថុ)
[៣] (ព្រះនារទត្ថេរសួរថា ) អ្នកទ្រទ្រង់នូវវណ្ណធាតុ គឺរាងកាយជាទិព្វដ៏ល្អ ឋិតនៅឰដ៏អាកាសវេហាស៍ ទាស់តែដង្កូវទាំងឡាយ ទំពាស៊ីនូវមាត់របស់អ្នក ដែលមានក្លិនស្អុយ តើអំពីភពមុន អ្នកបានធ្វើអំពើដូចម្ដេច។
(ប្រេតតបថា) ខ្ញុំជាសមណៈលាមក មានវាចាអាក្រក់ ប្រព្រឹត្តតបធម៌ មិនសង្រួមមាត់ ឯវណ្ណធាតុ ខ្ញុំបានហើយដោយតបធម៌
មាត់របស់ខ្ញុំ មានក្លិនស្អុយ ព្រោះតែពោលពាក្យញុះញង់។ បពិត្រព្រះនារទៈ អំពើនោះ លោកម្ចាស់បានឃើញខ្លួនឯងស្រាប់ហើយ អ្នកឈ្លាសទាំងឡាយ ជាអ្នកអនុគ្រោះ គប្បីពោលថា អ្នកកុំពោលពាក្យញុះញង់ កុំពោលពាក្យកុហក ទើបអ្នកនឹងបានជាទេវបុត្រ មានកាមតាមសេចក្ដីប្រាថ្នា។
ចប់ រឿងបូតិមុខប្រេត ទី៣។
(៤. បិដ្ឋធីតលិកបេតវត្ថុ)
[៤] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) បុគ្គលមិនមានសេចក្ដីកំណាញ់ គួរធ្វើនូវហេតុណានីមួយ ឲ្យជាអារម្មណ៍ ហើយគប្បីឲ្យទាន គឺប្រារព្វនូវបុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលរំលាងខន្ធទៅកាន់បរលោកហើយ ឬនូវទេតាទាំងឡាយ ដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះជាដើម នូវស្ដេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទកុវេរៈ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡ្ហកៈ ១ ហើយឲ្យនូវទានចុះ ជនទាំងឡាយ មានស្ដេចធំជាដើមនោះ ឈ្មោះថា ជាបុគ្គល គឺទាយកនោះ បានបូជាហើយ ឯអ្នកឲ្យ មិនមែនជាមិនមានផលឡើយ។ ការយំក្ដី សោកសៅក្ដី ខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើទេ កិច្ច មានយំសោកជាដើមនោះ មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹង បានឮឡើយ )។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់នៅល្អក្នុងព្រះសង្ឃ រមែងសម្រេចផល ដើម្បីជាប្រយោជន៍ដល់ញាតិ ដែលទៅកាន់លោកខាងនាយនោះ អស់កាលជាយូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។
ចប់ រឿងបិដ្ឋធីតលិកប្រេត ទី៤
(៥. តិរោកុដ្ដបេតវត្ថុ)
[៥] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជំាងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ។ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ រមែងឲ្យនូវទឹក និងភោជនដ៏ហ្មត់ចត់ ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយយ៉ាងនេះថា ទាននេះ ចូរសំរេចដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយ ដល់នូវសេចក្ដីសុខចុះ។ ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាននោះ ជាអ្នកមកល្អហើយ កាលបើបាយ និងទឹកដ៏ច្រើន (ដែលគេឧទ្ទិសដល់ខ្លួន) គប្បីអនុមោទនាដោយគោរពថា យើងទាំងឡាយ បាន (ទទួលផល) ព្រោះហេតុនៃពួកញាតិណា សូមញាតិទាំងនោះរបស់យើង រស់នៅអស់កាលយូរចុះ កាបូជា ឈ្មោះថាញាតិទាំងឡាយបានធ្វើហើយដល់ពួកយើង ឯអ្នកឲ្យទាន មិនមែនជាមិនមានផលឡើយ។ កសិកម្ម គឺការភ្ជួររាស់ ក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុងភូមិនៃប្រេតនោះ វណិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបាននូវសម្បតិដូច្នោះ ក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមាន។ បុគ្គលទាំងឡាយ ធ្វើកាលកិរិយាទៅកើតជាប្រេត រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយសារតែផលទានដែលញាតិឲ្យហើយអំពីលោកនេះ។ ទឹកធ្លាក់ចុះក្នុងទីទួល រមែងហូរទៅកាន់ទីទាប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផលដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយ ដ៏ពេញ រមែងញុំាងសាគរឲ្យពេញប្រៀប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ បុគ្គលកាលរលឹកឃើញនូវឧបការគុណ ដែលញាតិ និងមិត្តជាដើម បានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឲ្យ (របស់នេះ) ដល់អាត្មាអញ អ្នកឯណោះ បានធ្វើ (គុណនេះ) ដល់អាត្មាអញ ជនទាំងនោះ ជាញាតិមិត្ត ជាសំឡាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ដល់ប្រេតទាំងឡាយ។ ការយំក្ដី ការសោកក្ដី ឬសេចក្ដីខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើឡើយ ព្រោះកិច្ច មានយំសោកជាដើម មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹងឮឡើយ)។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់ទុកនៅល្អហើយក្នុងព្រះសង្ឃ រមែងសម្រេចផលដើម្បីជាប្រយោជន៍ដល់ញាតិនោះ អស់កាលដ៏យូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។
ក៏ញាតិធម៌នោះ មហារាជបានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ មហារាជបានធ្វើហើយ កំឡាំងកាយរបស់ភិក្ខុទាំងឡាយ មហារាជបានបំពេញហើយ បុណ្យដ៏ច្រើន មហារាជ ក៏បានសន្សំហើយ។
ចប់ រឿងតិរោកុឌ្ឌប្រេត ទី៥
(៦. បញ្ចបុត្តខាទបេតិវត្ថុ)
[៦] (ព្រះថេរៈទាំងឡាយ សួរថា) នាងជាស្រ្ដីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើនាងជាស្រីអ្វី មកឋិតនៅក្នុងទីនេះ។
(ប្រេតស្រី តបថា) បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៥ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៥ នាក់ទៀត រួចហើយទំពាស៊ីកូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ។ ហ្ឫទ័យរបស់ខ្ញុំក្ដៅក្រហាយហុយផ្សែង ព្រោះតែសេចក្ដីស្រែកឃ្លាន ខ្ញុំផឹកទឹកក៏មិនបាន លោកម្ចាស់ចូរមើលខ្ញុំ ដែលជាអ្នកដល់នូវសេចក្ដីវិនាសចុះ។
(ព្រះថេរៈទាំងឡាយ សួរថា) ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទំពាស៊ីសាច់កូន តើព្រោះវិបាករបស់កម្មដូចម្ដេច។
(ប្រេតស្រី តបថា) ស្រីរួមប្ដីរបស់ខ្ញុំ ជាស្រីមានគភ៌ ខ្ញុំបានគិតនូវអំពើអាក្រក់ដល់ស្រីរួមប្ដីនោះ ខ្ញុំនោះ មានចិត្តប្រទូស្ដ បានធ្វើនូវការញុំាងគភ៌ឲ្យធ្លាក់ចុះ។ គភ៌របស់ស្រីរួមប្ដីនោះ បានតែត្រឹម ២ ខែ ឈាមក៏ហូរចេញមក ឯមាតារបស់ស្រីរួមប្ដីនោះ ក៏ក្រេវក្រោធនឹងខ្ញុំ ហើយបានបបួលញាតិទាំងឡាយញុំាងខ្ញុំឲ្យធ្វើសម្បថផង ឲ្យផ្ដាសាខ្លួនឯងផង។ ខ្ញុំនោះ ក៏បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះមែន សូមឲ្យខ្ញុំទំពាស៊ីនូវសាច់នៃកូន។ ដោយផលនៃកម្មនោះផង ដោយផលនៃមុសាវាទផងទាំងពីរនេះ ខ្ញុំទើបបានទំពាស៊ីសាច់កូន ខ្លួនប្រឡាក់ដោយខ្ទុះ និងឈាមដូច្នេះ។
ចប់ រឿងបញ្ចបុត្តខាទិកប្រេត ទី៦
(៧. សត្តបុត្តខាទបេតិវត្ថុ)
[៧] (ព្រះថេរៈទាំងឡាយសួរថា) នាងជាស្រីអាក្រាត មានរូបសម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើជាស្រីអ្វី បានជាមកឋិតនៅក្នុងទីនេះ។
(ប្រេតស្រី តបថា) បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះ ហើយបានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៧ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៧ នាក់ទៀត ហើយទំពាស៊ីកូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ។ ហ្ឫទ័យរបស់ខ្ញុំ ក្ដៅក្រហាយហុយផ្សែង ព្រោះសេចក្ដីស្រេកឃ្លាន ខ្ញុំមិនបានសេចក្ដីស្ងប់ទុក្ខ តែងក្ដៅក្រហាយ ដូចជាបុគ្គលត្រូវភ្លើងឆេះ។
(ព្រះថេរៈទាំងឡាយសួរថា) អំពើអាក្រក់ដែលនាងធ្វើហើយ ដោយកាយ វាចា ចិត្ត ដូចម្ដេចខ្លះ នាងទំពាស៊ីសាច់កូន ព្រោះផលកម្មអ្វី។
(នាងប្រេត តបថា) ខ្ញុំមានកូន ២ នាក់ កូនទាំង ២ នាក់នោះ ពេញវ័យហើយ ខ្ញុំនោះ អាស្រ័យកំឡាំងកូននោះ ក៏មើលងាយប្ដី។ តអំពីនោះមក ប្ដីរបស់ខ្ញុំ ក្រេវក្រោធនឹងខ្ញុំ ហើយបាននាំយកស្រីរួមប្ដីដទៃទៀត ស្រីរួមប្ដី បានតាំងគភ៌ហើយ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីនោះ ខ្ញុំនោះ មានចិត្តប្រទូស្ដ បានធ្វើនូវការញុំាងគភ៌ឲ្យធ្លាក់ចុះ គភ៌នៃស្រីរួមប្ដី បានតែត្រឹម ៣ ខែ មានខ្ទុះ និងឈាមធ្លាក់ចុះ មាតានៃស្រីរួមប្ដីនោះ ក្រេវក្រោធនឹងខ្ញុំ បានបបួលពួកញាតិមកឲ្យខ្ញុំធ្វើសម្បថផង ឲ្យខ្ញុំផ្ដាសាខ្លួនឯងផង។ ខ្ញុំនោះ បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះហើយ សូមឲ្យខ្ញុំទំពាស៊ីសាច់កូន ដោយផលកម្មនោះផង ដោយផលមុសាវាទផង ទាំង ២ នេះ ទើបខ្ញុំទំពាស៊ីសាច់កូន ប្រឡាក់ដោយខ្ទុះ និងឈាមដូច្នេះ។
ចប់ រឿងសត្តបុត្តខាទិកប្រេត ទី៧។
(៨. គោណបេតវត្ថុ)
[៨] (បិតាសួរថា) អ្នកមានសភាពជាបុគ្គលឆ្កួតទេដឹង បានជាអ្នកច្រូតស្មៅខ្ចី យកមកនិយាយនឹងគោចាស់ ដែលជាសត្វប្រាសចាកជីវិតថា ចូរស៊ីចុះ ៗ ដូច្នេះ។ ធម្មតា គោដែលស្លាប់ហើយ មិនដែលក្រោកឡើងបាន ដោយស្មៅ និងទឹកទេ អ្នកជាបុគ្គលពាលអប្បបញ្ញា ប្រហែលនឹងបុគ្គលល្ងង់ខ្លៅដទៃដែរ។
(កូនតបថា) នេះជាជើង នេះជាក្បាល នេះជាខ្លួន ព្រមទាំងកន្ទុយ នេះជាភ្នែករបស់គោ ឋិតនៅក្នុងទីដូចដែល គោនេះគប្បីក្រោកឡើងបាន ដៃជើងខ្លួន និងក្បាលរបស់ជីតា មិនប្រាកដ ក្រែងអ្នកដែលយំលើផ្នូរដីទេដឹង ជាបុគ្គលល្ងង់។
(បិតាពោលថា) អ្នកស្រោចស្រប់យើងដែលភ្លើងឆេះហើយ ញុំាំងសេចក្ដីក្ដៅក្រហាយទាំងពួងឲ្យរម្ងាប់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងដែលឆេះឆ្នាំងខ្លាញ់ សរ គឺសេចក្ដីសោក ដែលអាស្រ័យនៅក្នុងហ្ឫទ័យយើង អ្នកបានដកចោលហើយ កាលយើងត្រូវសេចក្ដីសោកចំពោះបិតា គ្របសង្កត់ អ្នកដែលចេះបន្ទោបង់សេចក្ដីសោកបាន យើងនោះ ឈ្មោះថា មានសរ គឺសេចក្ដីសោក ដែលអ្នកដកចោលហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ ម្នាលមាណព យើងលែងសោយសោក លែងយំហើយ ព្រោះបានស្ដាប់វាចារបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ តែងធ្វើយ៉ាងនេះ ដូចជាសុជាតមាណព បានញុំាងបិតាឲ្យត្រឡប់ចាកសេចក្ដីសោកដូច្នោះ។
ចប់ រឿងគោណប្រេត ទី៨។
(៩. មហាបេសការបេតិវត្ថុ)
[៩] (ភិក្ខុសួរថា) នារីណា មានខ្ទុះ និងឈាមជាអាហារសព្វកាល នារីនេះ តែងបរិភោគលាមកផង មូត្រផង ឈាមផង ខ្ទុះផង នេះជាវិបាកនៃកម្មអ្វី នារីនេះ បានធ្វើអំពើដូចម្ដេចហ្ន៎ សំពត់ទាំងឡាយថ្មី ៗ ផង ល្អ ៗ ផង មានសាច់ទន់ផង បរិសុទ្ធផង ប្រកបដោយរោមផង គេបានឲ្យដល់នារីនេះហើយ ក៏ប្រាកដដូចជាលោហៈទៅវិញ ចុះនារីនេះបានធ្វើអំពើដូចម្ដេច។
(ទេវតាប្រាប់ថា) បពិត្រលោកដ៏ចំរើន នារីនេះ ជាភរិយារបស់ខ្ញុំ ជាស្រីមិនដែលឲ្យវត្ថុអ្វី ដល់អ្នកណាមួយឡើយ ជាស្រីកំណាញ់ស្វិតស្វាញ តែងជេរប្រទេចផ្ដាសានូវខ្ញុំ ដែលកំពុងឲ្យទានដល់សមណព្រាហ្មណ៍ទាំងឡាយថា អ្នកចូរស៊ីលាមកផង មូត្រផង ឈាមផង ខ្ទុះផង ដែលជារបស់មិនស្អាតសព្វកាលចុះ ផលនេះ ចូរកើតមានដល់អ្នកក្នុងបរលោកចុះ សំពត់មានផែនដូចលោហៈ ចូរមានដល់អ្នកចុះ លុះនារីនោះ ប្រព្រឹត្តអំពើទុច្ចរិតប្រាកដដូច្នេះហើយ មកកាន់ទីនេះ ទើបបានទទួលផល (ដ៏ក្រហល់ក្រហាយ) អស់រាត្រីដ៏យូរអង្វែង។
ចប់ រឿងមហាបេសការប្រេត ទី៩។
(១០. ខល្លាដិយបេតិវត្ថុ)
[១០] (នាយពាណិជសួរថា) នាងជាស្រ្តីអ្វីហ្ន៎ ឋិតនៅខាងក្នុងវិមាន មិនចេញអំពីវិមាន ម្នាលនាងដ៏ចំរើន ចូរនាងចេញមក យើងនឹងឃើញនាង ដែលមានឫទ្ធិច្រើន។
(នាងប្រេត តបថា) ខ្ញុំជាស្រ្តីអាក្រាត មានសេចក្ដីអៀនខ្មាស ដល់នូវសេចក្ដីទុក្ខលំបាក មិនអាចចេញមកខាងក្រៅបានទេ ខ្ញុំជាស្រ្តីមានសរីរៈបិទបាំងដោយសក់ទាំងឡាយ (ព្រោះថា) កុសលកម្ម មានប្រមាណតិច ខ្ញុំបានធ្វើមកហើយ។
(នាយពាណិជសួរថា) បើដូច្នោះ យើងនឹងឲ្យសំពត់សាដកសម្រាប់ដណ្ដប់ដល់នាង ចូរនាងស្លៀកសំពត់សាដកនេះចុះ ម្នាលនាងមានភក្ត្រដ៏ល្អ លុះនាងស្លៀកពាក់សំពត់សាដកនេះរួចហើយ ចូរចេញមកខាងក្រៅ ម្នាលនាងដ៏ចំរើន នាងចូរចេញមក យើងនឹងឃើញនាង ដែលមានឫទ្ធិច្រើន។
(នាងប្រេត តបថា) ទានដែលអ្នកឲ្យផ្ទាល់ដៃ មិនបានសម្រេចដល់ខ្ញុំទេ ក្នុងប្រជុំជននេះ មានឧបាសកនុ៎ះ អ្នកមានសទ្ធា ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកចូរញុំាងឧបាសកនេះ ឲ្យស្លៀកពាក់ ហើយចូរឧទ្ទិសទក្ខិណាទានដល់ខ្ញុំ ទើបខ្ញុំនឹងបានសេចក្ដីសុខ សម្រេចនូវសេចក្ដីប្រាថ្នាទាំងពួង។
ពួកពាណិជទាំងនោះ ក៏ឲ្យឧបាសកនោះងូតទឹក ប្រដាប់តាក់តែងដោយគ្រឿងក្រអូប ឲ្យស្លៀកពាក់សំពត់ទាំងឡាយរួចហើយ ទើបឧទ្ទិសទក្ខិណាទានដល់ប្រេតនោះថា ផលគប្បីកើតឡើងក្នុងលំដាប់ដែលយើងឧទ្ទិសហើយ ភោជនាហារ និងសំពត់ស្លៀកពាក់ និងទឹក ក៏កើតឡើង នេះជាផលនៃទក្ខិណាទាន។
លំដាប់នោះ ស្រីប្រេតនោះ ជាស្រីបរិសុទ្ឋ មានសំពត់ស្លៀកស្អាត ជាស្រីទ្រទ្រង់សំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី ហើយក៏សើចចេញអំពីវិមានមក នេះជាផលនៃទក្ខិណាទាន។
(ពួកពាណិជសួរថា) ម្នា្លលទេវធីតា វិមានរបស់នាង វិចិត្រដោយរូបល្អ ស្អាតរុងរឿងភ្លឺ នាងដែលយើងសួរហើយ ចូរប្រាប់ នេះជាផលនៃកម្មអ្វី។
(នាងប្រេត តបថា) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនម្សៅល្ងកិនប្រមាណ ១ ទោណៈ ដល់ភិក្ខុដែលកុំពុងត្រាច់ទៅ មានចិត្តត្រង់ ខ្ញុំក៏បានទទួលវិបាកនៃកុសលកម្មនោះក្នុងវិមាន អស់ចន្លោះកាលដ៏យូរ តែឥឡូវនេះ កុសលនោះតិចពេកណាស់។ កាលកិរិយា នឹងមានក្នុងខាងលើអំពី ៤ ខែ ខ្ញុំនឹងចូលទៅកាន់នរកដ៏ខ្លាំងក្លា ខ្លោចផ្សាដោយពិត នរកមានជ្រុង ៤ មានទ្វារ ៤ រាប់ដោយចំណែកដែលចែកហើយ មានដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅបានមួយរយយោជន៍ ដោយជុំវិញ តាំងនៅសព្វកាល ខ្ញុំនឹងរងទុក្ខវេទនាអស់កាលជាអង្វែងក្នុងនរកនោះ ព្រោះហេតុនោះ ខ្ញុំទើបទទួលផលនៃបាបកម្ម ដែលក្ដៅក្រហាយក្រៃពេកណាស់។
ចប់ រឿងខលាតប្រេត ទី១០។
(១១. នាគបេតវត្ថុ)
[១១] (សាមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្ដាលគេ ជិះរថទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវ ភ្លឺស្វាងរុងរឿងសព្វទិសទាំង ១០។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដម្បង មានមុខជោកដោយទឹកភ្នែក មានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះ និងឈាមនៃគ្នានឹងគ្នាជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្ដេចខ្លះ។
(នាងប្រេត តបថា) បុគ្គលណា ទៅដោយដំរីសដ៏ប្រសើរ មានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្តច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្ដីសុខ។ បុគ្គលណា ទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្ដាល បុគ្គលនោះ ជាបុត្តកណ្ដាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង។ នារីណា ប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារីនោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្ដីសុខ តែងរីករាយតាមចំណែកផលទានពាក់កណ្ដាល។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈ និងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្ដាសាសមណព្រាហ្មណ៍ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយ ទើបគេបម្រើ (ដោយកាមគុណ) ចំណែកពួកយើង ទើបក្រៀមស្ងួត ដូចដើមបបុស ដែលហាលថ្ងៃដូច្នោះ។
(សាមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្ដេចទៅ ទីដេករបស់អ្នក ដូចម្ដេចទៅ ចុះអ្នកទាំងឡាយ មានបាបធម៌ដ៏ក្រៃលែង ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដូចម្ដេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់តិចតួចឡើយ ឥឡូវនេះ អ្នកដល់នូវសេចក្ដីទុក្ខ ព្រោះប្រាសចាកសេចក្ដីសុខ។
(នាងប្រេត តបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្រេបផឹកនូវខ្ទុះ និងឈាម ទុកជាផឹកច្រើន ក៏មិនបាត់ស្រេកឃ្លាន យើងខ្ញុំទាំងឡាយ ក៏នៅតែស្រេកឃ្លាន ដដែល។
ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោកនេះទៅហើយ រមែងទៅកើតក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើងខ្ញុំទាំងឡាយ ជនទាំងឡាយណា បាននូវសម្បត្តិទាំងឡាយហើយ តែងជាអ្នកកំណាញ់ មិនបរិភោគផង មិនធ្វើបុណ្យផង។ ជនទាំងនោះ ជាអ្នកមានសេចក្ដីស្រេកឃ្លានគ្របសង្កត់ ក្នុងលោកខាងមុខ ក្នុងកាលជាខាងក្រោយមក ជនទាំងនោះ រមែងឆេះរោលរាល ក្ដៅក្រហាយអស់កាលជាយូរអង្វែង ព្រោះបានធ្វើនូវកម្មមានផលជាទុក្ខ តែងទទួលផលជាទុក្ខ មានផលដ៏ក្ដៅក្រហាយ។
ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់មិនទៀង បណ្ឌិតដឹងនូវរបស់មិនទៀង តាមសភាពជារបស់មិនទៀងហើយ គប្បីធ្វើនូវទីពឹង។ ជនទាំងឡាយណា អ្នកឈ្លាសក្នុងព្រះសទ្ធម្ម ដឹងច្បាស់យ៉ាងនេះ ជនទាំងនោះ ឈ្មោះថាជាអ្នកមិនធ្វេសប្រហែសក្នុងទាន ព្រោះបានស្ដាប់ពាក្យនៃព្រះអរហន្តទាំងឡាយ។
ចប់ រឿងនាគប្រេត ទី១១។
(១២. ឧរគបេតវត្ថុ)
[១២] (ពោធិសត្វនិយាយថា) ពស់តែងសកសំណកចាស់របស់ខ្លួនចោល ហើយលូនទៅ យ៉ាងណាមិញ (សត្វ) កាលបើសរីរៈប្រើការមិនកើតហើយ ធ្វើនូវមរណកាល ទៅកាន់បរលោក ក៏យ៉ាងនោះ (ឯសរីរៈដែលនៅសល់ខាងអាយនោះ ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយបាន ហេតុនោះ ខ្ញុំមិនសោកស្ដាយសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។
(មាតានិយាយថា) បុត្ររបស់ខ្ញុំនេះ ខ្ញុំមិនបានហៅគេមកអំពីលោកនោះ ខ្ញុំមិនបានអនុញ្ញាត គេក៏ទៅអំពីមនុស្សលោកនេះ គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ការទួញយំធ្វើអ្វី ព្រោះកិរិយាទៅនោះ (ឯសរីរៈដែលនៅសល់ខាងអាយនោះ) គេដុតក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំទួញនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។
(ប្អូនស្រីនិយាយថា) បើខ្ញុំយំ ខ្ញុំនឹងទៅជាស្គមក្នុងការយំនោះ នឹងគប្បីមានផលដូចម្ដេចដល់ខ្ញុំ សេចក្ដីមិនត្រេកអរដ៏លើសលុប នឹងគប្បីមានដល់ពួកញាតិមិត្ត និងអ្នកមានចិត្តល្អរបស់យើងទាំងឡាយ (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុតក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។
(ភរិយានិយាយថា) បុគ្គលណា សោកស្ដាយនូវបុគ្គលដែលធ្វើមរណកាលទៅកាន់បរលោកហើយ បុគ្គលនោះ ប្រៀបដូចជាទារកយំទារនូវព្រះចន្រ្ទដែលកំពុងចរទៅ (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។
(ទាសីនិយាយថា) បពិត្រព្រាហ្មណ៍ ក្អមទឹកដែលបែកហើយ តភ្ជាប់វិញមិនបានយ៉ាងណា សរីរៈអ្នកស្លាប់នេះ ក៏យ៉ាងនោះដែរ បុគ្គលណា សោកស្ដាយនូវបុគ្គលដែលទៅកាន់បរលោកហើយ (បុគ្គលនោះ ក៏ដូចជាអ្នកសោកស្ដាយនូវក្អមទឹកដែលបែកហើយ) (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។
ចប់ រឿងឧរគប្រេត ទី១២។
ឧទ្ទាន
រឿងខេត្តូបមាប្រេត (ព្រះអរហន្តប្រៀបដូចស្រែ) ១ រឿង (សូករប្រេត) ប្រេតមានសម្បុរកាយល្អ ១ ជា ២លើក រឿង (បូតិមុខប្រេត) ១ រឿងបិដ្ឋធីតលិកប្រេត ១ រឿងតិរោកុឌ្ឌប្រេត ១ រឿងបុត្តខាទិកប្រេត (ស្រីប្រេតស៊ីកូនឯង) ២ លើក រឿងគោណប្រេត ១ រឿងមហាបេសការប្រេត ស៊ីនូវគូថ ១ រឿងខលាតប្រេតនៅក្នុងវិមាន ១ រឿងនាគប្រេត ១ រឿងឧរគប្រេត ១ ឧទ្ទានក្នុងវគ្គជាបឋម មានរឿង ១២ យ៉ាងនេះឯង។
ចប់ឧរគវគ្គ ទី១។