តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev v2 បាលី cs-km: sut.kn.pev.2 អដ្ឋកថា: sut.kn.pev.2_att PTS: ?
ឧព្វរីវគ្គ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ឧព្វរិវគ្គោ)
(១. សំសារមោចកបេតិវត្ថុ)
[១៣] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី មកឋិតនៅទីនេះ។
(នាងប្រេត តបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទៅកាន់បេតលោក អំពីមនុស្សលោកនេះ ព្រោះវិបាកនៃកម្មដូចម្ដេច។
បពិត្រលោកដ៏ចំរើន បិតាមាតា ឬពួកញាតិ ជាអ្នកអនុគ្រោះដល់ខ្ញុំ គប្បីដឹកនាំខ្ញុំថា នាងចូរមានចិត្តជ្រះថ្លា ឲ្យទានដល់ពួកសមណព្រាហ្មណ៍ (ដូច្នេះ) ពុំមានឡើយ។ ខ្ញុំទើបបានជាស្រីអាក្រាត មានសភាពយ៉ាងនេះ តែងត្រាច់ទៅអស់ ៥០០ ឆ្នាំ ចាប់ដើមអំពីឆ្នាំនេះទៅ ទំពាស៊ីដោយសេចក្ដីស្រេកឃ្លានផង ដោយចំណង់ផង នេះជាផលនៃបាបកម្មរបស់ខ្ញុំ។ បពិត្រលោកម្ចាស់ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ បពិត្រលោកម្ចាស់ អ្នកមានព្យាយាម មានអនុភាពធំ សូមលោកអនុគ្រោះខ្ញុំ សូមលោកឲ្យទេយ្យធម៌ណានីមួយ ឧទ្ទិសដល់ខ្ញុំផង បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដោះខ្ញុំឲ្យរួចអំពីទុគ្គតិផងចុះ។
ព្រះសារីបុត្តនោះ ជាអ្នកអនុគ្រោះ ទទួលស្ដាប់ពាក្យស្រីប្រេតនោះថា សាធុដូច្នេះ ហើយបានប្រគេននូវពំនូតបាយ នូវសំពត់ប្រមាណប៉ុនបាតដៃផង និងទឹកដែលគួរក្រេបផឹកមួយផ្តិល ដល់ភិក្ខុទាំងឡាយរួចហើយ ឧទ្ទិសទក្ខិណាទានដល់ស្រីប្រេតនោះ វិបាកក៏កើតឡើងក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ និងសំពត់ស្លៀកពាក់ និងទឹកដែលគួរក្រេបផឹក ក៏កើតឡើង នេះជាផលនៃទក្ខិណា លំដាប់នោះ ស្រីប្រេតនោះ ជាស្រីស្អាត ស្លៀកពាក់សំពត់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកព្រះសារីបុត្រ។
(ព្រះសារីបុត្រសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ភ្លឺសព្វទិសដូចជាផ្កាយព្រឹក។ សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុអ្វី ផលនៃសេចក្ដីសុចរិត សម្រេចដល់នាង ក្នុងពេលនេះ ដោយហេតុអ្វី បានជាភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង
ម្នាលទេវធីតា ដ៏មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យដូចម្ដេច នាងមានអានុភាពភ្លឺផ្លេក ទាំងសម្បុររបស់នាង ក៏ភ្លឺសព្វទិស យ៉ាងនេះ ដោយបុញ្ញកម្ម ដូចម្តេច។
(ប្រេត តបថា) ព្រះអគ្គសាវ័ក ជាអ្នកប្រាជ្ញក្នុងលោក ប្រកបដោយសេចក្តីករុណា បានឃើញនូវខ្ញុំជាស្រីស្គម មានសម្បុរលឿង មានសេចក្តីស្រេកឃ្លាន ជាស្រីអាក្រាត មានសម្បុរស្បែកគ្រោតគ្រាត ដល់នូវសេចក្តីទុក្ខលំបាក ហើយបានប្រគេនពំនូតបាយផង សំពត់ប្រមាណប៉ុនបាតដៃផង ទឹកគួរផឹកប្រមាណមួយផ្តិលផង ដល់ភិក្ខុទាំងឡាយ ហើយបានឧទ្ទិស (នូវទក្ខិណាទានដល់ខ្ញុំ)។ សូមលោកឃើញផលពំនូតបាយចុះ ខ្ញុំជាស្រីបាននូវកាមតាមចំណង់បរិភោគនូវភត្តអស់មួយពាន់ឆ្នាំ ប្រកបដោយម្ហូបមានរសជាអនេក សូមលោកឃើញនូវវិបាកនៃសំពត់ប្រមាណប៉ុនបាតដៃ ប្រាកដដូចម្តេច បពិត្រលោកម្ចាស់ដ៏ចំរើន សំពត់សម្រាប់ស្លៀកពាក់ ក្នុងដែននៃស្តេចនន្ទៈអម្បាលមាណ សំពត់ស្លៀក និងសំពត់ដណ្តប់ផង សំពត់កោសេយ្យៈ និងសំពត់កម្ពលផង សំពត់ត្បាញអំពីសម្បកឈើ និងសំពត់ដែលត្បាញអំពីកប្បាសផង ដ៏ធំទូលាយ មានដំឡៃច្រើនរបស់ខ្ញុំ ច្រើនជាងសំពត់ ក្នុងដែននន្ទរាជនោះ សំពត់ទាំងអស់នោះ តែងសំយុងចុះមកអំពីអាកាស សំពត់ណា ដែលជាទីពេញចិត្ត ខ្ញុំក៏ស្លៀកពាក់នូវសំពត់នោះ សូមលោកឃើញនូវវិបាកនៃទឹកផឹកប្រមាណមួយផ្តិល ប្រាកដដូចម្តេច។ ស្រះបោក្ខរណីដ៏ជ្រៅ មានជ្រុង ៤ ដែលបុញ្ញកម្មនិម្មិតល្អហើយ មានទឹកថ្លា មានកំពង់រាបស្មើ មានទឹកត្រជាក់ មានក្លិនក្រអូបដេរដាសដោយផ្កាបទុម និងឧប្បល ពេញដោយទឹកដ៏ដេរដាសដោយកេសរ។ ខ្ញុំនោះ រីករាយ លេងសប្បាយ ឥតមានភ័យពីទីណាៗ ឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។
ចប់ រឿងសំសារមោចកប្រេត ទី១។
(២. សារិបុត្តត្ថេរមាតុបេតិវត្ថុ)
[១៤] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមទៅដោយសរសៃ នាងជាអ្វី មកឈរនៅទីនេះ។
(នាងប្រេត តបថា) អំពីមុន ខ្ញុំជាមាតាបង្កើតរបស់លោក ក្នុងជាតិទាំងឡាយដទៃ មកកើតក្នុងកំណើតនៃប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃា្លត បរិភោគទឹកមាត់ ដែលគេស្ដោះចោល ទឹកសម្បោរ ស្លេស្ម ខ្លាញ់រាវ (នៃសាកសព) ដែលគេដុត និងឈាមនៃស្រីទាំងឡាយដែលសម្រាលកូន និងឈាមនៃដំបៅ និងច្រមុះ និងក្បាលដាច់ មានសេចក្ដីស្រេកឃ្លានគ្របសង្កត់ ខ្ញុំបរិភោគនូវខ្ទុះ និងឈាមដែលជាប់នឹងសរីរៈនៃស្រី និងបុរស នូវខ្ទុះ និងឈាមនៃបសុសត្វ និងមនុស្សទាំងឡាយ ខ្ញុំមិនមានទីពឹង មិនមានទីលំនៅ ដេកតែលើទីស្មសានដូចគ្រែ លោកម្ចាស់ជាបុត្ត សូមលោកម្ចាស់ឲ្យទានដើម្បីខ្ញុំ លុះឲ្យហើយ ចូរឧទ្ទិសផលដល់ខ្ញុំ គិតធ្វើដូចម្ដេចហ្ន៎ ឲ្យខ្ញុំគប្បីបានរួចអំពីការបរិភោគនូវខ្ទុះ និងឈាម។
ព្រះអគ្គសាវក័ មាននាមថា ឧបតិស្សៈ លុះបានស្ដាប់ពាក្យនៃនាងប្រេត ជាមាតាហើយ មានចិត្តប្រកបដោយករុណា បានហៅព្រះមោគ្គល្លាន ១ ព្រះអនុរុទ្ធ ១ ព្រះកប្បិន ១ ឲ្យធ្វើនូវកុដិទាំងឡាយ ៤ ខ្នង ហើយវេរកុដិផង ឲ្យបាយ និងទឹកផង ចំពោះសង្ឃដែលមកអំពីទិសទាំង ៤ ហើយឧទ្ទិសទក្ខិណាទានដល់មាតា។ វិបាកក៏កើតឡើង ក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ គឺទឹកផឹក និងសំពត់ (ក៏កើតឡើង) នេះជាផលនៃទក្ខិណាទាន លំដាប់នោះ (ស្រីនោះ) ស្អាត មានសំពត់ស្លៀកពាក់ស្អាតបាត ទ្រទ្រង់នូវសំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ បានចូលទៅរកព្រះកោលិត។
(ព្រះកោលិតសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរល្អ មកឈរនៅ (ទីនេះ) ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចជាផ្កាយព្រឹក ឯសម្បុរប្រាកដដូច្នោះ កើតឡើងដល់នាង ដោយហេតុដូចម្ដេច ផលនៃសុចរិត សម្រេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច បានជាភោគៈណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង
ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្ដេច នាងជាទេវធីតា មានអានុភាពភ្លឺផ្លេកយ៉ាងនេះ ទាំងសម្បុរនាង ក៏ភ្លឺសព្វទិស ដោយបុញ្ញកម្មដូចម្ដេច។
(ប្រេតតបថា) អំពីមុន ខ្ញុំជាមាតារបស់ព្រះសារីបុត្ត ក្នុងជាតិទាំងឡាយដទៃ មកកើតក្នុងកំណើតនៃប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃ្លាន បរិភោគតែទឹកមាត់ដែលគេស្ដោះចោល ទឹកសម្បោរ ស្លេស្ម និងខ្លាញ់រាវ (នៃសាកសព) ដែលគេដុត និងឈាមនៃស្រីទាំងឡាយដែលសម្រាលកូន និងឈាមនៃដំបៅ និងច្រមុះ និងក្បាលដាច់ ខ្ញុំមានសេចក្ដី ស្រេកឃ្លានគ្របសង្កត់ បរិភោគនូវខ្ទុះ និងឈាមដែលជាប់នឹងសរីរៈនៃស្រ្ដី និងបុរស នូវខ្ទុះ និងឈាមនៃបសុសត្វ និងមនុស្សទាំងឡាយ ខ្ញុំមិនមានទីពឹង មិនមានទីពំនាក់អាស្រ័យ ដេកតែលើទីស្មសានដូចគ្រែ។ ខ្ញុំត្រេកអរដោយទាននៃព្រះសារីបុត្ត ទើបមិនមានភ័យក្នុងទីណាៗ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោកជាអ្នកប្រាជ្ញ ប្រកបដោយសេចក្ដីករុណាក្នុងលោក។
ចប់ រឿងប្រេត ជាមាតានៃព្រះសារីបុត្ត ទី២។
(៣. មត្តាបេតិវត្ថុ)
[១៥] (នាងតិស្សាសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីមានកាយអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី បានជាមកឈរនៅក្នុងទីនេះ។
(នាងមត្តាប្រេត ប្រាប់ថា) កាលអំពីមុន នាងឯងឈ្មោះតិស្សា ខ្ញុំឈ្មោះមត្តា ជាស្រីរួមប្ដីរបស់នាង បានធ្វើអំពើបាប ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្តនោះ តើដូចម្តេច នាងឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្តេច។
ខ្ញុំជាស្រីកាច (ឆ្នាស់) បានពោលផរុសវាទ ជាស្រីឫស្យា កំណាញ់ អួតអាង ខ្ញុំនោះ បានពោលពាក្យអាក្រក់ ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក។
ពិតមែនហើយ យើងបានដឹងថា នាងជាស្រីឆ្នាស់ យើងសូមសួរនាង អំពីហេតុដទៃទៀត ចុះនាងមានខ្លួនប្រាណប្រឡាក់ដោយអាចម៍ដី ព្រោះកម្មដូចម្តេច។
នាងបានលុបលាងក្បាលរួចហើយ មានសំពត់ដ៏ស្អាតប្រដាប់ហើយ ខ្លួនយើងសោត ក៏ប្រដាប់តាក់តែងដោយគ្រឿងអលង្ការដ៏ក្រៃលែងជាងនាង កាលខ្ញុំនោះ កំពុងសម្លឹងមើល នាងក៏ពោលចរចានឹងស្វាមី ក្នុងលំដាប់នោះ ខ្ញុំមានសេចក្តីឫស្យាពេកណាស់ ខ្ញុំមានសេចក្តីក្រោធកើតឡើង តអំពីនោះ ខ្ញុំក៏ប្រវាយកអាចម៍ដីទៅរោយដាក់នាង ដោយអាចម៍ដី ព្រោះហេតុនោះ ខ្ញុំទើបមានខ្លួនប្រឡាក់ដោយអាចម៍ដី ព្រោះវិបាកនៃកម្មនោះឯង។
ពិតមែនហើយ យើងដឹងថា នាងបានរោយអាចម៍ដីដាក់យើង តែយើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងត្រូវរោគកមរមាស់បៀតបៀន ដោយកម្មអ្វី។
យើងទាំងពីរនាក់ បានចូលទៅកាន់ព្រៃ ដើម្បីរកថ្នាំ ចំណែកនាងបានយកថ្នាំមក ឯខ្ញុំបាននាំយកខ្ញែមកវិញ កាលបើនាងមិនដឹង ខ្ញុំក៏រោយខ្ញែលើដំណេករបស់នាង ព្រោះហេតុនោះ រាងកាយរបស់ខ្ញុំ ទើបត្រូវរោគកមរមាស់បៀតបៀន ព្រោះវិបាកនៃកម្មនោះឯង។
ពិតមែនហើយ យើងបានដឹងថា នាងបានរោយ (ខ្ញែ) លើដំណេករបស់យើង តែយើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងមានកាយអាក្រាត ដោយកម្មអ្វី។
មានការប្រជុំមិត្តសំឡាញ់ និងជួបជុំពួកញាតិ គេបានហៅនាង ព្រមទាំងស្វាមី តែខ្ញុំគេមិនហៅ កាលបើនាងមិនបានដឹង ខ្ញុំក៏លួចយកសំពត់នាងទៅលាក់ ហេតុនោះ ខ្ញុំទើបមានរាងកាយអាក្រាត ព្រោះវិបាកនៃកម្មនោះឯង។
ពិតមែនហើយ យើងដឹងថា នាងបានលួចសំពត់របស់យើងទៅលាក់ យើងសួរនាងអំពីហេតុដទៃទៀត ចុះរាងកាយរបស់នាង មានក្លិនស្អុយដូចក្លិនលាមក ព្រោះកម្មអ្វី។
ខ្ញុំបានលួចយកនូវគ្រឿងក្រអូប ផ្កាកម្រង និងគ្រឿងលាបដ៏មានដំឡៃរបស់នាង ទៅចោលក្នុងរណ្ដៅលាមក ខ្ញុំបានធ្វើអំពើអាក្រក់នោះ ហេតុនោះ បានជាខ្ញុំមានក្លិនស្អុយ ដូចក្លិនលាមក ព្រោះហេតុវិបាកនៃកម្មនោះឯង។
ពិតមែនហើយ យើងបានដឹងហើយថា នាងបានធ្វើអំពើអាក្រក់នោះ យើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងជាស្រីទុគ៌ត ព្រោះវិបាកនៃកម្មអ្វី។
កាលយើងទាំងពីរនាក់ មានទ្រព្យសម្បត្តិក្នុងផ្ទះស្មើគ្នា កាលទេយ្យធម៌មាន ខ្ញុំក៏មិនបានធ្វើទីពឹងដើម្បីខ្លួន ព្រោះហេតុនោះ បានជាខ្ញុំជាស្រីទុគ៌ត ដោយវិបាកនៃកម្មនោះឯង។
នាងឯងបានស្ដីឲ្យខ្ញុំថា នាងកុំសេពអំពើអាក្រក់ ដ្បិតថា សុគតិ មិនមែនបានដោយងាយ ព្រោះបាបកម្មឡើយ។ នាងបានកំហែងយើងដោយផ្លូវខុស ទាំងបានឫស្សាយើង នាងចូរមើលចុះ វិបាកនៃអំពើអាក្រក់ ប្រាកដយ៉ាងណា (អំពីមុន) ខ្ញុំស្រីទាំងឡាយក្នុងផ្ទះនោះ និងគ្រឿងប្រដាប់ប្រដានោះឯង ជារបស់ខ្ញុំក៏មាន (ឥឡូវនេះ) របស់ទាំងអស់នោះ ក៏បានទៅអ្នកដទៃប្រើប្រាស់ ទ្រព្យទាំងឡាយ ក៏ជារបស់មិនទៀង ឥឡូវនេះ (កុដុម្ពីក៍) ជាបិតារបស់ខ្ញុំ ត្រឡប់អំពីផ្សារមកផ្ទះ ធ្វើដូចម្ដេច កុដុម្ពីក៍ នឹងឲ្យទេយ្យធម៌តិចតួចដល់នាង នាងកុំអាលទៅអំពីទីនេះឡើយ។
ខ្លួនខ្ញុំជាស្រីអាក្រាត មានរូបរាងអាក្រក់ក្រៃពេក ជាស្រីស្គម មានខ្លួនរវាមទៅដោយសរសៃ នេះជាកេរ្ដិ៍ខ្មាសរបស់ស្រីទាំងឡាយ កុំឲ្យកុដុម្ពីក៍ ជាបិតានាង មកឃើញខ្ញុំឡើយ។
បើដូច្នោះ ខ្ញុំគួរឲ្យអ្វីដល់នាង ម្យ៉ាងទៀត ខ្ញុំនឹងធ្វើឧបការៈអ្វីដល់នាង ដ៏ជាហេតុឲ្យនាងសម្រេចដោយសេចក្ដីប្រាថ្នាទាំងពួង ដល់នូវសេចក្ដីសុខ។
នាងចូរនិមន្តភិក្ខុ ៨ រូប គឺ ភិក្ខុ ៤ រូបអំពីសង្ឃ ភិក្ខុ ៤ រូបទៀត អំពីបុគ្គល ឲ្យឆាន់ ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំនោះ ជាហេតុឲ្យខ្ញុំសម្រេចសេចក្ដីប្រាថ្នាទាំងពួង ដល់នូវសេចក្ដីសុខ។
នាងតិស្សា បានទទួលពាក្យនាងមត្តាប្រេតថា សាធុ ហើយទើបនិមន្តភិក្ខុ ៨ រូបឲ្យឆាន់រួចហើយ ឲ្យស្លៀកដណ្ដប់ដោយសំពត់ទាំងឡាយ ហើយឧទ្ទិសទក្ខិណាទាន ដល់នាងមត្តាប្រេតនោះ។ វិបាកក៏កើតឡើង ក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ សំពត់ស្លៀកដណ្ដប់ និងទឹកផឹក ក៏កើតឡើង នេះជាផលនៃទក្ខិណាទាន លំដាប់នោះ នាងប្រេតជាស្រីស្អាត មានគ្រឿងស្លៀកពាក់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្ដម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ទើបបានចូលទៅរកនាងតិស្សាជាស្រីរួមប្ដី។
(នាងតិស្សាសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរដ៏រុងរឿងដោយរស្មី មកឋិតនៅ ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុដូចម្ដេច ផលនៃសុចរិត សំរេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច បានជាភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្តកើតឡើងដល់នាង
ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកើតជាមនុស្ស បានធ្វើបុញ្ញកម្មដូចម្ដេច នាងជាទេវធីតា មានអានុភាពភ្លឺផ្លេកយ៉ាងនេះ ដោយបុញ្ញកម្មដូចម្ដេច បានជានាងមានអានុភាពដ៏រុងរឿង ទាំងសម្បុររបស់នាងក៏ភ្លឺសព្វទិស។
(នាងមត្តាប្រេត តបថា) កាលអំពីមុន នាងឈ្មោះតិស្សា ខ្លួនខ្ញុំឈ្មោះមត្តា ជាស្រីរួមប្ដីរបស់នាង បានធ្វើនូវអំពើអាក្រក់ ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ខ្ញុំត្រេកអរដោយទានរបស់នាង ដែលបានឲ្យហើយ ទើបមិនមានភ័យក្នុងទីណាឡើយ។ ម្នាលប្អូន ចូរនាងរស់នៅអស់កាលយូរ ព្រមដោយពួកញាតិទាំងអស់ចុះ ម្នាលនាងល្អ ចូរនាងខំប្រព្រឹត្តធម៌ ខំឲ្យទានក្នុងលោកនេះ នឹង (ចូលទៅកាន់ឋានសួគ៌) ដែលមិនមានសោក មិនមានធូលី ជាទីនៅនៃវសវត្តីទេវរាជទាំងឡាយ។
នាងចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ព្រមទាំងឫសគល់ចេញ ដែលគេនិន្ទាមិនបាន ចូរទៅកាន់ស្ថានសួគ៌។
ចប់ រឿងនាងមត្តាប្រេត ទី៣។
(៤. នន្ទាបេតិវត្ថុ)
[១៦] (នន្ទសេនជាស្វាមី សួរថា) នាងជាស្រីមានខ្លួនខ្មៅ មានរូបអាក្រក់គ្រោតគ្រាត មើលគួរខ្លាច មានភ្នែកលឿង មានធ្មេញរង្វើល យើងមិនសំគាល់ថា នាងជាស្រីមនុស្សទេ។
(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្តនោះ តើដូចម្ដេចខ្លះ នាងទៅអំពីមនុស្សលោកនេះ កាន់បេតលោកដោយវិបាកនៃកម្មដូចម្ដេចខ្លះ។
ខ្ញុំជាស្រីកំណាចផង មានវាចាអាក្រក់ផង ឥតមានសេចក្ដីគោរពចំពោះអ្នកផង ខ្ញុំពោលពាក្យអាក្រក់ចំពោះអ្នក ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
បើដូច្នោះ យើងនឹងឲ្យសំពត់បង់កដល់នាង ចូរនាងស្លៀកសំពត់នេះចុះ លុះនាងស្លៀកសំពត់នេះហើយ ចូរចូលមក យើងនឹងនាំនាងទៅផ្ទះ នាងទៅដល់ផ្ទះហើយ នឹងបានសំពត់ បាយ ទឹក បានឃើញនូវបុត្តទាំងឡាយរបស់នាងផង បានឃើញកូនប្រសាស្រី របស់នាងផង។
វត្ថុដែលអ្នកបានឲ្យផ្ទាល់ដៃដោយដៃ មិនសម្រេចដល់ខ្ញុំទេ អ្នកចូរញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ជាអ្នកប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំ ក្នុងវេលានោះ ទើបខ្ញុំនឹងដល់នូវសេចក្ដីសុខ សម្រេចនូវសេចក្ដីប្រាថ្នាទាំងពួងបាន។
លំដាប់នោះ នន្ទសេន ឧបាសកនោះ ទទួលថា សាធុ ដូច្នេះហើយ បានចាត់ចែងនូវទានដ៏បរិបូណ៌ គឺបាយ ទឹក បង្អែម សំពត់ សេនាសនៈ ឆ័ត្រ គ្រឿងក្រអូប ផ្កាកម្រង ស្បែកជើងផ្សេង ៗ។ នន្ទសេនឧបាសក ក៏បានញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ហើយឧទ្ទិសទក្ខិណាទានដល់នាងនន្ទាប្រេត។
វិបាកក៏កើតឡើងក្នុងលំដាប់ដែលបានឧទ្ទិស ភោជនាហារ សំពត់ស្លៀក ទាំងទឹកផឹកក៏កើត នេះជាផលនៃទក្ខិណាទាន លំដាប់នោះ នាងនន្ទាប្រេតនោះ ជាស្រីស្អាត មានសំពត់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្ដមជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកស្វាមី។
(នន្ទសេនឧបាសកសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរដ៏រុងរឿង ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចជាផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុដូចម្ដេច ផលនៃសុចរិត សំរេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច ភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង
ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុញ្ញាកម្មដូចម្ដេច នាងជាទេវធីតាមានអានុភាពរុងរឿងយ៉ាងនេះ ដោយបុញ្ញាកម្មដូចម្ដេច ទាំងសម្បុររបស់នាងក៏ភ្លឺសព្វទិស។
(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក ខ្ញុំត្រេកអរដោយទានរបស់អ្នក ដែលបានឲ្យហើយ ទើបឥតមានភ័យក្នុងទីណាៗឡើយ។ ម្នាលគហបតី អ្នក ព្រមទាំងពួកញាតិទាំងអស់គ្នា ចូររស់នៅអស់កាលយូរ ម្នាលគហបតី អ្នកខំប្រព្រឹត្តធម៌ ខំឲ្យទានក្នុងលោកនេះ នឹងចូលទៅកាន់ទិព្វស្ថានដែលមិនមានសោក មិនមានធូលី ជាទីនៅនៃវសវត្តីទេវរាជទាំងឡាយ។
អ្នកចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ព្រមទាំងឫសគល់ចេញ ប្រាសចាកនិន្ទា ចូលទៅកាន់ឋានសួគ៌។
ចប់ រឿងនន្ទាប្រេត ទី៤។
(៥. មដ្ឋកុណ្ឌលីបេតវត្ថុ)
[១៧] អ្នកមានគ្រឿងប្រដាប់ហើយ មានកណ្ឌលដ៏រលីង។បេ។
(ត្រូវមើលក្នុងរឿងទី ៩ នៃសុនិក្ខិត្តវគ្គទី ៧ ក្នុងវិមានវត្ថុចុះ)
ចប់ រឿងមដ្ឋកុណ្ឌលិប្រេត ទី៥។
(៦. កណ្ហបេតវត្ថុ)
[១៨] (រោហិណេយ្យអាមាត្យ ក្រាបទូលថា) បពិត្រព្រះកណ្ហៈ ព្រះអង្គផ្ទំធ្វើអ្វី សូមព្រះអង្គក្រោកឡើង ប្រយោជន៍អ្វីដល់ព្រះអង្គដោយការផ្ទំ ឥឡូវនេះ ខ្យល់កំពុងតែកំរើក ឡើង ដល់ព្រះរាជកនិដ្ឋដែលដូចជាហ្ឫទ័យ និងចក្ខុខាងស្ដាំរបស់ព្រះអង្គ បពិត្រព្រះអង្គមានព្រះកេសាល្អ ឃដបណ្ឌិតកំពុងតែរវើរវាយ។
ព្រះបាទកេសវៈ ទ្រង់បានស្ដាប់ពាក្យនោះ របស់រោហិណេយ្យអាមាត្យនោះហើយ ក៏ស្លុតក្នុងព្រះហ្ឫទ័យ ទ្រង់ក្រោកចាកក្រឡាព្រះបន្ទំ ហើយទ្រង់ទង្គឹះខ្សឹកខ្សួល ព្រោះសេចក្ដីសោកចំពោះព្រះកនិដ្ឋ។
អ្នកមានសភាពជាមនុស្សឆ្កួតទេដឹង បានជាត្រាច់ទៅសព្វស្រុកទ្វារកៈនេះ ហើយស្រែកថា ទន្សាយៗ ដូច្នេះ អ្នកចង់បានទន្សាយអ្វី ទន្សាយមាស ទន្សាយកែវណី ទន្សាយទង់ដែង ឬមួយទន្សាយប្រាក់ ទន្សាយសង្ខ័ សិលា កែវប្រពាឡ យើងនឹងប្រើគេឲ្យធ្វើទន្សាយឲ្យអ្នក ពុំនោះសោតទេ ពួកទន្សាយដទៃ ដែលត្រាច់ស៊ីស្មៅក្នុងព្រៃក៏មាន យើងនឹងនាំយកទន្សាយទាំងនោះមកឲ្យអ្នក តើអ្នកចង់បានទន្សាយដូចម្ដេច។
ទន្សាយទាំងឡាយណា ដែលអាស្រ័យនៅលើផែនដី ខ្ញុំព្រះអង្គមិនប្រាថ្នាចង់បានទន្សាយទាំងនុ៎ះទេ ខ្ញុំព្រះអង្គ ប្រាថ្នាចង់បានតែទន្សាយអំពីដួងព្រះចន្រ្ទ បពិត្រព្រះអង្គមានព្រះកេសាខ្មៅ សូមព្រះអង្គនាំយកទន្សាយនោះមកឲ្យខ្ញុំ។
ម្នាលកនិដ្ឋជាញាតិ អ្នកនោះនឹងក្ស័យជីវិតដ៏ថ្លៃថ្លា អ្នកប្រាថ្នារបស់ដែលមិនគួរប្រាថ្នា ព្រោះអ្នកប្រាថ្នាទន្សាយអំពីដួងព្រះចន្រ្ទ។
បពិត្រព្រះអង្គមានព្រះកេសាខ្មៅ បើព្រះអង្គទ្រង់ជ្រាបយ៉ាងនេះហើយ គួរតែព្រះអង្គប្រៀនប្រដៅអ្នកដទៃបាន ចុះក្នុងថ្ងៃនេះ ហេតុដូចម្ដេច បានជាព្រះអង្គ ទ្រង់ព្រះកន្សែង នឹងបុត្តដែលធ្វើមរណកាលក្នុងកាលមុន។ (ពាក្យថា) បុត្តរបស់យើងកើតមកហើយ កុំស្លាប់ទៅវិញ ពាក្យនោះ មនុស្ស និងទេវតាមិនដែលបានឮ បានស្ដាប់ឡើយ ព្រះអង្គគប្បីបាននូវរបស់ដែលមិនត្រូវបានអំពីទីណា បពិត្រព្រះអង្គមានព្រះកេសាខ្មៅ ព្រះអង្គទ្រង់សោយសោកចំពោះបុគ្គលដែលទៅកាន់បរលោកហើយធ្វើអ្វី ព្រះអង្គមិនអាចដើម្បីនឹងនាំយកមកវិញបានដោយមន្ត ដោយមូលភេសជ្ជៈ ដោយឱសថ ឬដោយទ្រព្យឡើយ។ ពួកជនអ្នកមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើនក្ដី ពួកក្សត្រិយ៍ដែលនៅក្នុងរដ្ឋមណ្ឌល មានទ្រព្យ និងស្រូវដ៏ច្រើនក្ដី ជនទាំងនោះ ក៏គង់មិនរួចអំពីជរា និងមរណៈឡើយ។ ក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សូទ្រៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ជនទាំងនុ៎ះ ផ្សេងគ្នាដោយជាតិ ជនទាំងនោះឯង ក៏មិនរួចអំពីជរា និងមរណៈ។ ជនទាំងឡាយណា ប្រព្រឹត្តគឺស្វាធ្យាយមន្ត ប្រកបដោយអង្គ ៦ ដែលព្រហ្មបានគិតហើយ ជនទាំងនុ៎ះ ផ្សេងគ្នាដោយវិជ្ជា ជនទាំងនោះឯង ក៏មិនរួចអំពីមរណៈដែរ។ ម្យ៉ាងទៀត ពួកឥសីណា ជាអ្នករម្ងាប់ ជាអ្នកសង្រួមកាយ និងវាចា មានព្យាយាមដុតកំដៅកិលេស ពួកឥសីដែលមានព្យាយាម ដុតកំដៅកិលេសនោះឯង ក៏រមែងលះបង់សរីរៈទៅតាមកាល។ ព្រះអរហន្តទាំងឡាយ អ្នកមានខ្លួនចំរើនហើយ មានកិច្ចបានធ្វើស្រេចហើយ មានអាសវៈអស់ហើយ រមែងដាក់ចុះនូវរាងកាយនេះ ព្រោះអស់បុណ្យ និងបាប។
ប្អូនញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងរបស់យើង ដែលក្ដៅដោយភ្លើង គឺសេចក្ដីសោកឲ្យរលត់ ដូចបុគ្គលយកទឹកទៅស្រោចស្រប់ភ្លើងដែលឆេះឆ្នាំងខ្លាញ់។ សរ គឺសេចក្ដីសោកដែលអាស្រ័យនៅក្នុងហ្ឫទ័យរបស់យើង អ្នកក៏បានដកចេញហើយ អ្នកបានបន្ទោបង់នូវសេចក្ដីសោកព្រោះកូនរបស់យើង ដែលមានសេចក្ដីសោកគ្របសង្កត់ហើយ យើងនោះ មានសរ គឺសេចក្ដីសោកបានដកចេញហើយ ជាអ្នកត្រជាក់ហើយ មានទុក្ខរំលត់ហើយ។ យើងលែងសោក លែងយំហើយ ព្រោះបានស្ដាប់ភាសិតរបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ ធ្វើយ៉ាងនេះ ឃដបណ្ឌិត បានញុំាងបងច្បងឲ្យត្រឡប់ចាកសេចក្ដីសោក អាមាត្យទាំងឡាយ ដែលជាអ្នកបំរើរបស់ព្រះរាជាអង្គណា ក៏រមែងប្រាកដដូច្នោះ ដូចជាឃដបណ្ឌិត បានញុំាងបងច្បងឲ្យប្រព្រឹត្តទៅតាមសុភាសិត។
ចប់ រឿងកណ្ហប្រេត ទី៦។
(៧. ធនបាលសេដ្ឋិបេតវត្ថុ)
[១៩] (ពួកពាណិជសួរថា) អ្នកជាបុគ្គលអាក្រាត មានរូបមានសម្បុរអាក្រក់ ស្គាំងស្គម រវាមដោយសរសៃ មានឆ្អឹងជំនីររគាម ស្គម ម្នាលអ្នកនិទ៌ុក្ខ ចុះអ្នកជាអ្វី។
(ប្រេតតបថា) បពិត្រអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ព្រោះធ្វើអំពើអាក្រក់ ទើបទៅអំពីមនុស្សលោកនេះ កាន់បេតលោក។
ចុះអំពើអាក្រក់ ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត ដូចម្ដេច អ្នកទៅអំពីមនុស្សលោកនេះ កាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្ដេច។
មាននគរមួយ ឈ្មោះឯរកច្ឆៈ ក្នុងដែនទសន្នៈ ក្នុងជាតិមុន ខ្ញុំកើតជាសេដ្ឋីក្នុងនគរនោះ គេស្គាល់ខ្ញុំថាធនបាល។ ខ្ញុំមានទ្រព្យ ៨០ រទេៈ មានមាសច្រើន មានកែវមុក្ដា និងកែវពិទូរ្យច្រើន។ ការឲ្យនូវទាន មិនជាទីពេញចិត្តរបស់ខ្ញុំ អ្នកមានទ្រព្យច្រើនដល់ម្ល៉ោះ ខ្ញុំក៏បិទទ្វារផ្ទះ បរិភោគ មិនឲ្យពួកយាចកឃើញខ្ញុំឡើយ។ ខ្ញុំជាអ្នកមិនមានសទ្ធា កំណាញ់ស្វិតស្វាញ ជេរប្រទេចពួកជនអ្នកឲ្យ អ្នកធ្វើ បានហាមឃាត់នូវជនដ៏ច្រើន។ ផលនៃទានមិនមាន ផលនៃការសង្រួម នឹងមានមកអំពីណា ខ្ញុំបានទំលាយស្រះបោក្ខរណី និងអណ្ដូងទឹកផង របស់ដែលគេដាំក្នុងអារាមផង រោងទឹកផង នូវស្ពានក្នុងទីទៅបានដោយលំបាកផង។ ខ្ញុំនោះ មិនបានធ្វើល្អ ធ្វើតែអាក្រក់ ច្យុតអំពីមនុស្សលោកនោះ ទៅកើតក្នុងកំណើតប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃ្លាន អស់ ៥៥ឆ្នាំ តាំងអំពីខ្ញុំធ្វើមរណកាលអំពីអត្តភាពនោះ។ ខ្ញុំមិនបានបរិភោគបាយ ឬផឹកទឹកឡើយ សេចក្ដីសំចៃ (មិនឲ្យទាន) ណា នោះជាសេចក្ដីវិនាស សេចក្ដីវិនាសណា នោះជាសេចក្ដីសំចៃ បានឮថា ប្រេតទាំងឡាយ រមែងដឹងថា សេចក្ដីសំចៃណា នោះជាសេចក្ដីវិនាស។ អំពីជាតិមុន ខ្ញុំបានសំចៃ គឺមិនបានឲ្យទ្រព្យទាំងឡាយដ៏ច្រើន កាលទេយ្យធម៌ទាំងឡាយមាននៅ ខ្ញុំមិនបានធ្វើទីពឹងដល់ខ្លួនឡើយ។ ខ្ញុំនោះ ក្ដៅក្រហាយក្នុងកាលខាងក្រោយ អន្ទោលទៅតាមផលកម្មរបស់ខ្លួន កាលកិរិយា ក៏មានដោយការកន្លងទៅខាងលើ ៤ ខែ។ ខ្ញុំធ្លាក់ទៅរងទុក្ខក្នុងនរកដ៏ខ្លាំងក្លា ខ្លោចផ្សា ជានរកមានជ្រុង ៤ មានទ្វារ ៤ វាស់ដោយចំណែកដែលគេចែកស្មើគ្នា មានរបងដែកព័ទ្ធជុំវិញ គ្របដោយដែក។ ផ្ទៃផែនដីខាងក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះរន្ទាលច្រាលឆ្អៅ ផ្សាយទៅបានមួយរយយោជន៍ជុំវិញ តាំងនៅសព្វកាល។ ខ្ញុំបានរងទុក្ខវេទនា អស់កាលយូរអង្វែង ក្នុងនរកនោះ ដោយផលនៃបាបកម្ម ព្រោះហេតុនោះ ខ្ញុំទើបសោកស្ដាយក្រៃពេកណាស់។ ខ្ញុំប្រាប់សេចក្ដីនោះ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មកកាន់ទីប្រជុំនេះ មានប្រមាណប៉ុន្មាន សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ កុំធ្វើកម្មលាមក ទោះក្នុងទីវាល ឬក្នុងទីស្ងាត់ឡើយ។ បើអ្នកទាំងឡាយ នឹងធ្វើ ឬធ្វើឥឡូវនេះ នូវកម្មលាមកនោះ ទោះបីអ្នកទាំងឡាយ ហោះរត់ទៅលើអាកាស ក៏មិនផុតអំពីសេចក្ដីទុក្ខ អ្នកទាំងឡាយ គប្បីប្រតិបត្តិមាតាបិតា កោតក្រែងដល់បុគ្គលជាធំក្នុងត្រកូល គប្បីធ្វើការបូរជា ដល់សមណព្រាហ្មណ៍ អ្នកទាំងឡាយ នឹងទៅឋានសួគ៌ ដោយបុញ្ញកម្មយ៉ាងនេះ។
ហោះទៅក្នុងអាកាស ក៏មិនរួច (អំពីបាបកម្ម) ចូលទៅក្នុងកណ្ដាលសមុទ្រ ក៏មិនរួច ចូលទៅក្នុងចន្លោះភ្នំ ក៏មិនរួច បុគ្គលឋិតនៅក្នុងប្រទេសនៃផែនដីណា ហើយរួចចាកបាបកម្មបាន ប្រទេសនៃផែនដីនោះ មិនមានឡើយ។
ចប់ រឿងធនបាលប្រេត ទី៧។
(៨. ចូឡសេដ្ឋិបេតវត្ថុ)
[២០] (ព្រះបាទអជាតសត្រូវ ទ្រង់សួរថា) បពិត្រលោកដ៏ចំរើន លោកជាបព្វជិត1) មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែងទ្រព្យទាំងពួងតាមអធ្យាស្រ័យនៃលោក។
(ប្រេតតបថា) ក្រុងពារាណសី មានកិត្តិសព្ទល្បីទៅក្នុងទីឆ្ងាយ ខ្ញុំជាគហបតី មានទ្រព្យច្រើនក្នុងក្រុងពារាណសីនោះ ជាអ្នកកំណាញ់ មិនឲ្យទាន មានចិត្តជាប់នៅក្នុងអាមិសៈ ដល់នូវយមវិស័យ (បេតលោក) ដោយភាវៈទ្រុស្តសីល។ ខ្ញុំជាបុគ្គលលំបាកដោយសេចក្តីស្រេកឃ្លាន ប្រាកដដូចជាម្ជុលចាក់នៅជានិច្ច ព្រោះអំពើអាក្រក់នោះ ទើបទៅរកញាតិ ជាហេតុនឹងបានអាមិសៈតិចតួច (ពួកមនុស្សណា) មិនឲ្យទាន មិនជឿថា ផលទានមានក្នុងលោក (មនុស្សទាំងនោះ តែងតែកើតជាប្រេត រងទុក្ខធ្ងន់ដូចជាខ្លួនខ្ញុំ)។ ចំណែកធីតារបស់ខ្ញុំ ពោលរឿយៗ ថា អាត្មាអញនឹងឲ្យទានដល់បិតា ដល់ជីតា ក៏បានឲ្យព្រាហ្មណ៍ទាំងឡាយបរិភោគភោជនដែលខ្លួនតាក់តែង ខ្ញុំទៅកាន់អន្ធកវិន្ទនគរ ដើម្បីបរិភោគនូវផលទាននោះ។
ព្រះបាទអជាតសត្រូវ បានត្រាស់សួរទៅប្រេតនោះថា អ្នកបានទទួលផលទាន (ដែលធីតារបស់អ្នកបានតាក់តែងឲ្យហើយ) នោះ គប្បីត្រឡប់វិលវិញឆាប់ យើងនឹងធ្វើការបូជា (ដល់អ្នក) បើមានហេតុ អ្នកចូរប្រាប់ហេតុនោះដល់យើង យើងនឹងស្តាប់ពាក្យប្រកបដោយហេតុ ដែលគួរជឿ។
ប្រេតនោះពោលដូច្នោះហើយ បានទៅកាន់អន្ធកវិន្ទនគរនោះ ពួកព្រាហ្មណ៍បរិភោគភត្ត តែជាអ្នកមិនគួរដល់បទក្ខិណា (ព្រោះជាព្រាហ្មណ៍ទ្រុស្តសីល) ខាងក្រោយមក ប្រេតនោះ ក៏ទៅនគររាជគ្រឹះវិញ ក៏ប្រាកដចំពោះព្រះភក្រ្តព្រះបាទអជាតសត្រូវ ជាធំជាងជន។
ព្រះរាជាបានទតឃើញប្រេតមកហើយ ត្រាស់សួរថា យើងនឹងឲ្យនូវអ្វី អ្នកជាបុគ្គលឆ្អែតអស់កាលយូរ ដោយហេតុណា បើហេតុនោះមាន អ្នកចូរប្រាប់ដល់យើង។ បពិត្រមហារាជ សូមព្រះអង្គអង្គាសព្រះពុទ្ធផង ព្រះសង្ឃផង ដោយបាយ ទឹក និងចីវរ ហើយសូមឧទ្ទិសនូវទក្ខិណាទាននោះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ខ្ញុំគប្បីជាបុគ្គលឆ្អែតឆ្អន់អស់កាលយូរ ដោយប្រការយ៉ាងនេះ។
ក្នុងកាលនោះ ព្រះរាជាស្តេចចុះចាកប្រាសាទនោះ ហើយថ្វាយនូវទាន មានឱជារស រកប្រមាណមិនបាន ដោយព្រះហស្តព្រះអង្គឯង ដល់ព្រះសង្ឃ ហើយក្រាបទូលអំពីទាន ដែលបានធ្វើចំពោះព្រះតថាគត ហើយឧទ្ទិសនូវទក្ខិណាទានដល់ប្រេត។
ប្រេតនោះ ដែលព្រះរាជាបូជាហើយ ក៏រុងរឿងក្រៃពេក ប្រាកដក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជាជាធំជាងជន ពោលថា ខ្ញុំព្រះអង្គជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម រកមនុស្សមានឫទ្ធិប្រាកដស្មើនឹងខ្ញុំគ្មាន។ សូមព្រះអង្គទ្រង់ទតមើល នូវអានុភាពរបស់ខ្ញុំ រកប្រមាណមិនបាននេះ ទានដ៏ឧត្តមដែលព្រះអង្គឧទ្ទិសហើយឲ្យចំពោះសង្ឃ បពិត្រមនុស្សទេព ខ្ញុំព្រះអង្គ ជាបុគ្គលឆ្អែតស្កប់ស្កល់ដោយវត្ថុទាំងឡាយច្រើនរឿយៗ សព្វកាល ក៏បាននូវសេចក្តីសុខ ឥឡូវសូមលាទៅ។
ចប់ រឿងចូឡសេដ្ឋិប្រេត ទី៨។
(៩. អង្កុរបេតវត្ថុ)
[២១] (ព្រាហ្មណ៍និយាយថា) យើងទាំងឡាយ ជាអ្នកស្វែងរកទ្រព្យ ទៅកាន់ដែនកម្ពុជៈ ព្រោះហេតុនៃទ្រព្យណា យក្សនេះ ជាអ្នកឲ្យទ្រព្យនោះតាមប្រាថ្នា យើងនឹងនាំយកយក្សនេះទៅ ឬថា យើងចាប់យកយក្សនេះ ទាំងអំណាចឲ្យបានដោយងាយ លើកឡើងកាន់យាន យើងទៅកាន់ទ្វារកនគរ ដោយឆាប់រហ័ស។
(អង្កុរៈតបថា) បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគួរកាច់មែកឈើនោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក។
បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីកាត់ឈើនោះបានខ្លះ បើមានប្រយោជន៍ប្រាកដដោយការកាត់នោះ។
បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគប្បីក្តិចស្លឹកឈើនោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក។
បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីដកឈើនោះ ព្រមទាំងឫសបានខ្លះ បើមានប្រយោជន៍ប្រាកដ ដោយការដកនោះ។
បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី បុរសគប្បីបានបាយទឹក ក្នុងសំណាក់នៃបុគ្គលណា មិនគប្បីគិតនូវអំពើអាក្រក់ ដល់បុគ្គលនោះ សូម្បីដោយចិត្តឡើយ ពួកសប្បុរស តែងសរសើរនូវភាពនៃបុគ្គលកតញ្ញូ។
បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី ដែលគេទំនុកបំរុងដោយបាយ និងទឹក មិនគប្បីគិតអំពើអាក្រក់ដល់បុគ្គលនោះ សូម្បីដោយចិត្តឡើយ បុគ្គលមានដៃមិនប្រទូស្ត តែងដុតកំដៅនូវបុគ្គលដែលប្រទូស្តមិត្ត។
សត្វណាបៀតបៀន នូវបុគ្គលដែលធ្វើឧបការៈមុន ដោយអំពើអាក្រក់ ក្នុងកាលជាខាងក្រោយ សត្វនោះ ជាអ្នកបៀតបៀននូវបុគ្គលជាអ្នកមានបាតដៃទទឹក2) រមែងមិនឃើញនូវសេចក្តីចំរើនទេ។
បុគ្គលណា ប្រទូស្តដល់នរជន ដែលមិនបានប្រទូស្ត ជាបុគ្គលស្អាត មិនមានទីទួល គឺកិលេស បាបរមែងត្រឡប់ទៅរកបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។ ខ្ញុំ ទោះបីទេវតាក្តី មនុស្សក្តី កំចាត់កំចាយដោយឥស្សរិយយស មិនបានឡើយ ខ្លួនខ្ញុំជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម ទៅក្នុងទីឆ្ងាយបាន ប្រកបដោយរូបសម្បត្តិ និងកំឡាំង។
ដៃទាំងអស់របស់អ្នក មានសម្បុរដូចជាមាស ទ្រទ្រង់នូវវត្ថុជាទីប្រាថ្នា ដោយអង្គុលី ទាំង ៥ បញ្ចេញនូវរសផ្អែម រសទាំងឡាយផ្សេងៗ រមែងហូរចេញ ខ្ញុំសំគាល់ថាជាសក្កទេវរាជ ឈ្មោះបុរិន្ទទៈ។
ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធ័ព្វ មិនមែនជាព្រះឥន្រ្ទឈ្មោះបុរិន្ទទៈទេ ម្នាលអង្កុរៈ អ្នកចូរដឹងនូវខ្លួនខ្ញុំថាជាប្រេត3) ច្យុតអំពីរោរុវនគរ (មកកើត) ក្នុងទីនេះទេតើ។
អំពីជាតិមុន កាលអ្នកនៅក្នុងរោរុវនគរ មានសីលដូចម្ដេច មានសមាចារដូចម្ដេច ផលបុណ្យសម្រេចក្នុងដៃរបស់អ្នក ដោយការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ដូចម្ដេច។
អំពីជាតិមុន កាលនោះខ្លួនខ្ញុំជាអ្នកតម្បាញ នៅក្នុងរោរុវនគរ ជាអ្នកប្រព្រឹត្តិចិញ្ចឹមជីវិតដោយលំបាក ជាមនុស្សកំព្រា វត្ថុដែលគួរឲ្យទាន មិនមានដល់ខ្ញុំទេ តែទីលំនៅរបស់ខ្ញុំ នៅជិត (ផ្ទះ) នៃអសយ្ហមហាសេដ្ឋី ដែលជាអ្នកប្រកបដោយសទ្ធា ជាម្ចាស់នៃទាន បានធ្វើបុណ្យ ជាអ្នកខ្មាសបាប។ ពួកយាចក និងពួកវណិព្វកៈ មានគោត្រផ្សេងៗគ្នា តែងទៅក្នុងទីនោះ ជនទាំងនោះ តែងសួររកទីលំនៅនៃអសយ្ហមហាសេដ្ឋីនឹងខ្ញុំ ក្នុងទីនោះ។ សេចក្ដីចំរើនចូរមានដល់អ្នកចុះ ពួកយើងទៅក្នុងទីណា អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីណា ខ្ញុំកាលដែលជនទាំងនោះសួរហើយ បានប្រាប់នូវលំនៅនៃអសយ្ហមហាសេដ្ឋី ដល់ជនទាំងនោះ។ ខ្ញុំបានលើកដើមដៃខាងស្ដាំ (បង្ហាញលំនៅនៃអសយ្ហមហាសេដ្ឋី ដល់ជនទាំងនោះ) ថា សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយចុះ អ្នកទាំងឡាយ ចូរនាំគ្នាទៅក្នុងទីនុ៎ះចុះ អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីនុ៎ះ ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នាបានដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យ ក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។
បានឮថា អ្នកមិនដែលឲ្យទាន ដល់ជនណាមួយដោយដៃទាំងឡាយរបស់ខ្លួនទេ គ្រាន់តែអនុមោទនាទានរបស់បុគ្គលដទៃ ហើយលើកដៃចង្អុលប្រាប់ផ្លូវប៉ុណ្ណោះ។
ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នា ដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។
បពិត្រលោកដ៏ចំរើន អសយ្ហមហាសេដ្ឋីនោះ ជាអ្នកមានចិត្តជ្រះថ្លា ហើយបានឲ្យនូវទាន ដោយដៃខ្លួនឯង លុះសេដ្ឋីនោះ លះបង់នូវអត្តភាពជាមនុស្ស ហើយទៅទិសណា។
ខ្ញុំក៏មិនដឹងនូវដំណើរទៅ ឬមក នៃអសយ្ហមហាសេដ្ឋី ជាអ្នកអត់ធន់ ដែលមានរស្មីផ្សាយចេញអំពីកាយឡើយ តែខ្ញុំឮថា អសយ្ហមហាសេដ្ឋី ទៅកើតជាមួយនឹងព្រះឥន្រ្ទក្នុងសំណាក់នៃស្ដេចវេស្សវ័ណ។
បុគ្គលគួរធ្វើកុសល គួរឲ្យទានតាមសមគួរ បុគ្គលណា ឃើញដៃដែលឲ្យតាមចំណង់ហើយ នឹងមិនធ្វើបុណ្យកើត។ ខ្ញុំទៅអំពីទីនេះ ដល់ទៅទ្វារកនគរ នឹងតម្កល់ទុកនូវទាន ជាទីនាំមកនូវសេចក្ដីសុខដល់ខ្ញុំដោយពិត។ ខ្ញុំនឹងឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក ពាងទឹកសម្រាប់ផឹក និងស្ពាន ក្នុងផ្លូវដែលលំបាកទៅ។
ម្រាមដៃម្រាមជើងរបស់អ្នកក្ងែងក្ងង់ មុខរបស់អ្នកក្រញេវក្រញូវ ភ្នែករបស់អ្នក ចេះតែហូរចេញនូវទឹកភ្នែក ព្រោះហេតុអ្វី បាបកម្មដូចម្ដេច ដែលអ្នកបានធ្វើហើយ។
កាលអសយ្ហគហបតី ដែលមានរស្មីចេញអំពីកាយ មានសទ្ធាគ្រប់គ្រងផ្ទះ ខ្ញុំជាអ្នកចាត់ចែកនូវទានទាំងឡាយ ក្នុងរោងទានរបស់គហបតីនោះ។ ខ្ញុំបានឃើញពួកស្មូម ដែលត្រូវការភោជន មកក្នុងទីនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយបានធ្វើមុខក្រញេវក្រញូវ។ ព្រោះហេតុនោះ បានជាម្រាមដៃម្រាមជើងរបស់ខ្ញុំក្ងែងក្ងង់ មុខរបស់ខ្ញុំ ក្រញេវក្រញូវ ភ្នែកទាំងឡាយរបស់ខ្ញុំ ចេះតែហូរចេញនូវទឹកភ្នែក មានក្លិនស្អុយ បាបកម្មនោះ ខ្ញុំបានធ្វើហើយ។
ម្នាលបុរសលាមក មុខរបស់អ្នកក្រញេវក្រញូវផង ភ្នែករបស់អ្នក ចេះតែហូរចេញនូវ (ទឹកភ្នែកមានក្លិនស្អុយ) ផង (សមគួរ) តាមហេតុ ព្រោះអ្នកបានធ្វើមុខក្រញេវក្រញូវចំពោះទានបុគ្គលដទៃ។
បុរសកាលឲ្យទាន បាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ តើគប្បីធ្វើ (ទាននោះ) ឲ្យសម្រេចដល់បុគ្គលដទៃ ដូចម្ដេច។
ខ្ញុំទៅអំពីទីនេះ ដល់ទៅទ្វារកនគរហើយ នឹងដំកល់នូវទាន ជាទីនាំមកនូវសេចក្ដីសុខដល់ខ្ញុំដោយពិត។ ខ្ញុំនឹងឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក ទឹកសំរាប់ផឹក និងសង់ស្ពានក្នុងផ្លូវលំបាកទៅ។
មែនពិត លុះអង្កុរៈនោះ ត្រឡប់អំពីទីនោះ មកដល់ទ្វារកនគរហើយ ក៏បានដំកល់នូវទាននោះ ជាទីនាំមកនូវសេចក្ដីសុខ។ បានឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក និងពាងទឹកសំរាប់ផឹក ដោយចិត្តជ្រះថ្លា។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នកណានឹងស្លៀកដណ្ដប់សំពត់ អ្នកណាលំបាកដោយយាន ចូរទឹមពាហនៈ បរអំពីទីនេះទៅចុះ។ អ្នកណាចង់បានឆ័ត្រ ចង់បានគ្រឿងក្រអូប ចង់បានកម្រងផ្កា ចង់បានស្បែកជើង ចូរយកទៅចុះ ពួកជាងកាត់សក់ ពួកអ្នកធ្វើបាយ និងពួកអ្នកក្រងផ្កា តែងស្រែកឃោសនាក្នុងលំនៅនៃអង្កុរៈ ទាំងពេលព្រឹក ទាំងពេលល្ងាចសព្វ ៗ កាល ក្នុងទីនោះដូច្នេះ។
ជនតែងដឹងនូវខ្ញុំថា អង្កុរៈដេកជាសុខ ម្នាលសិន្ធុកមាណព តែខ្ញុំដេកជាទុក្ខ ព្រោះមិនឃើញពួកយាចក។ ជនតែងដឹងនូវខ្ញុំថា អង្កុរៈតែងដេកលក់ជាសុខ ម្នាលសិន្ធុកមាណព តែខ្ញុំដេកជាទុក្ខ ព្រោះឃើញនូវពួកវណិព្វកជនតិច។ ប្រសិនបើព្រះឥន្រ្ទ ជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យពរដល់អ្នក តើអ្នកគប្បីប្រាថ្នានូវពរដល់លោកទាំងពួងដូចម្ដេច។
បើព្រះឥន្រ្ទជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យនូវពរដល់ខ្ញុំ កាលខ្ញុំក្រោកឡើងអំពីព្រឹក ក្នុងវេលាជាទីរះឡើងនៃព្រះអាទិត្យ ភិក្ខាទាំងឡាយដ៏ជាទិព្វ គប្បីកើតប្រាកដ ពួកអ្នកមានសីល និងយាចក គប្បីមានប្រាកដ កាលខ្ញុំឲ្យនូវទាន កុំគប្បីអស់ទៅឡើយ លុះខ្ញុំឲ្យរួចហើយ កុំគប្បីក្ដៅក្រហាយ កាលខ្ញុំកំពុងឲ្យ គប្បីញុំាងចិត្តឲ្យជ្រះថ្លា បពិត្រសក្កៈ ខ្ញុំចង់បាននូវពរយ៉ាងនេះ។
បុគ្គលកុំគប្បីឲ្យនូវទ្រព្យគាប់ចិត្តទាំងអស់ ដល់បុគ្គលដទៃឡើយ បុគ្គលគប្បីឲ្យនូវទានផង គប្បីរក្សានូវទ្រព្យផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន ត្រកូលទាំងឡាយមិនចំរើន ព្រោះឲ្យទានខ្លាំងពេកទេ។ អ្នកប្រាជ្ញទាំងឡាយ រមែងមិនសរសើរនូវការមិនឲ្យទានផង នូវការឲ្យទានច្រើនពេកផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន បុគ្គលគួរប្រព្រឹត្តឲ្យស្មើ នោះជាធម៌របស់អ្នកប្រាជ្ញ។
ឱហ្ន៎ អាត្មាអញគប្បីឲ្យនូវទាន ព្រោះថា សប្បុរសទាំងឡាយអ្នកមានចិត្តស្ងប់រម្ងាប់ហើយ គប្បីគប់រកនូវអាត្មាអញ អាត្មាអញ ញុំាងពួកវណិព្វកៈទាំងពួង ឲ្យឆ្អែតស្កប់ស្កល់ ដូចមហាមេឃ ញុំាងទីទាបឲ្យពេញដូច្នោះ។
សម្បុរមុខរបស់បុគ្គលណាជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យហើយ រមែងមានចិត្តត្រេកអរ នោះជាសុខរបស់បុគ្គលអ្នកគ្រប់គ្រងផ្ទះ។ សម្បុរមុខរបស់បុគ្គលណា ជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យរួចហើយ រមែងមានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលមុននឹងឲ្យទាន ក៏មានចិត្តស្អាត កំពុងឲ្យ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា លុះឲ្យរួចហើយ មានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលតែងឲ្យភោជនជានិច្ចដល់ជន អ្នកប្រាថ្នាបុណ្យ ក្នុងលំនៅនៃអង្កុរៈ អស់ ៦ ហ្មឺនដឹក។ ពួកអ្នកធ្វើបាយចំនួនបីពាន់ (៣០០០) នាក់ ប្រដាប់នូវកណ្ឌលដ៏វិចិត្រ ដោយកែវមណី ជាអ្នកខ្វល់ខ្វាយនូវបុណ្យក្នុងការឲ្យទាន តែងអាស្រ័យចិញ្ចឹមជីវិតនឹងអង្កុរៈ។ ពួកបុរសចំនួនប្រាំមួយហ្មឺន (៦០,០០០) នាក់ ប្រដាប់នូវកណ្ឌលដ៏វិចិត្រដោយកែវមណី ជាមាណព តែងពុះឧសក្នុងមហាទាននៃអង្កុរៈ។ ពួកស្ត្រីចំនួនមួយហ្មឺនប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវគ្រឿងអលង្ការទាំងពួង ជានារីអ្នកចាត់ចែងប្រមូលនូវភណ្ឌៈ ក្នុងមហាទាននៃអង្កុរៈ ពួកស្ត្រីចំនួនមួយហ្មឺនប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវគ្រឿងអលង្ការទាំងពួង ជាអ្នកកាន់នូវវែក ហើយចូលទៅឈរនៅ (នាបរិវេណ) ក្នុងមហាទាននៃអង្កុរៈ។ អ្នកចូរឲ្យទានច្រើន ដល់ជនច្រើន ម្នាលនាងក្សត្រី នាងចូរឲ្យទានអស់កាលដ៏យូរចុះ ធ្វើនូវសេចក្តីកោតក្រែងដោយគោរពផង ដោយដៃផង ឲ្យរឿយៗ ចុះ។ អង្កុរៈបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅអស់ខែទាំងឡាយជាច្រើនផង អស់ប័ក្ខទាំងឡាយជាច្រើនផង អស់រដូវ និងឆ្នាំទាំងឡាយជាច្រើនផង ក្នុងចន្លោះនៃកាលដ៏វែងឆ្ងាយ។ អង្កុរៈ បានឲ្យទានយ៉ាងនេះផង បូជាយ៉ាងនេះផង អស់ចន្លោះនៃកាលដ៏វែង អង្កុរៈនោះ លុះលះបង់រាងកាយជាមនុស្សនេះទៅ ក៏បានទៅកើតជាទេវតាក្នុងជាន់តាវត្តឹង្ស។ ឥន្ទកៈ បានឲ្យនូវចង្ហាន់មួយវែកដល់ព្រះអនុរុទ្ធ ឥន្ទកៈនោះ លុះលះបង់រាងកាយជាមនុស្សនេះទៅ ក៏បានទៅកើតជាទេវតាក្នុងជាន់តាវត្តឹង្សដែរ។ ឥន្ទកៈ ជាអ្នករុងរឿងជាងអង្កុរៈដោយឋានៈ ១០ យ៉ាង គឺរូប ១ សំឡេង ១ រស ១ ក្លិន ១ ផោដ្ឋព្វដ៏ជាទីតម្រេកនៃចិត្ត ១ អាយុ ១ យស ១ សម្បុរ ១ សេចក្តីសុខ ១ ភាវៈជាធំ ១ ឥន្ទកទេវបុត្រ រុងរឿងជាងអង្កុរទេវបុត្រ ដោយភាពជាធំ (យ៉ាងនេះ)។
(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអង្កុរៈ មហាទានដែលអ្នកបានឲ្យហើយ ក្នុងចន្លោះនៃកាលដ៏វែង ឥឡូវអ្នកទៅអង្គុយនៅក្នុងទីឆ្ងាយ ចូរអ្នកមកក្នុងទីជិតនៃតថាគត។
កាលណាព្រះពុទ្ធ ឧត្តមជាងបុរស គង់នៅលើថ្មបណ្ឌុកម្ពល ជិតគល់នៃបារិច្ឆត្តកព្រឹក្ស ក្នុងជាន់ត្រៃត្រឹង្ស។ ទេវតាទាំងឡាយ ក្នុងលោកធាតុទាំង ១០ បានប្រជុំគ្នា ចូលទៅអង្គុយជិតព្រះសម្ពុទ្ធ ដែលគង់នៅលើកំពូលភ្នំ (សុមេរុ)។ ទេវតាណាមួយ រុងរឿងជាងព្រះសម្ពុទ្ធដោយវណ្ណៈ មិនមានឡើយ មានតែព្រះសម្ពុទ្ធមួយព្រះអង្គឯងប៉ុណ្ណោះ រុងរឿងកន្លងនូវទេវតាទាំងអស់។ ក្នុងកាលនោះ អង្កុរទេវបុត្រនៅក្នុងទីប្រមាណ ១២ យោជន៍ ឥន្ទកទេវបុត្ររុងរឿងក្រៃពេក ក្នុងទីជិតនៃព្រះសម្ពុទ្ធ។ ព្រះសម្ពុទ្ធទ្រង់រមិលមើលនូវអង្កុរទេវបុត្រ និងឥន្ទកទេវបុត្រ កាលទ្រង់សរសើរនូវទក្ខិណេយ្យបុគ្គល បានត្រាស់សំដែងនូវពាក្យនេះថា ម្នាលអង្កុរៈ មហាទានដែលអ្នកឲ្យហើយ អស់ចន្លោះនៃកាលដ៏វែង អ្នកអង្គុយក្នុងទីឆ្ងាយពេកណាស់ ចូរមកជិតតថាគតមក។
អង្កុរទេវបុត្រដែលព្រះសម្ពុទ្ធមានព្រះអង្គអប់រំហើយ ទ្រង់ដាស់តឿនហើយ ក៏បានក្រាបបង្គំទូលដូច្នេះថា ប្រយោជន៍អ្វី ដោយទាននោះរបស់ខ្ញុំព្រះអង្គ ព្រោះ (ទាននោះ) សូន្យចាកទក្ខិណេយ្យបុគ្គល។ ឥន្ទកយក្សនេះឯង ឲ្យទានតិចតួចទេ រុងរឿងជាងពួកខ្ញុំព្រះអង្គ ដូចជាព្រះចន្ទ្រក្នុងពួកផ្កាយ។
(ព្រះសម្ពុទ្ធត្រាស់ថា) ពូជដែលបុគ្គលព្រោះហើយ សូម្បីមានប្រមាណច្រើន ក្នុងស្រែទួល ផលរមែងមិនបរិបូណ៌ ទាំងមិនញ៉ាំងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ ទានដែលបុគ្គលដំកល់ទុកហើយមានប្រមាណច្រើន ក្នុងបុគ្គលទ្រុស្តសីលទាំងឡាយ ផលរមែងមិនបរិបូណ៌ ទាំងមិនបានញ៉ាំងទាយកឲ្យត្រេកអរបាន ក៏ដូច្នោះឯង។ ពូជដែលបុគ្គលព្រោះហើយ សូម្បីតិច ក្នុងស្រែដ៏ល្អ កាលភ្លៀងឆ្លាក់ស្រួល ផលរមែងញ៉ាំងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ សក្ការៈដែលបុគ្គលធ្វើហើយ សូម្បីតិចតួច ក្នុងតាទិបុគ្គលទាំងឡាយ មានសីល មានគុណ បុណ្យរមែងមានផលច្រើន ក៏ដូច្នោះឯង។ ទានដែលបុគ្គលឲ្យហើយដល់បុគ្គលណា រមែងមានផលច្រើន បុគ្គលគួរពិចារណាហើយ សិមឲ្យទាន ទាយកទាំងឡាយ ពិចារណាហើយ ឲ្យនូវទាន តែងទៅកាន់ឋានសួគ៌
ទានដែលបុគ្គលពិចារណា ហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ទក្ខិណេយ្យបុគ្គលណា ដែលមាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយដល់ទក្ខិណេយ្យបុគ្គលទាំងនោះ រមែងមានផលច្រើន ដូជពូជដែលបុគ្គលព្រោះហើយក្នុងស្រែល្អ។
ចប់ រឿងអង្កុរប្រេត ទី៩។
(១០. ឧត្តរមាតុបេតិវត្ថុ)
[២២] ស្រីប្រេតដែលមានសម្បុរអាក្រក់ ឃើញគួរខ្លាច បានចូលទៅរកភិក្ខុនោះ4) ដែលកំពុងសម្រាកនៅក្នុងវេលាថ្ងៃ អង្គុយនៅទៀបឆ្នេរទន្លេគង្គា សក់ទាំងឡាយនៃស្រីប្រេតនោះ វែងសំយុងចុះដរាបដល់ដី ស្រីប្រេតនោះ បិទបាំងខ្លួនប្រាណដោយសក់ទាំងឡាយ ហើយនិយាយទៅនឹងសមណៈដូច្នេះថា ចាប់ដើមតាំងអំពីខ្ញុំធ្វើមរណកាលមកបាន ៥៥ ឆ្នាំហើយ មិនដែលបានបរិភោគ ឬក្រេបផឹកនូវទឹកឡើយ បពិត្រលោកដ៏ចំរើន សូមលោកឲ្យនូវទឹកដល់ខ្ញុំ ដើម្បីបានក្រេបផឹក ព្រោះសេចក្តីស្រេក។
(ព្រះកង្ខារេវត្តត្ថេរតបថា) ទន្លេគង្គានេះ មានទឹកត្រជាក់ហូរមកពីភ្នំហិមវន្ត នាងចូរកាន់យកនូវទឹកអំពីទន្លេគង្គានេះ ហើយក្រេបផឹកចុះ ហេតុអ្វីបានជានាងសូមទឹកនឹងយើងដូច្នេះ។
បពិត្រលោកដ៏ចំរើន បើខ្ញុំកាន់យកទឹកអំពីទន្លេគង្គាដោយខ្លួនឯង ទឹកនោះ ក៏ប្រែទៅជាឈាមដល់ខ្ញុំវិញ ព្រោះហេតុនោះ បានជាខ្ញុំសូមទឹកអំពីលោកម្ចាស់វិញ។
ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ បានជាទឹកទន្លេគង្គា ប្រែទៅជាឈាមដល់នាង ព្រោះវិបាកនៃកម្មដូចម្តេច។
បុត្តរបស់ខ្ញុំឈ្មោះឧត្តរៈ ជាឧបាសកអ្នកមានសទ្ធា កាលខ្ញុំមិនប្រាថ្នា (នឹងឲ្យទាន) បុត្តរបស់ខ្ញុំនោះ ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យ ដល់សមណៈទាំងឡាយ។ ខ្ញុំនោះ ត្រូវសេចក្តីកំណាញ់បៀតបៀន ក៏ជេរប្រទេចកូននោះថា កាលអញមិនប្រាថ្នានឹងឲ្យ ឯងបានឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យណា ដល់សមណៈទាំងឡាយ។ ម្នាលឧត្តរៈ បច្ច័យ មានចីវរជាដើមនុ៎ះ ចូរកើតទៅជាឈាម ដល់អ្នកឯង ក្នុងបរលោកចុះ ព្រោះវិបាកនៃកម្មនោះ បានជាទឹកក្នុងទន្លេគង្គាក្លាយទៅជាឈាមដល់ខ្ញុំ។
ចប់ រឿងនាងឧត្តរមាតុប្រេត ទី១០។
(១១. សុត្តបេតវត្ថុ)
[២៣] (ស្រីដែលនៅជាមួយនឹងវិមានប្រេត មានសេចក្តីអផ្សុក បានពោលថា) ក្នុងកាលមុន បព្វជិតភិក្ខុ គឺព្រះបច្ចេកពុទ្ធ បានចូលមកសុំអម្បោះ ខ្ញុំក៏បានប្រគេន (ឥឡូវនេះ) ខ្ញុំបានផលនៃការប្រគេនអម្បោះនោះ ជាផលចំរើនលើសលុប ទាំងសំពត់ច្រើនកោដិ ក៏កើតឡើងដល់ខ្ញុំ។ ខ្ញុំនោះ បានប្រើប្រាស់នូវវិមានជាទីត្រេកអរដ៏ដេរដាសដោយផ្កា វិចិត្តដោយកែវច្រើនយ៉ាង ដែលជនប្រុសស្រីសេពហើយផង បានស្លៀកដណ្តប់ (សំពត់តាមចំណង់) ផង ទាំងទ្រព្យដ៏ច្រើន ក៏មិនចេះអស់ផង។ ខ្ញុំបានសេចក្តីសុខ និងសេចក្តីស្រួល ក្នុងវិមាននេះ ព្រោះអាស្រ័យផលនៃកម្មនោះឯង ខ្ញុំនោះ នឹងទៅកាន់មនុស្សលោកវិញហើយ ធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅ (ឯមនុស្សលោកចុះ)។
(វិមានប្រេត និយាយថា) នាងមកក្នុងវិមាននេះ បាន ៧០០ ឆ្នាំហើយ (បើនាងទៅអំពីទីនេះវិញ ទៅនៅ) ក្នុងមនុស្សលោកនោះ នឹងគ្រាំគ្រាចាស់ ពួកញាតិរបស់នាងទាំងអស់ ស្លាប់អស់ហើយ (ព្រោះហេតុនោះ) នាងនឹងទៅអំពីទេវលោកនេះធ្វើអ្វី ក្នុងមនុស្សលោកនោះ។
(ស្រីនោះនិយាយថា) ខ្ញុំបានមកក្នុងវិមាននេះ ជាស្រីបរិបូណ៌ដោយវត្ថុទិព្វ និងសេចក្តីសុខ អស់ត្រឹម ៧ ឆ្នាំ ខ្ញុំនោះនឹងទៅកាន់មនុស្សលោកវិញ ហើយធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅចុះ។
វិមានប្រេតនោះ ក៏កំហែងចាប់ស្រីនោះ ត្រង់ដើមដៃនាំមក (កាន់ស្រុកផៅពង្ស) វិញ ហើយនិយាយនឹងស្រីចាស់មានកំឡាំងទន់ខ្សោយនោះថា នាងត្រូវប្រាប់ដល់ជនដទៃទៀត ដែលមកក្នុងទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យទាំងឡាយ អ្នកទាំងឡាយ នឹងបានសេចក្តីសុខ។
ស្រីនោះ ឲ្យឱវាទដល់ពួកជនដែលមកកាន់សំណាក់ខ្លួនថា ពួកប្រេតដែលខ្ញុំបានឃើញហើយ ជាអ្នកមានអំពើល្អមិនបានធ្វើ តែងលំបាក យ៉ាងណាមិញ ពួកមនុស្ស ក៏យ៉ាងនោះដែរ ពួកសត្វ គឺទេវតា និងមនុស្ស ដែលបានធ្វើកម្ម មានសេចក្តីសុខជាកម្រៃហើយ តែងតាំងនៅក្នុងសេចក្តីសុខ។
ចប់ រឿងសុត្តប្រេត ទី១១។
(១២. កណ្ណមុណ្ឌបេតិវត្ថុ)
[២៤] (ព្រះរាជាសួរស្រីប្រេតថា) ស្រះបោក្ខរណី មានកាំជណ្តើរជាវិការៈនៃមាសក្រាលខ្សាច់ជាវិការៈនៃមាស (ដោយជុំវិញ) ពួកផ្កាចង្កុលណី ក្នុងស្រះបោក្ខរណីនោះល្អ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ស្រះបោក្ខរណីនោះ) ដេរដាសដោយឈើផ្សេងៗ ផ្សាយទៅដោយក្លិនផ្សេងៗ ដេរដាសដោយឈូកក្រហមផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកសផ្សេងៗ។ (ស្រះបោក្ខរណីទាំងឡាយនោះ) ទ្រហឹងអឺងកង ដោយហង្ស និងក្រៀល មានសត្វចាក្រពាកស្រែកក្រលួច កុះករដោយហ្វូងសត្វស្លាបផ្សេងៗ ប្រកបដោយពួកបក្សី មានសំឡេងផ្សេងៗ ផង ឈើទាំងឡាយ ទ្រទ្រង់នូវផ្លែផ្សេងៗ ផង ព្រៃទាំងឡាយ ទ្រទ្រង់នូវកម្រងផ្កាផ្សេងៗ ផង មានក្លិនក្រអូបជាទីគាប់ចិត្ត ដែលខ្យល់បក់មកត្រូវ ក៏ផ្សាយទៅ។ នគរ (របស់នាង) នេះ ប្រាកដយ៉ាងណា នគរប្រាកដយ៉ាងនេះ មិនមានក្នុងពួកមនុស្សទេ ទាំងប្រាសាទរបស់នាង ក៏ច្រើន សុទ្ធសឹងតែមាស និងប្រាក់ រុងរឿង ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺជុំវិញ។ ទាសី ៥០០ ណា ជាស្រីបម្រើរបស់នាង ពួកទាសីទាំងនោះ ក៏ទ្រទ្រង់នូវស័ង្ខ និងកងក និងកន្ទ្រុំ ស្អិតស្អាងដោយសំពត់មាស។ បល្ល័ង្ករបស់នាងដ៏ច្រើន សុទ្ធសឹងតែមាស និងប្រាក់ ក្រាលកម្រាលស្បែកឈ្មស់ ដែលបុញ្ញកម្មតាក់តែងហើយ ក្រាលសំពត់គោណកៈ ជាទីចូលទៅនៅអាស្រ័យរបស់នាងអ្នកសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង។ លុះដល់ពាក់កណ្តាលអធ្រាត្រ នាងតែងក្រោកអំពីបល្ល័ង្កនោះ ទៅកាន់ឱទ្យានភូមិ ដើរជុំវិញស្រះបោក្ខរណី។ (ម្នាលនាងដ៏ចំរើន នាងទៅ) ឈរក្បែរឆ្នេរស្រះបោក្ខរណីនោះ ជាទីមានស្មៅដុះខៀវខ្ចីដ៏ស្អាត លំដាប់នោះ ស្រាប់តែមានឆ្កែកំបុតត្រចៀក មកខាំអវយវៈ តូច ធំ របស់នាង។ នាងក្នុងកាលដែលឆ្កែខាំស៊ី ធ្វើឲ្យនៅសល់តែរាងឆ្អឹង ហើយនាងចុះទៅកាន់ស្រះបោក្ខរណី កាយ (របស់នាង) ក៏តាំងនៅដូចក្នុងកាលមុន។ លំដាប់នោះ នាងមានអវយវៈតូច ធំពេញលេញល្អល្អះ គួរឲ្យរមិលមើល ស្លៀកដណ្តប់សំពត់ ហើយមកកាន់សំណាក់នៃអញ។ អំពើអាក្រក់ដូចម្តេច ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត ដោយផលនៃកម្មដូចម្ដេច បានជាឆ្កែកំបុតត្រចៀក ខាំស៊ីនូវអវយវៈតូច ធំ។
(ស្រីប្រេតនោះ ក្រាបទូលថា) ក្នុងនគរកិម្ពិលា មានគហបតី ជាឧបាសកអ្នកមានសទ្ធា ខ្ញុំជាប្រពន្ធរបស់គាត់ ជាស្រីទ្រុស្ដសីល បានប្រព្រឹត្តកន្លងចិត្តប្ដី។ កាលខ្ញុំប្រព្រឹត្តកន្លងចិត្តប្ដីយ៉ាងនេះហើយ ប្ដីបាននិយាយយ៉ាងនេះថា អំពើនេះ មិនប្រពៃ មិនសមគួរទេ ព្រោះនាងប្រព្រឹត្តកន្លងអញ។ ខ្ញុំនោះ បាននិយាយស្បថយ៉ាងអាក្រក់ផង និយាយពាក្យកុហកផងថា ខ្ញុំមិនប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្តទេ ប្រសិនបើខ្ញុំប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្ត សូមឲ្យឆ្កែកំបុតត្រចៀកនេះ ខាំស៊ីអវយវៈតូច-ធំចុះ។ ឆ្កែកំបុតត្រចៀក ខាំស៊ីអវយវៈតូចធំរបស់ខ្ញុំ ព្រោះបាបកម្មណា ខ្ញុំបានទទួលរងផលនៃបាបកម្មនោះទាំងពីរយ៉ាងគឺ ទុស្សីលកម្ម ១ មុសាវាទកម្ម ១ អស់ ៧០០ឆ្នាំ។
(ស្រីប្រេតនោះពោលថា) បពិត្រព្រះសម្មតិទេព ព្រះអង្គជាក្សត្រមានឧបការៈច្រើន បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ឯខ្ញុំក៏បានរួចស្រឡះចាកឆ្កែកំបុតត្រចៀក ជាស្រីលែងមានសោក លែងមានភ័យ អំពីអារម្មណ៍ណាមួយ បពិត្រព្រះសម្មតិទេព ខ្ញុំសូមធ្វើអញ្ជលី ថ្វាយបង្គំអង្វរព្រះអង្គ សូមព្រះអង្គសោយកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរជាមួយនឹងខ្ញុំ។
(ស្ដេចពោលថា) កាមទាំងឡាយ មិនមែនជារបស់មនុស្ស អញបានបរិភោគហើយ អញជាអ្នកត្រេកអរជាមួយនឹងនាងហើយ ម្នាលនាងមានជោគល្អ អញសូមអង្វរនាង នាងចូរនាំអញទៅ (នគរ) វិញឲ្យឆាប់។
ចប់ រឿងកណ្ណមុណ្ឌប្រេត ទី១២។
(១៣. ឧព្វរិបេតវត្ថុ)
[២៥] (ព្រះសង្គីតិកត្ថេរទាំងឡាយពោលថា) ស្ដេចរបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ទ្រង់ព្រះនាមព្រហ្មទត្ត ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ លុះដល់ថ្ងៃ និងយប់កន្លងទៅ ស្ដេចក៏ទ្រង់សោយទិវង្គត។ អគ្គមហេសីរបស់ស្ដេចនោះ ឈ្មោះនាងឧព្វរី បានទៅកាន់ទីស្មសាន ហើយទ្រង់ព្រះកន្សែង កាលមិនឃើញស្ដេចព្រហ្មទត្ត ក៏ទ្រង់ព្រះកន្សែងថា ឱ ព្រះបាទព្រហ្មទត្ត។ ឥសី ជាអ្នកប្រាជ បរិបូណ៌ដោយចរណៈ បានមកក្នុងទីដែលនាងឧព្វរីឈរនោះ ឥសីនោះ បានសួរពួកជនដែលមកជួបជុំក្នុងទីនោះថា ចុះទីស្មសាននេះ ដែលផ្សាយទៅដោយក្លិនក្រអូបផ្សេងៗ តើរបស់នរណា ស្រីនេះ ជាភរិយារបស់នរណា កំពុងកន្ទក់កន្ទេញរកប្ដី ដែលទៅឆ្ងាយអំពីមនុស្សលោកនេះ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទព្រហ្មទត្ត។
ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រមហាឥសីដ៏ចំរើន (ទីស្មសាននេះ ) របស់ព្រះបាទព្រហ្មទត្ត បពិត្រមហាឥសី អ្នកនិរទុក្ខ (ស្រីនេះ ជាភរិយា) របស់ព្រះបាទព្រហ្មទត្ត ទីស្មសាននេះ របស់ព្រះបាទព្រហ្មទត្តនោះ ដែលផ្សាយទៅដោយ ក្លិនក្រអូបផ្សេងៗ ស្រីនេះ ជាភរិយារបស់ព្រះបាទព្រហ្មទត្តនោះ កន្ទក់កន្ទេញរកប្ដីដែលទៅឆ្ងាយ អំពីមនុស្សលោកនេះហើយ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱ ព្រះបាទព្រហ្មទត្ត។
(តាបសសួរនាងឧព្វរីថា) ស្ដេចទាំងឡាយ ៨៦.០០០ ព្រះអង្គ សុទ្ធតែឈ្មោះព្រះបាទព្រហ្មទត្ត ត្រូវគេដុតក្នុងទីស្មសាននេះដែរ បណ្ដាស្ដេចព្រហ្មទត្តទាំងនោះ តើនាងសោកស្ដាយរកស្ដេចព្រហ្មទត្តអង្គណា។
(នាងឧព្វរីឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្ដេចអង្គណារបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ ខ្ញុំសោកស្ដាយរកស្ដេចអង្គនោះ ជាភស្ដា (របស់ខ្ញុំ) ជាអ្នកឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាង។
(តាបសសួរថា) ពួកស្ដេចទាំងអស់ សុទ្ធតែឈ្មោះព្រហ្មទត្ត ពួកស្ដេចទាំងអស់របស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល សុទ្ធតែជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ នាងបានជាមហេសីរបស់ពួកស្ដេចទាំងអស់តាមលំដាប់មក ហេតុអ្វីបានជានាងលះចោលពួកស្ដេចជាន់មុន ហើយមកសោកស្ដាយតែស្ដេចជាន់ក្រោយវិញ។
(នាងឧព្វរីតបថា) បពិត្រលោកអ្នកនិរទុក្ខ លោកពោលជាច្រើនដងហើយថា នាងឯងជាមហេសីនៃស្ដេច (ទាំងពួង) ក្នុងសង្សារ ចំពោះខ្ញុំ ដែលកើតជាស្រីណា ខ្លួនរបស់ខ្ញុំ ដែលកើតជាស្រីនោះ (ឆ្លាប់កើតជាស្រី) អស់កាលដ៏យូរ (ឬក៏ឆ្លាប់កើតជាប្រុសដែរ)។
(តាបសពោលថា) នាងឯង ជួនកាលកើតជាស្រី ជួនកាលកើតជាប្រុស មិនតែប៉ុណ្ណោះ ជួនកាលបានទៅកាន់កំណើតបសុសត្វ កាលបើយ៉ាងនេះ ទីបំផុត (នៃអត្តភាពទាំងឡាយ) ដែលកន្លងនូវឥត្ថីភាព និងបុរិសភាពនុ៎ះ រមែងមិនប្រាកដឡើយ។
(នាងឧព្វរីពោលថា) លោកបានស្រោចស្រប់ខ្ញុំ ដែលភ្លើង គឺសេចក្ដីសោកកំពុងឆេះសព្វ ឲ្យស្ងប់រម្ងាប់បាន ហើយញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងឲ្យរលត់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងកំពុងឆេះនូវឆ្នាំងខ្លាញ់ លោកណា បានបន្ទោបង់នូវសេចក្ដីសោកព្រោះប្ដី ចំពោះខ្ញុំ ដែលមានសេចក្ដីសោកកំពុងគ្របសង្កត់ លោកនោះ ឈ្មោះថាបានដកនូវសរ គឺសេចក្ដីសោក ដែលអាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ។ ខ្ញុំនោះ ជាអ្នកមានសរ គឺសេចក្ដីសោកដកចោលហើយ ជាអ្នកមានចិត្តត្រជាក់កើតហើយ មានទុក្ខរលត់ហើយ បពិត្រព្រះមហាមុនី ខ្ញុំលែងសោកស្ដាយ លែងយំទួញហើយ ព្រោះស្ដាប់ពាក្យរបស់លោក។
នាងឧព្វរីបានស្ដាប់ពាក្យសុភាសិតនោះ របស់តាបសជាសមណៈនោះហើយ ក៏ប្រដាប់បាត្រ និងចីវរ ចូលកាន់ផ្នួស លុះនាងឧព្វរីនោះ ចេញចាកផ្ទះ ចូលកាន់ផ្នួសហើយ ក៏ចេញអំពីស្រុក ដើរទៅកាន់ស្រុក កាន់និគម និងរាជធានីទាំងឡាយ បានចំរើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក។ នាងឧព្វរី បានធ្វើមរណកាល ក្នុងស្រុកឈ្មោះឧរុវេលៈ នាងឧព្វរីនោះ បានចំរើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក ហើយញុំាងចិត្តឲ្យនឿយណាយ ក្នុងឥត្ថីភាព ក៏បានទៅកើតក្នុងព្រហ្មលោក។
ចប់ រឿងឧព្វរីប្រេត ទី១៣។
ឧទ្ទាន
រឿងសំសារមោចកប្រេត (ប្រេតស្គមកើតរោគលឿង) ១ រឿងស្រីប្រេតជាមាតានៃព្រះសារីបុត្តត្ថេរ ១ រឿងនាងមត្តាប្រេត (ដែលនៅរួមប្ដីនៃនាងតិស្សា) ១ រឿងនន្ទាប្រេត ១ រឿងមដ្ឋកុណ្ឌលីប្រេត ១ រឿងកណ្ហប្រេត ១ រឿងធនបាលប្រេត ១ រឿងចូឡសេដ្ឋីប្រេត ១ រឿងអង្កុរប្រេត ១ រឿងនាងឧត្តរមាតុប្រេត ១ រឿងសុត្តប្រេត ១ រឿងកណ្ហមណ្ឌប្រេត ១ រឿងឧព្វរីប្រេត ១។
ចប់ ឧព្វរីវគ្គ ទី២។