តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ » ឧព្វរីវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev 2 10 បាលី cs-km: sut.kn.pev.2.10 អដ្ឋកថា: sut.kn.pev.2.10_att PTS: ?
រឿងនាងឧត្តរមាតុប្រេត ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. ឧត្តរមាតុបេតិវត្ថុ)
[២២] ស្រីប្រេតដែលមានសម្បុរអាក្រក់ ឃើញគួរខ្លាច បានចូលទៅរកភិក្ខុនោះ1) ដែលកំពុងសម្រាកនៅក្នុងវេលាថ្ងៃ អង្គុយនៅទៀបឆ្នេរទន្លេគង្គា សក់ទាំងឡាយនៃស្រីប្រេតនោះ វែងសំយុងចុះដរាបដល់ដី ស្រីប្រេតនោះ បិទបាំងខ្លួនប្រាណដោយសក់ទាំងឡាយ ហើយនិយាយទៅនឹងសមណៈដូច្នេះថា ចាប់ដើមតាំងអំពីខ្ញុំធ្វើមរណកាលមកបាន ៥៥ ឆ្នាំហើយ មិនដែលបានបរិភោគ ឬក្រេបផឹកនូវទឹកឡើយ បពិត្រលោកដ៏ចំរើន សូមលោកឲ្យនូវទឹកដល់ខ្ញុំ ដើម្បីបានក្រេបផឹក ព្រោះសេចក្តីស្រេក។
(ព្រះកង្ខារេវត្តត្ថេរតបថា) ទន្លេគង្គានេះ មានទឹកត្រជាក់ហូរមកពីភ្នំហិមវន្ត នាងចូរកាន់យកនូវទឹកអំពីទន្លេគង្គានេះ ហើយក្រេបផឹកចុះ ហេតុអ្វីបានជានាងសូមទឹកនឹងយើងដូច្នេះ។
បពិត្រលោកដ៏ចំរើន បើខ្ញុំកាន់យកទឹកអំពីទន្លេគង្គាដោយខ្លួនឯង ទឹកនោះ ក៏ប្រែទៅជាឈាមដល់ខ្ញុំវិញ ព្រោះហេតុនោះ បានជាខ្ញុំសូមទឹកអំពីលោកម្ចាស់វិញ។
ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ បានជាទឹកទន្លេគង្គា ប្រែទៅជាឈាមដល់នាង ព្រោះវិបាកនៃកម្មដូចម្តេច។
បុត្តរបស់ខ្ញុំឈ្មោះឧត្តរៈ ជាឧបាសកអ្នកមានសទ្ធា កាលខ្ញុំមិនប្រាថ្នា (នឹងឲ្យទាន) បុត្តរបស់ខ្ញុំនោះ ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យ ដល់សមណៈទាំងឡាយ។ ខ្ញុំនោះ ត្រូវសេចក្តីកំណាញ់បៀតបៀន ក៏ជេរប្រទេចកូននោះថា កាលអញមិនប្រាថ្នានឹងឲ្យ ឯងបានឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យណា ដល់សមណៈទាំងឡាយ។ ម្នាលឧត្តរៈ បច្ច័យ មានចីវរជាដើមនុ៎ះ ចូរកើតទៅជាឈាម ដល់អ្នកឯង ក្នុងបរលោកចុះ ព្រោះវិបាកនៃកម្មនោះ បានជាទឹកក្នុងទន្លេគង្គាក្លាយទៅជាឈាមដល់ខ្ញុំ។
ចប់ រឿងនាងឧត្តរមាតុប្រេត ទី១០។