តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev v3 បាលី cs-km: sut.kn.pev.3 អដ្ឋកថា: sut.kn.pev.3_att PTS: ?
ចូឡវគ្គ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. ចូឡវគ្គោ)
(១. អភិជ្ជមានបេតវត្ថុ)
[២៦] (កោលិយមហាមាត្យ ពោលថា) អ្នកឯងជាប្រេតអាក្រាត តែពាក់កណ្ដាលកាយខាងលើ ជាអ្នកទ្រទ្រង់នូវកម្រងផ្កាតាក់តែងក្បាល ដើរលើទឹកទន្លេគង្គា មិនបែកខ្ញែក ក្នុងទីនេះ ម្នាលប្រេត តើអ្នកនឹងទៅក្នុងស្រុកណា ទីនៅរបស់អ្នក នឹងមានក្នុងទីណា។
ប្រេតនោះបាននិយាយថា ខ្ញុំនឹងទៅស្រុកចុន្ទដ្ឋិលៈ ត្រង់ចន្លោះជិតស្រុកវាសភៈ និងក្រុងពារាណសី។
ឯមហាមាត្យ ដែលល្បីឈ្មោះថា កោលិយៈ បានឃើញប្រេតនោះហើយ ក៏ឲ្យសដូវ និងបាយផង ឲ្យសំពត់លឿងមួយគូផង ដល់ប្រេត។ កាលដែលទូកឈប់ (កោលិយមហាមាត្យ) បានប្រើខ្មាន់ព្រះកេស ឲ្យឲ្យ (សំពត់មួយគូដល់ស្មូម) កាលដែលសំពត់មួយគូ ដែលខ្មាន់ព្រះកេសឲ្យហើយ សំពត់នោះ ក៏ប្រាកដដល់ប្រេតមួយរំពេច។ លំដាប់នោះ ប្រេតក៏ស្លៀកពាក់សំពត់ដ៏ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងខ្លួន ទក្ខិណាទានក៏សម្រេចដល់ប្រេតដែលឋិតនៅក្នុងទីគួរសំរេច ព្រោះហេតុនោះ បុគ្គលគួរឲ្យទក្ខិណាទានរឿយៗ ដើម្បីអនុគ្រោះដល់ប្រេតទាំងឡាយ។
(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកប្រេតខ្លះ ស្លៀកពាក់កំណាត់សំពត់ចាស់ ដាច់ដាចធ្លុះធ្លាយ ពួកប្រេតដទៃ បិទបាំង (ក្ដេរិ៍ខ្មាស) ដោយសក់ ពួកប្រេតរមែងទៅដើម្បីបាយ ជៀសចេញទៅអំពីទិសទៅកាន់ទិស។ ពួកប្រេតខ្លះ ក៏ទៅក្នុងទីឆ្ងាយ (ដើម្បីនឹងស៊ី) លុះមិនបាន ក៏ត្រឡប់មកវិញ ស្រេកឃ្លាន ដើរទៅជ្រុលជ្រក ដួលស្រូសលើផែនដី ពួកសត្វមិនបានធ្វើអំពើល្អក្នុងភពមុន (រមែងក្ដៅក្រហាយ) ដូចជាត្រូវភ្លើងឆេះ ក្នុងទីដ៏ក្ដៅថា ក្នុងកាលពីដើម ពួកយើងមានធម៌ដ៏លាមក ជាម្ចាស់ផ្ទះ ជាមាតានៃទារកក្នុងត្រកូល ទេយ្យធម៌ទាំងឡាយ មានគ្រប់គ្រាន់ តែពួកយើងមិនបានធ្វើទីពឹងដល់ខ្លួន។ ព្រោះថា ពួកយើងចាក់ចោលគ្រឿងស៊ី និងគ្រឿងផឹកដ៏ច្រើន កាលដែលមានបព្វជិត ប្រតិបត្តិត្រឹមត្រូវ ពួកយើងមិនបានប្រគេនវត្ថុបន្តិចបន្តួចសោះឡើយ។ ពួកយើងស្រឡាញ់តែអកុសលកម្ម ជាអ្នកខ្ជិលច្រអូស ចំណូលតែវត្ថុឆ្ងាញ់ ជាអ្នកស៊ីច្រើន ឲ្យដុំភោជនត្រឹមតែមួយពំនូត តែងតិះដៀលចំពោះពួកជនអ្នកទទួល។ ផ្ទះទាំងនោះ ទាសីទាំងនោះ គ្រឿងអាភរណៈទាំងនោះ ជារបស់យើង (ឥឡូវនេះ) បានទៅពួកអ្នកដទៃប្រើប្រាស់របស់នោះ ឯពួកយើង បានតែចំណែកនៃសេចក្ដីទុក្ខម្យ៉ាង ពួកជនដែលត្រូវគេមើលងាយរឿយ ៗ គឺជាងផែង ១ ជាងរថ ១ អ្នកទ្រុស្ដមិត្រ ១ ចណ្ឌាល ១ ជនកំព្រា ១ អ្នកកាត់កោរ ១។ ត្រកូលទាំងឡាយណា ៗ ថោកទាបផង កំព្រាផង (ពួកសត្វមិនបានធ្វើបុណ្យ) តែងទៅកើតក្នុងត្រកូលទាំងឡាយនោះ ៗ នេះជាគតិនៃជនអ្នកកំណាញ់។ ពួកជន បានធ្វើអំពើល្អក្នុងកាលមុន ជាទាយកអ្នកប្រាសចាកសេចក្ដីកំណាញ់ ពួកជននោះ ឈ្មោះថា ញុំាងឋានសួគ៌ឲ្យពេញលេញផង ឈ្មោះថា ញុំាងព្រៃនន្ទនៈឲ្យរុងរឿងផង។ ពួកជនទាំងនោះ ជាអ្នកបរិភោគកាមតាមប្រាថ្នា ត្រេកអរក្នុងប្រាសាទឈ្មោះវេជយន្ត លុះច្យុតចាកទេវលោកនោះហើយ ក៏បានមកកើតក្នុងត្រកូលខ្ពង់ខ្ពស់ទាំងឡាយ ដែលមានភោគៈ។ ពួកជនទាំងនោះ បានកើតក្នុងត្រកូលមានយស មានខ្លួនគេបក់ដោយផ្លិតស្លាបក្ងោកទាំងឡាយ លើបល្ល័ង្កដែលគេក្រាលដោយសំពត់គោណកៈ ក្នុងផ្ទះមានកំពូល និងប្រាសាទ។ ជាអ្នកទ្រទ្រង់នូវកម្រងផ្កា មានខ្លួនប្រដាប់ហើយ ទៅអំពីខ្លួនមួយទៅកាន់ខ្លួនមួយ1) (នៃញាតិ និងភីលៀងទាំងឡាយ) ភីលៀងទាំងឡាយ ជាអ្នកស្វែងរកសេចក្ដីសុខឲ្យ តែងបម្រើទាំងល្ងាចទាំងព្រឹក។ នន្ទនមហាវ័នរបស់ពួកទេវតានៅក្នុងឋានត្រៃត្រឹង្ស មិនមានសោក ជាទីត្រេកអរ នេះមិនមែនរបស់ពួកជនមិនបានធ្វើបុណ្យឡើយ នេះជារបស់ពួកជនដែលបានធ្វើបុណ្យ ពួកជនដែលមិនបានធ្វើបុណ្យ មិនមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខឡើយ ឯពួកជនដែលបានធ្វើបុណ្យ រមែងមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខពិតប្រាកដ។ ពួកជនដែលចង់កើតជាមួយនឹងពួកទេវតានោះ ត្រូវធ្វើបុណ្យឲ្យច្រើន ព្រោះពួកជនដែលបានធ្វើបុណ្យហើយ តែងបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌។
ចប់ រឿងអភិជ្ជមានប្រេត ទី១។
(២. សាណវាសីថេរបេតវត្ថុ)
[២៧] (ព្រះធម្មសង្គាហកត្ថេរទាំងឡាយ ពោលថា) ព្រះថេរៈឈ្មោះបោដ្ឋបាទ អ្នកកើតក្នុងក្រុងកុណ្ឌី បាននៅអាស្រ័យលើភ្នំឈ្មោះសានុវាសី ជាអ្នករម្ងាប់បាប មានឥន្រ្ទិយចំរើនហើយ (ដោយអរិយមគ្គភាវនា)។ មាតា បិតា និងបងប្រុងរបស់ព្រះថេរៈនោះ ជាអ្នកដល់នូវសេចក្ដីលំបាក បានកើតក្នុងយមលោក (នរក) លុះច្យុតអំពីមនុស្សលោកនេះហើយ ក៏ទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម ពួកប្រេតទាំងនោះ ជាអ្នកដល់នូវសេចក្ដីលំបាក មានទ្វារមាត់ប៉ុនរន្ធម្ជុល ត្រដាបត្រដួស មានកាយអាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យឡឹនឡង់ ជាអ្នកមានផលកម្មអាក្រក់ មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយ។ បងប្រុសរបស់ព្រះថេរៈនោះ ជាអ្នកអាក្រាត តែម្នាក់ឯងក្នុងផ្លូវចុះតែជើងមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយអវយវៈបួន គឺវារប្រញាប់ប្រញាល់ទៅបង្ហាញខ្លួនដល់ព្រេះថេរៈ។ ព្រះថេរៈមិនបានធ្វើទុកក្នុងចិត្តថា អ្នកនោះឈ្មោះនេះ ហើយក៏នៅស្ងៀម ដើរហួរទៅ ឯប្រេតនោះ បានទូលព្រះថេរៈឲ្យដឹងច្បាស់ថា បពិត្រព្រះថេរៈ ខ្ញុំព្រះករុណាត្រូវជាបង បានទៅកាន់បេតលោកហើយ។ បពិត្រលោកដ៏ចំរើន មាតា និងបិតារបស់លោក ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក លុះច្យុតអំពីមនុស្សលោកនេះហើយ ក៏ទៅកាន់បេតលោក ព្រោះធ្វើកម្មដ៏លាមក មាតា និងបិតាទាំងនោះ ជាអ្នកដល់នូវសេចក្តីលំបាក មានទ្វារមាត់ប៉ុនរុន្ធម្ជុល ត្រដាបត្រដួស មានកាយអាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យឡឹនឡង់ ជាអ្នកមានផលកម្មអាក្រក់ មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយ។ លោកជាអ្នកមានសេចក្តីអាណិតអាសូរ សូមអនុគ្រោះឲ្យទាន ឧទ្ទិសទៅឲ្យយើងទាំងឡាយផង មាតា និងបិតាទាំងនោះ ដែលមានកម្មអាក្រក់ នឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទានដែលលោកម្ចាស់ឲ្យហើយ។
ព្រះថេរៈផង ភិក្ខុទាំងឡាយដទៃ ១២ អង្គផង ដើរទៅបិណ្ឌបាត ហើយប្រជុំក្នុងទីជាមួយគ្នា ព្រោះហេតុនៃភត្តកិច្ច ព្រះថេរៈបាននិយាយនឹងពួកភិក្ខុទាំងអស់នោះថា លោកទាំងឡាយ សូមឲ្យនូវភត្តដែលលោកទាំងឡាយបានហើយយ៉ាងណាដល់ខ្ញុំ ខ្ញុំនឹងធ្វើសង្ឃភត្តដើម្បីអនុគ្រោះដល់ពួកញាតិ។
ភិក្ខុទាំងនោះ បានប្រគេន (ភត្តទាំងនោះ) ដល់ព្រះថេរៈ ព្រះថេរៈបាននិមន្តសង្ឃ លុះព្រះថេរៈ បានឲ្យទានហើយ ក៏ឧទ្ទិសចំពោះបិតា មាតា និងបងថា (ឥទំ មេ ញាតិនំ ហោតុ សុខិតា ហោន្តុ ញាតយោ។) សូមឲ្យទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមឲ្យពួកញាតិ បានដល់នូវសេចក្តីសុខ។
ភោជនក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស (ភោជននោះ) ជាភោជនដ៏ស្អាត ថ្លៃថ្លា ឆ្ងាញ់ ជាម្ហូបមានឱជារសច្រើន ក្នុងកាលខាងក្រោយ អំពីកាលជាទីបាននូវភោជននោះមក ប្រេតជាបង មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ បានបង្ហាញខ្លួន (ដល់ព្រះថេរៈ ហើយពោលថា) បពិត្រលោកដ៏ចំរើន សូមលោករមិលមើលនូវភោជនដ៏ច្រើន (ដែលពួកយើងបានហើយ ដោយអានុភាពនៃទានរបស់លោក) ប៉ុន្តែពួកយើងអាក្រាតនៅឡើយ បពិត្រលោកដ៏ចំរើន ពួកយើងគួរបាននូវសំពត់ដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។
ព្រះថេរៈ បានរើសកំណាត់សំពត់រេចជាយទាំងឡាយ អំពីគំនរនៃសំរាម ហើយធ្វើកំណាត់សំពត់ឲ្យជាផ្ទាំង គឺធ្វើជាចីវរ បានប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ ព្រះថេរៈបានឲ្យទានហើយ ឧទ្ទិសដល់បិតា មាតា និងបងថា ទាននេះចូរសម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។
សំពត់ទាំងឡាយ ក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស លំដាប់នោះ (ប្រេតជាបង) ក៏ស្លៀកដណ្តប់សំពត់ដ៏ល្អ បានបង្ហាញខ្លួនដល់ព្រះថេរៈ។ (ប្រេតនោះ) មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ (បាននិយាយថា) បពិត្រលោកដ៏ចំរើន សំពត់ជាគ្រឿងបិទបាំងកាយ ក្នុងដែនរបស់ព្រះបាទនន្ទៈទាំងប៉ុន្មាន (សំពត់ជាគ្រឿងបិទបាំងរបស់ពួកយើង) ច្រើនលើសជាងសំពត់ជាគ្រឿងបិទបាំងកាយទាំងនោះ។
សំពត់ទាំងឡាយ ជាគ្រឿងស្លៀកពាក់របស់ពួកយើង គឺកោសេយ្យពស្រ្ត កម្ពលីយពស្រ្ត ខោមពស្រ្ត កប្បាសិកពស្រ្ត ជាសំពត់ធំទូលាយ មានថ្លៃច្រើន ឯសំពត់ទាំងនោះ ក៏សំយុងចុះឰដ៏អាកាស ពួកយើងនឹងស្លៀកពាក់សំពត់ទាំងនោះ តាមចិត្តស្រឡាញ់ បពិត្រលោកដ៏ចំរើន ពួកយើង គួរបានផ្ទះដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។
ព្រះថេរៈបានធ្វើកុដ្ឋប្រក់ដោយស្លឹក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំងបួន លុះព្រះថេរៈបានប្រគេនហើយ ឧទ្ទិសដល់បិតា មាតា និងបងថា សូមទាននេះសម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខចុះ។
ផ្ទះទាំងឡាយ ផ្ទះកំពូលទាំងឡាយ ជាទីនៅ ដែលញែកចែក ដែលចែកដោយប្រមាណស្មើគ្នា ក៏សម្រេច (ដល់ពួកប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស។ (ប្រេតទាំងនោះពោលថា) ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងណា ផ្ទះទាំងឡាយ ក្នុងមនុស្សលោក មិនដូច្នោះទេ តែផ្ទះទាំងឡាយក្នុងឋានទិព្វទាំងឡាយយ៉ាងណា ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងនោះដែរ ជាផ្ទះដ៏រុងរឿង អាចញ៉ាំងទិសទាំង ៤ ឲ្យភ្លឺជុំវិញបាន។ បពិត្រលោកដ៏ចំរើន ពួកយើងគួរបានទឹកផឹកដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។
ព្រះថេរៈបានចាក់ទឹកបំពេញធម្មក្រក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។
ទឹកក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស ស្រះបោក្ខរណីទាំងឡាយ ដែលបុញ្ញកម្មនិម្មិតល្អហើយ ជ្រៅ មានជ្រុងបួន មានទឹកដ៏ត្រជាក់ មានកំពង់ល្អ ជាស្រះត្រជាក់ មានក្លិនក្រអូប ប្រៀបមិនបាន ដេរដាសដោយផ្កាឈូក និងផ្កាឧប្បល ពេញដោយលំអងលើទឹក។ ប្រេតទាំងនោះ ងូតផឹកក្នុងស្រះបោក្ខរណីនោះ ហើយបង្ហាញខ្លួនដល់ព្រះថេរៈថា បពិត្រលោកដ៏ចំរើន (ពួកយើងបាន) ទឹកច្រើនហើយ តែជើងទាំងឡាយរបស់ពួកយើង ឈឺ ពុរពង ពួកយើងកាលដើរជាន់លើក្រួសរវាន លើស្បូវភ្លាំង និងបន្លា រមែងខ្ញើចៗ បពិត្រលោកដ៏ចំរើន ពួកយើង គួរបាននូវយានដោយប្រការណា សូមលោកខំព្យាយាម ដោយប្រការនោះចុះ។
ព្រះថេរៈ បានស្បែកជើងមានជាន់មួយ ហើយបានប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។ ពួកប្រេត បានមកដោយរថ ក្នុងលំដាប់ដែលឧទ្ទិសហើយ (និយាយថា) បពិត្រលោកដ៏ចំរើន ពួកយើង លោកបានអនុគ្រោះហើយ ដោយបាយផង ដោយគ្រឿងបិទបាំងផង ដោយផ្ទះផង ដោយទានទាំងពីរ គឺបានីយទាន និងយានទានផង បពិត្រលោកដ៏ចំរើន ពួកយើងមក ដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។
ចប់ រឿងសានុវាសិប្រេត ទី២។
(៣. រថការបេតិវត្ថុ)
[២៨] (មាណពនិយាយនឹងស្រីប្រេតថា) បពិត្រនាងទេវីមានអានុភាពច្រើន នាងឡើងកាន់វិមាន មានសសរកែវពៃទូរ្យ ដ៏រុងរឿងភ្លឺផ្លេកៗ វិចិត្រដោយរតនៈច្រើនយ៉ាង ហើយនៅក្នុងវិមាននោះ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត នៅក្នុងផ្លូវជាគន្លង (របស់ខ្លួន) ទាំងសម្បុររបស់នាងសោត ប្រាកដស្មើដោយមាស មានសភាពខ្ពង់ខ្ពស់ គួរឲ្យរមិលមើលក្រៃពេក បពិត្រនាងមិនមានគេផ្ទឹមបាន នាងគង់លើបល្ល័ង្កដ៏ប្រសើរបំផុត នាងនៅតែម្នាក់ឯង នាងមិនមានប្ដីសោះ។ ឯស្រះបោក្ខរណីទាំងឡាយរបស់នាងនេះ មានកម្រងផ្កាច្រើនយ៉ាង មានផ្កាឈូកសច្រើនដោយជុំវិញ រោយរាយជុំវិញដោយកំទេចនៃមាសទាំងឡាយ ភក់ និងចក ក៏មិនមានក្នុងស្រះបោក្ខរណីទាំងនោះ។ សូម្បីហង្សទាំងនេះ គួររមិលមើល គួររីករាយនៃចិត្ត ក៏ហែលក្រឡឹងលើទឹកសព្វ ៗ កាល ហង្សទាំងអស់ មានសំឡេងមូល ដូចជាសំឡេងគឹកកងនៃស្គរទាំងឡាយប្រជុំគ្នាបន្លឺឡើងនូវសំឡេងដ៏ពីរោះ។ នាងជាអ្នកមានយស រុងរឿងដោយយស ឈរផ្អែកលើទូក បពិត្រនាងមានរោមភ្នែកខ្មៅ វែង ង នាងសើច នាងពោលនូវពាក្យជាទីស្រឡាញ់ មានលំអសព្វអវយវៈ រុងរឿងក្រៃពេក។ វិមាននេះ ប្រាសចាកធូលី តាំងនៅលើផែនដីរាប ជាឱទ្យានញ៉ាំងតម្រេក និងសេចក្តីរីករាយឲ្យច្រើន បពិត្រនារីគួររមិលមើល មិនថោកទាប ខ្ញុំប្រាថ្នាដើម្បីរីករាយក្នុងវិមានជាទីរីករាយនេះរបស់នាង ជាមួយនឹងនាង។
(នាងវិមានប្រេតពោលថា) អ្នកចូលធ្វើនូវកម្មដែលឲ្យផលក្នុងឋានទិព្វនេះ ទាំងចិត្តរបស់អ្នកសោត ក៏ចូរឱនទៅក្នុងឋានទិព្វនេះ លុះអ្នកធ្វើនូវកម្មដែលគួររីករាយក្នុងឋានទិព្វនេះហើយ ទើបអ្នកបាននូវខ្ញុំជាស្រីមានកាមតាមប្រាថ្នា ដោយប្រការយ៉ាងនេះ។
មាណពនោះ បានទទួលស្តាប់ពាក្យនាងវិមានប្រេតនោះថា អើនាង ស្រួលហើយ ហើយក៏បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះ លុះមាណពនោះ បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះហើយ ក៏បានទៅកើតជាមួយនឹងនាងវិមានប្រេតនោះ។
ចប់ រឿងរថការីប្រេត ទី៣។
ចប់ ភាណវារៈ ទី២។
(៤. ភុសបេតវត្ថុ)
[២៩] (ព្រះមោគ្គល្លានសួរថា) ប្រេតម្នាក់ (រោយរាយ) អង្កាមនៃស្រូវសាលី (លើក្បាលខ្លួន) ប្រេតម្នាក់ទៀត (សំពងបំបែកក្បាលរបស់ខ្លួន ដោយដំបងដែក) ឯស្រីនេះ (ស៊ីតែ) សាច់ និងឈាមរបស់ខ្លួន ទាំងអ្នកសោត ក៏ស៊ីអាចម៍ មិនស្អាត មិនគួរឲ្យប្រាថ្នា នេះតើជាផលនៃកម្មដូចម្តេច។
(ភរិយារបស់ពាណិជ បានទូលថា) ក្នុងកាលមុន ប្រេតម្នាក់នេះ បានប្រហារមាតា (ដោយព្រនង់) ឯប្រេតម្នាក់នេះ ជាពាណិជបោកប្រាស់ ប្រេតនេះ រមែងស៊ីសាច់ទាំងឡាយ ហើយបញ្ឆោតដោយពាក្យមុសាវាទ។
ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកគ្រប់គ្រងផ្ទះ ជាឥស្សរៈនៃត្រកូលទាំងពួង។
កាលដែលគ្រឿងឧបករណ៍មានគ្រប់គ្រាន់ ខ្ញុំក៏បានលាក់លៀមទុក មិនបានឲ្យវត្ថុតិចតួច អំពីគ្រឿងឧបករណ៍នេះ (ដល់អ្នកដទៃ) ខ្ញុំបិទបាំងដោយពាក្យមុសាវាទថា វត្ថុនេះ ក្នុងផ្ទះខ្ញុំ មិនមានទេ ប្រសិនបើខ្ញុំលាក់វត្ថុដែលមាន សូមឲ្យអាចម៍មកជាភោជនរបស់ខ្ញុំចុះ។ បាយនៃស្រូវសាលី មានក្លិនក្រអូបឈ្ងុយ ក៏ក្លាយទៅជាអាចម៍ដើម្បីខ្ញុំ ដោយវិបាកនៃកម្មទាំងពីរ គឺ (ការលាក់លៀមទុកវត្ថុដែលមាន ១) និងមុសាវាទ ១។ ឯកម្មទាំងឡាយ មិនមែនសោះសូន្យឡើយ ព្រោះថា កម្មមិនចេះវិនាសទៅ ខ្ញុំស៊ីផឹកនូវអាចម៍មានក្លិនអាក្រក់ (ជាលំនៅ) នៃពួកដង្កូវ។
ចប់ រឿងភុសប្រេត ទី៤។
(៥. កុមារបេតវត្ថុ)
[៣០] (ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ញាណរបស់ព្រះសុគត មានសភាពអស្ចារ្យ ដូចព្រះសាស្តា ទ្រង់ព្យាករណ៍នូវបុគ្គលថា បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យក្រាស់ បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យស្តើង។ កុមារនេះ ដែលគេបោះចោលក្នុងព្រៃស្មសាន បានញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះដែលហូរចេញអំពីមេដៃ (នៃទេវតា) អស់មួយរាត្រី។ យក្ស និងភូតទាំងឡាយក្តី ពស់ទាំងឡាយក្តី មិនបៀតបៀនកុមារ អ្នកមានបុណ្យធ្វើហើយទេ សូម្បីតែពួកឆ្កែ ក៏មកលិទ្ធជើងទាំងគូរ របស់កុមារនេះដែរ ពួកបក្សីក្អែក ពួកចចក ក៏មកចោមជុំវិញ (កុមារនោះ)។ ហ្វូងសត្វស្លាបទាំងឡាយ ក៏នាំយកមន្ទិលគភ៌ចេញ ឯក្អែកទាំងឡាយ ក៏នាំយកអាចម៍ភ្នែកចេញ មនុស្ស និងអមនុស្សពួកខ្លះ មិនបានចាត់ចែងការរក្សានូវកុមារនេះទេ មិនបានចាត់ចែងនូវឱសថ និងការអប់ដោយគ្រាប់ស្ពៃ (ដល់កុមារនេះទេ)។ សូម្បីតែពួកមនុស្ស ក៏មិនរៀននូវការប្រកបនូវនក្ខត្តឫក្ស ទាំងមិនបានរោយរាយ នូវធញ្ញជាតិគ្រប់មុខ លើកុមារដែលមានសភាពដូច្នោះ ដែលដល់នូវសេចក្ដីលំបាកយ៉ាងក្រៃលែង គេនាំមកក្នុងពេលយប់ ហើយបោះចោលក្នុងព្រៃស្មសាន ព្រះពុទ្ធដែលទេវតា និងមនុស្សបូជា បានឃើញកុមារនោះ ដូចជាដុំនៃទឹកដោះខាប់ កំពុងតែញាប់ញ័រប្រកបដោយសេចក្ដីសង្ស័យ នៅសល់តែជីវិត លុះព្រះពុទ្ធមានប្រាជ្ញាស្មើដោយផែនដី បានឃើញហើយ ទើបទ្រង់ព្យាករថា កុមារនេះ នឹងបានជាអ្នកមានត្រកូលដ៏ប្រសើរផង និងមានភោគៈផង ក្នុងនគរនេះ។
(ពួកឧបាសកបានសួរថា) វ័តដូចម្ដេច ព្រហ្មចរិយៈដូចម្ដេច នេះជាផលនៃវ័ត ឬព្រហ្មចរិយៈដូចម្ដេច ដែលកុមារនេះបានសន្សំល្អហើយ បានជាកុមារនេះដល់នូវសេចក្ដីវិនាសដល់ម្ល៉េះហើយ ត្រឡប់បាននូវឫទ្ធ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ។
(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកជនបានធ្វើនូវការបូជា ដ៏ឱឡារិកចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ទារកនោះ មានចិត្តរវើរវាយក្នុងការបូជានោះ ទារកនោះ បានពោលវាចាអាក្រក់ ជាវាចាមិនគួរចង់ឮ ក្នុងទីប្រជុំនៃសប្បុរស ទារកនោះ បន្ទោបង់សេចក្ដីត្រិះរិះនោះចេញហើយ ក៏ត្រឡប់បាននូវសេចក្ដីត្រេកអរនឹងសេចក្ដីជ្រះថ្លា ក្នុងកាលជាខាងក្រោយ ទារកនោះ បានបម្រើព្រះតថាគត ព្រះអង្គគង់នៅក្នុងវត្តជេតពន ដោយយាគូអស់ ៧ ថ្ងៃ។ នោះជាវ័ត នោះជាព្រហ្មចរិយៈរបស់កុមារនោះ នេះជាផលនៃវ័ត ឬព្រហ្មចរិយៈនោះ ដែលកុមារនេះសន្សំល្អហើយ បានជាកុមារនេះ ដល់នូវសេចក្ដីវិនាសដល់ម្ល៉េះ ហើយត្រឡប់បាននូវឫទ្ធិ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ។ លុះកុមារនោះ ឋិតនៅក្នុងមនុស្សលោកនេះ អស់មួយរយឆ្នាំ ជាអ្នកបរិបូណ៌ដោយកាមទាំងពួង ដល់បែកឆ្លាយរាងកាយទៅកាន់ភពថ្មី ក៏បានជាកូននៃសក្កទេវរាជ។
ចប់ រឿងកុមារប្រេត ទី៥។
(៦. សេរិណីបេតវត្ថុ)
[៣១] (ឧបាសកបានសួរស្រីប្រេតថា) ម្នាលនាងស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ ជាស្រីស្គម រវីមរវាមដោយសរសៃ នាងជាអ្វី មកឈរក្នុងទីនេះ។
(ស្រីប្រេតឆ្លើយថា) បពិត្រអ្នកដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (លុះច្យុត) អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក។
(ឧបាសកសួរថា) អំពើអាក្រក់ដូចម្ដេច ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្ត នាង (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក ដោយផលនៃកម្មដូចម្ដេច។
(ស្រីប្រេតឆ្លើយថា) ខ្ញុំបានរើសទ្រព្យគេកន្លះមាសក ត្រង់កំពង់ទាំងឡាយដែលមិនមានទោស គឺមិនមានអ្នកណាមួយឃាត់ខាំង កាលដែលទេយ្យធម៌ទាំងឡាយ កំពុងមានគ្រប់គ្រាន់ ខ្ញុំមិនបានធ្វើនូវទីពឹងចំពោះខ្លួនសោះ។ ខ្ញុំស្រេកទឹក ចូលទៅរកស្ទឹង ស្ទឹងក៏បែរទៅជាទទេ ខ្ញុំចូលទៅជ្រកម្លប់ ក្នុងកាលកំពុងក្ដៅ ស្រមោលក៏បែរទៅជាក្ដៅ។ ឯខ្យល់ដែលដូចភ្លើងសោត ក៏ក្ដៅភាយមកដល់ខ្ញុំ បពិត្រអ្នកដ៏ចំរើន ខ្ញុំគួរ (រង) ទុក្ខ មានសម្រេកជាដើមនេះ និងបាបកម្មដទៃដ៏លាមកលើសលុបជាងសេចក្ដីទុក្ខ មានសម្រេកជាដើមនោះ។ អ្នកគួរទៅកាន់ហត្ថិនីបុរី ហើយជំរាបមាតារបស់ខ្ញុំថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក។ ទ្រព្យដែលខ្ញុំទុកក្នុងទីនុ៎ះមាន តែខ្ញុំមិនបានប្រាប់ទ្រព្យនោះ (ឯទ្រព្យទាំងនោះ) ចំនួន ៤ សែនកហាបណៈ ក្រោមបល្ល័ង្ក (របស់ខ្ញុំ)។ មាតារបស់ខ្ញុំនោះ ចូរឲ្យទានដើម្បីខ្ញុំផង ចូរចញ្ចឹមជីវិតផង ដោយទ្រព្យនោះចុះ មាតារបស់ខ្ញុំ លុះឲ្យទានហើយ ចូរឧទ្ទិសទក្ខិណាទានដល់ខ្ញុំផង ខ្ញុំនឹងជាអ្នកដល់នូវសេចក្ដីសុខ បានសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង ក្នុងកាលនោះ។
ឧបាសកនោះ ទទួលស្ដាប់ពាក្យប្រេតនោះថា ប្រពៃហើយ រួចក៏ទៅកាន់ហត្ថិនីបុរី បានប្រាប់ដល់មាតារបស់ស្រីប្រេតនោះថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ ទៅកាន់បេតលោក កូនស្រីរបស់នាងនោះ បានផ្ដាំនឹងខ្ញុំក្នុងបេតលោកនោះថា អ្នកអញ្ជើញទៅកាន់ហត្ថិនីបុរី ហើយជម្រាបដល់មាតារបស់ខ្ញុំថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ ទៅកាន់បេតលោក។ ទ្រព្យដែលខ្ញុំទុកក្នុងទីនុ៎ះមាន តែខ្ញុំមិនបានប្រាប់នូវទ្រព្យនោះ (ឯទ្រព្យទាំងនោះ) ចំនួន ៤ សែនកហាបណៈ នៅខាងក្រោមបល្ល័ង្ក (របស់ខ្ញុំ)។ សូមមាតាឲ្យទានដើម្បីខ្ញុំផង ចូរចញ្ចឹមជីវិតផង ដោយទ្រព្យនោះចុះ មាតារបស់ខ្ញុំ លុះឲ្យទានហើយ សូមឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំផង ខ្ញុំនឹងជាអ្នកដល់នូវសេចក្ដីសុខ បានសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង ក្នុងកាលនោះ។
ក៏ក្នុងលំដាប់នោះ មាតានោះបានឲ្យទាន លុះឲ្យហើយ បានឧទ្ទិសនូវទក្ខិណាទាន ដល់ស្រីប្រេតនោះ ស្រីប្រេតក៏បានដល់នូវសេចក្ដីសុខផង មាតានោះ ចិញ្ចឹមជីវិតដោយងាយផង។
ចប់ រឿងសេរិនីប្រេត ទី៦។
(៧. មិគលុទ្ទកបេតវត្ថុ)
[៣២] (ព្រះនារទត្ថេរសួរវេមានិកប្រេតថា) អ្នកនៅក្មេង មាននរៈនារីចោមរោម រុងរឿងដោយកាមគុណទាំងឡាយ គួរឲ្យត្រេកត្រអាល (ក្នុងពេលយប់ រងទុក្ខ) ក្នុងពេលថ្ងៃ អ្នកបានធ្វើនូវកម្មអ្វី ក្នុងជាតិមុន។
(ប្រេតបានឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ មានដៃប្រឡាក់ដោយឈាម ជាអ្នកអាក្រក់ នៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល ជាទីគួរត្រេកអររីករាយ។ ខ្ញុំមានចិត្តប្រទូស្តចំពោះពួកសត្វច្រើន ជាសត្វមិនធ្វើកំហុស (នឹងនរណាមួយ) អាក្រក់ក្រៃពេក ត្រេកអរតែក្នុងការបៀតបៀនចំពោះសត្វដទៃ មិនសង្រួមគ្រប់កាលទាំងពួង។ សំឡាញ់របស់ខ្ញុំនោះ អ្នកមានហ្ឫទ័យល្អ ជាឧបាសកមានសទ្ធា គាត់អនុគ្រោះ បានឃាត់ខ្ញុំរឿយៗ ថា អ្នកកុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នាសេចក្ដីសុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ។ ខ្ញុំបានស្ដាប់ពាក្យសំឡាញ់នោះ ជាអ្នកប្រាថ្នានូវសេចក្ដីសុខ អ្នកអនុគ្រោះដោយប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារមិនមានប្រាជ្ញា មិនបានធ្វើតាមពាក្យប្រៀនប្រដៅ (របស់គាត់) ទាំងអស់។ សំឡាញ់នោះ ជាអ្នកមានប្រាជ្ញាល្អ ស្មើដោយផែនដី បានដំកល់ខ្ញុំក្នុងសេចក្ដីសង្រួមម្ដងទៀត ដោយសេចក្ដីអនុគ្រោះថា បើអ្នកសំឡាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុងវេលាយប់ចុះ។ ខ្ញុំនោះ សំឡាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការសំឡាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃទៅកាន់ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំបានសោយសម្បត្តិ មិនមែនជារបស់មនុស្សក្នុងវេលាយប់ (ដោយអំណាច) កុសលកម្មនោះ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណា មានការប្រកបរឿយៗ ប្រកបជានិច្ច ក្នុងសាសនារបស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វាន ឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិនលាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យ ប្រជុំតាក់តែងបានឡើយ។
ចប់ រឿងមិគលុទ្ទប្រេត ទី៧។
(៨. ទុតិយមិគលុទ្ទកបេតវត្ថុ)
[៣៣] (ព្រះនារទត្ថេរ សួរប្រេតថា) អ្នកត្រេកអរលើបល្ល័ង្កដែលក្រាលដោយសំពត់គោណកៈ ក្នុងប្រាសាទ ដែលជាផ្ទះកំពូល គេប្រគំហើយ ដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥។ កាលជិតព្រះអាទិត្យរះឡើង ក្នុងទីបំផុតនៃរាត្រីនោះ អ្នកត្រូវគេបោះបង់ចោលក្នុងព្រៃស្មសាន ដល់នូវសេចក្ដីទុក្ខច្រើន។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកដល់នូវសេចក្ដីទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។
(ប្រេតនោះឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ ជាអ្នកអាក្រក់ មិនសង្រួមនៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ សំឡាញ់របស់ខ្ញុំនោះ អ្នកមានហ្ឫទ័យល្អ ជាឧបាសកមានសទ្ធា មានភិក្ខុមួយអង្គ ជាជិតុនរបស់សំឡាញ់ខ្ញុំនោះ ជាសាវ័ករបស់ព្រះគោតម។ ភិក្ខុនោះ អនុគ្រោះ បានឃាត់ខ្ញុំរឿយ ៗ ថា អ្នកកុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នាសេចក្ដីសុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ។ ខ្ញុំបានស្ដាប់ពាក្យរបស់ភិក្ខុនោះ លោកប្រាថ្នាសេចក្ដីសុខ អនុគ្រោះដោយប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារ មិនមានប្រាជ្ញា មិនបានធ្វើតាមពាក្យប្រៀនប្រដៅ (របស់លោក) ទាំងអស់។ ភិក្ខុនោះ លោកមានប្រាជ្ញាល្អ ស្មើដោយផែនដី បានដំកល់ខ្ញុំក្នុងសេចក្ដីសង្រួមម្ដងទៀត ដោយសេចក្ដីអនុគ្រោះថា បើអ្នកសម្លាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុងវេលាយប់ចុះ។ ខ្ញុំនោះ សម្លាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការសម្លាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃ ទៅកាន់ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំសោយសម្បត្តិទិព្វ (ដោយអំណាច) នៃកុសលកម្មនោះ ក្នុងវេលាយប់ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណា មានការប្រកបរឿយៗ ប្រកបជានិច្ច ក្នុងសាសនារបស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វានឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិនលាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យប្រជុំតាក់តែងបានឡើយ។
ចប់ រឿងទុតិយមិគលុទ្ទប្រេត ទី៨។
(៩. កូដវិនិច្ឆយិកបេតវត្ថុ)
[៣៤] (ព្រះនារទត្ថេរសួរប្រេតថា) អ្នកពាក់នូវកម្រងផ្កា ជួតក្បាល ពាក់សង្វារ ខ្លួនរបស់អ្នកប្រស់ព្រំដោយខ្លឹមចន្ទ៍ អ្នកមានសម្បុរមុខថ្លា ល្អដូចជាសម្បុរនៃព្រះអាទិត្យ។ បរិវារទាំងឡាយរបស់អ្នក ដែលរាប់បញ្ចូលក្នុងបរិសទ័ មិនមែនជាមនុស្ស គឺនាងកញ្ញាមួយម៉ឺន ជាស្រីបំរើរបស់អ្នក។ នាងកញ្ញាទាំងនោះ ទ្រទ្រង់នូវសង្វារមាស ស្អិតស្អាងដោយសំពត់មាស អ្នកជាបុគ្គលមានអានុភាពច្រើន មានរូបអាចញុំាងពួកជនអ្នកមើល ឲ្យព្រឺរោម។ អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើអំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើដោយផលនៃកម្មដូចម្ដេច។
(ប្រេតនោះបានឆ្លើយថា) ខ្ញុំបានប្រព្រឹត្ត ដើម្បីសេចក្ដីវិនាសខ្លួន ដោយការញុះញង់ និងមុសាវាទផង ដោយការបន្លំ និងបោកប្រាស់ផង ក្នុងជីវលោក។ ខ្ញុំបានទៅកាន់បរិស័ទ មិនធ្វើនូវហេតុមានប្រយោជន៍ ក្នុងកាលពិតដែលតាំងឡើងប្រាកដ បែរជាប្រព្រឹត្តតាមនូវហេតុ ដែលមិនមានប្រយោជន៍វិញ ក្នុងជីវលោកនោះ។ ប្រេតណា ស៊ីសាច់ខ្នង ប្រេតនោះឈ្មោះថា ស៊ីខ្លួនឯង ដូចជាខ្ញុំស៊ីសាច់ខ្នងរបស់ខ្លួន ក្នុងថ្ងៃនេះដែរ។
បពិត្រព្រះនារទៈ រឿងនេះ លោកម្ចាស់បានឃើញដោយព្រះអង្គឯងស្រាប់ហើយ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ ជាអ្នកឈ្លាសវៃ គប្បីពោលថា អ្នកកុំនិយាយពាក្យញុះញង់ផង កុំនិយាយពាក្យកុហកផង អ្នកកុំស៊ីនូវសាច់ខ្នងឡើយ។
ចប់ រឿងកូដវិនិច្ឆយកប្រេត ទី៩។
(១០. ធាតុវិវណ្ណបេតវត្ថុ)
[៣៥] (ព្រះមហាកស្សប សួរធាតុវិវណ្ណប្រេតថា) អ្នកឋិតនៅឰដ៏អាកាស មានក្លិនអាក្រក់ ស្អុយផ្សាយទៅផង ពួកដង្កូវរុកស៊ីមាត់របស់អ្នក ដែលមានក្លិនស្អុយផង តើអ្នកបានធ្វើអំពើដូចម្ដេច ក្នុងកាលមុន។ ព្រោះតែផ្សាយក្លិនអាក្រក់ និងមាត់ដែលដង្កូវរុកស៊ីនោះ (បានជាពួកសត្វដែលកម្មដាស់តឿន) កាន់គ្រឿងសស្រ្ដាមកវះ (មាត់អ្នក) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) រួចវះញយៗថែមទៀត។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នករងទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។
(ធាតុវិវណ្ណប្រេតនោះឆ្លើយថា) បពិត្រលោក អ្នកនិរទុក្ខ ខ្ញុំជាឥស្សរៈលើទ្រព្យ និងធញ្ញជាតិដ៏ច្រើនក្រៃលែង (នៅ) ក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ (កាលពីជាតិមុន) ស្រីនេះ ជាប្រពន្ធរបស់ខ្ញុំផង ស្រីនេះ ជាធីតារបស់ខ្ញុំផង ស្រីនេះ ជាកូនប្រសាររបស់ខ្ញុំផង ខ្ញុំបានឃាត់ (ស្រីនោះ) ដែលនាំផ្កាពុំសែន ផ្កាឧប្បល និងគ្រឿងលាបមានតម្លៃ ទៅកាន់ព្រះស្ដូប បាបនោះឯង ដែលខ្ញុំបានធ្វើហើយ។ ពួកយើងចំនួន ៨៦.០០០ នាក់ រងទុក្ខវេទនាចំពោះខ្លួនៗ ឆេះនៅក្នុងនរកយ៉ាងខ្លាំង ព្រោះតិះដៀលនូវការបូជាចំពោះព្រះស្ដូប ពួកជនណា ប្រកាសនូវទោសក្នុងការបូជា ចំពោះព្រះអរហន្តសម្មាសម្ពុទ្ធ ដែលប្រព្រឹត្តទៅដោយការបូជានូវព្រះស្ដូប (ដូចជាខ្ញុំ) សូមលោកម្ចាស់ញុំាងពួកជននោះ កុំឲ្យងាកចេញចាកបុណ្យនោះឡើយ សូមលោកម្ចាស់មើលពួកស្រីទាំងនេះ ដែលទ្រទ្រង់កម្រងផ្កា មានខ្លួនប្រដាប់ហើយ កំពុងមកតាមអាកាសផង។ ពួកស្រីទាំងនោះ បានសម្រេច (សម្បត្តិទិព្វ) មានយសបរិវារ កំពុងសោយផលនៃការបូជាដោយកម្រងផ្កា សេចក្ដីព្រឺរោមក៏កើតឡើង ព្រោះឃើញហេតុជាអស្ចារ្យចំឡែកនោះ។ ពួកអ្នកមានប្រាជ្ញា តែងធ្វើនមស្ការថ្វាយបង្គំ សរសើរព្រះមហាមុនីនោះ ខ្ញុំនោះ លុះទៅអំពីបេតលោកនេះ ហើយបាននូវកំណើតជាមនុស្ស ជាអ្នកលែងធ្វេសប្រហែស និងធ្វើការបូជាចំពោះព្រះស្ដូបរឿយៗ ដោយពិត។
ចប់ រឿងធាតុវិវណ្ណប្រេត ទី១០។
ឧទា្ទន
និយាយអំពីរឿងអភិជ្ជមានប្រេត ១ រឿងសានុវាសិប្រេត ១ រឿងរថការីប្រេត ១ រឿងភុសប្រេត ១ រឿងកុមារប្រេត ១ រឿងសេរិនីប្រេត ១ រឿងមិគលុទ្ទប្រេត ២ លើក រឿងកូដវិនិច្ឆយកប្រេតដែលស៊ីសាច់ខ្នងរបស់ខ្លួន ១ រឿងធាតុវិវណ្ណប្រេតឃាត់ការបូជា១ ព្រោះហេតុនោះ ទើបចាត់ជាវគ្គ។
ចប់ ចូឡវគ្គ ទី៣។