តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev v4 បាលី cs-km: sut.kn.pev.4 អដ្ឋកថា: sut.kn.pev.4_att PTS: ?
មហាវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. មហាវគ្គោ)
(១. អម្ពសក្ករបេតវត្ថុ)
[៣៦] (ព្រះសង្គីតិកាចារ្យពោលថា) មាននគរ ១ ឈ្មោះវេសាលី របស់អ្នកដែនវជ្ជី ក្នុងក្រុងវេសាលីនោះ មានសេ្តចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ បានទតឃើញប្រេតនៅខាងក្រៅក្រុង ស្ដេចមានព្រះហ្ឫទ័យចង់ដឹងហេតុ បានត្រាស់សួរប្រេតនោះ ក្នុងទីនោះឯងថាបុគ្គល (ដែលគេចាក់ស្ទួយឡើងលើដែកអណ្តោត) នេះ ដេក ឬអង្គុយ ក៏មិនបាន ការឈានទៅមុខ និងការឈានថយក្រោយ ក៏មិនបាន ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈទាំងស្រីជាអ្នកបំរើរបស់បុគ្គលនេះ ក៏មិនមានទៀត។ ពួកជនណា ដែលជាញាតិសំឡាញ់ ដែលឃើញហើយ ឮហើយ ជាអ្នកមានចិត្តល្អ អនុគ្រោះនៃបុគ្គលណា ដែលមានក្នុងកាលពីដើម ឥឡូវនេះ ពួកញាតិជាដើមនោះ ក៏មិនបានឃើញបុគ្គលនោះដែរ ព្រោះខ្លួនឃ្លាតឆ្ងាយពីបុគ្គលនោះ បុគ្គលទុគ៌ត រមែងមិនមានពួកមិត្ត ពួកមិត្តតែងលះបង់ចោល ព្រោះដឹងថាខ្វះខាត ពួកមិត្តរមែងចោមរោម ព្រោះឃើញប្រយោជន៍ ឯបុគ្គលខ្ពង់ខ្ពស់ (ដោយភោគសម្បត្តិ) តែងមានមិត្តច្រើន។ បុគ្គលសាបសូន្យចាកប្រយោជន៍ លំបាកដោយភោគៈទាំងអស់ មានខ្លួនប្រឡាក់ដោយឈាម មានខ្លួនធ្លុះធ្លាយ រលត់ជីវិតទៅក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដូចដំណក់ទឹកសន្សើម (ដែលជាប់នៅលើចុងស្មៅ)។ សរីរៈប្រាកដដូច្នេះ ដល់នូវសេចក្ដីលំបាកដ៏ក្រៃលែង គេដោតស្ទួយឡើងលើឈើអណ្ដោត ដែលគេធ្វើដោយមែកស្ដៅ កាលបើយ៉ាងហ្នឹងហើយ ម្នាលយក្ស ចុះហេតុអ្វីបានជាអ្នកពោលថា នែអ្នកដ៏ចំរើន អ្នកចូររស់នៅចុះ (ព្រោះ) ការរស់នៅជាការប្រសើរ។
(ប្រេតឆ្លើយថា) បុរសនុ៎ះ (កាលពីជាតិមុន) ជាសាលោហិតរបស់ខ្ញុំ ខ្ញុំរលឹកឃើញជាតិក្នុងភពមុន បពិត្រព្រះរាជា លុះខ្ញុំឃើញហើយ ក៏មានសេចក្ដីករុណាដូច្នេះថា បុរសមានធម៌ដ៏លាមកនេះ កុំធ្លាក់ចុះក្នុងនរកឡើយ។ បពិត្រលិច្ឆវិរាជ បុរសនោះ ជាអ្នកធ្វើអំពើអាក្រក់ កាលច្យុតចាកអត្តភាពនេះហើយ នឹងកើតក្នុងនរក ដែលសម្បូរដោយសត្វ មានសភាពគួរឲ្យស្ញើប មានកំដៅភ្លើងដ៏ខ្លាំង មានទុក្ខក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត។ ដែកអណ្ដោតនេះឯង ប្រសើរជាងនរកនោះ ដោយគុណមានចំណែកដ៏ច្រើន បុរសនេះ កុំធ្លាក់ក្នុងនរកមានទុក្ខតែម្យ៉ាង មានទុក្ខដ៏ក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត មានទុក្ខដ៏ក្លៀវក្លាតែម្យ៉ាង បុរសអ្នកដល់នូវសេចក្ដីទុក្ខនោះ ស្ដាប់ពាក្យខ្ញុំនេះបានហើយ គប្បីវៀរបង់នូវអំពើលាមកចេញ ហេតុដូច្នោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃ (បុគ្គលនេះ) ថា ការរលត់ទៅនៃជីវិតនេះ ចូរកុំមានដល់ខ្ញុំ ក្នុងទីជាមួយគ្នាឡើយ។
(ព្រះបាទលិច្ឆវីសួរថា) ប្រយោជន៍របស់បុរសនេះ ខ្ញុំដឹងហើយ យើងចង់សួរប្រយោជន៍ដទៃទៀតចំពោះអ្នក បើអ្នកមិនបើកឱកាសឲ្យយើងទេ យើងក៏មិនហ៊ានសួរអ្នកដែរ អ្នកកុំគប្បីខឹងនឹងយើង។
(ប្រេតតបថា) សេចក្ដីប្ដេជ្ញារបស់យើង មានហើយក្នុងកាលនោះដោយពិតថា មិនប្រាប់ដល់បុគ្គលដែលមិនជ្រះថ្លា (នឹងគ្នា) អ្នកចូរធ្វើទុកក្នុងចិត្តថា យើងមិនចង់ប្រាប់ទេ តែជាមនុស្សមានពាក្យគួរជឿបានដូច្នេះហើយសួរខ្ញុំចុះ តាមសេចក្ដីពិតដែលអាច (នឹងប្រាប់បាន)។
(ស្ដេចលិច្ឆវីត្រាស់ថា) យើងឃើញនូវហេតុណាមួយដោយចក្ខុ យើងត្រូវជឿហេតុនោះទាំងអស់ ប្រសិនបើយើងឃើញហើយ យើងមិនជឿហេតុនោះទេ ម្នាលយក្ខ អ្នកត្រូវធ្វើនិយស្សកម្ម (ការបន្ថយយស) ដល់យើងចុះ។
(ប្រេតតបថា) ពាក្យប្ដេជ្ញានុ៎ះ ជាពាក្យប្ដេជ្ញាដ៏ពិតរបស់ព្រះអង្គចុះ បើព្រះអង្គត្រូវការចង់ដឹង មានហ្ឫទ័យមិនប្រទូស្ដ ស្ដាប់ធម៌ណា ជាធម៌ដែលព្រះអង្គធ្លាប់ស្ដាប់ហើយក្ដី មិនធ្លាប់ស្ដាប់ហើយក្ដី លុះព្រះអង្គស្ដាប់ធម៌នោះហើយ ចូរបាននូវសេចក្ដីជ្រះថ្លា កាលបើខ្ញុំដឹងយ៉ាងណា នឹងក្រាបទូលនូវហេតុនោះទាំងអស់។
(ស្ដេចលិច្ឆវីសួរថា) អ្នកមានសេះសប្រដាប់ហើយ ហើយចូលទៅក្នុងទីជិតនៃបុរស ដែលគេដោតដោយឈើអណ្ដោត ឯយានជំនិះនេះ ជារបស់អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មអ្វី។
(ប្រេតតបថា) មានជង្ហុក ១ ត្រង់ផ្លូវរអិលនៅកណ្ដាលក្រុងវេសាលីនោះ ថ្ងែមួយ ខ្ញុំមានចិត្តជ្រះថ្លា បានយកក្បាលគោធ្វើជាស្ពាន ដាក់ត្រង់ជង្ហុកនោះ។ យើងក្ដី ពួកមនុស្សឯទៀតៗ ក្ដី បានដាក់ជើងលើស្ពាននោះហើយ ទើបដើរទៅបាន យានជំនិះនេះដ៏អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មនោះឯង។
(ស្ដេចលិច្ឆវីសួរថា) ចុះអ្នកមានសម្បុរភ្លឺទៅសព្វទិស អ្នកមានក្លិនផ្សព្វផ្សាយទៅសព្វទិសបាន អ្នកបាននូវឫទ្ធិ៍ជាយក្ស មានអនុភាពច្រើន តែជាអ្នកអាក្រាត នេះជាវិបាកនៃកម្មអ្វី។
(ប្រេតឆ្លើយថា) ខ្ញុំជាមនុស្សមិនក្រោធ មានចិត្តជ្រះថ្លាជានិច្ច និយាយទៅនឹងជនដោយពាក្យពីរោះផ្អែមល្ហែម នេះជាផលនៃកម្មនោះឯង បានជាសម្បុររបស់ខ្ញុំ ភ្លឺជានិច្ច ដូចជាទិព្វ។ ខ្ញុំបានឃើញយសស័ក្ដិ និងកេរ្ដិ៍ឈ្មោះរបស់ពួកជនអ្នកតាំងនៅក្នុងធម៌ ក៏មានចិត្តជ្រះថ្លា ហើយប្រឹក្សា នេះជាផលនៃកម្មនោះឯង បានជាខ្ញុំមានក្លិនដូចជាទិព្វ ផ្សព្វផ្សាយទៅជានិច្ចបាន។ ខ្ញុំបានយកសំពត់ពួកសំឡាញ់ កំពុងងូតទឹកក្នុងកំពង់ លាក់លើគោក ខ្ញុំត្រូវការនឹងសើចលេង មិនមានចិត្តប្រទូស្ដទេ ព្រោះតែកម្មនោះ បានជាខ្ញុំអាក្រាត ទាំងការចិញ្ចឹមជីវិតក៏លំបាកពន់ពេក។
(ស្ដេចលិច្ឆវីត្រាស់សួរថា) បើបុគ្គលណា លែងធ្វើបាប អ្នកប្រាជ្ញទាំងឡាយបានសំដែង នូវផលនៃកម្មរបស់បុគ្គលនោះប្រាកដដូច្នេះ ចុះបើបុគ្គលណា មិនលែងធ្វើបាបទេ អ្នកប្រាជ្ញទាំងឡាយ បានសំដែងនូវផលនៃកម្មនោះដូចម្ដេច។
(ប្រេតតបថា) បើពួកមនុស្សណា មានតម្រិះក្នុងចិត្តប្រទូស្ដហើយ សៅហ្មងដោយកាយ និងវាចា មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងនរកឥតមានសង្ស័យឡើយ។ ចំណែកពួកមនុស្សដទៃ ប្រាថ្នានូវសុគតិ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងសុគតិ ឥតមានសង្ស័យឡើយ។
(ស្ដេចលិច្ឆវីត្រាស់ថា) យើងបានពិចារណាហើយ គប្បីដឹងពាក្យនោះដូចម្ដេច នេះជាផលនៃកល្យាណកម្ម និងបាបកម្មទេតើ យើងឃើញដូចម្ដេច គប្បីជឿនរណា គប្បីធ្វើខ្ញុំឲ្យជឿពាក្យនោះបាន។
(ប្រេតតបថា) ព្រះអង្គទតឃើញហើយ ឮហើយ សូមជឿទៅចុះ នេះជាផលនៃកល្យាណកម្ម និងបាបកម្ម កាលបើកល្យាណកម្ម និងបាបកម្មទាំងពីរ មិនមានទេ ពួកសត្វ គប្បីមានសុគតិ ឬទុគ្គតិដូចម្ដេចបាន។ ប្រសិនបើពួកសត្វមិនគប្បីធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះទេ ពួកសត្វ ក៏មិនបានសុគតិ ឬទុគ្គតិ ទាំងមិនបានថោកទាប ឬខ្ពង់ខ្ពស់ក្នុងមនុស្សលោកឡើយ។ ពួកសត្វធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះ ព្រោះហេតុណា ហេតុនោះ បានជាពួកសត្វទៅសុគតិខ្លះ ទុគ្គតិខ្លះ ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ ក្នុងមនុស្សលោក។ ពួកអ្នកប្រាជ្ញ បានសំដែងនូវផលទាំងពីរនៃកម្មទាំងឡាយ ដែលជាគ្រឿងសោយនូវសុខ និងទុក្ខ ពួកទេវតាតែងចោមរោមដោយពិត ពួកពាលជាអ្នកមិនបានឃើញនូវផលទាំងពីរហើយ រមែងឆេះនៅ (ក្នុងអបាយទាំងឡាយ មាននរកជាដើម)។ បុញ្ញកម្មដែលធ្វើដោយខ្លួនឯង មិនមានអ្នកឲ្យគ្រឿងស្លៀកពាក់ ទីដេក ទីអង្គុយ បាយ និងទឹក ហើយឧទ្ទិសចំពោះខ្ញុំ ក៏មិនមានដែរ ហេតុនោះ បានជាខ្ញុំមានកាយអាក្រាត ទាំងការប្រព្រឹត្តិចិញ្ចឹមជីវិតក៏លំបាក។
(ព្រះបាទលិច្ឆវីត្រាស់សួរថា) ម្នាលយក្ស ហេតុតិចតួចដែលអ្នកគួរបាននូវគ្រឿងស្លៀកពាក់ មានដែរឬ អ្នកចូរប្រាប់ដល់យើង ហេតុណាដែលនាំឲ្យយើងជឿបាន យើងនឹងស្ដាប់នូវពាក្យតាមហេតុនោះ។
(ប្រេតតបថា) ក្នុងក្រុងវេសាលីនេះ មានភិក្ខុ ១ រូប ឈ្មោះកប្បិតកៈ មានឈាន មានសីលធម៌ល្អ ជាព្រះអរហន្ត មានចិត្តផុតស្រឡះចាកអកុសល មានឥន្ទ្រិយស្រគត់ស្រគំ សង្រួមក្នុងបាតិមោក្ខ ត្រជាក់ត្រជុំ សម្រេចនូវការយល់ដ៏ខ្ពង់ខ្ពស់ មានសំដីទន់ភ្លន់ ដឹងនូវពាក្យពោល មានសំដីផ្អែមល្ហែម មានព្រះភក្ត្រផូរផង់ ចេះចាំធម៌អាថ៌ដោយប្រពៃ ផុតស្រឡះហើយដោយល្អ ជាបុញ្ញក្ខេត្ត ស្ងប់ស្ងាត់ចាកកិលេស ជាទក្ខិណេយ្យបុគ្គលរបស់ទេវតា និងមនុស្សទាំងឡាយ ជាសប្បុរស ប្រាសចាកផ្សែង គឺវិតក្កៈ វិចារៈ មិនមានទុក្ខ មិនមានសេចក្ដីប្រាថ្នា ផុតស្រឡះចាកភពទាំងពួង មានសរ គឺរាគៈទៅប្រាសហើយ មិនមានសេចក្ដីសំគាល់ថាអញ មិនវៀចវេរ មិនមានឧបធិក្កិលេស អស់ធម៌ជាគ្រឿងយឺតយូរគ្រប់យ៉ាង បានសម្រេចវិជ្ជា ៣ មានសេចក្ដីរុងរឿង។ លោកនោះ មិនល្បីនាមប្រាកដទេ ទុកជាឃើញ ក៏មិនងាយនឹងស្គាល់ ពួកមនុស្សអ្នកនៅក្នុងដែនវជ្ជី តែងនាំគ្នាហៅថា មុនីដូច្នេះ ទាំងដឹងថា លោកជាបុគ្គលគួរបូជា មិនមានសេចក្ដីញាប់ញ័រ គឺកិលេស មានកល្យាណធម៌ ប្រព្រឹត្តទៅក្នុងលោក។ បើព្រះអង្គ ឲ្យសំពត់ ១ គូក្ដី ២គូក្ដី ដល់ព្រះថេរៈនោះ ឧទ្ទិសដល់ខ្ញុំ ខ្ញុំនឹងគប្បីបានសំពត់ ដែលលោកទទួលហើយនោះផង ព្រះអង្គ នឹងទតឃើញខ្ញុំដែលស្លៀកសំពត់ហើយផង។
(ព្រះបាទលិច្ឆវីត្រាស់សួរថា) ឥឡូវនេះ យើងនឹងទៅជួបព្រះសមណៈនៅក្នុងប្រទេសណា សមណៈនោះ គប្បីបន្ទោបង់នូវសេចក្ដីសង្ស័យផង នូវសេចក្ដីងឿងឆ្ងល់ផង នូវសេចក្ដីយល់ខុស ដែលជាសត្រូវរបស់យើងផង ក្នុងថ្ងៃនេះបានឬទេ។
ប្រេតតបថា សមណៈនុ៎ះ គង់នៅឯប្រទេសឈ្មោះកបិនច្ចនា មានពួកទេវតាច្រើន ចោមរោម លោកមាននាមថាសច្ចៈ ជាអ្នកមិនប្រមាទក្នុងធម៌ជាគ្រឿងអស្ចារ្យរបស់ខ្លួន សំដែងធម្មីកថា។
(ព្រះបាទលិច្ឆវីត្រាស់សួរថា) បើដូច្នោះ ឥឡូវនេះ យើងនឹងទៅធ្វើឲ្យសមណៈ ស្លៀកដណ្ដប់ដោយគូសំពត់ អ្នកចូរមើលសំពត់ទាំងនោះ ដែលលោកបានទទួលហើយ ឯយើង គប្បីមើលនូវអ្នកស្លៀកសំពត់។
(ប្រេតតបថា) ព្រះអង្គកុំចូលទៅរកបព្វជិត ក្នុងកាលមិនគួរឡើយ ខ្ញុំសូមអង្វរ ធម៌នោះ មិនមែនជាធម៌របស់ព្រះអង្គជាស្ដេចលិច្ឆវីទេ ខ្ញុំចូលទៅក្នុងកាលគួរនោះ ទើបឃើញលោកគង់នៅក្នុងទីស្ងាត់នោះឯង។
ស្ដេចលិច្ឆវីនោះ ពោលពាក្យដូច្នោះហើយ ក៏មានពួកទាសៈចោមរោម យាងចូលទៅក្នុងទីនោះ លុះចូលទៅក្រុងនោះហើយ ទ្រង់យាងចូលទៅក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គវិញ។ លំដាប់នោះ ស្ដេចលិច្ឆវី ធ្វើនូវកិច្ចទាំងឡាយជារបស់គ្រហស្ថ ក្នុងវេលាព្រឹកហើយ ក៏ស្រង់ផង សោយនូវសុគន្ធរសផង រួចបាននូវឱកាស ក៏ជ្រើសរើសនូវសំពត់បាន ៨ គូ អំពីហិប ហើយក៏ឲ្យពួកទាសៈ កាន់យកតាមទៅ។ ស្ដេចលិច្ឆវីនោះ ចូលទៅឯប្រទេសនោះ បានឃើញសមណៈនោះ អ្នកមានចិត្តស្ងប់រម្ងាប់ កំពុងវិលត្រឡប់ពីគោចរ ជាបុគ្គលត្រជាក់ត្រជុំ គង់នៅក្រោមម្លប់ឈើ។ លុះស្ដេចលិច្ឆវីចូលទៅដល់ហើយ ក៏ពោលទៅនឹងសមណៈនោះ រួចហើយក៏សួរនូវការមិនមានអាពាធ និងការនៅជាសុខសប្បាយ (ហើយទូល) ថាបពិត្រលោកដ៏ចំរើន ខ្ញុំជាស្ដេចលិច្ឆវីក្នុងក្រុងវេសាលី អ្នកផងតែងស្គាល់ខ្ញុំ ថាជាស្ដេចលិច្ឆវី ឈ្មោះអម្ពសក្ខរៈ។ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨គូ របស់ខ្ញុំនេះចុះ បពិត្រលោកដ៏ចំរើន ខ្ញុំសូមប្រគេនដល់លោក ខ្ញុំមកក្នុងទីនេះ ព្រោះប្រយោជន៍នោះឯង គួរឲ្យខ្ញុំមានចិត្តត្រេកអរ។
(ព្រះថេរៈតបថា) ពួកសមណៈព្រាហ្មណ៍ ដែលមកអំពីទីឆ្ងាយ តែងតែចៀសវាងនូវនិវេសន៍របស់ព្រះអង្គ បាត្រទាំងឡាយ តែងធ្លាក់បែក សង្ឃាដីទាំងឡាយ តែងតែរហែកដាច់ដាច ក្នុងនិវេសន៍របស់ព្រះអង្គ។ ម្យ៉ាងទៀត ពួកសមណៈដទៃ មានក្បាលសំយុងចុះ រមែងធ្លាក់ចុះដោយជើងទាំងឡាយ ពោលគឺជើង (របស់ព្រះអង្គ) កាលបើព្រះអង្គ បៀតបៀននូវបព្វជិតប្រាកដដូច្នោះហើយ ពួកសមណៈរមែងដល់នូវអំពើដែលព្រះអង្គធើ្វ។ ព្រះអង្គមិនដែលឲ្យប្រេងសូម្បីដោយចុងស្បូវផង មិនប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវផង ព្រះអង្គសមាទាន កាន់យកតែអាជ្ញា របស់មនុស្សអន្ធពាលដោយព្រះអង្គឯង បុគ្គលបែបហ្នឹងឈ្មោះថា កំណាញ់ស្វិតស្វាញ ជាអ្នកមិនសង្រួម។ កាលបើយ៉ាងហ្នឹង តើព្រះអង្គ ឃើញនូវហេតុអ្វី តាមដោយហេតុអ្វី បានជាព្រះអង្គធ្វើនូវការចែករំលែកជាមួយនឹងអាត្មាភាព។
(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន លោកពោលពាក្យណា ខ្ញុំក៏ទទួលស្ដាប់នូវពាក្យនោះ។
(ព្រះថេរៈតបថា) ព្រះអង្គធ្វើពួកសមណព្រាហ្មណ៍ឲ្យវង្វេងហើយ។
(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាបុគ្គលត្រូវការនឹងលេង មិនមានចិត្តប្រទូស្ដឡើយ ខ្ញុំធ្វើអំពើអាក្រក់នេះមែនហើយ បុគ្គលក្មេងក្ដី កំឡោះក្ដី ដែលមានទ្រព្យតិច តែងទទួលទុក្ខ ព្រោះតែសន្សំបាបដោយការលេង ជាបុគ្គលមានចំណែកនៃភាពជាអ្នកអាក្រាត អ្វីដែលដល់នូវទុក្ខយ៉ាងធ្ងន់ ជាងភាពអាក្រាតនោះ របស់ប្រេតនោះ។ បពិត្រលោកដ៏ចំរើន ខ្ញុំឃើញប្រេតនោះ គួរឲ្យកើតសង្វេគ ទើបឲ្យទាន ព្រោះសង្វេគនោះជាបច្ច័យ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨ គូចុះ ទក្ខិណាទាន (ដែលខ្ញុំប្រគេនហើយ) នេះ សូមឲ្យបានសម្រេចដល់យក្សចុះ។
(ព្រះថេរៈតបថា) ការមិនចេះអស់ ចូរមានដល់ព្រះអង្គ កាលឲ្យទាន ដែលអ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ទ្រង់សរសើរហើយ ដោយប្រការដ៏ច្រើនដោយពិត ឯអាត្មានឹងទទួលសំពត់របស់ព្រះអង្គទាំង ៨ គូ សូមទក្ខិណាទានសម្រេចដល់យក្សចុះ។
លំដាប់នោះឯង ស្ដេចលិច្ឆវីនោះ ក៏ជំរះសំអាត ហើយប្រគេនសំពត់ ៨ គូដល់ព្រះថេរៈ ព្រះថេរៈបានទទួលសំពត់ ៨ គូនោះហើយ ស្ដេចលិច្ឆវី បានឃើញនូវយក្សស្លៀកដណ្ដប់សំពត់។ ស្ដេចលិច្ឆវី បានទតឃើញប្រេតនោះ មានខ្លួនប្រស់ព្រំដោយខ្លឹមច័ន្ទន៍ ហើយឡើងជិះសេះអាជានេយ្យ មានរូបដ៏ប្រសើរ មានគ្រឿងប្រដាប់គ្រប់គ្រាន់ មានសំពត់ស្លៀកដណ្ដប់ដ៏ស្អាត មានបរិស័ទចោមរោម ដល់នូវឫទ្ធិ៍ជាយក្សយ៉ាងធំ។ លុះស្ដេចលិច្ឆវីនោះ ទតឃើញប្រេតនោះហើយ ក៏មានព្រះហ្ឫទ័យសោមនស្ស ខ្ពស់អណ្ដែតឡើង មានព្រះហ្ឫទ័យត្រេកអរ មានសភាពដ៏ប្រសើរល្អ មានចក្ខុ ព្រោះបានឃើញនូវកម្ម មានផលដ៏ធំផង ធ្វើឲ្យជាក់ច្បាស់នូវប្រេតដែលខ្លួនបានឃើញដោយខ្លួនឯង។ ស្ដេចលិច្ឆវី បានចូលទៅរកប្រេតនោះ ហើយមានព្រះបន្ទូលថា យើងនឹងឲ្យទាន ដល់ពួកសមណព្រាហ្មណ៍ ឯវត្ថុបន្តិចបន្តួច ដែលយើងមិនត្រូវឲ្យ មិនមានទេ ម្នាលយក្ស អ្នកមានឧបការៈដល់យើងច្រើនណាស់។
(ប្រេតតបថា) បពិត្រស្ដេចលិច្ឆវី ព្រះអង្គបានឲ្យទានទាំងឡាយចំពោះតែបច្ច័យ ១ ការឲ្យទាននេះ មិនមែនសោះសូន្យឡើយ ខ្ញុំជាអមនុស្ស ធ្វើជាសាក្សីជាមួយព្រះអង្គជាមនុស្ស។
(ស្ដេចលិច្ឆវីតបថា) អ្នកជាគតិ ជាផៅពង្ស ជាការនាំមុខ និងជាមិត្រសំឡាញ់ និងជាទេវតារបស់យើង យើងសូមប្រណមអញ្ជលីចំពោះអ្នក ម្នាលយក្ស យើងចង់ឃើញអ្នកម្ដងទៀត។
(ប្រេតតបថា) បើព្រះអង្គជាអ្នកមិនមានសទ្ធា ជាបុគ្គលកំណាញ់ មានចិត្តវិបត្តិហើយ ព្រះអង្គបានឃើញខ្ញុំដោយហេតុនោះឯង ទុកជាខ្ញុំឃើញ ក៏មិននិយាយរកចំពោះព្រះអង្គដែរ។ បើព្រះអង្គជាអ្នកគោរពក្នុងធម៌ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ ជាអណ្ដូងរបស់ពួកសមណព្រាហ្មណ៍យ៉ាងនេះ ទើបព្រះអង្គអាចឃើញខ្ញុំបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំឃើញហើយនិយាយចំពោះព្រះអង្គថា ព្រះអង្គ ចូរដោះបុរសនេះ អំពីឈើអណ្ដោតឲ្យឆាប់ទៅ យើងបានធ្វើជាសាក្សី ព្រោះហេតុតែបុរសណា យើងរមែងដឹង ព្រោះហេតុតែបុរស ដែលគេដោតដោយឈើអណ្ដោត យើងទាំងនោះ បានធ្វើជាសាក្សីដល់គ្នានឹងគ្នា។ បើបុរសដែលដោតលើឈើអណ្ដោតនេះ បានរួចឆាប់ គប្បីប្រព្រឹត្តធម៌ដោយគោរព ទើបបុរសនោះ រួចអំពីនរកនោះបាន កម្មនោះ នឹងទៅជាកម្មដែលបុរសនោះគប្បីទទួលក្នុងភពដទៃ។ សូមព្រះអង្គ សេ្ដចចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាហារក្នុងកាលដ៏គួរ ជាមួយនឹងលោក ហើយអង្គុយចំពោះមុខលោក ដោយព្រះអង្គឯង ហើយចូរសួរលោកចុះ លោកគង់នឹងប្រាប់សេចក្ដីនោះដល់ព្រះអង្គ។ សូមព្រះអង្គចូលទៅរកភិក្ខុនោះ ហើយសួរចុះ ព្រោះភិក្ខុនោះ ត្រូវការបុណ្យ មិនមានចិត្តប្រទូស្ដទេ ភិក្ខុនោះដឹងយ៉ាងណា ក៏នឹងប្រាប់នូវធម៌ទាំងអស់យ៉ាងនោះ ដែលព្រះអង្គស្ដាប់ហើយក្ដី មិនដែលស្ដាប់ហើយក្ដី កាលបើព្រះអង្គស្ដាប់ លោកនឹងសំដែងប្រាប់នូវធម៌ផង នូវសុគតិផង។
ស្ដេចលិច្ឆវីនោះ ចរចានឹងគ្នាក្នុងទីស្ងាត់ ក្នុងទីនោះ ហើយធ្វើឲ្យជាសាក្សីជាមួយនឹងអមនុស្ស ហើយជៀសចេញទៅកាន់សំណាក់នៃស្ដេចលិច្ឆវីទាំងឡាយ លំដាប់នោះ ស្ដេចបានពោលចំពោះបរិស័ទដែលមកប្រជុំគ្នា។
(ស្ដេចលិច្ឆវីត្រាស់ថា) អ្នកដ៏ចំរើនទាំងឡាយ ចូរស្ដាប់ពាក្យយើងមួយម៉ាត់ យើងនឹងបាននូវពរ យើងនឹងបាននូវប្រយោជន៍ បុរសដែលត្រូវគេដោតដោយឈើអណ្ដោត ជាអ្នកមានកម្មអាក្រក់ មានអាជ្ញាតាំងទុកហើយ មានសភាពជាមនុស្សជាប់ដោយអាជ្ញា។ បុរសដែលត្រូវឈើអណ្ដោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រីប៉ុណ្ណោះ ឥឡូវនេះ យើងនឹងដោះបុរសនោះ សូមសង្ឃ1) យល់តាមសេចក្ដីគាប់ចិត្ត (របស់យើង) ចុះ។
(ប្រេតតបថា) សូមព្រះអង្គ ដោះលែងបុរសដែលជាប់ដោយឈើអណ្ដោតនោះផង បុរសដទៃផង ឲ្យឆាប់ទៅ នរណាពោលនឹងព្រះអង្គដែលកំពុងធ្វើដូច្នោះ ព្រះអង្គយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ ឥឡូវសង្ឃយល់តាមសព្វព្រះទ័យហើយ។
ស្ដេចនោះបានចូលទៅប្រទេសនោះ ហើយបានដោះលែងបុរសដែលគេដោត ដោយឈើអណ្ដោតមួយរំពេច ហើយប្រាប់ទៅបុរសនោះថា នែសំឡាញ់មានធុរៈស្មើ ចូរអ្នកកុំភ័យឡើយ ហើយក៏ប្រគល់ឲ្យទៅពួកពេទ្យអ្នកថែរក្សា។ ទើបស្ដេចលិច្ឆវី យាងចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាអាហារ ក្នុងកាលដ៏គួរ មួយអន្លើនឹងកប្បិតកភិក្ខុនោះ ស្ដេចលិច្ឆវីអ្នកត្រូវការដោយហេតុ ទើបចូលទៅគង់ជិត ហើយសួរកប្បិតកភិក្ខុនោះ ដែលអង្គុយនៅទីនោះ ដោយព្រះឱស្ឋព្រះអង្គឯងថា បុរសដែលគេដោតដោយឈើអណ្តោត (ហ្នឹង) ជាអ្នកធ្វើកម្មអាក្រក់ ត្រូវគេដាក់អាជ្ញាហើយ មានសភាពជាអ្នកជាប់ដោយអាជ្ញា បុរសដែលត្រូវឈើអណ្តោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រី ប៉ុណ្ណោះ។ បពិត្រលោកដ៏ចំរើន ឥឡូវនេះ បុរសនោះ ខ្ញុំបានដោះលែងតាមពាក្យយក្សនុ៎ះហើយ ហេតុតិចតួចដែលបុរសនោះ មិនគប្បីទៅនរក មានដែរឬ។ បពិត្រលោកដ៏ចំរើន បើមានហេតុ គឺហេតុដែលគួរជឿបាន សូមលោកប្រាប់ដល់យើង យើងស្ដាប់ហើយ យើង(នឹងជឿតាមពាក្យរបស់លោក) ការវិនាសនៃកម្មទាំងនោះ ក៏មិនមាន សេចក្ដីវិនាសរបស់បុរសនោះ ក៏មិនមាន ក្នុងទីនេះ ព្រោះមិនបានទទួលនូវផល។ បើបុរសនោះ គប្បីប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទ ទាំងយប់ទាំងថ្ងៃ ដោយគោរព ទើបបុរសនោះ គប្បីរួចចាកនរកនោះបាន កម្មនោះ នឹងជាកម្មដែលត្រូវទទួលក្នុងភពដទៃ។ ប្រយោជន៍របស់បុរសនុ៎ះ ខ្ញុំបានដឹងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់អនុគ្រោះខ្ញុំ ក្នុងកាលឥឡូវនេះ បពិត្រលោកមានប្រាជ្ញាដ៏ក្រាស់ សូមលោកម្ចាស់ ទូន្មានប្រៀនប្រដៅខ្ញុំ គួរកុំឲ្យខ្ញុំទៅនរកបាន។
(ព្រះថេរៈតបថា) ព្រះអង្គមានព្រះហ្ឫទ័យជ្រះថ្លា ចូរដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ព្រះអង្គចូរសមាទាននូវសិក្ខាបទទាំង ៥ កុំឲ្យដាច់ធ្លុះធ្លាយឡើយ។ ចូរព្រះអង្គ វៀរចាកបាណាតិបាតឲ្យឆាប់ ចូរវៀរចាកទ្រព្យដែលគេមិនឲ្យក្នុងលោកចេញ កុំសោយនូវទឹកស្រវឹងផង កុំកុហកផង ចូរត្រេកអរតែនឹងមហេសីរបស់ព្រះអង្គផង។ សូមព្រះអង្គ សមាទាននូវឧបោសថសីលដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះ ជាកុសលឲ្យផលជាសុខចុះ។
សូមព្រះអង្គប្រទាននូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សយនាសនប្បច្ច័យ បាយ និងទឹក បង្អែម សំពត់ សេនាសនៈទាំងឡាយ ចំពោះពួកបុគ្គលអ្នកមានចិត្តត្រង់ បុណ្យរមែងចំរើនសព្វៗកាល មួយទៀត សូមព្រះអង្គ ញ៉ាំងពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតដោយបាយ និងទឹក បុណ្យរមែងចំរើនសព្វៗកាល។ កាលបើបុរសនោះ ប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទទាំងយប់ទាំងថ្ងៃ ដោយគោរពយ៉ាងនេះហើយ ទើបរួចចាកនរកបាន កម្មនោះ នឹងទៅជាកម្មដែលត្រូវទទួលក្នុងភពដទៃ។
(ស្តេចលិច្ឆវី មានព្រះឱង្ការថា) ខ្ញុំមានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ខ្ញុំសមាទាននូវសិក្ខាបទទាំង ៥ មិនឲ្យដាច់ធ្លុះធ្លាយ ខ្ញុំវៀរចាកបាណាតិបាតយ៉ាងឆាប់ ខ្ញុំវៀរចាកអទិន្នាទានក្នុងលោក ខ្ញុំមិនផឹកទឹកស្រវឹង មិននិយាយពាក្យមុសា ខ្ញុំត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន។ ខ្ញុំសមាទាននូវឧបោសថសីលដ៏ឧត្តម ប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះ ជាកុសល ឲ្យផលជាសុខ។
ខ្ញុំឲ្យនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ ទីដេក ទីអង្គុយ បាយទឹក បង្អែម សំពត់ សេសនៈទាំងឡាយ ចំពោះពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សុត ខ្ញុំជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទាំងឡាយ មិនកម្រើកឡើយ។
(បណ្តាពួកឧបាសក) ក្នុងក្រុងវេសាលី ស្តេចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ ជាឧបាសកម្នាក់ ប្រាកដដូច្នោះ ក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាផង មានចិត្តទន់ភ្លន់ផង ជាអ្នកធ្វើនូវឧបការៈ ទំនុកបម្រុងភិក្ខុសង្ឃដោយគោរព ក្នុងកាលនោះផង។ បុរសដែលត្រូវគេដោតដោយឈើអណ្តោត ឥតមានរោគ មានតែសិរី និងសុខ បានចូលទៅកាន់ផ្នួស ជនទាំងពីរនាក់ ក៏បានសម្រេចនូវសាមញ្ញផលទាំងឡាយ (តាមសមគួរ) ព្រោះអាស្រ័យនឹងព្រះថេរៈឈ្មោះកប្បិតកៈដ៏ឧត្តម។ ការសេពគប់នឹងពួកសប្បុរស អ្នកស្ងប់ អ្នកដឹងដូច្នេះ រមែងមានផលច្រើន បុរសដែលដេកលើឈើអណ្តោត បានសម្រេចនូវផលដ៏ប្រសើរ ឯស្តេចលិច្ឆវី អម្ពសក្ខរៈ បានសម្រេចផលតូច (សោតាបត្តិផល)។
ចប់ រឿងអម្ពសក្ខរប្រេត ទី១។
(២. សេរីសកបេតវត្ថុ)
[៣៧] ការប្រជុំនៃយក្ខ និងពាណិជទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់។បេ។
(អ្នកប្រាជ្ញគប្បីមើលក្នុងរឿងទី ១០ នៃ សុនិក្ខិត្តវគ្គ ទី៧ ក្នុង វិមានវត្ថុ ចុះ)។
ចប់ រឿងសេរិស្សកប្រេត ទី២។
(៣. នន្ទកបេតវត្ថុ)
[៣៨] ព្រះរាជាព្រះនាមបិង្គលកៈ ជាធំក្នុងសុរដ្ឋប្រទេស សេ្តចទៅកាន់គំនាល់នៃព្រះបាទមោរិយៈ (ព្រះបាទធម្មាសោក) ហើយស្តេចត្រឡប់មកសុរដ្ឋប្រទេសវិញ។ ព្រះរាជាសេ្តចយាងកាត់ភក់ ក្នុងវេលាថៃ្ងត្រង់ដ៏ក្តៅ ក៏បានទតឃើញផ្លូវគួរជាទីត្រេកអរ ជាផ្លូវដែលប្រេតទំាងឡាយ និម្មិតហើយ ទើបព្រះរាជាទ្រង់ត្រាស់នឹងនាយសារថីថា ផ្លូវនេះគួរជាទីត្រេកអរ ជាផ្លូវដ៏ក្សេមក្សាន្ត ប្រកបដោយសួស្តី ជាផ្លូវមិនមានឧបទ្រពឡើយ ម្នាលសារថី ចូរអ្នកទៅតាមផ្លូវនេះវិញ (ព្រោះយើង) ទៅតាមផ្លូវនេះ ជិតដល់សុរដ្ឋប្រទេសហើយដូច្នេះ រួចព្រះបាទបិង្គលកៈក្នុងសុរដ្ឋប្រទេស ក៏បានទៅតាមផ្លូវនោះជាមួយនឹងសេនាប្រកបដោយអង្គ ៤។ បុរសមានសភាពតក់ស្លុត បានក្រាបទូលស្តេចក្នុងសុរដ្ឋប្រទេសដូច្នេះថា យើងដើរទៅតាមផ្លូវមិនស្រួល ជាទីស្ញប់ស្ញែង ព្រឺព្រួចរោម។ ផ្លូវខាងមុខបា្រកដ ផ្លូវខាងក្រោយមិនប្រាកដទេ យើងដើរទៅតាមផ្លូវមិនស្រួល ក្នុងទីជិតនៃពួកយមបុរសប្រេត ឯក្លិនអមនុស្ស បក់មក ទំាងមានសំឡេងគឹកកងដ៏ខ្លាំង ដ៏អាក្រក់ ក៏ឮមក។
ព្រះរាជាក្នុងសុរដ្ឋប្រទេស ទ្រង់មានសេចក្តីតក់ស្លុត ទើបត្រាស់ទៅនឹងនាយសារថី ដូច្នេះថា យើងដើរទៅពារផ្លូវមិនស្រួល នំាឲ្យស្ញប់ស្ញែង នំាឲ្យព្រឺព្រួចរោម ផ្លូវខាងមុខបា្រកដ ផ្លូវខាងក្រោយមិនបា្រកដទេ។ យើងដើរទៅពារផ្លូវមិនស្រួល ក្នុងទីជិតនៃពួកយមបុរសហើយ ឯក្លិនសរីរៈអមនុស្ស ក៏បក់មក ទំាំងសំឡេងគឹកកងរំពងអាក្រក់ ក៏ឮមក។ (ទ្រង់ត្រាស់ដូច្នេះហើយ) ក៏ឡើងគង់លើដំរី ហើយទតមើលទៅទិសទំាង ៤ បានឃើញដើមជ្រៃមួយដើម ជារុក្ខជាតផឹកនូវទឹកដោយជើង បរិបូណ៌ដោយម្លប់ប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផៃ្ទមេឃ ព្រះរាជាត្រាស់ទៅនឹងនាយសារថីថា ដើមឈើធំប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផៃ្ទមេឃនុ៎ះ ជាឈើអ្វី។
សារថីក្រាបទូលថា បពិត្រមហារាជ នោះជាដើមជ្រៃ ជារុក្ខជាតផឹកនូវទឹកដោយជើង បរិបូណ៌ដោយម្លប់ប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផ្ទៃមេឃ។ ព្រះរាជាក្នុងសុរដ្ឋប្រទេស សេ្តចទៅត្រង់ដើមឈើធំប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផ្ទៃមេឃ។ ព្រះរាជាស្តេចចុះពីកដំរី ហើយចូលសំដៅទៅរកដើមឈើ ទ្រង់គង់ក្រោមម្លប់ឈើជាមួយនឹងអាមាត្យ និងជនជាបរិស័ទ ក៏បានទតឃើញបំពង់ទឹកដ៏ពេញ និងនំទំាងឡាយដ៏វិចិត្រ។
(ប្រេតនោះ) ក្លែងខ្លួនជាបុរស មានភេទដូចជាទេវតា ស្អិតស្អាងគ្រឿងអាភរណៈទំាងពួង ហើយចូលទៅនិយាយនឹងព្រះរាជា ជាធំក្នុងសុរដ្ឋប្រទេស ដូច្នេះថា បពិត្រមហារាជ ព្រះអង្គសេ្តចមកល្អហើយ មួយទៀត ដំណើរព្រះអង្គសេ្តចមក ឈ្មោះថា មិនស្តេចមកដោយអាក្រក់ទេ បពិត្រព្រះអរិន្ទមរាជ សូមព្រះសម្មតិទេព ទ្រង់សោយនូវវិសុទ្ធិរស ទ្រង់សោយនូវនំទាំងឡាយ។
ព្រះរាជាក្នុងសុរដ្ឋប្រទេស ព្រមទំាងអាមាត្យ និងជនជាបរិស័ទ បានសោយនូវព្រះវិសុទិ្ធរសផង សោយនូវនំទំាងឡាយផង លុះសោយរួចហើយ ទ្រង់ត្រាស់សួរដូច្នេះថា អ្នកជាទេវតា ឬជាគន្ធព្វ ឬមួយជាសក្កបុរិន្ទទៈ យើងមិនស្គាល់ បានជាសួរអ្នក យើងស្គាល់អ្នកដូចម្តេចបាន។
(ប្រេតតបថា) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាសក្កបុរិន្ទទៈទេ បពិត្រមហារាជ ជាស្តេចក្នុងសុរដ្ឋប្រទេស ខ្ញុំជាប្រេតទេតើ មកនៅក្នុងទីនេះ។
ព្រះរាជាត្រាស់ថា ចុះអ្នកឯងមានសីលធម៌ដូចម្តេច មានសមាចារដូចម្តេច ក្នុងសុរដ្ឋបុរី អ្នកឯងនេះ មានអានុភាពច្រើន ព្រោះអ្នកប្រព្រឹត្តនូវធម៌ប្រសើរដូចម្តេចខ្លះ។
(ប្រេតតបថា) បពិត្រព្រះអរិន្ទមហារាជ ជាសេ្តចចំរើនក្នុងដែន សូមព្រះអង្គ ព្រមទំាំងពួកអាមាត្យ និងព្រាហ្មណ៍បុរោហិត ទ្រង់ព្រះសណា្តប់ពាក្យខ្ញុំនោះ។ បពិត្រព្រះសម្មតិទេព ខ្ញុំនៅក្នុងសុរដ្ឋប្រទេស ជាបុរសមានចិត្តអាក្រក់ មានសេចក្តីយល់ខុស ទ្រុស្តសីល កំណាញ់ ជេរប្រទេច ផ្តាសាពួកជនដែលកំពុងឲ្យ កំពុងធ្វើ ហាមឃាត់ពួកជនច្រើន ធ្វើអន្តរាយដល់ពួកជនដទៃ ដែលកំពុងឲ្យ (ខ្ញុំរមែងនិយាយរឿយៗថា) ផលរបស់ទានមិនមានទេ តើផលនៃការសង្រួម គឺសីល នឹងមានមកពីណា អាចារ្យមិនមាន អ្នកណានឹងទូន្មានបុគ្គល ដែលគេមិនទាន់ទូន្មាននោះបាន។ ពួកសត្វសឹងតែសើ្មៗគ្នាទេ ចាំបាច់មានបុគ្គលជាអ្នកគោរពកោតក្រែងត្រកូលរៀមច្បង (ធើ្វអ្វីទៀត) កំឡាំងក្តី សេចក្តីព្យាយាម មិនមានហើយ តើការប្រឹងប្រែងរបស់បុរស មានមកអំពីទីណា។ ផលរបស់ទានមិនមានទេ បុគ្គលមិនអាចធើ្វសត្វដែលមានពៀរឲ្យស្អាតបាន សត្វបានសេចក្តីសុខទុក្ខ ដែលត្រូវបានកើតពីសេចក្តីប្រែប្រួល តែងដឹកនំាទៅ (មិនមែនព្រោះកម្ម ដែលខ្លួនធើ្វទេ)។ មាតា បិតា បងប្អូន មិនមាន លោកដទៃក្រៅពីលោកនេះ មិនមាន ការឲ្យទាន មិនមាន ការបូជា មិនមាន ការដម្កល់ទាន (ចំពោះសមណព្រាហ្មណ៍) ក៏មិនមាន។ អ្នកណាកាត់ក្បាលបុសរ មិនឈោ្មះថា សម្លាប់បុរសទេ (ព្រោះ) គ្មានអ្នកណាសម្លាប់ (អ្នកណា) តិចតួចទេ ទុកដូចជាបៀតបៀនក្នុងចន្លោះនៃកាយទំាង ៧ (មានផែនដីជាដើម) ដែរ។ ជីវៈ ជាសភាវៈផ្តាច់មិនបាន ទំលាយមិនបាន (ព្រោះ) ចួនកាលមានជ្រុង ៨ ចួនកាលមូលជាដុំ (មានកំពស់) ៥០០ យោជន៍ អ្នកណា ក៏មិនអាចនឹងផ្តាច់បង់ជីវៈបានឡើយ។ កាលបើអម្បោះហុង គេបោះចោលទៅ អម្បោះហុងនោះ រមែងរលា យ៉ាងណាមិញ ជីវៈនោះ ក៏រលាយ៉ាងនោះដែរ។ បុរសបុគ្គល ចេញពីស្រុក ចូលទៅកាន់ស្រុកដទៃទៀត យ៉ាងណាមិញ ជីវៈនោះ (ចេញពីកាយនេះ) ចូលទៅកាន់កាយដទៃយ៉ាងនោះដែរ។ បុរសបុគ្គល ចេញពីផ្ទះ ចូលទៅកាន់ផ្ទះដទៃ យ៉ាងណាមិញ ជីវៈនោះ ចូលទៅកាន់កាយដទៃទៀត ក៏យ៉ាងនោះដែរ។ ពួកពាល ពួកបណ្ឌិត នឹងធើ្វសង្សារវដ្តឲ្យអស់ទៅ ធើ្វទុក្ខឲ្យផុតបាន ទាល់តែអស់មហាកប្បទំាំងឡាយ ៨ លាន ៤ សែន។ សុខ និងទុក្ខទំាងឡាយ វាល់បានដោយទោណៈទំាំងឡាយផង ដោយកញ្ជើទំាងឡាយផង ជិនបុរស រមែងជ្រាបសព្វ ពួកសត្វក្រៅនេះ ប្រកបដោយសេចក្តីវងេ្វង។ កាលមុន ខ្ញុំជាអ្នកយល់យ៉ាងនេះ ជាអ្នកប្រកបដោយសេចក្តីវងេ្វង មានសេចក្តីវងេ្វងគ្របសង្កត់ មានសេចក្តីយល់ខុស ទ្រុស្តសីល កំណាញ់ ប្រទេច ផ្តាសា (សមណៈ និងព្រាហ្មណ៍)។ ខាងអាយ ៦ ខែទៀត ខ្ញុំនឹងធើ្វកាលកិរិយា។ ខ្ញុំមុខជានឹងធ្លាក់នរក មានការក្តៅក្រហាយដ៏ពន្លឹកដោយពិត ជានរកមានជ្រុង ៤ មានទ្វារ ៤ ដូចជាវាស់ដោយចំណែកដែលចែកសើ្មគ្នា ជានរកមានកំពែងដែកព័ទ្ធជុំវិញ គ្របដោយដែក។ ភូមិនៃនរកនោះ ជាវិការៈនៃដែក រន្ទាលច្រាលឆ្អៅ ប្រកបដោយភើ្លងផ្សព្វផ្សាយទៅ ១០០ យោជន៍ជុំវិញសព្វកាល។ កន្លងទៅ ១ សែនឆ្នាំ ឮសូរសំឡេងកងរំពងក្នុងកាលនោះ។ បពិត្រមហារាជ ចំណែកមួយសែនកោដិឆ្នាំ ជាគ្រឿងកំណត់ (អាយុរបស់សត្វដែលឆេះនៅក្នុងនរកនុ៎ះ ពួកជនដែលជាមិច្ឆាទិដ្ឋិ ទ្រុស្តសីល តិះដៀលព្រះអរិយៈ តែងឆេះនៅក្នុងនរក អស់ ១ សែនកោដិឆ្នាំ។ ខ្ញុំនឹងរងទុក្ខវេទនាក្នុងនរកនោះ អស់កាលជាយូរអងែ្វង (ព្រោះ) ផលនៃបាបកម្ម ហេតុនោះ បានជាខ្ញុំសោកសៅដ៏ក្រៃលែង។ បពិត្រអរិន្ទមមហារាជ អ្នកចំរើនក្នុងដែន ព្រះអង្គចូរស្តាប់ដំណើរនោះ បពិត្រមហារាជ ធីតារបស់ខ្ញុំ ឈោ្មះនាងឧត្តរា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ។ នាងឧត្តរា តែងធើ្វនូវកម្មដ៏ចំរើន ជាអ្នកត្រេកអរក្នុងនិច្ចសីល និងឧបោសថសីល ត្រេកអរក្នុងទាន ជាអ្នកចែករលែកទាន ជាអ្នកដឹងនូវពាក្យ (នៃស្មូម) មិនមានកំណាញ់ ធើ្វមិនឲ្យដាច់ក្នុងសិក្ខាបទ ជាកូនប្រសារក្នុងត្រកូលដទៃ ជាឧបាសិកានៃព្រះសក្យមុនីសម្ពុទ្ធដ៏មានសិរី។ ភិក្ខុបរិបូណ៌ដោយសីល ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ជាអ្នកសង្រួមចក្ខុ មានស្មារតី គ្រប់គ្រងទ្វារ បិទបំាងកាយដោយប្រពៃ ត្រាច់ទៅតាមលំដាប់ច្រក បានទៅកាន់លំនៅរបស់នាងនោះ។ បពិត្រមហារាជ សេចក្តីចំរើន ចូរមានដល់ព្រះអង្គ នាងឧត្តរា បានឃើញភិក្ខុនោះហើយ បានប្រគេននូវបានីយករក (តម្រងទឹក) ដ៏ពេញផង នូវនំទំាងឡាយដ៏វិចិត្រផង (ហើយឧទិ្ទសផលមកឲ្យខ្ញុំយ៉ាងនេះថា) បពិត្រលោកដ៏ចំរើន បិតារបស់ខ្ញុំ ចែកឋានទៅហើយ ទាននេះ សូមសម្រេចដល់បិតារបស់ខ្ញុំនោះ។ ផលក៏សម្រេច ក្នុងពេលជាលំដាប់ដែលឧទិ្ទសហើយ ខ្ញុំជាអ្នកបានកាមតាមបា្រថ្នា បរិភោគដូចជាសេ្តចវេស្សវ័ណ។ បពិត្រអរិន្ទមមហារាជ ព្រះអង្គអ្នកចំរើនក្នុងដែន សូមព្រះអង្គស្តាប់នូវដំណើរនោះ ព្រះពុទ្ធ គេហៅថា បុគ្គលប្រសើរជាងសត្វលោក ព្រមទំាងទេវលោក បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទំាងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវព្រះពុទ្ធនោះ ជាសរណៈចុះ។ ពួកបុរសបុគ្គល បានដល់ព្រះនិព្វាន ដោយសារតែមគ្គប្រកបដោយអង្គ ៨ ប្រការ បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទំាងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវធម៌ (អដ្ឋងិ្គកមគ្គ) នោះ ជាសរណៈចុះ។ ព្រះអរិយបុគ្គល ៤ ពួក ប្រតិបត្តិក្នុងមគ្គ ព្រះអរិយបុគ្គល ៤ ពួក ឋិតនៅក្នុងផល ព្រះសង្ឃទំាងនុ៎ះ លោកជាអ្នកស្លូតត្រង់ តំាំងនៅមំាក្នុងបញ្ញា និងសីល បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទំាំងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវព្រះសង្ឃនោះ ជាសរណៈចុះ។
សូមព្រះអង្គ វៀរចាកបាណាតិបាតឲ្យឆាប់ៗ សូមព្រះអង្គវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោក សូមព្រះអង្គ កុំសោយនូវទឹកស្រវឹង កុំមានព្រះឱង្ការកុហក សូមព្រះអង្គ ត្រេកអរតែនឹងព្រះអគ្គមហេសីរបស់ព្រះអង្គ។
(ព្រះរាជាត្រាស់ថា) ម្នាលយក្ស អ្នកជាអ្នកបា្រថ្នាសេចក្តីចំរើនដល់យើង ម្នាលទេវតា អ្នកជាអ្នកបា្រថ្នាប្រយោជន៍ដល់យើង យើងធ្វើតាមពាក្យរបស់អ្នកហើយ អ្នកជាអាចារ្យរបស់យើង។ យើងសូមដល់ព្រះពុទ្ធជាសរណៈផង ដល់ព្រះធម៌ ជាសរណៈផង ដល់ព្រះសង្ឃដ៏ប្រសើរជាងមនុស្ស និងទេវតា ជាសរណៈផង។
យើងវៀរចាកបាណាតិបាត យ៉ាងឆាប់រហ័ស យើងលះបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោក យើងលែងផឹកទឹកស្រវឹង លែងនិយាយកុហក យើងជាអ្នកត្រេកអរតែនឹងប្រពន្ធរបស់ខ្លួន។
ម្នាលប្រេត យើងត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទំាំងឡាយ បាច (នូវទិដ្ឋិដ៏អាក្រក់ចោលដូចជាអង្កាម) ក្នុងទីមានខ្យល់ធំផង បន្សាត់ចោលនូវទិដ្ឋិអាក្រក់ (ដូចជាសម្រាម) ក្នុងទន្លេមានខ្សែទឹករហ័សផង។ លុះព្រះបាទបិង្គលៈ ជាសេ្តចក្នុងដែនសុរដ្ឋ មានព្រះឱង្ការដូច្នេះហើយ ក៏បានវៀរចាកការយល់ដ៏លាមកចោលចេញ ធ្វើនូវកិរិយាថ្វាយបង្គំព្រះមានព្រះភាគ រួចក៏បែរព្រះភក្រ្តចំទៅទិសខាងកើត ឡើងគង់លើរថទៅ។
ចប់ រឿងននិ្ទការប្រេត ទី៣។
(៤. រេវតីបេតវត្ថុ)
[៣៩] ម្នាលរេវតី ជាស្រីមានធម៌ដ៏លាមកក្រៃលែង នាងចូរក្រោកឡើង។បេ។ រឿងរេវតីប្រេត ទី៤នេះ គប្បីមើលក្នុងរឿងទី២ នៃមហារថវគ្គ ទី៥ ក្នុងវិមានវត្ថុចុះ។
ចប់ រឿងវេរតីប្រេត ទី៤។
(៥. ឧច្ឆុបេតវត្ថុ)
[៤០] (ប្រេតទូលសួរព្រះមោគ្គល្លានថា) ព្រៃអំពៅធំនេះ កើតឡើងដល់ខ្ញុំ (ហាក់ដូច) ជាផលបុណ្យច្រើនណាស់ដែរ តែឥឡូវនេះ ខ្ញុំមិនបានបរិភោគអំពៅនោះសោះ បពិត្រលោកដ៏ចំរើន សូមលោកបា្រប់ខ្ញុំ តើផលនេះជាផលកម្មអ្វី។ មួយទៀត ខ្ញុំដល់នូវសេចក្តីចង្អៀតចង្អល់ ចង់បរិភោគ (ក៏បរិភោគមិនកើត) ខ្ញុំខំប្រឹងខ្នះខ្នែងដើម្បីបរិភោគនូវរសនៃអំពៅតិចតួច ខ្ញុំនោះមានអត្តភាពដាច់ហើយ ជាបុគ្គលកំសត់ ប្រកបដោយទុក្ខនេះ ជាផលកម្មអ្វី។ មួយទៀត ខ្ញុំជាបុគ្គលចង្អៀតចង្អល់ ដួលដេកបម្រះននៀលលើផែនដី ដូចត្រីនៅលើគោកដ៏ក្តៅ ទឹកភ្នែកទំាងឡាយរបស់ខ្ញុំ ហូរចេញអំពីចម្ងាយ បពិត្រលោកដ៏ចំរើន សូមលោកមេត្តាបា្រប់ នេះជាផលនៃកម្មអ្វី។ ខ្ញុំឃា្លនផង លំបាកផង សេ្រកផង តក់ស្លុតផង មិនបានសេចក្តីសុខស្រួលទេ បពិត្រលោកដ៏ចំរើន ខ្ញុំសូមសួរសេចក្តីនុ៎ះ ចំពោះនឹងលោកម្ចាស់ ធ្វើម្តេចហ្ន៎ ខ្ញុំគប្បីបានបរិភោគអំពៅ (នេះ)។
(ព្រះមោគ្គល្លាន មានថេរវាចាថា) កាលពីដើម អ្នកកើតជាមនុស្ស បានធើ្វបាបកម្មដោយខ្លួនឯង ក្នុងកាលមុន អាត្មារៀបរាប់សេចក្តីនោះប្រាប់អ្នក អ្នកស្តាប់ហើយ ត្រូវដឹងសេចក្តីនោះចុះ។ (កាលនោះ) អ្នកកំពុងដើរស៊ីអំពៅ មានបុរសម្នាក់ដើរពីក្រោយខ្នងអ្នក បុរសនោះ ប្រាថ្នាចង់បានអំពៅនោះ ហើយនិយាយសូម អ្នកមិនបាននិយាយពាក្យតិចតួច នឹងបុរសនោះទេ។ ឯបុរសនោះ បាននិយាយសូមចំពោះអ្នក ដែលមិននិយាយរក បាននិយាយនឹងអ្នកថា អ្នកចូរឲ្យអំពៅដល់ខ្ញុំ អ្នកក៏បានឲ្យអំពៅមួយដើម តាមក្រោយខ្នង ដល់បុរសនោះ នេះជាផលរបស់បាបកម្មនោះឯង។ ហ៎ បើដូចច្នោះ អ្នកគប្បីទៅចាប់អំពៅពីក្រោយខ្នងចុះ លុះចាប់បានហើយ ចូរស៊ីឲ្យឆែ្អតចុះ អ្នកគង់មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ ព្រោះតែបានបរិភោគអំពៅនោះ។ បុរសនោះ ទៅចាប់យកអំពៅពីក្រោយខ្នងរបស់ខ្លួន លុះចាប់យកបានហើយ ក៏ស៊ីអំពៅនោះទាល់តែឆ្អែតឆ្អន់ រួចបុរសនោះ មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ។
ចប់ រឿងឧច្ឆុប្រេត ទី៥។
(៦. កុមារបេតវត្ថុ)
[៤១] (ព្រះមានព្រះភាគត្រាស់ថា) តថាគតឮថា ក្រុងឈ្មោះសាវត្ថី នៅក្បែរព្រៃហិមពាន្ត ក្នុងក្រុងនោះ មានកុមារពីរនាក់ ជាព្រះរាជបុត្ររបស់ (ព្រះបាទបសេនទិកោសល)។ ព្រះរាជបុត្រទំាំងពីរអង្គនោះ ជាអ្នកប្រមាទ ជាអ្នកមានសេចក្តីត្រេកអរ ក្នុងកាមគុណទំាងឡាយ ជាទីត្រេកអរ ជាប់ចំពាក់នឹងសេចក្តីសុខជាបច្ចុប្បន្ន ព្រះរាជបុត្រទំាងនោះ មិនបានឃើញសេចក្តីសុខទៅក្នុងអនាគតកាលឡើយ។ ព្រះរាជបុត្រទំាងនោះ ទៅកាន់លោកខាងមុខ ចាកអត្តភាពជាមនុស្ស ព្រះរាជបុត្រទំាំងពីរនោះ មិនប្រាកដរូប ស្រែកប្រកាសតែអំពើអាក្រក់របស់ខ្លួនក្នុងកាលមុន។ កាលទក្ខិណេយ្យបុគ្គលទំាំងឡាយ មានច្រើន កាលទេយ្យធម៌មាន ពួកយើងមិនអាចដើម្បីធ្វើខ្លួនឲ្យមានសួស្តីតិចតួច ជាទីនាំមកនូវសេចក្តីសុខសោះ។ អំពើអាក្រក់អ្វី ជាអំពើអាក្រក់ជាងអំពើរបស់យើងនោះ ពួកយើងច្យុតចាករាជត្រកូល មកកើតក្នុងប្រេតវិស័យ (ក្នុងទីនេះ) ប្រកបដោយសេចក្តីស្រេក និងការឃ្លាន។ ពួកមនុស្សជាម្ចាស់គេក្នុងលោកនេះ ពុំមែនជាម្ចាស់ក្នុងលោកឯណោះទៀតទេ បានខ្ពស់ហើយ ត្រឡប់ទាបវិញ (ព្រោះតណ្ហា) តែងស្លាប់ ដោយសេចក្តីស្រេកឃ្លាន។ នរជនដឹងទោស ដែលកើតអំពីសេចក្តីប្រកាន់ថាធំ យ៉ាងនេះហើយ គប្បីលះនូវសេចក្តីស្រវឹងថាធំ ចោលចេញ ទើបទៅឋានសួគ៌ នរជននោះ ជាអ្នកប្រកបដោយប្រាជ្ញា ដល់បែកធ្លាយរាងកាយ រមែងកើតក្នុងឋានសួគ៌។
ចប់ រឿងកុមារប្រេត ទី៦។
(៧. រាជបុត្តបេតវត្ថុ)
[៤២] (ព្រះមានព្រះភាគ ត្រាស់សំដែងរឿងរាជបុត្តប្រេតនេះថា) ផលរបស់បាបកម្មទំាងឡាយ ដែលរាជបុត្រធ្វើហើយ ក្នុងកាលពីដើម គប្បីញំាញីនូវចិត្ត ព្រោះរូប សំឡេង ក្លិន រស ផ្សព្វ និងធម្មារម្មណ៍។ រាជបុត្រចូលចិត្តនឹងការរាំ ការច្រៀង ការត្រេកអរ និងការសើចចំអកឡកឡឺយដ៏ច្រើន ដើរលេងក្នុងឧទ្យាន រួចចូលទៅក្រុងរាជគ្រឹះវិញ។ រាជបុត្រនោះ បានឃើញឥសី (ព្រះបចេ្ចកពុទ្ធ) ឈ្មោះសុនេត្ត លោកមានចិត្តទូន្មានហើយ មានចិត្តតម្កល់មាំ ប្រាថ្នាតិច ប្រកបដោយហិរិ ត្រេកអរតែនឹងចង្ហាន់ក្នុងបាត្រ ដោយការស្វែងរក។
ក្សត្រិយ៍ចុះពីកដំរី ហើយសួរថា បពិត្រលោកដ៏ចំរើន បានចង្ហាន់ដែរឬទេ ហើយទទួលយកបាត្ររបស់លោក លើកឡើងឲ្យខ្ពស់ បោកបំបែកបាត្រលោកលើដីរដិបរដុប ហើយសើចលេង ដើរចេញទៅ (និយាយថា) ខ្ញុំជាកូនរបស់ព្រះបាទកិតវៈ នែភិក្ខុ លោកនឹងធ្វើអ្វីដល់ខ្ញុំ។ ផលដ៏ក្តៅក្រហាយរបស់បាបកម្មដ៏អាក្រក់នោះឯង នាំរាជបុត្រ ឲ្យរងទុក្ខពេញពោរក្នុងនរក។ រាជបុត្រ បានធ្វើអំពើអាក្រក់ ក៏ដល់នូវសេចក្តីទុក្ខក្រៃលែងក្នុងនរក ប្រាំបួនសែន (៩០០,០០០) ឆ្នាំ។ ជនពាល ទុកជាដេកផ្ងារក្តី ផ្កាប់ក្តី ផ្អៀងទៅខាងឆ្វេងក្តី ខាងស្តាំក្តី ជើងឡើងលើក្តី ឈរក្តី រមែងឆេះអស់កាលដ៏យូរ។ ជនពាល បានធ្វើអំពើអាក្រក់ ក៏ទទួលទុកដ៏ក្រៃលែងក្នុងនរកច្រើនពាន់ឆ្នាំផង ច្រើនហ្មឺនឆ្នាំផង។ បុគ្គលអ្នកមានបាបកម្ម តែងទទួលនូវសេចក្តីទុក្ខដ៏ក្រៃលែង ជាទុក្ខក្តៅផ្សាប្រាកដដូច្នោះ ព្រោះតែប្រទូស្តនឹងឥសីអ្នកមិនបានប្រទូស្ត មានវត្តល្អ។ រាជបុត្រនោះ ទទួលនូវសេចក្តីទុក្ខដ៏ច្រើន ក្នុងនរកនោះ អស់ឆ្នាំទាំងឡាយដ៏ច្រើន ច្យុតចាកនរកនោះមក មកកើតជាប្រេត មានសេចក្តីស្រេកឃ្លានបៀតបៀនហើយ។ បុរសបុគ្គល ដឹងទោសជាដែនកើតនៃសេចក្តីស្រវឹង ព្រោះឥស្សរិយយសយ៉ាងនេះហើយ គប្បីលះបង់នូវសេចក្តីស្រវឹង ព្រោះតែឥស្សរិយយស ហើយប្រព្រឹត្តបន្ទាបបន្ទន់កាយ។ ជនណា ជាបុគ្គលដែលគេសរសើរក្នុងបច្ចុប្បន្ន ជាអ្នកគោរពក្នុងព្រះពុទ្ធ ជននោះ ជាអ្នកប្រកបដោយប្រាជ្ញា លុះបែកធ្លាយរាងកាយទៅ រមែងកើតក្នុងឋានសួគ៌។
ចប់ រឿងរាជបុត្តប្រេត ទី៧។
(៨. គូថខាទកបេតវត្ថុ)
[៤៣] (ព្រះមោគ្គល្លាន ឃើញប្រេតនោះហើយ សួរថា) អ្នកដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ អ្នកឯងជាបុគ្គលមានបាបកម្មឥតសង្ស័យ ហេតុអ្វីក៏ស្រែក។
(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក បានធ្វើបាបកម្ម ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក។
(ព្រះមោគ្គល្លាន សួរថា) អំពើអាក្រក់ដូចម្តេច ដែលប្រេតឯងធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកឯងបានទទួលទុក្ខលំបាកនេះ ព្រោះផលបាបកម្មដូចម្តេច។
(ប្រេតតបថា) លោកជាចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា ជាអ្នកកំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច នៅអាស្រ័យក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំលឺពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់ពីលោកនេះទៅ ទៅកើតជាប្រេត។
(ព្រះមោគ្គល្លាន សួរថា) ភិក្ខុដែលមិនមែនជាមិត្រ ចូលទៅរកត្រកូលរបស់អ្នក ដោយតាំងភេទខ្លួនថាជាមិត្រ ភិក្ខុអ្នកអ័ប្បឥតប្រាជ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងលោកខាងមុខ។
(ប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលនៃភិក្ខុអ្នកមានបាបកម្មនោះ ឯភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ជាបរិវាររបស់ខ្ញុំ (នេះឯង)។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត បន្ទោបង់នូវឧច្ចារៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថ្ងៃ) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថ្ងៃ)។
ចប់ រឿងគូថខាទកប្រេត ទី៨។
(៩. គូថខាទកបេតិវត្ថុ)
[៤៤] (ព្រះមោគ្គល្លាន បានឃើញស្រីប្រេត ហើយសួរថា) នាងឯងដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ នាងឯងមានបាបកម្មឥតមានសង្ស័យ ហេតុអ្វីចេះតែស្រែក។
(នាងប្រេតនោះតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាស្រីប្រេត ជាអ្នកទុគ៌ត កើតក្នុងយមលោក បានធើ្វបាបកម្ម ហើយច្យុតចាកមនុស្សលោកនេះ ទៅកាន់បេតលោក។
(ព្រះមោគ្គល្លានសួរថា) អំពើអាក្រក់ដូចម្តេច ដែលនាងធ្វើហើយដោយកាយ វាចា ចិត្ត បានជានាងរងទុក្ខនេះ ព្រោះផលកម្មអ្វី។
(ស្រីប្រេតតបថា) លោកចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា កំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច អាស្រ័យនៅក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំឮពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទំាំងឡាយ ព្រោះហេតុតែផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់ពីលោកនេះទៅកាន់បេតលោក។
(ព្រះមោគ្គល្លាន សួរថា) ចុះភិក្ខុដែលមិនមែនជាមិត្តអ្នកចូលទៅកាន់ត្រកូលរបស់នាង ដោយភេទថាដូចជាមិត្ត ភិក្ខុអ្នកអ័ប្បឥតបា្រជ្ញានោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងបរលោក។
(ស្រីប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលរបស់ភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ហើយជាបរិវាររបស់ខ្ញុំ។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត ៗ បន្ទោបង់នូវឧចា្ចរៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថៃ្ង) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថៃ្ង)។
ចប់ រឿងគូថខាទកប្រេត ទី៩។
(១០. គណបេតវត្ថុ)
[៤៥] (ព្រះមោគ្គល្លានសួរថា) នែអ្នករាល់គ្នា អ្នកទំាំងឡាយ មានកាយអាក្រាត មានសរីរៈមានសម្បុរមិនស្អាត ស្គមរវាមដោយសរសៃ មានឆ្អឹងជម្នីររគាមម្ល៉េះ តើអ្នកទំាំងឡាយ ជាអ្វី។
(ពួកប្រេតតបថា) បពិត្រលោកដ៏ចំរើន យើងខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក លះបង់លោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម។
(ព្រះមោគ្គល្លានសួរថា) ចុះអ្នករាល់គ្នា បានធ្វើអំពើអាក្រក់ដូចម្តេច ដោយកាយ វាចា ចិត្ត លះលោកនេះ ទៅកាន់បេតលោក ព្រោះផលកម្មអ្វី។
(ពួកប្រេតទូលថា) ពួកយើងបានរើសទ្រព្យកន្លះមាសក នៅនាកំពង់ទឹកដែលឥតទោស (គ្មានម្ចាស់ថែរក្សា) នាកាលទេយ្យធម៌ទាំងឡាយមាន ពួកយើងមិនបានធើ្វទីពឹងដល់ខ្លួន។ ពួកយើងជាបុគ្គលស្រេកទឹក នាំគ្នាចូលទៅរកស្ទឹង ទើបឯស្ទឹងនោះ ក៏ខ្វៃប្រែទៅជាស្ទឹងទទេ ក្នុងកាលក្តៅ ពួកយើងនំាគ្នាចូលទៅរកម្លប់ ម្លប់នោះ ក៏ខ្វែប្រែទៅជាកំដៅដ៏ក្តៅវិញ។ ខ្យល់មានសណ្ឋានដូចជាភើ្លងដ៏ក្តៅ បក់មករកពួកយើង បពិត្រលោកដ៏ចំរើន ពួកយើងទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង។
ទុកជាពួកយើងដើរទៅកាន់យោជន៍ទំាំងឡាយ ជាបុគ្គលឃ្លាន ចង់ស៊ីអាហារ ក៏រកទទួលទានមិនបាន ហើយក៏ត្រឡប់វិលវិញ ដោយគិតថា ឱហ្ន៎ ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងជាបុគ្គលឃ្លានជ្រុលជ្រប់ ដួលដេកលើផែនដី បម្រះននៀល ផ្ងារផ្កាប់លើផែនដី។ លុះពួកយើង ដួលនៅក្នុងទីនោះហើយ ក៏ក្រោកឡើង ដួលប្រូសទៅលើផែនដីនោះវិញ ទើបទង្គិចដើមទ្រូងផង ទង្គិចក្បាលផង ឱហ៎្ន ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងគួរទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង នាកាលទេយ្យធម៌ទំាំងឡាយមាន ពួកយើងមិនបានធើ្វនូវទីពឹងដល់ខ្លួនសោះ។ បើដូច្នោះ ពួកយើង លុះរំដោះចាកប្រេតនេះទៅ សូមបានកើតជាមនុស្ស ជាអ្នកបរិបូរដោយសីល ធើ្វកុសលឲ្យបានច្រើន អំពីដឹងក្តីទៅ។
ចប់ រឿងគណប្រេត ទី១០
(១១. បាដលិបុត្តបេតវត្ថុ)
[៤៦] (វេមានិកប្រេតពោលថា) ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និងទេព្តាក្តី នាងបានឃើញឬទេ នាងបានឃើញផលកម្មដែលខ្លួនបានធ្វើហើយដោយខ្លួនឯងដែរឬទេ ខ្ញុំនឹងនំានាងទៅបាដលិបុត្រ មិនមានអ្នកចោមព័ទ្ធបាន បើនាងទៅដល់បាដលិបុត្រនោះហើយ ចូរធើ្វកុសលកម្មចុះ។
នាងនោះតបថា បពិត្រយក្ស អ្នកជាបុគ្គលប្រាថ្នាប្រយោជន៍ឲ្យខ្ញុំ បពិត្រទេវតា អ្នកជាបុគ្គលបា្រថ្នាសេចក្តីចំរើនឲ្យខ្ញុំ ខ្ញុំនឹងធើ្វតាមសំដីរបស់អ្នក អ្នកជាអាចារ្យរបស់ខ្ញុំ។
ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និងទេពា្តក្តី ខ្ញុំបានឃើញហើយ ខ្ញុំបានឃើញផលកម្មរបស់ខ្លួនដោយខ្លួនឯង ខ្ញុំនឹងធើ្វបុណ្យទំាំងឡាយឲ្យច្រើន។
ចប់ រឿងបាដលិបុត្តប្រេត ទី១១។
(១២. អម្ពវនបេតវត្ថុ)
[៤៧] (ពួកពាណិជសួរថា) ស្រះបោក្ខរណីរបស់នាងនេះ ជាទីត្រេកអរដោយប្រពៃផង មានផៃ្ទដ៏ស្មើផង មានកំពង់ល្អផង មានទឹកច្រើនផង មានផ្ការីកល្អផង មានហ្វូងកន្លង់ហើរឆ្វៀលឆ្វាត់ផង ស្រះបោក្ខរណី ជាទីពេញចិត្តនេះ នាងបានដោយហេតុដូចម្តេច។ មួយទៀត អម្ពវ័នរបស់នាងនេះ ជាទីត្រេកអរដោយប្រពៃផង កាន់ផ្លែគ្រប់រដូវផង មានផ្ការីកជានិច្ច មានហ្វូងកន្លង់ច្រើនចោមរោមផង តើវិមាននេះ នាងបានមកដោយហេតុអ្វី។
(វេមានិកប្រេត តបថា) ខ្ញុំបានស្រះបោក្ខរណី ជាទីត្រេកអរ និងអម្ពវនវិមាន ជាទីត្រេកអរនេះ ព្រោះតែធីតារបស់ខ្ញុំ បានប្រគេនទឹកស្វាយទុំ និងបបរ និងម្លប់ដ៏ត្រជាក់ ជាទីត្រេកអរក្នុងទីនេះ។
(ធីតាពោលថា) ចូរអ្នកសំឡឹងមើលផលរបស់ទាន និងការទូន្មាននូវឥន្ទ្រិយ និងការសង្រួមដែលឃើញច្បាស់ដោយខ្លួនឯង ខ្ញុំ (ពីដើម) ជាទាសី ឥឡូវបានជាកូនប្រសាស្រីក្នុងត្រកូលរបស់លោក និងជាធំត្រួតត្រាផ្ទះរបស់លោក។
(ថៃ្ងនោះ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលឃើញឧបនិស្ស័យនៃស្រីនោះ ហើយត្រាស់ថា) របស់ដែលមិនត្រេកអរ រមែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទ ដោយសភាពនៃរបស់ជាទីត្រេកអរ របស់ដែលមិនស្រឡាញ់ រមែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទដោយសភាពនៃរបស់ជាទីស្រឡាញ់ ទុក្ខតែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទដោយសភាពនៃសេចក្តីសុខ។
ចប់ រឿងអម្ពវនប្រេត ទី១២។
(១៣. អក្ខរុក្ខបេតវត្ថុ)
[៤៨] (ភូមិទេវតានិយាយថា) បុរសបុគ្គលឲ្យរបស់ណា របស់នោះ មិនមាន (ផលត្រឹមតែប៉ុណ្ណោះ) ទេ បុគ្គលគប្បីឲ្យទាន លុះឲ្យទានហើយ រមែងឆ្លងទុក្ខទំាងពីរយ៉ាង (ទុក្ខក្នុងបច្ចុប្បន្ន និងបរលោក) រមែងបានប្រទះសុខទំាំងពីរ ព្រោះតែទាននោះ ចូរអ្នកភ្ញាក់រព្ញក ចូរអ្នកកុំធ្វេសប្រហែស (ក្នុងទាន) ឡើយ។
ចប់ រឿងអក្ខរុក្ខប្រេត ទី១៣។
(១៤. ភោគសំហរបេតវត្ថុ)
[៤៩] (ពួកស្រីប្រេតស្រែកថា) ពួកយើងបានប្រមូលភោគៈទំាំងឡាយ ដោយសមខ្លះ ដោយមិនសមខ្លះ ពួកជនឯទៀត តែងបរិភោគភោគៈទំាំងនោះ ឯពួកយើង គ្រាន់តែបានចំណែកនៃសេចក្តីទុក្ខ។
ចប់ រឿងភោគសំហរបេ្រត ទី១៤។
(១៥. សេដ្ឋិបុត្តបេតវត្ថុ)
[៥០] (ពួកសត្វនរកស្រែកថា) ពួកយើងឆេះ នៅក្នុងនរកពេញប្រាំមួយម៉ឺន (៦០.០០០) ឆ្នាំគ្រប់គ្រាន់ តើទីបំផុតនឹងមានក្នុងវេលាណា។ ពួកយើងមិនមានទីបំផុតទេ ពួកយើងនឹងមានទីបំផុតមកពីណា ទីបំផុតនឹងមិនប្រាកដដល់យើងឡើយ ម្នាលអ្នក ព្រោះតែខ្ញុំក្តី អ្នកក្តី បានធ្វើបាប។ ពួកយើងរស់នៅដោយលំបាក ព្រោះទេយ្យធម៌មាន យើងមិនបានឲ្យ កាលទេយ្យធម៌មាន យើងមិនបានធ្វើទីពឹងដល់ខ្លួនសោះ។ ប្រសិនបើខ្ញុំបានរដោះរួចចាកនរកនេះទៅ បានកើតជាមនុស្ស សូមជាអ្នកបរិបូរដោយសីល ធ្វើកុសលឲ្យច្រើនអំពីកាលដឹងក្តីទៅ។
ចប់ រឿងសេដ្ឋិបុត្តប្រេត ទី១៥។
(១៦. សដ្ឋិកូដបេតវត្ថុ)
[៥១] (ថៃ្ងមួយព្រះមោគ្គល្លានសួរថា) ហេតុអ្វីអ្នកដូចមនុស្សឆ្កួត ស្ទុះចុះស្ទុះឡើង ដូចម្រឹគភ្ញាក់ផ្អើល អ្នកមានបាបកម្មមិនមានសង្ស័យ ហេតុអ្វីក៏អ្នកស្រែក។
(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម។ មានញញួរដែកពេញចំនួនប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ តែងធ្លាក់លើក្បាលរបស់ខ្ញុំ ញញួរដែកទំាងនោះ ទំលាយនូវក្បាលរបស់ខ្ញុំ។
(ព្រះមោគ្គល្លានសួរថា) ចុះអ្នកបានធ្វើអំពើអាក្រក់ដោយកាយ វាចា ចិត្ត ដូចមេ្តច បានជាអ្នកលះលោកនេះ ទៅកើតក្នុងបេតលោក ព្រោះផលកម្មអ្វី។ ញញួរដែកពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទំាំងនោះ វាយទំលាយក្បាល។
(ប្រេតតបថា) កាលណោះ ខ្ញុំបានឃើញព្រះបចេ្ចកពុទ្ធ ព្រះនាមសុនេត្ត លោកមានឥន្រ្ទិយចំរើនដោយអរិយមគ្គ គង់ក្រោមម្លប់ឈើ លោកមានឈាន ឥតមានភ័យភិតមកពីទីណាទេ។ ខ្ញុំបាញ់ទំលាយព្រះកេសលោក ដោយការប្រហារដោយក្រួស សេចក្តីទុក្ខនេះ សម្រេចដល់ខ្ញុំ ព្រោះតែផលកម្មនៃការប្រហារនោះ។ (ព្រោះហេតុនោះ) បានជាញញួរដែកពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់ខ្ញុំ ញញួរដែកទំាំងនោះ វាយទំលាយក្បាលរបស់ខ្ញុំ។
(ព្រះមោគ្គល្លានតបថា) ម្នាលបុរសអាក្រក់ សមតាមសេចក្តីប្រព្រឹត្តរបស់អ្នកហើយ ត្រង់ដែលញញួរដែក ពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទំាងនោះ ក៏វាយទំលាយក្បាលរបស់អ្នក។
ចប់ រឿងសដ្ឋីកូដសហស្សប្រេត ទី១៦។
ឧទាន
នៃមហាវគ្គ ទី៤ នោះគឺ
និយាយអំពីរឿងអម្ពសក្ខរប្រេត ១ សេរិស្សកប្រេត ១ នន្ទិកាប្រេត ១ រេវតីប្រេត ១ ឧច្ឆុខាទកប្រេត ១ កុមារប្រេត ១ រាជបុត្តប្រេត ១ គូថខាទកប្រេតពីរលើក គណប្រេត ១ បាដលិបុត្តប្រេត ១ អម្ពវនប្រេត ១ អក្ខរុក្ខប្រេត ១ ភោគសំហរប្រេត ១ សេដ្ឋិបុត្តប្រេត ១ សដ្ឋីកូដសហស្សប្រេត ១ ហេតុនោះ បានជាលោកហៅថា វគ្គ។
ចប់ មហាវគ្គ ទី៤។
ចប់ បេតវត្ថុ។