km:tipitaka:sut:kn:pev:sut.kn.pev.4.01

រឿងអម្ពសក្ខរប្រេត ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn pev 4 01 បាលី cs-km: sut.kn.pev.4.01 អដ្ឋកថា: sut.kn.pev.4.01_att PTS: ?

រឿងអម្ពសក្ខរប្រេត ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. អម្ពសក្ករបេតវត្ថុ)

[៣៦] (ព្រះសង្គីតិកាចារ្យពោលថា) មាននគរ ១ ឈ្មោះវេសាលី របស់អ្នកដែនវជ្ជី ក្នុងក្រុងវេសាលីនោះ មានសេ្តចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ បានទតឃើញប្រេតនៅខាងក្រៅក្រុង ស្ដេចមានព្រះហ្ឫទ័យចង់ដឹងហេតុ បានត្រាស់សួរប្រេតនោះ ក្នុងទីនោះឯងថាបុគ្គល (ដែលគេចាក់ស្ទួយឡើងលើដែកអណ្តោត) នេះ ដេក ឬអង្គុយ ក៏មិនបាន ការឈានទៅមុខ និងការឈានថយក្រោយ ក៏មិនបាន ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈទាំងស្រីជាអ្នកបំរើរបស់បុគ្គលនេះ ក៏មិនមានទៀត។ ពួកជនណា ដែលជាញាតិសំឡាញ់ ដែលឃើញហើយ ឮហើយ ជាអ្នកមានចិត្តល្អ អនុគ្រោះនៃបុគ្គលណា ដែលមានក្នុងកាលពីដើម ឥឡូវនេះ ពួកញាតិជាដើមនោះ ក៏មិនបានឃើញបុគ្គលនោះដែរ ព្រោះខ្លួនឃ្លាតឆ្ងាយពីបុគ្គលនោះ បុគ្គលទុគ៌ត រមែងមិនមានពួកមិត្ត ពួកមិត្តតែងលះបង់ចោល ព្រោះដឹងថាខ្វះខាត ពួកមិត្តរមែងចោមរោម ព្រោះឃើញប្រយោជន៍ ឯបុគ្គលខ្ពង់ខ្ពស់ (ដោយភោគសម្បត្តិ) តែងមានមិត្តច្រើន។ បុគ្គលសាបសូន្យចាកប្រយោជន៍ លំបាកដោយភោគៈទាំងអស់ មានខ្លួនប្រឡាក់ដោយឈាម មានខ្លួនធ្លុះធ្លាយ រលត់ជីវិតទៅក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដូចដំណក់ទឹកសន្សើម (ដែលជាប់នៅលើចុងស្មៅ)។ សរីរៈប្រាកដដូច្នេះ ដល់នូវសេចក្ដីលំបាកដ៏ក្រៃលែង គេដោតស្ទួយឡើងលើឈើអណ្ដោត ដែលគេធ្វើដោយមែកស្ដៅ កាលបើយ៉ាងហ្នឹងហើយ ម្នាលយក្ស ចុះហេតុអ្វីបានជាអ្នកពោលថា នែអ្នកដ៏ចំរើន អ្នកចូររស់នៅចុះ (ព្រោះ) ការរស់នៅជាការប្រសើរ។

(ប្រេតឆ្លើយថា) បុរសនុ៎ះ (កាលពីជាតិមុន) ជាសាលោហិតរបស់ខ្ញុំ ខ្ញុំរលឹកឃើញជាតិក្នុងភពមុន បពិត្រព្រះរាជា លុះខ្ញុំឃើញហើយ ក៏មានសេចក្ដីករុណាដូច្នេះថា បុរសមានធម៌ដ៏លាមកនេះ កុំធ្លាក់ចុះក្នុងនរកឡើយ។ បពិត្រលិច្ឆវិរាជ បុរសនោះ ជាអ្នកធ្វើអំពើអាក្រក់ កាលច្យុតចាកអត្តភាពនេះហើយ នឹងកើតក្នុងនរក ដែលសម្បូរដោយសត្វ មានសភាពគួរឲ្យស្ញើប មានកំដៅភ្លើងដ៏ខ្លាំង មានទុក្ខក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត។ ដែកអណ្ដោតនេះឯង ប្រសើរជាងនរកនោះ ដោយគុណមានចំណែកដ៏ច្រើន បុរសនេះ កុំធ្លាក់ក្នុងនរកមានទុក្ខតែម្យ៉ាង មានទុក្ខដ៏ក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត មានទុក្ខដ៏ក្លៀវក្លាតែម្យ៉ាង បុរសអ្នកដល់នូវសេចក្ដីទុក្ខនោះ ស្ដាប់ពាក្យខ្ញុំនេះបានហើយ គប្បីវៀរបង់នូវអំពើលាមកចេញ ហេតុដូច្នោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃ (បុគ្គលនេះ) ថា ការរលត់ទៅនៃជីវិតនេះ ចូរកុំមានដល់ខ្ញុំ ក្នុងទីជាមួយគ្នាឡើយ។

(ព្រះបាទលិច្ឆវីសួរថា) ប្រយោជន៍របស់បុរសនេះ ខ្ញុំដឹងហើយ យើងចង់សួរប្រយោជន៍ដទៃទៀតចំពោះអ្នក បើអ្នកមិនបើកឱកាសឲ្យយើងទេ យើងក៏មិនហ៊ានសួរអ្នកដែរ អ្នកកុំគប្បីខឹងនឹងយើង។

(ប្រេតតបថា) សេចក្ដីប្ដេជ្ញារបស់យើង មានហើយក្នុងកាលនោះដោយពិតថា មិនប្រាប់ដល់បុគ្គលដែលមិនជ្រះថ្លា (នឹងគ្នា) អ្នកចូរធ្វើទុកក្នុងចិត្តថា យើងមិនចង់ប្រាប់ទេ តែជាមនុស្សមានពាក្យគួរជឿបានដូច្នេះហើយសួរខ្ញុំចុះ តាមសេចក្ដីពិតដែលអាច (នឹងប្រាប់បាន)។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងឃើញនូវហេតុណាមួយដោយចក្ខុ យើងត្រូវជឿហេតុនោះទាំងអស់ ប្រសិនបើយើងឃើញហើយ យើងមិនជឿហេតុនោះទេ ម្នាលយក្ខ អ្នកត្រូវធ្វើនិយស្សកម្ម (ការបន្ថយយស) ដល់យើងចុះ។

(ប្រេតតបថា) ពាក្យប្ដេជ្ញានុ៎ះ ជាពាក្យប្ដេជ្ញាដ៏ពិតរបស់ព្រះអង្គចុះ បើព្រះអង្គត្រូវការចង់ដឹង មានហ្ឫទ័យមិនប្រទូស្ដ ស្ដាប់ធម៌ណា ជាធម៌ដែលព្រះអង្គធ្លាប់ស្ដាប់ហើយក្ដី មិនធ្លាប់ស្ដាប់ហើយក្ដី លុះព្រះអង្គស្ដាប់ធម៌នោះហើយ ចូរបាននូវសេចក្ដីជ្រះថ្លា កាលបើខ្ញុំដឹងយ៉ាងណា នឹងក្រាបទូលនូវហេតុនោះទាំងអស់។

(ស្ដេចលិច្ឆវីសួរថា) អ្នកមានសេះសប្រដាប់ហើយ ហើយចូលទៅក្នុងទីជិតនៃបុរស ដែលគេដោតដោយឈើអណ្ដោត ឯយានជំនិះនេះ ជារបស់អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មអ្វី។

(ប្រេតតបថា) មានជង្ហុក ១ ត្រង់ផ្លូវរអិលនៅកណ្ដាលក្រុងវេសាលីនោះ ថ្ងែមួយ ខ្ញុំមានចិត្តជ្រះថ្លា បានយកក្បាលគោធ្វើជាស្ពាន ដាក់ត្រង់ជង្ហុកនោះ។ យើងក្ដី ពួកមនុស្សឯទៀតៗ ក្ដី បានដាក់ជើងលើស្ពាននោះហើយ ទើបដើរទៅបាន យានជំនិះនេះដ៏អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មនោះឯង។

(ស្ដេចលិច្ឆវីសួរថា) ចុះអ្នកមានសម្បុរភ្លឺទៅសព្វទិស អ្នកមានក្លិនផ្សព្វផ្សាយទៅសព្វទិសបាន អ្នកបាននូវឫទ្ធិ៍ជាយក្ស មានអនុភាពច្រើន តែជាអ្នកអាក្រាត នេះជាវិបាកនៃកម្មអ្វី។

(ប្រេតឆ្លើយថា) ខ្ញុំជាមនុស្សមិនក្រោធ មានចិត្តជ្រះថ្លាជានិច្ច និយាយទៅនឹងជនដោយពាក្យពីរោះផ្អែមល្ហែម នេះជាផលនៃកម្មនោះឯង បានជាសម្បុររបស់ខ្ញុំ ភ្លឺជានិច្ច ដូចជាទិព្វ។ ខ្ញុំបានឃើញយសស័ក្ដិ និងកេរ្ដិ៍ឈ្មោះរបស់ពួកជនអ្នកតាំងនៅក្នុងធម៌ ក៏មានចិត្តជ្រះថ្លា ហើយប្រឹក្សា នេះជាផលនៃកម្មនោះឯង បានជាខ្ញុំមានក្លិនដូចជាទិព្វ ផ្សព្វផ្សាយទៅជានិច្ចបាន។ ខ្ញុំបានយកសំពត់ពួកសំឡាញ់ កំពុងងូតទឹកក្នុងកំពង់ លាក់លើគោក ខ្ញុំត្រូវការនឹងសើចលេង មិនមានចិត្តប្រទូស្ដទេ ព្រោះតែកម្មនោះ បានជាខ្ញុំអាក្រាត ទាំងការចិញ្ចឹមជីវិតក៏លំបាកពន់ពេក។

(ស្ដេចលិច្ឆវីត្រាស់សួរថា) បើបុគ្គលណា លែងធ្វើបាប អ្នកប្រាជ្ញទាំងឡាយបានសំដែង នូវផលនៃកម្មរបស់បុគ្គលនោះប្រាកដដូច្នេះ ចុះបើបុគ្គលណា មិនលែងធ្វើបាបទេ អ្នកប្រាជ្ញទាំងឡាយ បានសំដែងនូវផលនៃកម្មនោះដូចម្ដេច។

(ប្រេតតបថា) បើពួកមនុស្សណា មានតម្រិះក្នុងចិត្តប្រទូស្ដហើយ សៅហ្មងដោយកាយ និងវាចា មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងនរកឥតមានសង្ស័យឡើយ។ ចំណែកពួកមនុស្សដទៃ ប្រាថ្នានូវសុគតិ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងសុគតិ ឥតមានសង្ស័យឡើយ។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងបានពិចារណាហើយ គប្បីដឹងពាក្យនោះដូចម្ដេច នេះជាផលនៃកល្យាណកម្ម និងបាបកម្មទេតើ យើងឃើញដូចម្ដេច គប្បីជឿនរណា គប្បីធ្វើខ្ញុំឲ្យជឿពាក្យនោះបាន។

(ប្រេតតបថា) ព្រះអង្គទតឃើញហើយ ឮហើយ សូមជឿទៅចុះ នេះជាផលនៃកល្យាណកម្ម និងបាបកម្ម កាលបើកល្យាណកម្ម និងបាបកម្មទាំងពីរ មិនមានទេ ពួកសត្វ គប្បីមានសុគតិ ឬទុគ្គតិដូចម្ដេចបាន។ ប្រសិនបើពួកសត្វមិនគប្បីធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះទេ ពួកសត្វ ក៏មិនបានសុគតិ ឬទុគ្គតិ ទាំងមិនបានថោកទាប ឬខ្ពង់ខ្ពស់ក្នុងមនុស្សលោកឡើយ។ ពួកសត្វធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះ ព្រោះហេតុណា ហេតុនោះ បានជាពួកសត្វទៅសុគតិខ្លះ ទុគ្គតិខ្លះ ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ ក្នុងមនុស្សលោក។ ពួកអ្នកប្រាជ្ញ បានសំដែងនូវផលទាំងពីរនៃកម្មទាំងឡាយ ដែលជាគ្រឿងសោយនូវសុខ និងទុក្ខ ពួកទេវតាតែងចោមរោមដោយពិត ពួកពាលជាអ្នកមិនបានឃើញនូវផលទាំងពីរហើយ រមែងឆេះនៅ (ក្នុងអបាយទាំងឡាយ មាននរកជាដើម)។ បុញ្ញកម្មដែលធ្វើដោយខ្លួនឯង មិនមានអ្នកឲ្យគ្រឿងស្លៀកពាក់ ទីដេក ទីអង្គុយ បាយ និងទឹក ហើយឧទ្ទិសចំពោះខ្ញុំ ក៏មិនមានដែរ ហេតុនោះ បានជាខ្ញុំមានកាយអាក្រាត ទាំងការប្រព្រឹត្តិចិញ្ចឹមជីវិតក៏លំបាក។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ម្នាលយក្ស ហេតុតិចតួចដែលអ្នកគួរបាននូវគ្រឿងស្លៀកពាក់ មានដែរឬ អ្នកចូរប្រាប់ដល់យើង ហេតុណាដែលនាំឲ្យយើងជឿបាន យើងនឹងស្ដាប់នូវពាក្យតាមហេតុនោះ។

(ប្រេតតបថា) ក្នុងក្រុងវេសាលីនេះ មានភិក្ខុ ១ រូប ឈ្មោះកប្បិតកៈ មានឈាន មានសីលធម៌ល្អ ជាព្រះអរហន្ត មានចិត្តផុតស្រឡះចាកអកុសល មានឥន្ទ្រិយស្រគត់ស្រគំ សង្រួមក្នុងបាតិមោក្ខ ត្រជាក់ត្រជុំ សម្រេចនូវការយល់ដ៏ខ្ពង់ខ្ពស់ មានសំដីទន់ភ្លន់ ដឹងនូវពាក្យពោល មានសំដីផ្អែមល្ហែម មានព្រះភក្ត្រផូរផង់ ចេះចាំធម៌អាថ៌ដោយប្រពៃ ផុតស្រឡះហើយដោយល្អ ជាបុញ្ញក្ខេត្ត ស្ងប់ស្ងាត់ចាកកិលេស ជាទក្ខិណេយ្យបុគ្គលរបស់ទេវតា និងមនុស្សទាំងឡាយ ជាសប្បុរស ប្រាសចាកផ្សែង គឺវិតក្កៈ វិចារៈ មិនមានទុក្ខ មិនមានសេចក្ដីប្រាថ្នា ផុតស្រឡះចាកភពទាំងពួង មានសរ គឺរាគៈទៅប្រាសហើយ មិនមានសេចក្ដីសំគាល់ថាអញ មិនវៀចវេរ មិនមានឧបធិក្កិលេស អស់ធម៌ជាគ្រឿងយឺតយូរគ្រប់យ៉ាង បានសម្រេចវិជ្ជា ៣ មានសេចក្ដីរុងរឿង។ លោកនោះ មិនល្បីនាមប្រាកដទេ ទុកជាឃើញ ក៏មិនងាយនឹងស្គាល់ ពួកមនុស្សអ្នកនៅក្នុងដែនវជ្ជី តែងនាំគ្នាហៅថា មុនីដូច្នេះ ទាំងដឹងថា លោកជាបុគ្គលគួរបូជា មិនមានសេចក្ដីញាប់ញ័រ គឺកិលេស មានកល្យាណធម៌ ប្រព្រឹត្តទៅក្នុងលោក។ បើព្រះអង្គ ឲ្យសំពត់ ១ គូក្ដី ២គូក្ដី ដល់ព្រះថេរៈនោះ ឧទ្ទិសដល់ខ្ញុំ ខ្ញុំនឹងគប្បីបានសំពត់ ដែលលោកទទួលហើយនោះផង ព្រះអង្គ នឹងទតឃើញខ្ញុំដែលស្លៀកសំពត់ហើយផង។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ឥឡូវនេះ យើងនឹងទៅជួបព្រះសមណៈនៅក្នុងប្រទេសណា សមណៈនោះ គប្បីបន្ទោបង់នូវសេចក្ដីសង្ស័យផង នូវសេចក្ដីងឿងឆ្ងល់ផង នូវសេចក្ដីយល់ខុស ដែលជាសត្រូវរបស់យើងផង ក្នុងថ្ងៃនេះបានឬទេ។

ប្រេតតបថា សមណៈនុ៎ះ គង់នៅឯប្រទេសឈ្មោះកបិនច្ចនា មានពួកទេវតាច្រើន ចោមរោម លោកមាននាមថាសច្ចៈ ជាអ្នកមិនប្រមាទក្នុងធម៌ជាគ្រឿងអស្ចារ្យរបស់ខ្លួន សំដែងធម្មីកថា។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) បើដូច្នោះ ឥឡូវនេះ យើងនឹងទៅធ្វើឲ្យសមណៈ ស្លៀកដណ្ដប់ដោយគូសំពត់ អ្នកចូរមើលសំពត់ទាំងនោះ ដែលលោកបានទទួលហើយ ឯយើង គប្បីមើលនូវអ្នកស្លៀកសំពត់។

(ប្រេតតបថា) ព្រះអង្គកុំចូលទៅរកបព្វជិត ក្នុងកាលមិនគួរឡើយ ខ្ញុំសូមអង្វរ ធម៌នោះ មិនមែនជាធម៌របស់ព្រះអង្គជាស្ដេចលិច្ឆវីទេ ខ្ញុំចូលទៅក្នុងកាលគួរនោះ ទើបឃើញលោកគង់នៅក្នុងទីស្ងាត់នោះឯង។

ស្ដេចលិច្ឆវីនោះ ពោលពាក្យដូច្នោះហើយ ក៏មានពួកទាសៈចោមរោម យាងចូលទៅក្នុងទីនោះ លុះចូលទៅក្រុងនោះហើយ ទ្រង់យាងចូលទៅក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គវិញ។ លំដាប់នោះ ស្ដេចលិច្ឆវី ធ្វើនូវកិច្ចទាំងឡាយជារបស់គ្រហស្ថ ក្នុងវេលាព្រឹកហើយ ក៏ស្រង់ផង សោយនូវសុគន្ធរសផង រួចបាននូវឱកាស ក៏ជ្រើសរើសនូវសំពត់បាន ៨ គូ អំពីហិប ហើយក៏ឲ្យពួកទាសៈ កាន់យកតាមទៅ។ ស្ដេចលិច្ឆវីនោះ ចូលទៅឯប្រទេសនោះ បានឃើញសមណៈនោះ អ្នកមានចិត្តស្ងប់រម្ងាប់ កំពុងវិលត្រឡប់ពីគោចរ ជាបុគ្គលត្រជាក់ត្រជុំ គង់នៅក្រោមម្លប់ឈើ។ លុះស្ដេចលិច្ឆវីចូលទៅដល់ហើយ ក៏ពោលទៅនឹងសមណៈនោះ រួចហើយក៏សួរនូវការមិនមានអាពាធ និងការនៅជាសុខសប្បាយ (ហើយទូល) ថាបពិត្រលោកដ៏ចំរើន ខ្ញុំជាស្ដេចលិច្ឆវីក្នុងក្រុងវេសាលី អ្នកផងតែងស្គាល់ខ្ញុំ ថាជាស្ដេចលិច្ឆវី ឈ្មោះអម្ពសក្ខរៈ។ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨គូ របស់ខ្ញុំនេះចុះ បពិត្រលោកដ៏ចំរើន ខ្ញុំសូមប្រគេនដល់លោក ខ្ញុំមកក្នុងទីនេះ ព្រោះប្រយោជន៍នោះឯង គួរឲ្យខ្ញុំមានចិត្តត្រេកអរ។

(ព្រះថេរៈតបថា) ពួកសមណៈព្រាហ្មណ៍ ដែលមកអំពីទីឆ្ងាយ តែងតែចៀសវាងនូវនិវេសន៍របស់ព្រះអង្គ បាត្រទាំងឡាយ តែងធ្លាក់បែក សង្ឃាដីទាំងឡាយ តែងតែរហែកដាច់ដាច ក្នុងនិវេសន៍របស់ព្រះអង្គ។ ម្យ៉ាងទៀត ពួកសមណៈដទៃ មានក្បាលសំយុងចុះ រមែងធ្លាក់ចុះដោយជើងទាំងឡាយ ពោលគឺជើង (របស់ព្រះអង្គ) កាលបើព្រះអង្គ បៀតបៀននូវបព្វជិតប្រាកដដូច្នោះហើយ ពួកសមណៈរមែងដល់នូវអំពើដែលព្រះអង្គធើ្វ។ ព្រះអង្គមិនដែលឲ្យប្រេងសូម្បីដោយចុងស្បូវផង មិនប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវផង ព្រះអង្គសមាទាន កាន់យកតែអាជ្ញា របស់មនុស្សអន្ធពាលដោយព្រះអង្គឯង បុគ្គលបែបហ្នឹងឈ្មោះថា កំណាញ់ស្វិតស្វាញ ជាអ្នកមិនសង្រួម។ កាលបើយ៉ាងហ្នឹង តើព្រះអង្គ ឃើញនូវហេតុអ្វី តាមដោយហេតុអ្វី បានជាព្រះអង្គធ្វើនូវការចែករំលែកជាមួយនឹងអាត្មាភាព។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន លោកពោលពាក្យណា ខ្ញុំក៏ទទួលស្ដាប់នូវពាក្យនោះ។

(ព្រះថេរៈតបថា) ព្រះអង្គធ្វើពួកសមណព្រាហ្មណ៍ឲ្យវង្វេងហើយ។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាបុគ្គលត្រូវការនឹងលេង មិនមានចិត្តប្រទូស្ដឡើយ ខ្ញុំធ្វើអំពើអាក្រក់នេះមែនហើយ បុគ្គលក្មេងក្ដី កំឡោះក្ដី ដែលមានទ្រព្យតិច តែងទទួលទុក្ខ ព្រោះតែសន្សំបាបដោយការលេង ជាបុគ្គលមានចំណែកនៃភាពជាអ្នកអាក្រាត អ្វីដែលដល់នូវទុក្ខយ៉ាងធ្ងន់ ជាងភាពអាក្រាតនោះ របស់ប្រេតនោះ។ បពិត្រលោកដ៏ចំរើន ខ្ញុំឃើញប្រេតនោះ គួរឲ្យកើតសង្វេគ ទើបឲ្យទាន ព្រោះសង្វេគនោះជាបច្ច័យ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨ គូចុះ ទក្ខិណាទាន (ដែលខ្ញុំប្រគេនហើយ) នេះ សូមឲ្យបានសម្រេចដល់យក្សចុះ។

(ព្រះថេរៈតបថា) ការមិនចេះអស់ ចូរមានដល់ព្រះអង្គ កាលឲ្យទាន ដែលអ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ទ្រង់សរសើរហើយ ដោយប្រការដ៏ច្រើនដោយពិត ឯអាត្មានឹងទទួលសំពត់របស់ព្រះអង្គទាំង ៨ គូ សូមទក្ខិណាទានសម្រេចដល់យក្សចុះ។

លំដាប់នោះឯង ស្ដេចលិច្ឆវីនោះ ក៏ជំរះសំអាត ហើយប្រគេនសំពត់ ៨ គូដល់ព្រះថេរៈ ព្រះថេរៈបានទទួលសំពត់ ៨ គូនោះហើយ ស្ដេចលិច្ឆវី បានឃើញនូវយក្សស្លៀកដណ្ដប់សំពត់។ ស្ដេចលិច្ឆវី បានទតឃើញប្រេតនោះ មានខ្លួនប្រស់ព្រំដោយខ្លឹមច័ន្ទន៍ ហើយឡើងជិះសេះអាជានេយ្យ មានរូបដ៏ប្រសើរ មានគ្រឿងប្រដាប់គ្រប់គ្រាន់ មានសំពត់ស្លៀកដណ្ដប់ដ៏ស្អាត មានបរិស័ទចោមរោម ដល់នូវឫទ្ធិ៍ជាយក្សយ៉ាងធំ។ លុះស្ដេចលិច្ឆវីនោះ ទតឃើញប្រេតនោះហើយ ក៏មានព្រះហ្ឫទ័យសោមនស្ស ខ្ពស់អណ្ដែតឡើង មានព្រះហ្ឫទ័យត្រេកអរ មានសភាពដ៏ប្រសើរល្អ មានចក្ខុ ព្រោះបានឃើញនូវកម្ម មានផលដ៏ធំផង ធ្វើឲ្យជាក់ច្បាស់នូវប្រេតដែលខ្លួនបានឃើញដោយខ្លួនឯង។ ស្ដេចលិច្ឆវី បានចូលទៅរកប្រេតនោះ ហើយមានព្រះបន្ទូលថា យើងនឹងឲ្យទាន ដល់ពួកសមណព្រាហ្មណ៍ ឯវត្ថុបន្តិចបន្តួច ដែលយើងមិនត្រូវឲ្យ មិនមានទេ ម្នាលយក្ស អ្នកមានឧបការៈដល់យើងច្រើនណាស់។

(ប្រេតតបថា) បពិត្រស្ដេចលិច្ឆវី ព្រះអង្គបានឲ្យទានទាំងឡាយចំពោះតែបច្ច័យ ១ ការឲ្យទាននេះ មិនមែនសោះសូន្យឡើយ ខ្ញុំជាអមនុស្ស ធ្វើជាសាក្សីជាមួយព្រះអង្គជាមនុស្ស។

(ស្ដេចលិច្ឆវីតបថា) អ្នកជាគតិ ជាផៅពង្ស ជាការនាំមុខ និងជាមិត្រសំឡាញ់ និងជាទេវតារបស់យើង យើងសូមប្រណមអញ្ជលីចំពោះអ្នក ម្នាលយក្ស យើងចង់ឃើញអ្នកម្ដងទៀត។

(ប្រេតតបថា) បើព្រះអង្គជាអ្នកមិនមានសទ្ធា ជាបុគ្គលកំណាញ់ មានចិត្តវិបត្តិហើយ ព្រះអង្គបានឃើញខ្ញុំដោយហេតុនោះឯង ទុកជាខ្ញុំឃើញ ក៏មិននិយាយរកចំពោះព្រះអង្គដែរ។ បើព្រះអង្គជាអ្នកគោរពក្នុងធម៌ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ ជាអណ្ដូងរបស់ពួកសមណព្រាហ្មណ៍យ៉ាងនេះ ទើបព្រះអង្គអាចឃើញខ្ញុំបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំឃើញហើយនិយាយចំពោះព្រះអង្គថា ព្រះអង្គ ចូរដោះបុរសនេះ អំពីឈើអណ្ដោតឲ្យឆាប់ទៅ យើងបានធ្វើជាសាក្សី ព្រោះហេតុតែបុរសណា យើងរមែងដឹង ព្រោះហេតុតែបុរស ដែលគេដោតដោយឈើអណ្ដោត យើងទាំងនោះ បានធ្វើជាសាក្សីដល់គ្នានឹងគ្នា។ បើបុរសដែលដោតលើឈើអណ្ដោតនេះ បានរួចឆាប់ គប្បីប្រព្រឹត្តធម៌ដោយគោរព ទើបបុរសនោះ រួចអំពីនរកនោះបាន កម្មនោះ នឹងទៅជាកម្មដែលបុរសនោះគប្បីទទួលក្នុងភពដទៃ។ សូមព្រះអង្គ សេ្ដចចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាហារក្នុងកាលដ៏គួរ ជាមួយនឹងលោក ហើយអង្គុយចំពោះមុខលោក ដោយព្រះអង្គឯង ហើយចូរសួរលោកចុះ លោកគង់នឹងប្រាប់សេចក្ដីនោះដល់ព្រះអង្គ។ សូមព្រះអង្គចូលទៅរកភិក្ខុនោះ ហើយសួរចុះ ព្រោះភិក្ខុនោះ ត្រូវការបុណ្យ មិនមានចិត្តប្រទូស្ដទេ ភិក្ខុនោះដឹងយ៉ាងណា ក៏នឹងប្រាប់នូវធម៌ទាំងអស់យ៉ាងនោះ ដែលព្រះអង្គស្ដាប់ហើយក្ដី មិនដែលស្ដាប់ហើយក្ដី កាលបើព្រះអង្គស្ដាប់ លោកនឹងសំដែងប្រាប់នូវធម៌ផង នូវសុគតិផង។

ស្ដេចលិច្ឆវីនោះ ចរចានឹងគ្នាក្នុងទីស្ងាត់ ក្នុងទីនោះ ហើយធ្វើឲ្យជាសាក្សីជាមួយនឹងអមនុស្ស ហើយជៀសចេញទៅកាន់សំណាក់នៃស្ដេចលិច្ឆវីទាំងឡាយ លំដាប់នោះ ស្ដេចបានពោលចំពោះបរិស័ទដែលមកប្រជុំគ្នា។

(ស្ដេចលិច្ឆវីត្រាស់ថា) អ្នកដ៏ចំរើនទាំងឡាយ ចូរស្ដាប់ពាក្យយើងមួយម៉ាត់ យើងនឹងបាននូវពរ យើងនឹងបាននូវប្រយោជន៍ បុរសដែលត្រូវគេដោតដោយឈើអណ្ដោត ជាអ្នកមានកម្មអាក្រក់ មានអាជ្ញាតាំងទុកហើយ មានសភាពជាមនុស្សជាប់ដោយអាជ្ញា។ បុរសដែលត្រូវឈើអណ្ដោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រីប៉ុណ្ណោះ ឥឡូវនេះ យើងនឹងដោះបុរសនោះ សូមសង្ឃ1) យល់តាមសេចក្ដីគាប់ចិត្ត (របស់យើង) ចុះ។

(ប្រេតតបថា) សូមព្រះអង្គ ដោះលែងបុរសដែលជាប់ដោយឈើអណ្ដោតនោះផង បុរសដទៃផង ឲ្យឆាប់ទៅ នរណាពោលនឹងព្រះអង្គដែលកំពុងធ្វើដូច្នោះ ព្រះអង្គយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ ឥឡូវសង្ឃយល់តាមសព្វព្រះទ័យហើយ។

ស្ដេចនោះបានចូលទៅប្រទេសនោះ ហើយបានដោះលែងបុរសដែលគេដោត ដោយឈើអណ្ដោតមួយរំពេច ហើយប្រាប់ទៅបុរសនោះថា នែសំឡាញ់មានធុរៈស្មើ ចូរអ្នកកុំភ័យឡើយ ហើយក៏ប្រគល់ឲ្យទៅពួកពេទ្យអ្នកថែរក្សា។ ទើបស្ដេចលិច្ឆវី យាងចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាអាហារ ក្នុងកាលដ៏គួរ មួយអន្លើនឹងកប្បិតកភិក្ខុនោះ ស្ដេចលិច្ឆវីអ្នកត្រូវការដោយហេតុ ទើបចូលទៅគង់ជិត ហើយសួរកប្បិតកភិក្ខុនោះ ដែលអង្គុយនៅទីនោះ ដោយព្រះឱស្ឋព្រះអង្គឯងថា បុរសដែលគេដោតដោយឈើអណ្តោត (ហ្នឹង) ជាអ្នកធ្វើកម្មអាក្រក់ ត្រូវគេដាក់អាជ្ញាហើយ មានសភាពជាអ្នកជាប់ដោយអាជ្ញា បុរសដែលត្រូវឈើអណ្តោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រី ប៉ុណ្ណោះ។ បពិត្រលោកដ៏ចំរើន ឥឡូវនេះ បុរសនោះ ខ្ញុំបានដោះលែងតាមពាក្យយក្សនុ៎ះហើយ ហេតុតិចតួចដែលបុរសនោះ មិនគប្បីទៅនរក មានដែរឬ។ បពិត្រលោកដ៏ចំរើន បើមានហេតុ គឺហេតុដែលគួរជឿបាន សូមលោកប្រាប់ដល់យើង យើងស្ដាប់ហើយ យើង(នឹងជឿតាមពាក្យរបស់លោក) ការវិនាសនៃកម្មទាំងនោះ ក៏មិនមាន សេចក្ដីវិនាសរបស់បុរសនោះ ក៏មិនមាន ក្នុងទីនេះ ព្រោះមិនបានទទួលនូវផល។ បើបុរសនោះ គប្បីប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទ ទាំងយប់ទាំងថ្ងៃ ដោយគោរព ទើបបុរសនោះ គប្បីរួចចាកនរកនោះបាន កម្មនោះ នឹងជាកម្មដែលត្រូវទទួលក្នុងភពដទៃ។ ប្រយោជន៍របស់បុរសនុ៎ះ ខ្ញុំបានដឹងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់អនុគ្រោះខ្ញុំ ក្នុងកាលឥឡូវនេះ បពិត្រលោកមានប្រាជ្ញាដ៏ក្រាស់ សូមលោកម្ចាស់ ទូន្មានប្រៀនប្រដៅខ្ញុំ គួរកុំឲ្យខ្ញុំទៅនរកបាន។

(ព្រះថេរៈតបថា) ព្រះអង្គមានព្រះហ្ឫទ័យជ្រះថ្លា ចូរដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ព្រះអង្គចូរសមាទាននូវសិក្ខាបទទាំង ៥ កុំឲ្យដាច់ធ្លុះធ្លាយឡើយ។ ចូរព្រះអង្គ វៀរចាកបាណាតិបាតឲ្យឆាប់ ចូរវៀរចាកទ្រព្យដែលគេមិនឲ្យក្នុងលោកចេញ កុំសោយនូវទឹកស្រវឹងផង កុំកុហកផង ចូរត្រេកអរតែនឹងមហេសីរបស់ព្រះអង្គផង។ សូមព្រះអង្គ សមាទាននូវឧបោសថសីលដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះ ជាកុសលឲ្យផលជាសុខចុះ។

សូមព្រះអង្គប្រទាននូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សយនាសនប្បច្ច័យ បាយ និងទឹក បង្អែម សំពត់ សេនាសនៈទាំងឡាយ ចំពោះពួកបុគ្គលអ្នកមានចិត្តត្រង់ បុណ្យរមែងចំរើនសព្វៗកាល មួយទៀត សូមព្រះអង្គ ញ៉ាំងពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតដោយបាយ និងទឹក បុណ្យរមែងចំរើនសព្វៗកាល។ កាលបើបុរសនោះ ប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទទាំងយប់ទាំងថ្ងៃ ដោយគោរពយ៉ាងនេះហើយ ទើបរួចចាកនរកបាន កម្មនោះ នឹងទៅជាកម្មដែលត្រូវទទួលក្នុងភពដទៃ។

(ស្តេចលិច្ឆវី មានព្រះឱង្ការថា) ខ្ញុំមានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ខ្ញុំសមាទាននូវសិក្ខាបទទាំង ៥ មិនឲ្យដាច់ធ្លុះធ្លាយ ខ្ញុំវៀរចាកបាណាតិបាតយ៉ាងឆាប់ ខ្ញុំវៀរចាកអទិន្នាទានក្នុងលោក ខ្ញុំមិនផឹកទឹកស្រវឹង មិននិយាយពាក្យមុសា ខ្ញុំត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន។ ខ្ញុំសមាទាននូវឧបោសថសីលដ៏ឧត្តម ប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះ ជាកុសល ឲ្យផលជាសុខ។

ខ្ញុំឲ្យនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ ទីដេក ទីអង្គុយ បាយទឹក បង្អែម សំពត់ សេសនៈទាំងឡាយ ចំពោះពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សុត ខ្ញុំជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទាំងឡាយ មិនកម្រើកឡើយ។

(បណ្តាពួកឧបាសក) ក្នុងក្រុងវេសាលី ស្តេចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ ជាឧបាសកម្នាក់ ប្រាកដដូច្នោះ ក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាផង មានចិត្តទន់ភ្លន់ផង ជាអ្នកធ្វើនូវឧបការៈ ទំនុកបម្រុងភិក្ខុសង្ឃដោយគោរព ក្នុងកាលនោះផង។ បុរសដែលត្រូវគេដោតដោយឈើអណ្តោត ឥតមានរោគ មានតែសិរី និងសុខ បានចូលទៅកាន់ផ្នួស ជនទាំងពីរនាក់ ក៏បានសម្រេចនូវសាមញ្ញផលទាំងឡាយ (តាមសមគួរ) ព្រោះអាស្រ័យនឹងព្រះថេរៈឈ្មោះកប្បិតកៈដ៏ឧត្តម។ ការសេពគប់នឹងពួកសប្បុរស អ្នកស្ងប់ អ្នកដឹងដូច្នេះ រមែងមានផលច្រើន បុរសដែលដេកលើឈើអណ្តោត បានសម្រេចនូវផលដ៏ប្រសើរ ឯស្តេចលិច្ឆវី អម្ពសក្ខរៈ បានសម្រេចផលតូច (សោតាបត្តិផល)។

ចប់ រឿងអម្ពសក្ខរប្រេត ទី១។

 

លេខយោង

1)
សំដៅយកពួកក្រុមស្តេចលិច្ឆវី។
km/tipitaka/sut/kn/pev/sut.kn.pev.4.01.txt · ពេលកែចុងក្រោយ: 2024/08/03 14:35 និពន្ឋដោយ Johann