តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » សុត្តនិបាត » ឧរគវគ្គ ទី១ »
ព្រះអង្គ ត្រាស់នឹងចន្ទកម្មារបុត្តថា សមណៈក្នុងលោកនេះមានត្រឹមតែ ៤ពួកប៉ុណ្ណោះ។
sut kn snp 1 05 បាលី cs-km: sut.kn.snp.1.05 អដ្ឋកថា: sut.kn.snp.1.05_att PTS: ?
ចុន្ទសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៥. ចុន្ទសុត្តំ)
[៩] (ចុន្ទកម្មារបុត្ត ក្រាបទូលសួរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហាដ៏ឧត្តម ជាងសត្វជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណៈក្នុងលោកនេះ មានប៉ុន្មាន សូមព្រះអង្គសំដែងប្រាប់នូវពួកសមណៈនោះឲ្យទាន។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលចុន្ទ) សមណៈមានត្រឹមតែ ៤ ពួក មិនមានដល់គំរប់ ៥ ទេ កាលបើអ្នកសួរបញ្ជាក់ហើយ តថាគតនឹងប្រាប់នូវសមណៈទាំងនោះដល់អ្នក គឺសមណៈឈ្នះកិលេសដោយមគ្គ ១ សមណៈសំដែងប្រាប់នូវមគ្គ ១ សមណៈរស់នៅក្នុងមគ្គ ១ សមណៈប្រទូស្តនូវមគ្គ ១។
(ចុន្ទកម្មារបុត្ត ទូលសួរថា) ព្រះពុទ្ធទាំងឡាយ តែងសំដែងនូវសមណៈណាថា ជាសមណៈឈ្នះកិលេសដោយមគ្គ សមណៈដុតបំផ្លាញនូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹងមិនបាន រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសំដែងប្រាប់ឲ្យទាន មួយទៀត សូមព្រះអង្គប្រាប់នូវសមណៈអ្នកប្រទូស្តនូវមគ្គ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ត្រាស់ថា) សមណៈណា កន្លងផុតនូវសេចក្តីសង្ស័យ ប្រាសចាកសរ គឺកិលេស ត្រេកអរក្នុងព្រះនិព្វាន មិនជាប់ចំពាក់ដោយតណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សំដែងនូវសមណៈបែបនោះ ថាជាអ្នកឈ្នះកិលេសដោយមគ្គ។សមណៈណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាតឧត្តមក្រៃលែង ហើយសំដែងចែកនូវនិព្វានធម៌ ក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយ ហៅសមណៈ ដែលជាអ្នកកាត់បង់នូវសេចក្តីសង្ស័យ ជាអ្នកប្រាជ្ញ មិនមានសេចក្តីញាប់ញ័រនោះថា ជាអ្នកសំដែងប្រាប់មគ្គ ជាសមណៈ ទី ២ នៃភិក្ខុទាំងឡាយ។ សមណៈណា មានស្មារតីសង្រួមហើយ សេពនូវគន្លង មិនមានទោស រស់នៅក្នុងមគ្គ ជាផ្លូវនៃធម៌ គឺព្រះនិព្វាន ដែលព្រះពុទ្ធសំដែងប្រពៃហើយ អ្នកប្រាជ្ញទាំងទ្បាយ ហៅសមណៈនោះ ថាជាអ្នករស់នៅក្នុងមគ្គ ជាសមណៈទី ៣ នៃភិក្ខុទាំងទ្បាយ។ សមណៈណា ធ្វើនូវភេទរបស់ពួកអ្នកមានវត្តល្អ ឲ្យជាគ្រឿងបិទបាំង ជាអ្នកស្ទុះស្ទា អ្នកទ្រុស្តត្រកូលមានឫកពាឃ្នើសឃ្នង មានកលមាយា មិនសង្រួម ពោលពាក្យ1) ឡេះឡោះ ប្រព្រឹត្តបន្លំ សមណៈនោះ ឈ្មោះថា ជាអ្នកទ្រុស្តនូវមគ្គ។ គ្រហស្ថណា ជាអ្នកចេះដឹង ជាអរិយសាវ័ក ប្រកបដោយប្រាជ្ញា ស្គាស់ច្បាស់នូវសមណៈទាំងនុ៎ះ សទ្ធារបស់គ្រហស្ថនោះ រមែងមិនសាបសូន្យទេ ព្រោះដឹងថា ពួកសមណៈទាំងអស់ មិនដូច្នោះទេ ព្រោះឃើញដូច្នេះ គប្បីប្រៀបនូវសមណៈមិនអាក្រក់ ឲ្យស្មើដោយសមណៈអាក្រក់ ឬគប្បីប្រៀបនូវសមណៈបរិសុទ្ធ ឲ្យស្មើដោយសមណៈមិនបរិសុទ្ធ ដូចម្តេចកើត។
ចប់ ចុន្ទសូត្រ ទី៥។