km:tipitaka:sut:kn:snp:sut.kn.snp.2.01

រតនសូត្រ ទី១

សង្ខេប

រតនសូត្រ ជាសូត្រ ដែលព្រះសោតាបន្នបុគ្គល បានរលឹកដល់គុណ ព្រះរតនត្រ័យ គុណភាពរបស់សោតបន្ន និងអធិដ្ឋានដល់ពពួកភូតថែរក្សាទឹកដីទីនោះ ដែលមានចិត្តល្អ គោរពបូជា ដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ចូរមើលថែរក្សា មនុស្សលោក។
គ្រានោះ នៅក្រុងវេសាលី ដែនលិច្ឆវី រងគ្រោះទុរភិក្ស អមនុស្ស ជម្ងឺអាសន្នរោគ។ ប្រជាជនបានសុំជំនួយពី ព្រះពុទ្ធដែលគង់នៅក្រុងរាជគហ ដែនមគធ។ ដោយពុទ្ធានុភាព ភ្លៀងដ៏ខ្លាំងក្លាបានបង្អុរមកលាងសម្អាតទីក្រុង សម្រាប់ការនិមន្តមកដល់ របស់ព្រះពុទ្ធ, សាវក និងព្រះសង្ឃ។ ដឹកនាំដោយព្រះអានន្ទជាអ្នកស្វាធ្យាយ រតនសូត្រ និងប្រោះព្រុំ តាមច្រក ក្នុងដែនលិច្ឆវី តាមព្រះពុទ្ធឱវាទ។

sut kn snp 2 01 បាលី cs-km: sut.kn.snp.2.01 អដ្ឋកថា: sut.kn.snp.2.01_att PTS: ?

រតនសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ការ​បកប្រែ​ខុស​គ្នា​បន្តិច​មើល រតនសូត្រ នៅ ខុទ្ទកបាឋ

អានដោយ ឧបាសិកា វិឡា

សូត្រ​បាលី​ដោយ ព្រះ​សុភធម្មោ

sut.kn.snp.2.01.mp4

(១. រតនសុត្តំ)

[២១] ពួកភូត1) ណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំក្នុងទីនេះ សូមពួកសត្វទាំងអស់នោះ មានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព។ ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ ចូរធ្វើនូវមេត្តាចិត្ត ក្នុងពពួកសត្វ ជាមនុស្សជាតិ ពួកមនុស្សណា នាំនូវពលិកម្ម ក្នុងវេលាថ្ងៃ ឬវេលាយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែស ចូររក្សានូវមនុស្សទាំងនោះ។ ទ្រព្យជាទីគាប់ចិត្តណាមួយ ក្នុងលោកនេះ ឬក្នុងលោកដទៃ រតនវត្ថុដ៏ឧត្តមណា ក្នុងស្ថានសួគ៌ក្តី (ទ្រព្យ និងរតនវត្ថុទាំងនោះ) សើ្មដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះសក្យមុនី មានព្រះហ្ឫទ័យដម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាគ្រឿងក្ស័យកិលេស ប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម របស់អ្វីមួយស្មើដោយព្រះធម៌នោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះពុទ្ធដ៏ប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាសមាធិស្អាត បណ្ឌិតទាំងឡាយ ពោលនូវសមាធិណា ថាជាធម៌ឲ្យនូវផលដោយលំដាប់ សមាធិដទៃ ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលទាំងនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន មិនមានសេចក្តីប្រាថ្នា អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវព្រះអរហត្តផល ហើយចូលទៅកាន់ព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ គឺឥតមានទិញដូរឡើយ ហើយសោយ (នូវផល) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

សសរខឿន ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ បុគ្គលណា ពិចារណាឃើញជាក់នូវអរិយសច្ចៈទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រ) ក៏យ៉ាងនោះដែរ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ច ដែលព្រះតថាគតមានប្រាជ្ញាដ៏ជ្រៅ សំដែងល្អហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ អរិយបុគ្គលទាំងនោះ នឹងមិនកាន់យកនូវភព ជាគំរប់ ៨ (គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការប្រព្រឹត្តិតាមណាមួយ ដែលសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ មួយវិញទៀតសោតាបន្នបុគ្គល បានរួចស្រឡះចាកអបាយទាំង ៤ ហើយ មិនគួរធ្វើនូវអភិឋាន ៦ គឺអនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយវាចា ឬក៏ដោយចិត្ត (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនគួរបិទបាំងនូវបាបកម្មនោះឡើយ ព្រោះភាពនៃបុគ្គលដែលឃើញនូវព្រះនិព្វានហើយ ជាបុគ្គលមិនគួរបិទបាំងនូវបាបកម្ម ដែលព្រះពុទ្ធទាំងឡាយសំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានសំដែងហើយ នូវធម៌ដ៏ប្រសើរ ជាធម៌អាចញុំាងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ក៏យ៉ាងនោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាប់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ មិនមានអ្នកណាជាង ទ្រង់សំដែងនូវធម៌ដ៏ប្រសើរ រតនៈគឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

កម្មចាស់អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយក្នុងភពតទៅ អរិយបុគ្គលទាំងនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះឡើងឡើយ ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចជាប្រទីប (ដែលរលត់) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយសូមនមស្ការនូវព្រះពុទ្ធ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ចប់ រតនសូត្រ ទី១។

 

លេខយោង

1)
ចូរមើលតាមនយលក្ខណៈ ត្រង់សម្មាទិដ្ឋិសូត្រ មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ ២០។
km/tipitaka/sut/kn/snp/sut.kn.snp.2.01.txt · ពេលកែចុងក្រោយ: 2023/05/01 04:00 និពន្ឋដោយ Johann