km:tipitaka:sut:kn:snp:sut.kn.snp.2.14

ធម្មិកសូត្រ ទី១៤

សង្ខេប

តើ​​សាវ័ក​​ល្អ​​នៃ​​ព្រះពុទ្ធសាសនា​​មាន​​ភារកិច្ច​​អ្វី​​ខ្លះ? តើ​ពុទ្ធសាសនិក​ល្អ​ជា​អ្វី?

sut kn snp 2 14 បាលី cs-km: sut.kn.snp.2.14 អដ្ឋកថា: sut.kn.snp.2.14_att PTS: ?

ធម្មិកសូត្រ ទី១៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសក សុខវិបុល

(១៤. ធម្មិកសុត្តំ)

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ធម្មិកឧបាសក បានចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសក ប្រមាណ ៥០០ នាក់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ធម្មិកឧបាសក លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

[៤០] បពិត្រព្រះគោតម ទ្រង់មានព្រះបញ្ញាដូចផែនដី ខ្ញុំសូមក្រាបទូលសួរព្រះអង្គ បុគ្គលដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្តី ឬក៏ពួកឧបាសកមានផ្ទះក្តី ប្រតិបត្តិដូចម្តេច ទើបហៅថាសាវ័កល្អ។

ព្រោះព្រះអង្គជ្រាបច្បាស់នូវគតិផង នូវដំណើរទៅខាងនាយ (ចាកគតិ) ផង របស់សត្វលោក ព្រមទាំងទេវលោក បុគ្គលជាអ្នកឃើញសេចក្តីល្អិត ស្មើដោយព្រះអង្គ មិនមានឡើយ អ្នកប្រាជ្ញទាំងឡាយ តែងពោលសរសើរព្រះអង្គ ថាជាព្រះពុទ្ធដ៏ប្រសើរ។

ព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់អនុគ្រោះពួកសត្វ ទ្រង់ប្រកាសញាណ និងធម៌ទាំងពួង បពិត្រព្រះអង្គទ្រង់មានចក្ខុ គឺប្រាជ្ញាជុំវិញ ព្រះអង្គជាបុគ្គលមានកិលេសគ្រឿងប្រក់បើកចេញហើយ មិនមានមន្ទិល រុងរឿងក្នុងលោកទាំងពួង។

សេ្តចដំរីឈ្មោះឯរាវ័ណ បានឮថា ព្រះមានព្រះភាគ ទ្រង់ឈ្នះនូវបាបធម៌ហើយ ក៏ទៅក្នុងសំណាក់នៃព្រះអង្គ ស្តេចដំរីនោះ ប្រឹក្សានឹងព្រះអង្គ ហើយបានសម្រេចមគ្គផល បានស្តាប់ធម៌ មានចិត្តត្រេកអរ (អនុមោទនា) ថា សាធុ។

សូម្បីស្តេចឈ្មោះវេស្សវណកុវេរៈ ចូលទៅរកព្រះអង្គ ក៏សាកសួរនូវធម៌ លុះស្តេចនោះសួរហើយ ព្រះអង្គក៏បានព្យាករ ស្តេចនោះ លុះបានស្តាប់ ក៏មានចិត្តត្រេកអរ។ ពួកតិរិ្ថយណាមួយ ទោះបីជាអាជីវក ឬនិគ្រន្ថ មានការពោល (អួត) ជាប្រក្រតី ពួកតិរិ្ថយទាំងអស់នោះ ក៏មិនកន្លងព្រះអង្គ ដោយប្រាជ្ញាបាន ដូចជាបុគ្គលឈរ មិនអាចនឹងកន្លងនូវបុរសដែលកំពុងស្ទុះទៅយ៉ាងរហ័សបានដូច្នោះដែរ។ ពួកព្រាហ្មណ៍ណាមួយ ដែលមានការ (អួត) ជាប្រក្រតី ឬពួកព្រាហ្មណ៍ណាមួយ ទោះបីជាព្រឹទ្ធាចារ្យ ពុំនោះសោត ពួកជនដទៃណា ដែលមានសេចក្តីសំគាល់ថា ពួកយើងក៏ជាអ្នកមានវាទៈដែរ ពួកព្រាហ្មណ៍ជាដើមទាំងអស់នោះ សុទ្ធតែជាអ្នកជាប់ជំពាក់ដោយសេចក្តី ចំពោះព្រះអង្គ គឺប្រាថ្នាឲ្យព្រះអង្គកាត់សេចក្តីឲ្យ។

បពិត្រព្រះមានព្រះភាគ ធម៌ណាដែលព្រះអង្គសំដែងដោយប្រពៃហើយ ធម៌នេះឯង ជាធម៌ដ៏ល្អិតផង ជាធម៌នាំមកនូវសេចក្តីសុខផង ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ស្តាប់នូវធម៌នោះឯង បពិត្រព្រះអង្គជាព្រះពុទ្ធដ៏ប្រសើរ កាលបើពួកខ្ញុំព្រះអង្គ ទូលសួរហើយ សូមព្រះអង្គសំដែងនូវធម៌នោះ ឲ្យទាន។

ពួកភិក្ខុ និងពួកឧបាសកទាំងអស់នេះ ក៏បានអង្គុយប្រជុំគ្នា ដើម្បីបានស្តាប់ក្នុងទីនោះដែរ បានស្តាប់នូវធម៌ដែលព្រះពុទ្ធមិនមានមន្ទិល ត្រាស់ដឹងហើយ ដូចជាពួកទេវតា (អង្គុយប្រជុំគ្នាដើម្បីស្តាប់) នូវសុភាសិតរបស់ព្រះឥន្ទ។

(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតចុះ តថាគតនឹងញ៉ាំងអ្នកទាំងឡាយ ឲ្យស្តាប់នូវធម៌ជាគ្រឿងកំចាត់បង់នូវកិលេស អ្នកទាំងអស់គ្នា ចូរប្រព្រឹត្តធម៌ជាគ្រឿងកំចាត់បង់នូវកិលេសនោះ បុគ្គលអ្នកមានប្រាជ្ញា ឃើញនូវប្រយោជន៍ គប្បីសេពគប់នូវឥរិយាបថ ដ៏សមគួរដល់ឋានៈបព្វជិតនោះ។

ភិក្ខុមិនគប្បីត្រាច់ទៅក្នុងកាលខុស ត្រូវតែត្រាច់ទៅបិណ្ឌបាតក្នុងស្រុក ក្នុងកាលគួរ គឺពេលព្រឹកទល់ថ្ងៃត្រង់ ព្រោះថា កិលេសជាគ្រឿងជាប់ចំពាក់ទាំងឡាយ រមែងជាប់នូវបុគ្គលអ្នកត្រាច់ទៅ ក្នុងកាលមិនគួរ ព្រោះហេតុនោះ ព្រះពុទ្ធទាំងឡាយ មិនទៅក្នុងកាលខុសឡើយ។

ធម៌ទាំងឡាយណា គឺរូប សំឡេង ក្លិន រស ផ្សព្វ តែងញ៉ាំងពួកសត្វឲ្យស្រវឹង ភិក្ខុនោះ បន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងធម៌ទាំងឡាយនុ៎ះហើយ គប្បីចូលទៅបិណ្ឌបាតក្នុងកាលគួរ លុះបានបិណ្ឌបាតក្នុងកាលគួរហើយ ត្រូវចៀសចេញទៅតែម្នាក់ឯង អង្គុយសម្ងំក្នុងទីស្ងាត់ គិតនូវខន្ធសន្តានខាងក្នុង គ្រប់គ្រងចិត្តបានល្អហើយ មិនគប្បីនាំចិត្តចេញទៅខាងក្រៅឡើយ។ បើភិក្ខុនោះ ចរចាជាមួយនឹងសាវ័កក្តី អន្យតិរិ្ថយណាមួយក្តី ភិក្ខុក្តី គួរពោលឡើងនូវធម៌ដ៏ឧត្តមនោះ មិនគួរពោលពាក្យញុះញង់ផង មិនគួរពោលពាក្យតិះដៀលអ្នកដទៃផង។

ព្រោះមោឃបុរសពួកមួយ តែងពោលភ្លាត់នូវការនិយាយ (ប្រណាំងប្រជែង) តថាគតមិនសរសើរនូវពួកជន ដែលមានប្រាជ្ញាតិចទាំងនោះឡើយ ការជាប់ចំពាក់ (ដោយវិវាទ តាំងឡើង) អំពីគន្លងនៃពាក្យនោះ ៗ តែងជាប់ចំពាក់នឹងជនទាំងនោះ ដ្បិតជនទាំងនោះ រមែងញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងការនិយាយនោះដ៏ឆ្ងាយ (អំពីសមថៈ និងវិបស្សនា)។ សាវ័កអ្នកមានប្រាជ្ញាដ៏ប្រសើរ ស្តាប់ធម៌ដែលព្រះសុគតទ្រង់សំដែងហើយ គប្បីពិចារណាហើយសឹមសេពនូវបិណ្ឌបាតផង វិហារផង ទីដេក ទីអង្គុយផង ទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិផង។ ព្រោះហេតុនោះ ភិក្ខុមិនជាប់ចិត្តក្នុងធម៌ទាំងនុ៎ះ គឺបិណ្ឌបាត សេនាសនៈ និងទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិ ដូចតំណក់ទឹកមិនជាប់លើស្លឹកឈូក។ ម្យ៉ាងទៀត តថាគតសំដែងនូវវត្តរបស់គ្រហស្ថ ដល់អ្នកទាំងឡាយ សាវ័កអ្នកធ្វើយ៉ាងណា ទើបឈ្មោះថា ជាអ្នកល្អ ព្រោះថា ធម៌របស់ភិក្ខុទាំងអស់ណា (ដែលតថាគតពោលក្នុងកាលមុន) ធម៌នុ៎ះ គឺបុគ្គលប្រកបដោយសេចក្តីហួងហែងមិនបានសម្រេចឡើយ។ បុគ្គលមិនគប្បីសម្លាប់សត្វដោយខ្លួនឯង មិនគប្បីប្រើអ្នកដទៃឲ្យសម្លាប់ មិនគប្បីពេញចិត្តនឹងពួកជនដទៃដែលសម្លាប់ ពួកសត្វណា មានសន្តានចិត្តខ្ជាប់ខ្ជួនក្តី ពួកសត្វណា មានចិត្តតក់ស្លុតក្តី តែងមាននៅក្នុងលោក បុគ្គលគប្បីដាក់ចុះនូវអាជ្ញាក្នុងសត្វទាំងអស់នោះ។ លំដាប់ពីនោះ សាវ័កកាលដឹង គប្បីវៀរបង់នូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប្បីលួចយកទ្រព្យតិចតួច ក្នុងទីណាមួយឡើយ មិនគប្បីពេញចិត្តនឹងពួកជន ដែលលួចទ្រព្យគេឡើយ គប្បីវៀរបង់នូវទ្រព្យទាំងពួង ដែលគេមិនបានឲ្យ។ វិញ្ញូជន គួរវៀរបង់នូវអព្រហ្មចរិយៈ ដូចជាបុគ្គលវៀររណ្តៅរងើកភ្លើងកំពុងឆេះរន្ទាល កាលបើមិនអាចប្រព្រឹត្តព្រហ្មចរិយៈទេ ក៏កុំគប្បីប្រព្រឹត្តកន្លងនូវប្រពន្ធរបស់ជនដទៃ។ បុគ្គលណាមួយ ចូលទៅក្នុងរោងប្រជុំក្តី ចូលទៅក្នុងកណ្តាលបរិស័ទក្តី មិនគប្បីពោលពាក្យកុហកចំពោះជនណាមួយ មិនគប្បីឲ្យអ្នកដទៃនិយាយកុហក មិនគប្បីពេញចិត្តនឹងពួកជនដែលនិយាយកុហកឡើយ គប្បីវៀរនូវពាក្យមិនពិតទាំងពួង។ បុគ្គលមិនគប្បីប្រព្រឹត្តផឹកនូវទឹកស្រវឹង គប្បីពេញចិត្តនឹងធម៌ គឺកិរិយាវៀរចាកការផឹកនោះ គ្រហស្ថណា បានដឹងនូវកិរិយាផឹកនោះ ថាមានភាពឆ្កួតជាបំផុត គ្រហស្ថនោះ មិនគប្បីផឹក មិនគប្បីពេញចិត្តនឹងបុគ្គលដែលផឹកឡើយ។ បុគ្គលពាលទាំងឡាយ ធ្វើនូវអំពើបាបដោយខ្លួនឯងក្តី ឲ្យជនដែលមានសេចក្តីប្រមាទឯទៀតធ្វើក្តី ក៏ព្រោះតែសេចក្តីស្រវឹង (ហេតុនោះ) បុគ្គលគួរលះនូវការផឹកនូវទឹកស្រវឹង ជាគ្រឿងបណ្តាលឲ្យកើតបាប នាំឲ្យឆ្កួត នាំឲ្យវង្វេង ទាំងនាំឲ្យល្ងង់នុ៎ះចេញ។ បុគ្គលមិនគប្បីសម្លាប់សត្វផង មិនគប្បីកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង មិនគប្បីនិយាយពាក្យកុហកផង មិនគប្បីផឹកនូវទឹកស្រវឹងផង គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺសេពមេថុនធម្មផង មិនគប្បីបរិភោគភោជន ក្នុងវេលាយប់ មិនគប្បីបរិភោគភោជន ក្នុងកាលខុស គឺថ្ងៃរសៀលផង មិនគប្បីទ្រទ្រង់នូវកម្រងផ្កាផង មិនគប្បីលាបនូវគ្រឿងក្រអូបផង។ គប្បីដេកលើគ្រែដ៏គួរ ឬកម្រាលដែលក្រាលលើផែនដីផង ព្រោះអ្នកប្រាជ្ញបានពោលនូវឧបោសថប្រកបដោយអង្គប្រាំបីនុ៎ះ ថាជាឧបោសថ ដែលព្រះពុទ្ធ ព្រះអង្គទ្រង់ដល់នូវទីបំផុតនៃទុក្ខ ប្រកាសហើយ។ ព្រោះហេតុនោះ ជនអ្នកមានចិត្តជ្រះថ្លា រក្សាហើយ នូវឧបោសថ ដែលប្រកបដោយអង្គប្រាំបី ឲ្យមានសភាពពេញលេញល្អ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិកបក្ខផង។1)

ន័យមួយទៀត វិញ្ញូជនដែលបានរក្សាឧបោសថ អំពីព្រឹកហើយ គួរមានចិត្តជ្រះថ្លារីករាយ អង្គាសភិក្ខុសង្ឃដោយបាយ និងទឹកតាមសមគួរ។

វិញ្ញូជននោះ គួរចិញ្ចឹមមាតាបិតាដោយធម៌ គួរប្រកបជំនួញដែលប្រកបដោយធម៌ គ្រហស្ថអ្នកមិនប្រមាទ ប្រព្រឹត្តវត្តបែបនេះ រមែងទៅកើត ក្នុងពួកទេវតា ឈ្មោះថាសយម្បភា (ទេវតាមានពន្លឺផ្សាយចេញអំពីខ្លួន)។

ចប់ ធម្មិកសូត្រ ទី១៤។

ចប់ ចូឡវគ្គ ទី២។

ឧទាននៃចូឡវគ្គនោះគឺ

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬធម្មចរិយសូត្រ ១ ព្រាហ្មណធម្មិកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនិយសូត្រ ១ ធម្មិកសូត្រ ១ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវចូឡវគ្គថា មានសូត្រ ១៤ ដូច្នេះឯង។

 

លេខយោង

1)
រវាង៥ខែ គឺតាំងពីខែអាសាធ ដល់ខែកត្តិក ហៅថា បាដិហារិកបក្ខ។ អដ្ឋកថា។
km/tipitaka/sut/kn/snp/sut.kn.snp.2.14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann