User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:snp:sut.kn.snp.v2

ចូឡវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn snp v2 បាលី cs-km: sut.kn.snp.v2 អដ្ឋកថា: sut.kn.snp.v2_att PTS: ?

ចូឡវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ចូឡវគ្គោ)

រតនសូត្រ ទី១

(១. រតនសុត្តំ)

[២១] ពួកភូត1) ណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំក្នុងទីនេះ សូមពួកសត្វទាំងអស់នោះ មានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព។ ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ ចូរធ្វើនូវមេត្តាចិត្ត ក្នុងពពួកសត្វ ជាមនុស្សជាតិ ពួកមនុស្សណា នាំនូវពលិកម្ម ក្នុងវេលាថ្ងៃ ឬវេលាយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែស ចូររក្សានូវមនុស្សទាំងនោះ។ ទ្រព្យជាទីគាប់ចិត្តណាមួយ ក្នុងលោកនេះ ឬក្នុងលោកដទៃ រតនវត្ថុដ៏ឧត្តមណា ក្នុងស្ថានសួគ៌ក្តី (ទ្រព្យ និងរតនវត្ថុទាំងនោះ) សើ្មដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះសក្យមុនី មានព្រះហ្ឫទ័យដម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាគ្រឿងក្ស័យកិលេស ប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម របស់អ្វីមួយស្មើដោយព្រះធម៌នោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះពុទ្ធដ៏ប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាសមាធិស្អាត បណ្ឌិតទាំងឡាយ ពោលនូវសមាធិណា ថាជាធម៌ឲ្យនូវផលដោយលំដាប់ សមាធិដទៃ ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលទាំងនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន មិនមានសេចក្តីប្រាថ្នា អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវព្រះអរហត្តផល ហើយចូលទៅកាន់ព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ គឺឥតមានទិញដូរឡើយ ហើយសោយ (នូវផល) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

សសរខឿន ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ បុគ្គលណា ពិចារណាឃើញជាក់នូវអរិយសច្ចៈទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រ) ក៏យ៉ាងនោះដែរ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ច ដែលព្រះតថាគតមានប្រាជ្ញាដ៏ជ្រៅ សំដែងល្អហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ អរិយបុគ្គលទាំងនោះ នឹងមិនកាន់យកនូវភព ជាគំរប់ ៨ (គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការប្រព្រឹត្តិតាមណាមួយ ដែលសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ មួយវិញទៀតសោតាបន្នបុគ្គល បានរួចស្រឡះចាកអបាយទាំង ៤ ហើយ មិនគួរធ្វើនូវអភិឋាន ៦ គឺអនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយវាចា ឬក៏ដោយចិត្ត (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនគួរបិទបាំងនូវបាបកម្មនោះឡើយ ព្រោះភាពនៃបុគ្គលដែលឃើញនូវព្រះនិព្វានហើយ ជាបុគ្គលមិនគួរបិទបាំងនូវបាបកម្ម ដែលព្រះពុទ្ធទាំងឡាយសំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានសំដែងហើយ នូវធម៌ដ៏ប្រសើរ ជាធម៌អាចញុំាងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ក៏យ៉ាងនោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាប់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ មិនមានអ្នកណាជាង ទ្រង់សំដែងនូវធម៌ដ៏ប្រសើរ រតនៈគឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

កម្មចាស់អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយក្នុងភពតទៅ អរិយបុគ្គលទាំងនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះឡើងឡើយ ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចជាប្រទីប (ដែលរលត់) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយសូមនមស្ការនូវព្រះពុទ្ធ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។

ចប់ រតនសូត្រ ទី១។

អាមគន្ធសូត្រ ទី២

(២. អាមគន្ធសុត្តំ)

[២២] សប្បុរស កាលបរិភោគនូវស្រូវស្រងែ ស្រូវកន្ទុយដំរី និងសណ្តែកព្រៃ បត្តប្ផល2) មូលប្ផល3) និងគវិប្ផល4) ដែលបានមកដោយធម៌ មិនពោលពាក្យកុហក ព្រោះសេចក្តីប្រាថ្នានូវកាមទេ។

បពិត្រកស្សបៈ លោកនោះ កាលបរិភោគនូវសាច់ណាមួយ ដែលបុគ្គលធ្វើហើយដោយល្អ សម្រេចហើយដោយល្អ តាក់តែងហើយដ៏ឧត្តម ដែលជនទាំងឡាយដទៃឲ្យហើយ កាលបរិភោគនូវបាយស្រូវសាលី ឈ្មោះថា បរិភោគនូវវត្ថុមានក្លិនឆ្អាប។

ម្នាលព្រហ្មពន្ធុ លោកកាលបរិភោគនូវបាយនៃស្រូវសាលីទាំងឡាយ ដោយសាច់នៃសត្វស្លាប ដែលបុគ្គលតាក់តែងល្អហើយ ពោលយ៉ាងនេះថា វត្ថុមានក្លិនឆ្អាប មិនគួរដល់អាត្មាអញ។

បពិត្រព្រះកស្សប ខ្ញុំនឹងសួរនូវសេចក្តីនុ៎ះនឹងលោក វត្ថុមានក្លិនឆ្អាបរបស់លោក មានប្រការដូចម្តេច។ ការសម្លាប់សត្វ វាយ កាត់ ចង លួច ពោលពាក្យកុហក បោកប្រាស បញ្ឆោត រៀនក្បួនឥតប្រយោជន៍ សេពភរិយារបស់បុគ្គលដទៃ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ក្នុងលោកនេះ មិនសង្រួមក្នុងកាមទាំងឡាយ ជាអ្នកប្រាថ្នា ញ៉ាមជ្រប់ក្នុងរសច្របូកច្របល់ ដោយភាពមិនស្អាត គឺមិច្ឆាជីវៈ ជានត្ថិកទិដ្ឋិ មានកាយកម្មជាដើម មិនរាបសា ឲ្យដឹងបានដោយក្រ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ជាអ្នកប្រាថ្នាចំពោះវត្តដ៏សៅហ្មង ជាអ្នករឹងរូស ស៊ីសាច់ខ្នង5) ទ្រុស្តមិត្ត មិនមានអាណិត ប្រកាន់ខ្លួន មិនឲ្យទានជាប្រក្រតី មួយទៀត មិនដែលឲ្យវត្ថុអ្វីដល់អ្នកណាមួយ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។

សេចក្តីក្រោធ ស្រវឹង រឹងត្អឹង បង្កហេតុ បិទបាំងទោស ច្រណែន លើកខ្លួន ប្រកាន់ខ្លួន មើលងាយគេ ស្និទ្ធស្នាលដោយពួកអសប្បុរស នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ពួកជនណា មានបាបជាប្រក្រតី ចំពាក់បំណុលគេ និយាយចាក់ដោតគេ កោងដោយវោហារ ទ្រុស្តសីល ក្នុងសាសនានេះ ជាជនអាក្រក់ ជនណាធ្វើអំពើអាក្រក់ក្នុងលោកនេះ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ពួកជនណា ក្នុងលោកនេះ ជាអ្នកមិនសង្រួមក្នុងសត្វទាំងឡាយ កាន់យកទ្រព្យនៃបុគ្គលដទៃ ប្រកបខាងការបៀតបៀន ជាអ្នកទ្រុស្តសីល ជាព្រានសំដីអាក្រក់ មិនអើពើ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ សត្វទាំងឡាយណា ជាប់ចំពាក់ក្នុងពួកសត្វទាំងនេះ ជាអ្នកខឹង អ្នកសម្លាប់ ប្រកបក្នុងអកុសលជានិច្ច លះលោកនេះ នឹងទៅកាន់លោកងងឹត មានក្បាលសំយុងចុះទៅនរក នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។

ការមិនស៊ីត្រី និងសាច់ មិនស៊ីបាយ អាក្រាត (កោរសក់ បួងសក់ លាបដោយភក់ ស្លៀកស្បែកខ្លាឃ្មុំ) សេពខាងការបំរើភ្លើង មួយទៀត អមរតបៈទាំងឡាយដ៏ច្រើន6) ដែលមានក្នុងលោក វេទមន្ត ការបូជាភ្លើង បូជាយញ្ញ (មានអស្សមេធៈ) ជាដើម និងការសេព (នូវទីក្តៅ ក្នុងគិម្ហ) រដូវជាដើម ទាំងនេះ ញ៉ាំងសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យ ឲ្យស្អាតមិនបានទេ។ បុគ្គលណា គ្រប់គ្រងក្នុងឥន្រ្ទិយទាំង ៦ នោះ ដឹងច្បាស់ឥន្រ្ទិយទាំង ៦ ហើយគប្បីប្រព្រឹត្តតាំងនៅក្នុងធម៌ ត្រេកអរក្នុងការទៀងត្រង់ និងសេចក្តីទន់ភ្លន់ កន្លងផុតគ្រឿងចំពាក់ លះបង់ទុក្ខទាំងអស់ មានប្រាជា្ញ មិនជាប់នៅ ក្នុងអារម្មណ៍ដែលខ្លួនឃើញ ដែលឮ។ ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរឿយ ៗ ដូច្នេះហើយ តិស្សព្រាហ្មណ៍ អ្នកដល់នូវត្រើយនៃមន្ត ក៏ដឹងនូវសេចក្តីនោះ ព្រះមុនី ជាអ្នកមិនមានក្លិនឆ្អាប គឺកិលេស មិនអាស្រ័យតណ្ហា និងទិដ្ឋិ ឥតអ្នកណាមួយដឹកនាំឲ្យអាក្រក់បាន ទ្រង់ប្រកាសដោយគាថាទាំងឡាយដ៏វិចិត្រ។ ព្រាហ្មណ៍បានស្តាប់បទសុភាសិត ដែលមិនមានក្លិនឆ្អាប ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងពួង របស់ព្រះពុទ្ធហើយ ក៏មានចិត្តឱនលំទោន ថ្វាយបង្គំព្រះតថាគត សូមបព្វជ្ជា ក្នុងទីនេះឯង។

ចប់ អាមគន្ធសូត្រ ទី២។

ហិរិសូត្រ ទី៣

(៣. ហិរិសុត្តំ)

[២៣] បណ្ឌិតបុរស គប្បីដឹងនូវបុគ្គលនោះ ដែលមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីខ្ពើមរអើម និយាយថា ខ្ញុំជាសម្លាញ់ (របស់អ្នក) មិនអើពើនឹងការងារទាំងឡាយ (របស់សំឡាញ់) ដែលខ្លួនអាចធ្វើបានថា បុគ្គលនោះ មិនមែនជាមិត្តរបស់អញទេ។

បុគ្គលណា ពោលវាចាជាទីស្រឡាញ់ ដែលខ្លួនមិនប្រព្រឹត្តតាមចំពោះមិត្ត បណ្ឌិតទាំងឡាយ កំណត់ដឹង (នូវបុគ្គលនោះ) ថា គ្រាន់តែជាអ្នកនិយាយ តែមិនធ្វើ។

បុគ្គលណា មិនប្រមាទសព្វកាល មានសេចក្តីរង្កៀសក្នុងការបែកបាក់គ្នា ជាអ្នកឃើញរឿយ ៗ នូវទោស បុគ្គលនោះ មិនហៅថាមិត្តទេ លុះតែបុគ្គលណា ដែលបុគ្គលដទៃ បំបែកមិនបាន ដេកនៅ (ឥតរង្កៀស) ក្នុងមិត្តណា បុគ្គលនោះឯង ទើបហៅថាជាមិត្ត។

បុគ្គលជាអ្នកប្រាថ្នានូវផល កាលនាំមកនូវធុរៈ ជារបស់បុរស រមែងញ៉ាំងឋានៈ គឺព្យាយាម ជាទីធ្វើឲ្យកើតបាមោជ្ជៈ នាំមកនូវសេចក្តីសរសើរ ជាសុខ ឲ្យចំរើន បុគ្គលក្រេបផឹកនូវរសនៃសេចក្តីស្ងប់រម្ងាប់ផង នូវរសនៃព្រះនិព្វាន ជាទីចូលទៅរម្ងាប់ផង ផឹកនូវរសនៃបីតិ ដែលកើតអំពីអរិយធម៌ហើយ រមែងជាអ្នកមិនមានសេចក្តីក្រវល់ក្រវាយ មិនមានបាប។

ចប់ ហិរិសូត្រ ទី៣។

មង្គលសូត្រ ទី៤

(៤. មង្គលសុត្តំ)

[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

គា្រនោះឯង ទេវតាអង្គ ១ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

[២៥] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់សំដែងនូវមង្គលដ៏ឧត្តម។

(ព្រះមានព្រះភាគ ទ្រង់សំដែងថា) ការមិនសេពគប់បុគ្គលពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតទាំងឡាយ ១ ការបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។

ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាពនៃបុគ្គលបានធ្វើបុណ្យទុកក្នុងកាលមុន ១ ការដំកល់ខ្លួនដោយប្រពៃ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។

ពាហុសច្ចៈ ១ សិល្បសាស្រ្ត ១ វិន័យដែលសិក្សាដោយប្រពៃ ១ វាចាដែលពោលត្រឹមត្រូវ ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។

ការបំរើមាតាបិតា ១ សេចក្តីសង្រ្គោះបុត្រ និងភរិយា ១ ការងារទាំងឡាយមិនច្របូកច្របល់ ១ (ទាំង៣) នេះ ជាមង្គលដ៏ឧត្តម។

ទាន ១ ការប្រព្រឹត្តិធម៌ ១ ការសង្រ្គោះពួកញាតិ ១ ការងារមិនមានទោស ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។

ការមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ១ សេចក្តីសង្រួមចាកកិរិយាផឹកទឹកស្រវឹង ១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព ១ ការប្រព្រឹត្តិបន្ទាបខ្លួន ១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន ១ ភាពនៃបុគ្គលអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួន ១ ការស្តាប់ធម៌តាមកាល ១ (ទាំង ៥) នេះ ជាមង្គលដ៏ឧត្តម។

សេចក្តីអត់ធន់ ១ ភាពនៃបុគ្គលដែលប្រដៅងាយ ១ ការបានឃើញ បានចួបសមណៈទាំងឡាយ ១ ធម្មសាកច្ឆាតាមកាល ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។

សេចក្តីព្យាយាមដុតបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។

ចិត្តនៃបុគ្គលណា ដែលលោកធម៌ពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ ១ មិនមានសេចក្តីសោក ១ មានធូលី គឺរាគៈ ទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។

ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសួស្តីក្នុងទីទាំងពួង (ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា) មង្គលទាំង ៣៨ ប្រការ មានការមិនសេពគប់នូវបុគ្គលពាលជាដើមនោះ របស់ទេវតា និងមនុស្សទាំងអម្បាលណោះ ជាមង្គលដ៏ឧត្តម។

ចប់ មង្គលសូត្រ ទី៤។

សូចិលោមសូត្រ ទី៥

(៥. សូចិលោមសុត្តំ)

[២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើគ្រែថ្ម ជាលំនៅនៃសូចិលោមយក្ស ទៀបគយាគ្រាម។ សម័យនោះឯង ខរយក្ស និងសូចិលោមយក្ស នាំគ្នាដើរទៅជិតព្រះមានព្រះភាគ។ លំដាប់នោះ ខរយក្សបាននិយាយនឹងសូចិលោមយក្សថា នុ៎ះព្រះសមណៈ។ សូចិលោមយក្ស ឆ្លើយថា នុ៎ះមិនមែនព្រះសមណៈទេ នុ៎ះគ្រាន់តែប្រហែលនឹងព្រះសមណៈ ចាំខ្ញុំសង្កេតឲ្យដឹងថា ជាព្រះសមណៈ ឬប្រហែលនឹងព្រះសមណៈសិន។ វេលានោះ សូចិលោមយក្ស ក៏ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បន្ទន់កាយ ទៅរកព្រះមានព្រះភាគ។ ចំណែកព្រះមានព្រះភាគ ងាកព្រះកាយចេញ។ លំដាប់នោះសូចិលោមយក្ស ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះសមណៈ ខ្លាចខ្ញុំឬ។ ម្នាលអាវុសោ តថាគតមិនខ្លាចអ្នកទេ តែសម្ផស្សរបស់អ្នកឯងអាក្រក់។

ព្រះសមណៈ យើងនឹងសួរប្រស្នាចំពោះលោក បើលោកមិនឆ្លើយប្រាប់យើង យើងនឹងធ្វើចិត្តរបស់លោកឲ្យរវើរវាយ ឬនឹងហែកហ្ឫទ័យលោក ឬក៏នឹងចាប់ជើងបោះទៅត្រើយម្ខាងទន្លេគង្គា។ ម្នាលអាវុសោ បុគ្គលណា គប្បីញ៉ាំងចិត្តតថាគតឲ្យរាយមាយក្តី ហែកហ្ឫទ័យតថាគតក្តី គប្បីចាប់ជើងតថាគត គ្រវីបោះទៅត្រើយម្ខាងទន្លេគង្គាក្តី តថាគតមិនឃើញបុគ្គលនោះ ទោះបីក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឡើយ ម្នាលអាវុសោ មួយទៀត អ្នកប្រាថ្នា (នឹងសួរ) ប្រស្នាណា ចូរសួរប្រស្នានោះមកចុះ។ លំដាប់នោះ សូចិលោមយក្ស បានពោលទៅនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

[២៧] រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តីមិនត្រេកអរ សេចកី្តត្រេកអរ និងការព្រឺរោម កើតមកអំពីអ្វី មនោវិតក្កៈ កើតមកអំពីអ្វី ដែលគួរលះបង់ចោល ដូចជាពួកក្មេងលែងក្អែកចោល។

រាគៈ ទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ សេចក្តីត្រេកអរ និងការព្រឺរោម កើតមកអំពីអត្តភាពនេះ មនោវិតក្កៈ កើតមកអំពីអត្តភាពនេះ ដែលគេលះបង់ចោល ដូចជាពួកក្មេងលែងក្អែកចោល។7)

កិលេសទាំងឡាយ កើតមកអំពីសេចក្តីស្នេហា គឺតណ្ហា ក៏កើតអំពីខ្លួន ដូចជាពួរជ្រៃ ដែលកើតអំពីដើមជ្រៃ កិលេសដ៏ច្រើន ជាប់ចំពាក់ក្នុងវត្ថុកាមទាំងឡាយ ដូចជាពួរឈើចាក់ស្រែះក្នុងព្រៃ។

ពួកជនណា ដឹងនូវកិលេសនោះ ថាកើតអំពីហេតុណា ពួកជននោះ តែងបន្ទោបង់នូវហេតុនោះចេញ ម្នាលយក្ស ចូរអ្នកស្តាប់ចុះ ពួកជនទាំងនោះ តែងឆ្លងនូវអន្លង់នេះ ដែលគេឆ្លងបានដោយក្រ ដែលខ្លួនមិនធ្លាប់ឆ្លង ដើម្បីដល់ព្រះនិព្វាន ដែលជាទីមិនកើតទៀត។

ចប់ សូចិលោមសូត្រ ទី៥។

ធម្មចរិយសូត្រ ទី៦

(៦. ធម្មចរិយសុត្តំ)

[២៨] ព្រះអរិយៈទាំងឡាយ តែងពោលនូវធម្មចរិយៈ8) និងព្រហ្មចរិយៈ9) នេះ ថាជារតនៈដ៏ឧត្តម ប្រសិនបើបុគ្គលចេញចាកផ្ទះ ទៅបួសក្នុងធម្មវិន័យ។

បើបុគ្គលនោះ ជាអ្នកមានមាត់រឹង ត្រេកអរក្នុងការបៀតបៀន ដូចជាសត្វម្រឹគ ជីវិតរបស់បុគ្គលនោះ ជាជីវិតអាក្រក់ក្រៃលែង បុគ្គលនោះ តែងញ៉ាំងធូលី គឺកិលេស ឲ្យចំរើនឡើងដល់ខ្លួន។

ភិក្ខុអ្នកត្រេកអរក្នុងជម្លោះ ត្រូវមោហធម៌ចាក់ស្រែះហើយ ក៏លែងដឹងធម៌ដែលពួកភិក្ខុបានប្រាប់ហើយផង ដែលព្រះពុទ្ធទ្រង់សំដែងផង ភិក្ខុអ្នកត្រូវអវិជា្ជរួបរឹត ហើយបៀតបៀននូវព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកមានខ្លួនអប់រំហើយ រមែងមិនស្គាល់នូវសេចក្តីសៅហ្មង ជាផ្លូវទៅកាន់នរក ហើយចូលទៅកាន់អបាយ ៤ ចេញចាកគភ៌ទៅកាន់គភ៌ ចេញចាកអសុរកាយ ទៅកាន់អសុរកាយ ភិក្ខុនោះ រមែងដល់នូវសេចក្តីទុក្ខក្នុងបរលោក។ មួយទៀត បុគ្គលដែលមានសភាពយ៉ាងនេះ ជាអ្នកប្រកបដោយកិលេស ដូចទីទួល លាងជំរះបានដោយកម្រ ដូចជារណ្តៅលាមក ពេញប្រៀបអួអាប់រាប់ឆ្នាំ (ដែលគេលាងសម្អាតបានដោយកម្រ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងនូវបុគ្គល ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានសេចក្តីត្រិះរិះអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បែបនេះ។ អ្នករាល់គ្នា គប្បីជាអ្នកព្រមព្រៀងគ្នា ចៀសវាងនូវបុគ្គលនោះចេញ ចូរបោះបង់ចោលដូចជាគេបោសសំរាមចោល ចូរទាញចេញនូវបុគ្គលអ្នកប្រព្រឹត្តក្រខ្វក់ តពីនោះទៅ គប្បីបណ្តេញនូវពួកបុគ្គលដែលដូចជាសំដីស្រូវ មិនមែនជាសមណៈ ប្រកាន់ថា ខ្លួនជាសមណៈចេញ។ លុះអ្នកទាំងឡាយ បណ្តេញបុគ្គលអ្នកប្រាថ្នាអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បានហើយ ជាអ្នកបរិសុទ្ធសម្រេចការនៅជាមួយនឹងបុគ្គលបរិសុទ្ធ អ្នកមានសេចក្តីគោរពកោតក្រែងគ្នា តទៅនឹងជាអ្នកព្រមព្រៀងគ្នា មានប្រាជ្ញាចាស់ក្លា ធ្វើនូវទីបំផុតនៃទុក្ខបាន។

ចប់ ធម្មចរិយសូត្រ ទី៦។

ព្រាហ្មណធម្មិកសូត្រ ទី៧

(៧. ព្រាហ្មណធម្មិកសុត្តំ)

[២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ពួកព្រាហ្មណមហាសាល ជាច្រើននាក់ នៅក្នុងដែនកោសល ជាមនុស្សចាស់គ្រាំគ្រា ជាព្រឹទ្ធាចា្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ឥឡូវនេះ ពួកព្រាហ្មណ៍ប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដែរឬ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ មិនប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ទេ។ បើព្រះគោតមដ៏ចំរើនមិនធ្ងន់ព្រះទ័យទេ សូមព្រះគោតមដ៏ចំរើន សំដែងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដល់ខ្ញុំព្រះអង្គទាំងឡាយចុះ។ ម្នាលព្រាហ្មណ៍ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ព្រាហ្មណមហាសាលទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[៣០] ពួកឥសីជាន់មុន ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ គឺឥន្រ្ទិយសំវរៈ លះបង់កាមគុណទាំង ៥ ធ្វើប្រយោជន៍បម្រុងខ្លួន។

ពួកព្រាហ្មណ៍ មិនមានសត្វចិញ្ចឹម មិនមានប្រាក់ មិនមានស្រូវសន្សំទុក មានតែទ្រព្យ និងស្រូវ គឺការស្វាធ្យាយ រក្សាតែព្រហ្មវិហារ ជាកំណប់ទ្រព្យ។

ពួកទាយក តាក់តែងភត្តណា ដំកល់ទៀបទ្វារផ្ទះ ដើម្បីពួកព្រាហ្មណ៍ទាំងនោះ ពួកទាយកបានសំគាល់នូវភត្តនោះ ដើម្បីឲ្យដល់ពួកព្រាហ្មណ៍ កាលស្វែងរកនូវភត្ត ដែលគេចាត់ចែងដោយសទ្ធា។

ពួកអ្នកជនបទ និងអ្នកដែន ជាមនុស្សសម្បូរដោយសំពត់ជ្រលក់ដោយពណ៌ផ្សេង ៗ ដោយទីដេក និងទីនៅអាស្រ័យទាំងឡាយ តែងថ្វាយបង្គំពួកព្រាហ្មណ៍ទាំងនោះ។

ពួកព្រាហ្មណ៍ជាអ្នកមិនត្រូវគេបៀតបៀន មិនត្រូវគេសង្កត់សង្កិន ព្រោះធម៌រក្សា ជននីមួយ មិនហាមឃាត់ពួកព្រាហ្មណ៍ទាំងនោះ ក្នុងទ្វារផ្ទះនៃត្រកូល ដោយប្រការទាំងពួងឡើយ។

ព្រាហ្មណ៍ទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយៈ (តាំងអំពីក្មេង) អស់ ៤៨ ឆ្នាំ ពួកព្រាហ្មណ៍បានប្រព្រឹត្តនូវការស្វែងរកវិជ្ជា និងចរណៈមុន។

ព្រាហ្មណ៍ទាំងនោះ មិនបានទៅកាន់ផ្ទះនៃបុគ្គលដទៃ និងមិនទិញភរិយាយកមកនៅរួមសង្វាសគ្នា ដោយសេចក្តីស្រឡាញ់ទេ។

ពួកព្រាហ្មណ៍ មិនប្រព្រឹត្តមេថុនធម្ម ក្នុងចន្លោះដែលដល់នូវការវៀរចាករដូវ វៀរលែងតែសម័យគួរនោះ។

ពួកព្រាហ្មណ៍តែងសរសើរព្រហ្មចរិយៈ10) សីល សេចក្តីទៀងត្រង់ សេចក្តីទន់ភ្លន់ តបៈ គឺឥន្រ្ទិយសំវរៈ សេចក្តីស្លូតបូត សេចក្តីមិនបៀតបៀន និងសេចក្តីអត់ធន់។

ព្រាហ្មណ៍ស្មើដោយព្រហ្ម ជាអ្នកមានព្យាយាមមាំមួន ខ្ពង់ខ្ពស់ជាងពួកព្រាហ្មណ៍ទាំងនោះ ព្រាហ្មណ៍ស្មើដោយព្រហ្មនោះ សូម្បីតែយល់សប្តិឃើញសេពមេថុនធម្ម ក៏មិនដែលមាន។

មនុស្សមួយពួកក្នុងលោកនេះ ជាអ្នកចេះដឹង កាលសិក្សាតាមវត្តរបស់ព្រាហ្មណ៍ស្មើដោយព្រហ្មនោះ បានសរសើរព្រហ្មចរិយៈ សីល និងខន្តិធម៌។

ព្រាហ្មណ៍ទាំងនោះ សូមអង្ករ ទីដេក សំពត់ ទឹកដោះថ្លា និងប្រេង តាមធម៌ ប្រមូលមកសម្រេចនូវយញ្ញៈអំពីវត្ថុនោះ កាលបើយញ្ញៈប្រាកដឡើងហើយ ក៏មិនបានសម្លាប់គោទាំងឡាយឡើយ។

ឱសថ គឺបញ្ចគោរស កើតក្នុងគោទាំងឡាយណា គោទាំងនោះ ជាមិត្តដ៏ប្រសើររបស់ពួកយើង ដូចជាមាតាបិតា បងប្អូន និងពួកញាតិដទៃ ៗ។

គោទាំងនោះ ជាអ្នកឲ្យបាយ ឲ្យកំឡាំង ឲ្យពណ៌សម្បុរ ឲ្យសេចក្តីសុខដូច្នោះ ព្រាហ្មណ៍ទាំងនោះ លុះបានដឹងនូវអំណាចនៃប្រយោជន៍នុ៎ះហើយ ក៏មិនដែលសម្លាប់គោទាំងឡាយឡើយ។

ពួកព្រាហ្មណ៍ជាអ្នកមានអវយវៈទន់ភ្លន់ មានកាយប្រសើរ មានសម្បុរល្អ មានយស ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូចធំ តាមធម៌របស់ខ្លួន បានប្រព្រឹត្តក្នុងលោកត្រឹមណា ពួកសត្វនេះ ក៏បានសេចក្តីសុខ (ត្រឹមណោះ)។

ព្រាហ្មណ៍ទាំងនោះ មានសេចក្តីវិបលា្លស ព្រោះឃើញកាមសុខមានប្រមាណតិច ដែលកើតអំពីកាមគុណមានប្រមាណតិចផង នូវសម្បត្តិរបស់សេ្តចផង នូវនារីទាំងឡាយ តាក់តែងគ្រឿងប្រដាប់ផង នូវរថដែលទឹមដោយសេះអាជានេយ្យ ដែលធ្វើល្អ ពាសដោយស្បែកដ៏វិចិត្រផង នូវទីផ្ទះ និងផ្ទះដែលគេចែករាប់ជាចំណែក ៗ ផង ពួកព្រាហ្មណ៍តែងចង់បាននូវសម្បត្តិ ជារបស់មនុស្សដ៏លើសលុប ដេរដាសដោយហ្វូងគោ និងប្រកបដោយពួកនារីដ៏ប្រសើរ។

ព្រាហ្មណ៍ទាំងនោះ តែងមន្ត ព្រោះចង់បានទ្រព្យនោះ បានចូលទៅរកព្រះបាទឱកា្កកៈ ក្នុងវេលានោះថា (ព្រះអង្គចូរបូជានូវទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គ) សូមព្រះអង្គបូជានូវធនសម្បត្តិជាច្រើនរបស់ព្រះអង្គ នឹងបាននូវទ្រព្យ និងស្រូវជាច្រើន។

គ្រានោះ ពួកព្រាហ្មណ៍បានពន្យល់ព្រះរាជា អ្នកមិនញាប់ញ័រ ដូចគោឧសភៈក្នុងរថ (ឲ្យធ្វើយញ្ញៈ ៥ យ៉ាង) គឺអស្សមេធៈ (យញ្ញៈជាទីបៀតបៀនសេះ) ១ បុរិសមេធៈ (យញ្ញៈជាទីបៀតបៀនបុរស) ១ សមា្មបាសៈ (យញ្ញៈជាទីបោះទៅនូវកាំនឹម) ១ វាជបេយ្យៈ (យញ្ញៈជាទីផឹកនូវទឹកដោះថ្លា និងទឹកឃ្មុំ ដែលគេតាក់តែងឲ្យជាជើងនៃមន្ត) ១ និរគ្គឡៈ (យញ្ញៈមិនមានសន្ទះទ្វារ) ១។

លុះព្រាហ្មណ៍ទាំងនោះ បានបូជានូវការបូជាទាំងនោះរួចហើយ ក៏បានឲ្យទ្រព្យដល់ពួកព្រាហ្មណ៍ ឲ្យគោ ទីដេក សំពត់ និងនារីដែលមានគ្រឿងប្រដាប់តាក់តែង រថទឹមដោយសេះអាជានេយ្យដែលធ្វើល្អ ពាសដោយស្បែកដ៏វិចិត្រ លំនៅជាទីត្រេកអរ ដែលគេចាត់ចែងដោយសព្វគ្រប់ ផ្ទុកទ្រព្យផ្សេង ៗ ពេញហើយឲ្យទ្រព្យដល់ពួកព្រាហ្មណ៍។

លុះព្រាហ្មណ៍ទាំងនោះ បានទ្រព្យក្នុងទីនោះហើយ ក៏សន្សំគរទុក ព្រាហ្មណ៍ទាំងនោះ ត្រូវសេចក្តីបា្រថ្នាគ្របសង្កត់ហើយ តណ្ហាក៏ចំរើនឡើងក្រៃលែង ព្រាហ្មណ៍ទាំងនោះ តែងមន្តក្នុងទីនោះ ហើយចូលទៅគាល់ព្រះបាទឱក្កាកៈទៀត។

ទឹក ដី ប្រាក់ ទ្រព្យ និងស្រូវ យ៉ាងណា គោទាំងឡាយ សម្រាប់ប្រកបកិច្ចការរបស់មនុស្ស ក៏យ៉ាងនោះដែរ ព្រោះថា វត្ថុ មានទឹកជាដើមនោះ ជាបរិក្ខាររបស់ពួកសត្វមានជីវិត សូមព្រះអង្គបូជានូវទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គ សូមព្រះអង្គបូជានូវធនសម្បត្តិដ៏ច្រើនរបស់ព្រះអង្គ។

លំដាប់នោះ ព្រះរាជា ដូចជាគោឧសភៈក្នុងរថ ត្រូវពួកព្រាហ្មណ៍ពន្យល់ហើយ ក៏បានសម្លាប់គោរាប់សែនជាច្រើន ក្នុងការបូជាយញ្ញៈ។

គោស្មើគ្នានឹងចៀម ជាសត្វស្លូត រួតទឹកដោះដាក់ឆ្នាំងបាន មិនចេះបៀតបៀនគេដោយជើង មិនចេះបៀតបៀនគេដោយស្នែង និងដោយអវយវៈណាមួយឡើយ ព្រះរាជាទ្រង់ចាប់គោទាំងនោះត្រង់ស្នែង ហើយសម្លាប់ដោយគ្រឿងសស្រា្ត។

លំដាប់នោះ ពួកទេវតាក្តី ពួកព្រហ្មជាបិតាក្តី ព្រះឥន្ទក្តី អសុរ និងអារ័ក្ខទឹកក្តី ក៏កន្ទក់កន្ទេញថា ស្តេចគ្មានធម៌ដូច្នេះ ព្រោះព្រះរាជាសម្លាប់គោ ដោយគ្រឿងសស្រ្តា។

ក្នុងបុរី មានរោគ ៣ យ៉ាង គឺសេចក្តីប្រាថ្នា ១ ការគ្មានស៊ី ១ សេចក្តីគ្រាំគ្រា ១ ចំរើនឡើងដល់ ៩៨ (មានរោគភ្នែកជាដើម) ព្រោះសម្លាប់នូវសត្វចិញ្ចឹម។

នេះជាអធម៌នៃពួកទណ្ឌៈ ប្រព្រឹត្តយូរហើយ អ្នកបូជាទាំងឡាយ តែងបៀតបៀននូវគោទាំងឡាយ ជាសត្វមិនប្រទូស្ត រមែងសាបសូន្យចាកធម៌។

នេះឯងជាធម៌ថោកទាប មានមកតាំងពីកាលមុន ដែលអ្នកប្រាជ្ញតិះដៀលហើយយ៉ាងនេះ វិញ្ញូជនឃើញនូវអំពើដូច្នេះ ក្នុងបុគ្គលអ្នកបូជាណា តែងតិះដៀលនូវបុគ្គលអ្នកបូជានោះ។

កាលបើព្រាហ្មណធម៌វិនាសយ៉ាងនេះហើយ ពួកសុទ្ទៈ និងវេស្សៈក៏បែកគ្នា ពួកខត្តិយៈជាច្រើនក៏បែកគ្នា ទាំងភរិយាក៏មើលងាយប្តី។

ពួកក្សត្រក្តី ពួកជនជាផៅពង្សនៃព្រហ្មក្តី និងពួកជនដទៃ អ្នកដែលគោត្ររក្សាក្តី ក៏លែងប្រកាន់ពាក្យពោលអំពីជាតិ លុះក្នុងអំណាចនៃកាមទាំងឡាយ។

[៣១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណមហាសាលទាំងនោះ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចគេផ្ងារនូវរបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹតដោយគិតថា បុរសអ្នកមានចក្ខុ ឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គទាំងនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចំរើន ជា្របនូវខ្ញុំព្រះអង្គទាំងឡាយថា ជាឧបាសកអ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ចប់ ព្រាហ្មណធម្មិកសូត្រ ទី៧។

នាវាសូត្រ ទី៨

(៨. នាវាសុត្តំ)

[៣២] បុរសបានដឹងធម៌ អំពីសំណាក់អាចារ្យណា គប្បីបូជាអាចារ្យនោះ ដូចជាទេវតាបូជាព្រះឥន្ទ អាចារ្យអ្នកចេះដឹងច្រើន ដែលមានសិស្សបានបូជាហើយនោះ ជាអ្នកមានចិត្តជ្រះថ្លាក្នុងសិស្សនោះ រមែងធ្វើធម៌ឲ្យជាក់ច្បាស់។ សិស្សនោះ កាលបើបានធ្វើធម៌នោះ ឲ្យតាំងនៅហើយ បានពិចារណា ជាធីរជន ប្រតិបត្តិធម៌សមគួរតាមធម៌ រមែងជាអ្នកដឹង ជាអ្នកធ្វើឲ្យជាក់ច្បាស់ ទាំងជាអ្នកមានបញ្ញាល្អិត បុគ្គលដែលមិនប្រមាទ រមែងសេពគប់អ្នកប្រាជ្ញបែបនោះ។ សិស្សកាលបើសេពគប់នឹងអាចារ្យ ជាអ្នកទន់ទាប ល្ងង់ខ្លៅ មានប្រយោជន៍មិនទាន់សម្រេច មានតែសេចក្តីច្រណែនគេ រមែងមិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ក្នុងសាសនានេះ មិនបានឆ្លងផុតសេចក្តីសង្ស័យ ដល់នូវមរណៈ។ ជនចុះកាន់ទន្លេ មានទឹកច្រើន លំហាចហូរខ្លាំង ជននោះ កាលរសាត់អណ្តែតទៅតាមខ្សែទឹក ធ្វើម្តេចនឹងអាចចម្លងពួកជនឯទៀតបាន យ៉ាងណាមិញ។ បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់សេចក្តី (ក្នុងសំណាក់) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នកមិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀតឲ្យយល់បាន ក៏យ៉ាងនោះដែរ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាសវៃ មានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះបានយ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូត មិនញាប់ញ័រ (ក្នុងលោកធម៌) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ដោយការត្រងត្រាប់ និងឧបនិស្ស័យឲ្យចេះដឹងបាន ក៏យ៉ាងនោះឯង។

ព្រោះហេតុនោះ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមានប្រាជ្ញ ទាំងជាពហុស្សូត បុគ្គលនោះ កាលដឹងសេចក្តីហើយ ប្រតិបត្តិតាម ជាអ្នកដឹងធម៌ច្បាស់ រមែងបាននូវសេចក្តីសុខ។

ចប់ នាវាសូត្រ ទី៨។

កឹសីលសូត្រ ទី៩

(៩. កិំសីលសុត្តំ)

[៣៣] (ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។

បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។

បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។

បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលបា្រសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។

សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកបា្រជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកបា្រជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស។

មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។

ចប់ កឹសីលសូត្រ ទី៩។

ឧដ្ឋានសូត្រ ទី១០

(១០. ឧដ្ឋានសុត្តំ)

[៣៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុយ៉ាងនេះថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយចំរើនកម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេសចាក់ដោតហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់។

អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឲ្យមាំមួន ដើម្បីសេចក្តីស្ងប់ កុំឲ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នកប្រមាទ ហើយធ្វើឲ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ។ ពួកទេវតា និងមនុស្ស ត្រូវការនឹងអារម្មណ៍ជាដើម អាស្រ័យជាប់នៅ (ក្នុងអារម្មណ៍នោះ) ព្រោះតណ្ហាណា អ្នកទាំងឡាយ ចូរឆ្លងនូវតណ្ហាជាគ្រឿងផ្សាយនុ៎ះ កុំឲ្យខណៈកន្លងផុតនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសោកណែនណាន់ក្នុងនរក។

សេចក្តីប្រមាទ ជាធូលី ធូលីធ្លាក់ចុះតាមសេចក្តីប្រមាទ ព្រោះតែសេចក្តីប្រមាទ កុលបុត្រដកចោលនូវសរ គឺរាគាទិក្កិលេសរបស់ខ្លួនបានដោយវិជ្ជា គឺអាសវក្ខយញ្ញាណ ព្រោះតែសេចក្តីមិនប្រមាទ។

ចប់ ឧដ្ឋានសូត្រ ទី១០។

រាហុលសូត្រ ទី១១

(១១. រាហុលសុត្តំ)

[៣៥] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកមិនមើលងាយអ្នកបា្រជ្ញព្រោះតែនៅរួមគ្នារឿយ ៗ ទេឬ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរឬ។

(ព្រះរាហុលដ៏មានអាយុ ក្រាបទូលថា) ខ្ញុំព្រះអង្គ មិនមើលងាយអ្នកបា្រជ្ញ ព្រោះតែនៅរួមគ្នារឿយ ៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកចូរលះនូវកាមគុណ ៥ មានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធា ហើយធ្វើនូវទីបំផុតទុក្ខចុះ។

អ្នកចូរគប់រកនូវកល្យាណមិត្ត និងទីដេក ទីអង្គុយដ៏ឆ្ងាយ ស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន។

អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ។

អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង ៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយសេចក្តីនឿយណាយ។

អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចំរើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចំរើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យ គឺមានះ លំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ។

ព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះរាហុលដ៏មានអាយុជារឿយ ៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះឯង។

ចប់ រាហុសូត្រ ទី១១។

វង្គីសសូត្រ ទី១២

(១២. និគ្រោធកប្បសុត្តំ)

[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយវិហារ ជិតក្រុងអាឡវី។ សម័យនោះឯង ព្រះថេរៈឈ្មោះនិគ្រោធកប្បៈ ជាឧបជ្ឈាយ៍របស់ព្រះវង្គីសៈមានអាយុ ទើបតែបរិនិព្វានថ្មី ៗ ក្នុងអគ្គាឡវចេតិយវិហារ។ គ្រានោះ ព្រះវង្គីសៈដ៏មានអាយុ ទៅក្នុងទីស្ងាត់ គេចចេញចាកអារម្មណ៍ សម្ងំនៅ កើតមានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បរិនិព្វានហើយ ឬមិនទាន់បរិនិព្វានទេ។ លំដាប់នោះ ព្រះវង្គីសៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ព្រះវង្គីសៈដ៏មានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ទៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងអគ្គាឡវចេតិយវិហារនេះ កើតមានសេចក្តីត្រិះរិះក្នុងចិត្ត យ៉ាងនេះថា ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បរិនិព្វានហើយ ឬមិនទាន់បរិនិព្វានទេ។

លំដាប់នោះ ព្រះវង្គីសៈដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសួរចំពោះព្រះមានព្រះភាគ ដោយគាថាថា

[៣៧] ពួកខ្ញុំព្រះអង្គ សូមសួរព្រះសាស្តា ព្រះអង្គមានបញ្ញាមិនខ្សោយខ្សោកថោកទាប ភិក្ខុណា ជាអ្នកកាត់ផ្តាច់នូវសេចក្តីសង្ស័យក្នុងបច្ចុប្បន្ន មានកេរ្តិ៍ឈ្មោះ មានយស មានចិត្តត្រជាក់ បានធ្វើមរណកាលក្នុងអគ្គាឡវចេតិយវិហារ។ បពិត្រព្រះមានព្រះភាគ ឈ្មោះរបស់ភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គទ្រង់ប្រោសប្រទានហើយថា និគ្រោធកប្ប ភិក្ខុនោះ កាលនមស្ការនូវព្រះអង្គ ជាអ្នកបា្រថ្នានូវការផុតស្រឡះ (ចាកកិលេស) បានប្រារព្ធព្យាយាម ឃើញនូវធម៌ដ៏មាំ។ បពិត្រព្រះសក្យៈ មានចក្ខុជុំវិញ គឺសព្វញ្ញុតញ្ញាណ ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ដឹងនូវសាវ័កនោះ ពួកខ្ញុំព្រះអង្គបានប្រុងត្រចៀកនឹងស្តាប់ជាស្រេចហើយ ព្រះអង្គជាគ្រូរបស់ពួកខ្ញុំព្រះអង្គ ព្រះអង្គជាបុគ្គលប្រសើរលើស។ បពិត្រព្រះអង្គ អ្នកមានបា្រជ្ញាក្រាស់ដូចជាផែនដី សូមព្រះអង្គកាត់បង់នូវសេចក្តីសង្ស័យ របស់ពួកខ្ញុំព្រះអង្គ សូមទ្រង់សំដែងនូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ សូមទ្រង់ត្រាស់ប្រាប់នូវភិក្ខុដែលបរិនិព្វានហើយ។ បពិត្រព្រះអង្គអ្នកមានចក្ខុជុំវិញ សូមព្រះអង្គទ្រង់ប្រកាសក្នុងកណ្តាលពួកខ្ញុំព្រះអង្គ ដូចជាព្រះឥន្ទ ជាសហស្សនេត្រ (ទ្រង់ប្រកាសក្នុងកណ្តាល) ពួកទេវតា។ គន្ថក្កិលេសណាមួយ ដែលជាផ្លូវនៃមោហៈ ជាពួកនៃកិរិយាមិនដឹង ជាទីតាំងនៃសេចក្តីសង្ស័យ ក្នុងលោកនេះ គន្ថក្កិលេសទាំងនោះ មានដល់នូវព្រះតថាគត រមែងមិនមាន ព្រោះព្រះអង្គមានភ្នែកដ៏ឧត្តម ជាងនរជនទាំងឡាយ។ ក៏ប្រសិនបើ ព្រះមានព្រះភាគ ជាវិញ្ញុបុរស មិនកំចាត់បង់កិលេស ដូចជាខ្យល់កំចាត់នូវពពកទេ លោកទាំងអស់ ដែលមោហៈរួបរឹតហើយ ក៏ទៅជាងងឹតសូន្យ សូម្បីពួកនរជនដែលមានពន្លឺ ក៏មិនគប្បីភ្លឺច្បាស់បាន។ មួយទៀត ពួកអ្នកបា្រជ្ញ ជាអ្នកធ្វើនូវពន្លឺរុងរឿង គឺបញ្ញា បពិត្រព្រះអង្គ ជាអ្នកបា្រជ្ញ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ សំគាល់នូវព្រះអង្គថាជាយ៉ាងនោះឯង ពួកខ្ញុំព្រះអង្គដឹងថា ព្រះអង្គជាអ្នកឃើញតាមពិត ទើបនាំគ្នាចូលមកគាល់ព្រះអង្គ សូមព្រះអង្គទ្រង់សំដែងឲ្យប្រាកដ នូវនិគ្រោធកប្បត្ថេរ ចំពោះពួកខ្ញុំព្រះអង្គ ក្នុងពួកបរិស័ទ បពិត្រព្រះអង្គមានព្រះសូរសៀងដ៏ពីរោះ សូមព្រះអង្គទ្រង់ត្រាស់នូវព្រះវាចាជាទីគាប់ចិត្តជាឆាប់ សូមព្រះអង្គទ្រង់បញ្ចេញព្រះសូរសៀងសន្សឹម ៗ ដោយព្រះសូរសៀងមូលពីរោះ ដែលសង្ខារតាក់តែងទុកដោយល្អ ដូចហង្ស ផ្គងស្រែកសម្រែកបន្តិច ៗ ខ្ញុំព្រះអង្គទាំងអស់គ្នា តាំងចិត្តត្រង់នឹងប្រុងស្តាប់ព្រះអង្គ។ ខ្ញុំព្រះអង្គ នឹងសូមទទូចអារាធនាព្រះអង្គ អ្នកមានជាតិ និងមរណៈ លះបង់ហើយមិនសេសសល់ កំចាត់បង់ (នូវបាបទាំងពួង) ឲ្យទ្រង់សំដែងនូវធម៌ ព្រោះថា ការធ្វើបានតាមប្រាថ្នា មិនមានដល់បុថុជ្ជនឡើយ ចំណែកខាងការពិចារណា ហើយធ្វើបានតាមប្រាថ្នា រមែងមានដល់ព្រះតថាគតទាំងឡាយ។

សម្បន្នវេយ្យាករណ៍ (ការព្យាករណ៍ដ៏ត្រឹមត្រូវ) នេះ គឺព្រះអង្គមានបញ្ញារុងរឿង បានត្រាស់ប្រពៃហើយ អញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយ ដោយប្រពៃ បពិត្រព្រះអង្គមានប្រាជ្ញាមិនទន់ទាប កាលព្រះអង្គទ្រង់ជ្រាប (នូវគតិនៃព្រះនិគ្រោធកប្បៈ) កុំឲ្យខ្ញុំព្រះអង្គវង្វេងឡើយ។ បពិត្រព្រះអង្គ មានព្យាយាមមិនទន់ទាប ព្រះអង្គបានជ្រាបច្បាស់នូវអរិយសច្ចធម៌ដ៏ប្រសើរក្រៃលែង កាលព្រះអង្គទ្រង់ជា្របនូវញេយ្យធម៌ទាំងពួង កុំឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នានូវព្រះវាចា (របស់ព្រះអង្គ) ដូចជាបុគ្គលក្តៅ ដោយកំដៅថ្ងៃក្នុងរដូវក្តៅ ប្រាថ្នារកទឹក សូមព្រះអង្គបង្អុរនូវព្រះសូរសៀង។ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្តព្រហ្មចរិយធម៌ដ៏មានប្រយោជន៍ណា ព្រហ្មចរិយធម៌នោះរបស់លោក មិនឥតប្រយោជន៍តិចតួចឡើយ លោកនោះ បាននិព្វាន ដូចជាអសេក្ខបុគ្គល ដែលមានចិត្តផុតហើយ ឬជាសឧបាទិសេសៈ (ដូចជាសេក្ខបុគ្គល) ពួកខ្ញុំព្រះអង្គ ប្រុងស្តាប់នូវព្រះបន្ទូលរបស់ព្រះអង្គនោះ។

(ព្រះមានព្រះភាគ ទ្រង់ព្យាករថា) និគ្រោធកប្បភិក្ខុ បានកាត់ផ្តាច់នូវតណ្ហាក្នុងនាម និងរូបនេះ ជាខ្សែធម៌ខ្មៅ គឺកិលេសមារដែលដេកត្រាំអស់រាត្រីជាអង្វែង បានឆ្លងផុតការកើត និងការស្លាប់ មិនមានសេសសល់ ព្រះមានព្រះភាគប្រសើរជាងបញ្ចវគ្គិយភិក្ខុ បានត្រាស់ព្យាករដោយប្រការដូច្នេះ។ បពិត្រព្រះអង្គជាឥសីគំរប់ ៧11) ខ្ញុំព្រះអង្គនោះ បានស្តាប់ព្រះបន្ទូលព្រះអង្គហើយជ្រះថ្លា ព្រោះប្រស្នាដែលខ្ញុំព្រះអង្គក្រាបទូលសួរ មិនឥតអំពើឡើយ ព្រះអង្គជាព្រាហ្មណ៍ មិនបានបញ្ឆោតខ្ញុំព្រះអង្គឡើយ។ សាវ័ករបស់ព្រះពុទ្ធ និយាយយ៉ាងណា ធ្វើយ៉ាងនោះ បានកាត់ផ្តាច់នូវបណ្តាញ គឺតណ្ហាដ៏មាំរបស់មច្ចុមារ ដែលមានមាយាច្រើន ដែលផ្សាយទៅ (ក្នុងតេភូមិកវដ្តៈ) នោះ។ បពិត្រព្រះមានព្រះភាគ និគ្រោធកប្បភិក្ខុ បានឃើញហេតុជាខាងដើមនៃឧបាទាន ឱហ្ន៎ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្តកន្លងនូវ (តេភូមិកវដ្តៈ) ជាទីទ្រទ្រង់នៅនៃមច្ចុមារ ដែលគេឆ្លងបានដោយកម្រក្រៃពេក។

ចប់ វង្គីសសូត្រ ទី១២។

សម្មាបរិព្វាជនិយសូត្រ ទី១៣

(១៣. សម្មាបរិព្វាជនីយសុត្តំ)

[៣៨] (ព្រះពុទ្ធនិមិ្មត ទ្រង់សួរថា) ខ្ញុំសូមសួរនូវព្រះមុនី ដែលមានបា្រជ្ញាច្រើន បានឆ្លងចាកឱឃៈ (ដល់នូវត្រើយ គឺព្រះនិព្វាន) បានរំលត់ហើយ មានព្រះទ័យតាំងនៅមាំ ភិក្ខុបន្ទោបង់នូវកាមទាំងឡាយ ហើយចេញចាកផ្ទះ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក តើដោយប្រការដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភិក្ខុណា បានគាស់រំលើងនូវមង្គលផង នូវការប្រកាន់ឧប្បាត12) (មានរន្ទះបាញ់ជាដើម) ផង នូវការប្រកាន់យល់សប្តិផង នូវការប្រកាន់លក្ខណៈផង ភិក្ខុនោះ ឈ្មោះថា បានលះបង់ស្រឡះនូវមង្គលជាទោស ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុបន្ទោបង់នូវតម្រេកក្នុងកាមទាំងឡាយ ជារបស់មនុស្សផង របស់ទេវតាផង កន្លងនូវភព បានត្រាស់ដឹងនូវធម៌ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុធ្វើចិត្តមិនឲ្យត្រេកអរ លះនូវពាក្យញុះញង់ទាំងឡាយ នូវសេចក្តីក្រោធ និងសេចក្តីកំណាញ់ លះនូវរាគៈ និងទោសៈ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។

ភិក្ខុលះបង់នូវសេចក្តីស្រឡាញ់ និងស្អប់ មិនប្រកាន់មាំ មិនអាស្រ័យក្នុងសភាវៈតិចតួច (ដោយតណ្ហា និងទិដ្ឋិ) ឡើយ មានចិត្តផុតស្រឡះហើយ ចាកសំយោជនិយធម៌ទាំងឡាយ (ធម៌ជាអារម្មណ៍នៃសំយោជនៈ) ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុនោះ បន្ទោបង់នូវឆន្ទរាគ ក្នុងខន្ធជាគ្រឿងប្រកាន់ មិនដល់ (នូវការឃើញ) ថាមានខ្លឹមក្នុងឧបធិ គឺខន្ធទាំងឡាយនោះ ជាបុគ្គលមិនអាស្រ័យ (ដោយឆន្ទៈ និងរាគៈ) មិនបាច់មានបុគ្គលដទៃណែនាំឡើយ ភិក្ខុនោះឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុមិនភ្លាត់ខុសដោយកាយ វាចា និងចិត្ត ដឹងច្បាស់នូវធម៌ដោយប្រពៃ ប្រាថ្នាយកនូវបទ គឺព្រះនិព្វាន ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុណា មិនក្រអឺតក្រឱង ដោយគិតថា គេថ្វាយបង្គំអញ សូម្បីគេជេរក៏មិនតបត បាននូវភោជនរបស់អ្នកដទៃឲ្យ ក៏មិនស្រវឹង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុលះបង់សេចក្តីលោភ និងភព វៀរចាកការកាប់កាត់ និងការចង (សត្វដទៃ) ភិក្ខុនោះ ជាអ្នកឆ្លងផុតចាកសេចក្តីងឿងឆ្ងល់ ប្រាសចាកសរ គឺសេចក្តីសោក ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុណា បានដឹងច្បាស់នូវសេចក្តីប្រព្រឹត្តដ៏សមគួររបស់ខ្លួនផង មិនបៀតបៀនជនដទៃណាមួយក្នុងលោកផង ដឹងច្បាស់នូវធម៌តាមសេចក្តីពិត ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។

អនុស័យទាំងឡាយណាមួយ មិនមានដល់ភិក្ខុណា អកុសលមូលទាំងឡាយ ភិក្ខុណា បានដកចោលហើយ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា មិនមានសេចក្តីអាឡោះអាល័យ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។

ភិក្ខុអ្នកអស់អាសវៈហើយ លះបង់នូវមានះ កន្លងផុតនូវធម៌ ជាគន្លងនៃរាគៈទាំងអស់ ទូន្មានខ្លួន សម្រេចនូវព្រះនិព្វាន មានចិត្តតាំងនៅមាំ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុអ្នកមានសទ្ធា ប្រកបដោយសុតៈ ប្រព្រឹត្តទៅក្នុងបរមត្ថ បានឃើញសម្មត្តនិយាម គឺមគ្គ កាលពួកសត្វប្រព្រឹត្តទៅដោយទិដ្ឋិ ៦២ ក៏មិនប្រព្រឹត្តទៅដោយពួក ជាអ្នកប្រាជ្ញា អាចបន្ទោបង់នូវលោភៈ ទោសៈ និងសេចក្តីថ្នាំងថ្នាក់ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុបានឈ្នះកិលេស ដោយអរហត្តមគ្គដ៏បរិសុទ្ធ បើកចេញនូវកិលេសជាគ្រឿងប្រក់ ជាអ្នកស្ទាត់ក្នុងចតុស្សច្ចធម៌ ដល់នូវត្រើយ គឺព្រះនិព្វាន មានសន្តានមិនរំភើបដោយតណ្ហា ជាអ្នកឈ្លាសវៃក្នុងអរិយមគ្គ គ្រឿងដឹងនូវធម៌ជាទីរលត់នៃសង្ខារ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។

ភិក្ខុកន្លងនូវកប្បៈ13) គឺតណ្ហា និងទិដ្ឋិ ក្នុងខន្ធទាំងឡាយ ដែលជាអតីត និងអនាគត ជាអ្នកមានប្រាជ្ញាដ៏បរិសុទ្ធ ព្រោះកន្លងផុត (នូវអទ្ធា ៣14) ) មានចិត្តផុតស្រឡះចាកអាយតនៈទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ភិក្ខុកំណត់ដឹងនូវបទ គឺសច្ចៈមួយ ៗ ហើយត្រាស់ដឹងនូវសច្ចៈធម៌ ឃើញនូវព្រះនិព្វាន មិនមានគ្រឿងដោតក្រង ជាទីលះបង់នូវអាសវៈទាំងឡាយ ព្រោះអស់ទៅនៃឧបធិក្កិលេសទាំងពួង ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។

(ព្រះនិម្មិតពុទ្ធ ពោលសរសើរថា) សេចក្តីពិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីកាយ៉ាងនេះ មានសេចក្តីបែបនោះដដែលថា ភិក្ខុណា មានការនៅយ៉ាងនេះ ជាអ្នកទូន្មានខ្លួន ប្រព្រឹត្តកន្លងនូវសំយោជនធម៌ទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។

ចប់ សម្មាបរិព្វាជនិយសូត្រ ទី១៣។

ធម្មិកសូត្រ ទី១៤

(១៤. ធម្មិកសុត្តំ)

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ធម្មិកឧបាសក បានចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសក ប្រមាណ ៥០០ នាក់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ធម្មិកឧបាសក លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

[៤០] បពិត្រព្រះគោតម ទ្រង់មានព្រះបញ្ញាដូចផែនដី ខ្ញុំសូមក្រាបទូលសួរព្រះអង្គ បុគ្គលដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្តី ឬក៏ពួកឧបាសកមានផ្ទះក្តី ប្រតិបត្តិដូចម្តេច ទើបហៅថាសាវ័កល្អ។

ព្រោះព្រះអង្គជ្រាបច្បាស់នូវគតិផង នូវដំណើរទៅខាងនាយ (ចាកគតិ) ផង របស់សត្វលោក ព្រមទាំងទេវលោក បុគ្គលជាអ្នកឃើញសេចក្តីល្អិត ស្មើដោយព្រះអង្គ មិនមានឡើយ អ្នកប្រាជ្ញទាំងឡាយ តែងពោលសរសើរព្រះអង្គ ថាជាព្រះពុទ្ធដ៏ប្រសើរ។

ព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់អនុគ្រោះពួកសត្វ ទ្រង់ប្រកាសញាណ និងធម៌ទាំងពួង បពិត្រព្រះអង្គទ្រង់មានចក្ខុ គឺប្រាជ្ញាជុំវិញ ព្រះអង្គជាបុគ្គលមានកិលេសគ្រឿងប្រក់បើកចេញហើយ មិនមានមន្ទិល រុងរឿងក្នុងលោកទាំងពួង។

សេ្តចដំរីឈ្មោះឯរាវ័ណ បានឮថា ព្រះមានព្រះភាគ ទ្រង់ឈ្នះនូវបាបធម៌ហើយ ក៏ទៅក្នុងសំណាក់នៃព្រះអង្គ ស្តេចដំរីនោះ ប្រឹក្សានឹងព្រះអង្គ ហើយបានសម្រេចមគ្គផល បានស្តាប់ធម៌ មានចិត្តត្រេកអរ (អនុមោទនា) ថា សាធុ។

សូម្បីស្តេចឈ្មោះវេស្សវណកុវេរៈ ចូលទៅរកព្រះអង្គ ក៏សាកសួរនូវធម៌ លុះស្តេចនោះសួរហើយ ព្រះអង្គក៏បានព្យាករ ស្តេចនោះ លុះបានស្តាប់ ក៏មានចិត្តត្រេកអរ។ ពួកតិរិ្ថយណាមួយ ទោះបីជាអាជីវក ឬនិគ្រន្ថ មានការពោល (អួត) ជាប្រក្រតី ពួកតិរិ្ថយទាំងអស់នោះ ក៏មិនកន្លងព្រះអង្គ ដោយប្រាជ្ញាបាន ដូចជាបុគ្គលឈរ មិនអាចនឹងកន្លងនូវបុរសដែលកំពុងស្ទុះទៅយ៉ាងរហ័សបានដូច្នោះដែរ។ ពួកព្រាហ្មណ៍ណាមួយ ដែលមានការ (អួត) ជាប្រក្រតី ឬពួកព្រាហ្មណ៍ណាមួយ ទោះបីជាព្រឹទ្ធាចារ្យ ពុំនោះសោត ពួកជនដទៃណា ដែលមានសេចក្តីសំគាល់ថា ពួកយើងក៏ជាអ្នកមានវាទៈដែរ ពួកព្រាហ្មណ៍ជាដើមទាំងអស់នោះ សុទ្ធតែជាអ្នកជាប់ជំពាក់ដោយសេចក្តី ចំពោះព្រះអង្គ គឺប្រាថ្នាឲ្យព្រះអង្គកាត់សេចក្តីឲ្យ។

បពិត្រព្រះមានព្រះភាគ ធម៌ណាដែលព្រះអង្គសំដែងដោយប្រពៃហើយ ធម៌នេះឯង ជាធម៌ដ៏ល្អិតផង ជាធម៌នាំមកនូវសេចក្តីសុខផង ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ស្តាប់នូវធម៌នោះឯង បពិត្រព្រះអង្គជាព្រះពុទ្ធដ៏ប្រសើរ កាលបើពួកខ្ញុំព្រះអង្គ ទូលសួរហើយ សូមព្រះអង្គសំដែងនូវធម៌នោះ ឲ្យទាន។

ពួកភិក្ខុ និងពួកឧបាសកទាំងអស់នេះ ក៏បានអង្គុយប្រជុំគ្នា ដើម្បីបានស្តាប់ក្នុងទីនោះដែរ បានស្តាប់នូវធម៌ដែលព្រះពុទ្ធមិនមានមន្ទិល ត្រាស់ដឹងហើយ ដូចជាពួកទេវតា (អង្គុយប្រជុំគ្នាដើម្បីស្តាប់) នូវសុភាសិតរបស់ព្រះឥន្ទ។

(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតចុះ តថាគតនឹងញ៉ាំងអ្នកទាំងឡាយ ឲ្យស្តាប់នូវធម៌ជាគ្រឿងកំចាត់បង់នូវកិលេស អ្នកទាំងអស់គ្នា ចូរប្រព្រឹត្តធម៌ជាគ្រឿងកំចាត់បង់នូវកិលេសនោះ បុគ្គលអ្នកមានប្រាជ្ញា ឃើញនូវប្រយោជន៍ គប្បីសេពគប់នូវឥរិយាបថ ដ៏សមគួរដល់ឋានៈបព្វជិតនោះ។

ភិក្ខុមិនគប្បីត្រាច់ទៅក្នុងកាលខុស ត្រូវតែត្រាច់ទៅបិណ្ឌបាតក្នុងស្រុក ក្នុងកាលគួរ គឺពេលព្រឹកទល់ថ្ងៃត្រង់ ព្រោះថា កិលេសជាគ្រឿងជាប់ចំពាក់ទាំងឡាយ រមែងជាប់នូវបុគ្គលអ្នកត្រាច់ទៅ ក្នុងកាលមិនគួរ ព្រោះហេតុនោះ ព្រះពុទ្ធទាំងឡាយ មិនទៅក្នុងកាលខុសឡើយ។

ធម៌ទាំងឡាយណា គឺរូប សំឡេង ក្លិន រស ផ្សព្វ តែងញ៉ាំងពួកសត្វឲ្យស្រវឹង ភិក្ខុនោះ បន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងធម៌ទាំងឡាយនុ៎ះហើយ គប្បីចូលទៅបិណ្ឌបាតក្នុងកាលគួរ លុះបានបិណ្ឌបាតក្នុងកាលគួរហើយ ត្រូវចៀសចេញទៅតែម្នាក់ឯង អង្គុយសម្ងំក្នុងទីស្ងាត់ គិតនូវខន្ធសន្តានខាងក្នុង គ្រប់គ្រងចិត្តបានល្អហើយ មិនគប្បីនាំចិត្តចេញទៅខាងក្រៅឡើយ។ បើភិក្ខុនោះ ចរចាជាមួយនឹងសាវ័កក្តី អន្យតិរិ្ថយណាមួយក្តី ភិក្ខុក្តី គួរពោលឡើងនូវធម៌ដ៏ឧត្តមនោះ មិនគួរពោលពាក្យញុះញង់ផង មិនគួរពោលពាក្យតិះដៀលអ្នកដទៃផង។

ព្រោះមោឃបុរសពួកមួយ តែងពោលភ្លាត់នូវការនិយាយ (ប្រណាំងប្រជែង) តថាគតមិនសរសើរនូវពួកជន ដែលមានប្រាជ្ញាតិចទាំងនោះឡើយ ការជាប់ចំពាក់ (ដោយវិវាទ តាំងឡើង) អំពីគន្លងនៃពាក្យនោះ ៗ តែងជាប់ចំពាក់នឹងជនទាំងនោះ ដ្បិតជនទាំងនោះ រមែងញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងការនិយាយនោះដ៏ឆ្ងាយ (អំពីសមថៈ និងវិបស្សនា)។ សាវ័កអ្នកមានប្រាជ្ញាដ៏ប្រសើរ ស្តាប់ធម៌ដែលព្រះសុគតទ្រង់សំដែងហើយ គប្បីពិចារណាហើយសឹមសេពនូវបិណ្ឌបាតផង វិហារផង ទីដេក ទីអង្គុយផង ទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិផង។ ព្រោះហេតុនោះ ភិក្ខុមិនជាប់ចិត្តក្នុងធម៌ទាំងនុ៎ះ គឺបិណ្ឌបាត សេនាសនៈ និងទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិ ដូចតំណក់ទឹកមិនជាប់លើស្លឹកឈូក។ ម្យ៉ាងទៀត តថាគតសំដែងនូវវត្តរបស់គ្រហស្ថ ដល់អ្នកទាំងឡាយ សាវ័កអ្នកធ្វើយ៉ាងណា ទើបឈ្មោះថា ជាអ្នកល្អ ព្រោះថា ធម៌របស់ភិក្ខុទាំងអស់ណា (ដែលតថាគតពោលក្នុងកាលមុន) ធម៌នុ៎ះ គឺបុគ្គលប្រកបដោយសេចក្តីហួងហែងមិនបានសម្រេចឡើយ។ បុគ្គលមិនគប្បីសម្លាប់សត្វដោយខ្លួនឯង មិនគប្បីប្រើអ្នកដទៃឲ្យសម្លាប់ មិនគប្បីពេញចិត្តនឹងពួកជនដទៃដែលសម្លាប់ ពួកសត្វណា មានសន្តានចិត្តខ្ជាប់ខ្ជួនក្តី ពួកសត្វណា មានចិត្តតក់ស្លុតក្តី តែងមាននៅក្នុងលោក បុគ្គលគប្បីដាក់ចុះនូវអាជ្ញាក្នុងសត្វទាំងអស់នោះ។ លំដាប់ពីនោះ សាវ័កកាលដឹង គប្បីវៀរបង់នូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប្បីលួចយកទ្រព្យតិចតួច ក្នុងទីណាមួយឡើយ មិនគប្បីពេញចិត្តនឹងពួកជន ដែលលួចទ្រព្យគេឡើយ គប្បីវៀរបង់នូវទ្រព្យទាំងពួង ដែលគេមិនបានឲ្យ។ វិញ្ញូជន គួរវៀរបង់នូវអព្រហ្មចរិយៈ ដូចជាបុគ្គលវៀររណ្តៅរងើកភ្លើងកំពុងឆេះរន្ទាល កាលបើមិនអាចប្រព្រឹត្តព្រហ្មចរិយៈទេ ក៏កុំគប្បីប្រព្រឹត្តកន្លងនូវប្រពន្ធរបស់ជនដទៃ។ បុគ្គលណាមួយ ចូលទៅក្នុងរោងប្រជុំក្តី ចូលទៅក្នុងកណ្តាលបរិស័ទក្តី មិនគប្បីពោលពាក្យកុហកចំពោះជនណាមួយ មិនគប្បីឲ្យអ្នកដទៃនិយាយកុហក មិនគប្បីពេញចិត្តនឹងពួកជនដែលនិយាយកុហកឡើយ គប្បីវៀរនូវពាក្យមិនពិតទាំងពួង។ បុគ្គលមិនគប្បីប្រព្រឹត្តផឹកនូវទឹកស្រវឹង គប្បីពេញចិត្តនឹងធម៌ គឺកិរិយាវៀរចាកការផឹកនោះ គ្រហស្ថណា បានដឹងនូវកិរិយាផឹកនោះ ថាមានភាពឆ្កួតជាបំផុត គ្រហស្ថនោះ មិនគប្បីផឹក មិនគប្បីពេញចិត្តនឹងបុគ្គលដែលផឹកឡើយ។ បុគ្គលពាលទាំងឡាយ ធ្វើនូវអំពើបាបដោយខ្លួនឯងក្តី ឲ្យជនដែលមានសេចក្តីប្រមាទឯទៀតធ្វើក្តី ក៏ព្រោះតែសេចក្តីស្រវឹង (ហេតុនោះ) បុគ្គលគួរលះនូវការផឹកនូវទឹកស្រវឹង ជាគ្រឿងបណ្តាលឲ្យកើតបាប នាំឲ្យឆ្កួត នាំឲ្យវង្វេង ទាំងនាំឲ្យល្ងង់នុ៎ះចេញ។ បុគ្គលមិនគប្បីសម្លាប់សត្វផង មិនគប្បីកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង មិនគប្បីនិយាយពាក្យកុហកផង មិនគប្បីផឹកនូវទឹកស្រវឹងផង គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺសេពមេថុនធម្មផង មិនគប្បីបរិភោគភោជន ក្នុងវេលាយប់ មិនគប្បីបរិភោគភោជន ក្នុងកាលខុស គឺថ្ងៃរសៀលផង មិនគប្បីទ្រទ្រង់នូវកម្រងផ្កាផង មិនគប្បីលាបនូវគ្រឿងក្រអូបផង។ គប្បីដេកលើគ្រែដ៏គួរ ឬកម្រាលដែលក្រាលលើផែនដីផង ព្រោះអ្នកប្រាជ្ញបានពោលនូវឧបោសថប្រកបដោយអង្គប្រាំបីនុ៎ះ ថាជាឧបោសថ ដែលព្រះពុទ្ធ ព្រះអង្គទ្រង់ដល់នូវទីបំផុតនៃទុក្ខ ប្រកាសហើយ។ ព្រោះហេតុនោះ ជនអ្នកមានចិត្តជ្រះថ្លា រក្សាហើយ នូវឧបោសថ ដែលប្រកបដោយអង្គប្រាំបី ឲ្យមានសភាពពេញលេញល្អ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិកបក្ខផង។15)

ន័យមួយទៀត វិញ្ញូជនដែលបានរក្សាឧបោសថ អំពីព្រឹកហើយ គួរមានចិត្តជ្រះថ្លារីករាយ អង្គាសភិក្ខុសង្ឃដោយបាយ និងទឹកតាមសមគួរ។

វិញ្ញូជននោះ គួរចិញ្ចឹមមាតាបិតាដោយធម៌ គួរប្រកបជំនួញដែលប្រកបដោយធម៌ គ្រហស្ថអ្នកមិនប្រមាទ ប្រព្រឹត្តវត្តបែបនេះ រមែងទៅកើត ក្នុងពួកទេវតា ឈ្មោះថាសយម្បភា (ទេវតាមានពន្លឺផ្សាយចេញអំពីខ្លួន)។

ចប់ ធម្មិកសូត្រ ទី១៤។

ចប់ ចូឡវគ្គ ទី២។

ឧទាននៃចូឡវគ្គនោះគឺ

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬធម្មចរិយសូត្រ ១ ព្រាហ្មណធម្មិកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនិយសូត្រ ១ ធម្មិកសូត្រ ១ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវចូឡវគ្គថា មានសូត្រ ១៤ ដូច្នេះឯង។

 

លេខយោង

1)
ចូរមើលតាមនយលក្ខណៈ ត្រង់សម្មាទិដ្ឋិសូត្រ មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ ២០។
2)
សំដៅយកផ្លែឈើខ្ចី។
3)
សំដៅយកមើម និងផ្លែឈើវល្លិ។
4)
សំដៅយកផ្លែឈើដែលដុះក្នុងទឹក មានក្រចាប់ជាដើម។ (អដ្ឋកថា)។
5)
ចំពោះមុខ ល្អ កំបាំងមុខ អាក្រក់។
6)
ការប្រព្រឹត្តកំដៅសរីរៈដ៏ច្រើនប្រភេទ មានព្យាយាមអង្គុយច្រហោងជាដើម ដែលនាំឲ្យលំបាកកាយទទេ ប្រព្រឹត្តទៅព្រោះប្រាថ្នានូវភាពជាទេវតា។ អដ្ឋកថា។
7)
រាគៈក្តី ទោសៈក្តី អកុសលវិតក្កៈ មានកាមវិតក្កៈជាដើមក្តី កើតមកអំពីអត្តភាពទាំងអស់ កាលបើធម៌ទាំងនោះកើតឡើងហើយ ក៏លះបង់នូវកុសលចិត្តស្រឡះ ដូចជាពួកក្មេងអ្នកស្រុក យកខ្សែចងជើងក្អែក ហើយគ្រវែងចោលទៅ។ អដ្ឋកថា។
8)
បានដល់កាយសុចរិតជាដើម។
9)
បានដល់មគ្គព្រហ្មចារ្យ គឺអដ្ឋង្គិកមគ្គ។
10)
មេថុនវិរតិ។
11)
យកឥសី ៦ គឺវិបស្សី សិខី វេស្សភូ កកុសន្ធៈ កោនាគមនៈ កស្សបៈ រួមនឹងព្រះអង្គ ត្រូវជា ឥសី ៧ គឺព្រះអង្គជាឥសីទី៧។ អដ្ឋកថា។
12)
ការបណ្តាលធម្មជាតិ ដូចជាដុំភ្លើងហោះ រន្ទះបាញ់។
13)
ការប្រកាន់ផ្តាច់ថា អញ របស់អញ ក៏បាន។
14)
អទ្ធា ៣ គឺ អតីតទ្ធា បានដល់អវិជ្ជាសង្ខារ, អនាគតទ្ធា បានដល់ ជាតិ ជរា មរណៈ, បច្ចុប្បន្នទ្ធា បានដល់ វិញ្ញាណ ជាខាងដើម ភវៈ ជាទីបំផុត។ អដ្ឋកថា។
15)
រវាង៥ខែ គឺតាំងពីខែអាសាធ ដល់ខែកត្តិក ហៅថា បាដិហារិកបក្ខ។ អដ្ឋកថា។
km/tipitaka/sut/kn/snp/sut.kn.snp.v2.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann