ថេរគាថា ដែលជាគម្ពីរទី៨ នៃខុទ្ទកនិកាយ មាន ២៦៤ កំណាព្យ សរុប ១.២៩១ ឃ្លា ដែលបង្ហាញព្រះសង្ឃសម័យដើម (ភិក្ខុ) រំលឹកពីការតស៊ូ និងសមិទ្ធិផលនានា តាមផ្លូវទៅកាន់ព្រះអរហន្តផល។
sut kn tha បាលី cs-km: sut.kn.tha អដ្ឋកថា: sut.kn.tha_att PTS: ?
ថេរគាថា
«ពាក្យរបស់អ្នកចាស់ទុំ»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(និទានគាថា)
[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចំរើនហើយ កាលបន្លឺឡើង ដូចជាសីហៈ ជាសត្វមានចង្កូមដែលបន្លឺទៀបច្រកនៃភ្នំ ព្រះថេរៈទាំងឡាយតាមនាម តាមគោត្រ តាមវិហារធម៌ តាមអធ្យាស្រ័យ ប្រកបដោយប្រាជ្ញា ជាបុគ្គលមិនខ្ជិលច្រអូស ចំរើនវិបស្សនា ក្នុងទីនោះៗ បានពាល់ត្រូវអច្ចុតបទ គឺព្រះនិព្វាន ពិចារណានូវគុណសម្បត្តិ ដែលលោកបានធ្វើស្រេចហើយ បានសំដែងហើយនូវសេចក្តីដូចតទៅនេះ។
(១. បឋមវគ្គោ)
(១. សុភូតិត្ថេរគាថា)
[២] នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំងហើយ ជាសុខ មិនមានខ្យល់ អ្នកចូរបង្អោរតាមសប្បាយចុះ ចិត្តរបស់អាត្មា ដម្កល់ទុកល្អហើយ ជាចិត្តរួចស្រឡះ (ចាកអាសវៈ) អាត្មាមានព្យាយាមដុតកំដៅកិលេសជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរមកចុះ។
ឮថា ព្រះសុភូតិត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
(២. មហាកោដ្ឋិកត្ថេរគាថា)
[៣] បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យដោយឧបាយប្រាជ្ញា ជាអ្នកមិនរវើររវាយ តែងកំចាត់បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់បក់ផ្តាច់ស្លឹកឈើ។
ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោលគាថា ដោយប្រការដូច្នេះ។
(៣. កង្ខារេវតត្ថេរគាថា)
[៤] អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើងដែលរុងរឿងក្នុងរាត្រី ព្រះតថាគតទាំងឡាយ ជាអ្នកប្រទានពន្លឺចក្ខុ តែងកំចាត់បង់សេចក្តីសង្ស័យរបស់វេនេយ្យជន ដែលមកហើយ។
ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
(៤. បុណ្ណត្ថេរគាថា)
[៥] បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរសជាបណ្ឌិត អ្នកឃើញប្រយោជន៍ ព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកមានប្រាជ្ញាឈ្លាសវៃ មិនប្រមាទ តែងបានប្រយោជន៍ច្រើន ជ្រៅ ល្អិតម៉ត់ចត់ ដែលឃើញបានដោយក្រ។
ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រនាងមន្តានី បានពោលគាថាដោយប្រការដូច្នេះ។
(៥. ទព្វត្ថេរគាថា)
[៦] ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មានបានដោយក្រ បានទូន្មានដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈមានចិត្តសន្តោស ឆ្លងសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត ភិក្ខុទព្វមល្លបុត្តនោះ មានចិត្តខ្ជាប់ខ្ជួន បរិនិព្វានហើយ។
ឮថា ទព្វត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
(៦. សីតវនិយត្ថេរគាថា)
[៧] ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។
ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
(៧. ភល្លិយត្ថេរគាថា)
[៨] បុគ្គលណា កំចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កំចាត់បង់នូវស្ពានបបុស ដែលមានកំឡាំងថយ ជាអ្នកមានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត បុគ្គលនោះ ឈ្មោះថាមានឥន្ទ្រិយទូន្មានហើយ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។
ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។
(៨. វីរត្ថេរគាថា)
[៩] ភិក្ខុណា ដែលគេទូន្មានបានដោយក្រ តែបានទូន្មានខ្លួនឯង ដោយការទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្តសន្តោស ឆ្លងផុតសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម ភិក្ខុនោះ ប្រាសចាករាគៈ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ
វីរត្ថេរ។
(៩. បិលិន្ទវច្ឆត្ថេរគាថា)
[១០] ដំណើរនៃអាត្មាអញមកល្អហើយ មិនមែនប្រាសចាក (បញ្ញា) ទេ សេចក្តីគិតរបស់អាត្មាអញនោះ មិនមែនជាការគិតខុសទេ ព្រោះអាត្មាអញ បានសំរេចគុណដ៏ប្រសើរនោះ ក្នុងធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។
បិលិន្ទវច្ឆត្ថេរ។
(១០. បុណ្ណមាសត្ថេរគាថា)
[១១] បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួនសង្រួមហើយ មិនជាប់ចំពាក់ក្នុងធម៌ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែងកំចាត់ចេញនូវសេចក្តីអាល័យក្នុងលោកនេះ និងលោកខាងមុខបាន ព្រោះដឹងច្បាស់នូវទីកើត និងទីរលត់នៃលោក។
បុណ្ណមាសត្ថេរ។
ឧទាន
និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់បង់ងងឹត ១។
ចប់ បឋមវគ្គ។
(២. ទុតិយវគ្គោ)
(១. ចូឡវច្ឆត្ថេរគាថា)
[១២] ភិក្ខុអ្នកច្រើនដោយសេចក្តីរីករាយក្នុងធម៌ ដែលព្រះពុទ្ធទ្រង់ប្រកាសហើយ រមែងបានសន្តិបទ គឺព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារ ជាគុណធម៌នាំមកនូវសេចក្តីសុខ។
ចូឡវច្ឆត្ថេរ។
(២. មហាវច្ឆត្ថេរគាថា)
[១៣] ភិក្ខុមានប្រាជ្ញាជាកំឡាំង បរិបូណ៌ដោយសីល និងវ័ត មានចិត្តខ្ជាប់ខ្ជួន ត្រេកអរក្នុងឈាន មានស្មារតី បរិភោគភោជនតាមមាន ជាអ្នកប្រាសចាករាគៈ ក្នុងលោកនេះ តែងរង់ចំាកាលកិរិយាប៉ុណ្ណោះ។
មហាវច្ឆត្ថេរ។
(៣. វនវច្ឆត្ថេរគាថា)
[១៤] ភ្នំជាវិការៈនៃថ្មទាំងឡាយនោះ មានពណ៌ខៀវដូចពពក ជាភ្នំដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏បរិសុទ្ធ ដ៏ដេរដាស ដោយសត្វអណ្តើកមាស តែងញ៉ាំងយើងឲ្យរីករាយ។
វនវច្ឆត្ថេរ។
(៤. សិវកសាមណេរគាថា)
[១៥] ឧបជ្ឈាយ៍ និយាយនឹងខ្ញុំថា នែសីវកៈ យើងចេញទៅអំពីស្រុកនេះ កាយរបស់យើងនៅក្នុងស្រុក តែចិត្តរបស់យើងទៅកាន់ព្រៃ យើងសូម្បីដេក ក៏ឈ្មោះថាដើរ ការជាប់ចំពាក់របស់ជនអ្នកចេះដឹង មិនមានទេ។
សាមណេររបស់វនវច្ឆត្ថេរ។
(៥. កុណ្ឌធានត្ថេរគាថា)
[១៦] ភិក្ខុគប្បីកាត់បង់សំយោជនៈខាងក្រោម ៥ គប្បីលះបង់សំយោជនៈខាងលើ ៥ គប្បីចំរើនឥន្ទ្រិយ ៥ តទៅ ជាអ្នកកន្លងនូវគ្រឿងជាប់ចំពាក់ ៥1) ទើបលោកហៅថា ឆ្លងឱឃៈបាន។
កុណ្ឌធានត្ថេរ។
(៦. ពេលដ្ឋសីសត្ថេរគាថា)
[១៧] អាជានេយ្យ2) ដ៏ចំរើន មាននង្គ័លជាទីប្រព្រឹត្តទៅមក ជាសត្វមានបូក តែងទៅបានដោយឥតលំបាក យ៉ាងណាមិញ កាលបើនិរាមិសសុខ ដែលខ្ញុំបានហើយ វេលាយប់ និងថ្ងៃទាំងឡាយរបស់ខ្ញុំ តែងប្រព្រឹត្តកន្លងទៅ ដោយឥតលំបាក ក៏យ៉ាងនោះដែរ
ពេលដ្ឋសីសត្ថេរ។
(៧. ទាសកត្ថេរគាថា)
[១៨] បុគ្គលណា មានថីនមិទ្ធៈផង ជាអ្នកបរិភោគច្រើនផង ល្មោភដេកផង ដេកប្រែប្រួល ៗ ផង ដូចជ្រូកស្រុកធំ ដែលគេចិញ្ចឹមដោយចំណី ក្នុងកាលណា បុគ្គលនោះ ឈ្មោះថា ល្ងង់ខ្លៅ តែងចូលទៅកាន់គភ៌រឿយ ៗ ក្នុងកាលនោះ។
ទាសកត្ថេរ។
(៨. សិង្គាលបិតុត្ថេរគាថា)
[១៩] ភិក្ខុជាអ្នកទទួលមរតករបស់ព្រះពុទ្ធ បានពិចារណានូវផែនដី គឺអត្តភាពនេះ ដោយសំគាល់ថាជារាងឆ្អឹងទាំងអស់ ក្នុងភេសកឡាវ័ន ភិក្ខុនោះ តែងលះបង់កាមរាគបាន ដោយឆាប់រហ័ស ទំនងដូចជាអាត្មាអញ (នេះ)។
សិង្គាលបិតុត្ថេរ។
(៩. កុលត្ថេរគាថា)
[២០] ពួកជនអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកអ្នកធ្វើព្រួញ រមែងពត់ព្រួញ ពួកជាងចំាង រមែងចាំងឈើ (យ៉ាងណាមិញ) ពួកជនអ្នកមានវ័តល្អ រមែងទូន្មានខ្លួនឲ្យត្រង់ (ក៏យ៉ាងនោះដែរ)។
កុឡត្ថេរ។
(១០. អជិតត្ថេរគាថា)
[២១] ខ្ញុំមិនមានមរណភ័យទេ សេចក្តីអាល័យក្នុងជីវិតក៏មិនមាន ខ្ញុំជាអ្នកនឹករឭកខ្ជាប់ ដឹងខ្លួនសព្វគ្រប់ នឹងដាក់ចោលរាងកាយបាន។
អជិតត្ថេរ។
ឧទាន
និយាយអំពីចូឡវច្ឆត្ថេរ ១ មហាវច្ឆត្ថេរ ១ វនវច្ឆត្ថេរ ១ សីវកសាមណេរ ១ កុណ្ឌធានត្ថេរ ១ ពេលដ្ឋសីសត្ថេរ ១ ទាសកត្ថេរ ១ លំដាប់អំពីនោះទៅមុខទៀត គឺសិង្គាលបិតិកត្ថេរ ១ កុឡត្ថេរ ១ អជិតត្ថេរ ១ រួមជា ១០។
ចប់ ទុតិយវគ្គ។
(៣. តតិយវគ្គោ)
(១. និគ្រោធត្ថេរគាថា)
[២២] ខ្ញុំមិនខ្លាចមរណៈភ័យទេ ព្រះសាស្តាចារ្យរបស់យើងទាំងឡាយ ទ្រង់ឈ្លាសវៃ ក្នុងព្រះនិព្វាន ឈ្មោះអមតៈ ភ័យមិនឋិតនៅក្នុងព្រះនិព្វានណា ភិក្ខុទាំងឡាយ តែងដល់ (នូវព្រះនិព្វាននោះ) ដោយមគ្គនោះ។
និគ្រោធត្ថេរ។
(២. ចិត្តកត្ថេរគាថា)
[២៣] ពួកសត្វក្ងោក ជាសត្វមានសម្បុរខៀវ មានកល្អ មានសិរ្ស៍ តែងយំក្នុងព្រៃ ឈ្មោះការវី ក្ងោកទាំងនោះ លុះត្រូវខ្យល់ត្រជាក់បក់មក តែងញ៉ាំងបុគ្គលដែលដេកលក់ និងបុគ្គលអ្នកមានឈាន ឲ្យភ្ញាក់ឡើង។
ចិត្តកត្ថេរ។
(៣. គោសាលត្ថេរគាថា)
[២៤] ខ្ញុំបរិភោគមធុបាយាស ជិតគុម្ពឫស្សី ហើយពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយ (ដោយការទទួល) យកឱវាទខាងស្តាំ ខ្ញុំនឹងត្រឡប់ទៅកាន់ច្រកភ្នំ ហើយចំរើនវិវេកធម៌វិញ។
គោសាលត្ថេរ។
(៤. សុគន្ធត្ថេរគាថា)
[២៥] អ្នកជាបព្វជិតនៅខ្ចីវស្សា ចូរពិចារណាភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អ្នកបានសម្រេចហើយ ពុទ្ធសាសនា អ្នកក៏បានធ្វើហើយ។
សុគន្ធត្ថេរ។
(៥. នន្ទិយត្ថេរគាថា)
[២៦] ផលចិត្តដ៏ប្រសើរ ដែលកើតដោយពន្លឺ (នៃវិញ្ញាណ) របស់ខីណាសវភិក្ខុណា អ្នកជាមារ មានចិត្តអាក្រក់3) តែងជ្រែកនូវខីណាសវភិក្ខុនោះ ហើយដល់នូវសេចក្តីទុក្ខរឿយៗ។
នន្ទិយត្ថេរ។
(៦. អភយត្ថេរគាថា)
[២៧] ខ្ញុំបានស្តាប់ព្រះវាចា ជាសុភាសិតរបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុហើយ បានត្រាស់ដឹងនូវអរិយសច្ចធម៌ដ៏ល្អិត (ដូចខ្មាន់ធ្នូ ជាអ្នកឈ្លាស) បាញ់ចុងរោមកន្ទុយ (នៃចៀម) ដោយព្រួញបាន។
អភយត្ថេរ។
(៧. លោមសកង្គិយត្ថេរគាថា)
[២៨] កាលខ្ញុំចំរើនវិវេកធម៌ ក៏កំចាត់បង់ស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ និងស្មៅយ៉ាប្លង គឺកិលេសគ្រោតគ្រាត កណ្តាល ល្អិត ដោយទ្រូង គឺសេចក្តីព្យាយាមបាន។
លោមសកង្គិយត្ថេរ។
(៨. ជម្ពុគាមិកបុត្តត្ថេរគាថា)
[២៩] អ្នកមិនខ្វល់ខ្វាយចំពោះសំពត់ទេឬ មិនត្រេកអរចំពោះការស្អិតស្អាងទេឬ អ្នកផ្សាយក្លិនសម្រេចអំពីសីលធម៌ឬ ដ្បិតពួកសត្វក្រៅអំពីនេះ មិនផ្សាយ (ក្លិនដូច្នោះទេ)។
ជម្ពុគាមិកបុត្តត្ថេរ។
(៩. ហារិតត្ថេរគាថា)
[៣០] បុគ្គលកាលពត់ខ្លួន (ឲ្យត្រង់) ដូចជាងអ្នកធ្វើព្រួញ ពត់ព្រួញ លុះធ្វើចិត្តឲ្យត្រង់ហើយ ទើបទំលាយ នាំចេញនូវអវិជ្ជាបាន។
ហារិតត្ថេរ។
(១០. ឧត្តិយត្ថេរគាថា)
[៣១] កាលបើអាពាធកើតឡើងដល់ខ្ញុំ ស្មារតីកើតឡើងដល់ខ្ញុំថា អាពាធកើតឡើងដល់អញហើយ នេះជាកាលដែលអញមិនគួរប្រមាទ។
ឧត្តិយត្ថេរ។
ឧទាន
និយាយអំពីនិគ្រោធត្ថេរ ១ ចិត្តកត្ថេរ ១ គោសាលត្ថេរ ១ សុគន្ធត្ថេរ ១ នន្ទិយត្ថេរ ១ អភយត្ថេរ ១ លោមសកង្គិយត្ថេរ ១ ជម្ពុគាមិកបុត្តត្ថេរ ១ ហារិតត្ថេរ ១ ឧត្តិយត្ថេរ ជាឥសី ១។
ចប់ តតិយវគ្គ។
(៤. ចតុត្ថវគ្គោ)
(១. គហ្វរតីរិយត្ថេរគាថា)
[៣២] បុគ្គលដែលត្រូវរបោម និងមូសខាំក្នុងព្រៃធំ គប្បីជាអ្នកមានសតិ អត់ធ្មត់ក្នុងព្រៃនោះ ដូចដំរីដែលនៅក្នុងចំណោមនៃសង្រ្គាម។
គហុរតីរិយត្ថេរ។
(២. សុប្បិយត្ថេរគាថា)
[៣៣] បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់ព្រះនិព្វាន ជាគុណជាតមិនចាស់គ្រាំគ្រា អ្នកក្តៅក្រហាយ បានដល់ព្រះនិព្វានជាគុណជាតដ៏ត្រជាក់ ជានិរាមិសសុខ ជាគុណជាតស្ងប់រម្ងាប់ដ៏ក្រៃលែង ជាគុណដ៏ប្រសើរ ជាទីក្សេមចាកយោគៈ។
សុប្បិយត្ថេរ។
(៣. សោបាកត្ថេរគាថា)
[៣៤] បុគ្គលមានសេចក្តីល្អចំពោះបុត្រតែមួយ ជាទីស្រឡាញ់យ៉ាងណា បុគ្គលត្រូវមានសេចក្តីក្សេមក្សាន្ត មានសោត្ថិភាពចំពោះសព្វសត្វក្នុងទិសទាំងពួង ក៏ដូច្នោះដែរ។
សោបាកត្ថេរ។
(៤. បោសិយត្ថេរគាថា)
[៣៥] កាលខ្ញុំដឹងច្បាស់អស់កាលជានិច្ច ស្រីទាំងនុ៎ះ ដែលមិននៅជិត ប្រសើរ ខ្ញុំចេញអំពីស្រុក ទៅកាន់ព្រៃ ចេញអំពីព្រៃនោះមកកាន់ផ្ទះ ក្រោកចេញចាកផ្ទះនោះ ហើយចៀសចេញទៅ ម្នាលបោសិយៈ អ្នកកុំហៅរក (ស្រីទាំងនោះទៀតឡើយ)។
បោសិយត្ថេរ។
(៥. សាមញ្ញកានិត្ថេរគាថា)
[៣៦] បុគ្គលអ្នកត្រូវការដោយសេចក្តីសុខ4) កាលបើប្រតិបត្តិដើម្បីសេចក្តីសុខនោះ រមែងបានសេចក្តីសុខ (មិនត្រឹមតែប៉ុណ្ណោះ) បុគ្គលណា ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ ជាមគ្គដ៏ត្រង់ ដើម្បីដល់ព្រះនិព្វានឈ្មោះអមតៈ បុគ្គលនោះ រមែងបានកិត្តិគុណផង យសក៏ចំរើនដល់បុគ្គលនោះផង។
សាមញ្ញកាមិត្ថេរ។
(៦. កុមាបុត្តត្ថេរគាថា)
[៣៧] ការស្តាប់ជាការល្អ ការប្រព្រឹត្តិជាការល្អ ការនៅដោយឥតអាល័យ (ក្នុងកាមគុណ) ជាការល្អគ្រប់កាល ការសួរអំពីប្រយោជន៍5) អំពើខាងស្តាំ (ជាការល្អ) អំពើទាំងនោះ ឈ្មោះថាជាសាមញ្ញផលរបស់បុគ្គលអ្នកមិនមានកង្វល់។
កុមាបុត្តត្ថេរ។
(៧. កុមាបុត្តសហាយកត្ថេរគាថា)
[៣៨] ពួកភិក្ខុ កាលត្រាច់ចរ ដេរដាស ទៅកាន់ជនបទផ្សេងៗ ឈ្មោះថា ជាអ្នកមិនសង្រួមផង រមែងញ៉ាំងសមាធិឲ្យភ្លាត់ផង ការត្រាច់ទៅក្នុងដែន នឹងធ្វើប្រយោជន៍អ្វីកើត។ ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសារម្ភកិ្កលេស គប្បីរំពឹង (ក្នុងកម្មដ្ឋាន) ធ្វើកុំឲ្យឧបក្កិលេសតាំងនៅជាប្រធានបានឡើយ។
ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ។
(៨. គវម្បតិត្ថេរគាថា)
[៣៩] ភិក្ខុណា បង្វិលទន្លេសរភូដោយឫទ្ធិ៍បាន ភិក្ខុនោះ គឺគវម្បតិ ជាអ្នកមិនអាស្រ័យ មិនញាប់ញ័រ (ដោយតណ្ហា និងទិដ្ឋិ) ទេវតាទាំងឡាយ តែងនមស្ការនូវព្រះថេរៈនោះ ថាជាមហាមុនី ជាអ្នកកន្លងនូវសង្គធម៌ទាំងពួង ជាអ្នកដល់នូវត្រើយនៃភព។
គវម្បតិត្ថេរ។
(៩. តិស្សត្ថេរគាថា)
[៤០] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់កាមរាគៈចេញ។
តិស្សតេ្ថរ។
(១០. វឌ្ឍមានត្ថេរគាថា)
[៤១] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់ភវរាគៈចេញ។
វឌ្ឍមានត្ថេរ។
ឧទ្ទាន
និយាយអំពីគហុរតីរិយត្ថេរ ១ សុប្បិយត្ថេរ ១ សោបាកត្ថេរ ១ បោសិយត្ថេរ ១ សាមញ្ញកាមិត្ថេរ ១ កុមាបុត្តត្ថេរ ១ កុមាបុត្តសហាយកត្ថេរ ១ គវម្បតិត្ថេរ ១ តិស្សត្ថេរ ១ វឌ្ឍមានត្ថេរ ជាអ្នកមានយសច្រើន ១។
ចប់ ចតុត្ថវគ្គ។
(៥. បញ្ចមវគ្គោ)
(១. សិរិវឌ្ឍត្ថេរគាថា)
[៤២] ផ្លេកបន្ទោរ តែងដាលច្រវាត់ទៅកាន់ចន្លោះភ្នំវេភារៈផង ភ្នំបណ្ឌវៈផង ចំណែកខាងភិក្ខុជាបុត្តរបស់ព្រះមានព្រះភាគ ព្រះអង្គជាបុគ្គលនឹងធឹង ឥតមានគូប្រៀប ក៏តែងចូលទៅកាន់ចន្លោះភ្នំ ចំរើនឈាន។
សិរីវឌ្ឍត្ថេរ។
(២. ខទិរវនិយត្ថេរគាថា)
[៤៣] ម្នាលនាងហលា ម្នាលនាងឧបហលា ម្នាលនាងសីសុបហលា នាងទាំងឡាយ6) ឈ្មោះហលា ឈ្មោះឧបហលា ឈ្មោះសីសុបហលា ចូរជាអ្នកមានសតិខ្ជាប់ខ្ជួនចុះ (ដ្បិតព្រះសារីបុត្តជាបង) របស់នាងទាំងឡាយ បានមកត្រង់ហើយ ដូចអ្នកបាញ់រោមកន្ទុយទ្រាយ។
ខទិរវនិយត្ថេរ។
(៣. សុមង្គលត្ថេរគាថា)
[៤៤] អញរួចស្រឡះហើយ ផុតស្រឡះហើយដោយប្រពៃ អញរបូតស្រឡះហើយ ចាកអាការគម7) ៣យ៉ាង គឺ កាលអញកាន់កណ្តៀវ ១ កាលអញកាន់នង្គ័ល ១ កាលអញកាន់ចបតូច ១ ទោះការងារ (មានកាន់កណ្តៀវជាដើមនោះ) ក្នុងទីនេះ ៗ ក៏ដោយ ឬក៏ការងារ (មានកាន់កណ្តៀវជាដើម) ល្មមហើយ គួរហើយ នែសុមង្គល អ្នកចូររំពឹង (ដល់សមាបត្តិចុះ) នែសុមង្គល អ្នកចូររំពឹងចុះ នែសុមង្គល អ្នកចូរជាអ្នកកុំប្រមាទ។
សុមង្គលត្ថេរ។
(៤. សានុត្ថេរគាថា)
[៤៥] បពិត្រមាតា ពួកញាតិតែងយំរកបុគ្គលដែលស្លាប់ហើយ ឬបុគ្គលដែលរស់នៅ តែមិនបានជួបប្រទះ បពិត្រមាតា ពួកញាតិឃើញអាត្មាកំពុងរស់នៅ បពិត្រមាតា ព្រោះហេតុអ្វី ទើបអ្នកមាតាយំរកអាត្មា។
សានុត្ថេរ។
(៥. រមណីយវិហារិត្ថេរគាថា)
[៤៦] គោ អាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់ រមែងឈរស៊ប់វិញបានយ៉ាងណា (អ្នកទាំងឡាយ ចូរចំណាំខ្ញុំ) ថាជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយទស្សនសម្បត្តិ (គ្រប់គ្រាន់ដោយការឃើញ) ក៏យ៉ាងនោះដែរ។
រមណីយវិហារិត្ថេរ។
(៦. សមិទ្ធិត្ថេរគាថា)
[៤៧] អាត្មាចេញចាកផ្ទះ ចូលកាន់ផ្នួស បួសដោយសទ្ធា សតិ និងបញ្ញារបស់ខ្ញុំចំរើនហើយ ទាំងចិត្ត ក៏ខ្ញុំតម្កល់ទុកប្រពៃហើយ (នែមារចិត្តបាប) អ្នកចូរធ្វើអំពើដ៏គួរតាមប្រាថ្នាចុះ អ្នកនឹងបៀតបៀនអាត្មាមិនបានទេ។
សមិទ្ធិត្ថេរ។
(៧. ឧជ្ជយត្ថេរគាថា)
[៤៨] បពិត្រព្រះពុទ្ធ ជាវីរបុគ្គល ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ ព្រះអង្គជាអ្នករួចស្រឡះចាកកិលេសទាំងពួង ខ្ញុំព្រះអង្គ ជាអ្នកមិនមានអាសវៈ តែងប្រព្រឹត្តទៅក្នុងស្នាមឱវាទនៃព្រះអង្គ។
ឧជ្ជយត្ថេរ។
(៨. សញ្ជយត្ថេរគាថា)
[៤៩] ក្នុងកាលដែលខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ខ្ញុំមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះប្រកបដោយទោស ដែលមិនមែនជាអរិយធម៌ទេ។
សញ្ជយត្ថេរ។
(៩. រាមណេយ្យកត្ថេរគាថា)
[៥០] ចិត្តរបស់ខ្ញុំនោះ មិនញាប់ញ័រ ព្រោះសម្រែកនៃសត្វរៃ ឬព្រោះសត្វព្រៃដែលគួរខ្លាចទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍មូលតែមួយ ត្រេកអរមិនដាច់ (ក្នុងព្រះនិព្វាន)។
រាមណេយ្យកត្ថេរ។
(១០. វិមលត្ថេរគាថា)
[៥១] ផែនដីតែងសើមជ្រាប (ដោយអាបោធាតុ) ខ្យល់ក៏រមែងបក់ ផ្លេកបន្ទោរ ក៏ដាលច្រវាត់ក្នុងអាកាស ឯវិតក្កៈទាំងឡាយ (មានកាមវិតក្កៈជាដើម) របស់ខ្ញុំ រមែងរម្ងាប់ ចិត្តរបស់ខ្ញុំក៏តម្កល់ទុកល្អហើយ។
វិមលត្ថេរ។
ឧទ្ទាន
និយាយអំពីសិរីវឌ្ឍត្ថេរ ១ ខទិរវនិយរេវតត្ថេរ ១ សុមង្គលត្ថេរ ១ សានុត្ថេរ ១ រមណីយវិហារិត្ថេរ ១ សមិទិ្ធត្ថេរ ១ ឧជ្ជយត្ថេរ ១ សញ្ជយត្ថេរ ១ រាមណេយ្យកត្ថេរ ១ វិមលត្ថេរអ្នកលះបង់កិលេស ១។
ចប់ បញ្ចមវគ្គ។
(៦. ឆដ្ឋវគ្គោ)
(១. គោធិកត្ថេរគាថា)
[៥២] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតខ្យល់ចូលបានទេ តែងនំាមកនូវសេចក្តីសុខ ទំាងចិត្តរបស់ខ្ញុំ ក៏តម្កល់ទុកល្អហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) អ្នកចូរបង្អោរមកចុះ។
គោធិកត្ថេរ។
(២. សុពាហុត្ថេរគាថា)
[៥៣] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតខ្យល់ចូលបានទេ តែងនំាមកនូវសេចក្តីសុខ ទំាងចិត្តរបស់ខ្ញុំ ក៏តម្កល់ទុកល្អហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។
សុពាហុត្ថេរ។
(៣. វល្លិយត្ថេរគាថា)
[៥៤] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតមានខ្យល់ចូលបានទេ តែងនំាំមកនូវសេចក្តីសុខ ខ្ញុំជាអ្នកមិនប្រមាទនៅក្នុងខ្ទមនោះ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។
វល្លិយត្ថេរ។
(៤. ឧត្តិយត្ថេរគាថា)
[៥៥] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ខ្ញុំឥតមានបុគ្គលគំរប់ពីរនៅក្នុងខ្ទមនោះទេ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។
ឧត្តិយត្ថេរ។
(៥. អញ្ជនវនិយត្ថេរគាថា)
[៥៦] ខ្ញុំបានចូលទៅកាន់ព្រៃអព័ា្ជន ហើយធ្វើខ្ទមប៉ុនគ្រែអាសន្ទិ8) (ហើយអង្គុយ) ខ្ញុំបានដល់ត្រៃវិជ្ជា ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
អញ្ជនាវនិយត្ថេរ។
(៦. កុដិវិហារិត្ថេរគាថា)
[៥៧] (ខេត្តបាល សួរថា) នរណា (អង្គុយនៅ) ក្នុងខ្ទម (ព្រះថេរៈតបថា) ភិក្ខុអ្នកប្រាសចាករាគៈ មានចិត្តតម្កល់ទុកល្អហើយ (អង្គុយនៅ) ក្នុងខ្ទម ម្នាលអាវុសោ អ្នកចូរដឹងយ៉ាងនេះថា ខ្ទមដែលអ្នកធ្វើហើយ មិនឥតប្រយោជន៍ទេ។
កុដិវិហារិត្ថេរ។
(៧. ទុតិយកុដិវិហារិត្ថេរគាថា)
[៥៨] ខ្ទមនេះជារបស់ចាស់ កាលបើអ្នកប្រាថ្នាខ្ទមថ្មីឯទៀត អ្នកចូរបណ្តេញនូវសេចក្តីប្រាថ្នាចំពោះខ្ទមចាស់ចេញ ម្នាលភិក្ខុ ខ្ទមថ្មីទៀត តែងនាំមកនូវទុក្ខ។
កុដិវិហារិត្ថេរ។
(៨. រមណីយកុដិកត្ថេរគាថា)
[៥៩] ខ្ទមរបស់ខ្ញុំដែលគេឲ្យដោយសទ្ធា ជាខ្ទមគួររីករាយ ជាទីត្រេកអរនៃចិត្ត ខ្ញុំមិនមានសេចក្តីត្រូវការដោយកុមារីទំាំងឡាយទេ ពួកជនណា មានសេចក្តីត្រូវការ ចូរនារីទំាំងឡាយ ទៅក្នុងទីនោះ (របស់ពួកជននោះ) ចុះ។
រមណីយកុដិកត្ថេរ។
(៩. កោសលវិហារិត្ថេរគាថា)
[៦០] ខ្ញុំបួសដោយសទ្ធា ខ្ទមតូច ខ្ញុំបានធ្វើទុកក្នុងព្រៃហើយ ខ្ញុំមិនប្រមាទ មានព្យាយាមដ៏តឹងរ៉ឹង មានសតិខ្ជាប់ខ្ជួន មានការដឹងខ្លួនជាក់លាក់។
កោសល្លវិហារិត្ថេរ។
(១០. សីវលិត្ថេរគាថា)
[៦១] សង្កប្បធម៌ទំាំងនោះ (មាននេក្ខម្មសង្កប្បៈជាដើម) សម្រេចហើយដល់ខ្ញុំ ខ្ញុំមានសេចក្តីត្រូវការនឹងចូលទៅកាន់ខ្ទម ដែលជាខ្ទមនំាំឲ្យខ្ញុំបានដល់នូវវិជ្ជា និងវិមុត្តិ លះបង់នូវមានានុស័យ។
សីវលិត្ថេរ។
ឧទាន
និយាយអំពីគោធិកត្ថេរ ១ សុពាហុត្ថេរ ១ វល្លិយត្ថេរ ១ ឧត្តិយត្ថេរជាឥសី ១ អពា្ជនាវនិយត្ថេរ ១ កុដិវិហារិត្ថេរ ២ លើក រមណីយកុដិកត្ថេរ ១ កោសល្លវិហារិត្ថេរ ១ សីវលិត្ថេរ ១។
ចប់ ឆដ្ឋវគ្គ។
ថេរគាថា ឯកនិបាត
(៧. សត្តមវគ្គោ)
(១. វប្បត្ថេរគាថា)
[៦២] បណ្ឌិតអ្នកឃើញ រមែងឃើញនូវបណ្ឌិតអ្នកឃើញ (ផងគ្នា) ផង ឃើញពាល អ្នកមិនឃើញផង ឯពាលអ្នកមិនឃើញ រមែងមិនឃើញពាល ដែលមិនឃើញ (ផងគ្នា) ផង នូវបណ្ឌិតអ្នកឃើញផង។
វប្បត្ថេរ។
(២. វជ្ជិបុត្តត្ថេរគាថា)
[៦៣] យើងម្នាក់ឯងនៅក្នុងព្រៃ ដូចកំណាត់ឈើដែលគេចោលក្នុងព្រៃ ពួកកុលបុត្តជាច្រើនរូប រមែងស្រឡាញ់យើងដូចពួកសត្វនរកស្រឡាញ់អ្នកដែលទៅកាន់ឋានសួគ៌។
វជ្ជិបុត្តកត្ថេរ។
(៣. បក្ខត្ថេរគាថា)
[៦៤] ពួកសត្វ (ឃ្លាតចាកកុសលធម៌) ធ្លាក់ចុះហើយ រមែងធ្លាក់ចុះ ឯពួកសត្វដែលជាប់ចំពាក់ (ក្នុងកាម) តែងមកវិញ សោឡសកិច្ច ដែលអាត្មាអញធ្វើហើយ ជាតម្រេកដែលគួរត្រេកអរ ព្រះនិព្វានជាសុខដែលមូលមិត្តដោយសេចក្តីសុខ។
បក្ខត្ថេរ។
(៤. វិមលកោណ្ឌញ្ញត្ថេរគាថា)
[៦៥] វិមលកោណ្ឌញ្ញៈ កើតអំពីស្រី មានដើមឈើជាឈ្មោះ (អម្ពបាលី) កើតដោយស្តេច ដូចជាទង់ពណ៌ស (ព្រះបាទពិម្ពិសារ) លះបង់នូវទង់ គឺមានះ កំចាត់បង់នូវទង់ធំ គឺមានះ ដោយប្រាជា្ញដូចជាទង់។
វិមលកោណ្ឌញ្ញត្ថេរ។
(៥. ឧក្ខេបកតវច្ឆត្ថេរគាថា)
[៦៦] ពុទ្ធវចនៈ ដែលបុគ្គលរៀនក្នុងសំណាក់នៃឧក្ខេបកដវច្ឆត្ថេរ ព្រះថេរៈនោះ រមែងសំដែងនូវពុទ្ធវចនៈនោះ ដល់គ្រហស្ថទំាំងឡាយបាន អស់ឆ្នាំជាច្រើន លោកជាអ្នកមានសេចក្តីរីករាយដ៏លើសលុប អង្គុយនៅដ៏ស្ងប់ស្ងៀម។
ឧក្ខេបកដវច្ឆត្ថេរ។
(៦. មេឃិយត្ថេរគាថា)
[៦៧] ព្រះសម្ពុទ្ធ ជាមហាវីរបុរស ព្រះអង្គដល់នូវត្រើយនៃធម៌ទំាងពួង ទ្រង់ប្រៀនប្រដៅហើយ ខ្ញុំបានស្តាប់ធម៌របស់ព្រះអង្គ ជាអ្នកត្រេកអរនៅក្នុងសំណាក់ (ព្រះអង្គ) ត្រៃវិជ្ជា ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បានធើ្វហើយ។
មេឃិយត្ថេរ។
(៧. ឯកធម្មសវនីយត្ថេរគាថា)
[៦៨] កិលេសទំាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទំាងអស់ ខ្ញុំបានដកចោលហើយ ជាតិសំសារ ក៏អស់ហើយ ភពថ្មីទៀត មិនមានក្នុងកាលឥឡូវនេះទេ។
ឯកធម្មសវនិយត្ថេរ។
(៨. ឯកុទានិយត្ថេរគាថា)
[៦៩] សេចក្តីសោក រមែងមិនមានដល់អ្នកប្រាជ្ញ មានចិត្តដ៏ខ្ពង់ខ្ពស់ ជាអ្នកមិនប្រមាទ សិក្សាក្នុងធម៌ ជាគន្លងនៃការចេះដឹង មានតាទិគុណ ជាអ្នកស្ងប់រម្ងាប់ មានសតិគ្រប់កាល។
ឯកុទានិយត្ថេរ។
(៩. ឆន្នត្ថេរគាថា)
[៧០] ខ្ញុំបានស្តាប់សច្ចធម៌ មានរសដ៏ប្រសើរ របស់ព្រះមានព្រះភាគ ជាបុគ្គលប្រសើរ ដែលព្រះពុទ្ធមានសព្វញ្ញុតញ្ញាណប្រសើរ សំដែងហើយ ប្រតិបត្តិចំពោះអដ្ឋង្គិកមគ្គ ដើម្បីដល់ព្រះនិព្វាន ឈ្មោះអមតៈ ព្រះមានព្រះភាគនោះ ព្រះអង្គជាបុគ្គលឈ្លាសវៃក្នុងគន្លងនៃព្រះនិព្វានដ៏ក្សេមចាកយោគៈ។
ឆន្នត្ថេរ។
(១០. បុណ្ណត្ថេរគាថា)
[៧១] សីលហ្នឹងឯង ជាកំពូលក្នុងសាសនានេះ ចំណែកបុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ជ័យជំនះក្នុងមនុស្ស និងទេវតាទំាងឡាយ រមែងមាន ព្រោះសីល និងប្រាជ្ញា។
បុណ្ណត្ថេរ។
ឧទ្ទាន
និយាយអំពីវប្បត្ថេរ ១ វជ្ជិបុត្តកត្ថេរ ១ បក្ខត្ថេរ ១ វិមលកោណ្ឌញ្ញត្ថេរ ១ ឧក្ខេបកដវច្ឆត្ថេរ ១ មេឃិយត្ថេរ ១ ឯកធម្មសវនិយត្ថេរ ១ ឯកុទានត្ថេរ ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ជាអ្នកមានកំឡាំងច្រើន ១។
ចប់ សត្តមវគ្គ។
(៨. អដ្ឋមវគ្គោ)
(១. វច្ឆបាលត្ថេរគាថា)
[៧២] បុគ្គលអ្នកយល់ឃើញប្រយោជន៍ដ៏ល្អិតសុខុមក្រៃលែង ជាអ្នកឈ្លាសវៃដោយប្រាជ្ញា មានកិរិយាប្រព្រឹត្តឱនលំទោន ជាអ្នកសេពល្អហើយនូវសីលនៃព្រះពុទ្ធនោះ មិនមែនបានព្រះនិព្វានដោយក្រទេ។
វច្ឆបាលត្ថេរ។
(២. អាតុមត្ថេរគាថា)
[៧៣] ទំពំាងឫសីនៅខ្ចី មានចុងលូតលាស់ បែកដៃចេញហើយ បុគ្គលបោចរោចចេញបានដោយក្រ យ៉ាងណាមិញ អាត្មា កាលបើមាតានំាភរិយាមកឲ្យ ក៏យ៉ាងនោះដែរ សូមញោមយល់តាមអាត្មាចុះ ព្រោះឥឡូវនេះ អាត្មាបួសហើយ។
អាតុមត្ថេរ។
(៣. មាណវត្ថេរគាថា)
[៧៤] ខ្ញុំឃើញមនុស្សចាស់ជរា ឈឺចាប់ ប្រកបដោយទុក្ខ ទំាងឃើញមនុស្សដល់នូវការអស់ទៅនៃអាយុ ស្លាប់ហើយ ហេតុនោះ ខ្ញុំលះបង់កាមជាទីត្រេកអរនៃចិត្ត ហើយចេញបួស។
មាណវត្ថេរ។
(៤. សុយាមនត្ថេរគាថា)
[៧៥] កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា រមែងមិនមានដល់ភិក្ខុដោយ សព្វគ្រប់។
សុយាមនត្ថេរ។
(៥. សុសារទត្ថេរគាថា)
[៧៦] ការឃើញនូវព្រះអរិយទំាងឡាយ មានអត្តភាពរៀបចំល្អហើយ ជាការប្រពៃ (ព្រោះថា) សេចក្តីសង្ស័យ រមែងដាច់ បញ្ញារមែងចំរើនឡើង ព្រះអរិយៈទំាំងនោះ រមែងធ្វើសូម្បីនូវជនពាល ឲ្យជាបណ្ឌិតបាន ព្រោះហេតុនោះ ការសមាគមនៃសប្បុរសទំាំងឡាយ ជាការប្រពៃ។
សុសារទត្ថេរ។
(៦. បិយញ្ជហត្ថេរគាថា)
[៧៧] កាលពួកសត្វកំពុងប៉ោងឡើង បណ្ឌិតតែងឱនលំទោន កាលពួកសត្វធ្លាក់ចុះ (ដោយអំណាចកោសជ្ជៈ) បណ្ឌិតតែងប្រឹងឡើង កាលពួកសត្វមិនបានអប់រំ (ព្រហ្មចរិយធម៌) បណ្ឌិតតែងអប់រំ កាលពួកសត្វត្រេកអរ (ក្នុងកាមគុណ) បណ្ឌិតមិនត្រេកអរទេ។
បិយពា្ជហត្ថេរ។
(៧. ហត្ថារោហបុត្តត្ថេរគាថា)
[៧៨] ចិត្តនេះ ក្នុងកាលមុន បានត្រាច់ទៅកាន់ចារិក តាមសេចក្តីប្រាថ្នា តាមចំណង់ តាមសេចក្តីស្រួល ថ្ងៃនេះ ខ្ញុំនឹងផ្ទញ់ផ្ទាល់ចិត្តនោះដោយឧបាយ ដូចជាហ្មដំរីអ្នកកាន់កង្វេរ សង្កត់សង្កិនដំរីដែលចុះប្រេង។
ហត្ថារោហបុត្តត្ថេរ។
(៨. មេណ្ឌសិរត្ថេរគាថា)
[៧៩] កាលខ្ញុំមិនទាន់បាន (ញាណ) តែងអន្ទោលទៅកាន់សំសារអស់ជាតិមិនតែមួយទេ គំនរនៃសេចក្តីទុក្ខរបស់ខ្ញុំ ដែលទទួលរងហើយនោះ ជាគំនរទុក្ខប្រាសចេញទៅហើយ។
មេណ្ឌសិរត្ថេរ។
(៩. រក្ខិតត្ថេរគាថា)
[៨០] រាគៈទំាំងពួង ខ្ញុំលះចោលហើយ ទោសៈទំាំងពួង ខ្ញុំក៏ដកចោលហើយ មោហៈទំាំងពួងរបស់ខ្ញុំ ក៏ប្រាសចេញហើយ ខ្ញុំជាបុគ្គលត្រជាក់ រលត់ទុក្ខហើយ។
រក្ខិតត្ថេរ។
(១០. ឧគ្គត្ថេរគាថា)
[៨១] អំពើណា ទោះបីតិច ឬច្រើន ដែលខ្ញុំធ្វើហើយ អំពើទំាំងអស់នុ៎ះ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។
ឧគ្គត្ថេរ។
ឧទ្ទាន
និយាយអំពីវច្ឆបាលត្ថេរ ១ អាតុមត្ថេរ ១ មាណវត្ថេរជាឥសី ១ សុយាមនត្ថេរ ១ សុសារទត្ថេរ ១ បិយពា្ជហត្ថេរ ១ ហត្ថារោហបុត្តត្ថេរ ១ មេណ្ឌសិរត្ថេរ ១ រក្ខិតត្ថេរ ១ ព្រះថេរឈ្មោះឧគ្គៈ ១។
ចប់ អដ្ឋមវគ្គ។
(៩. នវមវគ្គោ)
(១. សមិតិគុត្តត្ថេរគាថា)
[៨២] អំពើលាមកណា ដែលខ្ញុំបានធ្វើហើយ ក្នុងជាតិទំាំងឡាយដទៃ ក្នុងភពមុន អំពើលាមកនោះ ខ្ញុំគប្បីទទួលតែក្នុងជាតិនេះទេ វត្ថុដទៃ មិនមានឡើយ។
សមិតិគុត្តត្ថេរ។
(២. កស្សបត្ថេរគាថា)
[៨៣] ទីមានភិក្ខាហារដ៏សម្បូណ៌ផង ទីដ៏ក្សេមក្សាន្ត មិនមានភ័យផង មានក្នុងទិសណាៗ ម្នាលកូន អ្នកចូរទៅក្នុងទិសនោះ ៗ ចុះ សូមកុំឲ្យអ្នកមានសេចក្តីសោកបៀតបៀនបានឡើយ។
កស្សបត្ថេរ។
(៣. សីហត្ថេរគាថា)
[៨៤] ម្នាលភិក្ខុឈ្មោះសីហៈ ចូរអ្នកកុំប្រមាទ កុំខ្ជិលច្រអូសអស់យប់ និងថ្ងៃ ចូរអ្នកចំរើនកុសលធម៌ចុះ ចូរអ្នកលះបង់នូវគ្រោងកាយ គឺអត្តភាពដោយឆាប់ចុះ។
សីហត្ថេរ។
(៤. នីតត្ថេរគាថា)
[៨៥] បុគ្គលដេកលក់រហូតរាត្រីទំាំងអស់ ត្រេកអរក្នុងពួកគណៈក្នុងវេលាថ្ងៃ ជាអ្នកអ័ប្បបញ្ញា កាលណានឹងធ្វើនូវទីបំផុតនៃទុក្ខបាន។
នីតត្ថេរ។
(៥. សុនាគត្ថេរគាថា)
[៨៦] បុគ្គលឈ្លាសវៃ ក្នុងនិមិត្តរបស់ចិត្ត ដឹងច្បាស់នូវរសនៃវិវេក ដុតកំដៅកិលេស ជាអ្នកមានប្រាជ្ញារក្សាខ្លួន មានស្មារតីតំកល់មាំ គប្បីបាននូវនិរាមិសសុខ គឺព្រះនិព្វាន។
សុនាគត្ថេរ។
(៦. នាគិតត្ថេរគាថា)
[៨៧] ព្រះមានព្រះភាគ ជាសាសា្តចារ្យ កាលសំដែងដោយព្រះអង្គឯង (ដូចផ្លែកន្ទួតព្រៃ) ក្នុងបាតដៃ តែងប្រៀនប្រដៅសង្ឃយ៉ាងនេះថា ផ្លូវដ៏ប្រសើរនេះ ជាផ្លូវទៅកាន់ព្រះនិព្វាន មិនមែនដូចផ្លូវរបស់តិរិ្ថយអ្នកពោលផ្សេងៗ ខាងក្រៅសាសនានេះទេ។
នាគិតត្ថេរ។
(៧. បវិដ្ឋត្ថេរគាថា)
[៨៨] ខន្ធទំាំងឡាយ ខ្ញុំឃើញច្បាស់ហើយ តាមសេចក្តីពិត ភពទំាំងពួង ខ្ញុំទំលាយហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
បវិដ្ឋត្ថេរ។
(៨. អជ្ជុនត្ថេរគាថា)
[៨៩] ខ្ញុំកាលយល់ច្បាស់នូវសច្ចធម៌ទំាំងឡាយ ទើបអាចនឹងរើខ្លួនឡើងចាកទឹក គឺសំសារ ឡើងកាន់ទីគោក គឺព្រះនិព្វាន ដូចជាជំនន់ធំកាលបន្សាត់ទៅ។
អជ្ជុនត្ថេរ។
(៩. (បឋម)-ទេវសភត្ថេរគាថា)
[៩០] ខ្ញុំឆ្លងឡើងផុត ចាកភក់ ចាកល្បាប់ គឺកិលេសហើយ វៀរស្រឡះហើយចាកបាតាល (ទំនាប) គឺយោគៈ រួចផុតហើយចាកឱឃៈផង គន្ថៈផង មានះទំាំងពួង ខ្ញុំកំចាត់បង់ហើយ។
ទេវសភត្ថេរ។
(១០. សាមិទត្តត្ថេរគាថា)
[៩១] ខន្ធ ៥ ខ្ញុំកំណត់ដឹងហើយ ខន្ធ៥ មានឫសគល់ដាច់ហើយ ជាតិសំសារអស់ហើយ ភពថ្មីទៀត (របស់ខ្ញុំ )មិនមានក្នុងកាលឥឡូវនេះ។
សាមិទត្តត្ថេរ។
ឧទ្ទាន
និយាយអំពីសមិតិគុត្តត្ថេរ ១ កស្សបត្ថេរ ១ សីហត្ថេរ ១ នីតត្ថេរ ១ សុនាគត្ថេរ ១ នាគិតត្ថេរ ១ បវិដ្ឋត្ថេរ ១ អជ្ជុនៈជាឥសី ១ ទេវសភត្ថេរ ១ សាមិទត្តត្ថេរ មានកំឡាំងច្រើន ១។
ចប់ នវមវគ្គ។
(១០. ទសមវគ្គោ)
(១. បរិបុណ្ណកត្ថេរគាថា)
[៩២] សុធាភោជន មានរសទំាងរយ អាត្មាអញ មិនសរសើរដូចភោជន គឺនិព្វានសុខ ដែលអាត្មាអញបរិភោគហើយក្នុងថ្ងៃនេះទេ ធម៌ដែលព្រះពុទ្ធគោតម ព្រះអង្គឃើញដោយបញ្ញារាប់មិនបាន ទ្រង់សំដែងហើយ (ទើបជាធម៌មានរសច្រើន)។
បរិបុណ្ណកត្ថេរ។
(២. វិជយត្ថេរគាថា)
[៩៣] ភិក្ខុណា មានអាសវៈអស់ហើយ មិនជ្រប់ក្នុងអាហារ ភិក្ខុណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ (អប្បណិហិតវិមោក្ខ) ជាអារម្មណ៍ ស្នាមជើងរបស់ភិក្ខុនោះៗ បុគ្គលតាមរកឃើញបានដោយក្រ ដូចស្នាមជើងនៃសត្វស្លាបក្នុងអាកាស។
វិជយត្ថេរ។
(៣. ឯរកត្ថេរគាថា)
[៩៤] ម្នាលឯរកៈ កាមទំាងឡាយ ជាទុក្ខ ម្នាលឯរកៈ កាមទំាំងឡាយ មិនមែនជាសុខទេ ម្នាលឯរកៈ បុគ្គលណា ប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះថាប្រាថ្នាទុក្ខ ម្នាលឯរកៈ បុគ្គលណា មិនប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះថាមិនប្រាថ្នាទុក្ខទេ។
ឯរកត្ថេរ។
(៤. មេត្តជិត្ថេរគាថា)
[៩៥] សូមនមស្ការ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាសក្យបុត្តមានសិរី ព្រះធម៌ដ៏ប្រសើរនេះ ព្រះពុទ្ធដល់នូវធម៌ដ៏ប្រសើរនោះ ទ្រង់សំដែងទុកល្អហើយ។
មេត្តជិត្ថេរ។
(៥. ចក្ខុបាលត្ថេរគាថា)
[៩៦] ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែលទោសកំចាត់បង់ហើយ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ទោះបីកាលដេក ក៏ខ្ញុំមិនទៅជាមួយនឹងសំឡាញ់ជាបាបមិត្តទេ។
ចក្ខុបាលត្ថេរ។
(៦. ខណ្ឌសុមនត្ថេរគាថា)
[៩៧] ខ្ញុំបានបូជាផ្កាមួយ រួចក៏បានឲ្យគេបំរើក្នុងឋានសួគ៌អស់ ៨០ កោដិឆ្នាំ (រាប់ដោយឆ្នាំមនុស្ស) ខ្ញុំរលត់ទុក្ខដោយផលនៃកម្មដ៏សេសសល់។
ខណ្ឌសុមនត្ថេរ។
(៧. តិស្សត្ថេរគាថា)
[៩៨] ខ្ញុំលះភាជន៍សំរិទ្ធិដែលមានក្បាច់ ១០០ស្រទាប់ និងភាជន៍មាស មានចម្លាក់ ១០០ ជាន់ ហើយត្រឡប់មកកាន់យកបាត្រដីវិញ ការចូលកាន់ផ្នួសរបស់ខ្ញុំនេះ ឈ្មោះថាជាការអភិសេកទីពីរ។
តិស្សត្ថេរ។
(៨. អភយត្ថេរគាថា)
[៩៩] បុគ្គលកាលឃើញរូប ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ សតិរមែងភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ អាសវៈទំាងឡាយ ដែលជាគ្រឿងនំាំចូលទៅកាន់ឫសគល់នៃភព រមែងចំរើនដល់បុគ្គលនោះ។
អភយត្ថេរ។
(៩. ឧត្តិយត្ថេរគាថា)
[១០០] បុគ្គលកាលស្តាប់សំឡេង ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ សតិរមែងភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ អាសវៈទំាំងឡាយ ដែលជាគ្រឿងនំាចូលទៅកាន់សង្សារ រមែងចំរើនដល់បុគ្គលនោះ។
ឧត្ថិយត្ថេរ។
(១០. (ទុតិយ)-ទេវសភត្ថេរគាថា)
[១០១] បុគ្គលប្រកបដោយសម្មប្បធាន មានសតិប្បដ្ឋានជាអារម្មណ៍ដ៏ដេរដាសដោយផ្កា គឺវិមុត្តិ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ទេវសភត្ថេរ។
ឧទ្ទាន
និយាយអំពីបរិបុណ្ណត្ថេរ ១ វិជយត្ថេរ ១ ឯរកត្ថេរ ១ មេត្តជិត្ថេរ ជាអ្នកប្រាជ្ញ ១ ចក្ខុបាលត្ថេរ ១ ខណ្ឌសុមនត្ថេរ ១ តិស្សត្ថេរ ១ អភយត្ថេរ ១ ឧត្តិយត្ថេរមានបញ្ញាច្រើន ១ ទេវសភត្ថេរ ១។
ចប់ ទសមវគ្គ។
(១១. ឯកាទសមវគ្គោ)
(១. ពេលដ្ឋានិកត្ថេរគាថា)
[១០២] បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាពជាគ្រហស្ថ (ចូលកាន់ផ្នួស) ជាអ្នកមិនបានអប់រំខ្លួន ជាអ្នកមានមាត់ដូចជានង្គ័ល ខ្ជិលច្រអូស បានតែខាងចិញ្ចឹមពោះ ដូចជ្រូកស្រុកធំ ដែលគេបំប៉នដោយចំណី តែងចូលទៅកាន់គភ៌រឿយ ៗ។
ពេលដ្ឋកានិត្ថេរ។
(២. សេតុច្ឆត្ថេរគាថា)
[១០៣] ជនទំាងឡាយ ដែលត្រូវមានះបញ្ឆោត សៅហ្មងក្នុងសង្ខារ ត្រូវលាភៈ អលាភៈ ញាំញីហើយ រមែងមិនបាននូវសមាធិ។
សេតុច្ឆត្ថេរ។
(៣. ពន្ធុរត្ថេរគាថា)
[១០៤] ខ្ញុំមិនត្រូវការដោយលាភនុ៎ះទេ ខ្ញុំបានសេចក្តីសុខ ឆ្អែតដោយធម្មរស ក្រេបផឹករសដ៏ប្រសើរថ្លៃថ្លា មិនធ្វើនូវការជាប់ដោយរសទេ។
ពន្ធុរត្ថេរ។
(៤. ខិតកត្ថេរគាថា)
[១០៥] ឱហ្ន៎ កាយរបស់ខ្ញុំស្រាល កាលខ្ញុំត្រូវបីតិ និងសុខដ៏ទូលាយពាល់ត្រូវហើយ កាយរបស់ខ្ញុំ រមែងអណ្តែតឡើងបានដូចប៉ុយដែលប៉ើងដោយខ្យល់។
ខិតកត្ថេរ។
(៥. មលិតវម្ភត្ថេរគាថា)
[១០៦] បុគ្គលអ្នកឈ្លាសវៃ ទោះបីអផ្សុក រមែងមិននៅ (ក្នុងអាវាសដែលមិនសប្បាយ) សូម្បីកាលត្រេកអរក៏ចៀសចេញ មិនគប្បីនៅគ្រប់គ្រងលំនៅ ដែលប្រកបដោយអំពើមិនជាប្រយោជន៍ទេ។
មលិតវម្ភត្ថេរ។
(៦. សុហេមន្តត្ថេរគាថា)
[១០៧] អត្ថមានអាថ៌កំបំាងច្រើន ទ្រទ្រង់លក្ខណៈដ៏ច្រើន ជនឥតប្រាជ្ញា ឃើញអង្គនៃអត្ថតែមួយ ចំណែកបណ្ឌិតជាអ្នកឃើញអត្ថដ៏ច្រើន។
សុហេមន្តត្ថេរ។
(៧. ធម្មសវត្ថេរគាថា)
[១០៨] ខ្ញុំរំពឹងឃើញហើយ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
ធម្មសំវរត្ថេរ។
(៨. ធម្មសវបិតុត្ថេរគាថា)
[១០៩] ខ្ញុំមានអាយុប្រកបដោយឆ្នាំ ១២០ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
ធម្មសដបិតុត្ថេរ។
(៩. សង្ឃរក្ខិតត្ថេរគាថា)
[១១០] ភិក្ខុនេះត្រេកអរក្នុងទីស្ងាត់ហើយ តែក្រែងមិនអើពើនឹងសាសនារបស់ព្រះមានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែងទេឬ ភិក្ខុនេះ ជាអ្នកមានឥន្ទ្រិយតំាងនៅជាប្រក្រតី នៅក្នុងទីស្ងាត់ដូច្នោះ ដូចជាម្រឹគញី ប្រកបដោយជាតិនៅក្មេង ដែលនៅក្នុងព្រៃ។
សង្ឃរក្ខិតត្ថេរ។
(១០. ឧសភត្ថេរគាថា)
[១១១] ឈើទំាំងឡាយ លូតលាស់ឡើងឰដ៏កំពូលភ្នំ ត្រូវទឹកភ្លៀងបង្អោរចុះថ្មី ៗ ស្រោចស្រប់ហើយ រមែងញុំាងចិត្តគួរដល់ភាវនាកម្មឲ្យកើតឡើងដោយក្រៃលែងដល់ភិក្ខុឈ្មោះឧសភៈ អ្នកប្រាថ្នាវិវេកធម៌ អ្នកមានសេចក្តីសំគាល់ក្នុងព្រៃ។
ឧសភត្ថេរ។
ឧទ្ទាន
និយាយអំពីពេលដ្ឋកានិត្ថេរ ១ សេតុច្ឆត្ថេរ ១ ពន្ធុរត្ថេរ ១ ខិតកត្ថេរ ជាឥសី ១ មលិតវម្ភត្ថេរ ១ សុហេមន្តត្ថេរ ១ ធម្មសំវរត្ថេរ ១ ធម្មសដបិតុត្ថេរ ១ សង្ឃរក្ខិតត្ថេរ ១ ឧសភត្ថេរ ជាមហាមុនី ១។
ចប់ ឯកាទសមវគ្គ។
(១២. ទ្វាទសមវគ្គោ)
(១. ជេន្តត្ថេរគាថា)
[១១២] ការបួសជាការក្រពិត គ្រឹះស្ថានបុគ្គលគ្រប់គ្រងបានដោយក្រ ព្រះធម៌ ជាសភាពជ្រាលជ្រៅ ភោគៈទំាំងឡាយ រកបានដោយក្រ ការប្រព្រឹត្តិ (ចិញ្ចឹមជិវិត) របស់យើង ដោយបច្ច័យតាមមាន តាមបាន ក៏ជាការក្រ យើងគួរគិតនូវអនិច្ចតាធម៌ឲ្យរឿយ ៗ វិញ។
ជេន្តត្ថេរ។
(២. វច្ឆគោត្តត្ថេរគាថា)
[១១៣] ខ្ញុំមានវិជ្ជា ៣ មានការដុតកិលេសច្រើន ជាអ្នកឈ្លាសវៃក្នុងចេតោសមថៈ (ការស្ងប់រម្ងាប់ចិត្ត) ប្រយោជន៍របស់ខ្លួន ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
វច្ឆគោតត្ថេរ។
(៣. វនវច្ឆត្ថេរគាថា)
[១១៤] ភ្នំថ្មទំាំងនោះ មានទឹកថ្លា មានថ្មដ៏ក្រាស់ ដែលប្រកបដោយម្រឹគ មានកន្ទុយដូចគោ (ស្វាខ្មៅ) ដ៏ដេរដាសដោយសារាយក្នុងទឹក តែងញុំាងខ្ញុំឲ្យត្រេកអរ (សុខចិត្តនៅបាន)។
វនវច្ឆត្ថេរ។
(៤. អធិមុត្តត្ថេរគាថា)
[១១៥] កាលបើជីវិតសូន្យថយទៅ សេចក្តីល្អរបស់សមណៈ នឹងមានមកក្នុងទីណា ដល់បុគ្គលអ្នកធ្ងន់ក្នុងកាយដ៏អាក្រក់ ជាប់ដោយសេចក្តីសុខក្នុងសរីរៈ។
អធិមុត្តត្ថេរ។
(៥. មហានាមត្ថេរគាថា)
[១១៦] អ្នកនុ៎ះ នឹងសាបសូន្យចាកភ្នំឈ្មោះនេសាទកៈ (ទីនៅនៃអ្នកនេសាទ) ជាភ្នំមានយស បិទបាំងដោយដើមខ្លែងគង់ នឹងដើមពោនស្វាជាច្រើន។
មហានាមត្ថេរ។
(៦. បារាបរិយត្ថេរគាថា)
[១១៧] បុគ្គលគ្រប់គ្រងទ្វារ សង្រួមដោយល្អ ខ្ជាក់ចោលនូវឫសគល់នៃសេចក្តីទុក្ខ ព្រោះលះបង់ផស្សាយតនៈទំាង ៦ ប្រការ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។
បារាបរិយត្ថេរ។
(៧. យសត្ថេរគាថា)
[១១៨] ខ្ញុំមានខ្លួនប្រោះព្រំល្អ ស្លៀកពាក់ល្អ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង បាននូវវិជ្ជា ៣ ប្រការ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។
យសត្ថេរ។
(៨. កិមិលត្ថេរគាថា)
[១១៩] វ័យ (របស់សត្វ) រមែងធ្លាក់ចុះ ហាក់ដូចជាត្រូវទេវតាបណ្តេញ រូប (របស់យើង) កាលមាននៅ ដោយប្រការដូច្នោះ តែហាក់ដូចជារូបអ្នកដទៃ ខ្លួនខ្ញុំនោះ កាលមានពិត តែហាក់ដូចជាមិនមាន ខ្ញុំរឭកឃើញខ្លួន (របស់ខ្ញុំ) ហាក់ដូចជារឭកឃើញខ្លួនរបស់អ្នកដទៃដែរ។
កិម្ពិលត្ថេរ។
(៩. វជ្ជិបុត្តត្ថេរគាថា)
[១២០] អ្នកចូលទៅកាន់គល់ឈើ និងព្រៃញាតស្បាត ហើយក្រសោបយកព្រះនិព្វាន (មកដាក់) ក្នុងហ្ឫទ័យបាន នែគោតម អ្នកចូរពិនិត្យចុះ កុំមានសេចក្តីប្រមាទឡើយ សេចក្តីរាយមាយចិត្ត នឹងធ្វើអ្វីដល់អ្នកកើត។
វជ្ជីបុត្តត្ថេរ។
(១០. ឥសិទត្តត្ថេរគាថា)
[១២១] ខន្ធទំាំង ៥ មានឫសគល់ដាច់ ដែលខ្ញុំកំណត់ដឹងច្បាស់ហើយ ការអស់ទៅនៃទុក្ខ ខ្ញុំបានដល់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយដែរ។
ឥសិទត្តត្ថេរ។
ឧទ្ទាន
និយាយអំពីជេន្តត្ថេរ ១ វច្ឆគោត្តត្ថេរ ១ វនវច្ឆត្ថេរ អ្នកមាននាមដ៏ប្រសើរ ១ អធិមុត្តត្ថេរ ១ មហានាមត្ថេរ ១ បារាបរិយត្ថេរ ១ យសត្ថេរ ១ កិម្ពិលត្ថេរ ១ វជ្ជីបុត្តត្ថេរ ១ ឥសិទត្តត្ថេរ ជាអ្នកមានយសធំ ១។
ចប់ ទ្វាទសមវគ្គ។
ឧទ្ទាន ក្នុងឯកនិបាតនោះ គឺ
ព្រះថេរៈ ១២០ អង្គ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ដែលព្រះសង្គីតិកាចារ្យ អ្នកស្វែងរកនូវគុណធំ បានរួបរួមទុកដោយល្អ ក្នុងឯកនិបាត។
ចប់ ឯកនិបាត។
(២. ទុកនិបាតោ)
(១. បឋមវគ្គោ)
(១. ឧត្តរត្ថេរគាថា)
[១២២] ភពនីមួយ ជាសភាពទៀងទាត់មិនមានទេ សូម្បីសង្ខារទំាងឡាយ ជាសភាពទៀងទាត់ ក៏មិនមាន ខន្ធទាំងឡាយនោះ រមែងកើតឡើង ច្យុតទៅមក ៗ។ ខ្ញុំបានដឹងច្បាស់នូវទោសនុ៎ះហើយ ជាអ្នកមិនត្រូវការដោយភពទេ បានរលាស់ចាកកាមទំាងពួងហើយ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។
ឮថា ឧត្តរត្ថេរមានអាយុ បានសំដែងនូវគាថាទំាងឡាយដោយប្រការដូច្នេះ។
(២. បិណ្ឌោលភារទ្វាជត្ថេរគាថា)
[១២៣] ជីវិត (របស់ខ្ញុំ)នេះ រមែងមិនមាន ព្រោះការមិនប្រព្រឹត្តិទៅ អាហារមិនមែនធ្វើឲ្យស្ងប់ដល់ហ្ឫទ័យបានទេ គ្រោងកាយ តំាងនៅបានដោយអាហារ ខ្ញុំប្រព្រឹត្តនូវការស្វែងរក ព្រោះឃើញដូច្នេះ។ ការសំពះ និងការបូជាណា ដែលមានក្នុងត្រកូលទំាំងឡាយ បណ្ឌិតទំាំងឡាយ បានពោលនូវការសំពះ និងបូជានោះ ថាដូចជាភក់ សរ គឺកិលេសដ៏ល្អិត គេដកបានដោយក្រ សក្ការៈ ក៏បុរសអាក្រក់លះបានដោយក្រ។
ឮថា បិណ្ឌោលភារទ្វាជត្ថេរដ៏មានអាយុ បានសំដែងនូវគាថាទំាងឡាយដោយប្រការដូច្នេះ។
(៣. វល្លិយត្ថេរគាថា)
[១២៤] ស្វា គឺចិត្ត តែងចូលទៅក្នុងខ្ទម គឺអន្តភាព មានទ្វារ ៥ កាលញាប់ញ័រស្ទុះចុះឡើង តែងត្រាច់ទៅតាមទ្វារ។ នែស្វា អ្នកចូរឈប់ អ្នកកុំស្ទុះទៅឡើយ ខ្ទមរបស់អ្នកនោះ មិនមានដូចក្នុងកាលមុនទៀតទេ អ្នកត្រូវខ្ញុំសង្កត់សង្កិនដោយបញ្ញា អ្នកនឹងទៅកាន់ទីឆ្ងាយមិនបានទេ។
វល្លិយត្ថេរ។
(៤. គង្គាតីរិយត្ថេរគាថា)
[១២៥] ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គា ដោយស្លឹកត្នោត ៣ ធាង ក៏មាន បាត្ររបស់ខ្ញុំ ដូចជាឆ្នាំងស្រោចទឹកដោះស្រស់ឲ្យខ្មោច ក៏មាន សំពត់បង្សុកូលក៏មាន។ ក្នុងរវាងពីរឆ្នាំ ខ្ញុំនិយាយវាចាតែ ១ មាត់ ក្នុងរវាងឆ្នាំទី ៣ គំនរនៃងងឹត (អវិជ្ជា) ខ្ញុំក៏បានទំលាយហើយ។
គង្គាតិរិយត្ថេរ។
(៥. អជិនត្ថេរគាថា)
[១២៦] បើទុកជាបុគ្គលមានវិជ្ជា ៣ លះបង់មច្ចុបាន មិនមានអាសវៈ ពួកជនពាល អ្នកមិនចេះដឹង រមែងមើលងាយបុគ្គលនោះ ថាជាអ្នកមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅវិញ។ បុគ្គលណា ក្នុងលោកនេះ លុះតែជាអ្នកស្វាក់លាភចំពោះបាយ ទឹក ទោះបីមានធម៌ដ៏លាមក បុគ្គលនោះ ទើបពួកជនពាលទំាំងនោះធ្វើសក្ការៈ។
អជិនត្ថេរ។
(៦. មេឡជិនត្ថេរគាថា)
[១២៧] កាលណាខ្ញុំបានស្តាប់សច្ចធម៌របស់ព្រះសាស្តា កាលទ្រង់សំដែង (កាលនោះ) ខ្ញុំមិនដឹងនូវសេចក្តីសង្ស័យ ជាបុគ្គលដឹងសព្វ ចំពោះព្រះសាស្តា ព្រះអង្គជាអ្នកឈ្នះមារ ជាអ្នកដឹកនំាំពួក ជាមហាវីរបុរស ជាសារថីដ៏ប្រសើរខ្ពង់ខ្ពស់ជាងសារថីទំាំងឡាយ ឬសេចក្តីសង្ស័យក្នុងអរិយមគ្គ និងបដិបទា ក៏មិនមានដល់ខ្ញុំដែរ។
មេឡជិនត្ថេរ។
(៧. រាធត្ថេរគាថា)
[១២៨] ភ្លៀង រមែងលេចធ្លុះនូវផ្ទះដែលប្រក់មិនល្អ យ៉ាងណាមិញ រាគៈ រមែងចាក់ធ្លុះចិត្តដែលមិនបានអប់រំល្អ ក៏យ៉ាងនោះដែរ។ ភ្លៀង រមែងមិនលេចធ្លុះនូវផ្ទះដែលប្រក់ល្អ យ៉ាងណាមិញ រាគៈ រមែងមិនចាក់ធ្លុះចិត្តដែលបានអប់រំល្អ ក៏យ៉ាងនោះដែរ។
រាធត្ថេរ។
(៨. សុរាធត្ថេរគាថា)
[១២៩] ជាតិរបស់ខ្ញុំអស់ហើយ សាសនាព្រះជិនស្រី ខ្ញុំបានប្រព្រឹត្តចប់ហើយ ឃ្នាប (បណ្តាញនៃទិដ្ឋិ) ខ្ញុំបានលះបង់ហើយ តណ្ហាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ កុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺការអស់ទៅនៃសញ្ញោជនៈទំាំងអស់នោះ ខ្ញុំក៏បានដល់ហើយ។
សុរាធត្ថេរ។
(៩. គោតមត្ថេរគាថា)
[១៣០] ពាក្យសច្ចៈ ចំពោះស្ត្រីណា ដែលគេគប្បីរក្សាគ្រប់កាលទំាំងពួង ជាពាក្យដែលគេរកបានដោយក្រក្រៃលែង ពួកជនណា មិនជាប់ចំពាក់ចំពោះស្ត្រីទំាំងនោះ ពួកជននោះ ឈ្មោះថាមុនី រមែងដេកនៅជាសុខ។
នែកាម យើងបានប្រព្រឹត្តនូវការសម្លាប់អ្នកហើយ ឥឡូវនេះ យើងមិនជាប់បំណុលនឹងអ្នកទេ យើងនឹងទៅកាន់ព្រះនិព្វានឥឡូវនេះ ដែលជាទីទៅ ហើយមិនសោយសោក។
គោតមត្ថេរ។
(១០. វសភត្ថេរគាថា)
[១៣១] កុហក បុគ្គលនោះសម្លាប់ខ្លួនឯង (ដោយការប្រព្រឹត្តិលាមក) មុន សម្លាប់បុគ្គលដទៃក្រោយ បុគ្គលបំផ្លាញខ្លួនឯង បំផ្លាញបានដោយងាយ ដូចព្រានបក្សីសម្លាប់ (សត្វស្លាប) ដោយធ្នាក់។ បុគ្គលមានតែវណ្ណៈខាងក្រៅ9) មិនឈ្មោះថាព្រាហ្មណ៍ទេ លុះតែមានវណ្ណៈខាងក្នុង10) ទើបឈ្មោះថាព្រាហ្មណ៍ បពិត្រសុជម្បតិ បាបកម្មមានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថាបុគ្គលខ្មៅ។
វសភត្ថេរ។
ឧទ្ទាន
និយាយអំពីឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរ ជាឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈទំាំង ១០ នេះ ជាអ្នកមានឫទ្ធិច្រើន។
ចប់ បឋមវគ្គ។
(២. ទុតិយវគ្គោ)
(១. មហាចុន្ទត្ថេរគាថា)
[១៣២] ការស្តាប់ដោយល្អ ជាការចំរើននៃអ្នកស្តាប់ ការស្តាប់ ជាការចំរើននៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់សេចក្តីបានដោយសារបញ្ញា សេចក្តីដែលយល់ហើយ រមែងនំាំសុខមកឲ្យ។
បុគ្គលគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តធម៌ ដែលជាហេតុរួចស្រឡះចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរក្នុងទីស្ងាត់នោះទេ គប្បីជាអ្នកមានសតិ រក្សាខ្លួននៅក្នុងពួកចុះ។
មហាចុន្ទត្ថេរ។
(២. ជោតិទាសត្ថេរគាថា)
[១៣៣] ពួកជនណា បៀតបៀនពួកមនុស្ស ដោយកម្ម ដែលច្រឡំដោយកម្មក្លាក្លាំងផង ដោយកម្មផ្សេងៗ ផង ពួកជនទំាំងនោះ ឈ្មោះថាមានព្យាយាមអាក្រក់ ជនទាំងនោះ តែងត្រូវជន (ឯទៀត) ធ្វើ (ឲ្យដល់នូវសេចក្តីទុក្ខ) តាមដំណើរដូច្នោះ ព្រោះថា កម្ម (របស់ជននោះ) មិនចេះវិនាសទេ។ ជនធ្វើនូវកម្មណា ទោះបីល្អ ឬអាក្រក់ ធ្វើនូវកម្មណា ៗ រមែងជាទាយាទ (ទទួលផល) នៃកម្មនោះៗ។
ជោតិទាសត្ថេរ។
(៣. ហេរញ្ញកានិត្ថេរគាថា)
[១៣៤] ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់សត្វទំាំងឡាយ រមែងអស់ទៅ ដូចទឹកស្ទឹងតូច។ ជនពាលដែលកំពុងធ្វើកម្មដ៏លាមក ក៏មិនភ្ញាក់រលឹក (រហូតដល់) ផលដ៏ក្តៅក្រហាយមានដល់គេក្នុងកាលជាខាងក្រោយ ព្រោះថាវិបាករបស់កម្មនោះ ជាវិបាកដ៏លាមក។
ហេរញ្ញកានិត្ថេរ។
(៤. សោមមិត្តត្ថេរគាថា)
[១៣៥] បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងជំនន់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យមនុស្សខ្ជិល ទុកជាមានការរស់នៅដោយល្អ ក៏រមែងលិចចុះ (ក្នុងសង្សារវដ្ត) យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បីវៀរបុគ្គលខ្ជិល អ្នកមានព្យាយាមថោកទាបនោះចេញ គប្បីនៅរួមជាមួយនឹងពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់ មានឈាន មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) ជាបណ្ឌិត មានព្យាយាមតឹងរឹងអស់កាលជានិច្ច។
សោមមិត្តត្ថេរ។
(៥. សព្វមិត្តត្ថេរគាថា)
[១៣៦] ជន11) ទាក់ទងនឹងជន ជនអាស្រ័យនូវជន ជនត្រូវជនបៀតបៀនផង ជនបៀតបៀនជនផង។ ព្រោះថាប្រយោជន៍អ្វី ដោយជនរបស់ជននោះ ឬដោយជនដែលឲ្យកើតហើយ អាត្មាអញ គប្បីលះនូវជន ដែលបៀតបៀនជនច្រើន ហើយទៅ។
សព្វមិត្តត្ថេរ។
(៦. មហាកាឡត្ថេរគាថា)
[១៣៧] ស្រីឈ្មោះនាងកាឡី មានសរីៈធំ មានរូបខ្មៅដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំបាក់ភ្លៅម្ខាងទៀត បំបាក់ដៃម្ខាង ហើយបំបាក់ដៃម្ខាងទៀត ទំលាយនូវក្បាល (របស់មនុស្សស្លាប់ ធ្វើឲ្យមានខួរហូរចេញ ) ដូចឆ្នាំងទធិ ស្រីនុ៎ះអង្គុយរៀបចំ (សរីរៈសពនោះ) បុគ្គលណា អ្នកមិនឈ្លាសវៃ តែងធ្វើនូវឧបធិកិ្កលេស បុគ្គលនោះ ជាមនុស្សល្ងង់ រមែងដល់នូវសេចក្តីទុក្ខរឿយៗ ព្រោះហេតុនោះ បុគ្គលកាលដឹង មិនគួរធ្វើឧបធិឡើយ អាត្មាអញ សូមកុំឲ្យមានក្បាលបែកធ្លាយ ដេក (ស្តូកស្តឹង) ទៀតឡើយ។
មហាកាឡត្ថេរ។
(៧. តិស្សត្ថេរគាថា)
[១៣៨] បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដី ជាអ្នកបានបាយ ទឹក សំពត់ និងទីដេក ឈ្មោះថាបានវត្ថុជាសត្រូវច្រើន។ ភិក្ខុអ្នកមានសតិ លុះដឹងទោសនុ៎ះ ថាជាភ័យធំ ក្នុងសក្ការៈទំាំងឡាយហើយ គួរជាអ្នកមានលាភតិច មិនឈ្លក់ដោយលាភ វៀរឲ្យស្រឡះ។
តិស្សត្ថេរ។
(៨. កិមិលត្ថេរគាថា)
[១៣៩] សក្យបុត្តទំាងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់នូវភោគសម្បត្តិជាច្រើន (ទៅនៅ) ក្នុងព្រៃឈ្មោះបាចីនវង្សទាយៈ ត្រេកអរចំពោះវត្ថុដែលតំាងនៅក្នុងបាត្រ ដោយការស្វែងរក មានព្យាយាមខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាតមាំ អស់កាលជានិច្ច លះបង់នូវតម្រេកក្នុងផ្លូវលោក ហើយត្រេកអរដោយតម្រេកក្នុងផ្លូវធម៌។
កម្ពិលត្ថេរ។
(៩. នន្ទត្ថេរគាថា)
[១៤០] ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ (កាយ) ជាបុគ្គលអណ្តែតអណ្តូង ឃ្លេងឃ្លោង ត្រូវកាមរាគបៀតបៀន ព្រោះមិនមានយោនិសោមនសិការៈ។ (ឥឡូវនេះ) ខ្ញុំដកចិត្តក្នុងភពបានហើយ ព្រោះប្រតិបត្តិដោយយោនិសោមនសិការៈ តាមព្រះពុទ្ធ ជាអាទិច្ចពន្ធុ ព្រះអង្គមានកុសលោបាយ (ឧបាយល្អ)។
នន្ទត្ថេរ។
(១០. សិរិមត្ថេរគាថា)
[១៤១] បើពួកបរេជន (មនុស្សផ្តេសផ្តាស) សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួន ពួកបរេជន សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួននោះឯង ជាការណ៍ឥតអំពើ។ បើពួកបរេជន តិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អ ពួកបរេជនតិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អនោះឯង ជាការណ៍ឥតអំពើ។
សិរិមន្តុត្ថេរ។
ឧទ្ទាន
និយាយអំពីមហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោមមិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជាថេរៈ ១០ អង្គ មានឫទ្ធិច្រើន។
ចប់ ទុតិយវគ្គ។
(៣. តតិយវគ្គោ)
(១. ឧត្តរត្ថេរគាថា)
[១៤២] ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហា ខ្ញុំដកចេញស្រឡះហើយ ពោជ្ឈង្គ ខ្ញុំបានចំរើនហើយ ការក្ស័យទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។ ខ្ញុំនោះ លុះកំណត់ដឹងខន្ធហើយ លុះដកចេញនូវបណ្ដាញ គឺតណ្ហាហើយ លុះចំរើនពោជ្ឈង្គហើយ ក៏ទៅជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ឧត្ដរត្ថេរ។
(២. ភទ្ទជិត្ថេរគាថា)
[១៤៣] ប្រាសាទមាស ខាងទទឹង មានសន្ទុះនៃសរ ១៦12) ខាងកំពស់ មានសន្ទុះនៃសរ ១ ពាន់13) របស់ព្រះរាជាអង្គណា ព្រះរាជាអង្គនោះ ទ្រង់ព្រះនាមថា បនាទៈ។ ប្រាសាទនោះ មានសន្ទុះនៃសរ ១ពាន់ មានជាន់ជាច្រើន មានទង់ជ័យជាច្រើន សំរេចដោយកែវមណីខៀវ អ្នករបាំ ក៏បានរាំលើប្រាសាទនោះ អ្នករបាំ ៦.០០០ នាក់ (តែងរាំ) ក្នុងជាន់ទី៧។
ភទ្ទជីត្ថេរ។
(៣. សោភិតត្ថេរគាថា)
[១៤៤] ខ្ញុំជាភិក្ខុមានស្មារតី មានបញ្ញា មានកម្លាំងព្យាយាមម៉ឺងម៉ាត់ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។ ខ្ញុំកាលចំរើនសតិប្បដ្ឋាន៤ ពោជ្ឈង្គ៧ និងមគ្គ៨ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។
សោភិតត្ថេរ។
(៤. វល្លិយត្ថេរគាថា)
[១៤៥] អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាមដ៏មាំ អំពើណាដែលបុគ្គលប្រាថ្នាដើម្បីត្រាស់ដឹងគប្បីធ្វើ ខ្ញុំនឹងធ្វើអំពើនោះៗ មិននឿយណាយទេ អ្នកចូរមើលសេចក្ដីព្យាយាម សេចក្ដីប្រឹងប្រែងចុះ អ្នកចូរប្រាប់ផ្លូវ ដែលជាផ្លូវឈមទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈដល់ខ្ញុំ ខ្ញុំនឹងដឹងបានដោយញាណជាគ្រឿងដឹងដូចខ្សែទឹកទន្លេគង្គា (មិននឿយណាយ) នឹងសាគរ។
វល្លិយត្ថេរ។
(៥. វីតសោកត្ថេរគាថា)
[១៤៦] កាលកប្បកបុរស ចូលមកនិយាយថា ខ្ញុំនឹងកោរសក់របស់ខ្ញុំ (លំដាប់នោះ) ខ្ញុំទាញយកកញ្ចក់អំពីដៃកប្បកបុរសនោះ ហើយឆ្លុះមើលសរីរៈ។ រាងកាយប្រាកដជារបស់ទទេ ងងឹតក្នុងទីងងឹត គឺអវិជ្ជាក៏ប្រាសចេញហើយ កិលេសដូចជាកំណាត់សំពត់ទាំងអស់ ខ្ញុំបានផ្ដាច់ចោលអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
វីតសោកត្ថេរ។
(៦. បុណ្ណមាសត្ថេរគាថា)
[១៤៧] ខ្ញុំលះបង់នីវរណៈទាំង ៥ ដើម្បីដល់ព្រះនិព្វានដ៏ក្សេមចាកយោគៈ កាន់យកកញ្ចក់គឺធម៌ ជាញាណទស្សនៈរបស់ខ្លួន ឆ្លុះមើលរាងកាយនេះទាំងអស់ ទាំងខាងក្នុង ទាំងខាងក្រៅ កាយប្រាកដជារបស់ទទេ ទាំងខាងក្នុង ទាំងខាងក្រៅ។
បុណ្ណមាសត្ថេរ។
(៧. នន្ទកត្ថេរគាថា)
[១៤៨] គោអាជានេយ្យដ៏ចំរើន ភ្លាត់ហើយ រមែងឈរស៊ប់ឡើងវិញ ទោះបីបាននូវសេចក្ដីតក់ស្លុត ក៏ជាសត្វមានចិត្តមិនរួញរា រមែងនាំនូវធុរៈទៅបាន យ៉ាងណាមិញ អ្នកទាំងឡាយ សូមជ្រាបនូវខ្ញុំ ថាជាអាជានេយ្យ បរិបូណ៌ដោយទស្សនៈ ជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាបុត្ត ជាឱរសរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ។
នន្ទកត្ថេរ។
(៨. ភរតត្ថេរគាថា)
[១៤៩] ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅកាន់សំណាក់នៃព្រះឧបជ្ឈាយ៍ នឹងបន្លឺឡើងនូវសីហនាទ ក្នុងទីចំពោះព្រះភក្រ្ដនៃព្រះពុទ្ធដ៏ប្រសើរ។ ព្រះពុទ្ធជាមុនី ទ្រង់បំបួសយើងដោយសេចក្ដីអនុគ្រោះយើង ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ យើងបានដល់ហើយ ការអស់ទៅនៃសំយោជនៈទាំងពួង (យើងក៏បានដល់ហើយ)។
ភារតត្ថេរ។
(៩. ភារទ្វាជត្ថេរគាថា)
[១៥០] ពួកអ្នកប្រាជ្ញប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្គ្រាម គឺកិលេស ឈ្នះមារ ព្រមទាំងវាហនៈរបស់មារ តែងបន្លឺឡើងយ៉ាងនេះ ដូចជាសីហៈបន្លឺលើកំពូលភ្នំ។
ព្រះសាស្ដា ខ្ញុំបានគោរពហើយ ព្រះធម៌ និងព្រះសង្ឃ ខ្ញុំបានបូជាហើយ មួយទៀត ខ្ញុំមានចិត្តត្រេកអររីករាយ ព្រោះឃើញកូនជាអ្នកមិនមានអាសវៈ។
ភារទ្វាជត្ថេរ។
(១០. កណ្ហទិន្នត្ថេរគាថា)
[១៥១] ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ ខ្ញុំក៏បានស្តាប់ហើយរឿយ ៗ លុះខ្ញុំស្តាប់ហើយ ក៏ដើរតាមផ្លូវធម៌ ដែលឈមទៅកាន់ព្រះនិព្វានឈ្មោះអមតៈ។ ខ្ញុំត្រូវភវរាគៈបៀតបៀន (ឥឡូវនេះ) ភវរាគៈមិនមានដល់ខ្ញុំទៀតទេ ភវរាគៈ (ក្នុងអតីតកាល) មិនមានហើយដល់ខ្ញុំ (ក្នុងអនាគត) ក៏នឹងមិនមានទេ ក្នុងបច្ចុប្បន្ននេះទៀត ក៏មិនមានដល់ខ្ញុំដែរ។
កណ្ហទិន្នត្ថេរ។
ឧទ្ទាន
និយាយអំពីឧត្តរត្ថេរ ១ ភទ្ទជិត្ថេរ ១ សោភិតត្ថេរ ១ វល្លិយត្ថេរ ជាឥសី ១ វីតសោកត្ថេរ ១ បុណ្ណមាសត្ថេរ ១ នន្ទកត្ថេរ ១ ភារតត្ថេរ ១ ភារទ្វាជត្ថេរ ១ កណ្ហទិន្នត្ថេរ ជាមហាមុនី ១។
ចប់ តតិយវគ្គ។
(៤. ចតុត្ថវគ្គោ)
(១. មិគសិរត្ថេរគាថា)
[១៥២] កាលដែលខ្ញុំបួសក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ក៏បានរួចស្រឡះ (ចាកកិលេស) បានកន្លងកាមធាតុ កាលព្រះពុទ្ធជាបុគ្គលប្រសើរ កំពុងពិនិត្យពិចារណា ចិត្តរបស់ខ្ញុំ ក៏បានរួចផុតចាកកិលេស វិមុត្តិរបស់ខ្ញុំ លែងកំរើក ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។
មិគសិរត្ថេរ។14)
(២. សិវកត្ថេរគាថា)
[១៥៣] ផ្ទះ គឺអត្តភាពទាំងឡាយ (ដែលកើត) រឿយៗ ក្នុងភពនោះ ៗ ជារបស់មិនទៀង ឥឡូវនេះ អាត្មាអញ កំពុងតែខំស្វែងរកជាង គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ការកើតរឿយ ៗ ជាហេតុនាំមកនូវសេចក្ដីទុក្ខ។ នែជាងផ្ទះ អ្នក គឺយើងបានឃើញច្បាស់ហើយ អ្នកនឹងធ្វើផ្ទះទៀតមិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសទាំងអស់របស់អ្នក យើងបានបំបាក់អស់ហើយ ទាំងហោជាង គឺអវិជ្ជាទៀតសោត យើងបានរុះរើចោលអស់ហើយ ចិត្តដែលយើងធ្វើឲ្យរីងស្ងួត ក៏នឹងរលត់ក្នុងភពនេះឯង។
សិវកត្ថេរ។
(៣. ឧបវាណត្ថេរគាថា)
[១៥៤] ព្រះមុនី ជាព្រះអរហន្ត មានព្រះដំណើរល្អ ក្នុងលោក ទ្រង់អាពាធព្រោះខ្យល់ ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកមានទឹកក្ដៅ ចូរអ្នកថ្វាយដល់ព្រះមុនី។
(ព្រោះថា) ព្រះពុទ្ធ ត្រូវពួកបូជនេយ្យបុគ្គលបូជាហើយ ត្រូវពួកសក្ករេយ្យបុគ្គល (បុគ្គលដែលគេគប្បីធ្វើសក្ការៈ) ធ្វើសក្ការៈហើយ ត្រូវពួកអបចិនេយ្យបុគ្គល (បុគ្គលដែលគេគប្បីកោតក្រែង) កោតក្រែងហើយ អាត្មាប្រាថ្នានឹងនាំទឹកក្ដៅទៅថ្វាយព្រះអង្គ។
ឧបវាណត្ថេរ។
(៤. ឥសិទិន្នត្ថេរគាថា)
[១៥៥] ពួកឧបាសក អ្នកទ្រទ្រង់ព្រះបរិយត្តិធម៌ដែលខ្ញុំជួបហើយ បាននិយាយថា កាមទាំងឡាយ ជារបស់មិនទៀង តែពួកឧបាសកនោះ នៅត្រេកអរក្រៃពេក ក្នុងកែវមណី និងកណ្ឌលទាំងឡាយផង ជាអ្នកអាឡោះអាល័យក្នុងកូន និងប្រពន្ធផង។ ពួកឧបាសកទាំងនោះ មិនទាន់ដឹងធម៌ពិតទេ គ្រាន់តែចេះនិយាយថា កាមទាំងឡាយជារបស់មិនទៀង ឧបាសកទាំងនោះ មិនទាន់មានកម្លាំងញាណដើម្បីកាត់ផ្ដាច់នូវរាគៈទេ ព្រោះហេតុនោះ បានជានៅជាប់ស្អិតចំពោះកូន ប្រពន្ធ និងទ្រព្យសម្បត្តិ។
ឥសិទិន្នត្ថេរ។
(៥. សម្ពុលកច្ចានត្ថេរគាថា)
[១៥៦] ភ្លៀងបង្អុរចុះផង មេឃគ្រហឹមលាន់គ្អឹល ៗ ផង (ក្នុងពេលនោះ) អាត្មាអញនៅតែម្នាក់ឯងក្នុងរូងភ្នំដែលគួរខ្លាច កាលដែលអាត្មាអញនោះ នៅក្នុងរូងភ្នំដែលគួរខ្លាចតែម្នាក់ឯង ភ័យក្ដី សេចក្ដីតក់ស្លុតក្ដី សេចក្ដីព្រឺរោមក្ដី មិនមានទេ។ កាលអាត្មាអញនៅម្នាក់ឯងក្នុងរូងភ្នំដែលគួរខ្លាច ភ័យក្ដី សេចក្ដីតក់ស្លុតក្ដី សេចក្ដីព្រឺរោមក្ដី មិនមានឡើយ នេះជាធម្មតារបស់អាត្មាអញ។
សម្ពុលកច្ចានត្ថេរ។
(៦. និតកត្ថេរគាថា)
[១៥៧] ចិត្តរបស់ភិក្ខុណាមួយ មានឧបមាដោយដុំថ្ម តាំនៅស៊ប់ រមែងមិនញាប់ញ័រ (ដោយលោកធម៌) ចិត្តដែលប្រាសចាកសេចក្ដីត្រេកអរក្នុងវត្ថុទាំងឡាយ ដែលគួរត្រេកអរ រមែងមិនប្រទូស្ដក្នុងវត្ថុដែលគួរប្រទូស្ដ។ បុគ្គលណា អប់រំចិត្តបានយ៉ាងនេះ បុគ្គលនោះ នឹងដល់នូវសេចក្ដីទុក្ខអំពីណាបាន។ ចិត្តរបស់អាត្មាអញ មានឧបមាដោយភ្នំថ្ម តាំងនៅស៊ប់ រមែងមិនញាប់ញ័រ ចិត្តអាត្មាអញ ប្រាសចាកសេចក្ដីត្រេកអរក្នុងវត្ថុទាំងឡាយ ដែលគួរត្រេកអរ រមែងមិនប្រទូស្ដក្នុងវត្ថុដែលគួរប្រទូស្ដ។ អាត្មាអញ អប់រំចិត្តបានយ៉ាងនេះ អាត្មាអញនឹងដល់នូវសេចក្ដីទុក្ខអំពីណាបាន។
ខិតកត្ថេរ។
(៧. សោណបោដិរិយត្ថេរគាថា)
[១៥៨] រាត្រី ជារបៀបនៃនក្ខត្តឫក្ស (មានដរាបណា) វិញ្ញូជនមិនគួរដេកលក់ដរាបនោះទេ រាត្រីនុ៎ះ វិញ្ញូជនគួរប្រាថ្នាដើម្បីប្រតិបត្តិ។ ប្រសិនបើដំរីជាន់អញ ដែលធ្លាក់ចុះចាកកនៃដំរី សេចក្ដីស្លាប់របស់អញ ក្នុងសង្គ្រាម (យ៉ាងនេះ) ប្រសើរជាង អាត្មាអញដែលចាញ់ហើយរស់នៅ មិនប្រសើរសោះឡើយ។
សោណបោដិរិយបុត្តត្ថេរ។
(៨. និសភត្ថេរគាថា)
[១៥៩] វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមានសភាពគួរស្រឡាញ់ គួររីករាយនៃចិត្ត ហើយចេញអំពីផ្ទះ (ទៅបួស) ដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃទុក្ខ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំ (គ្រាន់តែ) ជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។
និសភត្ថេរ។
(៩. ឧសភត្ថេរគាថា)
[១៦០] ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌នៃត្រួយស្វាយលើស្មាហើយ ជិះលើ ក នៃដំរី ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ខ្ញុំចុះពីកដំរី ក៏បាននូវសេចក្ដីសង្វេគក្នុងកាលណោះ តែខ្ញុំនោះ ជាមនុស្សកំពុងស្រវឹង (ដោយជាតិជាដើម) ហើយខ្ញុំបានដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ក្នុងកាលណោះដែរ។
ឧសភត្ថេរ។
(១០. កប្បដកុរត្ថេរគាថា)
[១៦១] កប្បដកុរៈ (មានសេចក្ដីត្រិះរិះខុសកើតឡើងយ៉ាងនេះ) ថា នេះជាកន្ទបរបស់អាត្មាអញ កាលបើក្អមសម្រាប់ដាក់ទឹកអម្រឹត (របស់តថាគត) ពេញហើយក្រៃពេក (តថាគតសំដែងធម៌ដើម្បីឲ្យបាននូវទឹកអម្រឹត) កប្បដកុរភិក្ខុ ក៏ដល់នូវការឃ្វាងអំពីធម៌ (របស់តថាគត) នេះជាសាសនារបស់តថាគត ជាផ្លូវភាវនាផ្សេង ៗ ប្រព្រឹត្ដទៅដើម្បីចំរើននូវឈានទាំងឡាយ។ ម្នាលកប្បដកុរៈ អ្នកកុំងោកងក់ តថាគតមិនបានវាយត្រូវអ្នកក្នុងទីជិតត្រចៀកទេ ម្នាលកប្បដកុរៈ ព្រោះថា អ្នកមិនស្គាល់ប្រមាណ បានជាអ្នកចេះតែងោកងក់ក្នុងកណ្ដាលសង្ឃ។
កប្បដកុរត្ថេរ។
ឧទ្ទាន
និយាយអំពីមិគសិរត្ថេរ ១ សិវកត្ថេរ ១ ឧបវាណបណ្ឌិតត្ថេរ ១ ឥសិទិន្នត្ថេរ ១ សម្ពុលកច្ចានត្ថេរ ១ ខិតកត្ថេរមានវសីធំ ១ សោណបោដិរិយបុត្តត្ថេរ ១ និសភត្ថេរ ១ ឧសភត្ថេរ ១ កប្បដកុរត្ថេរ ១។
ចប់ វគ្គ ទី៤។
(៥. បញ្ចមវគ្គោ)
(១. កុមារកស្សបត្ថេរគាថា)
[១៦២] ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទារបស់ព្រះសាស្ដានៃយើងទាំងឡាយ ដែលសាវ័កនឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ប្រាកដដូច្នោះ។ សក្កាយ គឺបញ្ចុបាទានក្ខន្ធ អាត្មាអញបានហើយក្នុងកប្បទាំងឡាយរាប់មិនបាន រាងកាយនេះ ជាទីបំផុតរបស់បញ្ចុបាទានក្ខន្ធទាំងនោះ រាងកាយនេះ ជាខាងក្រោយរបស់បញ្ចុបាទានក្ខន្ធទាំងនោះ សង្សារប្រកបដោយជាតិ និងមរណៈ ឥឡូវនេះ ភពថ្មីមិនមានទេ។
កុមារកស្សបត្ថេរ។
(២. ធម្មបាលត្ថេរគាថា)
[១៦៣] ភិក្ខុណានៅក្មេង ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា នាកាលពួកសត្វកំពុងដេកលក់ ភិក្ខុនោះ ជាអ្នកភ្ញាក់រលឹក ជីវិតរបស់ភិក្ខុនោះ មិនសោះសូន្យទេ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលរលឹកឃើញនូវសាសនានៃព្រះពុទ្ធទាំងឡាយហើយ គួរប្រកបរឿយៗ នូវសទ្ធា សីល សេចក្ដីជ្រះថ្លា និងការឃើញធម៌។
ធម្មបាលត្ថេរ។
(៣. ព្រហ្មាលិត្ថេរគាថា)
[១៦៤] ភិក្ខុណាមួយបានលះបង់មានះ ជាអ្នកមិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលសារថីបង្ហាត់ល្អហើយ ទុកជាពួកទេវតា ក៏ស្រឡាញ់ភិក្ខុអ្នកមិនញាប់ញ័រនោះ។ អាត្មាអញបានលះបង់មានះ មិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលនាយសារថីបង្ហាត់ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏ស្រឡាញ់អាត្មាអញអ្នកមិនញាប់ញ័រដែរ។
ព្រហ្មាលិត្ថេរ។
(៤. មោឃរាជត្ថេរគាថា)
[១៦៥] (ព្រះសាស្ដាទ្រង់សួរថា) ម្នាលមោឃរាជ ជាអ្នកមានសម្បុរអាក្រក់ តែមានចិត្តល្អ អ្នកជាភិក្ខុមានចិត្តដំកល់មាំរឿយ ៗ អស់រាត្រីទាំងឡាយ ក្នុងកាលត្រជាក់ ប្រកបដោយហេមន្ដរដូវ តើអ្នកនឹងធ្វើដោយបការដូចម្ដេច។
(មោឃរាជត្ថេរ ក្រាបទូលថា) ខ្ញុំព្រះអង្គបានឮដូច្នេះថា ដែនមគធៈទាំងមូល ជាដែនមានសន្ទូងបរិបូណ៌ ពួកភិក្ខុដទៃ មានការរស់នៅជាសុខ (ដោយកម្រាល និងគ្រឿងស្លៀកដណ្ដប់ដ៏ល្អ) យ៉ាងណា ខ្ញុំព្រះអង្គ (ក្រាល) បិទបាំងស្លឹកឈើ សម្រេចនូវការដេក (យ៉ាងនោះដែរ)។
មោឃរាជត្ថេរ។
(៥. វិសាខបញ្ចាលបុត្តត្ថេរគាថា)
[១៦៦] បុគ្គលមិនគប្បីលើកដំកើងខ្លួន មិនគប្បីបង្អាប់គេ មិនគប្បីថ្កោលទោសនៃពួកបុគ្គលដទៃ មិនគប្បីបៀតបៀនបុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនគប្បីអួតគុណរបស់ខ្លួនក្នុងកណ្ដាលពួកបរិសទ្យ គប្បីជាអ្នកប្រាសចាកឧទ្ធច្ចៈ ជាអ្នកពោលពាក្យល្មមកំណត់ ជាអ្នកមានវត្តល្អចុះ។ ព្រោះថា បុគ្គលមានប្រាជ្ញាវាងវៃ បានឃើញអត្ថដ៏សុខុមក្រៃលែង បានប្រព្រឹត្តបន្ទាបបន្ទន់ខ្លួន សេពនូវសីលដ៏ចំរើន មិនមែនបានព្រះនិព្វានដោយក្រឡើយ។
វិសាខបញ្ចាលីបុត្តត្ថេរ។
(៦. ចូឡកត្ថេរគាថា)
[១៦៧] ពួកក្ងោកជាសត្វមានកំប៉ោយល្អ មានសំណុំកន្ទុយល្អ មានកខៀវល្អ មានមុខល្អ មានសម្រែកពីរោះ តែងបន្លឺឡើងផង ទេសភាពធំនេះ មានស្មៅខៀវល្អ មានទឹកជ្រួតជ្រាបល្អផង អាកាសមានពពកល្អផង។ អ្នកជាបុគ្គលមានសភាពគួរសមដោយប្រពៃ (ចូរចំរើន) នូវឈានរបស់ព្រះយោគាវចរអ្នកមានចិត្តល្អ ចូរមានព្យាយាមល្អ ក្នុងព្រះពុទ្ធសាសនាដោយប្រពៃ ចូរបាននូវព្រះនិព្វាន ជាបទដ៏ទៀងឧត្ដម ជាធម៌មានពណ៌សល្អក្រៃពេក ជាធម៌ល្អិត ជាធម៌ដែលគេកម្រឃើញដោយងាយ។
ចូឡកត្ថេរ។
(៧. អនូបមត្ថេរគាថា)
[១៦៨] ចិត្តមកកាន់សេចក្ដីត្រេកត្រអាល ដែលកម្មក្កិលេសលើកឡើងហើយ កាន់ដែកស្រួច គឺភព ដែកស្រួចគឺភព និងកំណាត់ឈើ គឺកាមគុណ មាននៅក្នុងទីណា អ្នកតែងទៅក្នុងទីនោះ ៗ។ នែចិត្តចង្រៃ អញប្រាប់ឯង នែចិត្តកំណាច អញប្រាប់ឯង ព្រះសាស្ដាដែលគេបានដោយក្រ (ឥឡូវនេះ) អ្នកបានហើយ អ្នកកុំដឹកនាំអញទៅក្នុងអំពើឥតប្រយោជន៍ឡើយ។
អនូបមត្ថេរ។
(៨. វជ្ជិតត្ថេរគាថា)
[១៦៩] អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹត គឺអវិជ្ជាកើតហើយ មិនបានឃើញអរិយសច្ចទាំងឡាយ ក៏អន្ទោលទៅអស់កាលជាអង្វែង តែងវិលទៅក្នុងគតិទាំងឡាយ។ អាត្មាអញនោះ ជាអ្នកមិនប្រមាទ បានធ្វើសង្សារទាំងឡាយ ឲ្យវិនាសហើយ បានកាត់ផ្ដាច់គតិទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។
វជ្ជិតត្ថេរ។
(៩. សន្ធិតត្ថេរគាថា)
[១៧០] ខ្ញុំជាបុគ្គលមានសតិដំកល់ខ្ជាប់ ក៏បាននូវសញ្ញាមួយ ដែលប្រព្រឹត្តទៅក្នុងពុទ្ធគុណ ជិតដើមអស្សត្ថព្រឹក្ស15) ជាឈើមានពន្លឺខៀវ លូតលាស់ត្រសាយត្រសុំល្អ។ ក្នុងកប្ប ៣១ អំពីភទ្រកប្បនេះទៅ កាលនោះ ខ្ញុំបាននូវសញ្ញាណា ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ព្រោះនាំមកនូវសញ្ញានោះ។
សន្ធិតត្ថេរ។
ឧទ្ទាន
និយាយអំពីកុមារកស្សបត្ថេរ ១ ធម្មបាលត្ថេរ ១ ព្រហ្មាលិត្ថេរ ១ មោឃរាជត្ថេរ ១ វិសាខត្ថេរ ១ ចូឡកត្ថេរ ១ អនូបមត្ថេរ ១ វជ្ជិតត្ថេរ ១ សន្ធិតត្ថេរ កំចាត់បង់នូវធូលី គឺកិលេស ១។
ចប់ វគ្គទី៥។
គាថាក្នុងទុកនិបាត មាន៩៨ ព្រះថេរៈ ៤៩អង្គ អ្នកឈ្លាសក្នុងន័យ បានពោលហើយ។
ចប់ ទុកនិបាត។
(៣. តិកនិបាតោ)
(១. អង្គណិកភារទ្វាជត្ថេរគាថា)
[១៧១] កាលខ្ញុំស្វែងរកសេចក្ដីបរិសុទ្ធិ ដោយខុសទំនង បានបំរើភ្លើងក្នុងព្រៃ មិនទាន់ដឹងនូវផ្លូវនៃសេចក្ដីបរិសុទ្ធិ ហើយក៏ធ្វើនូវតបៈដទៃ (ដែលញ៉ាំងខ្លួនឲ្យលំបាក)។ និព្វានសុខនោះ អាត្មាអញបានដោយស្រួលហើយ អ្នកចូរមើលនូវភាពនៃធម៌ដ៏ល្អចុះ វិជ្ជា ៣ អាត្មាអញបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។ ពីដើម អាត្មាអញ ជាផៅពង្សនៃព្រហ្ម (ជាព្រាហ្មណ៍ ដោយសម្មតិ) ឥឡូវនេះ អាត្មាជាព្រាហ្មណ៍មែន ព្រោះអាត្មាអញ ជាអ្នកបានវិជ្ជា ៣ ផង មានមន្ទិល គឺកិលេសបានលាងហើយផង ជាអ្នកមានសួស្ដីផង ដល់នូវវេទផង។
អង្គណិកភារទ្វាជត្ថេរ។
(២. បច្ចយត្ថេរគាថា)
[១៧២] ខ្ញុំបួសបាន ៥ ថ្ងៃ នៅជាសេក្ខបុគ្គល មិនទាន់សម្រេចព្រះអរហត្តនៅឡើយ កាលខ្ញុំចូលទៅក្នុងកុដិ មានចិត្តតាំងមាំថា អាត្មាអញនឹងមិនបរិភោគ នឹងមិនផឹក មិនចេញអំពីកុដិ កាលបើសរ គឺតណ្ហា អាត្មាអញមិនទាន់ដកចេញទេ អាត្មាអញ នឹងមិនប្រែបង្អៀងឡើយ។ អ្នកចូរមើលសេចក្ដីព្យាយាមប្រឹងប្រែងរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះចុះ វិជ្ជា ៣ អាត្មាអញ បានដល់ដោយលំដាប់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ អាត្មាអញក៏បានធ្វើហើយ។
បច្ចយត្ថេរ។
(៣. ពាកុលត្ថេរគាថា)
[១៧៣] បុគ្គលណា (មិនធ្វើ) នូវអំពើដែលគួរធ្វើក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង តែងក្ដៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយផង។ បុគ្គលធ្វើអំពើណា ត្រូវនិយាយតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយអំពើនោះឡើយ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលកាលមិនធ្វើ បានតែនិយាយ។ សេចក្ដីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ ជាគុណជាតមិនមានសេចក្ដីសោក ប្រាសចាកធូលី ជាទីក្សេមក្សាន្ដ នាំមកនូវសេចក្ដីសុខ ដោយប្រពៃមែនពិត។
ពាកុលត្ថេរ។
(៤. ធនិយត្ថេរគាថា)
[១៧៤] បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល មិនគប្បីមើលងាយចីវរ ទឹក និងភោជនជារបស់សង្ឃទេ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីសេពទីដេក និងទីអង្គុយ ដូចជាពស់សេពនូវរន្ធរបស់កណ្ដុរ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីត្រេកអរដោយបច្ច័យតាមមានតាមបានផង គប្បីចំរើនធម៌ឯកផង។
ធនិយត្ថេរ។
(៥. មាតង្គបុត្តត្ថេរគាថា)
[១៧៥] ខណៈរមែងប្រព្រឹត្តកន្លងនូវមាណពទាំងឡាយ ដែលមានការងារលះចោល (ដោយគិតអាងថា) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។ បុគ្គលណាមួយ កាលធ្វើនូវកិច្ចរបស់បុរស មិនអើពើចំពោះត្រជាក់ និងក្ដៅឲ្យក្រៃលែងជាងស្មៅ បុគ្គលនោះ រមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ។ អាត្មាអញ កាលចំរើននូវវិវេក នឹងកំចាត់បង់បាននូវស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្ដាស ស្មៅដំណេកទន្សាយ និងស្មៅយាប្ល៉ង (កិលេសគ្រោតគ្រាត កណ្ដាល ល្អិត) ដោយទ្រូង (សេចក្ដីព្យាយាម)។
មាតង្គបុត្តត្ថេរ។
(៦. ខុជ្ជសោភិតត្ថេរគាថា)
[១៧៦] ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាពួកសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ឈរជិតទ្វារ។
ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ជាអ្នកមកដោយខ្យល់ គឺមកដោយកម្លាំងនៃឫទ្ធិ ហើយឈរជិតទ្វារ។
ខុជ្ជសោភិតត្ថេរនេះ បានដល់នូវសេចក្ដីសុខ ដោយការច្បាំង (នឹងពួកកិលេស) ផង ដោយបូជាល្អផង ដោយការឈ្នះសង្គ្រាមផង ដោយការសន្សំនូវព្រហ្មចរិយធម៌ផង។
ខុជ្ជសោភិតត្ថេរ។
(៧. វារណត្ថេរគាថា)
[១៧៧] បណ្ដាពួកមនុស្សក្នុងលោកនេះ ជនណាមួយបៀតបៀនសត្វដទៃ ជននោះ រមែងសាបសូន្យ ចាកប្រយោជន៍ និងសេចក្ដីសុខក្នុងលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ លុះតែជនណា អនុគ្រោះដល់សត្វទាំងពួង ដោយចិត្តប្រកបដោយមេត្តា ជនប្រាកដដូច្នោះនោះ ទើបទទួលបុណ្យដ៏ច្រើន។ បុគ្គលគប្បីសិក្សាសុភាសិតផង នូវការចូលទៅរកសមណៈផង នូវការអង្គុយតែម្នាក់ឯងក្នុងទីស្ងាត់ផង នូវការញ៉ាំងចិត្តឲ្យស្ងប់រម្ងាប់ផង។
វារណត្ថេរ។
(៨. វស្សិកត្ថេរគាថា)
[១៧៨] បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល សូម្បីតែម្នាក់ឯង ក៏រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកញាតិ និងផៅពង្ស ដែលជាអ្នកមិនមានសទ្ធា។ ញាតិទាំងឡាយ ដែលខ្ញុំផ្ទញ់ផ្ទាល់ រំឭកដាស់តឿន ដោយសេចក្ដីអនុគ្រោះ ក៏បានធ្វើសក្ការៈចំពោះពួកភិក្ខុ ដោយសេចក្ដីស្រឡាញ់ ថាជាញាតិ ជាផៅពង្ស។ ពួកញាតិទាំងនោះ លុះធ្វើមរណកាលកន្លងលោកនេះទៅហើយ ក៏បានដល់នូវសេចក្តីសុខក្នុងទេវលោក ទាំងបងប្អូន និងមាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌ដោយកាមគុណ រមែងត្រេកអរដែរ។
បស្សិកត្ថេរ។
(៩. យសោជត្ថេរគាថា)
[១៧៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) នរៈ គឺយសោជត្ថេរនេះ មានអវយវៈប្រាកដស្មើដោយថ្នាំងនៃវល្លិ៍ មានខ្លួនស្គមរវីមរវាមដោយសរសៃ ដឹងប្រមាណក្នុងបាយ និងទឹក ជាអ្នកមានចិត្តមិនរួញរា។
យសោជត្ថេរពោលថា ភិក្ខុ (នៅ) ក្នុងព្រៃតូច ឬព្រៃធំ បើទុកជាសត្វរបោម និងមូសខាំហើយ ក៏គប្បីជាអ្នកមានស្មារតី អត់ទ្រាំចំពោះអន្ដរាយ មានរបោមជាដើម ក្នុងព្រៃនោះ ដូចដំរីដ៏ប្រសើរ អត់ទ្រាំក្នុងទីជាប្រធាននៃសង្គ្រាម។ ភិក្ខុតែម្នាក់ឯង (រមែងនៅជាសុខ) ដូចគ្នានឹងព្រហ្ម ភិក្ខុនៅរួមគ្នាពីររូប (រមែងមានសេចក្ដីខ្ទាំងខ្ទប់) ដូចគ្នានឹងទេវតា ភិក្ខុ (នៅរួមគ្នា) ៣ រូប ដូចគ្នានឹងជនអ្នកស្រុក ភិក្ខុមានចំនួនច្រើនរូបលើសពីនោះទៅ ជាហេតុនាំឲ្យជ្រួលជ្រើម (ដូចគ្នានឹងពួកមហាជនដែលប្រជុំគ្នា)។
យសោជត្ថេរ។
(១០. សាដិមត្តិយត្ថេរគាថា)
[១៨០] សទ្ធារបស់អ្នក មានក្នុងកាលមុន ប៉ុន្ដែក្នុងថ្ងៃនេះ សទ្ធានោះ បែរជាមិនមានដល់អ្នកវិញ បច្ច័យណា ដែលជារបស់អ្នក បច្ច័យនោះ ចូរជារបស់អ្នកវិញចុះ ទុច្ចរិត មិនមានដល់អាត្មាទេ។ ព្រោះថា សទ្ធា (របស់បុថុជ្ជន) ជាធម្មជាតិឃ្លេងឃ្លោង មិនទៀង សទ្ធាយ៉ាងនេះ អាត្មាបានឃើញជាក់ច្បាស់ហើយ សត្វទាំងឡាយ ជួនកាលត្រេកអរ ជួនកាលប្រាសចាកសេចក្ដីត្រេកអរ (ព្រោះហេតុនោះ) អ្នកប្រាជ្ញនឹងឈ្នះចំពោះការត្រេកអរ និងមិនត្រេកអរនោះ ដូចម្ដេចកើត។ ភត្តដែលគេចំអិនបំរុងអ្នកប្រាជ្ញបន្ដិច ៗ រាល់ ៗ ត្រកូល អាត្មានឹងត្រាច់ទៅ ដើម្បីដុំបាយ (ព្រោះ) កម្លាំងស្មងរបស់អាត្មា មាននៅឡើយ។
សាដិមត្តិយត្ថេរ។
(១១. ឧបាលិត្ថេរគាថា)
[១៨១] កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា ហើយបួសថ្មី ជានវភិក្ខុ គប្បីគប់រកកល្យាណមិត្រទាំងឡាយ ដែលជាអ្នកមានការចិញ្ចឹមជីវិតដោយបរិសុទ្ធិ អ្នកមិនខ្ជិលច្រអូស។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមានប្រាជ្ញា កាលនៅក្នុងពួក គប្បីសិក្សានូវវិន័យ។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នកឈ្លាសក្នុងហេតុដែលគួរ និងមិនគួរទាំងឡាយ គប្បីប្រព្រឹត្ត កុំឲ្យ (ពួកកិលេស មានតណ្ហាជាដើម) ប្រព្រឹត្តទៅក្នុងខាងមុខបាន។
ឧបាលិត្ថេរ។
(១២. ឧត្តរបាលត្ថេរគាថា)
[១៨២] ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញជាបណ្ឌិតមានសមត្ថភាព គិតនូវប្រយោជន៍ ឲ្យធ្លាក់ចុះក្នុងលោក ព្រោះតែសេចក្ដីវង្វេងទេតើ។ អាត្មាអញ ចូលទៅក្នុងវិស័យនៃកិលេសមារ ត្រូវសរ គឺរាគៈមុតជាប់ហើយ តែអាចស្ទុះរួចចាកអន្ទាក់នៃមច្ចុរាជបាន។ កាមទាំងពួង អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលាយចោលហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន។
ឧត្តរបាលត្ថេរ។
(១៣. អភិភូតត្ថេរគាថា)
[១៨៣] នែពួកញាតិទាំងអស់ ដែលមកជួបជុំក្នុងទីនេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ចុះ អាត្មាសូមសំដែងធម៌ដល់អ្នកទាំងឡាយថា ការកើតរឿយ ៗ ជាហេតុនាំមកនូវទុក្ខ។ អ្នកទាំងឡាយ ចូរប្រារព្ធព្យាយាម ចូរគេចចេញ (ចាកសេចក្ដីខ្ជិល) ចូរប្រកប (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ក្នុងព្រះពុទ្ធសាសនា ចូរកំចាត់បង់នូវសេនានៃមច្ចុ ឲ្យដូចជាដំរីកំចាត់បង់នូវផ្ទះ ដែលធ្វើដោយដើមបបុសដូច្នោះចុះ។ បុគ្គលណា ជាអ្នកមិនមានសេចក្ដីប្រមាទក្នុងធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់នូវជាតិសង្សារ ធ្វើនូវទីបំផុតនៃទុក្ខបាន។
អភិភូតត្ថេរ។
(១៤. គោតមត្ថេរគាថា)
[១៨៤] អាត្មាអញ កាលអន្ទោលទៅ (ក្នុងសង្សារ) បានទៅកាន់នរកញយ ៗ ផង ទៅកាន់ប្រេតវិស័យញយ ៗ ផង បានកើតក្នុងកំណើតតិរច្ឆានរងទុក្ខជាញយ ៗ ផង ហើយអាត្មាអញនៅ (រងទុក្ខ) អស់កាលយូរអនេក។ ម្យ៉ាងទៀត ភពជារបស់មនុស្ស អាត្មាអញ ធ្លាប់បានហើយ ចួនកាល អាត្មាអញបានទៅកើតក្នុងពួកនៃទេវតាក្នុងឋានសួគ៌ ចួនកាលអាត្មាអញឋិតនៅក្នុងរូបភព ក្នុងអរូបភព ក្នុងនេវសញ្ញីភព ក្នុងអសញ្ញីភព (និងនេវសញ្ញីនាសញ្ញីភព)។ ភពទាំងឡាយ ដែលប្រកបដោយបច្ច័យ អាត្មាបានដឹងច្បាស់ហើយ ថាជារបស់ឥតខ្លឹម ជារបស់បច្ច័យតាក់តែងហើយ ជារបស់ឃ្លេងឃ្លោង (ដោយអំណាចជរា ជាដើម) ជារបស់ប្រព្រឹត្តទៅ ដោយការបែកធ្លាយសព្វ ៗ កាល អាត្មាអញ ដឹងច្បាស់នូវសភាវៈនៃសង្ខតធម៌នោះ ជាសភាវៈកកើតក្នុងខ្លួន ហើយជាអ្នកមានស្មារតី បាននូវសេចក្ដីស្ងប់រម្ងាប់មែនពិត។
គោតមត្ថេរ។
(១៥. ហារិតត្ថេរគាថា)
[១៨៥] បុគ្គលណា មិនធ្វើនូវកិច្ចដែលគួរធ្វើក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង ក្ដៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយផង។ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលមិនធ្វើ បានតែនិយាយ។ សេចក្ដីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ ជាគុណជាតមិនមានសេចក្ដីសោក ប្រាសចាកធូលី ជាទីក្សេមក្សាន្ដ នាំមកនូវសុខដោយប្រពៃមែនពិត។
ហារិតត្ថេរ។
(១៦. វិមលត្ថេរគាថា)
[១៨៦] កុលបុត្រ កាលប្រាថ្នាសេចក្ដីសុខមិនកម្រើក គប្បីចៀសវាងនូវបាបមិត្តទាំងឡាយ ហើយគប់រកនូវបុគ្គលខ្ពង់ខ្ពស់ទាំងឡាយផង គប្បីតាំងនៅក្នុងឱវាទរបស់កល្យាណមិត្តនោះផង។ បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងសមុទ្រធំយ៉ាងណា កុលបុត្តអាស្រ័យនូវបុគ្គលខ្ជិលច្រអូសហើយ ទោះជារស់នៅស្រួល ក៏រមែងលិចចុះ យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បីចៀសវាងនូវបុគ្គលអ្នកខ្ជិលច្រអូស មានព្យាយាមថោកទាបនោះចេញ។ កុលបុត្រ គប្បីនៅរួមជាមួយនឹងពួកអរិយៈ អ្នកមានចិត្តស្ងប់ស្ងាត់ អ្នកចំរើនឈាន មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាបណ្ឌិត មានព្យាយាមតឹងរឹងជានិច្ច។
វិមលត្ថេរ។
ឧទ្ទាន
និយាយអំពីលោកអ្នកស្វែងរកគុណ គឺអង្គណិកភារទ្វាជត្ថេរ ១ បច្ចយត្ថេរ ១ ពាកុលត្ថេរ ១ ធនិយត្ថេរ ១ មាតង្គបុត្តត្ថេរ ១ ខុជ្ជសោភិតត្ថេរ ១ វារណត្ថេរ ១ ម្យ៉ាងទៀត លោកអ្នកធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន គឺបស្សិកត្ថេរ ១ យសោជត្ថេរ ១ សាដិមត្តិយត្ថេរ ១ ឧបាលិត្ថេរ ១ ឧត្តរបាលត្ថេរ ១ អភិភូតត្ថេរ ១ គោតមត្ថេរ ១ ហារិតត្ថេរ ១ វិមលត្ថេរ ១ ព្រះថេរៈទាំងឡាយ ១៦ អង្គ បានសំដែងនូវគាថា ៤៨ ដែលមកក្នុងតិកនិបាត។
ចប់ តិកនិបាត។
(៤. ចតុកនិបាតោ)
(១. នាគសមាលត្ថេរគាថា)
[១៨៧] ស្ត្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ទ្រទ្រង់ផ្កាកម្រង ប្រោះព្រំដោយខ្លឹមចន្ទន៍ រាំក្នុងតូរ្យតន្ដ្រី ត្រង់កណ្ដាលផ្លូវធំ។ អាត្មាអញកំពុងដើរចូលទៅ (កាន់ក្រុង) ដើម្បីបិណ្ឌបាត ហើយក្រឡេកមើលទៅឃើញស្ដ្រីរបាំនោះ ដែលមានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ហាក់ដូចជាអន្ទាក់នៃមច្ចុដែលមច្ចុដំឡើងហើយ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតឡើងប្រាកដដល់អាត្មាអញ និព្វិទាញាណក៏តាំងនៅព្រម។ ចិត្តរបស់អាត្មាអញ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ បានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។
នាគសមាលត្ថេរ។
(២. ភគុត្ថេរគាថា)
[១៨៨] ខ្ញុំព្រះអង្គត្រូវមិទ្ធៈគ្របសង្កត់ហើយ ចេញអំពីវត្ត ឡើងកាន់ទីចង្ក្រម ក៏ដួលចុះលើផែនដីក្នុងទីចង្ក្រមនោះឯង។ ខ្ញុំព្រះអង្គ មានចិត្តដំកល់មាំល្អខាងក្នុង ហើយបោសសំអាតខ្លួន ឡើងកាន់ទីចង្ក្រម ដើរចង្ក្រមក្នុងទីចង្ក្រមម្ដងទៀត។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់ខ្ញុំព្រះអង្គ ទោសក៏កើតប្រាកដ និព្វិទាញាណក៏តាំងនៅព្រម។ ចិត្តរបស់ខ្ញុំព្រះអង្គ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំព្រះអង្គ បានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំព្រះអង្គបានធ្វើហើយ។
ភគុត្ថេរ។
(៣. សភិយត្ថេរគាថា)
[១៨៩] បរេជនទាំងឡាយ រមែងមិនដឹងថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះឡើយ ចំណែកឯជនទាំងឡាយណា ជាបណ្ឌិតក្នុងពួកនោះ រមែងដឹងច្បាស់ ឯការឈ្លោះប្រកែក តែងស្ងប់រម្ងាប់អំពីសំណាក់នៃជនទាំងឡាយជាបណ្ឌិតនោះ។ កាលណាបើជនទាំងឡាយមិនដឹង (នូវឧបាយនៃការស្ងប់រម្ងាប់នៃវិវាទ) រមែងប្រព្រឹត្តទៅ ហាក់ដូចជាមិនស្លាប់ (កាលនោះ វិវាទក៏មិនស្ងប់រម្ងាប់ឡើយ) ចំណែកជនទាំងឡាយណា ដឹងច្បាស់ធម៌ (ជនទាំងឡាយនោះ) កាលបើពួកសត្វមានសេចក្ដីក្ដៅក្រហាយ ខ្លួនជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយឡើយ។ កម្មណាមួយធូរថយក្ដី វ័តណាមួយសៅហ្មងក្ដី ព្រហ្មចរិយៈណាមួយដែលបុគ្គលរលឹក ដោយសេចក្ដីរង្កៀសក្ដី កម្ម ៣ យ៉ាងនោះ ជារបស់មិនមានផលច្រើនឡើយ។ បុគ្គលណា មិនមានសេចក្ដីគោរពក្នុងព្រហ្មចារីបុគ្គលទាំងឡាយ (បុគ្គលនោះ) រមែងជាអ្នកឆ្ងាយចាកព្រះសទ្ធម្ម ដូចជាមេឃឆ្ងាយអំពីផែនដី។
សភិយត្ថេរ។
(៤. នន្ទកត្ថេរគាថា)
[១៩០] ថ្វឺយ! នែនាងជាស្រីពេញ (ដោយរបស់មិនស្អាត) មានក្លិនស្អុយ ជាពួកនៃមារ មានកាយទទឹក (ដោយកិលេស) រន្ធទាំង៩ ក្នុងកាយរបស់នាង តែងហូរហៀរសព្វ ៗ កាល។ នាងកុំសំគាល់រឿងចាស់ កុំញ៉ាំងព្រះតថាគតទាំងឡាយ ឲ្យត្រេកអរឡើយ សូម្បីក្នុងឋានសួគ៌ម្តេច ព្រះតថាគតទាំងឡាយនោះ ក៏មិនត្រេកអរទៅហើយ នឹងបាច់និយាយទៅថ្វី ក្នុងឋានមនុស្ស។ ចំណែកបុគ្គលទាំងឡាយណា ជាមនុស្សល្ងង់ខ្លៅ ឥតប្រាជ្ញា មានគំនិតអាក្រក់ ដែលមោហៈបិទបាំងហើយ ពួកបុគ្គលប្រាកដដូច្នោះ ទើបត្រេកអរក្នុងអន្ទាក់ដែលមារដំឡើងហើយនោះ។ រាគៈ ទោសៈ និងអវិជ្ជា ជនទាំងឡាយណា លះបង់បានហើយ ជនទាំងឡាយនោះ ឈ្មោះថា មានខ្សែនៃតណ្ហាកាត់ផ្តាច់ហើយ ឈ្មោះថា មិនមានចំណង រមែងមិនត្រេកអរក្នុងអន្ទាក់នៃមារនោះឡើយ។
នន្ទកត្ថេរ។
(៥. ជម្ពុកត្ថេរគាថា)
[១៩១] ខ្ញុំព្រះអង្គទ្រទ្រង់នូវក្អែល បរិភោគភត្ត ១ ខែម្ដង បានដកសក់ និងពុកមាត់អស់ ៥៥ឆ្នាំ។ ខ្ញុំបានឈរដោយជើងតែម្ខាង វៀរការអង្គុយ ស៊ីលាមកក្រៀម មិនត្រេកអរនឹងការនិមន្ដន៍ចំពោះ។ ខ្ញុំបានធ្វើបាបកម្មដ៏ច្រើន ដែលជាអំពើនាំទៅកាន់ទុគ្គតិប្រាកដដូច្នេះ ក៏ត្រូវជំនន់ធំ គឺទិដ្ឋិបន្សាត់ទៅហើយ បានដល់នូវព្រះពុទ្ធជាទីពឹង។ អ្នកចូរមើលនូវការដល់សរណៈ ចូរមើលភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
ជម្ពុកត្ថេរ។
(៦. សេនកត្ថេរគាថា)
[១៩២] ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព16) ជិតកំពង់ឈ្មោះគយា អាត្មាអញ បានឃើញព្រះសម្ពុទ្ធកំពុងតែសំដែងធម៌ដ៏ឧត្ដម ព្រះអង្គមានពន្លឺច្រើន ជាគណាចារ្យ ដល់នូវឋានៈដ៏ប្រសើរ ដឹកនាំសត្វលោក ទ្រង់ឈ្នះមនុស្សលោក ព្រមទាំងទេវលោក ទ្រង់មានការឃើញថ្លឹងមិនបាន ជាមហានាគ មានព្យាយាមធំ មានសេចក្ដីរុងរឿងធំ មិនមានអាសវៈ មានអាសវៈទាំងពួងអស់រលីងហើយ ជាសាស្ដា មិនមានភ័យអំពីណាឡើយ។ ព្រះមានព្រះភាគអង្គនោះ បានញ៉ាំងអាត្មាអញឈ្មោះសេនកៈ អ្នកមានសេចក្ដីសៅហ្មងអស់កាលយូរ ដែលចំណង គឺទិដ្ឋិចងទុកហើយ ឲ្យរួចស្រឡះចាកកិលេសគ្រឿងចាក់ស្រែះទាំងពួងបាន។
សេនកត្ថេរ។
(៧. សម្ភូតត្ថេរគាថា)
[១៩៣] បុគ្គលណា ប្រញាប់ប្រញាល់ក្នុងកាលដែលគួរសន្សឹម បែរជាសន្សឹមក្នុងកាលដែលគួរប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថាពាល រមែងបាននូវទុក្ខ ព្រោះការចាត់ចែងមិនមែនដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍ទាំងឡាយរបស់បុគ្គលនោះ រមែងសាបសូន្យ ដូចព្រះចន្ទ្រក្នុងកាឡបក្ខ បុគ្គលនោះ រមែងដល់នូវភាពជាអ្នកមិនមានយសផង បែកចាកពួកមិត្រផង។ បុគ្គលណា សន្សឹមក្នុងកាលដែលគួរសន្សឹម ប្រញាប់ប្រញាល់ក្នុងកាលដែលគួរប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថាបណ្ឌិត រមែងបានសេចក្ដីសុខ ព្រោះការចាត់ចែងដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍របស់បុគ្គលនោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្ទ្រក្នុងសុក្កបក្ខ បុគ្គលនោះ រមែងដល់នូវយស និងកេរ្ដិ៍ឈ្មោះផង មិនបែកចាកពួកមិត្រផង។
សម្ភូតត្ថេរ។
(៨. រាហុលត្ថេរគាថា)
[១៩៤] សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់នូវអាត្មាអញ ថារាហុលដ៏ចំរើន ជាអ្នកប្រកបដោយគុណទាំងពីរយ៉ាងគឺ ជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញ ជាកូននៃព្រះពុទ្ធផង ជាអ្នកមានបញ្ញាចក្ខុក្នុងធម៌ទាំងឡាយផង អាសវៈរបស់អាត្មាអញអស់ហើយផង ភពថ្មីទៀត អាត្មាអញមិនមានផង អាត្មាអញ ជាព្រះអរហន្ត គួរដល់ទក្ខិណា មានវិជ្ជា ៣ ឃើញព្រះនិព្វានឈ្មោះអមតៈ។ សត្វទាំងឡាយ ជាអ្នកងងឹតព្រោះកាម ត្រូវបណ្ដាញរួបរឹតហើយ ត្រូវដំបូល គឺតណ្ហាបិទបាំងហើយ ត្រូវមារចងហើយ ដូចត្រីជាប់នៅក្នុងមាត់លបដូច្នោះ។ អាត្មាអញ លះបង់កាមនោះហើយ បានកាត់នូវចំណងនៃមារ ដកតណ្ហា ព្រមទាំងឫសចេញហើយ ជាអ្នកមានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ។
រាហុលត្ថេរ។
(៩. ចន្ទនត្ថេរគាថា)
[១៩៥] ប្រពន្ធ (របស់ខ្ញុំ) ស្អិតស្អាងដោយមាស មានពួកទាសីដើរចោមរោម ពកូនដោយចង្កេះ ចូលមករកខ្ញុំ។ លុះខ្ញុំឃើញមាតារបស់កូនខ្លួននោះ ប្រដាប់ដោយគ្រឿងអាភរណៈ មានការស្លៀកពាក់ល្អ ហើយដើរមក ហាក់ដូចជាអន្ទាក់នៃមច្ចុដែលមារដំឡើងហើយ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់ខ្ញុំ ទោសក៏កើតឡើងប្រាកដ សេចក្ដីទ្រាន់ណាស់ ក៏តាំងនៅមាំ។ តពីនោះមក ចិត្តរបស់ខ្ញុំរួចស្រឡះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ ត្រៃវិជ្ជា ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
ចន្ទនត្ថេរ។
(១០. ធម្មិកត្ថេរគាថា)
[១៩៦] ធម៌ រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលសន្សំល្អហើយ រមែងនាំមកនូវសេចក្ដីសុខ នេះជាអានិសសង្សក្នុងធម៌ដែលបុគ្គលសន្សំល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។ សភាវៈទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផលស្មើគ្នាទេ អកុសលធម៌ នាំសត្វទៅកាន់នរក កុសលធម៌ញ៉ាំងសត្វឲ្យដល់នូវសុគតិ។
ព្រោះហេតុនោះ បុគ្គលកាលមានចិត្តរីករាយចំពោះព្រះសុគត ជាតាទិបុគ្គលយ៉ាងនេះ គប្បីធ្វើសេចក្ដីពេញចិត្តក្នុងធម៌ទាំងឡាយ សាវ័កទាំងឡាយរបស់ព្រះសុគតដ៏ប្រសើរ ឋិតនៅក្នុងធម៌ ជាអ្នកប្រាជ្ញ បានដល់នូវទីពឹងដ៏ប្រសើរលើស រមែងនាំខ្លួនចេញ (ចាកវដ្ដទុក្ខបាន)។ ឫសគល់នៃបូស គឺអវិជ្ជា ខ្ញុំព្រះអង្គបានកំចាត់បង់ហើយ បណ្ដាញ គឺតណ្ហា ខ្ញុំព្រះអង្គបានដកចោលហើយ។
ខ្ញុំព្រះអង្គនោះ មានសង្សារអស់ហើយ កិលេសជាគ្រឿងខ្វល់ មិនមានដល់ខ្ញុំព្រះអង្គឡើយ ដូចជាព្រះចន្ទ្រក្នុងថ្ងៃពេញបូណ៌មី ដែលប្រាសចាកទោស គឺពពកជាដើម។
ធម្មិកត្ថេរ។
(១១. សប្បកត្ថេរគាថា)
[១៩៧] កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ ក៏ស្វែងរកសំបុក ហើរទៅកាន់សំបុកក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ក៏ញ៉ាំងអាត្មាអញឲ្យត្រេកអរ។ កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ មិនឃើញទីពួន ក៏ស្វែងរកទីពួនក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ញ៉ាំងអាត្មាអញឲ្យត្រេកអរ។ ដើមព្រីងទាំងឡាយ ញ៉ាំងច្រាំងនៃទន្លេទាំងពីរ ក្នុងទីនោះ (ដែលឋិតនៅ) ខាងក្រោយនៃគុហារធំឲ្យល្អ មិនមែនញ៉ាំងសត្វណាមួយក្នុងទីនោះឲ្យត្រេកអរបានទេ។
កង្កែបទាំងឡាយ មានសំឡេងពីរោះ ប្រាសចាកពួកនៃពស់ រមែងយំកងរំពង។ ថ្ងៃនេះ មិនមែនជាសម័យនៅប្រាសចាកភ្នំ និងទន្លេទេ ព្រោះទន្លេអជករណី ជាទីក្សេមសប្បាយរីករាយដោយប្រពៃ។
សប្បកត្ថេរ។
(១២. មុទិតត្ថេរគាថា)
[១៩៨] ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជា បានឧបសម្បទាហើយ តែតពីនោះមក ក៏ត្រឡប់បាននូវសទ្ធា មានព្យាយាមមាំ ខំប្រឹងប្រែងមាំ។ កាយនេះ ចូរបែកធ្លាយចុះ ដុំនៃសាច់ទាំងឡាយ ចូរខ្ចាត់ខ្ចាយទៅចុះ ស្មងទាំងឡាយរបស់ខ្ញុំ ចូររបូតធ្លាក់ចាកតំណនៃជង្គង់ទាំងពីរចុះ។ កាលបើសរ គឺតណ្ហា មិនទាន់ខ្ចាត់ចេញទេ ខ្ញុំនឹងមិនស៊ី មិនផឹក និងមិនចេញអំពីកុដិ ទាំងមិនទម្រេត សូម្បីតែមួយបង្អៀងឡើយ។ អ្នកចូរមើលសេចក្ដីព្យាយាម ប្រឹងប្រែងដ៏មាំរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
មុទិតត្ថេរ។
ឧទ្ទាន
និយាយអំពីព្រះថេរៈទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ ១០17) អង្គនេះ គឺនាគសមាលត្ថេរ ១ ភគុត្ថេរ ១ សភិយត្ថេរ ១ នន្ទកត្ថេរ ១ ជម្ពុកត្ថេរ ១ សេនកត្ថេរ ១ សម្ភូតត្ថេរ ១ រាហុលត្ថេរ ១ ចន្ទនត្ថេរ ១។ ព្រះថេរៈ ៣ អង្គទៀតគឺ ធម្មិកត្ថេរ ១ សប្បកត្ថេរ ១ មុទិតត្ថេរ ១ ឯគាថាមាន ៥២18) ចំណែកខាងព្រះថេរៈទាំងអស់ មាន ១៣19) អង្គ។
ចប់ ចតុក្កនិបាត។
(៥. បញ្ចកនិបាតោ)
(១. រាជទត្តត្ថេរគាថា)
[១៩៩] ភិក្ខុទៅកាន់ទីស្មសាន បានឃើញសាកសពស្ត្រីដែលគេលះបង់ចោលក្នុងព្រៃស្មសាន ត្រូវពួកដង្កូវរុកជញ្ជែងស៊ីធ្លុះធ្លាយ។ ពួកជនខ្លះដែលឃើញសាកសពស្លាប់ដ៏លាមក ក៏ខ្ពើមរអើម តែកាមរាគៈកើតឡើងប្រាកដ (ក្នុងសាកសពនោះ) ដូចជាបុគ្គលខ្វាក់ អសុចិហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញចៀសចេញអំពីទីនោះ ថយជាងមួយចំអិនបាយ ជាអ្នកមានស្មារតីដឹងខ្លួន ចូលទៅកាន់ទីសមគួរ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតប្រាកដ (ដល់អាត្មាអញ) សេចក្ដីនឿយណាយ ក៏តាំងនៅព្រម (ក្នុងហ្ឫទ័យនៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់អាត្មាអញក៏រួចស្រឡះ (ចាកកិលេស) អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើហើយ។
រាជទត្តត្ថេរ។
(២. សុភូតត្ថេរគាថា)
[២០០] បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុងអំពើដែលមិនគួរប្រកប ប្រសិនបើត្រាច់ទៅ មិនគប្បីបាន (នូវប្រយោជន៍នោះទេ) នោះឯង ជាលក្ខណៈនៃចំណែកខាងអាក្រក់។
ការដែលរស់នៅដោយលំបាក អាត្មាអញបានដកចោលហើយ បើបុគ្គលណា លះបង់ធម៌យ៉ាងឯក គឺអប្បមាទ បុគ្គលនោះ ទុកដូចជាមនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះបង់នូវឥន្ទ្រិយទាំងអស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូចជាមនុស្សខ្វាក់ ព្រោះមិនឃើញនូវរបស់ដែលស្មើគ្នា និងមិនស្មើគ្នា។
ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើនូវអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ បានតែនិយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមានក្លិនក្រអូបយ៉ាងណា វាចាជាសុភាសិត រមែងឥតផល ដល់បុគ្គលអ្នកមិនធ្វើតាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ ប្រកបដោយក្លិនក្រអូប យ៉ាងណា វាចាជាសុភាសិត រមែងមានផលដល់បុគ្គលអ្នកធ្វើតាម ក៏យ៉ាងនោះដែរ។
សុភូតត្ថេរ។
(៣. គិរិមានន្ទត្ថេរគាថា)
[២០១] ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។
ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។បេ។ អាត្មាជាអ្នកប្រាសចាករាគៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកទោសៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកមោហៈ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។
គិរិមានន្ទត្ថេរ។
(៤. សុមនត្ថេរគាថា)
[២០២] បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍ប្រាថ្នាចំពោះធម៌ណា អនុគ្រោះខ្ញុំ អ្នកប្រាថ្នាព្រះនិព្វានឈ្មោះអមតៈ សោឡសកិច្ចដែលគួរធ្វើ ខ្ញុំក៏បានធ្វើហើយ។ មគ្គធម៌ ជាធម៌មិនមានអន្ដរាយ ខ្ញុំបានដល់ដោយលំដាប់ហើយ បានធ្វើឲ្យជាក់ច្បាស់ហើយដោយខ្លួនឯង ខ្ញុំមានញាណដ៏បរិសុទ្ធឥតសង្ស័យ បានធ្វើឲ្យជាក់ច្បាស់ក្នុងសំណាក់នៃលោក។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានស្ដាប់ បានរៀនល្អនូវសិក្ខា ក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មីមិនមានទេ។ លោកប្រៀនប្រដៅខ្ញុំដោយវ័តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង (នូវខ្ញុំ) ឱវាទរបស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ។
សុមនត្ថេរ។
(៥. វឌ្ឍត្ថេរគាថា)
[២០៣] មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួន (ឱវាទ) ដល់អាត្មាអញ អាត្មាអញដែលមាតាប្រៀនប្រដៅ បានស្ដាប់ពាក្យរបស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្ដម។ អាត្មាអញជាអរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វានឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណារបស់អាត្មាអញ ខាងក្នុងក្ដី ខាងក្រៅក្ដី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្ដាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ។ បងស្រីមានសេចក្ដីក្លៀវក្លា បានពោលនូវសេចក្ដីនេះ នាងទំនងជាមិនមានសេចក្ដីស្រឡាញ់ចំពោះអាត្មាដោយពិត ព្រៃ (មានអវិជ្ជាជាដើម) មិនមាន (ក្នុងសន្ដានរបស់នាង) ទេ។ សេចក្ដីទុក្ខ មានទីបំផុតជុំវិញ អាត្មាបានធ្វើហើយ រាងកាយនេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈមិនមាន ឥឡូវនេះ ភពថ្មីមិនមានទេ។
វឌ្ឍត្ថេរ។
(៦. នទីកស្សបត្ថេរគាថា)
[២០៤] អាត្មាអញបានស្ដាប់ធម៌របស់ព្រះពុទ្ធណា ហើយវៀរបង់មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់អញមែនពិត។ អាត្មាអញ បានបូជាយ័ញ្ញទាំងឡាយខ្ពស់ និងទាប បានបូជាភ្លើង កាលនៅជាបុថុជ្ជន ងងឹតងងល់ សំគាល់ថា ការបូជានេះឯង ជាសេចក្ដីបរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដីស្ទាបអង្អែល (ខុស) ឲ្យដល់នូវសេចក្ដីវង្វេង ងងឹតមិនដឹង សំគាល់ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវបរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលុះទំលាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត។ មោហៈទាំងពួង អាត្មាអញបានលះបង់ហើយ ភវតណ្ហា អាត្មាអញបានទំលុះទំលាយចេញហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតនៃអាត្មាអញមិនមានទេ។
នទីកស្សបត្ថេរ។
(៧. គយាកស្សបត្ថេរគាថា)
[២០៥] អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាលមហោស្រពឈ្មោះគយផគ្គុ បាបណា ដែលអាត្មាអញធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញបណ្ដែតចោលនូវបាបនោះ ក្នុងកំពង់ឈ្មោះគយានេះ ទិដ្ឋិយ៉ាងនេះ មានហើយក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចាជាសុភាសិត ជាបទប្រកបដោយធម៌ និងអត្ថ ហើយពិចារណានូវសេចក្ដីតាមគួរដល់ការពិត ដោយឧបាយនៃប្រាជ្ញា។ អាត្មាអញ មានបាបទាំងពួងលាងចេញហើយ មិនមានមន្ទិល មានកិលេសលាងចេញហើយ ជាអ្នកស្អាតបរិសុទ្ធ ជាពុទ្ធទាយាទ (អ្នកគួរទទួលនូវមត៌កនៃព្រះពុទ្ធ) ជាកូនកើតអំពីព្រះឧរៈនៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែនៃមគ្គ ប្រកបដោយអង្គ ៨ ហើយ បណ្ដែតចោលនូវបាបទាំងពួង ដល់នូវវិជ្ជា ៣ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ។
គយាកស្សបត្ថេរ។
(៨. វក្កលិត្ថេរគាថា)
[២០៦] (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគដែលកើតអំពីខ្យល់គ្របសង្កត់ហើយ នៅក្នុងព្រៃធំ មានគោចរលះបង់ហើយ (ក្រចតុប្បច្ច័យ) ជាទីសៅហ្មង តើនឹងធ្វើដូចម្ដេច។
(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅកាន់កាយទាំងមូល ដោយសុខៈ ដែលកើតអំពីបីតិដ៏លើសលុប អត់ទ្រាំនូវបច្ច័យដ៏សៅហ្មងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនសតិប្បដ្ឋានទាំងឡាយផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើនពោជ្ឈង្គផង អដ្ឋង្គិកមគ្គផង នៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គឃើញ (នូវសព្រហ្មចារីបុគ្គលទាំងឡាយ) អ្នកមានព្យាយាមតឹងតែងហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានព្យាយាមប្រឹងប្រែងដ៏មាំអស់កាលជានិច្ច មានសេចក្ដីព្រមព្រៀងគ្នា ប្រកបដោយភាពជាសមណៈនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គនឹករឿយ ៗ នូវព្រះសម្ពុទ្ធ ព្រះអង្គមានខ្លួនទូន្មានបានហើយ មានព្រះទ័យតាំងមាំហើយ មិនខ្ជិលច្រអូសអស់យប់ និងថ្ងៃ នៅក្នុងព្រៃធំ។
វក្កលិត្ថេរ។
(៩. វិជិតសេនត្ថេរគាថា)
[២០៧] ម្នាលចិត្ត អញនឹងហាមឃាត់ឯង ដូចជាគេបង្ខាំងដំរីទុកក្នុងក្រោល មានទ្វារប្រកបដោយរនុក ទាំងមិនបណ្ដោយឯង ដែលជាបណ្ដាញនៃកាម ដែលកើតអំពីសរីរៈឲ្យទៅក្នុងបាបធម៌ទេ។ ឯង អញហាមឃាត់ហើយ នឹងទៅណាមិនបានទេ ដូចជាដំរីដែលមិនបាននូវចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្តខិលខូច ឯងនឹងប្រព្រឹត្តឈ្លានពាន ត្រេកអរក្នុងបាបធម៌រឿយ ៗ ទៀតមិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរីដែលមិនទាន់ពង្រាបទើបចាប់បានថ្មី ជាសត្វមិនប្រាថ្នាឲ្យត្រឡប់វិលបានយ៉ាងណា អញនឹងឲ្យឯងវិលត្រឡប់យ៉ាងនោះដែរ។ នាយសារថីដ៏ប្រសើរ ជាអ្នកឈ្លាសក្នុងការបង្ហាត់សេះដ៏ប្រសើរ បង្ហាត់សេះអាជានេយ្យយ៉ាងណា អញនឹងតាំងនៅក្នុងពលធម៌ ៥ ហើយទូន្មានឯងយ៉ាងនោះដែរ។ អញនឹងចងឯងដោយសតិ អញមានខ្លួនប្រុងប្រយ័ត្នហើយ នឹងទូន្មានឯង ម្នាលចិត្ត ឯង អញសង្កត់សង្កិនក្នុងធុរៈ គឺព្យាយាម កុំទៅឆ្ងាយអំពីទីនេះឡើយ។
វិជិតសេនត្ថេរ។
(១០. យសទត្តត្ថេរគាថា)
[២០៨] បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់ជាអ្នកឆ្ងាយអំពីព្រះសទ្ធម្ម ដូចផែនដីឆ្ងាយអំពីមេឃ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ (រនោច)។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជាត្រីរីងស្ងួតក្នុងទីមានទឹកតិច។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់មិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចជាពូជស្អុយមិនដុះក្នុងស្រែ។ លុះតែបុគ្គលណា មានចិត្តគ្រប់គ្រងហើយ ស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនកំរើក (អរហត្តផល) ដល់នូវសេចក្ដីស្ងប់ដ៏ឧត្តម គឺអនុបាទិសេសនិព្វាន ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។
យសទត្តត្ថេរ។
(១១. សោណកុដិកណ្ណត្ថេរគាថា)
[២០៩] ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅក្នុងទីវាល ព្រះសាស្ដាឈ្លាសក្នុងការនៅ បានស្ដេចចូលទៅកាន់កុដិក្នុងពេលនោះ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្ដីភ័យស្ញប់ស្ញែង ដេកក្នុងគុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យពីរោះ បានពោលនូវព្រះសទ្ធម្មចំពោះព្រះភក្ដ្រព្រះពុទ្ធដ៏ប្រសើរ។ បានកំណត់ដឹងនូវបញ្ចក្ខន្ធ បានចំរើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។
សោណកុដិកណ្ណត្ថេរ។
(១២. កោសិយត្ថេរគាថា)
[២១០] បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បីនៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្ដីស្រឡាញ់ឲ្យកើតផង បុគ្គលនោះ ឈ្មោះថាជាអ្នកមានភក្ដីផង ឈ្មោះថាជាអ្នកប្រាជ្ញផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្ដីវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ អន្ដរាយទាំងឡាយដ៏ខ្លាំងក្លា កើតឡើងហើយ តែមិនបានគ្របសង្កត់នូវបុគ្គលណា ជាអ្នកពិចារណា បុគ្គលនោះ ឈ្មោះថាជាអ្នកមានកំឡាំងផង ឈ្មោះថាជាអ្នកមានប្រាជ្ញាផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា នឹងធឹងមិនញាប់ញ័រ ជាអ្នកមានបញ្ញាជ្រៅដូចសមុទ្រ ឃើញនូវសេចក្ដីដ៏ល្អិត បុគ្គលនោះ ឈ្មោះថាជាអ្នកដែលកិលេសដឹកនាំមិនបានផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។
បុគ្គលណា ជាអ្នកចេះដឹងច្រើន ជាអ្នកចងចាំនូវធម៌ ទាំងជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ ឈ្មោះថាជាអ្នកប្រាកដស្មើដោយគ្រូនោះផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។
បុគ្គលណា ដឹងនូវសេចក្ដីនៃភាសិតផង លុះដឹងនូវសេចក្តីនៃភាសិតហើយ ធ្វើតាមផង បុគ្គលនោះ ឈ្មោះថាជាអ្នកឆ្លងផុតនូវសេចក្ដីសង្ស័យផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។
កោសិយត្ថេរ។
ឧទ្ទាន
គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។
ចប់ បញ្ចកនិបាត។
(៦. ឆក្កនិបាតោ)
(១. ឧរុវេឡកស្សបត្ថេរគាថា)
[២១១] ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ម្ល៉ោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន និងសេចក្តីប្រកាន់ឲ្យភាន់ច្រឡំ។ ព្រះសាស្តា ជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តីព្រឺរោម ដែលមិនធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសំរេច គឺលាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈ ចោលហើយ។ ខ្ញុំដឹងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹងចិត្តអ្នកដទៃ ទំាំងបានសម្រេចទិព្វសោត។ មួយទៀត កុលបុត្រចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយតាមលំដាប់ ទំាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង។
ឧរុវេលកស្សបត្ថេរ។
(២. តេកិច្ឆការិត្ថេរគាថា)
[២១២] (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់ហើយ ស្រូវគេគរទុកក្នុងលានហើយ ខ្ញុំនៅតែមិនបានដុំបាយ តើខ្ញុំនឹងធ្វើដូចម្តេច។
(ព្រះថេរៈនិយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះព្រះពុទ្ធមានគុណមិនមានប្រមាណ អ្នកនឹងជាបុគ្គលមានសរីរៈដែលបីតិពាល់ត្រូវ មានចិត្តរីករាយរឿយ ៗ មិនខាន។ ចំពោះធម៌មានគុណមិនមានប្រមាណ។បេ។ ចំពោះសង្ឃមានគុណមិនមានប្រមាណ។បេ។
(មារនិយាយថា) លោកនៅក្នុងទីវាលល្ហល្ហេវផង រាត្រីនេះត្រជាក់ មានសន្សើមធ្លាក់ ចុះផង។ លោកកុំបណ្តោយឲ្យត្រជាក់គ្របសង្កត់ឲ្យលំបាកឡើយ ចូរលោកចូលទៅក្នុងកុដិ ដែលមានទ្វារគន្លឹះជាប់មាំ។
(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវអប្បមញ្ញាទាំង ៤ ដល់នូវសេចក្តីសុខដោយសារអប្បមញ្ញាទាំងនោះ មិនញាប់ញ័រ មិនលំបាកដោយត្រជាក់ទេ។
តេកិច្ឆកានិត្ថេរ។
(៣. មហានាគត្ថេរគាថា)
[២១៣] បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច។ បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងមិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចពូជស្អុយ (ដែលមិនលូតលាស់) ក្នុងស្រែ។ បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងឆ្ងាយអំពីព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីនៅក្នុងទីមានទឹកច្រើន។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី ទើបដុះដាលក្នុងព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គលដែលមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងឋិតនៅក្នុងទីជិតព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។
មហានាគត្ថេរ។
(៤. កុល្លត្ថេរគាថា)
[២១៤] កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេចោលបោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស។
(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈដែលក្តៅរោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក។
(ព្រះកុល្លត្ថេរពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជារបស់អសារឥតការទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រចដោយញាណទស្សនៈ។ សរីរៈនៃខ្ញុំនេះយ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោមយ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលាយប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាងនោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ។ សេចក្តីត្រេកអរដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ បា្រកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអររបស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ។
កុល្លត្ថេរ។
(៥. មាលុក្យបុត្តត្ថេរគាថា)
[២១៥] តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្តប្រមាទជាប្រក្រតី ដូចពួជ្រៃ បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ ស្ទុះទៅក្នុងព្រៃដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោក តែងចំរើនដល់បុគ្គលនោះ ដូចស្បូវរណ្តាសដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ តែងចំរើនឡើងដូច្នោះ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលឆ្លងដោយកម្រនុ៎ះបាន សេចក្តីសោក តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹក ធ្លាក់ចុះចាកស្លឹកឈូក។ ហេតុនោះ បានជាតថាគតប្រាប់ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះរូបចុះ អ្នកទាំងឡាយ ចូររំលើងឫសនៃតណ្ហាចោលចេញ ដូចបុគ្គលដែលត្រូវការដោយស្បូវភ្លាំង ជីកស្បូវរណា្តសចោលចេញ មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុសដូច្នោះឡើយ។ អ្នកទំាំងឡាយ ចូរធ្វើតាមនូវពុទ្ធវចនៈ កុំឲ្យខណៈកន្លងនូវអ្នកទាំងឡាយបាន ព្រោះថា បុគ្គលទាំងឡាយ ដែលខណៈកន្លងហើយ តែងសោកសៅពេញបន្ទុកក្នុងនរក។ សេចក្តីប្រមាទទុកជាធូលី ធូលីកើតឡើង ព្រោះសេចក្តីប្រមាទ (ព្រោះហេតុនោះ) បុគ្គលគួរតែដកនូវសរ គឺសេចក្តីប្រមាទរបស់ខ្លួនចេញ ដោយសេចក្តីមិនប្រមាទដោយវិជ្ជា។
មាលុង្ឃបុត្តត្ថេរ។
(៦. សប្បទាសត្ថេរគាថា)
[២១៦] ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែលបានសេចក្តីស្ងប់ចិត្តអស់កាលសូម្បីត្រឹមតែ ១ ផ្ទាត់ម្រាមដៃសោះ។ ខ្ញុំត្រូវកាមរាគគ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួនអំពីដើមឈើ) ឬនឹងយកកាំបិតមក (ចាក់សម្លាប់) ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាងអញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ។ គ្រានោះ ខ្ញុំយកកំាបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់បំពង់ក) ដើម្បីអារសរសៃបំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តំាងឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេចហើយ។
សប្បទាសត្ថេរ។
(៧.កាតិយានត្ថេរគាថា)
[២១៧] (ព្រះសាស្តា ត្រាស់ថា) ម្នាលកាតិយាន ចូរអ្នកក្រោកអង្គុយឡើង កុំដេកច្រើនពេក ចូរភ្ញាក់រលឹកឡើង មច្ចុរាជជាមារ ចូរកុំឈ្នះអ្នកជាបុគ្គលខ្ជិលច្រអូស ដូចជានាយនេសាទ ប្រហារសត្វដោយញញួរ។ ជាតិ និងជរា តែងប្រព្រឹត្តកន្លងអ្នក ដូចជាកំឡាំងមហាសមុទ្រ អ្នកនោះ ចូរធ្វើនូវទីពឹងដ៏ល្អដល់ខ្លួន ព្រោះថា គ្រឿងការពារដទៃរបស់អ្នកក្នុងលោកនេះ មិនមានទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុលប្រាប់អរិយមគ្គនុ៎ះ ថាជាផ្លូវកន្លងចាកគ្រឿងជាប់ ចាកភ័យ គឺជាតិ និងជរា ចូរអ្នកកុំប្រមាទអស់រាត្រីខាងដើម និងខាងចុង ចូរប្រឹងធ្វើព្យាយាមឲ្យមាំមួន។ ខ្លួនអ្នកជាអ្នកទ្រទ្រង់សង្ឃាដិ កោរសក់ដោយកំាំបិតកោរ និងបរិភោគភិក្ខាហារ ចូរលះបង់កាមគុណ ដែលជាចំណងក្នុងកាលមុនចេញ ម្នាលកាតិយាន អ្នកកុំប្រកបការត្រេកអរក្នុងល្បែងផង កុំប្រកបការលក់ផង ចូរចំរើនឈាន។ ម្នាលកាតិយាន អ្នកចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជាមនុស្សឈ្លាសវៃ ក្នុងផ្លូវជាទីក្សេមចាកយោគៈ នឹងដល់នូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ហើយរលត់ដូចជាគំនរភ្លើងដែលរលត់ដោយទឹក។ ម្នាលឥន្ទសគោត្រ កាលបើអ្នកមិនប្រកាន់យ៉ាងនេះ ចូរកំចាត់បង់មារឲ្យអស់ចេញ ដូចប្រទីបដែលមានពន្លឺតិច ឬដូចវល្លិ៍តូច ដែលខ្យល់កំចាត់បង់បានដូច្នោះ។ អ្នកនោះប្រាសចាកតម្រេកក្នុងវេទនាទាំងឡាយ ដែលខ្លួនទទួលហើយ មានសេចក្ដីត្រជាក់ ចូររង់ចាំនិព្វានកាល ក្នុងទីនេះចុះ។
កាតិយានត្ថេរ។
(៨. មិគជាលត្ថេរគាថា)
[២១៨] មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌កន្លងចាកសំយោជនៈទាំងអស់ ញុំាងវដ្តៈទាំងអស់ឲ្យវិនាសនាំសត្វចេញចាកវដ្តៈ ញុំាងសត្វឲ្យឆ្លងចាកឱឃៈ ញុំាងឫសគល់នៃទុក្ខ គឺតណ្ហាឲ្យរីងស្ងួត ទំលាយនូវតណ្ហា មានឫសជាពិស ជាគ្រឿងបៀតបៀន ញុំាងសត្វអោយដល់នូវទីរំលត់ទុក្ខ ជាគ្រឿងកំចាត់បង់នូវយន្ត គឺអត្តភាពដែលកើតអំពីកម្ម ព្រោះទំលាយនូវឫសគល់នៃអវិជ្ជាបាន ជាទីធ្លាក់ចុះនៃញាណដ៏មុត ដូចកែវវជីរ ក្នុងកិរិយាកំណត់នូវវិញ្ញាណ ញុំាងសត្វឲ្យដឹងនូវវេទនាទំាំងឡាយ ដោះសត្វអោយរួចចេញចាកឧបាទាន ជាគ្រឿងឃើញភពដូចជារណ្តៅរងើកភ្លើង ដោយបញ្ញាញាណ ជាធម៌មានរសដ៏ប្រសើរ ជាធម៌ជ្រៅ ជាធម៌ហាមឃាត់នូវជរា និងមច្ចុ ជាធម៌រម្ងាប់បង់នូវកងទុក្ខ ជាធម៌ដ៏ក្សេម ជាទីឃើញនូវពន្លឺតាមពិត ព្រោះដឹងនូវកម្ម ថាជាកម្ម នូវផលថាជាផលនៃធម៌ទំាងឡាយ អាស្រ័យបច្ច័យកើត ត ៗ គ្នា រមែងជាធម៌ដល់នូវទីដ៏ក្សេមប្រសើរ ជាធម៌ស្ងប់ចាកកិលេស ជាធម៌ចំរើនក្នុងទីបំផុត។
មិគជាលត្ថេរ។
(៩. បុរោហិតបុត្តជេន្តត្ថេរគាថា)
[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។
ជេន្តបុរោហិតបុត្តត្ថេរ។
(១០. សុមនត្ថេរគាថា)
[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។
សុមនត្ថេរ។
(១១. ន្ហាតកមុនិត្ថេរគាថា)
[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។
(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មង ទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។
ន្ហាតកមុនិត្ថេរ។
(១២. ព្រហ្មទត្តត្ថេរគាថា)
[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។
បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំងពីរ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសំគាល់ជនទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជាមនុស្សពាល។ បើសេចក្ដីក្រោធកើតឡើងដល់អ្នក ចូរអ្នកពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរសកើតឡើងដល់អ្នក ចូរអ្នករលឹកនូវឱវាទ ដែលឧបមាដោយការបរិភោគសាច់កូន។ បើចិត្តរបស់អ្នកស្ទុះទៅក្នុងកាមទាំងឡាយក្ដី ក្នុងភពទាំងឡាយក្ដី ចូរអ្នកប្រញាប់សង្កត់សង្កិនចិត្តនោះដោយសតិ ដូចជាបុរសសង្កត់សង្កិនគោកាចដែលស៊ីសំណាប។
ព្រហ្មទត្តត្ថេរ។
(១៣. សិរិមណ្ឌត្ថេរគាថា)
[២២៣] ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គលអ្នកបិទបាំងអាបត្តិទុក មិនធ្លាក់ស្រោចនូវបុគ្គលអ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គលត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆា ឲ្យក្ដៅក្រហាយហើយសព្វកាល។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។
សិរិមណ្ឌត្ថេរ។
(១៤. សព្វកាមិត្ថេរគាថា)
[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង20) (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។ ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។
សព្វកាមត្ថេរ។
ឧទ្ទាន
និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។
ចប់ ឆក្កនិបាត។
ចប់ ភាគ៥៦។
(៧. សត្តកនិបាតោ)
(១. សុន្ទរសមុទ្ទត្ថេរគាថា)
[២២៥] ស្រីផ្កាមាសតាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ខ ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ស្រីផ្កាមាសនោះ និយាយនូវពាក្យជាប្រធាននៃមិត្ត21) នឹងខ្ញុំ ដោយសំដីដ៏ទន់ពីរោះថា លោកនៅកំឡោះហើយបួស លោកចូរឋិតនៅក្នុងពាក្យប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាមជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យសម្បត្តិដ៏ពេញចិត្តដល់លោក។ ខ្ញុំបេ្តជ្ញាពាក្យពិតដល់លោក ឬនឹងនាំភ្លើងដល់លោក។22) កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់យកនូវជ័យជំនះក្នុងលោកទាំងពីរ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធ្វើអញ្ជលី តាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នុ៎ះ ខ្ញុំក៏បានធ្វើទុកក្នុងចិត្តដោយឧបាយនៃបញ្ញា។បេ។23)
សុន្ទរសមុទ្ទត្ថេរ។
(២. លកុណ្ឌកភទ្ទិយត្ថេរគាថា)
[២២៦] ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាមដ៏ប្រសើរ ក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឫសចោលអស់ហើយ ជាអ្នកប្រសើរ ចំរើនឈានក្នុងអារាមនោះ។ទ. ២
ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរតែក្នុងពុទ្ធសាសនា។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិជានិច្ច ដើម្បីលោកទាំងអស់។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសំឡេង24) ក្តី ពួកជនទាំងនុ៎ះ សុទ្ធតែលុះអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសំឡេងនាំបន្សាត់ទៅ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ឃើញផលខាងក្រៅ ក៏ត្រូវសំឡេងបន្សាត់ទៅដែរ។ បុគ្គលណា ដឹងច្បាស់នូវធម៌ខាងក្នុង ទាំងឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសំឡេងបន្សាត់ទៅឡើយ។
លកុណ្តកត្ថេរ។
(៣. ភទ្ទត្ថេរគាថា)
[២២៧] ខ្ញុំជាកូនប្រុសតែមួយ ជាទីស្រឡាញ់របស់មាតា ជាទីស្រឡាញ់របស់បិតា ដែលមាតាបិតាបានហើយ ដោយការប្រព្រឹត្តិវត្តដ៏ច្រើនផង ដោយការបន់ស្រន់ផង។ទ. ៣ ឯមាតា និងបិតាទាំងពីរនោះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ទើបនាំខ្ញុំទៅថ្វាយព្រះពុទ្ធ ព្រោះសេចក្តីអនុគ្រោះ (ដោយពាក្យថា) កូននេះ ធ្លាប់សុខ ចំរើនដោយសេចក្តីសុខ ខ្ញុំព្រះអង្គបានដោយលំបាក បពិត្រព្រះលោកនាថ យើងខ្ញុំសូមថ្វាយកូននេះ ឲ្យជាអ្នកបំរើព្រះអង្គ អ្នកទ្រង់ឈ្នះមារ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយត្រាស់ពាក្យនេះនឹងព្រះអានន្ទថា អ្នកចូរបំបួសកុមារនេះឲ្យឆាប់ កុមារនេះនឹងបានជាបុរសអាជានេយ្យ។ លុះព្រះសាស្តាអ្នកឈ្នះមារ ទ្រង់ឲ្យបំបួសខ្ញុំរួចហើយ ក៏ស្តេចចូលទៅកាន់វិហារ នាកាលព្រះអាទិត្យមិនទាន់លិច លំដាប់នោះ ចិត្តរបស់ខ្ញុំក៏ផុតចាកអាសវៈ។ តពីនោះមក ព្រះសាស្តា ទ្រង់ចេញចាកទីសម្ងំ លះបង់ហើយ ត្រាស់នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នកចូរមក ព្រះវាចានោះ បានជាឧបសម្បទារបស់ខ្ញុំ។ ខ្ញុំបានឧបសម្បទា ក្នុងអាយុ ៧ ឆ្នាំ អំពីកំណើត ខ្ញុំបានសម្រេចវិជ្ជា ៣ ហើយ ឱ! ព្រះធម៌ល្អណាស់តើ។
ភទ្ទត្ថេរ។
(៤. សោបាកត្ថេរគាថា)
[២២៨] ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឧត្តមជាងជន ដែលកំពុងចង្ក្រម ឰដ៏ម្លប់ប្រាសាទ គឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គជាបុរសដ៏ឧត្តម។ទ. ៤ ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ឧត្តមជាងសព្វសត្វ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាបនូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា។ កាលដែលខ្ញុំឆ្លើយប្រស្នាចប់ហើយ ព្រះតថាគត ក៏ទ្រង់អនុមោទនា ហើយទ្រង់ទតមើលភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះថា។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ របស់ពួកអ្នកដែនអង្គៈមគធៈណា ពួកជនអ្នកដែនអង្គៈមគធៈនោះ ហៅពេញជាមានលាភ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល និងការប្រព្រឹត្តិសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈមគធៈនោះ។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកចួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឧបសម្បទាទ. ៥របស់អ្នកចុះ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានឧបសម្បទា ទ្រទ្រង់រាងកាយជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ។
សោបាកត្ថេរ។
(៥. សរភង្គត្ថេរគាថា)
[២២៩] ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯង ធ្វើកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បានបញ្ញត្តហើយដល់យើង។ ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះ ដែលសរភង្គ អ្នកធ្វើតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ។
ព្រះវិបស្សី ទ្រង់យាងទៅហើយតាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតម ទ្រង់យាងទៅតាមផ្លូវនោះដែរ។
ព្រះពុទ្ធទាំងឡាយ ៧ ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សំដែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ។ទ. ៦ ទុក្ខក្នុងសង្សារ មិនមានទីបំផុត ប្រព្រឹត្តទៅក្នុងកាយណា អំពីការបែកធ្លាយនៃកាយនេះក្តី ការអស់ទៅនៃជីវិតក្តី ភពថ្មីដទៃទៀតមិនមាន ខ្ញុំផុតស្រឡះហើយចាកកិលេសទាំងអស់។
សរភង្គត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ៥ អង្គ គឺសុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ពោលនូវគាថា ៣៥ ក្នុងសត្តកនិបាត។
ចប់ សត្តកនិបាត។
(១. មហាកច្ចាយនត្ថេរគាថា)
[២៣០] បព្វជិតមិនគប្បីធ្វើនូវកម្មច្រើនទេ គប្បីលះបង់ជន (បាបមិត្ត) មិនគប្បីខ្វល់ខ្វាយ (ដើម្បីលាភទេ) ព្រោះបព្វជិតអ្នកខ្វល់ខ្វាយ ជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ដែលនាំមកនូវសេចក្តីសុខ។ ការថ្វាយបង្គំ និងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកព្រះអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ និងការបូជានោះថា ដូចជាភក់ ទាំងដឹងថា ជាសរដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសក្ការៈដែលបុរសអាក្រក់ លះបង់បានដោយកម្រ។
បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ដោយខ្លួនឯង ព្រោះបំពេញ (ទុក្ខ) ដល់សត្វដទៃ (ទាំងមិនញ៉ាំងបុគ្គលដទៃ ឲ្យសេពនូវអំពើអាក្រក់នោះ) ព្រោះថា សត្វទាំងឡាយ មានកម្មជាផៅពង្ស។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯងយ៉ាងណា សូម្បីពួកទេវតា ក៏ដឹងបុគ្គលនោះ ដូច្នោះដែរ។ ពួកជនផ្តេសផ្តាស រមែងមិនដឹងច្បាស់ថា យើងទាំងឡាយនឹងលំបាកក្នុងលោកនេះ តែពួកជនណា ដឹងច្បាស់ក្នុងដំណើរនោះ ការជំលោះ តែងស្ងប់រម្ងាប់ទៅ អំពីសំណាក់ពួកជននោះ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់សម្បត្តិរលីងធេង ក៏ឈ្មោះថារស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថាមិនរស់នៅ ព្រោះការមិនបាននូវបញ្ញា។ទ. ៨ បុគ្គលរមែងស្តាប់នូវសំឡេងទាំងអស់បានដោយសារត្រចៀក បុគ្គលមានចក្ខុ រមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជ្ញ មិនគួរលះចោល (ឬប្រកាន់) នូវអារម្មណ៍ទាំងពួង ដែលខ្លួនឃើញហើយ ឮហើយឡើយ។ បុគ្គលអ្នកមានភ្នែក គប្បីធ្វើដូចជាខ្វាក់ បុគ្គលអ្នកមានត្រចៀក គប្បីធ្វើដូចជាថ្លង់ បុគ្គលអ្នកមានបញ្ញា គប្បីធ្វើដូចជាគ បុគ្គលអ្នកមានកំឡាំង គប្បីធ្វើដូចជាអ្នកខ្សោយកំឡាំង តែកាលបើហេតុ (មិនគួរធ្វើ) កើតឡើងហើយ ត្រូវដេកដូចជាដេកស្លាប់។
មហាកច្ចាយនត្ថេរ។
(២. សិរិមិត្តត្ថេរគាថា)
[២៣១] ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះនោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយគ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានសីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ទ. ៩ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ បុគ្គលណា មានសទ្ធាមិនញាប់ញ័រ បានដំកល់ស៊ប់ក្នុងព្រះតថាគតផង បុគ្គលណា មានសីលល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយផង បុគ្គលណា មានសេចក្តីជ្រះថ្លាក្នុងសង្ឃផង បុគ្គលណា មានការយល់ឃើញត្រង់ផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនខ្សត់ ជីវិតរបស់បុគ្គលនោះ មិនមែនជាមោឃៈទេ។ ព្រោះហេតុនោះ មេធាវីបុគ្គល កាលរលឹកនូវពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបរឿយ ៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការយល់ធម៌ផង។
សិរិមិត្តត្ថេរ។
(៣. មហាបន្ថកត្ថេរគាថា)
[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃ ឬជើងទ. ១០ អ្នកនោះ ឈ្មោះថា ញ៉ាំងព្រះសាស្តាបែបនេះ ឲ្យត្រេកអរ ហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ។ ក្នុងកាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យ និងស្រូវផង កោរសក់ និងពុកចង្កា ហើយចូលទៅកាន់ផ្នួស។ ខ្ញុំបរិបូណ៌ដោយសិក្ខា និងសាជីវៈ សង្រួមនូវឥន្ទ្រិយទាំងឡាយ ជាអ្នកមិនចាលចាញ់កិលេស តែងនមស្ការព្រះសម្ពុទ្ធ សម្រាន្តនៅ។ ខណៈនោះ សេចក្តីតាំងចិត្ត ខ្ញុំបានតម្កល់ហើយថា កាលបើខ្ញុំមិនទាន់ដកសរ គឺតណ្ហាបានទេ ខ្ញុំមិនអង្គុយសូម្បីមួយរំពេច។ អ្នកចូរមើលសេចក្តីព្យាយាម និងការប្រឹងប្រែងរបស់ខ្ញុំនោះយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំជាព្រះអរហន្ត គួរទទួលនូវទក្ខិណាទាន មានចិត្តរួចស្រឡះហើយ មិនមានឧបធិ។ លំដាប់នោះ ក្នុងកាលរាត្រីអស់ទៅ ព្រះអាទិត្យក៏រះឡើង ខ្ញុំបានធ្វើតណ្ហាទាំងអស់ឲ្យរីងស្ងួត ហើយអង្គុយដោយភ្នែន។
មហាបន្ថកត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ៣ អង្គ គឺមហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បានសំដែងគាថាទាំងឡាយ ២៤ ក្នុងអដ្ឋកនិបាត។
ចប់ អដ្ឋកនិបាត។
(៩. នវកនិបាតោ)
ទ. ១១
(១. ភូតត្ថេរគាថា)
[២៣៣] ពួកបុថុជ្ជន មិនដឹងថា ជរា មរណៈជាទុក្ខ ហើយជាប់ចំពាក់ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង (នូវឧបាទានក្ខន្ធនោះ) ថាជាទុក្ខ ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ លើសលុបជាងឈាននោះឡើយ។ បណ្ឌិត លុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តីទុក្ខ ជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ នាំមកនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខ ដូចជាឃ្នាប មានស្មារតីចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ បុគ្គលពាល់ត្រូវមគ្គដ៏ឧត្តម ប្រកបដោយអង្គ ៤ ពីរដងដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេសទាំងអស់ដោយបញ្ញា ជាអ្នកមានស្មារតី ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែងជាងឈាននោះឡើយ។ បុគ្គលចំរើននូវសន្តបទ ដែលឥតមានសោក ប្រាសចាកធូលី គឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ផ្តាច់នូវចំណង គឺសញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែង ជាងការចំរើននូវសន្តបទនោះឡើយ។ទ. ១២ ផ្គរលាន់ក្នុងអាកាស ទទឹកភ្លៀងពាសពេញដោយជុំវិញឰដ៏អាកាស ក្នុងកាលណា កាលនោះ ភិក្ខុចូលទៅនៅក្នុងញកភ្នំ ចំរើនឈាន រមែងមិនបាននូវសេចក្តីត្រេកអរជាងឈាននោះឡើយ។ ភិក្ខុអង្គុយក្បែរឆ្នេរស្ទឹងទាំងឡាយ ដ៏ដេរដាសដោយផ្កា មានផ្កាឈើក្នុងព្រៃដ៏វិចិត្រ ជាគ្រឿងប្រដាប់ មានចិត្តល្អ ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ កាលបើភ្លៀងធ្លាក់ចុះក្នុងព្រៃស្ងាត់ ពេលយប់ ពួកសត្វមានចង្កូម បន្លឺឡើង ចំណែកភិក្ខុចូលទៅកាន់ញកភ្នំ ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ។ ភិក្ខុអាស្រ័យនៅចន្លោះភ្នំ ក្នុងកណ្តាលនៃភ្នំ បិទនូវវិតក្កៈទាំងឡាយរបស់ខ្លួន ប្រាសចាកសេចក្តីខ្វល់ ប្រាសចាកសេចក្តីរឹងត្អឹងនៃចិត្ត ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ទ. ១៣
(ភិក្ខុ) ជាអ្នកមានសេចក្តីសុខ ជាអ្នកធ្វើសេចក្តីរឹងត្អឹងជាមន្ទិល និងសេចក្តីសោកឲ្យវិនាស ជាអ្នកគ្មានសន្ទះទ្វារ គឺអវិជ្ជា គ្មានតណ្ហា ប្រាសចាកសរ គឺរាគាទិក្កិលេស ធ្វើនូវអាសវៈទាំងអស់ឲ្យវិនាស ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ។
ភូតត្ថេរ។
ឧទ្ទាន
ព្រះភូតត្ថេរ តែមួយអង្គឯង ដូចជាកុយរមាស ជាអ្នកឃើញពិត បានសំដែងគាថា ៩ ដែលមកក្នុងនវកនិបាត។
ចប់ នវកនិបាត។
(១. កាឡុទាយិត្ថេរគាថា)
[២៣៤] បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិសដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្តបែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី។
អ្នកស្រែ ភ្ជួរស្រែដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យ ឆ្លងសមុទ្រដោយសេចក្តីប្រាថ្នា។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច។ទ. ១៥
អ្នកស្រែទាំងឡាយ ព្រោះពូជរឿយ ៗ25) ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែភ្ជួរស្រែរឿយ ៗ ពួកអ្នកស្រែនោះ នាំស្រូវចូលទៅកាន់ដែនក៏រឿយ ៗ។ ពួកស្មូមត្រាច់សូមរឿយ ៗ អ្នកម្ចាស់ទាន តែងឲ្យក៏រឿយៗ ពួកម្ចាស់ទាន លុះឲ្យរឿយ ៗ ហើយ តែងទៅកាន់ឋានសួគ៌ក៏រឿយ ៗ ដែរ។ អ្នកប្រាជ្ញមានបញ្ញាដូចផែនដី កើតក្នុងត្រកូលណា រមែងញ៉ាំងគូនៃបុរស ៧ ជួរ ក្នុងត្រកូលនោះ ឲ្យស្អាត ខ្ញុំព្រះអង្គសំគាល់ថា (ព្រះមានព្រះភាគ) ជាទេវតាប្រសើរជាងទេវតា អាច (ធ្វើសត្វដទៃឲ្យស្អាតបាន) ព្រោះអ្នកប្រាជ្ញ មានព្រះនាមដ៏ពិត កើតហើយអំពីព្រះអង្គ។ ព្រះបាទសុទ្ធោទនៈ ជាបិតារបស់ព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឯព្រះមហេសី ព្រះនាមមាយា ជាពុទ្ធមាតា ដែលរក្សាព្រះពោធិសត្វដោយផ្ទៃ លុះរំលាយខន្ធទៅ ត្រេកអរក្នុងតុសិតទេវលោក។ទ. ១៦
ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយដោយកាមគុណទាំង ៥ មានពពួកទេវតាទាំងនោះ ចោមរោមហើយ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតានៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌។
កាឡុទាយិត្ថេរ។
(២. ឯកវិហារិយត្ថេរគាថា)
[២៣៥] បើបុគ្គលដទៃមិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។ បើដូច្នោះ អាត្មាអញតែម្នាក់ឯង នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ទាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធ្វើឲ្យកើតបីតិដល់យោគាវចរ ជាទីរីករាយដែលដំរីចុះប្រេងសេពគប់ហើយ។ អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្ក្រមក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំដ៏ត្រជាក់។ទ. ១៧ អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគំរប់ពីរ មានសោឡសកិច្ចធ្វើហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធ្វើសេចក្តីព្យាយាមយ៉ាងនេះ បានសម្រេច អាត្មាអញនឹងធ្វើឲ្យសម្រេច (ព្រោះថា) អ្នកដទៃធ្វើជួសអ្នកដទៃពុំបានទេ។ ឥឡូវនេះ អាត្មាអញនោះ នឹងចងក្រោះ គឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញ មិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈទេ នឹងមិនចេញពីព្រៃនោះឡើយ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបក់ផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជាឲ្យបាន។ អាត្មាអញទទួលសេចក្តីសុខ ដោយវិមុត្តិសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយនឹងត្រេកអរក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញដូចក្រោលគោ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
ឯកវិហារិយត្ថេរ។
(៣. មហាកប្បិនត្ថេរគាថា)
[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
ទ. ១៨ អានាបានស្សតិ ដែលព្រះយោគាវចរណា បានចំរើនល្អគ្រប់គ្រាន់ហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងមក ព្រះយោគាវចរនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតចាកពពក។ ឱ ចិត្តរបស់អញ ស រកប្រមាណមិនបាន អាត្មាអញ បានអប់រំល្អហើយផង បានផ្គងជានិច្ចផង ញ៉ាំងទិសទាំងពួងឲ្យភ្លឺផង។ បុគ្គលប្រកបដោយប្រាជ្ញា បើទុកជាអស់ទ្រព្យរលីង ក៏ឈ្មោះថា រស់នៅ ឯបុគ្គលអ្នកមានទ្រព្យ មិនឈ្មោះថា រស់នៅ ព្រោះកិរិយាមិនបាននូវប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងវិនិច្ឆ័យនូវសុតៈ ប្រាជ្ញាជាគ្រឿងញ៉ាំងកិត្តិសព្ទ និងសេចក្តីសរសើរឲ្យចំរើន នរជនប្រកបដោយប្រាជ្ញា រមែងបាននូវសេចក្តីសុខ សូម្បីក្នុងសភាវៈដែលជាទុក្ខ។ ធម៌នេះ មិនមែនជាធម៌ទើបនឹងមានក្នុងថ្ងៃនេះទេ ជាធម៌មិនអស្ចារ្យ មិនមែនជាធម៌ចំឡែកទេ សត្វកើតស្លាប់ ក្នុងលោកណា ហេតុតិចតួចក៏មិនចំឡែកក្នុងលោកនោះ។ សេចក្តីពិតថា បន្ទាប់អំពីការកើតមក មានសេចក្តីស្លាប់ចាកជីវិត ជាធម្មជាតទៀងទាត់ សត្វទាំងឡាយ ដែលកើតហើយ ៗ រមែងស្លាប់ក្នុងលោកនេះ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះឯង។ទ. ១៩
សេចក្តីសោកស្តាយណា របស់បុរសបុគ្គលទាំងឡាយដទៃ ដើម្បីជីវិត សេចក្តីសោកស្តាយនុ៎ះ មិនមែនដើម្បីប្រយោជន៍ដល់សត្វដែលស្លាប់ទៅហើយទេ ការយំចំពោះសត្វ ដែលស្លាប់ហើយ មិនមែនជាយស មិនមែនជាការល្អទេ សមណព្រាហ្មណ៍ទាំងឡាយ មិនសរសើរការយំឡើយ។ ការយំ រមែងបៀតបៀននូវចក្ខុ និងសរីរៈ (របស់បុគ្គលអ្នកយំ) ពណ៌សម្បុរក្តី កំឡាំងក្តី ប្រាជ្ញាក្តី នៃអ្នកយំ រមែងសាបសូន្យ ពួកសត្រូវរបស់បុគ្គលអ្នកយំនោះ ក៏មានសេចក្តីត្រេកអរ ពួកបុគ្គលអ្នកស្វែងរកប្រយោជន៍ឲ្យបុគ្គលអ្នកយំនោះ បាននូវសេចក្តីទុក្ខ។ ព្រោះហេតុនោះ ពួកជនឆ្លងនូវកិច្ច (របស់ខ្លួន) ដោយកំឡាំងប្រាជ្ញា របស់អ្នកប្រាជ្ញទាំងឡាយណា ដូចពួកជនឆ្លងនូវទន្លេមានទឹកពេញដោយទូក បុគ្គលគប្បីប្រាថ្នានូវអ្នកប្រាជ្ញ ជាពហុស្សូតនោះ ឲ្យនៅក្នុងត្រកូល (របស់ខ្លួន)។
មហាកប្បិនត្ថេរ។
(៤. ចូឡបន្ថកត្ថេរគាថា)
[២៣៧] ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុន អាត្មាអញភ្លេចភ្លាំងស្មារតី ថែមទាំងបងប្រុស ក៏បណ្តេញអាត្មាអញថា ឥឡូវនេះ អ្នកចូរទៅផ្ទះចុះ។ អាត្មាអញនោះ ត្រូវបងបណ្ដេញហើយ ក៏តូចចិត្ត តែនៅមានអាឡោះអាល័យ ក្នុងសាសនា ក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។ទ. ២០ ព្រះមានព្រះភាគ ទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញ ហើយក៏ចាប់អាត្មាអញត្រង់ដើមដៃ ឲ្យចូលទៅកាន់អារាមនៃសង្ឃ។ ព្រះសាស្តាទ្រង់ប្រទាននូវសំពត់សម្រាប់ជូតជើង ដោយសេចក្តីអនុគ្រោះ ដល់អាត្មាអញថា អ្នកចូរអធិដ្ឋាននូវសំពត់ស្អាតនេះ ធ្វើឲ្យជាសំពត់ដែលខ្លួនអធិដ្ឋានល្អហើយ ក្នុងទីដ៏សមគួរចុះ។ លុះអាត្មាអញបានស្ដាប់ព្រះបន្ទូលរបស់ព្រះមានព្រះភាគនោះហើយ ក៏ត្រេកអរក្នុងសាសនា បានញ៉ាំងសមាធិឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម អាត្មាអញដឹងនូវបុព្វេនិវាស ទិព្វចក្ខុ អាត្មាអញបានជម្រះហើយ ត្រៃវិជ្ជា អាត្មាអញបានដល់ដោយលំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញបានធ្វើហើយ។ បន្ថកភិក្ខុ និម្មិតខ្លួនជាមួយពាន់ ហើយអង្គុយក្នុងអម្ពវ័ន ជាទីរីករាយ ដរាបដល់ការប្រាប់នូវភត្តកាល។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រើទូតឲ្យទៅប្រាប់ភត្តកាលដល់អាត្មាអញ កាលទូតមកប្រាប់ភត្តកាល អាត្មាអញក៏មកតាមអាកាស។ អាត្មាអញថ្វាយបង្គំព្រះបាទានៃព្រះសាស្តា រួចហើយអង្គុយក្នុងទីសមគួរ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបថា អាត្មាអញអង្គុយហើយ ទើបបានទ្រង់ទទួល (ទក្ខិណោទក)។ ព្រះអង្គ ជាទីបូជារបស់សត្វលោក ជាបដិគ្គាហកៈរបស់បុគ្គលអ្នកបូជាទាំងឡាយ ជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ ទ្រង់ទទួលនូវទក្ខិណាទាន។
ចូឡបន្ថកត្ថេរ។
ទ. ២១
(៥. កប្បត្ថេរគាថា)
[២៣៨] កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេង ៗ កើតក្នុងរណ្ដៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុងរណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាតសព្វ ៗ កាល។ កាយដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាបដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺសរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ដ៏ទៀងទាត់ (ឋិតនៅ) ក្នុងសំណាក់នៃមច្ចុរាជ ឯនរជនតែងទំលាក់ចោលនូវកាយក្នុងលោកនេះ ហើយទៅតាមយថាកម្ម។ កាយត្រូវអវិជ្ជាដោតក្រងហើយ ត្រូវគ្រឿងចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្ដាញនៃអនុស័យគ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះរមែងប្រព្រឹត្តទៅដូចពោលមកនេះ អន្ទោលទៅតាមយន្ត គឺកម្ម។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទីបំផុត ការកើតផ្សេង ៗ រមែងវិនាសទៅវិញ។ទ. ២២ ពួកជនណា ជាអន្ធពាលបុថុជ្ជន រាប់អានកាយនេះ ពួកជននោះ រមែងញ៉ាំងសង្សារដ៏ពន្លឹកឲ្យចំរើន តែងកាន់យកនូវភពថ្មីទៀត។ ពួកជនណា វៀរបង់នូវកាយនេះ ដូចបុគ្គលវៀរបង់នូវអាសិរពិស ដែលប្រឡាក់ដោយលាមក ពួកជននោះ រមែងខ្ជាក់ចោលនូវអវិជ្ជា និងតណ្ហា ដែលជាមូលនៃភព ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
កប្បត្ថេរ។
(៦. វង្គន្តបុត្តឧបសេនត្ថេរគាថា)
[២៣៩] ភិក្ខុគប្បីសេពនូវសេនាសនៈស្ងាត់ ដែលមានសំឡេងគឹកកងតិច ដែលម្រឹគសាហាវអាស្រ័យនៅហើយ ព្រោះហេតុនៃការពួនសម្ងំ។ ភិក្ខុគប្បីនាំមក (នូវកំណាត់សំពត់) អំពីគំនរនៃសំរាម ឬព្រៃស្មសាន ឬចន្លោះនៃថ្នល់ ធ្វើជាសង្ឃាដី ដោយកំណាត់សំពត់ដែលខ្លួននាំមកនោះ ហើយទ្រទ្រង់នូវចីវរដ៏សៅហ្មង។ ភិក្ខុគប្បីធ្វើចិត្តឲ្យទាប គ្រប់គ្រងនូវទ្វារ សង្រួមដោយប្រពៃ ហើយត្រាច់ទៅកាន់ផ្ទះជាលំដាប់ គឺចេញអំពីត្រកូល ១ ទៅកាន់ត្រកូល ១ ដើម្បីបិណ្ឌបាត។ ម្យ៉ាងទៀត ភិក្ខុត្រូវសន្ដោសដោយវត្ថុសៅហ្មង មិនគប្បីប្រាថ្នានូវរសឯទៀតឲ្យច្រើនទេ ចិត្តរបស់ភិក្ខុអ្នកជាប់ញ៉ាមក្នុងរសទាំងឡាយ រមែងមិនត្រេកអរក្នុងឈាន។ មុនីគប្បីជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្ដោស ជាអ្នកស្ងប់ស្ងាត់ នៅមិនច្រឡូកច្រឡំដោយបុគ្គលពីរពួក គឺគ្រហស្ថ និងបព្វជិត។ទ. ២៣ មនុស្សល្ងេល្ងើ និងមនុស្សគ យ៉ាងណា បណ្ឌិតគប្បីសំដែងខ្លួនយ៉ាងនោះ មិនគប្បីពោលឲ្យហួសប្រមាណក្នុងកណ្ដាលសង្ឃ។ បណ្ឌិតនោះ មិនគប្បីតិះដៀលបុគ្គលណាមួយ គប្បីវៀរបង់នូវការបៀតបៀនផង សង្រួមក្នុងបាតិមោក្ខផង ដឹងប្រមាណក្នុងភោជនផង។ បណ្ឌិតគប្បីជាអ្នកឈ្លាសវៃ ក្នុងការកើតឡើងនៃចិត្ត ដែលមាននិមិត្តកំណត់ល្អហើយ គប្បីប្រកបរឿយ ៗ នូវសមថៈ និងវិបស្សនា តាមកាលគួរ គប្បីជាអ្នកបរិបូណ៌ដោយព្យាយាម ប្រព្រឹត្តទៅរឿយ ៗ ប្រកបក្នុងធម៌ដ៏គួរសព្វ ៗ កាល បើមិនទាន់ដល់នូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខក្នុងវដ្តៈទេ កុំអាលដល់នូវសេចក្តីទុកចិត្តឡើយ។ កាលភិក្ខុប្រាថ្នានូវសេចក្តីបរិសុទ្ធ សម្រាន្តនៅយ៉ាងនេះ អាសវៈទាំងពួងរមែងអស់ទៅ ភិក្ខុនោះ រមែងដល់នូវការរលត់ទុក្ខ។
ឧបសេនវង្គន្ដបុត្តត្ថេរ។
(៧. (អបរ)-គោតមត្ថេរគាថា)
[២៤០] បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ (បុគ្គលគប្បីរមិលមើលនូវអំពើនោះផង)។ ក្នុងសាសនានេះ (ការសេពគប់) នូវកល្យាណមិត្រ ១ ការសមាទាននូវសិក្ខាដ៏ធំទូលាយ ១ទ. ២៤ ការប្រុងស្ដាប់ (នូវឱវាទ) នៃគ្រូទាំងឡាយ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេចក្តីគោរពក្នុងព្រះពុទ្ធទាំងឡាយ ១ ការកោតក្រែងក្នុងព្រះធម៌គួរតាមពិត ១ ការកោតក្រែងក្នុងព្រះសង្ឃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុប្រកបក្នុងអាចារៈ និងគោចរៈ ១ មានអាជីវៈដ៏បរិសុទ្ធ ដែលអ្នកប្រាជ្ញមិនគប្បីតិះដៀលបាន ១ ការតំកល់ចិត្តទុកដោយប្រពៃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ចារិតសីល ឬវារិតសីល ១ សម្បជញ្ញៈ ដែលអាស្រ័យនឹងឥរិយាបថជាទីនាំមកនូវសេចក្តីជ្រះថ្លា ១ ការប្រកបរឿយ ៗ ក្នុងអធិចិត្ត ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេនាសនៈតាំងនៅក្នុងព្រៃស្ងាត់ មានសំឡេងតិច ដែលអ្នកប្រាជ្ញគប្បីគប់រក នេះជាទីសមគួរដល់សមណៈ។ សីល ១ ភាពជាពហុស្សូត ១ ការពិចារណានូវធម៌ទាំងឡាយគួរតាមពិត ១ ការត្រាស់ដឹងនូវសច្ចៈទាំងឡាយ ១ ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវអនិច្ចសញ្ញាផង អនត្តសញ្ញាផង អសុភសញ្ញាផង អនភិរតិសញ្ញាក្នុងលោកនេះផង ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវពោជ្ឈង្គទាំងឡាយផង ឥទ្ធិបាទទាំងឡាយផង ឥន្ទ្រិយ និងពលៈទាំងឡាយផង អរិយមគ្គមានអង្គ ៨ ផង ទាំង ៥ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ទ. ២៥ មុនីគប្បីលះបង់នូវតណ្ហា គប្បីទំលុះទំលាយនូវអាសវៈទាំងឡាយ ព្រមទាំងឫសគល់ គប្បីជាអ្នករួចស្រឡះ (ចាកកិលេសទាំងពួង) ហើយសម្រេចសម្រាន្តនៅ នេះជាអំពើដ៏សមគួរដល់សមណៈ។
គោតមត្ថេរ។
ឧទ្ទាន
ព្រះថេរៈទាំងឡាយ ៧ អង្គនេះ គឺកាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បានពោល) នូវគាថាទាំងឡាយ ៧០ ក្នុងទសកនិបាតនេះ។
ចប់ ទសកនិបាត។
(១. សំកិច្ចត្ថេរគាថា)
[២៤១] ម្នាលសាមណេរ ប្រយោជន៍អ្វីដល់អ្នក (ដែលនៅ) ក្នុងព្រៃភ្នំឈ្មោះឧជ្ជុហានៈ (មិនជាទីសប្បាយ) ក្នុងរដូវភ្លៀង ខ្យល់ឈ្មោះវេរម្ពៈ (ខ្យល់ព្យុះ) ជាទីរីករាយដល់អ្នកឬ ព្រោះថាសេចក្តីស្ងប់ស្ងាត់ រមែងមានដល់បុគ្គលទាំងឡាយអ្នកមានឈាន។ ខ្យល់ឈ្មោះវេរម្ពៈ រមែងបក់ផាត់នូវពពកទាំងឡាយក្នុងរដូវភ្លៀងយ៉ាងណា សញ្ញារបស់ខ្ញុំ ដែលប្រកបដោយវិវេក ក៏រមែងរាយមាយយ៉ាងនោះដែរ។ សត្វដែលកើតអំពីពង មានសម្បុរខ្មៅ (ក្អែក) ត្រាច់ទៅកាន់លំនៅក្នុងទីស្មសាន ក៏ញ៉ាំងសតិនៃខ្ញុំ ដែលអាស្រ័យនូវការប្រាសចាកតម្រេកក្នុងរាងកាយ ឲ្យកើតឡើង។ ជនទាំងឡាយដទៃ មិនរក្សានូវភិក្ខុណា ភិក្ខុណា មិនរក្សានូវជនទាំងឡាយដទៃ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ រមែងដេកជាសុខ។ ភ្នំថ្មទាំងឡាយនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយសត្វមានកន្ទុយដូចគោ មានទឹកដេរដាសដោយសារាយ រមែងញ៉ាំងអាត្មាឲ្យរីករាយ។ អាត្មាក៏ធ្លាប់នៅក្នុងព្រៃទាំងឡាយផង ក្នុងច្រកភ្នំទាំងឡាយផង ក្នុងគុហាទាំងឡាយផង ក្នុងសេនាសនៈទាំងឡាយដ៏ស្ងាត់ផង ក្នុងព្រៃដែលសត្វម្រឹគសាហាវអាស្រ័យនៅផង។ទ. ២៧ អាត្មាមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះមិនប្រសើរ ប្រកបដោយទោសយ៉ាងនេះថា ពួកសត្វទាំងនេះ ចូរលំបាក ចូរស្លាប់ ចូរដល់នូវសេចក្តីទុក្ខ (ដូច្នេះឡើយ)។ ព្រះសាស្តា អាត្មាបានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាបានធ្វើហើយ ភារៈដ៏ធ្ងន់ គឺខន្ធ អាត្មាបានដាក់ចុះហើយ តណ្ហា ជាគ្រឿងនាំទៅកាន់ភព អាត្មាក៏បានដកចោលហើយ។ បព្វជិតចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួងនោះ អាត្មាក៏បានដល់ហើយ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មារង់ចាំតែកាលនឹងបរិនិព្វាន ដូចជាអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មាជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាលនឹងបរិនិព្វាន។
សង្កិច្ចត្ថេរ។
ឧទ្ទាន
អំពីសង្កិច្ចត្ថេរ តែមួយអង្គឯង លោកមានកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ ពោលនូវគាថា ១១ នោះ ក្នុងឯកាទសកនិបាត។
ចប់ ឯកាទសកនិបាត។
(១. សីលវត្ថេរគាថា)
[២៤២] បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង។ ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តីត្រេកអរមួយ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល។ ពិតណាស់ បុគ្គលអ្នកមានសីល រមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ។ ជនទ្រុស្តសីល រមែងបាននូវទោសផង នូវដំណេះដំណៀលផង ឯជនអ្នកមានសីល រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល។ សីល ជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាននៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះសីល។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល។ សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីលជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ។ទ. ២៩ សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅសព្វ ៗ ទិស។ សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង។ បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទាក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង។ អ្នកប្រាជ្ញមានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង។ សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញា ក៏ឧត្តមដែរ ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីល និងបញ្ញា។
សីលវត្ថេរ។
(២. សុនីតត្ថេរគាថា)
[២៤៣] ខ្ញុំកើតក្នុងត្រកូលទាប ជាអ្នកក្រីក្រ មានភោជនតិច ការងាររបស់ខ្ញុំ ក៏ថោកទាប ខ្ញុំជាអ្នកចាក់ចោលនូវផ្កា គឺលាមក។ មនុស្សទាំងឡាយស្អប់ខ្ពើម មើលងាយ បន្តុះបង្អាប់ខ្ញុំ ៗ បានធ្វើចិត្តឲ្យទាប សំពះនូវជនជាច្រើន។ គ្រានោះ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានភិក្ខុសង្ឃហែហមហើយ ព្រះអង្គមានព្យាយាមធំ កំពុងយាងចូលទៅកាន់បូរីដ៏ឧត្តមរបស់ជនអ្នកមគធៈ។ទ. ៣០ ខ្ញុំក៏ដាក់នូវអម្រែក ចូលទៅដើម្បីថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ឋិតនៅដើម្បីអនុគ្រោះខ្ញុំ។ ខ្ញុំថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសាស្តា ហើយឋិតនៅក្នុងទីសមគួរ គ្រានោះ ខ្ញុំសូមបព្វជ្ជានឹងព្រះសម្ពុទ្ធ ព្រះអង្គឧត្តមជាងសព្វសត្វទាំងឡាយ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់អនុគ្រោះដល់លោកទាំងមូល ត្រាស់ហៅខ្ញុំថា អ្នកចូរចូលមកជាភិក្ខុចុះ ដូច្នេះ ព្រះវាចានោះ ជាឧបសម្បទារបស់ខ្ញុំ។ ព្រះជិនស្រី ទ្រង់ទូន្មានខ្ញុំយ៉ាងណា ខ្ញុំនោះ ជាបុគ្គលម្នាក់ឯង នៅក្នុងព្រៃ មិនខ្ជិលច្រអូស ក៏បានធ្វើតាមព្រះពុទ្ធដីកានៃព្រះសាស្តាយ៉ាងនោះ។ ខ្ញុំរលឹកឃើញនូវបុព្វជាតិ ក្នុងបឋមយាមនៃរាត្រី ជម្រះនូវទិព្វចក្ខុ ក្នុងមជ្ឈិមយាមនៃរាត្រី បានទំលាយនូវគំនរនៃងងឹត គឺអវិជ្ជា ក្នុងបច្ឆិមយាមនៃរាត្រី។ លំដាប់នោះ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យជិតរះឡើង ព្រះឥន្ទ្រ និងព្រះព្រហ្ម មកផ្គងអញ្ជលី នមស្ការចំពោះខ្ញុំថា បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិទ៌ុក្ខ អាសវៈទាំងឡាយរបស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល។ទ. ៣១ លំដាប់នោះ ព្រះសាស្តា ទ្រង់ទតឃើញខ្ញុំ ដែលមានពួកទេវតាហែហម ទ្រង់ក៏ធ្វើនូវការញញឹមឲ្យប្រាកដ ហើយទ្រង់ត្រាស់សេចក្តីនេះថា បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះធម៌ ៤ ប្រការនេះ គឺតបៈ ១ ព្រហ្មចរិយៈ ១ សញ្ញមៈ ១ ទមៈ ១ នេះជាព្រាហ្មណវត្តដ៏ឧត្តម។
សុនីតត្ថេរ។
ឧទ្ទាន
ព្រះថេរៈទាំងឡាយពីរអង្គនេះ គឺសីលវត្ថេរ ១ សុនីតត្ថេរ ១ សុទ្ធតែមានឫទ្ធិច្រើន បានពោលនូវគាថា ២៤ ក្នុងទ្វាទសកនិបាត។
ចប់ ទ្វាទសកនិបាត។
(១. សោណកោឡិវិសត្ថេរគាថា)
[២៤៤] ព្រះសោណៈណា ជាអ្នកប្រសើរ ល្បីក្នុងដែនអង្គៈ ព្រះសោណៈនោះ ជាអ្នកប្រសើរ ក្នុងធម៌ទាំងឡាយ បានដល់នូវត្រើយនៃទុក្ខ ក្នុងថ្ងៃនេះ។ ភិក្ខុកាត់ នូវសំយោជនៈ (ខាងក្រោម) ៥ផង លះបង់នូវសំយោជនៈ (ខាងលើ) ៥ផង ចំរើននូវឥន្ទ្រិយ ៥ តទៅទៀតផង ជាអ្នកកន្លងនូវធម៌ ជាគ្រឿងជាប់ចំពាក់ ៥ យ៉ាងផង ទើបហៅថា អ្នកឆ្លងនូវអន្លង់បាន។ សីល សមាធិ និងបញ្ញា នៃភិក្ខុអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ មានសេចក្តីប្រាថ្នាខាងក្រៅ រមែងមិនដល់នូវការពេញលេញឡើយ។ ព្រោះថា អំពើណាដែលត្រូវធ្វើ អំពើនោះ ពួកភិក្ខុណាបោះបង់ចោល ត្រឡប់ធ្វើអំពើដែលមិនត្រូវធ្វើវិញ អាសវៈទាំងឡាយ នៃពួកភិក្ខុទាំងនោះ ដែលជាអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ រមែងចំរើនឡើង។ លុះតែកាយគតាសតិ ភិក្ខុទាំងឡាយណា ប្រារព្ធល្អជានិច្ច ភិក្ខុទាំងឡាយនោះ ជាអ្នកមានកិរិយាធ្វើរឿយ ៗ ក្នុងអំពើដែលត្រូវធ្វើ មិនសេពនូវអំពើ ដែលមិនត្រូវធ្វើ អាសវៈទាំងឡាយ នៃភិក្ខុទាំងឡាយមានស្មារតី ជាអ្នកដឹងខ្លួន រមែងដល់នូវសេចក្តីវិនាសទៅ។ ផ្លូវត្រង់ ព្រះសាស្តាបានប្រាប់ហើយ អ្នកទាំងឡាយ ចូរដើរទៅចុះ កុំត្រឡប់វិញឡើយ កុលបុត្រគប្បីដាស់តឿនខ្លួនដោយខ្លួនឯង គប្បី (នាំខ្លួន) ទៅកាន់ព្រះនិព្វាន។ទ. ៣៣ កាលខ្ញុំប្រារព្ធសេចក្តីព្យាយាមយ៉ាងតឹងរឹង ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គមានចក្ខុ ទ្រង់បានសំដែងធម៌ ធ្វើនូវសេចក្តីឧបមាដោយពិណ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគនោះ ក៏ត្រេកអរក្នុងព្រះពុទ្ធសាសនា បានញ៉ាំងសមថៈឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ព្រះពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ព្រោះឃើញនូវសេចក្តីស្ងាត់របស់ចិត្ត ដែលបង្អោនទៅក្នុងការចេញចាកកាមផង នូវការមិនវង្វេងព្រមរបស់ចិត្ត ដែលបង្អោនទៅក្នុងការមិនព្យាបាទ ទាំងបង្អោនទៅ ក្នុងការអស់ទៅនៃតណ្ហា ព្រោះការអស់ទៅនៃឧបាទានផង នូវការកើតឡើងនៃអាយតនៈផង ចិត្តក៏រួចស្រឡះដោយប្រពៃ។ កាលភិក្ខុនោះ មានចិត្តរួចដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំកុសល ឬអកុសល ដែលធ្វើរួចហើយ មិនមានទេ កិច្ចដែលត្រូវធ្វើ ក៏មិនមាន។ ភ្នំថ្មតាន់មួយដុំ មិនរំភើបដោយខ្យល់យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំងអស់នេះ ទាំងពួកធម្មារម្មណ៍ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏ញ៉ាំងចិត្តភិក្ខុ ជាតាទិបុគ្គល ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរទ. ៣៤ ចិត្តដែលតាំងនៅនឹង ទាំងប្រាសចាកសំយោជនៈ រមែងឃើញច្បាស់ នូវការសូន្យទៅនៃអារម្មណ៍នោះ។
សោណកោឡិវិសត្ថេរ។
ឧទ្ទាន
ព្រះសោណកោឡិវិសត្ថេរ តែម្នាក់ឯង ជាអ្នកមានឫទ្ធិច្រើន ពោលនូវគាថា ១៣ ដែលមកក្នុងតេរសកនិបាតនេះ។
ចប់ តេរសកនិបាត។
(១. ខទិរវនិយរេវតត្ថេរគាថា)
[២៤៥] ខ្ញុំចេញចាកផ្ទះចូលកាន់ផ្នួស ក្នុងកាលណា កាលណោះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះមិនប្រសើរ ដែលប្រកបដោយទោសទេ។ ក្នុងចន្លោះកាលដ៏វែងនេះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះថា ពួកសត្វទាំងនេះ ចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់នូវសេចក្តីទុក្ខចុះ ដូច្នេះទេ។ ប៉ុន្តែខ្ញុំធ្លាប់នឹកនូវមេត្តារកប្រមាណមិនបាន ដែលបានចំរើនល្អហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងហើយ។ ខ្ញុំមានសត្វទាំងពួងជាមិត្រ មានសត្វទាំងពួងជាសំឡាញ់ ជាអ្នកអនុគ្រោះដល់សត្វទាំងពួង បានចំរើននូវមេត្តាចិត្ត ត្រេកអរក្នុងការមិនបៀតបៀនសព្វកាល។ ខ្ញុំត្រេកអរចំពោះចិត្តដែលមិនងីកងាក មិនកម្រើក ខ្ញុំចំរើនព្រហ្មវិហារធម៌ ដែលព្រះអរិយៈជាបុរសមិនថោកទាប គប់រកហើយ។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដល់នូវឈាន មិនមានវិតក្កៈ រមែងជាអ្នកប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះ។ ភ្នំថ្មមិនកំរើក តាំងនៅស៊ប់ យ៉ាងណាមិញ ភិក្ខុរមែងមិនញាប់ញ័រ ដូចជាភ្នំ ព្រោះអស់ទៅនៃមោហៈ ក៏យ៉ាងនោះដែរ។ សប្បុរស មិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវសេចក្តីស្អាតជានិច្ច ទុកជាមានបាបបន្តិចបន្តួចប៉ុនចុងរោមកន្ទុយសត្វ ក៏ប្រាកដដូចជាប៉ុនមេឃ។ទ. ៣៦ នគរជាទីបំផុតនៃដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុងខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន យ៉ាងនោះ ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ គឺការអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានដល់ហើយ។ អ្នកទាំងឡាយ ចូរឲ្យដល់ព្រម ដោយសេចក្តីមិនប្រមាទចុះ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាអ្នកមានចិត្តរួចស្រឡះហើយ ចាកកិលេសទាំងពួង។
រេវតត្ថេរ។
(២. គោទត្តត្ថេរគាថា)
[២៤៦] គោអាជានេយ្យដ៏ចំរើន ដែលបុគ្គលទឹមហើយក្នុងនឹម ជាសត្វនាំទៅនូវធុរៈ ទុកជាម្ចាស់ញាំញីដោយភារៈដ៏លើសលុបក៏ដោយ ក៏មិនរលាស់ចោលនូវនឹមដែលម្ចាស់ទឹមឡើយ យ៉ាងណាមិញទ. ៣៧ បុគ្គលទាំងឡាយណា ឆ្អែតហើយដោយប្រាជ្ញា ដូចជាសមុទ្រ ដែលឆ្អែតហើយដោយទឹក បុគ្គលទាំងឡាយនោះ រមែងមិនមើលងាយនូវពួកជនដទៃ ដូចជាបុគ្គលមានធម៌ដ៏ប្រសើរ មិនមើលងាយនូវសត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ មាណពទាំងឡាយ អ្នកលុះនូវអំណាចនៃកាល (លោកធម៌ មានលាភជាដើម) ក្នុងកាល (ដែលបរិបូណ៌ដោយលោកធម៌ មានលាភជាដើម) លុះអំណាចនៃសេចក្តីចំរើន និងសេចក្តីវិនាស រមែងដល់នូវសេចក្តីទុក្ខ មាណពទាំងឡាយនោះ រមែងសោកសៅ។ បុគ្គលពាលទាំងឡាយ ជាអ្នកមិនឃើញតាមពិត ប៉ោងឡើង ដោយហេតុនៃសេចក្តីសុខ ទ្រោមចុះដោយហេតុនៃសេចក្តីទុក្ខ រមែងលំបាក ដោយហេតុទាំងពីរ។ ចំណែកបុគ្គលទាំងឡាយណា បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះសុខទុក្ខ និងឧបេក្ខា បុគ្គលទាំងឡាយនោះ ឈ្មោះថា តាំងនៅនឹង ដូចជាសសរខឿន មិនប៉ោងឡើង ទាំងមិនទ្រោមចុះ។ អ្នកប្រាជ្ញទាំងឡាយ មិនបានជាប់ចំពាក់ក្នុងលាភ មិនជាប់ចំពាក់ក្នុងអលាភ មិនជាប់ចំពាក់ក្នុងអយស មិនជាប់ចំពាក់ក្នុងកិត្តិយស មិនជាប់ចំពាក់ក្នុងនិន្ទា និងសេចក្តីសរសើរ មិនជាប់ចំពាក់ក្នុងទុក្ខ និងសុខ អ្នកប្រាជ្ញទាំងឡាយនោះ មិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាដំណក់នៃទឹក ដែលមិនជាប់នឹងស្លឹកឈូកទ. ៣៨ បានសេចក្តីសុខក្នុងទីទាំងពួង មិនចាលចាញ់ក្នុងទីទាំងពួង។ ការមិនមានលាភ (ប្រកប) ដោយធម៌ណា ហើយនឹងលាភមិនប្រកបដោយធម៌ណា ការមិនមានលាភដែលប្រកបដោយធម៌នោះ ប្រសើរ ឯលាភមិនប្រកបដោយធម៌ ពុំប្រសើរឡើយ។ យសរបស់បុគ្គលមិនមានប្រាជ្ញាទាំងឡាយណា និងការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយណា ការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយនោះ ប្រសើរ ឯយសរបស់អ្នកមិនមានប្រាជ្ញាទាំងឡាយ ពុំប្រសើរឡើយ។ ការសរសើរ អំពីបុគ្គលមិនមានបញ្ញាទាំងឡាយណា និងសេចក្តីតិះដៀល អំពីបុគ្គលមានបញ្ញាទាំងឡាយណា សេចក្តីតិះដៀលអំពីបុគ្គលមានបញ្ញាទាំងឡាយនោះ ប្រសើរ ឯការសរសើររបស់បុគ្គលពាល ពុំប្រសើរឡើយ។ សេចក្តីសុខកើតឡើង ព្រោះអាស្រ័យកាម និងសេចក្តីទុក្ខកើតឡើង អំពីសេចក្តីស្ងប់ស្ងាត់ សេចក្តីទុក្ខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រសើរ ឯសេចក្តីសុខ ដែលកើតអំពីកាម ពុំប្រសើរឡើយ។ ការរស់នៅមិន (ប្រកប) ដោយធម៌ណា និងសេចក្តីស្លាប់ប្រកបដោយធម៌ណា សេចក្តីស្លាប់ប្រកបដោយធម៌នោះ ប្រសើរ ឯបុគ្គលរស់នៅមិនប្រកបដោយធម៌ ពុំប្រសើរសោះឡើយ។ទ. ៣៩ បុគ្គលទាំងឡាយណា មានកាម និងសេចក្តីក្រោធ លះបង់ហើយ មានចិត្តស្ងប់រម្ងាប់ហើយ រមែងត្រាច់ទៅក្នុងភពតូច និងភពធំ មិនអាស្រ័យនឹងលោក (មានខន្ធលោកជាដើម) សេចក្តីស្រឡាញ់ ឬមិនស្រឡាញ់ របស់ជនទាំងឡាយនោះ មិនមានសោះឡើយ។ បុគ្គលទាំងឡាយ បានចំរើនពោជ្ឈង្គទាំងឡាយផង ឥន្ទ្រិយទាំងឡាយផង ពលៈទាំងឡាយផង រមែងដល់នូវសេចក្តីស្ងប់ យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
គោទត្តត្ថេរ។
ឧទ្ទាន
ព្រះថេរៈពីរអង្គនេះ គឺរេវត ១ គោទត្ត ១ ជាអ្នកមានឫទ្ធិច្រើន បានពោលនូវគាថា ២៨ ដែលមកក្នុងចុទ្ទសកនិបាត។
ចប់ ចុទ្ទសកនិបាត។
(១. អញ្ញាសិកោណ្ឌញ្ញត្ថេរគាថា)
[២៤៧] ខ្ញុំនេះ បានស្តាប់ធម៌មានរសច្រើន ជ្រះថ្លាក្រៃលែង វិរាគធម៌ដែលលោកសំដែងហើយ មិនកាន់យក (ធម៌ណាមួយ) ដោយប្រការទាំងពួង។ អារម្មណ៍ទាំងឡាយច្រើន ដ៏វិចិត្រក្នុងលោក លើមណ្ឌលនៃផែនដីនេះ ទំនងជាញាំញីនូវសេចក្តីត្រិះរិះថា ល្អ ដែលប្រកបដោយរាគៈ។ អរិយសាវ័ក ពិចារណាឃើញ ដោយប្រាជ្ញាក្នុងកាលណា សេចក្តីត្រិះរិះទាំងឡាយ ក៏ស្ងប់រម្ងាប់ក្នុងកាលណោះ ដូចជាភ្លៀងរម្ងាប់នូវធូលី ដែលហុយឡើងដោយខ្យល់។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀង ក្នុងកាលណា រមែងនឿយណាយក្នុងសេចក្តីទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងជាទុក្ខ ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា ធម៌ទាំងពួង មិនមែនជារបស់ខ្លួន ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។ ព្រះថេរៈឈ្មោះកោណ្ឌញ្ញ ត្រាស់ដឹងតាមព្រះពុទ្ធ ដែលមានសេចក្តីព្យាយាមដ៏ក្លៀវក្លា មានជាតិ និងមរណៈ លះបង់ហើយ បរិបូណ៌ដោយព្រហ្មចរិយធម៌។ទ. ៤១ អន្ទាក់ គឺឱឃៈក្តី ចិត្តរឹងរូសដ៏មាំក្តី មោហៈដូចភ្នំដែលទំលាយបានដោយកម្រក្តី ព្រះអញ្ញាកោណ្ឌញ្ញនោះ បានកាត់នូវចិត្តដ៏រឹងរូសផង នូវអន្ទាក់ គឺឱឃៈផង នូវភ្នំ គឺមោហៈដែលបុគ្គលបំបែកបានដោយកម្រផង បានឆ្លងទៅដល់ត្រើយ ជាអ្នកមានឈាន រួចចាកចំណងនៃមារ។ ភិក្ខុអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យនឹងពួកបាបមិត្រ រមែងត្រូវរលក គឺឧបាយនៃសេចក្តីក្រោធជ្រមុច ហើយលិចចុះក្នុងអន្លង់ធំ។ ឯភិក្ខុមានប្រាជ្ញា មានចិត្តមិនរាយមាយ មិនឃ្លេងឃ្លោង មានប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មានកល្យាណមិត្រ តែងធ្វើនូវទីបំផុតនៃទុក្ខបាន។ ជនអ្នកមានអវយវៈប្រាកដស្មើដោយថ្នាំងវល្លិ៍ ស្គម រវីមរវាមដោយសរសៃ ជាអ្នកដឹងប្រមាណក្នុងបាយ និងទឹក មានចិត្តមិនរួញរា ត្រូវរបោម និងមូសទាំងឡាយ ខាំហើយ ក្នុងព្រៃតូច និងព្រៃធំ ជាអ្នកមានស្មារតី គង់អត់ទ្រាំនៅក្នុងព្រៃនោះបាន ដូចដំរីដ៏ប្រសើរ (អត់ទ្រាំ) ក្នុងប្រធាននៃសង្រ្គាម។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ដូចអ្នកធ្វើការឈ្នួលទន្ទឹងតែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែបរិនិព្វានកាល។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយទ. ៤២ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចោលហើយ។ កុលបុត្រអ្នកចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយ ខ្ញុំមានប្រយោជន៍អ្វី ដោយសទ្ធិវិហារិក។
អញ្ញាកោណ្ឌញ្ញត្ថេរ។
(២. ឧទាយិត្ថេរគាថា)
[២៤៨] មនុស្សទាំងឡាយ តែងនមស្ការនូវព្រះសម្ពុទ្ធ ដែលទ្រង់មានព្រះជាតិ ជាមនុស្ស ទ្រង់បានបង្វឹកព្រះអង្គត្រឹមត្រូវ ឥតមានឆ្គង មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់ប្រព្រឹត្តក្នុងគន្លងដ៏ប្រសើរ ទ្រង់ពេញព្រះទ័យ ចំពោះឈានជាគ្រឿងស្ងប់ចិត្ត ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ឆ្លងរំលងនូវសំយោជនៈទាំងពួងហើយ ទ្រង់ (ចេញផុត) ចាកព្រៃ គឺកិលេស ស្ដេចមកដល់ព្រះនិព្វានហើយ ទ្រង់ពេញព្រះទ័យក្នុងការចេញចាកកាមទាំងឡាយ ដូចមាសចេញផុតចាកធាតុថ្មហើយ ទោះបីពួកទេវតាក៏នមស្ការព្រះអង្គដែរ ពាក្យដូច្នេះនេះ ខ្ញុំព្រះអង្គបានស្ដាប់ (ក្នុងសំណាក់) នៃព្រះអរហន្ដ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមថា នាគនោះឯង ព្រះអង្គរុងរឿងក្រៃពេក ដូចភ្នំហិមពាន្ដ ដែលរុងរឿងកន្លងនូវពួកភ្នំឯទៀត ព្រះអង្គមានព្រះនាមពិតប្រាកដ ប្រសើរបំផុតជាងជនទាំងពួង ដែលមាននាមថា នាគដែរ ខ្ញុំនឹងថ្លែងនូវពុទ្ធនាគដល់អ្នកទាំងឡាយ ព្រះពុទ្ធនាគនោះ មិនធ្វើនូវអំពើអាក្រក់ឡើយ។ទ. ៤៣ សោរច្ចៈ និងអវិហឹសា ទាំងពីរនោះ ជាបាទា (ខាងមុខ) របស់ព្រះពុទ្ធនាគ។ សតិ និងសម្បជញ្ញៈទាំងពីរនោះ ជាបាទាខាងក្រោយរបស់ព្រះពុទ្ធនាគ។ ព្រះសម្ពុទ្ធ ជាមហានាគ ទ្រង់មានសទ្ធាជាប្រមោយ មានឧបេក្ខាជាភ្លុកស។ ព្រះពុទ្ធនាគនោះ មានសតិជាក បញ្ញាជាសិរប្រទេស គំនិតសម្រាប់គិតគូធម៌ ជាចុងប្រមោយ ធម៌ជាផ្ទៃសម្រាប់ដាក់នូវគ្រឿងចម្អែត វិវេកជាកន្ទុយ។ ព្រះពុទ្ធនាគនោះ មានឈាន ទ្រង់រីករាយចំពោះខ្យល់ដកដង្ហើម គឺព្រះនិព្វាន មានព្រះទ័យតាំងមាំខាងក្នុង ព្រះពុទ្ធនាគ កាលបើទ្រង់ស្ដេចយាត្រា ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ឋិត ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ផ្ទំ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់គង់ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់សង្រួមរក្សាទ្វារទាំងអស់ នេះជាសម្បទារបស់ព្រះពុទ្ធនាគ។ ព្រះពុទ្ធនាគ ទ្រង់សោយតែភោជនដែលឥតទោស មិនសោយនូវភោជន ដែលប្រកបដោយទោស (កាលបើ) ទ្រង់បាននូវចង្ហាន់ និងគ្រឿងស្លៀកដណ្ដប់ ទ្រង់វៀរនូវការសន្សំទុក ទ្រង់កាត់នូវសំយោជនៈ ដែលជាចំណងតូចធំទាំងអស់ ហើយទ្រង់យាងទៅណា ៗ ក៏ស្ដេចទៅដោយឥតមានព្រះទ័យអាឡោះអាល័យ។ ឈូកស ដុះចំរើនឡើងក្នុងទឹក មិនជាប់ប្រឡាក់ដោយទឹក មានក្លិនក្រអូប ជាទីរីករាយចិត្ត យ៉ាងណាមិញទ. ៤៤ ព្រះពុទ្ធ ទ្រង់កើតក្នុងលោក គង់នៅក្នុងលោក មិនប្រឡាក់ដោយលោក ដូចជាឈូក មិនជាប់ប្រឡាក់ដោយទឹកដូច្នោះឯង។ គំនរភ្លើងធំ ដែលឆេះសន្ធោ មិនមានចំណី រមែងរលត់ បើទុកជារងើកទាំងឡាយ មាននៅ ក៏គេនិយាយថា ភ្លើងរលត់ហើយ។ ពាក្យឧបមានេះ ជាគ្រឿងបញ្ជាក់នូវសេចក្តី ដែលពួកវិញ្ញូជនបានសំដែងហើយ មហានាគ គឺព្រះខីណាស្រពទាំងឡាយ គង់ដឹងច្បាស់នូវព្រះពុទ្ធនាគ ដែលខ្ញុំជានាគសំដែងរួចមកហើយនេះ ថា ព្រះពុទ្ធនាគ ទ្រង់ប្រាសចាករាគៈ ទោសៈ មោហៈហើយ អស់អាសវៈហើយ លះបង់សរីរៈ មិនមានអាសវៈ នឹងបរិនិព្វាន។
ឧទាយិត្ថេរ។
ឧទ្ទាន មានក្នុងសោឡសកនិបាតនោះ
ព្រះថេរៈពីរអង្គ អ្នកមានឫទ្ធិច្រើននោះ គឺព្រះកោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោលនូវគាថា ៣២ ក្នុងសោឡសកនិបាត។
ចប់ សោឡសកនិបាត។
(១. អធិមុត្តត្ថេរគាថា)
[២៤៩] (ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់សត្វពួកណា ដើម្បីយញ្ញ ឬដើម្បីទ្រព្យ ភ័យក៏កើតមាន (ដល់សត្វពួកនោះ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រផង សោកសៅផង។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំងសម្បុរ (មុខលោក) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏លោកមិនខ្សឹកខ្សួល ព្រោះភ័យធំ មានសភាពយ៉ាងនេះ។
(ព្រះអធិមុត្តត្ថេរពោលថា) ម្នាលចោរជាធំ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុតនូវភ័យទាំងពួង។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភព ក្នុងបច្ចុប្បន្នអស់ហើយ ដោយហេតុណាមួយ ភ័យចំពោះសេចក្តីស្លាប់ ក៏មិនមានឡើយ ដូចការមិនមានភ័យ ក្នុងកិរិយាដាក់ចុះនូវភារៈចេញ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមានទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចំរើនល្អហើយ ភពទាំងឡាយ ដែលមិនមានសេចក្តីត្រេកអរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ។ទ. ៤៦ បុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនមានសេចក្តីប្រកាន់ មានសោឡសកិច្ចធ្វើហើយ មិនមានអាសវៈ រមែងជាអ្នកត្រេកអរ ក្នុងកិរិយាអស់ទៅនៃអាយុ ដូចបុគ្គលរួចហើយចាកការសម្លាប់។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុងលោកទាំងអស់ រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ ដូចបុគ្គលស្ទុះផុតចាកផ្ទះដែលភ្លើងឆេះ។ ការជួបជុំដោយសត្វ និងសង្ខារឯណានីមួយក្តី ការកើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នុ៎ះ មិនមែនជាធំឡើយ ពាក្យនេះ ព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណធំ បានសំដែងហើយ។ បុគ្គលណា បានដឹងច្បាស់នូវព្រះពុទ្ធដីកា តាមដែលព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គលនោះ មិនប្រកាន់នូវភពនីមួយឡើយ ដូចបុរសមិនកាន់ដុំដែកដែលក្ដៅសព្វ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយទេ អាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ (ព្រោះថា) សង្ខារទាំងឡាយ ទៀងតែវិនាសទៅវិញ ហេតុនោះ សេចក្តីខ្សឹកខ្សួលក្នុងសង្ខារទាំងនោះ ដូចម្ដេចកើត។ ម្នាលចោរជាធំ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិតនូវការប្រជុំកើតនៃធម៌ដ៏បរិសុទ្ធ និងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ។ បុគ្គលដែលឃើញច្បាស់ដោយបញ្ញានូវលោក ប្រាកដស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណាទ. ៤៧ ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថា របស់អញ រមែងមិនសោកសៅថា ភ័យមិនមានដល់អាត្មាឡើយ។ អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយភព ព្រោះថាកាយនេះ នឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។ កិច្ចណាដោយសរីរៈ មានដល់ពួកអ្នក ពួកអ្នកប្រាថ្នានូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ។
ពួកចោរ បានស្ដាប់ពាក្យនៃព្រះអធិមុត្តត្ថេរនោះ ជាពាក្យចម្លែកអស្ចារ្យ គួរឲ្យព្រឺរោម ហើយក៏ទម្លាក់ចោលនូវគ្រឿងសាស្រ្ដាទាំងឡាយ បានពោលពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកបានធ្វើតបោកម្មដូចម្ដេច ឬអ្នកណាជាអាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោកបានព្រោះអាស្រ័យពាក្យប្រដៅរបស់អ្នកណា។
ព្រះថេរៈឆ្លើយថា ព្រះជិនស្រី ព្រះអង្គជាសព្វញ្ញូ ទ្រង់ឃើញនូវធម៌ទាំងពួង ជាសាស្ដាប្រកបដោយករុណាដ៏ធំ ទ្រង់រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា។ ព្រះធម៌នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅ ដែលអាត្មាបានព្រោះអាស្រ័យនូវធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីនោះ។ទ. ៤៨
ចោរទាំងឡាយ បានស្ដាប់នូវសុភាសិតនៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោលនូវគ្រឿងសស្រ្តាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា។ ចោរទាំងនោះ ក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចំរើននូវពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិត មានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្រ្ទិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វានបទ ជាអសង្ខតធម៌។
អធិមុត្តត្ថេរ។
(២. បារាបរិយត្ថេរគាថា)
[២៥០] ភិក្ខុឈ្មោះបារាសរិយៈ ជាសមណៈ អង្គុយតែម្នាក់ឯង ជាអ្នកស្ងប់ស្ងាត់ ចំរើនឈាន មានគំនិតថា បុរសគប្បីប្រតិបត្តិដោយលំដាប់ដូចម្ដេច គប្បីប្រព្រឹត្តនូវវត្តដូចម្ដេច នូវសមាចារៈដូចម្តេច ទើបឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។ ឥន្រ្ទិយទាំងឡាយរបស់ពួកមនុស្ស មានដើម្បីជាប្រយោជន៍ផង មិនជាប្រយោជន៍ផង ឥន្ទ្រិយទាំងឡាយដែលគេមិនរក្សា ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដែលគេរក្សាហើយ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍។ បុគ្គលកាលរក្សានូវឥន្ទ្រិយទាំងឡាយផង គ្រប់គ្រងនូវឥន្ទ្រិយទាំងឡាយផង ឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ។ទ. ៤៩ បើបុគ្គលណា មិនឃាត់នូវចក្ខុន្រ្ទិយដែលប្រព្រឹត្តទៅ ក្នុងរូបទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ។ មួយទៀត បុគ្គលណា មិនឃាត់នូវសោតិន្ទ្រិយ ដែលប្រព្រឹត្តទៅក្នុងសំឡេងទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ។ បើបុគ្គលណា មិនឃើញនូវការរលាស់ចេញ ជាអ្នកជ្រប់នៅក្នុងក្លិនទាំងឡាយ ហើយសេពចំពោះនូវក្លិនទាំងឡាយ បុគ្គលនោះ មិនរួចចាកទុក្ខទេ។ បុគ្គលណា រលឹករឿយ ៗ នូវរសជូរ និងចំណែកនៃរសផ្អែមផង នូវចំណែកនៃរសល្វីងផង ជាអ្នកជាប់នៅក្នុងរសតណ្ហា បុគ្គលនោះ រមែងមិនដឹងច្បាស់នូវបេះដូងនៃសាសនា។ បុគ្គលកាលរលឹករឿយ ៗ នូវផោដ្ឋព្វៈទាំងឡាយដែលស្អាត មិនគួរខ្ពើម ជាអ្នកត្រេកអរ (ក្នុងផ្សព្វនោះ) រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ ដែលមានរាគៈជាហេតុ។ បុគ្គលណា មិនអាចរក្សានូវចិត្ត ដោយធម៌ទាំងឡាយនេះ ព្រោះហេតុតែមិនបានរក្សានោះឯង ទុក្ខរមែងជាប់តាមបុគ្គលនោះ ដោយខ្សែទាំងពួង មានប្រមាណ ៥ គឺអារម្មណ៍ទាំង ៥។ សរីរៈនេះ ពេញដោយខ្ទុះ និងឈាមផង ពេញដោយសាកសពដ៏ច្រើនផង ដូចស្មុគ្រដែលបុគ្គលមានព្យាយាម ធ្វើឲ្យរលីង វិចិត្រហើយ។ទ. ៥០ បុគ្គលរមែងមិនដឹងនូវសេចក្តីទុក្ខក្តៅក្រហាយ តែមានរសផ្អែមឆ្ងាញ់ពិសា ដែលមានសេចក្តីស្រឡាញ់ជាចំណង ដូចកាំបិតកោរ ដែលគេលាបប្រឡាក់ដោយទឹកឃ្មុំ។ បុគ្គលអ្នកត្រេកអរក្រៃពេក ក្នុងរូបស្រ្តីផង ក្នុងរសនៃស្រ្តីផង ក្នុងការប៉ះពាល់នូវកាយនៃស្រ្តីផង ក្នុងក្លិននៃស្រីផង រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ។ ខ្សែនៃតណ្ហាទាំង ៥ របស់ស្រ្តីទាំងអស់ រមែងហូរទៅក្នុងទ្វារនៃបុរសទាំង ៥ ដែរ បុគ្គលណា មានការព្យាយាម អាចធ្វើនូវការបិទរាំងនូវខ្សែតណ្ហាទាំងនោះ (មិនឲ្យកើតឡើងបាន) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រយោជន៍ ជាអ្នកឋិតនៅក្នុងធម៌ ជាអ្នកឈ្លាសវៃ ជាអ្នកមានបញ្ញាជាគ្រឿងពិចារណា បុគ្គលនោះ គប្បីត្រេកអរ ធ្វើនូវកិច្ចប្រកបដោយធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ចដែលប្រកបដោយសេចក្តីត្រេកអរ រមែងលិចចុះ បុគ្គលគប្បីវៀរនូវកិច្ចដែលមិនមានប្រយោជន៍ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ តែងសំគាល់នូវកិច្ចនោះថា ជាអំពើមិនគួរធ្វើ។ មួយទៀត កិច្ចណា ប្រកបដោយប្រយោជន៍ក្តី សេចក្តីត្រេកអរណា ប្រព្រឹត្តទៅក្នុងធម៌ក្តី បុគ្គលគប្បីប្រព្រឹត្តកាន់យកនូវប្រយោជន៍ និងសេចក្តីត្រេកអរនោះ ព្រោះថា សេចក្តីត្រេកអរនោះ ជាគុណជាតិដ៏ឧត្តម។ បុគ្គលណាសម្លាប់ វាយ ឬធ្វើឲ្យអ្នកដទៃសោកសៅ ហើយប្លន់ដណ្ដើម (យកទ្រព្យ) នៃពួកជនដទៃ ដោយការកំហែង បុគ្គលនោះ រមែងនាំទៅនូវទ្រព្យជារបស់ពួកជនដទៃ ដោយឧបាយទាំងតូចទាំងធំបាន។ទ. ៥១ ជនអ្នកមានកំឡាំង កាលចាំងឈើ រមែងនាំចេញនូវដែកគោល ដោយដែកគោល យ៉ាងណាមិញ ពួកជនអ្នកឈ្លាស រមែងរម្ងាប់នូវឥន្ទ្រិយទាំងឡាយ ដោយឥន្ទ្រិយទាំងឡាយ ក៏យ៉ាងនោះដែរ។ បុគ្គលណា ចំរើននូវសទ្ធា វីរិយៈ សមាធិ សតិ និងបញ្ញា សម្លាប់នូវឥន្ទ្រិយ ៥ (មានចក្ខុន្ទ្រិយជាដើម) ដោយឥន្ទ្រិយ ៥ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខប្រព្រឹត្តទៅ។ បុគ្គលណា ធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសព្វគ្រប់ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រយោជន៍ ជាអ្នកតាំងនៅក្នុងធម៌ នរជននោះ តែងដល់នូវសេចក្តីសុខ។
បារាសរិយត្ថេរ។
(៣. តេលកានិត្ថេរគាថា)
[២៥១] ខ្ញុំមានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស កាលគិតរកនូវធម៌ អស់កាលមានរាត្រីដ៏យូរណាស់ តែមិនបាននូវការស្ងប់រម្ងាប់នៃចិត្ត ទើបសួរនូវសមណព្រាហ្មណ៍ទាំងឡាយថា បុគ្គលណាសោត ដែលបានដល់នូវត្រើយក្នុងលោក អ្នកណាដែលបានដល់នូវព្រះនិព្វានឈ្មោះអមតៈ ខ្ញុំនឹងប្រតិបត្តិនូវធម៌ ជាគ្រឿងដឹងច្បាស់នូវប្រយោជន៍ដ៏ឧត្តមរបស់សមណព្រាហ្មណ៍ណា។ ខ្ញុំលុះក្នុងកិលេសជាគ្រឿងវៀចខាងក្នុង ដូចត្រីស៊ីនុយ ឬដូចអសុរឈ្មោះវេបចិត្តិជាប់ចំណងព្រះឥន្រ្ទ។ទ. ៥២ ខ្ញុំទាញដកអន្ទាក់ គឺកិលេសនោះ តែមិនរួចចាកសេចក្តីសោក និងការខ្សឹកខ្សួលនេះទេ អ្នកណាអាចស្រាយនូវចំណងនៃខ្ញុំ ក្នុងលោក រួចប្រាប់នូវធម៌ជាគ្រឿងត្រាស់ដឹងដល់ខ្ញុំបាន។ ខ្ញុំ (គប្បីបាន) នូវសមណៈ ឬព្រាហ្មណ៍ណា ដែលអាចប្រាប់ធម៌ ជាគ្រឿងកំចាត់បង់កិលេសបាន ខ្ញុំនឹងទទួលនូវធម៌ជាគ្រឿងបន្សាត់បង់នូវជរា និងមច្ចុ អំពីសំណាក់នៃបុគ្គលណា។ (សរ គឺទិដ្ឋិណា) ដែលមាននិស្ស័យជាប់ក្នុងទ្រូង អាចទំលាយយ៉ាងខ្លាំង ហើយឋិតនៅក្នុងហឫទ័យ អ្នកចូរមើលនូវសរ គឺទិដិ្ឋនោះ ដែលធ្លាក់ចុះក្នុងសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ប្រកបដោយកម្លាំងនៃសេចក្តីប្រណាំងប្រជែង មានសេចក្តីរឹងត្អឹងនៃចិត្ត ដែលផ្សំដោយសេចក្តីក្រោធ មានតណ្ហាជាគ្រឿងទំលាយ កើតព្រមអំពីធ្នូ គឺតណ្ហា មានប្រភេទ ១៥ ពីរដង។26) ការដែលមិនបានលះបង់នូវទិដិ្ឋបន្ទាប់បន្សំទាំងឡាយ ត្រូវសរ គឺសេចក្តីត្រិះរិះខុស ឲ្យក្លាហានហើយ អាត្មាអញឈ្មោះថា ត្រូវសរ គឺទិដិ្ឋនោះមុតហើយ រមែងញាប់ញ័រដូចស្លឹកឈើដែលត្រូវខ្យល់បក់ដូច្នោះ។ កាយប្រកបដោយផស្សាយតនៈ ៦ តាំងឡើងក្នុងសន្តានរបស់អាត្មាអញ ហើយក៏ដុតយ៉ាងឆាប់នូវអត្តភាព ដែលគេរាប់ថា ជារបស់នៃខ្លួន (កាយនោះ) កើតឡើងក្នុងភពណា ក៏ប្រព្រឹត្តទៅក្នុងភពនោះសព្វកាល។ទ. ៥៣ អាត្មាអញ រកមិនឃើញនូវពេទ្យ ដែលគប្បីដកឡើងនូវសរ គឺសេចក្តីសង្ស័យនោះ របស់អាត្មាអញ ដោយដង្កាប់សម្រាប់ដកផ្សេង ៗ ឬដោយកាំបិត មិនមែនដោយមន្ដដទៃឡើយ។ បុគ្គលណាហ្ន៎ មិនមានកាំបិត (កាត់) នូវសរ មិនឲ្យមានដំបៅដល់អាត្មាអញ មិនបានបៀតបៀននូវខ្លួនទាំងមូល ហើយដកនូវសរ គឺកិលេស ដែលអាស្រ័យនូវហឫទ័យរបស់អាត្មាអញបាន។ ព្រោះថា កាលបើអាត្មាអញ ធ្លាក់ចុះក្នុងសង្សារដ៏ជ្រៅហើយ (បុគ្គលណា) គប្បីបង្ហាញនូវដៃ ដែលញ៉ាំងអាត្មាអញឲ្យដល់ទីគោក គឺព្រះនិព្វានបាន បុគ្គលនោះ ឈ្មោះថាជាធំ ហេតុធម៌ ជាអ្នកប្រសើរ ជាអ្នកបន្សាត់បង់នូវពិស គឺទោសៈ។ អាត្មាអញ ជាអ្នកលិចចុះក្នុងអន្លង់ គឺសង្សារវដ្ដ មានធូលី គឺកិលេសនៅខាងក្នុង ដែលគេមិនអាចនឹងនាំចេញបាន ជាទីផ្សាយទៅដោយមាយា ដោយសេចក្តីច្រណែន ដោយការប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តីត្រិះរិះទាំងឡាយ ដែលអាស្រ័យនូវរាគៈ បា្រកដស្មើដោយទឹកដែលហូរទៅ តែងបន្សាត់ទៅនូវបុគ្គលអ្នកមានទិដ្ឋិអាក្រក់ ដែលមានឧទ្ធច្ចៈជាមេឃគ្រហឹម មានសំយោជនៈជាភ្លៀង។ ខ្សែតណ្ហា រមែងហូរទៅក្នុងអារម្មណ៍ទាំងពួង តណ្ហាដូចជាវល្លិ៍ រមែងដុះបែកខ្នែង តើបុគ្គលណា ឃាត់នូវខ្សែតណ្ហានោះបាន ចុះបុគ្គលណាកាត់ផ្ដាច់នូវតណ្ហា ដូចជាវល្លិ៍នោះបាន។ទ. ៥៤ បពិត្រអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរធ្វើនូវទំនប់ ជាគ្រឿងទប់នូវខ្សែតណ្ហាទាំងឡាយ។ ខ្សែតណ្ហា ដែលសម្រេចអំពីចិត្ត កុំគប្បីញ៉ាំងអ្នកឲ្យវិនាសដោយរហ័ស ដូចជាខ្សែទឹក (ច្រោះ) នូវដើមឈើ (ឲ្យរលំ) ដូច្នោះឡើយ។ កាលអាត្មាអញមានភ័យកើតហើយ កំពុងស្វែងរកត្រើយខាងនាយ គឺព្រះនិព្វាន ចាកត្រើយខាងអាយ គឺសង្សារវដ្ដយ៉ាងនេះ ព្រះសាស្ដា មានបញ្ញាជាអាវុធ ជាទីពឹងនៃសត្វលោក ព្រះអង្គត្រូវពួកនៃបុគ្គលអ្នកស្វែងរកនូវគុណ សេពគប់ហើយ ទ្រង់ប្រទាន (ដល់ខ្ញុំ) នូវជណ្ដើរ គឺវិបស្សនា ដែលទេសនាញាណ ធ្វើល្អហើយ ជាជណ្ដើរដ៏ស្អាត សម្រេចអំពីធម៌មានខ្លឹមដ៏មាំ កាលខ្ញុំកំពុងត្រូវជំនន់ធំគួចទៅ ព្រះអង្គក៏បានត្រាស់ថា អ្នកកុំភ័យឡើយ។ ខ្ញុំបានឡើងកាន់ប្រាសាទ គឺសតិប្បដ្ឋាន ហើយក្រឡេកមើល ក៏សំគាល់នូវសត្វដែលត្រេកអរក្នុងសក្កាយក្នុងកាលមុន។ អាត្មាអញ បានឃើញនូវផ្លូវ គឺវិបស្សនា ជាទីឡើងកាន់ទូក គឺអរិយមគ្គ ក្នុងកាលណា កាលនោះ អាត្មាអញមិនបានតាំងចិត្ត ក៏បានឃើញនូវអរិយមគ្គដ៏ឧត្តម ជាកំពង់ (នៃនិព្វាន)។ សរ គឺទិដ្ឋិ មានះជាដើម ដែលមានខ្លួនជាសមុដ្ឋាន មានតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ជាដែនកើត ព្រះសាស្ដាទ្រង់សំដែងមគ្គដ៏ឧត្តម ដើម្បីមិនឲ្យប្រព្រឹត្តទៅនៃបាបធម៌ទាំងឡាយនុ៎ះ។ ព្រះពុទ្ធ បន្សាត់បង់នូវទោសៈជាពិស ទ្រង់បន្ទោបង់នូវកិលេស ជាគ្រឿងចាក់ស្រេះរបស់អញ ដែលត្រាំនៅក្នុងចិត្ត អស់រាត្រីដ៏វែង ដែលតាំងស៊ប់ហើយក្នុងសន្ដាន អស់កាលដ៏យូរ។
តេលុកានិត្ថេរ។
(៤. រដ្ឋបាលត្ថេរគាថា)
[២៥២] អ្នកចូរមើលនូវអត្តភាព ដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធ្វើឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។ កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ទ. ៥៦ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។
អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធ្វើនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។ទ. ៥៧ ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធ្វើម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។ ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។ ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា)ទ. ៥៨ បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធ្វើនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។ បុគ្គលណា (បានធ្វើបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធ្វើបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ27) (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗទ. ៥៩ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។
អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។ អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ទ. ៦០ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
រដ្ឋបាលត្ថេរ។
(៥. មាលុក្យបុត្តត្ថេរគាថា)
[២៥៣] បុគ្គលកាលឃើញរូបហើយ ធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរូបជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការសំឡឹងរំពៃ) ផង ព្រោះវិហេសា (ការបៀតបៀន) ផង កាលបុគ្គលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលឮសំឡេងហើយ ធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានសំឡេងជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ទ. ៦១ បុគ្គលកាលធុំក្លិនហើយ ធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានក្លិនជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលបរិភោគរសហើយ ធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក និងលេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរសជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលប៉ះពាល់នូវផស្សៈ ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានផស្សៈជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផងទ. ៦២ បុគ្គលកាលសន្សំយ៉ាងនេះទុក (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលដឹងនូវធម្មារម្មណ៍28) ហើយ ធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានធម្មារម្មណ៍ជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលនោះ ឃើញរូបហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរូបទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹងតែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើងដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ឮសំឡេង មានស្មារតីខ្ជាប់ខ្ជួន រមែងមិនត្រេកអរ ក្នុងសំឡេងទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង មិនលេបយកនូវអារម្មណ៍នោះ។ទ. ៦៣ បុគ្គលនោះ កាលឮនូវសំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលធុំក្លិនហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងក្លិនទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលធុំក្លិន ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ បរិភោគនូវរសហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរសទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយក នូវអារម្មណ៍នោះ។ បុគ្គលនោះ កាលភ្លក់នូវរស ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ទ. ៦៤ បុគ្គលនោះ ប៉ះពាល់នូវផស្សៈហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងផស្សៈទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលប៉ះពាល់នូវផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។ បុគ្គលនោះ ដឹងនូវធម្មារម្មណ៍ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងធម្មារម្មណ៍ទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ។ បុគ្គលនោះ កាលដឹងច្បាស់នូវធម្មារម្មណ៍ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅមិនចំរើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន។
មាលុង្ក្យបុត្តត្ថេរ។
(៦. សេលត្ថេរគាថា)
[២៥៤] បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះកាយដ៏បរិបូណ៌ ជាទីគាប់ចិត្តក្រៃលែង មានព្រះជាតិដ៏ល្អ មានព្រះនេត្រដ៏ល្អ មានសម្បុរដូចជាសម្បុរនៃមាស មានព្រះទាឋ឵ដ៏សក្បុស ទ្រង់មានព្យាយាម។ទ. ៦៥ ព្យញ្ជនៈណារបស់ជនមានជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំងអស់នោះ ជាមហាបុរិសលក្ខណៈ មានក្នុងព្រះកាយរបស់ព្រះអង្គ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្រ្តល្អ មានទំហំ និងកម្ពស់សមសួន មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្ដាលនៃពួកសមណៈ ដូចព្រះអាទិត្យ។ បពិត្រភិក្ខុ ព្រះអង្គមានរូបល្អ គួរជាទីរមិលមើល មានស្បែកដ៏ភ្លឺថ្លាដូចមាស ព្រះអង្គមានសម្បុរដ៏ឧត្តមយ៉ាងនេះ តើមានប្រយោជន៍អ្វីដោយសមណភាព។ ព្រះអង្គគួរបានជាស្ដេចចក្រពត្តិ ដូចគោឧសភៈក្នុងរថ ជាធំ (លើផែនដី) មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជម្នះ ជាឥស្សរៈរបស់អ្នកជម្ពូទ្វីប។ បពិត្រព្រះគោតម ពួកក្សត្រិយ៍ជាស្ដេចចំណុះ តែងចុះចូលនឹងព្រះអង្គ សូមព្រះអង្គសោយរាជ្យ ជារាជាធិរាជ ដ៏ធំជាងពួកមនុស្សចុះ។
(ព្រះមានព្រះភាគត្រាស់ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌ ជាចក្រដែលអ្នកណាមួយមិនអាចឲ្យប្រព្រឹត្តទៅបាន។
(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះគោតម ព្រះអង្គទ្រង់ប្ដេជ្ញាថា ព្រះអង្គជាអ្នកត្រាស់ដឹង ទ្រង់ត្រាស់ថា តថាគតជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន។ទ. ៦៦ ចុះភិក្ខុណា ជាសេនាបតីរបស់ព្រះអង្គ ជាសាវ័កប្រព្រឹត្តតាមព្រះសាស្ដា ភិក្ខុណា ញ៉ាំងធម្មចក្កនេះ ដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលៈ) ភិក្ខុសារីបុត្ត ជាអនុជាតរបស់តថាគត ញ៉ាំងធម្មចក្កដ៏ប្រសើរ ដែលតថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ចដែលគួរដឹងច្បាស់ តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលគួរចំរើន តថាគតបានចំរើនហើយ សមុទយសច្ច ដែលគួរលះ តថាគតក៏បានលះហើយ ព្រោះហេតុនោះ ទើបតថាគត ជាព្រះពុទ្ធ។ ម្នាលព្រាហ្មណ៍ អ្នកចូរកម្ចាត់បង់នូវសេចក្តីសង្ស័យក្នុងតថាគតចេញ អ្នកចូរជឿស៊ប់ចុះ (ព្រោះថា) ការចួបប្រទះនឹងព្រះសម្មាសម្ពុទ្ធទាំងឡាយរឿយ ៗ ជាការរកបានកម្រ។ ម្នាលព្រាហ្មណ៍ ការកើតប្រាកដឡើងរឿយ ៗ នៃព្រះសម្មាសម្ពុទ្ធណា ដែលរកបានដោយក្រក្នុងលោក តថាគតនោះ ជាព្រះពុទ្ធ ដូចពេទ្យវះ ជាបុគ្គលប្រសើរបំផុត មានសភាពដូចព្រហ្ម មានតម្លៃដ៏លើសលុប ជាអ្នកញាំញីនូវមារ និងសេនានៃមារ ធ្វើនូវបច្ចាមិត្តទាំងអស់ ឲ្យនៅក្នុងអំណាច ហើយរីករាយ ឥតមានភ័យអំពីទីណាឡើយ។ទ. ៦៧
(សេលព្រាហ្មណ៍ ពោលថា) ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរផ្ទៀងស្តាប់នូវពាក្យ តាមដែលព្រះដ៏មានព្រះភាគ ព្រះអង្គមានចក្ខុ សម្ដែងនេះចុះ ដ្បិតព្រះមានព្រះភាគ ដូចជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទានដូចជាសត្វសីហៈក្នុងព្រៃ។ ទោះបីនរណា ជាកណ្ហាភិជាតិ (អ្នកមានជាតិខ្មៅ) បានឃើញព្រះមានព្រះភាគ ព្រះអង្គមានសភាពដូចជាព្រហ្ម មានតម្លៃដ៏លើសលុប ទ្រង់ញាំញីនូវមារ និងសេនានៃមារហើយ តើនឹងមិនជ្រះថ្លាដូចម្ដេចបាន។ បុគ្គលណាចង់មក ចូរតាមយើងមក បុគ្គលណាមិនចង់ទេ ចូរទៅវិញចុះ ខ្ញុំនឹងបួសក្នុងសម្នាក់ព្រះពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរក្នុងទីនេះ។
(ពួកមាណពនោះ ពោលថា) បើលោកពេញចិត្តនឹងសាសនាព្រះសម្មាសម្ពុទ្ធនុ៎ះ ពួកយើងក៏នឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរដែរ។ ពួកព្រាហ្មណ៍ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលីសុំផ្នួសថា បពិត្រព្រះមានព្រះភាគ ពួកយើងសូមប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគតសំដែងទុកប្រពៃហើយ ជាធម៌ដែលគួរឃើញជាក់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រមាទ ជាអ្នកសិក្សាក្នុងព្រហ្មចរិយធម៌នោះ មិនឥតអំពើឡើយ។ទ. ៦៨
(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះមានព្រះភាគមានចក្ខុ ពួកខ្ញុំព្រះអង្គ បានដល់នូវទីពឹងណា ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះទៅ (ពួកខ្ញុំព្រះអង្គ) ជាបុគ្គលបានទូន្មានខ្លួន ក្នុងសាសនារបស់ព្រះអង្គ ដោយទីពឹងនោះ អស់ ៧ រាត្រី។ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាសាស្ដា ព្រះអង្គជាមុនី គ្របសង្កត់នូវមារ ព្រះអង្គបានកាត់បង់នូវអនុស័យ ឆ្លងរួចហើយ ទើបចម្លងពពួកសត្វនេះ។ ព្រះអង្គ បានកន្លងនូវឧបធិទាំងឡាយហើយ ព្រះអង្គបានទម្លាយនូវកិលេស ព្រមទាំងអាសវៈហើយ ព្រះអង្គជាបុគ្គលមិនមានសេចក្តីប្រកាន់ បានលះបង់នូវភ័យដ៏ពន្លឹក ដូចជាសត្វសីហៈ។ ពួកភិក្ខុទាំង ៣០០ នេះ ឈរផ្គងអញ្ជលីថា បពិត្រព្រះវីរបុរស សូមព្រះអង្គលាតនូវព្រះបាទទាំងឡាយ ពួកភិក្ខុជានាគ សូមថ្វាយបង្គំនូវព្រះបាទនៃព្រះសាស្ដា។
សេលត្ថេរ។
(៧. កាឡិគោធាបុត្តភទ្ទិយត្ថេរគាថា)
[២៥៥] ខ្ញុំព្រះអង្គយាត្រាដោយកដំរី ធ្លាប់ស្លៀកដណ្ដប់សំពត់សាច់មដ្ឋ បរិភោគបាយអង្ករនៃស្រូវសាលី លាយដោយសាច់ដ៏ស្អាត។ ថ្ងៃនេះ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធានោះ ជាអ្នកចំរើនដោយគុណ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារ ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។ទ. ៦៩ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធា ជាអ្នកសមាទានបំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។
ជាអ្នកសមាទានបិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានតេចីវរិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានសបទានចារិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានឯកាសនិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានបត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានអារញ្ញិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានរុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានអព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានសោសានិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទានយថាសន្តតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកសមាទាននេសជ្ជិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…
ជាអ្នកប្រាថ្នាតិច ព្យាយាមជាប់មិនដាច់…
ជាអ្នកសន្ដោស ព្យាយាមជាប់មិនដាច់…
ជាអ្នកស្ងាត់ ព្យាយាមជាប់មិនដាច់…
ជាអ្នកមិនច្រឡំ (ដោយពួក) ព្យាយាមជាប់មិនដាច់…ទ. ៧០
ព្រះភទ្ទិយៈជាបុត្រនៃសក្យានី ឈ្មោះគោធា ព្យាយាមជាប់មិនដាច់ ជាអ្នកមានព្យាយាមមុតមាំ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះបិណ្ឌបាត ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចំរើនឈាន។ ខ្ញុំព្រះអង្គលះបង់នូវភាជនៈ មានទម្ងន់ជាច្រើនបលៈ ជាវិការនៃមាស មានក្បាច់ដ៏ច្រើនស្រទាប់ ហើយកាន់យកនូវបាត្រដីនេះ ចាត់ជាការអភិសេកទី ២។ ក្នុងកាលមុន ខ្ញុំព្រះអង្គ មានពួកជនដៃកាន់ព្រះខាន់រក្សាហើយ ក្នុងទីខ្ពស់ មានកំពែងដ៏មូល មានប៉ម និងក្លោងទ្វារយ៉ាងមាំ គង់នៅរន្ធត់។ ថ្ងៃនេះព្រះភទ្ទិយៈដ៏ចំរើន ជាបុត្រនៃសក្យានី ឈ្មោះគោធានោះ មិនមានសេចក្តីតក់ស្លត់ បានលះបង់នូវភ័យដ៏ពន្លឹក ចូលកាន់ព្រៃ ចំរើនឈាន។ ខ្ញុំព្រះអង្គបានតម្កល់ខ្លួនក្នុងសីលក្ខន្ធ ចំរើននូវសតិ និងបញ្ញា ក៏បានដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងតាមលំដាប់។
ព្រះភទ្ទិយត្ថេរ ជាបុត្រនៃសក្យានី ឈ្មោះកាលិគោធា។
(៨. អង្គុលិមាលត្ថេរគាថា)
[២៥៦] បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាល់ឈប់ដូច្នេះវិញ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គ ឈ្មោះថាឈប់ ខ្ញុំព្រះអង្គឈ្មោះថា មិនឈប់។ទ. ៧១
(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលអង្គុលីមាល តថាគតឈ្មោះថា ឈប់ ព្រោះដាក់បង់នូវអាជ្ញា ចំពោះពួកសត្វទាំងពួងគ្រប់កាលហើយ ចំណែកខាងអ្នក ជាបុគ្គលមិនសង្រួមក្នុងពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថា ឈប់ ឯអ្នកឈ្មោះថា មិនឈប់ទេ។
(អង្គុលិមាលចោរ ពោលថា) យូរណាស់មកហើយ ព្រះសមណៈអ្នកស្វែងរកនូវគុណដ៏ធំ ដែលគេបូជា ទើបតែនឹងយាងមកកាន់ព្រៃធំ (ដើម្បីអនុគ្រោះ) ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនោះ នឹងលះបង់នូវបាបដ៏ច្រើន ព្រោះបានស្ដាប់ព្រះគាថាដែលប្រកបដោយធម៌របស់ព្រះអង្គ។ អង្គុលិមាលចោរពោលដូច្នេះហើយ ក៏ទំលាក់ចោលនូវដាវ និងអាវុធ ទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ អង្គុលិមាលចោរ បានថ្វាយបង្គំនូវព្រះបាទទាំងឡាយ នៃព្រះសុគត ហើយសុំផ្នួសនឹង ព្រះពុទ្ធ ក្នុងទីនោះឯង។
ព្រះមានព្រះភាគអង្គណា ជាព្រះពុទ្ធប្រកបដោយករុណា ទ្រង់ស្វែងរកនូវគុណដ៏ធំ ជាសាស្ដានៃមនុស្សលោក ព្រមទាំងទេវលោក ព្រះមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់នឹងអង្គុលិមាលចោរ ក្នុងកាលនោះថា អ្នកចូរមកជាភិក្ខុចុះ ភិក្ខុភាពនុ៎ះឯង ក៏សម្រេចដល់អង្គុលិមាលចោរនោះ។
ទ. ៧២
(ព្រះអង្គុលិមាលត្ថេរ ពោលថា) បុគ្គលណា ប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ បុគ្គលណាបានធ្វើអំពើបាប ហើយបិទ (អំពើបាបនោះ) ដោយកុសល បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ ភិក្ខុណា នៅក្មេង តែខ្មីឃ្មាតក្នុងពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។
សូមពួកជនជាសត្រូវនឹងយើង ស្ដាប់នូវធម្មកថា សូមពួកជនជាសត្រូវនឹងយើង ខ្មីឃ្មាតក្នុងពុទ្ធសាសនាចុះ ពួកមនុស្សណា ដែលជាសប្បុរស តែងដឹកនាំក្នុងធម៌តែម្យ៉ាង សូមពួកជនជាសត្រូវនឹងយើង គប់រកនូវមនុស្សទាំងនោះចុះ។
សូមពួកជនជាសត្រូវនឹងយើង ស្ដាប់ធម៌របស់ពួកសប្បុរស ដែលជាអ្នកពោលនូវខន្តី ជាអ្នកសរសើរនូវសេចក្តីមិនក្រោធ តាមកាលគួរផង ចូរធ្វើតាមនូវធម៌នោះផង។ បើជននោះ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេ ជននោះ គប្បីដល់នូវសេចក្តីស្ងប់យ៉ាងឧត្តម គប្បីរក្សានូវជនដែលមានចិត្តតក់ស្លុត និងមានចិត្តមាំមួន។
ពួកអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកជាងព្រួញ តែងពត់ព្រួញ ពួកជាងចាំង តែងចាំងពត់ឈើ ពួកអ្នកប្រាជ្ញ តែងទូន្មានខ្លួន។
ទ. ៧៣ ជនពួកខ្លះ តែងទូន្មាន (នូវសត្វពាហនៈ មានដំរីជាដើម) ដោយដំបង កង្វេរ និងរំពាត់ផ្ដៅ ព្រះមានព្រះភាគ ជាតាទិបុគ្គល ទ្រង់ទូន្មានខ្ញុំ ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្រ្តាទេ។ ក្នុងកាលមុន ខ្ញុំជាអ្នកបៀតបៀនគេ តែមាននាមថា អហឹសកៈ29) ក្នុងថ្ងៃនេះ ខ្ញុំមាននាមត្រូវតាមដំណើរពិតហើយ ព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយ។ ក្នុងកាលមុន ខ្ញុំជាចោរល្បីឈ្មោះ ថាអង្គុលិមាល ដែលជំនន់ធំកួចនាំទៅហើយ (ឥឡូវ) ខ្ញុំបានដល់នូវព្រះពុទ្ធ ជាទីពឹងហើយ។ ក្នុងកាលមុន ខ្ញុំជាអ្នកមានដៃប្រឡាក់ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នកចូរមើលនូវដំណើរមកកាន់សរណៈ (របស់ខ្ញុំ) ចុះ ខ្ញុំបានដកនូវតណ្ហា ដែលនាំទៅកាន់ភពហើយ។ ខ្ញុំបានធ្វើកម្ម ដែលជាដំណើរទៅកាន់ទុគ្តតិបែបនោះជាច្រើន ត្រូវផលនៃកម្មប៉ះពាល់ (ឥឡូវ) ជាអ្នកមិនមានបំណុល បរិភោគនូវភោជន។ ពួកជនពាលឥតប្រាជ្ញា តែងប្រកបរឿយ ៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ តែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចគេរក្សាទ្រព្យយ៉ាងប្រសើរ។ អ្នកទាំងឡាយកុំប្រកបរឿយ ៗ នូវសេចក្តីប្រមាទ កុំធ្វើនូវសេចក្តីស្និទ្ធស្នាល ដោយតម្រេកក្នុងកាមឡើយ ដ្បិតថា បុគ្គលអ្នកមិនប្រមាទ ប្រឹងចំរើនឈាន រមែងបាននូវសេចក្តីសុខយ៉ាងក្រៃលែង។ទ. ៧៤ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ ព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុត ក្នុងពួកធម៌ដែលព្រះមានព្រះភាគ ចែកទុកដោយប្រពៃ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ (ក្នុងកាលមុន) ខ្ញុំឋិតក្នុងទីទាំងឡាយនោះ ៗ គឺព្រៃក្តី ម្លប់ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំក៏មានចិត្តតក់ស្លុត ក្នុងកាលនោះ។ ឥឡូវនេះ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹមជីវិតជាសុខ ជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មារ ឱ ! ព្រះសាស្តា ទ្រង់អនុគ្រោះខ្ញុំ។ ក្នុងកាលមុន ខ្ញុំបានកើតជាព្រាហ្មណ៍ មានត្រកូលខ្ពស់ទាំងពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃនេះ ខ្ញុំបានជាបុត្រនៃព្រះសុគត ជាសាស្តាធម្មរាជ។ ខ្ញុំជាបុគ្គលប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ បានគ្រប់គ្រងទ្វារ សង្រួមដោយប្រពៃហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ ព្រោះបានសម្លាប់ឫសគល់នៃទុក្ខ។ ព្រះសាស្តា ខ្ញុំបានប្រណិប័តន៍ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចោលហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ។
អង្គុលិមាលត្ថេរ។
ទ. ៧៥
(៩. អនុរុទ្ធត្ថេរគាថា)
[២៥៧] អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបងប្អូនប្រុសទាំងឡាយ លះបង់នូវកាមគុណ ៥ ហើយចំរើននូវឈាន។ (ក្នុងកាលមុន) អនុរុទ្ធ ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ ជាអ្នកត្រេកអរតែក្នុងវិស័យរបស់មារ ក៏មិនបានដល់នូវសេចក្តីបរិសុទ្ធិ ដោយហេតុនោះ។ (ឥឡូវនេះ) អនុរុទ្ធ បានកន្លងនូវវិស័យរបស់មារនុ៎ះហើយ ត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធ បានឆ្លងផុតនូវឱឃៈទាំងពួង ចំរើនឈាន។ អនុរុទ្ធ បានកន្លងនូវរូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្តទាំងនុ៎ះ ចំរើនឈាន។ អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ ជាអ្នកប្រាជ្ញមិនមានអាសវៈ ត្រឡប់អំពីបិណ្ឌបាត ស្វែងរកនូវចីវរបង្សុកូលទាំងឡាយ។ អនុរុទ្ធ ជាអ្នកប្រាជ្ញ មានយោបល់មិនមានអាសវៈ រើសកាន់យក គក់លាង ជ្រលក់ ប្រើប្រាស់ នូវចីវរបង្សុកូលទាំងឡាយ។ បុគ្គលណា មានសេចក្តីប្រាថ្នាច្រើន មិនមានសន្តោស ជាអ្នកច្រឡំដោយពួក មានចិត្តរាយមាយ ធម៌ដ៏លាមក ជាគ្រឿងសៅហ្មងទាំងនេះ តែងកើតមានដល់បុគ្គលនោះ។ បុគ្គលណា ជាអ្នកមានស្មារតី មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មិនមានចិត្តចង្អៀតចង្អល់ ត្រេកអរក្នុងទីស្ងាត់ ជាអ្នកស្ងាត់ មានការព្យាយាមតឹងតែងជានិច្ចទ. ៧៦ ធម៌ជាកុសល ជាចំណែកនៃការត្រាស់ដឹងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ព្រះពុទ្ធជាមហេសី ទ្រង់ត្រាស់ថា បុគ្គលនោះ ជាអ្នកមិនមានអាសវៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ក៏យាងមកដោយឫទ្ធិ៍ ដោយព្រះកាយដែលសម្រេចអំពីចិត្ត។ ខ្ញុំមានសេចក្តីត្រិះរិះ ក្នុងកាលណា ព្រះសាស្តាទ្រង់បានសំដែងនូវធម៌ (មហាបុរិសវិតក្កៈ) ដ៏លើសលុបក្នុងកាលនោះ ព្រះពុទ្ធ ទ្រង់ត្រេកអរក្នុងធម៌ ដែលមិនមានដំណើរយឺតយូរ សំដែងនូវធម៌ដែលមិនមានដំណើរយឺតយូរ។ ខ្ញុំដឹងនូវធម្មទេសនារបស់ព្រះសាស្តានោះហើយ ត្រេកអរក្នុងសាសនា វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំបានសមាទាននេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបានដករំលើងនូវកិរិយាងោកងុយអស់ ២៥ ឆ្នាំហើយ។ ព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួន មិនមានខ្យល់អស្សាសបស្សាសៈហើយ ព្រះពុទ្ធមានចក្ខុ មិនមានកិលេសជាគ្រឿងញាប់ញ័រ ទ្រង់ប្រារព្ធនូវសេចក្តីស្ងប់ បរិនិព្វានហើយ។ ព្រះពុទ្ធ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះទ័យមិនរួញរា ការផុតស្រឡះនៃចិត្ត (របស់ព្រះអង្គ) ដូចជាកិរិយារលត់នៃប្រទីប។ សភាវៈ មានផស្សៈជាគំរប់ ៥ របស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញនុ៎ះ មានក្នុងទីបំផុត ក្នុងកាលឥឡូវនេះហើយទ. ៧៧ នាកាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានហើយ ធម៌ដទៃ គឺចិត្ត និងចេតសិក មិនមានទៀតទេ។ ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ ជាតិសង្សារ របស់អាត្មាក៏អស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ ព្រមទាំងព្រហ្មលោក ក្នុងមួយរំពេចបាន ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ ក្នុងចុតូបបាតញ្ញាណ រមែងឃើញពួកទេវតា ក្នុងកាលគួរ។
ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកំសត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស។ ពួកជនអ្នកចេះដឹង តែងស្គាល់ខ្ញុំថា ខ្ញុំនោះឈ្មោះអនុរុទ្ធ កើតក្នុងសក្យត្រកូល ជាអ្នកបរិបូណ៌ដោយរបាំ និងចំរៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាសាស្តា មិនមានភ័យអំពីទីណា ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសម្ពុទ្ធនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ដែលជាលំនៅរបស់អាត្មាធ្លាប់នៅក្នុងកាលមុន ក្នុងទេវលោកឈ្មោះតាវត្តិង្ស បានឋិតនៅក្នុងជាតិជាសក្កៈ (ព្រះឥន្ទ្រ)។ អាត្មាបានជាធំក្នុងមនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំលើផែនដី មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជំនះ ជាឥស្សរៈក្នុងជម្ពូទ្វីបទ. ៧៨ ប្រៀនប្រដៅ (ប្រជាជន) ដោយធម៌ មិនប្រើដំបង និងគ្រឿងសស្រ្តា។ កាលនោះ ខ្ញុំបានឋិតនៅក្នុងទេវលោក ដឹងច្បាស់នូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាងទេវលោកនេះ ៧ ជាតិ ខាងមនុស្សលោកនេះ ៧ ជាតិ។
កាលសមាធិប្រកបដោយអង្គ30) ៥ ខ្ញុំបានចំរើនឲ្យមានអារម្មណ៍មូលតែមួយហើយ ខ្ញុំក៏បានសេចក្តីស្ងប់រម្ងាប់ ទិព្វចក្ខុរបស់ខ្ញុំក៏បរិសុទ្ធ។ ខ្ញុំលុះបានឋិតនៅក្នុងឈានប្រកបដោយអង្គ ៥ ហើយ ក៏ដឹងនូវការច្យុតិ និងការកើត គឺដំណើរមក និងដំណើរទៅ (ព្រមទាំង) ការកើតឡើងយ៉ាងនេះ និងការប្រែប្រួលទៅជាយ៉ាងដទៃរបស់សត្វទាំងឡាយ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំជាបុគ្គលមិនមានអាសវៈ លុះអស់ជីវិត ខ្ញុំនឹងនិព្វានក្រោមគុម្ពឫស្សី ក្នុងវេឡុវនគ្រាម របស់ពួកជនអ្នកនៅក្នុងដែនវជ្ជី។
អនុរុទ្ធត្ថេរ។
(១០. បារាបរិយត្ថេរគាថា)
[២៥៨] ចិន្ដារបស់សមណៈ អ្នកមានអារម្មណ៍មូលតែមួយ អង្គុយក្នុងព្រៃធំមានផ្ការីក ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ មានឈានបានកើតមានហើយ។ទ. ៧៩ កាលដែលព្រះលោកនាថជាឧត្តមបុរស មានព្រះជន្មនៅឡើយ ការប្រព្រឹត្តិរបស់ពួកភិក្ខុ មានដោយឡែក ឥឡូវនេះ (ការប្រព្រឹត្តិ) ក៏ប្រាកដដោយឡែក។ ពួកភិក្ខុជាអ្នកសន្ដោសក្នុងបច្ច័យតាមមានតាមបាន បានប្រើប្រាស់នូវចីវរ គ្រាន់តែជាគ្រឿងការពារនូវត្រជាក់ និងខ្យល់ គ្រាន់តែជាគ្រឿងបិទបាំងនូវកេរ្ដិ៍ខ្មាស។ ពួកភិក្ខុជាអ្នកមិនជាប់ មិនជ្រប់ បានបរិភោគរបស់ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បីញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅប៉ុណ្ណោះ។ ពួកភិក្ខុមិនបានខ្វល់ខ្វាយក្នុងភេសជ្ជបច្ច័យ ជាបរិក្ខារនៃជីវិតខ្លាំងពេក ដូចជាខ្វល់ខ្វាយក្នុងធម៌ជាទីអស់នៃអាសវៈទេ។ ពួកភិក្ខុចំរើនរឿយ ៗ នូវវិវេកធម៌ ប្រព្រឹត្តឈមទៅរកវិវេក នៅក្នុងព្រៃទៀបគល់នៃឈើក្នុងជ្រោះ និងក្នុងគុហាទាំងឡាយ។ ពួកភិក្ខុជាអ្នកប្រព្រឹត្តបន្ទាបខ្លួន តាំងមាំ (ក្នុងសាសនា) ជាអ្នកចិញ្ចឹមងាយ ជាអ្នកមានចិត្តទន់ មានចិត្តមិនរឹងត្អឹង មិនច្របូកច្របល់ដោយកិលេស មិនមានមាត់រឹង ជាអ្នកលុះក្នុងអំណាចនៃការគិតរកប្រយោជន៍ (ខ្លួន និងអ្នកដទៃ)។ ព្រោះហេតុនោះ ដំណើរទៅ និងការបរិភោគ ការសេព (របស់ពួកភិក្ខុ) គួរជាទីជ្រះថ្លា ទាំងមានឥរិយាបថ ដូចធារនៃប្រេងដ៏ស្និទ្ធល្អ។ ព្រះថេរៈទាំងនោះ មានអាសវៈទាំងពួងអស់ហើយ មានឈានច្រើន មានប្រយោជន៍ច្រើន ឥឡូវនេះ បរិនិព្វានហើយ ឥឡូវនេះ ពួកភិក្ខុបែបនោះ មានតិច។ទ. ៨០ សាសនានៃព្រះជិនស្រី ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង រមែងសាបសូន្យទៅ ព្រោះការអស់ទៅនៃកុសលធម៌ផង នៃបញ្ញាផង។ កាលជារដូវនៃបាបធម៌ និងកិលេស (កំពុងប្រព្រឹត្តទៅ) ពួកភិក្ខុណាខ្នះខ្នែង ដើម្បីវិវេក ពួកភិក្ខុនោះ ឈ្មោះថា មានព្រះសទ្ធម្មសល់នៅ។31) កិលេសទាំងនោះ កាលចំរើនឡើង រមែងជ្រៀតជ្រែកនូវជនជាច្រើន ទំនងហាក់ប្រឡែងលេងនឹងពួកជនពាល ដូចពួកអារក្សទឹក ប្រឡែងលេងនឹងមនុស្សឆ្កួត។ ពួកនរជនទាំងនោះ លុះត្រូវកិលេសគ្របសង្កត់ហើយ តែងស្ទុះទៅតាមចំណែកនៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុទាំងឡាយ ក្នុងកាលជាទីចាប់យកដោយខ្លួនឯង ដែលពួកកិលេសឃោសនាហើយ។ ពួកជននោះ លះបង់នូវព្រះសទ្ធម្ម ហើយឈ្លោះប្រកែកគ្នានឹងគ្នា លុះក្នុងអំណាចទិដ្ឋិ សំគាល់ថា វត្ថុនេះ ប្រសើរបំផុត ដូច្នេះ។ ពួកជន ដែលលះបង់នូវទ្រព្យ និងកូនប្រពន្ធ ហើយចេញទៅ (អំពីផ្ទះ) រមែងសេពនូវអំពើដែលមិនគួរធ្វើ ព្រោះហេតុ សូម្បីត្រឹមតែចង្ហាន់មួយវែក។ទ. ៨១ (ពួកភិក្ខុនោះ) បរិភោគអាហារពេញពោះ ហើយដេកផ្ងារ ភ្ញាក់ឡើងហើយក៏នាំគ្នានិយាយពាក្យ ដែលព្រះសាស្ដាទ្រង់តិះដៀល។ ពួកភិក្ខុ ហាត់ធ្វើយ៉ាងផ្ចិតផ្ចង់នូវសិល្បៈ ដូចជាងទាំងពួង មិនរម្ងាប់នូវសន្ដានចិត្តខាងក្នុង គុណវិសេស គឺប្រយោជន៍នៃសមណធម៌ (របស់ពួកភិក្ខុនោះ) ក៏អាក់ខាន។ ពួកភិក្ខុ កាលប្រាថ្នានូវចតុប្បច្ច័យច្រើនលើសលុប រមែងបង្អោននូវដីស្អិត ប្រេង គ្រឿងលំអិត ទឹក អាសនៈ និងភោជន ដល់ពួកគ្រហស្ថ។ ឲ្យនូវឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុសម្រាប់ទំពាស៊ី បិណ្ឌបាតដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃទាំងឡាយ ខ្វល់ខ្វាយក្នុងភេសជ្ជៈ ដូចពួកពេទ្យ ខ្វល់ខ្វាយក្នុងកិច្ចតូចធំ (នៃជម្ងឺ) ដូចពួកគ្រហស្ថប្រកបក្នុងការស្អិតស្អាង ដូចស្រីពេស្យា ឬដូចពួកក្សត្រយ៍ ខ្វល់ខ្វាយក្នុងឥស្សរភាព ជាអ្នកបោកប្រាសបញ្ឆោត ធ្វើជាសក្សីវៀច ជាអ្នកកោងកាច បរិភោគអាមិសៈ ដោយអាការជាមិច្ឆាជីវៈច្រើនយ៉ាង។ ពួកភិក្ខុជាអ្នករវះរវាម (ដោយបាបធម៌) ក្នុងលេសដ៏គួរ ក្នុងរបិចវាសវាង ត្រូវការចិញ្ចឹមជីវិត ប្រមូលមកនូវទ្រព្យដ៏ច្រើន ដោយឧបាយ។ទ. ៨២ ពួកភិក្ខុញ៉ាំងបរិស័ទ ឲ្យផ្គត់ផ្គង់ ព្រោះការងារ មិនមែនព្រោះធម៌ សំដែងធម៌ដល់ជនដទៃ ព្រោះតែលាភ មិនសំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួកភិក្ខុឈ្លោះប្រកែក ព្រោះតែសង្ឃលាភ ជាខាងក្រៅអំពីសង្ឃ ចិញ្ចឹមជីវិតដោយលាភរបស់ជនដទៃ ជាបុគ្គលមិនខ្មាសអៀន។ មួយទៀត ពួកភិក្ខុខ្លះ ជាអ្នកមិនប្រកប (សមណធម៌) ជាបុគ្គលមានក្បាលត្រងោល ដណ្ដប់សង្ឃាដិ ជាអ្នកល្មោភដោយលាភសក្ការៈ ប្រាថ្នាតែសេចក្តី សរសើរ។ កាលបើកិលេសធម៌ ប្រព្រឹត្តទៅដោយប្រការផ្សេង ៗ យ៉ាងនេះ ឥឡូវនេះ ភិក្ខុមិនអាចនឹងប៉ះពាល់នូវគុណវិសេសដែលមិនទាន់បានប៉ះពាល់ ឬមិនអាចនឹងរក្សានូវគុណវិសេស ដែលបានប៉ះពាល់ដូច្នោះបានឡើយ។ ជន មិនមានស្បែកជើង ត្រាច់ទៅក្នុងទីមានបន្លាយ៉ាងណា អ្នកប្រាជ្ញគួរប្រុងស្មារតី ត្រាច់ទៅក្នុងស្រុកយ៉ាងនោះ។ យោគី កាលរលឹកឃើញពួកលោកអ្នកមានព្យាយាមក្នុងកាលពីដើម រលឹកឃើញនូវវត្តប្រតិបត្តិ របស់ពួកលោកទាំងនោះ ទោះបីកាលជាខាងក្រោយ (អំពីកាលដែលព្រះសាស្ដាគង់នៅ) ក៏ដោយ គង់បានប៉ះពាល់នូវផ្លូវអមតៈ។ទ. ៨៣
សមណៈ បានចំរើននូវឥន្រ្ទិយ ជាអ្នកបណ្ដែតចោលនូវបាប ជាអ្នកស្វែងរកនូវគុណ មានភពថ្មីអស់ហើយ លុះពោលយ៉ាងនេះហើយ ក៏បរិនិព្វាន ក្នុងសាលវ័ន។
បារាសរិយត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ១០ នេះ គឺអធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មានទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បានសំដែងគាថា ២០០ លើស ៤៥ ដែលមកក្នុងវីសតិនិបាត។
ចប់ វីសតិនិបាត។
(១. ផុស្សត្ថេរគាថា)
[២៥៩] ឥសីឈ្មោះបណ្ឌរសគោត្រ ឃើញពួកភិក្ខុជាច្រើន ដែលគួរនាំមកនូវសេចក្តីជ្រះថ្លា មានចិត្តអប់រំហើយ សង្រួមល្អហើយ ក៏បានសួរនូវព្រះថេរៈឈ្មោះ បុស្សៈថា។ ពួកភិក្ខុនឹងមានប្រាថ្នាដូចម្ដេច មានបំណងដូចម្ដេច មានអាកប្បកិរិយាដូចម្ដេច ក្នុងកាលអនាគត លោកដែលខ្ញុំសួរហើយ សូមប្រាប់នូវដំណើរនោះឲ្យទាន។
(ព្រះបុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះបណ្ឌរស អ្នកចូរស្ដាប់ពាក្យអាត្មា ចូរចាំទុកដោយគោរព អាត្មានឹងប្រាប់នូវកាលជាអនាគត។ ពួកភិក្ខុច្រើនរូប ជាបុគ្គលមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ជាអ្នកលុបគុណគេ ជាបុគ្គលរបឹង ជាអ្នកបោកប្រាស ជាអ្នកច្រណែន ជាអ្នកមានវាទៈផ្សេង ៗ គ្នា នឹងមានក្នុងអនាគត។ ភិក្ខុមានសេចក្តីប្រកាន់ថាខ្លួន ដឹងធម៌ដ៏ជ្រាលជ្រៅ មានអារម្មណ៍ក្នុងត្រើយ (ខាងអាយអំពីធម៌នោះ) មានចិត្តស្រាល មិនធ្ងន់ក្នុងព្រះសទ្ធម្ម រមែងជាអ្នកមិនមានសេចក្តីគោរពគ្នានឹងគ្នា។ ទោសទាំងឡាយជាច្រើន នឹងកើតឡើងក្នុងលោក ក្នុងកាលជាអនាគត គឺពួកភិក្ខុអប្បប្រាជ្ញានឹងញ៉ាំងធម៌ដែលព្រះមានព្រះភាគសំដែងហើយដោយប្រពៃនេះ ឲ្យសៅហ្មង។ ពួកភិក្ខុសាបសូន្យចាកគុណ កាលចរចាក្នុងសង្ឃ នឹងជាអ្នកក្លៀវក្លា មានកំឡាំង មានមាត់រឹង តែជាអ្នកមិនមានការចេះដឹង។ទ. ៨៥ ឯពួកភិក្ខុមានគុណ មានហិរិ មិនមានសេចក្តីត្រូវការ (របស់អ្វី) កាលពោលពាក្យក្នុងសង្ឃតាមសេចក្តីពិត នឹងជាអ្នកមានកំឡាំងថយ។ ក្នុងអនាគតកាល ពួកភិក្ខុដែលឥតប្រាជ្ញា នឹងត្រេកត្រអាលចំពោះប្រាក់មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំស្រី និងខ្ញុំប្រុស។ ពួកភិក្ខុពាល ជាអ្នកសំគាល់ក្នុងការលើកទោស មិនតាំងមាំក្នុងសីលទាំងឡាយ ជាអ្នកក្រអឺតក្រអោង ត្រេកត្រអាលក្នុងជម្លោះ នឹងត្រាច់ទៅផ្សេង ៗ ដូចម្រឹគ មួយទៀត នឹងមានពួកភិក្ខុជាអ្នករាយមាយ ស្លៀកដណ្ដប់ចីវរមានពណ៌ខៀវ ជាមនុស្សកុហក ជាបុគ្គលរឹងត្អឹង ជាអ្នកចរចារួសរាយ មានកិលេសដូចស្នែង នឹងប្រព្រឹត្តដូចព្រះអរិយៈ។ ពួកភិក្ខុ ដែលមានសក់រលើបដោយប្រេង ជាអ្នកឃ្លេងឃ្លោង មានភ្នែកលាបថ្នាំ ដណ្ដប់សំពត់មានសម្បុរដូចភ្លុក នឹងដើរតាមច្រក។ ភិក្ខុពាលទាំងនោះ នឹងខ្ពើមនូវសំពត់កាសាវៈ ដែលពួកព្រះអរិយៈមានចិត្តផុតស្រឡះមិនខ្ពើម ជាសំពត់ជ្រលក់ត្រឹមត្រូវ ជាទង់ជ័យនៃព្រះអរិយៈ ហើយជាអ្នកជ្រប់នៅតែក្នុងសំពត់មានពណ៌ស។ នឹងមានពួកភិក្ខុជាអ្នកប្រាថ្នាលាភ ជាបុគ្គលខ្ជិល មានព្យាយាមទន់ ទាំងជាបុគ្គលធុញទ្រាន់នឹងព្រៃធំ ៗ ទាំងឡាយ ហើយនៅតែក្នុងសេនាសនៈជិត ៗ ស្រុក។ ពួកភិក្ខុណា ៗ ត្រេកអរក្នុងមិច្ឆាជីវៈ នឹងបានលាភគ្រប់កាលទាំងពួង ពួកភិក្ខុដែលសិក្សាតាមភិក្ខុទាំងនោះ ៗ ក៏នឹងទៅជាអ្នកមិនសង្រួម។ទ. ៨៦ ពួកភិក្ខុណា ៗ ជាអ្នកមិនបានលាភ ពួកភិក្ខុទាំងនោះ នឹងមិនមានគេបូជា ពួកភិក្ខុទាំងនោះ នឹងមិនគប់រកនូវអ្នកប្រាជ្ញ ដែលមានសីលជាទីស្រឡាញ់ ក្នុងកាលនោះ។ ពួកភិក្ខុខ្លះ នឹងតិះដៀលនូវសំពត់កាសាវៈ ជាទង់ជ័យរបស់ខ្លួន ហើយទៅស្លៀកដណ្ដប់សំពត់ ជាទង់ជ័យពួកតិរ្ថិយ ដែលជ្រលក់ដោយមក្លឿក៏មាន ជាសំពត់សក៏មាន។ សេចក្ដីមិនគោរពក្នុងសំពត់កាសាវៈនៃពួកភិក្ខុទាំងនោះ នឹងមានក្នុងកាលនោះ ទាំងការពិចារណា ក្នុងសំពត់កាសាវៈ នៃពួកភិក្ខុ ក៏នឹងមិនមានដែរ។ ដំរីដ៏ប្រសើរ កាលត្រូវសេចក្ដីទុក្ខគ្របសង្កត់ ត្រូវសរមុត ញ័រកាយចំប្រប់ ក៏មានការគិតពិចារណាដ៏ខ្លាំងក្រៃលែង ជាគំនិតដែលមិនធ្លាប់គិតមក។ ព្រោះថា គ្រានោះ ដំរីឆទ្ទន្ត បានឃើញសំពត់កាសាវៈ ជាទង់ជ័យព្រះអរហន្ត ដែលជ្រលក់យ៉ាងល្អ ហើយបានពោលនូវគាថាទាំងឡាយ ដែលប្រកបដោយប្រយោជន៍ ក្នុងខណៈនោះឯង។ បុគ្គលណា មិនទាន់ប្រាសចាកទឹកចត់ គឺរាគាទិក្កិលេស ជាអ្នកប្រាសចាកទមៈ និងសច្ចៈ ស្លៀកដណ្ដប់នូវសំពត់កាសាវៈ បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ។ លុះតែបុគ្គលណា បានខ្ជាក់ចោលនូវទឹកចត់ គឺរាគាទិក្កិលេស តាំងមាំល្អក្នុងសីលទាំងឡាយ ប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ។ទ. ៨៧ បុគ្គលណា ជាអ្នកវិបត្តិសីល មានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្ដសីល ធ្វើតាមតែប្រាថ្នា មានចិត្តរាយមាយ មិនមានធម៌ស បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ។ លុះតែបុគ្គលណា បរិបូណ៌ដោយសីល ប្រាសចាកឆន្ទរាគៈ មានចិត្តតាំងមាំ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏ស បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ។ សីលរបស់បុគ្គលណាមិនមាន បុគ្គលនោះ ជាអ្នករវើរវាយ ក្រអឺតក្រអោង ជាបុគ្គលពាល គួរតែ (ស្លៀកដណ្ដប់) នូវសំពត់មានពណ៌ស និងស្លៀកដណ្ដប់នូវសំពត់កាសាវៈដូចម្ដេចកើត។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី ជាអ្នកមានចិត្តប្រទូស្ត ជាអ្នកឃ្នើសឃ្នង នឹងសង្កត់សង្កិននូវពួកលោកដែលប្រកបដោយតាទិគុណ មានចិត្តប្រកបដោយមេត្តា។ ពួកភិក្ខុពាល ដែលមានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្តសីល ធ្វើតាមតែប្រាថ្នា កាលបើពួកព្រះថេរៈ បង្ហាត់នូវការស្លៀកដណ្ដប់ចីវរ នឹងមិនព្រមស្ដាប់។ ពួកភិក្ខុពាលទាំងនោះ ដែលឧបជ្ឈាយាចារ្យ ឲ្យសិក្សាយ៉ាងនោះហើយ ក៏ជាបុគ្គលមិនមានការគោរពគ្នានឹងគ្នា នឹងមិនអើពើចំពោះឧបជ្ឈាយាចារ្យ ដូចសេះមានពុតត្បុត មិនអើពើនឹងនាយសារថី។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី នឹងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ក្នុងបច្ឆិមកាលដែលមកដល់ទ. ៨៨។ ភ័យដ៏ធំនេះ ដែលមិនទាន់មកដល់ ក៏រមែងមកដល់មុនមិនខាន អ្នកទាំងឡាយ ចូរជាបុគ្គលប្រដៅងាយ មានចិត្តដ៏ទន់ ប្រកបដោយសេចក្តីគោរពដល់គ្នានឹងគ្នាចុះ។ អ្នកទាំងឡាយ ចូរជាបុគ្គលមានចិត្តមេត្តា ករុណា សង្រួមក្នុងសីលទាំងឡាយ មានការព្យាយាមតឹងតែង មានចិត្តស្លុងទៅកាន់និព្វាន មានសេចក្តីសង្វាតមាំ អស់កាលជានិច្ចចុះ។ អ្នកទាំងឡាយ បើឃើញសេចក្តីប្រមាទ ថាជាភ័យ ទាំងឃើញនូវសេចក្តីមិនប្រមាទ ថាជាទីក្សេមហើយ ចូរចំរើននូវមគ្គមានអង្គ ៨ (កាលបើយ៉ាងនេះ) ពួកភិក្ខុ ក៏រមែងបាននូវអមតបទ គឺព្រះនិព្វាន។
បុស្សត្ថេរ។
(២. សារិបុត្តត្ថេរគាថា)
[២៦០] បុគ្គលណា ជាអ្នកប្រព្រឹត្តសមគួរ ជាអ្នកស្ងប់សមគួរ មានស្មារតី ជាអ្នកមិនធ្វេសប្រហែសក្នុងការត្រិះរិះ និងការប្រព្រឹត្តិសមគួរ ត្រេកអរដោយភាវនាក្នុងសន្ដាន មានចិត្តតាំងមាំ ជាបុគ្គលម្នាក់ឯង មានសេចក្តីសន្ដោស អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាភិក្ខុ។
ភិក្ខុកាលបរិភោគ នូវអាហារស្រស់ ឬក្រៀម មិនគប្បីឲ្យឆ្អែតជ្រុលទេ គប្បីជាអ្នកមានពោះធូរ មានអាហារដ៏ល្មម មានស្មារតីវៀរចេញ។ ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត (ក្នុងកាលជិតឆ្អែត) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ទ. ៨៩
ភិក្ខុស្លៀកដណ្ដប់នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹមតែការពារត្រជាក់ជាដើម) នេះជាការគួរដល់កិរិយានៅជាសុខនៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ កាលភិក្ខុអង្គុយដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់ទាំងពីរ នេះជាការគួរដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ បុគ្គលណាបានឃើញសុខ ថាជាទុក្ខ បានឃើញទុក្ខ ថាជាគ្រឿងចាក់ដោត ដូចកូនសរ ការជាប់ជំពាក់មិនមានក្នុងចន្លោះនៃសុខ និងទុក្ខទាំងពីរ បុគ្គលនោះ គប្បីជាប់ក្នុងលោកដូចម្ដេច គប្បីមានដោយកិលេស ដូចម្ដេចបាន។ បុគ្គលមានសេចក្តីប្រាថ្នាអាក្រក់ ជាអ្នកខ្ជិលច្រអូស មានការព្យាយាមថោកទាប ជាអ្នករៀនសូត្រតិច មិនអើពើ (ចំពោះធម៌ និងវិន័យ) សូមកុំមានក្នុងសម្នាក់ខ្ញុំ ក្នុងកាលណា ៗ ឡើយ ប្រយោជន៍អ្វី ដោយឱវាទក្នុងលោក គប្បីមាន (ដល់បុគ្គលនោះ) ដោយបការៈ ដូចម្ដេច។ មួយទៀត បុគ្គលអ្នកចេះដឹងច្រើន មានប្រាជ្ញា ជាគ្រឿងទំលាយកិលេស តាំងមាំក្នុងសីល ប្រកបរឿយ ៗ នូវចេតោសមថៈ សូមឋិតនៅសូម្បីលើក្បាល។ បុគ្គលណាមានចិត្តប្រកបរឿយ ៗ នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរចំពោះធម៌ជាគ្រឿងយឺតយូរ បុគ្គលនោះ ឈ្មោះថា ឃ្លាតចាកព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ទ. ៩០ បុគ្គលណាលះបង់នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរក្នុងធម៌ជាផ្លូវមិនយឺតយូរ បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ ព្រះអរហន្ដទាំងឡាយ នៅក្នុងទីណា ទោះបីស្រុក ឬព្រៃ ទោះបីទំនាប ឬទួល ទីនោះឯង ជាទីគួរត្រេកអរ។ ជនអ្នក (ស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃ ជាទីគួរត្រេកអរទេ ពួកបុគ្គលអ្នកប្រាសចាករាគៈ ទើបត្រេកអរ ព្រោះពួកលោកទាំងនោះ មិនមែនជាអ្នកស្វែងរកកាម។ បុគ្គលឃើញអ្នកប្រាជ្ញណា ជាអ្នកពោលសង្កត់សង្កិន ជាអ្នកបង្ហាញទោស ដូចគេបង្ហាញនូវកំណប់ទ្រព្យ គួរគប់រកអ្នកប្រាជ្ញ មានសភាពដូច្នោះ។ កាលបើបុគ្គលគប់រកអ្នកប្រាជ្ញប្រាកដដូច្នោះ សេចក្តីប្រសើររមែងមាន សេចក្តីអាក្រក់ពុំមានទេ។ បុគ្គលណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ) ចាកអសប្បុរិសធម៌ បុគ្គលនោះ រមែងជាទីស្រឡាញ់របស់ពួកសប្បុរស តែមិនជាទីស្រឡាញ់របស់ពួកអសប្បុរសទេ។ ព្រះពុទ្ធមានព្រះភាគ មានចក្ខុ បានសំដែងធម៌ដល់បុគ្គលដទៃ នាកាលធម៌ដែលព្រះអង្គសំដែង ខ្ញុំមានសេចក្តីត្រូវការផ្ចង់សោតប្បសាទ។ ការស្ដាប់របស់ខ្ញុំនោះ មិនឥតអំពើទេ (ព្រោះ) ខ្ញុំជាអ្នកមិនមានអាសវៈ រួចស្រឡះហើយ ខ្ញុំមិនមានការតាំងចិត្ត ចំពោះបុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។ទ. ៩១ ខ្ញុំមិនមានការតាំងចិត្ត ចំពោះចេតោបរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និងសេចក្តីបរិសុទ្ធនៃសោតធាតុឡើយ។ ព្រះថេរៈឈ្មោះឧបតិស្សៈ ខ្ពង់ខ្ពស់ដោយប្រាជ្ញា ទើបកោរថ្មី ៗ ដណ្ដប់សង្ឃាដិ អាស្រ័យនៅក្រោមម្លប់ឈើ ចំរើនឈាន។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ចូលកាន់ឈាន មិនមានវិតក្កៈ ប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះឯង។ ភ្នំថ្ម មិនកក្រើក ឋិតនឹងថ្កល់ យ៉ាងណា ភិក្ខុព្រោះអស់ទៅនៃមោហៈ ក៏មិនញាប់ញ័រដូចភ្នំ យ៉ាងនោះដែរ។ បុគ្គលអ្នកមិនមានទីទួល គឺកិលេស ស្វែងរកនូវធម៌ដ៏ស្អាតអស់កាលជានិច្ច សូម្បីបាបប្រមាណប៉ុនចុងរោមកន្ទុយសត្វ រមែងប្រាកដដូច (ព្រះចន្ទ) ដែលផុតចាកពពក។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាបុគ្គលដឹងខ្លួន មានស្មារតីខ្ជាប់ខ្ជួន ទំលាយចោលនូវរាងកាយនេះ។ ខ្ញុំមិនត្រេកអរនឹងសេចក្ដីស្លាប់ទេ។ បេ។ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែការអស់ទៅនៃថ្ងៃ។
មរណៈនេះឯង រមែងមានក្នុងកាលទាំងពីរ មរណៈមិនមែនមានតែក្នុងកាលខាងក្រោយ ឬខាងមុខទេ អ្នកទាំងឡាយ ចូរប្រតិបត្តិ អ្នកទាំងឡាយ ចូរកុំវិនាស កុំឲ្យខណៈប្រព្រឹត្តកន្លង។
អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន ឲ្យដូចជានគរត្រង់ទីប្រទល់ដែន ដែលគេ គ្រប់គ្រងទាំងខាងក្នុងទាំងខាងក្រៅ កុំឲ្យខណៈប្រព្រឹត្តកន្លង។ទ. ៩២ ព្រោះថា ពួកបុគ្គលដែលមានខណៈកន្លងហួសហើយ រមែងសោកស្ដាយដេរដាសក្នុងនរក។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងកំចាត់បង់នូវធម៌ដ៏លាមកបាន ដូចខ្យល់កំចាត់បង់នូវស្លឹកឈើ។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងដកភើចនូវពួកធម៌ដ៏លាមកចេញបាន ដូចខ្យល់បក់ផ្ដាច់នូវស្លឹកឈើ។ បុគ្គលអ្នកស្ងប់ មិនមានសេចក្តីក្រវល់ក្រវាយ មានចិត្តថ្លាមិនល្អក់ មានកល្យាណសីល មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន។
បុគ្គលមិនគប្បីស្និទ្ធស្នាល ចំពោះបុថុជ្ជនពួកខ្លះ ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះថា ពួកជនសូម្បីជាបុគ្គលល្អហើយ បែរទៅជាមិនល្អវិញក៏មាន ជាបុគ្គលមិនល្អហើយ បែរទៅជាល្អវិញក៏មាន។
កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំង ៥ នោះ ជាគ្រឿង សៅហ្មងចិត្ត របស់ភិក្ខុ។ ភិក្ខុណា កាលគេធ្វើសក្ការៈ ឬមិនធ្វើសក្ការៈទាំងពីរ (មិនត្រេកអរ មិនទោមនស្ស) សមាធិរបស់ភិក្ខុអ្នកនៅដោយសេចក្តីមិនប្រមាណនោះ រមែងមិនញាប់ញ័រ។ទ. ៩៣ អ្នកប្រាជ្ញទាំងឡាយ សរសើរនូវភិក្ខុអ្នកមានឈាន មានព្យាយាមទៀងទាត់ មានការឃើញច្បាស់ដោយសុខុមទិដ្ឋិ ត្រេកអរក្នុងធម៌ជាទីអស់ទៅនៃឧបាទាននោះ ថាជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិនគួរឧបមានឹងវិមុត្តិដ៏ប្រសើរ របស់ព្រះសាស្ដាទេ។ ព្រះថេរៈអ្នកញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅតាម (ព្រះសារីបុត្ត) លោកមានប្រាជ្ញាច្រើន មានចិត្តខ្ជាប់ខ្ជួន ស្មើដោយដី ទឹក ភ្លើង មិនត្រេកអរ មិនប្រទូស្ត។ ព្រះថេរៈ សម្រេចនូវបញ្ញាបារមី មានប្រាជ្ញាច្រើន ជាមហាមុនិ ជាបុគ្គលមិនគ តែមានសភាពដូចជាគ មានចិត្តដ៏ត្រជាក់គ្រប់កាល។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ។ អ្នកទាំងឡាយ ចូរញ៉ាំងសេចក្តីមិនប្រមាទ ឲ្យបរិបូណ៌ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាបុគ្គលផុតស្រឡះចាកកិលេសកាមទាំងអស់។
សារីបុត្តត្ថេរ។
(៣. អានន្ទត្ថេរគាថា)
[២៦១] បណ្ឌិតមិនគួរធ្វើសខិភាព គឺភាពជាសម្លាញ់នឹងបុគ្គលអ្នកញុះញង់ អ្នកក្រេវក្រោធ អ្នកកំណាញ់ ទាំងជាអ្នកត្រេកអរនឹងសេចក្ដីវិនាសទេ (ព្រោះថា) ការសេពគប់នឹងបុរសអាក្រក់ ជាអំពើដ៏លាមក។ទ. ៩៤ បណ្ឌិតគួរធ្វើសខិភាព នឹងបុគ្គលអ្នកមានសទ្ធា មានសីលជាទីស្រឡាញ់ អ្នកមានប្រាជ្ញា មានការចេះដឹងច្រើន (ព្រោះថា) ការសេពគប់នឹងពួកសប្បុរស ជាការចំរើន។
អ្នកចូរមើលនូវពុម្ព គឺអត្តភាពដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅ ផ្ដុំឡើង (ដោយឆ្អឹង ៣០០ កំណាត់) ជាគ្រឿងរោលរាល ជាទីប្រាថ្នានៃជនច្រើន ជាកាយឥតទៀងទាត់ឋិតថេរ ព្រះអានន្ទត្ថេរ ជាគោតមគោត្ត ជាអ្នកចេះដឹងច្រើន មានវាចាដ៏វិចិត្រ ជាអ្នកបំរើនូវព្រះពុទ្ធ បានដាក់ចុះនូវភារៈ ជាអ្នកប្រាសចាកកិលេស ជាគ្រឿងប្រកប សម្រេចនូវការសិង។ ព្រះអានន្ទត្ថេរ ជាខីណាស្រព ប្រាសចាកកិលេស ជាគ្រឿងប្រកប កន្លងនូវកិលេសជាគ្រឿងជាប់ជំពាក់ មានចិត្តត្រជាក់ល្អ ដល់នូវត្រើយនៃជាតិ និងមរណៈ ទ្រទ្រង់ទុកនូវអត្តភាព ជាបំផុត។ សាសនធម៌ទាំងឡាយ របស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋានក្នុងព្រះអានន្ទត្ថេរណា ព្រះអានន្ទត្ថេរនោះ ជាគោតមគោត្ត ឋិតនៅក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាន។ សាសនធម៌ទាំងឡាយណា ដែលប្រព្រឹត្តទៅ (ក្នុងហឫទ័យ) របស់ខ្ញុំ សាសនធម៌ទាំងឡាយនោះ មាន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ខ្ញុំបានរៀនអំពីព្រះពុទ្ធ ៨ ម៉ឺន ២ ពាន់ធម្មក្ខន្ធ អំពីពួកភិក្ខុ ២ ពាន់ធម្មក្ខន្ធ។ទ. ៩៥ បុរសនេះ មិនបានរៀនសូត្រ រមែងចាស់ (ឥតអំពើ) ដូចគោបំរើ ចំរើនតែសាច់ ត្រង់ប្រាជ្ញារបស់វា មិនចំរើនឡើយ។ បុគ្គលណា ជាអ្នករៀនសូត្រច្រើន ហើយមើលងាយបុគ្គលអ្នកមិនបានរៀនសូត្រ ដោយការរៀនសូត្រ (របស់ខ្លួន) បុគ្គលនោះ ដូចមនុស្សខ្វាក់ កាន់ប្រទីប រមែងភ្លឺច្បាស់ដល់ខ្ញុំយ៉ាងនេះឯង។ បុគ្គលគួរចូលទៅអង្គុយជិតនឹងអ្នករៀនសូត្រច្រើនផង មិនគប្បីញ៉ាំងការរៀនសូត្រឲ្យវិនាសផង (ព្រោះថា) ការរៀនសូត្រនោះ ជាឫសគល់នៃព្រហ្មចរិយធម៌ ហេតុនោះ បុគ្គលគួរជាអ្នកទ្រទ្រង់ធម៌។ បុគ្គលអ្នកចេះដឹង នូវខាងដើម និងខាងចុង (នៃភាសិត) ជាអ្នកដឹងអត្ថ ឈ្លាសវៃក្នុងនិរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែងកាន់យកនូវធម៌ឲ្យជាធម៌ ដែលកាន់យកល្អហើយផង ពិចារណានូវសេចក្តីផង។ បុគ្គលអ្នកមានសេចក្ដីប្រាថ្នា (ក្នុងធម៌) ដោយសេចក្ដីអត់ធន់ រមែងខ្មីឃ្មាត ពិចារណានូវនាមរូបនោះ បុគ្គលនោះ មានចិត្តតាំងមាំល្អខាងក្នុងសន្ដាន រមែងផ្គងចិត្តទុកក្នុងសម័យដ៏គួរ។ បុគ្គលកាលប្រាថ្នានូវការដឹងធម៌ គប្បីគប់រកអ្នករៀនសូត្រច្រើន អ្នកចងចាំនូវធម៌ អ្នកមានប្រាជ្ញា ជាសាវ័ករបស់ព្រះពុទ្ធ បែបដូច្នោះនោះ។ បុគ្គលអ្នករៀនសូត្រច្រើន រមែងអ្នកចងចាំនូវធម៌ អ្នករក្សាទុកនូវឃ្លាំងធម៌របស់ព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ឯបុគ្គលអ្នករៀនសូត្រច្រើននោះឈ្មោះថា ជាចក្ខុរបស់សត្វលោកទាំងពួង ជាបុគ្គលគួរគេបូជា។ទ. ៩៦ ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ កាលគិតរឿយ ៗ នូវធម៌ រលឹករឿយ ៗ នូវធម៌ រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម។ បុគ្គលអ្នកធ្ងន់ដោយសេចក្ដីកំណាញ់ (ថ្នម) កាយ (កាលបើកាយ និងជីវិត) សាបសូន្យទៅ ក៏មិនខ្មីឃ្មាត (ចំពោះកិច្ចគួរធ្វើ) បុគ្គលអ្នកជាប់ចំពាក់ដោយសេចក្ដីសុខក្នុងសរីរៈ តើសេចក្ដីសប្បាយ ដោយសមណភាព (នឹងមានមក) អំពីទីណា។ ទិសទាំងអស់ រមែងមិនប្រាកដ ធម៌មិនភ្លឺច្បាស់ដល់ខ្ញុំ កាលបើព្រះសារីបុត្ត ជាកល្យាណមិត្ត (ទៅកាន់និព្វាន) ហើយ សត្វលោក ប្រាកដដូចជាទីងងឹត។ បុគ្គលដែលមានសម្លាញ់ព្រាត់ប្រាសហើយ មានសាស្ដាកន្លងទៅហើយ រមែងមិនមានមិត្តបែបនុ៎ះ ដូចជាកាយគតាសតិឡើយ។ ពួកព្រះថេរៈណាចាស់ ៗ ពួកព្រះថេរៈនោះ កន្លងទៅហើយ ចិត្តរបស់ខ្ញុំមិនល្មមនឹងភិក្ខុថ្មី ៗ ថ្ងៃនេះ ខ្ញុំចំរើនឈានតែម្នាក់ឯង ដូចសត្វបក្សីចូលទៅសម្ងំក្នុងសម្បុក ក្នុងរដូវភ្លៀង។ អ្នកកុំឃាត់ពួកជនច្រើននៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប ឯពួកអ្នកស្ដាប់ ចូរមកចួបចុះ ព្រោះថាជាសម័យ (គួរចួប) នឹងខ្ញុំហើយ។ ព្រះសាស្ដាមានចក្ខុ ទ្រង់ប្រទានឱកាស មិនហាមឃាត់ពួកជនច្រើន នៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប។ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវសភាពល្អរបស់ធម៌ចុះ។ទ. ៩៧ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោសសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវភាពល្អរបស់ធម៌ចុះ។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយកាយកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយវចីកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយមនោកម្មប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ កាលព្រះពុទ្ធម្ចាស់ ទ្រង់ចង្ក្រម ខ្ញុំបានចង្ក្រមតាមក្រោយព្រះអង្គ នាកាលធម៌ដែលព្រះអង្គសំដែង ញាណរបស់ខ្ញុំក៏កើតឡើង។ ខ្ញុំជាសេក្ខបុគ្គល ប្រកបដោយកិច្ច មានសេចក្ដីប្រាថ្នាក្នុងចិត្តមិនទាន់សម្រេច (អរហត្តផល) ព្រះសាស្ដា ព្រះអង្គអនុគ្រោះខ្ញុំ ទ្រង់បរិនិព្វាន។ កាលព្រះសម្ពុទ្ធ ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែងនៃខ្ញុំក៏កើតមាន សេចក្ដីព្រឺរោមនៃខ្ញុំក៏កើតមាន។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ រក្សាទុកនូវឃ្លាំងធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ បរិនិព្វានហើយ។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ ជាឃ្លាំងរក្សាទុកនូវធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ ជាអ្នកបន្ទោបង់នូវងងឹត ក្នុងទីដ៏ងងឹត។ទ. ៩៨ ព្រះអានន្ទត្ថេរ មានញាណគតិ មានស្មារតី មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ ជាអ្នកស្វែងរកនូវគុណ ទ្រទ្រង់ទុកនូវព្រះសទ្ធម្ម ជាអណ្ដូងនៃធម្មរតនៈ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហា ជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ។
អានន្ទត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ៣ អង្គនេះ គឺ ព្រះបុស្សៈ ១ ព្រះឧបតិស្សៈ ១ ព្រះអានន្ទ ១ លោកបានសំដែងគាថា ដែលបានពោលទុកក្នុងទីនោះ ១០៥ គាថា។
ចប់ តឹសនិបាត។
(១. មហាកស្សបត្ថេរគាថា)
[២៦២] ភិក្ខុមិនគប្បីប្រព្រឹត្ត មានគណៈចោមរោម (ព្រោះ) រមែងមានចិត្តក្ដៅ ក្រហាយ បានសមាធិ ដោយលំបាក ការសង្គ្រោះជននានា នាំមកនូវសេចក្ដីទុក្ខ ភិក្ខុ ឃើញដូច្នេះហើយ មិនគប្បីត្រេកអរនឹងគណៈឡើយ។ អ្នកប្រាជ្ញ មិនគប្បីចូលទៅ អែបអបនឹងត្រកូលទាំងឡាយទេ (ព្រោះ) រមែងមានចិត្តក្ដៅក្រហាយ បានសមាធិដោយលំបាក ភិក្ខុណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ ភិក្ខុនោះជាអ្នករនះរនាត ជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍។ មែនពិត អ្នកប្រាជ្ញទាំងឡាយ បានដឹងនូវការថ្វាយបង្គំ និងការបូជា ក្នុងត្រកូលទាំងឡាយថា ដូចជាភក់ (ព្រោះថា) សរ គឺកិលេសល្អិត ៗ ភិក្ខុកន្លងបង់បានដោយលំបាក គ្រឿងសក្ការៈ បុរសលាមក លះបង់បានដោយក្រ។ ខ្ញុំចុះចាកសេនាសនៈ (លើភ្នំ) ចូលទៅកាន់នគរ ដើម្បីបិណ្ឌបាត។
ខ្ញុំបានយកចិត្តទុកដាក់ ចូលទៅឈរជិត បុរសឃ្លង់ ដែលកំពុងតែបរិភោគ។ បុរសនោះ បានបង្អោនពំនូតបាយ ដល់ខ្ញុំដោយដៃ ដែលមានរោគឃ្លង់ទុំផេរ ៗ ហើយ កាលបុរសនោះ កំពុងដាក់ពំនូតបាយ ម្រាមដៃក៏ដាច់ធ្លាក់ទៅក្នុងបាតនុ៎ះ។ទ. ១០០ ខ្ញុំផ្អែកនឹងជញ្ជាំងផ្ទះ ហើយក៏បានឆាន់នូវពំនូតបាយនោះ កាលពំនូតបាយដែលខ្ញុំកំពុងបរិភោគក្ដី បរិភោគរួចហើយក្ដី ខ្ញុំមិនមានសេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយដែលភិក្ខុទៅឈរទៀបទ្វារផ្ទះនៃជនដទៃ ហើយបានមកជាអាហារ ១ សម៉ដែលត្រាំដោយទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់ឈើជាសេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុណាបានបរិភោគនូវរបស់ទាំងនេះហើយ ភិក្ខុនោះ អាចនៅក្នុងទិសទាំង ៤ បាន។ ពួកមនុស្សខ្លះ កាលឡើងភ្នំ តែងតែលំបាកចិត្ត ក្នុងបច្ឆិមវ័យណា កស្សបៈ ជាទាយាទរបស់ព្រះពុទ្ធ ជាអ្នកដឹងខ្លួន មានស្មារតីមាំ រឹងប៉ឹងដោយកម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុងបច្ឆិមវ័យនោះបាន។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានភ័យដ៏ពន្លឹកលះចោលហើយ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ កាលពួកសត្វក្ដៅក្រហាយ លោកក៏ជាបុគ្គលត្រជាក់។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចំរើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានកិច្ចធ្វើហើយ មិនមានអាសវៈ។ ចំណែកផែនដី ដែលផ្សាយទៅដោយក្លិន នៃផ្កាក្ទម្ព ជាទីត្រេកអរនៃចិត្ត សម្រែកនៃដំរីជាទីត្រេកអរ ភ្នំទាំងឡាយនោះ រមែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានពណ៌ដូចពពកខៀវដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏ស្អាត ដេរដាសដោយភ្លៀង តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ទ. ១០១ ភ្នំទាំងនោះ ប្រាកដស្មើដោយកំពូលពពកដ៏ខៀវ ឧបមាដូចផ្ទះមានកំពូលដ៏ប្រសើរ មានសម្រែកនៃដំរី ជាទីត្រេកអរ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំថ្មទាំងនោះ ដែលភ្លៀងបន្ទរហើយ មានផ្ទៃជាទីត្រេកអរ ដែលឥសីទាំងឡាយ ធ្លាប់អាស្រ័យនៅហើយ ដែលពួកសត្វក្ងោកស្រែកយំហើយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ (ភ្នំទាំងឡាយ) គួរដល់ខ្ញុំ ដែលប្រាថ្នាដើម្បីចំរើនឈាន មានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នាប្រយោជន៍ ជាភិក្ខុមានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នារកសេចក្ដីស្រួល មានចិត្តស្លុងទៅរកព្រះនិព្វាន ជាអ្នកសិក្សា គួរដល់ខ្ញុំដែលប្រាថ្នាព្យាយាម មានចិត្តស្លុងទៅរកព្រះនិព្វាន ជាតាទិបុគ្គល។ ភ្នំទាំងនោះដ៏ដេរដាស ដោយផ្កាកណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងឡាយនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ មានតែពួកម្រឹគនៅអាស្រ័យ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំទាំងនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយពួកម្រឹគ មានកន្ទុយដូចគោ ដេរដាសដោយទឹក និងសារាយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ទ. ១០២ សេចក្ដីត្រេកអរ (នៃខ្ញុំ) ដោយសារតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ ប្រាកដដូច្នោះ មិនមានឡើយ ដូច (ការមិនមានសេចក្ដីត្រេកអរ) នៃព្រះយោគី ដែលមានចិត្ត មានអារម្មណ៍មូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃ។
បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរជន (មិនមែនជាកល្យាណមិត្ត) មិនត្រូវខ្នះខ្នែង (ដើម្បីបច្ច័យ) បុគ្គលណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ បុគ្គលនោះ ជាអ្នកខ្នះខ្នែងជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរចាកជន (មិនមែនជាកល្យាណមិត្ត ព្រោះ) ការងារនុ៎ះ មិនមែនជាប្រយោជន៍ កាយរមែងលំបាកនឿយព្រួយ បុគ្គលអ្នកដល់នូវសេចក្ដីនឿយព្រួយនោះ រមែងមិនបាននូវសេចក្ដីស្ងប់រម្ងាប់ឡើយ។
បុគ្គលមិនពិចារណាឃើញខ្លួនឯង ដោយត្រឹមតែរលាស់បបូរមាត់ (ស្វាធ្យាយពុទ្ធវចនៈ) បុគ្គលប្រព្រឹត្តរឹងរូស តែងសំគាល់ថា អាត្មាអញប្រសើរ។ បុគ្គលពាល មិនប្រសើរ តែងសំគាល់ខ្លួន ថាស្មើនឹងបុគ្គលប្រសើរ អ្នកប្រាជ្ញទាំងឡាយ មិនសរសើរជនអ្នកមានចិត្តរឹងរូសនោះឡើយ។ បុគ្គលណា មិនញាប់ញ័រក្នុងមានះ (ទាំង ៩ ណាមួយ) ដោយចិត្តកើតឡើងថា អញជាមនុស្សប្រសើរ ឬថាអញជាមនុស្សមិនប្រសើរ អញជាមនុស្សថោក ឬថាអញជាមនុស្សប្រហែលនឹងគេ។ទ. ១០៣ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ ថាជាអ្នកមានប្រាជ្ញា អ្នកនិយាយទៀងទាត់ អ្នកមានចិត្តតម្កល់មាំ ក្នុងសីលទាំងឡាយ អ្នកប្រកបរឿយ ៗ នូវការស្ងប់ស្ងាត់ចិត្ត។ បុគ្គលណា មិនបានគោរពសព្រហ្មចារីបុគ្គលទាំងឡាយទេ បុគ្គលនោះ រមែងឆ្ងាយចាកព្រះសទ្ធម្ម ដូចផែនដី (ឆ្ងាយ) ពីមេឃ។ បុគ្គលទាំងឡាយណា មានហិរិ និងឱត្តប្បៈ តម្កល់នៅដោយប្រពៃគ្រប់ពេល បុគ្គលទាំងនោះ មានព្រហ្មចារ្យដុះចំរើនហើយ មានភពថ្មីអស់ហើយ។ ភិក្ខុណាមានចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់សំពត់បង្សុកូល ភិក្ខុនោះ មិនសមនឹងសំពត់បង្សុកូលនោះឡើយ ដូចស្វាដណ្ដប់ស្បែកសីហៈ។ ភិក្ខុណាមានចិត្តមិនរវើរវាយ មិនឃ្លេងឃ្លោង ជាអ្នកមានប្រាជ្ញាចាស់ សង្រួមឥន្រ្ទីយ៍ ទើបសមនឹងសំពត់បង្សុកូល ដូចសីហៈក្នុងច្រកភ្នំ។ ពួកទេវតាដ៏ច្រើន មានឫទ្ធិ៍ មានយសស័ក្តិ ទេវតាមួយម៉ឺន ទាំងអស់នុ៎ះ ជាពួកព្រហ្ម ឈរនមស្ការប្រណម្យអញ្ជលី ចំពោះព្រះសារីបុត្ត ជាធម្មសេនាបតី ជាអ្នកប្រាជ្ញ មានឈានច្រើន មានចិត្តតម្កល់មាំថា បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចំរើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ។ទ. ១០៤ អស្ចារ្យហ្ន៎ អារម្មណ៍របស់ពួកលោកអ្នកត្រាស់ដឹងនូវសច្ចៈទាំង ៤ ជាអារម្មណ៍ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួកយើងដូចពួកខ្មាន់ធ្នូ បាញ់នូវរោមកន្ទុយសត្វ មកប្រជុំគ្នា (ពិចារណា) នៅតែមិនដឹង។ ព្រះកប្បិនត្ថេរ បានញញឹម ព្រោះឃើញព្រះសារីបុត្តត្ថេរនោះ គួរជាទីបូជា ដែលពពួកទេវតាបូជាហើយ ដោយប្រការដូច្នោះ។ ក្នុងពុទ្ធខេត្តទាំងមូល ខ្ញុំជាមនុស្សវិសេសខាងធុតង្គគុណ គ្មានលោកណាស្មើនឹងខ្ញុំទេ លើកលែងតែព្រះមហាមុនីចេញ។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈធ្ងន់ខ្ញុំដាក់ចោលហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភពទៀត ខ្ញុំក៏ដកចោលហើយ។ ព្រះគោតមមានគុណប្រមាណមិនបាន មានព្រះហឫទ័យឱនទៅរកនេក្ខម្មៈ រលាស់ចោលនូវភពទាំង ៣ មិនជាប់ចំពាក់ក្នុងចីវរ មិនជាប់ចំពាក់ក្នុងសានាសនៈ មិនជាប់ចំពាក់ក្នុងភោជនាហារ ដូចផ្កាឈូកមិនមានមន្ទិលសៅហ្មង មិនជាប់ដោយទឹក។ ព្រះមហាមុនីនោះ មានសតិប្បដ្ឋាន ជាព្រះសូរង្គ មានសទ្ធាជាព្រះហស្ដ មានប្រាជ្ញាជាព្រះសីរ្សៈ មានព្រះញាណធំ ព្រះអង្គប្រព្រឹត្តរំលត់ទុក្ខគ្រប់ពេល។
ព្រះមហាកស្សបត្ថេរ។
ទ. ១០៥
ឧទ្ទាន
ក្នុងចត្តាឡីសនិបាត (នេះ) ព្រះថេរៈ ព្រះនាមមហាកស្សបតែមួយអង្គឯង បានសំដែងនូវគាថាទាំងឡាយ ៤២។
ចប់ ចត្តាឡីសនិបាត។
(១៩. បញ្ញាសនិបាតោ)
ទ. ១០៦
(១. តាលបុដត្ថេរគាថា)
[២៦៣] កាលណាហ្ន៎ អាត្មាអញនឹងបានជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ នឹងឃើញនូវភពទាំងអស់ ថាជារបស់មិនទៀង នៅក្នុងជ្រោះភ្នំទាំងឡាយ គំនិតនោះ អាត្មាអញបានត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះនឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញបានបួស ទ្រទ្រង់នូវផ្ទាំងសំពត់ដែលកាត់ដាច់ ស្លៀកសំពត់ជ្រលក់ដោយទឹកចត់ ហើយជាអ្នកមិនមានសេចក្ដីប្រកាន់ខ្លួនថា របស់អញ ជាបុគ្គលមិនមានសេចក្ដីប្រាថ្នា ហើយបានលះនូវរាគៈ ទោសៈ មោហៈ ដោយប្រការដូច្នោះ ជាបុគ្គលដល់នូវសេចក្ដីសុខ ហើយចូលទៅនៅក្នុងព្រៃធំ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកាយមិនទៀងនេះ ជាសម្បុករបស់មរណៈ និងរោគ ដែលមច្ចុបៀតបៀនហើយ ជាបុគ្គលប្រាសចាកភ័យ នៅម្នាក់ឯងក្នុងព្រៃ គំនិតនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់ដាវដ៏មុត គឺមគ្គប្បញ្ញា ហើយក្របែលនូវវល្លិ៍ គឺតណ្ហា ដែលជាធម្មជាតិញ៉ាំងភ័យឲ្យកើត ជាគ្រឿងនាំមកនូវសេចក្ដីទុក្ខ ប្រព្រឹត្តតាមអារម្មណ៍ដ៏ច្រើន ឲ្យលុះក្នុងអំណាច (របស់ខ្លួនបាន) គំនិតនោះ កាលណានឹងសម្រេច។ទ. ១០៧ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់យកនូវសស្រ្តាដ៏មុតថ្លា គឺប្រាជ្ញារបស់ឥសីទាំងឡាយ ហើយនឹងបំបាក់នូវមារ ព្រមទាំងសេនាមារដោយឆាប់រហ័ស លើសីហាសនៈ (ថេរាសនៈ) ចំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ ពួកលោកអ្នកសប្បុរស ជាអ្នកគោរពក្នុងធម៌ ប្រកបដោយតាទិគុណ អ្នកឃើញតាមពិត មានឥន្រ្ទិយឈ្នះហើយ មើលឃើញអញ ថាជាអ្នកមានព្យាយាមក្នុងសមាគមទាំងឡាយ បំណងនោះ កាលណានឹងសម្រច។ កាលណាហ្ន៎ សេចក្ដីខ្ជិល ការឃ្លាន ការស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់តូច ពស់ធំ នឹងមិនបៀតបៀននូវអាត្មាអញនោះ អ្នកមានប្រយោជន៍ចំពោះខ្លួន ក្នុងភ្នំ ឬច្រកភ្នំ បំណងនោះ កាលណានឹងសម្រេច។ សច្ចៈ ៤ យ៉ាងណា ដែលឃើញបានដោយក្រ ដែលព្រះមហេសីសម្មាសម្ពុទ្ធ បានត្រាស់ដឹងហើយ កាលណាហ្ន៎ អាត្មាអញនឹងបានជាអ្នកមានចិត្តតម្កល់មាំ មានស្មារតី បានត្រាស់ដឹងនូវសច្ចៈទាំង ៤ នោះដោយបញ្ញា បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងបានប្រកបដោយសមថៈទាំងឡាយ ហើយបានឃើញដោយបញ្ញា នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ កំណត់មិនបាន ថាជារបស់ដែលភ្លើងឆេះហើយ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ទ. ១០៨ កាលណាហ្ន៎ អាត្មាអញត្រូវគេពោលពាក្យអាក្រក់មករក មិនគប្បីទោមនស្សព្រោះសម្ដីនោះជាហេតុ ឬថាទោះបីគេសរសើរ ក៏មិនត្រេកអរព្រោះការសរសើរនោះជាហេតុ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកំណាត់ឈើទាំងឡាយផង ស្មៅទាំងឡាយផង វល្លិ៍ទាំងឡាយផង ខន្ធ ៥ ទាំងឡាយនេះផង ធម៌ទាំងឡាយ ទាំងខាងក្នុង ខាងក្រៅ មានប្រមាណមិនបានផង ឲ្យស្មើ ៗ គ្នា (ដោយសេចក្ដីមិនទៀងជាដើម និងមិនមានខ្លឹមសារ) បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ ភ្លៀងពុំជួកាល មានទឹកថ្មីត្រជាក់ បង្អុរធ្លាក់មកត្រូវលើអាត្មាអញ ព្រមទាំងចីវរ ដែលកំពុងដើរក្នុងផ្លូវ ដែលពួកលោកអ្នកស្វែងរកគុណធំ (មានព្រះពុទ្ធជាដើម) ត្រាច់ទៅក្នុងព្រៃ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច។ទ. ១០៩ កាលណាហ្ន៎ អាត្មាអញនឹងបានឮសូរសំឡេងក្ងោក ជាសត្វមានកំប៉ោយ កើតអំពីអណ្ឌៈ ជាសត្វកើតពីរដង យំក្នុងច្រកភ្នំក្នុងព្រៃ ហើយក្រោកឡើងធ្វើទុកក្នុងចិត្ត (ដោយលក្ខណៈ មានអនិច្ចលក្ខណៈជាដើម) ដើម្បីឲ្យបានសម្រេចដល់ព្រះនិព្វាន បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញគប្បីឆ្លងនូវទន្លេគង្គា យមុនា សរស្សតី និងមហាសមុទ្រដ៏ជ្រៅ ដូចជាធ្លាក់ទៅក្នុងបាតាល ជាគ្រឿងញ៉ាំងភ័យឲ្យកើត ដោយឫទ្ធិ៍មិនទើសទាក់ បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញគប្បីវៀរនូវសុភនិមិត្តទាំងអស់ ប្រកបក្នុងឈាន ហើយទំលាយនូវសេចក្ដីប្រាថ្នា ក្នុងកាមគុណទាំងឡាយ ដូចជាដំរីត្រាច់ទៅក្នុងសង្រ្គាម បំណងនោះ កាលណានឹងសម្រេច។ កាលណាហ្ន៎ អាត្មាអញបានដឹងសាសនាព្រះពុទ្ធ អ្នកស្វែងរកគុណដ៏ធំ ហើយត្រេកអរ ដូចជាបុរសកំសត់ ចំពាក់បំណុលគេ ដែលពួកម្ចាស់ទ្រព្យមកតឹងទារ ក៏បាននូវកំណប់ទ្រព្យ ហើយត្រេកអរ បំណងនោះ កាលណានឹងសម្រេច។ អ្នកអង្វរយើងច្រើនឆ្នាំហើយទ. ១១០ នេះជាការគួរនៅគ្រប់គ្រងផ្ទះរបស់អ្នកឬ ម្នាលចិត្ត ឥឡូវនេះ ហេតុអ្វីក៏អ្នកនៅតែប្រកបយើងដែលជាអ្នកបួសហើយនោះ។ ម្នាលចិត្ត ក្រែងអ្នកអង្វរយើងឬ ពួកក្ងោកជាសត្វបក្សីមានស្លាបដ៏វិចិត្រ ទៅតាមអាកាស ជាសត្វស្រែកយំរំពងកក្រើកដី ក្នុងញកភ្នំ ពួកក្ងោកទាំងនោះ នឹងត្រេកអរចំពោះអ្នក ជាអ្នកចំរើនឈានក្នុងព្រៃ។ ម្នាលចិត្ត អ្នកលះបង់ត្រកូលផង ពួកមិត្តផង ពួកញាតិជាទីស្រឡាញ់ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណទាំងអស់ក្នុងលោកផង ហើយចូលមកនៅក្នុងព្រៃនេះ ម្ល៉ឹងហើយ អ្នកនៅតែមិនត្រេកអរនឹងយើង។ ចិត្តរបស់យើងនេះ មិនមែនជាប្រយោជន៍ដល់ជនទាំងឡាយដទៃឡើយ ប្រយោជន៍អ្វីដោយការខ្សឹកខ្សួល ក្នុងកាលដែលខ្លួនប្រុងប្រៀប (ដើម្បីច្បាំងនឹងកិលេសមារ) យើងសំឡឹងមើលនូវភពបីទាំងអស់នេះ ថាជារបស់នាំឲ្យញាប់ញ័រ ទើបចេញមកស្វែងរកអមតបទ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់សត្វ អ្នកពោលនូវពាក្យសុភាសិតទ. ១១១ ចិត្តជាធម្មជាតិញាប់ញ័រ ដូចស្វា បុគ្គលមិនទាន់ប្រាសចាករាគៈ មិនងាយនឹងរារាំងបាន។ ក៏កាមទាំងឡាយ ជារបស់ដ៏វិចិត្រ ជារបស់ផ្អែម ជាទីរីករាយនៃចិត្ត ជារបស់ដែលពួកបុថុជ្ជន អ្នកល្ងង់ខ្លៅជាប់ចំពាក់ ពួកបុថុជ្ជននោះ ជាអ្នកស្វែងរកភពថ្មី តែងប្រាថ្នានូវសេចក្ដីទុក្ខ (បុថុជ្ជនទាំងនោះ) ត្រូវចិត្តរបស់ខ្លួនឯងដឹកនាំទៅទម្លាក់ក្នុងនរក ធ្វើឲ្យឃ្លាតចាកសេចក្ដីសុខ។ អ្នកកាលនៅក្នុងព្រៃ ជាកន្លែងឮសូរសព្ទក្ងោក និងគ្រៀលយំ មានទាំងខ្លាដំបង ខ្លាធំ ចោមរោម ចូរអ្នកលះបង់នូវសេចក្ដីអាឡោះអាល័យ ក្នុងកាយចេញ ចូរកុំឲ្យ (ខណៈ) ឃ្លាតទៅបាន ម្នាលចិត្ត អ្នកគួរតែប្រកបយើង (ក្នុងសម្មាប្រតិបត្តិ) ក្នុងកាលមុន ដោយប្រការដូច្នោះវិញ។ អ្នកចូរចំរើនឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិភាវនា ចូរសម្រេចនូវវិជ្ជា ៣ ក្នុងសាសនារបស់ព្រះពុទ្ធ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរចំរើននូវមគ្គ ជាមគ្គនាំសត្វឲ្យរួចចាកវដ្ដទុក្ខ ជាហេតុចុះកាន់ការអស់ទុក្ខទាំងពួង ប្រកបដោយអង្គ ៨ ប្រការ ជាគ្រឿងជំរះនូវកិលេសទាំងពួង ដើម្បីដល់នូវព្រះនិព្វានទ. ១១២ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរមើលឧបាទានក្ខន្ធ ថាជាទុក្ខ ដោយឧបាយនៃបញ្ញា កាលណា តណ្ហាញ៉ាំងទុក្ខឲ្យកើតឡើង អ្នកចូរលះបង់នូវតណ្ហានោះចោលចេញ ចូរធ្វើនូវទីបំផុតនៃទុក្ខ ក្នុងអត្តភាពនេះឲ្យបាន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរឃើញឲ្យច្បាស់ ដោយឧបាយនៃប្រាជ្ញា ថាជារបស់មិនទៀងផង ជាទុក្ខផង ថាជារបស់សោះសូន្យ មិនមែនខ្លួនប្រាណផង ថាជារបស់លាមក ជាគ្រឿងសម្លាប់ផង ហើយចូរបិទនូវការពិចារណាក្នុងចិត្ត ដោយចិត្តរបស់ខ្លួន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកជាស្រមណ៍កំណោរ មានភេទប្លែកពីគ្រហស្ថហើយ ជាអ្នកត្រាច់ទៅដើម្បីអាហារ មានអំបែងក្នុងដៃ សុំគេក្នុងត្រកូលទាំងឡាយ ចូរអ្នកប្រកបតាមព្រះពុទ្ធដីការបស់ព្រះសាស្ដា អ្នកស្វែងរកគុណដ៏ធំវិញ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ អ្នកចូរសង្រួមឲ្យល្អ ដើរទៅក្នុងចន្លោះច្រក មិនមានចិត្តជាប់ចំពាក់ក្នុងត្រកូល ក្នុងកាមទាំងឡាយ ដូចព្រះចន្ទពេញបូណ៌មី មិនមានមន្ទិលសៅហ្មង ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ។ទ. ១១៣ អ្នកចូរជាបុគ្គលប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្តនៅក្នុងព្រៃស្មសាន ទ្រទ្រង់សំពត់បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរក្នុងធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលជាដំបូង ដោយប្រការដូច្នេះ។ បុរសអ្នកស្វែងរកផ្លែឈើ ដាំដើមឈើទាំងឡាយ ហើយប្រាថ្នាដើម្បីកាប់នូវដើមឈើនោះ ត្រង់គល់ មានឧបមាដូចម្ដេចមិញ ម្នាលចិត្ត អ្នកធ្វើហេតុនេះ ក៏មានឧបមេយ្យដូច្នោះ អ្នកប្រកបយើងក្នុងសេចក្ដីញាប់ញ័រ មិនទៀងទាត់។ ម្នាលអរូប (ចិត្ត) ទៅកាន់ទីឆ្ងាយ ត្រាច់ទៅតែម្នាក់ឯង ឥឡូវនេះ យើងលែងធ្វើតាមសំដីអ្នកហើយ ព្រោះថាកាមទាំងឡាយ ជាទុក្ខ ក្ដៅផ្សា មានភ័យធំ យើងនឹងមានចិត្តឧទ្ទិសទៅរកព្រះនិព្វានហើយ។ យើងមិនមែនចេញបួស ព្រោះតែឥតបុណ្យ ព្រោះតែឥតសេចក្ដីអៀនខ្មាស ព្រោះហេតុតែលុះក្នុងអំណាចរបស់ចិត្ត ព្រោះហេតុតែដើរផ្លូវឆ្ងាយ ឬព្រោះហេតុតែការចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការប្ដេជ្ញា យើងបានធ្វើដល់អ្នកហើយ។ ភាពជាបុគ្គលប្រាថ្នាតិច ការលះបង់នូវសេចក្ដីលុបគុណគេ ការរម្ងាប់នូវទុក្ខ (ទាំងនេះ) សប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) សរសើរហើយទ. ១១៤ ម្នាលចិត្ត អ្នកបានប្រកបយើងក្នុងកាលនោះ ដោយប្រការដូច្នេះ ឥឡូវនេះ អ្នកដល់នូវ (សេចក្ដីប្រាថ្នាធំ) ដែលខ្លួនធ្លាប់ប្រព្រឹត្តមកហើយ។ តណ្ហា អវិជ្ជា សេចក្ដីស្រឡាញ់ សេចក្ដីមិនស្រឡាញ់ រូបទាំងឡាយដ៏ល្អ សុខវេទនាទាំងឡាយ និងកាមគុណទាំងឡាយ ជាទីពេញចិត្ត (ទាំងនេះ) យើងលះបង់អស់ហើយ យើងមិនអាចនៅគ្រប់គ្រងកិលេសធម៌ ដែលយើងលះបង់អស់ហើយទេ។ ម្នាលចិត្ត យើងបានធ្វើតាមពាក្យអ្នកគ្រប់ជាតិទាំងឡាយច្រើនហើយ អ្នកតាមយើងមិនទាន់ទេ ការច្រឡូកច្រឡំខាងក្នុង អ្នកបានធ្វើឲ្យកក្រើក ព្រោះតែអ្នកដឹងគុណ ដែលអ្នកដទៃធ្វើហើយ អ្នកធ្វើឲ្យយើងត្រាច់ទៅក្នុងសង្សារទុក្ខ អស់កាលយូរហើយ។ ម្នាលចិត្ត អ្នកធ្វើយើងឲ្យជាព្រាហ្មណ៍ អ្នកធ្វើយើងឲ្យជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើតជាវេស្សៈ ឬជាសុទ្ទៈ មួយទៀត អ្នកធ្វើនូវភាពជាទេវតា (ដល់យើង) ព្រោះហេតុតែអ្នក។ យើងជាអសុរ ព្រោះហេតុតែអ្នក យើងជាសត្វនរក ក៏ព្រោះអ្នកជាហេតុ មួយវិញទៀត ជួនកាលយើងកើតជាតិរច្ឆានទ. ១១៥ កើតជាប្រេត ព្រោះហេតុតែអ្នក។ អ្នកនឹងប្រទូស្ដយើងរឿយ ៗ មិនបានទេ អ្នកធ្លាប់ប្រលោមយើង ដូចជាបុគ្គលឆ្កួត ឬដូចជាបុរស បង្ហាញនូវហេតុនៃលោករឿយ ៗ ម្នាលចិត្ត យើងបានកំចាត់បង់អ្នកជ្រះស្រឡះហើយ។ កាលពីដើម ចិត្តនេះ បានត្រាច់ទៅកាន់ចារិក តាមចំណង់ តាមប្រាថ្នា តាមសប្បាយ ថ្ងៃនេះ យើងនឹងផ្ទញ់ផ្ទាល់ចិត្តនោះ ដោយឧបាយនៃប្រាជ្ញា ដូចហ្មដំរីកាន់កង្វេរ បង្វឹកដំរីចុះប្រេង។ (ព្រះសម្មាសម្ពុទ្ធ) ជាគ្រូនៃយើង ទ្រង់តាំងទុកនូវលោកនេះ ថាជារបស់មិនទៀង ជារបស់មិនមាំមួន ជារបស់រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នកចូរញ៉ាំងយើងឲ្យស្ទុះទៅក្នុងសាសនានៃព្រះជិនស្រីវិញ អ្នកចូរញ៉ាំងយើង ឲ្យឆ្លងផុតចាកជំនន់ដ៏ធំ ដែលគេឆ្លងបានដោយកម្រវិញ។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ ដូចជារបស់ចាស់ មិនមានដល់អ្នកទៀតទេ យើងមិនគួរនឹងប្រព្រឹត្តទៅក្នុងអំណាចរបស់អ្នកឡើយ យើងជាអ្នកបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណដ៏ធំទ. ១១៦ ពួកបុគ្គលដូចយើង មិនមែនជាអ្នកទ្រទ្រង់នូវសេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំងអស់ ជារបស់មិនទៀង ត្រូវ រាគាទិក្កិលេសបៀតបៀនហើយ ម្នាលចិត្ត អ្នកទៅក្នុងទីណា នឹងត្រេកអរសប្បាយបាន។ ម្នាលចិត្ត ថ្វឺយ ៗ អ្នកនឹងធ្វើអំពើអ្វីដទៃទៀតដល់យើង ម្នាលចិត្ត យើងមិនគួរប្រព្រឹត្តទៅតាមអំណាចអ្នកឡើយ (ដូច) បុគ្គលមិនហ៊ានពាល់ទៃ ដែលមានមាត់ទាំងពីរខាង ថ្វឺយ (រូបនេះ) សឹងពេញ (ដោយរបស់មិនស្អាត) សម្រាប់ហូរចេញនូវវត្ថុមិនស្អាត តាមមុខដំបៅទាំង ៩។ អ្នកនៅក្នុងផ្ទះ គឺគុហា ត្រេកអរក្នុងញកភ្នំ កំពូលភ្នំ ជាទីដ៏ល្អតាមប្រក្រតី មានព្រៃដែលទឹកភ្លៀងថ្មីធ្លាក់ចុះ ជាទីដែលពួកជ្រូក និងទ្រាយ ចុះឡើងអាស្រ័យនៅហើយនោះ។ ហ្វូងបក្សី (ក្ងោក) មានកខៀវល្អ មានសិរល្អ មានតួស្លាបល្អ មានរោមស្លាបដ៏វិចិត្រល្អ មានសំឡេងស្រែកយំឮសូរពីរោះក្រៃលែងនោះ នឹងត្រេកអរចំពោះអ្នកចំរើនឈានក្នុងព្រៃ (នោះឯង)។ទ. ១១៧ កាលភ្លៀងបង្អុរចុះមកហើយ កាលស្មៅដុះឡើងប្រវែង ៤ ធ្នាប់ កាលព្រៃមានសម្បុរដូចមេឃ មានផ្ការីកស្គុះស្គាយហើយ យើងក៏ប្រហែលនឹងដើមឈើ នឹងដេកត្រង់ចន្លោះនៃព្រៃភ្នំ ឯកន្លែងដេករបស់យើងនោះ នឹងមានសម្ផ័ស្សទន់ដូចជាសំឡី។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ (ម្នាលចិត្ត) យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាច) យ៉ាងនោះ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) ព្រោះហេតុនោះ បុគ្គលមិនខ្ជិលយ៉ាងណា យើងនឹងធ្វើអ្នកយ៉ាងនោះ ឲ្យដូចស្បែកសំពោច ដែលគេសម្លាប់ល្អហើយ។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាចខ្លួន) ក៏យ៉ាងនោះដែរ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) យើងនឹងដឹកនាំអ្នកឲ្យលុះក្នុងអំណាចរបស់យើង ដោយសេចក្ដីព្យាយាម ដូចហ្មដំរីដ៏ប៉ិនប៉ៅ កាន់កង្វេរពង្រាបដំរីចុះប្រេង។ យើងអាចដើរទៅកាន់ផ្លូវដ៏ក្សេម ដែលពួកលោកអ្នករក្សាចិត្ត ធ្លាប់សេពហើយសព្វកាល ដោយសារអ្នក ដែលទូន្មានល្អហើយ តាំងមាំហើយ ដូចហ្មសេះ បង្ហាត់សេះ (ឲ្យទៅកាន់ទីតាមបំណង) ដោយសារសេះស្លូតត្រង់។ទ. ១១៨ (ហ្មដំរីចងក្រៀក) ដំរីនឹងសសរ ដោយខ្សែដ៏មាំយ៉ាងណា យើងនឹងចងអ្នកទុកក្នុងកម្មដ្ឋានារម្មណ៍ ដោយកំឡាំងភាវនាយ៉ាងនោះដែរ (ម្នាលចិត្ត) អ្នកនោះ ដែលយើងគ្រប់គ្រងហើយ ចំរើនល្អហើយ ដោយសតិ នឹងទៅជាអ្នកមានតណ្ហានិស្ស័យជាដើម មិនអាស្រ័យក្នុងភពទាំងពួងឡើយ។ អ្នកបើបានផ្ដាច់ដំណើរទៅកាន់ផ្លូវខុស ដោយប្រាជ្ញា រួចផ្ទញ់ផ្ទាល់ដោយព្យាយាម ឲ្យតម្កល់នៅក្នុងផ្លូវវិបស្សនាវិញ ហើយឃើញនូវសេចក្ដីកើត សេចក្ដីវិនាស និងសេចក្ដីចំរើននោះ នឹងបានជាទាយាទ នៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលពាក្យដ៏ប្រសើរ។ ម្នាលចិត្ត អ្នកទង់ទាញយើង ឲ្យលុះអំណាចនៃវិបល្លាស ៤32) ដូចជាកូនក្មេងអ្នកស្រុក ក្រែងអ្នកបានសេពគប់នឹងព្រះមហាមុនី ប្រកបដោយសេចក្ដីករុណា ជាអ្នកផ្ដាច់នូវចំណង គឺសំយោជនៈហើយឬ។ ម្រឹគមានសេរី ចូលទៅកាន់ភ្នំ ជាទីត្រេកអរ ដេរដាសដោយរបៀបពពក ក្នុងព្រៃដ៏វិចិត្រល្អ យ៉ាងណា អ្នកនឹងត្រេកអរក្នុងភ្នំនោះ ដែលមិនវឹកវរ ក៏យ៉ាងនោះដែរ ម្នាលចិត្ត អ្នកនឹងវិនាសឥតមានសង្ស័យឡើយ។ទ. ១១៩ ម្នាលចិត្ត ជនប្រុសស្រីទាំងឡាយណា ជាអ្នកប្រព្រឹត្តទៅតាមសេចក្ដីប្រាថ្នា ទៅតាមអំណាចរបស់អ្នក រមែងទទួលសេចក្ដីសុខណា ជនប្រុសស្រីទាំងនោះ ជាអ្នកល្ងង់ខ្លៅ ប្រព្រឹត្តទៅតាមអំណាចនៃមារ ជាអ្នកត្រេកអរនឹងភព ជាសេវកៈរបស់អ្នក (រមែងបាននូវសេចក្ដីសុខនោះ គឺសាមិសសុខ)។
ព្រះតាលបុដត្ថេរ។
ឧទ្ទាន
ក្នុងបញ្ញាសនិបាតនោះ ព្រះតាលបុដត្ថេរ អ្នកបរិសុទ្ធ ១ អង្គ ពោលនូវគាថាទាំងឡាយ ៥៥។
ចប់ បញ្ញាសនិបាត។
(១. មហាមោគ្គល្លានត្ថេរគាថា)
[២៦៤] ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុ ដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ (កិលេស)។ ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់កំចាយនូវផ្ទះបបុស។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរ ក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់បង់នូវផ្ទះបបុស។ (នែស្រីផ្កាមាស) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជាខ្ទម គឺរាងឆ្អឹងបែបចំអឹង ៗ មានសាច់ និងសរសៃរួបរឹតហើយ ពេញ (ដោយគ្រឿងមិនស្អាត) មានក្លិនស្អុយ។ ម្នាលនាងមានពកឰដ៏ទ្រូងដូចបិសាច ក្នុងកាយរបស់នាង ដែលពេញដោយលាមក ស្រោបដោយស្បែក (នេះ) មានទ្វារសម្រាប់បង្ហូរចេញ ៩ តែងហៀរហូរគ្រប់ពេល។ទ. ១២១ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដែលមានមុខហូរ ៩ មានក្លិនអាក្រក់ បុគ្គលអ្នកចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុចៀសវាងនូវសរីរៈរបស់នាង ក៏យ៉ាងនោះដែរ។ អាត្មាដឹងនូវសរីរៈនោះ យ៉ាងណា បើមហាជនដឹងនូវសរីរៈនោះ យ៉ាងនោះ គប្បីតែចៀសវាងសរីរៈនោះ អំពីចម្ងាយ ដូចគេចៀសវាងកន្លែងគូថៈ ក្នុងកាលដែលភ្លៀងបង្អុរចុះ។
បពិត្រសមណៈ លោកមានថេរវាចាយ៉ាងណា បពិត្រលោកអ្នកមានព្យាយាមច្រើន ហេតុនុ៎ះ ក៏យ៉ាងនឹងមែនហើយ តែគង់មានជនពួកខ្លះ លិចនៅក្នុងសរីរៈនុ៎ះដែរ ដូចគោចាស់លិចនៅក្នុងភក់។
នរណាសំគាល់ដើម្បីជ្រលក់នូវអាកាសដោយរមៀត ឬដោយគ្រឿងជ្រលក់ឯទៀត ការងាររបស់បុគ្គលនោះ នាំឲ្យតែកើតសេចក្ដីលំបាកទេ។ ចិត្តដែលតម្កល់នៅល្អក្នុងសន្ដាននោះ ក៏ស្មើគ្នានឹងអាកាស នាងកុំត្រេកអរ (នឹងយើង) ដោយចិត្តលាមក ដូចសត្វស្លាប (មមាច) ត្រេកអរនឹងគំនរភ្លើងឡើយ។ នាងចូរមើលរាងកាយដែលធ្វើឲ្យវិចិត្រហើយ ជាទីប្រជុំនៃដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ឈឺជានិច្ច ដែលពួកជនពាលប្រាថ្នាដោយច្រើន សេចក្ដីទៀងទាត់ និងការមាំមួនរបស់រាងកាយនេះ មិនមានឡើយ។
កាលព្រះសារីបុត្ត បរិបូណ៌ដោយអាការដ៏ច្រើន បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែង សេចក្ដីព្រឺរោម ក៏កើតមានឡើងថា។ទ. ១២២ ឱហ្ន៎ សង្ខារទាំងឡាយ មិនទៀងទេ មានការកើតឡើង និងការវិនាសទៅជាធម្មតា កើតឡើងហើយតែងរលត់វិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសុខ។ ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវខន្ធទាំង ៥ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ តែងចាក់ធ្លុះនូវធម៌ដ៏សុខុមបាន ដូចបុគ្គលបាញ់ចុងរោមកន្ទុយដោយព្រួញ។ មួយទៀត ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ ឈ្មោះថា បានចាក់ធ្លុះនូវធម៌ដ៏ល្អិត ដូចបុគ្គលបាញ់ចុងរោមកន្ទុយ ដោយព្រួញ។
(ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវកាមរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង កំពុងឆេះឰដ៏ក្បាល)។ ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវភវរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង ដែលកំពុងឆេះឰដ៏ក្បាល។
ខ្ញុំលុះព្រះសាស្ដាចារ្យ ព្រះអង្គមានព្រះកាយអប់រំហើយ ព្រះអង្គទ្រទ្រង់នូវសរីរៈជាទីបំផុត ទ្រង់បានដាស់តឿនហើយ ក៏ញ៉ាំងមិគារមាតុប្រាសាទ ឲ្យកក្រើកបាន ដោយចុងមេជើង។ទ. ១២៣ បុគ្គលប្រារព្ធការងារណាមួយ ធូរ ៗ ឬដោយកំឡាំងព្យាយាមស្ដួចស្ដើង មិនងាយបានដល់ព្រះនិព្វាន ដែលជាគ្រឿងរួចចាកគន្ថធម៌ទាំងពួងទេ។ ភិក្ខុកំលោះនេះក្ដី បុរសដ៏ឧត្តមនេះក្ដី បានឈ្នះនូវមារ ព្រមទាំងសេនានៃមារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុតបាន។
ផ្លេកបន្ទោរទាំងឡាយ រមែងធ្លាក់ក្នុងចន្លោះនៃភ្នំឈ្មោះវេភារៈ និងភ្នំឈ្មោះបណ្ឌវៈ ឯបុត្រនៃព្រះពុទ្ធ ជាតាទិបុគ្គល រកបុគ្គលប្រៀបស្មើមិនបាន លោកនៅក្នុងចន្លោះភ្នំ រមែងដុត (នូវធម៌ជាសត្រូវ)។ មហាព្រហ្ម ថ្វាយបង្គំហើយ នូវមុនិអ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់រម្ងាប់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរ។ ម្នាលព្រាហ្មណ៍ អ្នកចូរថ្វាយបង្គំព្រះកស្សបៈ ជាមុនិ អ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់ស្ងាត់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរចុះ។ បើបុគ្គលណា ទៅយកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ បរិបូណ៌ដោយវេទ ក្នុងពួកមនុស្សរឿយ ៗ។ តែបើទុកជាព្រាហ្មណ៍នោះ ជាអ្នកចេះចាំមន្ដ ដល់នូវត្រើយនៃវេទទាំង ៣ ក៏ដោយចុះ ក៏នៅតែមិនដល់មួយចំណិតនៃចំណែក ដែលគេចែក ១៦ ៗ ដង នៃការថ្វាយបង្គំចំពោះព្រះមហាកស្សបត្ថេរនុ៎ះឡើយ។ទ. ១២៤
ភិក្ខុណាបានវិមោក្ខ ៨ ក្នុងវេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញចាកនិរោធសមាបត្តិនោះហើយ ទើបទៅដើម្បីបិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរនឹងភិក្ខុបែបនោះ អ្នកកុំគាស់រំលើងខ្លួនឡើយ អ្នកចូរធ្វើចិត្តឲ្យត្រេកអរចំពោះព្រះអរហន្ដ ជាតាទិបុគ្គល ចូរប្រណម្យអញ្ជលី ថ្វាយបង្គំឲ្យឆាប់ កុំឲ្យក្បាលអ្នកបែកជា ៧ ភាគឡើយ។ បោដិ្ឋលភិក្ខុនោះ ត្រូវចំណង គឺសង្សារវដ្ដរួបរឹតហើយ មិនបានឃើញនូវព្រះសទ្ធម្ម ស្ទុះទៅរកមិច្ឆាជីវៈ ជាផ្លូវដែលមិនគួរទៅ ជាផ្លូវវៀច ផ្លូវអាក្រក់។ តុច្ឆបោដ្ឋិលភិក្ខុ ងប់ចុះក្នុងសង្ខារ (ដែលច្រឡំដោយកិលេស ជាគ្រឿងមិនស្អាត) លិចចុះក្នុងលាភៈ និងសក្ការៈ ដូចជាដង្កូវប្រឡាក់ដោយលាមក។
អ្នកចូរមើលព្រះសារីបុត្តដ៏មានអាយុនេះ លោកជាអ្នកឃើញដោយប្រពៃ ជាអ្នកផុតចាកចំណែកទាំងពីរ33) ជាអ្នកមានចិត្តតម្កល់មាំក្នុងសន្តាន មិនមានសរ គឺរាគៈជាដើម មានសំយោជនៈអស់ហើយ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុរាជឲ្យវិនាស ជាទក្ខិណេយ្យបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់មនុស្សទាំងឡាយ។
ពួកទេវតាជាច្រើន ចំនួនមួយម៉ឺនអង្គ មានឫទ្ធិ៍ មានយស ទេវតាទាំងអស់នុ៎ះ ទាំងពួកព្រហ្មបុរោហិត ឈរប្រណម្យនមស្ការព្រះមោគ្គល្លានទ. ១២៥ថា បពិត្រលោកជាបុរសអាជានេយ្យ យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកជាបុរសដ៏ឧត្តម យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកនិទ៌ុក្ខ លោកមានអាសវៈអស់ហើយ លោកជាទក្ខិណេយ្យបុគ្គល។
(ព្រះមោគ្គល្លាន) ដែលនរជន និងទេវតា បូជាហើយ លោកកើត (ដោយអរិយជាតិ) ជាអ្នកគ្របសង្កត់នូវសេចក្ដីស្លាប់បាន មិនជាប់ចំពាក់ក្នុងសង្ខារ ដូចជាផ្កាឈូកស មិនប្រឡាក់ដោយទឹក។
ព្រះមោគ្គល្លានណា ជ្រាបនូវឱកាសលោកមួយពាន់ ក្នុងកាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើនឹងមហាព្រហ្ម ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ និងចុតូបបាតៈ លោកជាភិក្ខុឃើញពួកទេវតាក្នុងកាលគួរ។
ព្រះសារីបុត្តត្ថេរ (ប្រសើរ) ដោយប្រាជ្ញា ដោយសីល ដោយឧបសមៈ ទុកជាភិក្ខុណា ជាអ្នកដល់នូវត្រើយ ភិក្ខុនោះ គប្បីជាអ្នកមានគុណយ៉ាងក្រៃលែង ដូច្នេះឯង។
ចំណែកអាត្មា អាចនិមិ្មតនូវអត្តភាពមួយសែនកោដិបាន ដោយមួយរំពេច ជាអ្នកឈ្លាសវៃក្នុងឫទ្ធិ៍ គឺការធ្វើផ្សេង ៗ ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ៍។ អាត្មាជាមោគ្គល្លានគោត្រ ដល់នូវទីបំផុតដោយសមាធិ និងភាវៈ ស្ទាត់ក្នុងវិជ្ជា ជាអ្នកប្រាជ្ញ មានឥន្រ្ទិយតាំងមាំ ក្នុងសាសនា (នៃព្រះសាស្ដា) ប្រាសចាកតណ្ហានិស្ស័យជាដើម បានកាត់នូវចំណង គឺកិលេស ដូចដំរីផ្ដាច់ទន្លីង ដែលគេធ្វើដោយវល្លិ៍ស្អុយ។
ទ. ១២៦
ព្រះសាស្ដា ខ្ញុំបំរើហើយ។បេ។ តណ្ហា ដែលជាធម្មជាតិនាំសត្វទៅកាន់ភព ខ្ញុំបានដកហើយ។ កុលបុត្រ ចេញចាកផ្ទះហើយទៅបួស ក្នុងសំណាក់បុគ្គលមិនមានផ្ទះ ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់សំយោជនៈគ្រប់យ៉ាងនោះ ក៏ខ្ញុំបានសម្រេចហើយ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ដូចម្ដេចទៅ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់យ៉ាង។ ភិក្ខុណាជាសាវ័ករបស់ព្រះពុទ្ធ ដឹងជាក់លាក់នូវផលនៃកម្មនោះ ម្នាលមារមានចិត្តខ្មៅ អ្នកបៀតបៀននូវភិក្ខុបែបនោះហើយ នឹងដល់នូវសេចក្ដីទុក្ខមិនខាន។ វិមានទាំងឡាយណា តាំងនៅអស់មួយកប្ប ឋិតនៅក្នុងកណ្ដាលសាគរ មានពណ៌ដូចជាកែវពិទូរ្យដ៏រុងរឿង មានពន្លឺភ្លឺផ្លេក មានពួកស្រីអប្សរដ៏ច្រើនមានវណ្ណៈផ្សេង ៗ រាំក្នុងវិមានទាំងនោះ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ទ. ១២៧
មួយទៀត ភិក្ខុណាដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ដាស់តឿនហើយ កាលភិក្ខុសង្ឃកំពុងមើល (ភិក្ខុនោះ) បានធ្វើមិគារមាតុប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះបាន។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាធ្វើវេជយន្ដប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង ភិក្ខុនោះ ជាអ្នកអង់អាចដោយកំឡាំងឫទ្ធិ៍ ធ្វើពួកទេវតាឲ្យសង្វេគហើយ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះបាន។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណា (គង់លើ) វេជយន្ដប្រាសាទ ភិក្ខុនោះ ក៏សួរសក្កទេវរាជថា ម្នាលអាវុសោ អ្នកដឹងនូវការអស់ និងការផុតស្រឡះចាកតណ្ហាដែរឬទេ សក្កទេវរាជ លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះស្រាយតាមសេចក្ដីពិតដល់លោក ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះ។បេ។ ម្នាលមារ មានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាជាបុគ្គលក្លៀវក្លា សួរប្រស្នានឹងព្រហ្មក្នុងសភាឈ្មោះសុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់ណារបស់អ្នក ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់អ្នកនោះ នៅដូចថ្ងៃនេះឬ អ្នកឃើញពន្លឺរស្មី (នៃព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះសារ តាមសេចក្ដីពិតដល់លោកថាទ. ១២៨
បពិត្រលោកនិទ៌ុក្ខ សេចក្ដីយល់ណារបស់ខ្ញុំ ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់ខ្ញុំនោះ មិនមានទេ។ ខ្ញុំឃើញពន្លឺរស្មី (របស់ព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោក ខ្ញុំនោះនឹងលះបង់នូវពាក្យរបស់ខ្ញុំ ដែលយល់ឃើញថា អាត្មាអញជាបុគ្គលទៀងទាត់ (នោះ) ក្នុងថ្ងៃនេះហើយ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ភិក្ខុណាបានឃើញកំពូលភ្នំមហាសិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួកមនុស្សដេកលើផែនដី (នៅក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយឈានវិមោក្ខ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ។ ធម្មតាភ្លើងមិនដែលគិតថា អញនឹងឆេះរលាកមនុស្សពាលទេ តែប្រសិនជាមនុស្សពាលពាល់ភ្លើងដែលឆេះហើយ (ភ្លើង) ក៏ឆេះរលាកនូវបុគ្គលពាលនោះឯង ម្នាលមារ អ្នកបៀតបៀននូវព្រះតថាគតនោះ មុខជានឹងឆេះរលាកខ្លួនឯងវិញ ដូចមនុស្សពាលពាល់ភ្លើង យ៉ាងនោះដែរ។ ម្នាលមារមានចិត្តបាប មារឯង បៀតបៀននូវព្រះតថាគតនោះ មុខជានឹងបានសោយបាប អ្នកសំគាល់ថា បាបនឹងមិនឲ្យផលដល់អញឬអ្វី។ទ. ១២៩
ម្នាលមារមានចិត្តលាមក បាបរបស់អ្នកកាលធ្វើ រមែងប្រព្រឹត្តទៅ (មិនជាប្រយោជន៍) អស់កាលដ៏យូរ ម្នាលមារ អ្នកចូរនឿយណាយចាកបុគ្គលអ្នកត្រាស់ដឹង នូវសច្ចៈទាំង ៤ ប្រការ អ្នកកុំធ្វើនូវសេចក្ដីប៉ុនប៉ង ដើម្បីបៀតបៀនភិក្ខុឡើយ។
ភិក្ខុ (មោគ្គល្លានត្ថេរ) បានគំរាមមារ ក្នុងភេសកឡាវ័នដោយប្រការដូច្នេះហើយ មារ ជាយក្ខនោះ ក៏អាក់អន់ចិត្ត ហើយបាត់ទៅក្នុងទីនោះឯង ព្រោះហេតុតែសេចក្ដីគំរាម (នៃព្រះមោគ្គល្លាន)។
ឮថា ព្រះមហាមោគ្គល្លានត្ថេរមានអាយុ បានសំដែងនូវគាថាទាំងឡាយ ដោយប្រការដូច្នេះឯង។
ឧទ្ទាន
ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិច្រើន តែមួយអង្គឯង សំដែងនូវគាថាទាំងឡាយ ក្នុងសដ្ឋិកនិបាត គាថាទាំងនោះ មានចំនួន ៦៨ គាថា។
ចប់ សដ្ឋិកនិបាត។
(១. វង្គីសត្ថេរគាថា)
[២៦៥] វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់លាមក តែងគ្របសង្កត់អាត្មាអញ ដែលចេញចាកផ្ទះ បួសក្នុងព្រះពុទ្ធសាសនា (ដូច) ពួកខ្មាន់ធ្នូដ៏ប្រសើរ ជាកូនអ្នកខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មានធ្នូដ៏មាំ គប្បីបាញ់ប្រសាចនូវព្រួញ ទាំងពាន់ជុំវិញខ្លួន (សត្រូវ) មិនឲ្យរត់រួចបាន។ បើពួកស្រីប៉ុណ្ណេះ (ឬ) លើសជាងនេះ នឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន (ព្រោះ) អាត្មាអញបានតាំងមាំនៅក្នុងធម៌ទាំងឡាយហើយ។ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញបានស្ដាប់ម្ដងហើយ ចិត្តរបស់អាត្មាអញត្រេកអរក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាននោះហើយ។ ម្នាលមារលាមក បើអ្នកចូលមកបំបាក់យើង ដែលកំពុងចុះចិត្តស៊ប់ក្នុងវិបស្សនាយ៉ាងនេះ អ្នកមិនបានឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើអ្នកឲ្យដល់នូវសេចក្ដីស្លាប់ យ៉ាងនោះដែរ។
បុគ្គលណា លះបង់នូវសេចក្ដីអផ្សុក នូវសេចក្ដីត្រេកអរ នូវសេចក្ដីត្រិះរិះ ដែលអាស្រ័យនូវផ្ទះ ដោយប្រការទាំងពួង មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងវត្ថុណាមួយ ជាអ្នកមិនមានសេចក្ដីប្រាថ្នា ព្រោះមិនមានសេចក្ដីប្រាថ្នា បុគ្គលនោះ ឈ្មោះថាភិក្ខុ។ទ. ១៣១ ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្ដី លើអាកាសក្ដី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់នោះ ជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជ្ញទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជាបុគ្គលមិនមានសេចក្ដីញាប់ញ័រ បន្ទោបង់នូវសេចក្ដីប្រាថ្នា ក្នុងកាមទាំងនោះចេញ ព្រោះបុគ្គលណា មិនជាប់ក្នុងកាមគុណនុ៎ះ ពួកអ្នកប្រាជ្ញទើបហៅបុគ្គលនោះ ថាជាមុនី។ បុគ្គលអន្ធពាល មានវិតក្កៈ អាស្រ័យនូវទិដ្ឋិ ៦៨ រមែងជាអ្នកតាំងនៅមាំហើយក្នុងអធម៌ ព្រោះតែខ្លួនជាបុថុជ្ជន បុគ្គលណាមិនលុះក្នុងពួកនៃមិច្ឆាទិដ្ឋិ ក្នុងវត្ថុណាមួយ ទាំងជាអ្នកមិននិយាយអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ។ អ្នកប្រាជ្ញមានចិត្តតម្កល់មាំ អស់កាលយូរហើយ ជាអ្នកមិនកុហក មានប្រាជ្ញាល្អិត មិនមានតណ្ហា ជាអ្នកបរិបូណ៌ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបានសម្រេចនូវសន្ដបទ ព្រោះអាស្រ័យ (ព្រះនិព្វាន) រង់ចាំតែបរិនិព្វានកាល។ទ. ១៣២ ម្នាលអ្នកជាគោត្រនៃព្រះគោតម អ្នកចូរលះបង់នូវមានះផង ចូរលះបង់នូវផ្លូវនៃមានះ កុំឲ្យមានសេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅក្នុងផ្លូវនៃមានះហើយ រមែងមានសេចក្ដីក្ដៅក្រហាយ អស់កាលយូរ។ ពួកសត្វដែលត្រូវសេចក្ដីលុបគុណគ្របសង្កត់ ត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជនដែលមានះបៀតបៀនហើយ រមែងទៅកើតក្នុងនរក សោកសៅអស់កាលយូរ។ ភិក្ខុអ្នកឈ្នះកិលេសដោយមគ្គ អ្នកប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្ដងឡើយ ភិក្ខុណាបាននូវកិត្តិយសផង បាននូវសេចក្ដីសុខផង ពួកបណ្ឌិតតែងហៅភិក្ខុនោះ ថាជាអ្នកឃើញធម៌ដោយពិត។ ហេតុនោះ ភិក្ខុអ្នកមិនរឹងរូស មានព្យាយាមក្នុងសាសនានេះ លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់នូវមានះ មិនឲ្យមានសេសសល់ រមែងជាអ្នកធ្វើនូវទីបំផុតនៃវិជ្ជា ជាអ្នកស្ងប់រម្ងាប់កិលេស។
ទ. ១៣៣
ខ្ញុំក្ដៅក្រហាយ ចិត្តរបស់ខ្ញុំអន្ទះអន្ទែង ព្រោះតែកាមរាគៈ បពិត្រព្រះអានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវធម៌ ជាគ្រឿងញ៉ាំងកាមរាគៈនោះ ឲ្យរលត់ ដោយសេចក្ដីអនុគ្រោះចុះ។
ចិត្តរបស់លោកអន្ទះអន្ទែង ព្រោះតែវិបល្លាសនៃសញ្ញា លោកចូរលះបង់នូវសុភនិមិត្ត ដែលប្រកបដោយកាមរាគៈចោលចេញ។ លោកចូរចំរើនឯកគ្គតាចិត្ត ឲ្យតម្កល់មាំល្អ ក្នុងអសុភសញ្ញា ទាំងកាយគតាសតិ ក៏ចូរឲ្យមានដល់លោក លោកចូរមានសេចក្ដីនឿយណាយឲ្យច្រើនចុះ។ ចូរចំរើនអនិមិត្ត គឺ អនិច្ចានុបស្សនា ចូរផ្ដាច់នូវមានានុស័យ តទៅ លោកនឹងបានស្ងប់រម្ងាប់ ព្រោះលះបង់មានះ។ បុគ្គលមិនគប្បីញ៉ាំងខ្លួនឲ្យក្ដៅក្រហាយ ដោយវាចាណា គប្បីពោលតែវាចានោះ បុគ្គលមិនគប្បីបៀតបៀនពួកបុគ្គលដទៃដោយវាចាណា វាចានោះឯង ជាសុភាសិត។ វាចាណា ដែលគេទទួលត្រេកអរ បុគ្គលគប្បីពោលតែវាចាជាទីស្រឡាញ់នោះឯង បុគ្គលកុំកាន់យកពាក្យអាក្រក់ ពោលតែពាក្យដែលជាទីពេញចិត្តនៃពួកជនដទៃ។ ពាក្យពិត ជាពាក្យមិនស្លាប់ នេះជាធម៌មានមកពីបុរាណ ពួកសប្បុរស តាំងមាំក្នុងសច្ចៈផង ក្នុងអត្ថៈផង ក្នុងធម្មៈផង។ ព្រះពុទ្ធទ្រង់ពោលវាចាណា ជាវាចាក្សេម ដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯង ជាវាចាឧត្តម ជាងវាចាទាំងឡាយ។ទ. ១៣៤
សារីបុត្រ ជាបុគ្គលមានប្រាជ្ញាជ្រាលជ្រៅ ជាអ្នកប្រាជ្ញ យល់ផ្លូវ និងមិនមែនផ្លូវ មានប្រាជ្ញាច្រើន រមែងសំដែងធម៌ដល់ពួកភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយសង្ខេបក៏បាន សំដែងដោយពិស្ដារក៏បាន លោកមានសំឡេងគឹកកងពីរោះ ដូចសំឡេងសាលិកា ទាំងមានបដិភាណផុសផុល។ កាលសារីបុត្រកំពុងសំដែងធម៌នោះ ពួកភិក្ខុកំពុងស្ដាប់សំឡេងដ៏ពីរោះ ក៏មានចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់សោតប្រសាទ ទៅរកសំឡេង ដែលគួរត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា។
ពួកភិក្ខុ ៥០០ រូប ជាអ្នកផ្ដាច់បង់នូវចំណង គឺសំយោជនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកគុណ បានមកជួបជុំគ្នា ដើម្បីវិសុទ្ធិ បវារណាក្នុងថ្ងៃ ១៥ នេះ។ ព្រះរាជាចក្រពត្តិ មានអាមាត្យចោមរោម យាងប្រទក្សិណផែនដីដែលមានសាគរជាទីបំផុតនេះ ដោយជុំវិញ យ៉ាងណា។ ពួកសាវ័កមាន វិជ្ជា ៣ អ្នកបំផ្លាញនូវមច្ចុរាជ រមែងអង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គលប្រសើរលើសលុប ឈ្នះសង្គា្រម គឺកិលេស អ្នកដឹកនាំនូវពួកក្រុម ក៏យ៉ាងនោះដែរ។ ពួកសាវ័កទាំងអស់ ជាបុត្រនៃព្រះមានព្រះភាគ សភាវៈសោះសូន្យ ក្នុងពួកនោះ មិនមានឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះសាស្ដា ជាផៅពង្សនៃព្រះអាទិត្យ ព្រះអង្គជាអ្នកបំផ្លាញនូវសរ គឺតណ្ហា។ទ. ១៣៥
ពួកភិក្ខុច្រើនជាងពាន់ អង្គុយជិតព្រះសុគត ដែលកំពុងសំដែងធម៌ ជាគ្រឿងប្រាសចាករាគៈ គឺព្រះនិព្វាន ឥតមានភ័យអំពីទីណា។ ពួកសាវ័កស្ដាប់ធម៌ដ៏ធំទូលាយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មានភិក្ខុចោមរោមហើយ ល្អណាស់តើ។ បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះនាម ថានាគ ជាឥសីគំរប់ ៧34) នៃឥសីទាំងឡាយ ព្រះអង្គជាអ្នកបង្អុរនូវធម៌ ស្រោចពួកសាវ័ក មានសភាពដូចជាមហាមេឃបង្អុរនូវភ្លៀង។ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ក ចេញចាកទីនៅក្នុងវេលាថ្ងៃ ព្រោះមានសេចក្ដីប្រាថ្នាចង់គាល់ព្រះសាស្ដា ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់ផ្លូវខុស គឺកិលេសមារ បានប្រព្រឹត្តទំលាយបង្គោល គឺកិលេស អ្នកទាំងឡាយ ចូរមើលព្រះពុទ្ធនោះ ព្រះអង្គធ្វើឲ្យរួចចាកបំណង មិនអាស្រ័យតណ្ហា ទ្រង់ចែករំលែកធម៌ តាមចំណែក។ ព្រោះថា ព្រះអង្គបានប្រាប់ផ្លូវច្រើនប្រការ ដើម្បីជាគ្រឿងរលាស់ឱឃៈចោល កាលទ្រង់សំដែងប្រាប់អមតមហានិព្វាននោះហើយ ពួកជនក៏បានឃើញច្បាស់នូវធម៌ តម្កល់នៅនឹង មិនមានអ្នកណាដឹកនាំទៅបាន។ទ. ១៣៦ ព្រះពុទ្ធនោះ អ្នកធ្វើនូវពន្លឺ ទ្រង់ឆ្លុះរកវិញ្ញាណដ្ឋិតិរបស់សត្វទាំងអស់ បានត្រាស់ដឹងផង ធ្វើឲ្យជាក់ច្បាស់ផង ទ្រង់យាងកន្លងផ្លូវឆ្ងាយបាន ហើយសំដែងធម៌ដ៏ប្រសើរដល់ពួកបញ្ចវគ្គិយភិក្ខុ អ្នកមានសទ្ធា ត្រាស់ដឹងធម៌មុនគេបង្អស់។ កាលបើធម៌ដែលព្រះតថាគតសំដែងល្អយ៉ាងនេះហើយ សេចក្ដីប្រមាទដូចម្ដេច នឹងមានដល់ពួកជន ដែលជាអ្នកដឹងច្បាស់នូវធម៌បាន ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកប្រមាទ ក្នុងសាសនារបស់ព្រះមានព្រះភាគនោះឡើយ គប្បីនមស្ការ សិក្សាតាម សព្វ ៗ កាល។
អញ្ញាកោណ្ឌញ្ញត្ថេរ ជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានសេចក្ដីព្យាយាមមាំមួន ជាអ្នកបាននូវវិវេក ជាគ្រឿងនៅជាសុខរឿយ ៗ។ កិច្ចណាដែលសាវ័ក អ្នកធ្វើតាមសាសនានៃព្រះសាស្ដា គប្បីសម្រេច កិច្ចនោះ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ អ្នកមិនប្រហែសធ្វេស សិក្សាបានសម្រេចទាំងអស់ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មានអនុភាពច្រើន បានសម្រេចវិជ្ជា ៣ ស្ទាត់ក្នុងចេតោបរិយញ្ញាណ ជាពុទ្ធទាយាទ ថ្វាយបង្គំព្រះបាទានៃព្រះសាស្ដា។
ពួកសាវ័ក បានសម្រេចវិជ្ជា ៣ ជាអ្នកសាបសូន្យចាកមច្ចុរាជ នាំគ្នាអង្គុយជិតព្រះមុនី ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ ទ្រង់គង់នៅ (ដោយចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ទ. ១៣៧ ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិ៍ច្រើន យកចិត្តទុកដាក់ស្វះស្វែងរកចិត្ត ដែលផុតចាកកិលេស ជាចិត្តមិនមានឧបធិ របស់ព្រះខីណាសវភិក្ខុទាំងឡាយនុ៎ះ។ បពិត្រព្រះគោតម ពួកសាវ័ក តែងអង្គុយជិតព្រះអង្គ ជាព្រះមុនី បរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ព្រះអង្គដល់នូវត្រើយនៃទុក្ខ ព្រះអង្គបរិបូណ៌ដោយអាការច្រើនប្រការ យ៉ាងនេះ។
ព្រះចន្ទរុងរឿង ឰដ៏នភាល័យ ដែលប្រាសចាកពពក ព្រះអាទិត្យ ប្រាសចាកមន្ទិល យ៉ាងណាមិញ បពិត្រព្រះមហាមុនី ព្រះនាមអង្គីរសៈ ព្រះអង្គរុងរឿង ផ្សាយទៅកាន់លោកទាំងមូល ដោយយសបរិវារ ក៏យ៉ាងនោះដែរ។
កាលពីដើម យើងខ្ញុំពួកកវីរាប់អាន បានដើរចេញពីស្រុកមួយ ទៅស្រុកមួយ ពីបុរីមួយ ទៅបុរីមួយ វេលានោះ យើងខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង។ ព្រះមុនីនោះ ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ បានសំដែងធម៌ដល់ខ្ញុំ យើងខ្ញុំ លុះបានស្ដាប់ធម៌ហើយ ក៏មានចិត្តជ្រះថ្លា មានសទ្ធាកើតឡើង។ ខ្ញុំបានស្ដាប់ព្រះពុទ្ធដីកានៃព្រះមុនីនោះហើយ ក៏បានដឹងច្បាស់នូវខន្ធ អាយតនៈ និងធាតុទាំងឡាយ ហើយចេញចាកផ្ទះ បួសក្នុងសំណាក់នៃបុគ្គលមិនមានផ្ទះ។ទ. ១៣៨ ឱហ្ន៎ ព្រះតថាគតទាំងឡាយកើតឡើង ដើម្បីប្រយោជន៍ដល់ស្រី និងប្រុសដ៏ច្រើន ដែលជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ។ ពួកភិក្ខុ និងពួកភិក្ខុនីណា បានឃើញនូវកំណត់ ដែលគេកត់ទុកហើយ ព្រះមុនីបានត្រាស់ដឹងពោធិញ្ញាណ ដើម្បីប្រយោជន៍ដល់ពួកភិក្ខុ និងពួកភិក្ខុនីទាំងនោះឯង។ អរិយសច្ចទាំង ៤ ប្រការ គឺទុក្ខ ១ ការកើតនៃទុក្ខ ១ ការកន្លងផុតនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ១ ព្រះពុទ្ធ ជាវង្សនៃព្រះអាទិត្យ មានចក្ខុ គឺប្រាជ្ញា ទ្រង់បានសំដែងទុកល្អហើយ ដើម្បីអនុគ្រោះដល់សត្វទាំងឡាយ។ ធម៌ គឺអរិយសច្ចទាំងឡាយនេះ ជាធម៌ពិត ព្រះពុទ្ធទ្រង់សំដែងហើយ យ៉ាងនេះ អរិយសច្ចទាំងនោះ ខ្ញុំបានឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំបានសម្រេចហើយ ទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ កិច្ចណាដ៏ប្រសើរក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់សំដែងវែកញែកហើយដោយប្រពៃ ខ្ញុំក៏បានសម្រេចកិច្ចនោះហើយ។ ខ្ញុំបានសម្រេចអភិញ្ញាបារមី បានជំរះនូវសោតធាតុ បាននូវវិជ្ជា ៣ បានសម្រេចឫទ្ធិ៍ ជាអ្នកឈ្លាសវៃ ក្នុងចេតោបរិយញ្ញាណ។ទ. ១៣៩
ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមានប្រាជ្ញាមិនថោកថយ ភិក្ខុណា បានផ្ដាច់បង់វិចិកិច្ឆា ក្នុងអត្តភាពនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ សម្បូរដោយយស មានចិត្តរំលត់ក្ដៅក្រហាយ បានធ្វើមរណកាល ក្នុងអគាឡវចេតិយ។ បពិត្រព្រះមានព្រះភាគ នាមនៃភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គឲ្យឈ្មោះថា និគ្រោធកប្បៈ លោកនោះ មានព្យាយាមតឹងតែង ជាអ្នកយល់ឃើញធម៌មុតមាំ ប្រាថ្នានូវព្រះនិព្វាន បានប្រព្រឹត្តនមស្ការព្រះអង្គ។ បពិត្រព្រះអង្គជាសក្កៈ មានចក្ខុជុំវិញ យើងខ្ញុំទាំងអស់គ្នា ប្រាថ្នាចង់ដឹងសាវ័កនោះ យើងខ្ញុំប្រុងសោតៈដើម្បីស្ដាប់ ព្រះអង្គជាសាស្ដារបស់យើងខ្ញុំ ព្រះអង្គជាបុគ្គលប្រសើរបំផុត។ សូមព្រះអង្គ ទ្រង់កាត់សេចក្ដីសង្ស័យរបស់យើងខ្ញុំ សូមព្រះអង្គប្រាប់នូវសាវ័កនោះ បពិត្រព្រះអង្គមានបញ្ញាដូចផែនដី មានចក្ខុជុំវិញ ព្រះអង្គទ្រង់ជា្របនូវព្រាហ្មណ៍ដែលបរិនិព្វានហើយ សូមសំដែងក្នុងកណ្តាលនៃពួកយើងខ្ញុំ ដូចជាសក្កទេវរាជ មានព្រះនេត្រមួយពាន់ (សំដែងក្នុងកណ្ដាល) នៃទេវតាទាំងឡាយ។ទ. ១៤០ គន្ថៈទាំងឡាយ (មានអភិជ្ឈាគន្ថៈជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួកនៃការមិនដឹង ជាទីតាំងនៃសេចក្ដីសង្ស័យ ក្នុងលោកនេះ គន្ថៈទាំងនោះ មកប៉ះនឹងព្រះតថាគតហើយ រមែងមិនកើតឡើយ ព្រោះបញ្ញាចក្ខុរបស់ព្រះអង្គនុ៎ះ ឧត្តមជាងជនទាំងឡាយ។ ប្រសិនបើបុរស (ព្រះមានព្រះភាគ) មិនកំចាត់បង់នូវកិលេសទាំងឡាយ ដូចជាខ្យល់កំចាត់នូវដុំនៃពពកទេ លោកទាំងមូល ដែលអវិជ្ជារួបរឹតហើយ សមនឹងងងឹតដោយពិត សូម្បីអ្នកមានពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកធ្វើពន្លឺ ខ្ញុំព្រះអង្គសំគាល់ព្រះអង្គនោះ ថាជាអ្នកប្រាជ្ញ យ៉ាងនោះដែរ យើងខ្ញុំដឹង (នូវធម៌ទាំងអស់) របស់ជនអ្នកចេះដឹងទាំងឡាយ ទើបបានចូលមកជិត សូមព្រះអង្គសំដែងប្រាប់នូវនិគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់យើងខ្ញុំ ក្នុងកណ្ដាលបរិស័ទ។ បពិត្រព្រះអង្គមានព្រះសូរសៀងពីរោះ សូមព្រះអង្គបញ្ចេញឆាប់ ៗ នូវព្រះពុទ្ធដីកាដ៏ពីរោះ ដោយព្រះសូរសៀងមូល ដែលបច្ច័យតាក់តែងល្អហើយ ដូចហង្សដកក ហើយស្រែកតិច ៗ ពួកយើងខ្ញុំទាំងអស់គ្នានោះ មានចិត្តត្រង់ ប្រុងចាំស្ដាប់។ទ. ១៤១
តថាគត បានផ្ទញ់ផ្ទាល់នូវជាតិ និងមរណៈ ឲ្យសាបសូន្យ មិនឲ្យមានសេសសល់ នឹងសំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវបាប មែនពិត បុថុជ្ជនទាំងឡាយ មិនមានការធ្វើបានតាមប្រាថ្នាទេ ព្រះតថាគតទាំងឡាយ មានការធ្វើបានតាមបញ្ញា។
វេយ្យាករណ៍ដ៏បរិបូណនេះ ព្រះអង្គជាបុគ្គលមានប្រាជ្ញាត្រង់ល្អ ផ្គូរផ្គងហើយដោយប្រពៃ ការធ្វើអញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយដោយល្អ បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាធំទូលាយ កាលបើព្រះអង្គជ្រាប សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ។ បពិត្រព្រះអង្គ ជាបុគ្គលមានព្យាយាមមាំ ព្រះអង្គជ្រាបច្បាស់នូវអរិយធម៌ គឺសច្ចទាំង ៤ ដ៏ល្អ (ដោយអំណាចលោកិយធម៌) កាលបើទ្រង់ជ្រាបច្បាស់ហើយ សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នាចង់ស្ដាប់ព្រះពុទ្ធដីកា ដូចជាបុរសមានខ្លួនក្ដៅអន្ទះអន្ទែង ក្នុងកាលក្ដៅ ប្រាថ្នាចង់បានទឹក សូមព្រះអង្គបង្អុរនូវសុតៈ គឺធម្មទេសនា។ និគ្រោធកប្បត្ថេរ បានប្រព្រឹត្តនូវព្រហ្មចារ្យ ប្រកបដោយប្រយោជន៍ណា ការប្រព្រឹត្តិព្រហ្មចារ្យ របស់លោកនោះ មិនសាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វានហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើងខ្ញុំចង់ស្ដាប់រឿងនោះ។
ទ. ១៤២
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ បានផ្ដាច់បង់នូវសេចក្ដីប្រាថ្នា ក្នុងនាមរូបនេះអស់ហើយ បានផ្ដាច់បង់នូវខ្សែនៃសេចក្ដីប្រាថ្នា ជាទីដេកនៅរឿយ ៗ ក្នុងសន្ដាន អស់រាត្រីកាលដ៏វែង ទាំងបានឆ្លងចាកជាតិ និងមរណៈ ឥតមានសេសសល់ ព្រះមានព្រះភាគ ប្រសើរដោយឥន្ទ្រិយ ៥ (មានសទ្ធិន្រ្ទិយជាដើម) បានត្រាស់ហើយយ៉ាងនេះ។
បពិត្រព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គនេះ បានឮព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ជ្រះថ្លា ឯកិច្ចការដែលខ្ញុំព្រះអង្គសួរហើយ មិនសោះសូន្យទេ ព្រះខីណាសវព្រាហ្មណ៍ មិនបញ្ឆោតខ្ញុំព្រះអង្គ។ សាវ័ករបស់ព្រះពុទ្ធ ពោលយ៉ាងណា ធ្វើយ៉ាងនោះ បានផ្ដាច់នូវសំណាញ់ដ៏មាំ ដែលមច្ចុអ្នកមានមាយាផ្សាយទៅហើយ។ ព្រះមានព្រះភាគ ទ្រង់គួរបានទតឃើញច្បាស់ នូវខាងដើមនៃឧបាទាន កប្បត្ថេរបានកន្លងនូវលំនៅនៃមច្ចុរាជ ដែលគេឆ្លងបានដោយកម្រ។ បពិត្រព្រះអង្គឧត្តមជាងសត្វជើងពីរ ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំនិគ្រោធកប្បត្ថេរនោះ ជាបុត្ររបស់ព្រះអង្គ ដែលទុកដូចជាទេវតា ឧត្តមជាងទេវតា ជាអនុជាតបុត្ត មានព្យាយាមធំ ជាបុគ្គលមិនធ្វើបាប ជាឱរសនៃព្រះពុទ្ធនាគ។
ឮថា វង្គីសត្ថេរមានអាយុ បានសំដែងគាថាទាំងឡាយ ដោយប្រការដូច្នេះ។
ចប់ មហានិបាត។
ទ. ១៤៣
ក្នុងសត្តតិនិបាត ព្រះវង្គីសត្ថេរ អ្នកមានបដិភាណតែ ១ អង្គឯង ឥតមានព្រះថេរៈឯទៀតឡើយ (បានសំដែង) នូវគាថាទាំងឡាយ ៧១។ គាថាទាំងនោះ មាន ១.៣៦០ ព្រះថេរៈទាំងអស់ ២៦៤ អង្គ ជាបុត្ររបស់ព្រះពុទ្ធ មិនមានអាសវៈ បានបន្លឺសីហនាទ សំដែងហើយ បានដល់នូវទីបំផុតដ៏ក្សេមក្សាន្ដ និព្វានហើយ ដូចជាគំនរភ្លើងរលត់ហើយ។
ចប់ ថេរគាថា។