User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.06

ឆក្កនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 06 បាលី cs-km: sut.kn.tha.06 អដ្ឋកថា: sut.kn.tha.06_att PTS: ?

ឆក្កនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ឆក្កនិបាតោ)

ឧរុវេលកស្សបត្ថេរគាថា

(១. ឧរុវេឡកស្សបត្ថេរគាថា)

[២១១] ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ម្ល៉ោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន និងសេចក្តីប្រកាន់ឲ្យភាន់ច្រឡំ។ ព្រះសាស្តា ជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តីព្រឺរោម ដែលមិនធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសំរេច គឺលាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈ ចោលហើយ។ ខ្ញុំដឹងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹងចិត្តអ្នកដទៃ ទាំងបានសម្រេចទិព្វសោត។ មួយទៀត កុលបុត្រចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយតាមលំដាប់ ទាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង។

ឧរុវេលកស្សបត្ថេរ។

តេកិច្ឆកានិត្ថេរគាថា

(២. តេកិច្ឆការិត្ថេរគាថា)

[២១២] (មារនិយាយថា) ស្រូវគេនាំទៅទុកដាក់ហើយ ស្រូវគេគរទុកក្នុងលានហើយ ខ្ញុំនៅតែមិនបានដុំបាយ តើខ្ញុំនឹងធ្វើដូចម្តេច។

(ព្រះថេរៈនិយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះព្រះពុទ្ធមានគុណមិនមានប្រមាណ អ្នកនឹងជាបុគ្គលមានសរីរៈដែលបីតិពាល់ត្រូវ មានចិត្តរីករាយរឿយ ៗ មិនខាន។ ចំពោះធម៌មានគុណមិនមានប្រមាណ។បេ។ ចំពោះសង្ឃមានគុណមិនមានប្រមាណ។បេ។

(មារនិយាយថា) លោកនៅក្នុងទីវាលល្ហល្ហេវផង រាត្រីនេះត្រជាក់ មានសន្សើមធ្លាក់ ចុះផង។ លោកកុំបណ្តោយឲ្យត្រជាក់គ្របសង្កត់ឲ្យលំបាកឡើយ ចូរលោកចូលទៅក្នុងកុដិ ដែលមានទ្វារគន្លឹះជាប់មាំ។

(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវអប្បមញ្ញាទាំង ៤ ដល់នូវសេចក្តីសុខដោយសារអប្បមញ្ញាទាំងនោះ មិនញាប់ញ័រ មិនលំបាកដោយត្រជាក់ទេ។

តេកិច្ឆកានិត្ថេរ។

មហានាគត្ថេរគាថា

(៣. មហានាគត្ថេរគាថា)

[២១៣] បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច។ បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងមិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចពូជស្អុយ (ដែលមិនលូតលាស់) ក្នុងស្រែ។ បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងឆ្ងាយអំពីព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីនៅក្នុងទីមានទឹកច្រើន។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី ទើបដុះដាលក្នុងព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គលដែលមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងឋិតនៅក្នុងទីជិតព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។

មហានាគត្ថេរ។

កុល្លត្ថេរគាថា

(៤. កុល្លត្ថេរគាថា)

[២១៤] កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេចោលបោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស។

(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈដែលក្តៅរោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក។

(ព្រះកុល្លត្ថេរពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជារបស់អសារឥតការទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រចដោយញាណទស្សនៈ។ សរីរៈនៃខ្ញុំនេះយ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោមយ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលាយប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាងនោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ។ សេចក្តីត្រេកអរដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ បា្រកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអររបស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ។

កុល្លត្ថេរ។

មាលុង្ឃបុត្តត្ថេរគាថា

(៥. មាលុក្យបុត្តត្ថេរគាថា)

[២១៥] តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្តប្រមាទជាប្រក្រតី ដូចពួជ្រៃ បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ ស្ទុះទៅក្នុងព្រៃដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោក តែងចំរើនដល់បុគ្គលនោះ ដូចស្បូវរណ្តាសដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ តែងចំរើនឡើងដូច្នោះ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលឆ្លងដោយកម្រនុ៎ះបាន សេចក្តីសោក តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹក ធ្លាក់ចុះចាកស្លឹកឈូក។ ហេតុនោះ បានជាតថាគតប្រាប់ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះរូបចុះ អ្នកទាំងឡាយ ចូររំលើងឫសនៃតណ្ហាចោលចេញ ដូចបុគ្គលដែលត្រូវការដោយស្បូវភ្លាំង ជីកស្បូវរណា្តសចោលចេញ មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុសដូច្នោះឡើយ។ អ្នកទាំងឡាយ ចូរធ្វើតាមនូវពុទ្ធវចនៈ កុំឲ្យខណៈកន្លងនូវអ្នកទាំងឡាយបាន ព្រោះថា បុគ្គលទាំងឡាយ ដែលខណៈកន្លងហើយ តែងសោកសៅពេញបន្ទុកក្នុងនរក។ សេចក្តីប្រមាទទុកជាធូលី ធូលីកើតឡើង ព្រោះសេចក្តីប្រមាទ (ព្រោះហេតុនោះ) បុគ្គលគួរតែដកនូវសរ គឺសេចក្តីប្រមាទរបស់ខ្លួនចេញ ដោយសេចក្តីមិនប្រមាទដោយវិជ្ជា។

មាលុង្ឃបុត្តត្ថេរ។

សប្បទាសត្ថេរគាថា

(៦. សប្បទាសត្ថេរគាថា)

[២១៦] ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែលបានសេចក្តីស្ងប់ចិត្តអស់កាលសូម្បីត្រឹមតែ ១ ផ្ទាត់ម្រាមដៃសោះ។ ខ្ញុំត្រូវកាមរាគគ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួនអំពីដើមឈើ) ឬនឹងយកកាំបិតមក (ចាក់សម្លាប់) ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាងអញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ។ គ្រានោះ ខ្ញុំយកកំាបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់បំពង់ក) ដើម្បីអារសរសៃបំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តំាងឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេចហើយ។

សប្បទាសត្ថេរ។

កាតិយានត្ថេរគាថា

(៧.កាតិយានត្ថេរគាថា)

[២១៧] (ព្រះសាស្តា ត្រាស់ថា) ម្នាលកាតិយាន ចូរអ្នកក្រោកអង្គុយឡើង កុំដេកច្រើនពេក ចូរភ្ញាក់រលឹកឡើង មច្ចុរាជជាមារ ចូរកុំឈ្នះអ្នកជាបុគ្គលខ្ជិលច្រអូស ដូចជានាយនេសាទ ប្រហារសត្វដោយញញួរ។ ជាតិ និងជរា តែងប្រព្រឹត្តកន្លងអ្នក ដូចជាកំឡាំងមហាសមុទ្រ អ្នកនោះ ចូរធ្វើនូវទីពឹងដ៏ល្អដល់ខ្លួន ព្រោះថា គ្រឿងការពារដទៃរបស់អ្នកក្នុងលោកនេះ មិនមានទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុលប្រាប់អរិយមគ្គនុ៎ះ ថាជាផ្លូវកន្លងចាកគ្រឿងជាប់ ចាកភ័យ គឺជាតិ និងជរា ចូរអ្នកកុំប្រមាទអស់រាត្រីខាងដើម និងខាងចុង ចូរប្រឹងធ្វើព្យាយាមឲ្យមាំមួន។ ខ្លួនអ្នកជាអ្នកទ្រទ្រង់សង្ឃាដិ កោរសក់ដោយកំាំបិតកោរ និងបរិភោគភិក្ខាហារ ចូរលះបង់កាមគុណ ដែលជាចំណងក្នុងកាលមុនចេញ ម្នាលកាតិយាន អ្នកកុំប្រកបការត្រេកអរក្នុងល្បែងផង កុំប្រកបការលក់ផង ចូរចំរើនឈាន។ ម្នាលកាតិយាន អ្នកចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជាមនុស្សឈ្លាសវៃ ក្នុងផ្លូវជាទីក្សេមចាកយោគៈ នឹងដល់នូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ហើយរលត់ដូចជាគំនរភ្លើងដែលរលត់ដោយទឹក។ ម្នាលឥន្ទសគោត្រ កាលបើអ្នកមិនប្រកាន់យ៉ាងនេះ ចូរកំចាត់បង់មារឲ្យអស់ចេញ ដូចប្រទីបដែលមានពន្លឺតិច ឬដូចវល្លិ៍តូច ដែលខ្យល់កំចាត់បង់បានដូច្នោះ។ អ្នកនោះប្រាសចាកតម្រេកក្នុងវេទនាទាំងឡាយ ដែលខ្លួនទទួលហើយ មានសេចក្ដីត្រជាក់ ចូររង់ចាំនិព្វានកាល ក្នុងទីនេះចុះ។

កាតិយានត្ថេរ។

មិគជាលត្ថេរគាថា

(៨. មិគជាលត្ថេរគាថា)

[២១៨] មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌កន្លងចាកសំយោជនៈទាំងអស់ ញុំាងវដ្តៈទាំងអស់ឲ្យវិនាសនាំសត្វចេញចាកវដ្តៈ ញុំាងសត្វឲ្យឆ្លងចាកឱឃៈ ញុំាងឫសគល់នៃទុក្ខ គឺតណ្ហាឲ្យរីងស្ងួត ទំលាយនូវតណ្ហា មានឫសជាពិស ជាគ្រឿងបៀតបៀន ញុំាងសត្វអោយដល់នូវទីរំលត់ទុក្ខ ជាគ្រឿងកំចាត់បង់នូវយន្ត គឺអត្តភាពដែលកើតអំពីកម្ម ព្រោះទំលាយនូវឫសគល់នៃអវិជ្ជាបាន ជាទីធ្លាក់ចុះនៃញាណដ៏មុត ដូចកែវវជីរ ក្នុងកិរិយាកំណត់នូវវិញ្ញាណ ញុំាងសត្វឲ្យដឹងនូវវេទនាទាំងឡាយ ដោះសត្វអោយរួចចេញចាកឧបាទាន ជាគ្រឿងឃើញភពដូចជារណ្តៅរងើកភ្លើង ដោយបញ្ញាញាណ ជាធម៌មានរសដ៏ប្រសើរ ជាធម៌ជ្រៅ ជាធម៌ហាមឃាត់នូវជរា និងមច្ចុ ជាធម៌រម្ងាប់បង់នូវកងទុក្ខ ជាធម៌ដ៏ក្សេម ជាទីឃើញនូវពន្លឺតាមពិត ព្រោះដឹងនូវកម្ម ថាជាកម្ម នូវផលថាជាផលនៃធម៌ទាំងឡាយ អាស្រ័យបច្ច័យកើត ត ៗ គ្នា រមែងជាធម៌ដល់នូវទីដ៏ក្សេមប្រសើរ ជាធម៌ស្ងប់ចាកកិលេស ជាធម៌ចំរើនក្នុងទីបំផុត។

មិគជាលត្ថេរ។

ជេន្តបុរោហិតបុត្តត្ថេរគាថា

(៩. បុរោហិតបុត្តជេន្តត្ថេរគាថា)

[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។

ជេន្តបុរោហិតបុត្តត្ថេរ។

សុមនត្ថេរគាថា

(១០. សុមនត្ថេរគាថា)

[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។

សុមនត្ថេរ។

សុមនត្ថេរគាថា

(១១. ន្ហាតកមុនិត្ថេរគាថា)

[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។

(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មង ទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។

ន្ហាតកមុនិត្ថេរ។

ព្រហ្មទត្តត្ថេរគាថា

(១២. ព្រហ្មទត្តត្ថេរគាថា)

[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។

បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំងពីរ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសំគាល់ជនទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជាមនុស្សពាល។ បើសេចក្ដីក្រោធកើតឡើងដល់អ្នក ចូរអ្នកពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរសកើតឡើងដល់អ្នក ចូរអ្នករលឹកនូវឱវាទ ដែលឧបមាដោយការបរិភោគសាច់កូន។ បើចិត្តរបស់អ្នកស្ទុះទៅក្នុងកាមទាំងឡាយក្ដី ក្នុងភពទាំងឡាយក្ដី ចូរអ្នកប្រញាប់សង្កត់សង្កិនចិត្តនោះដោយសតិ ដូចជាបុរសសង្កត់សង្កិនគោកាចដែលស៊ីសំណាប។

ព្រហ្មទត្តត្ថេរ។

សិរិមណ្ឌត្ថេរគាថា

(១៣. សិរិមណ្ឌត្ថេរគាថា)

[២២៣] ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គលអ្នកបិទបាំងអាបត្តិទុក មិនធ្លាក់ស្រោចនូវបុគ្គលអ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គលត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆា ឲ្យក្ដៅក្រហាយហើយសព្វកាល។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។

សិរិមណ្ឌត្ថេរ។

សិរិមណ្ឌត្ថេរគាថា

(១៤. សព្វកាមិត្ថេរគាថា)

[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង1) (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។ ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។

សព្វកាមត្ថេរ។

ឧទ្ទាន

និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។

ចប់ ឆក្កនិបាត។

ចប់ ភាគ៥៦។

 

លេខយោង

1)
មានអន្ទាក់ និងបង្កាត់ជាដើម។
km/tipitaka/sut/kn/tha/sut.kn.tha.06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann