តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn tha 07 បាលី cs-km: sut.kn.tha.07 អដ្ឋកថា: sut.kn.tha.07_att PTS: ?
សត្តកនិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. សត្តកនិបាតោ)
(១. សុន្ទរសមុទ្ទត្ថេរគាថា)
[២២៥] ស្រីផ្កាមាសតាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ខ ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ស្រីផ្កាមាសនោះ និយាយនូវពាក្យជាប្រធាននៃមិត្ត1) នឹងខ្ញុំ ដោយសំដីដ៏ទន់ពីរោះថា លោកនៅកំឡោះហើយបួស លោកចូរឋិតនៅក្នុងពាក្យប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាមជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យសម្បត្តិដ៏ពេញចិត្តដល់លោក។ ខ្ញុំបេ្តជ្ញាពាក្យពិតដល់លោក ឬនឹងនាំភ្លើងដល់លោក។2) កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់យកនូវជ័យជំនះក្នុងលោកទាំងពីរ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធ្វើអញ្ជលី តាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នុ៎ះ ខ្ញុំក៏បានធ្វើទុកក្នុងចិត្តដោយឧបាយនៃបញ្ញា។បេ។3)
សុន្ទរសមុទ្ទត្ថេរ។
(២. លកុណ្ឌកភទ្ទិយត្ថេរគាថា)
[២២៦] ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាមដ៏ប្រសើរ ក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឫសចោលអស់ហើយ ជាអ្នកប្រសើរ ចំរើនឈានក្នុងអារាមនោះ។ទ. ២
ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរតែក្នុងពុទ្ធសាសនា។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិជានិច្ច ដើម្បីលោកទាំងអស់។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសំឡេង4) ក្តី ពួកជនទាំងនុ៎ះ សុទ្ធតែលុះអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសំឡេងនាំបន្សាត់ទៅ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ឃើញផលខាងក្រៅ ក៏ត្រូវសំឡេងបន្សាត់ទៅដែរ។ បុគ្គលណា ដឹងច្បាស់នូវធម៌ខាងក្នុង ទាំងឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសំឡេងបន្សាត់ទៅឡើយ។
លកុណ្តកត្ថេរ។
(៣. ភទ្ទត្ថេរគាថា)
[២២៧] ខ្ញុំជាកូនប្រុសតែមួយ ជាទីស្រឡាញ់របស់មាតា ជាទីស្រឡាញ់របស់បិតា ដែលមាតាបិតាបានហើយ ដោយការប្រព្រឹត្តិវត្តដ៏ច្រើនផង ដោយការបន់ស្រន់ផង។ទ. ៣ ឯមាតា និងបិតាទាំងពីរនោះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ស្វែងរកប្រយោជន៍ ទើបនាំខ្ញុំទៅថ្វាយព្រះពុទ្ធ ព្រោះសេចក្តីអនុគ្រោះ (ដោយពាក្យថា) កូននេះ ធ្លាប់សុខ ចំរើនដោយសេចក្តីសុខ ខ្ញុំព្រះអង្គបានដោយលំបាក បពិត្រព្រះលោកនាថ យើងខ្ញុំសូមថ្វាយកូននេះ ឲ្យជាអ្នកបំរើព្រះអង្គ អ្នកទ្រង់ឈ្នះមារ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយត្រាស់ពាក្យនេះនឹងព្រះអានន្ទថា អ្នកចូរបំបួសកុមារនេះឲ្យឆាប់ កុមារនេះនឹងបានជាបុរសអាជានេយ្យ។ លុះព្រះសាស្តាអ្នកឈ្នះមារ ទ្រង់ឲ្យបំបួសខ្ញុំរួចហើយ ក៏ស្តេចចូលទៅកាន់វិហារ នាកាលព្រះអាទិត្យមិនទាន់លិច លំដាប់នោះ ចិត្តរបស់ខ្ញុំក៏ផុតចាកអាសវៈ។ តពីនោះមក ព្រះសាស្តា ទ្រង់ចេញចាកទីសម្ងំ លះបង់ហើយ ត្រាស់នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នកចូរមក ព្រះវាចានោះ បានជាឧបសម្បទារបស់ខ្ញុំ។ ខ្ញុំបានឧបសម្បទា ក្នុងអាយុ ៧ ឆ្នាំ អំពីកំណើត ខ្ញុំបានសម្រេចវិជ្ជា ៣ ហើយ ឱ! ព្រះធម៌ល្អណាស់តើ។
ភទ្ទត្ថេរ។
(៤. សោបាកត្ថេរគាថា)
[២២៨] ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឧត្តមជាងជន ដែលកំពុងចង្ក្រម ឰដ៏ម្លប់ប្រាសាទ គឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គជាបុរសដ៏ឧត្តម។ទ. ៤ ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ឧត្តមជាងសព្វសត្វ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាបនូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា។ កាលដែលខ្ញុំឆ្លើយប្រស្នាចប់ហើយ ព្រះតថាគត ក៏ទ្រង់អនុមោទនា ហើយទ្រង់ទតមើលភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះថា។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ របស់ពួកអ្នកដែនអង្គៈមគធៈណា ពួកជនអ្នកដែនអង្គៈមគធៈនោះ ហៅពេញជាមានលាភ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល និងការប្រព្រឹត្តិសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈមគធៈនោះ។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកចួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឧបសម្បទាទ. ៥របស់អ្នកចុះ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានឧបសម្បទា ទ្រទ្រង់រាងកាយជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ។
សោបាកត្ថេរ។
(៥. សរភង្គត្ថេរគាថា)
[២២៩] ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯង ធ្វើកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បានបញ្ញត្តហើយដល់យើង។ ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះ ដែលសរភង្គ អ្នកធ្វើតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ។
ព្រះវិបស្សី ទ្រង់យាងទៅហើយតាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតម ទ្រង់យាងទៅតាមផ្លូវនោះដែរ។
ព្រះពុទ្ធទាំងឡាយ ៧ ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សំដែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ។ទ. ៦ ទុក្ខក្នុងសង្សារ មិនមានទីបំផុត ប្រព្រឹត្តទៅក្នុងកាយណា អំពីការបែកធ្លាយនៃកាយនេះក្តី ការអស់ទៅនៃជីវិតក្តី ភពថ្មីដទៃទៀតមិនមាន ខ្ញុំផុតស្រឡះហើយចាកកិលេសទាំងអស់។
សរភង្គត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ៥ អង្គ គឺសុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ពោលនូវគាថា ៣៥ ក្នុងសត្តកនិបាត។
ចប់ សត្តកនិបាត។