តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn tha 10 បាលី cs-km: sut.kn.tha.10 អដ្ឋកថា: sut.kn.tha.10_att PTS: ?
ទសកនិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. កាឡុទាយិត្ថេរគាថា)
[២៣៤] បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិសដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្តបែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី។
អ្នកស្រែ ភ្ជួរស្រែដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យ ឆ្លងសមុទ្រដោយសេចក្តីប្រាថ្នា។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច។ទ. ១៥
អ្នកស្រែទាំងឡាយ ព្រោះពូជរឿយ ៗ1) ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែភ្ជួរស្រែរឿយ ៗ ពួកអ្នកស្រែនោះ នាំស្រូវចូលទៅកាន់ដែនក៏រឿយ ៗ។ ពួកស្មូមត្រាច់សូមរឿយ ៗ អ្នកម្ចាស់ទាន តែងឲ្យក៏រឿយៗ ពួកម្ចាស់ទាន លុះឲ្យរឿយ ៗ ហើយ តែងទៅកាន់ឋានសួគ៌ក៏រឿយ ៗ ដែរ។ អ្នកប្រាជ្ញមានបញ្ញាដូចផែនដី កើតក្នុងត្រកូលណា រមែងញ៉ាំងគូនៃបុរស ៧ ជួរ ក្នុងត្រកូលនោះ ឲ្យស្អាត ខ្ញុំព្រះអង្គសំគាល់ថា (ព្រះមានព្រះភាគ) ជាទេវតាប្រសើរជាងទេវតា អាច (ធ្វើសត្វដទៃឲ្យស្អាតបាន) ព្រោះអ្នកប្រាជ្ញ មានព្រះនាមដ៏ពិត កើតហើយអំពីព្រះអង្គ។ ព្រះបាទសុទ្ធោទនៈ ជាបិតារបស់ព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឯព្រះមហេសី ព្រះនាមមាយា ជាពុទ្ធមាតា ដែលរក្សាព្រះពោធិសត្វដោយផ្ទៃ លុះរំលាយខន្ធទៅ ត្រេកអរក្នុងតុសិតទេវលោក។ទ. ១៦
ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយដោយកាមគុណទាំង ៥ មានពពួកទេវតាទាំងនោះ ចោមរោមហើយ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតានៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌។
កាឡុទាយិត្ថេរ។
(២. ឯកវិហារិយត្ថេរគាថា)
[២៣៥] បើបុគ្គលដទៃមិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។ បើដូច្នោះ អាត្មាអញតែម្នាក់ឯង នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ទាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធ្វើឲ្យកើតបីតិដល់យោគាវចរ ជាទីរីករាយដែលដំរីចុះប្រេងសេពគប់ហើយ។ អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្ក្រមក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំដ៏ត្រជាក់។ទ. ១៧ អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគំរប់ពីរ មានសោឡសកិច្ចធ្វើហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធ្វើសេចក្តីព្យាយាមយ៉ាងនេះ បានសម្រេច អាត្មាអញនឹងធ្វើឲ្យសម្រេច (ព្រោះថា) អ្នកដទៃធ្វើជួសអ្នកដទៃពុំបានទេ។ ឥឡូវនេះ អាត្មាអញនោះ នឹងចងក្រោះ គឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញ មិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈទេ នឹងមិនចេញពីព្រៃនោះឡើយ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបក់ផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជាឲ្យបាន។ អាត្មាអញទទួលសេចក្តីសុខ ដោយវិមុត្តិសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយនឹងត្រេកអរក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញដូចក្រោលគោ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
ឯកវិហារិយត្ថេរ។
(៣. មហាកប្បិនត្ថេរគាថា)
[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
ទ. ១៨ អានាបានស្សតិ ដែលព្រះយោគាវចរណា បានចំរើនល្អគ្រប់គ្រាន់ហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងមក ព្រះយោគាវចរនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតចាកពពក។ ឱ ចិត្តរបស់អញ ស រកប្រមាណមិនបាន អាត្មាអញ បានអប់រំល្អហើយផង បានផ្គងជានិច្ចផង ញ៉ាំងទិសទាំងពួងឲ្យភ្លឺផង។ បុគ្គលប្រកបដោយប្រាជ្ញា បើទុកជាអស់ទ្រព្យរលីង ក៏ឈ្មោះថា រស់នៅ ឯបុគ្គលអ្នកមានទ្រព្យ មិនឈ្មោះថា រស់នៅ ព្រោះកិរិយាមិនបាននូវប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងវិនិច្ឆ័យនូវសុតៈ ប្រាជ្ញាជាគ្រឿងញ៉ាំងកិត្តិសព្ទ និងសេចក្តីសរសើរឲ្យចំរើន នរជនប្រកបដោយប្រាជ្ញា រមែងបាននូវសេចក្តីសុខ សូម្បីក្នុងសភាវៈដែលជាទុក្ខ។ ធម៌នេះ មិនមែនជាធម៌ទើបនឹងមានក្នុងថ្ងៃនេះទេ ជាធម៌មិនអស្ចារ្យ មិនមែនជាធម៌ចំឡែកទេ សត្វកើតស្លាប់ ក្នុងលោកណា ហេតុតិចតួចក៏មិនចំឡែកក្នុងលោកនោះ។ សេចក្តីពិតថា បន្ទាប់អំពីការកើតមក មានសេចក្តីស្លាប់ចាកជីវិត ជាធម្មជាតទៀងទាត់ សត្វទាំងឡាយ ដែលកើតហើយ ៗ រមែងស្លាប់ក្នុងលោកនេះ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះឯង។ទ. ១៩
សេចក្តីសោកស្តាយណា របស់បុរសបុគ្គលទាំងឡាយដទៃ ដើម្បីជីវិត សេចក្តីសោកស្តាយនុ៎ះ មិនមែនដើម្បីប្រយោជន៍ដល់សត្វដែលស្លាប់ទៅហើយទេ ការយំចំពោះសត្វ ដែលស្លាប់ហើយ មិនមែនជាយស មិនមែនជាការល្អទេ សមណព្រាហ្មណ៍ទាំងឡាយ មិនសរសើរការយំឡើយ។ ការយំ រមែងបៀតបៀននូវចក្ខុ និងសរីរៈ (របស់បុគ្គលអ្នកយំ) ពណ៌សម្បុរក្តី កំឡាំងក្តី ប្រាជ្ញាក្តី នៃអ្នកយំ រមែងសាបសូន្យ ពួកសត្រូវរបស់បុគ្គលអ្នកយំនោះ ក៏មានសេចក្តីត្រេកអរ ពួកបុគ្គលអ្នកស្វែងរកប្រយោជន៍ឲ្យបុគ្គលអ្នកយំនោះ បាននូវសេចក្តីទុក្ខ។ ព្រោះហេតុនោះ ពួកជនឆ្លងនូវកិច្ច (របស់ខ្លួន) ដោយកំឡាំងប្រាជ្ញា របស់អ្នកប្រាជ្ញទាំងឡាយណា ដូចពួកជនឆ្លងនូវទន្លេមានទឹកពេញដោយទូក បុគ្គលគប្បីប្រាថ្នានូវអ្នកប្រាជ្ញ ជាពហុស្សូតនោះ ឲ្យនៅក្នុងត្រកូល (របស់ខ្លួន)។
មហាកប្បិនត្ថេរ។
(៤. ចូឡបន្ថកត្ថេរគាថា)
[២៣៧] ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុន អាត្មាអញភ្លេចភ្លាំងស្មារតី ថែមទាំងបងប្រុស ក៏បណ្តេញអាត្មាអញថា ឥឡូវនេះ អ្នកចូរទៅផ្ទះចុះ។ អាត្មាអញនោះ ត្រូវបងបណ្ដេញហើយ ក៏តូចចិត្ត តែនៅមានអាឡោះអាល័យ ក្នុងសាសនា ក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។ទ. ២០ ព្រះមានព្រះភាគ ទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញ ហើយក៏ចាប់អាត្មាអញត្រង់ដើមដៃ ឲ្យចូលទៅកាន់អារាមនៃសង្ឃ។ ព្រះសាស្តាទ្រង់ប្រទាននូវសំពត់សម្រាប់ជូតជើង ដោយសេចក្តីអនុគ្រោះ ដល់អាត្មាអញថា អ្នកចូរអធិដ្ឋាននូវសំពត់ស្អាតនេះ ធ្វើឲ្យជាសំពត់ដែលខ្លួនអធិដ្ឋានល្អហើយ ក្នុងទីដ៏សមគួរចុះ។ លុះអាត្មាអញបានស្ដាប់ព្រះបន្ទូលរបស់ព្រះមានព្រះភាគនោះហើយ ក៏ត្រេកអរក្នុងសាសនា បានញ៉ាំងសមាធិឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម អាត្មាអញដឹងនូវបុព្វេនិវាស ទិព្វចក្ខុ អាត្មាអញបានជម្រះហើយ ត្រៃវិជ្ជា អាត្មាអញបានដល់ដោយលំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញបានធ្វើហើយ។ បន្ថកភិក្ខុ និម្មិតខ្លួនជាមួយពាន់ ហើយអង្គុយក្នុងអម្ពវ័ន ជាទីរីករាយ ដរាបដល់ការប្រាប់នូវភត្តកាល។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រើទូតឲ្យទៅប្រាប់ភត្តកាលដល់អាត្មាអញ កាលទូតមកប្រាប់ភត្តកាល អាត្មាអញក៏មកតាមអាកាស។ អាត្មាអញថ្វាយបង្គំព្រះបាទានៃព្រះសាស្តា រួចហើយអង្គុយក្នុងទីសមគួរ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបថា អាត្មាអញអង្គុយហើយ ទើបបានទ្រង់ទទួល (ទក្ខិណោទក)។ ព្រះអង្គ ជាទីបូជារបស់សត្វលោក ជាបដិគ្គាហកៈរបស់បុគ្គលអ្នកបូជាទាំងឡាយ ជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ ទ្រង់ទទួលនូវទក្ខិណាទាន។
ចូឡបន្ថកត្ថេរ។
ទ. ២១
(៥. កប្បត្ថេរគាថា)
[២៣៨] កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេង ៗ កើតក្នុងរណ្ដៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុងរណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាតសព្វ ៗ កាល។ កាយដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាបដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺសរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ដ៏ទៀងទាត់ (ឋិតនៅ) ក្នុងសំណាក់នៃមច្ចុរាជ ឯនរជនតែងទំលាក់ចោលនូវកាយក្នុងលោកនេះ ហើយទៅតាមយថាកម្ម។ កាយត្រូវអវិជ្ជាដោតក្រងហើយ ត្រូវគ្រឿងចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្ដាញនៃអនុស័យគ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះរមែងប្រព្រឹត្តទៅដូចពោលមកនេះ អន្ទោលទៅតាមយន្ត គឺកម្ម។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទីបំផុត ការកើតផ្សេង ៗ រមែងវិនាសទៅវិញ។ទ. ២២ ពួកជនណា ជាអន្ធពាលបុថុជ្ជន រាប់អានកាយនេះ ពួកជននោះ រមែងញ៉ាំងសង្សារដ៏ពន្លឹកឲ្យចំរើន តែងកាន់យកនូវភពថ្មីទៀត។ ពួកជនណា វៀរបង់នូវកាយនេះ ដូចបុគ្គលវៀរបង់នូវអាសិរពិស ដែលប្រឡាក់ដោយលាមក ពួកជននោះ រមែងខ្ជាក់ចោលនូវអវិជ្ជា និងតណ្ហា ដែលជាមូលនៃភព ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
កប្បត្ថេរ។
(៦. វង្គន្តបុត្តឧបសេនត្ថេរគាថា)
[២៣៩] ភិក្ខុគប្បីសេពនូវសេនាសនៈស្ងាត់ ដែលមានសំឡេងគឹកកងតិច ដែលម្រឹគសាហាវអាស្រ័យនៅហើយ ព្រោះហេតុនៃការពួនសម្ងំ។ ភិក្ខុគប្បីនាំមក (នូវកំណាត់សំពត់) អំពីគំនរនៃសំរាម ឬព្រៃស្មសាន ឬចន្លោះនៃថ្នល់ ធ្វើជាសង្ឃាដី ដោយកំណាត់សំពត់ដែលខ្លួននាំមកនោះ ហើយទ្រទ្រង់នូវចីវរដ៏សៅហ្មង។ ភិក្ខុគប្បីធ្វើចិត្តឲ្យទាប គ្រប់គ្រងនូវទ្វារ សង្រួមដោយប្រពៃ ហើយត្រាច់ទៅកាន់ផ្ទះជាលំដាប់ គឺចេញអំពីត្រកូល ១ ទៅកាន់ត្រកូល ១ ដើម្បីបិណ្ឌបាត។ ម្យ៉ាងទៀត ភិក្ខុត្រូវសន្ដោសដោយវត្ថុសៅហ្មង មិនគប្បីប្រាថ្នានូវរសឯទៀតឲ្យច្រើនទេ ចិត្តរបស់ភិក្ខុអ្នកជាប់ញ៉ាមក្នុងរសទាំងឡាយ រមែងមិនត្រេកអរក្នុងឈាន។ មុនីគប្បីជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្ដោស ជាអ្នកស្ងប់ស្ងាត់ នៅមិនច្រឡូកច្រឡំដោយបុគ្គលពីរពួក គឺគ្រហស្ថ និងបព្វជិត។ទ. ២៣ មនុស្សល្ងេល្ងើ និងមនុស្សគ យ៉ាងណា បណ្ឌិតគប្បីសំដែងខ្លួនយ៉ាងនោះ មិនគប្បីពោលឲ្យហួសប្រមាណក្នុងកណ្ដាលសង្ឃ។ បណ្ឌិតនោះ មិនគប្បីតិះដៀលបុគ្គលណាមួយ គប្បីវៀរបង់នូវការបៀតបៀនផង សង្រួមក្នុងបាតិមោក្ខផង ដឹងប្រមាណក្នុងភោជនផង។ បណ្ឌិតគប្បីជាអ្នកឈ្លាសវៃ ក្នុងការកើតឡើងនៃចិត្ត ដែលមាននិមិត្តកំណត់ល្អហើយ គប្បីប្រកបរឿយ ៗ នូវសមថៈ និងវិបស្សនា តាមកាលគួរ គប្បីជាអ្នកបរិបូណ៌ដោយព្យាយាម ប្រព្រឹត្តទៅរឿយ ៗ ប្រកបក្នុងធម៌ដ៏គួរសព្វ ៗ កាល បើមិនទាន់ដល់នូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខក្នុងវដ្តៈទេ កុំអាលដល់នូវសេចក្តីទុកចិត្តឡើយ។ កាលភិក្ខុប្រាថ្នានូវសេចក្តីបរិសុទ្ធ សម្រាន្តនៅយ៉ាងនេះ អាសវៈទាំងពួងរមែងអស់ទៅ ភិក្ខុនោះ រមែងដល់នូវការរលត់ទុក្ខ។
ឧបសេនវង្គន្ដបុត្តត្ថេរ។
(៧. (អបរ)-គោតមត្ថេរគាថា)
[២៤០] បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ (បុគ្គលគប្បីរមិលមើលនូវអំពើនោះផង)។ ក្នុងសាសនានេះ (ការសេពគប់) នូវកល្យាណមិត្រ ១ ការសមាទាននូវសិក្ខាដ៏ធំទូលាយ ១ទ. ២៤ ការប្រុងស្ដាប់ (នូវឱវាទ) នៃគ្រូទាំងឡាយ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេចក្តីគោរពក្នុងព្រះពុទ្ធទាំងឡាយ ១ ការកោតក្រែងក្នុងព្រះធម៌គួរតាមពិត ១ ការកោតក្រែងក្នុងព្រះសង្ឃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុប្រកបក្នុងអាចារៈ និងគោចរៈ ១ មានអាជីវៈដ៏បរិសុទ្ធ ដែលអ្នកប្រាជ្ញមិនគប្បីតិះដៀលបាន ១ ការតំកល់ចិត្តទុកដោយប្រពៃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ចារិតសីល ឬវារិតសីល ១ សម្បជញ្ញៈ ដែលអាស្រ័យនឹងឥរិយាបថជាទីនាំមកនូវសេចក្តីជ្រះថ្លា ១ ការប្រកបរឿយ ៗ ក្នុងអធិចិត្ត ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ សេនាសនៈតាំងនៅក្នុងព្រៃស្ងាត់ មានសំឡេងតិច ដែលអ្នកប្រាជ្ញគប្បីគប់រក នេះជាទីសមគួរដល់សមណៈ។ សីល ១ ភាពជាពហុស្សូត ១ ការពិចារណានូវធម៌ទាំងឡាយគួរតាមពិត ១ ការត្រាស់ដឹងនូវសច្ចៈទាំងឡាយ ១ ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវអនិច្ចសញ្ញាផង អនត្តសញ្ញាផង អសុភសញ្ញាផង អនភិរតិសញ្ញាក្នុងលោកនេះផង ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ ភិក្ខុគប្បីចំរើននូវពោជ្ឈង្គទាំងឡាយផង ឥទ្ធិបាទទាំងឡាយផង ឥន្ទ្រិយ និងពលៈទាំងឡាយផង អរិយមគ្គមានអង្គ ៨ ផង ទាំង ៥ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ។ទ. ២៥ មុនីគប្បីលះបង់នូវតណ្ហា គប្បីទំលុះទំលាយនូវអាសវៈទាំងឡាយ ព្រមទាំងឫសគល់ គប្បីជាអ្នករួចស្រឡះ (ចាកកិលេសទាំងពួង) ហើយសម្រេចសម្រាន្តនៅ នេះជាអំពើដ៏សមគួរដល់សមណៈ។
គោតមត្ថេរ។
ឧទ្ទាន
ព្រះថេរៈទាំងឡាយ ៧ អង្គនេះ គឺកាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បានពោល) នូវគាថាទាំងឡាយ ៧០ ក្នុងទសកនិបាតនេះ។
ចប់ ទសកនិបាត។