km:tipitaka:sut:kn:tha:sut.kn.tha.16.02

បារាសរិយត្ថេរគាថា

សង្ខេប

ព្រះបារាបរិយ​ត្ថេរ​បង្រៀន​លម្អិត​ អំពី​ការ​ខិតខំ​ប្រឹង​ប្រែង​ត្រឹមត្រូវ និង​អធិសិល។

sut kn tha 16 02 បាលី cs-km: sut.kn.tha.16.02 អដ្ឋកថា: sut.kn.tha.16.02_att PTS: ?

បារាសរិយត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. បារាបរិយត្ថេរគាថា)

[២៥០] ភិក្ខុឈ្មោះ​បារាសរិយៈ ជា​សមណៈ អង្គុយ​តែម្នាក់​ឯង ជា​អ្នក​ស្ងប់​ស្ងាត់ ចំរើន​ឈាន មាន​គំនិតថា បុរស​គប្បី​ប្រតិបត្តិ​ដោយ​លំដាប់​ដូចម្ដេច គប្បី​ប្រព្រឹត្តនូវ​វត្ត​ដូចម្ដេច នូវ​សមាចារៈ​ដូចម្តេច ទើបឈ្មោះថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិនបៀត​បៀន​នូវ​អ្វីណា​មួយ។ ឥន្រ្ទិយ​ទាំង​ឡាយ​របស់​ពួក​មនុស្ស មាន​ដើម្បី​ជា​ប្រយោជន៍​ផង មិន​ជា​ប្រយោជន៍​ផង ឥន្ទ្រិយ​ទាំង​ឡាយ​ដែល​គេ​មិន​រក្សា ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដែល​គេ​រក្សា​ហើយ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍។ បុគ្គល​កាល​រក្សា​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ​ផង គ្រប់​គ្រង​នូវឥន្ទ្រិយ​ទាំង​ឡាយ​ផង ឈ្មោះ​ថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិន​បៀត​បៀន​នូវអ្វី​ណា​មួយ។ទ. ៤៩ បើ​បុគ្គល​ណា មិន​ឃាត់​នូវ​ចក្ខុន្រ្ទិយ​ដែល​ប្រព្រឹត្ត​ទៅ ក្នុង​រូប​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ មួយ​ទៀត បុគ្គល​ណា មិន​ឃាត់​នូវ​សោតិន្ទ្រិយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សំឡេង​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ បើ​បុគ្គល​ណា មិន​ឃើញ​នូវ​ការ​រលាស់​ចេញ ជា​អ្នក​ជ្រប់​នៅ​ក្នុង​ក្លិន​ទាំង​ឡាយ ហើយ​សេព​ចំពោះ​នូវ​ក្លិន​ទាំង​ឡាយ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខទេ។ បុគ្គល​ណា រលឹករឿយ ៗ នូវ​រស​ជូរ និង​ចំណែក​នៃរសផ្អែមផង នូវ​ចំណែក​នៃរសល្វីងផង ជា​អ្នក​ជាប់​នៅ​ក្នុង​រសតណ្ហា បុគ្គល​នោះ រមែង​មិន​ដឹង​ច្បាស់​នូវ​បេះដូង​នៃសាសនា។ បុគ្គល​កាលរលឹករឿយ ៗ នូវ​ផោដ្ឋព្វៈ​ទាំង​ឡាយ​ដែល​ស្អាត មិន​គួរ​ខ្ពើម ជា​អ្នក​ត្រេកអរ (ក្នុង​ផ្សព្វនោះ​) រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ ដែល​មាន​រាគៈ​ជាហេតុ។ បុគ្គល​ណា មិន​អាចរក្សានូវ​ចិត្ត ដោយ​ធម៌​ទាំង​ឡាយ​នេះ ព្រោះ​ហេតុ​តែមិន​បាន​រក្សានោះ​ឯង ទុក្ខ​រមែង​ជាប់​តាមបុគ្គល​នោះ ដោយ​ខ្សែ​ទាំង​ពួង មាន​ប្រមាណ ៥ គឺ​អារម្មណ៍​ទាំង ៥។ សរីរៈ​នេះ ពេញ​ដោយ​ខ្ទុះ និង​ឈាមផង ពេញ​ដោយ​សាក​សព​ដ៏​ច្រើន​ផង ដូចស្មុគ្រ​ដែល​បុគ្គល​មាន​ព្យាយាម ធ្វើ​ឲ្យ​រលីង វិចិត្រ​ហើយ។ទ. ៥០ បុគ្គល​រមែង​មិន​ដឹង​នូវ​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ តែ​មាន​រស​ផ្អែម​ឆ្ងាញ់​ពិសា ដែល​មាន​សេចក្តី​ស្រឡាញ់​ជាចំណង ដូច​កាំបិតកោរ ដែល​គេ​លាបប្រឡាក់​ដោយ​ទឹក​ឃ្មុំ។ បុគ្គល​អ្នក​ត្រេកអរ​ក្រៃពេក ក្នុង​រូបស្រ្តី​ផង ក្នុង​រស​នៃស្រ្តីផង ក្នុង​ការ​ប៉ះ​ពាល់​នូវ​កាយ​នៃស្រ្តីផង ក្នុង​ក្លិន​នៃស្រីផង រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ។ ខ្សែ​នៃ​តណ្ហា​ទាំង ៥ របស់​ស្រ្តី​ទាំង​អស់ រមែង​ហូរ​ទៅ​ក្នុង​ទ្វារ​នៃ​បុរស​ទាំង ៥ ដែរ បុគ្គល​ណា មាន​ការ​ព្យាយាម អាចធ្វើ​នូវ​ការ​បិទរាំងនូវ​ខ្សែតណ្ហា​ទាំង​នោះ (មិនឲ្យ​កើត​ឡើងបាន) បុគ្គល​នោះ ឈ្មោះ​ថា ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​ឋិត​នៅ​ក្នុង​ធម៌ ជា​អ្នក​ឈ្លាសវៃ ជា​អ្នក​មាន​បញ្ញាជា​គ្រឿង​ពិចារណា បុគ្គល​នោះ គប្បី​ត្រេកអរ ធ្វើ​នូវ​កិច្ចប្រកប​ដោយ​ធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ច​ដែល​ប្រកប​ដោយ​សេចក្តី​ត្រេកអរ រមែង​លិច​ចុះ បុគ្គល​គប្បី​វៀរនូវ​កិច្ច​ដែល​មិន​មាន​ប្រយោជន៍ អ្នក​ប្រាជ្ញ​មិន​មាន​សេចក្តី​ប្រមាទ តែងសំគាល់​នូវ​កិច្ចនោះ​ថា ជា​អំពើ​មិន​គួរ​ធ្វើ។ មួយ​ទៀត កិច្ចណា ប្រកប​ដោយ​ប្រយោជន៍ក្តី សេចក្តី​ត្រេកអរ​ណា ប្រព្រឹត្ត​ទៅ​ក្នុង​ធម៌ក្តី បុគ្គល​គប្បី​ប្រព្រឹត្តកាន់​យក​នូវ​ប្រយោជន៍ និង​សេចក្តី​ត្រេកអរនោះ ព្រោះ​ថា សេចក្តី​ត្រេកអរនោះ ជាគុណជាតិ​ដ៏​ឧត្តម។ បុគ្គល​ណា​សម្លាប់ វាយ ឬធ្វើ​ឲ្យ​អ្នក​ដទៃសោក​សៅ ហើយប្លន់​ដណ្ដើម (យក​ទ្រព្យ) នៃ​ពួក​ជន​ដទៃ ដោយ​ការ​កំហែង បុគ្គល​នោះ រមែង​នាំទៅ​នូវ​ទ្រព្យជា​របស់​ពួក​ជន​ដទៃ ដោយ​ឧបាយ​ទាំង​តូច​ទាំង​ធំបាន។ទ. ៥១ ជន​អ្នក​មាន​កំឡាំង កាលចាំងឈើ រមែង​នាំចេញ​នូវ​ដែកគោល ដោយ​ដែកគោល យ៉ាង​ណា​មិញ ពួក​ជន​អ្នក​ឈ្លាស រមែង​រម្ងាប់​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ដោយ​ឥន្ទ្រិយ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ បុគ្គល​ណា ចំរើន​នូវ​សទ្ធា វីរិយៈ សមាធិ សតិ និង​បញ្ញា សម្លាប់​នូវ​ឥន្ទ្រិយ ៥ (មាន​ចក្ខុន្ទ្រិយជាដើម) ដោយ​ឥន្ទ្រិយ ៥ បុគ្គល​នោះ ឈ្មោះ​ថាព្រាហ្មណ៍ ជា​អ្នក​មិន​មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ។ បុគ្គល​ណា ធ្វើ​តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ដោយ​សព្វគ្រប់ បុគ្គល​នោះ ឈ្មោះ​ថា​ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​តាំង​នៅ​ក្នុង​ធម៌ នរ​ជន​នោះ តែងដល់​នូវ​សេចក្តី​សុខ។

បារាសរិយត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.16.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann