តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរគាថា » វីសតិនិបាត »
«សមណៈ បានចំរើននូវឥន្រ្ទិយ ជាអ្នកបណ្ដែតចោលនូវបាប ជាអ្នកស្វែងរកនូវគុណ មានភពថ្មីអស់ហើយ លុះពោលយ៉ាងនេះហើយ ក៏បរិនិព្វាន ក្នុងសាលវ័ន។
sut kn tha 16 10 បាលី cs-km: sut.kn.tha.16.10 អដ្ឋកថា: sut.kn.tha.16.10_att PTS: ?
បារាសរិយត្ថេរគាថា
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. បារាបរិយត្ថេរគាថា)
[២៥៨] ចិន្ដារបស់សមណៈ អ្នកមានអារម្មណ៍មូលតែមួយ អង្គុយក្នុងព្រៃធំមានផ្ការីក ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ មានឈានបានកើតមានហើយ។ទ. ៧៩ កាលដែលព្រះលោកនាថជាឧត្តមបុរស មានព្រះជន្មនៅឡើយ ការប្រព្រឹត្តិរបស់ពួកភិក្ខុ មានដោយឡែក ឥឡូវនេះ (ការប្រព្រឹត្តិ) ក៏ប្រាកដដោយឡែក។ ពួកភិក្ខុជាអ្នកសន្ដោសក្នុងបច្ច័យតាមមានតាមបាន បានប្រើប្រាស់នូវចីវរ គ្រាន់តែជាគ្រឿងការពារនូវត្រជាក់ និងខ្យល់ គ្រាន់តែជាគ្រឿងបិទបាំងនូវកេរ្ដិ៍ខ្មាស។ ពួកភិក្ខុជាអ្នកមិនជាប់ មិនជ្រប់ បានបរិភោគរបស់ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បីញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅប៉ុណ្ណោះ។ ពួកភិក្ខុមិនបានខ្វល់ខ្វាយក្នុងភេសជ្ជបច្ច័យ ជាបរិក្ខារនៃជីវិតខ្លាំងពេក ដូចជាខ្វល់ខ្វាយក្នុងធម៌ជាទីអស់នៃអាសវៈទេ។ ពួកភិក្ខុចំរើនរឿយ ៗ នូវវិវេកធម៌ ប្រព្រឹត្តឈមទៅរកវិវេក នៅក្នុងព្រៃទៀបគល់នៃឈើក្នុងជ្រោះ និងក្នុងគុហាទាំងឡាយ។ ពួកភិក្ខុជាអ្នកប្រព្រឹត្តបន្ទាបខ្លួន តាំងមាំ (ក្នុងសាសនា) ជាអ្នកចិញ្ចឹមងាយ ជាអ្នកមានចិត្តទន់ មានចិត្តមិនរឹងត្អឹង មិនច្របូកច្របល់ដោយកិលេស មិនមានមាត់រឹង ជាអ្នកលុះក្នុងអំណាចនៃការគិតរកប្រយោជន៍ (ខ្លួន និងអ្នកដទៃ)។ ព្រោះហេតុនោះ ដំណើរទៅ និងការបរិភោគ ការសេព (របស់ពួកភិក្ខុ) គួរជាទីជ្រះថ្លា ទាំងមានឥរិយាបថ ដូចធារនៃប្រេងដ៏ស្និទ្ធល្អ។ ព្រះថេរៈទាំងនោះ មានអាសវៈទាំងពួងអស់ហើយ មានឈានច្រើន មានប្រយោជន៍ច្រើន ឥឡូវនេះ បរិនិព្វានហើយ ឥឡូវនេះ ពួកភិក្ខុបែបនោះ មានតិច។ទ. ៨០ សាសនានៃព្រះជិនស្រី ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង រមែងសាបសូន្យទៅ ព្រោះការអស់ទៅនៃកុសលធម៌ផង នៃបញ្ញាផង។ កាលជារដូវនៃបាបធម៌ និងកិលេស (កំពុងប្រព្រឹត្តទៅ) ពួកភិក្ខុណាខ្នះខ្នែង ដើម្បីវិវេក ពួកភិក្ខុនោះ ឈ្មោះថា មានព្រះសទ្ធម្មសល់នៅ។1) កិលេសទាំងនោះ កាលចំរើនឡើង រមែងជ្រៀតជ្រែកនូវជនជាច្រើន ទំនងហាក់ប្រឡែងលេងនឹងពួកជនពាល ដូចពួកអារក្សទឹក ប្រឡែងលេងនឹងមនុស្សឆ្កួត។ ពួកនរជនទាំងនោះ លុះត្រូវកិលេសគ្របសង្កត់ហើយ តែងស្ទុះទៅតាមចំណែកនៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុទាំងឡាយ ក្នុងកាលជាទីចាប់យកដោយខ្លួនឯង ដែលពួកកិលេសឃោសនាហើយ។ ពួកជននោះ លះបង់នូវព្រះសទ្ធម្ម ហើយឈ្លោះប្រកែកគ្នានឹងគ្នា លុះក្នុងអំណាចទិដ្ឋិ សំគាល់ថា វត្ថុនេះ ប្រសើរបំផុត ដូច្នេះ។ ពួកជន ដែលលះបង់នូវទ្រព្យ និងកូនប្រពន្ធ ហើយចេញទៅ (អំពីផ្ទះ) រមែងសេពនូវអំពើដែលមិនគួរធ្វើ ព្រោះហេតុ សូម្បីត្រឹមតែចង្ហាន់មួយវែក។ទ. ៨១ (ពួកភិក្ខុនោះ) បរិភោគអាហារពេញពោះ ហើយដេកផ្ងារ ភ្ញាក់ឡើងហើយក៏នាំគ្នានិយាយពាក្យ ដែលព្រះសាស្ដាទ្រង់តិះដៀល។ ពួកភិក្ខុ ហាត់ធ្វើយ៉ាងផ្ចិតផ្ចង់នូវសិល្បៈ ដូចជាងទាំងពួង មិនរម្ងាប់នូវសន្ដានចិត្តខាងក្នុង គុណវិសេស គឺប្រយោជន៍នៃសមណធម៌ (របស់ពួកភិក្ខុនោះ) ក៏អាក់ខាន។ ពួកភិក្ខុ កាលប្រាថ្នានូវចតុប្បច្ច័យច្រើនលើសលុប រមែងបង្អោននូវដីស្អិត ប្រេង គ្រឿងលំអិត ទឹក អាសនៈ និងភោជន ដល់ពួកគ្រហស្ថ។ ឲ្យនូវឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុសម្រាប់ទំពាស៊ី បិណ្ឌបាតដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃទាំងឡាយ ខ្វល់ខ្វាយក្នុងភេសជ្ជៈ ដូចពួកពេទ្យ ខ្វល់ខ្វាយក្នុងកិច្ចតូចធំ (នៃជម្ងឺ) ដូចពួកគ្រហស្ថប្រកបក្នុងការស្អិតស្អាង ដូចស្រីពេស្យា ឬដូចពួកក្សត្រយ៍ ខ្វល់ខ្វាយក្នុងឥស្សរភាព ជាអ្នកបោកប្រាសបញ្ឆោត ធ្វើជាសក្សីវៀច ជាអ្នកកោងកាច បរិភោគអាមិសៈ ដោយអាការជាមិច្ឆាជីវៈច្រើនយ៉ាង។ ពួកភិក្ខុជាអ្នករវះរវាម (ដោយបាបធម៌) ក្នុងលេសដ៏គួរ ក្នុងរបិចវាសវាង ត្រូវការចិញ្ចឹមជីវិត ប្រមូលមកនូវទ្រព្យដ៏ច្រើន ដោយឧបាយ។ទ. ៨២ ពួកភិក្ខុញ៉ាំងបរិស័ទ ឲ្យផ្គត់ផ្គង់ ព្រោះការងារ មិនមែនព្រោះធម៌ សំដែងធម៌ដល់ជនដទៃ ព្រោះតែលាភ មិនសំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួកភិក្ខុឈ្លោះប្រកែក ព្រោះតែសង្ឃលាភ ជាខាងក្រៅអំពីសង្ឃ ចិញ្ចឹមជីវិតដោយលាភរបស់ជនដទៃ ជាបុគ្គលមិនខ្មាសអៀន។ មួយទៀត ពួកភិក្ខុខ្លះ ជាអ្នកមិនប្រកប (សមណធម៌) ជាបុគ្គលមានក្បាលត្រងោល ដណ្ដប់សង្ឃាដិ ជាអ្នកល្មោភដោយលាភសក្ការៈ ប្រាថ្នាតែសេចក្តី សរសើរ។ កាលបើកិលេសធម៌ ប្រព្រឹត្តទៅដោយប្រការផ្សេង ៗ យ៉ាងនេះ ឥឡូវនេះ ភិក្ខុមិនអាចនឹងប៉ះពាល់នូវគុណវិសេសដែលមិនទាន់បានប៉ះពាល់ ឬមិនអាចនឹងរក្សានូវគុណវិសេស ដែលបានប៉ះពាល់ដូច្នោះបានឡើយ។ ជន មិនមានស្បែកជើង ត្រាច់ទៅក្នុងទីមានបន្លាយ៉ាងណា អ្នកប្រាជ្ញគួរប្រុងស្មារតី ត្រាច់ទៅក្នុងស្រុកយ៉ាងនោះ។ យោគី កាលរលឹកឃើញពួកលោកអ្នកមានព្យាយាមក្នុងកាលពីដើម រលឹកឃើញនូវវត្តប្រតិបត្តិ របស់ពួកលោកទាំងនោះ ទោះបីកាលជាខាងក្រោយ (អំពីកាលដែលព្រះសាស្ដាគង់នៅ) ក៏ដោយ គង់បានប៉ះពាល់នូវផ្លូវអមតៈ។ទ. ៨៣
សមណៈ បានចំរើននូវឥន្រ្ទិយ ជាអ្នកបណ្ដែតចោលនូវបាប ជាអ្នកស្វែងរកនូវគុណ មានភពថ្មីអស់ហើយ លុះពោលយ៉ាងនេះហើយ ក៏បរិនិព្វាន ក្នុងសាលវ័ន។
បារាសរិយត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ១០ នេះ គឺអធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មានទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បានសំដែងគាថា ២០០ លើស ៤៥ ដែលមកក្នុងវីសតិនិបាត។
ចប់ វីសតិនិបាត។