km:tipitaka:sut:kn:tha:sut.kn.tha.17.02

សារីបុត្តត្ថេរគាថា

សង្ខេប

ព្រះ​សារីបុត្ត សំដែង​​នូវ​​អ្វី​​ដែល​​ហៅ​ថា ភិក្ខុ។

sut kn tha 17 02 បាលី cs-km: sut.kn.tha.17.02 អដ្ឋកថា: sut.kn.tha.17.02_att PTS: ?

សារីបុត្តត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

អានដោយ ឧបាសិកា ដានាទ

(២. សារិបុត្តត្ថេរគាថា)

[២៦០] បុគ្គល​ណា ជា​អ្នក​ប្រព្រឹត្តសម​គួរ ជា​អ្នក​ស្ងប់​សម​គួរ មាន​ស្មារតី ជា​អ្នក​មិនធ្វេសប្រហែស​ក្នុង​ការ​ត្រិះ​រិះ និង​ការ​ប្រព្រឹត្តិសម​គួរ ត្រេកអរ​ដោយ​ភាវនា​ក្នុង​សន្ដាន មាន​ចិត្ត​តាំង​មាំ ជា​បុគ្គល​ម្នាក់​ឯង មាន​សេចក្តី​សន្ដោស អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​បុគ្គល​នោះ​ថា​ជា​ភិក្ខុ។

ភិក្ខុ​កាលបរិភោគ នូវ​អាហារ​ស្រស់ ឬក្រៀម មិន​គប្បី​ឲ្យ​ឆ្អែតជ្រុលទេ គប្បី​ជា​អ្នក​មាន​ពោះធូរ មាន​អាហារ​ដ៏ល្មម មាន​ស្មារតីវៀរចេញ។ ភិក្ខុ​ឈប់​បរិភោគ ៤ ឬ ៥ ពំនូត (ក្នុង​កាលជិតឆ្អែត) ហើយគប្បី​ផឹកទឹក នេះ​ជា​ការ​ល្មម​ដល់​កិរិយានៅ​ជា​សុខ នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន)។ទ. ៨៩

ភិក្ខុស្លៀកដណ្ដប់​នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹម​តែការ​ពារត្រជាក់​ជាដើម) នេះ​ជា​ការ​គួរ​ដល់​កិរិយានៅ​ជា​សុខ​នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន​)។ កាល​ភិក្ខុ​អង្គុយ​ដោយ​ភ្នែន ភ្លៀងមិនស្រក់​ត្រូវត្រង់​ជង្គង់​ទាំង​ពីរ នេះ​ជា​ការ​គួរ​ដល់​កិរិយា​នៅ​ជា​សុខ នៃ​ភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះ​និព្វាន​)។ បុគ្គល​ណាបាន​ឃើញសុខ ថា​ជា​ទុក្ខ បាន​ឃើញទុក្ខ ថា​ជា​គ្រឿង​ចាក់​ដោត ដូចកូនសរ ការ​ជាប់​ជំពាក់​មិន​មាន​ក្នុង​ចន្លោះ​នៃសុខ និងទុក្ខ​ទាំង​ពីរ បុគ្គល​នោះ គប្បី​ជាប់​ក្នុង​លោក​ដូចម្ដេច គប្បី​មាន​ដោយ​កិលេស ដូចម្ដេចបាន។ បុគ្គល​មាន​សេចក្តី​ប្រាថ្នា​អាក្រក់ ជា​អ្នក​ខ្ជិលច្រអូស មាន​ការ​ព្យាយាម​ថោកទាប ជា​អ្នក​រៀនសូត្រ​តិច មិន​អើពើ (ចំពោះ​ធម៌ និងវិន័យ) សូម​កុំ​មាន​ក្នុង​សម្នាក់​ខ្ញុំ ក្នុង​កាល​ណា ៗ ឡើយ ប្រយោជន៍អ្វី ដោយ​ឱវាទ​ក្នុង​លោក គប្បី​មាន (ដល់​បុគ្គល​នោះ​) ដោយ​បការៈ ដូចម្ដេច។ មួយ​ទៀត បុគ្គល​អ្នក​ចេះដឹងច្រើន មាន​ប្រាជ្ញា ជា​គ្រឿង​ទំលាយ​កិលេស តាំង​មាំ​ក្នុង​សីល ប្រកប​រឿយ ៗ នូវ​ចេតោសមថៈ សូមឋិត​នៅ​សូម្បី​លើ​ក្បាល។ បុគ្គល​ណាមាន​ចិត្តប្រកប​រឿយ ៗ នូវ​ធម៌​ជា​គ្រឿង​យឺតយូរ ត្រេកអរចំពោះ​ធម៌​ជា​គ្រឿង​យឺត​យូរ បុគ្គល​នោះ ឈ្មោះ​ថា ឃ្លាតចាក​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរ។ទ. ៩០ បុគ្គល​ណាលះ​បង់​នូវ​ធម៌​ជា​គ្រឿង​យឺត​យូរ ត្រេកអរ​ក្នុង​ធម៌​ជា​ផ្លូវមិនយឺតយូរ បុគ្គល​នោះ ឈ្មោះ​ថា ត្រេកអរ​នឹង​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរ។ ព្រះ​អរហន្ដ​ទាំង​ឡាយ នៅ​ក្នុង​ទីណា ទោះបី​ស្រុក ឬ​ព្រៃ ទោះបីទំនាប ឬទួល ទីនោះ​ឯង ជា​ទីគួរ​ត្រេកអរ។ ជន​អ្នក (ស្វែង​រក​កាម) រមែង​មិន​ត្រេកអរ​ក្នុង​ព្រៃ ជា​ទីគួរ​ត្រេកអរទេ ពួក​បុគ្គល​អ្នក​ប្រាស​ចាក​រាគៈ ទើបត្រេកអរ ព្រោះពួក​លោក​ទាំង​នោះ មិន​មែន​ជា​អ្នក​ស្វែង​រកកាម។ បុគ្គល​ឃើញ​អ្នក​ប្រាជ្ញណា ជា​អ្នក​ពោលសង្កត់​សង្កិន ជា​អ្នក​បង្ហាញទោស ដូច​គេ​បង្ហាញនូវ​កំណប់​ទ្រព្យ គួរ​គប់​រក​អ្នក​ប្រាជ្ញ មាន​សភាព​ដូច្នោះ។ កាល​បើ​បុគ្គល​គប់​រក​អ្នក​ប្រាជ្ញប្រាកដដូច្នោះ សេចក្តី​ប្រសើររមែង​មាន សេចក្តី​អាក្រក់​ពុំមាន​ទេ។ បុគ្គល​ណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ​) ចាក​អសប្បុរិសធម៌ បុគ្គល​នោះ រមែង​ជា​ទី​ស្រឡាញ់​របស់​ពួក​សប្បុរស តែមិន​ជា​ទី​ស្រឡាញ់​របស់​ពួក​អសប្បុរស​ទេ។ ព្រះ​ពុទ្ធ​មាន​ព្រះ​ភាគ មាន​ចក្ខុ បាន​សំដែងធម៌ដល់​បុគ្គល​ដទៃ នា​កាលធម៌​ដែល​ព្រះ​អង្គ​សំដែង ខ្ញុំ​មាន​សេចក្តី​ត្រូវការ​ផ្ចង់​សោតប្បសាទ។ ការ​ស្ដាប់​របស់​ខ្ញុំ​នោះ មិន​ឥតអំពើ​ទេ (ព្រោះ) ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ រួច​ស្រឡះ​ហើយ ខ្ញុំ​មិន​មាន​ការ​តាំង​ចិត្ត ចំពោះ​បុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។ទ. ៩១ ខ្ញុំ​មិន​មាន​ការ​តាំង​ចិត្ត ចំពោះ​ចេតោ​បរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និង​សេចក្តី​បរិសុទ្ធ​នៃសោតធាតុឡើយ។ ព្រះ​ថេរៈ​ឈ្មោះ​ឧបតិស្សៈ ខ្ពង់​ខ្ពស់​ដោយ​ប្រាជ្ញា ទើប​កោរថ្មី ៗ ដណ្ដប់​សង្ឃាដិ អាស្រ័យនៅ​ក្រោមម្លប់​ឈើ ចំរើន​ឈាន។ សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ ចូល​កាន់​ឈាន មិន​មាន​វិតក្កៈ ប្រកប​ដោយ​តុណ្ហីភាព​ដ៏​ប្រសើរ ក្នុង​ខណៈ​នោះ​ឯង។ ភ្នំ​ថ្ម មិន​កក្រើក ឋិត​នឹងថ្កល់ យ៉ាង​ណា ភិក្ខុ​ព្រោះ​អស់​ទៅ​នៃ​មោហៈ ក៏​មិន​ញាប់​ញ័រ​ដូចភ្នំ យ៉ាង​នោះ​ដែរ។ បុគ្គល​អ្នក​មិន​មាន​ទីទួល គឺ​កិលេស ស្វែង​រក​នូវ​ធម៌​ដ៏ស្អាតអស់​កាលជា​និច្ច សូម្បីបាប​ប្រមាណ​ប៉ុន​ចុង​រោមកន្ទុយ​សត្វ រមែង​ប្រាកដ​ដូច (ព្រះ​ចន្ទ) ដែល​ផុត​ចាក​ពពក។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ ខ្ញុំ​ជា​បុគ្គល​ដឹង​ខ្លួន មាន​ស្មារតីខ្ជាប់​ខ្ជួន ទំលាយ​ចោល​នូវ​រាង​កាយ​នេះ។ ខ្ញុំ​មិន​ត្រេកអរ​នឹងសេចក្ដីស្លាប់​ទេ។ បេ។ ដូច​អ្នក​ស៊ីឈ្នួល ទន្ទឹង​តែការ​អស់​ទៅ​នៃថ្ងៃ។

មរណៈ​នេះ​ឯង រមែង​មាន​ក្នុង​កាល​ទាំង​ពីរ មរណៈ​មិន​មែន​មាន​តែ​ក្នុង​កាល​ខាង​ក្រោយ ឬខាង​មុខទេ អ្នក​ទាំង​ឡាយ ចូរប្រតិបត្តិ អ្នក​ទាំង​ឡាយ ចូរ​កុំវិនាស កុំឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង។

អ្នក​ទាំង​ឡាយ ចូរគ្រប់​គ្រង​ខ្លួន ឲ្យ​ដូច​ជានគរត្រង់​ទី​ប្រទល់​ដែន ដែល​គេ គ្រប់​គ្រង​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ កុំឲ្យ​ខណៈ​ប្រព្រឹត្ត​កន្លង។ទ. ៩២ ព្រោះ​ថា ពួក​បុគ្គល​ដែល​មាន​ខណៈ​កន្លងហួស​ហើយ រមែង​សោកស្ដាយ​ដេរដាស​ក្នុង​នរក។ បុគ្គល​អ្នក​ស្ងប់ វៀរ​ចាក​បាប ពោលពាក្យ​ដោយ​យោបល់ ជា​បុគ្គល​មិនរាយមាយ រមែង​កំចាត់​បង់​នូវ​ធម៌​ដ៏លាមកបាន ដូចខ្យល់​កំចាត់​បង់​នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់ វៀរចាក​បាប ពោលពាក្យ​ដោយ​យោបល់ ជា​បុគ្គល​មិន​រាយមាយ រមែង​ដកភើច​នូវ​ពួក​ធម៌​ដ៏លាមកចេញ​បាន ដូចខ្យល់​បក់​ផ្ដាច់​នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់ មិន​មាន​សេចក្តី​ក្រវល់​ក្រវាយ មាន​ចិត្តថ្លា​មិន​ល្អក់ មាន​កល្យាណសីល មាន​ប្រាជ្ញា​ជា​គ្រឿង​ទំលាយបង់​នូវ​កិលេស គប្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខបាន។

បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល ចំពោះ​បុថុជ្ជនពួក​ខ្លះ ទាំង​គ្រហស្ថ ទាំង​បព្វជិត ព្រោះ​ថា ពួក​ជន​សូម្បីជា​បុគ្គល​ល្អ​ហើយ បែរទៅ​ជាមិនល្អវិញ​ក៏​មាន ជា​បុគ្គល​មិនល្អ​ហើយ បែរ​ទៅ​ជាល្អវិញ​ក៏​មាន។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំង ៥ នោះ ជា​គ្រឿង សៅហ្មងចិត្ត របស់​ភិក្ខុ។ ភិក្ខុ​ណា កាលគេ​ធ្វើ​សក្ការៈ ឬមិនធ្វើ​សក្ការៈ​ទាំង​ពីរ (មិន​ត្រេកអរ មិន​ទោមនស្ស) សមាធិ​របស់​ភិក្ខុ​អ្នក​នៅ​ដោយ​សេចក្តី​មិន​ប្រមាណ​នោះ រមែង​មិន​ញាប់​ញ័រ។ទ. ៩៣ អ្នក​ប្រាជ្ញ​ទាំង​ឡាយ សរសើរនូវ​ភិក្ខុ​អ្នកមាន​ឈាន មាន​ព្យាយាម​ទៀង​ទាត់ មាន​ការ​ឃើញច្បាស់​ដោយ​សុខុមទិដ្ឋិ ត្រេកអរ​ក្នុង​ធម៌​ជា​ទី​អស់​ទៅ​នៃឧបាទាននោះ ថា​ជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិន​គួរ​ឧបមា​នឹងវិមុត្តិ​ដ៏​ប្រសើរ របស់​ព្រះ​សាស្ដាទេ។ ព្រះ​ថេរៈ​អ្នក​ញ៉ាំង​ចក្ក គឺធម៌ឲ្យ​ប្រព្រឹត្ត​ទៅ​តាម (ព្រះ​សារីបុត្ត) លោក​មាន​ប្រាជ្ញាច្រើន មាន​ចិត្ត​ខ្ជាប់​ខ្ជួន ស្មើ​ដោយ​ដី ទឹក ភ្លើង មិន​ត្រេកអរ មិន​ប្រទូស្ត។ ព្រះ​ថេរៈ សម្រេច​នូវ​បញ្ញាបារមី មាន​ប្រាជ្ញាច្រើន ជាមហាមុនិ ជា​បុគ្គល​មិនគ តែ​មាន​សភាព​ដូច​ជាគ មាន​ចិត្ត​ដ៏​ត្រជាក់​គ្រប់​កាល។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏​បាន​ដកចេញ​ហើយ។ អ្នក​ទាំង​ឡាយ ចូរញ៉ាំង​សេចក្តី​មិន​ប្រមាទ ឲ្យ​បរិបូណ៌ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ខ្ញុំ ឥឡូវ​នេះ ខ្ញុំ​នឹង​បរិនិព្វាន ខ្ញុំ​ជា​បុគ្គល​ផុតស្រឡះ​ចាក​កិលេសកាម​ទាំង​អស់។

សារីបុត្តត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.17.02.txt · ពេលកែចុងក្រោយ: 2023/09/20 18:16 និពន្ឋដោយ Johann