តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរគាថា »
កម្រងវាចា របស់ព្រះវង្គីសត្ថេរ (អតីតកវីនិពន្ធ)។
sut kn tha 21 បាលី cs-km: sut.kn.tha.21 អដ្ឋកថា: sut.kn.tha.21_att PTS: ?
មហានិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. វង្គីសត្ថេរគាថា)
[២៦៥] វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់លាមក តែងគ្របសង្កត់អាត្មាអញ ដែលចេញចាកផ្ទះ បួសក្នុងព្រះពុទ្ធសាសនា (ដូច) ពួកខ្មាន់ធ្នូដ៏ប្រសើរ ជាកូនអ្នកខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មានធ្នូដ៏មាំ គប្បីបាញ់ប្រសាចនូវព្រួញ ទាំងពាន់ជុំវិញខ្លួន (សត្រូវ) មិនឲ្យរត់រួចបាន។ បើពួកស្រីប៉ុណ្ណេះ (ឬ) លើសជាងនេះ នឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន (ព្រោះ) អាត្មាអញបានតាំងមាំនៅក្នុងធម៌ទាំងឡាយហើយ។ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញបានស្ដាប់ម្ដងហើយ ចិត្តរបស់អាត្មាអញត្រេកអរក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាននោះហើយ។ ម្នាលមារលាមក បើអ្នកចូលមកបំបាក់យើង ដែលកំពុងចុះចិត្តស៊ប់ក្នុងវិបស្សនាយ៉ាងនេះ អ្នកមិនបានឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើអ្នកឲ្យដល់នូវសេចក្ដីស្លាប់ យ៉ាងនោះដែរ។
បុគ្គលណា លះបង់នូវសេចក្ដីអផ្សុក នូវសេចក្ដីត្រេកអរ នូវសេចក្ដីត្រិះរិះ ដែលអាស្រ័យនូវផ្ទះ ដោយប្រការទាំងពួង មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងវត្ថុណាមួយ ជាអ្នកមិនមានសេចក្ដីប្រាថ្នា ព្រោះមិនមានសេចក្ដីប្រាថ្នា បុគ្គលនោះ ឈ្មោះថាភិក្ខុ។ទ. ១៣១ ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្ដី លើអាកាសក្ដី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់នោះ ជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជ្ញទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជាបុគ្គលមិនមានសេចក្ដីញាប់ញ័រ បន្ទោបង់នូវសេចក្ដីប្រាថ្នា ក្នុងកាមទាំងនោះចេញ ព្រោះបុគ្គលណា មិនជាប់ក្នុងកាមគុណនុ៎ះ ពួកអ្នកប្រាជ្ញទើបហៅបុគ្គលនោះ ថាជាមុនី។ បុគ្គលអន្ធពាល មានវិតក្កៈ អាស្រ័យនូវទិដ្ឋិ ៦៨ រមែងជាអ្នកតាំងនៅមាំហើយក្នុងអធម៌ ព្រោះតែខ្លួនជាបុថុជ្ជន បុគ្គលណាមិនលុះក្នុងពួកនៃមិច្ឆាទិដ្ឋិ ក្នុងវត្ថុណាមួយ ទាំងជាអ្នកមិននិយាយអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ។ អ្នកប្រាជ្ញមានចិត្តតម្កល់មាំ អស់កាលយូរហើយ ជាអ្នកមិនកុហក មានប្រាជ្ញាល្អិត មិនមានតណ្ហា ជាអ្នកបរិបូណ៌ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបានសម្រេចនូវសន្ដបទ ព្រោះអាស្រ័យ (ព្រះនិព្វាន) រង់ចាំតែបរិនិព្វានកាល។ទ. ១៣២ ម្នាលអ្នកជាគោត្រនៃព្រះគោតម អ្នកចូរលះបង់នូវមានះផង ចូរលះបង់នូវផ្លូវនៃមានះ កុំឲ្យមានសេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅក្នុងផ្លូវនៃមានះហើយ រមែងមានសេចក្ដីក្ដៅក្រហាយ អស់កាលយូរ។ ពួកសត្វដែលត្រូវសេចក្ដីលុបគុណគ្របសង្កត់ ត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជនដែលមានះបៀតបៀនហើយ រមែងទៅកើតក្នុងនរក សោកសៅអស់កាលយូរ។ ភិក្ខុអ្នកឈ្នះកិលេសដោយមគ្គ អ្នកប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្ដងឡើយ ភិក្ខុណាបាននូវកិត្តិយសផង បាននូវសេចក្ដីសុខផង ពួកបណ្ឌិតតែងហៅភិក្ខុនោះ ថាជាអ្នកឃើញធម៌ដោយពិត។ ហេតុនោះ ភិក្ខុអ្នកមិនរឹងរូស មានព្យាយាមក្នុងសាសនានេះ លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់នូវមានះ មិនឲ្យមានសេសសល់ រមែងជាអ្នកធ្វើនូវទីបំផុតនៃវិជ្ជា ជាអ្នកស្ងប់រម្ងាប់កិលេស។
ទ. ១៣៣
ខ្ញុំក្ដៅក្រហាយ ចិត្តរបស់ខ្ញុំអន្ទះអន្ទែង ព្រោះតែកាមរាគៈ បពិត្រព្រះអានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវធម៌ ជាគ្រឿងញ៉ាំងកាមរាគៈនោះ ឲ្យរលត់ ដោយសេចក្ដីអនុគ្រោះចុះ។
ចិត្តរបស់លោកអន្ទះអន្ទែង ព្រោះតែវិបល្លាសនៃសញ្ញា លោកចូរលះបង់នូវសុភនិមិត្ត ដែលប្រកបដោយកាមរាគៈចោលចេញ។ លោកចូរចំរើនឯកគ្គតាចិត្ត ឲ្យតម្កល់មាំល្អ ក្នុងអសុភសញ្ញា ទាំងកាយគតាសតិ ក៏ចូរឲ្យមានដល់លោក លោកចូរមានសេចក្ដីនឿយណាយឲ្យច្រើនចុះ។ ចូរចំរើនអនិមិត្ត គឺ អនិច្ចានុបស្សនា ចូរផ្ដាច់នូវមានានុស័យ តទៅ លោកនឹងបានស្ងប់រម្ងាប់ ព្រោះលះបង់មានះ។ បុគ្គលមិនគប្បីញ៉ាំងខ្លួនឲ្យក្ដៅក្រហាយ ដោយវាចាណា គប្បីពោលតែវាចានោះ បុគ្គលមិនគប្បីបៀតបៀនពួកបុគ្គលដទៃដោយវាចាណា វាចានោះឯង ជាសុភាសិត។ វាចាណា ដែលគេទទួលត្រេកអរ បុគ្គលគប្បីពោលតែវាចាជាទីស្រឡាញ់នោះឯង បុគ្គលកុំកាន់យកពាក្យអាក្រក់ ពោលតែពាក្យដែលជាទីពេញចិត្តនៃពួកជនដទៃ។ ពាក្យពិត ជាពាក្យមិនស្លាប់ នេះជាធម៌មានមកពីបុរាណ ពួកសប្បុរស តាំងមាំក្នុងសច្ចៈផង ក្នុងអត្ថៈផង ក្នុងធម្មៈផង។ ព្រះពុទ្ធទ្រង់ពោលវាចាណា ជាវាចាក្សេម ដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯង ជាវាចាឧត្តម ជាងវាចាទាំងឡាយ។ទ. ១៣៤
សារីបុត្រ ជាបុគ្គលមានប្រាជ្ញាជ្រាលជ្រៅ ជាអ្នកប្រាជ្ញ យល់ផ្លូវ និងមិនមែនផ្លូវ មានប្រាជ្ញាច្រើន រមែងសំដែងធម៌ដល់ពួកភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយសង្ខេបក៏បាន សំដែងដោយពិស្ដារក៏បាន លោកមានសំឡេងគឹកកងពីរោះ ដូចសំឡេងសាលិកា ទាំងមានបដិភាណផុសផុល។ កាលសារីបុត្រកំពុងសំដែងធម៌នោះ ពួកភិក្ខុកំពុងស្ដាប់សំឡេងដ៏ពីរោះ ក៏មានចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់សោតប្រសាទ ទៅរកសំឡេង ដែលគួរត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា។
ពួកភិក្ខុ ៥០០ រូប ជាអ្នកផ្ដាច់បង់នូវចំណង គឺសំយោជនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកគុណ បានមកជួបជុំគ្នា ដើម្បីវិសុទ្ធិ បវារណាក្នុងថ្ងៃ ១៥ នេះ។ ព្រះរាជាចក្រពត្តិ មានអាមាត្យចោមរោម យាងប្រទក្សិណផែនដីដែលមានសាគរជាទីបំផុតនេះ ដោយជុំវិញ យ៉ាងណា។ ពួកសាវ័កមាន វិជ្ជា ៣ អ្នកបំផ្លាញនូវមច្ចុរាជ រមែងអង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គលប្រសើរលើសលុប ឈ្នះសង្គា្រម គឺកិលេស អ្នកដឹកនាំនូវពួកក្រុម ក៏យ៉ាងនោះដែរ។ ពួកសាវ័កទាំងអស់ ជាបុត្រនៃព្រះមានព្រះភាគ សភាវៈសោះសូន្យ ក្នុងពួកនោះ មិនមានឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះសាស្ដា ជាផៅពង្សនៃព្រះអាទិត្យ ព្រះអង្គជាអ្នកបំផ្លាញនូវសរ គឺតណ្ហា។ទ. ១៣៥
ពួកភិក្ខុច្រើនជាងពាន់ អង្គុយជិតព្រះសុគត ដែលកំពុងសំដែងធម៌ ជាគ្រឿងប្រាសចាករាគៈ គឺព្រះនិព្វាន ឥតមានភ័យអំពីទីណា។ ពួកសាវ័កស្ដាប់ធម៌ដ៏ធំទូលាយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មានភិក្ខុចោមរោមហើយ ល្អណាស់តើ។ បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះនាម ថានាគ ជាឥសីគំរប់ ៧1) នៃឥសីទាំងឡាយ ព្រះអង្គជាអ្នកបង្អុរនូវធម៌ ស្រោចពួកសាវ័ក មានសភាពដូចជាមហាមេឃបង្អុរនូវភ្លៀង។ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ក ចេញចាកទីនៅក្នុងវេលាថ្ងៃ ព្រោះមានសេចក្ដីប្រាថ្នាចង់គាល់ព្រះសាស្ដា ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់ផ្លូវខុស គឺកិលេសមារ បានប្រព្រឹត្តទំលាយបង្គោល គឺកិលេស អ្នកទាំងឡាយ ចូរមើលព្រះពុទ្ធនោះ ព្រះអង្គធ្វើឲ្យរួចចាកបំណង មិនអាស្រ័យតណ្ហា ទ្រង់ចែករំលែកធម៌ តាមចំណែក។ ព្រោះថា ព្រះអង្គបានប្រាប់ផ្លូវច្រើនប្រការ ដើម្បីជាគ្រឿងរលាស់ឱឃៈចោល កាលទ្រង់សំដែងប្រាប់អមតមហានិព្វាននោះហើយ ពួកជនក៏បានឃើញច្បាស់នូវធម៌ តម្កល់នៅនឹង មិនមានអ្នកណាដឹកនាំទៅបាន។ទ. ១៣៦ ព្រះពុទ្ធនោះ អ្នកធ្វើនូវពន្លឺ ទ្រង់ឆ្លុះរកវិញ្ញាណដ្ឋិតិរបស់សត្វទាំងអស់ បានត្រាស់ដឹងផង ធ្វើឲ្យជាក់ច្បាស់ផង ទ្រង់យាងកន្លងផ្លូវឆ្ងាយបាន ហើយសំដែងធម៌ដ៏ប្រសើរដល់ពួកបញ្ចវគ្គិយភិក្ខុ អ្នកមានសទ្ធា ត្រាស់ដឹងធម៌មុនគេបង្អស់។ កាលបើធម៌ដែលព្រះតថាគតសំដែងល្អយ៉ាងនេះហើយ សេចក្ដីប្រមាទដូចម្ដេច នឹងមានដល់ពួកជន ដែលជាអ្នកដឹងច្បាស់នូវធម៌បាន ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកប្រមាទ ក្នុងសាសនារបស់ព្រះមានព្រះភាគនោះឡើយ គប្បីនមស្ការ សិក្សាតាម សព្វ ៗ កាល។
អញ្ញាកោណ្ឌញ្ញត្ថេរ ជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានសេចក្ដីព្យាយាមមាំមួន ជាអ្នកបាននូវវិវេក ជាគ្រឿងនៅជាសុខរឿយ ៗ។ កិច្ចណាដែលសាវ័ក អ្នកធ្វើតាមសាសនានៃព្រះសាស្ដា គប្បីសម្រេច កិច្ចនោះ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ អ្នកមិនប្រហែសធ្វេស សិក្សាបានសម្រេចទាំងអស់ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មានអនុភាពច្រើន បានសម្រេចវិជ្ជា ៣ ស្ទាត់ក្នុងចេតោបរិយញ្ញាណ ជាពុទ្ធទាយាទ ថ្វាយបង្គំព្រះបាទានៃព្រះសាស្ដា។
ពួកសាវ័ក បានសម្រេចវិជ្ជា ៣ ជាអ្នកសាបសូន្យចាកមច្ចុរាជ នាំគ្នាអង្គុយជិតព្រះមុនី ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ ទ្រង់គង់នៅ (ដោយចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ទ. ១៣៧ ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិ៍ច្រើន យកចិត្តទុកដាក់ស្វះស្វែងរកចិត្ត ដែលផុតចាកកិលេស ជាចិត្តមិនមានឧបធិ របស់ព្រះខីណាសវភិក្ខុទាំងឡាយនុ៎ះ។ បពិត្រព្រះគោតម ពួកសាវ័ក តែងអង្គុយជិតព្រះអង្គ ជាព្រះមុនី បរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ព្រះអង្គដល់នូវត្រើយនៃទុក្ខ ព្រះអង្គបរិបូណ៌ដោយអាការច្រើនប្រការ យ៉ាងនេះ។
ព្រះចន្ទរុងរឿង ឰដ៏នភាល័យ ដែលប្រាសចាកពពក ព្រះអាទិត្យ ប្រាសចាកមន្ទិល យ៉ាងណាមិញ បពិត្រព្រះមហាមុនី ព្រះនាមអង្គីរសៈ ព្រះអង្គរុងរឿង ផ្សាយទៅកាន់លោកទាំងមូល ដោយយសបរិវារ ក៏យ៉ាងនោះដែរ។
កាលពីដើម យើងខ្ញុំពួកកវីរាប់អាន បានដើរចេញពីស្រុកមួយ ទៅស្រុកមួយ ពីបុរីមួយ ទៅបុរីមួយ វេលានោះ យើងខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង។ ព្រះមុនីនោះ ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ បានសំដែងធម៌ដល់ខ្ញុំ យើងខ្ញុំ លុះបានស្ដាប់ធម៌ហើយ ក៏មានចិត្តជ្រះថ្លា មានសទ្ធាកើតឡើង។ ខ្ញុំបានស្ដាប់ព្រះពុទ្ធដីកានៃព្រះមុនីនោះហើយ ក៏បានដឹងច្បាស់នូវខន្ធ អាយតនៈ និងធាតុទាំងឡាយ ហើយចេញចាកផ្ទះ បួសក្នុងសំណាក់នៃបុគ្គលមិនមានផ្ទះ។ទ. ១៣៨ ឱហ្ន៎ ព្រះតថាគតទាំងឡាយកើតឡើង ដើម្បីប្រយោជន៍ដល់ស្រី និងប្រុសដ៏ច្រើន ដែលជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ។ ពួកភិក្ខុ និងពួកភិក្ខុនីណា បានឃើញនូវកំណត់ ដែលគេកត់ទុកហើយ ព្រះមុនីបានត្រាស់ដឹងពោធិញ្ញាណ ដើម្បីប្រយោជន៍ដល់ពួកភិក្ខុ និងពួកភិក្ខុនីទាំងនោះឯង។ អរិយសច្ចទាំង ៤ ប្រការ គឺទុក្ខ ១ ការកើតនៃទុក្ខ ១ ការកន្លងផុតនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ១ ព្រះពុទ្ធ ជាវង្សនៃព្រះអាទិត្យ មានចក្ខុ គឺប្រាជ្ញា ទ្រង់បានសំដែងទុកល្អហើយ ដើម្បីអនុគ្រោះដល់សត្វទាំងឡាយ។ ធម៌ គឺអរិយសច្ចទាំងឡាយនេះ ជាធម៌ពិត ព្រះពុទ្ធទ្រង់សំដែងហើយ យ៉ាងនេះ អរិយសច្ចទាំងនោះ ខ្ញុំបានឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំបានសម្រេចហើយ ទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ កិច្ចណាដ៏ប្រសើរក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់សំដែងវែកញែកហើយដោយប្រពៃ ខ្ញុំក៏បានសម្រេចកិច្ចនោះហើយ។ ខ្ញុំបានសម្រេចអភិញ្ញាបារមី បានជំរះនូវសោតធាតុ បាននូវវិជ្ជា ៣ បានសម្រេចឫទ្ធិ៍ ជាអ្នកឈ្លាសវៃ ក្នុងចេតោបរិយញ្ញាណ។ទ. ១៣៩
ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមានប្រាជ្ញាមិនថោកថយ ភិក្ខុណា បានផ្ដាច់បង់វិចិកិច្ឆា ក្នុងអត្តភាពនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ សម្បូរដោយយស មានចិត្តរំលត់ក្ដៅក្រហាយ បានធ្វើមរណកាល ក្នុងអគាឡវចេតិយ។ បពិត្រព្រះមានព្រះភាគ នាមនៃភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គឲ្យឈ្មោះថា និគ្រោធកប្បៈ លោកនោះ មានព្យាយាមតឹងតែង ជាអ្នកយល់ឃើញធម៌មុតមាំ ប្រាថ្នានូវព្រះនិព្វាន បានប្រព្រឹត្តនមស្ការព្រះអង្គ។ បពិត្រព្រះអង្គជាសក្កៈ មានចក្ខុជុំវិញ យើងខ្ញុំទាំងអស់គ្នា ប្រាថ្នាចង់ដឹងសាវ័កនោះ យើងខ្ញុំប្រុងសោតៈដើម្បីស្ដាប់ ព្រះអង្គជាសាស្ដារបស់យើងខ្ញុំ ព្រះអង្គជាបុគ្គលប្រសើរបំផុត។ សូមព្រះអង្គ ទ្រង់កាត់សេចក្ដីសង្ស័យរបស់យើងខ្ញុំ សូមព្រះអង្គប្រាប់នូវសាវ័កនោះ បពិត្រព្រះអង្គមានបញ្ញាដូចផែនដី មានចក្ខុជុំវិញ ព្រះអង្គទ្រង់ជា្របនូវព្រាហ្មណ៍ដែលបរិនិព្វានហើយ សូមសំដែងក្នុងកណ្តាលនៃពួកយើងខ្ញុំ ដូចជាសក្កទេវរាជ មានព្រះនេត្រមួយពាន់ (សំដែងក្នុងកណ្ដាល) នៃទេវតាទាំងឡាយ។ទ. ១៤០ គន្ថៈទាំងឡាយ (មានអភិជ្ឈាគន្ថៈជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួកនៃការមិនដឹង ជាទីតាំងនៃសេចក្ដីសង្ស័យ ក្នុងលោកនេះ គន្ថៈទាំងនោះ មកប៉ះនឹងព្រះតថាគតហើយ រមែងមិនកើតឡើយ ព្រោះបញ្ញាចក្ខុរបស់ព្រះអង្គនុ៎ះ ឧត្តមជាងជនទាំងឡាយ។ ប្រសិនបើបុរស (ព្រះមានព្រះភាគ) មិនកំចាត់បង់នូវកិលេសទាំងឡាយ ដូចជាខ្យល់កំចាត់នូវដុំនៃពពកទេ លោកទាំងមូល ដែលអវិជ្ជារួបរឹតហើយ សមនឹងងងឹតដោយពិត សូម្បីអ្នកមានពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកធ្វើពន្លឺ ខ្ញុំព្រះអង្គសំគាល់ព្រះអង្គនោះ ថាជាអ្នកប្រាជ្ញ យ៉ាងនោះដែរ យើងខ្ញុំដឹង (នូវធម៌ទាំងអស់) របស់ជនអ្នកចេះដឹងទាំងឡាយ ទើបបានចូលមកជិត សូមព្រះអង្គសំដែងប្រាប់នូវនិគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់យើងខ្ញុំ ក្នុងកណ្ដាលបរិស័ទ។ បពិត្រព្រះអង្គមានព្រះសូរសៀងពីរោះ សូមព្រះអង្គបញ្ចេញឆាប់ ៗ នូវព្រះពុទ្ធដីកាដ៏ពីរោះ ដោយព្រះសូរសៀងមូល ដែលបច្ច័យតាក់តែងល្អហើយ ដូចហង្សដកក ហើយស្រែកតិច ៗ ពួកយើងខ្ញុំទាំងអស់គ្នានោះ មានចិត្តត្រង់ ប្រុងចាំស្ដាប់។ទ. ១៤១
តថាគត បានផ្ទញ់ផ្ទាល់នូវជាតិ និងមរណៈ ឲ្យសាបសូន្យ មិនឲ្យមានសេសសល់ នឹងសំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវបាប មែនពិត បុថុជ្ជនទាំងឡាយ មិនមានការធ្វើបានតាមប្រាថ្នាទេ ព្រះតថាគតទាំងឡាយ មានការធ្វើបានតាមបញ្ញា។
វេយ្យាករណ៍ដ៏បរិបូណនេះ ព្រះអង្គជាបុគ្គលមានប្រាជ្ញាត្រង់ល្អ ផ្គូរផ្គងហើយដោយប្រពៃ ការធ្វើអញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយដោយល្អ បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាធំទូលាយ កាលបើព្រះអង្គជ្រាប សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ។ បពិត្រព្រះអង្គ ជាបុគ្គលមានព្យាយាមមាំ ព្រះអង្គជ្រាបច្បាស់នូវអរិយធម៌ គឺសច្ចទាំង ៤ ដ៏ល្អ (ដោយអំណាចលោកិយធម៌) កាលបើទ្រង់ជ្រាបច្បាស់ហើយ សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នាចង់ស្ដាប់ព្រះពុទ្ធដីកា ដូចជាបុរសមានខ្លួនក្ដៅអន្ទះអន្ទែង ក្នុងកាលក្ដៅ ប្រាថ្នាចង់បានទឹក សូមព្រះអង្គបង្អុរនូវសុតៈ គឺធម្មទេសនា។ និគ្រោធកប្បត្ថេរ បានប្រព្រឹត្តនូវព្រហ្មចារ្យ ប្រកបដោយប្រយោជន៍ណា ការប្រព្រឹត្តិព្រហ្មចារ្យ របស់លោកនោះ មិនសាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វានហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើងខ្ញុំចង់ស្ដាប់រឿងនោះ។
ទ. ១៤២
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ បានផ្ដាច់បង់នូវសេចក្ដីប្រាថ្នា ក្នុងនាមរូបនេះអស់ហើយ បានផ្ដាច់បង់នូវខ្សែនៃសេចក្ដីប្រាថ្នា ជាទីដេកនៅរឿយ ៗ ក្នុងសន្ដាន អស់រាត្រីកាលដ៏វែង ទាំងបានឆ្លងចាកជាតិ និងមរណៈ ឥតមានសេសសល់ ព្រះមានព្រះភាគ ប្រសើរដោយឥន្ទ្រិយ ៥ (មានសទ្ធិន្រ្ទិយជាដើម) បានត្រាស់ហើយយ៉ាងនេះ។
បពិត្រព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គនេះ បានឮព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ជ្រះថ្លា ឯកិច្ចការដែលខ្ញុំព្រះអង្គសួរហើយ មិនសោះសូន្យទេ ព្រះខីណាសវព្រាហ្មណ៍ មិនបញ្ឆោតខ្ញុំព្រះអង្គ។ សាវ័ករបស់ព្រះពុទ្ធ ពោលយ៉ាងណា ធ្វើយ៉ាងនោះ បានផ្ដាច់នូវសំណាញ់ដ៏មាំ ដែលមច្ចុអ្នកមានមាយាផ្សាយទៅហើយ។ ព្រះមានព្រះភាគ ទ្រង់គួរបានទតឃើញច្បាស់ នូវខាងដើមនៃឧបាទាន កប្បត្ថេរបានកន្លងនូវលំនៅនៃមច្ចុរាជ ដែលគេឆ្លងបានដោយកម្រ។ បពិត្រព្រះអង្គឧត្តមជាងសត្វជើងពីរ ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំនិគ្រោធកប្បត្ថេរនោះ ជាបុត្ររបស់ព្រះអង្គ ដែលទុកដូចជាទេវតា ឧត្តមជាងទេវតា ជាអនុជាតបុត្ត មានព្យាយាមធំ ជាបុគ្គលមិនធ្វើបាប ជាឱរសនៃព្រះពុទ្ធនាគ។
ឮថា វង្គីសត្ថេរមានអាយុ បានសំដែងគាថាទាំងឡាយ ដោយប្រការដូច្នេះ។
ចប់ មហានិបាត។
ទ. ១៤៣
ក្នុងសត្តតិនិបាត ព្រះវង្គីសត្ថេរ អ្នកមានបដិភាណតែ ១ អង្គឯង ឥតមានព្រះថេរៈឯទៀតឡើយ (បានសំដែង) នូវគាថាទាំងឡាយ ៧១។ គាថាទាំងនោះ មាន ១.៣៦០ ព្រះថេរៈទាំងអស់ ២៦៤ អង្គ ជាបុត្ររបស់ព្រះពុទ្ធ មិនមានអាសវៈ បានបន្លឺសីហនាទ សំដែងហើយ បានដល់នូវទីបំផុតដ៏ក្សេមក្សាន្ដ និព្វានហើយ ដូចជាគំនរភ្លើងរលត់ហើយ។
ចប់ ថេរគាថា។