User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:thi:sut.kn.thi.02

ទុកនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 02 បាលី cs-km: sut.kn.thi.02 អដ្ឋកថា: sut.kn.thi.02_att PTS: ?

ទុកនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុកនិបាតោ)

នន្ទាថេរីគាថា

(១. អភិរូបនន្ទាថេរីគាថា)

[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាង​កាយ​នេះ​) មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ស្អុយ ដែល​ឆ្អឹង ៣០០ កំណាត់ ផ្គុំឡើង​ហើយ ចូរនាងអប់​រំចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ ចូរនាងចំរើន​នូវ​អនិមិត្ត ចូរលះ​ចោល​នូវ​មានានុស័យ នាង​នឹង​បាន​ស្ងប់​រម្ងាប់ ព្រោះបាន​លះនូវ​មានះនោះ។

ឮថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​នន្ទា ដោយ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។

នន្ទាថេរី។

ជន្ដាថេរីគាថា

(២. ជេន្តាថេរីគាថា)

[២៨៥] ពោជ្ឈង្គប្រាំពីរនេះ​ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ពោជ្ឈង្គ​ទាំង​អស់​នោះ ខ្ញុំ​បាន​ចំរើន​តាមលំអាន ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ។ ព្រោះ​ថា ព្រះ​មាន​ព្រះ​ភាគអង្គនោះ ខ្ញុំ​បាន​ឃើញ​ហើយ រាង​កាយ​នេះ មាន​ក្នុង​ទីបំផុត ជាតិសង្សារ (នៃ​ខ្ញុំ) អស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទៀត​ឡើយ។

ជន្ដាថេរី។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ

(៣. សុមង្គលមាតាថេរីគាថា)

[២៨៦] អញរួច​ស្រឡះ ផុតស្រឡះ រួច​ល្អ​ហើយចាក​អង្រែ (ប្ដី​របស់​អញ) មិន​មាន​សេចក្ដីអៀនខ្មាស (អញមិនគាប់​ចិត្ត) ទាំង​ឆត្រ (ក៏​មិនគាប់​ចិត្ត) អញដែរ អញ (ផុត​ស្រឡះ​) ចាក​ឆ្នាំង ចាក​ភាពជា​អ្នក​កំសត់។ទ. ១៥០ អញ​បាន​ផ្ដាច់​ផ្ដិលរាគៈ និងទោសៈ​ហើយ អញ​នោះ ចូល​ទៅ​រកគល់​ឈើ ហើយ​ចំរើន​ឈានជា​សុខថា ឱ សុខណាស់​តើ។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ។

អឌ្ឍកាសីថេរីគាថា

(៤. អឌ្ឍកាសិថេរីគាថា)

[២៨៧] សួយ​ក្នុង​ជនបទឈ្មោះ​កាសី មាន​ចំនួនប៉ុន្មាន សួយ​របស់​ខ្ញុំ ក៏​មាន​ចំនួន​ប៉ុណ្ណោះដែរ អ្នក​និគម បាន​ធ្វើ​ (ទ្រព្យចំនួន ៥០០) នោះ ឲ្យ​ជាថ្លៃ ហើយតាំងទុក​នូវ​ខ្ញុំ (ដោយ​ឈ្មោះ​ថាអឌ្ឍកាសី) ដែល​មាន​ថ្លៃ​ដោយ​ថ្លៃ។ ក្នុង​កាលជា​ខាង​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឿយណាយ​ក្នុង​រូប កាល​បើនឿយណាយ ក៏រសាយចិត្តថា សូម​កុំឲ្យ​ខ្ញុំ​អន្ទោល​ទៅ​កាន់​ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ សាសនាព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។

អឌ្ឍកាសីថេរី។

ចិត្តាថេរីគាថា

(៥. ចិត្តាថេរីគាថា)

[២៨៨] ពិតមែន​តែ​ខ្ញុំ​ជាស្រីស្គម មាន​ជំងឺ មាន​កំឡាំងថយខ្លាំង ច្រត់​ដម្បងឡើង​ទៅ​លើ​ភ្នំ។ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រទុក (អង្គុយ) លើ​ភ្នំ អាចទំលាយនូវ​គំនរងងឹត គឺ​មោហៈ​បាន ហើយសង្កត់​សង្កិននូវ​ខ្លួន (ដោយ​ការ​ទំលាយនូវ​គំនរ​ងងឹត គឺ​មោហៈ​នោះ​ឯង)។

ចិត្តាថេរី។

មេត្តិកាថេរីគាថា

(៦. មេត្តិកាថេរីគាថា)

[២៨៩] ពិតមែន​ហើយ​តែ​ខ្ញុំ​ជា​អ្នក​រងទុក្ខ មាន​កំឡាំងថមថយ មាន​វ័យកន្លង​ជ្រុល​ហើយ ច្រត់​ដំបងឡើង​ទៅ​លើ​ភ្នំ។ទ. ១៥១ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រ អង្គុយលើ​ភ្នំ លំ​ដាប់​នោះ ចិត្ត​របស់​ខ្ញុំ​រួច​ស្រឡះ​ហើយ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ សាសនា​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។

មេត្តិកាថេរី។

មិត្តាថេរីគាថា

(៧. មិត្តាថេរីគាថា)

[២៩០] ខ្ញុំ​ជា​អ្នក​ត្រេកអរ​នឹង​ពួក​ទេវតា (ក្នុង​ឋានចាតុម្មហារាជិកា) បាន​រក្សា​ឧបោសថប្រកប​ដោយ​អង្គ ៨ អស់​តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និង​បាដិហារិកបក្ខៈ​ផង ថ្ងៃ​នេះ ខ្ញុំ​នោះ មាន​ភត្ត​តែម្ដង កោរសក់ ដណ្ដប់​សង្ឃាដី មិន​គប្បី​ប្រាថ្នា​នូវ​ពួក​ទេវតា (ណា​មួយ) ទេ គប្បី​បន្ទោបង់​នូវ​សេចក្ដី​ក្រវល់​ក្រវាយ ក្នុង​ហ្ឫទ័យ (តែប៉ុណ្ណោះ)។

មិត្តាថេរី។

អភយមាតាថេរីគាថា

(៨. អភយមាតុថេរីគាថា)

[២៩១] បពិត្រ​មាតា សូមលោកពិចារណារាង​កាយ​នេះ ជា​របស់​មិនស្អាត មាន​ក្លិនស្អុយ ខាងលើ​អំពីបាទជើង ខាងក្រោម​អំពីចុង​សក់។ កាល​ខ្ញុំ​ប្រព្រឹត្តយ៉ាង​នេះ បាន​ដករាគៈ​ទាំង​ពួង​ហើយ បាន​ផ្ដាច់​សេចក្ដីក្រវល់​ក្រវាយអស់​ហើយ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ រលត់​ទុក្ខ​ហើយ។

អភយមាតាថេរី។

អភយាថេរីគាថា

(៩. អភយាថេរីគាថា)

[២៩២] ម្នាលនាងអភយា ពួក​បុថុជ្ជន​ជាប់​ចំពាក់​ក្នុង​រាង​កាយ​ណា រាង​កាយ (នោះ) ជាសភាពបែកធ្លាយ អាត្មា​អញជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតីតាំងស៊ប់ នឹង​ដាក់​ចុះ​នូវ​រាង​កាយ​នេះ​ចោលចេញ។ទ. ១៥២ អាត្មា​អញត្រូវទុក្ខធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃ​តណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

អភយាថេរី។

សាមាថេរីគាថា

(១០. សាមាថេរីគាថា)

[២៩៣] អាត្មា​អញមិន​ទាន់​បាន​សេចក្ដីស្ងប់​រម្ងាប់​នៃ​ចិត្ត មិន​លុះអំណាច​ក្នុង​ភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាង​ក្រៅ​អំពីលំនៅ ៤ ដង ៥ ដង។ អាត្មា​អញ​នោះ ត្រូវ​ទុក្ខ​ធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ បាន​ដកតណ្ហា​ហើយ​ក្នុង​រាត្រីទី ៨ អាត្មា​អញជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃតណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

សាមាថេរី។

ចប់ ទុកនិបាត។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann