User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:thi:sut.kn.thi.06

ឆក្កនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 06 បាលី cs-km: sut.kn.thi.06 អដ្ឋកថា: sut.kn.thi.06_att PTS: ?

ឆក្កនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១៦៩

(៦. ឆក្កនិបាតោ)

បដាចារាថេរី ៥០០

(១. បញ្ចសតមត្តាថេរីគាថា)

[៣១៥] នាងមិន​ដឹងផ្លូវ​របស់​សត្វណា ដែល​មក ឬទៅ​ទេ ហើយយំរកកូន ដែល (មិន​ដឹងជា) មក​អំពី​ទីណានោះ​ថា ឱកូនអាត្មា​អញអើយ។ ទុក​ជានាងដឹងផ្លូវ​របស់​កូន​នោះ ដែល​មក ឬទៅ ក៏​មិន​គប្បី​សោករកកូននោះ​ឡើយ ព្រោះសត្វមាន​យ៉ាង​នេះ​ជា​ធម្មតា។ (សត្វនោះ​) មិន​មាន​អ្នក​ណា​មួយអង្វរ​ឲ្យ​មក​អំពី​បរលោក​នោះ ទាំង​មិន​មាន​អ្នក​ណា​មួយ អនុញ្ញាតឲ្យ​ទៅ​អំពីលោក​នេះ​ឡើយ ទំនងជាមក​អំពី​ទីណា​មួយ (មាន​នរក​ជាដើម) មកអាស្រ័យនៅ (ក្នុង​ទីនេះ​) អស់​ពីរបីថ្ងៃ។ សត្វសូម្បីទៅ​អំពីភពនេះ មកកាន់​ភពដទៃ ទៅ​អំពីភពនោះ ទៅ​កាន់​ភពដទៃ ចែកឋានទៅ​ហើយ ដោយ​សភាពជា​មនុស្ស នឹងអន្ទោលទៅ បើមក​យ៉ាង​ណា ក៏ទៅ​យ៉ាង​នោះ ការ​ខ្សឹកខ្សួល ព្រោះ​តែសត្វនោះ មាន​ប្រយោជន៍អ្វី។

លោកម្ចាស់​បានដកព្រួញ គឺសេចក្ដីសោក ដែល​ឃើញ​ដោយ​កម្រ អាស្រ័យ​នូវ​ហ្ឫទ័យ​របស់​ខ្ញុំ លោកម្ចាស់​បាន​បន្ទោបង់​សេចក្ដីសោកព្រោះកូន​របស់​ខ្ញុំ ដែល​ត្រូវ​សេចក្ដីសោក​គ្រប​សង្កត់​ហើយ។ទ. ១៧០ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​នោះ​មាន​ព្រួញដក​ហើយ មិន​មាន​សម្រេកគំលាន មាន​ទុក្ខរលត់​ហើយ ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​សរណៈ។

បដាចារាថេរី ៥០០។1)

វាសិដ្ឋីថេរីគាថា

(២. វាសេដ្ឋីថេរីគាថា)

[៣១៦] អាត្មា​អញត្រូវសេចក្ដីសោកព្រោះកូនបៀត​បៀន​ហើយ មាន​ចិត្តរាយ​មាយ ប្រាស​ចាក​សញ្ញា មាន​កាយអាក្រាត មាន​សក់​រាត់​រាយ អាត្មា​អញ​ដើរ​ទ្រហោ​យំ។ អាត្មា​អញពោរពេញ​ដោយ​សេចក្ដីស្រេកឃ្លាន បាន​ដើរ​ទៅ​លើ​គំនរ​សំរាម​ក្បែរថ្នល់​ផង ក្នុង​ព្រៃ​ស្មសានផង ក្នុង​ច្រករហកផង អស់​បីឆ្នាំ។ ក្នុង​កាល​ជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ជួបប្រទះ​នឹង​ព្រះ​សុគត ព្រះ​អង្គទូន្មាននូវ​ពួក​សត្វ​ដែល​មាន​ខ្លួន​មិន​ទាន់​បាន​ទូន្មាន ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះ​អង្គ​ឯង មិន​មាន​ភ័យ​អំពី​ទីណា កំពុង​ស្ដេចទៅ​កាន់​ក្រុង​មិថិលា។ អាត្មា​អញ ត្រឡប់​បាន​នូវ​ចិត្ត​ជាប្រក្រតី ហើយក៏ចូល​ទៅ​ជិតថ្វាយ​បង្គំ ឯ​ព្រះ​គោតម​នោះ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដី​អនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អង្គ​ហើយ ក៏​បាន​បួស​ក្នុង​ធម្មវិន័យ ប្រកប​ព្យាយាម​ក្នុង​សាសនា​នៃ​ព្រះ​សាស្ដា បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​បទ​ដ៏ជា​ទី​ក្សេម។ទ. ១៧១ សេចក្ដី​សោក​ទាំង​ឡាយ​ទាំង​ពួង អាត្មា​អញផ្ដាច់​ផ្ដិល​ហើយ បាន​លះ​បង់​ហើយ ឲ្យ​មាន​ទីបំផុត​ត្រឹម​ព្រះ​អរហត្ត​នេះ ព្រោះ​ថា វត្ថុ​ទាំង​ឡាយ ដែល​ជាដែនកើត​នៃ​សេចក្ដីសោក អាត្មា​អញ​កំណត់​ហើយ។

វាសិដ្ឋីថេរី។

ខេមាថេរីគាថា

(៣. ខេមាថេរីគាថា)

[៣១៧] ហៃនាងខេមា នាងនៅ​ក្មេង ជាស្រីមាន​រូប យើងសោតក៏នៅ​ក្មេងកំឡោះ នាង​ចូរ​មក យើង​នឹងត្រេកត្រអាល​ដោយ​តូរ្យតន្រ្តី​ប្រកប​ដោយ​អង្គ ៥។

អាត្មានឿយណាយ ធុញទ្រាន់ ដោយ​កាយ​ស្អុយ ដែល​មាន​ជំងឺជា​និច្ច ពុកផុយ​នេះ កាមតណ្ហា អាត្មា​អញ​បាន​ដកចេញ​ហើយ។ កាម​ទាំង​ឡាយ មាន​ឧបមា​ដោយ​លំពែង និងអណ្ដោត ជា​ទីកាប់​ចិញ្ច្រាំនូវ​ខន្ធ​ទាំង​ឡាយ អ្នក​និយាយ​ចំពោះ​តម្រេក​ក្នុង​កាមណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ មិន​ជា​ទី​ត្រេកអរ​នៃ​អាត្មាទេ។ សេចក្ដី​រីក​រាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត អាត្មា​ក៏​បាន​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ចូរដឹង​យ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង អាត្មា​បាន​កំចាត់​ចេញ​ហើយ។ ពួក​ជន​ពាល មិន​ដឹងតាមពិត សំពះនក្ខត្តឫក្ស​ទាំង​ឡាយ បូជាភ្លើង​ក្នុង​ព្រៃ ហើយ​សំគាល់​ថា​ជា​ការ​បរិសុទ្ធ។ទ. ១៧២ ចំណែកខាងអាត្មា នមស្ការព្រះ​សម្ពុទ្ធ ជា​បុរស​ខ្ពង់​ខ្ពស់ ជា​អ្នក​ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា បាន​រួច​ស្រឡះ​ហើយ ចាក​ទុក្ខ​ទាំង​ពួង។

ខេមាថេរី។

សុជាតាថេរីគាថា

(៤. សុជាតាថេរីគាថា)

[៣១៨] អាត្មា​អញមាន​ខ្លួន​ស្អិតស្អាង មាន​គ្រឿង​ស្លៀក​ពាក់​ល្អ ទ្រទ្រង់​ផ្កា​កម្រង លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ បិទបាំងជិត​ដោយ​គ្រឿង​អាភរណៈ​គ្រប់​យ៉ាង មាន​ពួក​ទាសី​ហែហម​ហើយ។ អាត្មា​អញ បាន​យកបាយ ទឹក បង្អែម និងចំអាប​ដ៏​ច្រើន ចេញ​ទៅ​អំពីគ្រឹហា នាំចូល​ទៅ​កាន់​ឧទ្យាន។ អាត្មា​អញត្រេកអរ លេង​ក្នុង​ឧទ្យាន​នោះ រួច​ហើយ​ក៏​មកកាន់​ផ្ទះ​របស់​ខ្លួន បាន​ឃើញវិហារ ហើយក៏​ចូល​ទៅ​កាន់​វិហារ ក្នុង​ព្រៃ​អញ្ជ័ន ជិត​ក្រុង​សាកេត។ អាត្មា​អញ​បាន​ឃើញ​ព្រះ​ពុទ្ធ ជាប្រទីប​នៃ​លោក ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ ឯ​ព្រះ​អង្គ ជា​បុគ្គល​មាន​ចក្ខុ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​មហេសី​ហើយ ក៏​បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ បាន​សម្រេច​នូវ​និព្វាន​បទ ឈ្មោះ​អមតៈ ជា​ធម៌មិន​មាន​ធូលី គឺ​កិលេស ក្នុង​វិហារនោះ​ឯង។ទ. ១៧៣ លំដាប់​ពីនោះ អាត្មា​អញ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ហើយ​បួស​ក្នុង​ធម្មវិន័យ បាន​សម្រេច​ត្រៃវិជ្ជា ព្រះ​ពុទ្ធ​សាសនា មិន​ឥតអំពើ​ឡើយ។

សុជាតាថេរី។

អនោបមាថេរីគាថា

(៥. អនោបមាថេរីគាថា)

[៣១៩] អាត្មា​អញ កើត​ក្នុង​ត្រកូលខ្ពង់​ខ្ពស់ ដែល​មាន​គ្រឿង​ឧបករណ៍ជា​ទី​រីក​រាយច្រើន មាន​ទ្រព្យច្រើន ជាស្រីបរិបូណ៌​ដោយ​សម្បុរ និងរូប ជាធីតាបង្កើត​នៃសេដ្ឋី​ឈ្មោះ​មេឃិ។ ពួក​ព្រះ​រាជបុត្រក៏ចង់​បាន ពួក​សេដ្ឋីបុត្រក៏ជាប់​ចិត្ត ទើប​ប្រើ​ទូតទៅ (ក្នុង​សំណាក់) បិតា​របស់​អាត្មា​អញ (ថា) សូម​អ្នក​ឲ្យ​នាង​អនោបមាដល់​ខ្ញុំ។ ធីតា​របស់​អ្នក​ឈ្មោះ​អនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់​ថ្លៃ​ចំនួនទ្រព្យប៉ុន្មាន ខ្ញុំ​សូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ។ អាត្មា​អញ​នោះ បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាចម្បង​នៃលោក ព្រះ​អង្គប្រសើរបំផុត ក៏​ចូល​ទៅ​ក្នុង​ទី​សម​គួរ ថ្វាយ​បង្គំ​ព្រះ​បាទា​របស់​ព្រះ​អង្គ។ ព្រះ​គោតមនោះ បាន​សំដែង​ធម៌​ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ អាត្មា​អញ​អង្គុយ​លើ​អាសនៈ​នោះ ហើយ​បាន​សម្រេច​នូវ​ផលទី ៣។ទ. ១៧៤ លំដាប់​ពីនោះ​មក អាត្មា​អញ​បាន​កោរសក់​ទាំង​ឡាយ ហើយ​បួស​ក្នុង​ធម្មវិន័យ រាត្រីគំរប់ ៧ របស់​អាត្មា​អញ ក្នុង​ថ្ងៃ​នេះ ជារាត្រី​ដែល​តណ្ហារីងស្ងួត។

អនោបមាថេរី។

មហាបជាបតិគោតមីថេរីគាថា

(៦. មហាបជាបតិគោតមីថេរីគាថា)

[៣២០] បពិត្រ​ព្រះ​ពុទ្ធ មាន​ព្យាយាម អ្នក​ខ្ពង់​ខ្ពស់​ជាងសព្វ​សត្វ​ទាំង​ឡាយ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រោស​ខ្ញុំ​ព្រះ​អង្គ និងជន​ដទៃច្រើនគ្នា ឲ្យ​រួច​ចាក​ទុក្ខ។ សេចក្ដីទុក្ខ​ទាំង​ពួង ខ្ញុំ​ព្រះ​អង្គបាន​កំណត់​ដឹង​ហើយ តណ្ហាជាដើម​ចម (នៃ​ទុក្ខ) ខ្ញុំ​ព្រះ​អង្គបាន​ធ្វើ​ឲ្យ​រីងស្ងួត​ហើយ មគ្គប្រកប​ដោយ​អង្គ ៨ ខ្ញុំ​ព្រះ​អង្គ​បាន​ចំរើន​ហើយ និរោធធម៌ ខ្ញុំ​ព្រះ​អង្គបាន​សម្រេច​ហើយ។ មាតាបិតា បុត្រ បង​ប្អូន និង​ជីដូនជីតា ដែល​មាន​ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គក៏​មិន​ដឹងតាមពិត មិន​បាន (នូវ​ទី​ពឹង​ក្នុង​សមុទ្រ គឺសង្សារ) បាន​អន្ទោលទៅ (យកកំណើត​ផ្សេង ៗ) ព្រះ​មាន​ព្រះ​ភាគ​អង្គនោះ ខ្ញុំ​ព្រះ​អង្គបាន​ឃើញ​ហើយ រាង​កាយ (របស់​ខ្ញុំ​ព្រះ​អង្គ) នេះ ជា​ទីបំផុត​ហើយ ជាតិសង្សារអស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន។ សូមព្រះ​អង្គទតនូវ​ពួក​សាវ័ក អ្នក​មាន​ព្យាយាមតឹង​តែង មាន​ចិត្ត​ស្លុងទៅ​រកព្រះ​និព្វាន មាន​ព្យាយាមមាំជា​និច្ច ជា​អ្នក​ព្រមព្រៀងគ្នា នេះ​ជា​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ។ទ. ១៧៥ ឱហ្ន៎ ព្រះ​នាងមាយា បាន​បង្កើត​ព្រះ​គោតម ដើម្បី​ជា​ប្រយោជន៍ដល់​ពួក​ជនច្រើនគ្នា (ព្រោះ​ថា) ព្រះ​គោតម​បាន​បន្ទោបង់​នូវ​គំនរទុក្ខ នៃ​ពួក​ជន​ដែល​ត្រូ​វព្យាធិ និង​មរណៈ​ចាក់​ដោត។

មហាបជាបតិគោតមីថេរី។

គុត្តាថេរីគាថា

(៧. គុត្តាថេរីគាថា)

[៣២១] ម្នាលនាងគុត្តា ការ​ដែល​នាងលះ​បង់​កូន និងគំនរទ្រព្យ ហើយ​បួស ដើម្បី​ប្រយោជន៍​ណា នាងចូរចំរើន​ឲ្យ​រឿយ ៗ នូវ​ប្រយោជន៍នោះ​ឯង នាង​កុំ​លុះ​អំណាច​នៃ​ចិត្តឡើយ។ ពួក​សត្វ ត្រូវចិត្តបញ្ឆោត​ហើយ ត្រេកអរ​ក្នុង​វិស័យ​នៃ​មារ មិន​ដឹង​ថា អាត្មា​អញ​ត្រាច់​រង្គាត់​ទៅ​កាន់​សង្សារអស់​ជាតិ​មិន​តែ​មួយ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជា​គំរប់ ៥។ ម្នាលភិក្ខុ​នី លុះនាងលះនូវ​សំយោជនៈ ជាចំណែកខាងក្រោយម​ទាំង​នោះ​ហើយ ទើបលែងវិលមកកាន់​កាមភពនេះ​ទៀត។ នាងបើខំសង្កត់​សង្កិន​កាត់​ផ្ដាច់​នូវ​សំយោជនៈ​ទាំង​ឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈ​ហើយ នឹង​ធ្វើ​នូវ​ព្រះ​និព្វាន​ជា​ទីបំផុត​នៃ​ទុក្ខបាន។ នាងបើ​ញ៉ាំង​ជាតិសង្សារឲ្យ​អស់ ហើយ​កំណត់​ដឹង​នូវ​ភព​ថ្មី នឹង​ទៅ​ជា​អ្នក​មិន​មាន​តណ្ហា ប្រព្រឹត្តស្ងប់​រម្ងាប់ ក្នុង​បច្ចុប្បន្ន ពិតប្រាកដបាន។

គុត្តាថេរី។

វិជហាថេរីគាថា


ទ. ១៧៦

(៨. វិជយាថេរីគាថា)

[៣២២] អាត្មា​អញមិនលុះអំណាច​ក្នុង​ភាវនាចិត្ត មិន​បាន​សេចក្ដីស្ងប់​ចិត្ត បាន​ចេញ​អំពីលំនៅ ៤ លើ​ក ៥ លើ​ក។ អាត្មា​អញ​បាន​ចូល​ទៅ​រកភិក្ខុ​នី (ព្រះ​ថេរី​ឈ្មោះ​ខេមា) ហើយសាកសួរ​ដោយ​គោរព លោកបាន​សំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់​អាត្មា​អញ ដើម្បី​ដល់​នូវ​ប្រយោជន៍​ដ៏​ឧត្តម។ លុះ​អាត្មា​អញ បាន​ស្ដាប់​ពាក្យ​របស់​ភិក្ខុ​នី​នោះ​ហើយ ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ​របស់​លោក ក្នុង​បុរិមយាម​នៃ​រាត្រី បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី បាន​ទំលាយនូវ​គំនរងងឹត វេលានោះ អាត្មា​អញ​បាន​ជ្រួត​ជ្រាបកាយ​ដោយ​បីតិ និងសុខៈ ទំលាយនូវ​គំនរងងឹត ហើយលាង​ជើង​ទាំង​គូ ក្នុង​រាត្រីទី ៧។

វិជហាថេរី។

ចប់ ឆក្កនិបាត។

 

លេខយោង

1)
បានជាហៅ​បដាចារាដែរ ព្រោះបានស្តាប់​ឱវាទ​របស់​នាងបដាចារាថេរី។
km/tipitaka/sut/kn/thi/sut.kn.thi.06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann