km:tipitaka:sut:kn:uda:sut.kn.uda.11

(មុចលិន្ទ)សូត្រ ទី១

សង្ខេប

រឿង​​​ដ៏​​ល្បី​​​របស់​​​មុចលិន្ទ​​នាគ​​រាជ​​​ការពារ​​​ព្រះ​​ពុទ្ធ​​​​ពី​​​ត្រជាក់​​​និង​​​ភ្លៀង ខណៈ​​​មួយ​សប្តាហ៍​​​ទៀត​​​កំពុង​​​ធ្វើ​​​សមាធិ។ ប៉ុន្តែ​អ្វី​ដែល​ជា​សុខ​យ៉ាង​ក្រៃលែង?

sut kn uda 11 បាលី cs-km: sut.kn.uda.11 អដ្ឋកថា: sut.kn.uda.11_att PTS: ?

មុចលិន្ទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូមមើលរឿងនៅក្នុងវិន័យបិដក មហាវគ្គមុចលិន្ទកថា

អានដោយ ឧបាសិកា វិឡា

(១. មុចលិន្ទសុត្តំ)

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំជួកាលកើតឡើង។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយនៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយនៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

វិវេក1) របស់បុគ្គល អ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួម ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថាជាសុខ យ៉ាងក្រៃលែង។

ចប់ សូត្រ ទី១។

 

លេខយោង

1)
បណ្តាវិវេក ៣យ៉ាង វិវេកក្នុងទីនេះ សំដៅយកឧបធិវិវេក គឺព្រះនិព្វាន។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.11.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann