តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » មុច្ចលិន្ទវគ្គ ទី២ »
ពេលភិក្ខុជួបជុំគ្នា តើគួរនិយាយអំពីអ្វី? ព្រោះហេតុអ្វី?
sut kn uda 12 បាលី cs-km: sut.kn.uda.12 អដ្ឋកថា: sut.kn.uda.12_att PTS: ?
រាជសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. រាជសុត្តំ)
[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថា1) នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាទាំងពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជា ព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង។ ឥឡូវនេះ អន្តរាកថា របស់ភិក្ខុទាំងនោះ ក៏ផ្អាកឈប់នៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគទ្រង់គង់ហើយ ទើបត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយចួបជុំគ្នា ដោយការនិយាយអ្វី ក្នុងកាលឥឡូវនេះ មួយទៀត អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយផ្អាកទុក។ ពួកភិក្ខុទាំងនោះ ទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកយើងខ្ញុំទាំងឡាយ ត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ក្នុងក្រុងសាវត្ថីនេះ ហើយអង្គុយចួបជុំគ្នា ក្នុងឧបដ្ឋានសាលា មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជាព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះឯង ដែលយើងខ្ញុំទាំងឡាយផ្អាកទុក ក៏ស្រាប់តែព្រះមានព្រះភាគស្តេចយាងមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយនិយាយពាក្យបែបនេះ ដំណើរនុ៎ះ មិនមែនជាកិច្ចដ៏គួរដល់អ្នកទាំងឡាយដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធាទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលដែលចួបជុំគ្នា គប្បីធ្វើកិច្ចពីរយ៉ាង គឺការពោលជាធម៌ ១ ភាពស្ងប់ស្ងៀមដ៏ប្រសើរ2) ១។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
កាមសុខណា ក្នុងលោកក្តី ទិព្វសុខ3) ណាក្តី សេចក្តីសុខទាំងនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ នៃសេចក្តីសុខ4) ព្រោះការអស់តណ្ហាទេ។
ចប់ សូត្រ ទី២។